Sunday, April 22, 2018

កម្រងគំនិតចំណីផ្លូវចិត្ត (ត)



ទង្វើរបស់ខ្លួនឯង
ក៏មិនមែនសុទ្ធតែត្រូវចិត្តខ្លួនឯងទាំងអស់ដែរ
មិនចាំទៅគិតនិយាយអ្វីពីទង្វើរបស់អ្នកដទៃនុ៎ះទេ ។

មនុស្សយើងចំឡែកណាស់ មានគំនិតចង់ឲ្យអ្នកដទៃដែលនៅជុំវិញខ្លួន ធ្វើអ្វីៗឲ្យត្រូវចិត្តខ្លួនជានិច្ច ទាស់ខុសចិត្តខ្លួនមិនបានទេ ប៉ុន្តែគ្មានអ្នកណាមួយផ្គាប់ផ្គុនចិត្តមួយនេះបានត្រូវឡើយ សូម្បីតែខ្លួនឯងផ្ទាល់ ជួនកាលក៏មិនបានធ្វើអ្វីឲ្យសមដូចចិត្តគិត ខ្លួននិយាយបានដែរ ដូចចាស់លោកថា គិត និយាយបានមួយរយភាគរយ តែការធ្វើបានហាសិបភាគរយចាត់ទុកថា គ្រាន់បើ ការគិត ការនិយាយពីភាពជោគជ័យស្រួលដូចបកចេក តែធ្វើឲ្យសម្រេចវិញពិបាកដូចរមៀលថ្មឡើងភ្នំ ។

ដូចនេះ ក្នុងលោកនេះ គ្មានអ្នកណាមួយអាចបំពេញចិត្តយើងឲ្យបានត្រូវមួយរយភាគរយណាស់ បើបានពាក់កណ្ដាលឡើងទៅ ក៏រៀនទទួលយកទៅ ព្រោះខ្លួនយើងក៏មិនអាចបំពេញចំណង់ចំណូលចិត្តខ្លួនឲ្យត្រូវដែរ ។ ពេលខ្លះខ្លួនឯងអាចក្បត់ ភូតភខ្លួនឯងទៅទៀត ជឿថា ក្នុងមួយជីវិតរបស់ខ្លួន អ្វីដែលមិនបានមិនដឹងជាប៉ុន្មានដងទេ ប៉ុន្តែបែរជាចង់ឲ្យគេផ្គាប់ចិត្តខ្លួនឲ្យត្រូវនោះ ប្រហែលជាធ្វើមិនបានឡើយ ។

សរុបរួមមកវិញ មានតែការរៀនទទួលស្គាល់ពីខ្លួនឯង ជារឿងសំខាន់ណាស់ ព្រោះខ្លួននេះឯង ជាមេរៀនគំរូសម្រាប់វាស់ស្ទង់កម្រិតនៃការធ្វើការគ្រប់យ៉ាង យកខ្លួនឯងជាឧបមា យកខ្លួនឯងធ្វើជាតួអង្គសិក្សាសម្រាប់វាយតម្លៃទង្វើរបស់អ្នកដទៃ កុំបានតែថា កុំបានតែស្រែក កុំបានតែទាស់ចិត្តទង្វើរបស់គេ ត្រូវបែរមកសិក្សាទង្វើខ្លួនឲ្យបានសុក្រិតជាមុនសិន តើថាខ្លួនអាចធ្វើអ្វីៗបានគាប់ចិត្តខ្លួនឯងបា​នទាំងអស់ហើយឬនៅ? ពេលខ្លួនបានសិក្សារកឃើញពីទង្វើ ផលសម្រេចដូចគំនិតគិតនិយាយមិនទាន់បានទេ សូមកុំចង់ឲ្យអ្នកដទៃធ្វើអ្វីៗឲ្យគាប់ចិត្ត ត្រូវចិត្តយើងទាំងអស់អី ៕


កម្រងគំនិតចំណីផ្លូវចិត្ត



ព្រះពុទ្ធសាសនាបានរស់រានមានជីវិតជាមួយសង្គមខ្មែរយើង អស់រយៈកាលរាប់រយឆ្នាំមកហើយ រហូតដល់ខ្លួនទទួលយកព្រះពុទ្ធសាសនាទុកថា ជាសាសនារបស់ជាតិខ្លួនទៅហើយ ព្រោះព្រះពុទ្ធសាសនានេះបានរលាយចូលក្នុងវប្បធម៌ប្រពៃណីជាតិអស់ ដូច្នេះ ប្រជាជនដែលមានឈាមជ័រជាជាតិខ្មែរ ក៏បានប្រកាន់យកល័ខគោលរបស់ព្រះពុទ្ធសាសនាឲ្យដឹកនាំខ្សែជីវិត ប្រកបដោយផាសុក ព្រមទាំងនាំយកឱវាទរបស់ព្រះពុទ្ធជាអម្ចាស់ ទុកជាទស្សនវិស័យ និងចក្ខុវិស័យក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន និងខិតខំបណ្ដុះបណ្ដាលពុទ្ធិក្នុងពុទ្ធចក្រនេះឲ្យបានជ្រួតជ្រាបទៅដល់បច្ឆាជន ដែលជាទំពាំងស្នងឫស្សី ទុកជាមត៌កសម្រាប់ជាតិត្រកូលរបស់ខ្លួន ។

សម័យសព្វថ្ងៃនេះ ក៏ដូចជាសម័យមុនៗដែរ អ្នកប្រាជ្ញ បណ្ឌិត កវី របស់ព្រះពុទ្ធសាសនា ខិតខំរកវិធីសាស្ត្រណា ដែលអាចជួយយកទ្រឹស្ដីព្រះពុទ្ធសាសនា ដែលក្រុមខ្លួនគិតថា ជាទ្រឹស្ដីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បញ្ជ្រាបចូលទៅដល់ចិត្តគំនិតមហាជន ពួកបញ្ញវន ពួកឈ្មួញទាំងឡាយឲ្យបានយល់ដឹងអំពីបរិបទព្រះពុទ្ធសាសនានេះ ឲ្យបានទូលំទូលាយ ។ ដូចនេះ ពួកគេបានខិតខំស្រាវជ្រាវប្រែតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ដែលអាចជួយពន្យល់បកស្រាយសម្រាយសេចក្ដីឲ្យមកជាខេមរយាន ដើម្បីជាការងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់បច្ឆាជន ។

ក្នុងនោះ ផេកគោលគំនិតល្អដើម្បីជីវិត ក៏បានស្រាវជ្រាវរកអត្ថបទ និងពាក្យពេចន៍ល្អៗរបស់អ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនិកជាច្រើនទាំងក្នុងនិងក្រៅ ដើម្បីយកមកប្រែចុះផ្សាយបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសុឆន្ទៈក្នុងការសិក្សាឈ្វេងយល់អំពីទ្រឹស្ដីសាសនាមួយនេះ ។ ដូចនេះ ខ្លួនក៏បានលើកយកទ្រឹស្ដីអ្នកប្រាជ្ញមួយចំនួនមកចុះផ្សាយដូចខាងក្រោម ក៏ដើម្បីបានជាប្រយោជន៍ក្នុងការដាស់តឿនចិត្តរបស់ខ្លួនឲ្យត្រង់ ទៅតាមអ្វីដែលព្រះពុទ្ធជាម្ចាស់បានចង្អុលប្រាប់តាំងពី ២៥៦១ ឆ្នាំមុនមកម្លេ៉ះ

បើឈឺក្បាលទៅទទេៗ តើទោសាធ្វើអ្វី?
បើខាតពេលវេលាទៅទទេៗ តើទាស់គ្នាធ្វើអ្វី?

ពេលណាដែលយើងខឹងក្រោធ អ្វីដែលខ្លួនបានមកវិញ គឺការដុតកំឡោចចិត្ត និងបង្ករឲ្យខួរក្បាលមានបញ្ហា ដូចនេះ បើយើងខឹងអ្នកណាមួយដែលមានឥរិយាបថមិនសមរម្យមកលើយើង យើងត្រូវដឹងភ្លាមថា ការខឹងរបស់យើងគឺជាខ្មោចព្រាយបីសាចអារ័ក្សសាតាំង វាកំពុងចូលសណ្ឋិតមកក្នុងខ្លួនរបស់យើងហើយ ។ ម្យ៉ាងទៀត មនុស្សម្នាដែលគ្មានចំណេះដឹងជ្រៅជ្រះច្រើនតែប្រើអារម្មណ៍មកអារកាត់រឿងរ៉ាវរបស់ខ្លួន ដែលអាចជាការបណ្ដាឲ្យកើតជារឿងរ៉ាវផ្សេងៗក្នុងគ្រួសារ ប្ដីប្រពន្ធ កូនចៅ និងជាមួយញាតិមិត្តជិតខាង ព្រោះតែការបាត់បង់ផលប្រយោជន៍បន្តិចបន្តួច ឬការទាស់ចិត្តទៅនឹងទង្វើរបស់អ្នកដទៃ ដែលបានធ្វើមកលើខ្លួន ដែលជាហេតុនាំឲ្យកើតបានជាជំលោះទាស់ពាក្យសម្ដីគ្នា ដោយការប្រកាន់យកត្រូវរៀងខ្លួនៗ ។ ពេលណាមួយ បើមានអ្នកណាម្នាក់ ទាក់ពាក្យសម្ដីដែលអាចឈានទៅរកជម្លោះ យើងត្រូវដឹងថា ជម្លោះដែលកើតឡើងមិនមានផលចំណេញដល់ខ្លួនយើងទាល់តែសោះ មានតែការបង់ខាត់ ជាពិសេសពេលវេលាសម្រាក ពេលវេលាសិក្សា និងពេលវេលារកស៊ីតែប៉ុណ្ណោះ ៕


Saturday, April 21, 2018

គោលដៅជីវិតរបស់អ្នក



តើគោលដៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? តើនឹងធ្វើយ៉ាងណាឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ មានសេចក្ដីចំរុងចំរើនរុងរឿង និងមានព្រមគ្រប់យ៉ាង មានមាសមានប្រាក់លុយកាក់ មានមុខងារតួនាទីការងារល្អ មានក្រុមគ្រួសារកក់ក្ដៅ ?ទាំងអស់នេះគឺចាប់ផ្ដើមដោយហត្ថាទាំងទ្វេរបស់អ្នកផ្ទាល់តែម្ដង ប្រាកដថា គោលដៅក្នុងជីវិតគឺចាប់ផ្ដើមពីការតាំងចិត្តជានិច្ច តើនឹងធ្វើយ៉ាងណាទៅ? គឺអ្នកគួរកំណត់ពីគោលដៅក្នុងជីវិត កុំតូចចិត្តតូចថ្លើមលើបុណ្យវាស្នាដែលពឹងផ្អែកតែមរតកពីឪពុកម្ដាយរបស់អ្នកឡើយ ។

គោលគំនិតល្អដើម្បីជីវិត


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២០)



 “…ពេលដឹងថា មិនល្អ ក៏តាំងចិត្តវៀវចាក
ពេលដឹងថាល្អ ក៏តាំងចិត្តធ្វើ
ដូចនេះគេហៅថា គោរពក្នុងធម៌ដែលបានដឹងដោយប្រពៃ
ហើយធ្វើមនុស្សនេះឲ្យជាមនុស្ស
ពោលគឺជាមនុស្សប្រកបដោយធម៌ …”

អប់រំដោយ
តេ.ញាណសំវរ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៩)



“…ស្តាប់ព្រះធម៌ រៀនសិក្សាព្រះធម៌ ក្នុងគម្ពីរ
ហើយមិនបាននាំយកមក ប្រតិបត្តិ
ប្រៀបដូចជាកាន់ផ្លែឈើទុកក្នុងដៃខ្លួនប៉ុណ្ណោះ
នៅមិនទាន់បានបរិភោគ នៅមិនទាន់បានភ្លក់រសជាតិរបស់វា
វាក៏មិនទាន់កើតបានជាប្រយោជន៍អ្វី
ដល់ខ្លួនយើងអ្នកកាន់ដែរ…” ។

អប់រំដោយ
លោកឪ សុភទ្ទោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៨)



មនុស្សយើងម្នាក់ៗ សុទ្ធតែចង់បានបុណ្យទាំងអស់
មនុស្សទាំងនោះលោកឧបមាដូចជា ក្រណាត់សំពត់
ដែលកខ្វក់នៅឡើយ ដែលមិនទាន់បានបោកគក់សំអាត
ប៉ុន្តែចង់ជ្រលក់ពណ៌ឲ្យវា
លោកចង់ឲ្យយើងសាកយកក្រណាត់ជូតជើង
ដែលមិនទាន់បានលាងជំរះ ទៅជ្រលក់សាកលោមើល
តើវាមានពណ៌ស្អាតដែរទេ?

ការមិនធ្វើបាប វាប្រសើរបំផុត
មនុស្សខ្លះ ពេលមានសារធាតុជាចោរ វាអាចឲ្យបាន ក៏អាចចែកបាន
ប៉ុន្តែថានឹងព្យាយាមអប់រំឲ្យពួកគេឈប់ធ្វើចោរនោះ វាជារឿងគួរឲ្យលំបាក

ការព្រមលះបង់អំពើបាប មិនធ្វើអាក្រក់ វាក៏ជារឿងគួរឲ្យលំបាក
ការបំពេញបុណ្យ ចោរវាក៏ធ្វើបាន វាក៏ធ្វើកើតជា ”ចុងហេតុ
 ការមិនធ្វើបាប ទាំងឡាយទាំងពួងនោះជា ដើមហេតុ
បញ្ឈប់អំពើអាក្រក់បាន វាជារឿងល្អ ។
 
អប់រំដោយ
លោកឪ សុភទ្ទោ


Thursday, April 19, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៧)



“…មនុស្សកើតមកចម្រើននៅត្រង់ប្រយោជន៍
ដើមឈើដុះមកហើយ នៅតូចខ្ចី រួចទៅធំ ងាប់ ប៉ុន្តែមានខ្លឹមបានជាប្រយោជន៍ផ្សេងៗ ចំណែកយើងវិញ កើត ចាស់ ឈឺ ស្លាប់ ដូចតែដើមឈើដែរ ប៉ុន្តែក្រោយអំពីស្លាប់ តើមានអ្វីដែរ ដែលជាខ្លឹមឲ្យឋិតនៅក្នុងការចងចាំរបស់អ្នកដទៃ ឧទាហរណ៍ ព្រះត្រៃបិដក ជាមរតករបស់ព្រះពុទ្ធសាសនា ដូច្នេះជាដើម…”

អប់រំដោយ
អ.ប៊ុត សាវង្ស
ស្រ.សិក្សាព្រះសូត្រ ភាគ១៤ ទំ.៦៩

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៦)



…ទស្សនាគតិ និងការដាក់កាយចិត្តឲ្យបានត្រឹមត្រូវ ក៏ជារឿងមួយសំខាន់ដូចគ្នា ។ ការចេះដាក់ចុះ ការព្រមទទួលក្នុងសច្ចភាពរបស់ជីវិត មិនព្រមឲ្យចិត្តធ្លាក់ចុះលិចលង់ទៅជាមួយការបែកបាក់ព្រាត់ប្រាសចាកនិរាស សាបសូន្យទៅ ក៏ជាគន្លឹះដ៏សំខាន់ដែលអាចជួយធ្វើចិត្តឲ្យផូរផង់ ស្ងប់ត្រជាក់ ស្រាលសប្បាយ ពេលណាចិត្តមានសុខភាពល្អហើយ សុខភាពផ្លូវកាយក៏ល្អឡើងបានដូចគ្នាដែរ…”

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៥)



 “…សង្ខារការតាក់តែង ជាការសន្មតថា នោះជារបស់យើង នោះជាយើង ជាគេ ជាសត្វ ជាបុគ្គល ជាសភាពមិនទៀង អាស្រ័យលើឧបាទាន ភាពតោងប្រកាន់មាំ ទើបកើតទុក្ខ ។

ក៏ស្រេចហើយតែធាតុទាំងឡាយ ដែលមាន ដែលកើតមកយ៉ាងនេះតាំងពីណាពីណីមកហើយ ការកើត ចាស់ ឈឺ ស្លាប់ កើតឡើង ទ្រុឌទ្រោមគ្រាំគ្រា មានរួចស្រេចហើយ មុននឹងយើងកើតឡើងមកម្ល៉េះ មានតាំងពីបុរមបុរាណមកហើយ ។

អាស្រ័យអាការរបស់ចិត្ត របស់ខន្ធ ៥ បានដល់ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទៅតាក់តែង គ្រប់ជាតិភព រាប់បានថា អនេកជាតិ រកប្រមាណមិនបាន រហូតមកដល់ពេលបច្ចុប្បន្នជាតិ ទើបធ្វើឲ្យចិត្តវង្វេងតាមការសន្មតឡើងប៉ុណ្ណោះ…”

អប់រំដោយ
លោកឪ ម៉ាន់ ភូរទត្តោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៤)




…ផ្លូវទៅកាន់ទីរំលត់ទុក្ខ ផ្លូវនេះជាផ្លូវចម្លែកណាស់ ខុសពីផ្លូវយើងដើរ បើកបររបស់មនុស្សសព្វថ្ងៃ ដែលអាចឲ្យយើងដើរបាន រត់បាន បើកបរបាន យឺតក៏បាន លឿនក៏បាន ប៉ុន្តែផ្លូវទៅកាន់ទីរំលត់ទុក្ខវិញ មិនមានទុកសម្រាប់ឲ្យពួកយើងដើរបាន រត់បាន បើកបរបាន ដូចជាផ្លូវរបស់យើងទូទៅនេះឡើយ ព្រោះបើមានសម្រាប់ទុកឲ្យឈប់ ប្រសិនបើចេះឈប់ ក៏នឹងអាចរំលត់ទុក្ខហើយ…”

អប់រំដោយ
តេ. វិសាលោ

ធម៌រមែងហូរទៅកាន់ធម៌



ភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ហើយដោយសីល
មិនត្រូវធ្វើចេតនាថា សូមការមិនក្ដៅក្រហាយ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលការមិនក្ដៅក្រហាយកើតឡើងដល់បុគ្គលមានសីល
បរិបូណ៌ហើយដោយសីលនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមិនមានការក្ដៅក្រហាយ
មិនត្រូវធ្វើចេតនាថា សូមបមោជ្ជ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលបមោជ្ជកើតឡើង
ដល់បុគ្គលមិនមានសេចក្ដីក្ដៅក្រហាយនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានបមោជ្ជ
មិនត្រូវធ្វើចេតនាថា សូមបីតិចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ ប្រការដែលបីតិកើតឡើង
ដល់បុគ្គលមានបមោជ្ជនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តប្រកបដោយបីតិ
មិនត្រូវធ្វើចេតនាថា សូមកាយរបស់យើងចូរស្ងប់ចុះ
ភិក្ខុទាំងឡាយ ប្រការដែលកាយរបស់បុគ្គលមានចិត្តប្រកបដោយបីតិ
ស្ងប់នេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានកាយស្ងប់ហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរសោយសុខចុះ
ភិក្ខុទាំងឡាយ ប្រការដែលបុគ្គលមានកាយស្ងប់ហើយ
សោយសុខនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានសុខ
មិនត្រូវធ្វើចេតនាថា សូមចិត្តរបស់យើង ចូរតាំងមាំចុះ
ភិក្ខុទាំងឡាយ ប្រការដែលចិត្តរបស់បុគ្គលមានសុខហើយ
តាំងមាំនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តតាំងមាំហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរដឹងឃើញតាមសភាវៈពិតចុះ
ភិក្ខុទាំងឡាយ ប្រការនេះបុគ្គលមានចិត្តតាំងមាំហើយ
ដឹងឃើញតាមសភាវៈពិតនេះ មានជាធម្មតា

ភិក្ខុទាំងឡាយ បុគ្គលដឹងឃើញតាមសភាវៈពិត
មិនត្រូវធ្វើចេតនាថា សូមយើង ចូរនឿយណាយចុះ
ភិក្ខុទាំងឡាយ ប្រការដែលបុគ្គលដឹងឃើញតាមសភាវៈពិតហើយ
ការនឿយណាយនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលនឿយណាយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរធូរចំណងចុះ
ភិក្ខុទាំងឡាយ ប្រការដែលនឿយណាយហើយ
ធូរចំណងនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ បុគ្គលមានចិត្តធូរចំណងហើយ
មិនត្រូវធ្វើចេតនាថា សូមយើង ចូរធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈចុះ
ភិក្ខុទាំងឡាយ ប្រការនេះ ដែលបុគ្គលធូរចំណងហើយ
ធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈនេះ មានជាធម្មតា ។

ភិក្ខុទាំងឡាយ
វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈជាផល
មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស

និព្វិទា មានវិរាគៈជាផល
មានវិរាគៈជាអានិសង្ស

យថាភូតញ្ញាណទស្សនៈ មាននិព្វិទាជាផល
មាននិព្វិទា ជាអានិសង្ស

សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាផល
មានយថាភូតញ្ញាណទស្សនៈជាអានិសង្ស

សុខមានសមាធិ ជាផល
មានសមាធិ ជាអានិសង្ស

បស្សទ្ធិ មានសុខជាផល
មានសុខជាអានិសង្ស

បីតិមានបស្សទ្ធិជាផល
មានបស្សទ្ធិជាអានិសង្ស

បមោជ្ជ មានបីតីជាផល
មានបីតិជាអានិសង្ស

ការមិនក្ដៅក្រហាយ មានបមោជ្ជជាផល
មានបមោជ្ជជាអានិសង្ស

សីលជាកុសល មានក្ដីមិនក្ដៅក្រហាយជាផល
មានក្ដីមិនក្ដៅក្រហាយជាអានិសង្ស

ភិក្ខុទាំងឡាយ ធម៌រមែងចូរទៅកាន់ធម៌
ធម៌រមែងញ៉ាំងធម៌ឲ្យបរិបូណ៌
ដើម្បីការដល់ត្រើយ (គឺនិព្វាន) ចាកទីដែលមិនមែនជាត្រើយ (សង្សារវដ្ដ)
ដោយអាការយ៉ាងនេះឯង ។

- បាលី ឯកាទសក.អំ. ២៤/៣៣៦/២០៩
#http://buddhaoat.blogspot.com/


គប្បីព្យាយាមចម្រើនសមថ និងវិបស្សនា





សារីបុត្រ ប្រការដទៃនៅមានទៀត ភិក្ខុគប្បីពិចារណាដូចនេះថា
យើងចម្រើនសមថ និងវិបស្សនាហើយឬនៅ?
 
សារីបុត្រ ប្រសិនបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា
 
យើងមិនទាន់បានចម្រើនសមថ និងវិបស្សនានៅឡើយទេ
ភិក្ខុនោះគប្បីព្យាយាមចម្រើនសមថ និងវិបស្សនា ។
 
សារីបុត្រ តែប្រសិនបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា
 
យើងចម្រើនសមថ និងវិបស្សនាហើយ
ភិក្ខុនោះគប្បីនៅដោយបីតិ និងបមោជ្ជ
តាមដែលសិក្សាក្នុងកុសលធម៌ទាំងឡាយជាប់មិនដាច់
ទាំងថ្ងៃនិងទាំងយប់ចុះ ។

- បាលី ឧបរិ.ម. ១៤/៥៣៩/៨៥០

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៣)



ស្វែងរកសេចក្ដីសុខពីការឲ្យ ពោលគឺ កាន់តែឲ្យសេចក្ដីសុខ កាន់តែទទួលបានសេចក្ដីសុខ ។ សុខនោះកើតឡើងព្រោះឃើញពីទុក្ខលំបាករបស់អ្នកដទៃដែលទទឹកជោកទៅដោយដំណក់ទឹកភ្នែក ប្រែត្រឡប់ជាមានស្នាមញញឹមរីករាយនៅលើផ្ទៃមុខ និងសុខកើតឡើងព្រោះតែមានមោទនភាពចំពោះខ្លួនឯង ដែលបានបំពេញសេចក្ដីល្អ បានជាប្រយោជន៍ដល់មនុស្សសត្វទាំងឡាយ ព្រមទាំងបានធ្វើឲ្យជីវិតមួយនេះមានន័យ ។ ត្រង់ចំណុចនោះ ក៏មិនមែនជារឿងអ្វីពិបាក ដែលត្រូវស្វែងរកសេចក្ដីសុខពីការ មិនមាន ដែរ ។

អប់រំដោយ
ព្រះម.វិសាលោ