គោលគំនិតល្អដើម្បីជីវិតបានសម្រិតសម្រាំងពាក្យពេចន៍អប់រំល្អៗមកចុះផ្សាយជាធម្មទានមិនសូវមានដាច់
។ ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត ក៏សូមលើកយកគោលការណ៍ ១០ ប្រការ
ដែលនិយាយពីការដាក់ចុះ ក្នុងការអប់រំចិត្តមកចុះផ្សាយដូចខាងក្រោម៖
១) ពេលយើងធ្វើបុណ្យ តែមិនទាន់បានលះបង់បាប
ប្រៀបដូចជាយើងយកចានដែកទៅផ្កាប់ទុកកណ្ដាលវាល ភ្លៀងបង្អុលចុះមកត្រូវតែគូថចានដែក តែវាប៉ះត្រូវខាងក្រៅ មិនប៉ះត្រូវខាងក្នុង
ទឹកភ្លៀងក៏គ្មានឱកាសពេញចានដែកដែលខ្លួនបានផ្កាប់ទុកនោះដែរ ។
២) អ្នកទាំងឡាយអើយ ឈើដែលខ្ញុំកំពុងកាន់នេះ
វាវែង ឬខ្លី ។ អ្នកទាំងឡាយ ឈើនេះជាធម្មជាតិពិតរបស់វាមានប៉ុណ្ណេះ វាមិនវែង
ហើយក៏មិនខ្លី ។ អ្នកត្រូវការឲ្យឈើនេះវាខ្លី ឬវែង ហ្នឹងឯងជា “ទុក្ខ” ។
អ្វីគ្រប់យ៉ាង បើយើងព្រមតាមធម្មជាតិដែលវាមានស្រាប់ នៅទីណា
ទុក្ខក៏មិនកើតឡើងក្នុងទីនោះ ។
៣) សុខ និងទុក្ខនេះ
លោកប្រៀបដូចពស់មួយក្បាល ខាងក្បាលវាជាទុក្ខ រីឯខាងកន្ទុយវាជាសុខ
ព្រោះប្រសិនបើអង្អែលប៉ះខាងក្បាល វាមានពិស ចំណែកមាត់វា វាមានពិស ទៅជិតក្បាលវាៗក៏ចឹក
ទៅចាប់កន្ទុយវា មើលទៅហាក់ដូចជាសុខ តែចាប់មិនលែង វាក៏ត្រឡប់ក្រោយមកចឹកបានដូចគ្នា
ត្រង់ក្បាលពស់ និងកន្ទុយពស់ គឺវាមានក្នុងខ្លួនតែមួយដូចគ្នា គឺតណ្ហា អវិជ្ជានោះឯង ។
៤) នាទីរបស់យើងនោះធ្វើហេតុឲ្យបានល្អបំផុតប៉ុននោះ
ចំណែកផលដែលត្រូវបានទទួល ជារឿងរបស់វា ប្រសិនបើយើងដំណើរជីវិតទៅ
ដោយមានការដាក់ចុះដូច្នេះហើយ ទុក្ខក៏លែងគ្របសង្កត់យើងបាន ។
៥) ប្រសិនបើភ្លើងវាឆេះ
កុំឲ្យមកឆេះក្បាលយើង ប្រសិនបើទឹកវាជន់ កុំឲ្យវាជន់លិចក្បាលយើង
ឲ្យជន់លិចតែផ្ទះសម្បែង ឲ្យឆេះតែផ្ទះសម្បែង ដែលជារបស់របរនៅខាងក្រៅខ្លួនរបស់យើង
រីឯចិត្តរបស់យើងវិញ ឲ្យវាដាក់ចុះទៅ!
៦) ក្នុងលោកនេះមានវត្ថុគ្រប់គ្រាន់
តែយើងមានសេចក្ដីលោភលន់ខ្លួនឯង មិនស្គាល់លោក មិនដឹងភាសាលោក មិនដឹងអត្ថរបស់លោកថា
វាមានការប្រែប្រួលទៅតាមធម្មជាតិរបស់វាគ្រប់វិនាទី ថាកាលណាវាកើតហើយ វាក៏ចាស់
ចាស់ហើយវាក៏ឈឺ កាលណាវាឈឺហើយ វាក៏ស្លាប់ ។
៧) ប្រសិនបើយើងជាមនុស្សឆ្លាតហើយ
ត្រូវដាក់ចុះឲ្យអស់ រឿងល្អក៏ដាក់ចុះ រឿងក៏ដាក់វាចុះ រឿងដែលខ្លួនចូលចិត្តក៏ដាក់ចុះ
ប្រៀបដូចយើងលែងចោលសត្វអាសិរ្ពិសដែលមានពិសដ៏ពន្លឹកនោះ ឲ្យវារទៅតាមសភាពរបស់វា
វាក៏វារទៅទាំងដែលមានពិសក្នុងខ្លួនរបស់វានោះឯង ។
៨) យើងប្រាថ្នាចង់បានកន្ថោរមួយនេះ
យើងលើកឡើង មានអារម្មណ៍ថាវាធ្ងន់ឡើង វាមានហេតុ ទម្ងន់កើតមានព្រោះអ្វី
ប្រសិនបើមិនព្រោះតែយើងទៅលើកវា ប្រសិនបើយើងមិនទៅលើកវាទេ វាក៏មិនមានអ្វី បើមិនទៅលើក
វាក៏ស្រាល អ្វីជាហេតុផល មើលប៉ុណ្ណេះក៏ដឹងបាត់ទៅហើយ មិនចាំបាច់ទៅរៀនពីណា
បើយើងមិនតោងប្រកាន់អ្វី ហ្នឹងហើយជាហេតុផលនាំឲ្យទុក្ខកើត ប្រសិនបើយើងដាក់ចុះបាន
ទុក្ខក៏មិនកើតដែរ ។
៩) យើងឃើញហើយថា ពែងមួយនេះ
ខ្លួនយកទៅទុកដាក់ទីណា ក៏វាត្រូវតែបែកដែរ ចានមួយនេះ ខ្លួនយកទៅទុកទីណា ក៏ត្រូវតែបែក
ប៉ុន្តែយើងត្រូវបង្រៀនក្មេងៗថា
លាងឲ្យបានស្អាត យកទៅឲ្យបានស្រួល យើងក៏ត្រូវបង្រៀនក្មេងៗយ៉ាងនេះ តាមការសន្មតយ៉ាងនេះ
ដើម្បីយើងបានប្រើប្រាស់របស់របរទាំងនេះបានយូរ យើងចេះព្រះធម៌ យកព្រះធម៌មកប្រតិបត្តិ។
ប្រសិនបើរកឃើញថា អាមួយនេះបែកហើយ យើងប្រាប់ អើ ស្រេចតែវាទៅកូន
ស៊ីហើយមិនចាំបាច់លាងវាទេ វាធ្លាក់ក៏ស្រេចតែវាទៅចុះ មិនមែនរបស់យើងទេ
ទុកចោលទីណាក៏បាន វានឹងបែកស្រាប់ហើយ យ៉ាងនេះក៏ជាមនុស្សល្ងង់ពេក ។
ប្រសិនបើយើងជាអ្នកចេះសន្មត អានេះកាលណាវាឈឺ
ក៏ត្រូវរកថ្នាំដង្កូវឲ្យវាលេប ពេលវាក្ដៅ ក៏រកទឹកងូតឲ្យវា ពេលវាត្រជាក់
ឲ្យរកភាពកក់ក្ដៅឲ្យវា ពេលវាឃ្លាន ក៏រកបាយទឹកឲ្យវាស៊ី តែឲ្យយើងដឹងថា
ឲ្យបាយទឹកវាស៊ីផឹក វាក៏ស្លាប់ទៅដដែល ណាស់ហើយពេលនេះ សេចក្ដីស្លាប់វាមិនទាន់ដល់
ដូចពែងមួយនេះ វាមិនទាន់បែក ក៏ត្រូវរក្សាពែងមួយនេះឲ្យមានប្រយោជន៍នេះទុកសិនចុះ ។
១០) សន្មតថា ថ្ងៃនេះ
អ្នកទាំងអស់គ្នារកប្រាក់បាន ១០០០០ រៀល ធម្មជាតិរបស់វាត្រឹមតែ ១០០០០រៀល
នឹងគិតឲ្យបានច្រើនជាងនេះក៏មិនបាន
នឹងគិតចង់ឲ្យតិចជាងនេះក៏មិនបាន គេរកបាន ៥០០០រៀល ធម្មជាតិរបស់គេមានប៉ុណ្ណឹង
រកមិនបាន ធម្មជាតិរបស់វាស្មើនឹងរកមិនបានហ្នឹងឯង
រមែងប្រព្រឹត្តទៅតាមធម្មជាតិដែលវាមានគ្រប់យ៉ាង គ្រប់ទីកន្លែង ទុក្ខក៏មិនកើតមាន
ព្រះធម៌បែបនេះប្រព្រឹត្តបដិបត្តិនៅកន្លែងណាក៏បាន ពេលណាក៏បាន
អ្នកណាៗក៏អាចប្រតិបត្តិបាន ។ បតិបត្តិពេលណា ទីណា ទុក្ខក៏មិនកើតមានពេលនោះ ទីនោះដែរ
៕
ស. គន្លឹះភាវនា និងតាមក្លំមើលចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត
S. fungdham.com