ការបំពេញការងារល្អ
មានតែមនុស្សច្រណែនឫស្យា តើទប់ទលជាមួយសភាពបែបនេះយ៉ាងដូចម្ដេច? បុរាណលោកពោលទុកថា
ដើមឈើធំរមែងជួបមុខពូថៅមុត ។ មនុស្សល្បី មនុស្សលេចធ្លោក្នុងចំណោមមហាជន រមែងត្រូវមានមនុស្សជេរ
រិះគន់ និន្ទា ច្រណែន ឈ្នានីសជានិច្ច អ្នកមានបញ្ញាទើបមានមនុស្សមកសាកល្បង មនុស្សធ្វើការងារល្អ
ទើបមានមនុស្សមកច្រណែនឫស្យាសភាពបែបនេះ វាកើតមានឡើងលើលោកនេះជារឿងធម្មតារបស់លោកធម៌ទៅហើយ
កាលណាមានមនុស្សមកសរសើរក៏ត្រូវមានមនុស្សមកនិទ្ទា កាលណាមានសុខកើតឡើងហើយ ក្រោយនោះក៏មានទុក្ខកើតឡើងផងដែរ
។ ការបំពេញការងារល្អរហូតដល់មានមនុស្សមកច្រណែន នៅគ្រាន់បើជាងធ្វើការងារមិនកើត
ចាំតែអង្គុយមើលបំណាំគ្នា រកចាប់កំហុសគ្នា ច្រណែនគ្នាដែរ ៕
Friday, March 2, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៨)
ពេលណាដែលយើងទៅណាមកណា
ដើរទៅជំពប់ដុំថ្ម ឬត្រូវបន្លាមុត ត្រូវមែកឈើវាត់ត្រូវ កុំទៅបន្ទោសវាធ្វើអី
ព្រោះវានៅស្ងៀមទ្រឹងមួយកន្លែងនោះមកយូរហើយ ខ្លួនយើងទៅវិញទេដែលទៅប៉ះពារជាន់ជំពប់លើវា
។ ក្នុងដំណើរនេះដូចគ្នា និងលោកដែលមានសភាពយ៉ាងនេះមកយូរហើយ
គឺសភាពប្រែប្រួលទៅជាធម្មតា “ចិត្ត” យើងទៅវិញទេ
ដែលទៅតោងប្រកាន់ចង់ឲ្យអ្វីគ្រប់យ៉ាងប្រព្រឹត្តទៅតាមចិត្តយើង បើមិនបានទៅតាមចិត្តយើងចង់
យើងក៏កើតទុក្ខភ្លាមឡើង បែបនេះត្រូវបន្ទោសចិត្តរបស់យើងមុន នឹងទៅបន្ទោសរឿងដទៃ
ថាវាជាមូលហេតុនៃសេចក្ដីទុក្ខ កុំអាលទៅបន្ទោសលោក អ្នកដទៃ ឬរឿងដទៃថា ជាតួអង្គបង្កឡើងឲ្យសោះ
៕
Wednesday, February 28, 2018
ប្រកបខ្លួនក្នុងក្ដីខ្ជិល មានទោស ៦ យ៉ាង
(បទកាព្យ ៧)
១- មិនធ្វើការដោយអាងថា
ពេលនេះរងាខ្លាំងពេកណាស់
២- បើថ្ងៃក្ដៅមេឃស្រឡះ
ក៏ថាក្ដៅណាស់ត្រូវតែឈប់
។
៣- ថាពេលនេះល្ងាចពេកហើយ
កុំអាលធ្វើឡើយក្រែងលោយប់
៤- ថាព្រឹកពេកបង្អង់ឈប់
ចាំល្ងាចព្រលប់សឹមបង្ហើយ
។
៥- ថាឃ្លានពេកត្រូវស៊ីសិន
ឥឡូវបាយឆ្អិនកុំរាន់ឡើយ
៦- ស្រេកពេកចាំផឹកហើយ
កុំប្រញាប់ឡើយធ្វើការនេះ
៕
ដដ.ទំ.៤១០
សេពគប់តែនឹងមិត្តបាប មានទោស ៦ យ៉ាង
(បទកាព្យ ៧)
១- អ្នកលេងល្បែងស៊ីសង
ចូលចិត្តចងមិត្តពួកល្បែង
២- អ្នកល្បែងស្រីរកគ្នាឯង
ជាអ្នកលេងល្បែងស្រីដូចគ្នា
។
៣- ពួកអ្នកលេងល្បែងស៊ីផឹក
គប់រកប្រមឹកស្រាពាលា
៤- អ្នកឆបោកជននានា
គប់រាប់រកគ្នាអ្នកបោកក្លែង
។
៥- អ្នកក្លែងបោកចំពោះមុខ
យកចិត្តដាក់ទុកនឹងគ្នាឯង
៦- អ្នកឆក់យកទ្រព្យស្ដែង
ខិតខំខ្នះខ្នែងគប់រកគ្នា
៕
លេងល្បែងភ្នាល់ស៊ីសង មានទោស ៦ យ៉ាង
(បទកាព្យ ៧)
១- អ្នកឈ្នះល្បែងតែងអូសយក
ទ្រព្យធនគេមកឥតកោតក្រែង
២- អ្នកលេងចាញ់លង់ក្នុងល្បែង
នោះនឹងស្វះស្វែងចងពៀរទុក
។
៣- វិនាសអស់ទ្រព្យធន
អ្នកលេងគង់គន់ឃើញនូវមុខ
៤- ពាក្យអ្នកលេងគេមិនទុក
ចិត្តយកជាមុខស្មរបន្ទាល់
។
៥- មិត្តដែលគេមិនលេងល្បែង
គេលះបង់ឯងលែងធ្វើស្គាល់
៦- ពួកអ្នកលេងល្បែងភ្នាល់
លុះដល់ខ្លួនទាល់ហ៊ានលួចលាក់
៕
ដើរមើលល្បែងមហោស្រព មានទោស ៦ យ៉ាង
(បទកាព្យ៧)
១- មានលេងល្បែងរាំទីណា
ខំត្រាច់យាត្រាទៅទីនោះ
២- នឹងស្វះស្វែងដើរចំពោះ
ទៅទីណានោះមានច្រៀង
។
៣- មានប្រគំកូតនៅទីណា
ត្រាច់ចរយាត្រាទៅទីនោះ
៤- មានរឿងព្រេងស្វែងរកចំពោះ
ទៅទីណានោះស្ដាប់រឿងព្រេង ។
៥- ចម្រៀងទះដៃទីណា
នោះត្រាច់យាត្រាទៅមើលលេង
៦- បើឮសូរសព្ទភ្លេង
គេលេងទីណាទៅទីនោះ
៕
ដើរលេងយប់គ្រប់កន្លែងមានទោស ៦ យ៉ាង
(បទកាព្យ ៧)
១- អ្នកដែលដើរលេងខុសកាល
មិនបានអភិបាលខ្លួនអាត្មា
២- អ្នកដើរលេងខុសវេលា
បុត្តភរិយាខានគ្រប់គ្រង
។
៣- មិនបានថែរក្សាទ្រព្យ
នាំឲ្យអភ័ព្វកើតសៅហ្មង
៤- គេនឹងរង្គៀសនឹងខ្លួនផង
នាំមានសៅហ្មងច្រើនប្រការ
។
៥- ពាក្យពោលក្លែងបង្កាច់ខ្លួន
ប្រកាន់តាមជួនមានហេតុណា
៦- មានទោសច្រើនប្រការ
ព្រោះតែអាត្មាដើរលេងយប់
៕
Tuesday, February 27, 2018
ផឹកសុរាឬមេរ័យមានទោស ៦ យ៉ាង
(បទកាព្យ
៧)
១- វិនាសអស់ទ្រព្យធនធាន
អ្នកផឹកស្រាបានឃើញភ្នែកឯង
២- កើតប្រកែកឈ្លោះទាស់ទែង
ចំរើនច្រើនស្ដែងជាអនេក ។
៣- បណ្ដាលជារោគនានា
មានកើតឡើងជាងងឹតភ្នែក
៤- កើតនិន្ទាជាអនេក
គេត្មះតាមភ្នែកគេឃើញនោះ ។
៥- កេរ្តិ៍ខ្មាសដែលខ្លួនធ្លាប់លាក់
ក៏បង្ហាញជាក់ភ្នែកគេស្មោះ
៦- កម្លាំងប្រាជ្ញាថមថយអស់
នេះទោសរបស់អ្នកផឹកស្រា ៕
Monday, February 19, 2018
អបាយមុខ ធម៌ជាប្រធាននៃសេចក្ដីវិនាស ៦ យ៉ាង
(កាព្យបទ
៧)
១_ ផឹកសុរាឬមេរ័យ
រឿយៗសព្វថ្ងៃដែលជាបាទ
ជាហេតុទីតាំងក្ដីប្រមាទ
នាំឲ្យមិនស្អាតកើតឧបទ្រព ។
២_ ដើរលេងយប់គ្រប់កន្លែង
ស្វះស្វែងខ្នះខ្នែងដើរឥតឈប់
តាមដោយច្រកល្ហកវេលាយប់
នាំខ្លួនឧបទ្រពកើតសៅហ្មង ។
៣_ ដើរមើលល្បែងមហហោស្រព
នាំឲ្យខាតទ្រព្យខូចចិត្តផង
ចូរកុំមើលល្បែងតែងសៅហ្មង
កើតទោសទុក្ខផងដល់អាត្មា ។
៤_ បានលេងល្បែងភ្នាល់ស៊ីសង
នាំចិត្តមួហ្មងកើតវេរា
ដោយទោសព្រោះលេងល្បែងនានា
ជាហេតុពាធាគ្នាទៅមុខ ។
៥_ សេពគប់តែនឹងមិត្តបាប
ដែលនាំដុនដាបអង្គឲ្យទុក្ខ
ឲ្យទោសច្រើនក្រៃតទៅមុខ
ពុំដែលបានសុខខ្លួនសោះឡើយ ។
៦_ ប្រកបខ្លួនក្នុងក្ដីខ្ជិល
ជាហេតុរិចរិលគ្រប់មុខហើយ
បានទុក្ខរោលរាលមិនមានស្បើយ
មិនគួរត្រេកឡើយនូវអបាយ ៕
ដដ.ទំ.៤០៨
មិត្តមានសេចក្ដីអនុគ្រោះមាន ៤ ពួក
(កាព្យបទ
៧)
១- ឮថាមិត្តបង់របស់
ចិត្តគ្មានសោមនស្សត្រេកអរឡើយ
២- ឮថាមិត្តចំរើនហើយ
ចិត្តគ្មានកន្តើយជួយត្រេកអរ ។
៣- បានហាមមនុស្សថ្លែងទោសមិត្ត
មិនឲ្យប្រព្រឹត្តនិយាយត
៤- សរសើរគេថាចិត្តល្អ
ដែលឮគេសរសើរគុណមិត្ត ។
មិត្តទាំង ៤ នេះមានសង្គ្រោះ
គួរស្មោះចំពោះអស់ពីចិត្ត
ត្រូវចងស្នេហាឲ្យបានស្និទ្ធ
យកធ្វើជាមិត្តតទៅហោង ៕
ដដ.ទំ.៤០៨
មិត្តណែនាំប្រាប់ប្រយោជន៍មាន ៤ ពួក
(កាព្យបទ៧)
១- ហាមមិត្តខ្លួនមិនឲ្យធ្វើ
នូវកម្មអំពើជាវេរា
២- នាំឲ្យធ្វើបុណ្យនានា
ដែលជាអំពើបុណ្យកុសល ។
៣- បាននាំស្ដាប់ធម៌ទេសនា
ដែលមិត្តអាត្មាមិនដែលស្គាល់
៤- ប្រាប់ផ្លូវសួគ៌ផ្លូវមគ្គផល
ឲ្យបានដឹងដល់ពួកមិត្តនោះ ។
មិត្តទាំង ៤ នេះមិត្តថ្លាថ្លៃ
មិត្តប្រសើរក្រៃជួយសង្គ្រោះ
ណែនាំប្រយោជន៍យ៉ាងខ្ពង់ខ្ពស់
គួរសេពមិត្តនោះកុំខានឡើយ ៕
ដដ.ទំ.៤០៧
Saturday, February 17, 2018
មិត្តរួបរួមក្ដីសុខទុក្ខមាន ៤ ពួក
(កាព្យបទ
៧)
១- ប្រាប់ការណាកំបាំងជិត
ដល់ជនជាមិត្តឲ្យដឹងដាន
២- បិទការណាដែលមិនបាន
ប្រាប់ដល់ខ្លួនប្រាណប្រុងការពារ ។
៣- បើការក្រមានដល់មិត្ត
មិនមានគំនិតលះបង់គ្នា
៤- បានចេញមុខជួយការពារ
ប្ដូរសាច់ឈាមគ្នាប្រយោជន៍មិត្រ ។
មិត្តទាំង ៤ នេះមិត្តមាំមួន
គួរនឹងប្ដូរខ្លួនប្ដូរជីវិត
យកធ្វើជាមិត្តយ៉ាងជិតស្និទ្ធ
ថែរក្សាចិត្តគ្នាទៅហោង ៕
ដដ.ទំ.៤០៧
មិត្តមានឧបការៈ មាន ៤ ពួក
(កាព្យបទ ៧)
១- បើឃើញមិត្តភ្លាត់ភ្លាំងកាយ
ចូលមកខ្វល់ខ្វាយថែរក្សា
២- បើមិត្តធ្វេសក្នុងទ្រព្យណា
នោះជួយរក្សាទ្រព្យមិត្តឲ្យ ។
៣- បើមិត្តមានភ័យតក់ស្លុត
ក៏មិនបានរត់ចោលគ្នាឡើយ
៤- មិត្តត្រូវការរកទ្រព្យហើយ
គ្មានគេចកែឡើយយកឲ្យមិត្ត ។
មិត្តទាំង ៤ នេះមិត្តប្រសើរ
មានហើយគួរដើរចូលទៅជិត
រាប់អានស្រឡាញ់គ្នាយ៉ាងស្និទ្ធ
យកធ្វើជាមិត្តកុំខានឡើយ ៕
ដដ.ទំ.៤០៧
កល្យាណមិត្ត មិត្តល្អតាមគោលដើមមាន ៤ ពួក
(កាព្យបទ៧)
១- មិត្តមានឧបការៈ
គឺមិត្តជាអ្នកជួយឧបត្ថម្ភ
បើខ្លួនភ្លាត់ភ្លាំងក្នុងបាបកម្ម
រំឭកឲ្យចាំជាក់ឡើងបាន ។
២- មិត្តរួបរួមក្ដីសុខទុក្ខ
គឺមិត្តចេញមុខមកផ្ទាល់ប្រាណ
ជួយរក្សាខ្លួនសព្វភូមិឋាន
ហៅមិត្តកល្យាណរកបានក្រ ។
៣- មិត្តណែនាំប្រាប់ប្រយោជន៍
ច្រើនតិចដោយហោចឲ្យតែល្អ
ប្រយោជន៍ផ្លូវលោកឬផ្លូវធម៌
មិត្តនេះរកក្រកំដរខ្លួន ។
៤- មិត្តមានក្ដីអនុគ្រោះ
ចិត្តស្មោះចំពោះចេញចំនួន
បានជួយស្រោចស្រង់សង្រ្គោះខ្លួន
មិត្តមានក្ដីស្ងួនយ៉ាងចំណាប់ ។
មិត្ត ៤ ពួកនេះចំណានល្អ
ត្រឹមត្រូវតាមធម៌មិត្តពេញច្បាប់
បើមានទីណាគួរប្រញាប់
យកជាមិត្តឆាប់កុំខានឡើយ ៕
ដដ.ទំ.
៤០៦
Friday, February 16, 2018
ជីវិតនេះតិចណាស់
(កាព្យបទ៧)
ជីវិតសត្វលោកមានតិចណាស់
បញ្ជាក់យ៉ាងច្បាស់ព្រះពុទ្ធដីកា
ដាស់តឿនទូន្មានរាល់រូបា
ឲ្យកើតប្រាជ្ញាស្មារតី
។
កុំឲ្យប្រមាទក្នុងជីវិត
ព្យាយាមតាំងចិត្តទាំងយប់ថ្ងៃ
ដុសខាត់សម្អាតកាយវចី
លកលៃបំពេញបុណ្យកុសល
។
ធ្វើទុកឲ្យហើយសម្រាប់ជីវិត
ឈ្មោះប្រសើរពិតមានភោគផល
នៅពេលស្លាប់ទៅមិនបាច់ឆ្ងល់
មានបុណ្យកុសលតម្កល់ទុក
៕
ស.ស.
ជីវិតកថា ព.ស. ២៥៥៤ គ.ស. ២០១០ ទំ.៦៩
រ.មិញ
សាវ៉ាន
មិត្តនាំឲ្យអន្តរធានមាន ៤ ពួក
(កាព្យបទ៧)
១- មិត្តនាំឲ្យផឹកសុរា
ដែលជាហេតុការណ៍កើតឧបទ្រព
២- មិត្តនាំឲ្យដើរលេងយប់
តាមច្រកល្ហកគ្រប់ទីកន្លែង ។
៣- មិត្តនាំដើរមើលមហោស្រព
នាំឲ្យខ្លួនជាប់ចិត្តក្នុងល្បែង
៤- មិត្តនាំខ្លួនដើរស្វះស្វែង
ទៅរកលេងល្បែងភ្នាល់ស៊ីសង ។
មិត្ត ៤ ពួកនេះមិនមែនមិត្ត
សេពគប់ខូចចិត្តខាតទ្រព្យផង
កុំរួមសុខទុក្ខខុសបំណង
បំណាច់ខ្លួនប៉ងយកសុខអើយ ៕
ដដ.ទំ.
៤០៦
មិត្តបានខាងតែអែបអប មាន ៤ពួក
(កាព្យបទ
៧)
១- បើមិត្តធ្វើអំពើបាប
ក៏ព្រមហើយប្រាប់ថាត្រូវហើយ
២- បើធ្វើបុណ្យជាតោះតើយ
ក៏ថាល្អហើយត្រូវធ្វើទៅ ។
៣- សរសើរគុណមិត្តទៅមុខ
ធ្វើហាក់រួមទុក្ខសុខពេកកូវ
៤- និយាយដើមកេរ្តិ៍អាស្រូវ
ក្នុងពេលមិត្តទៅបាត់ពីមុខ ។
មិត្តទាំង ៤ នេះមិនមែនមិត្ត
កុំឈមឈរជិតនាំមានទុក្ខ
មានទោសដល់ខ្លួនឥតបានសុខ
ប្រៀបដូចជ្រាំភក់ត្រូវវៀរចេញ ៕
ដដ.
Subscribe to:
Posts (Atom)

















