“...សូមកុំយកសេចក្ដីទុក្ខរបស់ខ្លួន
មកប្រៀបធៀបនឹងសេចក្ដីសុខរបស់អ្នកដទៃ ដែលមើលឃើញតែរូបភាពខាងក្រៅ ហើយតូចចិត្តរួចគិតថា
គេពិតជាសុខដូចអ្វីដែលអ្នកបានមើលឃើញនោះ វាមិនខុសអីពីទសន្សៈមួយលើកឡើងថា ចង្កៀងផ្ទះអ្នកណា
ភ្លឺផ្ទះអ្នកនោះ ។ ពេលខ្លះគេអាចជួបបញ្ហាធំជាងយើង ១០ដង ២០ដងក៏ថាបាន
តែយើងមិនអាចដឹងបានទេ ព្រោះគេមិននិយាយចេញជាសាធារណៈ ហើយរូបភាពខាងក្រៅគេនៅញញឹម
ទុក្ខគេប៉ុនភ្នំ ធំជ្រៅជាងមហាសមុទ្រ គេធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង ព្រោះគេយល់ដូចពាក្យខ្ញុំធ្លាប់ប្រាប់ថា
ប្រសិនបើមានសមាជិក១០នាក់ក្នុងគ្រួសារ បើមានសមាជិកណាម្នាក់កើតទុក្ខ វាច្បាស់ណាស់ថា
មនុស្ស៩នាក់ទៀតនៃគ្រួសារនោះ ក៏នៅមិនសុខ មិនសប្បាយចិត្តដូចគ្នាដែរ ។ ដូច្នេះ
សូមកុំឲ្យទុក្ខកើតតែលើខ្លួនអ្នកមួយ បែរនាំទុក្ខព្រួយពេញអស់ទាំងគ្រួសារ…”៕
Saturday, May 19, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២២)
“…ទុក្ខកើតក្នុងលំដាប់នៃសុខ”
ទុក្ខនិងសុខជាគូនឹងគ្នា រមែងផ្លាស់ប្តូរគ្នាឲ្យផលម្ដងម្នាក់, ជួនកាលក៏ទុក្ខ
ជួនកាលក៏សុខ ទុក្ខនិងសុខជាធម្មជាតិមានប្រចាំគតិធម្មតា,
បុគ្គលនឹងប្រាថ្នាយកតែសុខដោយចំណែកមួយពុំបានឡើយ ព្រោះខុសនឹងគតិធម្មតា ។
ព្រោះហេតុនោះ
ក្នុងខណៈណាដែលបុគ្គលបានសោយសុខ ជាផលហើយ បន្ទាប់អំពីនោះគង់នឹងបានសោយទុក្ខពុំខាន,
ដូច្នេះវេលាដែលជួបប្រទះសុខនិងទុក្ខ បុគ្គលមិនគួរប្រើសោមនស្ស ឬទោមនស្សហួសប្រមាណឡើយ
។ សេចក្ដីនេះសមដូច ព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងសាសនាមណ្ឌល ឲ្យមានសតិពិចារណាក្នុងលោកធម្មសូត្រថា “សុខនេះកើតឡើងដល់អាត្មាអញហើយហ្ន៎
!” “តែសុខនោះមិនទៀងទាត់
នឹងក្លាយជាទុក្ខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា” ។
សុមេធជន
កាលបើបានជ្រាបលក្ខណសុខទុក្ខយ៉ាងនេះហើយ សុខទុក្ខក៏មិនអាចគ្របសង្កត់ចិត្តបាន
បើទុកជាគ្របសង្កត់បានខ្លះ ក៏មិនហួសប្រមាណដូចទុម្មេធជនដែរ
កាលបើសុមេធជនខំប្រព្រឹត្តទាល់តែបន្ទោបង់សោមនស្ស និងទោមនស្សបានហើយ ព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ប្រកាសសំដែងថា
“តថគត ពោលថា បុគ្គលនោះ
រមែងរួចស្រឡះចាកទុក្ខបាន....”
៕
Cr. ផោក យិប
ក.សូ.
ភ.១ គ.ស.១៩៥៤ ទំ.៤០៤
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២១)
“...រូប ១ ខ្លួន
១ ជីវិត ១ តែបញ្ហានិងសេចក្ដីទុក្ខព្រួយ មិនមែនមានតែមួយដូចជាជីវិតនេះទេ
យ៉ាងណាដំណោះស្រាយក៏មានច្រើនដូចគ្នា ។ ម្យ៉ាទៀត
ដំណោះស្រាយមិនមែនមានតែខ្លួនអ្នកមួយទេ ដែលអាចដោះស្រាយបាន តែក៏មិនប្រាកដថា
អ្នកដទៃអាចដោះស្រាយបានគ្រប់រឿង ដែលកើតឡើងបានដែរ ។ សំខាន់បំផុតចិត្តអ្នក
ខ្លួនអ្នកព្រមទទួលស្គាល់ថា នេះជាជីវិត
ដោយគ្មានបុគ្គលណាម្នាក់ជៀសផុតរត់រួចបានឡើយ
ដូចអ្វីដែលខ្ញុំលើកឡើងថា មានជីវិតមានបញ្ហា មានរូបមានទុក្ខ មានកាយមានរោគ ។
តថភាពជីវិតមានកើតមានស្លាប់ មានជួបមានព្រាត់ មានស្រឡាញ់ មានស្អប់ មានសុខមានទុក្ខ ហើយក៏មិនមែនមានតែយើងម្នាក់ទេ ដែលជួបនូវសភាពបែបនេះ
គឺគ្រប់មនុស្សទាំងអស់នៅលើភពផែនដីមួយនេះ គ្រាន់តែមានតិចនិងច្រើនប៉ុណ្ណោះ…”។
Cr.គ.ដ.វ
Friday, May 18, 2018
រឿងនាងកេសាគោតមីយំសោកស្ដាយកូន
កាលពីសម័យពុទ្ធកាល
មានស្រ្តីមេម៉ាយទុគ៌តម្នាក់ គ្មានសាច់ញាតិសន្តាន
រស់នៅជាមួយកូនប្រុសតែម្នាក់ជាទីស្រឡាញ់
ដោយនាងខិតខំថែរក្សាការពារទំនុកបម្រុងកូនប្រុសនោះ
តាំងពីកើតមកថ្នាក់ថ្នមស្រឡាញ់ស្មើនឹងជីវិតរបស់នាង ព្រោះខ្លួនគិតថាអស់ពីប្ដី គ្មានសាច់ញាតិបងប្អូន
ជាទីពឹងពំនាក់អាស្រ័យ គឺមានតែកូនប្រុសនេះហើយ ជាទីពឹងនៅពេលដែលនាងចាស់ជរាទៅ
នាងបានខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីចិញ្ចឹមជីវិតដោយរីករាយ
ព្រោះមានកូនប្រុសជាកម្លាំងចិត្ត ។
រឿងអង្គុលិមាល
សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់
ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននិងការសម្លាប់
ឥតមានក្ដីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះតែងធ្វើស្រុកនិគមជនបទឲ្យទៅជាមិនមែនស្រុកនិគមជនបទ
តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ
ព្រះមានព្រះភាគស្ដេចចូលទៅ ទ្រង់បិណ្ឌបាតក្នុងក្រុងសាវត្ថីក្នុងវេលាព្រឹក
លុះថ្ងៃរសៀល ព្រះអង្គស្ដេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ
(តែមួយព្រះអង្គឯង) ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់
និងអ្នកដើរផ្លូវ បានឃើញព្រះមានព្រះភាគកំពុងស្ដេចទៅកាន់ផ្លូវឆ្ងាយ
សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ ក៏ក្រាបទូលថា
បពិត្រព្រះសមណៈ សូមព្រះអង្គកុំនិមន្តទៅតាមផ្លូវនោះឡើយ
ដ្បិតផ្លូវនុ៎ះមានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស
ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដង
ព្រះដ៏មានបុណ្យទ្រង់ស្ងៀម ទ្រង់ចេះតែស្ដេចយាងទៅ ។
Thursday, May 17, 2018
រឿងនិទានអប់រំចិត្តៈ អ្នកភិតភ័យដោយគំនិតស្មានខុស
មានអ្នកដំណើរពីរនាក់
ជាជាតិអ្វី នៅស្រុកទេសណា ក៏មិនដឹងប្រាកដ បានធ្វើដំណើរទៅប្រទេសដទៃ លុះដើរដល់ភូមិមួយ
ក៏ចូលទៅសូមផ្ទះបុរសប្ដីប្រពន្ធដេក ១ យប់ ទម្រាំតែភ្លឺនឹងចេញដំណើរទៅមុខទៀត ។
អ្នកម្ចាស់ផ្ទះក៏ទទួលដោយរាក់ទាក់ហៅអ្នកដំណើរទាំងពីរនាក់នោះ
ឲ្យចូលទៅក្នុងផ្ទះឲ្យអង្គុយនៅក្នុងបន្ទប់មួយ ។ អ្នកដំណើរបានគយគន់មើលឃើញមានកាំបិត,
ប៉ូវថៅ, ដាវ, ធ្នូ, ស្នា
និងកាំភ្លើងវែងខ្លីដែលគេព្យួរដំរៀបគ្នានៅជញ្ជាំងក្នុងបន្ទប់នោះ ។
អ្នកដំណើរទាំងពីរនាក់នឹកព្រួយបារម្ភថា ផ្ទះនេះប្រហែលជាកន្លែងស្លាប់របស់យើងទេដឹង?
គិតព្រួយចិត្តភិតភ័យណាស់ ទាល់តែសាបមាត់បរិភោគបាយមិនឆ្ងាញ់ ។ លុះរួចបាយហើយ
ម្ចាស់ផ្ទះសួរអ្នកដំណើរថា “ពេលព្រឹកស្អែកនេះ អ្នកនឹងអញ្ជើញទៅស្រុកណាទៀត?”
អ្នកដំណើរតបថា “ខ្ញុំនឹងទៅភូមិគេខាងមុខឯណោះ” ។
Wednesday, May 16, 2018
រឿងនិទានអប់រំចិត្តៈ អ្នកសុខចិត្តលះបង់ប្រយោជន៍តិចដូរយកប្រយោជន៍ច្រើន
មានស្ត្រីជាតិជប៉ុនម្នាក់
ជាអ្នកមានធនធានស្ដុកស្ដម្ភ ។ នាងនេះមានចានយ៉ាងល្អ ១២ ជាទីស្រឡាញ់បំផុត ។
ថ្ងៃមួយមានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ ។ នាងជាម្ចាស់ចានខឹងណាស់
អត់មិនបានក៏យកកាំភ្លើងបាញ់ខ្ញុំស្រីនោះស្លាប់ភ្លាមទៅ ។ ពេលនោះ
ទាហានម្នាក់បានដឹងរឿងនេះ ក៏ស៊ូប្រថុយកាត់ចិត្តចូលទៅនិយាយនឹងស្រ្តីម្ចាស់ចាននោះថា “សូមជំរាបអ្នកស្រី
! ខ្ញុំចេះផ្សាចានដែលបែកនោះឲ្យជាប់គ្នាស្និទ្ធដូចដើមវិញបាន
ប៉ុន្តែឲ្យខ្ញុំសុំមើលចានដែលនៅសល់ទាំង ១១ នោះសិន
ដើម្បីនឹងផ្សាចានបែកនោះឲ្យត្រូវធុនគ្នា កុំឲ្យខុសពីគ្នា” ។ ស្រ្តីម្ចាស់ចានឮដូច្នោះត្រេកអរណាស់
ចូលទៅលើកយកចានទាំង ១១ មកហុចឲ្យទាហានៗ ទទួលយកមកហើយក៏លើកចានទាំង ១១
នោះបោកចោលទៅលើក្ដារនៅចំពោះនាងនោះ ។ ឯចានក៏បែកខ្ទេចទាំងអស់ឥតសល់មួយឡើយ
បោករួចប្រាប់ថា “សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំឥឡូវនេះចុះ
ព្រោះតម្លៃចានមួយនេះអ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ដែរ ឥឡូវនៅសល់ចាន ១១ ទៀតនេះ
មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់ ១១ អ្នកទៀត
ដោយហេតុនេះបានជាខ្ញុំដាច់ចិត្តយកជីវិតខ្លួនខ្ញុំមួយមកប្ដូរ
ស្លាប់ជំនួសជីវិតមនុស្សទាំង ១១ នាក់ ។
ស្ត្រីម្ចាស់ចានឃើញចានបែកខ្ទេចទាំងអស់
ហើយឮសម្ដីទាហាននិយាយប្រាប់ដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើត
ព្រឺព្រួចស្លុតចិត្តយ៉ាងខ្លាំងទាល់តែដួលសន្លប់នៅកន្លែងនោះ
លុះនាងមានស្មារតីឡើងវិញហើយ ក៏គ្មានចិត្តខឹងនឹងទាហាននោះសោះ
លែងនឹកស្ដាយចាននឹងរបស់ទ្រព្យទាំងពួងខុសទំនងដូចមុនទៀត មិនចាប់ទោសទាហាននោះឡើយ ។
រឿងនេះ
បានគតិថា អ្នកមានគំនិតប្រាជ្ញាបានពិចារណាឃើញប្រយោជន៍យ៉ាងធំទូលាយទៅខាងមុខហើយ
សុខចិត្តលះបង់ប្រយោជន៍តិចផ្ទាល់ខ្លួនចេញ សូម្បីជីវិតខ្លួនស្លាប់ក៏មិនស្ដាយ
គិតតែខំធ្វើឲ្យបានកើតផលប្រយោជន៍យ៉ាងធំទូលាយជាសាធារណៈដល់មនុស្សទូទៅ ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨៣
Tuesday, May 15, 2018
រឿងនិទានអប់រំចិត្ត “អ្នកជួយសង្គ្រោះគេ”
មានតាចាស់ម្នាក់ជាជាតិជប៉ុន
សង់ផ្ទះនៅក្បែរមាត់សមុទ្រ គាត់ជាអ្នកដឹងពេលទឹកសមុទ្រជោរ ។
ថ្ងៃមួយជិតនឹងដល់ពេលទឹកសមុទ្រជោរ
មានមនុស្សជាច្រើនរយនាក់នាំគ្នាចុះទៅចាប់ក្ដាមនៅមាត់សមុទ្រ
បានទៅជួបនឹងតាចាស់នោះ!ៗឃាត់ថា “អ្នករាល់គ្នាកុំចុះទៅ ដ្បិតទឹកសមុទ្រជិតជោរជន់ហើយ
បើចេះតែចចេសទៅ មុខជាលង់ទឹកស្លាប់ទាំងអស់គ្នាមិនខាន” ។
អ្នកចាប់ក្ដាមទាំងនោះមិនព្រមស្ដាប់ ចេះតែនាំគ្នាចុះទៅចាប់ក្ដាម ។
ពេលនោះតាចាស់យកភ្លើងដុតផ្ទះរបស់ខ្លួនឲ្យឆេះហុយផ្សែងទ្រលោម
ហើយស្រែកហៅឲ្យគេជួយលត់ភ្លើង ។ អ្នកចាប់ក្ដាមទាំងអស់បានឮដូច្នោះ ក៏ក្រឡេកមើលមកក្រោយ
ឃើញភ្លើងឆេះផ្ទះតាចាស់ ក៏នាំគ្នារត់មកជួយលត់ភ្លើង ។
ក្នុងវេលាដែលពួកគេកំពុងតែរត់មកនោះ ស្រាប់តែទឹកសមុទ្រជោរមកដល់ប្រផុតៗ អ្នកទាំងនោះៗស្ទើរតែរត់មិនទាន់
។ អ្នកចាប់ក្ដាមកាលជួយលត់ភ្លើងរលត់ហើយ ក៏សួរតាចាស់ថា “នែ៎តា!
ហេតុអ្វីបានជាភ្លើងឆេះផ្ទះតា?” តាចាស់ប្រាប់ថា “ឥតហេតុអ្វីទេ ខ្ញុំដុតផ្ទះរបស់ខ្ញុំដើម្បីឲ្យពួកអ្នករត់ត្រឡប់មកវិញ
កុំឲ្យលង់ទឹកជំនន់ស្លាប់” ។ អ្នកចាប់ក្ដាមទាំងអស់បានដឹងថាខ្លួនរួចរស់ជីវិត
ដោយសារតាចាស់ក៏ត្រេកអរណាស់ នឹករលឹកគុណតាចាស់មិនភ្លេច ដោយឃើញថា
តានេះជាមនុស្សមានចិត្តសប្បុរសល្អ ព្រោះតែគាត់ចង់ជួយសង្រ្គោះពួកយើង
ទើបសុខចិត្តដុតផ្ទះរបស់ខ្លួនចោលមិនស្ដាយ ។
រឿងនេះ
បានគតិថា អ្នកដែលជួយសង្គ្រោះដោះទុក្ខធុរៈគេ ត្រូវតែជាអ្នករិះគិតយ៉ាងល្អិតល្អន់ជ្រាលជ្រៅ
ហើយប៉ិនប្រសប់ខាងជួយគេឲ្យបានរួចពីទុក្ខភ័យ កុំឲ្យខ្លួនមានទុក្ខទោសផង ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨២
Subscribe to:
Posts (Atom)