Tuesday, April 30, 2019

មនុស្សស្រីគួរតែអាន


ពាក្យ​មួយឃ្លា ​គេ​និយាយ​ថា «នៅ​លើ​លោក​នេះ​ គ្មាន​ទេ​ស្រី​អាក្រក់ មាន​តែ​ស្រី​ខ្ជិល​»។ យើង​ជា​ស្រ្តី ត្រូវ​មាន​របៀប​រៀប​រយ​ពេល​ចេញ​ទៅ​ខាង​ក្រៅ ទាំង​ការ​ស្លៀក​ពាក់​និង​កាយវិការ​ ការ​និយាយ​ស្តី​។​ យើង​ជា​ស្ត្រី ត្រូវ​មាន​ក្លិន​ក្រអូប មិន​មែន​ក្លិន​ម្ហូប​ឬ​ក្លិន​ទឹក​នោម​កូន​ ទោះ​បី​យើង​ជា​ស្ត្រី​មេផ្ទះ​ក៏​ដោយ​។​ យើង​ជា​ស្ត្រី ត្រូវ​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង​ឱ្យ​បាន​ស្អាត​បាត និង​មាន​អនាម័យ​ក្នុង​ការ​រស់​នៅ​។​

យើង​ជា​ស្ត្រី ត្រូវ​ចេះ​ថែ​ស្បែក​ខ្លួន​ ស្បែក​មុខ សក់ ក្រចក​ដៃ​ជើង និង​ចេះ​តុប​តែង​ប្រេង​ម្សៅខ្លះ ដើម្បី​បន្ថែម​សម្រស់​និង​ចូលចុះ​ក្នុង​​សង្គម​។​ យើង​ជា​ស្រ្តី ​មិន​មែន​ចេះ​តែ​តែង​ខ្លួន​ ប៉ុន្តែ​ត្រូវ​ពូកែ​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​។​ យើង​ជា​ស្ត្រី ត្រូវចេះ​​បង្រៀន​កូន​ចៅ​និង​ចេះ​សន្សំ​សំចៃ​ក្នុងការ​ចាយ​វាយ​។​

យើង​ជា​ស្ត្រី ត្រូវ​រឹង​មាំ ក្រៅ​ពី​ចេះ​ធ្វើការ​រក​ប្រាក់​កំរៃក៏​ត្រូវ​ចេះ​ឈ្លាស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​។​ យើង​ជា​ស្ត្រី​... មិន​មែន​ជា​ស្ត្រី​ដែល​ត្រូវ​ការ​បុរស ប៉ុន្តែ​ជា​ស្ត្រី​ដែល​បុរស​ត្រូវ​ការ​។ ពួក​យើង​ជា​ស្ត្រី​ ត្រូវ​រៀន​បន្ថែម​ដើម្បី​ដើរ​ឱ្យ​ទាន់​សង្គម​ ជា​ពិសេសផ្នែក​​ចិត្ត​គំនិត​។​

ជូន​ពរ​ស្ត្រី​គ្រប់​រូប!!!

Cr. បងស្រី ចិន្ដា

ជម្រើសជីវិត



ជំងឺដែលសាហាវបំផុតក្នុងលោក គឺជំងឺងប់ងុល ។ មកពីងប់ងុលទើបបង្កើតបាននូវអាការៈកុហកខ្លួនឯង កុហកខ្លួនឯងយូរៗទៅចាប់ផ្ដើមអស់សង្ឃឹមក្នុងជីវិត ។ អស់សង្ឃឹមក្នុងជីវិត ព្រោះអ្វីដែលចង់បានវាមិនដូចចិត្ត ហើយអ្វីដែលធ្លាប់មានគ្រាន់តែជាការកុហកដែលខ្លួនឯងប្រតិដ្ឋឡើង ។ ឯណាការពិត? តាមពិតគ្មានទេ វាមានតែការសម្ដែងប៉ុណ្ណោះ ។

ដរាបណាចិត្តនៅតែងប់ងុល ដរាបនោះយើងនៅតែឈឺចាប់ ។ ឈឺប៉ុនណាទៅ ដែលត្រូវកុហកខ្លួនឯងរាល់ថ្ងៃបែបនេះ? ជីវិតគឺជាការជ្រើសរើស យើងមានរបៀបជាច្រើនដើម្បីរស់ ។ យើងគឺជាអ្នកជ្រើសរើស ហេតុអ្វីមិនរើសយកការពិត ហើយប្រឈមមុខនឹងវាទៅ? ភាពកំសាក វាមិនមែនដំណោះស្រាយទេ ។ យើងគួររៀនទទួលយកការពិត ព្រោះការកុហកខ្លួនឯងនឹងធ្វើឲ្យយើងឈឺចាប់បំផុត ។ គ្មាននរណាមកចែករំលែកវាជាមួយយើងឡើយ ។

សុខនិងទុក្ខ គឺឋិតលើជម្រើសរបស់យើង ។ គ្មាននរណាបំផ្លាញយើងទេ លុះត្រាតែយើងយល់ព្រមបំផ្លាញខ្លួនឯង ។ ជីវិតមានមេរៀនជាច្រើនដែលត្រូវរៀន ហើយវិញ្ញាសាខ្លះគ្មានពិន្ទុទេ ។ ជីវិតទោះខកបំណងខ្លះ ក៏មិនជាអ្វីដែរ ព្រោះបើមានផ្លូវដើរ គឺតែងតែមានជង្ហុក មានជីវិតក៏តែងតែឆ្លងកាត់រឿងលំបាកបែបនេះហើយ តែវាមិនអាក្រក់រហូតទេ។ ទម្រាំយើងធ្វើដំណើរមកដល់ទីនេះ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយរាល់ការឆ្លងកាត់វាតែងតែនាំយើងទៅមុខ ទៅផុតពីបញ្ហាដែលធ្លាប់កើតឡើង ។ ការលំបាកតែងតែកើតមាន តែបើយើងមិនប្រឈមនឹងការពិត មិនហ៊ានឆ្លងកាត់វា នោះអ្នកដែលអាក្រក់ជាគេបំផុតក្នុងជីវិតរបស់យើង គឺយើងខ្លួនឯង៕

Cr. Sun Veasna

Monday, April 29, 2019

ខ្ញុំគ្មានបក្ខពួកទេ!!



ខ្ញុំមិនរាប់អានអ្នកណាដោយសារតែគេជាគ្នាខ្ញុំទេ តែខ្ញុំរាប់អានគេដោយសារគុណតម្លៃ ។ កើតជាមនុស្សហេតុអ្វីត្រូវរើសអើងគ្នា? អ្នកខ្លះរាប់អានគេដោយសារគេល្បី ដោយសារគេជាមនុស្សខ្ពង់ខ្ពស់ ដោយសារតែគេជាអ្នកមាន ឬជាមនុស្សមានប្រយោជន៍ ។ ប៉ុន្ដែបើថ្ងៃណាមួយគេលែងល្បី លែងខ្ពង់ខ្ពស់ លែងមានបាន លែងមានប្រយោជន៍សម្រាប់យើង តើយើងនៅតែរាប់អានគេទេ? ទឹកចិត្តមនុស្សមើលមិនឃើញឡើយ ។ ជួនកាលមនុស្សដែលយើងរើសអើង គេអាចជាមនុស្សមានតម្លៃក៏ថាបាន ។ តម្លៃរបស់មនុស្ស មិនអាចវាស់ដោយចិត្តបានទេ គឺគេវាស់តាមរយៈដោយទង្វើ និងថ្លឹងថ្លែងដោយវិចារណញ្ញាណ។ ខ្ញុំមិនត្រូវការបក្ខពួក មិនត្រូវការធ្វើជាគ្នារបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់មានសន្ដិភាពជាមួយមនុស្សរាល់គ្នា ព្រោះថាបើយើងគ្មានសន្ដិភាពទេ ទោះមានបក្ខពួកច្រើនប៉ុនណា ឬមានគ្នាច្រើនប៉ុនណា ក៏មិនអាចធ្វើឲ្យជីវិតខ្លួនឯងមានតម្លៃពេញលេញដែរ ។ ដែលហៅថាជីវិតមិនពេញលេញ គឺជីវិតដែលតូចចង្អៀត ។ ដែលហៅថាជីវិតតូចចង្អៀត គឺជាការរស់នៅជាមួយចិត្តចង្អៀតចង្អល់ ។ មនុស្សបើចង្អៀតចង្អល់ រើសអើងគេហើយ ទោះផែនដីធំប៉ុនណា ឬមនុស្សរាប់សិបលានច្រើនប៉ុនណា ក៏ប្រហែលជាមិនអាចមានមិត្តល្អម្នាក់ដែរ ព្រោះមនុស្សល្អក្នុងលោក មិនអាចរកឃើញដោយសារគំនិតរើសអើងឡើយ

Cr. Sun Veasna

វិនិច្ឆ័យពុំប្រើបញ្ញា



នៅពេលដែលសកម្មភាពមួយកើតឡើង ការវិនិច្ឆ័យក៏បានប្រសូតចេញមកតាមក្រោយ ដោយបញ្ចប់ជាមួយនឹងពាក្យសរសើរ ឬការរិះគន់។ តែទោះជាបញ្ចប់ដោយពាក្យសរសើរ ឬរិះគន់ក្ដី គ្រប់យ៉ាងតែងស្ថិតក្រោមអំណាចនៃសេចក្ដីពិតជានិច្ច។ ចិត្តវិទូជនជាតិស្វីស ខាល់ ជុង (Carl Jung) បានលើកឡើងថា ការរិះគិតគឺលំបាក នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យ។ នៅក្នុងកាលៈទេសៈណាក៏ដោយឲ្យតែយើង ធ្វើការសន្និដ្ឋាន ដោយពុំបានឆ្លងកាត់នៅការត្រិះពិចារណាឲ្យបានជ្រៅ នោះការវិនិច្ឆ័យរបស់យើង ពុំអាចនាំយើងឲ្យទៅរកសេចក្ដីពិតឃើញឡើយ។ ស្វែងរកការការពិតត្រូវស្វែងរកប្រកបជាមួយបញ្ញា ពុំមែនស្វែងរកដោយការវិនិច្ឆ័យជាមួយគំនិតរវើរវាយនោះទេ។

ពេលខ្លះយើងបានធ្វើខ្លួនឲ្យឆ្ងាយពីសេចក្ដីពិត ដោយសារតែយើងខ្លួនឯងតែងប្រើអារម្មណ៍មកធ្វើការវិនិច្ឆ័យទៅលើសកម្មភាពអ្នកដទៃ ជំនួសឲ្យការគិតពិចារណា ដែលជាហេតុនាំឲ្យមានការវាយតម្លៃអ្នកដទៃខុស ព្រោះតែខ្លួនឯង។ ពេលខ្លះយើងប្រៀបបាននឹងមនុស្សស្រវឹង រកច្រកចេញពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងពុំឃើញអីចឹងដែរ។

លោក លីក្វាន់យូ(Lee Kuan Yew ) ធ្លាប់បានលើកឡើងដែរថា ខ្ញុំពុំបាននិយាយថាអ្វីៗទាំងអស់ដែលខ្ញុំធ្វើគឺត្រឹមត្រូវនោះទេ តែអ្វីៗដែលខ្ញុំបានធ្វើគឺ ធ្វើឡើងដើម្បីគោលបំណងដ៏ថ្លៃថ្នូរ។ តើមានមនុស្សប៉ុន្មានបានវិនិច្ឆ័យខុស នឹងយល់ច្រលំ ទៅលើមេដឹកនាំនៅអាស៊ីរូបនេះថាជាជនផ្ដាច់ការដើម្បីអំណាច នឹងប្រយោជន៍ផ្ទាល់ខ្លួន? តែលទ្ធផលចុងក្រោយបានបង្ហាញថាអ្វីដែលមេដឹកនាំរូបនេះបានធ្វើពុំដូចច្នោះឡើយ។ ការពិតនៅតែជាការពិត ពុំមាននរណាអាចកែប្រែ ដោយឡែកមនុស្សដែលឃ្លាតឆ្ងាយពីការពិត ប្រឆាំងការពិត គឺប្រៀបបាននឹងការបំផ្លាញខ្លួនឯង។

____________

Sunday, April 28, 2019

គិតម្តងទៀត!



បុគ្គលណាបោះបង់អ្វី ដែលធ្វើរួចហើយៗស្រវាចាប់អ្វី ដែលមិនគួរធ្វើនឹងទទួលមេរៀនខាងសម្រេចក្តីវិនាសដល់ខ្លួនឯង ។ នីក្កូឡូ ម៉ាកាវែល្លី (Niccolo Machiavelli) លើកឡើងខាងដើមនេះ ស្របគ្នាទៅនឹងភាសិតស្រីហិតោបទេសថា "ជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏នឹងវិនាសសូន្យទៅ ឯរបស់មិនទៀងទាត់ក៏ហិនហោចបាត់ទៅថែមទៀតដែរ"

ក្នុងចក្រវាឡនេះ ព្រះកាលហាក់មានអំណាចខ្លាំងជាងគេ ពោលគឺសភាវៈគ្រប់យ៉ាងទោះជាត្រូវកកើត ឬ វិនាសទៅវិញសុទ្ធតែស្ថិតក្រោមអំណាចនេះទាំងអស់ ។ ក្នុងពេលយើងកំពុងដេកលក់ ឬ ភ្លេចខ្លួន កង់រមូរនៃព្រះកាលមិនបានឈប់សម្រាកតាមយើងទេ វាកំពុងតែធ្វើសកម្មភាពជាប់ជានិច្ច ហើយបានជញ្ជក់ស៊ីគ្រប់យ៉ាងឱ្យវិនាសទៅ ។

ភាពលំបាកនៅក្នុងជីវិតភាគច្រើនបំផុតពុំមែនមកពីកត្តាខាងក្រៅទេ គឺមកពីយើងខ្លួនឯងតែម្នាក់គត់ ។ ការលំបាករបស់យើង សេចក្តីល្ងង់របស់យើង គឺព្រោះតែយើងពុំបានប្រុងប្រយ័ត្ននៅពេលចាប់ផ្តើមដាំគ្រាប់ពូជ ។ វាជាច្បាប់កម្មផល ។ កម្មវាសនារបស់យើង មានប្រភពចេញពីចរិតលក្ខណៈរបស់យើង ។ ចរិតលក្ខណៈរបស់យើង មានប្រភពចេញពីទម្លាប់ជាប្រចាំរបស់យើង ។ ទម្លាប់ជាប្រចាំរបស់យើង មានប្រភពចេញមកពីទង្វើជាប្រចាំរបស់យើង ។ ទង្វើជាប្រចាំរបស់យើង មានប្រភពចេញពីគំនិតដែលយើងគិតជាប្រចាំ ។

មនុស្សភាគច្រើន ពុំបានស្លាប់ដោយសារអត់បាយ, ពុំបានស្លាប់ដោយសារការរៀនសូត្រ ឬ ស្លាប់ដោយសារតែប្រឹងធ្វើការងារទេ តែស្លាប់ព្រោះគំនិតអវិជ្ចមាន

យើងត្រូវដោះស្រាយបញ្ហានេះតាមពីររបៀប ដោយទី១ យើងត្រូវប្រុងប្រយ័ត្នតាំងពីដំបូងទី ព្រោះជីវិតពិត មិនខុសអ្វីនឹងការឡើងឆាកសម្តែង ដែលឥតព្រាងទុកឡើយ ។ ដូច្នេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង ធ្វើស្វ័យកំណែប្រែចំពោះខ្លួនឯងឱ្យបានច្រើន នោះទើបជីវិតស្លាប់ទៅពុំបាននាំរឿងខកបំណងទៅជាមួយ ។ ទី២ បើបានជាចួបទុក្ខវិបត្តិហើយ គួរធ្វើចិត្តឱ្យបាននឹងនទទួលយកការពិត ហើយដោះស្រាយ ។ បើដោះស្រាយហើយនៅតែមិនបានសម្រេចក៏មិនគួរយំស្រែកដែរ ព្រោះជីវិតនេះខ្លីណាស់ ខ្លីដល់ថ្នាក់មិនគួរយើងនៅត្រាំត្រែងជាមួយទុក្ខកង្វល់ឡើយ ។
____

សួនផ្កាលើផ្លូវជីវិត



យើងគ្មានសិទ្ធិកំណត់ការយល់ឃើញរបស់នរណាម្នាក់ ចំពោះយើងបានទេ ព្រោះចិត្តមនុស្សគឺប្រែប្រួលជានិច្ច ។ យើងគ្មានសិទ្ធិហាមរឿងមិនល្អមិនឲ្យកើតឡើងក្នុងជីវិតទេ ព្រោះជីវិតគឺជាការធ្វើដំណើរ គ្មានដំណើរណាដែលមិនមានឧបសគ្គទេ ជីវិតក៏ដូចគ្នាដែរ ។ ដំណើរនៃជីវិត ពិតជាមិនខុសពីវិថីដែលយើងធ្លាប់ដើរទេ ។ យើងមិនអាចទាមទារឲ្យផ្លូវដែលយើងដើរ ត្រូវតែត្រង់ភ្លឹងតាមចិត្តរបស់យើងបានឡើយ ហើយរឹតតែមិនអាចទាមទារឲ្យគ្រប់ផ្លូវត្រូវតែគ្មានជង្ហុក គ្មានបន្លា គ្មានឧបសគ្គបាននោះដែរ ។ ជីវិតមានរឿងតែមួយទេ ដែលយើងត្រូវដឹងនោះគឺដឹងថា " មានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ " ។ ផ្លូវដើរមានកន្លែងខ្លះមានទេសភាពស្អាតៗ ហើយកន្លែងខ្លះមានទិដ្ឋភាពមិនល្អ ប៉ុន្ដែបើយើងនៅតែដើរ នោះយើងនឹងទៅមុខជានិច្ច ។ ពេលខ្លះដោយសារតែយើងភ្លេចទេសភាពស្អាតៗដែលយើងធ្លាប់ចួប ទើបធ្វើឲ្យពេលដែលចួបទិដ្ឋភាពមិនស្អាត ប្រែក្លាយជាស្អប់ខ្ពើមជីវិតខ្លួនឯង ។ ផ្លូវជីវិត បើយើងនៅតែដើរ យើងនៅតែចួបបញ្ហាថ្មីៗជានិច្ច ហើយទន្ទឹមនឹងបញ្ហាថ្មីៗ យើងក៏នឹងអាចចួបរឿងល្អថ្មីៗទៀតផងដែរ គ្រាន់តែពេលខ្លះយើងទៅមិនទាន់ដល់ ។

ញញឹមដាក់ខ្លួនឯង បើគ្មាននរណាញញឹមដាក់យើង ។ លើកទឹកចិត្តខ្លួនឯង បើគ្មាននរណាគាំទ្រយើង ។ ជឿជាក់លើខ្លួនឯង ទោះបីគ្មាននរណាជឿលើសមត្ថភាពយើង ។ យើងអាចភ្លេចគ្រប់យ៉ាង មានតែរឿងមួយទេដែលយើងត្រូវចាំនោះគឺ " យើងគឺជាវិស្វករជីវិតខ្លួនឯង " ជីវិតយើងមានសោភ័ណភាពបែបណា គឺឋិតលើយើងខ្លួនឯង មិនមែនព្រហ្មលិខិត ក៏គ្មានទេវតាណាមកកំណត់ដែរ ។ ខំខ្លួនឯងឲ្យខ្លាំង បើចង់ឲ្យទេវតាជួយ ព្រោះទេវតាមិនជួយមនុស្សទន់ខ្សោយទេ ។ បង្កើតរឿងល្អឲ្យបានច្រើន នោះយើងនឹងរកឃើញសួនផ្កាដ៏ស្រស់ស្អាតលើវិថីជីវិតរបស់យើង ព្រោះរឿងល្អគឺជាការចងចាំដ៏ល្អ ការចងចាំល្អនឹងធ្វើឲ្យយើងញញឹម ស្នាមញញឹមនោះហើយ គឺជាសួនផ្កាជីវិត

Cr. ប្រាជ្ញាជីវិត

Tuesday, April 2, 2019

លះបង់សិនចាំទាមទារ!!



យើងតែងតែមើលឃើញកំហុសរបស់គេ ច្រើនជាងមើលឃើញកំហុសខ្លួនឯង ។ យើងតែងតែព្យាយាមចង់អប់រំអ្នកដទៃច្រើនជាងអប់រំខ្លួនឯង ។ ពេលខ្លះយើងតែងតែមិនពេញចិត្តគេ ទាំងដែលពេលខ្លះទៀត យើងក៏មិនគួរឲ្យចូលចិត្តសម្រាប់ខ្លួនឯង ។ ពេលខ្លះយើងតែងតែព្យាយាមចង់បាននេះ ចង់បាននោះពីអ្នកដទៃ ទាំងដែលពេលខ្លះយើងពុំដែលផ្ដល់អ្វីដល់ពួកគេ ។ ពេលខ្លះទៀតយើងតែងតែទាមទារឲ្យអ្នកផ្សេងយល់ពីយើង ទាំងដែលពេលខ្លះយើងក៏ពុំយល់ពីខ្លួនឯង ។ យើងតែងតែចង់ឲ្យគេផ្គាប់ចិត្តយើងគ្រប់រឿង ទាំងដែលពេលខ្លះទៀត យើងក៏ផ្គាប់ចិត្តខ្លួនឯងមិនត្រូវ ។ ជីវិតពិតជាមានរឿងដែលយើងចង់ច្រើនណាស់ ។ ប៉ុន្ដែទន្ទឹមនឹងការចង់បាននោះ យើងគួរតែសួរខ្លួនឯងថា តើយើងបានលះបង់ដើម្បីអ្វីដែលយើងចង់បានហើយឬនៅ? បើនៅទេ នោះយើងគ្មានសិទ្ធិទាមទារអ្វីឡើយ ៕

Cr. ប្រាជ្ញាជីវិត