Sunday, May 24, 2020

ម៉ែបង្រៀនកូនថា…



ខ្លួនម៉ែប្រហែលបង្រៀនកូនឲ្យឆ្លាតមិនបាន
តែកូនត្រូវប្រឹងរៀន និងឆ្លាតវៃដោយខ្លួនកូនផ្ទាល់បាន ។

ម៉ែចង់ឲ្យកូនរៀនគិត និងមើលលោកនេះក្នុងផ្នូវវិជ្ជមាន
កូនកុំគិតថាក្រោមមេឃលើដីនេះ មានតែរឿងធ្វើមិនបាន
ធ្វើមិនកើត ខ្លួនទៅមិនរួច រៀនហាត់គិតក្នុងផ្លូវវិជ្ជមានខ្លះ
ខ្លួនកូននឹងបានប្រសើរឡើង ។

ម៉ែចង់ឲ្យកូនហាត់រៀនសុបិន
ពេលណាកូនសុបិនកើត មិនថាត្រូវពុះពារត្រូវអត់ធ្មត់
កូននឹងដឹងថា លោកមួយនេះវាគួរឲ្យចង់រស់នៅប៉ុនណា ?

ម៉ែចង់ឲ្យកូនគិតរឿងល្អ និយាយតែរឿងស្អាត
ចូរធ្វើជាមនុស្សដែលអាក្រក់ចុងក្រោយ និងធ្វើជាមនុស្សល្អដំបូង
ដែលផ្ដល់កម្លាំងចិត្ត និងពាក្យសរសើរ ។

ម៉ែចង់ឃើញកូនធ្វើរឿងប្លែកៗ
កូនមិនចាំបាច់ត្រូវដើរតាមជីវិតប្រចាំថ្ងៃរបស់អ្នកណាមួយទេ
កុំលាក់ទុកគំនិតចម្លែក គ្រាន់តែកូនយល់ថា វាមិនដូចគេ ។

ម៉ែចង់បង្រៀនកូនឲ្យហ៊ានហាលថ្ងៃហាលភ្លៀង
ព្រោះនៅក្រោមកំដៅអ៊ុនៗនៃព្រះអាទិត្យ កូននឹងទទួលបាននូវវិតាមីន D
ហើយនៅក្រោមដំណក់ទឹកភ្លៀង នឹងធ្វើឲ្យកូនយំ
ដោយគ្មានអ្នកណាមួយមើលឃើញ ។

ម៉ែចង់បង្រៀនកូនឲ្យហាត់ប្រាណរាល់ថ្ងៃ
យ៉ាងហោចណាស់ មនុស្សត្រូវមានសកម្មភាពធ្វើចលនាខ្លះ
បើកូនបានបញ្ចេញកម្លាំងខ្លះ កូននឹងរឹងមាំស្វាហាប់
និងមិនងាយទន់ជ្រាយឡើយ ។

ម៉ែចង់ឃើញកូនញញឹម និងរស់នៅក្នុងលោកនេះដោយក្ដីស្រឡាញ់
ការញញឹមមិនអាចយកឈ្នះគ្រប់រឿងបានពិតមែន
ការញញឹមពេក អាចមើលទៅហាក់ដូចកូនជាមនុស្សឆ្កួត
តែនៅគ្រាន់បើជាងធ្វើមុខស្អុយបែស មុខមិនរីកដែរ ។

ម៉ែចង់បង្រៀនកូនឲ្យចេះស៊ូទ្រាំអត់ធ្មត់
កូនត្រូវរៀនទទួលស្គាល់ថា
កូនគ្មានផ្លូវណាបានអ្វីគ្រប់យ៉ាងដូចកូនសង្ឃឹមទុកទេ
អត់ធ្មត់ និងកុំទៅខូចកម្លាំងចិត្ត កុំបោះបង់
ហើយសូមកូនចាប់ផ្ដើមសាជាថ្មីដោយកម្លាំងចិត្តរបស់កូន ។

ម៉ែចង់បង្រៀនកូនឲ្យជំទើតជើងឡើងឲ្យខ្ពស់
គ្មានអ្វីខ្ពស់ហួសពីហត្ថាទាំងគូរបស់កូនដែលឈោងចាប់ទេ
គ្រាន់តែថាកូនឈរ នៅត្រង់ទីដែលកូនមិនឈរពីមុនប៉ុណ្ណោះ ។

ម៉ែចង់បង្រៀនកូនឲ្យមានក្ដីសុខ តែកុំភ្លេចទុក្ខផងណ៎ា
មនុស្សដែលមិនធ្លាប់មានសេចក្ដីទុក្ខ គេរកសុខពិតប្រាកដមិនកើតទេកូន ៕

-----------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក

១០០គតិ គាប់ចិត្តនាំជីវិតបានផល



ពេលខ្លះការប្រើជីវិតមួយនេះក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ ខ្លួនត្រូវការពាក្យអប់រំមួយចំនួនសម្រាប់អប់រំដាស់តឿនចិត្តគំនិត ដើម្បីឲ្យតាំងនៅក្នុងសង្គមបានស្រួលដូចគេដូចឯង ព្រោះថាមនុស្សម្នាក់ៗរស់នៅក្នុងសង្គមត្រូវយកគោលការប្រតិបត្តិ ក្នុងការទាក់ទងប្រាស្រ័យគ្នា ដើម្បីរក្សានូវមិត្តភាពឲ្យបានយូរអង្វែង ផ្នែកមួយទៀតដើម្បីរាប់អានគ្នាដោយចិត្តស្មោះស មានចិត្តមេត្តាសន្តោសប្រោសប្រណីអាណិតអាសូរគ្នា ក្នុងគ្រាដែលម្នាក់ៗជួបនូវក្ដីទុក្ខលំបាកផ្សេងៗ  ហើយចេះចែករំលែកក្ដីសុខរបស់ខ្លួនឲ្យអ្នកដទៃបានក្ដីសុខដូចជាខ្លួនដែរ ។

១០០គតិនេះ មិនមានអ្នកណាមួយប្រាប់ថា អូហ៊ោ! ពិតជាមានអត្ថន័យណាស់ ប៉ុន្តែសូមជម្រាបទុកថា លុះត្រាតែអ្នកបានអានសិក្សាមើលសិន មិនច្រើន មិនវែង និងអាចជួយសម្រួលដល់ចិត្តគំនិតយើងបានយ៉ាងល្អ ក្នុងការយកគោលគតិទាំងនេះទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ។ តើ ១០០គតិអប់រំខ្លីៗ ដែលគោលគំនិតល្អដើម្បីជីវិតលើកយកមកចុះផ្សាយមានអ្វីខ្លះ សូមអានទាំងអស់គ្នា ដូចខាងក្រោម ៖

១. យកចិត្តគេមកដាក់ចិត្តយើង
២. ជឿជាក់លើខ្លួនឯង
៣. កុំមើលមនុស្សលើផ្ទៃមុខ
៤. ហ៊ានគិត និយាយ និងធ្វើ
៥. ពេលមានបញ្ហា ចូរព្យាយាពិភាក្សាជាមួយអ្នកដទៃ
៦. ចូរធ្វើខ្លួនជាទីប្រឹក្សារបស់អ្នកដទៃ
៧. កុំកុហកចំពោះរឿងដែលអ្នកគិតថាខុស
៨. ទុកចិត្តបុគ្គលដែលសមគួរដល់ការទុកចិត្ត
៩. បើកចិត្តឲ្យទូលាយ
១០. មានចក្ខុវិស័យវែងឆ្ងាយ
១១. ដាក់ផែនការអនាគត
១២. កុំបន្ទោសខ្លួនឯង
១៣. មានការទទួលខុសត្រូវ
១៤.  តបស្នងពេលបានទទួល
១៥. ឲ្យក្នុងរឿងដែលអ្នកដទៃចង់បាន និងចង់មាន
១៦. កុំប្រើអារម្មណ៍ តែចូរប្រើគំនិត
១៧. គិតដល់ចំណែករួមឲ្យបានច្រើន
១៨. មើលថែខ្លួនឯងឲ្យកើត
១៩. ដឹងខុស ត្រូវ ល្អ អាក្រក់
២០. កុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយទទេរ
២១. កុំស្គាល់តម្លៃរឿងដែលនៅជាមួយយើងនៅពេលដែលយើងស្លាប់ទៅហើយ
២២. ចូរដឹងខ្លួនជានិច្ចថាតើពេលនេះខ្លួនកំពុងធ្វើអ្វី ?
២៣. ដឹងថាការធ្វើហ្នឹងមានផលល្អ អាក្រក់ មានប្រយោជន៍ និងឥតប្រយោជន៍ដែរឬទេ ?
២៤. កុំបាត់គោហើយទើបធ្វើក្រោល
២៥. ឲ្យអភ័យដល់ខ្លួនឯង និងអ្នកដទៃ
២៦. កុំរក្សាទុកអតីតកាលមកធ្វើបាបខ្លួនឯង តែចូរហាត់រៀនស្គាល់ពីវា
២៧. មនុស្សដែលមិនចេះខុស គឺមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះ
២៨. បានមុនកុំភ្លេចក្រោយ
២៩. អ្នកមិនមែនព្រះ កុំគិតជួសអារម្មណ៍ តែចូរដាក់ផែនការនឹងថែរក្សាវាមិនឲ្យខូច
៣០. កុំអានសារដែលមានប្រយោជន៍កន្លងផុតទៅ
៣១. អានហើយគិត គិតហើយធ្វើ ព្យាយាមស្ថាបនាខ្លួនឯង
៣២.  ចេះបែងចែកពេលវេលា និងតួនាទី
៣៣. ធ្វើប្រយោជន៍ឲ្យគិតដល់ចំណែករួមខ្លះ
៣៤. កុំអាត្មានិយម
៣៥. កុំរង់ចាំក្នុងរឿងដែលមិនទាន់មកដល់
៣៦. កុំខ្លាចក្នុងរឿងដែលខ្លួនអាចស៊ូ ឬអាចផ្លាស់ប្ដូរបាន
៣៧. កម្លាំងចិត្តជារឿងសំខាន់ រៀនបំពេញឲ្យអ្នកដទៃ ហើយគេនឹងត្រឡប់មកបំពេញឲ្យខ្លួនវិញ
៣៨. មិត្តភាពមិនចាំបាច់ត្រូវជួបមុខនិយាយគ្នាទេ
៣៩. កុំគិតថា គេមិនតេមក អ្នកមិនធ្លាប់តេទៅ
៤០. ចូរធ្វើជាភាគីឲ្យច្រើនជាងភាគីទទួល
៤១. មើលថែមាតាបិតាឲ្យបានល្អ បើអ្នកនៅមានឱកាស ចូរប្រញាប់ធ្វើ មុននឹងគ្មានឱកាស
៤២. កុំខូចចិត្តចំពោះរឿងអាក្រក់ ឬបាត់បង់ទៅហើយ វាមិនអាចត្រឡប់វិញបានទេ តែអ្នកអាចធ្វើវាជាថ្មី ឬចេះរៀនពីវាបាន
៤៣. សម្ដីពេលនិយាយចេញទៅហើយ មិនអាចហៅត្រឡប់មកវិញបានទេ ដូចនេះចូរគិតមុននិយាយ
៤៤. កុំបំពេញក្នុងរឿងដែលគ្មានប្រយោជន៍
៤៥. សម្ដីឲ្យកម្លាំងចិត្តមនុស្សបាន លួងចិត្តមនុស្សបាន ញុះញង់ឲ្យគេឈ្លោះគ្នាបាន ធ្វើឲ្យខូចអារម្មណ៍បាន ចូរគិតសិន មុននឹងនិយាយ
៤៦. ជីវិតមិនមែនហ្គេម ភ្លាត់ហើយមិនអាចចាប់ផ្ដើមសាជាថ្មី ឬចុចឡោតវាបានទេ
៤៧. រកខ្លឹមសារឲ្យជីវិត
៤៨. ស្រ្តេសបាន តែកុំស្ត្រេសយូរ
៤៩. បើឆ្ងល់ សរសេរអក្សរបាន តែសរសេរឲ្យកើតជាភាសា
៥០. មួយថ្ងៃៗអ្នកធ្វើអ្វីខ្លះ ដែលមិនមែនជាការស៊ី ដេក លេង
៥១. គ្មានគ្រូពេទ្យណារង់ចាំឲ្យអ្នកជំងឺស្លាប់ហើយ ចាំជួយទេ
៥២. មិត្តអ្នកក៏ដូចគ្នា កុំបណ្ដោយឲ្យគេស្ត្រេសដល់ស្លាប់ហើយ បានទៅសួរ ឬមើលថែគ្នា
៥៣. រាងកាយមិនមែនជាគ្រឿងចក្រ ឲ្យវាសម្រាកខ្លះទៅ
៥៤. អ្នកអាចទិញនាឡិកាពាក់បាន តែអ្នកមិនអាចទិញពេលវេលាបានទេ
៥៥. ពេលនេះមានអ្នកណាកំពុងរង់ចាំអ្នកដែរឬទេ បើមានឆាប់ត្រឡប់ទៅរកគេចុះ
៥៦. ពេលនេះអ្នកកំពុងរង់ចាំអ្នកណាដែរឬទេ នឹងចាំយ៉ាងនេះទៅដល់ពេលណា ហើយធ្វើអ្វីខ្លះ?
៥៧. កុំខ្លាចការសុំទោសញយដង វាមានអ្វីច្រើនណាស់ដែលខ្លួនធ្វើហើយមិនចាំបាច់ទៅសុំទោស
៥៨. ពេលអ្នកលំបាក តើអ្នកនឹកអ្នកណាគេ ហើយអ្នកចង់ឲ្យអ្នកណាគេមកជួយ ?
៥៩. ពេលនេះអ្នកកំពុងសោយសុខ ហើយមនុស្សដែលអ្នកធ្លាប់សុំជំនួយ អស់ប្រយោជន៍ហើយឬ ?
៦០. បើមិនមែនយ៉ាងម៉េច ត្រូវរកឲ្យប្រាប់បន្តទេ ?
៦១. ធ្វើអ្វីក៏បានឲ្យតែខ្លួនឯងមានសេចក្ដីសុខ តែកុំធ្វើនៅលើគំនរទុក្ខអ្នកដទៃ
៦២. ពេលដែលអ្នកកំពុងអានប្រយោគទាំងនេះ ចូរចាំទុកថា អ្នកក៏ជាមនុស្សដែលមានជីវិតរស់
៦៣. មានអ្នកណាខ្លះជាមនុស្សដែលធ្វើឲ្យអ្នកមានជីវិត តើអ្នកបានតបស្នងពួកគេខ្លះហើយឬនៅ?
៦៤. មិនបាច់រង់ចាំឲ្យដល់ថ្ងៃពិសេសអ្វីឡើយ គ្រាន់តែទៅប្រាប់គេថា អ្នកស្រឡាញ់គេ វាគ្រប់គ្រាន់ហើយ
៦៥. កុំរង់ចាំដល់ថ្ងៃខួបកំណើត ទើបបាននិយាយឬជូនកាដូឲ្យគ្នា
៦៦. គ្មានច្បាប់ណាហាមមិនឲ្យធ្វើកាដូក្នុងថ្ងៃធម្មតាទេ
៦៧. បើអ្នកជាជាមនុស្សល្អស្រាប់ មានមិត្តយកនំមកឲ្យ តើអ្នកមានអារម្មណ៍ល្អ ឬមើលលើតម្លៃនំនោះ ?
៦៨. ស្រាធ្វើឲ្យអ្នកភ្លេចភ្លាំងបានពេលណាស្រវឹង តែមិត្តពិតធ្វើឲ្យអ្នកភ្លេចរឿងអាក្រក់ៗបានអស់មួយជីវិត
៦៩. កុំគិតថាខ្លួនឯងឯកោ ឬគ្មានមិត្ត យ៉ាងហោចណាស់ បើអ្នកបានអានសំណេរនេះ ចូរចាំទុកថា អ្នកមានស្មេរម្នាក់នេះទៀតជាមិត្ត
៧០. កុំគិតថា ខ្លួនជាមនុស្សហេងស៊យបំផុត ហើយកុំគិតថា ខ្លួនជាមនុស្សសំណាងបំផុត 
៧១. កុំនិយាយថា មិនមែនជាខ្លួនយើងមិនដឹងទេ អ៊ីចឹងអ្នកក៏មិនបានដឹងពីគេដូចគ្នាដែរ
៧២. បើនឿយហត់ខ្លាំងក៏សម្រាកបាន
៧៣. កុំគិតថា គ្មានមនុស្សល្អក្នុងសង្គម ព្រោះថាអ្នកក៏ជាមនុស្សម្នាក់មិនទាន់បានធ្វើអ្វីមួយដែរ
៧៤. ចំណោទបញ្ហាក្នុងហ្គេមនៅដោះបាន ចុះហេតុអ្វីចំណោទបញ្ហាក្នុងជីវិតអ្នកដោះមិនបាន ក្នុងពេលបទសរុបឋិតនៅលើខ្លួនអ្នក
៧៥. អ្នកសម្លឹងមើលលំអពេជ្រល្អខាងក្នុង ឬផ្លាកតម្លៃនៅខាងក្រៅ
៧៦. បើអ្នកហូបអាហារសល់ សាកនឹកដល់ក្មេងដែលគ្មានអ្វីនឹងហូបលោមើល
៧៧. មានរឿងរ៉ាវច្រើនណាស់ ដែលមិនបានសរសេរក្នុងសៀវភៅ សាកល្បងសិក្សាស្រាវជ្រាវខ្លួនឯង នឹងដឹង
៧៨. គ្រាប់ព្រួញដែលបាញ់ចេញពីដងធ្នូរ មានគ្រោះថ្នាក់តិចជាងលំពែងដែលលួចចាក់ពីក្រោយ
៧៩. ការត្រូវគេក្បត់ជារឿងគួរឲ្យឈឺចាប់ តែកុំឲ្យវាកើតអី
៨០. ធ្វើយ៉ាងណា ត្រូវលួចឡើងផ្ទះដល់សិន ចាំទៅមើលរបងផ្ទះមែនទេ?
៨១. រៀនធ្វើចិត្តបង្ការទុកជាមួយរឿងផ្សេងៗមុនក៏ល្អម្យ៉ាងដែរ
៨២. មុននឹងយកធ្វើជាគំរូ សន្មតមនុស្សដែលអ្នកស្រឡាញ់ពីពេលនេះទៅ អ្នកគិតថា អ្នកធ្វើអ្វីឲ្យគេខ្លះៗហើយឬនៅ ?
៨៣. កុំឆ្លើយថា ធ្វើយ៉ាងម៉េចក៏ឆ្លើយតបមិនអស់ដែរ សុំសួរថា តើធ្វើលើកចុងក្រៅនៅពេលណា ?
៨៤. អ្នកធ្វើចិត្តបានហើយឬនៅ បើមានអ្វីកើតឡើង អ្នកទៅយំក្បែរផ្នូរខ្មោចឬយ៉ាងណា បើគេមិនរស់ឡើងមកវិញឮសំឡេងយំនោះ
៨៥. ខ្លួនអ្នកមានតម្លៃស្រាប់ហើយ វានៅត្រង់ថាអ្នកចេះទាញវាចេញមកប្រើបានឬអត់ប៉ុណ្ណោះ
៨៦. រៀនហាត់និយាយនឹងខ្លួនឯងខ្លះ ហើយនឹងដឹងថា មានអ្វីជាច្រើនទៀត ដែលខ្លួនមិនទាន់បានដឹង
៨៧. រូបកាយប្រើអស់ប៉ុន្មានឆ្នាំមកហើយ ធ្លាប់មើលថែវាខ្លះឬទេ ឬយកទុកដើម្បីឲ្យវិញ្ញាណមានទីសណ្ឋិតនៅ
៨៨.  ការស្លៀកពាក់ខោអាវស្អាតៗ មិនបានជួយឲ្យរាងកាយល្អឡើងទេ វាល្អត្រង់បុគ្គលិកលក្ខណៈទៅវិញទេតើ
៨៩. ស្វែងរកសេចក្ដីសុខខ្លួនឯងឲ្យឃើញ រៀនហាត់ឲ្យខ្លួនឯងមានសេចក្ដីសុខខ្លះ អតីតកាលយើងភ្លេចមិនបាន តែយើងមិនគិតបាន
៩០. សាកធ្វើអ្វីៗឆ្កួតខ្លះក៏ល្អ កុំប្រកាន់មាំពេក
៩១. ស្មេរមិនមែនជាអ្នកប្រាជ្ញ មិនមែនអួតខ្លួនថាមានចំណេះខ្ពស់អ្វីទេ តែក្នុងចិត្តគិតចង់ឲ្យអ្នកអានបានដឹងអ្វីខ្លះៗតែប៉ុណ្ណឹង
៩២. អ្វីដែលអ្នកបោះបង់ចោលពីជីវិត ឬរឿងដែលយល់ថាមិនសំខាន់ បែរមកមើលថែត្រង់នេះខ្លះក៏ល្អ
៩៣. កុំទុកចិត្តអ្នកណាខ្លាំងពេក មិនមែនថាបង្រៀនឲ្យចេះសង្ស័យមិនទុកចិត្តគ្នាទេ តែបើមានការប្រុងប្រយ័ត្នខ្លះក៏ល្អ
៩៤. កុំតាមមិត្តអ្នកផឹកសុរា លែងល្បែងភ្នាល់ និងដើរលេងស្រី
៩៥.  ថ្នាំញៀនគ្រប់ប្រភេទ កុំគិតចងសាកជាដាច់ខាត
៩៦. កុំធ្វើតាមមិត្ត ព្រោះមិត្តធ្វើដាក់គ្នាអស់រាងកាយគេ និងរាងកាយយើង ប្រាកដចិត្តក៏ដូចគ្នា
៩៧.  ប្រុសយ៉ាងណាក៏នៅតែជាប្រុស ស្រីយ៉ាងណាក៏នៅតែជាស្រី
៩៨.  ជួនកាលការរស់នៅឯកោ ក៏មិនមែនជារឿងអាក្រក់មើលដែរ
៩៩. គ្មានមិត្តណាជាអមតៈទេ ហើយក៏គ្មានសត្រូវណាស្មោះត្រង់ដែរ
១០០. ចូរធ្វើថ្ងៃនេះឲ្យល្អបំផុត ដើម្បីខ្លួន មនុស្សជាទីស្រឡាញ់ និងមនុស្សដែលនៅជុំវិញខ្លួនយើង ៕

----------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត

Saturday, May 23, 2020

គតិអប់រំកូនៗអំពីម្រាមដៃទាំង ៥



អ្វីៗក្នុងលោកនេះ ដែលធម្មជាតិបង្កើតមក សុទ្ធតែបង្កប់អត្ថន័យអប់រំទាំងអស់ គ្រាន់តែថា រូបភាពខ្លះ មនុស្សយើងមិនទាន់ផ្ដល់និយមន័យនៃតម្លៃរបស់វាបានត្រឹមត្រូវនៅឡើយ  ម្លោះហើយវាក៏មិនទាន់មានតម្លៃគ្រប់គ្រាន់ក្នុងការលើកយកមកធ្វើជាឧទាហរណ៍ក្នុងការអប់រំ ។ មានរូបភាពខ្លះទៀត មនុស្សបានទាញតម្លៃរបស់វា យកមកប្រើ មកអប់រំ ធ្វើជាគតិបាន ដូចជាម្រាមដៃទាំងប្រាំរបស់មនុស្សយើង ដែលបានបង្កប់អត្ថន័យអប់រំដល់មនុស្ស និងកូនៗ ដូចខាងក្រោម ៖

១) ម្រាមមេដៃ ជាមូលដ្ឋានគ្រឹះនៃជីវិត

តាមទ្រឹស្ដីតម្រូវការជាមូលដ្ឋាន (Hierarchy of Needs Theory) របស់ Maslow វត្ថុដែលមនុស្សត្រូវការជាមូលដ្ឋាន ដើម្បីបំពេញសេចក្ដីប្រាថ្នាក្នុងគ្រាដំបូងនោះ គឺតម្រូវការផ្នែករាងកាយ និងសុវត្ថិភាព ។ ដូចនេះ ក្រៅពីបច្ច័យ ៤ ដែលអាណាព្យាបាលគ្រប់រូបត្រៀមបម្រុងទុកឲ្យកូនតូចៗហើយ វត្ថុសំខាន់មួយទៀត គឺការធ្វើឲ្យកូនៗមានអារម្មណ៍ឈ្វេងយល់ដល់ស្ថេរភាពក្នុងជីវិត ទាំងផ្នែករាងកាយ និងចិត្តគំនិតផងដែរ ។ អាណាព្យាបាលគ្រប់រូបត្រូវអប់រំកូនៗឲ្យស្គាល់ច្បាស់អំពីខ្លួនឯង ចេះរៀនប្រឈមមុខជាមួយការភ័យខ្លាច ដោយមានខ្លួនម្ដាយឪពុកធ្វើជាគំរូ ។

២) ម្រាមចង្អុលដៃ ជាពាក្យណែនាំ

ក្រៅពីស្ថេរភាពជីវិតហើយ គ្រួសារ ឬអាណាព្យាបាលគ្រប់រូបត្រូវចង្អុលបង្ហាញណែនាំក្នុងរឿងផ្សេងៗឲ្យដល់កូនៗផង ។ ពេលកូនៗច្រឡំធ្វើអ្វីមួយខុស ឬចាប់ផ្ដើមសង្ស័យធ្វើក្នុងរឿងមិនសមរម្យ ពាក្យណែនាំល្អបំផុតរបស់ម្ដាយឪពុកប្រៀបដូចម្រាមចង្អុលដៃចាំចង្អុលប្រាប់កូនៗឲ្យប្រព្រឹត្តធ្វើក្នុងរឿងដ៏ត្រឹមត្រូវ និងផ្លូវដែលគួរ ។ ក្នុងន័យនេះ សូមរំលឹកផងដែរថា រឿងដែលសំខាន់ក្នុងការអប់រំកូនៗ ក្នុងពេលដែលពួកគេធ្វើខុស គឺជាពាក្យណែនាំដែលប្រកបដោយហេតុផល ។ ម្ដាយឪពុកមិនត្រូវប្រើពាក្យសម្លុតគំរាមជេរស្ដីថាកូនៗដោយកំហឹងទេ ព្រោះក្រៅពីធ្វើឲ្យស្ថានភាពផ្សេងៗមានសភាពអាប់អួរឡើង ហើយថែមទាំងបង្អាក់ដំណើរការលូតលាស់របស់កូនៗទៀតផង ។

៣) ម្រាមដៃកណ្ដាល ជាផ្លូវកណ្ដាល  

ម្រាមដៃកណ្ដាលទុកដូចជាពាក្យទូន្មានអប់រំរបស់ម្ដាយឪពុកក្នុងរឿងផ្លូវកណ្ដាល តាមគោលការណ៍ព្រះពុទ្ធសាសនានោះគឺមាគ៌ាកណ្ដាល ឬមជ្ឈិមាបដិបទា គឺការប្រើជីវិតឲ្យមានសមតុល្យ ឬល្មមប្រមាណ មិនខ្ពស់ពេក មិនទាបពេក ទៅតាមមាគ៌ាណាមួយ ដែលអាណាព្យាបាលអាចនាំយកគោលធម៌ទាំងនេះមកអប់រំផ្សែផ្សំជាមួយពាក្យអបរំផ្សេងៗទៀតក្នុងជីវិតប្រចាំថ្ងៃបាន ដោយលើកយកឧទាហរណ៍ ដូចជា ពិភពលោកបច្ចុប្បន្នដែលកំពុងគ្របដណ្ដប់ដោយលទ្ធិវត្ថុនិយម ឬ Materialism ។ អាណាព្យាបាលគ្រប់រូបគួរអប់រំកូនៗឲ្យប្រកាន់យកគោលការណ៍គ្រប់គ្រាន់ក្នុងផ្លូវសេដ្ឋកិច្ច ដោយអប់រំពួកគេចេះរម្ងាប់កិលេស មិនត្រូវចាយវាយខ្ជះខ្ជាយ តែក៏មិនឲ្យកើតចិត្តកំណាញ់ស្វិត សូម្បីតែការហូបចុករបស់ខ្លួន ។

៤) ម្រាមដៃនាង ជាការស្រឡាញ់ មានក្ដីមេត្តា 

ម្រាមដៃនាងនោះ លោកទុកដូចវត្ថុតំណាងសេចក្ដីស្រឡាញ់ ។ ការអប់រំកូនៗឲ្យចេះស្រឡាញ់ និងចេះព្រួយបារម្ភចំពោះមនុស្សផងគ្នា រាប់ថាជាពាក្យអប់រំសំខាន់ណាស់ ព្រោះសេចក្ដីស្រឡាញ់ធ្វើឲ្យកើតក្ដីមេត្តា ធ្វើឲ្យកើតចិត្តមិនរឹងរូស និងចេះព្រួយបារម្ភដល់មនុស្សដទៃ ។ តាមគោលការណ៍ទ្រឹស្ដីគ្រីស្ដសាសនា ក៏ប្រកាន់យក ការស្រឡាញ់មនុស្សដូចគ្នា គឺជាប្រការសំខាន់បំផុតក្នុងការអប់រំ ។

៥) ម្រាមកូនដៃ ជាភាពទន់ភ្លន់

ម្រាមកូនដៃទុកដូចជានិមិត្តរូបនៃភាពទន់ភ្លន់ និងចេះឲ្យអភ័យ ។ ប្រសិនបើកូនៗរបស់អ្នកកំពុងខឹងខ្លាំងចំពោះអ្នកណាមួយ សាកល្បងអប់រំឲ្យពួកគេធ្វើជាភាគីចេះហុចម្រាមកូនដៃតូចនោះចេញមក ឲ្យជានាជាមួយអ្នកដទៃសិន ។ ការធ្វើក្នុងលក្ខណៈដូចនេះ មានប្រសិទ្ធភាពណាស់ ចំពោះទស្សនគតិរបស់ក្មេងៗ ហើយជាប្រការមួយជួយបណ្ដុះគំនិតក្នុងរឿងការឲ្យអភ័យ និងមានភាពទន់ភ្លន់ដល់កូនតូចៗបានយ៉ាងល្អផង ៕

Cr. គោលគំនិតល្អដើម្បីជីវិត

៧០ ទស្សនៈ អំពីឪពុកអ្នកមានបង្រៀនកូនអ្នកក្រ



មនុស្សជាច្រើនបានស្គាល់លោករ៉ូបើត គិយោសាកិ ក្នុងឋានៈលោកនាយទុន អ្នករកស៊ី អ្នកសិក្សាផ្នែកហិរញ្ញវត្ថុ និងអ្នកវិនិយោគិនថ្នាក់លំដាប់ពិភពលោក ឬសូម្បីតែអ្នកនិពន្ធសៀវភៅល្បីឈ្មោះខ្លាំងក្នុងចំណោមអ្នកនិយមចូលចិត្តអានសៀវភៅ ផ្នែកអភិវឌ្ឍខ្លួនចេញពីភាពអាថ៌កំបាំងអ្នកមាន យកមកចែករំលែកបន្តគ្នាពីជំនាន់មួយទៅជំនាន់មួយ និងជួយផ្សព្វផ្សាយឲ្យមនុស្សទាំងពិភពលោកបានស្គាល់ តាមរយៈសៀវភៅមួយក្បាលដែលលក់ដាច់បំផុតដែលយើងអ្នកអានបានស្គាល់តគ្នាៗនោះ គឺសៀវភៅ ត្រកូលអ្នកមានបង្រៀនកូន ឬឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ឬក៏ឪពុកអ្នកមានឪពុកអ្នកក្រ (Rich Dad Poor Dad)

បច្ចុប្បន្ននេះលោកជាអ្នកជំនួញគ្រឿងសង្ហារិមដែលមានអាស័យដ្ឋាននៅសហរដ្ឋអាមេរិក ។ កាលលោកនៅក្មេង លោកជាក្មេងរៀនបានលទ្ធផលមធ្យមដូចក្មេងទូទៅធម្មតាដែរ  ថែមទាំងមានការប្រឡងជាប់ខ្លះ ធ្លាក់ខ្លះក៏មាន ។ លោកមានឪពុកពីរនាក់ មួយនាក់ជាឪពុកបង្កើតរបស់លោក ដែលលោកហៅថា ឪពុកអ្នកក្រ និងម្នាក់ទៀតគឺឪពុកមិត្តភក្ដិរបស់លោក ដែលលោកហៅថា ឪពុកអ្នកមាន

មូលហេតុដែលនាំឲ្យលោកហៅឪពុកបង្កើតថា ឪពុកអ្នកក្រ  មិនមែនមានន័យថា ឪពុកបង្កើតរបស់លោកជាអ្នកក្រ រហូតដល់ខ្វះខាតរកទទួលទានមិនបាននោះទេ ។ តាមពិតឪពុកបង្កើតរបស់លោកជាមន្ត្រីអប់រំមួយរូប ដែលលោកហៅថា ឪពុកអ្នកក្រ ។ កិច្ចការនេះ ដើម្បីឲ្យអ្នកអានជ្រាបកាន់តែច្បាស់រវាងគំនិត ទស្សនៈឪពុកទាំងពីរនេះ ដែលពួកគាត់បានអប់រំដល់លោក កាលលោកនៅក្មេង យកមកចែករំលែកទុកក្នុងសៀវភៅរបស់លោក ដើម្បីញែកគំនិតរវាងឪពុកអ្នកមាននិងឪពុកអ្នកក្រ ដែលគោលគំនិតល្អដើម្បីជីវិត យកទ្រឹស្ដីទាំង ៧០ ប្រយោគ មកសរសេរចុះផ្សាយដើម្បីឲ្យប្រិយមិត្តអ្នកអានយកជាគតិក្នុងការផ្លាស់ប្ដូរផ្នត់គំនិត ។ ខាងក្រោមនេះគឺ ៧០ ទស្សនៈអំពីឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ៖

១) អ្នកក្រគិតថា ខ្ញុំធ្វើមិនបាន ចំណែងខាងអ្នកមានគិតថា ខ្ញុំត្រូវធ្វើយ៉ាងណា?
២) អ្នកក្រជួបរបស់របរដែលខ្លួនចង់បានប្រាប់ថា យើងគ្មានប្រាក់ទិញ ចំណែកខាងអ្នកមានជួបរបស់របរដែលខ្លួនចង់បានបង្កើតសំនួរថា តើយើងនឹងទិញវាបានយ៉ាងម៉េច?
៣) អ្នកក្រភាគច្រើនប្រាប់ថា អ្នកមានអាត្មានិយម តាមពិតអ្នកមានភាគច្រើនគឺមានទឹកចិត្ត ក្នុងខណៈពេលដែលអ្នកក្រភាគច្រើនអាត្មានិយម ។
៤) អ្នកក្រអាត្មានិយម ទាមទាររកប្រាក់ខែ តំណែងខ្ពស់ពីក្រុមហ៊ុន ដោយភ្លេចគិតថា ពួកគេបានធ្វើរឿងផ្សេងៗដើម្បីអ្នកដទៃហើយឬនៅ និងខ្លួនបានបំពេញឲ្យក្រុមហ៊ុនគ្រប់គ្រាន់ហើយឬនៅ ?
៥) ធុរកិច្ចអ្វី ដែលជួយដោះស្រាយបញ្ហាមនុស្សម្នាបានច្រើនប៉ុនណា ធុរកិច្ចនោះកាន់តែមានបានខ្លាំងឡើងប៉ុណ្ណោះ ។
៦) ថ្លាងដែលបែកហើយជារឿង បណ្ដោះអាសន្ន តែភាពក្រលំបាកវាជារឿង ឋិតថេរ
៧) ជីវិតមាន ២ ផ្លូវឲ្យជ្រើសរើស មួយដើរតាមក្ដីសុបិនរបស់អ្នកជំនួញ ពីរបញ្ឈប់ក្ដីសុបិនត្រឡប់ទៅធ្វើការងារប្រចាំវិញ ។
៨) ទម្លាប់ប្រើលុយ នឹងឆ្លុះបញ្ចាំងឲ្យឃើញខ្លួនពិតថា យើងជាអ្នកមាន មនុស្សកណ្ដាល ឬអ្នកក្រ ។
៩) ឪពុកអ្នកក្របង្រៀនថា តាំងចិត្តរៀនណ៎ា នឹងមានការងារធ្វើក្នុងក្រុមហ៊ុនមួយយូរអង្វែង ចំណែកខាងឪពុកអ្នកមានបង្រៀនថា តាំងចិត្តរៀនណ៎ា នឹងទិញក្រុមហ៊ុនមួយតាំងនៅបានយូរអង្វែង ។
១០) ឪពុកអ្នកក្របង្រៀនថា ការស្រឡាញ់ចូលចិត្តលុយជាប្រភពនៃក្ដីវិនាស ចំណែកខាងឪពុកអ្នកមានបង្រៀនថា ការខ្វះលុយ ក៏ជាប្រភពនៃក្ដីវិនាសដែរ ។
១១) ឪពុកអ្នកក្របង្រៀនថា អ្នកមានគួរបង់ពន្ធច្រើនៗ ដើម្បីជួយអ្នកក្រ ចំណែកខាងឪពុកអ្នកមានបង្រៀនថា ពន្ធដារធ្វើទោសអ្នកមានព្យាយាម ផ្ដល់រង្វាន់ឲ្យដល់មនុស្សខ្ជិល ។
១២) ឪពុកអ្នកក្រប្រាប់ថា មកពីឪពុកក្រ ព្រោះឪពុកមានកូន ចំណែកខាងឪពុកអ្នកមានប្រាប់ថា មកពីឪពុកមាន ព្រោះឪពុកមានកូន ។
១៣) ឪពុកអ្នកក្រ ហាមមិនឲ្យនិយាយរឿងលុយក្នុងពេលបាយ ចំណែកខាងឪពុកអ្នកមាន និយមចូលចិត្តនិយាយរឿងលុយក្នុងពេលបាយ ។
១៤) ឪពុកអ្នកក្រប្រាប់ថា រឿងលុយកាក់ត្រូវមានសុវត្ថិភាពសិន ចំណែកខាងឪពុកអ្នកមានប្រាប់ថា ត្រូវចេះចាត់ការជាមួយការប្រថុប្រថាននោះ ។
១៥) ឪពុកអ្នកក្រប្រាប់ថា ផ្ទះជាការវិនិយោគ និងជាទ្រព្យសម្បត្តដ៏សម្បើម ចំណែកខាងឪពុកអ្នកមានប្រាប់ថា ផ្ទះមិនមែនការវិនិយោគ និងជាទ្រព្យសម្បត្តិដ៏ធំសម្បើមទេ ។
១៦) ឪពុកក្រ ជម្រះបំណុលជាលំដាប់ទីមួយ ចំណែកខាងឪពុកអ្នកមានជម្រះបំណុលជាលំដាប់ចុងក្រោយ ។
១៧) ឪពុកអ្នកក្រប្រយ័ត្នប្រយែងគ្រប់កាក់គ្រប់សេនដើម្បីសន្សំលុយ ចំណែកខាងឪពុកអ្នកមាន ចាយលុយគ្រប់កាក់គ្រប់សេនដើម្បីវិនិយោគ ។
១៨) ឪពុកអ្នកក្រ បង្រៀនវិធីសរសេរប្រវត្តិខ្លួនយ៉ាងណាឲ្យបានល្អ ចំណែកខាងឪពុកអ្នកមានបង្រៀនវិធីសរសេរផែនការជំនួញយ៉ាងណា ទើបបង្កើតការងារធ្វើ ។
១៩) ឪពុកអ្នកក្រប្រាប់ថា ជាតិនេះគ្មានថ្ងៃមានបានប្រាកដ ចំណែកខាងឪពុកអ្នកមាន គេមិនគិតបែបនោះទេ ។
២០ ឪពុកអ្នកក្រប្រាប់ថា លុយមិនសំខាន់ ចំណែកខាងឪពុកអ្នកមាន លុយគឺអំណាច ។
២១) ឪពុកអ្នក្រប្រាប់ថា រៀនដើម្បីទទួលបានប្រាក់ខែខ្ពស់ ចំណែកខាងឪពុកអ្នកមានប្រាប់ថា រៀនដើម្បីដឹងវិធីប្រើលុយធ្វើការងារជំនួសខ្លួនយើង ។
២២) ឪពុកអ្នកក្រប្រាប់ថា ឪពុកមិនធ្វើការដើម្បីលុយទេ ចំណែកខាងឪពុកអ្នកមាន លុយត្រូវធ្វើការងារឲ្យឪពុក ។
២៣) បើអ្នកធ្វើការងារដើម្បីតែលុយ ទៅរៀនយកចំណេះហ្នឹងនៅឯសាលា តែបើអ្នកចង់ឲ្យលុយធ្វើការងារដើម្បីខ្លួនអ្នក អ្នកត្រូវរៀនពីជីវិតពិត ។
២៤) ការរៀនដឹងវិធីប្រើលុយធ្វើការងារឲ្យយើង គឺយើងនាំគ្នាត្រូវរៀនដឹងអស់មួយជីវិត ។
២៦) អ្នកមានផ្ដល់ភាពសំខាន់លើទ្រព្យសម្បត្តិ មនុស្សទូទៅយកចិត្តទុកដាក់តែខាងប្រាក់ចំណូល ។
២៧) ចូរកុំឲ្យអារម្មណ៍ធ្វើជាតួអង្គកំណត់ទង្វើ ចូរប្រើខួរក្បាលទៅកំណត់ជំនួសវាវិញ ។
២៨) ការទទួលបានការងារធ្វើ គឺដោះស្រាយបានបញ្ហាមួយរយៈខ្លី គ្រប់គ្នារង់ចាំតែថ្ងៃប្រាក់ខែបើក បណ្ដោយឲ្យលុយមានអំណាចលើជីវិត ពួកគេមិនធ្លាប់បញ្ឈប់គំនិតនេះឡើយ ថាតើមានវិធីណាផ្សេងទៀតទេ ដែលទទួលបានលុយច្រើនជាងនេះ ?
២៨) ចរន្តសាច់ប្រាក់សុទ្ធ គឺជារឿងរ៉ាវពិពណ៌នាអំពីវិធីចាត់ចែងជាមួយលុយរបស់មនុស្សម្នាក់ៗ ។
២៩) ការមានលុយច្រើនមិនសំខាន់ស្មើនឹងស្គាល់វិធីរក្សាលុយឲ្យនៅជាមួយខ្លួនយើងរហូតទេ ។
៣០) ឪពុកអ្នកក្រ ច្បាស់ជាឲ្យអានមើលសៀវភៅឲ្យបានច្រើនបំផុត ចំណែកខាងឪពុកអ្នកមាន ប្រាប់ឲ្យរៀនមើលរឿងលុយឲ្យបានច្រើនបំផុត ។
៣១) អ្នកមានបន្ថែមទ្រព្យសម្បត្តិ អ្នកមានជីវភាពមធ្យមបន្ថែមបំណុល ដោយយល់ថាជាទ្រព្យសម្បត្តិ ។
៣២) ទ្រព្យសម្បត្តិ គឺជាអ្វីៗដែលធ្វើឲ្យលុយហូរចូលកាបូប ចំណែកខាងបំណុលវិញ គឺអ្វីៗដែលធ្វើឲ្យលុយហូរចេញពីកាបូប ។
៣៣) សាលារៀនមិនបានផលិតកូនឈ្នួលថ្នាក់ល្អទុកទេ ហើយក៏មិនបានផលិយចៅហ្វាយជួលថ្នាក់អស្ចារ្យទុកដែរ ។
៣៤) គ្រឿងប្រដាប់វាស់វែងឋានៈផ្នែកលុយគឺ បើឈប់ធ្វើការ តើនឹងមានលុយប្រើប្រាស់ទ្រទ្រង់ជីវិតយូរបានប៉ុនណា?
៣៥) ឧបសគ្គផ្នែកខាងលុយ ភាគច្រើនមកពីយើងសុខចិត្តធ្វើការងារដើម្បីអ្នកដទៃអស់មួយជីវិត ។
៣៦) បើអ្នកធ្វើការងារដើម្បីលុយ អំណាចរបស់អ្នកនឹងនៅក្នុងកណ្ដាប់ដៃរបស់ចៅហ្វាយនាយ តែបើអ្នកប្រើលុយដើម្បីធ្វើការងារ អំណាចនឹងនៅក្នុងដៃរបស់អ្នក ។
៣៧) មនុស្សមានជីវភាពមធ្យមមិនហ៊ានប្រថុយប្រថាន ដែលជាហេតុនាំឲ្យខ្លួនប្រកាន់យកតែការងារ និងប្រាក់ខែស្អិតរមួត ដោយសារពួកគេយល់ថា សុវត្ថិភាពបំផុត ។
៣៨) អ្នកមានទិញភាពសប្បាយរីករាយខាងក្រោយ ចំណែកខាងអ្នកមានជីវភាពមធ្យមវិញទិញការសប្បាយរីករាយខាងដើម ។
៣៩) មនុស្សភាគច្រើនមិនសូវធ្លាប់បានគិតអំពីភាពផ្សេងគ្នារវាង ថាតើអ្នកបង្កើតអាជីពអ្វី និងអ្នកធ្វើធុរកិច្ចអ្វី?
៤០) ការបង្កើតធុរកិច្ចដោយការបណ្ដាក់ទុនក្នុងទ្រព្យសម្បត្តិដែលបង្កើតប្រាក់ចំណូល កុំឲ្យលុយហូរចេញ ឲ្យលុយនោះធ្វើការងារឲ្យអ្នកពិតប្រាកដ ។
៤១) ភាពលឿនរហ័សផ្នែកខាងចរន្តលុយ ៤ យ៉ាង ទី១) យល់ដឹងខាងខ្ទង់ចំណូលចំណាយ ទី២) យល់ដឹងខាងការបណ្ដាក់ទុន ទី៣) យល់ដឹងខាងទីផ្សារ និងទី៤) យល់ដឹងខាងច្បាប់លក់ ។
៤២) ជីវិតជាក់ស្ដែង មនុស្សច្រើនហ៊ានសម្រេចភាពជោគជ័យ មិនមែនមនុស្សមានតែភាពឆ្លាតមួយមុខទេ ។
៤៣) ប្រសិនបើអ្នកចេះដឹងរឿងលុយ អ្នកមានឱកាសរីកចម្រើនទៅយូរអង្វែង តែបើអ្នកមិនចេះដឹងវិញ ពិភពលោកមួយនេះ ជាពិភពលោកគួរភ័យខ្លាចសម្រាប់អ្នកហើយ ។
៤៤) យុគសម័យនេះគឺជាយុគសម័យទំនាក់ទំនងគ្នាគ្មានដែនកំណត់ អ្នកណាមានទិន្នន័យច្រើនបំផុត ទាន់សម័យកាលបំផុត យល់ងាយបំផុត នោះគឺជាម្ចាស់កំណប់ទ្រព្យ ។
៤៥) ឪពុកអ្នកក្រ មានស្ថេរភាពការងារសំខាន់បំផុត ចំណែកខាងឪពុកអ្នកមាន ការរៀនចេះដឹងសំខាន់បំផុត ។
៤៦) អ្នកវិនិយោគ មាន ២ ប្រភេទ ទី១. និយមចូលចិត្តវិនិយោគត្រង់ទៅត្រង់មក ទី២. និយមចូលចិត្តក្រឡិចក្រឡុចក្នុងការវិនិយោគ ។
៤៧) គំនិតបែបអ្នកវិយោគច្នៃប្រឌិត ១. ធ្វើយ៉ាងណា រកឲ្យឃើញនូវអ្វីដែលអ្នកដទៃស្វែរកមិនទាន់ឃើញ ២. ធ្វើយ៉ាងណា បានលុយយកមកធ្វើដើមទុន ដោយខ្លួនមិនត្រូវខ្ចីបុលពីធនាគារ ៣. ធ្វើយ៉ាងណា បានមនុស្សឆ្លាតវៃយកមកធ្វើជាកូនឈ្នួល ។
៤៨) ចូរធ្វើការងារដើម្បីចំណេះដឹង កុំធ្វើការងារដើម្បីតែលុយ ។
៤៩) មនុស្សភាគច្រើននិយាយថា លុយមិនមែនជារឿងសំខាន់ ចុះខ្លួនសុខចិត្តធ្វើការងារឲ្យគេក្នុងមួយថ្ងៃៗ ៨ ម៉ោងនុ៎ះ តើដើម្បីអ្វី?
៥០) ការស្វែងរកទស្សនៈថ្មីៗមកឲ្យជីវិតក្នុងពេលជួបភាពលំបាកបំផុត ពេលសម្រេចចិត្តថា គួរបន្តឬមិន ។
៥១) ឧបសគ្គភាគច្រើនធ្វើឲ្យអ្នកមិនជោគជ័យផ្នែកខាងហិរញ្ញវត្ថុគឺ ភ័យខ្លាច គិតអវិជ្ជមាន ខ្ជិល មានទម្លាប់អាក្រក់ និងទំរើសខ្លួន ។
៥២) ការភ័យខ្លាចដោយគ្មានហេតុផល ធ្វើឲ្យយើងក្លាយជាមនុស្សមើលឃើញតែចំណុចខ្វះខាត ។
៥៣) ពេលណាដែលចូលចិត្តគេចវេសពីរឿងដែលត្រូវធ្វើ ឲ្យសួរខ្លួនឯងសិនថា តើខ្ញុំនឹងបានអ្វីពីការងារនេះខ្លះ? ដាក់បន្ថែមចំណង់ចិត្តចូលទៅបន្តិច ចូលទៅកំចាត់ចោលភាពខ្ជិលច្រអូសចេញពីក្នុងខ្លួនអ្នកបានហើយ ។
៥៤) ឪពុកអ្នកក្រ ច្រើនតែចំណាយលុយឲ្យអ្នកដទៃមុន បើសល់ទើបឲ្យខ្លួនឯង ចំណែកខាងឪពុកអ្នកមាន ចំណាយលុយឲ្យខ្លួនឯងមុន ការទ័លច្រកនឹងតម្រូវឲ្យរកប្រភពចំណូលបន្ថែម ដើម្បីយកមកចំណាយឲ្យម្ចាស់បំណុល ។
៥៥) ចំណេះដឹងធ្វើឲ្យបានលុយ គ្មានចំណេះដឹងធ្វើឲ្យខាតលុយ ។
៥៦) ឪពុកអ្នកក្របង្រៀនថា ធ្វើការងារឲ្យខ្លាំង ចំណែកខាងឪពុកអ្នកមានបង្រៀនថា តើហេតុអ្វីត្រូវធ្វើការងារខ្លាំងជាមួយការងារហ្នឹង ដែលខ្លួនឯងមិនមានថ្ងៃធ្វើជាម្ចាស់ផង យើងអាចត្រូវថៅកែដេញចេញក្នុងពេលណាមួយក៏បាន ។
៥៧) អ្នកកាន់តែស្វែងរកការងារមានស្ថេរភាពច្រើនប៉ុនណា ឥស្សរភាពរបស់អ្នកកាន់តែថយចុះច្រើនប៉ុណ្ណោះ ។
៥៨) ឪពុកអ្នកមានបង្រៀនថា បើខ្លួនចង់មាន ខ្លួនត្រូវបង្កើតមុខជំនួញជារបស់ខ្លួនឯងឲ្យមានសិន ។
៥៩) អ្នកមានគិតបង្កើតសាខាក្រុមហ៊ុន មនុស្សទូទៅគិតរកការងារធ្វើ ។
៦០) ជីវិតជាក់ស្ដែង មិនបានប្រើក្រេឌិតល្អៗធ្វើជំនួញទេ ប្រធានធនាគារសួររករបាយការណ៍ហិរញ្ញវត្ថុរបស់ខ្ញុំច្រើនជាង ។
៦១) កូនឈ្នួលខំធ្វើការងារដើម្បីមិនឲ្យគេដេញចេញពីការងារ ចំណែងខាងនាយទុនបើកប្រាក់ខែ គ្រាន់តែទប់មិនឲ្យកូនឈ្នួលលាឈប់ពីការងារប៉ុណ្ណោះ ។
៦២) ប្រសិនបើអ្នកដឹងថាខ្លួនឯងគឺជាដើមបញ្ហា ចូរផ្លាស់ប្ដូរខ្លួនឯងដោយការរៀនស្គាល់បន្ថែមទៀត ដើម្បីឲ្យខ្លួនឆ្លាតឡើងៗ កុំទៅបន្ទោសអ្នកដទៃនូវបញ្ហារបស់ខ្លួនឯង ។
៦៣) អ្នកជោគជ័យគឺជាអ្នកហ៊ានបរាជ័យ មនុស្សដែលមិនហ៊ានប្រឈមមុខជាមួយភាពបរាជ័យ នឹងគ្មានថ្ងៃជោគជ័យឡើយ ។
៦៤) ពាក្យសម្ដីដែលចេញពីមាត់អ្នក កំណត់ជីវិតអ្នកមិនបានទេ ពាក្យសម្ដីដែលអ្នកខ្សិបដាក់ច្រៀកខ្លួនឯងស្ដាប់ជាប្រចាំ វាមានឥទ្ធិពលខ្លាំងបំផុត ។
៦៥) ទ្រព្យសម្បត្តិដែលមានកម្លាំងបំផុតរបស់មនុស្សយើងគឺ គំនិត ។
៦៦) រូបមន្តតែមួយគត់ ដែលបានបង្រៀនការទាក់ទងអំពីលុយក្នុងសាលា គឺធ្វើការងារដើម្បីលុយ ។
៦៧) ទស្សនៈសំខាន់ៗ ៣ សម្រាប់បុគ្គលដែលចូលចិត្តចាប់ផ្ដើមធ្វើជំនួញដោយខ្លួនឯងគឺ ១. ការគ្រប់គ្រងចរន្តលុយ ២. គ្រប់គ្រងមនុស្ស និង៣. គ្រប់គ្រងពេលវេលា ។
៦៨) ទម្លាប់អាក្រក់មនុស្សធន់កណ្ដាលចូលចិត្តធ្វើគឺ ការខ្វេះលុយសន្សំ យកលុយសន្សំនោះមកដោះបំណុល ។
៦៩) ជីវិតមនុស្សយើងឃុំគ្រងដោយអារម្មណ៍ពីរគឺ អារម្មណ៍ភ័យខ្លាច និងអារម្មណ៍លោភលន់ ។
៧០) ពាក្យថា ការងារ Job សង្ខេបខ្លីមកពីពាក្យថា Just Over Broke មានន័យថា គ្រាន់តែមានលុយល្មមចិញ្ចឹមជីវិតតែប៉ុណ្ណោះ ៕

-----------------------------------------
ប្រ. leaderwings និង sanook
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព Google

គតិក្រោយអាពាហ៍ពិពាហ៍



សូមមេត្តាកុំយល់ច្រឡំថា ជីវិតក្រោយអាពាហ៍ពិពាហ៍ គឺជាជីវិតងាយស្រួលឲ្យសោះ ។ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាការសោយសុខសម្បត្តិសួគ៌ាទេលោកអើយ!

ជីវិតអាពាហ៍ពិពាហ៍ គឺជាការរត់ប្រណាំងជាមួយពេលវេលា ដែលស្វាមីភរិយាត្រូវស្ម័គ្រចិត្តរួមគ្នាក្នុងជីវិតតែមួយ ដែលប្ដីរែក និង ប្រពន្ធទូល ដោយមិនខ្លាចហត់ ... ដណ្ដើមយកភាពលំបាកពីគ្នាទៅវិញទៅមក... ប្រឹងប្រែងដោយគ្មានពេលវេលាចូលនិវត្តន៍... រួមគ្នាចូលរៀនសាលានៃជីវិតមួយ ដែលរៀនមិនចេះចប់ មិនចេះហើយ រួចហើយមិនបានទទួលសញាបត្រអ្វីទាល់តែសោះ ...រួមគ្នាចូលប្រយុទ្ធក្នុងសមរភូមិជីវិតមួយ ដែលមិនអាចដកថយ និង ចុះចាញ់បានជាដាច់ខាត ។

អាពាហ៍ពិពាហ៍មានលក្ខណ:រីករាយសម្រាប់តែប្ដីប្រពន្ធ ដែលពូកែខាំមាត់អត់ធ្មត់ និងស្រក់ទឹកភ្នែកជាមួយគ្នាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលចង់បានភាពផ្អែមល្ហែម ដោយមិនចាំបាច់បង្ហូរញើសឈាម និងការឈឺចាប់នោះ ប្រាកដជាខកចិត្តហើយ!

អាពាហ៍ពិពាហ៍មិនមែនសម្រាប់អ្នកមិនតស៊ូ ហើយបម្រុងចាំតែបោះបង់ចោលនោះទេ ។ ការត្រៀមរៀបចំដ៏ល្អសម្រាប់អាពាហ៍ពិពាហ៍ គឺការត្រៀមលះបង់គ្រប់បែបយ៉ាង សូម្បីតែអាយុជីវិត និងសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្លួន ។

សូមមេត្តាចងចាំថា រាសីរបស់មនុស្សតែងតែមានឡើងមានចុះ នៅពេលរាសីឡើង ប្ដីប្រពន្ធសើចសប្បាយរីករាយជាមួយ តែពេលរាសីចុះ តើប្ដីប្រពន្ធត្រូវគិតដូចម្ដេច បោះបង់គ្នាចោលឬ? ចំណុចនេះទុកឲ្យអ្នកមានចំណងអាពាហ៍ពិពាហ៍ដោះស្រាយក្នុងទិដ្ឋភាពជាក់ស្ដែងចុះ ៕

-----------------------------------
Cr. ស្រមៃ

Friday, May 22, 2020

គតិដាស់តឿនចិត្ត



មនុស្សយើងច្រើនណាស់ តែមិនសូវគិតរឿងដែលខ្លួនឯងមាន
ច្រើនតែគិតរឿងដែលខ្លួនឯងមិនមានទៅវិញ

មនុស្សយើងគ្រប់គ្នា ស្ទើរតែមិនបានគិតសោះថាតើខ្លួនឯងមានអ្វីខ្លះ?
ហើយយើងគិតត្រឹមតែថា ខ្លួនហាក់ដូចជាខ្វះអ្វីម្យ៉ាងប៉ុណ្ណោះ
ចូររីករាយសប្បាយចិត្តចំពោះអ្វីដែលខ្លួនឯងមាន
ក្នុងខណៈពេលដែលមនុស្សល្ងង់ប្រឹងប្រាថ្នាចង់បានមិនចេះគ្រប់
ការបណ្ដុះទម្លាប់ឲ្យកើតគំនិត  មើលឃើញរឿងពិតគ្រប់សកម្មភាព
គឺជារឿងមានតម្លៃថ្លៃជាងមានលុយកាក់ ពេញមួយឆ្នាំទៅទៀត

មនុស្សយើងមិនអាចប្ដូរទិសខ្យល់បាន
តែយើងអាចសម្រួលក្ដោងទូករបស់យើងបាន ”…

មនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន
គឺជាមនុស្សដែលឃើញភ្លើងខៀវគ្រប់ផ្លូវ
ចំណែកមនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន
ពួកគេមើលឃើញតែភ្លើងក្រហមគ្រប់ផ្លូវ
តែមនុស្សវៃឆ្លាតពិតប្រាកដ កែវភ្នែកគេនឹងខ្វាក់ពណ៌
ការធ្វើបុណ្យកុសលដ៏ប្រសើរថ្លៃថ្លាដល់មនុស្សណាម្នាក់
ពុំមែនអាស្រ័យលើភាពមានបានទៅជួយសង្រ្គោះគេ ឬមិននោះទេ
ប៉ុន្តែវាអាស្រ័យលើការធ្វើឲ្យគេភ្លឺភ្នែក
មើលឃើញច្បាស់ពីកំណប់ទ្រព្យដែលខ្លួនគេមាន…
នៅក្នុងខ្លួនរបស់គេនោះទៅវិញទេតើ
គ្មានកិច្ចការណាដែលថាថយថោកទេ
សូមឲ្យកិច្ចការងារនោះសមស្រមទៅតាមទិសដៅ…
ក្នុងខ្សែជីវិតខ្លួនឯងទៅគឺបានហើយ ។


រឿងដែលមានតម្លៃបំផុតរបស់មនុស្សយើងគឺ ជីវិត
ហើយយើងនឹងធ្វើជាម្ចាស់ជីវិតនេះបានត្រឹមតែម្ដងប៉ុណ្ណោះ  

មនុស្សយើងមិនមានថ្ងៃដែលបានរបស់ដែលខ្លួនឯងពេញចិត្តនោះទេ
រហូតដល់មនុស្សយើងចេះរៀនពេញចិត្តចំពោះអ្វីដែលខ្លួនឯងមាន
ចូរកុំបណ្ដែតបណ្ដោយឲ្យជីវិតប្រព្រឹត្តទៅដោយគ្មានខ្លឹមសារ
បុគ្គលដែលមានជីវិតរស់ តែមានជីវិតមិនព្រមតស៊ូ
គឺសាកសពអាចដើរបាន
ឧបសគ្គធំបំផុតរបស់ភាពជោគជ័យរបស់មនុស្សយើងគឺ
ការលះបង់ចោលកណ្ដាលទី ។
 
បើប្រាសចាកពីភាពក្រាញននៀលស្វិតស្វាញហើយ
តែងមិនអាចសម្រេចអ្វីបានឡើយ  

 មោកនភាពដ៏ជ្រាលជ្រៅរបស់យើង
មិនមែនថាមិនធ្លាប់បរាជ័យទេ តែបរាជ័យហើយ
តែអាចក្រោកឡើងស៊ូមកវិញបាន គ្រប់ពេលដែលខ្លួនបរាជ័យនោះ
មុននឹងទេវតាចុះមកជួយយើង
មនុស្សយើងគ្រប់គ្នា ត្រូវធ្វើតិស្តនូវសេចក្ដីព្យាយាមដំណាក់កាលដំបូងសិន
ពេលខ្លះ ខ្លួនត្រូវអត់ទ្រាំនឹងការស្រេកឃ្លាន
រាងកាយត្រូវទ្រុឌទ្រោមល្ហិតល្ហៃ
ចិត្តគំនិតត្រូវច្របូកច្របល់ខ្វាយខ្វល់
រឿងទាំងអស់នេះ សុទ្ធតែត្រូវមកលុតដំយើងរហូតដល់យើងរឹងមាំ
ការព្រមប្រឈមមុខជាមួយឧបសគ្គ
គឺដើម្បីបំពេញនូវរឿងដែលខ្លួនយើងខ្វះខាតក្នុងជីវិត
ចូរធ្វើដំណើរលើវិថីដែលត្រឹមត្រូវមួយ
មិនថាមាគ៌ានោះ មានភាពលំបាកយ៉ាប់យឺនប៉ុនណាទេ…
ពេលយើងស៊ាំនឹងវាហើយ
យើងនឹងមានអារម្មណ៍ថា ផ្លូវនោះរាបស្មើស្រួលល្អណាស់ ។

ខ្លឹមសារនៃជីវិត អាស្រ័យលើការព្យាយាម បើមិនស្ទុះស្ទារ
តើខ្លួននឹងបានជួបភាពជោគជ័យនោះមកពីណា  

ដំណើររៀនក្នុងជីវិតនេះមិនចេះចប់ទេ
គឺរៀនពេញមួយជីវិត
ជីវិតគឺ ការរៀនដែលមានមេរៀនឲ្យរៀនបានជានិច្ច
សិស្សក្នុងសម័យមុនសិក្សាដើម្បីឲ្យខ្លួនឯងសម្រេចបានការសិក្សា
តែសម្រាប់សិស្សបច្ចុប្បន្នសិក្សាដើម្បីឲ្យខ្លួនឯងទទួលបានការសិក្សា
ការរៀនហ្វឹកហាត់សមត្ថភាពមិនមែនជារឿងលំបាកខ្លាំងទេ
សំខាន់គឺការចេះយកសមត្ថភាពនោះទៅប្រើឲ្យបានសមរម្យ
ទើបជារឿងពីបាកបំផុត ។

ធ្វើការឲ្យគេ មិនអស់ពីកម្លាំងកាយចិត្ត ស្មើនឹងបោកប្រាស់គេ
រាប់អានមិត្តភក្តិមិនស្មោះត្រង់ ស្មើនឹងបោកប្រាស់មិត្តភាព
សិក្សារៀនសូធ្យតែមិនបានរំលឹក ស្មើនឹងបោកប្រាស់ខ្លួនឯង និងគ្រូ  

មនុស្សដែលមានចំណេះដឹងស្ទាត់ជំនាញពិសេស
ប្រៀបដូចសត្វសុនខដែលគេបង្វឹកបានជំនាញហើយ
ប្រសើរជាងមនុស្សដែលមានក្បាល ទុកគ្រាន់តែដុះសក់
បើអ្នកឲ្យត្រីមួយក្បាលដល់អ្នណាម្នាក់
គេនឹងយកធ្វើម្ហូបហូបរស់បានមួយថ្ងៃ
តែបើអ្នកបង្រៀនវិធីចាប់ត្រីឲ្យដល់គេ
គេអាចរស់បានមួយជីវិត
បើដើរទៅមានគ្នាបីនាក់ តែងតែមានគ្រូរបស់យើងទៅជាមួយ
ការជ្រើសរើសយកចំណុចល្អៗរបស់គេ ទុកធ្វើជាគំរូ
រីឯចំណុចខ្វះខាតរបស់គេ
ទុកប្រើជាកញ្ចក់ឆ្លុះកែលំអខ្លួនយើង ៕

--------------------------------------
ប្រ. ៩៦ ធម្មគឺកម្លាំងចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក និងគេហ.