គោលគំនិតល្អដើម្បីជីវិត
ភាពសប្បាយហ៊ឺហាធ្វើឲ្យមនុស្សលេចលង់ ភាពលំបាកលំបិនធ្វើឲ្យមនុស្សរីកចម្រើន
Tuesday, August 1, 2023
Friday, July 21, 2023
Wednesday, February 23, 2022
ឃ្លាជំនួយសតិ (ត)
ឃ្លាជំនួយសតិ
(ត)
នាឡិកាអ្នកណាៗក៏ទិញបាន ប៉ុន្តែ គ្មានអ្នកណាមួយអាចទិញពេលវេលាបានទេ
ដូចនេះ ចូរប្រើគ្រប់វិនាទីដែលមាន ឲ្យមានតម្លៃបំផុត ។
កុំផ្ដល់ពិន្ទុឲ្យមនុស្សនៅលើមុខមាត់ច្រើនជាសន្តានចិត្តអី
។
គ្រាន់តែយើងរៀនទទួលតម្លៃថា ខ្លួនគ្រប់
នោះអ្វីៗក៏ងាយឡើង ធូរស្រាលឡើង ។
អ្នកខ្លះខំប្រឹងព្យាយាម ស្វះស្វែងរកសេចក្ដីសុខបន្ថែម
ទាល់តែខ្លួនមានសេចក្ដីទុក្ខ ទាំងដែលខ្លួនមានស្រាប់អស់ហើយ ។
បញ្ហាគ្រប់យ៉ាង ដែលចូលមកនោះ តែងតែលាក់ទុកនូវរឿងល្អៗនៅក្នុងនោះជានិច្ច
ដូចពាក្យថា ក្រោយពីធ្លាក់ភ្លៀងរួច មេឃនឹងស្រឡះ ។
អ្វីដែលមិនប្រែប្រួល តែងតែប្រែប្រួលបង្កប់លាក់នៅក្នុងនោះជានិច្ច
។
មនុស្សដប់ គំនិតដប់
កុំគិតថាមនុស្សគ្រប់គ្នាដូចយើង ដូចនេះ
ត្រូវរៀនបើកចិត្តឲ្យទូលាយ
បើយើងបើកចិត្តទូលាយបានធំប៉ុនណា យើងក៏មានក្ដីសុខច្រើនឡើងប៉ុណ្ណឹង ។
គ្រាន់តែគិតមករកផ្លូវវិជ្ជមាន
អ្វីៗក៏រត់ទៅរកផ្លូវល្អប្រសើរឯកឯង ។
រឿងដែលមនុស្សគួរឲ្យមានច្រើនជាងមាសប្រាក់
គឺសេចក្ដីសុខ ។
មនុស្សយើងមានឱកាសធ្វើខុសជារឿងធម្មតា ប៉ុន្តែ
ទង្វើបន្ត មិនគួរឲ្យមានកំហុសដដែលនេះកើតឡើងទេ ។
ពេលខ្លះ
ការខិតខំប្រឹងប្រែងព្យាយាមឲ្យជោគជ័យតែម្ដងមិនអាចទៅរួចទេ
ជួលកាលព្យាយាមម្ដងហើយម្ដងទៀត ទើបអាចសម្រេចបាន តែអ្វីដែលសំខាន់នោះកុំឆាប់លះបង់សេចក្ដីព្យាយាមនោះ
ដរាបណានៅមានសេចក្ដីព្យាយាម ដរាបនោះគង់មានសេចក្ដីសម្រេច ។
បើមិនប្រាថ្នារកសេចក្ដីទុក្ខ
មិនចាំបាច់គិតប្រឡងប្រណាំង ឬប្រយុទ្ធប្រឆាំងជាមួយអ្នកណាឡើយ
ត្រឹមតែព្យាយាមប្រយុទ្ធប្រឆាំងយកឈ្នះជាមួយចិត្តខ្លួនឯងនេះក៏បាន ។
បញ្ហាធំនៃបញ្ហាធំកើតដោយច្រើនគឺ គិតច្រើនពេក ៕
ឃ្លាជំនួយសតិ (ត)
ឃ្លាជំនួយសតិ
(ត)
ថាអ្វីៗនឹងល្អប្រសើរទៅបាន
ល្គឹះណា ចិត្តយើងត្រជាក់ជាមួយរឿងក្ដៅក្រហាយទាំងនោះ ។
ត្រូវរៀនផ្ញើជីវិតជាមួយសតិបញ្ញា
កុំរៀនផ្ញើជីវិតនេះជាមួយជោគជតា ដែលខ្លួនយើងមើលមិនឃើញ ។
អភ័យបាន
ចិត្តក៏ស្ងប់ កាលណាចិត្តស្ងប់ ក្ដីសុខនឹងកើតមាន ។
សុខនិងទុក្ខកើតត្រង់យើងមើល
យើងគិតនោះឯង ។
គ្រប់យ៉ាង
សូមឲ្យយើងម្នាក់ៗឈរលើគោលការណ៍សុចរិតភាព នោះយើងនឹងមានសន្តិ ។
វាជារឿងធម្មតារបស់លោកិយ
ដែលមានមនុស្សប្រុសស្រីជាច្រើន ខកចិត្តខ្លះ សមបំណងប្រាថ្នាខ្លះ
ផ្លាស់ប្តូរជាប់តគ្នាមិនដាច់ ។
សេចក្ដីសុខរបស់យើងម្នាក់ៗមិនមែនវាស់គ្នាទៅលើទ្រព្យសម្បត្តិនោះទេ
តែវាស់ទៅចិត្តគ្រប់គ្រាន់ ។
រាល់បញ្ហាទាំងឡាយទាំងពួង
ទុកឲ្យមនុស្សយើងសាងវីរភាពប៉ុណ្ណោះ ។
ការប្រើជីវិតបែបផែនងាយៗ
ងុយក៏ចូលដេក ស្រេកក៏ស៊ី នឿយក៏សម្រាក អ្វីដែលពិបាកៗក៏រលងទុកចោល ធ្វើចិត្តឲ្យសប្បាយ
បន្ធូបន្ថយការតឹងកាយ ចង្អៀតចង្អល់ចិត្តឲ្យរលាយរលត់រសាត់បាត់ទៅ
ហើយអ្វីគ្រប់យ៉ាងអាចគ្រប់គ្រង អាចដោះស្រាយបានដោយមានសតិ ។
ទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ !
មនុស្សដែលជោគជ័យក្នុងជីវិត
ត្រូវមាន ក្ដីសុបិន គោលដៅ តាំងចិត្តព្យាយាមធ្វើ ។ បុគ្គលដែលមានចិត្តរាយមាយ
មិនច្បាស់ចំពោះអ្វីមួយ ច្រើនតែអសារឥតការ ។
សេចក្ដីសុខពុំមែនកើតពីគំនរមាសគំនរប្រាក់លុយកាក់ដុល្លារច្រើននោះទេ
តែសេចក្ដីសុខកើតពីសុខកាយ សប្បាយចិត្តត្រង់ដែលខ្លួនខ្វះខាតច្រើនជាង ។
ត្រជាក់បាន
លុះណាតែចិត្តស្ងប់ ។
ការមានខ្លួនជាខ្លួនឯង
ជារឿងល្អ តែបើប្រកាន់ជ្រុលពេកវាមិនមែនជារឿងល្អទេ ។
អ្វីដែលយើងគិតថាត្រូវ
អ្នកផ្សេងអាចគិតថាមិនត្រូវ អ្វីដែលអ្នកផ្សេងគិតថាត្រូវ តែយើងអាចគិតថាមិនត្រូវ
ចូរគិតដល់ចិត្តយើងចិត្តគេ មុននឹងសម្រេចអារកាត់ធ្វើអ្វីមួយថា ត្រូវ ឬខុស ៕
Tuesday, February 22, 2022
ឃ្លាជំនួយសតិ (ត)
ឃ្លាជំនួយសតិ
(ត)
គ្រប់បញ្ហាទាំងឡាយ
សូមឲ្យមានសតិ ភ្លាមៗវាក៏អាចដោះស្រាយចេញបាន ។
គ្រាន់តែយើងមានគំនិតគិតថា
គិតធ្វើល្អ ពោលពាក្យពីរោះពិសា និងធ្វើសកម្មភាពល្អៗ ចំពោះខ្លួនយើង គ្រួសារ
មិត្តភក្ដិ និងសង្គម យើងក៏នឹងចួបរឿងល្អៗចូលមក ហើយជីវិតយើងក៏ចួបសេចក្ដីសុខរឿយៗដែរ ។
អ្វីៗគ្រប់យ៉ាង
តែងតែប្ដូរផ្លាស់ទៅជានិច្ច សូម្បីតែចិត្ត និងជីវិតខ្លួនយើង ។
ទោះបីជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណា
កាលបើស្វែងរកសេចក្ដីសុខឲ្យខ្លួនឯងមិនហើយនុ៎ះ តើនឹងមានប្រយោជន៍អ្វី ?
ជីវិតយើងឈរលើកាលវិភាគមិនទៀងទាត់
ដូច្នោះហើយ ចូរប្រើជីវិតមួយនេះដោយការប្រុងប្រយ័ត្ន
មិនមានសេចក្ដីប្រមាទធ្វេសប្រហែសភ្លេចអាត្មា ត្រូវមានសតិដឹងខ្លួនជាប់ជានិច្ច គឺថា
មិនត្រូវឲ្យសេចក្ដីអាក្រក់ចូលមកតាមរយៈកាយ វាចា ចិត្តឡើយ
ត្រូវអនុញ្ញាតឲ្យសេចក្ដីល្អចូលមកដុះក្នុងសន្តានចិត្តយើង តាមរយៈកាយ វាចា
និងចិត្តដូចគ្នា ទើបជីវិតយើងឆ្លងផុតពីបំណុលកម្មពៀរទាំងឡាយបាន ។
មនុស្សយើងគ្រប់គ្នា
សុទ្ធតែស្វែងរកសេចក្ដីសុខ បើបានមកចងសុខនោះលើសអ្នកដទៃ មានប្រៀមជាងអ្នកដទៃ
តែអ្វីដែលមានសុខជាង មានប្រៀបជាងនុ៎ះ គឺធ្វើចិត្តឲ្យត្រជាក់ ធ្វើចិត្តឲ្យស្ងប់ ។
ក្នុងជីវិតរបស់យើង
គ្មានទេរឿងល្អ និងអាក្រក់បំផុត ព្រោះអ្វីគ្រប់យ៉ាង មិនអាចតាំងនៅជានិរន្តរ៍ តែងតែមានការប្រែលប្រួលជាប់ជានិច្ច
ហើយយើងម្នាក់ៗក៏រមែងចួបផលអាក្រក់ច្រើនជាងផលល្អ ។
រាល់បញ្ហាទាំងឡាយដែលនាំឲ្យយើងឈឺក្បាល
ជួនកាលបណ្ដាមកពីកត្តាខ្លួនយើងដែលខ្វល់ខ្វាយវាជ្រុលពេក ដល់ភ្លេចសេចក្ដីសុខខ្លួនឯង ។
រឿងដែលត្រូវគិត
ត្រូវធ្វើជារៀងរាល់ថ្ងៃ គឺព្យាយាមដុសខាត លាងសំអាតវត្ថុសៅហ្មងចិត្ត
ដែលកើតចេញពីមហាមេរោគ លោភលន់ហួសដែលកំណត់ ខឹង ច្រណែន ឈ្នានីស បៀតបៀន ព្យាបាទ
និងភាពវក់វង្វេងមិនដឹងល្អអាក្រក់ចេញ
ហើយព្យាយាមចាក់បំពេញសេចក្ដីល្អឲ្យដុះឡើងក្នុងសន្តានចិត្តយើងឲ្យបានរាល់ថ្ងៃ
ដោយការមានមេត្តាករុណា ចេះសន្ដោសប្រោសប្រណី មានការចែកទាន
ពោលស្ដីពីរោះប្រកបដោយប្រយោជន៍ និងបណ្ដុះប្រាជ្ញា ដោយការស្ដាប់ គិត សាកសួរ និងសង្កេតពិនិត្យកត់ត្រាជាដើម
។ បំណងនេះគឺចង់បើកទ្វារ បើចិត្តទទួលយកនូវសេចក្ដីសុខឲ្យបានច្រើន មិនថា
ក្នុងជីវិតរស់នៅក្ដី ឬទៅលោកខាងមុខក្ដី ។
កុំចង់ឲ្យមនុស្សគ្រប់គ្នាដូចយើង
សូម្បីតែខ្លួនយើងក៏មិនដូចគេដែរ ។
ជ្រើសរើសតាមបែបផែនដែលយើងពេញចិត្តធ្វើ
ហើយវានឹងមានសេចក្ដីសុខ ។
ប្រសិនបើមនុស្សយើងខ្វះសេចក្ដីព្យាយាមហើយនុ៎ះ
ភាពបរាជ័យនឹងរត់ចូលមកជាក់ជាមិនខានឡើយ ៕
Friday, February 18, 2022
ឃ្លាជំនួយសតិ (ត)
ចូរញ៉ាំងជីវិតមួយនេះឲ្យប្រព្រឹត្តទៅដោយសេចក្ដីមិនប្រមាទ
។
អនាគតរបស់យើងៗជាអ្នកគូសវាសដោយខ្លួនឯង
ត្រូវមានសតិជានិច្ចមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ថាថ្ងៃស្អែកនេះវាប្រព្រឹត្តទៅយ៉ាងណា
វាអាស្រ័យលើការសម្រេចចិត្តរបស់យើង ។
កាន់តែធ្វើល្អបានច្រើនប៉ុនណា
មានសេចក្ដីសុខកាន់តែច្រើនឡើងប៉ុណ្ណោះ ។
បើចេះទម្លាក់ចោលរបស់ខ្លះ
ប្រាកដណាស់ពិតជាស្រាលខ្លួន ។
មានសេចក្ដីទុក្ខតិច
ព្រោះគ្រប់យ៉ាងធ្វើដោយមានសតិស្មារតីជាប់ជានិច្ច ។
មានបញ្ហាធំត្រូវចេះបំបែកវាឲ្យតូចៗ
ចាំដោះស្រាយបញ្ហាតូចនោះបន្តិចម្ដងៗ មិនយូរក៏អស់ ។
បើចេះឲ្យអភ័យបាន
ក៏ដេកនៅជាសុខ ។
គេមើលមកយើងក្នុងផ្លូវបែបណាមិនសំខាន់
ប្រសិនបើអំពើនោះត្រឹមត្រូវ មិនបៀតបៀនខ្លួនឯង និងមិនបៀតបៀនអ្នកដទៃ
ចូរប្រឹងធ្វើវាចុះ ។
កំហឹង
កើតឡើងក្នុងពេលដែលខ្លួនខ្វះសតិ ។
សុខ
និងទុក្ខ បន្តិចក៏រលាយបាត់ទៅ គ្មានអ្វីដែលអាចស្ថិតនៅជានិរន្តរ៍ទេ ។
ទុក្ខចាកឆ្ងាយទៅ
រួចហើយចិត្តក៏មានក្ដីសុខ ។
ការឲ្យ
ជាហេតុនាំសុខមកឲ្យ ។
អ្នកពូកែគ្រប់គ្រង
មិនមែនពូកែគ្រប់គ្រងអ្នកដទៃទេ តែពូកែទាំងគ្រប់គ្រងចិត្តខ្លួនឯងបានទៀតផង ។
ក្នុងជីវិតជាក់ស្ដែង
មនុស្សគ្រប់គ្នារមែងជួបឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍
ប្ដូរផ្លាស់គ្នាក្លាយជារឿងធម្មតាទៅហើយ ៕
Thursday, February 17, 2022
ឃ្លាជំនួយសតិ
ឃ្លាជំនួយសតិ
មើលគ្រប់យ៉ាងឲ្យដូចជាធម្មតា
បញ្ហានិងសេចក្ដីទុក្ខ ក៏នឹងរលាយរសាយអស់ ។
កាលបើមិនចេះគ្រប់គ្រាន់
វាគ្រាន់តែការបើកឳកាសឲ្យសេចក្ដីទុក្ខចូលមកប៉ុណ្ណោះ ។
កុំចំណាយពេលវេលាយល់ចិត្តអ្នកដទៃ
គ្រាន់តែចំណាយពេលយល់ចិត្តពីខ្លួនឯង ថាត្រូវការអ្វីឲ្យពិត នោះវាគ្រប់គ្រាន់ណាស់ទៅហើយ
។
យើងឈានទៅមុខ
ឬថយក្រោយ វាស្ថិតនៅលើខ្លួនយើងជាអ្នកបង្គាប់បញ្ជាប៉ុណ្ណោះ ។
កុំរៀនខ្វាយខ្វល់ឈឺក្បាលវិលមុខពីការសម្រេចចិត្តថាម៉េច
ពីមនុស្សដែលមិនស្គាល់ពីខ្លួនយើងច្បាស់ ។
ប្រសិនបើអ្នកឈប់យកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនុ៎ះ
សេចក្ដីសុខរបស់អ្នកនឹងកើតមានឡើង ។
បញ្ហាគ្រប់យ៉ាង
កើតឡើងសម្រាប់យកមកដោះស្រាយ មិនមែនយកមកដេកឱបកើតទុក្ខនោះទេ ។
ទោះបីជាដើមទុនជីវិតវាមិនដូចគ្នា
តែក៏អាចសាងគុណតម្លៃនៃជីវិតបានដូចគ្នា វាអាស្រ័យលើការចេះរៀបចំទុកដាក់ទុនជីវិតនោះឲ្យបានត្រឹមត្រូវប៉ុណ្ណោះ
។
ថ្ងៃស្អែកក្នុងជីវិតយើងមានរាប់មិនអស់
តែកុំភ្លេចធ្វើបច្ចុប្បន្ននេះឲ្យបានល្អ ។
មូលហេតុដែលនាំឲ្យខ្លួនយើងបានសុខ
និងទុក្ខ ព្រោះតែខ្លួនយើងមែនទេ? បើដឹងដូច្នោះហើយ
សុខនិងទុក្ខវាប្រាកដណាស់ថា កើតឡើងមកពីយើងជាអ្នកកំណត់ ។
ទោះជាមានបញ្ហាឧបសគ្គពិបាកយ៉ាងណាក៏ដោយ
កម្លាំងចិត្តពិតជាសំខាន់ណាស់ ៕
មាតុគ្រាមប្រកបដោយធម៌៣នេះ រមែងទៅកាន់អបាយភូមិ
មាតុគ្រាមប្រកបដោយធម៌៣នេះ រមែងទៅកាន់អបាយភូមិ
ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌៣
កាលណាបែកកាយធ្លាយខន្ធទៅ រមែងចូលទៅដល់អបាយ ទុគ្គតិវិនិបាត នរក ។
ធម៌៣យ៉ាងគឺអ្វី?
ម្នាលអនុរុទ្ធ មាតុគ្រាមក្នុងលោកនេះ វេលាព្រឹកមានចិត្តប្រកបដោយមន្ទិល គឺសេចក្ដីកំណាញ់
វេលាត្រង់ មានចិត្តប្រកបដោយមន្ទិល គឺសេចក្ដីច្រណែន ក្នុងវេលាល្ងាច
មានចិត្តប្រកបដោយមន្ទិល គឺកាមរាគ ហើយនៅគ្រប់គ្រងផ្ទះ ។
ម្នាលអនុរុទ្ធ
មាតុគ្រាមប្រកបដោយធម៌៣យ៉ាងនេះ កាលណាបែកកាយធ្លាយខន្ធទៅ នឹងចូលទៅដល់អបាយ ទុគ្គតិ វិនិបាត
នរក ៕
…………………………………
ខ
ជ បញ្ហាអនាគត ទំ ៥០
Wednesday, February 16, 2022
ចាគសប្បុរសធម៌
ព្រះមានព្រះភាគទ្រង់ត្រាស់
នឹងទីឃជាណុថា "ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ
មានចិត្តប្រាសចាកមន្ទិលគឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ
មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់
គួរដល់ស្មូម ត្រេកអរក្នុងការចែករំលែកនូវទាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា
ចាគសម្បទា " ។
ចាគសម្បទា ការលះរបស់ឲ្យទៅជាទានក្នុងទីនេះ សំដៅយកការលះពីរយ៉ាងគឺ ម្យ៉ាងលះទេយ្យវត្ថុ ម្យ៉ាងទៀតលះកិលេសដែលជាប់ជំពាក់ក្នុងវត្ថុនោះឯង ដោយមិនសង្ឃឹមការតបស្នងអ្វី អំពីអ្នកដទៃវិញនោះឡើយ ៕
Thursday, October 7, 2021
រៀនសាងគំនិតវិជ្ជមានឲ្យខ្លួនឯង
១) ព្រមទទួលស្គាល់អតីត ហើយស្ងប់ចិត្ត
ដើម្បីរស់នៅជាមួយបច្ចុប្បន្នឲ្យបានសុខ
២) អ្នកដទៃគេគិតពីយើងយ៉ាងម៉េច ជារឿងរបស់គេ
មិនមែនជារឿងរបស់យើង
៣) ពេលវេលាអាចព្យាបាលគ្រប់យ៉ាងបាន ចូលផ្តល់ឱកាសឲ្យពេលវេលា
៤) គ្មានអ្នកណាម្នាក់ជាហេតុផលសម្រាប់សេចក្តីសុខរបស់យើង
ក្រៅពីយើងខ្លួនឯង
៥) កុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ
ព្រោះយើងមិនដឹងថា ជីវិតអ្នកដទៃគេបានហែលឆ្លងអ្វីមកខ្លះ
៦) ឈប់គិតច្រើនទៀត រឿងខ្លះមិនចាំបាច់ត្រូវការដឹងចំលើយ ក៏វាមិនថ្វី
៧) ចូរញញឹមថ្ងៃនេះ ព្រោះបញ្ហាក្នុងលោកនេះមិនមែនជាបញ្ហាតែយើងម្នាក់ទេ ៕
ជីវិតដែលខុសទៅហើយអាចកែប្រែបាន
១) អតីតកាលដែលខុសទៅហើយ ចូរបំភ្លេចវាចោលទៅ
២) អំពើអាក្រក់គ្រប់យ៉ាង មិនត្រូវសាបព្រោះតទៅទៀតឡើយ
៣) ព្យាយាមគិតដល់អំពើល្អគ្រប់យ៉ាង ដែលខ្លួនបានសន្សំមកហើយឲ្យកើមានឡើងក្នុងសន្តាន
៤) ត្រូវព្យាយាមធ្វើអំពើល្អឲ្យបានច្រើនឡើងថែមទៀត
៥) ខិតខំព្យាយាមបដិបត្តិធម៌ឲ្យរួចចាកទុក្ខទាំងពួង ៕
Wednesday, October 6, 2021
រកពេលទំនេររៀនអប់រំចិត្តខ្លះទៅ
អ្នកអាចបោកសម្អាតសំពត់ ខោ អាវ ដោយទឹកនិងសាប៊ូ។ រីឯចិត្តរបស់អ្នកអាចលាងសម្អាតបានដោយការគិតវិជ្ជមាន និងមានសតិតាមទាន់ចិត្តដែលកើតឡើង។
សុខនិងទុក្ខគឺអាស្រ័យលើចិត្ត។ បើចិត្តចេះស្កប់ស្កល់ ចេះព្រម ចេះទទួលយកការពិត នោះជីវិតក៏នឹងបានសុខ។ ផ្ទុយទៅវិញ បើចិត្តគ្រោតគ្រាត ចេះតែច្រណែន ឈ្នានីស ចាំតែចាប់កំហុសគេ និយាយដើមគេ(ដាក់គូទដាក់មាត់) ចិត្តចង្អៀតចង្អល់ គេប៉ះមិនបាន តើអ្នកនឹងទៅរកសេចក្តីសុខមកពីណា?
ពេលទំនេរគួររកពេលរៀនអប់រំចិត្ត
កុំយកពេលទៅបង្កើតភ្លើងនៅក្នុងចិត្ត។
________________________
Saturday, September 26, 2020
គំនិតបែបអត្តនោម័តិ?
អ្នកនិពន្ធ
គឺត្រូវតែជាអ្នកផ្សុំាខ្លួននឹងការពិត ព្រោះមានតែការពិតមួយគត់
ដែលអាចដឹកនាំអ្នកអានឱ្យចាកចេញបានពីទ្រុងមាសនៃការបោកប្រាស់។
គុណភាពនៃសម្តីរបស់មនុស្ស គឺជាសម្តីពិត សម្តីស្មោះត្រង់
និងសម្តីដែលនិយាយមានចេតនាចង់ឱ្យអ្នកដទៃល្អ ប្រៀបដូចជាគុណភាពនៃសំណេរ
គឺស្ថិតនៅត្រង់ការពិតឬសច្ចភាព។ ក្នុងការខ្ជាក់គំនិតបែបទស្សនៈ
វាជាគំនិតដែលស្ថិតនៅកណ្តាលរវាងត្រូវនិងខុស ពេញចិត្តពីអ្នកដទៃនិងស្អប់
សច្ចភាពនិងកលមាយា ពិតនិងក្លែងក្លាយ។ ចន្លោះនេះជាចន្លោះដែលអ្នកអានត្រូវប្រើការគិតពិចារណាដោយខ្លួនឯង
ដោយយកលទ្ធផលសង្គមមកវាស់វែង។ ការសរសេរ ទោះយើងចង់សរសេរបកស្រាយទ្រឹស្តី
ឬបង្ហាញគំនិតបែបណាក៏បានដែរ សំខាន់ឱ្យតែវិជ្ជមាន នាំប្រយោជន៍រួម
និងអាចពិចារណាសមស្របតាមហេតុផលជាក់ស្តែង។ តើត្រូវឬខុស អ្នកណាជាអ្នកកំណត់
ឬត្រូវបានវាស់វែងដោយអ្វី?
អ្នកនិពន្ធ
គួរណាតែធ្វើខ្លួនឱ្យដូចជាអ្នកនយោបាយល្អ ជាបុគ្គលមានគោលការណ៍
គិតប្រយោជន៍រួម មានចិត្តមេត្តាសាបព្រោះគ្រាប់ពូជសង្គម
និងដាច់ខាតត្រូវតែជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់លាស់ជាងអ្នកដទៃ។
នៅពេលណានរណាម្នាក់យល់ពីអ្វីដែលខ្លួនកំពុងធ្វើច្បាស់លាស់
គឺយើងពុំអាចចោទបុគ្គលនោះថាអត្តនោម័តិឬមានះទេ។
អត្តនោម័តិក្នុងន័យអក្សរសាស្រ្ត គឺជាការយល់ឃើញដោយគំនិតនៃខ្លួនឯង។
របៀបនៃការសរសេររបស់ខ្ញុំភាគច្រើន ខ្ញុំបានបញ្ចូលនូវគំនិតខ្លះនៅខាងដើម
ឬខាងចុងថា “ជាគំនិត
ឬទស្សនៈសម្រាប់ពិចារណា ជាពិសេសទស្សនៈ រមែងស្ថិតនៅចន្លោះត្រូងនិងខុស”។ ឥរិយាបថនេះ
មិនខុសពីឥរិយាបថរបស់អ្នកប្រាជ្ញចិន ឡៅ ជឺ ដែលសរសេរគម្ពីរតៅ (Toa Te Ching) “តៅក្លែងក្លាយ
គឺជាតៅដែលអាចនិយាយរៀបរាប់ប្រាប់អ្នកដទៃបាន [...]”។
បើបានអានដល់ចប់គម្ពីរតៅ តែលុះត្រលប់មកអានទំព័រដើមវិញ
គឺយើងនឹងឃើញថា “អ្នកនិពន្ធប្រាប់រួចហើយថា
<គំនិតដែលសរសេរចេញមក គឺមិនពិតទេ
ព្រោះអាចរៀបរាប់ពន្យល់ដល់អ្នកដទៃបាន>”។
ខ្ញុំសូមបកស្រាយពីហេតុផលដែល ឡៅ ជឺ
ធ្វើបែបនេះ គឺព្រោះតែសភាពនៃគំនិត វារមែងងាយស្រួលគិត តែសភាពនៃការអនុវត្ត
រមែងពិបាកបន្តិច។ ពាក្យងាយស្រួល ងាយយល់ តែពិបាកធ្វើ។ ពាក្យពេចន៍សាមញ្ញ
តែមនុស្សធ្វើតាមមិនបាន។ ទ្រឹស្តីពុទ្ធនិយមបានបង្រៀនពីសេរីភាពនៃការជឿ
ការគិត ឬការស្របតាម ឬការយល់តាម។ ខ្ញុំសុំសង្ខេបចំណុចខ្លះទាក់ទងនឹងគម្ពីរកាលាមសូត្រ
ដែលមានដូចជា ការឮតៗគ្នា ក៏ជឿថាត្រូវឬខុស, ការផ្អើលតាមហ្វូង
មានមនុស្សច្រើន ក៏ជឿថាត្រូវឬខុស, ការប្រៀបផ្ទឹមឃើញថាត្រូវដូចនឹងគម្ពីរ
ឬសៀវភៅណាមួយ ក៏ជឿថាត្រូវឬខុស, ការកាត់ន័យយក ឬការដៅស្មានៗតាមបែបអនុមាន
ក៏ជឿថាត្រូវឬខុស។ ប៉ុន្តែខុសឬត្រូវ
វាអាស្រ័យតែទៅលើលទ្ធផលដែលបានអនុវត្តគំនិត ដ្បិតបើលទ្ធផលល្អ គឺហៅថា “ត្រូវ” ឬបើលទ្ធផលអាក្រក់
គឺហៅថា “ខុស”។
ក្នុងចំណោមទស្សនៈវិទូក្រិកបុរាណទាំងប៉ុន្មាន ខ្ញុំពេញចិត្តនឹងគំនិតរបស់សូក្រាត
ដែលស្រដៀងព្រះពុទ្ធ
ព្រោះសូក្រាតឱ្យតម្លៃទៅលើការពិចារណាខុសត្រូវដោយខ្លួនឯងរបស់មនុស្សម្នាក់ៗ។
សូក្រាតជាអ្នកប្រាជ្ញដែលបដិសេធខ្លួនឯងថាគ្រូ ឬជាអ្នកបង្រៀនអ្នកដទៃ
ដ្បិតដោយមូលហេតុលោកយល់ថា “គរុកោសល្យ ឬក្បួនក្នុងការបង្រៀន
គឺត្រូវជំរុញឱ្យមនុស្សប្រើប្រាស់សមត្ថភាពគិតដោយខ្លួនឯង
និងរៀនដោយខ្លួនឯង”។
សូក្រាត ពោលថា “ខ្ញុំពុំមានសមត្ថភាពបង្រៀននរណាម្នាក់ពីចំណេះដឹងអ្វីមួយទេ
តែខ្ញុំមានសមត្ថភាពធ្វើឱ្យមនុស្សគិតដោយខ្លួនឯង
[ប្រើប្រាស់សមត្ថភាពនៃការគិតពិចារណាររកហេតុផល]”។
ដោយហេតុនេះហើយ ទើបទស្សនវិជ្ជារបស់សូក្រាត គឺជាការបង្កើតសំណួរ
និងប្រើប្រាស់ពាក្យ “ចម្ងល់
ឬការមន្ទិល” ជាគោលដែលជាមធ្យោបាយនៃការរៀនសូត្រ។
នេះជាគំនិតសម្រាប់ពិចារណាមួយ ហើយក៏ជាផ្លូវនៃការរីកចម្រើនសង្គមដែរ
ដែលផ្ទុយពីសង្គមខ្មែរយើង
គឺមនុស្សចូលចិត្តបង្ហាត់បែបបង្គាប់បញ្ជាឱ្យគិតទៅតាមរបៀបដែលអ្នកបង្រៀនយល់ថាត្រូវ។
ក្នុងគំនិតរបស់អ្នកប្រាជ្ញឥណ្ឌា អូស្ហូ (Osho) បានបង្ហាញពីចំណុចខ្លាំងនិងចំណុចខ្សោយនៃមនុស្សលោកខាងលិចនិងលោកខាងកើត
ដ្បិតម្ខាងៗគឺពាក់កណ្តាល។ ម្ខាងគឺជាក្រុមដែលឱ្យតម្លៃលើការអនុវត្តនិយម
ឬវិទ្យាសាស្រ្ត រីឯម្ខាងទៀតឱ្យតម្លៃលើចិត្តវិញ្ញាណ ឬពិភពនៃចិត្ត (Spirituality)។ បើចំពោះខ្មែរយើងវិញ មានបញ្ហាខ្លះ
គឺងុបងល់ដោយអវិជ្ជានឹងរឿងដែលមើលមិនឃើញនឹងភ្នែកទទេ។ ចរិតអ្នកតក្កៈ
ឬចរិតអ្នកវិទ្យាសាស្រ្ត គឺឱ្យតម្លៃទៅលើអ្វីដែលភ្នែកមើលឃើញ
ឬអ្វីដែលជារូបធាតុ តែអ្នកចិត្តវិញ្ញាណ ឬអ្នកយល់ពីព្រលឹង
ឱ្យតម្លៃលើអ្វីដែលភ្នែកសាច់មើលមិនឃើញ។ ចំណុចនេះ
គឺចំណុចនៃការយល់ម្ខាងម្នាក់ តែអ្នកមានប្រៀប គឺអ្នកមានចំណេះដឹង យល់ដឹងច្បាស់ខាងលោកិយផង
ហើយយល់ដឹងច្បាស់ផ្នែកចិត្តវិញ្ញាណថែមទៀត។
យើងអាចក្រឡេកមើលថយក្រោយនាសម័យអាណាចក្រខ្មែរ
។ ខ្ញុំមិនសូវចង់សរសេរសំណេរបែបចិត្តវិញ្ញាណទេ ព្រោះវាពិបាកយល់ ហើយក៏មិនអាចយល់ដល់ដែរ
សម្រាប់អ្នកគ្មានការពិសោធ។ ប្រធានបទដែលចង់បង្ហាញ គឺជាបញ្ហាអត្តនោម័តិ
ឬមិនអត្តនោម័តិ។ បញ្ហាដែលអាចធ្វើឱ្យមនុស្សទាស់ទែងគ្នា
គឺការចង់ឱ្យអ្នកដទៃយល់ដូចខ្លួនយល់ ឬបើជាមេដឹកនាំវិញ
គឺចង់ឱ្យពលរដ្ឋគិតតាមរបៀបខ្លួនគិត។ ប៉ុន្តែសម្រាប់អ្នកដែលយល់ តែងដឹងថា
“លើលោកយើងនេះ
យើងមិនអាចបង្ខំ ឬធ្វើឱ្យនរណាម្នាក់យល់ដូចយើងបានទេ
លុះត្រាតែបុគ្គលនោះបានពិចារណាយល់ដល់ដោយខ្លួនឯងរួចហើយ”។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងបានធ្វើ គឺធ្វើរួចហើយ។
យើងបានតាំងចិត្តដោយចេតនាល្អប្រាប់នូវអ្វីដែលយើងយល់ រីឯអ្នកដទៃយល់ស្រប
ឬមិនយល់ស្របតាម វាលែងក្លាយទៅជារឿងរបស់យើងទៀតហើយ។ ជាការចែករំលែកបន្ថែម
ជាពិសេសចំពោះយុវជនក្រោយៗ, សង្គមយើងមានវប្បធម៌ចាស់
ដែលពិបាកនឹងហែលឆ្លងឱ្យផុត ទាំងវប្បធម៌នៃការគិត ការនិយាយ ការប្រព្រឹត្តិ
និងការណ៍ដែលហៅថាត្រូវ ឬខុស។ ក្នុងការកំណត់អ្វីមួយថាត្រូវ ឬខុស
គឺយើងត្រូវពិចារណាពឹងផ្នែកទាំងលើផ្នែកតក្កហេតុ ឬហេតុផល ឬឡូហ្ស៊ីក
និងពឹងផ្អែកលើផ្នែកចិត្តវិញ្ញាណ មនសិការ និងជាពិសេសផ្នែកចិត្តសាស្រ្ត។
បញ្ហាខ្លះ
វាត្រូវក្នុងបរិបទនៃការគិតផ្នែកហេតុផល តែបែរជាខុសក្នុងបរិបទចិត្តវិញ្ញាណ
ឬដួងព្រលឹង។ រីឯបញ្ហាខ្លះទៀត វាត្រូវក្នុងបរិបទចិត្តវិញ្ញាណ ឬដួងព្រលឹង
ឬមនសិការ តែវាខុសក្នុងបរិបទហេតុផល ឬតក្កវិជ្ជា។ យើងត្រូវព្យាយាមថ្លឹងឱ្យស្មើរវាងការពិចារណា
និងការពាល់ដោយចិត្តខាងក្នុង។ យើងត្រូវយល់ឱ្យត្រូវ (ជាផ្នែកខាងក្នុងចិត្ត
ឬ Right
understanding) និងពិចារណាតាមហេតុផលឱ្យត្រូវ
(ជាផ្នែកគំនិតតក្កៈ ឬ Right thought) ព្រោះផ្នែកខាងក្រៅនិងផ្នែកខាងក្នុង
វាតែងយឹតយោងគ្នា ប្រៀបដូចជាព្រលឹងនិងកាយត្រូវពឹងគ្នាអ៊ីចឹងដែរ។
បើចិត្តពាល់មិនត្រូវ គឺមានហេតុផលតម្រង់ ឬបើហេតុផលគិតត្រូវបែបតក្កៈ
តែខុសពីចិត្ត គឺចិត្តយល់ត្រូវនឹងតម្រង់ការត្រិះរិះ។ ទុក្ខអរិយសច្ចៈ
ដែលព្រះសម្មាសម្ពុទ្ធបានសម្តែង
គឺពុំបានធ្វើឱ្យមនុស្សមួយចំនួននាសម័យនេះជ្រាបដល់សន្តាននៃចិត្តទេ
ដ្បិតមនុស្សខ្លះហាក់ដូចជាឱ្យតម្លៃអ្វីដែលមិនមែនជារបស់ខ្លួនឯង
ច្រើនជាងអ្វីដែលជារបស់ខ្លួនឯងពិតប្រាកដ។ មូលហេតុ គឺប្រហែលជាមានពីរ៖ ទី១
ព្រោះមនុស្សមានអវិជ្ជា និងតណ្ហា ជាការដឹកមុខ, និងទី២
ព្រោះមនុស្សមានតែវិជ្ជា តែពុំអាចប្រយុទ្ធឈ្នះតណ្ហាខ្លួនឯងបាន។
វិជ្ជាដែលពុំអាចទៅដល់ការពិសោធ គឺកម្រនឹងប្រយុទ្ធឈ្នះតណ្ហាខ្លាំងណាស់។
ការឈ្នះអ្នកដទៃមិនពិបាកដូចការយកឈ្នះខ្លួនឯងទេ។
តើយើងទទួលអារម្មណ៍បែបនេះ? គំនិតដែលយើងគិតយល់
មិនប្រាកដថាពាល់ រីឯគំនិតដែលយើងអាចពាល់ត្រូវ
ក៏មិនប្រាកដថាយើងអាចគិតយល់ដែរ។ សមហេតុផល ឬពាល់ ឬពាល់ផង សមហេតុផលផង?
កុំខ្វល់ពីសម្ដីអ្នកដទៃមើលងាយអី
កុំខ្លាចការចាប់ផ្តើមជាថ្មី
កុំខ្វល់ពីខ្សែភ្នែកនៃការពេបជ្រាយពីអ្នកដទៃ
ដរាបណាជីវិតថ្លៃ
នៅតែដកដង្ហើមដោយច្រមុះខ្លួនឯង
ជារឿងដែលគួរឲ្យសោកស្តាយ
អ្នកដទៃមិនទុកឱកាសឲ្យយើង
តែគួរឲ្យសោកស្តាយជាងហ្នឹង
គឺយើងមិនទុកឱកាសឲ្យខ្លួនឯង
ធាតជាកញ្ចក់មិនចេះមើលស្រាលអ្នកទេ
តែបើអ្នកខ្វះភាពជឿជាក់
អ្នកនឹងមើលស្រាលខ្លួនឯង
អ្នកដែលឆ្លាតពូកែពិតប្រាកដ
មិនមែនជាអ្នកឈ្នះក្នុងជម្លោះទេ តែគឺអ្នកដែលចេះដកខ្លួនចេញពីការវិវាទតាំងតែចាប់ផ្តើម
អ្នកដែលប្រើជីវិតបានពេញថ្លៃបំផុត
គឺអ្នកដែលបានធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ
មិនមែនអ្នកដែលបានធ្វើនូវអ្វីដែលអ្នកដទៃចង់ឲ្យធ្វើទេ
កុំធ្វើជាមនុស្សឆ្លាតតែពិកាចិត្ត
ទោះជាសាមញ្ញជនមិនអាត្មានិយមមែនពិត
តែមានញាតិមិត្តពេញស្រុកពេញភូមិ
គ្មានអ្នកណាល្អឥខ្ចោះគ្រប់មួយរយភាគរយទេ
មើលតែខ្មៅដៃទៅនៅមានជ័រលុបឲ្យកែឡើងវិញបាន
អ្នកណាគេពេបជ្រាយមើលស្រាលយើងក៏តាមតែគេទៅ
សូត្រតែបាលីឲ្យជាប់មាត់ទៅថា
មិនមើលងាយខ្លួនឯងទៅបានហើយ
ត្រឹមតែមានឱកាសបានចែករំលែក
បែងចែកគ្នាគិតទៅរកផ្លូវល្អនោះ ជីវិតខ្ញុំបវរល្អក្រៃពេកហើយ ៕
ការប្រព្រឹត្តិតាមកាលរបស់បុគ្គលពីរប្រភេទ?
ក្នុងសមរភូមិសង្គ្រាម
ចិត្តមេត្តាត្រូវទុកចោល ដាវកាំបិតគ្មានភ្នែក ដ្បិតបើយើងគ្មានសមត្ថភាពសម្លាប់សត្រូវ
គឺសត្រូវនឹងសម្លាប់យើងវិញ។ នេះជាល្បែងចាញ់មួយ-ឈ្នះមួយ
ឬត្រូវតែមានមួយស្លាប់-មានមួយរស់ គ្មានជម្រើសឈ្នះ-ឈ្នះទេ។
តើហេតុអ្វីទើបបានជាឃោរឃៅយ៉ាងដូច្នោះ? ការណ៍នេះពុំអាចហៅថាជាការណ៍ឃោរឃៅទេ
តែវាជាក្រឹត្យក្រមនៃច្បាប់ធម្មជាតិ។ ក្នុងនយោបាយ ក្បាលនិងកន្ទុយ
គឺមនុស្សអាចស៊ីបានដូចគ្នា សំខាន់ឱ្យតែស៊ីកើត។ យើងតែងតែឮទ្រឹស្តី “ឆ្មាស
ឆ្មាខ្មៅ មិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺវាអាចចាប់កណ្តុរបាន”។
ក្នុងឥរិយាបថយុទ្ធសាស្រ្ត អ្នកនយោបាយអាចសម្រាប់មនុស្សម្នាក់
តែត្រូវតែរក្សាមនុស្សក្នុងចំនួនដ៏ច្រើននាក់។
ក្នុងន័យសេចក្តីសុខមនុស្សដ៏ច្រើន
គឺមនុស្សម្នាក់ត្រូវតែហ៊ានលះបង់ខ្លួនដោយមិនស្តាយស្រណោះ។
មុនពេលឡើងប្រដាល់ កីឡាករប្រដាល់ ត្រូវឱនគោរព
ឬសំពះគូប្រកួតដែលខ្លួននឹងដាល់យកចាញ់ឈ្នះ។ តើគំនិតនេះបង្ហាញបែបណា?
ជ័យជម្នះរបស់ក្សត្រក្នុងគ្រាសង្គ្រាម
គឺការពារនរគមិនឱ្យសត្រូវឈ្លានពានបាន។ រីឯជ័យជម្នះក្រោយសង្គ្រាម
គឺរៀបចំប្រទេសឱ្យរុងរឿងរីកចម្រើន ប្រជាជនមានហូបមានចុកគ្រប់គ្រាន់
គ្មានទំនាស់ផ្ទៃក្នុង។ នេះហើយដែលយើងហៅថា “ទំនួលខុសត្រូវ” ដែលគ្មានអ្នកណាអាចបន្ទោសបានទេ។
ខ្ញុំសុំចូលមកបញ្ហាកីឡាប្រដាល់វិញ ដែលមុនប្រដាល់ គឺមានវប្បធម៌ឱនគោរព
តំណាងទឹកចិត្តរៀងៗខ្លួនដោយស្មោះ។ សម្រាប់មនុស្សដែលចិត្តទូលាយមែនទែន,
គោរព គឺត្រូវតែគោរព ហើយគោរពចេញពីចិត្តដ៏ស្មោះសទៀតផង
តែដល់ពេលវាយ ក៏មិនអាចបន្ធូរដៃបានដែរ។ ពេលវាយ គឺត្រូវតែប្រឹងឱ្យមែនទែន
យកឈ្នះឱ្យខានតែបាន ដ្បិតគ្មានអ្នកណាត្រូវអាណិតអ្នកណាទេ
ព្រោះវាជាទំនួលខុសត្រូវ។ មនុស្សដែលអាចយល់ច្បាស់ពីទំនួលខុសត្រូវ
ភាគច្រើនជាមនុស្សដែលមានសភាពចិត្តជាបុគ្គលស្គាល់ខ្លួនឯង។
រីចំពោះមនុស្សដែលមិនស្គាល់ខ្លួនឯង គឺតែងវង្វេងដោយសារតែមនោសញ្ចេតនា
ឥតគិតប្រយោជន៍រួម និងបោះបង់ទំនួលខុសត្រូវចោល។ តើអ្វីជាការប្រព្រឹត្តិខ្លួនឱ្យសមតាមកាល?
ក្នុងសង្គមយើង យុវជនត្រូវចេះបែងចែកចរិតមនុស្សសំខាន់ៗពីរប្រភេទ
ដែលប្រភេទទី១ គឺចរិតអ្នកនយោបាយ និងប្រភេទទី២ គឺចរិតអ្នកសាសនា។ ជាក់ស្តែង
ខ្ញុំមិនចង់វែកញែកពីរឿងពីរនេះទេ
ព្រោះយល់ថាក្រែងលោមានប៉ះពាល់អារម្មណ៍។
ប៉ុន្តែជាការចែករំលែកសម្រាប់ជាចំណេះដឹងពិចារណា និងជាប្រយោជន៍ដល់យុវជន
ជាពិសេសបើយើងដឹង គឺយើងនឹងចេះបែងចែកចរិតមនុស្ស
រវាងអ្នកសាសនានិងអ្នកនយោបាយ ដោយឈរលើកាលៈទេសៈជាក់ស្តែង។
បើនិយាយក្នុងន័យធៀប នយោបាយ គឺជាធាតុរូប។ កាលណាមានរូប គឺមានទុក្ខ
ហើយទុក្ខនេះជាបញ្ហាសង្គម។ រីឯសាសនា គឺជាធាតុនាម។ នយោបាយ គឺជាកាយ
រីឯសាសនា គឺជាព្រលឹង។ អ្នកនយោបាយគ្រប់គ្រងរូបរាងកាយ ការរស់នៅ
ជីវភាពសង្គម។ ចំពោះអ្នកសាសនា គឺបំពាក់ដួងព្រលឹង ថែរក្សាផ្លូវចិត្ត អប់រំមនោ
និងធ្វើយ៉ាងណាឱ្យបរិស័ទមានសន្តិភាពផ្លូវចិត្ត។ នយោបាយ ក៏សង្គមអត់ពុំបាន
ហើយសាសានាក៏សង្គមអត់ពុំបាន។ បើអ្នកសាសនា និងអ្នកនយោបាយ
ជាបក្សពួកតែមួយ មានទំនាក់ទំនងនឹងគ្នាជាប្រព័ន្ធ
គឺបុគ្គលទាំងពីរប្រភេទនេះនឹងក្លាយទៅជាអ្នកបត់សង្គមផ្តាច់មុខ។
តើយើងត្រូវបែងចែកចរិតអ្នកនយោបាយ និងអ្នកសាសនាដោយរបៀបណា?
ចរិតអ្នកនយោបាយ ថ្វីដ្បិតតែបម្រើពលរដ្ឋ
តែដើម្បីបម្រើមនុស្សបានច្រើន ពេលខ្លះទំនងមានឥរិយាបថស្មោកគ្រោគបន្តិច។
ពេលខ្លះទៀត ដោយបើសង្គមមួយដឹកនាំក្រុមផ្តាច់ការ ឬក្រុមគ្រួសារនិយម
រមែងធ្វើឱ្យយុត្តិធម៌បាត់បង់ មិនឈរលើសច្ចភាព។
ស្ថានភាពដែលពលរដ្ឋរងទុក្ខវេទនាដោយសារតែការធ្វើនយោបាយមិនបម្រើជាតិបែបនេះ
សឹងតែអ្នកខ្លះយល់ថា “ចង់ឱ្យមានពាលស៊ីពាល” ព្រោះការប្រព្រឹត្តិសេចក្តីបរិសុទ្ធនៅទីកន្លែងដែលមិនសមគួរ
គឺបានមកវិញត្រឹមតែភាពបរាជ័យ ប្រៀបដូចជាបុគ្គលធ្វើល្អខុសមនុស្ស
រមែងមិនមានប្រយោជន៍អ្វីឡើយ។
នេះគ្រាន់តែជាគំនិតសិក្សាទូទៅអំពីចរិតនយោបាយប៉ុណ្ណោះ។
ពេលយើងងាកមកសង្កេតមើលចរិតអ្នកសាសនាវិញ គឺទំនងមានលក្ខណៈខុសគ្នាស្ទើរតែទាំងស្រុង។
អ្នកសាសនា ជាពិសេសអ្នកចង់បានឋានសួគ៌ រមែងមានការប្រព្រឹត្តិទំនងរកតែឋានសួគ៌
ឋានសុខ...។ សាសនាខ្លះថ្កោលទោសសង្គ្រាម។
អ្នកសង្គ្រាមខ្លះក៏បួងសួងសុំឱ្យខ្លួនធ្វើសង្គ្រាមកាប់សម្លាប់
ឈ្នះសត្រូវក្នុងសមរភូមិប្រយុទ្ធផងដែរ។ ព្រះពុទ្ធសម្តែងថា “ការកើតមកជាមនុស្ស
ជាមង្គលដ៏ឧត្តម”។
មានជីវិតកើតជាមនុស្ស គឺជាឱកាសដ៏ល្អ ដែលអាចឱ្យមនុស្សច្នៃជីវិតសាងកម្មល្អសម្រាប់អនាគតជាតិ។
ជារួមមក អត្ថបទនេះគឺសម្រាប់ពិចារណា
សង្កេតមើលចរិតមនុស្ស ជាពិសេសអ្នកចេះដឹង ដោយមិនថាអ្នកចេះដឹងក្នុងមាគ៌ាសាសនា
ឬក្នុងនយោបាយនោះទេ។ ពេលណាយើងចេះសង្កេត យើងមើលឃើញដោយហេតុ
ព្រមទាំងធ្វើឱ្យយើងកាត់បន្ថយនូវការខឹងសម្បាខុសទំនង
ស្អប់ស្រឡាញ់តាមអារម្មណ៍ ដឹងអ្នកណានិយាយស្តីក្នុងន័យសាសនា
ឬដឹងអ្នកណានិយាយស្តីក្នុងន័យនយោបាយ។ ទង្វើទាំងឡាយរបស់បុគ្គលម្នាក់ៗ
គឺមានចេតនាជាប្រធាន។ ដរាបណាកាលៈទេសៈមិនទាន់អំណោយផលទេ
គឺគ្មានបុគ្គលណាម្នាក់នឹងបង្ហាញទង្វើជាក់ស្តែង
ដែលជាចេតនាខាងក្នុងរបស់ខ្លួនឡើយ។ នៅពេលដែលសង្គមមិនស្រួល
គ្មានអ្នកណាម្នាក់អាចរស់នៅបានសុខស្រួលទេ។ ដូច្នេះហើយ
ទើបយើងឃើញប្រវត្តិជាហូរហែរមកថា “មានអ្នកសាសនាចេញមកចូលរួមកសាងសង្គម
និងឈឺឆ្អាលពីការអប់រំមនុស្សឱ្យគិតសង្គមមិនតិចឡើយ កាលបុរាណសម័យ”។
ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មានអ្នក បានអានអត្ថបទនេះហើយ
អាចយល់ពីភាសាក្នុងចិត្តរបស់ខ្ញុំ ឬពេលខ្លះ ខ្ញុំក៏បារម្ភខ្លាចថាអ្នកអាន
អានហើយ យល់ខុសពីអ្វីដែលខ្ញុំចង់ឱ្យយល់ផងក៏មាន។ ជីវិតដែលមានអារម្មណ៍ថា
“សល់ពេលរស់នៅតិច
ជិតដល់ពេលស្លាប់ គួរតែប្រើប្រាស់ជីវិតឱ្យមានតម្លៃ”៕
____
Saturday, August 29, 2020
Thursday, August 20, 2020
រឿងមិនដូចគ្នា
ញុំមិនខ្លាំងពូកែឡូយឆាយ
ខ្ញុំមិនមែនល្អលើសលប់
ហើយខ្ញុំក៏មិនបានទៅមើលស្រាយអ្នកណាដែរ
ព្រោះដឹងច្បាស់ថា
កាលណាត្រូវគេមើលងាយវាឈឺចាប់
អ្នកណាចង់ខ្លាំង អ្នកណាចង់ពូកែ
មានក្រប៉ុនណា ក៏ស្រេចតែលោកទៅចុះ
ខ្ញុំសុំត្រឹមតែនៅក្នុងផ្លូវរបស់ខ្ញុំ។
ភ្ញាក់ឡើងជាមួយធម្មជាតិ
មានបាយបីពេល មិនឈឺក្បាលហាលថ្ងៃ
ជីវិតនេះពិតជាមានសេចក្តីសុខស្ងប់ហើយ ។
ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗ
សុទ្ធតែដើរឆ្លងកាត់ព្យុះភ្លៀងមកដូចគ្នា ទម្រាំបានមកដល់ថ្ងៃនេះ។
ប៉ុន្តែទោះបីក្រោមដំបូលមេឃតែមួយ ក៏កម្រិតបរិមាណនៃទឹកភ្លៀង
ហើយនឹងសភាពរាងកាយមនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ
កុំប្រៀបធៀប
អ្នកណាធ្ងន់ធ្ងរជាងអ្នកណា
អ្នកណាពិបាកជាងអ្នកណា
ប្រសិនបើអ្នកមិនបានស្ថិតក្នុងស្ថានការណ៍នោះទេ
អ្នកក៏គ្មានថ្ងៃយល់ពីអារម្មណ៍មួយនេះក្នុងពេលនោះដូចគ្នា។
ដូចនេះ
កុំចេះតែហ៊ានគិតជំនួស ហ៊ានសន្មត និងហ៊ានអារកាត់ថា
" គ្រាន់តែប៉ុណ្ណឹង
ហេតុអ្វីមិនអាចធ្វើបាន "
"រឿងប៉ុណ្ណឹង"
របស់អ្នកអាចមិនមែនជា
"រឿងប៉ុណ្ណឹង"របស់មនុស្សម្នាក់ទៀត
៕
Friday, August 14, 2020
ទំនុកចិត្តលើចំណេះដឹង
មនុស្សយើងម្នាក់ៗមានគោលបំណងចង់ចេះចង់ដឹងដូចៗគ្នា
ហើយការប្រើប្រាស់ចំណេះដឹង គឺដើម្បីទៅរកសេចក្តីសុខនៃជីវិតឱ្យខ្លួនឯង
ឬឱ្យគ្រួសារ ឬឱ្យសង្គមជាតិ។ ចំណុចដំបូងបំផុត គឺការស្វែងរកចំណេះដឹងឱ្យខ្លួនឯង។
បើមានចំណេះដឹងហើយ
គឺយើងនឹងអាចមានឱកាសច្រើនក្នុងការស្វែងរកសេចក្តីសុខឱ្យខ្លួនឯង។
លទ្ធភាពដែលអាចឱ្យយើងស្វែងរកសេចក្តីសុខឱ្យខ្លួនឯងបាន គឺជាការមួយដ៏ប្រសើរ
ដោយហេតុថា “យ៉ាងហោចណាស់
យើងមិនបានក្លាយទៅជាអ្នកនាំទុក្ខដល់អ្នកដទៃ”។ ប៉ុន្តែការដ៏ប្រសើនេះ
គឺជាការប្រសើរក្នុងកម្រិតមួយប៉ុណ្ណោះ បើធៀបនឹងបុគ្គលដែលមានចំណេះដឹង
ហើយប្រើប្រាស់ចំណេះដឹងបានជាទីពឹងដល់ជនដទៃ។ យើងអាចប្រៀបធៀបបានថា “មនុស្សដែលពុំបានអំពល់ទុក្ខដល់អ្នកដទៃ
គឺជាអ្នកប្រសើរ។ រីឯអ្នកដែលមានចំណេះដឹងហើយ
ហើយអាចបានជាទីពឹងចំពោះជនដទៃដ៏ច្រើន គឺជាជនដ៏ប្រសើរជាង។
ចំណេះដឹងដែលទុកបម្រើតែប្រយោជន៍ខ្លួនឯង អាចចាត់ទុកថាជាចំណេះអាត្មានិយម”។
ក្នុងសង្គម
យើងអាចឈ្វេងយល់ជាមេរៀនពីបុគ្គល ៣ប្រភេទ៖ ប្រភេទទី១ គឺអ្នកចេះដឹង
ចេះឈឺចាប់នឹងសេចក្តីឈឺចាប់របស់ជនទន់ខ្សោយដទៃ
ហើយក៏កើតមានចិត្តចង់ឈឺឆ្អាលជួយ។ ប្រភេទទី២ គឺជាអ្នកចេះដឹង
ដែលឃើញសេចក្តីអាក្រក់កើតឡើងក្នុងសង្គម តែមិនហ៊ានឈឺឆ្អាល។ ប្រភេទទី៣
គឺជាអ្នកមិនចេះដឹង តែចេះឈឺចាប់ ហើយចេះឈឺឆ្អាល។
កម្សោយពីធម្មជាតិនៃចំណេះដឹង
គឺអាចធ្វើឱ្យមនុស្សចេះដឹងបាត់បង់នូវគុណធម៌ម្យ៉ាងដ៏សំខាន់
ដែលគុណធម៌នោះ វាជាគុណធម៌នៃសេចក្តីក្លាហាន។ បុគ្គលដែលជាអ្នកមិនចេះដឹង
រមែងមានសេចក្តីក្លាហាន ព្រោះមិនដឹង រីឯអ្នកចេះដឹង រមែងគ្មានសេចក្តីក្លាហាន
ព្រោះបាត់គុណធម៌នៃសេចក្តីក្លាហាននេះឯង។ អ្នកមិនដឹង
តែហ៊ានលះបង់សេចក្តីសុខប្រឈមនឹងគ្រោះថ្នាក់ដោយមិនគិតពីខ្លួនឯង
គឺមិនប្រសើរដូចអ្នកចេះដឹង មានសេចក្តីក្លាហានហ៊ានលះបង់សេចក្តីសុខខ្លួនឯង
ទោះបីដឹងថាខ្លួននឹងជួបគ្រោះថ្នាក់ក៏ដោយ។
តើអ្វីជាភាពមានប្រៀបលើអ្នកដទៃរបស់អ្នកចេះដឹង?
ក្នុងសង្គមនីយមួយៗ
មនុស្សម្នាក់ត្រូវបានកំណត់ថាល្អ ឬអាក្រក់ ត្រូវ ឬខុស ទៅតាមបញ្ញត្តិនៃច្បាប់
បញ្ញត្តិនៃប្រពៃណី បញ្ញត្តិទំនៀមទំលាប់ និងបញ្ញត្តិវប្បធម៌។
អ្នកខ្លះព្យាយាមធ្វើអ្វីមួយ ដើម្បីឱ្យតែបានឈ្មោះថា “ខុសពីអ្នកដទៃ” តែអ្នកចេះដឹងពិតប្រាកដ
គឺពឹងលើភាពត្រឹមត្រូវ ច្រើនជាងសភាពតាមគេតាមឯង។
មានគ្នាច្រើនពុំប្រាកដថាត្រូវទេ រីឯមានគ្នាតិចក៏ពុំប្រាកដថាខុសដែរ ដ្បិតសំខាន់គឺគុណភាពនៃចំណេះដឹង។
អ៊ីចឹងហើយទើបមានទ្រឹស្តីបែបប្រជាធិបតេយ្យមួយលើកឡើងថា “សន្លឹកឆ្នោតត្រឹមតែ
១ សន្លឹក នៃពលរដ្ឋដែលមានចំណេះដឹងពិតប្រាកដម្នាក់
វាមានតម្លៃខ្ពស់ជាងសន្លឹកឆ្នោត ១០០ សន្លឹក នៃពលរដ្ឋដែលអវិជ្ជា ១០០ នាក់”។ តម្លៃនៃលទ្ធិប្រជាធិបតេយ្យ
តម្លៃនៃការចូលរួមពិតប្រាកដ គឺត្រូវវាស់វែងដោយគុណភាពនៃចំណេះដឹង
តែមិនមែនជារង្វាស់នៃបរិមាណច្រើនទេ។ ចំពោះយុវជនដែលស្រឡាញ់សង្គម
បើសិនជាចេះសង្កេតមើលកម្រិតចំណេះដឹងពលរដ្ឋនៅមូលដ្ឋាន រហូតដល់កម្រិតនិស្សិត
គឺយើងនឹងឃើញពីកម្រិតនៃចំណេះដឹង។ សម្រាប់ខ្ញុំ ពេលណាសង្កេតមើលយូរៗទៅ
ទើបដឹងថា “មិនដឹងថាយើងត្រូវចំណាយពេលវេលាច្រើនប៉ុនណា
ដើម្បីអាចកសាងមូលធនមនុស្សឱ្យស្គាល់ខ្លួនឯង
និងចេះប្រឹងប្រែងដើម្បីអ្នកជំនាន់ក្រោយ”។
តើអ្វីខ្លះដែលខ្ញុំបានឃើញជាក់ស្តែងក្នុងសង្គម?
សម្រាប់គ្រូបង្រៀន
សម្តីអប់រំដល់សិស្ស គឺស្មើនឹងសកម្មភាពធ្វើជាក់ស្តែងមួយ។
សម្រាប់បព្វជិតសាសនា ពាក្យសម្តីទន់ភ្លន់ដែលមានចិត្តល្អជាចេតនា
គឺស្មើនឹងសកម្មភាពជាក់ស្តែងមួយ។ សម្រាប់យុវជន ការមិនទាស់ទែងគ្នាហួសប្រមាណ
ឬការជួយកែលំអគ្នាក្នុងន័យស្ថាបនា ដែលមានចិត្តល្អជាចេតនា
គឺស្មើនឹងការធ្វើសកម្មភាពជាក់ស្តែងមួយ។ សម្រាប់អ្នកនិពន្ធ
ការស្វែងរកចំណេះដឹងថ្មីៗមកសាបព្រោះក្នុងសង្គម
ដែលមានចិត្តបរិសុទ្ធចង់ឱ្យសង្គមរីកចម្រើន គឺជាសកម្មភាពជាក់ស្តែងមួយ។
សម្រាប់អ្នកនយោបាយ ការកៀងគរមនុស្សឱ្យចេះសាមគ្គីគ្នាគ្នា
ដែលមានចិត្តចង់កសាងសង្គមជាចេតនាល្អ
គឺចាត់ទុកថាជាសកម្មភាពជាក់ស្តែងដ៏ប្រសើរមួយ។ ចេតនាគឺជាប្រធាននៃអំពើទាំងឡាយ។
កម្មគឺជាប្រធាននៃផលទាំងឡាយ។ ផលគឺជាផ្លែផ្កាដែលបានមកពីចេតនា
និងបានមកពីកម្ម ឬសកម្មភាពជាក់ស្តែង។ ប្រធានបទនេះ
បើសរសេររៀបរាប់ពីហេតុខាងដើម បកស្រាយពីបច្ច័យបង្កើតហេតុ
គឺវាអាចវែងអន្លាយបន្តិច។ ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់បំផុត
គឺជាបញ្ហាយុវជន។ ការត្រៀមខ្លួនរបស់យុវជន
គឺជារឿងដ៏សំខាន់បំផុតសម្រាប់កិច្ចការកសាងសង្គមនាពេលខាងមុខ។
តើយុវជនគួរត្រៀមខ្លួនអ្វីខ្លះ?
ដោយសារតែចំណងជើងនៃប្រធានបទ
ខ្ញុំដាក់ថា “ទំនុកចិត្តលើចំណេះដឹង”, អ៊ីចឹងអ្វីដែលខ្ញុំនឹងចែករំលែកជាគតិសម្រាប់ពិចារណា
ក៏វាទាក់ទងនឹងចំណេះដឹងផងដែរ។ អ្នកដែលបានគិតមុនគូរ ពេលណាចូលខ្លួនមកអនុវត្តសកម្មភាពជាក់ស្តែង
គឺនឹងបង្កបញ្ហាពីតូចទៅធំ។ ដើមដៃដំបូងនៃការងារដែលយុវជនទូទៅគួរធ្វើ
គឺដាក់ចិត្តដាក់កាយខិតខំរៀនសូត្រយកចំណេះដឹង ប្រឹងគិតពិចារណា
ហ្វឹកហាត់អប់រំចិត្តឱ្យឆាប់ចាស់ទុំ យល់ការរាក់ជ្រៅ ជាពិសេសទាក់ទងនឹងបញ្ហាសង្គមវិជ្ជា
និងនយោបាយ។ កាលណាយើងមិនយល់ពីសង្គម មិនយល់ពីជម្រៅនៃនយោបាយ
គឺយើងនឹងក្លាយទៅជាឧបករណ៍នយោបាយ។ ព្រះពុទ្ធសម្តែងថា “សេចក្តីបរិសុទ្ធ
ត្រូវធ្វើដោយខ្លួនឯង”។ ធម៌នេះ
គឺបង្រៀនមនុស្សឱ្យចេះពឹងលើខ្លួនឯងដើម្បីនឹងធ្វើសេចក្តីបរិសុទ្ធដល់ខ្លួនឯង
ហើយគ្មានអ្នកណាម្នាក់អាចធ្វើជំនួសយើងបានឡើយ។
ក្នុងទ្រឹស្តីមួយទៀតដែលនិយាយពីការបូជា ដែលធ្វើនូវកិរិយាពីរប្រភេទ៖
ទី១ គឺអាមិសបូជា និងទី២ គឺបដិបត្តិបូជា។ ការបូជាប្រភេទទី១
គឺជាប្រភេទនៃកិរិយាបូជានូវគ្រឿងសក្ការៈ ទៀន ធូប ផ្កា
និងការបូជាប្រភេទទី២
ជាប្រភេទកិរិយាបូជាដោយការប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវតាមធម៌វិន័យ។
ការបូជាដ៏ប្រសើរបំផុត គឺជាការបដិបត្តិតាមធម៌វិន័យ។
តើអ្វីជាលក្ខណៈនៃយុវជនដែលស្រឡាញ់សង្គម?
យុវជនដែលមានមនោសញ្ចេតនាពិតចំពោះសង្គម
គឺត្រូវឱ្យតម្លៃចំណេះដឹងឱ្យខ្ពស់ជាងអ្វីៗផ្សេងទៀត។ ក្រៅពីចំណេះដឹង
គឺត្រូវឱ្យតម្លៃសាមគ្គីភាពនិងផលប្រយោជន៍រួម។ យើងត្រូវយកចំណេះដឹងជាឧបាយ
ជាអាវុធ ដើម្បីកសាងសាមគ្គីភាព ព្រោះបើគ្មានសាមគ្គីភាពទេ
គឺយើងនឹងពុំអាចធ្វើការងារសំខាន់ៗឱ្យសម្រេចនូវជោគជ័យបានឡើយ។
ការប្រាកដថាចំណេះដឹងដែលយើងមាន វាអាចត្រូវឬខុស លុះត្រាណាតែយើងជាអ្នកសិក្សារៀនសូត្រ
ប្រឹងប្រែង គិតល្អិតល្អន់ម្តងហើយម្តងទៀត
និងប្រើចិត្តឧបេក្ខាក្នុងការពិចារណា។ កាលបើចំណេះដឹងយើងនៅទាប
គឺមានតែផ្លូវទាស់ ដ្បិតពេលណាយើងជជែក ឬបង្ហាញទស្សនៈ។
ខ្ញុំនិយាយអំពីការជជែកគំនិត ឬទស្សនៈ
តែមិនមែននិយាយពីការឃើញព្រឹត្តិការណ៍សង្គមទេ
ដ្បិតព្រឹត្តិការណ៍សង្គមជាក់ស្តែង យើងឃើញយ៉ាងណា
គឺវាប្រាកដជាយ៉ាងហ្នឹងហើយ។ បើសិនជាយើងប្រឹងប្រែង ចេះអត់ធ្មត់ សំងំរៀនស្ងៀមស្ងាត់
និងប្រើឱកាសដ៏ល្អនេះរៀនឱ្យបានច្រើន អានឱ្យបានច្រើន
ខិតខំពិចារណាឱ្យបានច្រើន
វានឹងឱ្យយើងកាត់បន្ថយការទាស់ទែងនឹងយុវជនដទៃទៀត។ អ្នកឆ្លាត
អ្នកត្រឹមត្រូវ គឺជាអ្នកអនុវត្តជាក់ស្តែង ដែលមានចេតនាសំខាន់តែម្យ៉ាងគត់
គឺ “បានលទ្ធផល
និងជាលទ្ធផលសម្រាប់ប្រយោជន៍”។ ចេតនានៃអត្ថបទនេះ
គឺខ្ញុំចង់ឱ្យយុវជនយើងមួយចំនួន
ងាកចិត្តមកចាប់អារម្មណ៍លើការសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង គិតឱ្យទូលាយ
បង្វឹកចិត្តឱ្យដូចមហាសមុទ្រ ហើយកាត់បន្ថយការត្រឹមតែទាស់ទែងគ្នានូវពាក្យសម្តីគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ
យើងពុំអាចភ្លេចសង្គមទេ។ ពេលណាយើងមានចំណេះដឹងច្បាស់លាស់ហើយ
ហើយប្រាកដថាចំណេះដឹងរបស់យើងពិតត្រឹមត្រូវហើយ
ទោះយើងទាស់ក៏មិនទាន់ហួសពេលដែរ។ គិតសង្គម ប្រឹងរៀន!!