Tuesday, July 7, 2020

ចេះតែអួតឬអត់ចេះ?


មនុស្សយើង កាលបើ​គ្មាន​ចំណេះវិជ្ជា តែង​បារម្ភ​ថា​នឹង​គ្មាន​ឱកាស​រៀនសូត្រ​នូវ​ចំណេះវិជ្ជា។ កាលបើ​មានចំណេះ​​វិជ្ជា​ហើយ ក៏​កើតក្តី​បារម្ភ​ថា​នឹង​គ្មាន​ឱកាស​បាន​ប្រើប្រាស់​វិជ្ជា។ កាលបើ​មានឱកាស​បាន​ប្រើប្រាស់​វិជ្ជា​ហើយ ក៏​បារម្ភ​ខ្លាច​ប្រើប្រាស់​ខុស​ផ្លូវ ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ។ បុគ្គល​ឆ្លាត​ចេះ​រៀនសូត្រ​វិជ្ជា​ពីជ​នដ​ទៃ ទោះបីជា​អ្នកនោះ​ក្មេង​ជាង​​ខ្លួន​ក៏ដោយ ប្រៀប​ដូចជា​ពន្លឺ​ទៀន​មួយ​ដើម​អាច​បំភ្លឺ​រាត្រី​ងងឹត​បាន​មួយ​គ្រា ពេល​គ្មាន​សុ​រិយា។ ចំណេះវិជ្ជា​នេះ បើ​គ្មាន ​ក៏​នាំទុក្ខ​ទោស ឬបើ​មាន​ មិន​ចេះ​ប្រើប្រាស់​ឱ្យ​ត្រឹមត្រូវ ក៏​នាំទុក្ខ​ទោស។ ទោស​មួយ​ជា​ទោស​បំផ្លាញ​អ្នកដទៃ ទោស​មួយទៀត ជា​ទោស​បំផ្លាញ​ខ្លួនឯង។ នេះ​ហើយ​ទើប​លោកអ្នក​ចេះដឹង​គ្រប់​សម័យកាល​តែង​​និយាយ​ថា វិជ្ជា​ជា​អំណាច​។ អត្ថបទ​នេះ​ខ្ញុំ​និយាយ​តែ​អំពី​ការប្រើ​ប្រាស់​ចំណេះ​តែប៉ុណ្ណោះ។ អ្នកមាន​ចំណេះដឹង អ្នកមាន​ចំណេះវិជ្ជា​ទាំងឡាយ គឺ​ត្រូវ​ផ្អោប​ខ្លួន​ឱ្យ​ជាប់នឹង​សីលធម៌ គុណធម៌ មេត្តាធម៌ ឧត្តមគតិ និង​ប្រើប្រាស់​ចំណេះដឹង​ប្រព្រឹត្ត​តែ​សេចក្តីល្អ។ ការ​សាបព្រោះ​ចំណេះដឹង​ដល់​មនុស្ស​អាក្រក់ គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​សង្គម។ ចំណេះដឹង​ស្ថិតនៅ​នឹង​មនុស្ស​ល្អ នឹង​នាំ​​មក​នូវ​សេចក្តី​ចម្រើន​រុងរឿង។ ចំណេះដឹង​ស្ថិតនៅ​នឹង​មនុស្ស​អាក្រក់ នឹង​នាំ​ឱ្យ​សេចក្តី​អាក្រក់​ឱ្យ​ចម្រើន​​រុងរឿង។ បើ​សេចក្តី​អាក្រក់​រុងរឿង តែ​សេចក្តីល្អ​អន់ថយ គឺនឹង​ធ្វើ​ឱ្យ​មនុស្ស​ល្អ​ៗ ពិបាក​រស់នៅ​ក្នុង​សង្គម​។

នេះ​ជា​វិបត្តិ​នៃ​ការប្រើ​ប្រាស់​ចំណេះដឹង។ តើ​ហេតុអ្វី​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​ត្រឹមត្រូវ​? មនុស្ស​អាក្រក់​ពី​ធម្មជាតិ អាច​ប្រើ​ចំណេះដឹង​ខុស។ មនុស្ស​ល្អ​ដែល​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​មិនបាន អាច​រំជើបរំជួល​នឹង​ចំណេះដឹង​ដែល​​ខ្លួន​មាន។ ពេល​​មានចំ​ណេះ​ដឹង ចេះតែ​ចង់និយាយ ចេះតែ​ចង់ឱ្យ​គេ​ដឹង​ថា​ខ្លួន​ចេះ ចេះតែ​ចង់​អួត​សម្ញែង​ចំណេះដឹង ចេះតែ​ដើរ​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ ចេះ​តែចង់​វិភាគ​វែកញែក ទោះ​ឥត​ប្រយោជន៏​នឹងវែកញែក​ក៏ដោយ​។ លក្ខខណ្ឌ​នេះ គឺ​ចំណេះដឹង​ជា​អ្នក​គ្រប់គ្រង​មនុស្ស​ហើយ តែ​មិនមែន​មនុស្សជា​ចៅហ្វាយនាយ​​លើ​ចំណេះដឹង​ទេ។ ក្នុង​សង្គ្រាម មេទ័ព​ដែល​ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​បាន​ល្អ​​ គឺ​មិន​ត្រឹមតែ​ចេះ​យុទ្ធ​សាស្រ្ត​ទេ តែ​ដឹង​ពេល​​ត្រូវ​វាយ និង​ដឹង​ពេល​មិន​ត្រូវ​​វាយ។ ពេលណា​គួរ​ធ្វើសង្គ្រាម ពេលណា​មិន​គួរ​ធ្វើសង្គ្រាម​? មេទ័ព​ពូកែ ទាល់តែ​ដឹង​ថា​ខ្លួន​ឈ្នះ ទើប​ចេញ​ទ័ព​ច្បាំង តែបើ​ម្រ​មើល​មើល​ស្ថានការណ៍​ដឹង​ថា​ខ្លួន​ចាញ់ គឺ​មិន​ច្បាំងទេ។ ទុក​ពេល​ហ្វឹកហាត់ ទុក​ពេលពង្រឹង​​ទ័ព គឺ​ជា​​អ្វី​ដែលមេទ័ព​ពូកែ​ធ្វើ។ ការពារ​បន្ទាយ​ឱ្យ​មាំ គឺ​ស្មើនឹង​ឈ្នះ។ ក្រៅពី​យុទ្ធ​សាស្រ្ត​មិន​ឈ្នះ​មិន​វាយ គឺ​បើ​គ្មាន​ប្រយោជន៍​ត្រូវ​វា​យ​ទេ ក៏​មិន​វាយ​ដែរ។ ជ័យជម្នះ​ខ្លះ បើ​ឈ្នះហើយ វា​នាំការ​ខាតបង់ គឺ​ខា​តបង់​ស្បៀង ខាតបង់​ទាហាន ​ខាត​បង់ពេល​​...។ ខ្ញុំ​ចង់​ប្រៀបធៀប​ជម្លោះ​ក្នុង​សង្គម​រវាង​អ្នកចេះដឹង​មួយ​ចំនួន។ ការប្រើ​ភាសា​ឌឺដង ភាសា​ចាក់រុក និយាយ​​ស្តីខ្លី​ចប់ និយាយ​មិន​ចំ​និយាយ រិះគន់​មិន​ចំ​រិះគន់ គឺ​ងាយ​នឹង​បង្កជម្លោះ​ណាស់។ ជា​​​អ្នក​មិន​រៀន បើមក​ប្រកួត​ការ​គិត និង​ការ​​វិភាគ​វែកញែក​ជាមួយនឹង​អ្នករៀន គឺ​កម្រ​នឹង​ឈ្នះ​អ្នករៀន​ណាស់។ បើ​យក​អ្នក​មិន​អាន​សៀវភៅ​ មក​ប្រកួត​ការ​គិត និងការ​​វិភាគ​វែកញែកគំនិត​​ជាមួយនឹង​អ្នកអាន គឺ​កម្រ​នឹង​ឈ្នះ​អ្នកអាន​ណាស់។ ប៉ុន្តែ​ការ​ជជែក ការ​វែកញែក វា​ត្រូវតែ​មានប្រយោជន៍​ដូច​មេទ័ព​ធ្វើសង្គ្រាម​ដែរ​។ តើ​បាន​ប្រយោជន៍​អ្វី​ បើ​ត្រឹមតែ​ជជែកគ្នា ហើយ​មិន​ធ្វើ​អ្វី​? តើ​បាន​ប្រយោជន៍អ្វី ជជែក​បាន​ត្រឹម​ឈ្នះ តែ​មិន​​មាន​ប្រឹងរៀន​សូត្រ​?

ចំណុច​នេះ វា​អាច​មាន​លក្ខណៈ​ត្រូវ​ខុស​ដទៃផ្សេង​ទៀត តែ​សុំ​ប្រើ​ចិត្ត​យល់​ចេតនា​នៃ​អត្ថបទ​នេះ​ឱ្យ​ច្បាស់។ ពេល​វេលា​អ្នករៀន​សូត្រ គឺ​រវល់​នឹង​ការ​ក្រេប​ចំណេះដឹង ដូចជា​ការ​អាន​សៀវភៅ វិភាគ​វែកញែក ធ្វើ​លំហាត់ តាមដាន​សភាពការណ៍​សង្គម​...។ បើ​ពេល​អ្នកណា​មិន​និយាយ មិន​ស្តី មិន​ជជែក​ជាមួយ​យើង គឺ​មិនមែន​មានន័យថា​យើង​ធ្វើ​ឱ្យ​គេ​ខ្លាច​ទេ តែ​តម្លៃ​នៃ​វេលា​របស់​អ្នក​ប្រឹងប្រែង គឺ​ខុសពី​តម្លៃ​ពេលវេលា​នៃ​អ្នក​​មិន​ប្រឹង។ មនុស្ស​ជោគជ័យឬបរាជ័យ គឺ​ខុសគ្នា​ត្រង់​របៀប​ប្រើប្រាស់​វេលា​នេះឯង។ ១០ឆ្នាំ​ដូចគ្នា តែ​លទ្ធផល​ខុសគ្នា។ យុវជន​យើង​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​បញ្ហា​នេះ ជាពិសេស​រឿង​គួរនិង​រឿង​មិន​គួរ​...។ ចូរ​ចេញពី​ការទាស់ទែង​ដែល​ឥតប្រយោជន៍ តែ​មក​ធ្វើសកម្មភាព​ខិតខំ​រៀនសូត្រ ឬធ្វើការងារ​ដែល​បង្កើត​លទ្ធផល​ជាក់​ស្តែង​វិញ​។ ខ្ញុំ​សុំ​បង្ហាញ​និទាន​មួយ​អំពី ព្រាហ្មណ៍ ៤នាក់​ ដែល​រៀន​ជាមួយគ្នា។ និ​ទាន​​នេះ គឺ​បង្ហាញ​ខ្លឹមសារ​សំខាន់​អំពី​អ្នកចេះ តែ​អួតអាង​, អ្នកមាន​វិជ្ជា តែ​ប្រើ​ចំណេះវិជ្ជា​មិន​ត្រឹមត្រូវ​, អ្នកមាន​វិជ្ជា តែ​មុន​ធ្វើអ្វី មិន​ចេះ​គិត។ មាន​តំណាល​ថា​មាន​ព្រាហ្មណ៍ ៤នាក់ ជា​មិត្តភក្តិ​នឹងគ្នា។ ក្នុងចំណោម​ព្រាហ្មណ៍​ទាំង៤នាក់ ដែល​កំពុង​រៀន​មន្ត​វិជ្ជាការ​ពី​​​​អាចារ្យទិសាបាមោក្ខ គឺ​មានតែ​ព្រាហ្មណ៍​ទី៤ ឈ្មោះ​ពុធ​ប៉ុណ្ណោះ ដែល​មានចំណេះ​វិជ្ជា​ខ្សោយ​ជាងគេ។ ព្រាហ្មណ៍​ទី១ ចេះ​វិជ្ជា <ព្យាបាល​របួស​ឱ្យ​ជាសះស្បើយ​> យ៉ាង​ស្ទាត់ជំនាញ​, ព្រាហ្មណ៍​ទី២ ចេះ​វិជ្ជា <ផ្គុំ​បំណែក​ដែល​បែកបាក់​ឱ្យ​ជាប់គ្នា​វិញ​> យ៉ាង​ស្ទាត់ជំនាញ​, ព្រាហ្មណ៍​ទី៣ ចេះ​វិជ្ជា <ប្រោះ​ជីវិត​ឱ្យ​រស់​ឡើងវិញ​> បាន​យ៉ាង​ស្ទាត់ជំនាញ។ រី​ឯព្រាហ្មណ៍​ពុធ​វិញ គឺ​តែងតែ​ត្រូវ​មិត្ត​ដែល​ព្រាហ្មណ៍​ទាំង៣ សើចចំអក ដៀមដាម ឌឺដង​ឱ្យ​ជានិច្ច។ ព្រាហ្មណ៍​ទាំង៣ បានសម្រេច​ចិត្ត​លាលោក​គ្រូ​ចេញទៅ​ពិភព​ខាងក្រៅ ព្រោះ​ខ្លួន​គិតថា អ្នកមាន​វិជ្ជា ធ្វើ​យ៉ាងណា​នឹង​ក្លាយទៅជា​ជន​ពូកែ​ជាងគេ​បាន បើ​ប្រើ​ជីវិត​រស់នៅ​ក្នុង​ព្រៃ​​ដូចនេះ​!!

ព្រាហ្មណ៍​ទី១ ឧទាន​ថា ចុះ តើ​យើង​គួរ​នាំ​ពុធ​ទៅជាមួយ​ទេ​? ព្រាហ្មណ៍​ទី៣ ឆ្លើយតប​ថា បុគ្គល​អ្នកមាន​វិជ្ជា​ពូកែ មាន​តួនាទី​ជួយការ​ពារ​អ្នក​ទន់ខ្សោយ។ យើង​គួរតែ​នាំ​ពុធ​ទៅជាមួយ​ដែរ​។ ព្រាហ្មណ៍​ទាំងអស់​បាន​លាលោក​គ្រូ តែ​មុននឹង​ចាកចេញ​, អាចារ្យទិសាបាមោក្ខបាន​ផ្តាំ​យ៉ាង​ដាច់ខាត​ថា សិស្ស​ទាំងឡាយ ចូរ​ចងចាំ​ថា​ មនុស្ស​ឆ្លាត​តែងតែ​គិត​យ៉ាង​ច្បាស់ មុន​ពេល​សម្រេចចិត្ត​ធ្វើអ្វី​មួយ។ បុគ្គល​ណា​ក៏អាច​ពូកែ ឬមានចំណេះ​វិជ្ជា​បាន​ដែរ ប៉ុន្តែ​ចំណេះវិជ្ជា​តែ​ម្យ៉ាង វា​មិន​អាច​ឱ្យ​អ្នក​សម្រេច​កិច្ចការ​ងារ​បានទេ ​លុះត្រាតែ​ចេះ​​ប្រើប្រាស់​វិជ្ជា​ទាំងនោះ​ឱ្យ​ល្អ​ប្រសើរ។ អ្នក​ទាំងឡាយ ត្រូវ​មាន​សុភវិនិច្ឆ័យជានិច្ច ដ្បិត​ការណ៍​នេះ​នាំ​ឱ្យ​អ្នកចេះ​ប្រើប្រាស់​ចំណេះដឹង បញ្ញាញាណ និង​ពុទ្ធិ​របស់​ខ្លួន​បាន​ត្រឹមត្រូវ [...]។ ព្រាហ្មណ៍​ទាំង៤ បាន​ធ្វើដំណើរ​បាន​កន្លះ​ថ្ងៃ រហូត​អស់កម្លាំង ហើយក៏​បាន​រក​កន្លែង​សម្រាក។ មិនទាន់​នឹង​ដាក់​គូ​ថ​អង្គុយ​ផង ព្រាហ្មណ៍​ពុធ​បានឃើញ​គំ​នរ​ឆ្អឹង។ ព្រាហ្មណ៍​ទី១ បាន​ឆ្ងល់​ថា​នេះ​ជា​គំនរ​ឆ្អឹង​អ្វី​? ព្រាហ្មណ៍​ទី២ សន្និដ្ឋាន​ថា​នេះ​ជា​គំនរ​ឆ្អឹង​សត្វ​តោ។ ព្រាហ្មណ៍​ទី៣ ស្រែក​ដោយ​មិន​ជឿ។ គ្រាន់តែ​មួយសន្ទុះ ព្រាហ្មណ៍​ទាំង៣ ឈ្លោះប្រកែក​គ្នា។ ដើម្បី​ដឹងការ​ពិត ព្រាហ្មណ៍​ទី២ ដែល​ចេះ​វិជ្ជា <ផ្គុំ​បំណែក​ដែល​បែកបាក់​ឱ្យ​ជាប់គ្នា​វិញ​> បាន​សូត្រ​មន្ត​វិជ្ជា​ផ្គុំ​គំនរ​ឆ្អឹង​សត្វ​តោ ហើយ​និយាយ​ថា ឃើញ​ទេ យើង​ពូកែ​ណាស់​។ ព្រាហ្មណ៍​ទី១ និយាយចំអក​ដោយ​ច្រណែន​ថា ឯង​គិតថា​ឯង​​ពូកែ​ណាស់​មែនទេ​! ចាំ​មើល ខ្ញុំ​នឹង​ធ្វើ​ឱ្យ​សត្វ​តោ​នេះ​មានសាច់​មាន​ឈាម​ឡើងវិញ​។ គំនរ​សត្វ​តោ​បាន​ក្លាយទៅជា​មាន​រូបរាង មាន​សាច់ឈាម​....ដែល​កំពុងតែ​ដេក​ងាប់​លើ​ដី។

ព្រាហ្មណ៍​ទី៣ ឃើញ​ហើយ ក៏​កើត​ចិត្ត​រំជួល​នឹង​ចំណេះ​វិ​ជ្ជា​ ​ចង់​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​ដល់​អ្នកដទៃ​។ ព្រាហ្មណ៍​ពុធ គិត​រួចហើយ បាន​ប្រាប់​ទៅ​ព្រាហ្មណ៍​ទាំង៣ ថា សូមកុំ​ធ្វើ​ឱ្យ​តោ​នេះ​រស់​ឡើងវិញ​ឱ្យ​សោះ ព្រោះ​វា​អាច​ស៊ី​យើង​ទាំងអស់គ្នា​ តែ​ព្រាហ្មណ៍​ទាំង៣ មិន​ស្តាប់​ទេ។ ពុធ​ក៏​សម្រេចចិត្ត​ឡើងដើមឈើ​ម្នាក់ឯង។ ក្រោយមក ព្រាហ្មណ៍​ទី៣ ក៏បាន​សូត្រ​មន្ត​វិជ្ជាការ​ប្រោះ​សត្វ​តោ​ឱ្យ​មានជីវិត​រស់​ឡើងវិញ។ ព្រាហ្មណ៍​ទាំង៣ នាំគ្នា​សប្បាយ​បានមួយភ្លែត តែ​ក្រោយពី​សត្វ​តោ​រស់​ឡើងវិញ តោ​បាន​សង្គ្រុប​​ស៊ី​ព្រាហ្មណ៍​ទាំង៣នាក់ ស្លាប់​ទៅ​ហោង។ គម្ពីរ​បញ្ច​តន្រ្តៈ ផ្នែក អប​រី​ក្សិ​តការ​ក - Aparïksitakárakam​ ដែល​និយាយ​ពី​ទង្វើ​ដែល​ឥត​ពិចារណា​មុន ឬ Ill​-Considered Actions បាន​បង្ហាញ​តាម​នូវ​ទស្សនៈ​ជាច្រើន​អំពី​អ្នកធ្វើ​មិន​គិត ឬអ្នក​ចំណេះដឹង​ ដូចជា​និទាន​ <ព្រាហ្មណី និង​សត្វ​ស្ការ​> ដែលខ្ញុំ​រៀបរាប់​កាល​ពី​ម្សិល​មិញ​ជាដើម។ ចំណេះវិជ្ជា បើ​រៀន​ចេះ យក​ត្រឹមតែ​អួត​គ្នា ឬសម្ញែង​ថា​ខ្លួន​ចេះ គួរ​ពុំ​ចេះ​ល្អ​ជាង។ ចំណេះវិជ្ជា បើ​ចេះ​ហើយ តែ​មិន​ធ្វើ មិន​អនុវត្ត ឬបើ​ធ្វើ​ដោយ​ខ្វះ​សុភ​វិនិច្ឆ័យ​ដូច​និទាន​ខាងលើ ក៏​ពុំគួរ​ចេះ​ល្អ​ជាង។ ចំណេះវិជ្ជា​ឱ្យ​ផល​មានប្រយោជន៍​តែ​ចំពោះ​បុគ្គល​ណា​ដែល​អនុវត្ត​ជាក់ស្តែង​ប៉ុណ្ណោះ។ ការ​យកចំណេះ​មក​ឈ្លោះ​ព្រោះ​រឿង​ឥតប្រយោជន៍ ក៏​ពុំគួរ​ចេះ​ល្អ​ជាង។ ខ្ញុំ​មិន​រៀបរាប់​ថែមទៀត នាំ​តែ​អត្ថបទ​កាន់តែ​វែង ដ្បិត​និទាន​ពី​រឿង​ព្រាហ្មណ៍​ទាំង ៤នាក់ ខាងលើ គឺ​ល្មម​ឱ្យ​អ្នកអាន​ត្រិះរិះ​ពិចារណា​ដោយសមគួរ​ខ្លួនឯង​ហើយ។

សូម​ឧទ្ធិ​សគំ​និ​ត ចំណេះដឹង ទាំងអស់​ដែល​ខ្ញុំ​ចាំ ចេះ យល់ ដល់​អ្នកប្រាជ្ញ​បុរាណ​ទាំងឡាយ។ ខ្ញុំ​សុំ​ធ្វើ​ត្រឹមតែ​ជា​រៀនសូត្រ​ធម្មតា ដែល​ជា​អ្នកដើរ​ឃើញ​នូវ​ចំណេះ​ដឹង​ល្អ​ៗ មក​ចែករំលែក​ដល់​បង​ប្អូន​ក្មេង​ៗប៉ុណ្ណោះ​។ អ្នកអាន​អាច​អាន​បន្ថែម​គម្ពីរ បញ្ច​តន្រ្តៈ - Panchatantra​ និង​គម្ពីរ សុភាសិត - Subhāṣita ដែល​ប្រមូលចងក្រង​ដោយ​មជ្ឈ​មណ្ឌល​គន្ធី (Gandhi Centre​)

គិតពិចារណាផ្សារភ្ជាប់កម្មបង្កើតផល


មនុស្សអាក្រក់​ដែល​មានចំណេះ​វិជ្ជា បើ​យកចំណេះ​ទៅ​អនុវត្ត គឺ​នឹង​បានផល​អាក្រក់​កាន់តែ​ច្រើនឡើង រី​ឯបុគ្គល​ល្អ​ដែល​មានចំណេះ​វិជ្ជា​វិញ បើ​ពុំ​យកចំណេះ​ទៅ​អនុវត្ត​ទេ គឺ​បាន​ត្រឹម​តែល្អមើល។ មនុស្ស​អាក្រក់ ធ្វើសកម្មភាព​បាន​ច្រើន លទ្ធផល​អាក្រក់​ក៏​ច្រើន។ មនុស្ស​ល្អ ចេះ​ច្រើន តែ​មិន​ធ្វើសកម្មភាព​ជាក់ស្តែង​សោះ លទ្ធផល​ក៏​ពុំ​មាន​ដែរ ប្រៀប​ដូចជា​ផ្ទះ​អ្នក​ឧស្សាហ៍ តែង​មាន​មាសប្រាក់ តែ​ផ្ទះ​អ្នក​ខ្ជិល មានតែ​ក្តី​ក្តៅក្រហាយ។ ក្នុង​គម្ពីរ បញ្ច​តន្រ្តៈ​ - Panchatantra មាន​និទាន​ពី ព្រាហ្មណី​និង​សត្វ​ស្ការ​៖ នៅ​នគរ​មួយ មាន​ព្រាហ្មណ៍​ម្នាក់​ដែល​មាន​ភរិយា​ទើបតែ​បង្កើត​បានកូន​ប្រុស​មួយ។ ថ្ងៃមួយ បុរស​ជា​ប្តី​បាន​ចេញទៅ​ព្រៃ ហើយក៏​បាន​ជួបនឹង​ស្ការ​មួយ​ក្បាល ដែល​កំពុងតែ​សោកសៅ ព្រោះ​កូន​ខ្លួន​ស្លាប់។ ព្រាហ្មណ៍​ឃើញ​ដោយ​ក្តី​អាណិតអាសូរ ក៏បាន​នាំ​ស្ការ​ញី​មក​ចិញ្ចឹម​នៅផ្ទះ​ខ្លួន។

គ្រាមួយ ភរិយា​របស់​ព្រាហ្មណ៍​បាន​ទុក​កូនប្រុស​ខ្លួន​ចោល​នៅនឹង​អង្រឹង ហើយ​បាន​ចេញទៅ​ដងទឹក​នៅ​មាត់បឹង។ មួយសន្ទុះ​ក្រោយមក ស្រ្តីជា​ភរិយា​បាន​ត្រលប់​មកវិញ ហើយក៏​បានឃើញ​មាត់​សត្វ​ស្ការ ដែល​ខ្លួន​បាន​ចិញ្ចឹម​ប្រឡាក់​សុទ្ធតែ​ឈាម។ សត្វ​ស្ការ​សម្លឹង​មក​ព្រាហ្មណី​យ៉ាង​រីករាយ តែ​ព្រាហ្មណី​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​តែ​សត្វ​ស្ការ​ខាំ​សម្លាប់​កូនប្រុស​ខ្លួន ក៏បាន​វាយ​ស្ការ​រហូតដល់​ស្លាប់​ទៅ។ ព្រាហ្មណី​បាន​ស្ទុះ​រត់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ខ្ទម ហើយក៏​បានឃើញ​កូនប្រុស​ខ្លួន​កំពុង​គេងលក់​យ៉ាង​ស្រួល​លើ​អង្រឹង។ នៅ​ក្រោម​អង្រឹង គឺ​មាន​ពស់វែក​ស្លាប់​មួយ​ក្បាល។ ចុងក្រោយ ទើប​ព្រហ្ម​ណី​ដឹង​ថា ខ្លួន​យល់​ច្រឡំ​នឹង​សត្វ​ស្ការ​ថា សម្លាប់​កូនប្រុស​ខ្លួន តែ​តាមពិត​ស្ការ​បាន​ជួយ​កូន​ខ្លួន​មិនឱ្យពស់វែក​ចឹក។ តើមាន​ប្រយោជន៍នឹង​កែប្រែ​កំហុស​ដែល​ខុស​មក​ត្រូវ​យ៉ាងណា បើ​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ​? តើ​និទាន​នេះ​បាន​អប់រំ​អ្វីខ្លះ​ដល់​យើង​?

ធម្មជាតិ​នៃ​អំបិល គឺ​មាន​រសប្រៃ តែបើ​អំបិល​គ្មាន​រសប្រៃ​ទេ តើមាន​ប្រយោជន៍អ្វី​ទៀត​? ប្រៀប​ដូចជា​ចំណេះវិជ្ជា​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​មក​យ៉ាង​លំបាក តែបើ​ចេះ​ហើយ​មិន​ធ្វើ តើ​ចំណេះវិជ្ជា​មានប្រយោជន៍​ពីណា​? មេ​ទ័ពតែង​តែ​អង្គុយ​រៀបចំ​យុទ្ធ​សាស្រ្ត មុន​ចេញ​ធ្វើសង្គ្រាម តែបើ​គ្មាន​ផែនការ​ច្បាស់លាស់ តើមាន​សេចក្តី​សង្ឃឹម​នឹង​ឈ្នះសត្រូវ​បាន​ប៉ុន្មាន​ភាគរយ​? ពាក្យ​ខ្មែរយើង​និយាយ​ថា គិត​មុន​គូរ តែ​កុំ​គូរ​មុន​គិត​ឱ្យ​សោះ​។ មេ​រៀ​នេះ គឺ​ចង់​បង្ហាញ​អ្នកអាន​ឱ្យ​ចេះ​ពិចារណា មុន​សម្រេចចិត្ត​ថា​ធ្វើ​កិច្ច​ណាមួយ។ មុន​ធ្វើអ្វី​មួយ ចូរ​គិត​ឱ្យ​បាន ១០០ដង តែ​ដល់ពេល​ដាក់ដៃ​ដាក់​ជើង​ធ្វើ​ហើយ ទោះ​ដួល ១០០ដង ជួប​ឧបសគ្គ ១០០ជំពូក ក៏​កុំ​បោះបង់​ឱ្យ​សោះ ដែល​ស្រដៀងនឹង​ការ​ទូន្មាន​របស់​សម្តេច សង្ឃរាជ ជួន ណាត ថា ធ្វើអ្វី​ឱ្យ​ស្បាន់ ធ្វើអ្វី​ឱ្យ​បាន ធ្វើអ្វី​ឱ្យ​ផ្ចង់ ធ្វើអ្វី​ឱ្យ​ត្រូវ ធ្វើអ្វី​ឱ្យ​ត្រង់ ធ្វើអ្វី​ឱ្យ​គង់ ធ្វើអ្វី​ឱ្យ​គាប់​។ គំនិត​ដែ​លប​រិយា​យខាងលើ​នេះ ស្រួល សាមញ្ញ ងាយ​យល់ មិន​មានខ្លឹមសារ​ជ្រៅ​ទេ តែ​ពិបាក​នឹង​ធ្វើ។

សូម្បីតែ​អ្នកមាន​សំពាយ​បុណ្យ​កុសល​ពីអ​តី​តជាតិ​ក៏ដោយ តែបើ​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ទេ គឺ​ក្រ​នៅតែ​ក្រ​ដដែល។ គិតពិចារណាផ្សា​រភ្ជាប់​កម្ម បង្កើត​ផល។ បុគ្គល​ដែល​ពុំ​មាន​សេចក្តីល្អ​ក្នុង​ខ្លួន​សោះ កម្រ​នឹង​ពេញ​ចិត្តសេចក្តីល្អ​របស់​បុគ្គល​ដទៃ។ បុគ្គល​ដែល​មាន​សេចក្តីល្អ​តិចតួច តែង​ច្រណែនឹ​ងសេចក្តីល្អ​នៃ​អ្នក​ដែល​មាន​សេចក្តីល្អ​ច្រើនជាង​ខ្លួន។ ដូច្នេះ បុគ្គល​ដែល​មាន​សេចក្តីល្អ​តិចតួច តែបើ​ចេះ​ពេញចិត្ត​នឹង​បុគ្គល​ដែ​លមានសេចក្តី​ល្អ​ជាង​ខ្លួន អ្នកប្រាជ្ញ​បុរាណ​លោក​ថា មានដោយកម្រ​។ ចំណេះវិជ្ជា​អាច​បំផ្លាញ​យើង បើ​យើង​មាន​សេចក្តី​ប្រមាថ។ វិជ្ជាការ​ពារ​តែ​បុគ្គល​ណាដែល​ចេះ ហើយ​មិន​ប្រមាថ​ប៉ុណ្ណោះ។ ព្រះរាជា​បានការ​គោរព​តែ​ពី​រាស្រ្ត​នគរ​ខ្លួន​ប៉ុណ្ណោះ តែ​អ្នកចេះដឹង បើទៅដល់​ទីណាហើយ គឺមាន​អ្នក​គោរព​ឱ្យ​តម្លៃ​ទីនោះ។ រី​ចំណែក​បុគ្គល​ដែល​មានចំណេះ​ដឹង បដិបត្តិ​នូវ​ចំណេះដឹង​ដែលខ្លួនមានឱ្យ​កើតជា​ផល​ផ្លែផ្កា ទោះ​ស្លាប់​ហើយ ក៏​នៅតែ​រស់ ពោល​គឺ​រស់នៅ​បាន​គ្រប់​សម័យកាល។

បើសិនជា​មនុស្ស​សម័យ​អង្គរវត្ត​មិន​ប្រឹងប្រែង​ធ្វើសកម្មភាព​ជាក់ស្តែង​ទេ តើ​អាច​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ដូច​អង្គ​រវត្ត​ទេ​? ពេល​ធ្វើ​ហើយ គឺ​សល់​ទាំង​លទ្ធផល សល់​ទាំង​បទ​ពិសោធ សល់​ទាំង​ទ្រឹ​ស្តី​និង​សល់​ទាំង​គំ​និ​តល្អ​ៗថែមទៀត។ ប៉ុន្តែ​បើ​ចេញ​ពី​ទ្រឹ​ស្តី​មិន​ផុត​ទេ សមិទ្ធផល​អ្វី ក៏​យើង​ពុំ​អាចបន្សល់​បាន​ដែរ។ សៀវភៅសរសេរ​ដើម្បី​ប្រាប់​ពី​ក្បួន​អនុវត្ត តែបើ​មិន​ធ្វើ ហើយ​បានត្រឹមតែ​ក្បូរក្បាច់ គឺ​គ្មាន​ប្រយោជន៍អ្វី​ទាំងអស់។ ទស្សនៈ​ខាងលើ គឺ​ពុំមែន​មើល​ងាយ​ទ្រឹ​ស្តី​ទេ។ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ទាក់ទង​នឹង​គំនិតថ្នា​ក់​ទ្រឹ​ស្តី​ច្រើន​មក​ហើយ ហើយ​អត្ថបទ​មួយ​រយៈ​ចុងក្រោយ​នេះ ខ្ញុំ​និយាយ​ភាគច្រើនពី ការអនុវត្ត​ ការ​ធ្វើ​ផ្ទាល់ និង​ជាក់ស្តែង​និយម​ ដែល​អ្នកអាន​ត្រូវ​បម្លែង​ទ្រឹ​ស្តី​ទៅជា​សកម្មភាព​៕

មាត់មានតែមួយ


យើងដើរដល់ចំណុចទ្រឹស្ដី​ ខណៈដែលគេបានដើរទៅដល់ការធ្វើសកម្មភាពទៅហើយ​ ដូច្នេះ​តើគួរនៅបន្តជជែកតែទ្រឹស្ដីប៉ុណ្ណឹងឬ? ការជជែកអំពីទ្រឹស្ដី​ ជួនកាលវាក៏ជាមូលហេតុនាំឱ្យឈ្លោះប្រកែកគ្នាយកចាញ់ឈ្នះផង​ ហើយនោះគឺព្រោះ​តែការយល់ឃើញតាមភាពសមហេតុផលខុសគ្នារៀងៗខ្លួនហ្នឹងឯង។ ការពិតទៅ​ ទ្រឹស្ដី​គឺគ្រាន់តែជាស្រមោលគំនិត​ រីឯលទ្ធផល​ទើបអាចឆ្លុះបញ្ចាំងតម្លៃនៃទ្រឹស្ដី​ និងគុណភាពជីវិតបាន។ វាមិនសំខាន់ពេកទេថា​តើយើងអាចនិយាយបានល្អ​កម្រិតណា? តើគេនឹងជឿយើងកម្រិតណា? ដែលសំខាន់គឺនៅត្រង់ថា​ តើយើងបានប្រឹងធ្វើហើយឬនៅ? ហើយបានប្រឹងកម្រិតណា? លទ្ធផលយ៉ាងណា?

ទោះយ៉ាងណា​ លទ្ធផល​ល្អឬមិនល្អ​ វាគ្រាន់តែជាផ្នែកមួយនៃជីវិត​ប៉ុណ្ណោះ​។ វាមិនមែនជាអ្វីៗគ្រប់យ៉ាងនៃជីវិតនោះទេ។ ពុំគួរយកលទ្ធផលនៃរឿងរ៉ាវណាមួយមកកំណត់ជីវិត​ ឬដាក់តម្លៃដល់ខ្លួនឯងទេ​ ព្រោះថារឿងមួយមានលទ្ធផលមួយ​ ហើយលទ្ធផលនៃរឿងមួយមិនមែនជាលទ្ធផលនៃរឿងគ្រប់យ៉ាងនោះទេ។ ជីវិតត្រូវជួប​និងត្រូវប្រឹងប្រែងដោះស្រាយរឿងយ៉ាងច្រើន​ផ្សេងៗ​ទៀត ហើយក៏នឹងទទួលបានលទ្ធផលខុសគ្នាយ៉ាងច្រើនផ្សេងៗផង។

ធម្មជាតិ​បង្កើតត្រចៀកពីរ​ ភ្នែកពីរ​ ដៃពីរ​ ជើងពីរ​ និងមាត់មួយគឺដើម្បីឱ្យយើងប្រឹងស្ដាប់​ ប្រឹងមើល​ និងប្រឹងធ្វើឱ្យបានច្រើន​ជាងនិយាយតែទ្រឹស្ដី។​ ដូច្នេះប្រឹងស្ដាប់​ទៅ! ប្រឹងធ្វើទៅ! គេនឹងឃើញដោយខ្លួនឯង​ ហើយនឹងដឹងដោយមិនចាំបាច់និយាយប្រាប់ទៀតផង។ ប៉ុន្តែ​នៅចុងបញ្ចប់គឺនៅតែថា ទោះជាគេដឹង​ ឬមិនដឹងក៏វាមិនទាក់ទងនឹងរឿងដែលត្រូវធ្វើដែរ។

(អត្ថបទនេះ​មិនឆ្លុះបញ្ចាំងពីនរណាទេ)

ការផ្ទឹមខ្លឹមសារគ្នា ៣


អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន (១)  អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ (២)អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ (៣)

អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន (១)
​ការប្រកួត​ប្រជែង​គំនិត គឺ​ត្រូវ​ប្រកួតប្រជែង​ទៅលើ​សមត្ថភាព​វែកញែក។ ការ​វែកញែក​ល្អ ឬមិន​ល្អ គឺ​អាស្រ័យ​លើ​ពេលវេលា​នៃ​ការ​ឆ្លងកាត់​ការសិក្សា​អប់រំ កា​រៀនសូត្រ ការ​អាន​សៀវភៅ។ ចុះបើ​យើង​មិនមែន​ជា​អ្នករៀន មិនមែន​ជា​អ្នក​សិក្សា​ស្រាវជ្រាវ មិនមែន​ជា​អ្នកអាន​សៀវភៅ តើ​យើង​ជឿ​ប៉ុន្មាន​ភាគរយ​ដែល​ថា អ្វី​ដែល​យើង​យល់ វា​ត្រឹមត្រូវ​អាចយ​កជា​ការបាន​? យើង​មិន​អាចយ​កអារម្មណ៍​មក​វែកញែក​ខុសត្រូវ​បានទេ ប្រៀប​ដូចជា​មនុស្ស​មិន​អាចយ​កត្រចៀក​មក​មើលរូប​ភាព​បាន​ឡើយ។ តើ​ត្រូវ​ធ្វើ​យ៉ាងណា ទើប​អាច​ដឹង​ថា​អ្វី​ដែល​យើង​គិតខុស ឬត្រូវ​? អ្នករៀន​សូត្រ អ្នក​សិក្សា​ស្រាវជ្រាវ អ្នកអាន​ច្រើន គឺ​ត្រូវ​ចេះ​ប្រៀបធៀប​ផ្ទៀងផ្ទាត់​គំនិត។ យក​អ្វី​ដែល​យើង​យល់ ទៅ​ផ្ទៀង​នឹង​គំ​និ​តចាស់​ៗដែល​អ្នកចេះដឹង​បាន​បន្សល់ទុក​ពីមុន ទើប​ច្បាស់​ថា​ត្រឹមត្រូវ អាច​ប្រើ​ការបាន​ឬយ៉ាងណា។ ផ្ទុយទៅវិញ បើ​យើង​មិនមែន​ជា​អ្នករៀន មិនមែន​ជា​អ្ន​កសិ​ក្សា​ស្រាវជ្រាវ មិនមែន​ជា​អ្នកអាន​ទេ តើ​យើង​អាច​ទុកចិត្ត​ខ្លួន​ប៉ុន្មាន​ភាគរយ​ថា​អ្វី​ដែល​យើង​យល់ វា​ត្រឹមត្រូវ​? នេះ​ជា​ដំណាក់កាល​វែកញែក​ថ្នាក់​ហេតុផល ដែល​មិនទាន់​និយាយ​ដល់​លទ្ធផលជាក់​ស្តែង​ផង។ តើ​គំនិត​មួយ​ដែល​ត្រូវ ឬខុស ត្រូវ​វាស់​តាមរបៀប​ណា​ទៀត​?

អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ (២)
ការ​គិត​ត្រូវ ធ្វើ​ត្រូវ គឺ​នឹង​បាន​លទ្ធផល​ល្អ។ គិតខុស នាំ​ឱ្យធ្វើ​ខុស ធ្វើខុស មិន​អាច​បាន​លទ្ធផល​ត្រូវ​បានទេ។ ការវាស់វែង​គំនិត ក្រៅពី​វាស់​នៅ​លើក​ត្តា​ក្នុង​ខ្លួន​របស់​យើង​ហើយ គឺ​ត្រូវ​វាស់​ដោយ​លទ្ធផល​ដែល​សម្រេច​បាន​តាមរយៈ​ការអនុវត្ត​​សកម្មភាព​ពី​គំនិត។ លទ្ធផល​ល្អ វា​បង្ហាញថា​គំនិត​ត្រូវ តែ​លទ្ធផល​មិនល្អ វា​បង្ហាញថា​ការ​គិតខុស។ មនុស្សម្នាក់​មាន​សមត្ថ​ភាព​ឬមិន​មាន គឺ​គេ​មិន​វាស់​លើ​របៀប​ធ្វើការងារ​ទេ តែ​គេ​វាស់​លើ​លទ្ធផល​ការងារ។ សិស្ស​ម្នាក់​ពូកែ​ឬមិន​ពូកែ គឺ​ត្រូវ​វាស់​លើ​ពិន្ទុ​ដែល​ទទួល​បាន​ពី​សមត្ថភាព​ពិត។ ក្រៅពី​វាស់​តាមរបៀប​ខាងលើ គឺ​គុណភាព​គំនិត​នឹង​ត្រូវ​វាស់​លើ​គុណភាព​នៃ​ឥរិយាបថ កាយវិការ សុជីវធម៌ សីលធម៌​នៃ​ការរស់នៅ​...។ មនុស្សម្នាក់​អាច​មានគំនិត​ល្អ​ច្រើន តែបើ​កាយ​វិ​ការ​មិនល្អ សុជីវធម៌​មិនល្អ គ្មាន​សីលធម៌ ច្រងេងច្រងាង និយាយ​ស្តី​ឈ្លើយ មិន​ចេះ​គោរព​ឱ្យ​តម្លៃ​អ្នកដទៃ ចេះតែ​ប្រើពាក្យ​សម្តី​ឌឺដង សម្តី​និយាយ​យក​តែ​ឈ្នះ​...គឺ​ពិបាក​នឹង​ធ្វើខ្លួន​ឱ្យ​កើតជា​ប្រយោជន៍​សម្រាប់​អ្នកដទៃ​ណាស់។ លក្ខខណ្ឌ គឺ​វា​បង្ហាញថា ចំណេះដឹង​ដែល​មាន គំ​និ​តល្អ​ៗដែល​មាន គឺ​ទុក​សម្រាប់​តែ​លែង​ល្បែង​តក្កវិជ្ជា ឬល្បែង​ប្រាជ្ញាឈ្លាស​វៃ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​នេះ ខ្ញុំ​មិនទាន់​បាន​និយាយ​ពី​លទ្ធផល​ដែល​បាន​មក​ពី​ចំណេះវិជ្ជា ដែល​ធ្វើ​ឱ្យ​ចិត្ត​រួច​រដោះ​ខាង​ក្នុ​ងផង។ ចិត្ត​រួច​រដោះ គឺ​មិន​ច្រណែន ខឹង​តិច ខ្វល់ខ្វាយ​តិច ស្គាល់​សកម្មភាព​ធម្មជាតិ មិន​ធ្វើការងារ​យកមុខ មិន​ប្រឹង​ដើម្បី​ល្បី​...។ ប្រឹង​ធ្វើ បើ​បាន​ក៏​យក បើ​មិនបាន​ក៏​មិន​ខ្វល់ តែ​ខ្វល់​តែ​ម្យ៉ាង គឺ​អំពើ ឬកម៌។ ចេះ​ធ្វើទាន មាន​សីល ស្ងប់ស្ងាត់​ក្នុង​ការរស់នៅ មិន​រំជើបរំជួល មិន​ឱ្យ​តម្លៃ​ភាព​ស្អាត​ត្រឹម​សម្បក​កាយ មិន​ខ្វល់ខ្វាយ​នឹង​កាមតណ្ហា​ដែល​មនុស្សលោក សត្វ​ខ្លះ​និយម ស្រីញីអូនបង ល្បែងញៀនញ៉ាម​...។ ចំណុច​នេះ ខ្ញុំ​យល់ថា​មិន​ចាំបាច់​ខ្វល់​ពេក​ទេ (អ្នករៀន​សូត្រ​ធម្ម​តាៗ ក៏​គេច​មិន​ផុត​ដែរ ជាពិសេស​រឿងស្រីៗ។ និយាយ​ឱ្យ​អាក្រក់​ស្តាប់ អ្នកខ្លះ​កាន់តែ​ចេះ កាន់តែ​ល្មោភកាម។ កាន់តែ​ចេះ កាន់តែ​ល្មោភ​កេរ្តិ៍ឈ្មោះ។ កាន់តែ​ចេះ កាន់តែ​ចង់ឱ្យ​គេ​ដឹង​...) ព្រោះ​អ្នក​ដែល​អាច​យល់​បាន លុះត្រាតែ​បដិបត្តិ​សមាធិ​ជាប្រចាំ​...។

អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ (៣)
ចិត្ត​ដែល​មិនបាន​អប់រំ​ល្អ គឺជា​ចិត្ត​ដូច​កូនក្មេង។ ខ្ញុំ​ធ្លាប់​សរសេរ​អត្ថបទ​ទាក់ទង​អំពី​ចិត្ត​នេះ​ច្រើន​គួរសម​ដែរ ជាពិសេស​មាន​អត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ថា ខួរក្បាល​ជា​បណ្ឌិត តែ​ចិត្តជា​កូនក្មេង​។ ទស្សនៈ​នេះ គឺ​ចង់​ប្រៀបធៀប​អ្នកចេះដឹង​ថ្នាក់​ខួរក្បាល (តែ​មិន​ចិត្តស្ងប់​) ទៅ​នឹង​មនុស្ស​ដែល​មានចិត្ត​ដូច​កូនក្មេង។ កូនក្មេង​ងាយ​ខឹង ងាយ​អាក់អន់​ចិត្ត ងាយ​ទទួលអារម្មណ៍ ងាយ​យំ ងាយ​សើច ចូលចិត្ត​ពាក្យលួងលោម (ទោះជា​កលមាយា ក្លែងក្លាយ​ក៏ដោយ។ ឧទាហរណ៍ កូន​ឆ្លាត​ដាច់គេ កូន​ល្អដាច់គេ កូន​ស្អាត​ដាច់គេ​...)...។ មនុស្ស​គ្រប់រូប​មាន​តណ្ហា​ដឹកនាំ។ មនុស្ស​គ្រប់រូប​មាន​វិជ្ជា​ជា​ទៀន​បំភ្លឺ​ខ្លួន ទោះ​នៅ​ទីណា​ក៏ដោយ មាន​បញ្ហា​អ្វីក៏ដោយ ក៏​ទៀន​នេះ​នៅតែ​ភ្លឺ​ដែរ។ ចំណែក​អ្នក​គ្មាន​វិជ្ជា ចំណេះ​ក៏​គ្មាន ទៀន​សម្រាប់​បំភ្លឺ​ខ្លួន​ក៏​គ្មាន។ ជា​ធម្មតា​មនុស្ស​គ្រប់គ្នា​មាន​សេចក្តីល្អ​ក្នុង​ខ្លួន តែ​សំខាន់​តើ​យើង​ចេះ​មើល​ទេ។ ចិត្តច្រណែន វា​អាច​ធ្វើ​ឱ្យ​យើង​សម្តែង​ធ្វើ​ខ្វា​ក់​មើល​មិនឃើញ​នូវ​ទង្វើ​ល្អ​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ។ បើ​ចង់​ចោទ​មនុស្សម្នាក់​ថា​អាក្រក់ មិន​ខ្វះ​ទោស​ចោទ​ទេ ហើយ​ចង់​សរសើរ​មនុស្សម្នាក់​ថា​ល្អ ក៏​មិន​ខ្វះ​សេចក្តីល្អ​លើកយក​មក​បង្ហាញ​ដែរ។ បើ​យើង​មើល​មក​ខ្លួនឯង​ឃើញថា យើង​មិនបាន​ធ្វើ​អាក្រក់​ទេ គឺ​យើង​ក៏​គួរ​ស្ងប់ចិត្ត​នឹង​ខ្លួនឯង ហើយ​បន្តដំណើរ​។ មនុស្ស​មិន​គ្រប់ទឹក​ខ្លះ​អាច​ចាប់​សត្វ​មាន់​ទុក ឬក៏​រឹតក​សត្វ​មាន់ មិន​ឱ្យ​រងាវ​ពេលព្រឹក ពីព្រោះ​មិន​ចង់ឱ្យ​ព្រះអាទិត្យ​រះ។ ដឹង​ក្នុងចិត្ត​ថា តែ​ប៉ុណ្ណេះ ព្រះអាទិត្យ​នៅ​ថ្ងៃស្អែក គឺ​មិន​រះ​ទេ​។ មិន​ចេះ អាច​រៀន​ចេះ។ រៀន​ចេះ តែ​មិន​ធ្វើ អាច​រៀន​ធ្វើ។ ធ្វើ​មិនបាន​ល្អ គឺ​ត្រូវ​រៀន​បន្ត​ទៀត។ ផ្តល់​តម្លៃ​ទៅជា​លើស​កម្ម​ភាព​មនុស្ស​ជាង​សម្តី។ សម្តី​ល្អ ល្អ​បំពេញ​ត្រឹមតែ​ចិត្ត តែ​ទង្វើ​ល្អ បង្ហាញ​អស់រលីង​តែម្តង (និយាយ​ហើយ​ធ្វើ​)។ យើង​មិន​អាច​ប្រមាថ​ទឹកចិត្ត​មនុស្ស​បានទេ ដ្បិត​​គុណ​ធម៌យើង​នៅកន្លែង​ណា បើ​សូម្បីតែ​សេចក្តីល្អ​ដែល​បុគ្គល​ដទៃ​បាន​ធ្វើ​នៅនឹង​ភ្នែក​ហើយ យើង​មើល​មិនឃើញ​ផង​?

បុរសចំណាស់ម្នាក់ មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់នាឡិកាចាស់មួយគ្រឿងទៅឱ្យកូនប្រុសនោះ និងបានប្រាប់ឱ្យកូនយកនាឡិកានោះទៅលក់នៅហាងនាឡិកា ពេលកូនប្រុសត្រឡប់មកវិញ ប្រាប់ឪពុកថាគេឱ្យតម្លៃ៥ដុល្លារ ព្រោះនាឡិកានោះចាស់ពេក។

ឪពុកក៏ឱ្យកូនយកទៅលក់នៅហាងកាហ្វេ កូនត្រឡប់មកវិញក៏និយាយដូចមុន ថាមកពីនាឡិកានោះចាស់ពេក។

រួចហើយលោកពុកក៏ឱ្យកូនយកទៅសារមន្ទីរ កូនត្រឡប់មកវិញញញឹមរីករាយ និងប្រាប់ពុកទាំងត្រេកអរថា នាឡិកានោះគេហ៊ានឱ្យតម្លៃរាប់លានដុល្លារ។

ពុកញញឹម ចាប់ដៃកូនប្រុសរួចនិយាយថា នេះជាមេរៀនដែលពុកចង់ឱ្យកូនឈ្វេងយល់។ តាមពិតតម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ។ ចូរកុំយកតម្លៃរបស់ខ្លួនទៅចំណាយនៅកន្លែងខុស កុំនៅជាមួយអ្នកដែលមើលមិនឃើញតម្លៃរបស់យើង ហើយកុំខឹងពេលគេមិនឱ្យតម្លៃយើង ត្រូវចេះរកកន្លែងណាដែលសមនឹងតម្លៃយើងពិតប្រាកដវិញ ទើបជីវិតយើងពោរពេញដោយក្ដីសុខ៕

-------------------------------- 
ប្រភព៖ បរទេស

Sunday, July 5, 2020

សេចក្តីសង្ស័យខុស?



មានតែ​សកម្មភាព​និង​ទង្វើ​ជាក់ស្តែង​ប៉ុណ្ណោះ ដែល​អាច​បង្ហាញ​បុគ្គល​សង្ស័យ​និយម​ហួសហេតុ​ថា អ្វីមួយ​ខុស​ពិត និង​អ្វីមួយ​ខុស​ក្លែង​ក្លែង​។ សេចក្តី​មន្ទិល សេចក្តី​សង្ស័យ វា​អាច​ជា​ថ្នាំ​សម្រាប់​អ្នកមាន​បញ្ញា និង​វា​អាច​ជា​រោគា​សម្រាប់​អ្នក​ខ្វះ​បញ្ញា។ អ្នកមាន​បញ្ញា​ឆ្លាត អាច​ពិចារណា​ចាក់ធ្លុះ​នូវ​ការពិត​ទាំងឡាយ មិនថា​តែ​ការ​មើល​ដឹង​បុគ្គល​ល្អ​ពិត ឬបុគ្គល​ល្អ​ក្លែងក្លាយ ចំណេះដឹង​ពិត ឬចំណេះដឹង​ក្លែងក្លាយ​ទេ។ អ្នក​មិន​មាន​បញ្ញា គឺ​ត្រូវការ​ហ៊ាន​ទុក​ចិត្ត ដែល​ត្រូវតែ​ទុកចិត្ត​ថា​បុគ្គល​នេះ​ល្អ​ពិត ទោះ​ក្នុង​លក្ខខណ្ឌមិន​យល់តាម​ថ្នាក់​ហេតុផល​ក៏ដោយ។ កាលបើ​និយាយ​ពី​សទ្ធា គឺ​មាន​ចរិតលក្ខណៈ​នៃ​ពាក្យ​ពីរ៖ ទី១ គឺ ចំណេះដឹង​ខួរក្បាល ការយល់​ដោយ​ប្រាជ្ញាឈ្លាស​វៃ ការវិភាគ​វែកញែក​ហេតុផល។ ចរិតលក្ខណៈ​ទី២ គឺ ជំនឿ​ទុកចិត្ត​ដែល​កើត​ចេញពី​បេះដូង មនោ​រម្ម​ណ៍​ដោយ​ពុំ​ចាំបាច់​ពិចារណា​ច្រើនពេក​។ និយាយ​ដោយ​ខ្លី ចរតិ​តលក្ខណៈ​នៃ​ពាក្យ​សទ្ធា​នេះ គឺ ទំនុកចិត្ត -Trust (heart​) ដែល​ចេញពី​ចិត្ត​ បូក​នឹង ជំនឿ​​តាម​បែប​ហេតុផល - Believe (head​)

ឧទាហរណ៍​ នារី​ម្នាក់​និង​បុរស​ម្នាក់​មានចិត្ត​ស្រឡាញ់​គ្នា​ប្តូរផ្តាច់ ដឹងចិត្ត​គ្នា​ច្បាស់ តែ​ថ្ងៃមួយ​មាន​អ្នក​ដែល​ចង់​បំបែកបំបាក់​ស្នេហា ប្រាប់​ទៅ​នារី​ថា បុរស​នេះ​មាន​ស្រី​ថ្មី ក្បត់​អ្នក​ហើយ​។ អ្នក​បំបែក​បំបាក់​ក៏បាន​និយាយ​សម្តី​ដូចគ្នា​នេះ​ទៅ​បុរស​ថា នារី​ដែល​អ្នក​ស្រឡាញ់ ពេលនេះ​មាន​ប្រុស​ថ្មី ក្បត់​អ្នក​ហើយ​។ ដោយអំណាច​នៃ​ទំនុកចិត្ត​គ្នា គឺ​នារី​និង​បុរស​ពុំ​បាន​ជឿ​ពាក្យ​មួលបង្កាច់​អ្នក​បំបែកបំបាក់​ទេ ទោះ​ចង់​បំបែក​តាម​ហេតុផល​សមរម្យ​យ៉ាងណា ក៏​មិន​ជឿ​ដែរ។ ចំណុច​នេះ មិន​ខុសពី​ការ​ស្បថស្បែ​ររបស់​បងប្អូន​លីវ ប៉ី ដែល​សច្ចា​ស្លាប់រស់​នៅនឹង​គ្នា ហើយ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទោះ​អ្នកណា​បំបែកបំបាក់ និយាយអាក្រក់​ពី​បងប្អូន​ខ្លួន ក៏​មិន​អាច​បំបែក​បងប្អូន​បី​នាក់​នេះ​បាន​ដែរ។ បើ​និយាយ​ក្នុង​ការ​ធ្វើទាន ក៏​អ៊ីចឹង​ដែរ​, បរិស័ទ​ម្នាក់​ជួយ​ព្រះសង្ឃ​ឱ្យ​រៀនសូត្រ​ដោយ​ពុំ​ចង់បាន​អ្វី​ត្រលប់​មកវិញ។ ចិត្ត​​រីករាយ​ដោយ​បាន​ធ្វើបុណ្យ​នឹង​បុគ្គល​ដែល​គួរ​ធ្វើ។ នេះ​ជា​ចំ​ណុច​ខ្លះ​ៗនៃ​ការយល់ឃើញ​របស់ខ្ញុំ​ប៉ុណ្ណោះ។ តើ​ហេតុអ្វី ខ្ញុំ​និយាយ​ពី​មន្ទិលសង្ស័យ​នេះ​?

បុគ្គល​មានមន្ទិល តែ​បាន​ព្យាយាម​ប្រើ​ប្រាស់​​បញ្ញា​រហូត​ចាក់ធ្លុះ​ការពិត គឺ​នឹង​ដើរទៅ​ដល់​គោលដៅ​នៃ​ចំណេះដឹង។ ប៉ុន្តែ​បុគ្គល​នៅតែ​មានមន្ទិល ហើយ​គ្មាន​បញ្ញា​ចាក់ធ្លុះ​សេចក្តី​ពិត​ទេ គឺ​វិល​​ទៅមុខ​មិន​រួច​ឡើយ។ ដូច្នេះហើយ​សម្រាប់​អ្នក​ដែល​ខ្វះ​សមត្ថភាព​បញ្ញា​ចាក់ធ្លុះការពិត ខ្វះ​សមត្ថភាព​ចាក់ធ្លុះ​ត្រូវ​ខុស គឺ​សូម​ត្រឹមតែ​មានទំនុក​ចិត្ត​ដោយ​ពុំ​បាច់​មានហេតុ​ផល​អ្វី​ឡើយ។ ខ្ញុំ​និយាយ​បែបនេះ គឺ​ពុំមែន​មានន័យថា​ឱ្យ​បិទ​ការ​គិត តែបើ​គិត​មិន​ចេញ​ទេ គឺ​សូម​ត្រឹមតែ​ធ្វើតាម ហើយ​អនុវត្ត​គំនិត ដ្បិត​កុំ​រស់នៅ​ក្នុង​សេចក្តី​សង្ស័យ​ត្រាំត្រែង​យូរ​ពេក។ ការ​ត្រាំត្រែង​ក្នុង​មន្ទិល​យូរ គឺជា​ការ​ខាតពេល​វេលា​ក្នុង​ការ​ទទួលយក​គំ​និ​តល្អ​ៗ។ ទស្សនៈ​ខាងលើ គឺ​ខ្ញុំ​បា​នប​ញ្ជូ​លក្បួន​តាម​បែប​សាសនា​បន្តិច ព្រោះ​សាសនា​មាន​បង្ហាញ​វិធី​ច្រើន​ដើម្បី​បង្ហាញ​ទៅ​រក​ចំណេះដឹង ជាពិសេស គឺចិត្ត​រួច​រដោះ​។ ការរៀនសូត្រ​ទាំងឡាយ បើ​អ្នក​មិន​ទុកចិត្ត​គ្រូ​ទេ ឬមានមន្ទិល​សង្ស័យ​ច្រើន គឺ​កម្រ​នឹង​ទទួល​បាន​ប្រយោជន៍​ណាស់។

ក្នុងចំណោម​អ្នក​ថ្វាយខ្លួន​ជូន​ព្រះ ឬប្រគល់ខ្លួន​ប្រគល់​ចិត្ត​ទៅ​សាសនា គឺ​មាន​អ្នក​ឆ្លាត មាន​អ្នកចេះ មាន​អ្នក​មិន​ឆ្លាត មាន​អ្នក​មិន​ចេះ មាន​អ្នក​ខ្សោយ​បញ្ញា​...។ មន្ទិល វា​នាំ​ឱ្យ​រាំងផ្លូវ​សម្រាប់​អ្នក​ខ្វះ​បញ្ញា ហើយ​ពេលខ្លះ មន្ទិល វា​ក៏​ធ្វើ​ឱ្យ​យើង​មាន​បញ្ញា​ដែរ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ គឺ​ដាច់ខាត​ត្រូវ​ចេះ​បែងចែក​កាលៈទេសៈ។ ការ​អាន​សៀវភៅ ពេលខ្លះ​យើង​អាន​មិន​យល់ គិត​ហើយ​មិន​សម​ហេតុផល តែបើ​មានឱកាស​អនុវត្ត​គំនិត​ដែល​យើង​គិតថា​មិន​សម គឺ​គួរតែ​សាកល្បង​អនុវត្ត។ មាន​ឧបមា​ជាច្រើន​ដែល​បាន​បើក​​បង្ហាញផ្លូវ​ដល់​អ្នក​សង្ស័យ​ធម៌ ឬសេចក្តី​ពិត ឬសច្ចៈ មិនថា​ក្នុង​គម្ពីរ​សាសនា ឬព្រះ​ត្រៃបិដក​ទេ។ មន្ទិល​ព្រះ​ខ្ជិល មន្ទិល​ព្រះ​ប្រមាថ មន្ទិល​ព្រោះ​អវិជ្ជា។ ទ្រឹ​ស្តី​ពុទ្ធនិយម អវិជ្ជា គឺជា​មន្ទិល​ក្រៃលែង។ គោលបំណង​នៃ​អត្ថបទ​នេះ គឺ​ខ្ញុំ​ផ្តោត​ការអនុវត្ត​​ច្រើនជាង​ការ​វិលវល់​វង្វេង​នឹង​ទ្រឹ​ស្តី ឬមិន​ច្បាស់លាស់ មិនទៅ​មុខ។ អត្ថបទ​នេះ សម្រាប់​ពិចារណា​ប៉ុណ្ណោះ​!!

អ្វីក៏ខ្ញុំចេះដែរ?


គោលបំណង​នៃ​ការ​មាន​សីល គឺ​ដើម្បី​ចិត្ត​នឹងន​ក្នុង​សមាធិ មិន​រំជើបរំជួល​ក្នុង​អារម្មណ៍។ សមាធិ​ជា​ដំណើរ​ទៅ​រក​បញ្ញា។ បញ្ញា​ជា​ដំណើរ​ទៅ​រក​ការ​រួច​រដោះ​ចិត្ត ការ​ចាក់ធ្លុះ​ដល់​សច្ចភាព និង​វិមុត្តិ​ចិត្ត។ គោលបំណង​នៃ​ចំណេះដឹង គឺ​ដើម្បី​ធ្វើ​ជាក់ស្តែង។ ដំណើរ​នៃ​ទង្វើ គឺ​ដើម្បី​បាន​ជា​ផល។ ផល គឺ​ត្រូវជា​ផល​ត្រឹមត្រូវ។ ផល​ត្រឹមត្រូវ គឺ​បាន​មក​ពី​ការ​ទទួល​បាន​ចំណេះដឹង​ត្រឹមត្រូវ គិតពិចារណា​ត្រូវ និង​ធ្វើ​ត្រូវ។ ចំណេះដឹង​ទាំងឡាយ​ដែល​មនុស្ស​ចេះ តែបើ​មិនបាន​ធ្វើ​ឱ្យ​កើតជា​ផល​ទេ គឺ​ចាត់ទុក​ស្មើនឹង​មិន​ចេះ។ ខ្ញុំ​ចង់ឱ្យ​អ្នកអាន​វែកញែក​ឱ្យ​ដាច់​ពីគ្នា​រវាង​ចំណេះដឹង​ថ្នាក់​ប្រាជ្ញាឈ្លាស​វៃ (Intellectual Knowledge​) និង​ចំណេះដឹង​ថ្នាក់​ពិសោធ (Experiences​)។ តើ​អ្វី​ជា​ចំណេះដឹង​ថ្នាក់​ប្រាជ្ញាឈ្លាស​វៃ​?

ព្រះយេស៊ូ​មាន​បន្ទូល​ថា សូម​មាន​បញ្ញា​ដូចជា​អ្នកនេសាទ​ត្រី​នៅ​លើ​ផ្ទៃសមុទ្រ​! អ្នកនេសាទ គឺ​នេសាទ​ត្រី​បាន​ត្រី​ជាច្រើន តែ​ទុក​ត្រី​ធំ ព្រលែ​ងត្រី​តូច​ចូល​ក្នុង​សមុទ្រ​វិញ​។ អ្នក​ឆ្លាត គឺ​តែង​រៀន​ពី​ចំណេះ​ដែល​អាច​មានប្រយោជន៍ ហើយ​អាច​អនុវត្ត​បាន​ប្រយោជន៍​ដោយជាក់​ស្តែង​និយម។ ផ្ទុយពី​មនុស្ស​ឆោត អ្វី​ក៏​ចេះ តែ​សុទ្ធតែ​ជា​ចំណេះ​មិន​មានប្រយោជន៍ ឬអ្នកខ្លះ​ទៀត​ក៏​ពុំ​បាន​យកចំណេះ​ទៅ​អនុវត្ត​ផង​ក៏​មាន។ តើ​អ្នកណា​នៅ​ចាំ​ទ្រឹ​ស្តី ឆាវ ឆាវ ដែល​លើកឡើង​ថា មាន​សមត្ថភាព​មាន​អ្វី​អស្ចារ្យ តែ​ធ្វើជា​ម្ចាស់​លើ​អ្នកមាន​សមត្ថភាព ទើប​អស្ចារ្យ​។ គំនិត​របស់​ឆាវ​ឆាវ​នេះ ទំនង​ត្រឹមត្រូវ​ក្នុង​ផ្លូវ​លោកិយ តែ​មិន​ត្រូវ​ពេក​ទេ​ក្នុង​ផ្លូវធម៌ ដ្បិត​គំនិត​នេះ​មាន​បង្កប់​នូវ​ធម៌​អំនួត​ក្អេងក្អាង។ ដោយហេតុថា​ខ្ញុំ​លើកយក​មក​បង្ហាញ គឺ​គ្រាន់តែ​ចង់​ជូន​ជា​គំនិត​ពិចារណា​ប៉ុណ្ណោះ​ថា មានចំណេះ​ដឹង​ច្រើន អ្វី​ក៏​ចេះ​ដែរ តែបើ​មិនបាន​ប្រើ​ចំណេះដឹង​យក​ទៅ​អនុវត្ត គឺ​មិនបាន​ផល​ទេ​។ ខ្ញុំ​ចង់​លើ​កស្ទួ​យគំនិត​ជាក់ស្តែង​និយម ជាង​ទ្រឹ​ស្តី​និយម ឬគម្ពីរនិយម ឬឧត្តម​គតិ​និយម។ តើ​អ្វី​ជា​បញ្ហា​ឧត្តមគតិ​និយម​?

កា​របង្ក្រា​បសភាព​រវើរវាយ​នៃ​ចិត្ត​នេះ គឺ​ត្រូវការ​ចំណេះដឹង​ត្រូវ។ បន្ទាប់ពី​មានចំណេះ​ដឹង​ហើយ គឺ​ត្រូវ​អនុវត្ត​ជាក់ស្តែង ធ្វើ​ជាក់ស្តែង ពិសោធ​ជាក់ស្តែង និង​មើល​លទ្ធផលជាក់​ស្តែង។ អ្នក​ដែល​ធ្លាប់​បាន​សិក្សា​ពី​ទស្សនៈ​សាសនា ជាពិសេស​ធ្លាប់​ពិសោធ​ធ្វើស​មា​ធិ​ចម្រើន​ភាវនា (Meditation​) គឺ​ដឹង​ច្បាស់​ថា ចិត្ត​របស់​មនុស្សយើង ប្រៀប​ដូច​នឹង​សត្វ​ស្វា​ដែល​រប៉ិល​រប៉ុច រត់​ចុះ​រត់ឡើង រក​កន្លែង​នឹងន​ពុំ​មាន​ឡើយ​។ នេះ​ជា​បញ្ហា​នៃ​ចិត្ត។ ចុះ តើ​អ្វី​ជា​បញ្ហា​ចំណេះដឹង​? ទ្រឹ​ស្តី​ពុទ្ធនិយម​លើកឡើង​ថា ចំណេះដឹង​ពី​គម្ពីរ​ទាំងមូល គឺ​នឹង​ក្លាយទៅជាការ​ឥតប្រយោជន៍ បើសិនជា​មិន​បដិបត្តិ​ខ្លឹមសារ​ដែល​មាននៅ​ក្នុង​គម្ពីរនោះទេ​។ បញ្ញា​ក្នុង​ទ្រឹ​ស្តី​ពុទ្ធនិយម មាន ៣ថ្នាក់៖ ទី១ ជា​បញ្ញា​ដែល​កើតមក​ពី​ការ​ស្តាប់ កា​រៀន​ពី​ពី​ភព​ខាងក្រៅ។ ទី២ ជា​បញ្ញា​ដែល​កើតមក​ពី​ការ​គិតពិចារណា​ដោយខ្លួនឯង។ ទី៣ ជា​បញ្ញា​ថ្នាក់​ពិសោធ ឬបញ្ញា​ដែល​កើតមក​ពី​ការ​ចម្រើន​ភាវនា។ បើ​និយាយ​ឱ្យ​ងាយ​យល់ គឺ​រៀន​ហើយ​ត្រូវ​គិត គិត​ហើយ​ត្រូវ​ធ្វើ ធ្វើ​ហើយ​ត្រូវ​ទទួលផល។ ចុះ​អ្នក​ដែល​រៀន​ហើយ​មិន​ធ្វើ ឬចេះ​ហើយ​មិន​ធ្វើ ធ្វើ​ហើយ​មិនបាន​ផល ចាត់ទុកថា​ធ្វើដំណើរ​ដល់​គោលដៅ​ចុងក្រោយ​នៃ​ចំណេះដឹង​ដែរ​ឬទេ​? ខ្ញុំ​នឹង​និទាន​ពី​រឿង បុរស​ចេះ​គិត ៣នាក់​ ពី​ក្នុង​សៀវភៅ កម៌​យោ​គៈ (Karma Yoga yoga in action​) ដែល​មាន​ក្នុង​គម្ពីរ ភគវទ្គី​តា​កម៌​ ប្រើ​ថា​អំពើ ទោះ​ល្អ​ក្តី ឬអាក្រក់​ក្តី​...។

មាន​បុរស៣នាក់ ដែល​ជា​កូន​អ្នកមាន បានឃើញ​អ្នកសុំទាន​ម្នាក់ ហើយក៏​កើត​ចិត្ត​អាណិត​ចង់​ជួយ។ បុរស​ទាំង ៣នាក់ បាន​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​ជួយ​អ្វីខ្លះ​ដល់​អ្នកសុំទាន​ដ៏​គួរ​ឱ្យ​អាណិត​ម្នាក់​នេះ​? បុរស​ទី១ និយាយ​ថា ខ្ញុំ​គិតថា យើង​គួរតែ​ជូន​ជា​មាសប្រាក់​ដល់​អ្នកសុំទាន ដ្បិត​មាសប្រាក់​នឹង​ធ្វើ​ឱ្យ​ជីវិត​អ្នកសុំទាន​មានជីវិត​ល្អ​ប្រសើរ​។ បុរស​ទី២ គិតថា ទេ ការ​ជូន​មាសប្រាក់​នេះ គឺ​មិន​អាច​ជួយ​អ្នកសុំទាន​បានទេ តែបើ​យើង​ជូន​ដី​ស្រែ​មួយ​ប្លង់​ទៅ​អ្នកសុំទាន គឺ​អ្នកសុំ​ទាន​នឹងអាច​ប្រើប្រាស់​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​បាន​ពេញ​មួយ​ជីវិត​។ បុរស​ទី៣ គិត​ហើយ ក៏​មិន​យល់ស្រប​នឹង​បុរស​ទី១ ឬបុរស​ទី២ សោះ តែ​គិតថា យើង​គួរតែ​ឱ្យ​មេគោ​ដែល​មាន​ទឹកដោះ​ទៅ​អ្នកសុំទាន ពីព្រោះ​គាត់​អាចយ​កទឹកដោះគោ​លក់​នៅ​ផ្សារ ចិញ្ចឹមជីវិត​បាន​រាល់ថ្ងៃ​។ បុរស​ទាំង ៣នាក់ គិត​មិន​ស្របគ្នា ក៏បាន​ទៅ​សួរ​យោបល់​ពី​ឪពុក​ខ្លួន ហើយ​បុរស​ជា​ឪក៏​គិត​ផ្សេង​ដោយ ឱ្យ​កូន​ទី១ ធ្វើទាន​ជា​ប្រាក់​ទៅ​អ្នកសុំទាន​, ឱ្យ​កូន​ទី២ ធ្វើទាន​ដីស្រែ​ទៅ​អ្នកសុំទាន​, ឱ្យ​កូន​ទី៣ ធ្វើទាន​ជា​មេគោ​ទៅ​អ្នកសុំទាន​។ មាសប្រាក់ ដីស្រែ និង​មេគោ ត្រូវ​បាន​ប្រគល់​ឱ្យ​អ្នកសុំទាន។ តើ​រឿង​នេះ​នឹង​ទៅជា​យ៉ាងណា​?

ប្រាំមួយ​ខែក្រោយ​មក បុរស​ជា​កូន​ទាំង ៣នាក់ និង​ឪពុក បាន​ទៅ​មើល​ស្ថានភាព​អ្នកសុំទាន ហើយក៏​ឃើញ​អ្នកសុំទាន​នៅតែ​សុំទាន​ដដែល។ ចំណែក​ឯគោ មាសប្រាក់ និង​ដីស្រែ​ទាំងប៉ុន្មាន គឺ​អ្នកសុំទាន​លក់​អស់រលីង​ពី​ខ្លួន រហូត​ធ្លាក់ខ្លួន​សុំទាន​ម្តង​ទៀត។ ខ្លឹមសារ​អប់រំ​ក្នុង​និទាន​នេះ គឺ​ផ្តល់​មេរៀន​ឱ្យ​យើង​ពីរ៖ ទី១ ចេះ​គិត មិន​ប្រាកដ​ថា​គិត​ត្រូវ ដ្បិត​ត្រូវ​ឬខុស វា​នឹង​បង្ហាញ​ក្រោយ​អនុវត្ត​គំនិត ប្រៀប​ដូចជា​ការ​គិត​របស់​បុរស​ឪកូន​អ៊ីចឹង។ ឪពុក​កូន​សុទ្ធតែ​ចេះ​គិត តែ​លទ្ធផល គឺ​មិនបាន​បង្ហាញ​ពី​ការ​គិត​ត្រូវ​ឡើយ។ មេរៀន​ទី២ គ្មានអ្វី​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​រស់​បាន​ពេញ​មួយ​ជីវិត ដូច​ការ​ឱ្យ​ចំណេះដឹង​ឡើយធម្មទាន​ឈ្នះ​អស់​ទាន​ទាំងពួង។ មេរៀន​បន្ទាប់បន្សំ គឺ​ការ​ធ្វើទាន ត្រូវ​ធ្វើ​ដោយ​បញ្ញា ព្រោះ​ទាន​ខ្លះ ធ្វើទាន​ចង់ឱ្យ​រស់ តែ​បែរជា​ស្មើនឹង​សម្លាប់​ទៅវិញ​។ ចំណេះដឹង​ត្រូវ​ខុស​ទាំងឡាយ គឺ​ដាច់ខាត​ត្រូវ​សម្រេច​នៅ​ទឹក​ចុងក្រោយ ដោយ​លទ្ធផលជាក់​ស្តែង។ ចំណេះដឹង​ទាំងឡាយ មានប្រយោជន៍​ទៅ​បាន លុះត្រាតែ​យក​ទៅ​អនុវត្ត​កើតជា​ផ្លែផ្កា។ ចំណេះដឹង​ទាំងឡាយ​ក្នុង​លោក ប្រៀប​ដូចជា​ទឹកសមុទ្រ​ដែល​មិន​អាច​ដឹង​ជម្រៅ មិន​អាច​ដឹង​ប្រមាណ ឬប្រៀប​ដូចជា​ស្លឹកឈើ​ក្នុង​ព្រៃ​ដ៏​ធំ ដែល​មិន​អាច​រាប់​បាន តែ​សំខាន់ គឺ​ត្រូវ​ចេះ​រើស​យកចំណេះ​ដឹង​ណាមួយ​មក​ប្រើ​សម្រាប់​ខ្លួន​យើង ឱ្យ​កើត​ប្រយោជន៍​តាមរយៈ​ការ​ពិសោធ​ដោយខ្លួនឯង។ តើ​ចំណេះ​ច្រើន វា​អាច​មិន​មាន​មានប្រយោជន៍​នៅត្រង់​លក្ខខណ្ឌ​ណា​?

អ្នក​វិទ្យាសាស្ត្រ​ដែល​យល់​ពី​ទ្រឹ​ស្តី​ព្រះពុទ្ធ គឺ​អាល់​ប៊ឺ​ត អា​ញស្តា​ញ (Albert Einstein​) មាន​ទស្សនៈ​ថា ក្នុង​យុគសម័យ​ព័ត៌មាន​នេះ គឺ​មិន​សំខាន់​ថា យើង​មាន​និន្ន​ន័យ​ក្នុង​ខួរក្បាល​ច្រើនយ៉ាង​ណា​ទេ តែ​សំខាន់ <គឺ​ត្រូវ​ដឹង​ថា តើ​ត្រូវ​ទៅ​រក​និន្ន​ន័យ​ទាំងអស់​នោះ​នៅឯណា​>។ អ្នកបើកបរ​តាក់ស៊ី​ឱ្យ​អា​ញស្តា​ញ ធ្លាប់​សួ​រអា​ញស្តា​ញពី​អាសយដ្ឋាន​ផ្ទះ​របស់​អា​ញស្តា​ញ ហើយ​អា​ញស្តា​ញប្រាប់​ថា​ភ្លេចបាត់​ហើយ។ ហីន​រី ហ្វ​ត (Henry Ford​) ធ្លាប់​បាន​ត្រូវ​គេ​ប្តឹង​ពី​ការ​មិន​ចង់​ចាំ​ទិន្នន័យ។ ហ្វ​តមាន​ទស្សនៈ​ថា គាត់​អាច​ទិញ​និន្ន​ន័យ​បាន ឬជួល​អ្នក​ពូកែ​ចាំ​និន្ន​ន័យ​ឱ្យ​ឆ្លើយ​ជំនួស​គាត់​បាន​។ មេរៀន​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញថា ការ​ចេះ​គិតពិចារណា គឺ​សំខាន់​ជាង​ការ​ចាំ​និន្ន​ន័យ​តែ​ម្យ៉ាង។ យុគ​នេះ ជាស​ម័យ​បញ្ញា​សប្ប​និ​មិត្តិ (Artificial Intelligence - AI​) មនុស្ស​ត្រូវ​មាន​សមត្ថភាព​គិត ជាង​សមត្ថភាព​ត្រឹមតែ​ចាំ​និន្ន​ន័យ ឬសូត្រ​តាម​...។ ចំណុច​នេះ ខ្ញុំ​ពុំ​បាន​បដិសេធ​ថា​មិន​ឱ្យ​ចាំ​និន្ន​ន័យ​ទេ តែ​អ្វី​ដែល​ចង់​បង្ហាញ គឺ​ចេះ​វិភាគ​ទិន្នន័យ ចេះ​ប្រើប្រាស់​ទិន្នន័យ​ឱ្យ​ក្លាយទៅជា​ប្រយោជន៍ ប្រៀប​ដូចជា​អ្នកមាន​ចំណេះដឹង​ពី​គម្ពីរ​សាសនា គឺ​ដាច់ខាត​ត្រូវ​អនុវត្ត ឬពិសោធ​ជាក់ស្តែង។ ខ្ញុំ​នឹង​និទាន​មួយទៀត​ទាក់ទង​នឹង​អ្នកចេះ​គម្ពីរ អ្នកចាំ​គម្ពីរ និង​អ្នក​ចាំ​ទ្រឹ​ស្តី​...។ បុរស​ម្នាក់​ចាំ​ត្រៃវេទ ទាំង៣​, ចាំ​គម្ពីរ​ឧប​ស័ទ​ទាំង ១០៨​, ចាំ​គម្ពីរ​ត្រៃបិដក​, ចាំ​គម្ពីរប៊ីប​, ចាំ​គម្ពីរ​តៅ​, ចាំ​តក្កវិជ្ជា​, ចាំ​វិជ្ជា​រួច​រដោះ​ចិត្ត​...។

បុរស​ម្នាក់​ឈ្មោះ <អ្វី​ក៏​ខ្ញុំ​ចេះ​ដែរ>​ ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ ចេះតែ​ដើរ​សួរ​គេ​សួរ​ឯង​ថា តើ​អ្នកដឹង​ថា ខ្ញុំ​ចាំ​គម្ពីរ​ទាំងនេះ​? បុរស​អវិជ្ជា​ម្នាក់​ពោល​ថា អ្នក​ពិតជា​អស្ចារ្យ​ណាស់ ហើយ​អ្នក​ពិតជា​កំពូល​មនុស្ស​មែន​។ បុរស​ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ បាន​ទៅ​សួរ​បុរស​ដែល​មានចំណេះ​តិចតួច​ថា ““តើ​អ្នកដឹង​ថា ខ្ញុំ​ចាំ​គម្ពីរ​ទាំងនេះ​ទេ​? អ្នកចេះ​តិចតួច ក៏បាន​ពោល​កោតសរសើរ​នូវ​សមត្ថភាព​របស់​បុរស​អ្នកចាំ​គម្ពីរ​យ៉ាង​ខ្លាំង​។ បុរស​ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ ក៏បាន​ប្រាប់​អំពី​ចំណេះ​ដែល​ខ្លួន​ចាំ ដល់​អ្នក​ដែល​មានចំណេះ​ប្រហែល​ខ្លួន ហើយ​បុរស​នោះ​ក៏​និយាយ​ថា ខ្ញុំ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ដែល​មាន​សមត្ថភាព​ចាំ​គម្ពីរ​ច្រើនយ៉ាង​នេះ​ដូច​ខ្ញុំ​សោះ​។ បុរស​ទាំងពីរ​នាក់​រំជើបរំជួល​នឹង​ចំណេះ​ដែល​ខ្លួន​មាន​យ៉ាង​ខ្លាំង។ ចុងក្រោយ​បុរស​ទាំងពីរ​បាន​ជួបនឹង​អ្នក​រួច​រដោះ​ចិត្ត​ម្នាក់ ហើយក៏​និយាយ​ដូចដែល​ខ្លួន​ធ្លាប់​និយាយទៅ​កាន់​អ្ន​កមុន​ៗ។ អ្នក​ដែល​រួច​រដោះ​ចិត្តបាន​សួរ​ទៅ​បុរស​ទាំងពីរ​ថា តើ​អ្នក​ទាំងពីរ​បាន​យកចំណេះ​ចេះចាំ​ដែល​ខ្លួន​មាន ទៅ​ពិសោធ ឬធ្វើ​កិច្ចការ​ងារ​ណាមួយ​កើតជា​ផល​ជាក់ស្តែង​ហើយ ឬនៅ​? ដោយសារតែ​សម្តី​មិន​សរសើរ បុរស​ទាំងពីរ​ក៏​គិតថា តា​នេះ ឃើញ​អញ​ចេះ​ប៉ុណ្ណឹង​ហើយ មិន​សរសើរ​អញ​ថា​អញ​ពូកែ​ទេ តែ​បែរជា​មក​សួរ​អញ​នូវ​សំណួរ​នេះ​ទៅវិញ​!។ អ្នក​ដែល​មានចិត្ត​រួចរ​ដោះ​ចិត្តបាន​ពោល​ថា អ្នក​ទាំងពីរ​ចេះ​ច្រើន ចាំ​ទ្រឹ​ស្តី​ពី​គម្ពីរ​បាន​ច្រើន តែ​អ្នក​មិនបាន​យកចំណេះ​ដឹង​មក​ពិសោធ​ខ្លួនឯង​សោះ ហើយក៏​មិនបាន​អនុវត្ត​ចំណេះ​ទាំងឡាយ​ដែរ។ ចេះ​ដូច​មិន​ចេះ ចាំ​ដូច​ភ្លេច គឺ​ភ្លេច​ធ្វើ ភ្លេច​ពិសោធ ភ្លេច​អនុវត្ត

ពេល​បាន​ឮសម្តី​របស់ខ្ញុំ​បែបនេះ តើ​ក្នុងចិត្ត​របស់​អ្នក​ទាំងពីរ​ឈឺចាប់​ណាស់​មែនទេ ដែល​ខ្ញុំ​មិន​សរសើរចំណេះ​របស់​អ្នក។ ការឈឺចាប់​ដែល​កំពុង​មាន​នេះ​ហើយ គឺជា​អ្នក​ហើយ​។ បុគ្គល​មាន​បញ្ញា​មើលឃើញ​សច្ចភាព នៅ​ពីក្រោយ​កលមាយា​នៃ​ជីវិត ប្រៀប​ដូចជា​អ្នក​រួច​រដោះ​ចិត្ត មើលឃើញ​អ្នកមាន​ចំណេះ​ច្រើន​មិន​ធ្វើ​ជាក់ស្តែង​ថា <គ្មាន​ចំណេះ​>។ បុគ្គល​នឹង​ទទួល​បានផល​ពី​សកម្មភាព ឬកម៌​របស់​ខ្លួន ទោះ​ធ្វើ​តិច​ក៏ដោយ តែ​បុគ្គល​ដែល​មានចំណេះ​ច្រើន នឹង​មិន​ទទួល​បាន​សូម្បីតែ​ផល​បន្តិច ព្រោះ​មិន​មាន​កម៌ ឬទង្វើ​បង្កើត​ផល។ ខ្ញុំ​សង្ឃឹមថា​យុវជន​នឹង​យល់​ពី​ខ្លឹមសារ អ្វីទៅ​ជា​ទ្រឹ​ស្តី​និយម និង​ជាក់ស្តែង​និយម​គំនិត គឺជា​កំណើត ដ្បិត​គំនិត​បង្កើត​សកម្មភាព តែបើ​ចេះ​គិត​ហើយ​មិន​ធ្វើសកម្មភាព គឺ​នៅ​អត់​កំណើត​ដដែល។ សំណួរ​មួយ​ដែល​ត្រូវ​សួរ ទាំង​ខ្លួនខ្ញុំ ទាំង​មនុស្ស​គ្រប់គ្នា គឺថា រាល់ថ្ងៃ​នេះ តើ​យើង​ទទួល​បាន​នូវ​សន្តិភាព​ផ្លូវចិត្ត និង​ការ​រួច​រដោះ​ផ្លូវចិត្ត ពី​ចំណេះដឹង​ដែល​ខ្លួន​មាន​ទេ​?។ សំណួរ​នេះ ដឹងខ្លួន​ឯង ឆ្លើយ​ខ្លួនឯង ហើយក៏​ពុំ​ចាំបាច់​ឆ្លើយ​ប្រាប់​ខ្ញុំ​ដែរ។ អ្វី​ដែល​យើង​យល់ គឺ​យើង​ជា​អ្នក​គិត។ អ្វី​ដែល​យើង​គិត គឺ​យើង​ជា​អ្នកធ្វើ។ អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ជា​អ្នកទទួល​ផល។ ផល​ល្អ ឬអាក្រក់ គឺ​ដោយសារតែ​កម្ម ឬទង្វើ​របស់​យើង។ រី​ឯចំណែកខ្ញុំ គ្មាន​សិទ្ធិ​លូកលាន់​ទេ។ កម្ម​អ្នកណា ផល​អ្នកនោះ។ ទឹក​មាន​រស​សាប តែ​ឆ្ងាញ់ ឬមិន​ឆ្ងាញ់ គឺ​អាស្រ័យ​ដោយ​អ្នក​ស្រេក​បុ​ណ្ណោះ ប្រៀបប្រដូច​នឹង​អត្ថបទ​ដ៏​វែ​ងអន្លាយ​នេះ វា​មានប្រយោជន៍​សម្រាប់​តែ​អ្នក​ស្រេក​នូវ​ចំណេះដឹង​ប៉ុណ្ណោះ។ អាហារ​ដែល​ចូលក្នុង​ពោះ មាន​ក្រពះ​ជា​អ្នក​កិន​រំលាយ រី​ឯគំនិត​ដែល​លេប​ចូល គឺ​មាន​ខួរក្បាល​ជា​អ្នក​ពិចារណា​បន្សុទ្ធ។ ជីវជាតិ​នៃ​អាហារ​តិច ឬច្រើន ចូរ​ព្យាយាម​ស្រូប។ ចំណេះ​តិច ឬច្រើន ចូរ​ព្យាយាម​ស្រូប។ តក់ៗ ពេញ​បំពង​!!

Cr. Lam Lim

Tuesday, June 30, 2020

ខ្លឹមសារនៃជីវិត


ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺបញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជាពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។ ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិនមាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេលរថយន្តខូច ឬធ្លាយកង់ទេនោះ លុះដល់រថយន្តខូច ឬធ្លាយកង់ ក៏រមែងមានការលំបាកច្រើនក្នុងដំណើរផ្លូវ ប៉ុន្តែបើយើងមាននូវគ្រឿងបន្លាស់និង មាននូវឧបករណ៍ផ្សេងៗ ដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្តមានបញ្ហាអ្វីណាមួយនោះ យើងក៏កក់ក្ដៅក្នុងចិត្ត ហើយប្រសិនបើរថយន្តមាននូវបញ្ហាពិតមែនដូចជាធ្លាយកង់ជាដើម យើងក៏មិនមានទុក្ខលំបាកអ្វីពេកនោះដែរ ព្រោះយើងអាចដោះស្រាយបាន សេចក្ដីនេះយ៉ាងណា ក្នុងជីវិតរបស់យើងម្នាក់ៗ គឺដូចគ្នា បើយើង មិនមាននូវធម៌ជាគ្រឿងសម្រាប់ កក់ក្ដៅក្នុងចិត្តទេ ដល់ពេលមានបញ្ហាកើតឡើង ក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែង។ យើងបានសិក្សាព្រះធម៌ តាមរយៈនៃការអានសៀវភៅ និងតាមរយៈនៃការស្ដាប់ នាំឱ្យកើតការយល់ដឹងក្នុងរឿងពិតទាំងឡាយរបស់ជីវិត យើងក៏បានធូរចិត្តស្រាកស្បើយពីការតានតឹងចង្អៀតចង្អល់ សេចក្ដី កង្វល់ក្នុងបញ្ហាជីវិតពិតជាដោះស្រាយបាន។ រឿងរ៉ាវផ្សេងៗក្នុងជីវិត ជាវិបត្តិ ជាឧបសគ្គ វានៅតែកើតមានជាធម្មតា ប៉ុន្តែវាមិនមានពិសក្ដៅជ្រាបចូលទៅក្នុងចិត្តឡើយ ព្រោះមានធម៌នៅក្នុងចិត្តរបស់យើង ដែលថាមានធម៌ គឺ មានការយល់ដឹង នូវសេចក្ដី ពិតរបស់ជីវិត។

ការសិក្សាព្រះធម៌ វាមានប្រយោជន៍នៅត្រង់ការយល់ដឹងនូវសេចក្ដីពិតរបស់ជីវិតហ្នឹងឯង ព្រោះមានការយល់ដឹងនេះហើយ ទើបយើង មានសេចក្ដីស្ងប់រម្ងាប់ ចំពោះមុខនៃឧបសគ្គ ចំពោះមុខនៃវិបត្តិផ្សេងៗក្នុងជីវិត។ ចិត្តស្ងប់ រម្ងាប់ធើ្វឱ្យយើងរឹងរឹតតែឆ្លាត តែបើចិត្តខឹងក្រោធវិញ វារមែងធើ្វឱ្យយើងទៅជាមនុស្សល្ងង់មួយរំពេច។ ពុទ្ធបរិស័ទទាំងឡាយ បានពេញចិត្តក្នុងការសិក្សាស្ដាប់នូវព្រះធម៌ជាប្រចាំ ព្រោះបានស្ងប់ចិត្តសមគួរទៅតាមការយល់ដឹង។ រឹងរឹតតែយល់ដឹង ប្រយោជន៍គឺសេចក្ដីស្ងប់ចិត្តក៏រឹងរឹតតែចម្រើន ដូច្នេះទើបពុទ្ធបរិស័ទមិនធុញទ្រាន់នឹងការក្រេបរសរបស់ព្រះធម៌ឡើយ។ ពុទ្ធបរិស័ទបានយល់ដឹងអំពីជីវិត គឺ ពុទ្ធបរិស័ទមានការចម្រើនទៅដោយគុណធម៌ ព្រោះគុណធម៌ គឺមេត្តា ករុណាក្ដី សេចក្ដីសន្ដោសក្ដី សេចក្ដីព្យាយាមក្ដី សីលក្ដី សមាធិក្ដី ខន្តីសេចក្ដីអន់ធន់ក្ដី ជាដើមនេះ រមែងកើតឡើងចម្រើនក្នុងចិត្ត ដោយអាស្រ័យការយល់ដឹង អំពីសេចក្ដីពិតរបស់ជីវិតហ្នឹងឯង។ ដើម្បីជាប្រយោជន៍ធំទូលំទូលាយ សូមពុទ្ធបរិស័ទកុំទៅវត្តតែម្នាក់ឯង កុំសិក្សាស្វែងយល់តែម្នាក់ឯង ត្រូវដឹកនាំត្រូវបបួលមិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀត ឱ្យបានចូលមករកផ្លូវត្រូវ ផ្លូវប្រពៃផង គឺជាការជួយសង្រ្គេាះដល់មិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀតនោះ ដោយការសង្រ្គោះផ្លូវចិត្តផ្លូវវិញ្ញាណ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា (សព្វទានំ ធម្មទានំ ជិនាតិ) ការឱ្យទានធម៌ រមែងឈ្នះការឱ្យទានទាំងពួង ការឱ្យរបស់ដទៃនោះជារឿងខាងក្រៅតែការឱ្យនូវព្រះធម៌ជាទាន ជារឿងខាងក្នុង។ របស់ដទៃជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់ចិត្ត របស់ណាដែលជាប្រយោជន៍ដល់ចិត្តជារបស់ដែលយើងគួរឱ្យ គួរចែក ជាចាំបាច់បំផុត ឬថា គួរនាំគេឱ្យមកទទួលដឹងក្នុងរឿងដែលគេគួរយល់ដឹង ឱ្យគេបានដឹងបានយល់ នៅក្នុងគោលធម៌ព្រះពុទ្ធសាសនា ដើម្បីបានដោះស្រាយក្នុងបញ្ហាជីវិតរបស់គេ។ បើយើងបានឃើញមិត្តរបស់យើងមាននូវសេចក្ដីទុក្ខ មាននូវសេចក្ដីក្ដៅក្រហាយចិត្តយើងក៏ទៅបបួលគេចូលវត្ត ដូចជាថ្ងៃឧបោសថសីលជាដើមយើងក៏ទៅបបួលគេមក ឱ្យគេបានមកអង្គុយស្ងប់ចិត្តខ្លះឱ្យគេបានស្ដាប់ បានរៀនដឹងរឿងរបស់ជីវិត ឱ្យគេបានយល់ដឹងការពិត គេក៏បានធូរថយនូវសេចក្ដីទុក្ខក្ដៅក្រហាយចិត្តទៅតាមភាពភ្លឺស្វាងរបស់គេ។ ការជួយមិត្តសម្លាញ់ក្នុងសភាពបែបនេះ ជាការជួយដ៏ពិតប្រាកដ ជាការជួយយ៉ាងថាវរៈមាំមួន ធើ្វឱ្យមិត្តសម្លាញ់បាននូវវត្ថុដ៏ពិសិដ្ឋឋិតថេរនៅក្នុងចិត្តរបស់គេ អស់កាល ជានិច្ចរហូតតទៅ ដូច្នេះការជួយមិត្តភក្តិ តាមផ្លូវព្រះពុទ្ធសាសនា គឺជាការងារដែលគួរធ្វើ។ ការសាងគុណធម៌ឱ្យចម្រើនក្នុងចិត្តរបស់ខ្លួនផង ជួយឱ្យអ្នកដទៃបាននូវគុណធម៌ប្រចាំចិត្តផង នេះគឺជាប្រយោជន៍ដ៏មានខ្លឹមសារក្នុងជីវិតរបស់មនុស្សយើង។
…………………………….
ខ្លឹមសារគួរយល់ដឹង
Cr. ប៊ុត សាវង្ស

Monday, June 22, 2020

២៥ ន័យចំណីជីវិត ដាស់តឿនចិត្ត


 ក្នុងជីវិតមនុស្សយើង សុទ្ធតែបានជួបប្រទះជាមួយហេតុការណ៍ និងបទពិសោធជីវិតមករៀងៗខ្លួន ។ ការរៀនដឹងសច្ចភាពជីវិតគ្រប់យ៉ាងដែលខ្លួនយើងម្នាក់ៗមានទាំងអស់ ទើបជារឿងមួយដែលខ្លួនគិតថាមិនអាច និងពិបាកខ្លាំងណាស់ក្នុងមួយជីវិតដែលខ្លួនអាចធ្វើបាន ។ ការផ្លាស់ប្ដូរគំនិតដោយដោយការផ្ទេរបន្តគ្នាចេញមកជាពាក្យពេចន៍ដាស់តឿនចិត្ត ដែលជាការរៀនស្គាល់សច្ចភាពជីវិតបានមួយផ្នែកទៀត ។ ដូចនេះ គោលគំនិតល្អដើម្បីជីវិត ក៏បានប្រមូលពាក្យឃ្លាប្រយោគទាំងនេះប្រែសម្រួលមកជាខេមរយាន្ត ដើម្បីទុកជាប្រយោជន៍ដាស់តឿនចិត្ត ជម្រុញចិត្ត និងដាស់កម្លាំងចិត្តរបស់អ្នកឲ្យប្រឹងស៊ូក្នុងឆាកជីវិតមួយនេះ ។ ឃ្លាប្រយោគពាក្យពេចន៍ទាំងនេះ មានដូចខាងក្រោម៖

. ជីវិតនេះខ្លីណាស់ ដែលខ្លួនចំណាយពេលជាមួយអ្នកដែលមកពង្រាត់សេចក្ដីសុខពីយើងទៅ ។
          Life is too short to spend time with people who suck the happiness out of you.

. ពេលខ្លះមនុស្សយើងត្រូវបំភេ្លចចោលមនុស្សណាម្នាក់ពីអតីតកាល ព្រោះតែហេតុផលងាយៗ ហេតុផលតែមួយគត់នោះគឺ អ្នកនោះមិនមែនស្ថិតនៅក្នុងអនាគតរបស់យើង ។
          Sometimes we need to forget some people from our past, because of one simple reason; they just don't belong in our future.

៣. ការនៅលីវ(Single)មិនមែនមានន័យថា អ្នកទន់ជ្រាយទេ តែមានន័យថា អ្នកជាមនុស្សម្នាក់ដែលរឹងមាំគ្រប់គ្រាន់ក្នុងការរង់ចាំអ្វីមួយដែលអ្នកសមនឹងទទួលបានទៅវិញទេ ។
          "Being single doesn't mean you're weak; it means you're strong enough to wait for what you deserve."

៤. សាកគិតលោមើលថា តើវាពិបាកប៉ុនណាទៅក្នុងការផ្លាស់ប្ដូរខ្លួនឯង ហើយអ្នកនឹងដឹងថា វាមានឱកាសតិចប៉ុនណាទៅក្នុងការផ្លាស់ប្ដូរអ្នកដទៃ ។
          Consider how hard it is to change yourself and you'll understand what little chance you have in trying to change others.

៥. ជីវិតសិក្សានិងជីវិតពិតខុសគ្នាត្រង់ដែលថា
ជីវិតសិក្សា យើងទទួលបានមេរៀនមុនធ្វើការប្រឡង
តែក្នុងជីវិតពិត យើងនឹងធ្វើការប្រឡងមុននឹងបង្រៀនមេរៀនដល់យើង ។
          Difference between school and life?
          In school you are taught a lesson and then given a test.
          In life, you are given a test that teaches you a lesson.
    
៦. ពិភពលោកមួយនេះ មិនវិនាសដោយថ្វីដៃជនពាលទេ តែវាវិនាសដោយដោយថ្វីដៃរបស់ជនដែលបានតែមើល តែមិនគិតនឹងធ្វើអ្វីសោះទៅវិញទេ ។
          The world will not be destroyed by those who will do evil,But by those who watch them without doing anything.

៧. អ្នកដែលមានសេចក្ដីសុខបំផុត មិនមែនអ្នកមានអ្វីគ្រប់យ៉ាងក្នុងជីវិតល្អបំផុតទេ តែគឺជាអ្នកដែលធ្វើអ្វីគ្រប់យ៉ាងក្នុងជីវិតឲ្យល្អបំផុត ។
          The happiest people don't have the best of everything, they just make the best of everything.

៨. ប្រសិនបើអ្នកមិនចូលចិត្តអ្វីមួយ សូមឲ្យធ្វើការផ្ដាស់ប្តូរវា ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរវាបានទៀត សូមឲ្យផ្លាស់ប្ដូរវិធីគិតរបស់អ្នកខ្លួនឯង ។
          If you don't like something, change it. If you can't change it, change the way you think about it.

៩. អ្នកជ្រើសរើសបាន ដែលនឹងមានជីវិតដូចដែលបេះដូងអ្នកត្រូវការ ។
          You have the choice to create the life your heart is yearning to live.

១០. កុំនឿយណាយជាមួយការធ្វើរឿងតូចតាចដើម្បីអ្នកដទៃ ព្រោះពេលខ្លះរឿងតូចតាចទាំងនោះ អាចក្លាយជារឿងធំបំផុតក្នុងបេះដូងរបស់ពួកគេក៏ថាបាន ។
          Never get tired of doing little things for others. Sometimes those little things occupy the biggest part of their hearts.

១១. កើតក្នុងរឿងដែលអ្នកមាន ហើយនិយាយក្នុងរឿងដែលអ្នកមានអារម្មណ៍ ព្រោះមនុស្សសំខាន់ចំពោះជីវិតអ្នក នឹងមិនយកចិត្តទុកដាក់លើវា រីឯមនុស្សដែលយកចិត្តទុកដាក់លើវាគឺជាមនុស្សដែលមិនសំខាន់ចំពោះជីវិតអ្នក ។
          Be who you are and say what you feel because those who mind don't matter and those who matter don't mind.


១២. ប្រាប់ខ្ញុំ ខ្ញុំនឹងភ្លេច បង្រៀនខ្ញុំ ខ្ញុំនឹងចាំ តែប្រសិនបើឲ្យខ្ញុំបានធ្វើ ខ្ញុំនឹងរៀន ។
          Tell me and I forget. Teach me and I remember. Involve me and I learn.

១៣. ទេវតាតែងតែពង្រាត់មនុស្សចេញពីជីវិតអ្នកដើម្បីការពារអ្នក ចូរគិតមុននឹងរត់តាមពួកគេ ។
          God often removes a person from your life for your protection. Think before running after them.

១៤. ភាពត្រគោះបោះបោក គឺការព្យាយាមធ្វើជារឹងមាំ ដែលមនុស្សទន់ជ្រាយច្រើននឹងធ្វើ ។
          Rudeness is weak person's imitation of strength.

១៥. គ្មានអ្វីជាអមតៈក្នុងលោកដ៏កាចសាហាវមួយនេះសូម្បីតែសេចក្ដីទុក្ខក្នុងជីវិត ។
          Nothing is permanent in this wicked world, not even our troubles.

១៦. មានមនុស្សមិនច្រើនទេដែលចូលមកក្នុងជីវិតអ្នកដូចជាពរពីឋានលើ ចំណែកអ្នកផ្សេងនោះចូលមកក្នុងជីវិតអ្នកដូចឲ្យជាមេរៀន ។
          Some people come in your life as blessings, others come in your life as lessons.
      
១៧. ចូរប្រយ័ត្នគំនិតព្រោះគំនិតនឹងក្លាយជាសម្ដី
ចូរប្រយ័ត្នសម្ដីព្រោះសម្ដីនឹងក្លាយជាទង្វើ
ចូរប្រយ័ត្នទង្វើ ព្រោះទង្វើនឹងក្លាយជាទម្លាប់
ចូរប្រយ័ត្នទម្លាប់ ព្រោះទម្លាប់នឹងក្លាយជាបុគ្គលិកលក្ខណៈ
ចូរប្រយ័ត្នបុគ្គលិកលក្ខណៈព្រោះបុគ្គលិកលក្ខណៈនឹងក្លាយជាជោគតាកម្ម ។

          Keep your thoughts positive because your thoughts become your words.
          Keep your words positive because your words become your behavior.
          Keep your behavior positive because your behavior becomes your habits.  Keep your habits positive because your habits become your values.
          Keep your values positive because your values become your destiny.

១៨. គ្មានអ្វីក្នុងផ្ទះរបស់អ្នកដែលអ្នកមិនស្គាល់ប្រយោជន៍ និងមិនស្អាតនោះទេ ។ កុំគ្រប់គ្រងរបស់ប្រើប្រាស់ដែលគ្មានប្រយោជន៍និងមិនស្អាត ។
          Have nothing in your house that you do not know to be useful, or believe to be beautiful.

១៩. អារម្មណ៍មនុស្សយើងប្រៀបដូចជារលកទឹក យើងមិនអាចបញ្ឈប់ មិនឲ្យវាបាចសាចមកបានទេ តែយើងអាចរើសវិធីទប់រលកបាន ។
          Feelings are much like waves, we can't stop them from coming but we can choose which one to surf.

២០. សូមឲ្យព្រះអាទិត្យធ្វើឲ្យអ្នកមានថាមពលក្នុងពេលថ្ងៃ
សូមឲ្យព្រះចន្ទធ្វើឲ្យអ្នកស្ដាររាងកាយឡើងវិញក្នុងពេលយប់
សូមឲ្យទឹកភ្លៀង លាងជម្រះភាពមន្ទិលស្មោកគ្រោកដែលមានចេញឲ្យអស់
សូមឲ្យខ្យល់ជំនោរជួយបក់ផាត់ភាពរឹងមាំមកឲ្យជីវិត
សូមឲ្យអ្នកបោះជំហានឆ្លង់កាត់លោកនេះទៅមួយៗ ហើយ
បានទទួលដឹងពីភាពស្រស់ស្អាតរបស់ជីវិតមួយនេះរាល់ៗថ្ងៃ ។
          May the sun brings you new energy by day.
          May the moon softly restore you by night.
          May the rain wash away your worries.
          May the breeze blow new strength into your being
          May you walk gently through the world and know its beauty all the days of your life.

២១. ការសាងក្មេងឲ្យជាមនុស្សរឹងមាំម្នាក់គឺងាយស្រួលជាងការធ្វើឲ្យមនុស្សប្រុសអស់សង្ឃឹមម្នាក់ឲ្យត្រឡប់មករឹងមាំដូចដើមបាន ។
          It is easier to build strong children than to repair broken men.

២២. កុំរៀបការជាមួយបុរសណា រហូតដល់ប្រាកដចិត្តថា អ្នកនឹងមានមោកនភាព ប្រសិនបើថ្ងៃមួយមានកូនប្រុសដូចជាគាត់ ។
          Don't marry a man unless you would be proud to have a son exactly like him.

២៣. សូមមេត្តាស្រឡាញ់ខ្ញុំនៅពេលដែលខ្ញុំសមទទួលតម្លៃជាមួយក្ដីស្រឡាញ់ ព្រោះពេលនោះ ជាពេលដែលខ្ញុំត្រូវការវាពិតប្រាកដ ។
          Love me when I least deserve it, because that's when I really need it.

២៤. ប្រាជ្ញាគ្មានន័យអ្វីច្រើនជាងការឈឺចាប់ដែលបានទទួលការព្យាបាលរក្សាទេ ។
          Wisdom is nothing more than healed pain.

២៥. មេត្តាសុំពេល មួយនាទីឈរត្រង់នេះដោយស្ងៀមស្ងាត់ ហើយសម្លឹងទៅលើអាកាសវេហា សាកគិតមើលសិនថា តើជីវិតនេះវិសេសវិសាលប៉ុនណា ?
          For one minute please,
          stand here in silence and look at the sky,
          and contemplate how awesome life is.
 
ទាំងប៉ុន្មានប្រយោគខាងលើនេះ គឺជាពាក្យពេចន៍ដាស់តឿនជីវិតល្អៗ  ដែលផេកមួយនេះសរសេរចុះផ្សាយទុកឲ្យប្រិយមិត្តអ្នកអានយកទៅធ្វើជាមេគំនិត ទុកដាស់តឿនជីវិតខ្លួនជាប្រចាំ ។ ផេកនេះ សង្ឃឹមថា ពាក្យពេចន៍ឃ្លោងឃ្លាទាំងនេះ នឹងមានអត្ថប្រយោជន៍ច្រើនក្នុងការតម្រង់ទិស ដូចជាត្រីវិស័យបង្ហាញផ្លូវឆ្ពោះទៅកាន់គោលដៅដែលប្រិយមិត្តអ្នកអានចង់បាន ។ ព្រោះថាជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់ ដូចនេះហើយ មានជីវិតមួយនេះមិនគួរណាធ្វើប្រហែសធ្វេសក្នុងការថែទាំជីវិតឲ្យមានសុខភាពល្អ ជីវិតសុវត្ថិភាព ជីវិតសន្តិភាព និងជីវិតឥស្សរៈឡើយ ៕

-------------------------------------------
ប្រ. pinterest.com
Cr. គោលគំនិតល្អដើម្បីជីវិត