Monday, July 31, 2017

ពន្លត់ភ្លក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់


បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថា ស្ងប់ដោយពិតប្រាកដបានឡើយ។ សេចក្ដីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ  គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងមួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថា រលត់ ភាពក្ដៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់ សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ។

សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នា ពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឱ្យស្ងប់ផង។

អប់រំដោយ
គ្រូប៊ុត សាវង្ស 
ស្រ. ស. មេរៀនជីវិត ព. ២៥៤៧ ទំ.២៤

ចិត្ត អ្នកដឹកនាំដ៏ពិតប្រាកដ


ក្នុងលោកនេះ អ្នកដឹកនាំដ៏ពិតប្រាកដ គឺចិត្តយើងនោះឯង
ចិត្តដឹកនាំគ្រប់អាត្មាទៅក្នុងផ្លូវ ដែលចិត្តប្រាថ្នាចង់បាន
យើងគប្បីនឹងឃើញបានថា គ្រប់គ្នានឹងធ្វើអ្វី? នឹងទៅណា មកណា?
រមែងមានចិត្ត កើតមានចេតនាដែលនឹងប្រព្រឹត្តទៅមុន
នាំឲ្យកើតទង្វើ ឬការប្រព្រឹត្តឡើងតាមក្រោយ។

អប់រំដោយ
ព្រះញាណសំវរ

ការដោះស្រាយបញ្ហាដោយពុទ្ធវិធីគ្រប់គ្រងការគិត



ការគិតជារឿងមួយ ដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក លោកប្រៀបដូចជាសត្វពានរដែលមិនចេះនៅស្ងៀម មែនហើយថា យើងធ្វើឲ្យវានៅស្ងៀមមិនបានក៏ដោយ តែបើសិនជាយើងដឹងវិធីហ្វឹកហាត់ដ៏ត្រឹមត្រូវ ជាពិសេស ពុទ្ធវិធីគ្រប់គ្រងការគិតដែលជាកលយុទ្ធឈ្នះគំនិតក្នុងផ្នែកអវិជ្ជមាន ដ៏លំបាក ស្មុគស្មាញ លោកប្រៀបដូចជាថ្នាំពួកែស័ក្ដិសិទ្ធិ ដែលប្រើក្នុងការរក្សាព្យាបាលគំនិតឲ្យជាសះស្បើយដាច់ស្រឡះពីបញ្ហា និងភាពតានតឹងក្នុងផ្នែកផ្សេងៗ។ 
ក្នុងបច្ចុប្បន្នភាព មនុស្សជាច្រើនកំពុងប្រឈមមុខជាមួយសេចក្ដីទុក្ខ ដែលកើតឡើងពីឧទកភ័យ ធ្វើឲ្យចិត្តស្វិតស្រពោន អស់សង្ឃឹម គិតច្រើនដល់កើតជំងឺស្ត្រេស តានតឹងផ្លូវអារម្មណ៍កើនខ្ពស់ច្រើនពាន់នាក់ ដែលជាបឋមធាននៃការកើតជំងឺស្ត្រេសខ្លាំង ក៏មកពីការគិតដែលចងឱបភ្ជាប់ជាមួយនឹងបញ្ហា ដែលកំពុងប្រឈមមុខ ហើយគំនិតជារឿងដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក និងជំងឺតានតឹងក្នុងផ្នែកផ្សេងៗ ដោយមានក្បួនវិធីចាប់ផ្ដើមពី
        

Saturday, July 29, 2017

កិលេស


កិលេស ប្រែថា គ្រឿងសៅហ្មង ដែលលោកហៅថា ជាអាគន្តុកៈ គឺវត្ថុជាគ្រឿងត្រាច់ចរមកស្នាក់អាស្រ័យ ដូចជាភ្ញៀវ គឺអ្នកដែលមករក មិនមែនជាម្ចាស់ផ្ទះឡើយ។ ការដែលហៅថា គ្រឿងសៅហ្មង ក៏ព្រោះមកធ្វើឲ្យចិត្តផូរផង់តាមសភាវធម្មជាត ត្រូវបានសៅហ្មង ដូចជាផង់ធុលីដែលប៉ើងមក ធ្វើឲ្យទឹកដែលថ្លាស្អាត ប្រែជាខ្វក់ទៅវិញ។

កាលបើកិលេសមិនមែនជាម្ចាស់ផ្ទះហ្នឹងហើយ ដែលមិនមែនជាធាតុពិត ឬខ្លឹមសារពិតរបស់ចិត្ត កើតមានត្រឹមតែវត្ថុវិស័យភាព ដែលត្រាច់ចរមកអាស្រ័យ ទោះបីនឹងមកអ្នកអាស្រ័យយូរប៉ុនណា មកប្រកាន់យកសិទ្ធិគ្រប់គ្រងយ៉ាងណាក៏ដោយ ក៏គង់មិនអាចលះធាតុពិតរបស់ចិត្តបានដែរ។ ដូច្នោះ ទើបយើងអាចដុសខាតលាងជំរះចិត្ត ឲ្យផុតពីគ្រឿងសៅហ្មងទាំងពួងនេះបាន។

អប់រំដោយ
ព្រះញាណសំវរ  

Friday, July 28, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៥)



ការអនុវត្តពិបាក មិនមែនអនុវត្តមិនបានទេ បើធ្វើលំៗសើរៗ វាក៏បានលំៗសើរៗដែរ ដូចពាក្យមួយលើកឡើងថា ចម្ងាយផ្លូវរាប់ម៉ឺនយោជន៍ នឹងទៅដល់បាន ក៏ដោយសារតែការចាប់ផ្ដើមពីមួយជំហានម្ដងៗ។ ដូច្នោះ ពិបាកក៏ធ្វើ ស្រួលក៏ធ្វើទៅ រួចហើយវានឹងបានជោគជ័យជាក់ជាមិនខានឡើយ

អប់រំដោយ
លោកឪខេមបត្តោ

មនុស្សយើងបានមកជួបគ្នា មិនមែនជារឿងចៃដន្យ សុទ្ធតែធ្លាប់បានសាងបុណ្យមករួមគ្នា


វាសនា មិនចាំបាច់ទៅអង្វរបន់ស្រន់ ដល់កាលវេលាក៏មកជួបគ្នា ពេលអស់វាសនា ក៏ព្រាត់គ្នាទៅ ខំទប់ស្កាត់យ៉ាងណា ក៏មិននៅដដែល ដូច្នោះ ក្នុងពេលដែលយើង នៅមិនទាន់បែកគ្នា តើយើងបានធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងហើយឬនៅ? ព្រោះកាលណាអស់ពេល សញ្ញាកម្មហើយ មិនថា យើងនឹងមានមាសប្រាក់ ឬបុណ្យសក្ដិ អំណាចខ្ពង់ខ្ពស់ដល់ថ្នាក់ណាទេ ក៏មិនអាចទាមទារហៅឲ្យវិលត្រឡប់មកវិញបាន មិនដឹងថា កើតប៉ុន្មានជាតិ ប៉ុន្មានភព ទម្រាំនឹងបានវិលមកជួបគ្នាម្ដងទៀត។

ពាក្យថា “ឲ្យពរ”


ពរដែលមនុស្សជួនឲ្យគ្នា ឬព្រះសង្ឃឲ្យ គ្រាន់តែការសំដែងសេចក្ដីល្អ ឬសំដែងសេចក្ដីមេត្តាល្អចំពោះគ្នា ឬជាការអនុមោទនាបុណ្យកុសល ដូចជាព្រះយថាសម្ភី (យថាសម្ពី) ឲ្យពរតាមសេចក្ដីពិត ដែលកើតពីហេតុ គឺកម្មល្អរបស់បុគ្គលអ្នកធ្វើ អ្នកសាង ដូចមានបទអនុមោទនា ដែលមានសេចក្ដីថា

ធម៌គឺពរទាំងឡាយ ៤ប្រការ គឺអាយុ១ ពណ៌សម្បុរកាយ១ សេចក្ដីសុខ១ និងកម្លាំង១ រមែងចំរើនអស់កាលជានិច្ចដល់អ្នក ដែលមានសេចក្ដីឱនកាយថ្វាយបង្គំ ដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្ដីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមានសេចក្ដីចំរើនដោយគុណ មានសីលគុណ ជាដើម ឬចំរើនដោយវ័យគឺ ចាស់ព្រឹទ្ធាចារ្យមកប៉ុណ្ណេះ។

ដូច្នោះ ទើបគួរហាត់គិត ត្រង់ការប្រព្រឹត្តខ្លួនក្នុងផ្លូវល្អ ចេះគោរពឱនលំទោនដល់បុគ្គលដែលមានគុណធម៌ទាំងឡាយ មានសីលជាដើម ជាពិសេសចាស់ៗ ដែលមានអាយុច្រើនជាងយើង ដែលជាហេតុបាននូវពរផ្សេងៗតាមសេចក្ដីប្រាថ្នារបស់ខ្លួន គឺរៀនហាត់គិត ត្រង់នឹងការប្រតិបត្តិក្នុងហេតុដែលល្អ ពុំមែនចេះតែចង់បានផលល្អ ដោយមិនបានធ្វើអ្វីសោះនោះទេ រៀនហាត់ឲ្យកើតមានគំនិតថា ផលមិនសំខាន់ សំខាន់ត្រង់ធ្វើហេតុ ដែលគួរនឹងធ្វើ និងចាប់ផ្ដើមធ្វើតាំងពីពេលនេះ ថ្ងៃនេះ ឥឡូវនេះតែម្ដង។

អប់រំដោយ
ព្រះញាណសំវរ

ការមើលស្រាល… គ្មានផ្លូវរីកចំរើន


បើជាក្មេងមើលស្រាល ក៏ឲ្យសង្កេតមើលបានតាំងពីគ្រឿងតុបតែងខ្លួន គ្រឿងសិក្សារៀនសូត្រ និងអាកប្បិកិរិយា ការប្រព្រឹត្តផ្សេងៗរបស់ក្មេងៗ។ គ្រឿងស្លៀកពាក់មិនស្អាតបាត គ្មានរបៀបរាបរយ ឧបករណ៍សិក្សា ដូចជា សៀវភៅពុម្ព សៀវភៅសរសេរ ប៊ិក កាតាប ជាដើម មើលទៅខ្វក់គគ្រិច គ្មានសណ្ដាប់ធ្នាប់ ដើរចោលសំរាមពាសវាលពាសកាល  មានសកម្មភាពរញ៉េរញ៉ៃតាមដងផ្លូវ ទៅកាន់សាលារៀន ជាដើម។ល។

ការមានទម្លាប់បែបនេះ លុះដល់ពេលគេធំឡើង ធ្វើកិច្ចការអ្វីៗ ក៏ធ្វើបែបឲ្យតែរួចពីដៃ ធ្វើបែបមិនសូវយកចិត្តទុកដាក់ផ្ចិតផង់លើកិច្ចការដែលខ្លួនធ្វើ ដល់ពេលបានទទួលការកម្មង់បញ្ជាឲ្យប្រញាប់ ក៏ធ្វើមិនបានល្អ ដោយសារតែភាពមើលស្រាលនេះឯង។ បញ្ហាបែបនេះ មានគ្រប់សកម្មភាពរបស់មនុស្ស  នេះគ្រាន់តែលើកយកចំណុចតូច ក្នុងជ្រុងមួយនៃសកម្មភាពមនុស្សប៉ុណ្ណោះ។

បើសិនជាបណ្ដែតបណ្ដោយខ្លួន ឲ្យក្លាយជាមនុស្សមើលស្រាលរឿងបំប៉ិកកំប៉ុកបែបនេះទៅរឿយៗ ក៏ក្លាយជាទម្លាប់ ជាប់ជានិស្ស័យបាន ហើយក៏ជាគ្រឿងរារាំង រាំងស្ទះដល់ការរីកចម្រើនរបស់ខ្លួនខ្លាំងណាស់ដែរ ដូច្នោះ ទើបចាស់ទុំអប់រំទូន្មានក្មេងៗ មិនឲ្យធ្វើអ្វីៗដោយការមើលស្រាល ដូចអ្វីដែលបានពោលមកខាងលើ ចូររៀនធ្វើឲ្យស្អាត ឲ្យមានសណ្ដាប់ធ្នាប់ មានរបៀបរាបរយទាំងខាងក្នុង និងខាងក្រៅផ្ទះ។
-------------------------------
ធម្មគតិ អប់រំដោយ
ព្រះញាណសំវរ

កាន់តែស្ងប់កាន់តែសុខ


តាមពិតទៅ ចិត្តពេលណាមានក្ដីប្រាថ្នាចង់បាន បើធៀបជាមួយពេលដែលគ្មានក្ដីប្រាថ្នាចង់បាននោះ វាមានការខុសប្លែកគ្នាច្រើនណាស់។ ចិត្តពេលមានសេចក្ដីលោភ ឬសេចក្តីប្រាថ្នាចង់បាននោះ វាពុំមានក្ដីសុខ មានតែភាពក្ដៅក្រហាយ អន្ទះអន្ទែង កន្ទុកកន្ទេញ ក្រវល់ក្រវាយ ច្រួលច្រាលអារម្មណ៍ ដើម្បីឲ្យបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន ប៉ុន្តែចិត្តពេលមិនមានសេចក្ដីប្រាថ្នាចង់បាន សេចក្ដីលោភលន់នោះ ក៏មានសេចក្ដីសុខខ្លាំង លើកយកការប្រៀបធៀបនេះ ឲ្យវាងាយស្រួលគឺ ក្នុងពេលដេកលក់ និងពេលភ្ញាក់ឡើង ពេលលក់គ្មានបំណងប្រាថ្នាចង់បានអ្វីឡើយ តែពេលភ្ញាក់ឡើងមានសេចក្ដីប្រាថ្នាចង់បាន មនុស្សគ្រប់រូបមានដំណើរសភាវគតិនេះដូចៗគ្នា គ្មានអ្នកណាមួយអត់មាននោះទេ ពេលណាជាពេលសប្បាយបំផុត មនុស្សគ្រប់គ្នា អាចឆ្លើយបាន និងឆ្លើយតបចំពោះបញ្ហានេះដូចៗគ្នាទាំងអស់។

ពុទ្ធោ តាមដឹងចិត្ត


 “អង្គុយពែនភ្នែន យកជើងស្តាំ ដាក់លើជើងធ្វេង យកដៃស្ដាំដាក់លើដៃធ្វេង តម្រង់ដងខ្លួនឲ្យត្រង់ តាមកំណត់ដឹងចិត្ត ពុទ្ធៈ ព្រមជាមួយនឹងខ្យល់ដង្ហើមចូល ធោ ព្រមជាមួយនឹងខ្យល់ដង្ហើមចេញក៏បាន បើនឹកពុទ្ធោព្រមជាមួយនឹងខ្យល់ដង្ហើមចូល-ដង្ហើមចេញ ពេលណាកំពុងដកដង្ហើមនៅរៀងរយាលៗ ចិត្តអាចបញ្ជូនក្រសែចេញ ទៅកាន់ទីផ្សេងបាន លែងបានដឹងពីខ្យល់ដង្ហើមចេញចូល ក៏ឲ្យនឹកពុទ្ធោៗឆាប់ចូលមកវិញ។

ដោយនឹកពុទ្ធោដោយភាពស្រាលចិត្ត កុំទៅសង្កត់សង្កិនអារម្មណ៍ កុំទៅបង្គាប់ចិត្តឲ្យស្ងប់ នឹកពុទ្ធោៗ ឲ្យជាប់ កុំទៅនឹកថា ពេលណាចិត្តស្ងប់ ពេលណាចិត្តនឹងដឹង ពេលណាចិត្តនឹងភ្លឺស្វាង ឲ្យកំណត់ដឹងត្រង់ចិត្តតែម្យ៉ាងគត់ នឹកពុទ្ធោៗៗ ពុទ្ធោក៏នៅជាមួយនឹងចិត្ត ចិត្តក៏នៅជាមួយនឹងពុទ្ធោ ពេលមានការតាំងចិត្តនឹកពុទ្ធោ សតិសម្បជញ្ញៈនឹងមក។

នាទីត្រឹមតែនឹកពុទ្ធោៗ ៗ ទម្រាំនឹងដល់ពេលសមគួរ ចិត្តក៏នឹងស្ងប់ ឬមិនស្ងប់មិនសំខាន់ទេ ឲ្យតែយើងនឹកពុទ្ធោជាប់ជនិច្ច ដោយមិនដាច់រយៈអស់កាលយ៉ាងយូរ រហូតដល់ចិត្ត វាស្ទាត់ជំនាញខ្លួនឯង ចំពោះការនឹកពុទ្ធោ ក្នុងទីបំផុត ចិត្តក៏នឹងនឹកពុទ្ធោៗ ដោយមិនបានតាំងចិត្ត។

ពេលចិត្តនឹកដល់ពុទ្ធោ ដោយមិនបានតាំងចិត្តនេះ សំដែងសរឃើញថា ការចម្រើនភាវនារបស់យើងកំពុងនឹងបានផលហើយ ក្នុងពេលចិត្តយើងនឹកនៅត្រង់ពុទ្ធោៗ ពុទ្ធោក៏ជាគ្រឿងដឹងរបស់ចិត្ត គ្រឿងរលឹករបស់សតិ ពេលចិត្តមានគ្រឿងដឹង សតិមានគ្រឿងរលឹក បុគ្គលប្រតិបត្តិ តាំងចិត្តប្រតិបត្តិឲ្យបានច្រើនៗ រហូតដល់ខ្លាំង ក្នុងទីបំផុតចិត្ត នឹងកើតការស្ងប់ មានអាការៈច្រើនយ៉ាង ដែលនឹងគប្បីកើតឡើង
------------------------------------
អប់រំដោយ
លោកឪពុទ្ធានិយោ

Tuesday, July 25, 2017

យើងមានសិទ្ធិត្រឹមតែបណ្ដោះអាសន្ន


អ្វីៗគ្រប់យ៉ាង ដែលយើងមានការប្រកាន់មាំថា ជារបស់យើង របស់គេនោះ សូម្បីថា យើងមានសិទ្ធិចំពោះវាក៏ដោយ តែវាជាសិទ្ធិបណ្ដោះអាសន្នប៉ុណ្ណោះ ពុំមែនជាសិទ្ធិពិតប្រាកដឡើយ ព្រោះថា បើសិនវាជាសិទ្ធិពិតប្រាកដមែននុ៎ះ វាគង់មិនព្រាត់ប្រាស មិនបែកធ្លាយ មិនឃ្លាតចេញពីយើងឡើយ ប៉ុន្តែវាមានការព្រាត់ប្រាស ​បែកធ្លាយ បាត់បង់ទៅជាធម្មតា ដូច្នេះវាពុំមែនជាសិទ្ធិពិតប្រាកដឡើយ៕


ប្រភពរូបភាព google