Monday, July 30, 2018

មេដឹកនាំនិងវប្បធម៌



បេះដូងនៃភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំ គឺជាគំរូ។ ទឹកហូរពីលើចុះក្រោម កូនរៀនពីឱពុកម្តាយ អ្នកល្ងង់រៀនពីអ្នកចេះ អ្នកក្ររៀនពីអ្នកមាន សិស្សរៀនពីគ្រូ បុគ្គលិករៀនពីប្រធានក្រុមហ៊ុន។ នេះហើយដែលហៅថាទ្រឹស្តី មេដឹកនាំ គឺជាអ្នកបង្កើតវប្បធម៌។ បុរាណខ្មែរពោលថា មកតែពីម្តាយ ទើបរសាយដល់កូន

មេដឹកនាំជាអ្នកបង្កើតវប្បធម៌ មានន័យថាមេដឹកនាំមានអំណាចនិងមានមានឥទ្ធិពលជះទៅលើស្ថានភាពវប្បធម៌សង្គម ជាងប្រជាជនធម្មតា។ តើវប្បធម៌មានន័យដូចម្តេច? បើតាមនិយមន័យអក្ខរសាស្រ្ត វប្បធម៌គឺមានន័យថាការសាប ការព្រោះ និងការបណ្តុះ។ ទ្រឹស្តីពុទ្ធនិយមបាននិយាយអំពីច្បាប់កម្មផលនិងច្បាប់ហេតុផល។ ច្បាប់ទាំងនេះ គឺមានន័យថាសាបព្រោះល្អ ច្រូតកាត់ល្អ តែបើសាបព្រោះខ្យល់ ប្រមូលផលព្យុះ

តើលោកលីក្វាន់ យូ (Lee Kuan Yew) មានទស្សនៈបែបណាអំពីពាក្យ វប្បធម៌? លីក្វាន់ យូ និយាយថា Culture is destiny. Culture is destiny មានន័យថា វប្បធម៌សង្គមមួយបែបណា គឺនឹងកំណត់វាសនាអនាគតនៃប្រទេសបែបនោះ។ បើមេដឹកនាំបង្កើតវប្បធម៌ពុករលួយ គឺសង្គមនឹងពុករលួយ។ បើមេដឹកនាំជាមនុស្សសុចរិត អ្នកដើរតាមត្រូវតែជាមនុស្សត្រឹមត្រូវ។ល។ សរុបចុងក្រោយ ក្នុងន័យនេះគឺបង្ហាញថា រាល់ការរីកចម្រើន និងការអភិវឌ្ឍ មិនថាសង្គមគ្រួសារ ស្ថាប័នក្រុមហ៊ុន និងសង្គម គឺគុណសម្បត្តិធំរបស់មេដឹកនាំ។ ផ្ទុយទៅវិញ ការធ្លាក់ចុះនៃសង្គមមួយ ក៏ជាកំហុសនិងការទទួលខុសត្រូវរបស់មេដឹកនាំដែរ

___

ប.ភ៖  ៣៦៥ថ្ងៃ 
រូបភាព Fb

Sunday, July 29, 2018

ចង់ខ្លាំងត្រូវប្រឹងរហូត



ថ្មរមៀល ស្លែមិនកាន់ ហើយមនុស្សប្រឹងប្រែង តែងធ្វើដំណើរទៅមុខជានិច្ច។ ចង់ចេះឱ្យប្រឹងរៀន ចង់មានឱ្យប្រឹងរក។ ចង់ឆ្ងាញ់ឱ្យរកអន្លក់ បើចង់ស្រណុកឱ្យនឿយពីក្មេង។

អ្នករៀន បើឈប់រៀននិងឈប់សិក្សាបន្ថែម គឺនឹងក្លាយទៅជាខ្សោយវិញ។ អ្នកខ្លាំង បើហ៊ានតែបណ្តោយខ្លួនឈប់ប្រឹង គឺនឹងខ្សោយវិញ។ កាំបិតដែលមិនសំលៀង គឺតែងរិលមុខកាប់មិនមុត។

បើចង់ធ្វើជាមនុស្សខ្លាំង កុំគិតរឿងដែលមនុស្សធម្មតាគិត។ មនុស្សធម្មតាអានសៀវភៅមួយរយទំព័រ ក៏កើតចិត្តយល់ថាវែងណាស់។ មនុស្សខ្សោយ ធ្វើការ៧-៨ម៉ោងក្នុងមួយថ្ងៃ ក៏កើតចិត្តគិតថាយូរណាស់។ មនុស្សខ្សោយ រស់នៅក្នុងស្ថានភាពលំបាកបន្តិចបន្តួច ក៏កើតចិត្តយល់ថាវេទនាណាស់។ មនុស្សខ្សោយ ពិបាកដឹកនាំជីវិតខ្លួនឯងទៅរកជោគជ័យ។ សង្គមដែលមានមនុស្សខ្សោយ គឺរឹងរឹតតែពិបាកអភិវឌ្ឍ។ អត់អ្វី អាចអត់បាន តែកុំអត់ឆន្ទៈ។ ខ្សោយអ្វីអាចខ្សោយបាន តែកុំខ្សោយកម្លាំងចិត្ត៕

____
ប.ភ៖ ៣៦៥ថ្ងៃ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៣)



ពេលខ្លះតម្លៃនៃជីវិត កើតចេញពីការពលីលះបង់ដើម្បីអ្នកដទៃ
ដុំថ្ម បើមិនយកទៅគោះទង្គិចធ្វើម្តេចនឹងបែកផ្កាភ្លើង

ឆត្រ បើអត់ព្យុះភ្លៀងហើយមិនអាចបាំងថ្ងៃ ទទូរភ្លៀងឲ្យគេ ម្លេះសមត្រូវគេព្យួរទុកចោលកៀនជញ្ជាំងដោយឥតប្រយោជន៍
ឆត្រអើយឆត្រ បើឯងមិនអាចបាំងខ្យល់បាំងភ្លៀងឲ្យគេ អ្នកណាគេមកសុខចិត្តលើឯងឲ្យផុតក្បាល

បើយើងមិនធ្វើមិនលះបង់ដើម្បីអ្នកដទៃ
តើអ្នកដទៃគេនឹងជឿជាក់គោរពយើងដោយរបៀបណា។

អ្នករៀនត្រូវហ៊ានឈឺចាប់




១. បណ្ឌិត កែម ឡី មានប្រសាសន៍ថា អ្នកដឹកនាំល្អ គឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលា និងល្អជាងខ្លួនជានិច្ច។ ខ្ញុំយល់ថា យើងមិនអាចមានយុវជនខ្លាំងក្នុងថ្ងៃនេះ តែយើងអាចរៀបចំបណ្តុះបណ្តាលយុវជនថ្ងៃនេះ ឱ្យខ្លាំងសម្រាប់ថ្ងៃស្អែកបាន។ ខ្ញុំខ្លួនឯង ថ្វីត្បិតតែជាអ្នកចូលចិត្តអាន តែតាមពិត មានសៀវភៅ១០០០ក្បាល មិនស្មើនឹងមានគ្រូល្អនៅពីក្រោយម្នាក់ទេ។ ពេលខ្លះ មានអ្នកខ្លះសើចចំអកថា ល្ងង់ធ្វើចេះ ល្ងង់គង់វិនាស អានច្រើនឡប់

២. សង្គមដែលមិនចេះហុចដៃជួយ តែចាំតែហារមាត់ស្តីបន្ទោស និងរិះគន់ជាន់ពន្លិច គឺមិនត្រឹមត្រូវតាមគោលការណ៍ដាំបណ្តុះមនុស្សទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក្នុងនាមជាយុវជន សូមកុំរង់ចាំមេឃភ្លៀង តែត្រូវចេះរកទឹកនិងរកប្រភពទឹក មកចាក់បំពេញចំណេះដឹងដោយខ្លួនឯង។ អ្នកណាក៏ជាគ្រូយើង កន្លែងណាក៏ជាសាលារៀនយើង ហើយវិនាទីណាក៏ជាម៉ោងរៀនរបស់យើង សំខាន់ឱ្យតែយើងតាំងចិត្តរៀនសូត្រទៅបានហើយ។

៣. ចូរយើងសម្លឹងឱ្យខ្ពស់ ក្រឡែកមើលទៅផ្កាយ ប៉ុន្តែត្រូវទុកជើងទាំងពីរឱ្យមាំនៅលើដី។ ចូរយើងធ្វើអ្វីដែលអាចធ្វើបាន ដោយប្រើអ្វីដែលយើងមាន នៅទីកន្លែងដែលយើងរស់នៅ ហើយវាអាចបរាជ័យ ប៉ុន្តែអាក្រក់ជាងបរាជ័យទៅទៀតនោះគឺមិនហ៊ានសាកល្បងធ្វើវា៕

____
ប.ភ. ៣៦៥ថ្ងៃ

Tuesday, July 10, 2018

១០៨ឃ្លា គោលដៅជីវិតរបស់អ្នក(ត)



ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត នឹងបន្តគំនិតទ្រឹស្ដី ១០៨ ឃ្លា សម្រាប់ទិសដៅជីវិតរបស់អ្នក ក្នុងផេកថ្មីមួយទៀត។ ការពិតទៅធ្វើអ្វីៗក៏ដោយ ត្រូវមានបេះដូងស្រឡាញ់ ចូលចិត្តពេញចេញពីខាងក្នុងសិន ទើបបញ្ចេញកម្លាំងថាមពលព្យាយាមធ្វើវាឲ្យបានរឿយៗជាខាងក្រោយ បើគ្រាន់តែសុបិន មិនបានចាប់ផ្ដើមធ្វើ ក៏វាមិនអាចទៅរួចដែរ ដូចជាមានឃ្លាមួយក្នុងបរិបទនេះថា ចូលចិត្ត ធ្វើឲ្យការងារចេញមកល្អ, ស្រឡាញ់ធ្វើឲ្យការងារស្អាត, មានទិសដៅ ធ្វើឲ្យការងារជោគជ័យ។
______________________
៤៦) ឃើញខ្លាក្រាប កុំប្រមាថថាខ្លាសំពះ
ឃើញមនុស្សក្រាប កុំប្រមាថថា មនុស្សទន់ខ្សោយ។
______________________
៤៧) មនុស្សដែលជួបប្រសប់ភាពជោគជ័យ
ត្រូវមានគោលដៅជីវិត។
______________________
៤៨) មនុស្សជួបប្រសប់ភាពជោគជ័យ មិនត្រឹមតែជាអ្នកសុបិន
តែគេចាប់ផ្ដើមដោយការធ្វើផងដែរ។
______________________
៤៩) ចង់បាននិទ្ទេសA តែមិនព្រមអានសៀវភៅ
ចង់សម្រកទម្ងន់ តែមិនព្រមហាត់ប្រាណ
ចង់មានជីវិតថ្កើងថ្កាន តែមិនព្រមខំធ្វើការងារ
មនុស្សដែលបោះបង់ ព្រោះមិនព្រមផ្លាស់ប្ដូរក្នុងជីវិត
______________________
៥០) ការទទួលខុសត្រូវធ្វើឲ្យការងារចេញមកល្អ
ការស្រឡាញ់ធ្វើឲ្យការងារចេញមកស្អាត
គោលដៅធ្វើឲ្យ សម្រេច ដោយគ្មានអារម្មណ៍នឿយណាយ។
______________________
៥១) មនុស្សដែលជោគជ័យ ព្យាយាមធ្វើម្ដងទៀតជានិច្ច
______________________       
៥២) ចំណុចខ្សោយរបស់មនុស្ស មិនជួបប្រសប់ភាពជោគជ័យគឺ
សុខចិត្តព្រមចុះចាញ់។
______________________
៥៣) ភាពជោគជ័យចាប់ផ្ដើមនៅពេលណា
ដែលអ្នកជឿថាអ្នកធ្វើបាន។
______________________
៥៤) កុំបានតែនិយាយកុំគិតតែសូត្រទ្រឹស្ដី
ដោយមិនបានចាប់ផ្ដើមធ្វើអ្វី
វាគ្មានផ្លូវណា ជួបប្រសប់ភាពជោគជ័យឡើយ ។
_____________________
៥៥) លទ្ធផលស័ក្ដិសមតម្លៃដែលកើតឡើងក្នុងលោកនេះ
សុទ្ធតែប្រសូតចេញពីដៃ របស់មនុស្សដែលចូលចិត្តធ្វើការងារខ្លាំង ។
______________________
៥៦) មនុស្សដែលចូលចិត្តធ្វើការងារងាយៗ
នឹងបានត្រឹមតែជាកូនចៅគេ ជានិច្ច ។
______________________
៥៧) អតីតមិនសំខាន់ ថាយើងជានរណា
តែរឿងសំខាន់វាស្ថិតនៅត្រង់ថា
ថ្ងៃនេះ ថាតើយើងជានរណា?
និងថ្ងៃស្អែក យើងត្រូវការភាពជោគជ័យធំប៉ុណ្ណា.?


អាចរង់ចាំអានបន្ត

Monday, July 9, 2018

ខូចនឹងប្រុសអស់ព្រហ្មចារីយ៍ហើយខូចនឹងស្រីខ្លីវិជ្ជា



១. ស្ត្រី​ជា​ម្តាយ​ម្នាក់​ចំណាយ​ពេលវេ​លា​បង្កើត និង​ចិញ្ចឹម​កូនប្រុស​អស់​រយៈពេល​រាប់​ឆ្នាំ។ ប៉ុន្តែ​ មាន​នារី​វ័យក្មេង​ម្នាក់​ចំណាយពេល​ត្រឹមតែ ២០នាទី ក៏​អាច​ធ្វើ​ឱ្យ​កូន​ប្រុស​គាត់​ឆ្កួត​ដោយ​សារតែ​ស្នេហា

២. ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះ​កូនស្ងួន តែ​កូនប្រុស​ខ្លួនស្រក់​ទឹកភ្នែក​ព្រោះតែ​ស្រី។ ម៉ែ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន តែ​កូនប្រុស​លះបង់​គ្រប់យ៉ាង​ដើម្បី​ស្រី។ ម៉ែចិញ្ចឹម​អប់រំ​កូន​រាប់​ឆ្នាំ តែ​កូនប្រុស​បែរ​​ជា​ឆ្កួត​នឹង​ស្រី​ត្រឹមតែ ២០នាទី។

៣. លើ​លោក​យើង​នេះ ពិត​ជា​មាន​យុត្តិធម៌ តែ​គ្មាន​និយាមឬ​ស្តង់ដារ​យុត្តិធម៌​ឡើយ។ បុរាណ​ខ្មែរ​បាន​ប្រដៅ​កូនចៅ​ថា មានកូន​ប្រុស​ប្រៀប​ដូច​ព្រាយ​ក្បាល៨ ឯ​មាន​កូនស្រី​ប្រៀប​ដូច​ក្រឡ​ប្រហុក​មុខផ្ទះ

៤. មនុស្ស​ប្រុស បើ​ម្តាយ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ស្រី គេ​នឹង​ទៅ​ខ្វល់​នឹង​ដប​ស្រា ឬ​បើ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ដប​ស្រា គេ​នឹង​ទៅ​រក​ល្បែង។ ចំណែ​កឯ​ស្ត្រី​វិញ មិន​មែន​មាសទឹកដប់ តែ​អាច​ហៅ​បាន​ថា​ត្រឹមតែ​ជា​មាសទឹក​ប្រាំបី ប្រៀប​ដូច​បុប្ផា​រុះ​រោយ​ហើយ គង់ពិបាកនឹង​រីក​ស្គុះស្គាយ​វិញ​បាន​។ នារី​ដែល​ខូច​នឹង​ប្រុស ប្រាកដណាស់​ជា​អស់​ព្រហ្មចារី​យ៍ ហើយ​បើ​បុរស​ខូច​នឹង​ស្រីវិញ ប្រាកដជា​ខ្លី​វិជ្ជា

ប្រភព៖ ប.
រូបភាព៖ Fb

តើអ្នកយំដោយសារជាតិឬជាតិយំដោយសារអ្នក?




១. លីក្វាន់ យូ (Lee Kuan Yew) បានឆ្លើយថា នៅពេលដែលអ្នកយំដោយសារតែជាតិ គឺមានន័យថាអ្នកស្នេហាជាតិ តែបើជាតិយំដោយសារតែអ្នក គឺមានន័យថាអ្នកត្រូវតែចូលរួមជួយកសាងជាតិ មនុស្សស្រឡាញ់ជាតិជាងខ្លួន គឺលះបង់ខ្លួនដើម្បីជាតិរស់ តែមនុស្សស្រឡាញ់ខ្លួនជាងជាតិ គឺសម្លាប់ជាតិដើម្បីខ្លួនរស់។ [] ជាតិយំដោយសារតែអ្នក គឺដោយសារតែអ្នកព្រងើយកន្តើយ

២. នៅសម័យក្រិច មនុស្សជាច្រើនមានមោទកភាពដែលបានមានឈ្មោះជាប្រជាជនអាតែន តែទស្សនវិទូក្រិចម្នាក់បានពោលពញ្ញាក់អារម្មណ៍ថា មិនសំខាន់ទេថាអ្នកមានសញ្ជាតិជាពលរដ្ឋនៃទីក្រុងដ៏ធំជាងគេទាំងអស់ តែអ្វីដែលសំខាន់នោះថាតើអ្នកបានធ្វើអ្វីខ្លះដើម្បីឱ្យបានស័ក្តិសមជាសមាជិកនៃមាតុភូមិដ៏ល្បីល្បាញខ្ចរខ្ចារនេះ។ ក្រោយមក ប្រធានាធិបតីអាមេរិក ចន កេណ្ឌឌី ក៏បានប្រតិដ្ឋបង្កើតព្រលឹងថ្មីមួយទៀតដោយនិយាយថា កុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីខ្លះសម្រាប់អ្នក តែត្រូវសួរថាតើអ្នកបានធ្វើអ្វីខ្លះសម្រាប់ប្រទេសរបស់អ្នក លីក្វាន់ យូ [....] អ្នកត្រូវតែចូលរួមជួយកសាងជាតិ។ តើត្រូវជួយតាមរបៀបណា?

៣. នៅក្នុងសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ ត្រង់ថ្ងៃទី៦កក្កដា បានសរសេរថា អំណាចខ្លាំងបំផុត គឺការរួបរួមសាមគ្គី។ ការបំបែកមនុស្សឱ្យដាច់ពីគ្នាតាមរយៈនិន្នាការសាសនា និងនយោបាយ គឺជាមាគ៌ានាំទៅរកក្តីវិនាស។ ចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត ហើយចង់បំផ្លាញសង្គមមួយ គឺត្រូវធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា។ តើត្រូវជួយសង្គមតាមរបៀបណា? សង្គមរស់ ឬស្លាប់ដោយសារតែនយោបាយ ហើយបើនិយាយពីនយោបាយ គឺសំដៅដល់ជាតិ។ ក្នុងជាតិមានសាសនា ហើយសាសនា វាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងជាតិ។ នយោបាយ ចិញ្ចឹមរាងកាយប្រជាជន ហើយសាសនាអប់រំចិត្តគំនិតប្រជាជន។ ចុងក្រោយ ត្រូវជួយជាតិ ដោយកុំឱ្យអ្នកនយោបាយយកធ្វើជាឧបករណ៍ (ខ្ញុំនិយាយតាមទស្សនៈនៃទស្សនវិទូអទេវនិយម គឺនិហ្សឺ)៕ 

ប្រភព៖ ប. 
រូបភាព៖ Fb


ត្រីហែលបណ្តោយទឹកជាត្រីងាប់



ជីវិត គឺប្រៀបដូចជាការអុំទូកបញ្ច្រាសទឹកហូរ បើមិនប្រឹងប្រែងអុំទេ ដំណើរទៅមុខ ឬថយក្រោយ គឺខ្សែទឹកហូរនឹងកំណត់សម្រេចព្រេងវាសនារបស់យើង

១. ត្រីហែលបណ្តោយទឹកជាត្រីងាប់ ហើយមនុស្សណាដែលសុខចិត្តបណ្តោយតាមព្រេងវាសនា គឺជាមនុស្សស្លាប់។ លើលោកយើងនេះពិតជាមានយុត្តិធម៌ ប៉ុន្តែគ្មានស្តង់ដារយុត្តិធម៌ទេ។

២. បើជីវិតរស់នៅប្រឹងប្រែងច្រើន តែបានផលតិច ឬប្រឹងប្រែងតិច តែបានផលច្រើន ឬមិនប្រឹងប្រែង តែបានផលច្រើន នោះតើយើងត្រូវទៅស្វែងរកយុត្តិធម៌នៅទីណា។ យុត្តិធម៌ គឺប្រឹងប្រែងទាមទារ។

៣. បើទោះបីជាទាមទារមិនបាន តែវាប្រសើរជាងនៅស្ងៀម ឬបើបានទាមទារខ្លះ ក៏គង់បានផលសម្រេចខ្លះ គឺសម្រេចពីមិនបានសោះ មកបានធម្មតា, ឬពីបានធម្មតា មកបានល្អ, ឬពីល្អមកល្អប្រសើរ នេះគឺជាសច្ចភាពនៃការប្រឹងប្រែងតស៊ូទាមទារ។ មនុស្សចេះប្រឹង បើទៅដល់ទីណា ក៏មិនស្លាប់ដែរ តែបើស្លាប់ដោយសារតែឥតប្រឹង។ គ្មាននរណាម្នាក់ដែលត្រូវស្លាប់ដោយសារតែការប្រឹងប្រែងនោះទេ៕ 

ប្រភព៖ បណ្ណាល័យគំនិត

Saturday, July 7, 2018

នរណាៗក៏ធ្លាប់មានកំហុសដែរ



នរណាមិនធ្លាប់មានកំហុស មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ អ្នកខ្លះកែ ហើយអ្នកខ្លះទៀតក៏មិនព្រមកែសោះ ។

ខ្ញុំបានឃើញមនុស្សច្រើននាក់ណាស់ ដែលធ្លាប់ធ្វើខុសកន្លងមក មិនព្រមលះបង់ចោលកំហុសដែលបានដក់ជាប់នៅក្នុងដួងចិត្តវិញ្ញាណរបស់ពួកគេ នៅតែកើតទុក្ខឥតល្ហែស្ទើរតែមួយជីវិតរបស់ពួកគេទៅហើយ ។

មិនចាំបាច់និយាយពីនរណានោះទេ និយាយពីខ្លួនខ្ញុំផ្ទាល់តែម្ដងទៅ
ខ្ញុំធ្លាប់ធ្វើខុសនឹងនារីដ៏ល្អប្រពៃម្នាក់ ធ្លាប់ធ្វើឱ្យដំណក់ទឹកភ្នែករបស់គេ ហូរស្រក់ចុះមកដោយមិនអាចលើកអភ័យបាន និងកំហុសជាច្រើនផ្សេងទៀតដែលខ្ញុំធ្លាប់បានធ្វើកន្លងមក ។

សួរថា ខ្ញុំខុសពិតប្រាកដមែនឬអត់? ចម្លើយ គឺថា ខ្ញុំខុសពិតប្រាកដមែន ។
ខ្ញុំមានសំនួរជាច្រើន ដែលតែងតែចោទសួរមកខ្លួនឯងជារៀងរាល់ថ្ងៃថា ហេតុអ្វីក៏ខ្ញុំមិនព្រមបំភ្លេចរឿងអតីតកាលដែលកន្លងហួសចោលឱ្យអស់ពីដួងចិត្តមួយនេះទៅ? ហេតុអ្វីចិត្តនិងវិញ្ញាណនៅតែគិតដល់វាទៀត?

រហូតដល់ថ្ងៃមួយ ខ្ញុំក៏សម្រេចចិត្តអនុញ្ញាតិឱ្យអ្វីៗវាចាកចេញទៅឱ្យអស់ ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺ រៀនសូត្រពីកំហុសនោះៗ ទុកជាគ្រូ ទុកជាមេរៀនចាំដាស់តឿនខ្ញុំជានិច្ច ។

អ្វីដែលធ្លាប់ធ្វើខុសហើយ គឺត្រូវសុំទោស រួចហើយកែប្រែខ្លួនសាជាថ្មី ចាប់ផ្ដើមជាមួយអ្វីដែលថ្មី ធ្វើជាមនុស្សថ្មី និងរស់នៅក្នុងជីវិតដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយស្នាមញញឹម  និងក្ដីសង្ឃឹម ព្រមទាំងក្ដីសុបិនមួយដ៏អសា្ចរ្យសម្រាប់ជីវិតក្នុងថ្ងៃអនាគត ។

សាកញញឹមនិងសម្លឹងមើលទៅពិភពលោកទាំងមូលបន្តិចទៅមើល វាស្រស់ស្អាតប៉ុណ្ណាដែរទៅ នៅមានរឿងល្អៗជាច្រើនទៀតដែលអ្នកត្រូវធ្វើ និងត្រូវគិត។

អ្នកត្រូវចាំថា អ្នករស់នៅជាមួយនឹងបច្ចុប្បន្នកាល មិនមែនរស់នៅជាមួយស្រមោលនៃអតីតកាល ហើយក៏មិនមែនទៅរស់នៅក្នុងស្រមោលអនាគតកាលនោះដែរ  

Cr. ស្រមោល ដួងចន្រ្ទ
កែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព Fb

Friday, July 6, 2018

ជំងឺដែលពិបាកព្យាបាល ជាងជំងឺមហារីក និងគ្មានថ្នាំព្យាបាល



ជំងឺដែលពិបាកព្យាបាលជាងជំងឺមហារីក និងគ្មានថ្នាំព្យាបាល គឺ
១. ជំងឺច្រណែនឈ្នានីស ឃើញអ្នកដទៃ ល្អឬពូកែលើសខ្លួនបន្តិចមិនបាន។
២. ជំងឺមហិច្ឆតាលោភលន់ ពុករលួយកេងប្រវញ្ច លែងស្គាល់បាបបុណ្យ។
៣. ជំងឺតាំងខ្លួនឯងអ្នកចេះដឹងពូកែ ទាំងខ្លួននៅល្ងង់ មិនដឹងមិនឃើញអ្វីច្បាស់ ។
៤. ជំងឺវង្វេងរវើរវាយ ផ្ដេកផ្ដួលហួសពីការពិតក្នុងជំនឿគ្មានការពិចារណាគ្មានហេតុផល ។
៥ .ជំងឺចូលចិត្តនិយាយមុសាបំភ្លើសបំភ្លៃ មួលបង្កាច់ចង្ខូចអ្នកដទៃ។

មនុស្សគ្រប់រូបដែលរស់នៅលើផែនដី សូមកុំឲ្យកើតជំងឺទាំង៥ខាងលើនេះឲ្យសោះណ៎ា បើដឹងថាកើតហើយ សូមប្រញាប់ទប់ស្កាត់វាឲ្យឆាប់ បើមិនដូច្នេះទេ វាពិបាកក្នុងការព្យាបាលណាស់ ។ ខ្ញុំអត់មានថ្នាំជួយព្យាលបាលទេ មានតែយកព្រះធម៌ជាឱសថមកព្យាបាលចុះ(សេចក្ដីច្រណែនឈ្នានីសលោភលន់ នាំមកនូវក្ដីវិនាស អស់ឫទ្ធិបារមីលែងគង់នៅឃុំគ្រង់ថែរក្សាហើយ)។

មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស


ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើន សេចក្ដីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឱ្យត្រូវថា ចង់បានអ្វីឱ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ។ សេចក្ដីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។

ស្រង់ពីសៀវភៅ មេរៀនជីវិត: ដោយលោកគ្រូ អ.គ.ប.ស.វ

Thursday, July 5, 2018

ស្វែងរកខ្លួនឯងពេលយប់ស្ងាត់


១. ពេលយប់ គឺជាពេលវេលាស័ក្តិសមបំផុតសម្រាប់ឲ្យមនុស្សស្វែងរកខ្លួនឯង។ ខ្ញុំជឿថានៅក្នុងសង្គមដែលមនុស្សទទួលបានការអប់រំតិច គឺមានមនុស្សភាគតិចណាស់ ដែលអាចស្គាល់ខ្លួនឯងពិតប្រាកដដល់ថ្នាក់ស៊ីជម្រៅ។ សំណួរដែលមនុស្សភាគច្រើនតែងសួរគឺ តើខ្ញុំជានរណា? តើត្រូវស្វែងរកខ្លួនឯងពិតប្រាកដដោយរបៀបណា?

២. កាលពី ១០ឆ្នាំមុន ខ្ញុំប្រើវិធីហាត់ស្លាប់ ដែលជារបៀនរបស់អ្នកប្រាជ្ញសូក្រាត និងអ្នកប្រាជ្ញបារាំងម៉ុងតេស្គីយ័រ។ សូក្រាតនិយាយថា ដើម្បីស្វែងរកថាខ្លួនឯងថាជានរណា គឺយើងត្រូវចេះគិតពិចារណាលើខ្លួនឯងជាប្រចាំ។ ក្នុងទ្រឹស្តីព្រះពុទ្ធបានប្រើវិធី វិប្សសនា ដែលមានន័យថាពិចារណាឃើញច្បាស់តាមសេចក្តីពិត។

៣. រហូតដល់ចុងក្រោយ ខ្ញុំប្រើវិធីហាត់ស្លាប់ និងរបៀនដែលខ្ញុំបានយល់បានដឹងតាមរយៈទ្រឹស្តីសាសនានានា ដើម្បីយកមកប្រើជាមួយនឹងការអានសៀវភៅ ការគិតលើជីវិតអតីតកាល ឬអនាគតនៃជីវិត។ កម្មវិធីក្នុងខួរក្បាលទាំងអស់បានផ្លាស់ប្តូរ។ លទ្ធផល​ គឺអស្ចារ្យលើសពីការរំពឹងទុក។ សមាធិ គឺជាអ្នកគាស់អនុសម្បជញ្ញៈ៕

ប្រភពៈ Kimseng Eab shared 

ម្នាក់ឯងតែពុំឯកា



១. មនុស្សល្អធម្មតាតែងដើរស្វែងរកមនុស្សល្អពីខាងក្រៅខ្លួន តែមនុស្សល្អដល់ថ្នាក់ស៊ីជម្រៅដឹងថាសេចក្តីល្អតែងនៅក្នុងខ្លួន ហើយក៏ពុំចាំបាច់ដើរស្វែងរកនៅទីណាដែរ។ គ្មានមាគ៌ាឬផ្លូវដើម្បីតម្រង់ទៅរកមនុស្សល្អទេ។ តាមពិត យើងគ្រាន់តែលុបពាក្យ មាគ៌ា ឬផ្លូវ ចេញ គឺនឹងជួបមនុស្សហើយ ព្រមទាំងមានតែមនុស្សល្អនៅក្បែរខ្លួនរហូត មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាឡើយ។ តើនរណាជាមនុស្សល្អ?

២. មនុស្សល្អ គឺជាយើង។ ក្នុងលោកយើងនេះ មានមនុស្សល្អពីរប្រភេទដែលល្អចំពោះយើងពិតប្រាកដ តែមនុស្សល្អទាំងពីរប្រភេទនេះពុំមានវត្តមាននៅរស់ក្នុងផែនដីនេះទៀតឡើយ។ មនុស្សល្អទី១ គឺមនុស្សដែលពុំទាន់កើតនៅឡើយ។ មនុស្សល្អទី២ គឺជាមនុស្សដែលស្លាប់បាត់ទៅហើយ។ ពេលយើងតាំងចិត្តមាំធ្វើជាមនុស្សល្អ យើងនឹងពុំចាំបាច់ដើរនាំតែហត់ស្វែងរកមនុស្សល្អឡើយ។

៣. អ្វីដែលមានក្នុងខ្លួនយើង គឺជាល្បាយនិងជាធាតុផ្សំគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សល្អពិតប្រាកដ។ មនុស្សល្អ បើទោះបីជារស់នៅម្នាក់ឯង ក៏ពុំមានអារម្មណ៍ថាឯកាឡើយ។ មនុស្សល្អរស់ក្រៅប្រព័ន្ធច្បាប់សង្គម រស់នៅក្រៅប្រព័ន្ធសាសនាសង្គម និងរស់នៅក្រៅប្រព័ន្ធវប្បធម៌សង្គម។ សាសនារបស់មនុស្សល្អ គឺជាសាសនានៃសេចក្តីស្រឡាញ់។ មនុស្សល្អប្រើសីលធម៌ជំនួសច្បាប់ (មានច្បាប់ក៏ធ្វើសេចក្តីល្អ ឬគ្មានច្បាប់ក៏នៅតែប្រព្រឹត្តសេចក្តីល្អ)។ ភាសារបស់មនុស្សល្អ គឺជាភាសានៃសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ។ កែវភ្នែករបស់មនុស្សល្អ តែងតែសម្លឹងរកមើលចំណុចល្អរបស់អ្នកដទៃ។ បបូរមាត់របស់មនុស្សល្អ តែងតែវាចាពោលពាក្យពីរោះមានន័យទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត៕
_____
*ពេលយុវជនយើងដើរពុំផុតចេញពីមនោសញ្ចេតនាលន្លង់លន្លោច គឺយើងនឹងជាប់ផុងនៅក្នុងអន្លុងអារម្មណ៍នៃចិត្ត។ យើងទាំងអស់គ្នាស្ទើរតែជាប់នៅក្នុងសីល្បៈនៃការរស់នៅ ដោយស្វែងរកសុខឱ្យខ្លួនឯងគ្មានមូលដ្ឋានចំណេះដឹងខួរក្បាល រហូតដល់គ្មានពេលវេលាស្វែងរកសុខសម្រាប់សង្គម (ភ្លេចត្រៀមខ្លួន ភ្លេចដុសខាត់ខ្លួន) ក៏ដូចជាសម្រាប់អនុជនជំនាន់ក្រោយ។

ប្រភពរូបភាព៖ https://www.khmertimeskh.com//upl/2017/09/p15_lead_art.jpg

Wednesday, July 4, 2018

១០៨ឃ្លា គោលដៅជីវិតរបស់អ្នក



តើគោលដៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? តើនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ មានសេចក្ដីចំរុងចំរើនរុងរឿង និងមានបានព្រមគ្រប់យ៉ាង ដូចជាមានមាសមានប្រាក់លុយកាក់ មានមុខងារតួនាទីការងារល្អ មានក្រុមគ្រួសារដ៏កក់ក្ដៅ ទាំងអស់នេះចាប់ផ្ដើមដោយហត្ថាទាំងទ្វេរបស់អ្នកផ្ទាល់តែម្ដង ប្រាកដថា គោលដៅក្នុងជីវិតនឹងចាប់ផ្ដើមពីការតាំងចិត្តមាំជានិច្ច តើនឹងធ្វើយ៉ាងណាទៅ? គឺអ្នកត្រូវកំណត់ពីគោលដៅក្នុងជីវិតរបស់អ្នកឲ្យបានសិន កុំទៅតូចចិត្តតូចថ្លើមលើបុណ្យវាសនាពឹងផ្អែកតែមរតកលើម្ដាយឪពុករបស់ខ្លួនឡើយ ។

ប្រសិនបើយើងមិនរក មិនចាប់ផ្ដើមធ្វើពីឥឡូវនេះទេ មានប៉ុន្មានឆ្នាំប៉ុន្មានជាតិទៀតក៏មិនមានដែរ ។ ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត ស្រង់យកពាក្យ ១០៨ ឃ្លា និយាយពីគោលដៅជីវិត មកប្រែចុះផ្សាយដើម្បីបានជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន សង្ឃឹមថាពាក្យឃ្លោងឃ្លាប្រយោគទាំងអស់នេះ នឹងបានជាពាក្យតម្រង់ទិសដៅដ៏ល្អ  អាចយកទៅប្រើប្រាស់ដំណើរការក្នុងជីវិតឲ្យសមប្រកបបាន ។