Sunday, August 19, 2018

រៀនពីបរិស្ថានជុំវិញយើង



បរិស្ថានជុំវិញខ្លួនយើង សុទ្ធសឹងជាគ្រូរបស់យើង ជាក់ស្តែងមនុស្សម្នាក់ៗតែងតែគិតពីនេះពីនោះ ដូច្នេះហើយ មានថ្ងៃមួយខ្ញុំបានសួរខ្លួនឯងថា៖ តើខ្ញុំគួរតែធ្វើបែបណាជាមួយនឹងជីវិតមួយនេះ? គ្រប់យ៉ាងនៅក្នុងផ្ទះក៏បានផ្តល់ចម្លើយឱ្យខ្ញុំ។

-ដំបូលផ្ទះប្រាប់ខ្ញុំ ដាក់គោលដៅឱ្យខ្ពស់

-កង្ហាប្រាប់ខ្ញុំថា ធ្វើអ្វីត្រូវធ្វើដោយចិត្តត្រជាក់

-នាឡិកាប្រាប់ខ្ញុំថា ត្រូវគោរពពេលវេលា

-ប្រតិទិនប្រាប់ខ្ញុំថា ត្រូវចេះព្យាយាមកែប្រែអ្វីដែលជាកំហុសខ្លួនឯងជារៀងរាល់ថ្ងៃ

-ទូដាក់សៀវភៅប្រាប់ខ្ញុំថា ត្រូវតែរៀនសូត្រនូវអ្វីដែលថ្មី

-កញ្ចក់ប្រាប់ខ្ញុំថា ត្រូវចេះពិចារណាមើលពីខ្លួនឯង

-អំពូលភ្លើងប្រាប់ខ្ញុំថា ត្រូវតែមានអនាគតភ្លឺស្វាង

-សរសរ និងធ្នឹមប្រាប់ខ្ញុំថា ត្រូវមានទំនួលខុសត្រូវ

-ផ្ទៃបាតប្រាប់ខ្ញុំថា ត្រូវស៊ូទ្រាំឱ្យបានជាមួយនឹងទម្ងន់ និងសម្ពាធ

-កាំជណ្តើរប្រាប់ខ្ញុំថា ធ្វើអ្វីត្រូវធ្វើម្តងមួយៗ ហើយប្រុងប្រយ័ត្ន

-ក្រណាត់ជូតជើងប្រាប់ខ្ញុំថា ទោះត្រូវគេមើលងាយជិះជាន់បែបណា ត្រូវតែតាំងចិត្តធ្វើការដោយសេចក្តីថ្លៃថ្នូរ ដើម្បីភាពស្អាតស្អំ

-ទ្វារបន្ទប់ប្រាប់ខ្ញុំថា ត្រូវចេះទុកចិត្តគេ តែក៏មិនមែនគ្រប់គ្នាទាំងអស់នោះដែរ

-បង្អួចប្រាប់ខ្ញុំថា កុំសម្ងំក្នុងទីងងឹតនាំចិត្តចង្អៀតតែឯង ត្រូវចេះស្វែង ត្រូវចេះបើកចិត្តមើលពិភពខាងក្រៅ

-កន្ត្រៃប្រាប់ខ្ញុំថា អ្វីដែលមិនមានប្រយោជន៍ដល់ជីវិត កុំគិតច្រើន ត្រូវចេះកាត់ចិត្ត

-ហើយចុងក្រោយកុងតាក់ចុចទឹកបង្គន់ប្រាប់ខ្ញុំថា នៅពេលដែលត្រូវលះបង់ចោល ចូរកុំទុក

គិតៗទៅ គ្រប់យ៉ាងដែលនៅជុំវិញយើង សុទ្ធតែអាចបង្រៀនយើងពីរបត់នៃជីវិត គ្រាន់តែថា តើយើងអាចយល់ ឬមិនយល់ ធ្វើតាម ឬមិនធ្វើតាម នៅពេលដែលវត្ថុជុំវិញ បានព្យាយាមប្រាប់ដល់យើងហើយនោះ៕

... គំនិតមនុស្សវិជ្ជមាន

Thursday, August 16, 2018

តើស្នេហាជាស្អីទៅ ?


ស្នេហាមិនមែនស្រាទេ ប៉ុន្ដែវាធ្វើឲ្យយើងស្រវឹង ។ ស្នេហាមិនមែនស្ករទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថាផ្អែម ។ ស្នេហាមិនមែនម៉ាស៊ីនត្រជាក់ទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថារងាគ្រប់ពេលនឹកគេ ហើយពេលនៅជិតចង់តែឱបគេ ។ ស្នេហាមិនមែនជាស្ករកៅស៊ូទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថាស្អិតជាប់ខួរក្បាល ។ ស្នេហាមិនមែនគ្រឿងញៀនទេ តែវាធ្វើឲ្យយើងបាត់មុខគេមិនបាន ។ ស្នេហាមិនមែនជាការធ្វើសង្គ្រាមទេ តែវាធ្វើឲ្យយើងនៅមិនសុខដេកមិនលក់យល់សប្តិមិនល្អ បើមិនបានប្រកែកគ្នាពីរបីមាត់មុនពេលដេក ។ ស្នេហាមិនមែនជាសម្លទេ តែវាធ្វើឲ្យយើងបាយមិនឆ្ងាញ់គ្រប់ពេលនឹកគេ ។ តើស្នេហាជាអ្វីឲ្យពិតប្រាកដ?

ពេលខ្លះស្នេហាប្រៀបដូចកាហ្វេទឹកកកមួយកែវ បើល្វីងពេកផឹកមិនឆ្ងាញ់ទេ តែដល់ពេលដាក់ស្ករច្រើន ទើបដឹងឆ្ងាញ់ ប៉ុន្ដែបើកាន់តែត្រជាក់ទៀត គឺកាន់តែឆ្ងាញ់ទ្វេដង ។ មានពេលខ្លះ ឈ្លោះព្រោះស្រឡាញ់ ម្ញ៉ិកម្ញ៉ក់ព្រោះចង់ឲ្យគេទ្រ រករឿងច្រើនព្រោះចង់ឲ្យគេខ្វល់ សួរនាំច្រើនព្រោះខ្លាចគេមានថ្មី និយាយច្រើនព្រោះចង់ឲ្យគេយល់ពីជម្រៅចិត្ដ ។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើជាដើមឈើដ៏រឹងមាំ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ទៅ ?

ក្នុងលោកនេះ មនុស្សដែលអាចស្ដាប់ឮសំឡេងបេះដូងគ្នាទៅវិញទៅមក គឺជាមនុស្សដែលអាចបរិយាយនូវភាសាជាច្រើនចេញពីជម្រៅចិត្ដ ប្រាប់ដល់មនុស្សដែលខ្លួនស្រឡាញ់ ។ ពេលខ្លះពាក្យពេចន៍ទាំងនោះ វាបានចូលទៅក្នុងប្រអប់នៃដួងវិញ្ញាណរបស់យើង ទាំងដែលគេពុំធ្លាប់ប្រាប់យើង ។ ពេលខ្លះ សំឡេងខ្សិបនៃបេះដូងរបស់គេ បានប្រាប់យើងនូវសម្ដីរាប់លានម៉ាត់ ដែលអ្នកដទៃមិនអាចស្ដាប់ឮ ប៉ុន្ដែពាក្យទាំងនោះវាមាននិយមន័យតែមួយគត់ គឺក្ដីស្រឡាញ់ដ៏បរិសុទ្ធ ៕...

តើមានទេ? ... ហាសហាស...

Cr. ប្រាជ្ញាជីវិត

រៀនផ្ដល់តម្លៃចំពោះមិត្តភាព



 មិត្តភាពមួយអាចរីកចម្រើនទៅបាន គឺដោយសារតែអំពើល្អដែលយើងបានផ្ដល់ឲ្យគ្នាទៅវិញទៅមក ហើយមានពេលខ្លះមិត្តភាពនោះ ក៏អាចរលាយបាត់ទៅវិញ ដោយសារតែកំហុសមួយពេលផងដែរ ។ មិត្តភាពមិនដូចម៉ូតូឡាននោះទេ ម៉ូតូឬឡាន ប្រសិនបើវាខូចយើងអាចជួសជុលឡើងវិញប្រើការដូចដើមបាន តែសម្រាប់មិត្តភាពមិនមែនជារឿងងាយស្រួលឡើយ ទោះបីជាយើងមានលុយរាប់សែនក៏មិនអាចទិញទំនុកចិត្ដពីមុនឲ្យត្រឡប់មកវិញបានដែរ ។ មនុស្សពីរនាក់ដែលអស់ទំនុកចិត្ដលើគ្នាទៅហើយ ទោះបីជារាប់អានគ្នាបន្ដទៀតក៏មិនស្និទ្ធដែរ គ្រប់យ៉ាងគឺមិនអាចដូចដើមឡើយ វាប្រៀបដូចជាម្ជុលមួយដើមដែលបានជ្រុះចូលក្នុងបាតទន្លេអ៊ីចឹង ។

មានពេលខ្លះ អំពើល្អបន្តិចបន្តួចដែលយើងបានធ្វើដាក់គ្នា គឺជាគុណតម្លៃនៃក្ដីស្រឡាញ់ គ្រាន់តែយើងមិនចាប់អារម្មណ៍រហូតដល់ថ្ងៃដែលយើង និងគេលែងមានឱកាសមើលមុខគ្នាផ្ទាល់ដូចមុន និយាយគ្នាសើចសប្បាយជាមួយគ្នាដូចមុន យើងក៏នឹករឭកហើយចង់ឲ្យគ្រប់យ៉ាងដូចដើម នេះអាចទុកថាជាគុណតម្លៃនៃការចងចាំដ៏ល្អមួយសម្រាប់មិត្តភាពមួយដ៏កក់ក្ដៅ បំផុត។

អំពើល្អបង្កើតឲ្យយើងនូវមិត្តភាព ហើយមិត្តភាពបង្កើតឲ្យយើងនូវក្ដីស្រឡាញ់ អំណាចនៃក្ដីស្រឡាញ់គឺពិតជាធំធេងណាស់ ។ យើងអាចនឹងកើតទុក្ខព្រួយ ប្រសិនបើយើងបានដឹងថា មិត្តភក្តិ ឬសាច់ញាតិរបស់យើងមានបញ្ហាមិនល្អ ប៉ុន្ដែយើងនឹងសប្បាយចិត្ដ ប្រសិនបើពួកគេកំពុងរីករាយ ទោះបីពេលខ្លះយើងគ្មានចំណែកសម្រាប់ភាពល្អរបស់គេក៏ដោយ(សប្បាយចិត្ដជំនួសគេ) នេះគឺអំណាចនៃក្ដីស្រឡាញ់ វាពុំមែនជារបស់ដែលគេអាចលក់នៅតាមផ្សារទេ តែវាគឺជាអារម្មណ៍ដែលកើតចេញពីការស្រឡាញ់ ។

យើងគួរថែរក្សាមិត្តភាពដោយក្ដីស្រឡាញ់ យើងនឹងទទួលបានភាពជិតស្និទ្ធកក់ក្ដៅ ផ្ដល់ភាពល្អឲ្យគ្នាទៅវិញទៅមក ទើបសន្ដិភាពអាចបានយូរអង្វែង ។ ត្រូវចាំថា មិត្តភាពមិនមែនជាទំនិញឡើយ បើយើងធ្វើឲ្យវាខូច គឺមិនងាយជួសជុលវិញបានទេ

Cr. ប្រាជ្ញាជីវិត

Wednesday, August 15, 2018

មនុស្សស្រីដែលមានសំណាង !!



មនុស្សស្រីដែលមានសំណាងកើតមកជាមួយរូបឆោមលោមល្អ ជាមនុស្សស្រីដែលមានបុរសៗជាច្រើនចាប់អារម្មណ៍ប្រលោមស្នេហ៍ ។ ផ្កាដែលរីកហើយ គឺតែងតែមានគេមើលឃើញ ផ្កាដែលគេមើលឃើញហើយ តែងតែមានគេស្រឡាញ់ចង់បាន។

មនុស្សស្រីដែលមានសំណាង មិនឋិតនៅលើរូបឆោមលោមទាំងស្រុងទេ គឺឋិតនៅលើកែវភ្នែករបស់នាងពូកែមើលបុរសឬក៏អត់? ព្រោះបើនាងអសមត្ថភាពឬមើលមិនដឹងថាបុរសដែលនាងជ្រើសរើសនោះល្អឬអត់ទេ នោះនាងនឹងអភ័ព្វបំផុត ដែលនាងមិនដឹងថា តម្លៃរបស់នាងគឺជាអ្វី។

មនុស្សស្រីប្រៀបដូចជាផ្កា រីកហើយកាលណាតែងស្រស់ស្អាត ប៉ុន្ដែឱកាសនៃការរីកមានមិនច្រើនទេ ម្លោះហើយការជ្រើសរើសមនុស្សល្អក៏មានពេលមិនច្រើនដែរ ។

Cr. ប្រាជ្ញាជីវិត

អ្វីដែលខ្ញុំស្រឡាញ់



១) ខ្ញុំស្រលាញ់ភាពជោគជ័យ ព្រោះវាធ្វើឲ្យខ្ញុំនឹងទទួលបានអ្វីដែលខ្ញុំចង់បាន។
២) ខ្ញុំស្រលាញ់ភាពបរាជ័យ ព្រោះវាបានបង្រៀនខ្ញុំឲ្យរឹងមាំ។
៣) ខ្ញុំស្រលាញ់សេចក្តីរីករាយ ព្រោះវាធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត។
៤) ខ្ញុំស្រលាញ់សេចក្តីទុក្ខក្រៀមក្រំ ព្រោះវាបើកមនោសញ្ចេតនាឲ្យខ្ញុំកំសត់ចង់យំចង់ស្រក់ទឹកភ្នែក និងរៀនទទួលយកការពិតពីវា។
៥) ខ្ញុំស្រលាញ់ពន្លឺរស្មីព្រះអាទិត្យ ព្រោះវាបានផ្តល់កំដៅឲ្យខ្ញុំ។
៦) ខ្ញុំស្រលាញ់ភាពងងឹត ព្រោះវាធ្វើឲ្យខ្ញុំអាចមើលឃើញពន្លឺរស្មីព្រិចៗនៃហ្វូងតារាទាំងឡាយដ៏ស្រស់ស្អាតកាន់តែច្បាស់។
៧) ខ្ញុំស្រលាញ់ភ្លៀងបង្អុរចុះមក ព្រោះវាអាចលាងជំរះនូវចិត្តសៅហ្មងចេញពីខ្លួនខ្ញុំ។
៨) ខ្ញុំស្រលាញ់កូនក្មេង ដោយសារតែភាពស្មោះត្រង់របស់ពួកគេ មិនមានពុតត្បុត។
៩) ខ្ញុំស្រលាញ់មនុស្សចាស់ ដោយសារ ចំណេះដឹងនិងបទពិសោធគាត់ អាចចែករំលែកដល់ខ្ញុំបាន។
១០) ខ្ញុំស្រលាញ់អ្នកមាន ដោយសារពួកគេពូកែរកនិងចេះទុកដាក់ ។
១១) ខ្ញុំស្រលាញ់អ្នកក្រ ដោយសារ ពួកគេមានចំនួនច្រើន។

តម្លៃអប់រំ៖

ចូលព្យាយាម ស្រលាញ់អ្វីៗដែលនៅជុំវិញខ្លួន និងហេតុការណ៍ទាំងឡាយដែលបានកើតឡើងឲ្យបានច្រើន ដើម្បីសេចក្តីសុខផ្លូវចិត្ត និងអាចបន្តដំណើរទៅមុខទៀត ដោយក្តីសង្ឃឹម៕

ពាក្យ ១២​​ឃ្លា​ របស់លោកស្រីផឹង លីយាន (ភរិយា​ ប្រធានាធិបតេយ្យចិន​ Xi JinPing)



ទី១- កូន​សម្លាញ់... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូបអាហារខ្លះ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។

ទី២- កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី)

ទី៣- កូន​សម្លាញ់... កូន​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ និង​ត្រូវ​ជា​មហាវិទ្យាល័យ​ដែល​មាន​​គុណភាព។ នេះ​មិនមែន​​រៀន​ដើម្បី​យក​ក្រេឌីត​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​មនុស្ស​យើង ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​ឲ្យ​បាន ៣​ទៅ​៤​ឆ្នាំ ដែល​ជា​​ជីវិត​ដែល​គ្មាន​លក្ខខណ្ឌ​តវ៉ា និង​ជា​ជីវិត​ដែល​​បាន​ទទួល​ការ​អប់រំ​ឲ្យ​មាន​សតិ​បញ្ញា ការ​គិត និង​ប្រើ​ហេតុផល (នៅ​ពេល​ចូល​ប្រឡូក​​ក្នុង​សង្គម​វា​ប្រៀបដូច​ជា​បាន​ស្គាល់​ពី​ជីវិត​ពិត)

ទី៤- កូន​សម្លាញ់... កូន​ដឹង​ទេ​ថា កូន​ទុក​ដាន​ជើង​បាន​​ឆ្ងាយ​ប៉ុណ្ណា ចិត្ត​គំនិត​​របស់​កូន​នឹង​ទូលំទូលាយ​បានប៉ុន​នោះ។ នៅ​ពេល​មាន​ចិត្ត​ទូលំទូលាយ​ហើយ ទើប​កូន​មាន​ក្ដី​សុខ ហើយ​បើ​ដើរ​មិន​បាន​ឆ្ងាយ​ទេ គឺ​ត្រូវ​ឲ្យ​សៀវភៅ​នាំ​កូន​ទៅ (​ពង្រីក​ទស្សនវិស័យ​របស់​ខ្លួន​ឯង​ដោយ​ពឹង​ផ្អែក​​លើ​ចំណេះដឹង)

ទី៥- កូន​សម្លាញ់... បើ​លោក​នេះ​នៅ​សល់​តែ​ទឹក​ពីរ​ពែង កូន​ត្រូវ​ទុក​មួយ​ពែង​ផឹក ចំណែក​មួយ​ពែង​ទៀត​គឺ​ត្រូវ​​ទុក​ប្រើ​សម្អាត​ផ្ទៃ​មុខ និង​ខោ​អាវ​ក្នុង​របស់​កូន (ការ​មើល​ឃើញ​តម្លៃ​ខ្លួន​​​ឯង មិន​ពាក់ព័ន្ធ​​នឹងការ​មាន ឬ​ក្រ​នោះ​ទេ)

ទី៦- កូន​សម្លាញ់... បើ​មេឃ​រលំ​ធ្លាក់​មក កូន​កុំ​បាច់​យំ​ស្រែក និង​​មិន​បាច់​ថ្ងូរ​រអ៊ូ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​កូន​កាន់​តែ​ឈឺ​ចាប់ ចំណែក​មនុស្ស​ដែល​ស្អប់​កូន​កាន់​តែ​បាន​ចិត្ត (ព្រម​ទទួល​ជតា​កម្ម​យ៉ាង​ស្ងប់ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មាន​ក្ដី​សុខ)។

ទី៧- កូន​សម្លាញ់... ទោះ​បី​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ ក៏​ត្រូវ​​​ជូត​តុ ក្រាល​កម្រាល​ឲ្យ​បាន​ស្អាត ហើយ​អង្គុយ​ហូប​ឲ្យ​មាន​របៀបរៀបរយ។ រស់​នៅ​តាម​បែប​ធម្មតា​ៗ ប៉ុន្តែ​រក្សា​ឲ្យ​បាន​ភាព​ថ្លៃថ្នូរ​ សមរម្យ (ឥរិយា មារយាទ និង​ស្ថានភាព​មិន​មែន​ជា​រឿង​​ពាក់ព័ន្ធ​គ្នា​នោះ​ទេ)។

ទី៨- កូន​សម្លាញ់... នៅ​ពេល​កូន​ទៅ​កន្លែង​ឆ្ងាយ​ៗ ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ត្រូវ​យក​កាមេរ៉ា​ថត​រូប​ទៅ​ជាមួយ គឺ​ត្រូវ​យក​ប៊ិកនិង​ក្រដាស​ទៅ​ផង ព្រោះ​ទេសភាព​អាច​ដូច​គ្នា ប៉ុន្តែ​អារម្មណ៍​ដែល​មើល​ទេសភាព​នោះ​មិន​​ប្រាកដ​ថា​អាច​ត្រលប់​មក​បាន​ដូច​ដើម​​វិញ​នោះ​ទេ។ Xu Xia Ke អាច​ក្លាយ​​ជា​ភូមិវិទូ​ដ៏​ល្បី​នៅ​ប្រទេស​ចិន មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​កត់ត្រា​រឿងរ៉ាវ និង​បទ​ពិសោធ​យ៉ាង​ល្អិតល្អន់​ពី​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដើម្បី​បន្សល់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។

ទី៩- កូន​សម្លាញ់... កូន​ត្រូវ​មាន​ផ្ទះ​មួយ​​របស់​​ខ្លួន​ឯង ទោះ​បី​ត្រឹម​តែ ៥ម៉ែត្រ​បួន​ជ្រុង​ក៏​ដោយ ព្រោះ​នៅ​ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​កូន​ស្រឡាញ់ ដល់​បែកបាក់​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​រក​កន្លែង​ដេក​មិន​បាន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​កូន​មាន​ចិត្ត​ក្ដៅ នោះ​ក៏​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចិត្ត​ត្រជាក់​វិញ​បាន​​នៅ​ទី​នោះ (ឧបនិស្ស័យ​បែប​ឯករាជ្យ)។

ទី១០- កូន​សម្លាញ់... ពេល​នៅ​ក្មេង​ ​ត្រូវ​មាន​ចំណេះដឹង នៅ​ពេល​ធំ​ឡើង​ត្រូវ​មាន​បទពិសោធ ទើប​កូន​មាន​ជីវិត​ដែល​រីក​ចម្រើន​យ៉ាង​មាន​គុណភាព (អាន​បទពិសោធ​របស់​អ្នក​ដទៃ និង​ស្វែង​រក​បទពិសោធ​សម្រាប់​ខ្លួន​ឯង)។

ទី១១- កូន​សម្លាញ់... មិន​ថា​ពេល​ណា​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មេត្តា។ ត្រូវ​ចាំ​ទុក​ថា ការ​មាន​សន្ដាន​ចិត្ត​ល្អ នឹង​ធ្វើ​ឲ្យ​កូន​​​ក្លាយ​ជា​​មនុស្ស​ដែល​ទទួល​បាន​ការ​ឃុំគ្រង​មើល​ថែ​ល្អ​បំផុត​ពី​អ្នក​ផង និង​វត្ថុ​ស័ក្ដិសិទ្ធ​ទាំង​ឡាយ (ការ​ឃុំ​គ្រង​មើល​ថែ​នេះ​មិន​មែន​ដោយ​ភាព​មាន​បាន និង​អំណាច​នោះ​ទេ គឺ​ធ្វើ​ល្អ​ យើង​នឹង​បាន​អ្វី​ល្អ​មក​វិញ)។

ទី១២- កូន​សម្លាញ់... ស្នាម​ញញឹម ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​ នេះ​ហើយ​គឺ​ជា​ទ្រព្យរបស់កូន ៕

Cr: Pichsoudeny Noun

Thursday, August 9, 2018

គ្រប់យ៉ាងជារឿងដែលត្រូវឆ្លងកាត់



យើងមិនចូលចិត្ដលេបថ្នាំទេ ប៉ុន្ដែពេលយើងឈឺយើងត្រូវតែលេប ។ យើងមិនចូលចិត្ដម្ជុលចាក់ថ្នាំទេ ប៉ុន្ដែពេលយើងឈឺ យើងត្រូវតែទទួលការចាក់ថ្នាំ ។ យើងមិនចូលចិត្ដការឈឺចាប់ទេ ប៉ុន្ដែបើយើងមិនព្រមលេប យើងនឹងឈឺធ្ងន់លើសដើម ។ របួសមិនអាចជាទៅបាន ប្រសិនបើយើងមិនព្រមទទួលការព្យាបាល ។ រឿងគ្រប់យ៉ាងនៅក្នុងជីវិត វាមិនអាចកន្លងផុតបានឡើយ ប្រសិនបើយើងមិនបានឆ្លងកាត់ ។ យើងមិនអាចទាមទារឲ្យផែនដីត្រូវតែរាបស្មើបានទេ ។ យើងមិនអាចទាមទារឲ្យអ្វីៗក្នុងលោកនេះ ត្រូវតែស្របនឹងចិត្ដយើងតែម្នាក់ឯងបានឡើយ ។

ពេលយើងឈឺ ទោះយើងមិនចូលចិត្ដថ្នាំពេទ្យ ក៏យើងត្រូវតែលេប ។ ពេលយើងជួបរឿងលំបាកក្នុងជីវិត ទោះយើងមិនចូលចិត្ដក៏ត្រូវតែទទួល ។ ពេលយើងព្យាយាមហាមឃាត់ព្រះអាទិត្យមិនឲ្យរះ ក៏ព្រះអាទិត្យនៅតែរះ ទោះយើងយំដល់ស្លាប់ ក៏គ្រប់យ៉ាងនៅតែដំណើរការតាមធម្មតារបស់វា ប៉ុន្ដែប្រសិនបើយើងយល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងត្រូវតែបែបនេះ នោះយើងនឹងលែងឆ្ងល់ថា ហេតុអ្វីបានជាជីវិតយើងទៅជាបែបនេះឬបែបនោះទៀតហើយ ។

ផ្អែមខ្លះ ល្វីងខ្លះ នេះគឺរសជាតិនៃជីវិត ។ រឿងលំបាកៗ តែងតែមកដល់មុនរឿងសមបំណងទាំងឡាយជានិច្ច ។ ចាស់លោកថា "នឿយមុនស្រណុកក្រោយ" ។ ឆ្លងកាត់រសជាតិល្វីងនៃថ្នាំពេទ្យ ទើបយើងអាចជាសះស្បើយពីជំងឺ។ ការឆ្លងកាត់ភាពល្វីងជូរចត់នៃភាពតស៊ូ ទើបយើងអាចទទួលបានផ្លែផ្កាជីវិត ។ រឿងគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិត គឺសុទ្ធតែជាអ្វីដែលយើងត្រូវឆ្លងកាត់ ហើយមានតែការឆ្លងកាត់នេះទេ ទើបយើងអាចទៅដល់គោលដៅដែលយើងចង់ទៅ ។ ត្រូវចងចាំថា ចាញ់ជាមេរៀន ឈ្នះជាជោគជ័យ

ប.ភ៖ ប្រាជ្ញាជីវិត

អំណាចនៃចិត្តដែលបានលត់ដំ



គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ ចាស់ចិត្តចាស់គំនិត។ យើងត្រូវបែងចែកពាក្យ ចាស់ចិត្ត និងពាក្យ ចាស់គំនិត ចេញពីគ្នា។ ចាស់ចិត្ត គឺមានន័យថា ចិត្តនេះត្រូវបានលត់ដំ។ ការលត់ដំចិត្ត អាចធ្វើទៅបានតាមរយៈសមាធិ ចម្រើនភាវនា ឬប្រើសតិដឹង ឬតាមរយៈការឆ្លងកាត់បទពិសោធជីវិតជាក់ស្តែង។ ចាស់គំនិត គឺនិយាយអំពីការសិក្សារៀនសូត្រនៅសាលាបានច្រើន ឬមានចំណេះដឹងក្នុងខួរក្បាលច្រើន។

សុខក៏ដោយសារចិត្ត ហើយទុក្ខក៏ដោយសារចិត្ត។ ពុទ្ធសុភាសិតមួយលើកឡើងថា ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ។ តើចិត្តមានអំណាចខ្លាំងប៉ុនណា? កវីអង់គ្លេស វិល្លៀម ស្ហេកស្ពៀរ (William Shakespeare) និយាយថា ពិភពលោកនេះត្រូវគ្រប់គ្រងដោយគំនិត។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា ចិត្តជាប្រធាន។ មនុស្សមានចំណេះដឹងខួរក្បាលប្រហាក់ប្រហែលគ្នា និងមានបញ្ញាប្រហាក់ប្រហែលគ្នា តែបើម្នាក់ខ្វះអំណាចនៃចិត្តដែលត្រូវលត់ដំ ឬអំណាចចិត្តស្ងប់ ឬអំណាចចិត្តដែលអាចគ្រប់គ្រងខ្លួនបាន គឺនឹងត្រូវចាញ់។ មនុស្សមានចំណេះដឹងយុទ្ធសាស្រ្តខ្លាំង តែបើខ្សោយអំណាចនៃចិត្តលត់ដំ គឺនឹងត្រូវចាញ់។

ចិត្តដែលអាចគ្រប់គ្រងខ្លួនឯង គឺជាចិត្តដែលមានអំណាចអាចបញ្ជាចិត្តអ្នកដទៃបាន។ ចិត្តដែលអាចគ្រប់គ្រងបាន គឺមានអំណាចធំជាងខួរក្បាលដែលមានចំណេះដឹងរាប់លាន។ ខ្ញុំលើកទឹកចិត្តឱ្យយុវជនធ្វើសមាធិ តែសូមកុំមានចំណង់ឬតណ្ហាចង់បានអ្វីផ្សេងដែលនៅក្រៅខ្លួនឱ្យសោះ។ ចិត្តដែលត្រូវបានលត់ដំ និងចិត្តដែលមានសតិដឹងនេះ គឺមានអំណាចខ្លាំងជាងអំណាចដែលនៅក្រៅខ្លួនឆ្ងាយណាស់។ ត្រឹមតែសមាធិព្យាបាលបញ្ហារូបរាងកាយ ឬសមាធិសម្រាប់កើនបញ្ញាយល់ដឹង ឬសមាធិសម្រាប់អប់រំចិត្ត គឺល្អបំផុត

____
ប.ភ៖ ៣៦៥ថ្ងៃ

ទស្សនវិជ្ជានយោបាយប្លាតុង



បើនិយាយឱ្យមិនសូវពីរោះស្តាប់តាមទស្សនៈលីក្វាន់ យូ (Lee Kuan Yew) ក្នុងប្រទេសកំពុងអភវិឌ្ឍ សង្គមត្រូវការរបៀបដឹកនាំដែលធ្វើឱ្យប្រជាពលរដ្ឋមានវិន័យច្រើនជាងប្រជាធិបតេយ្យ។ បើនិយាយឱ្យស្មោគគ្រោកបន្តិចទៀត មិនសំខាន់ថាប្រជាធិបតេយ្យ ឬផ្តាច់ការទេ តែសំខាន់គឺ ការអភិវឌ្ឍសង្គមជាចំាបាច់

ប្រជាធិបតេយ្យ គឺត្រូវការការចូលរួម។ ការចូលរួមដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមប្រកបដោយចំណេះដឹង។ ប៉ុន្តែបើការចូលរួមខ្វះចំណេះដឹង គឺវានឹងប្រែក្លាយពាក្យប្រជាធិបតេយ្យទៅជាអាណាធិបតេយ្យវិញជាក់ជាពុំខាន។ កំហុសរបស់មេដឹកនាំ គឺប្រើរបៀបដឹកនាំផ្តាច់ការដើម្បីរក្សាអំណាចក្រុមខ្លួន ដើម្បីរក្សាផលប្រយោជន៍ក្រុមខ្លួន និងកំទេចក្រុមអ្នកប្រឆាំងដើម្បីអំណាចខ្លួន។

របៀបនេះពុំខុសពីការរិះគន់របស់មេដឹកនាំសូវៀត នីគីតា គ្រុសឆេវ (Nikita Khrushchev) ទៅលើរបបដឹកនាំរបស់យូហ្សែប ស្តាលីន ទេ។ គ្រុសឆេវ បានរិះគន់ដោយប្រើពាក្យថា Cult of Personality ឬការគោរពលើកជើងមេដឹកនាំ។ តើរបៀបដឹកនាំរបស់ស្តាលីនមានលក្ខណៈដូចម្តេច? ខ្ញុំនៅចាំសម្តីរបស់ស្តាលីនដែលនិយាយថា ប្រជាជនដែលបានទៅបោះឆ្នោត ពុំមែនជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិអ្វីនោះទេ តែអ្នកដែលរាប់សន្លឹកឆ្នោតទៅវិញទេ ដែលជាអ្នកសម្រេចរឿងគ្រប់យ៉ាងទាំងអស់

ទស្សនវិទូក្រិក ប្លាតុង (Plato) អះអាងថា មេដឹកនាំមានតួនាទីធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីសុខសុភមង្គល។ ដើម្បីដឹងថាអ្វីជាសុភមង្គល និងអ្វីជាអភមង្គល គឺត្រូវការសមត្ថភាពបញ្ញា និងសីលធម៌។ មានតែទស្សនវិទូ និងវិញ្ញូជនប៉ុនណោះ ដែលមានសត្ថភាព និងចំណេះដឹងពិតប្រាកដ។ ដូច្នេះ មនុស្សជាតិនឹងពុំអាចមើលឃើញការបញ្ចប់បញ្ហាសង្គមឡើយ លុះត្រាតែវិញ្ញូជនមកកាន់អំណាចនយោបាយ ឬអ្នកកាន់អំណាចនយោបាយក្លាយទៅជាវិញ្ញូជន

Mankind will never see an end of trouble until... lovers of wisdom come to hold political power, or the holders of power... become lovers of wisdom. Plato

_____
សៀវភៅពិគ្រោះ៖ The Politics Big Book, Big Ideas Simply Explained និងសៀវភៅ 50 Politics Classics

ប.ភ៖ ៣៦៥ថ្ងៃ
រូបភាព៖ https://www.google.com.kh/


ស៊ីជិនពីងគិតអំពីគុណធម៌




វិញ្ញូជនគិតអំពីគុណធម៌ជារឿងសំខាន់។ មនុស្សធម្មតាគិតពីរឿងសីលធម៌ តែពុំធ្វើរឿងសីលធម៌គ្រប់កាលៈទេសៈទេ។ មនុស្សដែលមានឧត្តមគិត គឺគិតពីរឿងសីលធម៌ ធ្វើរឿងដែលមានសីលធម៌ និងសុខចិត្តស្លាប់ដោយសារតែសីលធម៌។ តើហេតុអ្វីមនុស្សចាំបាច់ត្រូវមានគុណធម៌?

ទស្សនវិទូក្រិក សូក្រាត និយាយថា ទ្រព្យសម្បត្តិពុំអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ តែគុណធម៌តែម្យ៉ាង គឺនឹងធ្វើឱ្យមនុស្សមានគ្រប់យ៉ាង។ ឧត្តមជនឱ្យតម្លៃទៅលើភាពស្មោះត្រង់ និងសេចក្តីទៀងត្រង់ ពីព្រោះសេចក្តីទៀងត្រង់ គឺជាមូលដ្ឋាននៃសេចក្តីទុកចិត្តចំពោះគ្នាទៅវិញទៅមក។

ទស្សនៈរបស់ស៊ី ជិនពីង លើរឿងគុណធម៌នេះ គឺដើម្បីឱ្យយុវជនចិនទាំងអស់គិតលើប្រយោជន៍សមូហភាពជាធំ ដោយកុំធ្វើជាមនុស្សដែលខ្វះភាពជាមនុស្ស ហើយដើម្បីមានលក្ខណៈជាមនុស្សពេញលេញ គឺមានតែគុណធម៌ប៉ុនណោះ ដែលអាចបំពេញធាតុជាមនុស្សពេញលេញបាន។ តើហេតុអ្វី? ក្នុងទ្រឹស្តីច្បាប់បានលើកឡើងថា បើគ្មានច្បាប់ទេ មនុស្សប្រៀបដូចជាឆ្កែចចកនឹងគ្នា។ បើមនុស្សគ្មានគុណធម៌ទេ គឺមនុស្សមិនខុសពីសត្វឡើយ។ គុណធម៌បុគ្គល ធ្វើឱ្យមានគុណធម៌ក្នុងសង្គមជាតិទាំងមូល

The noble man considers righteousness essential. Xi Jinping

______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល"
រូបភាព៖ https://www.google.com.kh

Monday, July 30, 2018

មេដឹកនាំនិងវប្បធម៌



បេះដូងនៃភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំ គឺជាគំរូ។ ទឹកហូរពីលើចុះក្រោម កូនរៀនពីឱពុកម្តាយ អ្នកល្ងង់រៀនពីអ្នកចេះ អ្នកក្ររៀនពីអ្នកមាន សិស្សរៀនពីគ្រូ បុគ្គលិករៀនពីប្រធានក្រុមហ៊ុន។ នេះហើយដែលហៅថាទ្រឹស្តី មេដឹកនាំ គឺជាអ្នកបង្កើតវប្បធម៌។ បុរាណខ្មែរពោលថា មកតែពីម្តាយ ទើបរសាយដល់កូន

មេដឹកនាំជាអ្នកបង្កើតវប្បធម៌ មានន័យថាមេដឹកនាំមានអំណាចនិងមានមានឥទ្ធិពលជះទៅលើស្ថានភាពវប្បធម៌សង្គម ជាងប្រជាជនធម្មតា។ តើវប្បធម៌មានន័យដូចម្តេច? បើតាមនិយមន័យអក្ខរសាស្រ្ត វប្បធម៌គឺមានន័យថាការសាប ការព្រោះ និងការបណ្តុះ។ ទ្រឹស្តីពុទ្ធនិយមបាននិយាយអំពីច្បាប់កម្មផលនិងច្បាប់ហេតុផល។ ច្បាប់ទាំងនេះ គឺមានន័យថាសាបព្រោះល្អ ច្រូតកាត់ល្អ តែបើសាបព្រោះខ្យល់ ប្រមូលផលព្យុះ

តើលោកលីក្វាន់ យូ (Lee Kuan Yew) មានទស្សនៈបែបណាអំពីពាក្យ វប្បធម៌? លីក្វាន់ យូ និយាយថា Culture is destiny. Culture is destiny មានន័យថា វប្បធម៌សង្គមមួយបែបណា គឺនឹងកំណត់វាសនាអនាគតនៃប្រទេសបែបនោះ។ បើមេដឹកនាំបង្កើតវប្បធម៌ពុករលួយ គឺសង្គមនឹងពុករលួយ។ បើមេដឹកនាំជាមនុស្សសុចរិត អ្នកដើរតាមត្រូវតែជាមនុស្សត្រឹមត្រូវ។ល។ សរុបចុងក្រោយ ក្នុងន័យនេះគឺបង្ហាញថា រាល់ការរីកចម្រើន និងការអភិវឌ្ឍ មិនថាសង្គមគ្រួសារ ស្ថាប័នក្រុមហ៊ុន និងសង្គម គឺគុណសម្បត្តិធំរបស់មេដឹកនាំ។ ផ្ទុយទៅវិញ ការធ្លាក់ចុះនៃសង្គមមួយ ក៏ជាកំហុសនិងការទទួលខុសត្រូវរបស់មេដឹកនាំដែរ

___

ប.ភ៖  ៣៦៥ថ្ងៃ 
រូបភាព Fb

Sunday, July 29, 2018

ចង់ខ្លាំងត្រូវប្រឹងរហូត



ថ្មរមៀល ស្លែមិនកាន់ ហើយមនុស្សប្រឹងប្រែង តែងធ្វើដំណើរទៅមុខជានិច្ច។ ចង់ចេះឱ្យប្រឹងរៀន ចង់មានឱ្យប្រឹងរក។ ចង់ឆ្ងាញ់ឱ្យរកអន្លក់ បើចង់ស្រណុកឱ្យនឿយពីក្មេង។

អ្នករៀន បើឈប់រៀននិងឈប់សិក្សាបន្ថែម គឺនឹងក្លាយទៅជាខ្សោយវិញ។ អ្នកខ្លាំង បើហ៊ានតែបណ្តោយខ្លួនឈប់ប្រឹង គឺនឹងខ្សោយវិញ។ កាំបិតដែលមិនសំលៀង គឺតែងរិលមុខកាប់មិនមុត។

បើចង់ធ្វើជាមនុស្សខ្លាំង កុំគិតរឿងដែលមនុស្សធម្មតាគិត។ មនុស្សធម្មតាអានសៀវភៅមួយរយទំព័រ ក៏កើតចិត្តយល់ថាវែងណាស់។ មនុស្សខ្សោយ ធ្វើការ៧-៨ម៉ោងក្នុងមួយថ្ងៃ ក៏កើតចិត្តគិតថាយូរណាស់។ មនុស្សខ្សោយ រស់នៅក្នុងស្ថានភាពលំបាកបន្តិចបន្តួច ក៏កើតចិត្តយល់ថាវេទនាណាស់។ មនុស្សខ្សោយ ពិបាកដឹកនាំជីវិតខ្លួនឯងទៅរកជោគជ័យ។ សង្គមដែលមានមនុស្សខ្សោយ គឺរឹងរឹតតែពិបាកអភិវឌ្ឍ។ អត់អ្វី អាចអត់បាន តែកុំអត់ឆន្ទៈ។ ខ្សោយអ្វីអាចខ្សោយបាន តែកុំខ្សោយកម្លាំងចិត្ត៕

____
ប.ភ៖ ៣៦៥ថ្ងៃ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៣)



ពេលខ្លះតម្លៃនៃជីវិត កើតចេញពីការពលីលះបង់ដើម្បីអ្នកដទៃ
ដុំថ្ម បើមិនយកទៅគោះទង្គិចធ្វើម្តេចនឹងបែកផ្កាភ្លើង

ឆត្រ បើអត់ព្យុះភ្លៀងហើយមិនអាចបាំងថ្ងៃ ទទូរភ្លៀងឲ្យគេ ម្លេះសមត្រូវគេព្យួរទុកចោលកៀនជញ្ជាំងដោយឥតប្រយោជន៍
ឆត្រអើយឆត្រ បើឯងមិនអាចបាំងខ្យល់បាំងភ្លៀងឲ្យគេ អ្នកណាគេមកសុខចិត្តលើឯងឲ្យផុតក្បាល

បើយើងមិនធ្វើមិនលះបង់ដើម្បីអ្នកដទៃ
តើអ្នកដទៃគេនឹងជឿជាក់គោរពយើងដោយរបៀបណា។

អ្នករៀនត្រូវហ៊ានឈឺចាប់




១. បណ្ឌិត កែម ឡី មានប្រសាសន៍ថា អ្នកដឹកនាំល្អ គឺជាអ្នកដែលរៀបចំអ្នកបន្តវេនបានច្រើន ទាន់ពេលវេលា និងល្អជាងខ្លួនជានិច្ច។ ខ្ញុំយល់ថា យើងមិនអាចមានយុវជនខ្លាំងក្នុងថ្ងៃនេះ តែយើងអាចរៀបចំបណ្តុះបណ្តាលយុវជនថ្ងៃនេះ ឱ្យខ្លាំងសម្រាប់ថ្ងៃស្អែកបាន។ ខ្ញុំខ្លួនឯង ថ្វីត្បិតតែជាអ្នកចូលចិត្តអាន តែតាមពិត មានសៀវភៅ១០០០ក្បាល មិនស្មើនឹងមានគ្រូល្អនៅពីក្រោយម្នាក់ទេ។ ពេលខ្លះ មានអ្នកខ្លះសើចចំអកថា ល្ងង់ធ្វើចេះ ល្ងង់គង់វិនាស អានច្រើនឡប់

២. សង្គមដែលមិនចេះហុចដៃជួយ តែចាំតែហារមាត់ស្តីបន្ទោស និងរិះគន់ជាន់ពន្លិច គឺមិនត្រឹមត្រូវតាមគោលការណ៍ដាំបណ្តុះមនុស្សទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក្នុងនាមជាយុវជន សូមកុំរង់ចាំមេឃភ្លៀង តែត្រូវចេះរកទឹកនិងរកប្រភពទឹក មកចាក់បំពេញចំណេះដឹងដោយខ្លួនឯង។ អ្នកណាក៏ជាគ្រូយើង កន្លែងណាក៏ជាសាលារៀនយើង ហើយវិនាទីណាក៏ជាម៉ោងរៀនរបស់យើង សំខាន់ឱ្យតែយើងតាំងចិត្តរៀនសូត្រទៅបានហើយ។

៣. ចូរយើងសម្លឹងឱ្យខ្ពស់ ក្រឡែកមើលទៅផ្កាយ ប៉ុន្តែត្រូវទុកជើងទាំងពីរឱ្យមាំនៅលើដី។ ចូរយើងធ្វើអ្វីដែលអាចធ្វើបាន ដោយប្រើអ្វីដែលយើងមាន នៅទីកន្លែងដែលយើងរស់នៅ ហើយវាអាចបរាជ័យ ប៉ុន្តែអាក្រក់ជាងបរាជ័យទៅទៀតនោះគឺមិនហ៊ានសាកល្បងធ្វើវា៕

____
ប.ភ. ៣៦៥ថ្ងៃ

Tuesday, July 10, 2018

១០៨ឃ្លា គោលដៅជីវិតរបស់អ្នក(ត)



ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត នឹងបន្តគំនិតទ្រឹស្ដី ១០៨ ឃ្លា សម្រាប់ទិសដៅជីវិតរបស់អ្នក ក្នុងផេកថ្មីមួយទៀត។ ការពិតទៅធ្វើអ្វីៗក៏ដោយ ត្រូវមានបេះដូងស្រឡាញ់ ចូលចិត្តពេញចេញពីខាងក្នុងសិន ទើបបញ្ចេញកម្លាំងថាមពលព្យាយាមធ្វើវាឲ្យបានរឿយៗជាខាងក្រោយ បើគ្រាន់តែសុបិន មិនបានចាប់ផ្ដើមធ្វើ ក៏វាមិនអាចទៅរួចដែរ ដូចជាមានឃ្លាមួយក្នុងបរិបទនេះថា ចូលចិត្ត ធ្វើឲ្យការងារចេញមកល្អ, ស្រឡាញ់ធ្វើឲ្យការងារស្អាត, មានទិសដៅ ធ្វើឲ្យការងារជោគជ័យ។
______________________
៤៦) ឃើញខ្លាក្រាប កុំប្រមាថថាខ្លាសំពះ
ឃើញមនុស្សក្រាប កុំប្រមាថថា មនុស្សទន់ខ្សោយ។
______________________
៤៧) មនុស្សដែលជួបប្រសប់ភាពជោគជ័យ
ត្រូវមានគោលដៅជីវិត។
______________________
៤៨) មនុស្សជួបប្រសប់ភាពជោគជ័យ មិនត្រឹមតែជាអ្នកសុបិន
តែគេចាប់ផ្ដើមដោយការធ្វើផងដែរ។
______________________
៤៩) ចង់បាននិទ្ទេសA តែមិនព្រមអានសៀវភៅ
ចង់សម្រកទម្ងន់ តែមិនព្រមហាត់ប្រាណ
ចង់មានជីវិតថ្កើងថ្កាន តែមិនព្រមខំធ្វើការងារ
មនុស្សដែលបោះបង់ ព្រោះមិនព្រមផ្លាស់ប្ដូរក្នុងជីវិត
______________________
៥០) ការទទួលខុសត្រូវធ្វើឲ្យការងារចេញមកល្អ
ការស្រឡាញ់ធ្វើឲ្យការងារចេញមកស្អាត
គោលដៅធ្វើឲ្យ សម្រេច ដោយគ្មានអារម្មណ៍នឿយណាយ។
______________________
៥១) មនុស្សដែលជោគជ័យ ព្យាយាមធ្វើម្ដងទៀតជានិច្ច
______________________       
៥២) ចំណុចខ្សោយរបស់មនុស្ស មិនជួបប្រសប់ភាពជោគជ័យគឺ
សុខចិត្តព្រមចុះចាញ់។
______________________
៥៣) ភាពជោគជ័យចាប់ផ្ដើមនៅពេលណា
ដែលអ្នកជឿថាអ្នកធ្វើបាន។
______________________
៥៤) កុំបានតែនិយាយកុំគិតតែសូត្រទ្រឹស្ដី
ដោយមិនបានចាប់ផ្ដើមធ្វើអ្វី
វាគ្មានផ្លូវណា ជួបប្រសប់ភាពជោគជ័យឡើយ ។
_____________________
៥៥) លទ្ធផលស័ក្ដិសមតម្លៃដែលកើតឡើងក្នុងលោកនេះ
សុទ្ធតែប្រសូតចេញពីដៃ របស់មនុស្សដែលចូលចិត្តធ្វើការងារខ្លាំង ។
______________________
៥៦) មនុស្សដែលចូលចិត្តធ្វើការងារងាយៗ
នឹងបានត្រឹមតែជាកូនចៅគេ ជានិច្ច ។
______________________
៥៧) អតីតមិនសំខាន់ ថាយើងជានរណា
តែរឿងសំខាន់វាស្ថិតនៅត្រង់ថា
ថ្ងៃនេះ ថាតើយើងជានរណា?
និងថ្ងៃស្អែក យើងត្រូវការភាពជោគជ័យធំប៉ុណ្ណា.?


អាចរង់ចាំអានបន្ត

Monday, July 9, 2018

ខូចនឹងប្រុសអស់ព្រហ្មចារីយ៍ហើយខូចនឹងស្រីខ្លីវិជ្ជា



១. ស្ត្រី​ជា​ម្តាយ​ម្នាក់​ចំណាយ​ពេលវេ​លា​បង្កើត និង​ចិញ្ចឹម​កូនប្រុស​អស់​រយៈពេល​រាប់​ឆ្នាំ។ ប៉ុន្តែ​ មាន​នារី​វ័យក្មេង​ម្នាក់​ចំណាយពេល​ត្រឹមតែ ២០នាទី ក៏​អាច​ធ្វើ​ឱ្យ​កូន​ប្រុស​គាត់​ឆ្កួត​ដោយ​សារតែ​ស្នេហា

២. ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះ​កូនស្ងួន តែ​កូនប្រុស​ខ្លួនស្រក់​ទឹកភ្នែក​ព្រោះតែ​ស្រី។ ម៉ែ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន តែ​កូនប្រុស​លះបង់​គ្រប់យ៉ាង​ដើម្បី​ស្រី។ ម៉ែចិញ្ចឹម​អប់រំ​កូន​រាប់​ឆ្នាំ តែ​កូនប្រុស​បែរ​​ជា​ឆ្កួត​នឹង​ស្រី​ត្រឹមតែ ២០នាទី។

៣. លើ​លោក​យើង​នេះ ពិត​ជា​មាន​យុត្តិធម៌ តែ​គ្មាន​និយាមឬ​ស្តង់ដារ​យុត្តិធម៌​ឡើយ។ បុរាណ​ខ្មែរ​បាន​ប្រដៅ​កូនចៅ​ថា មានកូន​ប្រុស​ប្រៀប​ដូច​ព្រាយ​ក្បាល៨ ឯ​មាន​កូនស្រី​ប្រៀប​ដូច​ក្រឡ​ប្រហុក​មុខផ្ទះ

៤. មនុស្ស​ប្រុស បើ​ម្តាយ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ស្រី គេ​នឹង​ទៅ​ខ្វល់​នឹង​ដប​ស្រា ឬ​បើ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ដប​ស្រា គេ​នឹង​ទៅ​រក​ល្បែង។ ចំណែ​កឯ​ស្ត្រី​វិញ មិន​មែន​មាសទឹកដប់ តែ​អាច​ហៅ​បាន​ថា​ត្រឹមតែ​ជា​មាសទឹក​ប្រាំបី ប្រៀប​ដូច​បុប្ផា​រុះ​រោយ​ហើយ គង់ពិបាកនឹង​រីក​ស្គុះស្គាយ​វិញ​បាន​។ នារី​ដែល​ខូច​នឹង​ប្រុស ប្រាកដណាស់​ជា​អស់​ព្រហ្មចារី​យ៍ ហើយ​បើ​បុរស​ខូច​នឹង​ស្រីវិញ ប្រាកដជា​ខ្លី​វិជ្ជា

ប្រភព៖ ប.
រូបភាព៖ Fb