Monday, June 22, 2020

ភាសានាំឈ្លោះ?


មនុស្សយើង​ប្រើប្រាស់​ភាសា​ដើម្បី​ទំនាក់ទំនង​គ្នា តែ​ពេលខ្លះ​ភាសា​គឺ​​ពុំ​ចាំបាច់​ទេ។ ក្នុង​ស្ថានភាព​ខ្លះ ភាព​ស្ងប់ស្ងាត់ គឺជា​ចម្លើយ​ដ៏​ពេញលេញ​បំផុត និង​ល្អ​បំផុត​ក្នុង​ការ​ឆ្លើយតប​នឹង​ស្ថានភាព​អ្វីមួយ ឬឆ្លើយតបទៅនឹង​នរណា​ម្នាក់។ ក្នុង​ការ​ទំនាក់ទំនង ការ​និយាយ​មិន​ច្បាស់លាស់ ការ​និយាយ​មិន​អស់ន័យ គឺ​ធ្វើ​ឱ្យ​មនុស្ស​យល់​ច្រឡំ​គ្នា ឬភាន់ច្រឡំ​ក៏​ថា​បាន។ ខ្ញុំ​នឹង​ចែករំលែក​ការពិចារណា​លើ​ភាសា​តក្កវិជ្ជា ឬភាសា​ឡូហ្ស៊ីក​ដែល​អ្នកនយោបាយ​ចូលចិត្ត​ប្រើ​បំផុត។ ក្នុង​ទ្រឹ​ស្តី​កា​ទូត​និយាយ​ថា ឆ្មា​ពណ៌ស ឬឆ្មា​ពណ៌ខ្មៅ សំខាន់​ឱ្យ​តែ​ចាប់​កណ្តុរ​បាន​។ គំនិត​នេះ គឺ​ចង់​បង្ហាញថា គ្មាន​មិត្ត គ្មាន​សត្រូវ តែ​មានតែ​ប្រយោជន៍​ ដែល​ខ្មែរយើង​តែង​លើក​មក​និយាយ​ថា ឆ្អិន​ក្បាល ស៊ី​ក្បាល ឆ្អិន​កន្ទុយ ស៊ី​កន្ទុយ​

ខ្ញុំ​សុំ​អនុញ្ញា​ត​យក​ទស្សនវិជ្ជា​នយោបាយ​មក​និយាយ​ក្នុង​បរិបទ​ឡូហ្ស៊ីក​នេះ។ នយោបាយ​វិទូ​អ៊ីតាលី ម៉ា​ឈែ​វ៉ែ​លី (Niccolò Machiavelli​) និយាយ​ថា កុំ​ទុកចិត្ត​សូម្បីតែ​មិត្តភក្តិ​របស់​អ្នក ព្រោះ​ថ្ងៃស្អែក​មិត្ត​អាច​ក្លាយទៅជា​សត្រូវ។ កុំ​និយាយ​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សត្រូវ​របស់​អ្នក ព្រោះ​សត្រូវ​ថ្ងៃនេះ គឺ​អាច​ក្លាយទៅជា​មិត្ត​នៅ​ថ្ងៃស្អែក​។ សម្រាប់​អ្នក​ឡូហ្ស៊ីក គឺ​អាចប​កស្រាយ​វាយប្រហារ​បាន​ដោយ​ថា លក្ខណៈ​មនុស្សខូច គឺ​មិនដែល​ទុកចិត្ត​អ្នកដទៃ​ទេ​។ សម្តី​ដែល​បក​ទៅ​ជាន់​ទ្រឹ​ស្តី​នេះ គឺជា​សម្តី​បែប​ឡូហ្ស៊ីក ដែល​មនុស្ស​ខ្វះ​ការពិចារណា​គ្រប់ជ្រុងជ្រោយ​នឹង​ត្រូវ​ជាប់ផុង​នៅ​ត្រឹមនេះ។ ចំណុច​នេះ យើង​ត្រូវ​សង្កត់​ពាក្យ នយោបាយ និង​មនុស្សខូច​។ បើ​និយាយ​អ៊ីចឹង គឺ​មានន័យថា អ្នកនយោបាយ គឺ​ស្មើនឹង​មនុស្សខូច ឬមនុស្សខូច ស្មើនឹង​អ្នកនយោបាយ​។ តើ​អ្នកនយោបាយ​សុទ្ធតែ​ជា​មនុស្សខូច​ឬ? យើង​អាចប​កស្រាយ​ញែក​គំនិត​ចេញ​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ​ថា តើ​យើង​ចង់និយាយ​ពី​មនុស្ស​ធម្មតា មនុស្សខូច ឬក៏​និយាយ​ពី​អ្នកនយោបាយ​?

បើ​យើង​មិន​ញែកចេញ​ទេ គឺ​នឹង​ច្រឡំ ដោយ​មិនដឹង​ថា​បកស្រាយ​ក្នុង​កាលៈទេសៈ​ណា ហើយ​ស្តាប់​ទៅ ត្រឹមត្រូវ​បែប​ឡូហ្ស៊ីក។ ជម្លោះ វា​តែង​កើត​ពី​កន្លែង​នេះ ជាពិសេស​អ្នក​រំជើបរំជួល​នឹង​ទស្សនៈ ឬគំនិត ដែល​តែងតែ​យល់ថា​ខ្លួនឯង​ឆ្លាត​ជាង​អ្នកដទៃ។ ខ្ញុំ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បកស្រាយ​គំនិត ការ​បង្ហាញ​ទស្សនៈ គឺ​ដាច់ខាត​ត្រូវ​ដាក់​លក្ខណៈ​ឱ្យ​គំនិត​ថា តើ​យើង​ចង់​បកស្រាយ​ត្រឹម​ព្រំដែន​ណា​? ព្រំដែន​នយោបាយ​? ព្រំដែន​សាសនា​? ព្រំដែន​យុទ្ធ​សាស្រ្ត​? ព្រំដែន​ប្រថុជ្ជន​? ហើយ​សូមកុំ​យក​ប្រធានបទ​មួយ​ឆ្លង​ចូល​ប្រធានបទ​មួយ​ឱ្យ​សោះ ព្រោះ​ការ​បកស្រាយ​ឆ្លង​ប្រធានបទ​បែប​នេះ គឺ​តែង​បង្កជម្លោះ​។ នេះ​ជា​បញ្ហា​នៃ​ការប្រើ​ប្រាស់​ភាសា។ និយាយ​ឱ្យ​ច្បាស់លាស់​ក្នុង​ព្រំដែន​ណាមួយ ដ្បិត​គំនិត​ត្រូវ​ឬខុស វា​ត្រូវ​នៅ​លើក​ត្តា​កាលៈទេសៈ និង​កត្តា​ពេលវេលា​ទៅមុខ​ទៀត។ ឧទាហរណ៍ កុមារី​ឈ្មោះ​ណា​ភា មាន​បងប្អូន៣នាក់ ហើយ​ណា​ភា គឺជា​កូនពៅ។ ពីរ​ឆ្នាំក្រោយ​មក ណា​ភា​លែង​ក្លាយទៅជា​កូនពៅ​ទៀតហើយ ពីព្រោះ​ម្តាយ​ឪពុក​ណា​ភា​មានកូន​ថែម​ម្នាក់ទៀត។ នេះ​ហើយ​ជា​ចំណុច​ប្រែប្រួល​ទៅតាម​ស្ថានភាព និង​កាលៈទេសៈ ជាពិសេស​កត្តា​ពេលវេលា។ គំនិត​ត្រូវ​ឬខុស វា​ប្រែប្រួល​ទៅតាម​លក្ខខណ្ឌ​បែបនេះ។

ការ​និយាយ​ស្តី ការ​បកស្រាយ​គំនិត ក៏​អ៊ីចឹង​ដែរ គឺ​ត្រូវ​ដឹង​ថា​ខ្លួន​ចង់​បកស្រាយ​ក្នុង​លក្ខខណ្ឌ​ណា បរិបទ​ណា និង​កាលៈទេសៈ​ណា ដ្បិត​បើ​មិន​យល់​លក្ខខណ្ឌ​ទេ មិន​យល់​បរិបទ​ទេ មិន​យល់​កាលៈទេសៈ​ទេ គឺ​នឹង​បកស្រាយ​ខុស នាំការ​ជជែក​បែប​ទាស់ទែង។ ភាសា និង​កាលៈទេសៈ​ប្រើប្រាស់​ភាសា គឺ​សំខាន់​ក្នុង​ការ​ជជែកគ្នា ជាពិសេស​ការ​វែក​ញ៉ែ​កទ្រឹ​ស្តី ឬគំនិត​ក្នុង​ថ្នាក់ខ្ពស់។ ក្នុង​ភាពយន្ត​សាម​កុក ខ្ញុំ​សង្កេតឃើញ​ចរិត​ស៊ឺម៉ា​អ៊ី ដែល​ចេះ​សួរ​បញ្ជាក់​កូនចៅ ឬឱ្យ​កូនចៅ​និយាយ​អ្វី​ដែល​ខ្លួន​បាន​ប្រាប់ ប្រាប់​មក​ខ្លួន​វិញ​។ វិធី​សាស្រ្ត​នេះ គឺ​ដើម្បី​ច្បាស់លាស់​ថា​សារ ឬភាសា​ដែល​ខ្លួន​និយាយ​ចេញទៅ​ហើយ កូនចៅ​ដែល​ជា​អ្នក​ស្តាប់​អាច​ទទួល​បាន ដោយ​ពុំ​មានការ​បំប្លែង​ទៅ​អត្ថន័យ​ផ្សេង។ ជា​ធម្មតា មនុស្សយើង បើ​យល់​ពីចិត្ត​ខាងក្នុង​គ្នា​ហើយ គឺ​ពុំ​ចាំបាច់​និយាយ​អ្វី​ច្រើន​ទេ ដ្បិត​ការយល់​ចិត្ត​គ្នា​នេះ វា​ស្មើនឹង​យល់​គ្រប់បែបយ៉ាង។ ភាសា​នេះ​ជា​ភាសា​ស្ងប់ស្ងាត់ ដែល​អាច​យល់​ពីគ្នា​បាន​ដោយ​ពុំ​ចាំបាច់​បន្លឺ​សំឡេង។ មនុស្ស​រស់នៅ​ក្នុង​សង្គម គឺ​ត្រូវការ​ភាសា តែ​ព្រះ​គ្មាន​ភាសា​ទេ។ នៅពេល​មនុស្ស​អធិដ្ឋាន ឬបួងសួង គឺ​មិន​ប្រើ​ភាសា​ទេ។ ព្រះយេស៊ូ​មាន​បន្ទូល​ថា ពេលណា​អ្នក​អធិដ្ឋាន ចូរ​កុំ​ធ្វើ​ដូច​មនុស្ស​មានពុត​ដែល​ចូលចិត្ត​ឈរ​អធិដ្ឋាន​នៅក្នុង​សាលា​ប្រជុំ [...] ដើម្បី​ឱ្យ​គេ​មើលឃើញ​ឡើយ។ [...] ពេលណា​អ្នក​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​បិទទ្វារ ហើយ​អធិដ្ឋាន​ដល់​ព្រះវរបិតា​របស់​អ្នក​...ក្នុង​ទីស្ងាត់​កំបាំង។ [...] កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួន​ៗ

សន្តិភាព​កើតឡើង នៅពេល​ណា​មនុស្ស​ទម្លាក់​ភាសា​ចោល ហើយ​ព្យាយាម​ស្វែងយល់​ពីចិត្ត​ខាងក្នុង​របស់​គ្នា។ តក្កវិជ្ជា គឺជា​ភាសា​នៃ​ពិភព​មនុស្សលោក។ ភាសា​របស់​ព្រះ គឺជា​ភាសា​នៃ​ក្តី​ស្រឡាញ់។ តើ​យើង​ដែល​ធ្លាប់​ចោទ​មនុស្ស​ល្អ ដែល​យើង​ដឹង​ជម្រៅ​ចិត្ត​ដ៏​ល្អ​ខាងក្នុង​របស់​គេ​ហើយ​ ថា​គេ​ជា​មនុស្ស​អាក្រក់​ទេ​? លក្ខខណ្ឌ​ដែល​មនុស្ស​ល្អ​មាន​កំហុស គឺ​ខុស​ព្រោះតែ​ខ្វះ​ចំណេះដឹង​ប៉ុណ្ណោះ។ ខ្វះ​ចំណេះដឹង វា​ធ្វើ​ឱ្យ​មនុស្ស​ល្អ​ធ្វើខុស​ដោយ​អចេតនា។ ខ្ញុំ​នឹង​និទានរឿង​ក្មេងប្រុស ៣នាក់ ដែល​ប្រើ​ភាសា​ខុសគ្នា ហើយ​បង្កជម្លោះ​ទាស់ទែងគ្នា​ដោយសារតែ​គ្មាន​ចំណេះដឹង​ខាង​ភាសា។ មាន​ក្មេងប្រុស ៣នាក់​ជា​មិត្ត​នឹងគ្នា ហើយ​មក​ពី​សាស​នា​ខុស​ៗគ្នា។ វេលា​ថ្ងៃមួយ ក្មេង​ទាំង៣នាក់ បាន​បបួលគ្នា​ទៅ​ផ្សារ​ទិញ​ផ្ទាំងគំនូរ។ មុននឹង​នាំគ្នា​ទៅ​ផ្សារ ក្មេង​ៗទាំង​បី​នាក់​បាន​ប្រជុំ​ពិភាក្សា​គ្នា​ថា តើ​នឹង​ទិញ​គំនូរ​អ្វី​? ក្មេង​ទី១ និយាយ​ថា យើង​មាន​ប្រាក់​តិច ហើយ​ខ្ញុំ​គិតថា​យើង​គួរតែ​ទិញ​គំនូរ​រូប <ព្រះអាទិត្យ​>។ ក្មេង​ទី២ លើកឡើង​ដោយ​មិន​ពេញចិត្ត​ថា ទេ ទេ​!! ខ្ញុំ​ចង់​ទិញ​គំនូរ​រូប <សុរិយា​> ជាង​។ ក្មេង​ទី៣ មិន​យល់ថា​ពាក្យ <ព្រះអាទិត្យ​> មិន​យល់​ពាក្យ <សុ​រិយា​> ក៏បាន​ប្រាប់​ពី​ចេតនា​ខ្លួន​ទៅកាន់​គូកន​ទាំងពីរ​ថា សម្លាញ់​ទាំងពីរ ខ្ញុំ​ចង់​ទិញ​គំនូរ​រូប <Sun> ជាង​។ ម្នា​ក់ៗ​ចង់​ទិញ​គំនូរ​ព្រះអាទិត្យ​ដូចគ្នា តែ​ដោយហេតុ​បញ្ហា​នៃ​ភាសា ក៏​ទាស់ទែងគ្នា​បន្តិច។ សុ​រិយា ព្រះអាទិត្យ ឬ Sun គឺ​តែមួយ​ទេ ហើយ​ចុះ​ក្មេង​ៗទាំងនេះ​ឈ្លោះ​គ្នា​ព្រោះ​អ្វី។ និទាន​នេះ ខ្ញុំ​គ្រាន់តែ​លើកយក​បង្ហាញ​ពី​ទំនាស់​ពាក្យ​សម្តី​រវាង​ក្មេង​ៗទាំង៣នាក់ ដែល​មិន​យល់​ពី​ភាសា​គ្នាប៉ុណ្ណោះ។

ក្នុង​សាសនា​ក៏​មាន​ទំនាស់​នេះ​ដែរ គឺ​ទំនាស់​ព្រោះ​សម្តី ដែល​បង្កឡើង​ដោយ​ភាសា​អំពី សច្ចភាព​។ អ្វី​ៗ គឺ​តែមួយ ដូចគ្នា ឬស្រដៀងគ្នា តែ​យើង​បង្កជម្លោះ​ដោយសារតែ​មិនដឹង​ពី​ប្រភព​ដើម។ ក្មេង​ៗ មិនទាន់​បាន​ទៅដល់​ផ្សារ​ទេ ក៏​ឈ្លោះ​គ្នា រី​ឯជម្លោះ​ក្នុង​សង្គម​យើង ឬជម្លោះ​ក្នុង​ថ្នា​ក់​ទ្រឹ​ស្តី ក៏​អ៊ីចឹង​ដែរ ដ្បិត​យើង​ចេះតែ​ឈ្លោះ​ទាស់ទែងគ្នា ខណៈ​ពេល​ដែល​យើង​មិន​ព្យាយាម​សង្កេត ឬជាពិសេស​មិន​ព្យាយាម​ធ្វើសកម្មភាព​ជាក់ស្តែង​សិន​ទេ។ បើ​ក្មេង​ៗបាន​ទៅដល់​ផ្សារ ម៉្លោះ​ក្មេង​ៗទាំង៣នាក់ នឹង​មានឱកាស​បាន​យកដៃ​ចង្អុល​ប្រាប់​គ្នា​ថា នេះ​ជា​គំនូរ​រូប​ព្រះអាទិត្យ​ដែល​ខ្ញុំ​ចង់​, នេះ​ជា​គំនូរ​រូប​សូ​រិយា​ដែល​ខ្ញុំ​ចង់បាន​, នេះ​ជា​គំនូរ​រូប Sun ដែល​ខ្ញុំ​ចង់បាន​។ ចុង​ក្រោយ​ក្មេង​ៗនឹង​ទទួលស្គាល់​ថា ខ្លួន​ទាំង៣នាក់ ឆោត​ដូចគ្នា ដ្បិតអ្វី​ដែល​ខ្លួន​និយាយ​ថា​ចង់បាន គឺ​ចង់បាន​របស់​តែមួយ តែ​ខុស​តែ​ភាសា​ប្រើប្រាស់​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ទាស់ទែងគ្នា​។ សូម​យុវជន​ពិចារណា​ពី​បញ្ហា​នេះ​ឱ្យ​មែនទែន កុំ​អាង​ខ្លួន​ពូ​កែ​ទ្រឹ​ស្តី ពូកែ​បកស្រាយ​គំនិត ពូកែ​និយាយ​ស្តី និយាយ​យក​តែ​ត្រូវ​ឥត​ខ្មាស​ចិត្ត​ខាងក្នុង​ខ្លួនឯង។ ខ្លឹមសារ​នៃ​អត្ថបទ​នេះ​ទាំងមូល ខ្ញុំ​ចង់ឱ្យ​ពិចារណា​នូវ​ពាក្យ​សម្តី​បុគ្គល​ដែល​នាំ​យើង​ឱ្យ​ឈ្លោះ​គ្នា​ឡើងវិញ​ថា តើ​គេ​ប្រើ​ភាសា​ឡូហ្ស៊ីក​នេះ​កម្រិត​ណា​?, តើ​យើង​បាន​អនុវត្ត​អ្វី​ដែល​យើង​ត្រឹមតែ​គិតថា​ត្រូវ​ឱ្យ​ក្លាយទៅជា​សកម្មភាព​ហើយ ឬនៅ​?, តើ​យើង​ជា​មនុស្ស​ទ្រឹ​ស្តី​និយម ឬជាក់ស្តែង​និយម​?, តើ​យើង​យល់ដឹង​គ្រប់​ផ្នែក​នៃ​គំនិត ទ្រឹ​ស្តី និង​បរិបទ​គ្រប់​កាលៈទេសៈ​ទេ​? បើ​យល់ដឹង​ត្រឹមតែ​មួយ​ជ្រុង សូម​ទុក​ឱកាស​ឱ្យ​ខ្លួនឯង​រៀនសូត្រ​បន្ថែម​សិន ចាំ​និយាយ​?...។ បើ​ឱ្យ​ជ្រើសរើស​រវាង​ទ្រឹ​ស្តី និង​សកម្មភាព គឺ​យើង​គួរ​ជ្រើស​រើ​យក​ការ​ធ្វើសកម្មភាព​ជាក់ស្តែង។ ខុសត្រូវ​ខ្លះ​យ៉ាងណា ចូរ​ឱ្យ​ខុស​នឹង​ការ​ធ្វើ​ចុះ តែ​កុំ​ទាស់គ្នា​នឹង​ការ​ឈ្លោះ​។ ប្រឹងប្រែង​រៀន ប្រឹងប្រែង​អាន ប្រឹងប្រែង​ធ្វើសកម្មភាព​ជាក់ស្តែង​!! ពាក្យពេចន៍​ខ្លះ​ក្នុង​អត្ថបទ​នេះ​អាច​អាន​មិន​យល់ ឬអាច​យល់​ក្នុង​ន័យ​ផ្សេង ព្រោះខ្ញុំ​បានបញ្ចូល​លក្ខ​ខណ្ឌ​នាំឱ្យស្មុគស្មាញច្រើន និង​គ្រឿងផ្សំ​ចិត្តដែល​ក្នុង​នោះ​ក៏​បូ​កប​ញ្ជូល​ទាំង​ភាសា​ចិត្ត​វិញ្ញាណ​ផង​ដែរ៕

Tuesday, June 16, 2020

បានតែពាក់កណ្តាល?


មនុស្សជា​សត្វ​ដែល​ពូកែ​សន្មត ដ្បិត​ការ​សន្មត​នេះ គឺ​ដោយសារតែ​សមត្ថភាព​ខួរក្បាល។ ក្រៅពី​ពូកែ​សន្មត​ហើយ គឺ​មនុស្ស​ពូ​កែវិ​និ​ច្ឆ័​យទៀត។ អ៊ីចឹង​ហើយ ទើបបាន​ជា​អ្នក​ត្រាស់​ដឹង​និយាយ​ស្តី​តិច និយាយ​អ្វី​ដែល​មានប្រយោជន៍ និយាយ​អ្វី​ដែល​គួរ​និយាយ ព្រោះថា​បើ​និយាយ​ច្រើនពេក​....គឺ​មនុស្ស​នឹង​វិនិច្ឆ័យ​ទៅតាម​សមត្ថភាព​នៃ​ចំណេះដឹង​និង​បទ​ពិសោធ​របស់​ខ្លួន។ សច្ចភាព ឬការពិត​ខ្លះ វា​នៅ​ហួសពី​ថ្នាក់​ហេតុ (the state of beyond knowledge​/beyond logic​) ជាពិសេស​នៅ​ហួស​ផុត​ពី​ថ្នាក់​តក្កវិជ្ជា។ ខ្ញុំ​បាន​ស្តាប់​ការ​បកស្រាយ​គោលការណ៍​ក្នុង​សាសនា​ខ្លះ ហើយក៏​ចាប់បាន​ចំណុច​តក្កវិជ្ជា និង​ភាព​ត្រឹមត្រូវ​ផ្នែក​សម្បក​ជាច្រើន ដែល​នាំ​ឱ្យ​អ្នក​ស្តាប់​អាច​ទទួលយក​បាន។ សំណួរ​ដែល​ខ្ញុំ​តែងតែ​សួរ​ទៅ​ចំពោះខ្លួន​ឯង បើ​ពុទ្ធសាសនិក​ថា សាសនាព្រះពុទ្ធ​ជា​សាសនា​ត្រឹមត្រូវ​ល្អ​ឥត​ខ្ចោះ​, ចុះ​សាសនា​ដទៃ ជា​សាសនា​មិនសូវ​ត្រូវ ឬត្រូវ​មិនដល់​សាសនាព្រះពុទ្ធ​? បើ​គ្រី​ស្តសាសនិក​ថា គ្រី​ស្តសាសនា​ជា​សាសនា​ដ៏​ត្រឹមត្រូវ​ឥត​ខ្ចោះ​, ចុះ​សាសនា​ដទៃ ជា​សាសនា​មិនសូវ​ត្រូវ ឬត្រូវ​មិន​ដល់​គ្រី​ស្ត​សាសនា​? បើ​អ៊ី​ស្លាម​សាសនា​ថា សាសនា​អ៊ី​ស្លាម​ជា​សាសនា​ដ៏​ត្រឹមត្រូវ​ឥត​ខ្ចោះ​, ចុះ​សាសនា​ដទៃ ជា​សាសនា​មិនសូវ​ត្រូវ ឬត្រូវ​មិនដល់​អ៊ី​ស្លាម​សាសនា​? [...]

គោលបំណង​របស់ខ្ញុំ​មិន​មែ​និយាយ​ពី​សាសនា​ទេ តែ​ខ្ញុំ​ចង់​បង្ហាញ​ពី​ការ​បកស្រាយ​ទស្សនៈ​ប៉ុណ្ណោះ។ មនុស្ស​ភាគច្រើន​ជាប់​នៅត្រង់​សភាព តក្កៈ​ ច្រើនជាង​សច្ចៈ។ មនុស្ស​ខ្លះ​ឈ្លោះ​គ្នា​ដោយសារតែ ត្រូវ​ខុស​។ បើ​យក​បញ្ហា ត្រូវ​ខុស​ មក​វែកញែក​ក្នុង​លទ្ធិ​សាសនា តើ​សាសនា​ណា​ត្រូវ សាសនា​ណា​ខុស (?)។ មកដល់ពេលនេះ សាសនា​ខ្លះ​បែកបាក់​និកាយ​ច្រើន តើ​មក​ពី​មូលហេតុ​អ្វី​? សូមកុំ​បកស្រាយ ព្រោះ​ខ្ញុំ​ឥត​និយាយ​ពី​សាសនា​ទេ។ យើង​ម្នា​ក់ៗ​ចេះតែ​ចូលចិត្ត​យក​កំពស់​ខ្លួនឯង​មក​វាស់​កំពស់​មេឃ។ នេះ​មានន័យថា មេឃ​ខ្ពស់ តែ​យើង​ម្នា​ក់ៗ​យក​កម្ពស់ខ្លួនឯង​មក​វាស់​មេឃ​។ កម្ពស់យើង​ត្រឹមណា មេឃ​ក៏​កំពស់​ត្រឹមហ្នឹង​ដែរ។ នេះ​ជា​ការ​វិនិច្ឆ័យ​របស់​យើង​តាមរយៈ​ព្រំដែន​នៃ​ចំណេះដឹង ជាពិសេស​ចំណេះដឹង​តក្កវិជ្ជា។ អ្នក​មិនដែល​ជួប​ខ្មោច ថា គ្មាន​ខ្មោច​ តែ​អ្នក​ធ្លាប់​ជួប​ខ្មោច ថា មាន​ខ្មោច​។ រី​ឯចំពោះ​បុគ្គល​ខ្លះទៀត​យល់ថា មាន​ឬមិន​មាន តើមាន​ប្រយោជន៍អ្វី​? តើ​បានអ្វី​ជា​ប្រយោជន៍​ពី​ការ​ដឹង​ថា​មាន ឬដឹង​ថា​មិន​មាន​? បុគ្គល​ដែល​ថា មាន​ ក៏​ប្រឹង​ឈ្លោះ​ជាមួយនឹង​បុគ្គល​ដែល​ថា មិន​មាន​ ហើយ​បុគ្គល​ថា មិន​មាន​ ក៏​ប្រឹង​ឈ្លោះ​នឹង​បុគ្គល​ដែល​ថា មាន​។ មាន ឬមិន​មាន គឺ​សុទ្ធតែ​ត្រូវការ​រក​ភាព​សម​ហេតុផល​មក​ពន្យល់​គ្នា​ឱ្យ​យល់។

បញ្ហា​នេះ​មិន​ខុសពី​រឿងនិទាន​ដំរី និង​មនុស្ស​ខ្វាក់ពីកំណើត​ដែល​មាន​រៀបរាប់​ក្នុង​ទ្រឹ​ស្តី​ពុទ្ធសាសនា (ត្រៃបិដក​)។ ការ​បង្រៀន​នេះ​ក៏​មាន​រៀបរាប់​ក្នុង​និកាយ​សូ​ហ្វី (Sufism​) ដែល​រឿង​នេះ​ដំណាល​ពី​មនុស្ស​ភ្នែកភ្លឺ ដែល​មិនធ្លាប់​ស្គាល់​ដំរី​ពីមុន ត្រូវ​បាន​គេ​នាំចូល​បន្ទប់​ងងឹតឈឹង ហើយ​ឱ្យ​ស្ទាប​ដំរី។ តើ​ដំរី​ដែល​អ្នកខ្លះ​ថា​ដូច​បង្គោល​ឈើ (ស្ទាប​ប៉ះចំ​ជើងដំរី​), ដូច​ជញ្ជាំង (ស្ទាប​ប៉ះចំ​ខ្លួន​ដំរី​)...តើ​ពិត​ដែរ ឬទេ​? ក្រៅតែ​ពី​ការប្រើ​ចំណេះដឹង​បែប​សន្មត វិនិច្ឆ័យ ឬពេលខ្លះ​ទៀត​ស្មាន​យក ក៏​មាន​អ្នកខ្លះ​យល់​ទ្រឹ​ស្តី​តែ​ពាក់កណ្តាល​ផង​ដែរ។ ចំណុច​នេះ ខ្ញុំ​នឹង​យក​និទាន​ក្នុង​គម្ពីរ​ដ៏​ចំណាស់​នៃ​សាសនា​ហិណ្ឌូ គឺ​គម្ពីរ វេទាន្ត [វេទន្ត​រំ - Vedanta​] ដែល​ជាទីបំផុត​នៃ​វេទ។ បរិស័ទ​ម្នាក់​ត្រូវ​បាន​គេ​មើលឃើញ​ថា​លួច​សេពសុរា​ដែល​ជា​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ឬបំពេញ​តណ្ហា​ខាង​រូបរាងកាយ។ បន្ទាប់មក អាចារ្យ​សាសនា​បាន​ដាស់តឿន​កុំឱ្យ​ប្រព្រឹត្ត​ទង្វើ​ផ្ទុយ​នឹង​គម្ពីរ​បែបនេះ។ បរិស័ទ​ដែល​សេ​ពសុ​រា​ក៏បាន​យក​ខគម្ពីរ​មក​បង្ហាញ​អាចារ្យ​ថា លោក​អាចារ្យ​! សូម​មើល​នេះ គម្ពីរ​ចែងថា <ចូរ​សេពសុរា ហើយ​ត្រេកត្រអាល​នឹង​សុរា [...]>។ តើ​ហេតុអ្វី​មិន​អាច​សេពសុរា​បាន បើ​នេះ​ជា​ការ​ចែង​របស់​គម្ពីរ មិន​ខុស​ផង​? លោក​អាចារ្យ​ក៏បាន​បន្លឺ តើ​លោក​បាន​អាន​ខគម្ពីរ​ដល់​ចប់ហើយ ឬនៅ​? ខគម្ពីរ​ចែង​បន្ត​ថា <[...] បើសិនជា​អ្នក​ចង់​បំផ្លាញ​ខ្លួនឯង​>។ ខគម្ពីរ​ពេញលេញ គឺ​សរសេរ​ថា <ចូរ​សេពសុរា ហើយ​ត្រេកត្រអាល​នឹង​សុរា បើសិនជា​អ្នក​ចង់​បំផ្លាញ​ខ្លួន​អ្នក​>។ ភាព​សម​ហេតុផល ជាពិសេស​ភាសា​តក្កវិជ្ជា គឺ​មិន​គួរ​យក​មក​ប្រើ​ដើម្បី​បំភាន់​ការពិត​ទេ​

បើ​ស្តាប់​តែ​ម្ខាង ដោយ​លុប​ខ្លឹមសារ​ម្ខាង​ចោល គឺ​សម​ហេតុផល​បំផុត ហើយ​បុរស​ប្រមឹក​ដែល​ល្មើស​នឹង​ការ​បង្រៀន​នៃ​សាសនា ក៏​គ្មាន​កំហុស​អ្វី​ដែរ ព្រោះ​គម្ពីរ​ចែង​អ៊ីចឹង​មែន។ ប៉ុន្តែ​បើ​អាន​គម្ពីរ​ឱ្យ​ពេញលេញ គឺ​បុរស​ប្រមឹក​បាន​បកស្រាយ​គម្ពីរ​ក្នុង​ន័យ​​បម្រើ​​តែ​តណ្ហា​ខ្លួនឯង​ប៉ុណ្ណោះ ជាពិសេស​គឺបាន​លម្អៀង​មក​ខាង​ខ្លួនឯង។ ការ​គិត ការ​និយាយ និង​ការអនុវត្ត​សេចក្តី​ពិតតែ​ពាក់កណ្តាល គឺជា​រឿង​គ្រោះថ្នាក់​បំផុត។ និទាន​នេះ វា​ក៏បាន​បង្ហាញ​ពី​អំណាច​នៃ​តក្កវិជ្ជា​ផង​ដែរ ដែល​មាន​មនុស្សជា​ច្រើន​ងប់​ងល់ និង​ជឿជាក់​ថា​ខ្លួនឯង​ត្រឹមត្រូវ១០០​% (ពីព្រោះ​តែ​ចេះ​ត្រឹមតែ​ម្ខាង ដឹង​ត្រឹមតែ​ម្ខាង​...)។ អំណាច​នៃ​តក្កវិជ្ជា​នេះ​ហើយ ទើប​បង្កើត​ទៅជា​មនោគមវិជ្ជា​រហូតដល់​អ្នកខ្លះ​ស្លាប់រស់​នឹង​សេចក្តី​ប្រកាន់ ការយល់ឃើញ​របស់​ខ្លួន ប្រកាន់​ថា​គ្រូ​អញ​ត្រូវ អញ​ត្រូវ។ល។ ដោយសារតែ​បញ្ហា​នេះ​ហើយ ទើប​ខ្ញុំ​ព្យាយាម​សរសេរ​អត្ថបទ​មិនសូវ​ខ្លី ពីព្រោះ​ខ្ញុំ​ខ្លាច​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នកអាន​ខ្ពស់​ជាង​សេចក្តី​ពិត។ និ​យាយ​ខ្លី​ៗ យល់​ច្រឡំ​ច្រើន សន្មត​ច្រើន តែ​និ​យាយ​វែង​ៗច្រើនពេក សរសេរ​ច្រើនពេក មនុស្ស​ខ្ជិល​អាន។ ដោយ​សេចក្តី​ខ្ជិល និង​គ្មាន​សេចក្តី​ព្យាយាម​នេះ​ហើយ ទើប​អ្នកខ្លះ​ជាប់ផុង​ក្នុង​មនោគមវិជ្ជា ឈ្លោះ​គ្នា និង​ទើសទាល់​មិន​សមស្រប។ អ្នក​ដែល​ជាប់​នៅក្នុង​ទ្រុង​មាស​នៃ​គំនិត គឺ​ពុំ​មាន​សេរីភាព​ដូច​អ្នក​ដែល​រស់នៅ​ក្នុង​ព្រៃគំនិត​ដ៏​ល្វឹងល្វើយ​ឡើយ។ ប្រឹង​ធ្វើ​ឱ្យ​បានផល ហើយ​ជា​ផលប្រយោជន៍​រួម។ កាត់បន្ថយ​ការ​ឈ្លោះប្រកែក​ឥតប្រយោជន៍ ហើយ​ត្រូវ​ឬខុស ឱ្យ​ប្រាកដ​ក្នុង ការ​អនុ​វត្ត​ទ្រឹ​ស្តី​ជាក់ស្តែង​ ចុះ​!!


មនោគមវិជ្ជា?


ខ្ញុំ​ធ្លាប់​បាន​ចែករំលែក​អត្ថបទ​ខ្លះ​ទាក់ទង​នឹង​ទិដ្ឋ​ភាព​ខ្លះ​ៗនៃ​ការ​បែកបាក់​សង្គម ដែល​ការ​បែកបាក់​នេះ​កើតឡើង​ស្ទើរតែ​គ្រប់​វិស័យ។ មូលហេតុ​នៃ​ការ​បែកបាក់ គឺ​ដោយសារតែ​មនុស្ស​គ្មាន​សន្តិភាព​ចំពោះខ្លួន​ឯង ទាស់ទែង​ជាមួយ​ខ្លួន និង​មិន​ស្គាល់​ខ្លួនឯង។ ឃើញ​ទិដ្ឋភាព​បែបនេះ ខ្ញុំ​ចេះតែ​ដាក់​សំណួរ តើ​ត្រូវ​ធ្វើ​យ៉ាងណា ឬ How​ គ្រប់ពេលវេលា ព្រោះ​ខ្ញុំ​មាន​ជំនឿ​លើ​សំណួរ​ដែល​ខ្ញុំ​តាំងចិត្ត​សួរ​ខ្លួនឯង។ ខ្ញុំ​សង្កេតឃើញ​ចរន្ត ៤នៃ​សង្គម ដែល​នាំ​ឱ្យ​មនុស្ស​បែកបាក់​គ្នា។ ចរន្ត​ទី១ ជា​ចរន្ត​ដំបូង គឺ​ហៃអើ​និយម ចរន្ត​នេះ វា​បង្កបង្កើត​ចរិតលក្ខណៈ​សង្គម​នាំ​ឱ្យ​មនុស្ស​ក្នុង​សង្គម​មិន​ខ្វល់​ពី​អ្នកណា ខ្វល់​តែ​ពី​ខ្លួនឯង គ្រួសារ​ឯង។ ចរន្ត​ទី២ ជា​ចរន្ត​ជ្រុលនិយម ចរន្ត​នេះ​មាន​​គោលបំណង​ចង់​សើរើ​អ្នកហៃអើ ហើយ​ប្រើ​វិធី​ក្តៅ បំផុសស្មារតី​មនុស្ស​បែប​ពុះកញ្ជ្រោល​ឱ្យ​សើរើ​តាម​បែប ដៃ​ភ្លើង ជើងមាន់​។ ចរន្ត​ទី៣ ជា​ចរន្តជាប់​មនោគមវិជ្ជា ​ចរន្ត​នេះ គឺ​ព្យាយាម​បង្កើត​អត្តសញ្ញាណ​មួយ​មាន​ចរិតលក្ខណៈ​ដាច់ដោយឡែក​ពី​ចរន្ត​ដទៃ។ ចរន្ត​ទី៤ ជា​ចរន្ត​មិន​អើ​ពើនឹង​សង្គម ដែល​ខ្វល់​ត្រឹមតែ​ថា បើ​បាន​ក៏បាន​ទៅ ហើយ​បើ​មិនបាន​ក៏ហីទៅ

ចរន្ត​ទាំងនេះ គឺ​ធ្វើ​ឱ្យ​សង្គម​បែកបាក់ ធ្វើ​ឱ្យ​យុវជន​មើល​មុខ​គ្នា​មិន​ចំ និង​បង្កើត​ឱ្យ​មាន​ពហុ​និន្នាការ​ក្នុង​សាសន៍​តែមួយ។ ការ​បែកបាក់​នេះ វា​មិន​ចម្លែក​ឡើយ ដ្បិត​គ្រប់​សម័យ គ្រប់​សង្គម គឺ​តែងតែមាន​ការ​បែកបាក់​និន្នាការ ដណ្តើម​អំណាច ប្រជែង​ឥទ្ធិពល។ ក្រៅពី​ការ​បែកបាក់​សង្គម ក៏​មានការ​បែកបាក់​សាសនា​ផង​ដែរ។ សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ បញ្ហា​ទាំងនេះ​គឺជា​រឿង​ធម្មតា​ទេ។ តើ​ហេតុអ្វី​មនុស្ស​បែកបាក់​គ្នា​? បើ​ឆ្លើយ​តាម​បែប​កំប្លែង យើង​អាច​ឆ្លើយ​ថា គឺ​ដោយសារតែ​មនុស្ស​មិន​ត្រូវរ៉ូវ​គ្នា​។ ប៉ុន្តែការ​បែកបាក់​នេះ គឺ​កើតឡើង​ដោយសារតែ​ជំងឺ​មនោម​គវិជ្ជា។ មនុស្ស​រវល់​ឈ្លោះ​គ្នា​ពី​បញ្ហា​មនោគម តែ​មិន​ប្រឹង​ធ្វើ​ឱ្យ​ចេញ​លទ្ធផល។ តើ​បាន​ប្រយោជន៍អ្វី ពី​ការ​ឈ្លោះ​ទាស់ទែង​ដោយ​ឥត​សកម្មភាព​? ខ្ញុំ​សុំ​ចែករំលែក​ពី​និទាន​ដែល​និយាយ​ពី​បុរស​ពីរ​នាក់​ឈ្លោះ​គ្នា​តាម​បែប​ស្រមើស្រមៃ។ បុរស​ពីរ​នាក់​ដឹកគោ​កាត់​វាលស្រែ។ បុរស​ទី១ ឃើញ​សន្ទូង​នៅ​វាលស្រែ​ល្អ ក៏​សួរ​ទៅ​បុរស​ទី២ដោយ​ឧបមា​ថា តើ​ស្រែ​អ្នកណា អី​ក៏​សន្ទូង​ល្អ​ម៉្លេះ​? បុរស​ទី២ ឆ្លើយ​ដោយ​ឧបមា​ថា ស្រែ​អញ តើ​ឯង​មិនដឹង​ទេ​ឬ? បុរស​ទី១ និយាយ​ថា បើ​ដឹង​ថា​ស្រែ​ឯង​អ៊ីចឹង អញ​នឹង​ដឹកគោ​ឱ្យ​ស៊ី​សន្ទូង​នេះ​ខ្លះ​

បុរស​ទី២ ឆ្លើយ​ដោយ​កំហឹង​ថា សាកមើល​ទៅ​! អញ​នឹង​យក​កាំបិត​មក​កាប់​គោ​ឯង​ឱ្យ​ងាប់ បើ​ហ៊ាន​តែ​ស៊ី​ស្រូវ​ស្រែ​អញ​។ បុរស​ទី១ និយាយ​ថា អើ​! សាកមើល​ទៅ អញ​នឹង​ហៅ​មេឃុំ មេភូមិ ប៉ូលី​ស មក​ចាប់​ឯង​ដាក់គុក​។ បុរស​ទី២ ខឹង​សម្បារ​យ៉ាង​ខ្លាំង រួច​តប​ថា បើ​ខ្លាំង ឯង​សាកមើល​ទៅ​....។ ក្រោយមក បុរស​ទាំងពីរ​ខឹង​គ្នា រហូត​ដល់​ព្រលែ​ងគោ​ក្នុង​ដៃ​ចោល រួចហើយ​មក​ច្រាន​ទ្រូង​គ្នា ដាល់​គ្នា​ពេញ​វាលស្រែ។ ចៃដន្យ​មាន​អ្នក​ដាក់​ទ្រូ​ឃើញ​បុរស​ពីរ​នាក់​កំពុង​តែ​ប្រវាយ​ប្រ​តប់គ្នា ក៏​ចាប់​បំបែក ហើយ​សួរនាំ។ អ្នក​ដាក់​ទ្រូ​ដឹង​ដើម​ដឹង​ហេតុ ក៏​ហួសចិត្ត​នឹង​បុរស​ពីរ​នាក់​នេះ ឈ្លោះ​គ្នា​ដោយសារ​រឿង​ឧបមា។ តើ​រឿង​នេះ កើតឡើង​ហើយ​ឬនៅ​? ពិតជា​ហួសចិត្ត​មែន គ្រាន់តែ​ឧបមា និង​ការ​ស្រមៃ​សោះ ក៏​ឈ្លោះ​គ្នា​យក​ស្លាប់រស់​ដែរ។ នេះ​ជា​សង្គ្រាម​ពាក្យ​សម្តី តែ​មិន​មាន​សង្គ្រាម​ទង្វើ​ទេ។ ក្រោម​លេស​នៃ​ការ​រីកចម្រើន​រួម ក្រោម​លេស​នៃ​ប្រយោជន៍​រួម ក្រោម​លេស​ដើម្បី​សង្គម មនុស្ស​ខ្លះ​និយាយ​ពី​សុខដុមរមនា តែ​មាន​សកម្មភាព​បំបែកបំបាក់។ ទស្សនៈ​ខាងលើ​នេះ គឺ​ជាទស្សនៈ​ផ្ទឹម​ប្រៀបធៀប​នឹង​ជម្លោះ​បែប​មនោគមវិជ្ជា។ មនុស្ស​ដែល​រស់នៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់ទែងគ្នា បានតែ​សេចក្តី​ក្តៅក្រហាយ ប្រៀប​ដូចជា​អ្នក​ដែល​ជាប់​មនោគមវិជ្ជា គឺ​គ្មាន​សេរីភាព​គំនិត​ឡើយ។

ហេតុអ្វី​មាន​ខួរក្បាល​ហើយ មាន​សមត្ថភាព​ពិចារណា​ដូច​មនុស្សដទៃ​ដែរ តែចាំបាច់​អ្វី​យក​មនោគមវិជ្ជា​មក​ពាក់​? មាន​ពាក្យទំនឹម​ឥណ្ឌា​បុរាណ​ថា តើមាន​ប្រយោជន៍អ្វី​ដែល​ត្រូវ​យក​ស្បែកជើង​ឱ្យ​សត្វ​ពស់​ពាក់ ដើម្បី​ពន្លឿន​ដំណើរ​? សត្វ​ពស់​អាច​ធ្វើដំណើរ​លឿន​គ្រប់គ្រាន់​តាម​លក្ខណៈ​ធម្មជាតិ ហើយក៏​ពុំ​ត្រូវការ​ស្បែកជើង​អ្វី​ដែរ ប្រៀប​ដូចជា​សមត្ថភាព​ខួរក្បាល​មនុស្សយើង គឺ​អាច​ពិចារណា​ចាក់ធ្លុះ​សច្ចភាព​ដូចគ្នា​/ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។ អ្នកប្រាជ្ញ​ចិត្ត​វិញ្ញាណ​ចិន ឡៅ ជឺ មាន​ទស្សនៈ​ថា គ្មានអ្វី​ដែល​ទន់​ជាង​ទឹក ហើយក៏​គ្មានអ្វី​ដែល​ខ្លាំង​ជាង​ទឹក​ដែរ ដ្បិត​ទឹក​គ្មាន​ទម្រង់ អាច​បត់បែន​បាន​គ្រប់​ស្ថានភាព។ តើ​អ្វី​ជា​ខ្លឹមសារ​របស់​ឡៅ ជឺ​? ទឹក​គ្មាន​ទម្រង់ រី​ឯមនុស្ស​គួរតែ​រស់នៅ​មាន​សេរីភាព​ផ្លូវ​គំនិត​ឥតព្រំដែន ដោយ​កុំ​យក​មនោគមវិជ្ជា​មក​បំពាក់​ឱ្យ​ខ្លួនឯង។ អ្នក​ដែល​ជាប់ទ្រុង​មនោគម​វិជ្ជា គឺ​ប្រៀប​ដូចជា​ដុំ​ថ្ម​ដែល​មាន​ទំហំ មាន​ទម្រង់​...។ យុវជន​គួរ​ព្រលែ​ងខ្លួន​ឱ្យ​មានគំនិត​ទូលាយ ឈាន​ទៅ​រក​ការសិក្សា​រៀនសូត្រ ឈ្វេងយល់ និង​កុំ​ជាប់ទ្រុង​មនោគមវិជ្ជា​សាសនា​ក្តី ឬន​យោ​បាយ​ក្តី ជាពិសេស​ត្រូវ​ធ្វើជា​ម្ចាស់​ដឹកនាំ​ខ្លួនឯង។ ចូរ​មាន​សទ្ធា​លើ​សន្តិភាព មាន​សទ្ធា​លើ​ប្រយោជន៍​រួម មាន​សទ្ធា​លើ​សេចក្តី​ស្រឡាញ់ មាន​សទ្ធា​លើស​កម្ម​ភាព​ប្រព្រឹត្ត​ល្អ​ជាក់ស្តែង មាន​សទ្ធា​លើ​កា​រួបរួម​...នេះ​ហើយ​ជា​សាមគ្គី​សង្គម។ សទ្ធា​ក្នុង​ទីនេះ គឺ​ខ្ញុំ​ចង់​សំដៅលើ​ជំនឿ​តាម​ហេតុផល​ខួរក្បាល ទំនុកចិត្ត​តាមរយៈ​បេះដូង​ខ្លួនឯង និង​ដាក់ចិត្ត​ដាក់​កាយ​ប្រព្រឹត្ត​រឿង​មានប្រយោជន៍​ចំពោះខ្លួន​ឯង គ្រួសារ និង​សង្គម​៕

--------------------------------------
Cr. Lam Lim

ល្បែងតក្កវិជ្ជា?


អត្ថបទ​នេះ ខ្ញុំ​នឹង​សាកល្បង​ពិចារណា​អំពី​ការពិចារណា ឬអាច​ប្រើ​ចំណងជើង​ថា ការពិត​ក្នុង​ការពិត​។ ជីវិត​មិនមែន​រស់នៅ​ត្រឹមតែ​លេងល្បែង​ប្រាជ្ញាឈ្លាស​វៃ​ទេ តែ​វា​មាន​អ្វី​ផ្សេង​លើស​ពីនេះ។ ក្នុង​សង្គម ការ​សម្លាប់​ប្រាជ្ញាមនុស្ស គឺ​សម្លាប់​នៅត្រង់​សមត្ថភាព​វែកញែក​ហេតុផល​បែប​តក្កវិជ្ជា។ ខ្ញុំ​លើកឡើង​បែបនេះ គឺ​ពុំមែន​ចង់​បដិសេធ​ចំណេះដឹង​បែប​តក្កវិជ្ជា​ទេ តែ​មាន​ចំណុច​ស្ទើរតែ​ពាក់កណ្តាល​នៃ​មនុស្ស គឺមនុស្សស្លាប់រស់​នៅនឹង​តក្កវិជ្ជា​នេះ។ ការណ៍​នេះ គឺ​ប្រៀប​ដូចជា​ជីវិត ដែល​មិនមែន​ល្អ​តែ​ខួរក្បាល ហៅថា​ល្អ​ទេ តែ​ត្រូវ​បូក​នឹង​ចិត្ត​ដែល​ល្អ​ដែរ។ អ្នកនយោបាយ​ចូលចិត្ត​ប្រើប្រាស់​ភាសា​តក្កវិជ្ជា​នេះ​ចំពោះ​យុវជន ហើយ​អ្នក​ដែល​ងាយ​ជឿ​ជាងគេ គឺ​មនុស្ស​ដែល​ខ្វះ​ចំណេះ ឬបើ​អ្នកខ្លះ​មានចំណេះ​មិន​ស្ថិត​ក្នុង​ថ្នាក់​ពិសោធ​ទេ ក៏​ងាយ​នឹង​ជឿស្លុង​ដែរ។ តើ​អ្វី​ជា​ល្បែង​តក្កវិជ្ជា​ក្នុង​សង្គម​?

ខ្ញុំ​សុំ​និទាន​ពី​រឿង អត្ថិភាព​ព្រះ​ ដើម្បី​ពន្យល់​អ្នក​ដែល​ជឿ​ថា​មាន​អត្ថ​ភាព​ព្រះ និង​អ្នក​ដែល​ជឿ​ថា​គ្មាន​អត្ថិភាព​របស់​ព្រះ។ មនុស្ស​មិន​ជឿ​ព្រះ​ម្នាក់ សួរ​ថា តើ​អ្នកណា​បង្កើត​ពិភពលោក និង​អ្វី​ៗទាំងអស់​? អ្នកសាសនា​ម្នាក់​ឆ្លើយ​ថា ព្រះ​ជា​អ្នកបង្កើត​អ្វី​ទាំងអស់​។ បន្ទាប់មក សំណួរ​សួរ​បន្ត​ថា ចុះ​តើ​អ្នកណា​បង្កើត​ព្រះ​?។ សំណួរ​នេះ គឺ​មានការ​បកស្រាយ​តាម​បែប​តក្កវិជ្ជា​បែបនេះ។ អ្នកសាសនា​ម្នាក់​សួរ​វិញ​ថា កាល​នៅជា​កុមារ តើ​អ្នក​ធ្លាប់ទៅ​អាមេរិក កូរ៉េ ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី​...ទេ​? មនុស្ស​មិន​ជឿ​ព្រះ​ឆ្លើយតប​ថា កាលពី​តូច ខ្ញុំ​មិនធ្លាប់​ធ្វើដំណើរ​ទៅ​អាម៉េរិក ជប៉ុន កូរ៉េ អ៊ីតាលី អាល្លឺម៉ង់​ទេ [...]។ អ្នកសាសនា​សួរ​បន្ត បើ​អ្នក​មិនដែល​ធ្វើដំណើរ​ទៅ​អាម៉េរិក ជប៉ុន កូរ៉េ អ៊ីតាលី អាល្លឺម៉ង់​ទេ [...] ចុះ​តើ​ហេតុអ្វី​អ្នក​ហ៊ាន​អះអាង​ថា​មាន​ប្រទេស​ទាំងនេះ​ក្នុង​ពិភពលោក​? ដូចគ្នា​ដែរ អ្នក​មិនដែល​ជួប​ព្រះ ចុះ​ហេតុអ្វី​អ្នក​ហ៊ាន​អះអាង​ថា​គ្មាន​ព្រះ​? នេះ​ជា​ការ​បង្ហាញ​ទឡ្ហីករណ៍​តាម​បែប​តក្កវិជ្ជា។ មាន​ព្រះ​មែន​ឬមិន​មែន ពិបាក​នឹង​រក​ហេ​តុផល​បែប​តក្កវិជ្ជា​មក​ពន្យល់ ពីព្រោះ​ក្នុង​លោក​យើង​នេះ វា​មានរឿង​ខ្លះ​ដែល​យើង​អាច​ដឹង​ពេលក្រោយ រឿង​ខ្លះទៀត ទោះ​ក្នុង​អនាគត ឬដល់​យើង​ស្លាប់​ទៅ​ហើយ ក៏​យើង​នឹង​មិន​អាច​ដឹង​ដាច់ខាត។

បើ​យក​ហេតុផល ឬចំណេះ​តក្កវិជ្ជា​មក​ស្រាយ​អ្វី​ដែល​រូ​បីយ គឺ​មិន​អាច​ដាច់ខាត តែ​មនុស្ស​បាន​ត្រឹមតែ​ប្រតិដ្ឋ​ទៅតាម​ការស្រមើស្រមៃ​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកខ្លះ​អាច​ប្រើប្រាស់​ខួរក្បាល​បង្កើត​រូបរាង​ព្រះ​នៅ​លើ​អាកាស តាម​រយៈ​បណ្តុំ​នៃ​ពពក ដោយ​មើលឃើញ​ពពក​ថា​ជា​រូប​នេះ ឬរូប​នោះ​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់បាន។ មាន​និទាន​មួយទៀត​អំពី បុរស​បី​នាក់ និង​ទឹកហូរ​។ បុរស​បី​នាក់​ឃើញ​ទឹកហូរ​ពីលើ​ភ្នំ ហើយក៏​នាំគ្នា​សួរ​គ្នា​ទៅវិញទៅមក​ថា តើ​ទឹក​នេះ​កើតចេញមកពី​ណា​? បុរស​ទី១ និយាយ​ថា ទឹក​នេះ​មាន​ប្រភព​ចេញពី​ថ្ម ព្រោះ​វា​ហូរ​លើ​ថ្ម ហើយ​ខ្លះ​ចេញពី​រន្ធ​ថ្ម​។ បុរស​ទី២ និយាយ​ថា ទឹក​នេះ គឺ​ចេញ​មក​ពី​ញើស​មនុស្ស​ដ៏​ធំប៉ុន​ភ្នំ​មួយ។ សាក​គិត​មើល​! ពេល​យើង​បែកញើស គឺ​មាន​ទឹក​ញើស​ចេញពី​ខ្លួន​យើង។ អ៊ីចឹង​ក៏​មានន័យ​ដែរ​ថា ទឹក​នេះ​មាន​ប្រភព​ចេញពី​មនុស្ស​ដ៏​ធំប៉ុន​ភ្នំ​ម្នាក់​។ បុរស​ទី៣ និយាយ​ថា ទឹក​នេះ​ចេញពី​ភ្នំ ព្រោះ​វា​ហូរចេញ​ពី​ភ្នំ​។ ការពិត គឺ​ការពិត​ត្រឹម​ថ្នាក់​ស្មា​នយ​កៗ ជាពិសេស​ជឿ​ស្លាប់រស់​តាម​ការ​សន្មត​បែប​តក្កវិជ្ជា។ ការពិត​ខ្លះ វា​អត់មាន​ហេតុផល​ទេ។ ពិត​គឺ​ពិត ហើយ​មិន​ពិត​គឺ​មិន​ពិត។ អ្វី​ដែល​យើង​គ្មាន​បទ​ពិសោធ គឺ​ត្រូវ​ចេះ​សង្កេត​ឱ្យ​ច្បាស់លាស់ ជាពិសេស​ក្នុង​កិច្ច​រៀនសូត្រ មិនថា​ក្នុង​ការ​ស្តាប់ ការ​អាន ឬស្តាប់​សម្តី​របស់​អ្នកណា​ទេ។

ហេតុអ្វី​ខ្ញុំ​សរសេរ​ចែករំលែក​ពី​បញ្ហា​នេះ។ ការ​ឈ្លោះ​ទាស់ទែងគ្នា គឺ​ឈ្លោះ​នឹង​សម្តី​ភាគច្រើន ខឹង​គ្នា​ព្រោះ​សម្តី​ភាគច្រើន ស្អប់គ្នា​ព្រោះ​សម្តី​ភាគច្រើន មើល​មុខ​គ្នាមិនចំព្រោះ​សម្តី​ភាគច្រើន។ សម្តី គឺជា​បុព្វហេតុ​ធ្វើ​ឱ្យ​មនុស្ស​ទាស់ចិត្ត ជា​ពិ​សេ​សម្តី​អសុរោះ។ កុំ​បង្កើត​ទម្លាប់​និយាយ​ស្តី​អសុរោះ ហើយ​រកហេតុផល​ការពារ​ខ្លួន។ ក្រៅពី​នេះ គឺ​ការ​យក​ទស្សនៈ​ត្រូវ​ក្នុង​កាលៈទេសៈ​មួយ មក​ធៀប​ដើម្បី​បង្កើត​កំហុស​លើ​ទស្សនៈ​ដទៃទៀត។ ការ​យកគំនិត ឬទស្សនៈ​ណាមួយ​មក​ដាក់​ខុសកន្លែង គឺ​បង្កើត​តែ​រឿង​ទាស់ទែង ខុសត្រូវ ស្អប់​ស្រឡាញ់​គ្នា​ប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកនយោបាយ​និយាយ​ថា យើង​មិន​ត្រូវ​ស្ងៀមស្ងាត់​នឹង​ទង្វើ​អយុត្តិធម៌​...។ រី​ឯទស្សនៈ​អ្នកសាសនា គឺ​ផ្សេង ដ្បិត​សាសនា​ត្រូវការ​ស្ងប់ស្ងាត់។ សម័យកាល​ខ្លះ ក្នុង​ស្ថានភាព​សង្គម​ប្របូក​ប្រប​ល់ តួនាទី​អ្នកសាសនា​សំខាន់ ដូចជា​អ្នកប្រាជ្ញ​ឥណ្ឌា​បុរាណ ចា​ណា​ខ្យា ដែល​ដើរតួ​នាទី​ជា​អ្នក​ទាម​ទា​រស​រី​ភាព​ពី​អាណានិគម​នៃ​ស្តេច​អា​ឡិច​សង់​ឌឺ​ក្រង់ (Alexander the great​)។ ចំពោះ​រឿង​មនុស្ស​ត្រង់​ពេក ក៏​អ៊ីចឹង​ដែរ​, អ្នកប្រាជ្ញ​ចិន​ម្នាក់​ធ្លាប់​ប្រាប់​សិស្សរបស់​ខ្លួន កុំឱ្យ​ស្មោះត្រង់​ពេក ដ្បិត​បើ​ត្រង់​ពេក គឺ​នឹង​ត្រូវ​អ្នកកាន់អំណាច​ផ្តាច់​ការ​ចាត់ការ​មុន ប្រៀប​ដូចជា​ដើមឈើ​ដែល​ត្រង់​ពេក ត្រូវ​អ្នក​កាប់​ឈើ​កាប់​ផ្ដួលមុន​អ៊ីចឹង

ជា​ទ្រឹ​ស្តី និង​ការអនុវត្ត​សាកល សេចក្តី​ស្មោះត្រង់ គឺ​នៅតែ​មាន​ក្នុង​ខ្លួន​បុគ្គល​ម្នា​ក់ៗ តែបើ​ស្ថិត​ក្នុង​សម័យ​ផ្តាច់​ការ អ្នកប្រាជ្ញ​បង្រៀន​ឱ្យ​កុំ​ត្រង់​ពេក (តែ​ក្នុង​កាលៈទេសៈ​រក្សា​ជីវិត​ប៉ុណ្ណោះ តែ​មិនមែន​គ្រប់​ស្ថានភាព​ទេ​)។ បើ​អ្នកណា​ត្រង់ ក៏​គួរ​សរសើរ តែបើ​អ្នកណា​មិនសូវ​ត្រង់​ទេ ក៏អាច​ព្រោះ​ស្ថានភាព​បង្ខំ​ខ្លះ​ដែរ។ ចំណុច​នេះ គឺ​វា​ទាក់ទង​នឹង​ស្ថានភាព និង​កាលៈទេសៈ​ជាក់ស្តែង​ប៉ុណ្ណោះ។ បើ​បកស្រាយ​ឱ្យ​ខុស គឺ​វា​គង់តែ​ខុស តែបើ​ស្រាយ​ឱ្យ​ត្រូវ គឺ​វា​គង់តែ​ត្រូវ ដ្បិត​សំខាន់​អ្នកណា​ពូកែ​ហេតុផល និង​មានចំណេះ​ដឹង​តក្កវិជ្ជា​ច្រើនជាង។ អ្វី​ដែល​បង្ហាញ​ខាងលើ គឺ​គ្រាន់តែ​ចង់​ចែករំលែក​ពី​ល្បែង​តក្កវិជ្ជា​ប៉ុណ្ណោះ។ អត្ថបទ​ខាងលើ ខ្ញុំ​បកស្រាយ​មិនសូវ​ល្អ តែ​វា​ជាផ្នែក​មួយ​សម្រាប់​ឱ្យ​យុវជន​រៀន​គិត រៀន​ពិចារណា ជាពិសេស​កុំ​ជាប់​ខ្លួន​ចាញ់បោក​អ្នក​ពូកែ​តក្កវិជ្ជា។ ចំណេះដឹង​តក្កវិជ្ជា​នេះ បើ​ប្រើ​ដើម្បី​ប្រយោជន៍​រួម​គឺ​ល្អ តែបើ​ប្រើ​ដើម្បី​ប្រយោជន៍​ខ្លួន គឺ​អាច​ដើរ​បោកប្រាស់​មនុស្ស​បាន​ពាក់កណ្តាល​ធំ ជាពិសេស​បោកប្រាស់​អ្នក​ចេះ​ល្មម​ៗ។ បើ​បំបែក​តែ​គំនិត​តក្កវិជ្ជា​បាន គឺ​យើង​នឹង​លែង​ចាញ់បោក​អ្នកណា​ទៀតហើយ។ ចូរ​ព្រលែ​ងខ្លួន ហើយ​កុំ​ជាប់នឹង​មនោគមវិជ្ជា ឬនិន្នាការ​ដែល​មិន​នាំ​ប្រយោជន៍​រួម​៕

------------------------------------------------

សៀវភៅនិងចិត្តរួចរដោះ


កាលបើ​យើង​ជា​អ្នក​សិក្សា​រៀនសូត្រ​ដំ​បូងៗ យើង​តែងតែ​យល់ថា ចំណេះដឹង គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​ តែ​ដល់ពេលណា​យើង​ចូល​ជ្រៅ​បន្តិច គឺ​យើង​នឹង​លែងឱ្យ​តម្លៃ​ចំណេះដឹង​ទៀតហើយ។ អត្ថបទ​បទ​នេះ គំនិត​នេះ ទស្សនៈ​នេះ ខ្ញុំ​មិន​គួរ​សរសេរ​ចែករំលែក​ទេ ដ្បិត​វា​អាច​នាំ​ឱ្យ​យុវ​ជនក្មេងៗ​កើត​ចិត្ត​អំនួត ឬពើងទ្រូង​...។ សម្រាប់​បុគ្គល​ដែល​ចង់​រួច​រដោះ​ចិត្ត ឬចង់ឱ្យ​ចិត្ត​មាន​ឥស្សរៈ គឺ​ចំណេះដឹង​គ្រាន់តែ​ជា​ស្ពាន គ្រាន់តែ​ជា​ទូក គ្រាន់តែ​ជា​មាគ៌ា​សម្រាប់​ចម្លង​ប៉ុណ្ណោះ តែ​មិនមែន​ជាគោល​ដៅ​ឡើយ។ អ៊ីចឹង​ហើយ ទើប​យើង​ចេះ​ឮនូវ​ភាសា​ចិត្ត​វិញ្ញាណ​មួយ​ដែល​ថា គ្រាន់តែ​ដក​មាគ៌ា​ចេញ គឺ​យើង​នឹង​ដល់ចិត្ត​សន្តិភាព​របស់​ខ្លួនឯង​។ អត្ថន័យ​នេះ គឺ​ចង់​ប្រាប់​យើង​ថា គ្រាន់តែ​ដក​ការ​គិតចេញ ដក​ចំណេះ​ចេញ គឺ​យើង​នឹង​បាន​សន្តិភាព​ផ្លូវចិត្ត​។ បើ​យើង​ចាត់ទុក​ចំណេះដឹង គឺជា​ទូក​វិញ ចូរ​យើង​ចុះពី​ទូក ហើយ​ដើរ​ឡើងគោក។ ពេល​ចុះពី​លើ​ទូក ហើយ​ឡើងលើ​គោក គឺ​យើង​នឹង​ដល់ត្រើយ។ ក្នុង​កម្រិត​ថ្នាក់​ពិសោធ​ចិត្ត​នេះ មាន​មនុស្ស​ដែល​ដល់ត្រើយ​ជាច្រើន តែ​មិន​ចុះពី​លើ​ទូក។ ទូក​នៅ​លើទឹក វា​អណ្តែត​ចុះ​អណ្តែត​ឡើង ប្រៀប​ដូច​គំនិត​ដែល​មាន​លក្ខណៈ​ដូច​សត្វ​ស្វា រប៉ិល​រប៉ុច ពិ​បា​កគ្រប់គ្រង។

ការ​ជាប់ជំពាក់​នឹង​ទូក​បែបនេះ គឺ​ប្រៀប​ដូចជា​មាន​បុគ្គល​ចេះដឹង​ជាច្រើន​ដែល​មិន​អាច​រក​សេចក្តី​សុខ​ឱ្យ​ខ្លួនឯង​បាន ព្រោះតែ​មិន​បោះបង់​ចំណេះ​ចោល (មិន​ចុះពី​ទូក ឡើងលើ​គោក​)។ ភាសា​ទាំងនេះ​ប្រហែលជា​ពិបាក​យល់​បន្តិច ដ្បិត​វា​ជា​ភាសា​ចិត្ត​វិញ្ញាណ ដែល​មិនមែន​អ្នក​ទស្សនវិជ្ជា​យល់​បានទេ។ និយាយ​ដោយ​ខ្លី ភាសា​ត្រាស់​ដឹង ភាសា​រួច​រដោះ ម៉េច​នឹង​អ្នក​ធម្មតា​អាច​យល់​បាន ប្រៀប​ដូចជា​ភាសា​គរ តើ​ធ្វើ​យ៉ាងណា មនុស្ស​ធម្មតា​អាច​យល់​បាន​! តើ​សៀវភៅ​មានប្រយោជន៍​ទេ​សម្រាប់​អ្នក​ចង់​រួច​រដោះ​ចិត្ត​? សំណួរ​នេះ គឺ​មិន​គួរ​សួរ​ឡើយ ដ្បិត​គ្មាន​ចម្លើយ​ជាក់លាក់។ បើ​ឆ្លើយ​ថា សៀវភៅ​មានប្រយោជន៍ គឺ​វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជាប់ជំពាក់​នឹង​សៀវភៅ​។ ប៉ុន្តែបើ​ឆ្លើយ​ថា សៀវភៅ​គ្មាន​ប្រយោជន៍​ទេ ក៏​ធ្វើ​ឱ្យ​មនុស្ស​មើលងាយ​ចំណេះដឹង មិន​ប្រឹង​អាន​សៀវភៅ​។ តើ​យើង​អាច​នឹង​ឆ្លង​សមុទ្រ​ម្តេច​បាន បើ​គ្មាន​ទូក​? តើ​យើង​អាច​នឹង​រួច​រដោះ​ចិត្ត​ម្តេច​បាន បើ​គ្មាន​ចំណេះដឹង​? តើ​យើង​អាច​មានចំណេះ​ដឹង​ម្តេច​បាន បើ​មិន​ប្រឹង​អាន​សៀវភៅ​? សម្រាប់​បុគ្គល​ដែល​យល់​ពី​ចំណុច​នេះ​ក្នុង​ថ្នា​ក់​ទ្រឹ​ស្តី គឺ​នឹង​ឆ្លើយ​ថា អ្នកអាន​សៀវភៅ​ច្រើន គឺ​កំពុងតែ​ជាប់​ក្នុង​ប្រព័ន្ធ​គំនិត ហើយ​មិន​គួរ​អាន​សៀវភៅ​ច្រើន​ទេ ដ្បិត​ជីវិត គឺ​ត្រូវ​មានចិត្ត​ឥស្សរៈ ឬសេរីភាព​ផ្លូវចិត្ត​

ការយល់​បែបនេះ គឺ​ត្រូវហើយ តែ​មិន​ត្រូវ​ទាំងស្រុង​ឡើយ ហើយ​បើ​ខុស គឺ​ខុស​តែ​កាលៈទេសៈ​ប៉ុណ្ណោះ (ស្នូល​ទស្សនៈ​មិន​ខុស​ទេ​)។ មនុស្សម្នាក់​នឹង​ត្រូវ​ពស់​ចឹក​ស្លាប់ បើ​គ្មាន​ចំណេះដឹង​ថា ពស់​ជា​សត្វ​មានពិស អាច​ចឹក​មនុស្ស​ស្លាប់​បាន​មនុស្សម្នាក់​អាច​មាន​សេចក្តី​មេត្តាករុណា​ឥតព្រំដែន រហូតដល់​នាំទុក្ខ​ដល់​ខ្លួន តែបើ​គ្មាន​បញ្ញា គ្មាន​ចំណេះដឹង​ទេ គឺ​មិន​ខុសពី​មនុស្ស​ខ្វាក់​ឡើយ។ ជា​ដំណើរ​តាម​ដំណាក់កាល គឺ​រៀន រៀន​ឱ្យ​ចេះ ចេះ​យក​ទៅ​ប្រើ ប្រើ​ឱ្យ​បានផល ផល​ឱ្យ​បាន​ល្អ ប្រៀប​ដូចជា​អ្នក​សម្រុក​ទៅ​រក​បញ្ញា​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​ឈាន​ដើរចូល​ការ​មាន​សីល (ដំណើរ​ដែល​ត្រូវ​ធ្វើ​ដំបូង​)។ បន្ទាប់មក​ទើប​សមាធិ​តាម​ក្រោយ ហើយ​ចុងក្រោយ គឺ​បញ្ញា។ មាន​បញ្ញា​ត្រឹមត្រូវ មានចំណេះ​ដឹង​ត្រឹមត្រូវ ទើប​ឈាន​លដល់​វិមុត្តចិត្ត ដែល​ជា​ចិត្ត​ដែល​ផុត​ស្រលះ​សេចក្តី​សៅហ្មង។ នេះ​ជា​ដំណើរ​មួយ​ជំ​ហាន​ម្តង​ៗ ដែល​មិន​អាច​រំលង ឬរៀន​លោតរំលង​បាន​ឡើយ។ សៀវភៅ​ដែល​យើង​អាន គ្រូ​ដែល​បង្រៀន​យើង គឺជា​ផ្លូវ គឺជា​មធ្យោបាយ​ប៉ុណ្ណោះ។ ចំណេះដឹង​ទាំងឡាយ​ដែល​យើង​ចេះ បើ​ចេះ​ហើយ​មិន​ប្រើ​ទេ គឺ​ដូច​មិនបាន​រៀន​អ៊ីចឹង។ ចំណេះដឹង​សម្រាប់​ធ្វើ​ឱ្យ​ចិត្ត​មាន​ឥស្សរៈ គឺ​ត្រូវ​រៀន​ពី​របៀប​ឃ្វាល​ចិត្ត របៀប​រក្សា​ចិត្ត និង​បង្វឹក​ចិត្ត​ឱ្យ​យល់​ពី​ធម្មជាតិ​តាម​សភាព​ពិត​របស់​វា (ពស់មានពិស​, ខ្លា​តែង​កំណាច​, ភ្លើង​តែង​ក្តៅ​, យប់​តែង​ងងឹត​, មនុស្ស​អវិជ្ជា​តែង​មាន​អស្មិមានះ​ច្រើន​, មនុស្ស​គ្មាន​ចំណេះដឹង​ចិត្ត​វិញ្ញាណ​តែង​អំ​ណួ​តខ្លះ​...នេះ​ជាស​ភាព​ធម្មជាតិ​នៃ​ជីវិត​លើ​ផែនដី​)

សម្រាប់​អ្នក​ដែល​មានចិត្ត​រួច​រដោះ សៀវភៅ​គឺជា​របស់​ស្លាប់ ងាប់ក្រឡា ដែល​គ្មាន​វិញ្ញាណ មិន​អាច​កម្រើក​បាន។ អ្នក​ដែល​អាច​ធ្វើ​ឱ្យ​សៀវភៅ​មានព្រលឹង ឬមានវិញ្ញាណ​អាច​រស់​បាន គឺ​ត្រូវ​បញ្ជូ​លព្រ​លឹង​ខ្លួនឯង។ ឧទាហរណ៍ មាន​អ្នកខ្លះ​បាន​វាយតម្លៃ​សៀវភៅ​របស់​នយោបាយ​វិទូ​អ៊ីតាលី ម៉ា​ឈី​វ៉ែ​លី (Niccolò Machiavelli​) ថា​ធម្មតាៗ សាមញ្ញៗ ដ្បិត​វា​គ្រាន់តែ​ជា​សំណេរ​របស់​អ្នក​ជាប់ទោស​​នយោបាយ​និរ​ទ្ទេស​ខ្លួន​​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា សម្តេច ឬ The Prince​ បាន​​ក្លាយទៅជា​​សៀវភៅ​ដ៏មានតម្លៃ​សម្រាប់​អ្នក​គិត​នយោបាយ (Political Thinkers) គឺ​ដោយសារតែ​មាន​អ្នកបកស្រាយ​ឱ្យ​អស្ចារ្យ បញ្ចេញបញ្ចូល​គំនិត​ខ្លួន​របស់​អ្នកបកស្រាយ ឬអ្នកអាន។ ការ​បញ្ចេញបញ្ចូល​នេះ វា​តែង​អាស្រ័យ​ទៅលើ​សមត្ថភាព​ខួរក្បាល​របស់​អ្នកអាន ដ្បិត​បើ​សិន​ជា​​ព្រំដែន​ចំណេះដឹង​អ្នកអាន​ពូកែ គឺ​ការ​បកស្រាយ​ក៏​មិនធម្មតា​ដែរ។ សូម្បីតែ​ការ​បកស្រាយ​ទស្សនៈ គម្ពីរ​សាសនា ឬគោល​គំ​និ​តធំៗ​ក៏​អ៊ីចឹង​ដែរ។ អ្នកបកស្រាយ​ខ្លាំង នាំ​ឱ្យ​គំនិត​អស្ចារ្យ តែបើ​ថ្ងៃណាមួយ យើង​មានឱកាស​បាន​ជួបនឹង​ម្ចាស់​ស្នាដៃ​ផ្ទាល់ គឺ​យើង​នឹង​វាយតម្លៃ​ថា ម្ចាស់​ស្នាដៃ​ គឺ​មិន​ខុសពី​អ្នកអាន ឬមនុស្ស​ធម្មតា​ទេ​។ គំនិត​នេះ​សម្រាប់​ពិចារណា​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ ទើប​អ្នករៀន​សូត្រ​ភាគច្រើន គឺ​ដាច់ខាត​ត្រូវ​មាន​គ្រូ​រស់ ដែល​អ្នកខ្លះ​ហៅថា Master​ ឬមានន័យថា គ្រូធំ​។ តើ​អ្នកណា​ជា​គ្រូធំ ឬតើ​គ្រូធំ​មាន​លក្ខណៈ​បែប​ណា​? ខ្ញុំ​សុំ​ចែករំលែក​និយាយ​ពី​អ្នកប្រាជ្ញ​ចិន ឡៅ ជឺ (Lao Tzu​) និង ខុង ជឺ (Confucius​)? តើ​រវាង ឡៅ ជឺ និង ខុង ជឺ មាន​លក្ខណៈ​ខុសគ្នា​យ៉ាងណា​? ខុង ជឺ គឺជា​អ្នកប្រាជ្ញ​ដែល​ជាប់នឹង​ទ្រុង​វប្បធម៌ ទ្រុង​គំនិត ទ្រុង​ប្រពៃណី ទ្រុង​ច្បាប់ទម្លាប់​...។ ខុង ជឺ គឺជា​បុគ្គល​ដែល​ពូកែ​គិត តែ​គ្រាន់តែ​ពូកែ​ប្រើ​ខួរក្បាល​គិត​ប៉ុណ្ណោះ (Just only THINKER​)

មាន​តំណាល​ថា៖ គ្រាមួយ ខុង ជឺ បានដឹង​ថា ឡៅ ជឺ នៅក្នុង​ល្អាង​ភ្នំ។ ខុង ជឺ ប្រាប់​សិស្សរបស់​ខ្លួន​ថា សូម​ចាំ​នៅ​ខាងក្រៅ ខ្ញុំ​នឹង​ចូល​ទៅ​ជួប ឡៅ ជឺ​។ សិស្ស​សួរ​ថា តើ​ហេតុអ្វី​? ខុង ជឺ ឆ្លើយ​ថា អ្នក​មិន​អាច​យល់​បានទេ​! ខ្ញុំ​នឹង​ប្រាប់​ពី​ហេតុផល​ក្រោយ​ចេញ​​ពី​ល្អាង​ភ្នំ​។ ខុង ជឺ បានឃើញ ឡៅ ជឺ អង្គុយ​យ៉ាង​ស្ងប់ស្ងាត់ ដោយ​មិន​បាន​អញ្ចើញ ខុង ជឺ ឱ្យ​អង្គុយ​ផង តែ​ឡៅ ជឺ ត្រឹមតែ​មើល​មុខ ខុង ជឺ ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់។ ខុង ជឺ ឆ្ងល់ ហើយក៏​សួរ​ថា តើ​ហេតុអ្វី​អ្នក​មិន​និយាយ​ស្តី​រក​ខ្ញុំ​? ឡៅ ជឺ ឆ្លើយ​ថា ខ្ញុំ​បាន​និយាយ តែ​អ្នក​មិន​អាច​ឮសំឡេង​ដ៏​ស្ងប់ស្ងាត់​របស់ខ្ញុំ។ ខ្ញុំ​ចង់​ដឹង​ថា​តើ​ទស្សនវិទូ​ដូច​លោក ចេះ​ស្តាប់​ភាសា​ស្ងប់ស្ងាត់​ទេ។ ទាល់​តែ​ឮសំឡេង ឬទាល់តែ​មាន​ភាសា ទើប​អ្នក​អាច​យល់​បាន។ ទាល់តែ​មាន​អ្នក​ប្រាប់​ឱ្យ​អង្គុយ ទើប​អ្នក​អាច​អង្គុយ​បាន​។ ល្អាង​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​ទេ ហើយ​ពេល​ខ្ញុំ​មកដល់​ទីនេះ ក៏​គ្មាន​អ្នកណា​ប្រាប់​ឱ្យ​ខ្ញុំ​អង្គុយ​ដែរ។ គ្មានអ្វី​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​ទេ​។ ខុង ជឺ ស្តាប់​ហើយក៏​គាំងនិយាយ​មិន​ចេញ។ ក្រោយមក ឡៅ ជឺ បន្ត​ទៀត​ថា មនុស្ស​ប្រៀប​ដូចជា​ដើមឈើ​អ៊ីចឹង គ្មាន​ទាប​គ្មាន​ខ្ពស់ គ្មាន​អន់​គ្មាន​អស្ចារ្យ​ឡើយ​...។ ភ្លាម​ៗ ខុង ជឺ បាន​សុំ​អភ័យទោស​ឡៅ ជឺ រួចហើយ​ក៏​ចាកចេញ​ពី​ល្អាង។ ក្រោយមក ខុង ជឺ បាន​ដើរចេញ​ពីល្អាង ហើយ​សិស្ស​ទាំងឡាយ​សួរ​ថា តើ ឡៅ ជឺ យ៉ាងម៉េច​? ខុង ជឺ តប​ទៅ​សិស្ស​ថា កុំមក​ក្បែរ​មនុស្ស​បែបនេះ ដ្បិត​បុគ្គល​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក។ អ្នក​អាច​ជួយសង្គ្រោះ​ជីវិត​ខ្លួនឯង​បាន បើ​ទោះបីជា​អ្នក​បាន​ដើរ​ប្រទះ​ជួប​សត្វ​ខ្លា ឬបាន​ដើរ​ប្រទះ​ជួប​សត្វ​តោ តែបើ​ជួប​បុគ្គល​ម្នាក់​នេះ គឺ​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់។ ឡៅ ជឺ ប្រៀប​ដូចជា​សត្វ​នាគ ហើយ​ជា​សត្វ​នាគ​ដែល​មាន​ស្លាប​អាច​ហោះហើរ​លើ​អាកាស​បាន។ បើ​ជួប សូម​គេច​ចេញ​ឱ្យ​ឆ្ងាយ​

ឡៅ ជឺ សង្កត់​ត្រង់ថា [...] ទាល់តែ​មាន​អ្នក​ប្រាប់​ឱ្យ​អង្គុយ ទើប​អ្នក​អាច​អង្គុយ​បាន​ ដែល​មានន័យថា​មនុស្ស​ទូទៅ តែងតែ​ជាប់ទ្រុង តែ​បុគ្គល​រួច​រដោះ​តែង​មាន​សេរីភាព​ផ្លូវចិត្ត មិន​ជាប់​ក្នុង​គំនិត​បុគ្គល​ណា មិន​ជាប់​ក្នុង​វប្បធម៌​សង្គម​ណា។ បុគ្គល​ដែល​រួច​រដោះ​ចិត្តជា​ច្រើន (មាន​ទស្សនវិទូ​ខ្លះ​ក៏បាន​រួច​រដោះ​ចិត្ត​ដែរ ដូចជា​សូ​ក្រាត​...) បាន​ប្រកាស​ខ្លួន​ជា​មនុស្ស​របស់​ពិភពលោក តែ​មិនមែន​ជា​មនុស្ស​របស់​ជាតិ​ណា ជា​មនុស្ស​របស់​ក្រិក ជា​មនុស្ស​របស់​អាម៉េរិក ជា​មនុស្ស​របស់​ជនជាតិ​ណា​ទេ។ តំណាល​ដែល​បាន​លើកឡើង​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ពី​បុគ្គល​ពីរ​នាក់ ដែល​ម្នាក់​រួច​រដោះ និង​ម្នាក់ទៀត​ជាប់​ក្នុង​ទ្រុង​គំនិត។ អ្នកអាន​ធម្មតា គឺ​អាច​នឹង​មាន​អារម្មណ៍​ស្មុគស្មាញ​បន្តិច តែបើ​អាន​មិន​យល់​ទេ ក៏​ពុំ​មាន​បញ្ហា​អ្វី​ដែរ។ ខ្ញុំ​ចង់ឱ្យ​បងប្អូន​អ្នកអាន​សាកល្បង​សង្កេត​បន្តិចទៀត។ មនុស្ស​ដែល​ពូ​កែៗ​ទាំងអស់ គឺ​សុទ្ធតែ​មានចិត្ត​រួច​រដោះ ហើយ​ចិត្ត​ដែល​រួច​រដោះ​នេះ ទោះ​យើង​ចង់​សម្រេច​អ្វី​ក៏បាន​ដែរ តួយ៉ាងដូចជា​មហា​ត្មៈ គន្ធី (Mahatma Gandhi​), អ្នក​ទាមទារ​សិទ្ធិមនុស្ស ម៉ា​ទីន លូ​ធ័រ​ឃីង (Martin Luther King​, Jr​.), និង​អ្នកប្រាជ្ញ​ឥណ្ឌា​សម័យ​ស្តេច​អា​ឡិច​សង់​ឌឺ​ក្រង់ (Alexander the Great​) ឈ្លាន គឺ​ចាន់​ណា​ខ្យា (Chanakya​)។ អត្ថបទ​នេះ ខ្ញុំ​មិនដឹង​ថា​តើ​អ្នកណា​អាច​យល់​ភាសា​នេះ​បានទេ ពីព្រោះ​ខ្ញុំ​ពិបាក​នឹង​សរសេរ​ឱ្យ​ងាយស្រួល​យល់ ជាពិសេស​ឱ្យ​តែ​អត្ថបទ​ដែល​ទាក់ទង​នឹង​ចិត្ត​វិញ្ញាណ (Spirituality​) ពីព្រោះ​ភាសា​ខ្លះ​និយាយ​ហើយ គឺ​គ្មាន​អ្នក​យល់​ទេ។ តាមរយៈ​អំណាន សូម​ឱ្យ​យុវជន​ខ្មែរ​រួចផុត​ពី​ការ​ជាប់ជំពាក់​នឹង​កលមាយា​នៃ​ចិត្ត ហើយ​កសាងខ្លួន​ឯង​ឱ្យ​ក្លាយទៅជា​ធនធាន​សង្គម​ដ៏​ល្អ បង្កើត​ប្រយោជន៍​ដល់​សង្គម។ រឹងមាំ ចេះ​តបត​នឹង​អ្វី​ដែល​មិន​ត្រឹមត្រូវ។ គំនិត​ខ្លះ មិន​អាច​ពន្យល់​ជា​ពាក្យពេចន៍ ឬភាសា ឬបញ្ញា​របស់​ខួរក្បាល តែ​យើង​អាច​យល់​បាន​ដោយចិត្ត​ដែល​គ្មាន​ជាប់​ទាក់ទង​នឹង​តក្កវិជ្ជា​៕

----------------------------------------------

Friday, June 12, 2020

ទស្សនជីវិតវ័យទំទង់


អារម្ភកថា
សៀវភៅ ដែលប្រិយមិត្តកំពុងកាន់អាននេះ គឺជាសៀវភៅមួយដែលស្មេររៀបចំប្រែដើម្បីទុកជាប្រយោជន៍សម្រាប់សង្គមមនុស្សដែលចូលចិត្តអាន ។
ទស្សន គឺជាការប្រមើលមើលឃើញដ៏ទូលំទូលាយ អាចមានវិសាលភាពធំធេង គ្របដណ្ដប់លើអ្វីៗទាំងអស់ដែលមានក្នុងលោកមួយនេះ ។ អ្វីដែលកើតមានក្នុងលោកនេះ សុទ្ធតែមានទស្សនៈបង្កប់ន័យនៅក្នុងនោះទាំងអស់ ។ ទស្សន គឺជាការឆ្លុះបញ្ចាំងនូវអំពើរបស់មនុស្សសត្វដែលបានស្ដែងឡើង និងអាចវាយតម្លៃទៅខាងមុខបានថា នឹងមានរឿងបែបនេះ បែបនោះ ។ ទស្សន គឺជាការយល់ដឹងដែលបានតាមរយៈពុទ្ធិឥន្ទ្រិយទាំង ៥ និងវិចារណាញាណ ដែលកើតឡើងតាមការត្រិះរិះគិត និងការពិសោធ ។
ជីវិត គឺជាការស់នៅ ការតាំងនៅរបស់វត្ថុរុក្ខជាតិមនុស្សសត្វ ដែលអាស្រ័យដោយធាតុ ៤ ខន្ធ ៥ ។ ជីវិតនេះ មានទាំងរូប និងអរូប ដែលអាចសំដៅដល់កំណើត ៤ ដែលអាស្រ័យរស់នៅក្នុងភពបី ។
វ័យជំទង់ គឺជាវ័យមួយដែលឆ្លងផុតពីវ័យកុមារ ជាវ័យមួយដែលត្រូវការសិទ្ធិ សម្រេចអំពើដោយខ្លួន ជាវ័យមួយត្រូវការសាល្បង ចង់ដឹង​ចង់ចេះ ជាវ័យមួយចង់សម្រេចចិត្តអារកាត់ដោយខ្លួនឯង អាចនិយាយបានថា ជាវ័យមួយឈាមរាវ ។
ទស្សនជីវិតវ័យជំទង់ គឺជាការឆ្លុះបញ្ចាំងទៅលើផ្នត់គំនិត ឥរិយាបថ និងការត្រៀមលក្ខណៈចូលប្រឡូកក្នុងសង្គម ដែលទាមទារឲ្យមានពុទ្ធវិស័យ ចេតគតិវិស័យ និងទស្សនវិស័យសម្រាប់ជីវិតវ័យជំទង់ ។
ហេតុអ្វីត្រូវមានទស្សនជីវិតវ័យជំទង់ដែរ ព្រោះដឹងស្រាប់ហើយថា គ្រប់សមាសធាតុទាំងអស់ក្នុងលោកនេះត្រូវមានទស្សនន័យបង្កប់នៅក្នុងហ្នឹងទាំងអស់ មិនថាទារក កុមារ ពេញវ័យ  កម្លោះក្រមុំ មនុស្សធំ មនុស្សចាស់ទុំ សុទ្ធតែត្រូវមានទស្សនជីវិតនេះ មិនអាចមើលរំលងបាន ។
ដូចនេះ បានជាស្មេរគិតហើយគិតទៀតគួរនឹងរៀបចំសៀវភៅ ទស្សនជីវិតវ័យជំទង់នេះឡើងឬយ៉ាងណា? បើកចុះបើកឡើង ក៏សម្រេចចិត្តសរសេរឡើង ព្រោះក្នុងទស្សនជីវិតវ័យជំទង់នេះ អាចមានប្រយោជន៍សម្រាប់អាណាព្យាបាល និងក្មេងៗដែលឈានចូលដល់ដំណាក់កាល   វ័យរីកចម្រើនធំធាត់ទាំងផ្នែករាងកាយ ចិត្តគំនិត និងចំណេះដឹងផ្សេងៗ ត្រូវជួបជាមួយរឿងជាច្រើនដែលអាណាព្យាបាលមិនបានដឹង មិនបានយល់អំពីភាពវ័យជំទង់មួយនេះ ។ ចំណែកខាងសាមីខ្លួន ក៏មិនទាន់មានបទពិសោធចូលប្រឡូកក្នុងសង្គម ដែលពោលពេញទៅដោយហានីភ័យខ្ពស់ ។ ដូច្នេះហើយ តម្រូវឲ្យមានសៀវភៅជំនួយធ្វើជាទីប្រឹក្សា និងបង្ហាញទិសមួយដ៏ត្រឹមត្រូវដល់ពួកគេ ។
តែយ៉ាងណាក៏សៀវភៅរបស់ស្មេរមួយក្បាលនេះ មិនទាន់បំពេញតម្រូវការ អាហារផ្លូវចិត្ត អាហារផ្លូវគំនិតបានគ្រប់ជ្រុងជ្រោយនៅឡើយទេ តែស្មេរគិតថា អាចមានប្រយោជន៍ខ្លះមួយជ្រុងណា សម្រាប់ឆ្លុះបញ្ចាំងដល់ទស្សនជីវិតវ័យជំទង់ជាមិនខានឡើយ ។ ការនេះ ស្មេរក៏សុំអភ័យទោសទុកជាមុនក្នុងការសរសេប្រែមិនបានត្រូវមួយរយភាគរយ​តាមន័យដើមក៏ដោយ ក៏គ្រាន់បើនៅឥតអំពើ មិនបានធ្វើអ្វីសោះ សម្រាប់សង្គមខ្លួនមួយនេះ ៕

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
                      ត្រូវនឹងថ្ងៃទី ១២ មិថុនា ២០២០
                
                        លឿង ចាន់


ថ្លែងអំណរគុណ

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះអ្នកមានគុណដែលលោកបានផ្ដល់កំណើតជីវិតដល់កូនមួយនេះ ។
សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅដល់សម្តេច កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តបទុមវតីរាជវរាម រាជធានីភ្នំពេញ ព្រមទាំងសម្ដេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះគ្រូសូធ្យស្ដាំ និងព្រះវិជ្ជាចរណ ចេម ធារៈ ព្រះគ្រូសូធ្យឆ្វេងនៃវត្តបទុមវតិី ព្រមទាំងព្រះមេកុដិសមាគមដែលបានផ្ដល់ទីជម្រកស្នាក់នៅបន្តការសិក្សារបស់ខ្ញុំព្រះករុណា ។
សូមថ្លែងអំណរគុណដល់ពុទ្ធបរិស័យគ្រប់ទិសទាំងបួន តែងតែបានជួយចិញ្ចឹមជីវិតអ្នកបួសរស់នៅក្រោមម្លប់ព្រះពុទ្ធសាសនារហូតមកដល់ពេលនេះ ។
ជាទីបញ្ចប់ សូមថ្វាយព្រះពរសម្ដេច ព្រះមន្រ្តីសង្ឃវត្ត ព្រះមេកុដិ និងពុទ្ធបរិស័ទទីជិតឆ្ងាយទាំងអស់ សូមជួបប្រសប់នូវពុទ្ធមង្គល ៥ ប្រការគឺ អាយុ វណ្ណ សុខ ពល និងបដិភាណៈកុំឃ្លៀតក្លាយទៅជាប្រការដទៃឡើយ ៕  






ឧទ្ទិសកថា
សូមឧទ្ទិសស្នាដៃសំណេរមួយនេះ ទៅដល់បុព្វបុរសខ្មែរទាំងអស់ ដែលបានធ្វើការពលិជីវិតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងមរតកអក្សរសាស្ត្រជាតិ​គ្រប់ៗជំនាន់ ។









មាតិកា
អារម្ភកថា----------------------------------
ថ្លែងអំណរគុណ-----------------------------
ឧទ្ទិសកថា---------------------------------
ទសន្សជីវិត Life Skill------------------------
កលយុទ្ធក្នុងការបង្កើតទស្សនជីវិត----------------- ១៣
កលវិធីក្នុងការបង្កើតទស្សនជីវិត------------------- ១៥
ទស្សនៈការទំនាក់ទំនងក្នុងគ្រួសារ----------------- ១៨
ការទំនាក់ទំនងដែលវ័យជំទង់ត្រូវការ---------------- ២០
ផលនៃការទំនាក់ទំនងដែលសមរម្យ---------------- ២១
ទិកនិកការដាស់តឿនកូនក្នុងវ័យជំទង់--------------- ២២
ទិកនិកការដាស់តឿនប្រើហើយមិនបានផល ពេល------- ២៤
ទិននិកការទំនាក់ទំនង និងការតវ៉ារបស់វ័យជំទង់-------- ២៥
បង្រៀនកូនក្នុងរឿងទស្សនៈការបដិសេធ------------- ២៩
កម្រិតនៃការបដិសេធមាន ៣ កម្រិត--------------- ២៩
ការរកផ្លូវចេញពេលត្រូវគេរំអុក ឬប្រមាទ------------- ២៩
ទិកនិកការបដិសេធ សម្រាប់ក្មេងស្រីវ័យជំទង់ ដែលគួរនាំយកទៅប្រើក្នុងជីវិតប្រចាំថ្ងៃ   ៣១
សួរ - ឆ្លើយ----------------------------- ៣៣
ពាក្យបង្រៀនរបស់ម៉ែ------------------------- ៣៦





Tuesday, June 9, 2020

ឈឺក្បាលឥតអំពើ ?


_តើហត់ទេ ដែលខ្វល់ពីគេទាំងដែលគេមិនខ្វល់ពីយើង ?👎

_តើហត់ទេ ដែលត្រូវអង្គុយគិត សង្ស័យ ដើរតាមដានគេរាល់ថ្ងៃ ? 👎

_តើហត់ចិត្តទេ ដែលព្យាយាមឃ្វាលគេគ្រប់ជំហាន ? 👎

_តើហត់ទេ ដែលត្រូវប្រចណ្ឌគេតែម្នាក់ឯង ?👎

_តើហត់ទេ ដែលត្រូវគេងបារម្ភខ្លាចបាត់បង់គេ ទាំងដែលគេមិនខ្លាចបាត់បង់យើងបន្ដិចសោះ ?👎

តាមពិតទៅវាជារឿងគ្មានប្រយោជន៍អ្វីទាល់តែសោះ👎ប៉ុន្ដែយើងបែរជាចូលចិត្តយកវាមកទុកក្នុងខួរក្បាលទៅវិញ 😣។ លើលោកនេះគ្មានថាមពលណាអាចឃុំឃាំងចិត្តរបស់នរណាម្នាក់បានទេ បើគេមិនស្មោះត្រង់ ទោះប្រឹងឃ្វាលក៏គង់តែក្បត់ បាន។ បើគេគ្មានចិត្តសម្រាប់យើង ទោះប្រឹងខ្វល់ក៏នៅតែគ្មានប្រយោជន៍ ។ បើគេប្រុងនឹងក្បត់ ទោះឃ្លាតពីយើងត្រឹមប្រាំនាទីក៏អាចក្បត់បាន ។ បើគេប្រុងនឹងទៅ ទោះប្រឹងឃាំង ក៏គេគង់តែទៅ ។ រឿងដែលប្រុងនឹងកើតវាគង់តែកើត រឿងដែលមិនអាចកើត គឺវានៅតែមិនកើត គ្មានអ្វីរារាំង គ្មានអ្វីជម្រុញ ដ្បិតវាជាសភាវៈរបស់ចិត្ត ។

ជំនួសឱ្យការឈឺក្បាលដោយសារគេ មកខ្វល់ពីខ្លួនឯងវិញ ។ ជំនួសឱ្យការសង្ស័យគេ មកពង្រឹងខ្លួនឯងវិញ ។ គេអាចធ្វើអ្វីបាន យើងក៏អាចធ្វើនោះបាន ។ កុំទៅខ្វល់ច្រើនពេក សំខាន់មើលថែខ្លួនឯងឱ្យបានល្អ ហើយត្រូវចងចាំថា គ្មាននរណាម្នាក់ដែលនឹងគោរពសន្យា ថានឹងស្មោះត្រង់ជាមួយយើងរហូត ក្រៅពីគ្រួសាររបស់យើងទេ ។ ឈប់ខ្វល់ច្រើន ឈប់សង្ស័យច្រើន ឈប់តាមដានគេ កុំធ្វើឱ្យខ្លួនឯងឈឺចាប់ដោយសារគេ #ថែខ្លួន ៕

_______
អត្ថបទសំណូមពរ

Cr. Sun Veasna

ទុក្ខត្រួតលើទុក្ខ!


មានរឿងសព្វគ្រប់លើភពផែនដី ឲ្យមនុស្សប្រុសស្រីគប្បីសង្វេគ កុំឲ្យសង្វាតប្រមាទខ្លាំងពេក ក្រោមមេឃលើដីមានអ្វីមិនខ្វល់។ ហេតុដែលកើតមានពុំហ៊ានប្រឌិត គឺជារឿងពិតមិនគិតស្មានដល់ យានយន្តខ្វែងខ្វាត់ស្ងាត់បាត់ពីថ្នល់ ទីផ្សារទៅដល់នៅសល់តែរាន។

សត្វលោកក្អេងក្អាងអាងវិទ្យាសាស្ត្រ ឥឡូវឃើញច្បាស់ណាស់កុំបំពាន រោគឆ្លងសម្លាប់ស្លាប់ពុំធ្លាប់មាន មនុស្សរាប់ពាន់លានគ្មានអ្វីធានា។

ធម្មជាតិសម្រេចមិនបាច់ប្រទូស ឲ្យមនុស្សខ្លាចមនុស្សទោះបីស្គាល់គ្នា មិនថាមន្រ្តីរាស្រ្តព្រះរាជា ជួបប្រស្រ័យគ្នាជាការលំបាក។

ឱធម្មជាតិអើយម្ដេចឡើយកំណត់ ទាំងអ្នកក្រខ្សត់ឲ្យហត់ឥតស្រាក ខំធ្វើការងារទោះជាលំបាក ព្រោះបើសម្រាកកូនអត់អាហារ។

ធ្វើការមួយថ្ងៃគ្រាន់ហូបមួយថ្ងៃ លក់នំចំណីបន្លែបង្ការ រកបានតែត្រឹមចិញ្ចឹមគ្រួសារ ឥឡូវស្ងាត់ផ្សារអ្នកណាមិនភ័យ។

អ្នកឆ្លងរោគហើយគ្មានឡើយញាតិមិត្ត ពុំអាចនៅជិតញាតិមិត្តប្រុសស្រី ទោះម្តាយនឹងកូនក៏ឥតប្រណី បើក្ស័យសពក្តីក៏ជួបពុំបាន។

នេះហើយប្រវត្តិកត់ត្រាផ្ដែផ្ដាំ ជាទារុណកម្មប្រចាំភពស្ថាន បានសុខលោកីយ៍ភ្លេចថ្ងៃក្ស័យប្រាណ រោគមករុករានឲ្យមានស្មារតី។

ពេញពិភពលោកមេរោគកូវិដ ដប់ប្រាំបួនពិតឥតត្រាប្រណី ឆ្លងដែនប្រទេសលឿនរហ័សក្រៃ អ្នកជិតខាងភ័យបាត់ក្ដីរាប់អាន។

រោគអេដស៍មានសពដុតកប់ជួបជុំ កូវិដសពរុំពុំអាចឲ្យបាន ព្រោះអាចឆ្លងផ្ទាល់ដល់ញាតិសន្តាន ចុងបញ្ចប់បានត្រឹមសោកសង្រេង។

ស្រណោះគ្រូពេទ្យត្បិតហេតុកូរ៉ូណា ប្រតិបត្តិការគួរឲ្យស្ញប់ស្ញែង ឃ្លាតក្រុមគ្រួសារសែនមហាចំបែង ប្រយុទ្ធជាក់ស្ដែងកន្លែងរងគ្រោះ។

សូមគុណតេជះនៃព្រះបារមី ព្រះរតនត្រៃជួយអ្នកទាំងអស់ ឲ្យបានជោគជ័យក្នុងការសង្រ្គោះ ឆ្លងផុតទុក្ខទោសរស់ទាំងអស់គ្នា៕៚

សូមអនុមោទនា!
-------------------------------------------------------
ថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ (22/3/2020) ដោយ អ៊ុំប្រុស គុយ សុធន 
រូបភាព ហ្វេសប៊ុក