Tuesday, May 31, 2016

១០ វិធីដែលអ្នកមានគេគិត


រឿងសំខាន់បំផុតគឺ “បើចង់មានបាន ចូរគិតដូចអ្នកមានគេគិត” ។ សព្វថ្ងៃនេះ ប្រហែលជាគ្មានអ្នកណាមួយថា មិនចូលចិត្តលុយទេ បើអ្នកគិតថា តើត្រូវធ្វើយ៉ាងណា ទើបមានលុយទុក សាកលោមកអានតាមគោលគំនិតទាំង ១០ ខ ដែលចង់ប្រាប់អ្នកថា គ្រាន់តែប្តូរវិធីគិតឲ្យមានបែបផែនអ្នកមាន អ្នកក៏អាចសន្សំលុយបាន បើអ្នកមានដូចអ្វីដែលខ្លួនគិត ត្រឹមតែធ្វើសាកល្បងម្តងមួយៗ ក៏អាចផ្លាស់ប្តូរចំនួនលុយក្នុងបញ្ជីរបស់អ្នកបានដែរ។

គោលគំនិតទី១ ប្រយ័ត្នរឿងតូចៗដែលហៅថាការចាយវាយ

វាប្រាកដណាស់ថា មនុស្សជាច្រើន រមែងមានអារម្មណ៍ថា ត្រូវតែប្រុងប្រយ័ត្នជាពិសេស បើត្រូវការចាយវាយលុយធំដុំ តែរឿងដែលអ្នកគ្រប់គ្នាភ្លេចគិតនឹកដល់ ត្រឡប់បែរជាចាយវាយត្បិតត្បៀត ដែលយើងចាយវាយក្នុងជីវិតប្រចាំថ្ងៃថា ពេលយើងប្រមូលចូលគ្នាហើយ លុយទាំងនេះអាចធ្វើឲ្យអ្នកស្លុតចិត្តតែម្តង។ យើងប្រហែលជាគិតច្រើនទៅលើរឿងទិញសៀវភៅមួយក្បាល ដែលមានតម្លៃ២០០០០រៀល ប៉ុន្តែបើទិញកាហ្វេផឹកដែលល្បីឈ្មោះមួយកែវ ៨០០០រៀល នំនែកកំប៉ិកកំបុក៤០០០រៀល ទទួលទានការ៉ែមជាមួយមិត្តភក្ដិមួយកែវ មានតម្លៃ៨០០០ បូកសរុបទូទាត់លាត់សើយទៅអស់ ២០០០០រៀល ដូចគ្នាដដែល។ ត្រឹមតែយើងកាត់បន្ថយតម្លៃចាយវាទៅលើរបស់កំប៉ិកកំប៉ុកទាំងនេះចេញ ក៏មានលុយទុកបន្ថែមឡើងដោយបែបមិនគិតនឹកស្មានដល់អ៊ីចឹង។

គោលគំនិតទី២ មុននឹងទិញត្រូវគិតដល់អនាគត

វាច្បាស់ណាស់ថា វាងាយស្រួលណាស់ នឹងទិញឥវ៉ាន់របស់របរដែលខ្លួនចូលចិត្ត ប៉ុន្តែចុងក្រោយពេលយើងទិញរបស់បែបគ្មានព្រំដែន។ តើខ្លួនយើងផ្ទាល់ ក៏នឹងក្លាយជាមនុស្សដែលត្រូវមកអង្គុយពិបាកចិត្តថា នឹងរកចំណូលមកប៉ះប៉ូវលុយដែលបាត់បង់ទៅយ៉ាងណាទេ?  រាល់ពេលមុននឹងទិញអ្វីមួយ ត្រូវគិតដល់អនាគតរបស់យើងសិនថា បើទិញហើយ តើអនាគតយើងក្លាយទៅជាបែបណ? តើវាមានផលប៉ះពាល់អ្វីទេ?

គោលគំនិតទី៣ កុំទិញរបស់មិនចាំបាច់ ដើម្បីសាងភាពជាប់ចិត្ត

យើងគ្រប់គ្នា សុទ្ធតែចង់បានពាក្យសរសើរពីមិត្តភក្តិ ឬអ្នកជិតខាងខ្លួន។ ពេលយើងធ្វើជាម្ចាស់លើវត្ថុអ្វីម្យ៉ាង ប៉ុន្តែយើងត្រូវដឹងពីព្រំដែនរបស់ខ្លួនឯង។ យើងគួរទិញរបស់ ព្រោះរបស់នោះមានភាពចាំបាច់ចំពោះយើងច្រើនជាងការទិញដើម្បីធ្វើឲ្យអ្នកដទៃជាប់ចិត្តលើវា។ TIP មុននឹងទិញរបស់គិតសិនថា “កុំទិញរបស់មិនមានការចាំបាច់ ដើម្បីឲ្យអ្នកដែលមិនចេះគាប់ចិត្តសូម្បីតែអ្នកខ្លួនឯង”។

គោលគំនិតទី៤ សាងទីមកទីទៅនៃការចាយវាយ

ពិភពលោករាល់ថ្ងៃនេះ មានតែរបស់របរច្រើនណាស់ ដែលព្រមឲ្យអ្នកព្រមសុខចិត្តចាយលុយ ដោយសន្សំទុកមិនកើត។ បើអ្នកមិនបានដាក់ផែនការ និងបង្កើតប្រព័ន្ធមាត្រដ្ឋានតម្លៃចាយវាយទុកទេ។ អ្នកមានគ្រប់រូបស្គាល់ច្បាស់ជាងលុយរបស់ពួកគេមកពូកន្លែងណា និងកំពុងនឹងទៅទីណាជានិច្ច។ រឿងនេះ បញ្ជីចំណូល និងចំណាយនឹងជួយអ្នកបាន។ រឿងនេះនឹងជួយឲ្យអ្នកបាត់ងើយឆ្ងល់ ព្រោះវាប្រាប់អ្នកបានជានិច្ចថា លុយមកពីណា និងលុយទៅនៅទីណា។

គោលគំនិតទី៥ ធ្វើការឲ្យបានខ្លាំង

មនុស្សជាច្រើនគិតថា វិថីជីវិតរបស់អ្នកមាន មានតែរឿងសប្បាយរីករាយគ្រប់ពេលវេលា។ ការពិតនោះ ផ្ទុយស្រលះ អ្នកមានធ្វើការងារខ្លាំងជាងមនុស្សធម្មតាទូទៅ។ យ៉ាងហោចណាស់ក្នុងកំឡុងវ័យធ្វើការងារ ប៉ុន្តែពួកគេព្យាយាមបន្ថែមចំណូលបាន ព្រោះពេលមានចំណូលបន្ថែមឡើង ពួកគេក៏អាចរក្សាសន្សំលុយមានចំនួនច្រើនឡើងបាននោះឯង។ អ្នកមានគិតថាការធ្វើធុរកិច្ចគឺការសន្សំលុយបានច្រើនជាងលុយចំណាយ ការដាក់ទុន ការដាក់គំរោងផែនការដើម្បីអនាគត និងត្រូវប្រើជំនាញដើម្បីចាប់ឱកាស និងធ្វើការឲ្យខ្លាំងជាងមនុស្សទូទៅទៀតផង។

គោលគំនិតទី៦ បែងចែកចំណែកលុយ

សូមបញ្ជាក់ម្តងទៀតថា អ្នកមានមិនបានប្រើជីវិតជ្រួលច្រានឬមិនត្រូវចាយអ្វីឡើយ ប៉ុន្តែព្រោះការបែងចែកលុយកាក់បានយ៉ាងល្អ ទើបធ្វើឲ្យពួកគេរក្សាមានបានរបស់ខ្លួនឯឯជាប់បាន។ ពួកគេចាត់ចែងរាល់ពេលដែលមានចំណូល។ ដូចនោះសាកល្បងបែងចែកចំណូលរបស់អ្នកខ្លះ ព្រោះនេះគឺជាគោលការណ៍ធានាថា ពេលមានហេតុអាសន្ន ឬហានីភ័យណាមួយកើតឡើង អ្នកមានលុយតម្កល់ទុកសម្រាប់វាស្រាប់។

គោលគំនិតទី៧ ទិញទំនិញបញ្ចុះតម្លៃ ឬតថ្លៃមុននឹងទិញ

អ្នកមានជាច្រើន ក៏ដូចជាមនុស្សធម្មតាទូទៅដែរ ពួកគេត្រូវការចាយលុយឲ្យកើតមូលតម្លៃខ្ពស់ វត្ថុដែលល្អបំផុតគឺទិញរបស់បញ្ចុះតម្លៃ ឬតថ្លៃមុននឹងទិញ។ ពួកគេគិតថា តើហេតុអ្វីត្រូវចាយវាយថ្លៃក្នុងពេលដែលមានជម្រើសល្អជាងនេះច្រើនទៀត?

គោលគំនិតទី៨ យកលុយសន្សំទៅធ្វើវិនិយោគដោយភាពឈ្លាសវៃ

មានមនុស្សជាច្រើនមិនយកលុយដែលសន្សំទុកទៅធ្វើវិនិយោគទេ ព្រោះគិតថា វាមានចំនួនតិចតួច ប៉ុន្តែកុំភ្លេចថាលុយបន្តិចបន្តួច តែពេលសន្សំឲ្យច្រើនឡើង ក៏ក្លាយជាលុយធំដុំបាន និយាយឲ្យស្រួលស្តាប់ទៅ បើអ្នកយកលុយដែលបានសន្សំទុកទៅបណ្ដាក់ទុន វានឹងធ្វើលុយដែលសន្សំទុករបស់អ្នកនោះរីកដុះដាល រហូតដល់អ្នកចម្លែកចិត្តតែម្តង។ ដូចពាក្យចាស់លោកពោលទុកថា “មានប្រាក់មួយសេនពឹងពាក់ផ្សែផ្សំឲ្យគ្រប់មួយកាក់” និងពេលអ្នកបណ្ដាក់ទុនឲ្យត្រូវទី អ្នកពិតជាសមតាមប្រាថ្នា ប៉ុន្តែរឿងទាំងអស់នេះ សុទ្ធតែត្រូវអាស្រ័យលើបទពិសោធ និងការសាកល្បងខុសខ្លះត្រូវខ្លះ ហើយអ្នកនឹងរកឃើញថា ការសន្សំលុយឲ្យពូនគរ វារំភើបចិត្តជាងការចាយលុយដោយភាពខ្ជះខ្ជាយទៀតផង។  

គោលគំនិតទី៩ ចេះរៀនមូលដ្ឋានគ្រឹះបង្កើនលុយលានៗ

មនុស្សជាទូទៅគិតសន្សំលុយក្រោយពីកាច់ចំណូលបានរួចរៀបរយហើយ ប៉ុន្តែអ្នកមានគិតគេផ្ទុយមកវិញ វិធីគិតបែបនេះ គេហៅថា រូបមន្តសាងលុយលានៗ។ វិធីសាស្ត្រចាប់ផ្តើមពេលអ្នកមានចំណូលបានប៉ុនណាក៏ដោយ ឲ្យអ្នកកាច់ឬដកហូតលុយមួយចំនួនដែលជាក់លាក់ដើម្បីបរិចាគទៅលើសង្គមវិញ និងដកលុយមួយចំនួនទៀតដើម្បីយកទៅបណ្តាក់ទុនសម្រាប់គោលដៅក្នុងពេលអនាគតរបស់អ្នក ដែលសល់ពីនោះ អ្នកទុកប្រើប្រាស់ចាយវាយរបស់អ្នក។ TIP ប្រសិនបើចង់មាន ចាំទុកណាថា “ចូរប្រើលុយដែលសល់ពីការសន្សំ មិនមែនសន្សំក្រោយពីចាយវាយទេ”។

គោលគំនិតទី១០ បិទរន្ធលេច

អ្នកមានគេមិនចាយវាយទៅលើរបស់របរមិនចាំបាច់ទេ។ ពួកគេជៀសវាងតម្លៃតាមទំនៀម និងតម្លៃចាយវាយដែលមិនចាំបាច់យ៉ាងច្រើន ព្រោះតម្លៃទម្លាប់តូចៗក៏អាចក្លាយជារឿងធំបាន ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នទេនោះ។ អ្នកចាំទុកណាថា “រន្ធលេចតូចៗក៏អាចធ្វើឲ្យទូកធំលិចបានដែរ”។

អ្នកគ្រាន់តែនាំយកគោលគំនិតទាំង ១០ ខមកសម្រួលប្រើឲ្យសក្តិសមជាមួយជីវិតរបស់អ្នក ត្រឹមនេះយើងក៏អាចនឹងយល់ចូលចិត្តបានថា ការសាងភាពជាអ្នកមានបាន វាចាប់ផ្តើមបានពីវិធីគិតងាយៗដោយការផ្លាស់ប្តូរគំនិត និងពេលអ្នកគិតបែបអ្នកមានហើយ។ ថ្នាក់ជាបន្តគឺសាកល្បងធ្វើតាមឲ្យបាគ្រប់ចំណុច រួចហើយមនុស្សអ្នកមានជាបន្តគឺអ្នកខ្លួនឯង។

ប្រភព៖ aommoney
ប្រែ. លឿង ចាន់


១៩ គន្លឹះ សាងស្នេហ៍រួមគ្នាមិនចេះបែក


១. កុំកែប្រែគេ តែត្រូវកែប្រែខ្លួនឯង ទោះជាយ៉ាងណាក៏ដោយ បើគេធ្វើអ្វីៗឲ្យអ្នកមិនចូលចិត្តរឿងដែលមិនអាចទទួលយកបានពិតនោះ សាកល្បងបា្រប់គេនូវរឿងនោះឲ្យគេស្តាប់ ប៉ុន្តែពុំមែនប្រើសម្លេងស្រែកកំហកកំហែងដោយមិនសមរម្យទៅលើគេនោះទេ។

២. ពេលខ្លះអ្នកចាំបាច់អនុវត្តទៅតាមច្បាប់របស់មនុស្សដែលអ្នកស្រលាញ់ខ្លះ មិនគួរធ្វើអ្វីៗតាមតែចិត្តខ្លួនឯងទេ កុំភ្លេចឲ្យសោះថា អ្នកកំពុងប្រើជីវិតនៅរួមគ្នា មិនមែនជាជីវិតនៅលីវតទៅទៀតឡើយ។

៣. សម្រួលចិត្តខ្លួនឯងជាថ្មី មិនថាអ្នកជាមនុស្សតូចតាចប៉ុនណាទេ ប្រសិនបើត្រូវរស់នៅជាមួយអ្នកណាម្នាក់ អ្នកត្រូវកែប្រែទស្សនគតិ គំនិត និងស្វែងរកសេចក្ដីសុខដូចដើម មកក្នុងបែបលក្ខណៈដែលមនុស្សពីរនាក់ធ្វើរួមគ្នាបាន ហើយអ្នកនឹងដឹងថា ជីវិតនៅមានរឿងរ៉ាវសប្បាយៗឲ្យកើបកូយយកទៅព្រមគ្នាមានច្រើនយ៉ាងទៀត។

៤. ប៉ុន្តែសូមរំលឹកទុកថា អ្នកជាមនុស្សគ្រប់គ្រងជីវិតរបស់ខ្លួនឯង ស្នេហានឹងស្រស់បំព្រង ឬរុះរោយស្វិតស្រពោន ឬក៏ធ្វើគេឈ្លក់លង់វង្វេង វាស្ថិតនៅលើខ្លួនអ្នកហ្នឹងឯង ថាគួរព្យាយាមធ្វើខ្លួនយ៉ាងណាសិចស៊ី ឬក៏តាមធម្មតាៗ។

៥. ជជែករឿងដែលល្អខ្លះអាក្រក់ខ្លះបា្រប់ដល់គ្នានិងគ្នាស្តាប់។

៦. ពេលខ្លះក៏ត្រូវធ្វើជាអាជ្ញាធរ រក្សារឿងបង្កជម្លោះវិវាទរវាងគ្នានិងគ្នា។

៧. និយាយឲ្យតិច ប៉ុន្តែធ្វើឲ្យច្រើន ដែលសំដៅដល់ការព្យាយាមសម្តែងពីសេចក្ដីស្រលាញ់ចំពោះគេ ដូចជាថើបគេញឹកញាប់ឬបញ្ជូនក្រសែភ្នែកញាក់ព្រឹមៗដាក់រកគ្នា។

៨. ស្រលាញ់ក្នុងភាពកង្វះខាតរបស់មនុស្សដែលយើងស្រលាញ់។

៩. ធ្វើចិត្តឲ្យបានថា ប្រុសៗមិនចូលចិត្ត(រឿងតូចតាចរបស់ប្រពន្ធ)ទេ ដូចៗគ្នា។

១០. ផ្ទុយមកវិញ ប្រុសៗនឹងផ្សេងគ្នាក្នុងរឿងយកចិត្តទុកដាក់ប្រពន្ធ។

១១. កុំទៅខ្វល់ជាមួយរឿងស្មាញស្មុកច្រើនពេក ដូចជា គូខ្លះសូម្បីតែថ្នាំដុសធ្មេញក៏ប្រើផលិតផលពីរផ្សេងគ្នាដែរ  ទើបសំណើរវិធីសម្របសម្រួលបញ្ហាទិញវាម្តងពីរ មកពីក្រុមហ៊ុននោះទេ មិនចាំបាច់បារម្ភថា គួរទិញផលិតផលណាល្អ បើទិញដែលយើងចូលចិត្តហើយ តិចលគេមិនចូលចិត្ត អូយ!! លំអិតល្អន់ពេកហើយ។

១២. បើចាំបាច់មានឮមាត់ឮកដាក់គ្នា ឲ្យជម្រើសឈ្លោះក្នុងរឿងដែលឈ្លាសវៃបន្តិច កុំភ្លេចថា គំនិតមនុស្សផ្សេងៗគ្នា មិនមែនបានន័យថា យើងមិនស្រលាញ់គ្នានោះទេ។

១៣. ទន្ទេញឲ្យជាប់ថា មានច្រកចេញសម្រាប់ចំណុចទាស់ទាំងពួងជានិច្ច។

១៤. ហាត់ប្រើការយល់ចិត្តជាស្ពានមេត្រីផ្សះផ្សាគ្នា

១៥. ចង់បានសេចក្ដីស្រលាញ់យូរអង្វែង គួរអនុវត្តចំពោះគ្នាដោយការផ្តល់កិត្តិយស និងភាពទន់ភ្លន់។

១៦. កុំច្របុកច្របល់ថា ជីវិតគូដូចជាការអាប់ដែត ព្រោះមានអ្វីច្រើនយ៉ាងទៀត ដែលអ្នកត្រូវពុះពារឧបសគ្គរួមគ្នាទៀត។

១៧. ប្រសិនបើមានបញ្ហាជីវិតគូគួរជួយគ្នាដោះស្រាយ ជាពិសេសបញ្ហាធំៗកុំសម្រេចចិត្តអារកាត់តែម្នាក់ឯង។

១៨. ឈប់ចង្អុលបញ្ជាក្នុងរឿងនេះរឿងនោះ ធ្វើជាស្តេចម៉ែឲ្យសោះ។

១៩. ផ្អែមល្ហែមដាក់រកគ្នារឿយៗដូចជា កុំភ្លេចខ្សិបពាក្យដ៏សែនរ៉ូម៉ាទិចដាក់ច្រចៀកឲ្យគេស្តាប់ ដឹកដៃគ្នាពេលណាឆ្លងថ្នល់ ឬសូម្បីតែប្រាប់គេថា តើគេឈ្នះចិត្តអ្នកបានយ៉ាងដូចម្តេចដែរ?

ប្រភព៖ WINNE.WS

សូមទោសដែលបងមើលរំលងអូន


ស្នេហាវ័យក្មេងមួយដែលក្រោយស្គាល់គ្នារយៈពេលមិនដល់មួយឆ្នាំផង ក៏រៀបការ ដោយខាងប្រុសអាយុ 21 ឆ្នាំខាងស្រី17 ឆ្នាំ។ ដោយសារតែរៀនមិនទាន់ចប់ខាងប្រុសបានបន្តរៀនថ្នាក់បិញ្ញាប័ត្រ នឹងធ្វើការបណ្ដើរប៉ុន្តែប្រាក់ខែដែរទទួលបាន មិនបានបំពេញ គ្រប់នៅតំរូវការប្រព្ធនឹងកូនពីរឡើយ នាងជាប្រពន្ធក៏មិនដែលបានទិញសំលៀកបំពាក់ថ្មីសំរាប់ខ្លួនដែរ ពីមួយឆ្នាំទៅមួយឆ្នាំនាងមិនដែរស្គាល់ខោអាវថ្មី កាបូបថ្មី គ្រឿុងអលង្ការ មានតំលៃដូចមនុស្ស ស្រីដទៃទេ ភាពផ្អែមល្ហែមរវាងអ្នកទាំងពីមិនសូវជាមានច្រើនទេ តែក៏អាចបន្តរស់នៅជាមួយគ្នារហូតមានចំណងស្នហ៏កូនពីរ ។ ក្រោមការអះអាងពីសំណាក់លោកប្ដីថាអោយអូនរងចាំបន្តិចទៅ ពេលបងរៀនចប់ បងនឹងអោយអូនរស់នៅក្រោមជីវភាពជាអ្នកមាន ស្ដុកស្ដម។

6ឆ្នាំកន្លងផុតទៅ ប្ដីក៏បានធ្វើការមានមុខមាត់មានប្រាក់ខែច្រើនល្មម នឹងអាចទិញផ្ទះបាន តែអ្នកណាទៅដឹងនៅពេលមានលុយ មានអំណាច ប្ដីមានស្រី ក្បត់ចិត្តប្រពន្ធរៀបការពេញច្បាប់ ដែលរស់កំសត់ជាមួយខ្លួនលះបង់ភាពជាយុវវ័យរបស់នាងស៊ូទ្រាំអត់ធ្មត់ រង់ចាំថ្ងៃមូួយមកដល់ តែអ្វីដែលនាងបានមកវិញគឺការក្បត់ចិត្ត។

នាងជាប្រពន្ធដែលរៀបការនៅអាយុ17ឆ្នាំ នាងមិនសូវជាចេះអត់ធ្មត់ទេ ព្រោះនាងនៅក្មេងពេកនេះជាមូលហេតុដែលប្ដីនាងប្រាប់ថា គាត់មានគេថ្មីនេះ ព្រោះនាង កាច ឆ្នាស់ រឹងរួស តែគាត់ភ្លេចហើយថានារីម្នាក់នេះបានបង្កើតកូន ប្រុស ស្រីពីរនាក់ ហើយបានបង្រៀនកូនអោយ ហៅគាត់ថាប៉ាៗ ដែលគួរអោយស្រលាញ់ គឺនាងបានប្រើពេល យុវវ័យរបស់នាងដែលពោរពេញទៅដោយការសប្បាយ ប៉ុន្តែនាងមិនដែលបានស្គាល់ទេថា អ្វីជាភាពយុវវ័យ ព្រោះវ័យនេះនាងខុសពីក្មេងស្រីដ៏ទៃ ដែលត្រូវមើលថែទាំកូន ដាំបាយ ធ្វើម្ហូប ចាំប្ដីមកពីធ្វើការ ជូនកូនទៅសាលា អ៊ុតខោអាវអោយប្ដី បញ្ចុកបាយកូនគាត់.......តែអ្វីដែលនាងទទួលបានពេលនេះគឺការក្បត់ចិត្ត ។ 

ប៉ុន្តែនាងមិនដែលរុញរា នឹងរងចាំប្ដីកាលពីមុនត្រលប់មកវិញទេ គឺជាប្ដីដែលស្រលាញ់តែនាង ដូចកាលពី គ្រាក្រ ។. នាង តែងប្រាប់ខ្លួនឯងថា "បើអូនដឹងថាពេលនេះបងមានស្រីថ្មី អូនសុខចិត្តអោយយើងក្រដូចពីមុនប្រសើរជាង តែ អូន នឹងប្រើពេលរង់ចាំបង គឺបងកាលពីមុនត្រលប់មកវិញ"

សូមទោសដែលបងមើលរំលងអូន

យប់នេះដូចសព្វដង ខ្ញុំត្រឡប់មកផ្ទះយឺត។ ដើរចូលក្នុងផ្ទះបានបន្តិច ក្រឡេកទៅឃើញប្រពន្ធខ្ញុំកំពុងអង្គុយចាំ រៀបចំអាហារពេញតុដើម្បីស្រស់ស្រូបជាមួយគ្នា។ ខ្ញុំដើរទៅកាន់នាង ចាប់កាន់ដៃនាងទាំងពីរ រួចប្រាប់នាងថា មានរឿងមួយចង់ប្រាប់ដល់នាង។ ពេលនោះនាងអង្គុយចុះ និងញ៉ាំអាហារដោយស្ងៀមស្ងាត់។ ខ្ញុំអាចសម្គាល់ឃើញពីការឈឺចាប់តាមរយៈខ្សែភ្នែកនាង។

រំពេចនោះ ខ្ញុំពិតជាពិបាកហាមាត់និយាយទៅកាន់នាងណាស់ មានតែបណ្ដោយឲ្យនាងស្វែងយល់ពីអ្វីដែលខ្ញុំចង់និយាយដោយខ្លួនឯង។ តែចុងក្រោយខ្ញុំបាននិយាយទៅកាន់នាងតិចៗថា ខ្ញុំចង់សុំលែងលះជាមួយនាង។ ផ្ទុយទៅវិញនាងហាក់ដូចជាមិនខឹងនឹងពាក្យសម្ដីមួយមាត់នេះសោះ បែរជាតបមកវិញដោយពាក្យសម្ដីទន់ភ្លន់ថា “ហេតុអី? អូនមានខុសអីមែនទេ?”។

ខ្ញុំព្យាយាមគេចវេះមិនឆ្លើយសំណួរនេះ ជាហេតុធ្វើឲ្យនាងកាន់តែខឹង។ នាងបានគ្រវែងចាន ស្លាបព្រា និងបានស្រែកឲ្យខ្ញុំថា “បងឯងមិនមែនជាមនុស្សប្រុសទេ”។ នៅយប់នោះ យើងមិនបាននិយាយតបគ្នាទៅវិញទៅមកច្រើនទៀតទេ។ នាងយំជាខ្លាំង និងប្រហែលជាចង់ដឹងថា មានអ្វីកើតឡើងក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះ។ ខ្ញុំពិបាកនឹងរកចម្លើយដែលពេញចិត្តប្រាប់ដល់នាងណាស់ តាមពិតខ្ញុំបានលង់ស្នេហ៍ជាមួយនារីទីបីម្នាក់ទៀត។

ជាមួយនឹងកំហុសដ៏ធ្ងន់ធ្ងរនេះ ខ្ញុំបានធ្វើពង្រាងលិខិតលែងលះដែល ប្រគល់ផ្ទះ ឡាន និងទ្រព្យសម្បត្តិ ៥០% របស់ខ្ញុំទៅឲ្យនាង។ នាងបានសម្លក់ក្រដាសមួយសន្លឹកនោះ និងបានយកវាមកហែកជាខ្ទេចខ្ទីជាចម្រៀកតូចៗ។ នារីម្នាក់ដែលបានចំណាយពេលវេលា១០ឆ្នាំក្នុងជីវិតនាងជាមួយខ្ញុំ ពេលនេះបានក្លាយជាមនុស្សចម្លែកដែលហាក់មិនស្គាល់គ្នា។ ខ្ញុំបានការសោកស្ដាយណាស់ដែលបំផ្លាញពេលវេលា ធនធាន និងថាមពលរបស់នាង ប៉ុន្តែខ្ញុំមិនអាចទាញមកវិញនូវពាក្យដែលថា ខ្ញុំស្រលាញ់នារីទីបីអស់ពីបេះដូងនោះឡើយ។ នាងចាប់ផ្ដើមយំកាន់តែខ្លាំងឡើងខ្លាំងឡើងចំពោះមុខខ្ញុំ ដូចអ្វីដែលខ្ញុំគិតទុក។ ចំពោះខ្ញុំនៅពេលនោះការយំប្រហែលជាអាចជួយឲ្យនាងធូរស្រាលជាងនេះ។ គំនិតចង់លែងលះដែលខ្ញុំគិតទុកជាច្រើនសប្ដាហ៍ឥលូវកាន់តែច្បាស់ឡើងសម្រាប់ខ្ញុំ។

នៅថ្ងៃបន្ទាប់ ខ្ញុំបានមកផ្ទះយប់ជាងរាល់ដង និងឃើញនាងកំពុងអង្គុយសរសេរអ្វីម៉្យាងនៅលើតុ។ ខ្ញុំមិនញ៉ាំអាហារអ្វីទេ និងបានដើរតម្រង់ទៅបន្ទប់គេងតែម្ដង។ ខ្ញុំគេងលក់ភ្លាមៗដោយសារធ្វើការអស់កម្លាំង និងចំណាយពេលវេលាដើរលេងជាមួយស្រីទីបី។ ភ្ញាក់ឡើងពាក់កណ្ដាលយប់ ខ្ញុំបានឃើញនាងនៅសរសេរនៅឡើយ។ ខ្ញុំមិនខ្វល់ពីនាងទេ និងបានគេងលក់ទៅវិញ។

លុះព្រឹកឡើង នាងបាននិយាយលក្ខខណ្ឌការលែងលះជាមួយខ្ញុំថា នាងមិនចង់បានអ្វីទាំងអស់ពីខ្ញុំ ក្រៅពីសុំឲ្យទុកពេល១ខែ ដើម្បីព្យាយាមយល់ចិត្តគ្នាឡើងវិញមុននឹងសម្រេចចិត្តលែងលះ។ ហេតុផលនាងគឺងាយៗ ដោយសារកូនប្រុសរបស់យើងនឹងប្រឡងនៅចុងខែនេះ ដូច្នេះនាងមិនចង់ឲ្យមានការប៉ះពាល់ផ្លូវចិត្តគេដោយសាររឿងនេះទេ។

ខ្ញុំបានយល់ស្របនឹងនាង ប៉ុន្តែនាងទាមទារច្រើនជាងនេះ ដោយឲ្យខ្ញុំរំលឹកពីពេលដែលខ្ញុំដឹកដៃនាងចូលក្នុងរោងការ។ នាងសុំទៀតថាជារៀងរាល់ព្រឹកក្នុងរយៈពេលមួយខែនេះ ឲ្យខ្ញុំដឹកដៃនាងពីបន្ទប់គេងទៅមុខផ្ទះរហូត។ ”នាងប្រហែលជាមានបញ្ហាខួរក្បាលទេដឹង!” ខ្ញុំគិត។ ប៉ុន្តែ ដើម្បីឲ្យថ្ងៃចុងក្រោយរវាងយើងទាំងពីរមានអនុស្សាវរីយ៍ល្អនឹងគ្នាខ្ញុំយល់ព្រមតាមនាង។
ខ្ញុំបាននិយាយលក្ខខណ្ឌការលែងលះនេះប្រាប់ដល់នារីទីបីរបស់ខ្ញុំ។ នាងសើចខ្លាំងៗ និងគិតថាវាជាគំនិតឆ្កួតៗ។ និងបាននិយាយមកកាន់ខ្ញុំថា “បើទោះជានាងប្រឹងលេងល្បិចយ៉ាងណា ក៏ចុងក្រោយត្រូវតែលែងលះដែរ”។

ប្រពន្ធខ្ញុំ និងខ្ញុំមិនបានចុះដំណេកជាមួយគ្នាយូរហើយ តាំងពីថ្ងៃដែលខ្ញុំប្រាប់ថាចង់លែងលះជាមួយនាង។ ដូច្នេះនៅថ្ងៃដំបូងដែលខ្ញុំកាន់ដៃនាងចេញក្រៅផ្ទះ ហាក់ដូចជាឆ្គងៗ។ កូនប្រុសរបស់យើងបានទះដៃក្រោយខ្នងយើង និយាយថា “ប៉ាប៉ាកាន់ដៃម៉ាក់”។ សម្ដីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសចំពោះគេ។ ពីបន្ទប់គេង ទៅកាន់បន្ទប់ទទួលភ្ញៀវ និងទៅកាន់ក្លោងទ្វារ ខ្ញុំបន្តកាន់ដៃនាងប្រហែល ១០ម៉ែត្រចេញទៅក្រៅទៀត។ នាងបានបិទភ្នែករបស់នាង និងបាននិយាយខ្សឹបៗមកខ្ញុំថា “កុំឲ្យកូនយើងដឹងរឿងនេះ”។ ខ្ញុំបានងក់ក្បាល និងមានអារម្មណ៍មិនសប្បាយចិត្តដែរ។ ខ្ញុំលែងដៃនាង ឲ្យនាងរកមធ្យោបាយធ្វើដំណើរខ្លួនឯង និងបានបើកឡានទៅកាន់កន្លែងធ្វើការតែឯង។
នៅថ្ងៃទីពីរ យើងទាំងពីរមិនសូវឆ្គងដូចថ្ងៃដំបូងពេកទេ។ នាងគេងលើទ្រូងខ្ញុំ ហើយខ្ញុំអាចស្រង់ក្លិនលើរាងកាយនាង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថា ខ្ញុំមិនបានសម្លឹងនារីម្នាក់នេះឲ្យបានល្អិតល្អន់ជាយូរមកហើយ។ នាងមិនមែននៅក្មេងនោះទេ នៅលើមុខនាងមានស្នាមជ្រីវជ្រួញ និងស្កូវដោយអន្លើ។ ភ្លាមនោះខ្ញុំភ្ញាក់ខ្លួនថា តើខ្ញុំបានធ្វើអ្វីខ្លះលើនាង?

នៅថ្ងៃទីបី ពេលដែលខ្ញុំចាប់បីនាងឡើងមានអារម្មណ៍ថាភាពជិតស្និតបានវិញត្រឡប់មកវិញ។ នារីម្នាក់នេះជាមនុស្សម្នាក់ដែលបានផ្ញើជីវិតដប់ឆ្នាំជាមួយខ្ញុំ។ នៅថ្ងៃទី បួន និងទីប្រាំ ខ្ញុំមានអារម្មណ៍ថាភាពស្និតស្នាលនេះកាន់តែជ្រាលជ្រៅឡើងៗ។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែយល់ច្រើនពីនាង។

នៅព្រឹកមួយនោះ នាងបានជ្រើសរើសសំលៀកបំពាក់ស្លៀក និងបានលសំលៀកបំពាក់មួយចំនួន ប៉ុន្តែមិនសមនឹងនាងសោះ។ បន្ទាប់មកនាងរអ៊ូម្នាក់ឯង “ឥលូវសំលៀកបំពាក់នេះធំៗដល់ហើយ”។ រំពេចនោះ ខ្ញុំយល់កាន់តែច្បាស់ថា នាងស្គមជាងមុន ប្រហែលបែបនេះហើយទើបបានជាខ្ញុំអាចបីនាងបានដោយស្រួល។ នាងពិតជាបានលះបង់ និងឈឺចាប់ច្រើនណាស់ដោយសារខ្ញុំកន្លងមក។ ខ្ញុំបានដើរទៅជិតនាងដោយមិនដឹងខ្លួន និងបានស្ទាបមុខនាង។

បានបន្តិច កូនប្រុសរបស់យើងបានចូលមកដល់ និងស្រែកថា ”ប៉ាប៉ាដល់ពេលដែលនាំម៉ាក់ចេញដើរលេងខាងក្រៅហើយ”។ ការឃើញឪពុករបស់ខ្លួននាំម្ដាយចេញទៅដើរលេងខាងក្រៅ ក្លាយជាផ្នែកមួយដ៏កក់ក្ដៅសម្រាប់ជីវិតគេ។ ឃើញដូចនេះប្រពន្ធខ្ញុំនាងបានបក់ដៃហៅកូនឲ្យចូលមកជិត និងឱបគេយ៉ាងណែន។ ខ្ញុំបានងាកមុខចេញព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តនៅនាទីចុងក្រោយនេះ។ បន្ទាប់មកខ្ញុំបានកាន់ដៃនាងដើរចេញពីបន្ទប់ ឆ្ពោះទៅបន្ទប់ទទួលភ្ញៀវ និងក្រោយមកទៅកាន់ផ្លូវចេញ។ នាងបានឱបកខ្ញុំថ្នមៗប្រកបដោយភាពទន់ភ្លន់។ ខ្ញុំឱបនាងវិញយ៉ាងណែន ហាក់ដូចជាថ្ងៃនោះជាថ្ងៃរៀបការយើងទាំងពីរដែរ។

ខ្ញុំមានអារម្មណ៍សោកសៅនឹងរូបរាងស្គមស្គាំងរបស់នាង។ នៅថ្ងៃចុងក្រោយនេះ ពេលដែលខ្ញុំកំពុងកាន់ដៃនាងបែបនេះ ខ្ញុំពិតជាមានអារម្មណ៍តានតឹងជាខ្លាំងមិនចង់ដើរចេញពីនាងសោះ។ ខ្ញុំចាប់ដៃនាងយ៉ាងណែន និងនិយាយទៅកាន់នាងថា “បងមិនបានចាប់អារម្មណ៍ទាល់តែសោះថាជីវិតយើងទាំងពីរខ្វះភាពស្និទ្ធស្នាលជាយូរយ៉ាងនេះ”។

ក្រោយមកខ្ញុំបានបើកបរទៅធ្វើការ។ ពេលនេះខ្ញុំហាក់ប្រញាប់ប្រញាល់ខុសធម្មតាព្រោះខ្លាចខ្លួនឯងផ្លាស់ប្ដូរចិត្តទៀត។ ពេលទៅដល់មុខក្រុមហ៊ុនខ្ញុំបានចតឡាន និងប្រញាប់រត់ទៅ office របស់ខ្ញុំទាំងមិនបានចាក់សោឡាន។ ពេលទៅដល់បន្ទប់នារីទីបី នាងបានបើកទ្វារឡើង ខ្ញុំឆ្លើយភ្លាមៗដោយមិនបង្អង់ថា “រក្សា! ខ្ញុំសុំទោស ពេលនេះខ្ញុំលែងចង់លែងលះជាមួយប្រពន្ធខ្ញុំទៀតហើយ”។
នាងមើលមកខ្ញុំដោយភាពភ្ញាក់ផ្អើល និងស្ទាបថ្ងាសខ្ញុំ។ នាងបន្ត “អត់មានក្ដៅខ្លួនទេអ្អេ?”។ ខ្ញុំគ្រវាសដៃនាងចេញ និងបាននិយាយឡើងវិញម្ដងទៀតថា ”សុំទោស រក្សា! ខ្ញុំមិនលែងប្រពន្ធខ្ញុំទេ។ ចំណងអាពាហ៍ពិពាហ៍ខ្ញុំចាប់ផ្ដើមធុញទ្រាន់ប្រហែលដោយសារយើងទាំងពីរមិនបានស្វែងយល់ពីគ្នាឲ្យបានច្រើន មិនមែនដោយសារយើងមិនស្រលាញ់គ្នានោះទេ។ ឥលូវ ឆ្លងកាត់រយៈពេលមួយខែចុងក្រោយនេះ ខ្ញុំយល់ច្បាស់ហើយថា តាំងពីថ្ងៃដែលខ្ញុំកាន់ដៃនាងចូលរោងការ ខ្ញុំត្រូវមើលថែរក្សានាងអស់មួយជីវិតរបស់ខ្ញុំ”។ រក្សាពេលនោះភ្ញាក់ខ្លួនព្រើត និងបានទះខ្ញុំមួយកំផ្លៀងយ៉ាងខ្លាំង ស្រែកយំ និងចាកចេញទៅដោយបិទទ្វារមួយទំហឹង។ ក្រោយមកខ្ញុំបានដើរចុះក្រោម និងបើកឡានចេញ។ ខ្ញុំបានឈប់នៅមុខហាងផ្កាមួយដែលនៅតាមផ្លូវ និងបានទិញផ្កាមួយបាច់សម្រាប់ប្រពន្ធខ្ញុំ។ អ្នកលក់បានសួរខ្ញុំថាចង់សរសេរអ្វីនៅលើនោះ។ ខ្ញុំញញឹមតប និងសរសេរដោយខ្លួនឯង “បងនឹងកាន់ដៃអូនរហូតដល់ជីវិតចុងក្រោយរបស់បង”។

នៅល្ងាចនោះ ខ្ញុំបានត្រឡប់មកផ្ទះដោយមានផ្កាជាប់នឹងដៃ ទឹកមុខញញឹមញញែម។ ខ្ញុំបានរត់ទៅជាន់លើទៅរកនាងក្នុងបន្ទប់គេង ប៉ុន្តែអ្វីៗយឺតពេលទៅហើយ នាងបានចាកចោលខ្ញុំបាត់ទៅហើយ។ នាងមានជំងឺមហារីកជាច្រើនខែកន្លងមកហើយ ហើយដោយសារតែរវល់ចំណាយពេលជាមួយអ្នកទីបីខ្ញុំភ្លេចគិតពីនាង។ អ្វីដែលនាងធ្វើចុងក្រោយនេះ ដើម្បីបន្សល់ទុកនៅអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា ហើយបើទោះជាខ្ញុំលែងលះនឹងនាង ក៏ចង់ឲ្យខ្ញុំនេះជាឪពុក និងជាប្ដីដ៏ល្អក្នុងក្រសែភ្នែកកូនប្រុសយើងទាំងពីរ។

ពេលនេះខ្ញុំកាន់តែយល់ច្បាស់ថា សុភមង្គលមិនកើតពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ ឡានទំនើបៗ និងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគឺទំនាក់ទំនងស្អិតល្មួតដែលយើងមានជាមួយគ្នារៀងរាល់ថ្ងៃទៅវិញទេ។
ចូរចំណាយពេលវេលាដែលអ្នកមានឲ្យបានច្រើននៅជាមួយដៃគូរបស់អ្នក កុំឲ្យអ្វីៗយឺតពេលដូចរូបខ្ញុំ៕


៩ វិធីព្យាបាលរក្សា ក្រោយពេលខូចចិត្តថ្មីៗ


តើអ្នកពិតជាខូចចិត្តមែនឬទេ? យក៩ ចំណុចនេះទៅសាកល្បងធ្វើសិនមើល៍ រួចឆ្លងផុតពេលវេលានៃការឈឺចាប់នោះទៅដោយសន្សឹមៗយឺតៗតិចឡើងៗ។

ពេលវេលាដែលត្រូវជួបប្រទះជាមួយរឿងខូចចិត្តក្នុងពេលមានស្នេហា ទោះបីជាប្រាប់ខ្លួនឯងដរាបថា គ្រប់យ៉ាងត្រូវឆ្លងផុតទៅ និងពេលវេលារក្សាចិតខ្លួនឯង។ វាពុំមែនមានន័យថា ការនៅបែបហីៗ ហើយវាឈឺចាប់ ឬអារម្មណ៍ហ្មងសៅដែលបានជួបកន្លងទៅបានងាយស្រួលទេ តែយ៉ាងហោចណាស់ យើងត្រូវមើលថែទាំរក្សាចិត្ត និងសម្របខ្លួន កែប្រែវិធីគិតកំលុងពេលពិបាកនោះ ឲ្យវាកន្លងផុតទៅដោយរលូន។ វាមានវិធីច្រើនយ៉ាងដែលគួរអនុវត្តធ្វើ និងណែនាំឲ្យធ្វើចិត្តវិលវល់ពីហេតុការការណ៍បែកបាក់គ្នានោះ។

១) កុំនៅម្នាក់ឯង រកអ្វីថ្មីៗធ្វើរួមគ្នាជាមួយមិត្តភក្តិ។ ប្រសិនបើត្រូវរស់នៅក្នុងបន្ទប់ម្នាក់ឯង ហើយចេះតែនឹកឃើញរឿងរ៉ាវទាំងអស់ដែលខ្លួនធ្លាប់សាង វានឹងត្រឡប់មកលង ឬមានពេលវេលាឲ្យអង្គុយសញ្ជឹងគិត ត្រូវរកមិត្តមកនៅជាមួយ ឬទៅនៅជាមួយមិត្តភក្តិ យ៉ាងហោចទៅ ក៏មានមនុស្សនាំគ្នាជជែកបន្ធូរអារម្មណ៍បានខ្លះដែរ។

២) សាកល្បងកំណត់រយៈពេលវេលាដែលត្រូវហ្វឹកហាត់ចិត្តឲ្យរឹងមាំ មិនទាក់ទង មិនទូរស័ព្ទ មិនឆាត មិនផ្ញើសារអ្វីណាទាំងអស់ទៅរកគេ ចាប់ផ្តើមធ្វើពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្តាហ៍ទៅមួយសប្តាហ៍។ សូមសាកល្បងតស៊ូតតាំងជាមួយចិត្តខ្លួនឯង ពីសប្តាហ៍ទៅជាខែ ចុងក្រោយនឹងបានស្រាវជ្រាវរកឃើញថា វាកន្លងផុតទៅដោយពិតប្រាកដ។

៣) កុំចូលទៅមើលមុខគេក្នុងប្រូហ្វាល់ហ្វេកបូករបស់គេជាដាចខាត់។ ប្រសិនបើអាច unfollow គេទៅសិន រួចហើយត្រូវតែស្មោះត្រង់ជាមួយខ្លួនឯង ហាមដាច់ខាតមើលណា! កុំភ្លេចអាត្មាទៅ block ព្រោះបើ block ហើយ នឹង unfriend ដោយស្វ័យប្រវត្តិ។ ហើយបើកអ្វីមើលមិនឃើញទេ ប្រសិនបើថ្ងៃក្រោយ យើងនឹងស្វែងរកឃើញការពិត ហើយអាចប្រាកដចិត្តថា ការសម្រេចចិត្តលែងលះជាមួយគេមិនមានកំហុស។

៤) កុំស្តាប់ចម្រៀងមនោសញ្ចតនាស្នេហាអន្លង់អន្លោច ព្រោះនោះ គឺជាការស៊ីអារម្មណ៍ខ្លួនឯងឲ្យអត់ទ្រាំមិនរួច ទូរស័ព្ទ ឬបើកប្រើហ្វេកបូកនោះ ទៅបានដោយស្រួលងាយ និងប្រសិនបើភ្លេចខ្លួនយំហើមភ្នែក សម្រស់ក៏ស្រកស្រុតទៅតាមការឈឺចាប់នោះដែរ។

៥) មើលថែខ្លួនឯងឲ្យបានល្អប្រសើរ ចាប់អារម្មណ៍មកលើខ្លួនឯង តាក់តែងខ្លួនឲ្យស្អាតដើម្បីឲ្យខ្លួនស្រស់ស្រាយជានិច្ច មានអារម្មណ៍ស្រលាញ់ខ្លួនឯង និងមានមោទនភាពលើខ្លួនឯងយកវាត្រឡប់មកវិញ ថែមទាំងមិនរួមឱកាសថ្មីៗដែលនឹងធ្វើដំណើរមកចូលដល់។

៦) កុំសោកស្តាយពេលវេលាដែលកន្លងមក  មើលវាទុកមេរៀន ជាបទពិសោធន៍ថា យ៉ាងហោចណាស់ ក៏យើងដឹង និងយល់ច្រើនឡើង ថាអ្វីទៅស័ក្ដិសម ឬមិនស័ក្តិសមជាមួយជីវិតរបស់យើង។

៧) កុំរង់ចាំឬលួចសង្ឃឹមឲ្យគេទាក់ទង់មក ឬត្រឡប់មកនៅក្នុងជីវិត មានតែធ្វើឲ្យយើងស្ត្រេស ការរង់ចាំទូរស័ព្ទ រង់ចាំអន់ឡាញ ឮឃើញភ្លាមក៏ភិនភាំងភ្លាមៗ ប្រសិនបើវាមិនពិតទេ ក៏សោកសៅខ្លាំងឡើងតទៅទៀត។ ការមិនសង្ឃឹមអ្វីទាំងអស់ វានឹងធ្វើឲ្យចិត្តសប្បាយ និងនឹងនឡើង។

៨) ចុងក្រោយ នាំខ្លួនឯងទៅជួបរឿងថ្មីៗ កិច្ចការថ្មីៗ មានក្រុមពួកម៉ាកថ្មីៗ អាចធ្វើឲ្យជ្រុងនៃការស្វែងរកស្នេហាប្រែប្រួល និងរកជួបឃើញថា ក្នុងផ្លាស់ប្តូរអាចនាំមកដល់រឿងល្អៗជាង ប្រសិនបើបើកចិត្តទទួល ហើយគ្រប់យ៉ាងក៏នឹងកន្លងផុតទៅដោយរលូន។

៩) ប្រសិនបើវានៅវេទនាឈឺចាប់ភ្លេចមិនបានពិតមែន គួរប្រើវិធីសាស្ត្រដែលដាច់ខាតខ្ពស់បំផុតហើយ។

ទទួលធានាភ្លេចបានប្រាកដ ចុច http://pbd.in.th/

ប្រភព៖ winne.ws

តើមានស្នេហានាំឲ្យកើតទុក្ខពិតឬ?

ស្នេហាពិតជានាំឲ្យជាកើតទុក្ខឬ? មានស្នេហាថ្មោងថ្មីអ្វីៗក៏ល្អ ក៏ស្រស់ស្អាត សូម្បីតែទឹកបន្លែស្រុសក៏ផ្អែមឆ្ងាញ់។ នៅទីណាដែលមានសេ្នហា ប្រាកដណាស់ថាមានទុក្ខនៅត្រង់នោះ។ តើធ្វើយ៉ាងណាកុំឲ្យមានទុក្ខ ពេលមានស្នេហា?

ស្នេហាពុំមែនជាការខ្វះខាតនៅខាងក្នុងឡើយ ហើយក៏ស្វែងរកខ្លួនបុគ្គលដទៃមកបំពេញឲ្យពេញ។

ស្នេហាជាវត្ថុមួយដែលសំដៅយកនូវភាពពេញលេញ និងហូរហៀរទៅដល់អ្នកដទៃ ព្រោះហេតុដូច្នោះ ស្នេហាពិតណាស់ ដែលវាសំដៅទៅលើន័យថាការផ្តល់ឲ្យ វាមិនមានន័យថា វាជាការទាមទារតែម្យ៉ាងនោះទេ។

“ស្នេហា” នោះមានគុណតម្លៃ តែងាកមើលមួយជ្រុងទៀតវាមានទោស។ ព្រះពុទ្ធអង្គទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំធ្វើសង្ខារនេះឲ្យជាវត្ថុជាទីស្រលាញ់ ព្រោះថា សេចក្ដីព្រាត់ប្រាសពីវត្ថុដែលយើងស្រលាញ់ជាសភាពថយថោក។ បើសុំបានសូមមេត្តាកំណត់ឲ្យបានច្បាស់ថា ស្រលាញ់នោះជារបស់ត្រឹមត្រូវ។ តែការព្រាត់ប្រាសពីវត្ថុជាទីស្រលាញ់នោះជាសភាពអពមង្គលនៃជីវិត គឺវានឹងក្លាយជាការអណ្តេតអណ្ដាប  ឈឺចាប់ ជូរចត់ វាជាទោសនៃ “សេចក្ដីស្រលាញ់”។ រីឯតួសេចក្ដីស្រលាញ់វិញ វាមិនមានទោសអ្វីទេ ដូចគ្នាទៅនឹងសេចក្ដីសុខ ក៏វាមិនមានទោសដែរ ក៏ប៉ុន្តែថា ពេលវាព្រាត់ប្រាស ឬថាសុខ ឬស្រលាញ់នោះវាស្វិតស្រពោនរុះរោយទៅ ទោសវានឹងបង្ហាញចេញមុខ ហើយវានឹងក្លាយជាសេចក្ដីស្អប់ខ្ពើមភ្លាម។

រឿងដែលគេហៅថា សេ្នហានោះ ចាំបាច់ត្រូវការស្គាល់លក្ខខណ្ឌរបស់វាថា វាស្ថិតនៅក្រោមអំណាចនៃត្រ័យលក្ខណ៍ គឺសភាពអនិច្ចំ ទុក្ខំ អនត្តា។ ប្រសិនបើថា សេចក្ដីស្រលាញ់បានយល់ត្រូវនៅក្នុងលក្ខណៈដូច្នេះហើយ អ្នកនឹងភ្ញាក់ខ្លួនដោយខ្លួនឯងថា

រឿងដែលគេហៅថា សេ្នហានោះ មិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកនឹងស្រលាញ់គ្នាបានចាំបាច់ត្រូវសម្រេចចិត្ត និងត្រូវការអាស្រ័យលើភាពក្លាហានមុះមុត និងកម្លាំងចិត្តមិនមែនល្មាក់ល្មមក្នុងការទៅស្រលាញ់អ្នកណាម្នាក់នោះទេ។ មនុស្សជាច្រើនគិតថា ពេលយើងនឹងស្រលាញ់គ្នា មិនឃើញទាក់ទងភាពក្លាហានមុះមុត កម្លាំងចិត្ត និងបញ្ញាអីផង។

គេមិនយល់ថា សេចក្ដីស្រលាញ់នោះ តាមពិតទៅ វាជារឿងតែមួយ ដូចជាសមាធិ និងវិបស្សនាអ៊ីចឹងដែរ។

សេចក្ដីស្រលាញ់គឺជាបីតិសុខរបស់សមាធិ និងនៅក្នុងសមាធិសេចក្ដីស្រលាញ់ករុណានឹងប្រាកដឲ្យឃើញ ប្រសិនណាបើការស្រលាញ់នោះ ប្រកបដោយអំណាចនៃសេចក្ដីល្ងង់ខ្លៅ ទន់ជ្រាយ ជ្រួលច្របល់ហើយ។ សេចក្ដីស្រលាញ់នោះគឺជាការសន្សំយកនូវឧបសគ្គ និងមានសេចក្ដីទុក្ខនៅទីបំផុត។ សេចក្ដីស្រលាញ់ដែលពិតប្រាកដ ហើយត្រឹមត្រូវ មិនមែនសំដៅទៅលើការចងសម្ព័ន្ធជិតស្និតស្អិតរមួតទេ ប៉ុន្តែកម្លាំងនៃសេចក្ដីស្រលាញ់ដែលពិត នឹងត្រូវមានន័យដល់ការរួមសហការគ្នាក្នុងសេរីភាព ឬឲ្យនូវសេរីភាពដល់គ្នាទៅវិញទៅមក មិនប្រកាន់មាំ និងមានសេចក្ដីភ័យខ្លាចផ្សេងៗឡើយ។

អត្ថន័យនៃសេចក្ដីស្រលាញ់នោះ មិនទាន់មានគូក្តី មានជីវិតគូក្តី ត្រូវចេះផ្តល់ឲ្យនូវសេរីភាពដល់គ្នានិងគ្នា ឲ្យម្នាក់ៗមានពេលវេលានៃសន្តិសុខ មានពេលវេលាក្នុងសាសនកិច្ចរបស់ខ្លួន និងចងសេចក្ដីស្រលាញ់នោះទៅដោយខ្សែចំណងគឺព្រះធម៌។

វាជាគ្រឿងដោះចេញពីសេចក្ដីថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្តទាំងឡាយ ឲ្យបានទទួលសេរីភាពយ៉ាងពិតប្រាកដ ដូចជាលោកកវីនិពន្ធម្នាក់លើកឡើង ដែលមានអត្ថរសជក់ចិត្តថា  “សូមឲ្យស្រ្តីបុរសគូស្នេហ៍ទាំងឡាយនោះ មានដូចជាខ្សែពិណដែលនៅម្នាក់មួយខ្ទង់យ៉ាងស្ងប់ស្ងាត់ ប៉ុន្តែរួមលេងភ្លេងជាមួយគ្នាយ៉ាងពិរោះរណ្ដំបាន”។

សេចក្ដីស្រលាញ់ ដែលពិតប្រាកដ ត្រូវមានន័យដល់ការដោះស្រាយ លះបង់ដល់គ្នានិងគ្នា ត្រូវមានចិត្តសេចក្ដីប្រាថ្នាល្អចំពោះគ្នា ដូចដែលព្រះពុទ្ធអង្គ ទ្រង់មានព្រះមេត្តាចំពោះព្រះអានន្ទ និងជាកល្យាណមិត្តដល់គ្នានិងគ្នាប្រកបដោយធម៌នោះឯង។

“ចូរកកើតគុណូបការៈចំពោះពិភពលោកនេះទៅដូចជាមិនចេះរីងស្ងួត”

សេចក្ដីស្រលាញ់ គឺជាការពេញប្រៀបនៃអារម្មណ៍ដែលល្អស្អាតហ្មត់ហ្មង ហើយវាហូរហៀរទៅដល់អ្នកដទៃផងដែរ។ សេចក្ដីស្រលាញ់មិនទាមទារតម្រូវការអ្វី ព្រោះសេចក្ដីទាមទារតម្រូវការកង្វះខាត ជាការស្វែងរកអ្នកដទៃឲ្យមកជួយចាក់បំពេញ។

ព្រោះដូច្នោះ ត្រូវធ្វើឲ្យយើងកើតសេចក្ដីស្រលាញ់ដែលពេញប្រៀប ហើយវាហូរហៀរទៅដល់អ្នកដទៃ មិនមែនជាដើរទាមទារស្វែងរក ដែលធ្វើឲ្យមានការខ្វះខាតទៅរឿយៗដែរ។ ការស្វែងរកគូស្នេហ៍ វាធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ប៉ុន្តែការស្វែងរកសេចក្ដីស្រលាញ់ វានឹងធ្វើឲ្យយើងពេញប្រៀប រហូតដល់ហូរហៀរទៅដល់អ្នកដទៃ ដែលជាការសង្រ្គោះមានបំណងល្អជានិច្ច។ ការណ៍ដែលហូរហៀរទៅដល់អ្នកដទៃនោះ ដូចអ្វីដែលរាបរាប់មកខាងលើឲ្យដឹង ឲ្យយល់ហើយ។

អ៊ីចឹងហើយ ត្រង់ពាក្យថាទីណាមានសេចក្ដីស្រលាញ់ ទីនោះមានទុក្ខ ទើបមិនពិតជានិច្ចទេ។ ផ្ទុយទៅវិញ ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសន្តិភាព និងនៅទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ពិតមែន គឺសេចក្ដីមេត្តាអាណិតអាសូរ ព្រោះវាកើតចេញពីចិត្តតែមួយ មានសុខទុក្ខរួមគ្នា។ ត្រង់ថា ទីណាមានសេចក្ដីស្រលាញ់ ទីនោះមានសេចក្ដីទុក្ខនោះ ត្រូវនឹងន័យថា ស្រលាញ់ដោយអំណាចចិត្តដែលមានរាគៈនោះឯង។ ឬម្យ៉ាងទៀតថា ស្រលាញ់ដោយ “អវិជ្ជា” ទើបមានទុក្ខ។

 “ប៉ុន្តែទីណាមានទុក្ខ ទីនោះនឹងមានសេចក្ដីស្រលាញ់ គឺមេត្តាអាណិតអាសូរកើតឡើង និងទីណាមានមេត្តា ទីនោះនឹងមានសន្តិភាពកើតឡើង”។

………………………………………………………

ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ  មិនថាសេចក្ដីស្រលាញ់នោះនឹងទៅជាយ៉ាងម៉េច មានសភាពបែបណា រមែងនាំមកនូវសេចក្ដីទុក្ខទាំងអស់ ដូចដែលព្រះគ្រូមង្គលទេពមុនីបង្រៀនថា “មានស្នេហ៍ មានទុក្ខ ស្នេហ៍ខ្លាំងទុក្ខខ្លាំង អស់ស្នេហ៍អស់ទុក្ខ”។

សេចក្ដីស្រលាញ់ សេចក្ដីលោភ សេចក្ដីខឹងក្រោធ សេចក្ដីវង្វេង សុទ្ធតែជាទីនាំមក ធ្វើឲ្យចិត្តពើតឡើងពើតចុះទាំងអស់ មិនថា ស្រលាញ់អ្វីក៏ដោយ និងពេលស្រលាញ់ក៏មានតែសេចក្ដីទុក្ខ ព្រោះចិត្តយើងនៅមិនអស់កិលេស គឺតណ្ហា ភវតណ្ហា និងវិភតណ្ហា បាន។ វាមិនមានអ្វីស្ថិតស្ថេរឡើយ ចិត្តយើងក៏ប្រែប្រួលទៅតាមសេចក្ដីមិនទៀងទាត់នោះដែរ។ ការប្រកាន់មុតមាំជាមួយភាពមិនទៀង សុទ្ធតែធ្វើឲ្យចិត្តមិននឹងនទាំងអស់(ដូចជាជិះទូកប៉ះជាមួយទឹករលក វារមែងឃ្លីងឃ្លោង គ្រលែងធេងធោងជានិច្ច)។ វាមានតែទុក្ខតែម្យ៉ាង ដូច្នោះការហ្វឹកហាត់ធ្វើសមាធិ មាគ៌ានៃការហ្វឹកហាត់ចិត្តឲ្យឈប់នឹង និងដាក់ចុះហ្នឹងឯង គឺជាផ្លូវនៃការអស់ទៅសេចក្ដីស្រលាញ់ និងបានអស់ទុក្ខនោះឯង។

…………………………………………………

ទីបញ្ចប់ជីវិត មួយជីវិតសល់ត្រឹមស្រលាញ់

ស្រលាញ់ប៉ុនណោះកើតឡើង ស្រលាញ់ប៉ុនណោះតាំងនៅ ស្រលាញ់មិនចេះសាបសូន្យទៅណា។ អនុស្សាវរីយ៍ដែលធំអស្ចារ្យនៅលើលោកមួយនេះ សុទ្ធតែកើតពីកម្លាំងបណ្តាលនៃសេចក្ដីស្រលាញ់ ត្រឹមតែចិត្តធម៌តែមួយគត់។ មនុស្សអាចធ្វើអ្វីមិនបាន សូម្បីតែរក្សាជីវិតឲ្យគង់នៅ ប៉ុន្តែពេលណាមានសេចក្ដីស្រលាញ់ជាកម្លាំង ក៏អាចឆ្នៃប្រឌិតបង្កើតរឿងសំខាន់ទុកឲ្យពិភពលោកស្រស់បំព្រងបាន តើព្រោះហេតុអ្វីឬ? ពីព្រោះស្រលាញ់ជាប្រភពកំណើតនៃថាមពលទាំងឡាយទាំងពួង ដូច្នោះស្រលាញ់ទើបជាអមតៈមានជានិរន្តរ៍។

យើងនឹងយល់បានថា មនុស្ស និងសត្វ សុទ្ធតែនឹកគិតរកស្រលាញ់ ស្រេកឃ្លានស្រលាញ់ ចង់ស្រលាញ់ ។ ពេលខ្លះ សូម្បីតែបានលួចស្រលាញ់អ្នកណាមួយ ក៏មានភាពកក់ក្តៅ មានសេចក្ដីសុខនៅក្នុងចិត្តមិនអាចថាត្រូវ ទោះបីជាអ្នកម្ខាងទៀតមិនដឹងខ្លួនក៏ដោយ។ សេចក្តីស្រលាញ់ទើបមានសេចក្ដីសុខ មានការឆ្អែតស្កប់ស្កល់ក្នុងចិត្ត ក្នុងអារម្មណ៍។ អារម្មណ៍ស្រលាញ់ដែលរីកស្រស់ជ្រាលជ្រៅហួសពីការពណ៌នាដោយភាសាមនុស្សបាន។ ដោយហេតុនេះ ទើបមានវិចិត្រកររបស់ពិភពលោកព្យាយាមគូសវាសសរសេរបរិយាយសេចក្ដីស្រលាញ់ដោយភាសាកវីយ៉ាងពិរោះរណ្ដំ បន្សល់ទុកឲ្យពិភពលោកអួតសរសេរមិនដាច់ពីអារម្មណ៍។

ពេលមានសេចក្ដីស្រលាញ់ដូច្នេះ តើហេតុអ្វីហ្ន៎ បានជាក្រុមមនុស្សប្រទុស្តរាយគ្នាព្រោះតែសេចក្ដីស្រលាញ់ទៅវិញ? តើហេតុអ្វីហ្ន៎ សេចក្ដីស្រលាញ់ទើបមានភាពមួហ្មងឲ្យពិការភាពមើលមិនឃើញដូច្នេះ?

ខ្ញុំធ្លាប់បានឃើញ បានឮមនុស្សសម្លាប់គ្នាព្រោះតែសេចក្ដីស្រលាញ់ ធ្លាប់ឃើញមនុស្សដណ្តើមគ្នាយកមនុស្សស្រលាញ់ លួចរបស់ស្រលាញ់គ្នា កុហកគ្នាព្រោះស្រលាញ់។ នេះវាបញ្ជាក់បានថា វាមិនមានសេចក្ដីស្រលាញ់ តែត្រូវបានគេលួចអំណះអំណាងថា ជាសេចក្ដីស្រលាញ់ទៅវិញ។ សេចក្ដីស្រលាញ់ជាអំពើល្អ ប៉ុន្តែត្រូវបានមនុស្សលួចអះអាងដើម្បីផលប្រយោជន៍ខ្លួនព្រោះតែមានភាពអាត្មានិយម សេចក្ដីស្រលាញ់ក៏ក្លាយទៅជាអំពើអាក្រក់ភ្លាមៗដែរ។

សូម្បីតែស្រលាញ់ជាតិមាតុភូមិក៏ដូចគ្នា មានមនុស្សច្រើនណាស់ដែលសម្តែងឲ្យឃើញពីស្រលាញ់ជាតិ ចង់ស្តារប្រទេសជាតិ តែចុងក្រោយក៏ចប់ទៅដោយគ្មានមនសិការចំពោះជាតិមាតុភូមិបន្តិចសោះ ព្រោះស្រលាញ់ជីវិតខ្លួនឯងច្រើនជាង យកប្រជាជនមកអាងវ៉ាងដើម្បីផលប្រយោជន៍ខ្លួនឯងទាំងអស់។

សេចក្ដីស្រលាញ់បរិសុទ្ធមិនបរិសុទ្ធ មើលវាបានពីភាពទន់ភ្លន់ ឬភាពរឹងរុស បើចាំបានយល់ចិត្តគ្នា និងឲ្យអភ័យបាន ស្រលាញ់នោះបរិសុទ្ធ។ ចំណែកឯការស្រលាញ់ដែលមានការតវាទាមទាររកលក្ខខណ្ឌ ស្រលាញ់នោះមិនមែនជាការស្រលាញ់ទេ តែវានឹងវិវត្តពីសេចក្ដីស្រលាញ់ទៅជាការស្អប់ខ្ពើមដោយមិនចាំបាច់សង្ស័យឡើយ។

សេចក្ដីស្រលាញ់ជាវត្ថុមានជីវិតដែលមិនចូលចិត្តឲ្យអ្នកណាមួយរឹងរុសលេងល្បិចដូចប្រជាជនបរិសុទ្ធទេ។

ប្រភព៖ www.secret

Thursday, November 5, 2015

ទំ.iman-Kh


ថ្ងៃនេះសូមនាំប្រិយមិត្តមកស្គាល់ទំព័រមួយទៀត ដែលអាចមានអត្ថប្រយោជន៍ចំពោះការចិញ្ចឹមជីវិតដែលត្រូវមានមុខរបរមួយច្បាស់លាស់ សម្រាប់ខ្លួន។ ដូច្នេះ ទំព័រនេះបានលើកយកនូវចំណេះដឹង ចំណេះធ្វើមួយចំនួនមកបង្ហាញ ទៅតាមសេចក្ដីត្រូវការ និងចូលចិត្តប្រកបរបរមួយណាទៅតាមធនធានដែលខ្លួនមាន និងអាចធ្វើបាននោះ។ សូចចុចលើរូបភាពនេះ ដើម្បីចូលទៅអាន មើលកម្មវិធីទាំងនោះ។

Wednesday, November 4, 2015

ទំ.គូ សុភាព



គេហទំព័រនេះ សូមទាញយកទំព័ររបស់តេជគុណ គូ សុភាព ជាទំព័រមួយដែលតេជគុណបានជ្រើសរើសនូវអត្ថបទផ្សេងៗនៅក្នុុងព្រះពុទ្ធសាសនា យកមកសរសេរបង្ហាញចែករំលែកដើម្បីជាពុទ្ធិមួយក្នុងការត្រិះរិះគិតពិចារណា ដើម្បីនាំទៅរកសុភមង្គលជីវិត នាំទៅរកសុខសន្តិភាពផ្លូវចិត្ត ដែលផ្តើមចេញពីបុគ្គលម្នាក់ៗ ទៅរកសន្តិភាពពិភពលោកទាំងមូល។ បើប្រិយមិត្តចង់អាននូវអត្ថបទទាំងនេះ សូមចុចនៅលើរូបនេះ ដើម្បីចូលទៅអាន។

ទំ.ព្រះចន្ទ



ផេកព្រះចន្ទនេះ មានអត្ថបទអប់រំល្អៗជាច្រើន។ បើប្រិយមិត្តចង់អាននូវអត្ថបទទាំងនោះ សូមមេត្តាចុចលើរូបភាពខាងលើ ដើម្បីចូលទៅអានកំសាន្តលេង ទទួលយកចំណេះដឹងផ្នែកអប់រំផ្លូវចិត្ត ឲ្យចេះគិតពិចរណាថ្លឹងថ្លែងអំពីទង្វើរបស់ប្រធានវិស័យភាព និងវត្ថុវិស័យភាពក្នុងតថភាពជីវិតប្រចាំថ្ងៃ។

Tuesday, August 11, 2015

៧.ក្មួយប្រុសរបស់ព្រះមហាវីរៈ

ពត៌មានជ័យជម្នះរបស់ពុទ្ធបរិស័ទនិងចំណាលចាលចាញ់របស់ពួកនិគ្រន្ថក្នុងការតស៊ូសម្តីថ្ងៃដំបូងបានខ្ចរខ្ចាយ ផ្សព្វផ្សាយទៅទូទាំងក្រុងរាជគ្រឹះយ៉ាងឆាប់រហ័ស នាំមកនូវបីតិប្រាមោទ្ធដល់ពុទ្ធបរិស័ទគ្រប់ ៗគ្នា ពុទ្ធបរិស័ទ គ្រប់ភេទគ្រប់វ័យនាំគ្នាបាក់ភ្លូកទៅកាន់ព្រះវេឡុវនារាម ដើម្បីសម្តែងអំណរសាទរចំពោះព្រះរេវត្តត្ថេរ និង សន្ទនាប្រាស្រ័យសំណេះសំណាលរវាងខ្លួនឯងនិងព្រះថេរៈ ធ្វើឲ្យព្រះថេរៈត្រូវសន្ទនាប្រាស្រ័យជាមួយនឹង ឧបាសកឧបាសិការហូតដល់អស់មជ្ឈិមយាម ។ ស្ថានភាពខាងក្នុងអារាមរបស់ពួកនិគ្រន្ថមានលក្ខណៈផ្ទុយគ្នាស្រឡះនឹងព្រះវេឡុវនារាម ពួកនិគ្រន្ថនិងសាវ័ក នាំគ្នាប្រជុំដោយទឹកមុខស្រពាប់ស្រពោនព្រោះអាក់អន់ស្រពន់ចិត្តចំពោះបរាជ័យរបស់ខ្លួន វីរសីហៈដែលត្រមោងចិត្តស្រាប់ហើយត្បិតបរាជ័យរបស់ខ្លួនថែមត្រូវពួកនិគ្រន្ថចោមរោមតវ៉ានិងជេរស្តីដោយប្រការផ្សេង ៗ រហូតដល់អង្គុយឈ្ងោកមុខស្រមៀនដោយគម្នើសឃ្នើសចិត្តនិងអំណាប់អាប់មុខ មិនឆ្លើយឆ្លងអ្វីទាំងអស់ មើលទៅគួរឲ្យអាណិតយល់ចិត្តពន់ប្រមាណ នៅពេលមិនអាចស៊ូទ្រាំនឹងផរុសវាទនិងឧបវាទរបស់បក្សពួកបាន គេក៏គេចវេះចេញពីអារាមរបស់និគ្រន្ថទៅតាំងពីយប់ថ្ងៃនោះម្លេះ ដោយមិនប្រាប់អ្នកណាថាគេចទៅណាទេ រីឯពួកនិគ្រន្ថវិញក៏ហាក់បីដូចជាមិនចាប់អារម្មណ៍ថាគេបាត់ទៅណាដែរ ព្រោះទោះបីគេនៅឬទៅក៏គ្មានន័យអ្វីទាំងអស់ ពីព្រោះពួកនិគ្រន្ថបានប្រជុំយល់ព្រមគ្នាថា នឹងមិនអនុញ្ញាតឲ្យវីរសីហៈធ្វើជាតំណាងទៅតស៊ូសម្តី ជាមួយនឹងភាគីពុទ្ធបរិស័ទទៀតទេ ព្រោះថាគេសម្តែងឲ្យឃើញថាជាអសមត្ថជន មិនអាចយកឈ្នះសម្តីថ្វីមាត់ លើអ្នកតំណាងភាគីពុទ្ធបរិស័ទបានទេ ក្រោយពីប្រជុំប្រឹក្សាយោបល់គ្នាអស់ពេលជាយូរ ពួកនិគ្រន្ថក៏ជ្រើសរើស យកនិគ្រន្ថកម្លោះ ១ រូប ឈ្មោះថា តិត្ថបាល ជាអ្នកតំណាងរបស់ខ្លួនទៅតស៊ូសម្តីជាមួយនឹងអ្នកតំណាងពុទ្ធបរិស័ទ តិត្ថបាលនេះទោះបីនៅក្មេងមានអាយុត្រឹមតែ ៣៥ ឆ្នាំក៏ដោយ ប៉ុន្តែក៏ជាអ្នកធ្លុះធ្លាយក្នុងលទ្ធិរបស់ខ្លួននិងលទ្ធិដទៃតាមដែលមានក្នុងមធ្យមប្រទេស ជាអ្នកមានព្យត្តវោហារប្រាជ្ញាប្រាជប្រាយ លើសពីនោះទៀតនៅមានសក្តិភាពជាក្មួយប្រុសរបស់សាស្តាមហាវីរៈទៀតផង តាមការពិត ក្នុងការតស៊ូសម្តីថ្ងៃដំបូង តិត្ថបាលសឹងតែបានជាអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងព្រះរេវត្តត្ថេរទៅហើយ ប៉ុន្តែលោជាចាញ់សម្លេងឆ្នោតដល់វីរសីហៈ ១ សម្លេងប៉ុណ្ណោះ អង្គប្រជុំទើបសម្រេចយកវីរសីហៈជាអ្នកតំណាងរបស់ខ្លួន កាលបើវីរសីហៈទទួលបរាជ័យត្រឡប់មកវិញ ទើបត្រូវជាភារកិច្ចរបស់ តិត្ថបាលយ៉ាងពិតប្រាកដ តិត្ថបាលទើបបានជាសេចក្តីសង្ឃឹមរបស់និគ្រន្ថទាំងពួង ។ លុះដល់ថ្ងៃព្រឹកឡើង បណ្តាឧបាសកឧបាសិកាដែលធ្លាប់ដាក់បាត្រដល់ព្រះរេវត្តត្ថេររាល់ព្រឹក នឹកចម្លែកចិត្តពន់ពេកដែលមិនឃើញព្រះថេរៈមកទទួលបិណ្ឌបាតដល់គេហដ្ឋានរបស់ខ្លួន ទោះបីអែអង់ទន្ទឹងរង់ចាំដល់វេលាថ្ងៃណាស់ហើយក៏ដោយ ក៏នៅតែមិនឃើញដំណែដំណើររបស់ព្រះថេរៈនិមន្តមក នៅទីបំផុត ឧបាសក ឧបាសិកាអ្នកជិតស្និទខ្លះរួមទាំងទេវមិត្រឧបាសកផងត្រូវប្រញាប់ប្រញាល់ធ្វើដំណើរទៅព្រះវេឡុវនារាម ដើម្បីសួរនាំដំណឹងដំណើររបស់ព្រះថេរៈ ទេវមិត្រឧបាសកហាក់នឹងថាមានកង្វល់ខ្វល់ខ្វាយជាពិសេស ព្រោះខ្លាចក្រែងថា ព្រះថេរៈនឹងលបគេចវេះចេញពីក្រុងរាជគ្រឹះទៅ ព្រោះលោកធ្លាប់មានថេរដីកាជានិច្ចថា នឹងចេញធ្វើដំណើរទៅក្រុងពារាណសីមុនវស្សានរដូវនេះ ។ កាលបើទៅដល់ព្រះអារាម ម្នាក់ ៗភ័យព្រួយស្ទើរតែបាត់ស្មារតីនៅពេលដឹងថា ព្រះថេរៈកំពុងតែសិងសន្ទឹក សន្ធៃដោយគ្រុនក្តៅ សេចក្តីលំបាកតត្រំតត្រើយទាំងផ្លូវកាយនិងចិត្តរៀងរហូតមក គួបផ្សំនឹងអាកាសធាតុកំពុងតែប្រែប្រួលទៅត្រូវនឹងការផ្លាស់រដូវកាលធ្វើឲ្យព្រះថេរៈកើតគ្រុនសន្ធំ ឧបាសកឧបាសិកានាំគ្នាស្វែងរក ពេទ្យនិងឱសថផ្សេង ៗតាមដែលអាចរកបានមករក្សាព្យាបាលព្រះថេរៈយ៉ាងរួសរាន់ នៅពេលជាមួយគ្នានោះ ឧបាសកជាប្រធានក៏បែរមកប្រជុំប្រឹក្សាគ្នាថា នឹងចាត់វិធានការយ៉ាងណាជាមួយនឹងការតស៊ូសម្តីក្នុងថ្ងៃនេះ ព្រោះព្រះថេរៈមិនអាចទៅចូលរួមបានទេ កាលបើខ្វះព្រះថេរៈហើយ ក៏គ្មានភិក្ខុរូបណាក្នុងក្រុងរាជគ្រឹះស្ទាត់ជំនាញក្នុងព្រះធម្មវិន័យនិងមានវោហារកោសលល្មមនឹងតស៊ូជាមួយ នឹងពួកនិគ្រន្ថបានឡើយ ។ "ឧបាសកឧបាសិកាទាំងឡាយ ! "ព្រះថេរៈមានថេរដីកាឡើងដោយសម្លេងខ្សាវ ៗ "បើញាតិញោមទាំងឡាយមិនអាចរកអ្នកតំណាងដែលសមរម្យទៅតស៊ូសម្តីជាមួយនឹងគេជំនួសអាត្មាបានទេ ក៏គួរបញ្ជូនទូតទៅចរចាជាមួយនឹងគេ ស្នើសុំឲ្យពួកនិគ្រន្ថពន្យារពេលការតស៊ូសម្តីទៅ ទម្រាំនឹងអាត្មាស្បើយពីគ្រុន" ម្នាក់ ៗយល់ស្របនឹងគំហើញរបស់ព្រះថេរៈ អង្គប្រជុំទើបសម្រេចចិត្តបញ្ជូនទេវមិត្រឧបាសកទៅចរចាជាមួយនឹងពួកនិគ្រន្ថ នៅវេលាថ្ងៃបន្តិច ទេវមិត្រឧបាសកបានវិលត្រឡប់មកវិញដោយទឹកមុខតានតឹងតប់ប្រមល់ "ពួកនិគ្រន្ថមិនព្រមទេ" គាត់រាយការណ៍ឲ្យអង្គប្រជុំស្តាប់ "ពួកគេអះអាងឲ្យយើងបញ្ជូនអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងពួកគេក្នុងរសៀលថ្ងៃនេះឲ្យបាន បើយើងមិនបញ្ជូនអ្នកតំណាងទៅតស៊ូសម្តីជាមួយនឹងពួកគេទេ ពួកគេចាត់ទុកថាយើងព្រមចុះចាញ់ ហើយពួកគេនឹងប្រកាសទូទាំងទីក្រុងថា ភាគីពុទ្ធបរិស័ទព្រមចុះចាញ់ពួកគេហើយ" ។ ម្នាក់ ៗដល់ថ្នាក់នៅស្ងៀមបាត់មាត់បាត់កមួយស្របក់ ព្រោះភីងភាំងចំពោះជំហរដ៏គ្មានសមានចិត្តរបស់ពួក និគ្រន្ថ ហើយក៏ប្រឹក្សាយោបល់គ្នាយ៉ាងតានតឹងមួយស្របក់ទៀតថា នឹងអនុញ្ញាតឲ្យអ្នកណាជាអ្នកតំណាង ពុទ្ធបរិស័ទទៅ ម្នាក់ ៗទាល់ប្រាជ្ញា ព្រោះគ្មានអ្នកណាសមរម្យក្រៅពីព្រះរេវត្តត្ថេរទេ ភិក្ខុក្នុងអារាមដែលនៅសល់មិនប៉ុន្មានអង្គក៏សុទ្ធតែជាភិក្ខុជរា និងទើបតែចូលមកក្នុងព្រះសាសនាមិនយូរប៉ុន្មានទាំងអស់ ។ "ណ្ហើយចុះ ! អាត្មានឹងទៅតស៊ូសម្តីជាមួយនឹងគេដោយខ្លួនឯង "ព្រះថេរៈមានថេរដីកាឡើងយ៉ាងដាច់ខាត នៅទីបំផុត មានថេរដីកាហើយក៏ក្រោកឡើងអង្គុយធ្វើឫកពាហាក់នឹងថាត្រៀមខ្លួននឹងធ្វើដំណើរទៅ ប៉ុន្តែក៏ត្រូវជ្រប់ខ្លួនចុះសិងដូចដើមវិញ ព្រោះវិលមុខធេងធោងរកកល់ខ្យល់គ នៅពេលឃើញដូច្នោះ ម្នាក់ ៗក៏ដឹងបានភ្លាមថាព្រះថេរៈមិនអាចទៅបានទេ ហើយទាំងអស់គ្នាមិនព្រមឲ្យព្រះថេរៈទៅជាដាច់ខាត ទោះបីមានតំណាំងចិត្តដាច់ខាតយ៉ាងណាក៏ដោយ ម្នាក់ ៗដឹងច្បាស់ថា ព្រះថេរៈមានតែកម្លាំងចិត្តប៉ុណ្ណោះ ។ "បពិត្រលោកអ្នកសប្បុរសទាំងឡាយ ! " ទេវមិត្រឧបាសកមានប្រសាសន៍ឡើងបន្ទាប់ពីអង្គុយស្ងៀមស្តាប់អ្នកដទៃរៀងរហូតមក "ខ្ញុំបាទបានដឹងថា ការតស៊ូសម្តីនៅថ្ងៃនេះ ខាងពួកនិគ្រន្ថបានឲ្យតិត្ថបាលជាអ្នកតំណាងឡើងតស៊ូសម្តី តិត្ថបាលនេះតាមដែលខ្ញុំបាទបានដឹងមក ប្រាកដឃើញថា មានចំណេះជំនាញរងពីវីរសីហៈទេ ឯខ្ញុំបាទវិញក៏បានសិក្សាបដិបត្តិមកយូរក្នុងសម្នាក់របស់ព្រះថេរៈ ជឿថា ខ្លួនមានប្រាជ្ញាស្មារតី ល្មមនឹងឆ្លើយតបតិត្ថបាលបាន បើលោកអ្នកសប្បុរសទាំងឡាយមិនយល់ទាស់ទេ ខ្ញុំបាទសូមទទួលអាសាធ្វើជាអ្នកតំណាងពុទ្ធបរិស័ទឡើងតស៊ូសម្តីជាមួយនឹងតិត្ថបាលដោយខ្លួនឯង" ។ ពាក្យប្រកាសយ៉ាងក្លាហានរបស់ទេវមិត្រឧបាសកធ្វើឲ្យម្នាក់ ៗភីងភាំងស្រឡាំងកាំងភ្លាម ព្រោះមិនដែលនឹកស្មានថា ទេវមិត្រហ៊ានទទួលយកអាសាធ្វើការងារធំធេងនិងប្រថុយគ្រោះថ្នាក់បែបនោះសោះ ប៉ុន្តែកាលបើប្រជុំ ប្រឹក្សាយោបល់គ្នាអស់ពេលជាយូរហើយ នៅទីបំផុត ក៏យល់ព្រមឲ្យទេវមិត្រធ្វើតាមដែលខ្លួនទទួលអាសាបាន យ៉ាងហោចណាស់ ក៏នៅប្រសើរជាងចុះចាញ់មិនព្រមបញ្ជូនអ្នកណាទៅដែរ បើទេវមិត្រឈ្នះគូតស៊ូអ្នកមានព្យត្តវោហារបញ្ញាឈ្លាសវៃបាន ក៏ជាការលើកស្ទួយឋានៈរបស់ពុទ្ធបរិស័ទឲ្យខ្ពស់ត្រដែតឡើង ព្រោះជាគ្រឿងសម្តែងថា សូម្បីតែគ្រហស្ថក៏អាចយកឈ្នះអ្នកបួសនិគ្រន្ថដែលធ្លុះធ្លាយក្នុងធម៌បានដែរ ប៉ុន្តែបើចាញ់ក៏មិនគួរ ខូតខាតអ្វីណាស់ណាទេ ។ នៅរសៀលថ្ងៃនោះ អារាមរបស់និគ្រន្ថត្រង់ជើងភ្នំឧទ័យពេញត្រៀតត្រាទៅដោយហ្វូងមហាជនដែលចាប់អារម្មណ៍ក្នុងការតស៊ូសម្តីនៅគ្រាធំនេះ ចំនួនសវនិកជនបានកើនច្រើនឡើងជាងថ្ងៃមុនទ្វេដង ព្រោះប្រជាជននៅមិនទាន់ដឹងដំណឹងនៃការតស៊ូសម្តីនេះទេ ទើបមិនបានមកស្តាប់ក្នុងថ្ងៃមុន ទើបតែដឹងនិងមកស្តាប់នៅថ្ងៃ នេះឯង ប្រជាជនដែលមកស្តាប់ហើយនៅជក់ចិត្តក្នុងព្យត្តវោហាររបស់ព្រះរេវត្តត្ថេរ ទើបធ្វើដំណើរមកតាមដានស្តាប់ម្តងទៀត ប៉ុន្តែនៅពេលដឹងដំណឹងថា ព្រះថេរៈមិនបានមកប៉ុន្តែទេវមិត្រឧបាសកមកជំនួសវិញ ម្នាក់ ៗ មើលទៅហាក់ដូចជាខកបំណងយ៉ាងខ្លាំង ប៉ុន្តែនៅមានជំនឿថា ទេវមិត្រឧបាសកមុខជាមានអ្វីល្អ ៗមិនខាន បានជាពុទ្ធបរិស័ទជ្រើសរើសឲ្យមកធ្វើជាអ្នកតំណាងរបស់ខ្លួន ។ "ម្នាលឧបាសក ! "តិត្ថបាលពោលឡើងកាលបើដល់ពេលចាប់ផ្តើមតស៊ូសម្តី សម្លឹងមើលទេវមិត្រឧបាសកដោយក្រសែភ្នែកសម្តែងអាការមើលងាយ "អាត្មាទទួលអាសាឡើងមកតស៊ូសម្តីនៅថ្ងៃនេះក៏ព្រោះតែសង្ឃឹមថា នឹងបានប៉ះសម្តីជាមួយនឹងព្រះរេវត្តត្ថេរដែលស្មើគ្នាដោយភេទ ដោយសីលាចារវត្ត ដោយសតិបញ្ញា និង ចំណេះដឹង ឬបើព្រះរេវត្តៈឈឺពិតមែន ក៏គួរតែបញ្ជូនភិក្ខអ្នកទ្រទ្រង់សីលនិងវត្តមកតស៊ូសម្តីជាមួយនឹងអាត្មា ប៉ុន្តែឥឡូវនេះ ភាគីពុទ្ធបរិស័ទបែរជាបញ្ជូនគ្រហស្ថដែលប្រឡាក់ប្រឡូកដោយបុត្រភរិយាអ្នកនៅបរិភោគកាមឡើងមកតស៊ូលើសមរភូមិយុទ្ធវាទជាមួយនឹងអាត្មាទៅវិញ អាត្មាចាត់ទុកថាជាការមើលងាយមើលថោកអាត្មាអាត្មាយ៉ាងខ្លាំងបំផុតក្នុងជីវិត គ្រាន់តែបានដំណឹងថាភាគីពុទ្ធបរិស័ទបញ្ជូនគ្រហស្ថមកតស៊ូជាមួយនឹងអាត្មា អាត្មាសឹងតែមិនព្រមសម្រុតកិត្តិយសខ្លួនឯងមកប្រឈមមុខនឹងឧបាសកទេ ប៉ុន្តែយ៉ាងណាយ៉ាងណីក៏ដោយ ឧបាសកក៏ឡើងកាន់ធម្មាសនៈហើយ បើអាត្មាចុះពីធម្មាសនៈគេចចេញទៅ ក៏គួរឲ្យអាណិតយល់ចិត្តដល់ប្រជាជនដែលតាំងចិត្តមកស្តាប់ ណ្ហើយចុះ ! អាត្មាសុខចិត្តតស៊ូជាមួយនឹងឧបាសក ប៉ុន្តែតស៊ូដោយចំណេះដឹង ប្រាជ្ញាស្មារតី និងវោហារត្រឹមតែពាក់កណ្តាលរបស់អាត្មាប៉ុណ្ណោះ" ។ "លោកម្ចាស់ ! "ទេវមិត្រឧបាសកនិយាយប្រជ្រួសឡើងទាំងកណ្តាលទី ព្រោះមិនអាចស៊ូទ្រាំនឹងសម្តីមើលងាយយ៉ាងខ្ជាំង ៗរបស់គូតស៊ូបាន "កុំអាល័យតែនិយាយកេលកុងឲ្យយឺតយូរពេលវេលាចោលទទេនោះ លោកម្ចាស់ចង់សួរអី ក៏សួរមកចុះ ខ្ញុំកណាចង់តស៊ូសម្តីជាមួយនឹងលោកម្ចាស់យ៉ាងខ្លាំង" ពុទ្ធបរិស័ទដែលឃើញសម្តីនិងចង្វាក់បែបតក់ក្រហល់ដោយកំហឹងរបស់អ្នកតំណាងខ្លួន ក៏កើតបរិវិតក្កព្រួយបារម្ភថានឹងភ្លាត់ស្នៀតដល់គូបដិបក្ស ព្រោះពួកគេដឹងច្បាស់ថា ពាក្យសម្តីទាំងអស់របស់តិត្ថបាលគ្រាន់តែជា ឧបាយដ៏ឈ្លាសវៃរបស់យុទ្ធវាទីជំនាញដើម្បីស្ទាបស្ទង់ស្នៀតរបស់គូតស៊ូប៉ុណ្ណោះ ។ "បានតើ ឧបាសក ! " តិត្ថបាលពោលហើយសើចយ៉ាងក្អាកក្អាយ ជាការញោះទោសៈរបស់គូតស៊ូ "ប៉ុន្តែអាត្មាសួរឧបាសកតែមួយសំណួរទេ បើឧបាសកឆ្លើយបាន ការតស៊ូសម្តីថ្ងៃនេះក៏ប្រព្រឹត្តទៅបាន បើឆ្លើយមិនបានទេ ក៏គ្មានប្រយោជន៍អ្វីដែលត្រូវសន្ទនាគ្នាតទៅទៀតដែរ សំណួរដែលអាត្មាចោទសួរនេះមិនមែនជាសំណួរ ជា្រលជ្រៅទាក់ទងនឹងលទ្ធិរបស់យើងទាំងពីរទេ ប៉ុន្តែជាសំណួរសម្រាប់សាកល្បងប្រឡងបញ្ញារបស់ឧបាសកមើលប៉ុណ្ណោះថាតើឧបាសកមានបញ្ញាសមគួរនឹងសន្ទនាជាមួយនឹងអាត្មាឬទេ សំណួរ គឺថា មានវត្ថុមួយដែលអ្នកទិញមិនចង់ប្រើ អ្នកធ្វើមិនចង់បាន អ្នកប្រើមិនដឹងងោះ តើវត្ថុនោះ គឺជាអ្វី?" សំណួរបែបប្រស្នារបស់តិត្ថបាលធ្វើឲ្យទេវមិត្រឧបាសកអង្គុយមិងមាំងភាន់ភាំងភ្លាម មិនចំពោះតែទេវមិត្រប៉ុណ្ណោះទេដែលស្រឡាំងកាំងចំពោះសំណួរនោះ សូម្បីតែសវនិកជនទាំងពួងក៏មិងមាំងដែរ ហើយខំព្យាយាមគិតរិះរកចម្លើយជាសារវន្ត ទេវមិត្រព្យាយាមគិតដង្វិនទាល់តែបែកញើសជោកខ្លួន ក៏នៅតែគិតមិនចេញ ទើបអង្គុយឈ្ងោកមុខដោយសេចក្តីខ្មាសអៀន មួយស្របក់ធំកន្លងទៅ តិត្ថបាលទើបងើយមុខឡើងសើច ដោយសម្លេងឮកងរំពងអារាមយ៉ាងអ្នកមានជ័យជម្នះ ហើយពោលថា "ឧបាសក ! ប្រស្នាធម៌ងាយ ៗបែបនេះញោមមិនទាំងគិតចេញផងចុះទម្រាំនឹងមកឆ្លើយឆ្លងក្នុងគោលធម៌ដ៏ជ្រាលជ្រៅក្នុងសាសនារបស់យើងទាំងពីរ យ៉ាងម៉េចទៅវិញ អាត្មាសូមលាឧបាសកទៅសិនហើយ នៅពេលព្រះរេវត្តៈជាសះស្បើយ សឹមឲ្យមកតស៊ូសម្តីជាមួយនឹងអាត្មា" ពោលហើយក៏ចុះពីធម្មាសនៈទៅ យ៉ាងអ្នកមានជ័យជម្នះ ។

Wednesday, July 22, 2015

ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម

ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាផ្លែម្រះដែលប្រិយមិត្តចំណាំយកទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសានោះ អាចកម្ចាត់ជំងឺមហារីកលំពែង និងអាចព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។ លទ្ធផលនៃការស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Frank Shallenberger មកពីសាកលវិទ្យាល័យ University of Colorado នោះ បានរកឃើញថា នៅក្នុងម្រះមានសារធាតុរាវ ៥% ដែលអាចជួយកម្ចាត់កោសិកាមហារីក និងថែរក្សាលំពែងរបស់មនុស្សយើងបានល្អសឹងតែមិនគួរឲ្យជឿ។ អ្នកស្រាវជ្រាវបានពន្យល់ថាទឹកម្រះល្វីងៗនោះអាចសម្លាប់កោសិកាមហារីកប្រហែល៩០%។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋ Colorado បានសាកល្បងផ្លែម្រះនោះ នៅលើសត្វកណ្ដុរហើយលទ្ធផលត្រូវបង្ហាញថាមានប្រសិទ្ធភាព ៦៤% ដែលអាចកាត់បន្ថយទំហំនៃដុំមហារីកលំពែង ហើយថែមទាំងមិនមានផលប៉ះពាល់ថែមទៀតផង។ ក្រៅពីអាចកម្ចាត់មេរោគមហារីកលំពែង ម្រះក៏ត្រូវបានគេរកឃើញថាអាចព្យាបាលជំងឺទឹកនោមផ្អែមបានផងដែរ។
ប្រភព៖ ហ្វេកបុក
ញាក់សាច់ជាមួយកុមារាម្នាក់នេះច្រៀងបទ«ទឹកភ្នែកក្មេងពាល» ទាំង សំលេង និង កាយវិកា ពិតជាល្អឥតខ្ចោះមិនចាញ់លោក ខេម ប៉ុន្មានទេ ធ្វើឲល្បីល្បាញ់ពេញក្នុងសង្គមFacebook បាននាំគ្នាហៅប្អូនថា «ខេម តូច បាត់ដំបង» ចង់ដឹងច្បាស់ថាច្រៀងពិរោះយ៉ាងណានោះ សូមទស្សនា (វីដេអូ) ខាងក្រោម ==>>

Tuesday, July 21, 2015

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​

ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចម្រើន​នូវ​គុណធម៌​ បាន​សម្រេច​ជា​សោតា​បន្ន ជា​សកទា​គាមី និង​ជា​អនាគាមី ដែល​ហៅ​ថា​ ព្រះ​អរិយៈ បុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថា ព្រះ​សេក្ខ​បុគ្គល គឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។ សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​សិក្សា​ លុះ​ត្រា​តែ បាន​សម្រេច​ជា​ព្រះអរហន្ត​ ទើប​ហៅ​ថា​ ព្រះ​អសេក្ខ​បុគ្គល គឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ ។ នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារ ជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​ និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន ។ ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​ ។ សូម​មនុស្ស​ទាំង​ឡាយ​ សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​ និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំ ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​ និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​ គឺ​ព្រះ​អរហន្ត​៕​ «​ស្រង់​ចេញ​ពី​សៀវភៅ ពរ​៤​ប្រការ របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត​ សាវង្ស» ប្រភព៖ khmerbuddhism

រៀងរាល់​ថ្ងៃ​ កុំ​ភ្លេច​និយាយ​ឃ្លា​​ចំនួន ១៥ ​នេះ​ចេញ​មក​ដើម្បី​ក្រើនរំលឹក​ខ្លួនអ្នក​ឲ្យ​បាន​​ច្រើន!

១) “ខ្ញុំ​នឹង​ជោគជ័យ​លើ…” នៅ​​ពេល​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​នឹង​ជោគជ័យ​លើ​​​ការងារ ឬ គោលដៅ​អ្វី​មួយ​នៅ​ថ្ងៃ​ខាងមុខ នេះ​មានន័យ​ថា អ្នក​កំពុង​ជម្រះ​ភាព​មន្ទិលសង្ស័យ​របស់​អ្នក​ដើម្បី​​ឈោង​ចាប់​​យក​​ភាព​ជោគជ័យ​នោះ​ហើយ។ ២) “ខ្ញុំ​បាន​ជោគជ័យ​ជា​បន្តើរៗ​មក​ហើយ​នៅ​ពេល​កន្លង​មក” ការ​រំលឹក​​ពី​ភាព​ជោគជ័យ ឬ សមិទ្ធផល​​អ្វី​មួយ​ដែល​អ្នក​សម្រេច​បាន​ដោយ​​មោនភាព​បំផុត នោះ​កឺ​ជា​ការ​ជួយ​ផ្តល់​​ទំនុកចិត្ត​ខ្លួន​​ឯង ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​ឲ្យ​រឹងមាំ និង ព្យាយាម​ធ្វើ​អ្វីៗ​ដែល​ថ្មី​បន្ថែម​ទៀត។ ៣) “ខ្ញុំ​អាច​យក​ឈ្នះ​​ពី​ភាព​ភ័យខ្លាច​បាន” សូម​ចាំ​ថា ភាព​ភ័យខ្លាច​នឹង​កាន់តែ​មាន​អំណាច​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​អ្នក​យល់​ព្រម​អនុញ្ញាត​ឲ្យ​វា​ចូល​ខ្លួន​របស់​អ្នក។ យ៉ាងណាមិញ ការ​​យក​ឈ្នះ​ភាព​ភ័យខ្លាច​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​​​តម្លៃ​បំផុត ហើយ​ត្រូវ​យល់​ថា អ្នក​ត្រូវ​តែ​​​ធ្វើ​ការ​សម្រេចចិត្ត​មួយ​ដើម្បី​​យក​ឈ្នះ​វា​ឲ្យ​បាន ត្បិតអី​​​​លក្ខណៈ​ពិសេស​មួយ​នេះ​អាច​ជួយ​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់តែ​រឹងមាំ និង មាន​ទំនុកចិត្ត។ ៤) “ឧបសគ្គ​ដែល​កើត​មាន​​ឡើង​មិនមែន​សុទ្ធតែ​ផ្តល់​ផល​​អាក្រក់​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ” ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​អាច​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​យល់​ថា ទាំង​ភាព​ភ័យខ្លាច ឧបសគ្គ​ ភាព​បរាជ័យ ​។ល។ វត្តមាន​របស់​វា​ អាច​ជួយ​ឲ្យ​អ្នក​ចេះ​តស៊ូ បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី រៀន​​រក​ដំណោះស្រាយ និង ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​​ឡើង​។ ៥) “ខ្ញុំ​​បាន​ធ្វើ​អ្វី​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​វា​នោះ​ឡើយ​” ទោះបី​ជា​គោលដៅ​របស់​អ្នក​បាន​ធ្វើ​នោះ​វា​តូចក្តី ឬ ធំ​ក្តី វា​គឺ​ជា​សមិទ្ធផល​របស់​អ្នក​ដែល​​អ្នក​ផ្សេង​​មិន​ដែល​ធ្លាប់​ធ្វើ ឬ ធ្លាប់​គិត​ថា ចង់​ធ្វើ។ នេះ​ជា​​​គោលការណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​​គោលជំហរ​របស់​អ្នក​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​អ្នក​ណា​ម្នាក់។ ៦) “វា​ជា​កំហុស​របស់​ខ្ញុំ” ការ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ជា​​ការ​បង្ហាញ​នូវ​គុណ​សម្បត្តិ​ដ៏​ពិសេស​របស់​អ្នក​គ្រប់គ្រង ឬ អ្នក​ដឹកនាំ។ អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ អ្នក​នោះ​ហើយ​ដែល​គេ​ឲ្យ​តម្លៃ។ សូម​កុំ​បន្ទោស​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​ឲ្យ​កំហុស​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជាងមុន។ ៧) “ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​វា​ហើយ” អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា ចង់​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ នៅ​​ខែ​ក្រោយ​ជា​ដើម។ ទាំង​នេះ​ជា​គម្រោង​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា គម្រោង និង វត្ថុបំណង​ដែល​អ្នក​ចង់​ធ្វើ​ ត្រូវ​មាន​ការ​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ ដើម្បី​បង្រៀន​ខ្លួន​ឯង​ឲ្យ​​ចេះ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​បង្អែបង្អង់។ កុំ​ភ្លេច​ចាប់​ផ្តើម​ពី​ចំណុច​ងាយស្រួល​មុន​ ទើប​ជា​ការ​ប្រសើរ។ ៨) “ខ្ញុំ​ពិត​ជា​អស្ចារ្យ” អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ពាក្យ​នេះ​ចេញ​ពី​មាត់​មនុស្ស​គ្រប់គ្នា​មក​លើ​អ្នក​នោះ​ឡើយ តែ​មនុស្ស​ម្នាក់ៗ​ពិត​ជា​បាន​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។​ ហេតុដូច្នេះ មនុស្ស​យើង​ម្នាក់​ៗ​មាន​​លក្ខណៈ​ពិសេស​​រៀងៗ​ខ្លួន​​ដែល​ជា​ភាព​អស្ចារ្យ​មួយ​ អ្នក​គួរ​​មាន​មោទនភាព​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ។ ៩) “ខ្ញុំ​មិន​ខ្វល់​​ទៅ​នឹង​ការ​គិត​របស់​អ្នកដទៃ​នោះ​ឡើយ” តាម​ពិត​ទៅ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​អាច​យល់​ថា អ្នក​ជា​មនុស្ស​បែប​នេះ ឬ បែប​នោះ​ទៅ​តាម​អ្វី​ដែល​គេ​វាយតម្លៃ។ យ៉ាងណាមិញ ការ​ប្រើ​ពាក្យ​នេះ​ជា​រៀងរាល់​ថ្ងៃ គឺ​ដើម្បី​រំលឹក​ខ្លួន​អ្នក​ថា អ្នក​ធ្វើ​អ្វី​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​ថា ត្រឹមត្រូវ និង មានតម្លៃ​សម្រាប់​ខ្លួន​អ្នក​ នោះ​ជា​ការ​ប្រពៃ​ណាស់​ទៅ​ហើយ។​​​​ ១០) “អ្នក​ដទៃ​​មិន​ខុស​ពី​​ខ្ញុំ​​នោះ​ឡើយ” គេ​តែង​និយាយ​ថា បើ​ចង់​មាន​សុភមង្គល កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នកដទៃ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ព្រោះ​ថា បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​នឹង​យល់​ថា​ខ្លួន​អ្នក​អស់​តម្លៃ។ ជំនួស​ឲ្យ​ការ​គិត​​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក​ទៅ​នឹង​អ្នក​ដទៃ អ្នក​ត្រូវ​យល់​ថា អ្នក​​​មាន​​តម្លៃ ដូច​អ្វី​ដែល​អ្នក​ដទៃ​មាន​​តម្លៃ​ដូច​អ្នក​ដែរ។ ១១) “ខ្ញុំ​អាច​ធ្វើ​វា​បាន” ជំហាន​ដំបូង​​មុន​នឹង​អ្នក​ឈាន​ដល់​ស្ថានភាព​ដ៏​លំបាក​មួយ ឬ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈមមុខ ​អ្នក​ត្រូវ​និយាយ​ថា អ្នក​អាច​ធ្វើ​បាន​។ ដោយសារ​តែ​អ្នក​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន នេះ​ហើយ​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​មួយ។ ១២) “ពេលវេលា​កំពុង​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ” មនុស្ស​មួយ​ចំនួន​ មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ខ្លួន​​អ្នក​ផ្ទាល់ អ្នក​ត្រូវ​យល់​ពី​តម្លៃ​ពេលវេលា​នេះ​ ហើយ​ប្រើប្រាស់​វា​ឲ្យ​តម្លៃ​បាញ់​ឆ្ពោះ​ទៅ​​រក​គោលដៅ​របស់​អ្នក។ ១៣) “ ខ្ញុំ​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​គ្មាន​បញ្ហា​នោះ​ទេ” ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា គ្មាន​អ្នកណា​ម្នាក់​ល្អ​​ឥត​ខ្ចោះ​​នោះ​ទេ ហើយ​អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​មិន​​ល្អ​ឥតខ្ចោះ​នោះដែរ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា នោះ​មិនមែន​ជា​បញ្ហា​នោះទេ។ បើ​អ្នក​ធ្វើ​មិន​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក ធ្វើ​ហើយ​ធ្វើ​ទៀត​រហូត​ដល់​ចំណុច​មួយ​ដែល​ជា​ទី​គាប់ចិត្ត​របស់​អ្នក។ ១៤) “នេះ​ជា​​ភារកិច្ច​របស់​ខ្ញុំ” មនុស្ស​ភាគច្រើន បាន​គេច​ចេញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន ដែល​ជា​ការ​យកលេស​មួយ​ដោយ​គ្មាន​ហេតុផល​​មួយ​ល្អ​ទាល់តែ​សោះ។ សម្រាប់​​ខ្លួន​​​អ្នក​ផ្ទាល់ ជីវិត​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក ហេតុដូច្នេះ អ្នក​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​គោលដៅ​ជីវិត​​របស់​អ្នក ​ចាប់​ផ្តើម​ជា​មួយ​ការ​ទទួល​ខុសត្រូវ​មួយ​ខ្ពស់​ជាង​មុន។ ១៥) ​”ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​” រស់​នៅ​ក្នុង​នាម​ជា​មនុស្ស​មួយ​ដូច​ថ្ងៃ​​ម្សិលមិញ នោះ​ប្រហែល​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​ឡើយ។ អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បោះ​ជំហាន​ទៅមុខ​ជា​លំដាប់​ទាំង​ការងារ តំណែង​ តួនាទី ចំណេះដឹង ប្រាក់​ចំណូល ។ល។ ហេតុដូច្នេះ​ វា​គ្មាន​អ្វី​ក្រៅ​ពី​តាំងចិត្ត​ធ្វើ​ឲ្យ​ខ្លួន​​នេះ​តែ​អភិវឌ្ឍ​ឡើង​ជា​លំដាប់​នោះ​ទេ៕ ប្រែសម្រួល៖​ ខេវិន ប្រភព៖ hebnews.com

ចំណុច៣យ៉ាងដែលអ្នកត្រូវធ្វើជាប្រចាំដើម្បីនាំទៅរកភាពជោគជ័យក្នុងជីវិត

មនុស្ស​គ្រប់​រូប​ កើត​មក​តែង​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុងជីវិត​។ ជោគ​ជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើនោះ​ ភាគ​ច្រើន​ជាសម្ភារៈ ​ប្រាក់កាស ​ផ្ទះ​សម្បែង​ និងឋានៈ​ក្នុង​សង្គម​ជាដើម​ ប៉ុន្តែ ​ការឲ្យ​និយម​ន័យនៃពាក្យ​ “ជោគជ័យ”​ នេះ​ខុស​ប្លែក​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត​អាស្រ័យ​លើគោល​បំណង​របស់​ពួកគេ​។ ឥឡូវនេះ ​Cool News ​សូមលើក​យក ​ចំណុច ៣ ​យ៉ាង ​ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិតកាន់​តែកៀក​ជោគជ័យ​ មិន​ថាជាការងារ​ណា​នោះ​ទេ។​
១. ធ្វើ​អ្វីជា ​“សក្ដានុពល”​ របស់អ្នក​ គ្មាន​នរណា​អាច​ដឹងថា​ អ្នក​ខ្លាំង​លើអ្វី ​ពូកែ​អ្វី​ក្រៅពី​ខ្លួនអ្នក​នោះទេ​ ។ ក្នុង​ន័យ​នេះ ​អ្នកជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វីដែល​អ្នក​ចង់ធ្វើ​ និងគិត​ថា ​អ្នក​អាច​ធ្វើបាន​ប្រសើរ​។ ឧទាហរណ៍ថា​ ឪពុក​ម្ដាយ​របស់​អ្នកចង់​ឲ្យ​អ្នករៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជាវេជ្ជបណ្ឌិត​ និងរកចំណូល​ បានខ្ពស់​ ប្រសិន​បើអ្នក​មិនចូល​ចិត្ត ឬ​សូម្បីតែ​ចាប់​អារម្មណ៍​ផង​នោះ​ ការសិក្សា​នោះ​ ក៏មិន​ផ្ដល់​ឲ្យអ្នក​នូវលទ្ធផល​ជាវិជ្ជ​មាន​ណាមួយ​នោះ​ទេ ​ផ្ទុយ​ទៅវិញ ​ធ្វើឲ្យ​ខ្ជះខ្ជាយ​ដល់​ពេល​វេលា ​និងទឹក​ចិត្ត​របស់អ្នក។​ ២. រៀប​គម្រោង​ជាប្រចាំ​ គ្រប់​ការងារ​ទាំងអស់​ ការរៀប​ចំគម្រោង​អាច​ជួយ​ឲ្យអ្នក​ប្រមើល​មើល​ឃើញ​ច្រើន​ទាំង​ចំណុច​ វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួបប្រទះ​។ ការសិក្សា​ ធ្វើគម្រោង​បាន​លម្អិត​ នឹងជួយ​ដល់អ្នក ​អាចព្យា​ករណ៍​ឧបសគ្គ ​ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និងស្វែង​រកដំណោះ​ស្រាយ​ជាបឋម ​ដ៏ប្រសើរ​មុន​នឹង​ធ្វើដំណើរ​ទៅរក​ជោគជ័យ​របស់​អ្នក​ ហើយ​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​ចំណេញ​ពេល​វេ លា​ និងបង្កើន​ជំនឿ​ជាក់កាន់​តែខ្ពស់​។ សុភាសិត​អង់គ្លេស​មួយ​ពោលថា​ “Fail to plan, plan to fail.” ដែល​មានន័យ​ថា​ ការមិន​បាន​រៀប​ចំគម្រោង​ជាមុន ​អាច​នាំទៅ​រកបរាជ័យ។​
៣. ការតាំង​ចិត្ត​ គ្មាន​ជោគ​ជ័យ​ណា ​ដែល​អាច​សម្រេច​បាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ។​ ប្រសិន​បើគ្មាន​ការតាំង​ចិត្ត​ខ្ពស់​នោះ​ អ្នក​អាច​នឹង​រារែក​ ឬបោះ​បង់​គោលដៅ​ ឬ​សកម្មភាព​របស់ខ្លួន​ នៅពេល​ដែល​ជួប​នឹង​ឧបសគ្គ​ ។ ប្រសិន​បើអ្នក​បាន​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ ​កម្លាំង​ចិត្ត​ហើយ​ បើទោះ​ជាលោក​អ្នក​មិន​ទទួល​បាន​ជោគ​ជ័យ​ក៏អ្នក​សប្បាយ​ចិត្តនឹង​អ្វីដែល​អ្នក​បាន​ខិតខំ​ប្រឹង​ប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជាកម្លាំង​ចលករដ៏​ខ្លាំង​ក្នុងការ​កំណត់​ជោគ​ជ័យ​របស់​លោកអ្នក៕​ អត្ថបទ៖ ដេវីដ ប្រភព៖ cool1007.com

Monday, July 20, 2015

នារី​ខ្មែរ​សម័យ​ថ្មី មិន​សម្លាប់​ខ្លួន​ដោយ​សារ​តែ​រឿង​រ៉ាវ​បែក​បាក់​ស្នេហា​ឡើយ

ភ្នំពេញ​៖ ការ​បែក​បាក់​ស្នេហា គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​។ សោក​ស្តាយ ពី​ព្រោះ​ថា​មនុស្ស​ គ្រប់​រូប​ចង់​បាន​ស្នេហា​ដែល​ស្មោះ​ត្រង់ មាន​ការ​លះ​បង់ និង​ឈាន​ទៅ​ដល់​ការ​រៀប​ការ​។ ជាទូ​ទៅ​នារី​ខ្មែរ ​តែងតែ​​ចង់​​បាន​​ស្នេហា​​យូរ​​អង្វែង​ពោល​គឺ​ចង់​រស់​នៅ​ជាមួយ​គ្នា​រហូតដល់​ចាស់​ កោង​ខ្នង​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​នៅ​តែ​មាន​​សង្សារ​ជា​ច្រើន​គូ​បាន​បែក​បាក់​គ្នា​​ដោយ​​មូល​ហេតុ​ផ្សេងៗ​គ្នា​។ ការ​បែក​បាក់​ស្នេហា​ ពេល​ខ្លះ​ធ្វើ​ឲ្យ​នារី​មួយ​ចំនួន​មាន​ទុក្ខ​ព្រួយ សោក​ស្តាយ​ ហើយ​អ្នក​ខ្លះ​រហូត​ដល់​កា​រ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ដូច​ជា ចង​ក លោត​ទឹក​​សម្លាប់​ខ្លួន​ជា​ដើម​។ ប៉ុន្តែ​ពេល​ខ្លះ ការ​បែក​គ្នា​ក៏​ជា​រឿង​ល្អ ពី​ព្រោះ​ថា ពួក​គេ​អាច​មាន ជម្រើស​ល្អ​ជាង​នេះ​ហើយ​ពួក​គេ​ទាំង​ពីរ​ក៏​អាច​ពង្រឹង​ការ​សិក្សា ឬ​ការ​ងារ​​របស់​ពួក​គេ​ឲ្យ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដោយ​មិន​យក​ពេល​វេលា​ជា​ច្រើន​ទៅ​គិត​ពី​បញ្ហា​ស្នេហា​ដែល​មិន​ស្មោះ​ត្រង់​នោះ​ទេ​។

ស្ដាប់​ដំបូន្មាន​មហាសេដ្ឋី​ចិន Jack Ma ​តើ​​លោក​អ្នក​​គួរ​​ធ្វើ​អ្វី​ខ្លះ​​ទើប​ល្អ​នៅ​ចន្លោះ​ពី​​​វ័យ​ ២០ ឆ្នាំ​​ទៅ ៦០ ឆ្នាំ?

ក្នុង​បទសម្ភាសន៍​មួយ​នៅ​​ស្ថានីយ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង KBS កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ លោក Jack Ma ​ជា​មហាសេដ្ឋី​ចិន​កំពុង​ឡើង​កូដ​នោះ បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​នៅ​ចន្លោះ​ពី​អាយុ ២០ ដល់​អាយុ ៦០ ឆ្នាំ។ ផ្អែក​លើ​​​ការ​បកស្រាយ​របស់​អតីត​គ្រូ​បង្រៀន​អង់គ្លេស​វ័យ ៥០ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា ​តាម​ពិត​ទៅ​ជីវិត​របស់​មនុស្ស​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​តែង​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ចាប់​ពី​អាយុ ២០ ឆ្នាំ​ទៅ ៦០ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​​មនុស្ស​គ្រប់រូប​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ស្ថិត​នៅ​ក្នុង​​វ័យ​ទាំង​នេះ? ​​យោង​តាម​ទស្សនៈ​របស់​លោក Jack Ma មុន​ពេល​ឈាន​ដល់​អាយុ ២០ ឆ្នាំ​ដែល​ជា​វ័យ​យុវជន​នោះ លោក​អ្នក​គួរ​តែ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​ម្នាក់​ដើម្បី​ត្រៀម​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​​ដែល​នឹង​ចូល​មក​ដល់។ សម្រាប់​​មុន​ឈាន​​ជើង​ចូល​ដល់​វ័យ ៣០ ឆ្នាំ​វិញ​​ លោក​អ្នក​គួរ​តែ​រៀន​សូត្រ​តាម​ ឬ ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​​ជា​បុគ្គល​គំរូ​ដែល​​ធ្លាប់​ជោគជ័យ​ក្នុង​វ័យ​នេះ​ពី​មុន​មក។ «​អ្នក​អាច​រៀន​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​តូច​ណា​មួយ​ជា​មុន​សិន​ព្រោះ​ថា ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​តូច​មុន​នឹង​ធ្វើ​ឲ្យ​អ្នក​​អាច​រៀន​សូត្រ​ពី​មហិច្ឆតា ឬ ក្តី​សុបិន​នៅ​ដំណាក់កាល​ដំបូង​ជាជាង​ក្រុមហ៊ុន​​ធំ​ដែល​មាន​អ្វីៗ​សព្វគ្រប់​បែបយ៉ាង​ទៅ​ហើយ​។ បន្ទាប់​មក​ អ្នក​ត្រូវ​​រៀន​មើល​​បុគ្គល​ណា​មួយ​ដែល​អ្នក​គិត​ថា ជា​ចៅហ្វាយ​ដ៏​ល្អ​​ ព្រោះ​បុគ្គល​ប្រភេទ​នេះ​នឹង​អាច​បង្រៀន​អ្នក​បាន​គ្រប់​បែបយ៉ាង»។ ​នេះ​ជា​​ការ​ពន្យល់​របស់​លោក Jack Ma។ នៅ​ពេល​ដែល​ឈាន​មក​ដល់​វ័យ​ចន្លោះ​ពី ៣០ ទៅ ៤០ ឆ្នាំ អតីត​ CEO របស់​ក្រុមហ៊ុន Alibaba រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​​ថា មិន​ចំពោះ​ថា​​អ្នក​ចង់​ធ្វើ​ការ​ឲ្យ​គេ​ឬ បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​​​នោះ​ឡើយ​ អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់​ជា​ទីបំផុត​​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​ពិត​ជា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​អាជីព​ការងារ​នៅ​ពេល​អនាគត​យូរអង្វែង។ ដំបូន្មាន​បន្ត​ទៀត​របស់​លោក​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ អ្នក​ត្រូវ​ធ្វើ​អ្វី​​​មួយ​ឲ្យ​ស្រប​ទៅ​នឹង​​ជំនាញ​របស់​អ្នក»។ លោក​បញ្ជាក់​ថា ក្នុង​វ័យ​នេះ​ដាច់ខាត​កុំ​ប្ដូរ​អាជីព​ការងារ​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​យឺត​ពេល​ហើយ។ អ្នក​អាច​ជោគជ័យ​ច្រើន​ក្នុង​វ័យ​នេះ តែ​អត្រា​មរណភាព​របស់​អ្នក​ក៏​មាន​កាន់តែ​ច្រើន​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក តម្រូវ​​ឲ្យ​អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​ដែល​ជា​ជំនាញ​របស់​អ្នក។​​ «នៅ​ចន្លោះ​វ័យ ៥០ ឆ្នាំ​ទៅ ៦០ ឆ្នាំ អ្នក​​គួរ​ធ្វើ​ការ​បម្រើ​ដល់​យុវជន​​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន»។ ​នេះ​ជា​ប្រសាសន៍​របស់​លោក Jack Ma ​ដោយ​ពន្យល់​ថា ក្មេងៗ​អាច​​ធ្វើ​ការ​ល្អ​ជាង​​អ្នក ព្រោះ​ពួកគេ​មាន​​ថាមពល​គ្រប់គ្រាន់ ម្ល៉ោះហើយ​អ្នក​ត្រូវ​តែ​​ដាក់​ទុន​ឲ្យ​​ពួកគេ និង ធ្វើ​ឲ្យ​ពួកគេ​ជា​ក្លាយ​ជា​ទំពាំងស្នងឫស្សី​​ដ៏​រឹងមាំ​មួយ។ ​​​ ឥឡូវ​នេះ​ងាក​មក​មើល​វ័យ​​ចាប់​ពី​៦០​ឆ្នាំ​ឡើង​វិញ​ម្តង តើ​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ ២២,២ ពាន់​លាន​ដុល្លារ​រូប​នេះ​ផ្ដល់​ដំបូន្មាន​គួរ​ធ្វើ​អ្វី​វិញ? ទោះបី​ជា​លោក​មិន​ទាន​ឈាន​ដល់​វ័យ ៦០​ក៏ដោយ ក៏​លោក​​មាន​គម្រោង​ថា នៅ​ពេល​ដែល​លោក​ឈាន​ដល់​វ័យ ៦០ ឆ្នាំ​ឡើង​ទៅ លោក​នឹង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្លួន​លោក និង គ្រួសារ​របស់​លោក​វិញ។ មហាសេដ្ឋី​​មក​ពី​ខេត្ត Zhejiang ​របស់​ចិន​​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​ដល់​យុវជន​​ថា៖« ចង់​ផ្លាស់ប្ដូរ​​នៅ​ពេល​​ថ្ងៃ​រៀប​លិច ច្បាស់​ជា​យឺត​ពេល​​ហើយ! នេះ​ជា​ដំបូន្មាន​របស់​ខ្ញុំ​ផ្ញើ​ជូន​ដល់​យុវជន​ទាំងអស់​ដែល​មាន​វ័យ ២៥ ឆ្នាំ។ កុំ​បារម្ភ​រឿង​កំហុស​របស់​អ្នក! កុំ​បារម្ភ​​រឿង​បរាជ័យ អ្នក​ត្រូវ​ក្រោកឈរ​ឡើង ហើយ​រីករាយ​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក ព្រោះ​វ័យ​នេះ​អ្នក​ទាំងអស់​គ្នា​​នៅ​មាន​អនាគត​វែងឆ្ងាយ​ណាស់»៕ សូម​ទស្សនា​បទសម្ភាសន៍​ភាព​ជោគជ័យ​របស់​លោក​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​​កូរ៉េខាងត្បូង KBS ដូច​ខាងក្រោម​នេះ! ប្រែសម្រួល៖ ខេវិន ប្រភព៖ thebnews.com

អ្នកវិទ្យាសាស្ត្រ​បង្ហាញ​សញ្ញាណ​ចំនួន ៨ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​ឆ្លាត​ខុស​ពី​មនុស្ស​ធម្មតា


តើ​អ្វី​ទៅ​​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​​លោក​អ្នក​​ឆ្លាត​ជាង​​អ្នក​ផ្សេង​ទៀត? ឆ្លើយតប​ទៅ​នឹង​​សំនួរ​​នេះ អ្នកវិទ្យាសាស្ត្រ​​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្ស​ដើម្បី​ស្រាវជ្រាវ​រក​​មូលហេតុ​នៅ​ពីក្រោយ​បញ្ហា​នេះ​ តែ​មិន​ទាន់​បាន​គ្រប់ជ្រុងជ្រោយ​នៅ​ឡើយ។ 
ទោះបី​ជា​បែប​នេះ​ក្តី ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​បង្ហាញ​​ហេតុផល និង សញ្ញាណ​​សំខាន់ៗ​ចំនួន ៨ ខាងក្រោម​នេះ​ដែល​បញ្ជាក់​ថា លោក​អ្នក​​មាន​ភាព​ឆ្លាតវៃ​ជាង​មនុស្ស​ផ្សេង​ទៀត។ ​

១) មិន​ជក់បារី
យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​​វេជ្ជសាស្ត្រ​​​​អ៊ីស្រាអែល​​លើ​បុរស​​ពេញ​វ័យ​ចំនួន ២០ ០០០​នាក់​បាន​បង្ហាញ​​ថា បុរស​​ដែល​ជក់​បារី​​​មាន​អាយុ​​ចន្លោះ​ពី ១៨ ទៅ ២១ ឆ្នាំ មាន​​ពិន្ទុ IQ ៩៤ ពិន្ទុ ខណៈ​ដែល​​បុរស​ដែល​​មិន​ជក់បារី​មាន​ពិន្ទុ IQ ចំនួន ១០១ ពិន្ទុ។ លទ្ធផល​នេះ​បញ្ជាក់​ថា អ្នក​មិន​ជក់បារី​ឆ្លាត​ជាង​អ្នក​ជក់​បារី។

២) ចូលរៀន​វគ្គ​​​ដូរ្យតន្ត្រី
យោង​តាម​ការ​ស្រាវជ្រាវ​​​របស់​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១១ បាន​បង្ហាញ​ថា តន្ត្រី ឬ ឧបករណ៍​ភ្លេង​បាន​ជួយ​ឲ្យ​សមត្ថភាព​ខួរក្បាល​របស់​កុមារ​​លូតលាស់​បាន​ល្អ ជា​ពិសេស​​ចំពោះ​ក្មេងៗ​ដែល​មាន​អាយុ​ពី ៤ ទៅ ៦ ឆ្នាំ​មាន​សមត្ថភាព​និយាយ​បាន​ល្អ​ប្រសើរ​ជាង​មុន។ រីឯ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ ២០០៤ វិញ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្មេងៗ​ដែល​​មាន​អាយុ ៦ ឆ្នាំ​ ហើយ​បាន​ចូល​រៀន​លេង​ព្យាណូ​ចំនួន ៩ ខែ មាន​ពិន្ទុ IQ កើន​ឡើង​ខុស​ពី​ក្មេងៗ​ធម្មតា។

៣) ជា​កូន​ច្បង​​ក្នុង​គ្រួសារ
តាម​​របាយការណ៍​ចេញផ្សាយ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​ The New York Time ​បាន​រក​ឃើញ​ថា កូនច្បង​នៅ​ក្នុង​គ្រួសារ​​ភាគ​ច្រើន​ឆ្លាត​ជាង​កូន​ប្អូន​។ នេះ​មិនមែន​មក​ពី​ហ្សែន ( genetics) ​នោះ​ទេ តែ​ជា​អន្តរកម្ម​ផ្លូវចិត្ត​​ទៅវិញ​ទៅ​មក​រវាង​ឪពុក​ម្តាយ និង កូនៗ​តែ​ប៉ុណ្ណោះ​។
៤) មាន​រាង​ស្តើង​ស្អាត មិន​ធាត់​ពេក មិន​ស្គម​ពេក​
ដោយ​​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល ៥ ឆ្នាំ​លើ​មនុស្ស ២ ២០០​នាក់ ក្រុម​អ្នកស្រាវជ្រាវ​របស់​បារាំង​​បាន​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​មួយ​​នៅ​ក្នុង​ឆ្នាំ ២០០៦ ដែល​ថា ​អ្នក​ដែល​មាន​រាង​ស្តើង ចង្កេះ​​អង្ក្រង មិន​​ធាត់​ពេក ឬ ស្គម​ពេក​​ មាន​សមត្ថភាព​ខាង​បញ្ញា​ស្មារតី​ល្អ​ជាង​មនុស្ស​ធាត់ ឬ មនុស្ស​ស្គម​រីងរៃ​​។ ​នេះ​បញ្ជាក់​ថា អ្នក​មាន​រាង​ស្អាត មាន​សុខភាព​ល្អ ​ហើយ​សុខភាព​ល្អ​នេះ​ហើយ​ដែល​​​ធ្វើ​ឲ្យ​​ខួរក្បាល​ដុះ​លូតលាស់​​ល្អ។

៥) ចូលចិត្ត​សត្វ​​ឆ្មា​
យោង​តាម​ការ​ស្រាវជ្រាវ​​របស់​អាមេរិក​ដដែល​​នៅ​ក្នុង​​ឆ្នាំ ២០១៤ កន្លង​ទៅ​បាន​បង្ហាញ​ផង​ដែរ​ថា ​មនុស្ស​ដែល​ស្រលាញ់​​សត្វ​​​ឆ្កែ​​ចូលចិត្ត​ដើរ​លេង​ខាងក្រៅ​ច្រើន ខណៈ​ដែល​មនុស្ស​ដែល​ចូលចិត្ត​សត្វ​ឆ្មា​ចូលចិត្ត​សម្ងំ​នៅ​ផ្ទះ។ ប៉ុន្តែ​​អ្នក​ដែល​ចូលចិត្ត​សត្វ​ឆ្មា​មាន​ភាព​វ័យ​ឆ្លាត​​ជាង​ដោយ​ហេតុ​ថា ​មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​អាន​សៀវភៅ​ហើយ​ឆ្មា​នឹង​​នៅ​កំដរ ​​​ពីព្រោះ​វា​កម្រ​​ចេញ​ទៅ​ក្រៅ​ផ្ទះ​ណាស់​ ផ្ទុយពី​សត្វ​ឆ្កែ​ដែល​ចូល​ចិត្ត​​​ចំណាយ​ពេល​ច្រើន​ដើរ​លេង​ខាងក្រៅ​​ជា​មួយ​ម្ចាស់​របស់​វា។​

៦) ​បៅ​​ទឹកដោះ​ម្តាយ ជាជាង​​បៅ​ទឹកដោះ​គោ
ផ្អែក​លើ​របាយការណ៍​ស្រាវជ្រាវ​ធ្វើ​ឡើង​នៅ​អង់គ្លេស និង នូវែលហ្សេឡង់​លើ​ក្មេងៗ​ចំនួន ៣ ០០០​នាក់​បាន​បង្ហាញ​ថា ក្មេង​ដែល​បៅ​ទឹកដោះម្តាយ មាន​ភាព​វ័យ​ឆ្លាត​ជាង​ក្មេង​ដែល​បៅ​ទឹកដោះគោ​។ យោង​តាម​ការ​លើកឡើង​របស់​​​សាស្ត្រាចារ្យ​ចិត្តវិទ្យា​មក​ពី​សាកលវិទ្យាល័យ Illinois លោក Julia Kim-Cohen បាន​ពន្យល់​ថា ទឹកដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ខួរក្បាល​​ធ្វើ​ឲ្យ​ក្មេងៗ​ឆ្លាត​ពី​​​ធម្មជាតិ។

៧) ​ប្រើ​ដៃ​ឆ្វេង
យោង​តាម​របាយកា៤រណ៍​ស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ​របស់​អាមេរិក​បាន​បង្ហាញ​ថា មនុស្ស​ដែល​​ចេះ​ដៃ​ឆ្វេង (ចូលចិត្ត​​ធ្វើអ្វីៗ​ដោយ​ប្រើ​ដៃ​ឆ្វេង) មាន​ភាព​ឆ្លាតវៃ​ជាង​មនុស្ស​ដែល​ប្រើ​ដៃស្តាំ។ មនុស្ស​ប្រើ​ដៃ​ឆ្វេង​មាន​ភាព​ស្ទាត់​ជំនាញ​ច្រើន ជា​ពិសេស​ខាង​សំណង់​​​ស្ថាបត្យកម្ម និង​លេង​តន្ត្រី​​ជា​ដើម​។

៨) មាន​កម្ពស់​ខ្ពស់ 
មនុស្ស​ដែល​មាន​រាង​ខ្ពស់​​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា ​មាន​ភាព​វៃឆ្លាត​ជាង​មនុស្ស​រាង​ទាប​ផង​ដែរ​។ នៅ​ក្នុង​​អាយុ ៣ ឆ្នាំ​ ក្មេង​ដែល​មាន​កម្ពស់​ខ្ពស់ ​មាន​សមត្ថភាព​ខួរក្បាល​ល្អ​ជាជាង​ក្មេង​មាន​កម្ពស់​ទាប ឬ ក្រិន។ ក្មេង​មាន​កម្ពស់​​ខ្ពស់ បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​លូតលាស់​ល្អ ដែល​នេះ​ជា​​​កត្តា​ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​ល្អ​ដែរ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com



អ្នក​ដែល​​​​មាន​ជំនាញ​ពិតប្រាកដ​ ​នឹង​មាន​ហាងឆេង​ខ្ពស់​​ចំនួន​ ៦​ ចំណុច​នេះ


ជំនាញ​ គឺ​ជា​កិច្ចការ​​សំខាន់​ខ្លាំង​ណាស់​ដែល​មនុស្ស​គ្រប់រូប​នៅ​ក្នុង​សតវត្ស​ទី​២១ នេះ​​ត្រូវ​តែ​មាន​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព​ការងារ។ អ្នក​ដែល​មាន​ជំនាញ ជា​អ្នក​ដែល​​លេចធ្លោ​នៅ​ក្នុង​ចំណោម​​សាធារណជន ជា​ពិសេស​ពី​ការ​ពឹងពាក់​អាស្រ័យ​របស់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន។ សម្រាប់​ប្រិយមិត្ត​អ្នក​អាន​វិញ ​សូម​គិតគូរ​ពី​ចំណុច​​​នេះ​ឲ្យ​បាន​ម៉ត់ចត់​បំផុត ត្បិតអី​​ជំនាញ​ដ៏​ប៉ិនប្រសព្វ​នេះ​​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដូច​​ខាងក្រោម​នេះ៖​

១) នៅពេល​អ្នក​ចេះ​ប្រាកដ ពួកគេ​នឹង​រត់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង

សុភាសិត​ខ្មែរ​​តែង​ក្រើន​រំលឹក​ថា នៅ​ពេល​ដែល​អ្នក​ចេះ​ប្រាកដ​ ប្រាក់​នឹង​រត់​តាម​ហៅ​ជា​មិនខាន។ សម្រាប់​ចំណុច​នេះ​វិញ​ វា​មិន​ខុស​អ្វី​ពី​ពាក្យ​មួយ​ឃ្លា​នេះ​ទេ ព្រោះ​​ថា​នៅ​ពេល​ដែល​អ្នក​​មាន​ជំនាញ​អ្វី​មួយ​ អ្នក​រមែង​ជា​ទី​ពឹង​អាស្រ័យ​របស់​អ្នកដទៃ។ ជា​ឧទាហរណ៍​បើ​អ្នក​ចេះ​ជំនាញ​​​សហគ្រិន​ភាព​ពិត​ប្រាកដ អ្នក​នឹង​​ក្លាយ​ជា​ផ្ទាំង​ស៊ីប​​ពី​អ្នក​ចង់​បោះ​ដើមទុន​រកស៊ី សហគ្រិន និស្សិត និង អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​អាជីវកម្ម​តែម្តង។

២) ជំនាញ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អតិថិជន​​មាន​ទំនុកចិត្ត​​

ជា​ឧទាហរណ៍​ថា ​​​អ្នក​បាន​​ទៅ​ពឹងពាក់​មេធាវី​មួយ​រូប​ដែល​មិនសូវ​មាន​ជំនាញ​ច្បាស់លាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ក្តោប​ក្តាប់​រឿង​ក្តី​​​​ច្រើន​។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ការ​មន្ទិល​សង្ស័យ និង មិន​សូវ​មាន​ទំនុកចិត្ត​ទៀត​ផង​នៅ​ពេល​តតាំង​នៅ​តុលាការ។ យ៉ាងណាមិញ បើ​សិន​​ជា​​អ្នក​គឺ​ជា​​មេធាវី​​ដ៏​ចំណាន​ម្នាក់​វិញ ​អ្នក​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អតិថិជន​​របស់​អ្នក​អស់​ចម្ងល់ មាន​ភាព​កក់ក្តៅ ជា​ពិសេស​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ចាប់​កំហុស ឬសង្ស័យ​មក​លើ​អ្នក​ជា​ដើម ដែល​នេះ​ជា​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​ពួកគេ​នេះ​ឯង។

​៣) អ្នក​នឹង​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​ការងារ​របស់​អ្នក​

នៅ​ក្នុង​សង្គម​មួយ​ បុគ្គល​ល្បីៗ អ្នក​ជំនាញ ឬ អ្នក​វិភាគ​ជា​ច្រើន​​មាន​មុខមាត់​​ និង ដឹងឮ​ពី​សាធារណជន​ច្រើន​ក៏ដោយ​សារ​តែ​បុគ្គល​ទាំង​នោះ​មាន​ជំនាញ​​ចេះ​យ៉ាង​ស្ទាត់​ជំនាញ​នេះ​ឯង។ ឧទាហរណ៍​ថា អ្នក​​​មាន​ជំនាញ​ខាង​វិភាគ​ទីផ្សារ​អចលនទ្រព្យ​​​យ៉ាង​ច្បាស់លាស់​​​មួយ​ចុះ។ ជំនាញ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាន​​យល់​ដឹង​គ្រប់​ស្ថានការណ៍ ការ​វិវត្ត​នានា​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ក្រុង ឬ តំបន់​នានា។ បែប​នេះ អ្នក​នឹង​ទទួល​បាន​​ឥទ្ធិពល និង ភាព​ទាក់ទាញ​ពី​អតិថិជន​ ជា​ពិសេស​ស្ថាប័ន​នានា​ ដែល​ចង់​​ស្វែង​យល់​ពី​​វិស័យ​នេះ​តែម្តង។

៤) អ្នក​អាច​បង្កើន​តម្លៃ​សេវាកម្ម​​របស់​​អ្នក​បាន​គ្រប់​ស្ថានភាព

នៅ​ពេល​ដែល​អតិថិជន​ម្នាក់​បាន​ពឹង​​ពាក់​​ដោយ​ហេតុ​ថា អ្នក​មាន​ជំនាញ​ច្បាស់លាស់​​ពី​អ្វី​ដែល​ពួកគេ​កំពុង​ត្រូវ​ការ ​នោះ​អ្នក​ក៏​មាន​ទឹកមាត់​លេប​ច្រើន​ដែរ។ អ្នក​កាន់តែ​ចេះ កាន់តែ​មាន​ជំនាញ​ អ្នក​កាន់តែ​អាច​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​អ្នក​បាន​ដែរ។ ជា​ទូទៅ​អតិថិជន​ដែល​យល់​ថា ​អ្នក​បាន​ផ្តល់​សេវាកម្ម​ល្អ​​យ៉ាង​គាប់​ចិត្ត​ដល់​ពួកគេ ពួកគេ​មិន​សូវ​ស្តាយ​ស្រណោះ​ប្រាក់​​ថ្លៃ​សេវាកម្ម​រឿង​មួយ​កាក់​មួយ​សេន​នោះ​ដែរ​ ហើយ​អាច​មាន​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​ទៀត​ផង។

៥) អ្នក​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​លើ​បណ្ដាញ​​ផ្សព្វផ្សាយ

ដូច​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ចំណុច​ទី​៣ នៅ​ក្នុង​សង្គម​នីមួយ​​ៗតួយ៉ាង​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ​អ្នក​ជំនាញ អ្នក​វិភាគ ទាំង​​នយោបាយ​ក្តី សេដ្ឋកិច្ច​ក្តី ឬ អាជីវកម្ម​ក្តី តែង​មាន​មុខមាត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ វិទ្យុ រួម​ទាំង​ការ​ប្រមាញ់​ពី​អ្នក​កាសែត​ជា​ដើម។ នេះ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន ដែល​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​មាន​ប្រាក់​ចំណូល ​ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ​​​លេច​មុខមាត់​ជា​ទី​ចាប់អារម្មណ៍​របស់​សាធារណជន​នៅ​ក្នុង​សង្គម។

៦) អ្នក​នឹង​មាន​ទំនាក់ទំនង​​​ល្អ​ជា​មួយ​អាជ្ញាធរ និង អ្នក​ជំនាញ​ដូចគ្នា​​​​​​​​

បើ​និយាយ​ជា​ទូទៅ បុគ្គល​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ ត្រូវ​បាន​គេ​មើល​ឃើញថា មាន​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជា​មួយ​អាជ្ញាធរ ក្រុមហ៊ុន អង្គការ​នានា​ ជា​ពិសេស​អ្នក​ជំនាញ​ដូចគ្នា​តែម្តង។ នៅ​ត្រង់​ចំណុច​នេះ​នៅ​ពេល​ដែល​អ្នក​មាន​ជំនាញ​ពិត​ប្រាកដ ​អ្នក​កាន់តែ​មាន​គ្រឹះ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជា​ទី​ចាប់​អារម្មណ៍​របស់​​បុគ្គល​ល្បីៗ​ជា​ច្រើន ហើយ​មិត្តភាព និង មុខមាត់​របស់​អ្នក​ក៏​កាន់តែ​​ល្បី​សុះសាយ​ឡើង​ទៅ​តាម​នេះ​ដែរ។ សូម​ចាំ​ថា ចង់​ធ្វើ​ជា​អ្នក​ជំនាញ ​មិន​មែន​​ធ្វើ​ជា​អ្នក​ចេះ​សព្វគ្រប់​បែប​យ៉ាង​នោះ​ឡើយ​ ពោល​គឺ​​ត្រូវ​ចេះ​ជំនាញ​មួយ​ឲ្យ​ពិត​ប្រាកដ។ យ៉ាងណាមិញ​​ បើ​អ្នក​​មិន​​ធ្វើ​បែប​នេះ​​​ វា​គ្រាន់​តែ​ដូច​ពាក្យ​សុភាសិត​បុរាណ​ខ្មែរ​​មួយ​ពោល​ថា​​ “ចេះ​ដល់​មិន​ស្មើ​អ្នក​ប្រសព្វ​មួយ​”​​ តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ http://thebnews.com

មូលដ្ឋាន​គ្រឹះ​ទាំង​៨ នៃ​សុភមង្គល​ដែល​អ្នក​មិន​​គួរ​​មើល​រំលង


តើ​អ្វី​ទៅ​ជា​សុភមង្គល? មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​តម្លៃ​សុភមង្គល​​នៅ​ពេល​ដែល​មនុស្ស​យើង​​មាន​​​មាស​ប្រាក់​សម្បូរហូរហៀរ។​ទន្ទឹម​នឹង​នេះ​​ក៏​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ​ដែរ​ដែល​ថា សុភមង្គល​​របស់​មនុស្ស​មិន​ស្ថិត​នៅ​លើ​មាសប្រាក់​នោះ​ទេ តែ​វា​​ស្ថិត​នៅ​លើ​ចិត្ត​របស់​យើង​ទៅវិញ​ទេ។ ប្រិយមិត្ត​អាច​យល់​ខុសៗគ្នា​ពី​និយម​ន័យ​សុភមង្គល​នេះ ប៉ុន្តែ​ខាងក្រោម​នេះ​នឹង​អាច​ផ្ដល់​ជា​ពន្លឺ​ដល់​លោក​អ្នក​ពី​មូលដ្ឋាន​គ្រឹះ​នៃ​សុភមង្គល​របស់​អ្នក​បាន​ថា តើ​​ត្រូវ​​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​សុភមង្គល?​​

១) សុភមង្គល​គឺ​ជា​អ្វី​ដែ​អ្នក​ត្រូវ​​មាន មិនមែន​ជា​ការ​ស្រមើស្រមៃ​ទេ​

ចង់​កសាង​សុភមង្គល ​ប្រៀប​ដូច​ជា​​ការ​អាន​​​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល​​ដូច្នេះ​ដែរ។ លោក​អ្នក​ត្រូវ​អាន​វា​ចាប់​តាំង​ពី​ដើម​ទំព័រ រហូត​ដល់​ចប់​ទើប​ដឹង​ថា ​ប្រលោម​លោក​នៅ​ក្នុង​សៀវភៅ​នេះ​និយាយ​​ពី​អ្វី។ យ៉ាងណាមិញ សុភមង្គល​របស់​អ្នក​គឺ​ជា​អ្វី​​ដែល​​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រៀប​ដូច​ជា​អាន​សៀវភៅ​ពី​ទំព័រ​មួយ​ទៅ​ទំព័រ និង កត់ត្រា​ចំណុច​សំខាន់​នេះ​​​ ទើប​អ្នក​អាច​សម្រេច​គោលដៅ​របស់​អ្នក​បាន។

២) រៀន​ដោះស្រាយ​បញ្ហា​ខក​បំណង​ទាំងឡាយ

​សូម​ចាំ​ថា ជីវិត​របស់​​​មនុស្ស​យើង​ មិនមែន​សុទ្ធតែ​​ធ្វើ​អ្វី​ៗ​ស្រប​តាម​បំណង​របស់​ខ្លួន​នោះ​​ឡើយ​ ពោល​គឺ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត​។ ហេតុដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា បញ្ហា​ទាំង​នោះ​នឹង​មិន​​មក​បំផ្លាញ​​សុភមង្គល​របស់​អ្នក​​នោះ​ទេ។ ប្រការ​ដែល​​ល្អ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​បញ្ហា​ទាំង​នោះ​ឲ្យ​បាន ​និង ចេះ​ចិញ្ចឹម​ភាព​រីករាយ​ឡើង។

៣) ចេះ​រស់​នៅ​ជា​មួយ​បច្ចុប្បន្ន​​កាល​របស់​អ្នក

មនុស្ស​ដែល​រស់​នៅ​ជា​មួយ​អតីតកាល មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ជោគជ័យ​ក្នុង​ឆាក​ជីវិត​នៅ​ថ្ងៃ​នេះ ឬ ថ្ងៃស្អែក​បាន​ឡើយ។ ម៉្លោះហើយ​​អ្នក​មិន​ត្រូវ​ដេក​រង់ចាំ​ថ្ងៃស្អែក​ ឬ រង់​ចាំ​ឱកាស​ល្អ​​មក​ដល់​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ និង​រៀន​រស់​នៅ​ជាមួយ​ថ្ងៃ​នេះ​ធ្វើ​អ្វីៗ​ដែល​មាន​តម្លៃ​បំផុត​​ដែល​នាំ​មក​នូវ​សុភមង្គល និង ភាព​ជោគជ័យ។

៤) យល់​ឲ្យ​ច្បាស់​ពី​គោលដៅ​ជីវិត​របស់​អ្នក

គោលដៅ​ជីវិត​​ គឺ​ជា​រឿលង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​​​វា​នឹង​កំណត់​ថា​​តើ​ជីវិត​របស់​អ្នក​នឹង​ក្លាយ​ជា​អ្វី​នៅ​ពេល​អនាគត? សម្រាប់​អ្នក​ដែល​មាន​គោលដៅ​ច្បាស់លាស់​ រមែង​មាន​​​ភាព​ជឿជាក់ និង ទំនុក​ចិត្ត​ឈោង​ចាប់​យក​គោលដៅ​នេះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​​ពួកគេ​ទទួល​បាន​ភាព​រីករាយ​ជានិច្ច។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​មិន​ដឹង​ថា តើ​តម្លៃ​ និង គោលដៅ​ជីវិត​ជា​អ្វី មិន​ខុស​អ្វី​ពី​ទូក​នៅ​កណ្ដាល​ទន្លេ​គ្មាន​កោះ​គ្មាន​ត្រើយ​នោះ​ទេ។

៥) ធ្វើ​សកម្មភាព​សាមញ្ញ​ប្រចាំ​ថ្ងៃ​ដែល​នាំ​មក​នូវ​សុភមង្គល

ពេល​វេលា​ ២៤ ម៉ោង​របស់​អ្នក​នឹង​ផ្ដល់​តម្លៃ​អ្នក​ពិតៗ​នៅ​ពេល​ដែល​​​អ្នក​​ចំណាយ​ពេល​ធ្វើ​រឿង​សាមញ្ញៗ តែ​មាន​តម្លៃ​ដល់​ជីវិត​របស់​អ្នក។ អ្នក​ប្រហែល​គិត​​ថា លុយ​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​​មួយ​ចំនួន​គិត​ថា មាន​លុយ​មិនមែន​មាន​អ្វីៗ​ទាំង​នោះ​​ទេ។ ការ​​​ចំណាយ​ពេល​បង្កើត​ភាព​រីករាយ​ជា​មួយ​គ្រួសារ មិត្ត​ភក្តិ ឬ សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត​​នឹង​នាំ​មក​នូវ​សុភមង្គល​ដល់​អ្នក ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង។

៦) ចែក​រំលែក​​ឲ្យ​បាន​ច្រើន

ពាក្យ​មួយ​ឃ្លា​បាន​ពោល​​ថា “ឲ្យ​របស់​ស្រណោះ​ដៃ” ដែល​​នេះ​មាន​ន័យ​ថា ​​បុគ្គល​មួយ​ចំនួន​​បើ​ឲ្យ​របស់​អ្វី​ទៅ​គេ​ហើយ​ តែង​​​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ។ ប៉ុន្តែ ​សម្រាប់​អ្នក​​វិញ ​ការ​​ជួយ​អ្នក​ដទៃ ចែក​រំលែក​ចំណេះដឹង ធ្វើ​មនុស្ស​ធម៌​ទៅ​កាន់​អ្នកដទៃ​កាន់តែ​ច្រើន​ឡើង​ដោយ​មិន​ចង់​បាន​អ្វី​តប​ស្នង​មក​វិញ​​ គឺ​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​សុភមង្គល​​បំផុត​មួយ។ ​ចំណុច​នេះ សូម្បី​តែ​អ្នក​មិន​ចង់​បាន​ការ​តបស្នង ក៏​ពួកគេ​ឲ្យ​តម្លៃ​អ្នក​ជា​មិនខាន។

៧) មាស​ប្រាក់​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ

​អ្នក​អាច​សង្កេត​បាន​ថា មាន​​គ្រួសារ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​​រស់​​នៅ​វិឡា​ថ្លៃៗ ជិះ​រថយន្ត​ទំនើបៗ មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ តែ​បែរជា​រក​សុភមង្គល​មិន​ឃើញ។ នេះ​ប្រហែល​ជា​ពួកគេ​បាន​មើល​រំលង​សុភមង្គល​មួយ​ចំនួន​រួច​ស្រេច​ទៅ​ហើយ។ ការ​​ចំណាយ​ពេល​យកចិត្ត​ទុកដាក់​មើល​ថែ​ដល់​​មនុស្ស​ដែល​អ្នក​ស្រលាញ់ ជា​​ពិសេស​ក្តី​ស្រលាញ់ និង ការ​ថ្នាក់ថ្នម​ជា​ដើម គឺ​ជា​ចំណែក​នៃ​សុភមង្គល​ដ៏​ធំ​ធេង។

៨) សូម​កុំ​ឲ្យ​​អតីតកាល​បំផ្លាញ​អនាគត​របស់​អ្នក

អតីតកាល​របស់​អ្នក​បាន​កន្លង​ផុត​ទៅ​ហើយ ហេតុដូច្នេះ​អ្នក​មិន​អាច​កែប្រែ​វា​បាន​ទេ តែ​អ្នក​បាន​ត្រឹមតែ​រៀន​សូត្រ​ពី​វា​តែប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​​បុគ្គល​រីករាយ​បាន​ដឹង​ពី​ចំណុច​នេះ។ សម្រាប់​អ្នក​វិញ ត្រូវ​​​បង្កើត​ភាព​រីករាយ និង ធ្វើ​អ្វី​ដែល​ល្អ​​នៅ​ក្នុង​ថ្ងៃ​នេះ ព្រោះ​ថា​អនាគត​ដ៏​ល្អ​មួយ​នឹង​រៀបចំ​ឲ្យ​អ្នក៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com

បើ​មិន​បាន​​រៀន​នៅ​សាលា​ បង្រៀន​ខ្លួន​ឯង​តាម​វិធីសាស្ត្រ​ទាំង​៧​នេះ​​ក៏​​​មាន​ចំណេះដឹង​កើន​ឡើង​​ដែរ


មនុស្ស​គ្រប់គ្នា​ ជាពិសេស​សិស្ស​និស្សិត​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ មិន​ប្រាកដ​ថា​មាន​លទ្ធភាព​​គ្រប់គ្រាន់​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ថ្នាក់​​មហាវិទ្យាល័យ​បាន​ដែរ។ ទោះបី​ជា​បែប​នេះ​ក្តី ប្រភព​នៃ​ចំណេះដឹង​មាន​ច្រើន​ណាស់​មិនមែន​មាន​​​នៅ​​តែ​សាលា​​​នោះ​ទេ។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ ៧ ចំណុច​ដែល​អ្នក​អាច​​បង្រៀន​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ទៅ​​អង្គុយ​​នៅ​ក្នុង​សាលា​នោះ​ឡើយ។​​​

១) អាន​សៀវភៅ

នេះ​​គឺ​ជា​​វិធីសាស្ត្រ​មួយ​ដែល​អ្នក​មិន​​​អាច​ប្រកែក​បាន​​នោះ​ឡើយ ​ត្បិត​វា​អាច​ជួយ​ឲ្យ​អ្នក​​បាន​រៀន សូត្រ និង ក្រេប​ចំណេះដឹង​ថ្មីៗ​​កាន់តែ​ច្រើន​​ដោយ​មិន​ចាំបាច់​ទៅ​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន។ ហេតុដូច្នេះ​ហើយ បើ​អ្នក​យល់​ឃើញ​ថា ​សៀវភៅ​ដែល​អ្នកអាន​គួរឲ្យ​ចាប់អារម្មណ៍​ និង មាន​ប្រយោជន៍ សូម​កុំ​នៅ​បង្អែបង្អង់​អី​ ឆ្លៀត​ពេល​​អាន​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ។

២) ទំនាក់ទំនង​ឬ យក​​បុគ្គល​ជោគជ័យ​​ធ្វើ​ជា​គំរូ​

ទំនាក់ទំនង​​ដ៏​ល្អ​របស់​អ្នក​ជា​មួយ​មិត្តភ័ក្ដិ​នៅ​ខាងក្រៅ​សាលា​ ជា​ពិសេស​ជា​មួយ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ខ្លួន​អ្នក​បាន​កាន់តែ​ច្រើន គឺ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​កាន់តែ​ច្រើន ព្រោះ​ថា​ពួកគេ​អាច​ផ្ដល់​ជា​ត្រីវិស័យ ឬ ចែក​រំលែក​បទពិសោធន៍​​ល្អៗ​អ្នក​បាន​។ បើ​នេះ​ជា​រឿង​លំបាក​បន្តិច​សម្រាប់​អ្នក អ្នក​អាច​ស្វែង​រក​​ប្រវត្តិ​បុគ្គល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក​មក​ធ្វើ​ជា​គំរូ ដើម្បី​ពិនិត្យ​មើល​ដំណើរ​ជីវិត​ និង សកម្មភាព​របស់​​បុគ្គល​ទាំង​នោះ​សម្រាប់​​ធ្វើ​ជា​ថ្នាល​បណ្ដុះ​ភាព​​ជឿជាក់ និង ជួយ​លើក​ទឹកចិត្ត​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

៣) ទស្សនាចរ​ឲ្យ​បាន​ច្រើន

នេះ​វា​​គន្លឹះ​មួយ​​ទៀត​ដែល​ផ្ដល់​ចំណេះដឹង​ដល់​អ្នក​។ ​ប្រជាជន​នៅ​​លោក​ខាងលិច​ចូលចិត្ត​ដើរ​កម្សាន្ត​​ខ្លាំង​ណាស់​ ពី​ព្រោះ​​វា​បាន​ផ្ដល់​ចំណេះដឹង​​យ៉ាង​ច្រើន​ដល់​ពួកគេ​​​តាម​រយៈ​ការ​សិក្សា​ស្វែងយល់​ពី​​បរិបទ​រស់​នៅ វប្បធម៌​ ការ​អភិវឌ្ឍ​នានា​នៅ​តាម​ប្រទេស​នីមួយៗ​នៅ​ជុំវិញ​ពិភពលោក។​អ្នក​​ក៏​ដូច្នេះ​ដែរ ​ឆ្លៀត​ពេល​ទំនេរ​ណាមួយ​ដើរ​លេង​កម្សាន្ត​ផង សិក្សា​រៀន​សូត្រ​​ផង​ទើប​ជីវិត​របស់​អ្នក​ស្រស់ស្រាយ និង មាន​ចំណេះដឹង​កើន​ឡើង។ ​​

៤) អាន Wikipedia និង ស្រាវជ្រាវ​ឯកសារ​តាម​ Googleឲ្យ​បាន​ច្រើន

ការ​ស្រាវជ្រាវ​ឯកសារ​តាម​រយៈ​គេហទំព័រ​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​សិក្សា​​​រៀន សូត្រ​ដូច​ជា Wikipedia និង Google គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​នៅ​យុគសម័យ​បច្ចេកវិទ្យា​នេះ។ វា​ជា​បណ្ដុំ​នៃ​ឯកសារ​​ដ៏​ច្រើន​លើសលប់​​សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍ ឬ មិន​បាន​ដឹង។ ចំណេះដឹង​របស់​អ្នក​នឹង​កាន់​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​អ្នក​ព្យាយាម​ក្រេប​ជញ្ជក់​​​ចំណេះដឹង​តាម​​គេហទំព័រ​ទាំង​នេះ។

៥) មើល​​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ផ្ដល់​ចំណេះដឹង

នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថានីយ​ទូរទស្សន៍​ល្បី​​ៗ​មាន​ច្រើន​​ណាស់​ទាំង​ទូរទស្សន៍​ខ្សែកាប​ក្តី ផ្សាយ​ផ្ទាល់​​ក្តី​ តាម​អនឡាញ​ក្តី មាន​ច្រើន​ស្អេកស្កះ​។ យ៉ាងណាមិញ ការ​ជ្រើស​រើស​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​​ផ្ដល់​ការ​អប់រំ​ដូចជា BBC CNN CNBC Bloomberg គឺ​សុទ្ធតែ​ទូរទស្សន៍​លំដាប់​ពិភពលោក​ផ្ដល់​ចំណេះដឹង​គ្មាន​ដែន​កំណត់​។ វា​ជា​ប្រភព​ចំណេះដឹង​ដែល​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​មួយ​ដែល​អ្នក​​មិន​ធ្លាប់​ឃើញ​មិនធ្លាប់​ជួប​ពី​មុន​មក​​ជា​ពិសេស​ព្រឹត្តិការណ៍​នយោបាយ​ សេដ្ឋកិច្ច ចំណេះដឹង វប្បធម៌​ជា​ដើម។

៦) សិក្សា​តាម​វគ្គ​ខ្លីៗ​លើ​​បណ្ដាញ​អ៊ីនធឺណិត​​

នៅ​តាម​​សាកលវិទ្យាល័យ​​​ល្បីៗ​នៅ​​ជុំវិញ​ពិភពលោក គេ​សង្កេត​ឃើញ​ថា ​មាន​សាស្ត្រាចារ្យ​ជា​ច្រើន​បាន​បង្រៀន​ជា​វគ្គ​ខ្លីៗ ជំនាញ​បច្ចេកទេស​ផ្សេងៗ បង្ហោះ​តាម​​អនឡាញ ដូច​​បង្រៀន​ផ្ទាល់​នៅ​តាម​សាកលវិទ្យាល័យ​ដែរ​សម្រាប់​ឲ្យ​និស្សិត ឬ សាធារណជន​បាន​​សិក្សា​រៀន​សូត្រ​​​​។ វីដេអូ​ទាំង​នេះ អ្នក​អាច​រៀន​សូត្រ​បាន​ដោយ​ចូល​ទៅ​បើក​មើល​កម្មវិធី​បង្រៀន​ទាំង​នោះ​​​ត្បិតអី​វា​មិន​អស់​ប្រាក់​ច្រើន។

៧) ​ស្រាវជ្រាវ​ឲ្យ​បាន​​ច្រើន​​​នៅ​តាម​បណ្ណាល័យ​នានា

បណ្ណាល័យ​ជា​សាធារណៈ ជា​ឯកជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​រដ្ឋ ឯកជន គឺ​សុទ្ធតែ​ប្រភព​នៃ​ចំណេះដឹង​មិន​ចេះ​រីង​ស្ងួត។ អ្នក​ត្រូវ​ចាំ​ថា ការ​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់​វា​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការ​ផ្ដល់​ចំណេះដឹង​ដល់​អ្នក តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ខ្លួន​​ឯង​នៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ទើប​​ចំណេះដឹង​របស់​អ្នក​កាន់តែ​រីកចម្រើន​ជាង​មុន៕

ប្រែសម្រួល៖ខេវិន​​​
ប្រភពៈ http://www.thebnews.com/