ឡៅ ជឺ (Lao Tzu) ពោលថា “ខ្ញុំធ្វើល្អចំពោះមនុស្សល្អ
ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អគឺជាគុណធម៌មួយ។
ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ
ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយ”។
បណ្ឌិតជនតែងតែមានគុណធម៌ក្នុងខ្លួន
ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក។
មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា
ឬមានឧបសគ្គជីវិតបែបណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។
ចរិតលក្ខណៈរបស់បរមគ្រូឡៅ ជឺ គឺជាបុគ្គលនឹងធឹង នឹងនរ ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់
និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម
តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញូជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ។
ខ្ញុំធ្លាប់ឮបងប្អូនខ្លះនិយាយថា “មនុស្សត្រូវចេះបត់បែនឱ្យដូចជាទឹក”។ ទ្រឹស្តីនេះ គឺអ្នកប្រាជ្ញខាងយុទ្ធសាស្រ្តសង្គ្រាម
ស៊ុន ជឺ (Sun
Tzu) និងអ្នកប្រាជ្ញខាងធម្មជាតិនិយម ឡៅ ជឺ ជាអ្នកនិយាយ។
បើយើងបានសិក្សាពីប្រភពដើមនៃគំនិត “បត់បែនឱ្យដូចជាទឹក” នេះ
យើងនឹងឃើញពីភាពខុសគ្នានៃកាលៈទេសៈ។ ទី១. អ្នកខ្លាំងខាងយុទ្ធសាស្រ្តសង្គ្រាម
គឺពុំត្រូវឱ្យសៀវភៅយុទ្ធសាស្រ្តចងជើងបានឡើយ
ក្នុងកាលៈទេសៈដែលកំពុងស្ថិតនៅសមរភូមិប្រយុទ្ធ (នេះជាការបកស្រាយរបស់ ស៊ុន ជឺ)។ ទី២.
សិល្បៈនៃការរស់នៅក្នុងជីវិត មនុស្សត្រូវចេះរស់នៅស្របខ្លួននឹងធម្មជាតិ
រស់នៅជាមួយធម្មជាតិ និងបត់បែនតាមធម្មជាតិឱ្យដូចជាលក្ខណៈរបស់ទឹក
(នេះជាការបកស្រាយរបស់ ឡៅ ជឺ)។ ចំពោះឡៅ ជឺ
មនុស្សត្រូវរស់នៅធ្វើខ្លួនជាបុគ្គលស្មោះត្រង់គ្រប់កាលៈទេសៈទាំងអស់
ដ្បិតភាពស្មោះត្រង់ វាជាគុណធម៌ដ៏ធំធេងបំផុតរបស់មនុស្ស។
ភារកិច្ចរបស់មនុស្សដែលបានដំណើរជីវិតមកកាន់ផែនដីនេះ
គួរតែរស់នៅក្នុងជីវិតដែលមានគុណធម៌នៃភាពស្មោះត្រង់ ធ្វើជាមនុស្សល្អ និងរស់នៅប្រកបទៅដោយកិត្តិយស។
យើងពុំគួរភ័យខ្លាចក្រ ខ្លាចដាច់ពោះស្លាប់ឡើយ ដ្បិតបើត្រឹមតែមួយរស់
គឺយើងអាចរស់នៅយ៉ាងត្រឹមត្រូវបាន ដោយមិនថាស្ថិតនៅក្នុងកាលៈទេសៈសង្គមបែបណាទេ។
ក្នុងអត្ថិភាពជាមនុស្ស មនុស្សខ្លះរស់នៅជឿលើសាសនាថា “ពេលស្លាប់ទៅ
យើងនឹងត្រូវកើតជានេះ ឬកើតជានោះ”។ មែនទែនទៅ ការអះអាងរបស់សាសនាមិនថាក្នុងព្រះគម្ពីរ
ឬព្រះត្រៃបិដក...។ល។ គឺពុំខុសឡើយ។ ប៉ុន្តែអ្វីដែលខុសគឺយើងជាមនុស្សជាតិត្រូវដឹងថា “គ្មានសាសនាណាមួយក្តោបយកសេចក្តីពិតទាំងអស់តែម្នាក់ឯងបានឡើយ”។
នេះមានន័យថាសេចក្តីពិតទាំងឡាយដែលមានក្នុងធម្មជាតិ បានត្រូវបែងចែកទៅតាមសាសនានីមួយៗ។
ការរស់នៅក្នុងជីវិតបណ្តោះអាសន្ននេះ យើងរស់នៅធ្វើអាក្រក់ ឬល្អបែបណា
វាជាជម្រើសរបស់យើង តែទណ្ឌកម្ម ឬរង្វាន់ដែលយើងនឹងទទួលបានបន្ទាប់ពីស្លាប់
វាពុំមែនជាសាសនាណាជាអ្នកផ្តល់ឱ្យឡើយ តែជាច្បាប់ចក្រវាល ច្បាប់សកល
និងច្បាប់ធម្មជាតិជាអ្នកកំណត់ទាំងអស់។ បើបុគ្គលណាម្នាក់ចង់រស់នៅក្បត់អ្នកដទៃ
ក្បត់មិត្តភក្តិ ក្បត់ឧត្តមគតិខ្លួនឯង ឬគាបសង្កត់អ្នកដទៃ
ព្រៃផ្សៃសាហាវយ៉ាងណាក៏តាមចិត្តចុះ តែកម្មពារពិតជាមានមែន៕
“I am good to people who are good and I am also
good to people who are not good because virtue is goodness. I have faith in
people who are faithful and I also have faith in people who are not faithful
because virtue is faithfulness.” – Lao Tzu