គ្មានអ្វីដែលធ្វើឱ្យមនុស្សធ្លាក់ជ្រោះ
ក្រៅតែពីការឡើងខ្ពស់ពេកនោះទេ។ នេះមានន័យថា “បើកាលណាកំពុង គឺដឹងតែកំពប់”។
គ្មានអ្វីដែលធ្វើឱ្យយើងបរាជ័យជាងភាពជោគជ័យនោះទេ។
តើអ្វីជាមូលហេតុចម្បងដែលនាំឱ្យ “កំពុងក្លាយទៅជាកំពប់
ឬជោគជ័យទៅជាបរាជ័យ?” មូលហេតុដ៏ធំបំផុត
គឺចិត្តអំនួត ដ្បិតចិត្តអំនួត
គឺតែងសម្លាប់មនុស្សសាហាវជាងបរាជ័យទៅទៀត។ អំនួត
វាតែងធ្វើឱ្យមនុស្សវង្វេងស្មារតី កើតចិត្តប្រមាថលើអ្នកដទៃ
មើលឃើញខ្លួនឯងធំហួស មើលឃើញអ្នកដទៃតូចបំផុត។ មនុស្សដែលគ្មានគ្រឹះ
គឺត្រូវរៀនរស់ក្នុងភាពលំបាកជាមុនសិន។
មនុស្សដែលចង់ជោគជ័យយូរអង្វែង គឺត្រូវឆ្លងកាត់បរាជ័យជាគ្រឹះសិន។
អ្វីក៏ដោយ ឱ្យតែមានគ្រឹះល្អហើយ ទោះបីជាលូតខ្ពស់យ៉ាងណា
ក៏ទប់ខ្លួនជាប់ដែរ។ តើអ្វីទៅជាអំណានដែលនាំឱ្យមនុស្សអំនួត?
ភ្នំខ្ពស់ ជ្រោះជ្រៅ
ធ្វើស្តេច ធ្វើមន្រ្តី ធ្វើមេដឹកនាំ តែងហត់នឿយច្រើន
ដ្បិតត្រូវមានការងារធ្វើច្រើន ឧបសគ្គមានច្រើន
គ្មានពេលវេលាសម្រាប់រឿងផ្ទាល់ខ្លួនឡើយ។ ជាធម្មតា អ្នកធ្វើការបានច្រើន
មោទកភាពក៏ខ្ពស់ដែរ ប្រៀបដូចជាអ្នកអានសៀវភៅបានច្រើន
គង់តែមានអំនួតដោយសារតែចំណេះដែលខ្លួនទទួលបានពីអំណានដែរ។ អំនួត
វាអាចធ្វើឱ្យមនុស្សបាត់បង់សីលធម៌ក្នុងនាមជាអ្នករៀនសូត្របានច្រើន។
មានអ្នកសួរសំណួរទៅ អ្នកប្រាជ្ញគណិតវិទ្យា នៃសាសន៍អ៊ីស្លាម អល់
ក្ហារិស្មិ (Al-Khwārizmī)
ថា “តើអ្វីទៅជាមនុស្ស?” ក្លារិស្មិ ឆ្លើយដោយលើកនូវវិទ្យាគណិតសាស្រ្តមកជាទឡ្ហីករណ៍ថា
“ប្រសិនជាមនុស្សម្នាក់មានចិត្តខន្តីអតធ្មត់
និងមានសីលធម៌ល្អ គឺស្មើនឹងតួលេខ ១។
បើសិនជាមនុស្សម្នាក់មានមន្តស្នេហ៍ គឺត្រូវបន្ថែមតួលេខ០ ពីក្រោយលេខ១
ដែលស្មើនឹង ១០។...
...បើមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើន
គឺត្រូវថែមលេខ០ មួយទៀត ពីក្រោយលេខ១០ ដែលស្មើនឹង ១០០។
បើសិនជាមនុស្សម្នាក់ថ្លៃថ្នូរ គឺត្រូវថែមលេខ០ មួយទៀត នៅពីក្រោយលេខ
១០០ ដែលស្មើនឹង ១០០០។ ប៉ុន្តែបើសិនជាបាត់លេខ១
ដែលនៅពីមុខតែមួយតែមួយលេខ គឺស្មើនឹងបាត់បង់ភាពជាមនុស្ស។
ដូច្នេះអ្វីៗនឹងគ្មានតម្លៃ ឬមានតម្លៃត្រឹមតែស្មើ ០”។
ទស្សនៈមួយទៀត
តើដូចម្តេចដែលហៅថាមនុស្ស? ដែលអាចហៅថាមនុស្សទៅបាន លុះត្រាណាតែយើងស្គាល់តម្លៃរបស់មនុស្សដទៃដែរ។
នៅពេលណាដែយើងចេះឱ្យតម្លៃមនុស្សដែលមានតម្លៃ
ឱ្យតម្លៃមនុស្សដែលមានគុណធម៌ខ្ពស់ជាងយើង ឱ្យតម្លៃមនុស្សដែលល្អ
គឺវានឹងធ្វើឱ្យចិត្តអំនួតថយចុះ ឬគ្មានចិត្តអំនួតសោះ។
ចំពោះការអាន ពេលណាយើងអានបានច្រើន មានប្រភពព័ត៌មានច្រើន
មានចំណេះដឹងច្រើន គឺប្រាកដណាស់ថានឹងមានចិត្តរំជើបរំជួលផុសចេញ។
ការរំជើបរំជួលនេះ
វាទាក់ទងនឹងកម្រិតចិត្តដែលខ្វះការហ្វឹកហាត់លត់ដំផ្នែកខាងក្នុង។
មានតែចិត្តដែលឆ្លងកាត់នូវការសមាធិប៉ុណ្ណោះ ដែលជាចិត្តដែលនឹងនជាងចិត្តអ្នកគ្មានសមាធិ។
ក្នុងកាលៈទេសៈខ្លះទៀត
ពេលណាយើងមានចំណេះដឹងច្រើន ឬមានព៌ត៌មាន
គឺវាធ្វើឱ្យយើងពិបាកគ្រប់គ្រងខ្លួនឯង ពីព្រោះអ្វីដែលយើងបានយល់
អាចហួសពីការយល់ដឹងរបស់មនុស្សដែលមិនបានរៀន ឬក៏មិនបានអាន។
បើនិយាយក្នុងទស្សនវិជ្ជាចិត្តវិញ្ញាណ (Spirituality) លុយនេះ១
ចំណេះដឹងនេះ២ បើវាបានក្លាយទៅជាចៅហ្វាយនាយរបស់យើងហើយ
គឺយើងនឹងស្តាប់តាមបញ្ជារបស់វា ធ្វើផ្តេសផ្តាស អំនួតអូទីនួ
លែងខ្វល់នឹងអ្នកដទៃទាំងអស់ ដ្បិតសំខាន់យើងយល់ថា “ខ្ញុំមានលុយ ឬខ្ញុំចេះជាង”។
នេះមិនខុសពីទស្សនៈដែលថា “ចំណេះជាអំណាច
[មុខពីរ]”។ ពិភពលោកនៃគំនិត
គឺធំធេងខ្លាំងណាស់ រីឯពិភពនៃចិត្តក៏រឹតតែធំជាងគំនិតទៅទៀត។
នៅស្រុកខ្មែរយើង មានអ្នកខ្លះ ឬយុវជនខ្លះងប់ងុលនឹងទស្សនវិជ្ជា
មនុស្សមិនតិចទេដែលទំនងធ្លាប់មានចរិតបែកៗ
ឬពេលខ្លះគ្រប់គ្រងខ្លួនឯងមិនបានផង។ ប្រវត្តិសាស្រ្តក៏មានផងដែរ
ទស្សនវិទូខ្លះ ប្រឹងប្រែងរៀនសូត្ររហូតដល់បានបង្កើតអ្វីមួយថ្មី
ឬចេះដឹងអ្វីមួយថ្មី រហូតដល់រំជើបរំជួលចិត្ត
រត់សប្បាយចិត្តទាំងអាក្រាតខ្លួនផងក៏មាន (អត់ស្លៀកខោអាវ)។
ការអានសៀវភៅបានច្រើន ជួបទស្សនៈល្អៗ ពាល់គំនិតអស្ចារ្យៗ
ក៏វាអាចធ្វើឱ្យយើងហោះហើរបានដែរ។ តើត្រូវធ្វើយ៉ាងណា
ទើបអាចគ្រប់គ្រងខ្លួនឯងបាន?
តាមរយៈបទពិសោធខ្ញុំ
ចិត្តខ្ញុំសម្រេចទៅដោយវិជ្ជាមនោយិទ្ធិ (អំណាចចិត្ត ឬ Willpower) ក្នុងកម្រិតដែលអាចឈ្នះខ្លួនឯងបាន។ ក្រៅពីនេះ
ចំណេះដឹងផ្នែកសមាធិ ការបដិបត្តិចិត្តសមាធិ និងការយល់ដឹងពីរឿងសាសនា
ក៏វាជួយខ្ញុំបានច្រើនបំផុតក្នុងការគ្រប់គ្រងចិត្តនេះដែរ។
ដូចបានលើកឡើងខាងលើអ៊ីចឹង ចំណេះដឹង វាគ្មានអ្វីអស្ចារ្យទេ
បើយើងមិនប្រើវាឱ្យត្រូវផ្លូវ មិនបម្រើសេចក្តីល្អ
ឬបើថារៀនយកចេះឱ្យគេកោត ក៏ដូចជាគ្មានអស្ចារ្យអ្វីនឹងត្រូវបានគេកោតសរសើរផង។
អ្វីដែលអស្ចារ្យ
គឺចេះប្រើឱ្យត្រូវផ្លូវដើម្បីរកសេចក្តីសុខឱ្យខ្លួនឯងផង
និងអ្នកដទៃជុំវិញខ្លួនផង។ សរុបចុងក្រោយ ពេលអានបានចេះច្រើន
កុំអំនួត, ពេលអានបានចេះច្រើន
ត្រូវចេះប្រលះចែកគ្នា, ពេលអានបានចេះច្រើន
កុំភ្លេចរៀនធ្វើសមាធិផង, ពេលអានបានចេះច្រើន
កុំយកចំណេះដឹងទៅបង្អួតគេឯង (បើមិនស្ថិតក្នុងកាលៈទេសៈចាំបាច់ទេ)។ ចំណេះដឹងមានច្រើនរាប់មិនអស់ បើត្រឹមតែមួយរស់ខ្លួនសុទ្ធសាធ
រៀនតិចៗ អានតិចៗបាន តែបើចង់ជួយអ្នកដទៃ ឬចង់ជួយសង្គម
កុំរៀនលេងៗ កុំរស់នៅលេងៗ ត្រូវប្រឹងឱ្យមែនទែន។
ដើម្បីអាចទៅធ្វើសេចក្តីមេត្តាចំពោះអ្នកទន់ខ្សោយបាន
លុះត្រាណាតែយើងតាំងចិត្តមាំដាក់វិន័យតឹងតែងចំពោះខ្លួនឯង ឃោរឃៅបន្តិចចំពោះខ្លួនឯង។
មានតែយើងខ្លាំងទេ ទើបអាចជួយអ្នកខ្សោយបាន។ មានតែយើងប្រឹងទេ
ទើបអាចខ្លាំងបាន។ ការប្រឹងប្រែងត្រូវមានវិន័យ
ប្រៀបដូចជាទ្រឹស្តីពុទ្ធនិយមដែលថា “ព្រះវិន័យ
ឈ្មោះថាជាអាយុកាលរបស់ព្រះពុទ្ធសាសនា”។ សាសនានឹងបាត់បង់
បើសង្ឃបាត់វិន័យ។ មនុស្សនឹងខ្សោយ បើមនុស្សរស់នៅដោយគ្មានវិន័យ៕
Cr. Lam Lim