Tuesday, June 9, 2020

មោកនភាពនឹងអានសៀវភៅចប់?


សម្តី​ច្រើនហួស​ប្រមាណ តែបើ​គ្មាន​លទ្ធផល​ទេ គឺ​ពុំមែន​ជាច​រិត​មនុស្ស​យល់​ពី​តម្លៃ​នៃ​ការរៀនសូត្រ​ឡើយ។ ចំណេះដឹង​កប់​ពពក តែបើ​គ្មាន​ចរិតលក្ខណៈ​ជា​អ្នករៀន​សូត្រ​ពិតប្រាកដ​ទេ ក៏​ពុំមែន​ជាច​រិត​អ្នក​ត្រឹមត្រូវ​ដែរ។ រៀបរាប់​ដល់​ចំណុច​នេះ ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​មនុស្ស​ពីរនាក់ ដែល​ម្នាក់ គឺ​មេដឹកនាំ​ឥណ្ឌា មហា​ត្មៈគន្ធី (Mahatma Gandhi​) និង​ម្នាក់ទៀត គឺជា​អ្នក​និ​ពន្ធ​រូស្សី អូ​ឡុង តុល​ស្តុ​យ (Leo Tolstoy​)។ គន្ធី បាន​លើកឡើង​ពី​ចរិត​អ្នករៀន​សូត្រ តែ​ពុំ​មាន​ចរិត​ជា​អ្នករៀន​សូត្រ ឬ ចំណេះដឹង​ពុំ​ជ្រាប​ជាច​រិត​។ ពាក្យ​ខ្មែរ​លោក​ពោល​ថា ចំណេះ​កប់​ពពក តែ​ជ្រក​អាច​ន៍​ជន្លេន​។ ទស្សនៈ​នេះ គឺ​ចង់​បង្ហាញ​ពី​បរិមាណ​នៃ​ចំណេះដឹង ធៀប​នឹង​គុណភាព​នៃ​ចំណេះដឹង។ តើ​អ្វី​ជា​មោកនភាព​នៃ​ការ​អាន​សៀវភៅ​ចប់​?

ខ្ញុំ​អាន​សៀវភៅ​ជាច្រើន​, ខ្ញុំ​ឆ្លងកាត់​ការងារ​ច្រើនជាង​យុវជន​ដែល​មាន​អាយុ​ស្រ​បាល​គ្នា​, ខ្ញុំ​ចូលចិត្ត​ការងារ​ជា​កសិករ។ សៀវភៅ​ដែល​ខ្ញុំ​បាន​អាន សឹងតែ​សរុប​ខ្លឹមសារ​ចុងក្រោយ គឺ​គ្មាន​អប់រំ​អ្វី​ផ្សេង ក្រៅតែ​ពី​ពាក្យ​ប៉ុន្មាន​ឃ្លា តស៊ូ ប្រឹងប្រែង អត់ធ្មត់​...។ ជីវិត​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់ គឺ​បាន​ជួប​បញ្ហា​មិន​តិច​ពេក ក៏​មិន​ច្រើនពេក​ដែរ ហើយ​ជ័យជម្នះ​ដែល​ខ្ញុំ​បាន​ទទួល គឺ​គ្មានអ្វី​ក្រៅតែ​ពី​ឈ្នះ​ដោយសារតែ​ចិត្ត​អត់ធ្មត់។ អ្នកណា​ពូកែ​អត់ធ្មត់​ជាង អ្នកណា​ពូកែ​ត្រាំត្រែង​នឹង​បញ្ហា​ច្រើនជាង អ្នកណា​មានចិត្ត​មិនឆាប់​បោះបង់ចោល​ច្រើនជាង គឺ​អ្នកនោះ​នឹង​មានឱកាស​ជោគជ័យ​ច្រើនជាង។ អ៊ីចឹង​ហើយ​ទើប​បុគ្គល​ជោគជ័យ​ជាច្រើន​និយាយ​ថា អ្នកឈ្នះ គឺ​មិន​បោះបង់ រី​ឯអ្នក​បោះបង់ មិន​ងាយ​ឈ្នះ​។ ទស្សន​ជនជាតិ​ចិន​ប្រើពាក្យ​មួយ​យ៉ាង​ខ្លី ចិត្តអំណត់​ជា​អំណាច។ កូនប្រុស​រង់ចាំ​សងសឹក​ដប់​ឆ្នាំ មិនយឺត​ពេល​ទេ​។ គំនិត​អប់រំ​បែបនេះ​មាន​លើកឡើង​យ៉ាងច្រើន​ក្នុង​ទស្សនវិជ្ជា​ដឹកនាំ​ចិន ក៏ដូចជា​ឥណ្ឌា​ផង​ដែរ។

ខ្ញុំ​ចេះតែ​ចំណាយពេល​វេលា​គិត​ថយក្រោយ ពី​ចរិតលក្ខណៈ​រឹង​រួស​របស់ខ្ញុំ​ក្នុង​ការរស់នៅ។ ខ្ញុំ​មាន​ចរិត​មួយ គឺ​និយាយតិច ហើយ​សម្តី​ភាគច្រើន​សុទ្ធតែ​ប្រើ​ខួរក្បាល​ច្រើនជាង​បេះដូង។ មនុស្ស​ស្រី​ជាច្រើន មិន​ចូលចិត្ត​នៅ​ក្បែរ​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​មិន​ចេះ​យកចិត្ត មិន​ចេះ​លួងលោម មិន​ចេះ​ផ្អែមល្ហែម​...។ ចំណេះដឹង​ខួរក្បាល​ជា​ស្ពាន​ចម្លង​ជីវិត។ ជីវិត​ខ្ញុំ​ប្រើ​ចំណេះដឹង​ក្នុង​ការរស់នៅ​គ្រប់ពេល តែ​នៅតែ​ជួប​បញ្ហា​រាប់​ភ្លេច។ នឹក​ទៅ​អតីតកាល ខ្ញុំ​ចេះ​ស្រមៃ​ថយក្រោយ​ទៀត​ថា បើ​ជួប​ការ​លំបាក​ដូច​ពីមុន ឬបើ​ការឈឺចាប់​ដូច​ពីមុន មក​ក្បែរ​ខ្ញុំ​ជា​លើក​ទី២ ខ្ញុំ​ប្រហែលជា​មិន​អាច​ប្រយុទ្ធ​ឈ្នះ​ទេ​។ រហូតដល់​ចុងក្រោយ ខ្ញុំ​ដឹង​ថាស​មុទ្រ​ជីវិត​ដែល​ខ្ញុំ​បាន​ហែល​ឆ្លងផុត គឺ​មិនមែន​ដោយសារ​ចំណេះដឹង ឬសមត្ថភាព​ខួរក្បាល​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​មាន​លើស​អ្នកខ្លះ គឺ​ចិត្តអំណត់ ចិត្ត​តស៊ូ ចិត្ត​ខាំ​មិនលែង ចិត្ត​មិន​ចុះញ៉ម​ចំពោះ​អ្វី​ដែល​មិន​ត្រឹមត្រូវ។ ចិត្ត​អត់ធ្មត់ ចិត្ត​មិន​ឆេវឆាវ ចរិត​មិន​អួ​ទី​នួរ គឺជា​រឿង​តូច​មួយ តែ​វា​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ជីវិត​ខ្ញុំ។ គុណភាព​នៃ​ខួរក្បាល គឺ​ត្រូវ​ផ្សារ​ភ្ជាប់នឹង​ចិត្តអំណត់ និង​ផ្សា​រភ្ជាប់នឹង​គុណភាព​នៃ​ការ​ចេះ​តស៊ូ។ អ្នក​ឆ្លា​តៗ​ជាច្រើន​តែង​បរាជ័យ គឺ​មិនមែន​ដោយ​សា​រតែបញ្ហាណា​ផ្សេង​ទេ តែ​ជា​បញ្ហា​គុណភាព​នៃ​ចិត្តអំណត់ ឬបើ​មានចិត្ត​អំណត់ ក៏​អំណត់​បាន​តែក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ។ តើ​គុណភាព​អំណានស្ថិតនៅ​ត្រង់ណា​?

ជា​ចិត្ត​សាស្រ្ត សៀវភៅ​ដែល​ស្តែងៗ អាចអានឆាប់​ចប់ គឺ​នឹង​ធ្វើ​ឱ្យ​អ្នកអាន​មាន​មោកនភាព​ចំពោះ​ចំនួន​ក្បាល​សៀវភៅ​ដែល​ខ្លួន​បាន​អាន។ សៀវភៅ​ដែល​មាន​កម្រា​ស់​ក្រាស់​ៗ សរសេរ​វាង​ចុះ​វាង​ឡើង ទម្រាំ​ចូល​ដល់​ខ្លឹមសារ គឺ​អាច​ធ្វើ​ឱ្យ​អ្នកអាន​ធុញទ្រាន់។ សៀវភៅ​ខ្លះ មានខ្លឹមសារ​សំខាន់​តែ​ពីរបី​បន្ទាត់​ទេ តែ​មុននឹង​ចូល​ដល់​សាច់រឿង ដើរលេង​សិន ទៅ​ឆ្វេង​បន្តិច ទៅ​ស្តាំ​បន្តិច ទៅលើ​បន្តិច ទៅ​ក្រោម​បន្តិច ចំហៀង​បន្តិច បញ្ឈិ​តបន្តិច​...ចុះ​ឡើង​ៗ គឺ​មានខ្លឹមសារ​តែ​បន្តិច​ទេ។ អ្នកអាន​ត្រូវតែ​វិភាគ​ចំណុច​នេះ​ដែរ។ ការ​អាន​សៀវភៅ មិនមែន​ជា​ការ​អាន​បាន​ច្រើន​ក្បាល ឬអាន​បាន​តិច​ក្បាល​ទេ តែ​វា​ជា​គុណភាព​នៃ​សំណេរ និង​សមត្ថភាព​នៃ​ការ​គិត​របស់​យើង។ បើ​យើង​គិត​ច្រើនជាង​អាន​គឺ​ល្អ តែបើ​យើង​អានយ​កចប់ ច្រើនជាង​គិត​ពិ​ចារ​ណា គឺ​មិនសូវ​ល្អ​ទេ។ ការ​គិត​ដ៏​ត្រឹមត្រូវ គឺ​ត្រូវ​មាន​មូលដ្ឋាន​ប្រៀបធៀប។ ខ្វះ​អ្វី​អ្នក​ដែល​ចេះ​គិត តែ​ខ្វះតែ​អ្នក​គិត​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។ អ្នក​ដែល​រវើរវាយ​នឹង​គំនិត គឺជា​មនុស្ស​ដែល​គិត​ដោយ​ឥត​មូលដ្ឋាន ខ្វះ​សំណៅ​គំ​និ​តចាស់​ៗមក​បូក​នឹង​ការ​គិ​តថ្មី​ៗ។ ខ្ញុំ​បាន​ឆ្លើយ​សំណួរ តើ​គុណភាព​អំណានស្ថិតនៅ​ត្រង់ណា​? រួចហើយ។ ខ្ញុំ​សុំ​ដាក់​សំណួរ​បន្ត​ថា តើ​អ្វី​ជា​វដ្ត​នៃ​អំណាន​

ខ្ញុំ​សុំ​ចូល​ដល់​គំនិត​របស់​ទស្សនវិទូ អូ​ឡុង តុល​ស្តុ​យ អំពី វដ្ត​នៃ​អំណាច​។ បងប្អូន​អ្នកអាន អាច​ពិសោធ​បាន​ដោយខ្លួនឯង​នូវ​គំនិត​ដែល​ខ្ញុំ​ធ្លាប់​លើកឡើង​ថា សៀវភៅ​ដែល​យើង​ត្រូវ​អាន គឺជា​សៀវភៅ​ដែល​យើង​បាន​អានរួចហើយ​។ អំណាន​លើក​ទី១ វា​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ចំណេះ​ផ្សេង។ អំណាន​សៀវភៅ​ដដែល​លើក​ទី២ ចំណេះដឹង​ដែល​យើង​ទទួល​បាន គឺ​ផ្សេង។ អំណាន​លើក​ទី៣ ចំណេះដឹង​យើង​នឹង​ទទួល​បាន​ផ្សេង​ពី​សៀវភៅ​ដដែល។ ចំនួន​អំណាន​កាន់តែ​ច្រើនដង គឺ​យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ផ្សេង​ៗគ្នា​ពី​សៀវភៅ​ដដែល។ មូលហេតុ គឺ​ដោយសារតែ​គុណភាព​នៃ​ចំណេះដឹង​របស់​យើង​រីកចម្រើន។ បើ​គុណភាព​នៃ​ចំណេះដឹង​យើង​មាន​ច្រើន វា​នឹង​នាំ​ឱ្យ​សមត្ថភាព​គិត​របស់​យើង​កាន់តែ​រីកចម្រើន។ ឡេអុង តុល​ស្តុ​យ បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​ថា តាមរយៈ​សៀវភៅ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​យក​មក​អាន ខ្ញុំ​ហាក់​មាន​អារម្មណ៍​រីកចម្រើន​ច្រើន​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ និង​ផ្នែក​សីលធម៌ [...]។ តើមាន​អ្វី​ដែល​មានតម្លៃ​ជាង​ការ​សន្ទនារា​ល់​ថ្ងៃជា​មួយ​នឹង​គតិ​ជន​ល្បី​ៗលើ​លោក​? អ្នកនិពន្ធ​ដ៏​ពូកែ​កើត​ចេញពី​អ្នកអាន​ឆ្លាត គឺ​ឆ្លាត​ខាង​ជ្រើសរើស​ស្នាដៃ​មក​អាន។ ចំពោះ​ទស្សនៈ​ខ្ញុំ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយទៅជា​ស្មេរ គឺ​គួរតែ​អាន​សៀវភៅ​ច្បាប់ដើម គម្ពីរ​ច្បាប់ដើម ឱ្យ​ចេះច្បាស់ ក្រោយពី​មានចំណេះ​ដឹង​មូលដ្ឋាន​ល្អ​ហើយ

អ្នកអាន​យល់​គំនិត ខុង ជឺ ស៊ីជម្រៅ គឺ​នឹង​ក្លាយទៅជា​សិស្ស​ជំនិត​របស់ ខុង ជឺ ទោះ​ខុងជឺ​ស្លាប់​បាត់​ហើយក៏​ដោយ។ គម្ពីរ​តៅ តេ ជីញ របស់​ឡៅ ជឺ​, ព្រះ​ត្រៃបិដក​ក្នុង​ព្រះពុទ្ធ​សាសនា​, គម្ពីរ​សញ្ញាចាស់ និង​សញ្ញាថ្មី​របស់​គ្រី​ស្ត​សាសនា​, គម្ពីរ​គួរ​អាន​របស់​ឥស្លាម​, សៀវភៅ​គោល​សំ​ខាន់​ៗផ្សេងទៀត​ដូចជា សៀវភៅ​យុទ្ធ​សាស្រ្ត​របស់ ស៊ុន ជឺ​, គម្ពីរ​ព្រាហ្មណ៍​, គម្ពីរ​សាស​នា​ស៊ិ​ក, គម្ពីរ​ដើម​សំ​ខាន់​ៗផ្សេងទៀត​ដែល​ខ្ញុំ​រៀបរាប់​មិន​អស់។ល។ មុននឹង​បញ្ចប់​អត្ថបទ​នេះ ខ្ញុំ​ចង់​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា អាន​ត្រឹមតែ​មួយ​រស់ ឬត្រឹមតែ​សុខសប្បាយ​ដើម្បី​ខ្លួនឯង វា​ខុសពី​អាន​ដើម្បី​ជួយ​អ្នកដទៃ។ រៀន​ដើម្បី​តែខ្លួន​ឯង​សុទ្ធសាធ វា​ខុសពី​រៀន​ដើម្បី​សង្គម​។ អត្ថបទ​ខាងលើ​នេះ ខ្ញុំ​បាន​ប្រើពាក្យ ខ្ញុំ​ ដែល​ស្តាប់​ទៅ ធ្វើ​ឱ្យ​ខ្ញុំ​ខ្លួនឯង​រអៀសខ្លួន​បន្តិច ព្រោះ​ពាក្យ​ខ្ញុំ​នេះ ខ្ញុំ​មិន​ចង់​ប្រើ​ប៉ុន្មាន​ទេ។ ប៉ុន្តែ​បើ​រស់នៅ​ក្នុង​បរិយាកាស​សង្គម​ទូទៅ ដែល​មិនមែន​បរិយាកាស​ចិត្ត​វិញ្ញាណ គឺ​មិន​ខុស​អ្វី​ឡើយ។ អ្នក​ដែល​មាន​មោកនភាព​នឹង​អំណាច​ពិតប្រាកដ គឺ​អាន​ហើយ​ចេះ ទទួល​បាន​គំនិត​ត្រឹមត្រូវ​...។ អ្នកចេះ​ពិតប្រាកដ គឺ​យកចំណេះ​ដឹង​ទៅ​អនុវត្ត​បានផល​ល្អ​។ បើ​មាន​ពេលវេលា​គ្រប់គ្រាន់​ណាមួយ ខ្ញុំ​នឹង​រក​ឱកាស​ចែករំលែក​ពី​គំនិត​ស្នូល​នៃ​សៀវភៅ​ច្បាប់​ដើម​ខ្លះ​ៗរបស់​អ្នកប្រាជ្ញ​មួយចំនួន ភ្ជាប់នឹង​បរិបទ​សង្គមវិជ្ជា​ខ្មែរយើង។ សូម​ទទួល​បាន​ប្រយោជន៍​ពី​អំណាន​៕

-----------------------------------------
Cr. Lam Lim

ខុសត្រូវជាមួយខ្លួនឯង


សុភាសិត​ចិន​ពោល​ថា មាត់ធំ គឺជា​ប្រភព​នៃ​បញ្ហា។ អណ្តាត​ដែល​ចូលចិត្ត​ត្អូញត្អែរ គឺជា​ប្រភព​នៃ​ទុក្ខសោក​។ មនុស្សយើង​មិន​គួរ​រីករាយ​ជាមួយនឹង​សំណាង​ចៃដន្យ​ទេ ជាពិសេស​លទ្ធផល​អ្វីមួយ​ដែល​វា​មិនបាន​មក​ដោយសារតែ​សកម្មភាព​នៃ​ការ​ប្រឹងប្រែង​ខ្លួនឯង។ ជោគជ័យ​មួយ​ដែល​បាន​មក​ដោយ​ការ​ប្រឹងប្រែង​ដោយខ្លួនឯង និង​ជោគជ័យ​ដែល​បាន​មក​ដោយសារ​ជំនួយ​ពី​អ្នកដទៃ គឺ​មិន​ដូចគ្នា​ឡើយ។ មិន​ដូចគ្នា គឺ​ដោយសារតែ​អារម្មណ៍​របស់​យើង ដ្បិត​គ្មាន​ជោគជ័យ​ណា​ដែល​ធ្វើ​ឱ្យ​យើង​រីករាយ ជាង​ជោគជ័យ​ដែល​បាន​មក​ដោយ​ការ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ដោយខ្លួនឯង​ឡើយ។ តម្លៃ​នៃ​ជោគជ័យ​ពីរ​នេះ គឺ​មិន​ដូចគ្នា​ឡើយ។ អ្នក​ដែល​អាច​យល់​ដល់​ចំណុច​នេះ គឺ​នឹង​ដឹង​ថា តើ​តម្លៃ​នៃ​ការ​ប្រឹងប្រែង​ដោយខ្លួនឯង គឺ​មានន័យ​យ៉ាងណា​?

វិបត្តិ​នៃ​អ្នក​បរាជ័យ គឺ​ចូល​ចិ​ត្ត​ត្អូញ​ត្អែរ​ច្រើន តែ​ប្រឹងប្រែង​ធ្វើសកម្មភាព​តិច​បំផុត ឬមិន​ធ្វើអ្វី​សោះវិបត្តិ​នៃ​អ្នករៀន​សូត្រ​ដំ​បូងៗ គឺ​ទ្រឹ​ស្តី​ច្រើនពេក តែ​អំពើ​ធ្វើ​ជាក់ស្តែង​តិចតួច​បំផុត។ អ្នកចូលចិត្ត​និយាយ​ខ្លះ ច្រើនតែ​មិនសូវ​ចូលចិត្ត​ធ្វើ ហើយ​អ្នកចូលចិត្ត​ធ្វើ​មែនទែន ច្រើនតែ​មិនសូវ​ចូលចិត្ត​និយាយ​ឡើយ។ អ្នកខ្លះ​និយាយ​ក៏​ច្រើន ធ្វើ​ក៏​ច្រើន។ មុន​រៀន​មន្ត​វិជ្ជា​ការ​ផ្សេង​ៗ គឺ​ត្រូវ​សម្អាតចិត្ត ​ប្រៀប​ដូចជា​អ្នកធ្វើ មុន​ធ្វើ គឺ​ត្រូវ​រៀន​ទ្រឹ​ស្តី។ ការរៀនសូត្រ ការ​រៀន​ទ្រឹ​ស្តី គឺ​មាន​គោលដៅ​ដើម្បី​អនុវត្ត​យក​លទ្ធផល​ជា​ផ្កា​ផ្លែ តែ​មិនមែន​រៀន​ដើម្បី​និយាយ​ច្រើន​ទេ។ សម្តី​មួយ​ម៉ឺន​ម៉ាត់ គឺ​គ្មាន​តម្លៃ​ស្មើនឹង​សកម្មភាព​ពិត​ប្រាដក​មួយ​ទេធ្វើល្អ​ប្រសើរ​ជាង​និយាយល្អ។ សម្តី វា​គ្មាន​អំណាច​ទេ តែ​ទង្វើ​ទើប​ជា​អំណាច​ពិតប្រាកដ។ យើង​អាច​និយាយ​សម្តី​រាប់​លាន​ម៉ាត់​ថា​ស្រឡាញ់​នរណា​ម្នាក់ តែបើ​គ្មាន​ទង្វើ​ជាក់ស្តែង​ទេ គឺ​សម្តី​នៅតែ​ជា​សម្តី។ យើង​អាច​និយាយ​ថា​ស្រឡាញ់​សង្គម តែបើ​មិន​ប្រឹងរៀន​សូត្រ ឬ​មិន​អាន​សៀវភៅ​ឱ្យ​​បាន​ច្រើន​ទេ គឺ​សម្តី​នៅតែ​ជា​សម្តី​ដែល​វា​ចេញពី​មាត់យើង ចូល​ទៅ​ក្នុង​បរិយាកាស​ដោយ​ឥតន័យ។

អត្ថបទ​នេះ ខ្ញុំ​ចង់​សង្កត់ធ្ងន់​លើ​ការ​ប្រឹងប្រែង​ធ្វើ ជាពិសេស​យក​ទ្រឹ​ស្តី​ដែល​ចេះ​ទៅ​អនុវត្ត​ឱ្យ​កើតជា​ផ្លែ​ផ្កា​​ក្នុង​ជីវិត។ អំណាច​នៃ​ទង្វើ​នេះ គឺ​វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ អ្នក​ល្អ​និយាយ​ពាក្យ​ល្អ​រាប់ពាន់​ម៉ាត់ មិន​ស្មើនឹង​មនុស្ស​អាក្រក់​ស្ងប់ស្ងាត់ ធ្វើសកម្មភាព​ជាក់ស្តែង​ម្តង​ផង។ យើង​អាច​វាស់​មនុស្ស​តាមរយៈ​សកម្មភាព​និង​ទង្វើ តែ​មិនមែន​វាស់​នឹង​សម្តី​ទេ។ សម្តី​អាច​ល្អ អាច​ពីរោះ តែ​ពិត​ឬមិន​ពិត ពីរោះ​មែន​ឬអត់ គឺ​ត្រូវ​វាស់​ដោយ​សកម្មភាព។ មិនខ្វះទេ​មនុស្ស​និយាយ​ពីរោះ​ស្តាប់ និយាយត្រឹមត្រូវ និយាយល្អ តែ​ខ្វះតែ​មនុស្ស​ធ្វើល្អ។ ក្នុង​ល្បើក​ដែល​ទិន​ទាន​ពី​សត្វ (Fables​) មិនខ្វះទេ​សត្វ​ដែល​ចេះចាំ​ធម៌ ចេះ​សូត្រ​ពាក្យពីរោះ ដែល​សូម្បីតែ​ក្រពើ​ក៏​​ចេះ​និយាយ​ពី​ធម៌​ដែរ តែ​ទង្វើ​គឺ​ភស្តុតាង​ពិត។ តើ​ហេតុអ្វី​ខ្ញុំ​បរិយាយ​ពី​ចំ​ណុ​ចេះ​នេះ​ក្នុង​អត្ថបទ​? សង្គម​យើង គឺ​មាន​ទំនាស់​ច្រើនណាស់ មិនថា​ទំនាស់​សាសនា ទំនាស់​នយោបាយ ទំនាស់​អ្នកចេះដឹង ទំនាស់​យុវជន​...ហើយ​ការទាស់ទែង​នេះ​មាន​គ្រប់​ច្រកល្ហក​ទាំងអស់។ ការគោរព​គ្នា​ខ្លះ គឺ​គោរព​ត្រឹមតែ​សម្បក​ដែល​មិនទាន់​ចូល​ជ្រៅ​ដល់​ជម្រៅ​នៃ​គុណធម៌​បុគ្គល​នៅឡើយ​ទេ។

អ្នករៀន​សូត្រ​ចេះដឹង បើ​រក​មិនឃើញ​តម្លៃ​នៃ​ចំណេះដឹង​ទេ គឺ​ឱ្យ​តម្លៃ​គ្នា​ត្រឹមតែ​សម្បក។ ការសិក្សា​វិជ្ជា​ទាំងឡាយ គឺ​ចិត្ត​ត្រូវតែ​អប់រំ​ជាមុន ដ្បិត​ចិត្ត​នេះ វា​នឹង​ដឹកនាំ​ចំណេះដឹង​របស់​យើង។ បើ​ចិត្ត​មិន​ស្អាត បូក​នឹង​ចំណេះដឹង​ខ្លាំង គឺ​ស្មើនឹង ក្លាយទៅជា​មនុស្ស​អាក្រក់​ខ្លាំង​បើ​ចិត្តស្អាត​ហើយ បូក​នឹង​ចំណេះដឹង​ខ្លាំង គឺ​ស្មើនឹង ក្លាយទៅជា​មនុស្ស​កាន់តែ​ខ្លាំង ជាទី​ពឹង​នៃ​អ្នក​ទន់ខ្សោយ​ដទៃ​។ អ៊ីចឹង​ហើយ យើង​ចេះតែ​ឃើញ ដោយ​មិនថា​សង្គម​ណា​ទេ គឺ​តែង​មាន​អ្នក​ខ្លាំង អ្នក​ពូកែ ហើយ​អ្នក​ខ្លាំង​ខ្លះ​ក៏​ជា​មនុស្ស​ល្អ អ្នក​ខ្លាំង​ខ្លះ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។ អា​ឌុល អ៊ី​ត្លែ​រ ខ្លាំង តែ​អាក្រក់ និង​អ្នក​ផ្តាច់​ជាច្រើន​ទៀត​ខ្លាំង តែ​ឃោរឃៅ។ តើ​យើង​ធ្លាប់​ឆ្ងល់​ពី​ចំណុច​នេះ​ទេ​? ហេតុអ្វី​ត្រូវ​ខុសត្រូវ​ជាមួយ​ខ្លួនឯង​? អ្វី​ដែល​រៀបរាប់​ខាងលើ គឺជា​បញ្ហា​វប្បធម៌ និង​សង្គមវិជ្ជា។ អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ជា​ទស្សនៈ គឺ យើង​ត្រូវ​ធ្វើជា​អ្នក​អនុ​វត្ត​ទ្រឹ​ស្តី​ដោយខ្លួនឯង ទោះ​ខុសត្រូវ​យ៉ាងណា​ ចូរ​ធ្វើ​សិន ដោយ​កុំ​ទាន់​ឈ្លោះ​គ្នា​ជាមួយ​អ្នកដទៃ​។ រឿង​ខ្លះ បើ​យើង​យល់ថា ខុស​ ក៏​និយាយ​ត្រឹមតែ​មួយ​ឬពីរ​ម៉ាត់​ហើយ ក៏​ចប់​ទៅចុះ ដ្បិត​អ្នកដទៃ​យល់​ខុស​ឬត្រូវ វា​លែង​ជា​រឿង​របស់​យើង​ទៀតហើយ តែ​រឿង​របស់​យើង តួនាទី​របស់​យើង គឺ​បាន​បញ្ចប់​ហើយ ពេល​ដែល​យើង​ប្រាប់​ពី​វិធី​ត្រូវ។

ក្រៅពីនោះ អ្វី​ៗ គឺ​បុគ្គល​អ្នក​យល់​បែប​ណា ជា​អ្នកទទួល​ខុសត្រូវ​ដោយខ្លួនឯង។ អ្នក​គិត​បែប​ណា ធ្វើបែប​ហ្នឹង។ ធ្វើបែប​ណា លទ្ធផល​បែប​​ហ្នឹង។ លទ្ធផល​ទុក្ខ​ឬសោក គឺ​បុគ្គល​ជា​អ្នក​គិត ​ត្រូវ​ទទួលកម្ម​​ផល​ដោយខ្លួនឯង។ ចំពោះ​ការជំទាស់​នេះ ខ្ញុំ​ពុំ​មានន័យថា​ពុំ​ឱ្យ​មានការ​ទាស់​ទេ តែ​សំខាន់​ឱ្យ​ប្រាកដ​ថា​ខ្លួនឯង​ត្រូវ និងមាន​ដល់​សង្គម​។ មាន​អ្នក​ទាស់​ត្រូវជា​ច្រើន ដូចជា​អ្នកប្រាជ្ញ​ចិន ស៊ូ តុង​ប៉ ជា​ដើម។ ស៊ូ តុង​ប៉ ជា​អ្នកមាន​សមត្ថភាព​ដែល​មិនថា​អ្នកណា គឺ​សុទ្ធតែ​ចង់បាន​ស៊ូ​តុង​ប៉ម​ករួមការ​ងារ​ជាមួយ តែ​ចរិត​អ្នកប្រាជ្ញ​នេះ គឺ​រឹង​រួស​បន្តិច។ ការ​រឹង​រួស​នេះ គឺ​ពុំមែន​ហៅថា​រឹង​រួស​ទេ តែ​ជាច​រិត​មនុស្ស​មាន​គោលការណ៍​ច្បាស់លាស់​ ដ្បិត​ដោយសារតែ​ស៊ូ​តុង​ប៉​ដឹងខ្លួន​ឯង​ថា​ខ្លួន​កំពុង​ធ្វើអ្វី ហើយ​ហេតុផល​អ្វី​ត្រូវ​ធ្វើបែប​នេះ។ ស៊ូ តុង​ប៉​ អាចយ​កតំណែង​ជា​ឧបរាជ​ពេលណាក៏បានដែរ ឬបើ​មិន​ចង់​ធ្វើការ​បម្រើ​នគរ គឺ​ចាំតែ​សរសេរ​​អត្ថបទ​កំ​ណា​ព្យ​ល្អ​ៗ សរសើរ​មន្រ្តី​អា​ក្រ​ក់ៗ ក៏អាច​រស់​ស្រួល​ដែរ។ បើ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ក្លាយទៅជា​អ្នក​សរសេរ​ទេ ឬជា​ស្មេរ​សរសេរ​អត្ថបទ​ទេ​?

បើ​​ឱ្យ​ខ្ញុំ​ជ្រើសរើស ខ្ញុំ​រើស​យក​ការ​ធ្វើ​ជាក់ស្តែង ហើយ​មិន​ធ្វើជា​អ្នក​សរសេរ​ទេ ដ្បិត​ការ​សរសេរ​ គឺ​ត្រូវ​ស្រាវជ្រាវ​ច្រើន រៀន​ពី​បទ​ពិ​សោ​ធចាស់​ៗច្រើន យកចំណេះ​ដឹង និង​បទ​ពិសោធ​មក​អង្គុយ​វាស់​ថ្លឹង ពិចារណា ហើយ​ថែម​ទាំង​​ប្រើ​ថាមពល​គិត​អស់​ច្រើនណាស់។ សរុបចុង​ក្រោយ ធ្វើ​ទើបបាន​ផល​មក​ខ្លួនឯង តែ​មិនមែន​និយាយ​ទេ។ ការ​និយាយ​បាន​ត្រឹមតែ​ចែក​គំនិត​ប៉ុណ្ណោះ។ មិនខ្វះទេ អ្នក​ដែល​ចេះ​យល់ឃើញ​ តែ​ខ្វះតែ​អ្នក​ដែល​យក​ការយល់ឃើញ​ទៅ​ធ្វើ​ជាក់ស្តែង​ប៉ុណ្ណោះ។ យើង​​អាច​និយាយ​ស្រែក​ដាក់​មេក្រូ តែ​សំឡេង​ដែល​ឮបំផុត គឺជា​សំឡេង​នៃ​ទង្វើ​​ជាក់ស្តែង​។ នៅក្មេង វ័យ​រៀន ត្រូវ​ប្រឹងរៀន​ឱ្យ​​ចេះ​ច្បាស់ ហាត់​ចិត្ត​ឱ្យ​ចាស់ទុំ ហើយ​ជៀសវាង​ការ​និយាយ​ឈ្លោះ​គ្នា​ឥត​ប្រយោជន៍​។ គោលដៅ​នៃ​ចំណេះដឹង គឺ​យក​​ចំណេះ​ទៅ​ប្រើ​ឱ្យ​ចេញ​ជា​លទ្ធផលល្អ​។ ពេល​កំពុង​ប្រើ​ចំណេះដឹង បើ​ចេះ​គេច ក៏​គេច​ពី​រឿង​ឈ្លោះ​ខ្លះ ជាពិសេស​ពេល​កំពុង​អនុ​វត្ត​ទ្រឹ​ស្តី ដ្បិត​ការរវល់​ឈ្លោះ គឺ​នាំ​ឱ្យ​ខាតពេល​ធ្វើ។ អ្នក​ឆ្លាត កុំ​ឆោត​ឱ្យ​អ្នកដទៃ​នាំ​ឈ្លោះ​បាន។ ឈ្លោះ​ខ្លះ​មានប្រយោជន៍ ឈ្លោះ​ខ្លះ​ខាតពេល តែបើ​ត្រូវតែ​ឈ្លោះ​ហើយ គឺ​ត្រូវ​ឈ្លោះ​ឱ្យ​ត្រូវ។ ប្រឹងប្រែង​រៀនសូត្រ និង​យក​ចំណេះ​ដឹង​ទៅ​បង្កើ​តជា​ផ្លែផ្កា​​សម្រាប់​ខ្លួន​ឯង​ គ្រួសារ និង​សង្គម​​!!
 ---------------------------
Cr. Lam Lim

Sunday, June 7, 2020

គួរបន្ទោសអ្នកណា?


គ្រាប់ពូជ​ដំណាំ​ដែល​នឹង​លូតលាស់​បាន​ល្អ គឺ​ត្រូវ​ដាំ​លើ​ដី​ល្អ​ដែរ។ មនុស្ស​ខ្លាំង ក្រៅតែ​ពី​មានខ្លួន​ឯង​ខ្លាំង​ហើយ ក៏​ត្រូវការ​អ្នក​ជ្រោមជ្រែង​ដែរ។ ចេះ​ជួយ​ខ្លួនឯង តែ​ព្រះ​មិន​អាណិត​ជួយ​បន្ថែម ក៏​ពិបាក​នឹង​លូតលាស់​ល្អ​បំផុត ឬបើ​ព្រះ​ជួយ​យើង តែ​យើង​មិន​ជួយ​ខ្លួនឯង​ទេ ក៏​មិន​លូតលាស់​ល្អ​បំផុត​ដែរ។ ក្នុង​សង្គម​ក៏​អ៊ីចឹង​ដែរ បើ​មានតែ​មេដឹកនាំ​ល្អ តែ​ខ្វះ​ប្រជាជន​ចេះ ក៏​មិនបាន ឬបើ​មាន​ប្រជាជន​ចេះ តែ​ខ្វះ​មេដឹកនាំ​ល្អ ក៏​ពុំកើត​ដែរ។

បន្ថែម​ពីនេះ រឹតតែ​វេទនា រឹតតែ​លំបាក គឺ​មេដឹកនាំ​មិន​ចេះ ប្រជាជន​មិន​ចេះ តើ​អ្នកណា​ជ្រោមជ្រែង​អ្នកណា ប្រៀប​ដូចជា​ក្សត្រ​អត់​ទីប្រឹក្សា ឬទីប្រឹក្សា​មានតែ​ចំណេះដឹង តែ​មិនដឹង​ប្រើ​សមត្ថភាព​ជាមួយ​ក្សត្រ​អង្គ​ណា។ នៅពេល​ណា​ដែល​យើង​នៅតែ​អវិជ្ជា យើង​នឹង​មិន​អាច​ដឹង​ថា តើ​មេដឹកនាំ​ណា​ដែល​យើង​គួរ​ដើរតាម ឬមេដឹកនាំ​ណា​ដែល​សម្តែង​ធ្វើល្អ​ដើម្បី​បោក​យើង​...?

តើ​យើង​អាច​នឹង​មាន​សមត្ថភាព​មើល​មេដឹកនាំ ឬតាមទាន់​ល្បិច​អ្នកនយោបាយ​អាក្រក់​បែប​ណា បើ​គ្រាន់តែ​សៀវភៅ​ពីរបី​ក្បាល យើង​មិន​អាច​អាន​យល់​ផង​? កុំថាឡើយ​ដល់​អាន​បាន​យល់ តែ​សូម្បីតែ​ចិត្ត ចង់​អាន​ឱ្យ​យល់​ ក៏​មិនទាន់​មាន​ផង។ ពុំ​ចាំបាច់​សួរ​ថា អាច​អាន​យល់ ឬអត់ ទេ តែ​តើ ចិត្ត​ចង់​ ឬមិន​ចង់។

នឹង​អាន​យល់ បើ​យើង​ចង់ ព្រោះ ចិត្ត​ចង់​ចេះ​ វា​នឹង​ធ្វើ​ឱ្យ​យើង​រក​វិធី​អាន​ឱ្យ​យល់ ព្យាយាម​អាន​មិនឈប់ រហូតដល់​យល់។ ពេលខ្លះ​ទៀត បើ​សូម្បីតែ​អ្នក​ដែល​ប្រឹង​ជួយ​យើង យើង​មិនដឹង​ថា​គេ​ជួយ​ផង ឬបើ​សូម្បីតែ​គេ​បោក​យើង យើង​មិនដឹង​ថា​គេ​បោក​ផង​, តើ​អនាគត​យើង​ទៅជា​យ៉ាងណា​? មិន​ស្គាល់​មិត្ត​មិន​ស្គាល់​សត្រូវ ច្រឡំ​អ្នកជួយ​ថា​អ្នក​បោក ច្រឡំ​អ្នក​បោក​ថា​អ្នកជួយ​...។ គួរ​បន្ទោស​អ្នកណា​? បន្ទោស​ព្រោះ​យើង​មិន​ចេះ​? ត្រូវតែ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​!!

------------------------------------
Cr. Lam Lim

ម៉ាឈែវ៉ែលី​?


ពេលណា​និយាយ​ពី​ឈ្មោះ​នយោបាយ​វិទូ​អ៊ីតាលី ម៉ា​ឈែ​វ៉ែ​លី​, មនុស្ស​ដែល​ធ្លាប់​អាន​បាន​​សៀវភៅ​ដែល​មាន​ចំណងជើង​ថា សម្តេច​ ជាពិសេស​អ្នក​សិក្សា​ទស្សនវិជ្ជា ឬអ្នក​សិក្សា​នយោបាយ គឺ​នឹង​ដឹង​ភ្លាម​ថា​ម៉ា​ឈែ​វ៉ែ​លី​ជា​អ្នកនយោបាយ ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​។ ក្នុង​ទ្រឹ​ស្តី​នយោបាយ អ្នកនយោបាយ គឺ​ពុំងាយ​នឹង​ទុកចិត្ត​អ្នកណា​ម្នាក់​ឡើយ។ ម៉ា​ឈែ​វ៉ែ​លី (Niccolò Machiavelli​) និយាយ​​ថា កុំ​ទុកចិត្ត​សូម្បីតែ​មិត្តភក្តិ​របស់​អ្នក ព្រោះ​ថ្ងៃស្អែក​មិត្ត​អាច​ក្លាយទៅជា​សត្រូវ។ កុំ​និយាយ​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សត្រូវ​របស់​អ្នក ព្រោះ​សត្រូវ​ថ្ងៃនេះ គឺ​អាច​ក្លាយទៅជា​មិត្ត​នៅ​ថ្ងៃស្អែក​។ នេះ​ជា​ការ​បង្រៀន​​របស់អ្នក​នយោបាយ​កញ្ជ្រោង។

ការងារ​ទាំងឡាយ​ណា​ដែល​ចាត់​ចូល​ការងារ​នយោបាយ គឺ​មិន​ងាយ​នឹង​កើតឡើង​ចៃដន្យ​​ឡើយ ដ្បិត​មានតែ​ការរៀបចំ​ទុកមុន​ប៉ុណ្ណោះ។ ប្រទេស​ដែល​លក់​អាវុធ ក៏អាច​ជា​ប្រទេស​ដែល​ជា​ប្រភព​នៃ​ការ​ញុះ​ញ៉ុង​ឱ្យ​ប្រទេស​ដទៃ​ឈ្លោះ​គ្នា​ដែរ។ ពេលណា​មាន​សង្គ្រាម​កើតឡើង ផលិតផល​អាវុធ​នឹង​មាន​ទីផ្សារ។ អ្នកចេះ​មន្តអាគម​គាថា ដែល​ទើបតែ​រៀន​ព្យាបាល​ជំងឺ​ដំ​បូងៗ អាច​ដាក់​អំពើ​ផ្លូវ​ក្នុង​​ដល់​អ្នកដទៃ រួចហើយ​សាកល្បង​ព្យាបាល​ដោយខ្លួនឯង។ គ្រូ​ក៏​ជា​ខ្លួនឯង ហើយ​ការ​ដាក់​អំពើ​ងងឹត​ផ្លូវ​ក្នុង​ដល់​អ្នកដទៃ ក៏​ជា​ខ្លួនឯង (មនុស្ស​តែមួយ​)។ នយោបាយ​វិទូ​អ៊ីតាលី ម៉ាឈែវ៉ែលី​ និយាយ​ទៀត​​ថា មធ្យោបាយ​ការពារ​ខ្លួនឯង​ដ៏​ល្អ​បំផុត គឺ​ឈ្លានពាន​អ្នកដទៃ​។ អ្នកនយោបាយ​ផ្តាច់​ការ​សម័យ​មុន​ៗ ដូចជា​អា​ឌុល អ៊ី​ត្លែ​រ បាន​ប្រើប្រាស់​មធ្យោបាយ​កម្ទេច​សត្រូវ ឬអ្នកប្រឆាំង​តាមរយៈ​លេស​ការពារ​ប្រជាជន។

អ៊ី​ត្លែ​រ រៀបចំ​កម្លាំងទ័ព​ការពារ​អំណាច​ខ្លួនឯង ក្រោម​លេស​ការពារ​ប្រជាជន ដែល​មិន​ខុសពី​ទស្សនៈ​នីតិ​វិទូ​បារាំង ម៉ុង​តេ​ស្គី យ័រ (Michel de Montaigne​) ដែល​ថា ការ​ការពារ​អំណាច​ដ៏​ស្របច្បាប់ គឺ​យក​ច្បាប់​មក​ការពារ​អំណាច​ខ្លួនឯង ក្រោម​លេស​ដើម្បី​ប្រជាជន​។ អ្នកប្រាជ្ញ​ចិត្ត​វិញ្ញាណ​ឥណ្ឌា អូស្ហូ (Osho​) បាន​ធ្វើ​បាឋកថា​ស្តី​ពី​ឥរិយាបថ​អ្នក​ផ្តាច់​ការ ដោយ​លោក​សង្កត់ធ្ងន់​ថា អា​ឌុល អ៊ី​ត្លែ​រ ប្រើ​លេស​ការពារ​ប្រជាជន ដើម្បី​វាយប្រហារ​សត្រូវ​ខ្លួនឯង ក្នុង​ន័យ​ការពារ​អំណាច​ខ្លួនឯង​ឱ្យ​គង់វង្ស​បាន​យូរ។ គ្មាន​មេដឹកនាំ​ណា​ម្នាក់​និយាយ​ថា <ខ្ញុំ​ធ្វើ​ដើម្បី​ការពារ​អំណាច​ខ្ញុំ​ទេ តែ​មានតែ​និយាយ​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ គឺ​ការពារ​ប្រជាជន​>
____
សៀវភៅ​នយោបាយ​ដែល​យុវជន​គួរ​អាន​បន្ថែម៖ សម្តេច ឬ The Prince​, ​និពន្ធ​ដោយ Niccolò Machiavelli​, សៀវភៅ ការ​តស៊ូ​របស់ខ្ញុំ ឬ Mein Kampf​, និពន្ធ​ដោយ Adolf Hitler​ | ក្រៅពី​អាន គឺ​ត្រូវ​ចេះ​វិភាគ​អំពី​បរិបទ និង​ឥរិយាបថ​អ្នកនយោបាយ​ផង​ដែរ
រូបភាព Google.com

ជួយជាតិដោយរបៀបណា?


សម្តីរបស់យុវជនទាំងឡាយ ដែលនិយាយថាស្រឡាញ់សង្គមឬចង់ជួយជាតិ គឺនឹងក្លាយទៅជាសំរាមឥតប្រយោជន៍តាមផ្លូវ ឬក៏ក្លាយទៅជាទឹកស្អុយបង្ហូរតាមលូដ្បិតបើសម្តីទាំងនោះ នៅតែល្អពិរោះជាងការប្រតិបតិ្តជាក់ស្តែង។

យុវជនដែលមានទឹកចិត្តស្រឡាញ់សង្គមមានច្រើន តែយុវជនដែលហ៊ាននិយាយពីបញ្ហាសង្គមនិងនយោបាយគឺមានតិចតូចបំផុត។ យុវជនដែលនិយាយថាស្រឡាញ់ ស្រឡាញ់សង្គមមានច្រើន តែយុវជនដែលប្រឹងចុះដៃចុះជើងជួយសង្គមមានតិច។ តើប្រជាជនគ្រប់វ័យ ត្រូវជួយសង្គមដោយរបៀបណាទៅហ្ន៎?

មនុស្សចាស់ត្រូវបណ្តុះក្មេងនិងផ្ទេរបទពិសោធដល់ក្មេងជំនាន់ក្រោយ ហើយក្មេងៗជំនាន់ក្រោយត្រូវប្រឹងប្រែងរៀន។ មិនត្រឹមតែប៉ុណ្ណោះមនុស្សចាស់ជំនាន់មុននិងក្មេងៗជំនាន់ក្រោយ ត្រូវរក្សាភាពជាគំរូនូវគ្រប់សកម្មភាពរបស់ខ្លួន។

ទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយ មិនមែនវាស់ដោយមាសប្រាក់នោះទេ តែត្រូវវាស់ដោយការសិក្សាអប់រំរបស់ប្រជាជន គតិបណ្ឌិតរបស់ប្រជាជន និងភាពរឹងប៉ឹងមាំមួនរបស់យុវជន។ យុវជនមានមូលដ្ឋានគ្រឹះរឹងមាំមានការតាំងចិត្តសិក្សាខ្ពស់ មានឧត្តមគតិស្នេហាជាតិពិត ស្នេហាទឹកដីប្រាកដ មានឆន្ទៈបម្រើប្រជាជន នោះជាតិនឹងរឹងមាំជាមិនខានឡើយ៕

--------------------------------------------
Cr. ប្រតិទិនទស្សន:៣៦៥ថ្ងៃ

ទ្រុងគំនិត


ជីវិត​រស់នៅ​របស់​បុគ្គល​ម្នា​ក់ៗ គឺ​តែងតែមាន​ទំនាស់ ដែល​ការទាស់ទែង​នេះ វា​តែង​កើតឡើង​ចេញពី​ខ្លួនឯង​មុន ទើប​បង្ក​ដល់​អ្នក​ជុំវិញ​ខ្លួន​តាម​ក្រោយ។ នៅពេល​ណា​ដែល​សួរ​ថា ហេតុអ្វី​អ្នកខ្លះ​ចេះដឹង​ដែរ តែ​ហាក់បីដូចជា​មិន​មាន​សន្តិភាព​ជាមួយ​ខ្លួនឯង​សោះ​? មូលហេតុ គឺ​គ្មានអ្វី​ផ្សេង ក្រៅតែ​ពី​ការទាស់ទែង​ជាមួយ​ខ្លួនឯង​មុន​ទេ។ សង្គម​ក៏ដោយ គឺ​សង្គម​ដែល​មាន​ទំនាស់ មនុស្ស​ចូលចិត្ត​ទាស់ទែងគ្នា កាច់​មួល​គ្នា យក​ប្រាជ្ញាឈ្លាស​វៃ​មក​ជាន់ឈ្លី​អ្នកតូច​តាច​....គឺ​ដោយសារតែ​ការទាស់ទែង​ជាមួយនឹង​ខ្លួនឯង។ ឥរិយាបថ​បែបនេះ ពីព្រោះ​តែ​បញ្ហា​ចំណេះដឹង ហើយនិង​ចិត្ត​មិនទាន់​ស្របគ្នា។ ចំណេះ (ខួរក្បាល​) វា​អាច​ទាស់ទែង​នឹង​ចិត្ត (បេះដូង​)។ ខួរក្បាល​ថ្នាក់​ហេតុផល វា​អាច​ទាស់ទែង​នឹង​ចិត្ត​ថ្នាក់​បេះដូង។ ទ្រឹ​ស្តី វា​អាច​ទាស់ទែង​នឹង​ការអនុវត្ត។ អ្ន​កទ្រឹ​ស្តី អាច​ទាស់ទែង​នឹង​អ្នក​ចិត្ត​វិញ្ញាណ។ បើ​និយាយ​ឱ្យ​ងាយ​យល់ គឺ​ចិត្ត​និង​គំនិត ទាស់ទែងគ្នា ឬបើ​ភាសា​ស្នេហា គឺ​ខួរក្បាល​និង​បេះដូង​ប្រឆាំង​គ្នា។ នៅក្នុង​លោក​យើង​នេះ មានគំនិត​ជាច្រើន មាន​ទស្សនៈ​ជាច្រើន មានការ​បង្រៀន​ជាច្រើន មាន​បុគ្គល​ត្រាស់​ដឹង​ជាច្រើន​រាប់មិនអស់​ទេ។ បើ​និយាយ​ក្នុង​សា​សា​នា អ្នកខ្លះ​គោរព​សាសនាព្រះពុទ្ធ អ្នកខ្លះ​គោរព​សាសនា​ហិណ្ឌូ អ្នកខ្លះ​គោរព​អ៊ី​ស្លាម អ្នកខ្លះ​គោរ​ពស៊ិ​ក អ្នកខ្លះ​គោរព​លទ្ធិ​តៅ​...។ ក្រៅពី​ទំនាស់​សាសនា ជាពិសេស​ការ​បែកបាក់​និកាយ ក៏​មាន​ទំនាស់​ផ្នែក​គំនិត​រវាង​ទស្សនវិទូ​និង​ទស្សនវិទូ អ្នកប្រាជ្ញ​និង​អ្នកប្រាជ្ញ​ផង​ដែរ​...។

ខ្ញុំ​សុំ​អនុញ្ញាត​បើក​វង់ក្រចក​បន្តិច។ អ្នកខ្លះ​រៀនសូត្រ​បាន​ច្រើន ចេះ​ទ្រឹ​ស្តី​អ្នកប្រាជ្ញ​ច្រើន យល់ដឹង​គំនិត​ទស្សនវិទូ​ច្រើន ក៏​ចេះ​យក​មក​​បង្ហាញ ហើយ​កំណត់​ថា គំនិត​អ្នកប្រាជ្ញ គឺ​ត្រូវ​ដាច់ខាត​។ មិនមែន​សូ​ក្រាត​មាន​ទស្សនៈ​ត្រឹមត្រូវ​ទាំងអស់​ទេ។ មិន​មែន​អាល់​ប៊ឺ​ត អា​ញស្តា​ញ មានគំនិត​ត្រឹមត្រូវ​ទាំងអស់​ទេ​...។ ការយល់​ថាឱ្យ​តែ​អ្នកប្រាជ្ញ ឬទស្សនវិទូ គឺ​ត្រូវ​គ្រប់​រឿង ឬមាន​ទស្សនៈ​ត្រឹមត្រូវ​ទាំងអស់ គឺជា​ការយល់​មិន​ត្រឹមត្រូវ​ឡើយ ដ្បិត​គំនិត​ទស្សនវិទូ​ទាំងឡាយ​ក្នុង​លោក មានគំនិត​ប្រឆាំង​គ្នា ស៊ីសាច់​ហ៊ុត​ឈាម​គ្នា​ច្រើនណាស់ ឬសូម្បីតែ​អ្នក​ត្រាស់​ដឹង​ក្នុង​ផ្នែក​សាសនា ក៏​មាន​ចំណុច​មិន​ស្របគ្នា​ច្រើនណាស់​ដែរ។ អ៊ីចឹង តើ​មួយ​ណា​ត្រូវ មួយ​ណា​ខុស ហើយ​យើង​ប្រកាន់​ច្រើន​ក្នុង​រឿង​ដែល​មិន​គួរ​ប្រកាន់ តើ​បាន​ប្រយោជន៍អ្វី​? ខ្ញុំ​ពេញចិត្ត​ជា​ខ្លាំង​ចំ​ពោះ​ទ្រឹ​ស្តី​ពុទ្ធនិយម​ត្រង់​ចំណុច​គម្ពីរ​កា​ឡាម​សូត្រ ដែល​លើកឡើង​ពី ការ​ឱ្យ​ជឿ​ឬមិន​ឱ្យ​ជឿ តែ​ត្រូវ​ពិសោធ​ខ្លួនឯង​សិន​។ បុរស​ម្នាក់​ដែល​មាន​ជំនឿ​លើ​ព្រះរាម - Rama (បុរស​ម្នាក់​នេះ​បាន​ជឿ​ថា​មាន​ព្រះ​រួចហើយ តែ​គ្រាន់តែ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់ ដ្បិត​ទាន់​ឱកាស​អ្នក​ត្រាស់​ដឹង​នៅ​ទីនេះ​) បាន​ទៅ​សួរ​ព្រះពុទ្ធ​ដែល​ជា​បុគ្គល​ត្រាស់​ដឹង​ថា តើមាន​ព្រះ​ឬទេ​? ព្រះពុទ្ធ​មានពុទ្ធដីកា​ថា មិន​មាន​ទេ​។ បុរស​ម្នាក់​ដែល​មិន​មាន​ជំនឿ​លើ​ព្រះ​សោះ (បុរស​ម្នាក់​នេះ​បាន​ជឿ​ថា​គ្មាន​ព្រះ​រួចហើយ តែ​គ្រាន់តែ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់ ដ្បិត​ទាន់​ឱកាស​អ្នក​ត្រាស់​ដឹង​នៅ​ទីនេះ​) បាន​សួរ​ព្រះពុទ្ធ​ថា តើ​មិន​មាន​ព្រះ​ទេ មែនទេ​? ព្រះពុទ្ធ​តប​ថា មាន​ព្រះ​។ រឿង​អប់រំ​នេះ​ត្រូវ​ពិចារណា​ដោយខ្លួនឯង។

ទស្សនៈ​ខ្លះ វា​ត្រូវ​សម្រាប់​យើង តែ​ខុស​ម្រាប់​គេ ឬត្រូវ​សម្រាប់​គេ តែ​ខុស​សម្រាប់​យើង។ កាក់​មួយ​ដែល​មាន​ពីរ​ខាង។ នេះ​ជា​រឿង​ធម្មតា​ក្នុង​សង្គមមនុស្ស​ទូទៅ ហើយ​ការ​ប្រកាន់​ពេក​នេះ ក៏​នាំ​ឱ្យ​មនុស្ស​មានទុក្ខ​ច្រើន​ដែរ។ សម័យនេះ គឺជា​យុគ​ព័ត៌មាន​ដ៏​សម្បូរ​បែប ដ្បិត​អ្នកណា​ដែល​ពូកែ​​ស្រាវជ្រាវ ពូកែ​អាន គឺ​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន។ លក្ខណៈ​ពិសេស​របស់​ព័ត៌មាន គឺ​ការ​បម្លែង​ព័ត៌មាន​ឱ្យ​ក្លាយទៅជា​ចំណេះដឹង ហើយ​បម្លែង​ចំណេះដឹង​ឱ្យទៅ​ជា​ការអនុវត្ត​ជាក់ស្តែង​ដែល​នាំ​ប្រយោជន៍។ អ្នក​ដែល​ជាប់​នូវ​សេចក្តី​ប្រកាន់​ខ្ជាប់ គឺ​មិនសូវ​ខ្វល់​ពី​លទ្ធផល​ដែល​ជា​ប្រយោជន៍​ទេ តែ​ខ្វល់​ថា តើ​ព័ត៌មាន​នេះ ចំណេះ​នេះ ឬគំនិត​នេះ​មក​ពីណា​? អ្នក​អាច​ចាំ​គម្ពីរប៊ីប​បាន​ច្បាស់​, អ្នក​អាច​ចាំ​ព្រះ​ត្រៃបិដក​បាន​ច្បាស់​, អ្នក​អាច​ចាំ​គម្ពី​គួរ​អាន​បាន​ច្បាស់​.... តែបើ​សមត្ថភាព​បញ្ញា​នៅ​ខ្សោយ មិន​ចេះ​ជំនាញ​ពិចារណា​ទេ គឺ​បាន​ត្រឹមតែ​ចាំ ហើយ​សូត្រ​តាម​ប៉ុណ្ណោះ។ [...] បើ​មិន​មក​ពី​ព្រះ​របស់​អញ បើ​មិន​មក​ពី​បុគ្គល​ដែល​អញ​បូជា គឺ​គំនិត​នេះ​មិន​ត្រឹមត្រូវ​ឡើយ​...។ ការរស់នៅ​តាម​ក្បួនខ្នាត វា​គឺ​រឿង​សំខាន់ តែ​សម្រាប់​អ្នក​ចិត្ត​វិញ្ញាណ​​ដែល​មិន​ជាប់ទ្រុង​គំនិត គឺ​បាន​ដើរ​ផុត​ចំណុច​នេះ​ហើយ។ អ្នក​ចិត្ត​វិញ្ញាណ​និង​បុគ្គល​ត្រាស់​ដឹង​ធំៗ​លើ​លោក​យល់ថា មនុស្ស​មាន​សមត្ថភាព​ដ៏​អស្ចារ្យ អាច​ដឹកនាំ និង​គ្រប់គ្រង​វាសនា​ខ្លួនឯង​បាន ដោយ​ពុំគួរ​មាន​អ្នក​បង្គាប់បញ្ជា​ទេ​។ ទ្រឹ​ស្តី​ពុទ្ធនិយម​មាន​ទស្សនៈ​ថា នៅពេល​ណា​ដែល​សិស្ស​ត្រៀមខ្លួន​រួចរាល់​ហើយ គ្រូ​នឹង​មកដល់​។ ខ្មែរយើង​ក៏​មាន​ទស្សនៈ​ថា មនុស្សយើង​អាច​ដឹកគោ​ទៅ​មាត់បឹង តែ​យើង​មិន​អាច​បង្ខំ​ឱ្យ​សត្វ​គោ​ផឹកទឹក​បានទេ (សត្វ​គោ​ត្រូវ​ផឹកទឹក​ដោយខ្លួនឯង​)

គ្មាន​នរណា​ម្នាក់​អាច​ស្លាប់​ជំនួស​យើង ឬអាច​រស់​ជំនួស​យើង​បានទេ តែ​មានតែ​យើង​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ត្រូវ​រស់នៅ​ទទួលខុសត្រូវ​លើ​ខ្លួនឯង។ ចំណេះដឹង​ក៏​វា​មាន​លក្ខណៈ​ស្រដៀងនឹង​អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង​ដែរ ដ្បិត​គ្រូ​ជា​អ្នកបង្ហាញ​ផ្លូវ​យើង តែ​យើង​ព្រម​បន្តដំណើរ ឬយ៉ាងណា វា​ជា​រឿង​របស់​យើង។ ចំណេះដឹង​វា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ឱ្យ​យើង តែ​យើង​ព្រម​ដើរ​ឬយ៉ាងណា វា​ជា​រឿង​របស់​យើង។ ក្នុង​ទ្រឹ​ស្តី​ចិត្ត​វិញ្ញាណ ចំណេះដឹង​ចាត់ទុក​ប្រៀប​ដូចជា​ទូក​សម្រាប់​ចម្លង​យើង​ឱ្យ​ឆ្លង​សមុទ្រ។ បើ​ទូក​ល្អ ទូក​មាំ គឺ​យើង​អាច​នឹង​ឆ្លង​​សមុទ្រ​បាន​លឿន តែបើ​ទូក​មិនល្អ ទូក​ធ្លុះធ្លាយ គឺ​យើង​នឹងអាច​ស្លាប់​កណ្តាល​សមុទ្រ ប្រៀប​ដូចជា​ចំណេះដឹង​ដែល​យើង​មាន បើជា​ចំណេះដឹង​ត្រឹមត្រូវ វា​នឹង​លើក​ជីវិត​យើង​ឱ្យ​ផុត​ទុក្ខ​យ៉ាង​លឿន តែបើ​វា​ជា​ចំណេះដឹង​គ្មាន​គុណភាព​ទេ វា​នឹង​ធ្វើ​ឱ្យ​យើង​វង្វេង ឬលិចខ្លួន​កណ្តាល​សមុទ្រ​ជីវិត។ ចំណេះដឹង វា​សំខាន់​នៅ​គ្រាដំបូង តែ​ត្រូវ​បោះបង់ចោល​នៅ​គ្រាបញ្ចប់។ រៀន​ចេះ​ហើយ តែ​មិន​ធ្វើ និង​ធ្វើ​ដោយ​មិនបាន​រៀន គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ជីវិត។ អ្នកខ្លះ​បដិសេធ​ចំណេះដឹង​ក្នុង​គ្រាអាសន្ន ស្រប​ពេល​ដែល​ជីវិត​ខ្លួនឯង​មិន​មាន​អ្វី​សោះ។ តើ​បុគ្គល​ត្រូវ​ឆ្លង​សមុទ្រ​យ៉ាងដូច​ម្តេច បើ​គ្មាន​ទូក​? តើ​បុគ្គល​អាច​ត្រាស់​ដឹង​យ៉ាងណា បើ​គ្មាន​ចំណេះដឹង​? ព្រះពុទ្ធ​មុន​ត្រាស់​ដឹង ក៏​មានចំណេះ​ដឹងពី​ក្រៅ​ខ្លួន​មិន​តិចច្រើន​ដែរ។ ពេល​ព្រះអង្គ​យកចំណេះ​ដឹង​ដែល​បាន​រៀនសូត្រ​មក​ពិសោធ (ពិចារណា​ឃើញ​ខ្លួន​ឯង​) ឃើញថា​វា​មិន​អាច​នាំ​ឱ្យ​រួចចាក​ផុត​ទុក្ខ​ទាល់តែសោះ។ នេះ​ជា​ការ​ឧទាហរណ៍​ប្រៀបធៀប​ប៉ុណ្ណោះ ដ្បិត​ឥរិយាបថ​ព្រះអង្គ គឺជា​បុគ្គល​បដិវត្ត​ពិ​តៗ​នាសម័យនោះ។ មូលហេតុ គឺ​ដោយសារតែ​ប្រឆាំង​នឹង​គំ​និ​តចាស់​ៗ របៀប​​របប​ចាស់​ៗ ប្រពៃ​ណី​ចាស់​ៗ និង​ខុសពី​ក្បួន​ចាស់​ៗ។

បើសិនជា​សិក្សា​ប្រៀបធៀប គោលគំនិត​របស់​អ្នកប្រាជ្ញ​ចិន ខុង ជឺ និង​ឡៅ ជឺ ដែល​ឡៅជឺ គឺ​អ្នក​ចិត្ត​វិញ្ញាណ ឬបុគ្គល​ត្រាស់​ដឹង ហើយ​ឡៅជឺ មិន​ឱ្យ​តម្លៃ​ខុងជឺ​ទេ ដ្បិត​ខុងជឺ​ជា​មនុស្ស​ដែល​បង្រៀន​មនុស្ស​ឱ្យ​នៅ​ជាប់នឹង​ប្រពៃណី វប្បធម៌ ក្បួនច្បាប់...។ ផ្ទុយទៅវិញ ឡៅ ជឺ គឺជា​បុគ្គល​ដើរ​ផុត​ពីរ​បៀ​បរ​បប​វប្បធម៌ ឬក្បួនច្បាប់​ដែល​ជា​ទ្រុង​នៃ​ជីវិត​អ្នក​ត្រាស់​ដឹង។ តើ​នៅ​ជាប់ទ្រុង​កន្លែងណា​? ខ្ញុំ​រក​កន្លែង​ដែល​យល់​ផ្សេង​ក្រៅពី​នេះ​មិនបាន ទោះ​ខ្ញុំ​បាន​ឈ្វេង​យល់​ខ្លះ​ៗពី​គំនិត​របស់​អ្នកប្រាជ្ញ និង​អ្នក​ចិត្ត​វិញ្ញាណ​ផ្សេង​ដោយ​ថា អ្នក​ដែល​ពូកែ​ខាង​គំនិត ទស្សនៈ គឺ​អាច​ក្លាយ​ទៅជា​ត្រឹម​ទស្សនវិទូ​ប៉ុណ្ណោះ តែ​អ្នក​ដែល​ត្រាស់​ដឹង ឬបុគ្គល​ចិត្ត​វិញ្ញាណ ឬអ្នក​រួច​រដោះ​ចិត្ត ឬអ្នកមាន​ចិត្ត​ឥស្សរៈ គឺ​អាច​ក្លាយទៅជា​ទស្សនវិទូ​ក៏បាន ឬជា​អ្នក​ត្រាស់​ដឹង​ក៏បាន។ ប៉ុន្តែ​ទស្សនវិទូ ឬអ្នក​ពូកែ​ខាង​គំនិត គឺ​មិន​អាច​ក្លាយទៅជា​អ្នក​ចិត្ត​វិញ្ញាណ ឬអ្នក​រួច​រដោះ​បានទេ ទោះ​ខ្លួន​គេ​ចង់​ក៏ដោយ​។ អ្នក​ដែល​ប្រកាន់​យល់ថា ការ​លើកឡើង​បែបនេះ ហាក់បីដូចជា​មើលងាយ តែ​អ្នក​ដែល​យល់ដឹង​ពី​ផ្នែក​នេះ គឺ​នឹង​យល់​ផ្សេង​ពីនេះ​។ តើ​យើង​ហៅ​ព្រះពុទ្ធ​ថា​ជា​ទស្សនវិទូ ឬជា​អ្វី​ផ្សេង​? នេះ​ជាស​ច្ច​ភាព។ ទោះ​យ៉ាងណា ការ​រួម​ចំណែក​ក្នុង​ការចូលរួម​ធ្វើ​ឱ្យ​មនុស្សជាតិ​រីកចម្រើន គឺ​មាន​ទាំង​អ្នកប្រាជ្ញ ទស្សន​​វិទូ និង​អ្នក​ត្រាស់​ដឹង​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ​។ អ៊ីចឹង​ហើយ ទើប​​បាន​អ្នកប្រាជ្ញ​ខ្លះ​យល់ថា អ្នកនយោបាយ គឺជា​អ្នកគ្រប់គ្រង​កាយ​របស់​មនុស្ស​ក្នុង​សង្គម រី​ឯអ្នកសាសនា គឺជា​អ្នកគ្រប់គ្រង​ដួង​ព្រលឹង ឬគ្រប់គ្រង​សតិអារម្មណ៍​របស់​មនុស្ស​។ ខ្ញុំ​សុំ​អនុញ្ញា​តស្លេះត្រឹ​មនេះ​សិន​ចុះ ដ្បិត​វា​វែងឆ្ងាយ​ណាស់។

អត្ថបទ​នេះ​សម្រាប់​តែ​ការពិចារណា​ប៉ុណ្ណោះ ដ្បិត​បើ​ខុស គឺ​ស្មេរ​ជា​អ្នកទទួល​កម្ម​ដោយខ្លួនឯង។ អ្នក​យល់ថា​ស្មេរ​ខុស ក៏​មិន​អាច​ទទួលកម្ម​ជំនួស​ស្មេរ​បាន ឬអ្នក​យល់ថា​ស្មេរ​ត្រូវ ក៏​មិន​អាច​ទទួលកម្ម​ជំនួស​ស្មេរ​បាន។ ទោះជា​មិច្ឆាទិដ្ឋិ ឬជា​សម្មាទិដ្ឋិ​របស់​ស្មេរ​ក៏ដោយ គឺ​ស្មេរ​ជា​ម្ចាស់​នៃ​ការយល់ឃើញ​របស់​ខ្លួន (តាម​សមត្ថភាព​នៃ​ការពិចារណា​) ហើយក៏​ជា​អ្នកទទួល​ខុសត្រូវ​​លើ​ខ្លួន​ឯង​ដែរ។ សូម​ឱ្យ​ការ​រីកចម្រើន​ផ្នែក​បញ្ញាស្មារតី និង​ការពិចារណា ចាក់ធ្លុះ​ដល់​ការយល់​ត្រូវ ហើយ​កើតមាន​ដល់​យុវជន​ខ្មែរ​ដែល​មានការ​ព្យាយាម​សិក្សា។ សូម​ឱ្យ​ចំណេះដឹង​ត្រឹមត្រូវ ផលិត​ជា​ប្រយោជន៍​សម្រាប់​បុគ្គល​ខ្លួនឯង​ផង សម្រាប់​សហគមន៍​របស់​ខ្លួន​ផង ឈាន​ដល់​សង្គមជាតិ​ផង។ សូម​ឱ្យ​ចន្លោះ​សម្រាប់​ពិចារណា មាន​ច្រើនជាង​ការ​ប្រតិកម្ម​តប​ដោយ​មិន​បាន​​សិក្សា​ស្រាវជ្រាវ។ សូម​សាកល្បង​ទុកចោល​សិន​នូវ​អ្វី​ដែល​ធ្លាប់​ជឿ​ពី​ថាត្រូវ​ឬខុសពី​មុន​មួយខណៈ ហើយ​មក​សាកល្បង​ពិចារណា​នូវ​អ្វី​ដែល​ថ្មី​មួយខណៈ។ ការ​មិន​ជាប់ទ្រុង​គំនិត គឺជា​ការ​ដោះលែង​ចិត្ត​ខ្លួនឯង​ឱ្យ​មាន​សេរីភាព ប្រៀប​ដូច​បក្សី​ហោះ​ចេញពី​ទ្រុង​មាស​សំដៅ​ទៅ​រក​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ៕

-----------------------------------------------------------


Saturday, June 6, 2020

សៀវភៅនិទានទសន្សៈកង្កែប



សេចក្ដីផ្ដើម


          ក្នុងលោកនេះ មានអ្វីជាច្រើនបានធ្វើជាគំរូបទដ្ឋាន ក្នុងការដឹកនាំមាគ៌ាជីវិតមួយនេះ ឲ្យមានដំណើរការទៅដោយស្រួល ព្រោះថា មាគ៌ាជីវិតនេះ មានដំណើរទៅមិនមែនដូចជាផ្លូវក្រាលព្រំ ដែលរោយរាយដោយផ្កាកូលាបនោះទេ ។ ជីវិតគឺសភាវៈដែលត្រូវប្រឹង ត្រូវស៊ូមិនចេះឈប់មិនចេះឈរ ព្រោះថាជីវិតនេះ ទំពាស៊ីនូវសុខនិងទុក្ខ ប៉ុន្តែតាមសភាពពិតជីវិតនេះមានសុខតិចតួចណាស់ ។
          គំរូបទដ្ឋានសម្រាប់ឆ្លុះបញ្ចាំងពីជីវិតនេះ គឺមាននៅជុំវិញខ្លួនយើងទាំងអស់ មានទាំងមនុស្ស រុក្ខជាតិ សត្វ វត្ថុកែច្នៃមួយចំនួន ។ ជីវិតមនុស្ស មានគតិទស្សនៈជាច្រើន ដែលមនុស្សលើកយកមកបង្ហាញ ទុកជាមេរៀនបទពិសោធ សម្រាប់ជួយ កែសម្រួល ផ្លាស់ប្ដូរជីវិតដែលធ្លាក់ក្នុងភាពអវិជ្ជមាន ដូចជា ជីវិតជាក់ស្ដែង មិនស្រស់ស្អាតដូចជាអក្សរឆ្លាក់នេះទេ ។ មានថ្ងៃ មានយប់ ជាដំណើរនៃធម្មជាតិ អ្នកមិនដែលតវ៉ាចង់កាត់ពេលយប់ចោលឡើយ ។ ជីវិតក៏ដូចគ្នា មានទាំងសុខ មានទាំងទុក្ខ ជាសច្ចភាព រៀនទទួលទាំងពីរដោយស្មារតី ។
          ក្នុងសក្ខីកម្មនេះ ការលើកយករុក្ខជាតិ មកធ្វើជាមេរៀន ទុកបង្រៀនអប់រំអនុជនជាច្រើន  ឲ្យរៀនធ្វើជីវិតដូចជាដើមឫស្សី ធ្វើជាជីវិតដូចជាស្មៅ កុំធ្វើរុក្ខជាតិជ្រៃពោធិ៍ ដើមបញ្ញើក្អែក កុំធ្វើជីវិតដូចជាផ្លែល្វាជាដើម ។ មានវត្ថុជាច្រើន អាចយកធ្វើជាគំរូក្នុងការតម្រង់ទិសជីវិត នៅពេលដែលជីវិតជួបនូវបញ្ហា ដែលធ្វើឲ្យចិត្តខ្លួនអស់សង្ឃឹម ដូចជា ឲ្យធ្វើជីវិតដូចព្រះអាទិត្យ ដែលរះហើយលិច លិចហើយរះ ធ្វើជីវិតដូចជាថ្មតាន់ ដូចជាភ្នំ ធ្វើជីវិតដូចជាទឹកដែលហូរពីទីទួលទៅកាន់ទីទាប មិនមានច្រក់ទ័លបាន ធ្វើជីវិតដូចជាដែកថែបដែលឆ្លងកាត់ការលុតដំពីភ្លើង និងកុំធ្វើជីវិតដូចជាចកអណ្ដែតទឹក ជាដើម ។
          មានសត្វជាច្រើនអាចបង្រៀនយើងឲ្យចេះតស៊ូក្នុងជីវិត ដូចជាសត្វឥន្ទ្រី បង្ហាញពីការការដឹកនាំ សត្វចាបបង្ហាញពីការចេញរកស៊ី មាន់បង្ហាញពីភាពរហ័សរហួន ដំរីនិងអូដ្ឋបង្ហាញភាពស៊ូទ្រាំ សត្វឆ្មាបង្ហាញពីការសន្សំសំចៃ សត្វឃ្មុំបង្ហាញពីភាពស្អាតស្អំ  សត្វអណ្ដើកជាសត្វមិនចេះលះបង់គោលដៅ ។ល។ ហើយសត្វមួយចំនួនទៀត ក៏ផ្ដល់គំរូមិនល្អដល់ជីវិតមនុស្សយើងដែរ កុំធ្វើជាមនុស្សពស់ មនុស្សកង្កែប មនុស្សកញ្ជ្រោង មនុស្សសត្វក្អែក ជាដើម ។
          អ្វីដែលពិសេសសម្រាប់គំរូជីវិតក្នុងសៀវភៅនេះ ការលើកទស្សនៈកង្កែប មានទាំងវិជ្ជមាន និងអវិជ្ជមាន មកបង្ហាញដល់អ្នកដែលបានកំពុងអានសៀវភៅមួយក្បាលនេះ ដូចជា កុំធ្វើជាសត្វកង្កែបក្នុងបាតអណ្ដូង កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប កុំធ្វើជីវិតដូចជាកង្កែបនៅក្នុងឆ្នាំងភ្លើង និងធ្វើជាគំរូក្នុងការតស៊ូដែលសៀវភៅមួយនេះ លើកយកមកសរសេរលាតត្រដាងអំពីទស្សនៈ ក្នុងនិទានទាំងអស់របស់សត្វកង្កែប ព្រមទាំងបង្ហាញពីការសុបិនឃើញកង្កែប សត្វកង្កែបតំណាងឲ្យទ្រព្យសម្បត្តិក្នុងផ្នាត់គំនិតខ្មែរចិន និងរមណីយដ្ឋានភ្នំម្រេចកង្កែបនៅភ្នំអារ៉ែងក្នុងខេត្តកោះកុងផងដែរ ៕៚      

ជីវិតគឺជាកាសន្មតរបស់រូបធម៌ និងនាមធម៌តែប៉ុណ្ណោះ ហើយការរស់នៅប្រកបដោយសេចក្ដីសុខនិងទុក្ខយ៉ាងណានោះ អាស្រ័យលើសភាវធម៌នោះឯង

ប្រវត្តិសង្ខេបរបស់កង្កែប

តាមការសរសេរចុះផ្សាយរបស់គេហវិគិឌាមួយថា កង្កែបជាសត្វដែលបានបន្តកំណើររបស់ខ្លួនប្រហាក់ប្រហែលជា ២០០ លានឆ្នាំមុន និងជាសត្វមួយប្រភេទដែលបានរួចផុតពីការផុតពូជដ៏ធំក្នុងកំឡុងពេល ៦៥ លានឆ្នាំមុន ក្នុងពេលពពួកសត្វមួយចំនួន ដូចជាដៃណូសឺបានផុតពូជ ដោយពួកវិទ្យាធ្វើការសិក្សស្រាវជ្រាវអំពីរឿងនេះ ដោយពួកគេមានជំនឿថា កង្កែបគឺជាសត្វដែលបានលបគេចទៅជ្រកកោនលាក់ខ្លួនក្នុងដីបានយ៉ាងគត់មត់ និងជាសត្វចេះសម្របសម្រួលខ្លួនបានល្អជាមួយសភាពបរិស្ថានធម្មជាតិ និងមានប្រពន្ធវិសេសមួយរបស់វា ៕៚

ជីវិតដែលគ្មាន «បទពិសោធ» និង «ការឈឺចាប់» គេមិនអាចហៅថា ជីវិតនោះឡើយ
សុក្រាត

និទានទស្សនៈកង្កែបអវិជ្ជមាន


រឿងកុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

សុភាសិតមួយពោលថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ចូរបកស្រាយ?
មនុស្សគ្រប់រូប មិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននឹងស្លាប់ មនុស្សគប្បីបន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញដោយកេរិ៍្ត ឈ្មោះ បោះសម្លេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិត ឲ្យប្រសើរថ្លៃថ្លា និងអភិវឌ្ឍន៍ឲ្យរីកចម្រើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោលថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ។ តើសុភាសិតខាងលើ មានអត្ថន័យខ្លឹមសារយ៉ាងដូចមេ្តច?
ដើម្បីកុំឲ្យយល់ច្រឡំ ក្នុងការដោះស្រាយបញ្ហាខាងលើ យើងគប្បីយល់អត្ថន័យនៃពាក្យ រស់និងស្លាប់ ឲ្យបានច្បាស់លាស់ជាមុនសិន ។ រស់គឺជា ការរក្សាជីវិតឲ្យគង់នៅ ។ ស្លាប់ គឺការរលត់ផុតសង្ខារ ។ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ។
ប្រធានបទខាងលើ មានន័យថា គ្រប់មនុស្សទាំងឡាយ ត្រូវស្លាប់ ដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃ ហើយត្រូវរស់ដោយភាពថ្លៃថ្នូរ និង អភិវឌ្ឍន៍ មិនត្រូវស្លាប់ហើយ និងរស់នៅដោយឥតប្រយោជន៍ ឥតន័យខ្លឹមសារនោះទេ ។
ពាក្យថា កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប គឺសំដៅលើសត្វពស់ ។ ពស់ ជាសត្វល្មួនមួយប្រភេទ ដែលខ្លះគ្មានពឹស ហើយខ្លះមានពឹសខ្លាំងក្លាគួរឲ្យខ្លាច អាចខាំសម្លាប់ជីវិតមនុស្សបាន ។  ដូចនេះ មនុស្សគ្រប់គ្នា កាលបើឃើញសត្វពស់នេះហើយ   តែងតែវាយសម្លាប់ ដោយឥតពិចារណាឡើយ ហើយពស់ ត្រូវបានស្លាប់ដោយគ្មានការតវា ឬសម្លេងថ្ងូរថ្ងួចអ្វីនុ៎ះទេ ។  ហើយការស្លាប់របស់សត្វពស់នេះ មិនបានបន្សល់ទុកអ្វី   ដែលជាកេរដំណែល និងជាស្នាដៃ សូម្បីបន្តិចក៏គ្មានដែរ មានតែការខ្លាចរអា និងការស្អប់ខ្ពើមតែប៉ុណ្ណោះ ។  ដូចនេះការស្លាប់របស់ពស់ គឺស្លាប់ដោយគ្មានតំលៃ គ្មានន័យខ្លឹមសារ និងគ្មានការអាណិតអាសូរ ពីសំណាក់មនុស្ស ដែលបានឃើញ បានជួបពីភាពកាចសាហាវរបស់វានោះទេ.។
ឯសត្វកង្កែបវិញ ជាប្រភេទសត្វលោតសីុសត្វល្អិតជាអាហារ ស្លូតគ្មានពឹស និងមិនអាចធ្វើអ្វី ដែលប៉ះពាល់ដល់ជីវិតអ្នកណាម្នាក់ឡើយ ។ តែការរស់ នៅរបស់សត្វប្រភេទនេះ ក៏មិនបានសុខជា មិនបានរស់ដោយស្រួលនោះទេ ព្រោះវាជាសត្វមិនឆ្លាត វារស់នៅក្នុងរន្ធ  តែវាមិនអាចមាន សមត្ថភាព ជីកកកាយបង្កើតរន្ធ ដើម្បីជីវិតរស់នៅរបស់វាទេ គឺវាតែងតែ ចូលរស់នៅក្នុងរន្ធក្តាម និងរន្ធសត្វផ្សេងៗ ដែលទំនេរ ។ ជួនកាលវារស់នៅតាមគម្ពោតក្បែរមាត់ទឹក ។ កង្កែបគ្មានពឹស គ្មានចង្កូម គ្មានធ្មង់ សម្រាប់ការពារខ្លួនរបស់វាទេ ជាហេតុធ្វើឲ្យវាងាយក្នុងការយាយីដល់ជីវិតរបស់វា ពីសំណាក់មនុស្ស និងសត្វដទៃទៀត ។ ដូចនេះ ការរស់នៅរបស់កង្កែប ពោពេញដោយភាពភិតភ័យ និងគ្មានការអភិវឌ្ឍ ជីវិតរស់នៅឲ្យបានល្អឡើយ ។
ឯពាក្យ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប ក្នុងន័យធៀបវិញ គឺសំដៅការរស់ និងការស្លាប់របស់មនុស្ស ។ គឺមានន័យថា មនុស្សគប្បី បន្សល់ទុកនូវស្នាដៃ និងកេរដំណែលផ្សេងៗ ដែលខ្លួនខំកែច្នៃរិះរកវិធីបង្កើតឡើង កាលពីខ្លួននៅរស់ ។ ដូចនេះមនុស្សគប្បីឧស្សាហ៍ ព្យាយាម ធ្វើការងារផ្សេងៗជាច្រើន……។ ជៀសវាងការស្លាប់ទៅ ដោយសោះសូន្យទទេ គ្មានបន្សល់ទុកអ្វីក្រៅពីកេរ្តិ៍ឈ្មោះអាក្រក់ ស្អុយរលួយងំ គួរឲ្យស្អប់ខ្ពើម ដែលជារឿងមិនល្អ ។ ឯកុំរស់ដូចកង្កែបវិញ គឺមានន័យថា មនុស្សម្នាគ្រប់សញ្ជាតិទាំងអស់ គប្បីចេះកែខៃការរស់នៅ ឲ្យបានល្អប្រសើរ អភិវឌ្ឍន៍រីកចម្រើន មានសេរីភាព និងសុភមង្គល ។ គឺមនុស្ស មិនត្រូវរស់ដោយពឹងលើកម្លាំងអ្នកដទៃ រស់ស្តាប់តាមតែការបញ្ជារបស់គេ ឬរស់នៅក្រោមការប្រមាថមើលងាយ ជិះជាន់ កៀបសង្កត់សព្វបែបយ៉ាង ទាំងផ្លូវកាយវាចាចិត្ត ហើយចេះតែសង្ងំទ្រាំ រស់ដោយគ្មានការតស៊ូ រើបំរាស់ ផ្លាស់ប្តូរជោគវាសនារបស់ខ្លួន ។ ដូចនេះមនុស្សត្រូវរស់ដោយកិត្តិយសថ្លៃថ្នូរ បើស្លាប់ក៏ត្រូវបន្សល់ទុក នូវកេរ្តិ៍ឈ្មោះល្អប្រសើរ តួយ៉ាងដូចជាស-ម្ដេចសង្ឃរាជ ជួន ណាត ថ្វីត្បិតព្រះអង្គបានសុគតចាកលោកនេះយ៉ាងយូរណាស់ទៅហើយក្តី ក៏កិត្តិសព្ទរបស់ព្រះអង្គ នៅតែល្បីរន្ធឺសុះសាយ គ្មានថ្ងៃនឹងសាបសូន្យឡើយ ក៏ព្រោះតែស្នាដៃទាំងឡាយ ដែលព្រះអង្គបានបន្សល់ទុកមុនពេលសុគតហ្នឹងឯង ។ ដូចនេះមនុស្សត្រូវតែកែច្នៃ   ជីរិតរស់នៅឲ្យបានថ្លៃថ្នូរ និងត្រូវបង្កើតស្នាដៃ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ។ សរុបសេចក្តីមក មនុស្សមិនត្រូវស្លាប់ដោយឥតប្រយោជន៍ ហើយក៏មិនត្រូវរស់ ដោយឥតន័យខ្លឹមសារនោះដែរ ។
ឆ្លងតាមការបកស្រាយខាងលើឃើញថា ប្រធានបទនេះ ពិតជាមាន អត្ថន័យល្អត្រឹមត្រូវ សម្រាប់ទូន្មានដល់ជន្នានុជនទាំងឡាយ ឱ្យចេះខ្វល់ខ្វាយ កែច្នៃជីវិតរស់នៅឲ្យបានល្អ និងខិតខំបង្កើតស្នាដៃផ្សេងៗ ទុកជាកេរដំណែល ដល់កូនចៅជំនាន់ក្រោយ មុននឹងខ្លួនលាចាកលោកនេះទៅ ។ ដូចនេះកុលបុត្រកុលធីតាខ្មែរទាំងឡាយអើយ គួរខិតខំរៀនសូត្រ បង្កើតស្នាដៃល្អៗ សម្រាប់ការរស់នៅរបស់ខ្លួនផង សម្រាប់ជាកេរដំណែល ទុកឲ្យកូនចៅ ក្នុងពេលអនាគតផង៕៚



មាននិទានជាច្រើនទៀតនៅក្នុងសៀវភៅមួយនេះ

Friday, June 5, 2020

និទានកង្កែបក្នុងឆ្នាំងទឹកក្ដៅ


ប្រសិនបើអ្នកដាក់កង្កែបចូលទៅក្នុងឆ្នាំង រួចដាក់ទឹកដាំ នោះកម្ដៅនឹងកើនឡើងបន្តិចម្ដងៗ ហើយកង្កែបអាចសម្របទៅតាមការឡើងនៃកម្ដៅនេះបាន។
នៅពេលទឹកជិតពុះ ទឹកពិតជាក្ដៅណាស់ កង្កែបមិនអាចទ្រាំបានទៀតទេ វាត្រូវតែសម្រេចចិត្តលោតចេញពីឆ្នាំង តែវាមិនអាចលោតចេញបានទេ ព្រោះវាបានប្រើកម្លាំងសម្របនឹងកម្ដៅដែលកើនឡើងបន្តិចម្ដងៗ អស់ទៅហើយៗវានឹងងាប់។
តើអ្វីដែលធ្វើឲ្យកង្កែបងាប់?
សូមមេត្តាគិតបន្តិចទៅមើល!
ខ្ញុំដឹងថា ភាគច្រើនប្រាកដជាឆ្លើយថា ទឹកពុះ!
ប៉ុន្តែតាមការពិត អ្វីដែលសម្លាប់កង្កែប មិនមែនទឹកពុះទេ គឺជាការមិនមានលទ្ធភាពសម្រេចចិត្តថា ត្រូវលោតចេញពីឆ្នាំងនៅពេលណា ឲ្យបានទាន់ពេលវេលា!
ក្នុងជីវិតពិត យើងត្រូវសម្របសម្រួល និងដោះស្រាយជាមួយមនុស្ស ក៏ដូចជាមួយស្ថានការណ៍នានា តែយើងត្រូវដឹងថា ពេលណាដែលយើងចាំបាច់សម្របសម្រួលនិងដោះស្រាយ ហើយនៅពេលណាទៀតដែលយើងត្រូវលោតចេញឲ្យទាន់ពេល។ វាមានពេល ដែលយើងត្រូវប្រឈមនឹងស្ថានការណ៍ និងពេលមួយ ដែលយើងត្រូវចាត់វិធានការសមស្របណាមួយ ដើម្បីដោះស្រាយ។
ប្រសិនបើយើងបណ្ដោយឲ្យគេកេងប្រវ័ញ្ចយើង ផ្នែករាងកាយ ផ្លូវចិត្ត សតិអារម្មណ៍ និងប្រាក់កាស នោះគេនឹងកេងប្រវ័ញ្ចយើងរហូត។ ដូចនេះ យើងត្រូវតែលោតចេញ!
ចូរយើងសម្រេចចិត្តលោតចេញ នៅពេលដែលយើងមានកម្លាំងគ្រប់គ្រាន់!
សូមមេត្តាកុំចាំដល់ពេលគេកេងប្រវ័ញ្ចយើងអស់ នោះយើងមិនមានកម្លាំងលោតចេញទេ ពេលនោះទឹកពុះហើយៗយើងនឹងស្លាប់ដូចកង្កែបជាមិនខានទេ!!!
 ----------------------------------------
ប្រែសម្រួលពីអត្ថបទបរទេស 
Cr. ទុត បូ

Monday, June 1, 2020

សៀវភៅមួយចំនួនដែលស្មេរបានសរសេរ តែ...

សៀវភៅទស្សនវិភាគរៀនដាស់តឿនចិត្តខ្លួនឯង ជាសៀវភៅមួយក៏នៅជាហ្សស់ដែរ តែខ្លឹមសារមួយចំនួនធំ ស្មេរបានសរសេរចុះផ្សាយនៅក្នុងគេហទំព័រនេះអស់ហើយដែរ បើប្រិយមិត្តចង់អាន អាចស្វែងរកតាមដានអានតាមខែនីមួយៗក្នុងគេហទំព័រគោលគំនិតល្អដើម្បីជីវិតមួយនេះចុះ ។


សៀវភៅបទខ្លីៗចំណីជីវិតនេះ ដូចជាសៀវភៅមុនដែរ សាច់ខ្លឹមសារអាចចូលទៅអានក្នុងផេកគិតច្រើន ស្មេរបានសរសេចេញពីក្នុងពីសៀវភៅមួយនេះ ប្រហែលជា ៥០ភាគរយហើយដែរ ។ 


សៀវភៅមេរៀនទស្សន បរមត្ថវិជ្ជា ជាសៀវភៅស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យតាមសៀវភៅនានា មកចងក្រងធ្វើជាមេរៀនបង្រៀននៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងមានវិធីតែងការបង្រៀនផង តែសៀវភៅនេះនៅជាហ្សសនៅឡើយ មិនទាន់បានថតចម្លងចេញជាសៀវភៅទេ ។


និក្ខេបបទ មូលដ្ឋានគ្រឹះអប់រំចិត្តក្នុងព្រះពុទ្ធសាសនា គឺជាសៀវភៅស្រាវជ្រាវមួយក្បាល ធ្វើឡើងដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ ហើយសៀវភៅមួយនេះ បានបោះពុម្ពមួយផ្នែកតូច ដើម្បីតម្កល់ទុកក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាព្រះសីហនុរាជតាមបណ្ដាខេត្តមួយចំនួន តម្កល់ទុកក្នុងបណ្អាល័យជាតិ និងតម្កល់ទុកក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ។


សៀវភៅបទខ្លីៗ ចំណីជីវិត នេះក៏នៅតែមិនទាន់បានបោះពុម្ពដែរ តែខ្លឹមសារក្នុងសៀវមួយនេះ ប្រិយមិត្តដែលចូលចិត្តអានអាចចូលទៅអានក្នុងផេកគិតច្រើន មានអត្ថបទស្ទើរទាំងអស់នៅក្នុងផេកនោះ ។


សៀវភៅនិទានបន្ថែមកម្លាំងចិត្តក្នុងថ្ងៃអស់សង្ឃឹមនេះ ជាសៀវភៅមួយមិនបានបោះពុម្ពដែរ តែសាច់ខ្លឹមសារក្នុងសៀវភៅមួយនេះ បានសរសេរចុះក្នុងគេហទំព័រនេះ ស្ទើរ ៨០ -៩០ ភាគរយហើយ ។ ប្រិយមិត្តអាចរកអានបានក្នុងគេហៈទំព័រគោលគំនិតល្អដើម្បីជីវិតនេះបាន ។


សៀវភៅជីវិតផែនដីនិងសត្វលោក គឺសៀវភៅដែលខ្ញុំបានសរសេររួចមកហើយ គ្រាន់តែមិនបានបោះពុម្ពចេញជាសៀវភៅ ប៉ុន្តែសៀវភៅនេះ ក៏បានបាត់បង់ទៅវិញដោយសារបញ្ហាកុំព្យួទ័រខូចហាដឌីស ។ សៀវភៅមួយនេះ ក៏ជាសៀវភៅមួយដែលខ្ញុំខំធ្វើហើយ មិនបានសម្រេចសាច់ការអ្វីទាំងអស់ ។


សៀវភៅព្រះឱវាទនេះ គឺជាសៀវភៅមានតែក្របដែរ​ សម្រាប់ស្នាដៃរបស់ខ្ញុំ តែក្រោយមកទៀត ក៏ឃើញមានគេរៀបចំតាក់តែធ្វើឡើងមួយក្បាលដែរ ។ សៀវភៅនេះ គ្រាន់តែធ្វើឡើងដើម្បីរំលឹកនូវអ្វីដែលខ្លួនបានធ្វើ ហើយមិនបានសម្រេចប៉ុណ្ណោះ ។


សៀវភៅព្រះរស់ក្នុងផ្ទះ គឺសៀវភៅមួយដែលខ្ញុំបានសរសេរឡើង ដើម្បីចូលរួមចំណែកលើកស្ទួយនូវគុណធម៌តម្លៃមនុស្ស ជាពិសេសលើការគោរពប្រណិបតន៍ម្ដាយឪពុក ដែលកំពូលអ្នកប្រាជ្ញាក្នុងលោកបានផ្ដល់កិត្តិយស តម្លៃដ៏ខ្ពង់ខ្ពស់ឯកបំផុតក្នុងលោក គឺមាតបិតា ដែលទុកមនុស្សទាំងពីរនេះជាមនុស្សវិសេសវិសាល លើកតម្កើងទៅជាទេវតាដើម ជាគ្រូដើម ជាព្រះព្រហ្ម ជាព្រះរបស់កូនប្រុសស្រី គួរដល់ការគោរពបូជាសព្វថ្ងៃៗ  ។ តែសៀវភៅមួយក្បាល់នេះក៏មិនបានសម្រេចផលអ្វីដែរ ត្រូវបានបាត់បង់សំណៅដើមទៅវិញ ដោយសារឲ្យគេយកទៅវាយបោះពុម្ពចែកជាធម្មទាន តែមិនបានសម្រេច ដោយអ្នកយកទៅធ្វើនោះ ធ្វើឲ្យបាត់បង់ ។


សៀវភៅជីវិតមហាបុរសនេះ មិនមានសាច់ទេ ដោយសារបញ្ហាមួយចំនួនដែលធ្វើឲ្យសៀវភៅរបស់ស្មេរសរសេរក្នុងកាលនោះត្រូវបានបាត់បង់ តែក្រោយមកទៀត ក៏មានលោកអ្នកចេះដឹងបានសរសេរសៀវភៅមួយឡើងដែរ ។ ការដែលខ្ញុំធ្វើឡើងដាក់ក្នុងគេហទំព័រនេះគ្រាន់តែជាការរំលឹកពីឆន្ទៈរបស់ខ្លួនឯង​ចង់មានស្នាដៃខ្លះៗ​បន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយបានឈ្វេងយល់បន្ត ។