Monday, July 20, 2020

ជាប់គាំងនឹងទ្រឹស្តី?


មនុស្ស​ម្នា​ក់ៗ គឺជា​បងប្អូន​នឹងគ្នា តែ​ដោយសារតែ​ការទាស់ទែង​គ្នា ដោយសារតែ​អវិជ្ជា ដោយសារតែ​គ្មាន​ចំណេះដឹង ដោយសារតែ​មិន​យល់​ពីគ្នា ដោយសារតែ​ប្រយោជន៍ ដោយសារតែ​ចិត្ត​អាត្មានិយម ទើប​ធ្វើ​ឱ្យ​យើង​រស់នៅ​ដាច់​ពី​បង​ដាច់​ពី​ប្អូន។ ក្នុង​គ្រួសារ បង​អាច​ទាស់ទែង​នឹង​ប្អូន​ដោយសារ​ទ្រព្យសម្បត្តិ។ ក្នុង​សង្គម​រកស៊ី មនុស្ស​អាច​ទាស់ទែងគ្នា​ដោយសារតែ​ចែក​ប្រយោជន៍​គ្នា​មិន​ស្មើ។ ចំពោះ​យុវជន​ដែល​មានចំណេះ​ថ្នា​ក់​ទ្រឹ​ស្តី គឺ​អាច​ទាស់ទែងគ្នា​ដោយសារតែ​គំ​និ​តរៀង​ៗខ្លួន។ នៅពេល​ណា​ដែល​យើង​មានចិត្ត​ចាស់ទុំ​មែនទែន យើង​នឹង​មើល​លទ្ធផលជាក់​ស្តែង ច្រើន​ជាង​ទ្រឹ​ស្តី ច្រើនជាង​គំនិត ច្រើនជាង​វិធី​សាស្រ្ត ច្រើនជាង​ចរិតមនុស្ស ច្រើនជាង​បញ្ហា​ទាស់ទែង​បន្តិចបន្តួច​ដែល​មិន​ចាំបាច់។ ខ្ញុំ​សុំ​អនុញ្ញាត​យក​សុភាសិត​ខ្មែរ​មក​ភ្ជាប់​បន្តិច​ដែល​ថា វៀច​ធ្វើ​កង់ ត្រង់​ធ្វើ​កាំ​ ដែល​ពាក្យ​អប់រំ​នេះ គឺ​ចង់​បង្រៀន​ឱ្យ​យើង​ចេះ​ធ្វើការ​ជាមួយគ្នា ចេះ​ស្គាល់​តួនាទី​ខ្លួនឯង និង​ចេះ​ដាក់ខ្លួន​ឯង​ឱ្យ​ត្រូវ​តាម​កន្លែង​ដ៏​ត្រឹមត្រូវ។ ឈើត្រង់ ត្រូវ​ធ្វើ​កាំ រី​ឯឈើវៀច​ត្រូវ​ធ្វើ​កង់ តែ​កុំ​យក​ឈើវៀច​ធ្វើ​កាំ ហើយ​យក​ឈើត្រង់​ធ្វើ​កង់។ ខ្ញុំ​ទទួលស្គាល់​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ សូម្បីតែ​ខ្ញុំ​ខ្លួនឯង ខ្ញុំ​ដឹងខ្លួន​ច្បាស់​ថា​ខ្ញុំ​អន់​កន្លែងណា ឬខ្សោយ​កន្លែងណា។ សម្រាប់​អ្នកមាន​ចរិត​ចាស់ទុំ មាន​លក្ខណៈ​ជា​មនុស្ស​ជាក់ស្តែង​និយម គឺ​គេ​មើល​លើ​លទ្ធផល​ចុងក្រោយ។ រី​ចំពោះ​អ្នកមាន​ចំណេះដឹង​ច្រើន គឺ​គេ​លែង​មើល​លើ​ចំណេះដឹង​ទៀតហើយ តែ​គេ​មើល​លើ​ចរិតលក្ខណៈ សីលធម៌ សុជីវធម៌ និង​ការ​ធ្វើ​ប្រយោជន៍​ដល់​ជន​ដទៃ។

ក្រៅពី​នេះ ចំណេះដឹង​នឹង​គ្មាន​តម្លៃ​អ្វី​ទាំងអស់ បើសិនជា​យើង​ពុំ​ចេះ​សម្គាល់ចិត្ត​ខាងក្នុង​របស់​អ្នកចេះដឹង​ថា​ល្អ​ឬអាក្រក់។ តើ​យើង​នឹង​គោរព​មនុស្ស​មានចំណេះ​ដឹង​ខ្ពស់ តែ​ចិត្ត​ខាងក្នុង​ស្មោក​ក្រោ​គ ឬយកចំណេះ​ដឹង​ទៅ​ធ្វើ​ទង្វើ​ថោកទាប ឬទេ​? អត្ថបទ​នេះ ខ្ញុំ​នឹង​សាកល្បង​ចែករំលែក​ពី​ការ​ជាប់​គាំង​នៃ​លទ្ធផល ថា ​យើង​ជាប់​គាំង មិនទៅ​មុខ មិនដល់​លទ្ធផលជាក់​ស្តែង​ នៅ​ចំណុច​ណា​? អ្វី​ដែល​ពិបាក​បំផុត គឺ​ពិបាក​បង្រៀន​មនុស្សម្នាក់​ឱ្យ​ចេញពី​ហ្វូង​ដែល​គាំទ្រ​គ្នា​តកន្ទុយ។ អ្នកខ្លះ​នៅ​ក្បែរ​អ្ន​កខ្សោយ​ៗ ហើយ​ខ្លួន​ជា​សត្វ​តោ​ក្នុងចំណោម​ចៀម។ មនុស្សម្នាក់​អាច​ខ្លាំង​ក្នុងចំណោម​អ្នក​ខ្សោយ​ជាច្រើន ហើយ​បើ​ចង់​ណែនាំ ឬបង្រៀន​មនុស្ស​បែបនេះ គឺជា​រឿង​ដ៏​កម្រ​និង​លំបាក​បំផុត។ ជាក់ស្តែង សម្តី​មិន​អាច​ឈ្នះ​ភាពជា​គំរូ​ទេ។ ការ​បង្រៀន​មនុស្ស​ដ៏​ល្អ​បំផុត គឺ​បង្រៀន​តាមរយៈ​សកម្មភាព បង្រៀន​តាមរយៈ​លទ្ធផល ដ្បិត​វា​ល្អ​ជាង​ទ្រឹ​ស្តី ជាពិសេស​មនុស្ស​ដែល​មិន​ងាយ​ជឿ មានការ​ពិចារណា​ខ្ពស់ គឺ​កម្រ​នឹង​ជឿ​ដោ​យងាយៗ​នូវ​គំនិត​ណាមួយ​របស់​នរណា​ម្នាក់​ណាស់ ទោះ​គំនិត​នោះ​ត្រឹមត្រូវ​ក៏ដោយ។ អ្នកខ្លះ​ជា​បុគ្គល​ងាយ​នឹង​រៀនសូត្រ ឆាប់​ចេះ​ឆាប់​ដឹង ងាយ​នឹង​ទទួល ហើយ​បុគ្គល​បែបនេះ​មិន​ពិបាក​បង្រៀន​ទេ។ មនុស្ស​អាច​រស់​ព្រោះ​ចំណេះ ហើយក៏​អាច​ស្លាប់​ព្រោះ​ចំណេះ​ដែរ។ យើង​អាច​ទៅមុខ​ព្រោះ​ចំណេះ ហើយក៏​អាច​រាំងស្ទះ​ព្រោះ​ចំណេះ​ដែរ។ តើ​អ្វី​ជា​ភាព​ជាប់​គាំង​មិន​ឱ្យ​យើង​ទៅមុខ​?

ខ្ញុំ​មិន​លើកទឹកចិត្ត​ឱ្យ​យុវជន​ខ្លះ​ជាប់​គាំង​នឹង​ទ្រឹ​ស្តី ជជែក​ដោយ​គ្មាន​លទ្ធផលជាក់​ស្តែង​ទេ ដ្បិត​ឥរិយាបថ​នេះ វា​ងាយ​នឹង​បង្កជម្លោះ​នឹងគ្នា។ ចំណេះដឹង​ថ្នាក់​តក្កវិជ្ជា គឺ​មាន​លក្ខណៈ​សាហាវ​ត្រង់ថា ចង់​បកស្រាយ​បត់បែន ឬបំភាន់​ដាន​អ្នក​គិត​បែប​ណា​ក៏បាន​ដែរ​ ព្រោះ​សំខាន់​ឱ្យ​តែ​យើង​មាន​សមត្ថភាព​គិត​ខ្ពស់ និង​មាន​ទឡ្ហីករណ៍​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​លោក​យើង​នេះ វា​មានរឿង​ដែល​គិត​ហើយ ត្រឹមត្រូវ​ជាច្រើន តែ​ដល់ពេល​ធ្វើសកម្មភាព​ជាក់ស្តែង​វិញ វា​ទៅជា​មិន​អាច​បានផល​ក៏​មាន។ អ៊ីចឹង​ហើយ តើ​ជាប់​គាំង​កន្លែងណា​? ទ្រឹ​ស្តី​ពុទ្ធសាសនា​បាន​បែងចែក​បញ្ញា​ជា ៣ថ្នាក់។ បញ្ញា​បាន​មក​ពី​ការរៀនសូត្រ​ពី​អ្នកដទៃ ឬការ​ស្តាប់ ដែល​យើង​ហៅថា សុត្ត​មយ​បញ្ញា​។ បញ្ញា​ដែល​បាន​មក​ពី​ការពិចារណា​ឃើញ​ដោយខ្លួនឯង ដែល​យើង​ហៅថា ចិន្តា​មយ​បញ្ញា​។ បញ្ញា​ដែល​កើត​ចេញពី​ការ​ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ដែល​យើង​ហៅថា ភាវនា​មយ​បញ្ញា​។ កាលណា​និយាយ​ពី ភាវនា​មយ​បញ្ញា​ គឺ​យើង​ត្រូវ​សម្គាល់​ត្រង់ថា វា​គឺជា​បញ្ញា​ដែល​កើត​ចេញពី​ការ​បដិបត្តិ​ធម៌​ជាក់ស្តែង ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ហើយ​បញ្ញា​នេះ​គឺ​ពុំមែន​បាន​មក​ដោយសារតែ​ការ​អាន​សៀវភៅ ឬការ​ឮអ្នកដទៃ​និយាយ​ពី​ចំណេះដឹង ដែល​ជា​បញ្ញា​ថ្នាក់​សុត្ត​មយ​បញ្ញា​, ឬការ​សញ្ជឹងគិត​ដោយ​គ្មាន​ការ​ពិសោធ​ជាក់ស្តែង ដែល​ស្ថិត​ក្នុង​បញ្ញា​ថ្នាក់​ចិន្តា​មយ​បញ្ញា​ទេ។ ពុទ្ធភាសិត​បាន​លើកឡើង​ថា បញ្ញា​ជា​ពន្លឺ​ភ្លឺ​ក្នុង​លោក។ បញ្ញា​រមែង​កើត​ព្រោះ​ការ​ហ្វឹកហាត់​។ បញ្ញា​ដែល​កើត​ពី​ការ​ហ្វឹកហាត់​ជាក់ស្តែង​នេះ គឺជា​បញ្ញា​ដែល​នាំ​ចិត្ត​ឱ្យ​រួច​រដោះ មានចិត្ត​ឥស្សរៈ ឬវិមុត្តិ​ចិត្ត។

នេះ​ជាលំដាប់​នៃ​ដំណាក់កាល​នី​មួយ​ៗរបស់​បញ្ញា ដែល​បញ្ញា​ទី១ អាច​មិន​ពិត ព្រោះ​បាន​ត្រឹមតែ​ស្តាប់ ឬរៀនសូត្រ​ពី​គេ ឬយើង​ហៅថា​ជា​ចំណេះដឹង​ខ្ចី​ពី​អ្នកដទៃ។ បញ្ញា​ទី២ មិន​ពិត ព្រោះ​វា​ត្រឹមតែ​ជា​ការ​គិត និង​ការយល់ឃើញ ដែល​កើត​ចេញពី​ការពិចារណា​ដោយខ្លួនឯង​បែប​អត្តនោម័តិ ឬអាច​និយាយ​ថាបើ​ត្រឹមត្រូវ ក៏​ត្រឹមត្រូវ​ក្នុង​ថ្នាក់​តក្កវិជ្ជា ដែល​មិនទាន់​ឈាន​ដល់​ការ​ពិសោធ​ជាក់ស្តែង​ដោយខ្លួនឯង​ដែរ។ បញ្ញា​ទី៣ គឺ​អាច​ពិត​សម្រាប់​ខ្លួន​យើង ព្រោះ​យើង​បាន​ហ្វឹកហាត់​ដោយខ្លួនឯង ពិសោធ​ឃើញ​ដោយខ្លួនឯង ហើយ​លទ្ធផលជាក់​ស្តែង​របស់​យើង គឺ​យើង​ទទួល​បានចិត្ត​សន្តិភាព ឬវិមុត្តិ​ចិត្ត​ពី​បញ្ញា​ថ្នាក់​ចម្រើន​ភាវនា​នេះ។ ដល់​ដំណាក់កាល​នេះ យើង​នឹង​ចាប់បាន​ធម៌​មួយទៀត គឺ​ធម៌​មិន​ប្រមាថ ព្រោះ​ការ​ពិសោធ​ចិត្តត្រង់​កន្លែង​នេះ គឺ​ម្នា​ក់ៗ​ដែល​ដល់​ចំណុច​នេះ តែង​មាន​បទ​ពិ​សោ​ធខុស​ៗគ្នា រសជាតិ​ផ្សេង​ពីគ្នា ហើយ​មិន​អាច​ថា​អ្នកដទៃ​ខុស ឬយើង​ត្រូវ ឬអ្នកដទៃ​ត្រូវ ឬយើង​ខុស​ឡើយ។ តើ​យុវជន​យើង​មួយចំនួន​ជាប់​កន្លែងណា​? អ្នកខ្លះ​អះអាង​ថា​អ្វី​ដែល​ខ្លួន​បាន​យល់ វា​ត្រឹមត្រូវ ហើយ​អ្វី​ដែល​អ្នកដទៃ​យល់ គឺ​មិន​ត្រឹមត្រូវ។ គ្រូ​អញ​ត្រូវ គ្រូ​អ្នកដទៃ​ខុស។ បែបនេះ​ក៏​ឈ្លោះ​គ្នា ហើយ​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី១ គឺ​សុត្ត​មយ​បញ្ញា (មិន​ពិត ព្រោះ​មិនទាន់​ឈាន​ដល់​ថ្នាក់​ពិសោធ​ឃើញ​ដោយខ្លួនឯង​)។ អ្នកខ្លះ​ទៀត​ជាប់​គាំង​ត្រឹម​ការពិចារណា​ថា ត្រូវ​តាម​បែប​ឡូហ្ស៊ីក យល់ថា​អ្វី​ដែល​ខ្លួន​គិត គឺ​ត្រឹមត្រូវ ព្រោះ​វា​ជាក់ស្តែង ហើយ​អ្នកដទៃ​មិន​ត្រឹមត្រូវ។ ការ​គិត​របស់​អញ​ត្រូវ ព្រោះ​អញ​បាន​រៀន​ច្រើន បាន​គិត​ច្រើន ហើយក៏​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី២ គឺ​ចិន្តា​មយ​បញ្ញា (មិនទាន់​ដល់​ថ្នាក់​ពិសោធ​)។

ចំពោះ​អ្នកខ្លះ​ទៀត រំជើបរំជួល​នឹង​ចំណេះដឹង​ផង និង​រំជើបរំជួល​ពី​សន្តិភាព​ចិត្ត​ដែល​រួច​រដោះ​ផង ហើយក៏​កើត​ចិត្ត​ប្រមាថ​ថា មានតែ​អញ​ទេ ដែល​ត្រូវ​ដាច់គេ ព្រោះ​ចំណេះ​ខួរក្បាល​ក៏​អញ​មាន ចិត្ត​ដែល​រួច​រដោះ​ក៏​អញ​មាន​ ហើយ​អញ​មាន​គ្រប់គ្រាន់។ នេះ​ជា​អ្វី​ដែល​បាន​មក​ពី​បញ្ញា​ចុងក្រោយ ជា​ភាវនា​មយ​បញ្ញា តែ​គ្រប់គ្រង​ខ្លួន​មិនបាន។ ពី​លំដាប់​មួយ​នៃ​បញ្ញា ទៅ​លំដាប់​មួយ​នៃ​បញ្ញា គឺ​វា​តែង​ធ្វើ​ឱ្យ​យើង​ជាប់​គាំង​រហូត ស្ទើរតែ​មិនដល់​ចំណុច​គោលដៅ។ យុវជន​យើង​ខ្លះ ឈ្លោះ​គ្នា​តាំងពី​ចេញដំណើរ​លើកដំបូង ឬអ្នកខ្លះ​ឈ្លោះ​គ្នា​ក្នុង​បញ្ញា​ថ្នាក់​គំនិត ឬអ្នកខ្លះ​ឈ្លោះ​នៅត្រង់​ការ​ពិសោធ​ឃើញ។ អ្ន​កទ្រឹ​ស្តី​មាន​ច្រើន តែ​អ្នក​ពិសោធ​ឃើញ​ដល់​គោលដៅ គឺ​កម្រ។ យើង​ឈ្លោះប្រកែក​គ្នា​នៅត្រង់​ថ្នា​ក់​ទ្រឹ​ស្តី។ ខ្ញុំ​មិនមែន​មិន​លើកទឹកចិត្ត​ឱ្យ​ឈ្លោះ​ទេ តែ​គ្មាន​ទ្រឹ​ស្តី​ឯណា​ឈ្នះ​លទ្ធផលជាក់​ស្តែង​ឡើយ។ ខុស ឬត្រូវ គឺ​ត្រូវ​ចាំ​មើល​លទ្ធផល ទើប​សុក្រឹត​ជាង។ បើ​និយាយ​គ្នា​មិន​ស្តាប់ គឺ​មានតែ​ធ្វើ​ឱ្យ​មើល ដោយ​កុំ​និយាយ​អ្វី​ទាំងអស់។ ធម្មជាតិ​មនុស្ស​ដែល​មានចំណេះ​ដឹង​ថ្នា​ក់​ទ្រឹ​ស្តី​នេះ គឺ​មានចិត្ត​ចចេស ព្រោះ​ចិត្ត​មិនបាន​អប់រំ​ឱ្យ​ល្អ។ ក្នុង​ស្ថានភាព​ប្រកួតប្រជែង​ឈ្នះ​ចាញ់ តើ​អ្នក​ដែល​មានចិត្ត​ចចេស មាន​លក្ខណៈ​បែប​ណា​? ការប្រកួត​ប្រជែង​ថ្នា​ក់​ទ្រឹ​ស្តី ជាពិសេស​កម្រិត​ក្នុង​បរិវេណ​តក្កវិជ្ជា គឺ​មនុស្ស​មាន​សមត្ថភាព​ស្វែងរក​ទឡ្ហីករណ៍ និង​ទ្រឹ​ស្តី​គ្រប់គ្រាន់​ក្នុង​ការប្រកួត។ នេះ​ជា​អំណាច​នៃ​ខួរក្បាល​ដែល​មាន​ទិន្នន័យ ការ​គិត ការវិភាគ ចិត្ត​សាស្រ្ត និង​ព័ត៌មាន​គ្រប់គ្រាន់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ស្ថិតនៅ​លើ​ខ្លាំង​ខ្សោយ ដ្បិត​អ្នកណា​ពូកែ គឺ​ស្មើនឹង​ខ្លាំង តែ​អ្នកណា​ខ្សោយ គឺ​ប្រាកដជា​ចាញ់ ដែល​ប្រៀប​ដូចជា​សង្គមសត្វ។ តើ​សង្គមសត្វ​យ៉ាងណា​?

ខ្ញុំ​នឹង​លើកយក​ល្បើក​មួយ គឺ​និទាន​ពី ស្លឹកត្រចៀក​ទន្សាយ (The Hare and his Ears​) ដែល​និយាយ​ពី​សឹង្ហ​ត្រូវរបួស​មួយ​ក្បាល។ សឹង្ហ​ដែល​មិនដឹង​ត្រូវ​ម្រឹគ​ណា​វាយប្រហារ​ឱ្យ​របួស​ទេ​, វា​ក៏​បញ្ញា​ត្តិ​ឱ្យ​សត្វ​មាន​ស្នែង​ទាំងឡាយ​ចេញពី​ព្រៃ​ដែល​ជាទី​ឋាន​វា​គ្រប់គ្រង។ ដោយ​កំហឹង​ផង ដោយ​ការឈឺចាប់​ផង សឹង្ហ​បាន​បណ្តេញ​សត្វ​ពពែ​ញី​ឈ្មោល គោឡើងក ក្ដាន់ ប្រើស រមាំង​...ឱ្យ​ចេញពី​ព្រៃ​ជាបន្ទាន់។ និយាយ​ពី​ទន្សាយ​មួយ​ក្បាល ដោយហេតុថា​ភ័យ​ខ្លួន ក៏បាន​ចេញពី​ព្រៃ​ដូច​នឹង​សត្វ​ដទៃទៀត​ដែរ។ ពពែ​សួរ​ថា បង​សភា​ទន្សាយ តើ​បង​ចេញ​ធ្វើអ្វី បើ​បង​គ្មាន​ស្នែង​ផង​? ទន្សាយ​តប​ថា ស្នែង និង​ស្លឹកត្រចៀក​របស់ខ្ញុំ វា​ដូចតែ​គ្នា​ទេ ពីព្រោះ​បើ​ម្រឹគ​ចង់​ដាក់ទោស​ខ្ញុំ គឺ​វា​នឹង​ចោទ​ថា​ស្លឹកត្រចៀក​របស់ខ្ញុំ គឺជា​ស្នែង​មិនខាន​។ និទាន​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​អំណាច​នៃ​អ្នកមាន​ចំណេះដឹង​តក្កវិជ្ជា​ពូកែ ដ្បិត​បើ​ចង់​ចោទ​អ្នកណា​ម្នាក់​ថា​ខុស គឺ​នឹង​រក​វិធី​ចោទ​ដ៏​ត្រឹមត្រូវ ហើយ​ឡូហ្ស៊ីក​ទៀត។ សរុប​ចុងក្រោយ គោលបំណង​នៃ​អត្ថបទ​នេះ គឺ​ចង់ឱ្យ​យុវជន​យើង​ប្រឹងប្រែង​រៀនសូត្រ ផ្អាក​ការ​ឈ្លោះ​ទាស់ទែង​ក្នុងករណី​មិន​ចាំបាច់ ជាពិសេស​បើ​ជម្លោះ​មិន​មានប្រយោជន៍ ឬត្រឹមតែ​ជា​ប្រយោជន៍​អាត្មានិយម។ ផ្ទុយទៅវិញ ប្រឹងប្រែង​រៀនសូត្រ រហូត​អាច​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​ក្លាយទៅជា​លទ្ធផលជាក់​ស្តែង។ កាត់បន្ថយ​ជម្លោះ​ថ្នាក់​គំនិត ឬទ្រឹ​ស្តី តែ​សាបព្រោះ​សកម្មភាព និង​លទ្ធផលជាក់​ស្តែង។ អត្ថបទ​នេះ​សម្រាប់​ពិចារណា ដ្បិត​បើ​ខុស គឺជា​ការទទួលខុសត្រូវ​របស់​ស្មេរ​៕

វិជ្ជា២សម្រាប់យុវជននិងទីប្រឹក្សា១


[...] តួនាទី​របស់​យើង​ដែល​ជា​អ្នក​ជំនាន់​ក្រោយនេះ មិនមែន​ត្រឹមតែ​ប្រឹង​ដើម្បី​រស់​តែ​ម្យ៉ាង​ទេ តែ​ត្រូវ​ប្រឹង​ជួយ​ត្រួសត្រាយ​ផ្លូវ កសាង​មាគ៌ា និង​រៀបចំ​អនាគត​សម្រាប់​អ្នក​ជំនាន់​ក្រោយ ព្រមទាំង​បន្សល់ទុក​នូវ​មរតក​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​ៗទៀត។ អ្នក​ជំនាន់​មុន​ដែល​ល្អ គឺជា​មនុស្ស​ដែល​ចេះ​រៀបចំ​ត្រួសត្រាយ​ផ្លូវ ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដើរ ហើយ​ដូនតា​ដែល​គួរ​ឱ្យ​គោរព​បំផុត គឺជា​អ្នក​ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល​សម្រាប់​អ្ន​កក្រោយ​ៗតជំនាន់​។ នេះ​ជា​ខ្លឹមសារ​មួយ​ដែល​សរសេរ​ទុក​ក្នុង​សៀវភៅ ប្រតិទិន​ទស្សនៈ ២២២ថ្ងៃ​។ តើ​យុវជន​ត្រូវ​ត្រៀម​អ្វីខ្លះ​ក្នុង​តួនាទី​ជា​អ្នកទទួល​ខុសត្រូវ​?

ការទទួលខុសត្រូវ ៣សំ​ខាន់​ៗ៖ ទី១ ទទួលខុសត្រូវ​ចំពោះខ្លួន​ឯង​, ទី២ ទទួលខុសត្រូវ​ចំពោះ​គ្រួសារ​ និង​ទី៣ ទទួលខុសត្រូវ​ចំពោះ​សង្គមជាតិ។ ការទទួលខុសត្រូវ​នេះ​ត្រូវ​រំលង​ចោល​ទី១និង ទី២ បើ​ក្នុង​កាលៈទេសៈ​ជាតិ​ជួប​វិបត្តិ​ដូចជា​ការឈ្លានពាន​របស់​បរទេស (សង្គ្រាម​)។ តើ​ត្រូវ​ធ្វើបែប​ណា​ដើម្បី​ឱ្យ​យើង​ក្លាយទៅជា​អ្នក ដែល​ចេះ​ទទួលខុសត្រូវ​ម្នាក់​? ការទទួលខុសត្រូវ គឺ​មានន័យថា​មិន​បន្ទោស​ទៅលើ​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន បើ​ទោះបីជា​មាន​បញ្ហា​ខាងក្រៅ​មក​យាយី​យ៉ាងណាក៏ដោយ។ ប៉ុន្តែ បើ​យើង​ជា​មនុស្ស​ដែល​បន្ទោស​នូវ​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ហើយ វា​គឺ​មានន័យថា​យើង​មិនមែន​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជា​បុគ្គល​ចេះ​ទទួលខុសត្រូវ​ទេ។ អ្នក​ដែល​យល់​ពី​អំណាច​ដែល​នៅក្នុង​ខ្លួនឯង គឺជា​ប្រភេទ​បុគ្គល​ដែល​ស្គាល់​ខ្លួនឯង​ដល់​ថ្នាក់​ស៊ីជម្រៅ​ខ្លាំង​បំផុត។ តើ​ខ្មែរ​សម័យ​អង្គរ​ជា​ប្រភេទ​មនុស្ស​ដែល​ស្គាល់​ខ្លួនឯង ឬក៏​វង្វេង​ខ្លួនឯង​?

បច្ចុប្បន្ន យុវជន​ខ្មែរ​ត្រូវការ​វិជ្ជា​ពីរ​យ៉ាង​សម្រាប់​ធ្វើ​ឱ្យ​ខ្លួនឯង​ខ្លាំង។ វិជ្ជា​ទី១ គឺជា​ចំណេះដឹង​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ ឬចំណេះដឹង​ថ្នាក់​ពាល់​ខាង​ផ្នែក​សាសនា (Spirituality Knowledge​) ដ្បិត​ចំណេះដឹង​បែបនេះ វា​ជា​ចំណេះដឹង​តែមួយគត់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​អាច​ស្វែងរក​ខ្លួនឯង​ឃើញថា តើ​ខ្ញុំ​ពិតប្រាកដ ជា​នរណា​។ ចំពោះ​ខ្ញុំ ខ្ញុំ​ហ៊ាន​និយាយ​ថា មនុស្ស​ខ្លាំង​មិនមែន​ដោយសារតែ​សម្បក​កាយ​នេះ​ទេ តែ​ដោយសារតែ​វិញ្ញាណ ព្រលឹង និង​ចិត្ត​ដែល​មានអំណាច​ខាងក្នុង​។ វិជ្ជា​ទី២ គឺជា​វិជ្ជា​នៃ​ភាពជា​អ្នកដឹកនាំ (Leadership​) ដ្បិត​ចំណេះដឹង​បែបនេះ វា​ជា​មូលដ្ឋាន​នៃ​ការដឹកនាំ​ខ្លួនឯង​ទៅ​ភាព​ជោគជ័យ និង​ប្រមូល​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា។ វិជ្ជា​នៃ​ភាពជា​អ្នកដឹកនាំ ឱ្យ​តែ​បុគ្គល​ណា​មាន​វិជ្ជា​នេះ គឺ​បុគ្គល​នោះ​នឹង​ក្លាយទៅជា​មនុស្ស​មានអំណាច។

អំណាច​ដែល​អ្នកដទៃ​គោរព​កោតខ្លាច ឱ្យ​តម្លៃ និង​ស្រឡាញ់​រាប់អាន បើ​ទោះបីជា​យើង​មាន​ឋានៈ​ត្រឹម​ជា​មនុស្សសាមញ្ញ​ក៏ដោយ។ សូម្បី​តែព​ពួក​មេ​សាស​នា​ធំៗ និង​អ្នកដឹកនាំ​ខាង​ចិត្ត​វិញ្ញាណ ក៏​ត្រូវតែ​មាន​វិជ្ជា​នេះ​ផង​ដែរ ដ្បិត​បើ​គ្មាន​វិជ្ជា​នេះ​ទេ គឺ​មិន​អាច​ដឹកនាំ​អ្នកដទៃ​ឱ្យ​ដើរតាម​ខ្លួន​បាន​ឡើយ។ សម្រាប់​បុគ្គល​ណា​ម្នាក់​ដែល​មាន​ឋានៈ និង​មាន​តួនាទី​ក្នុង​សង្គម​រួចហើយ​, បើ​មាន​វិជ្ជា​នេះ​ទៀត គឺ​នឹង​ធ្វើ​ឱ្យ​ការងារ​រីកចម្រើន​ទៅមុខ មានអំណាច មាន​ឥទ្ធិពល​ក្នុងចំណោម​មនុស្ស។ រឿង​ចុងក្រោយ​របស់​យុវជន​ដែល​មាន​ឆន្ទៈ ត្រូវតែ​ជ្រើសរើស​គ្រូ​ម្នាក់​ជា​មគ្គុទ្ទេសក៍​មក​បង្ហាញផ្លូវ​ដើរ ដ្បិត​បុគ្គល​ណា​ដែល​មាន​អ្នក​ប្រាប់ផ្លូវ​ដើរ គឺ​ដើរលឿន​ជាង ប្រៀប​ដូចជា​ក្សត្រ​ខ្លាំង​ដែល​គ្រប់គ្រង​អាណាចក្រ អត់​ទីប្រឹក្សា​ពុំ​បាន​អ៊ីចឹង​ដែរ។ នេះ​ជាគោល​ការណ៍​ដឹកនាំ​តាម​បែប​ព្រាហ្មណ៍​សាសនា។ គ្រូ​ខ្លាំង​តែង​នាំ​យើង​ឱ្យ​ដើរលឿន តែបើ​គ្រូ​ខ្សោយ​វិញ គឺ​អាច​នាំ​គ្រោះថ្នាក់​ដល់​យើង​ដែរ៕



Thursday, July 16, 2020

ចិត្តមានសេរីភាពពីចំណេះ?


ការសិក្សា​រៀនសូត្រ​តែង​មាន​របៀប​ល្អ​ៗជាច្រើន​ដែល​យើង​អាច​រៀនសូត្រ​បាន។ យើង​អាច​រៀន​បាន​តាមរយៈ​ការ​អាន​សៀវភៅ ការ​រៀន​ពី​គ្រូ ការ​ស្តាប់ ការ​គិតពិចារណា និង​ការ​សួរ​ពី​អ្នកដទៃ។ ទោះ​នរណា​ម្នាក់​រៀន​តាមរបៀប​ណា​ក៏បាន​ដែរ តែ​គោលបំណង គឺ​ដើម្បី​ទទួល​បាន​ចំណេះដឹង។ ចំពោះ​ខ្ញុំ ខ្ញុំ​ជ្រើស​យក​ការ​អាន​សៀវភៅ និង​ការសិក្សា​ស្រាវជ្រាវ។ អ្នកអាន​សៀវភៅ អ្នក​សិក្សា​ស្រាវជ្រាវ គឺ​ប្រៀប​ដូចជា​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​គ្រឿង ដែល​អាច​ដឹកនាំ​យើង​ឱ្យធ្វើ​ដំណើរ​ទៅ​ជួប​អ្នកប្រាជ្ញ អ្នកចេះដឹង និង​វិញ្ញុជន​ទូទាំង​ពិភពលោក ឆ្លងកាត់​សម័យ​កា​លមួយៗ។ យើង​អាច​ពុំ​មានឱកាស​បាន​ជួប​នរណា​ម្នាក់​ដោយ​ផ្ទាល់ តែ​យើង​អាច​មានឱកាស​បាន​ក្រេប​ចំណេះ​ពី​អ្នក​ទាំងនោះ​តាមរយៈ​អំណាន ឬការសិក្សា​ស្រាវជ្រាវ។ ជា​ធម្មតា បើ​យើង​នៅ​ក្បែរ​អ្នកណា យើង​នឹង​ចម្លង​ចរិតលក្ខណៈ ចម្លង​ឥរិយាបថ និង​មាន​ជំនឿ​នឹង​ចំណេះដឹង​ដែល​បុគ្គល​នោះ​មាន ថា ជា​ចំណេះដឹង​ត្រឹមត្រូវ​ជាង​អ្នក​ផ្សេង​។ កាល​បើ​អ្វី​ៗក្លាយ​ទៅ​ទម្លាប់​ហើយ គឺ​សេចក្តី​ស្រឡាញ់​ចូលចិត្ត ក៏​នឹង​លុប​នូវ​ចំណុច​អវិជ្ជមាន​របស់​បុគ្គល​ដែល​យើង​គោរព​ស្រឡាញ់​ផង​ដែរ។ អ៊ីចឹង​ហើយ​ទើប​បុគ្គល​អ្នក​សម្រេចការ​ងារ​ធំៗ ត្រូវការ​អ្នក​និយាយ​ការពិត​និង​និ​យា​យត្រង់ៗ ច្រើនជាង​អ្នក​និយាយ​យល់មុខ និង​លើកជើង។ តើ​ខ្ញុំ​ចង់​សរសេរ​ពី​អ្វី​ទាក់ទង​នឹង​ប្រធានបទ​នេះ​?

ចំណេះដឹង​មាន​ច្រើន ដូចដែល​ទឹកទន្លេ​ជាច្រើន​ហូរ​ទៅកាន់​សមុទ្រ តែ​ចុងក្រោយ គឺ​ជួបជុំគ្នា​នៅ​សមុទ្រ​ឯណោះ។ ចំណេះដឹង​ដែល​យើង​ចេះ ទោះ​ចេះ​ដល់ណា ពូកែ​សូត្រ​ដល់ណា ទ្រឹ​ស្តី​ដល់ណា ក៏​នៅតែ​សម្រេច​ថា បាន​ការណ៍​ឬមិន​បាន​ការណ៍ ស្ថិតនៅ​ត្រង់​សកម្មភាព និង​លទ្ធផលជាក់​ស្តែង​។ ខ្ញុំ​នឹង​ប្រតិដ្ឋ​បង្ហាញ​ពី​រឿង​អប់រំ​មួយ ដែល​និយាយ​ពី​ការ​ប្រឆាំង​គ្នា ទាស់ទែងគ្នា ជម្លោះ​ទ្រឹ​ស្តី ទំនាស់​ការ​គិតពិចារណា ដោយ​យក​អ្នកប្រាជ្ញ​បុរាណ​មក​ធ្វើជា​ខ្នងបង្អែក។ មាន​មនុស្ស ៥នាក់ ជា​បុគ្គល​មានចំណេះ​ដឹង ដែល​ទើបបាន​រៀនសូត្រ​ពី​គ្រូ​ពូ​កែៗ​ដទៃផ្សេង​ពីគ្នា។ បុរស​ទី១ រៀន​ពី​រូប​វិទូ អាល់​ប៊ឺត អា​ញស្តា​ញ, បុរស​ទី២ រៀន​ពី​ទស្សនវិទូ សូ​ក្រាត​, បុរស​ទី៣ រៀន​ពី មហា​ត្មៈ គន្ធី​, បុរស​ទី៤ រៀន​ពី ខុង ជឺ​, បុរស​ទី៥ រៀន​ពី ឡៅ ជឺ។ បុរស​ទាំង៥ បាន​ជួបគ្នា​ក្នុង​គ្រា​រដូវ​ចូលឆ្នាំ ហើយក៏​ចង់​ដឹង​ថា តើ​អ្នកណា​ពូកែ​ជាង​អ្នកណា អ្នកណា​ឆ្លាត​ជាង​អ្នកណា អ្នកណា​មាន​វិជ្ជា​គ្រាន់បើ​ជាង​អ្នកណា​។ ទាំង​ប្រាំ​នាក់​ក៏​បង្កើត​ប្រធានបទ​មួយ ហើយ​ជជែកគ្នា។ ជជែកវែក​ញែក​ចុះ​វែកញែក​ឡើង ក៏​ឈ្លោះ​គ្នា ហើយក៏​ទៅជា​ស្អប់គ្នា។ ម្នា​ក់ៗ​យល់ថា​អ្វី​ដែល​ខ្លួន​រៀន​នេះ គឺ​ត្រឹមត្រូវ មិន​ខុស​សោះ ដ្បិត​វា​ជា​គំនិត​របស់​អ្នកប្រាជ្ញ។ ទ្រឹ​ស្តី ចំណេះ និង​គតិទាំង​ឡាយ​ក៏​អសារបង់​ខូចការ ដ្បិត​ដោយសារតែ​ចរិត​ឈ្លោះ​គ្នា ហើយ​គ្មាន​សីលធម៌​ក្នុង​ការ​ជជែក។

ចំណុច​នេះ យើង​ត្រូវ​ចោទ​ជា​សំណួរ​ថា តើ​ចំណេះដឹង​ទាំងឡាយ​ដែល​ខ្លួន​ចេះ បាន​យក​មក​ប្រើ​ការណ៍​ឱ្យ​កើត​ផល​ជាក់ស្តែង​ហើយ​ឬនៅ​? តើ​ចំណេះដឹង​ដែល​ខ្លួន​មាន បាន​ត្រឹមតែ​យក​មក​បង្អួត​គ្នា​បែបនេះ មែនឬទេ​? តើ​តម្លៃ​នៃ​ចំណេះដឹង​នៅឯណា ដ្បិត​ម្នា​ក់ៗ​ឈ្លោះប្រកែក​គ្នា បាត់បង់​ម្ចាស់​ការ​រៀង​ៗខ្លួន​? កាលបើ​មនុស្ស​មាន​ចរិត​សម្ញែង​ចំណេះដឹង ហើយ​ពុំ​មានចិត្ត​រក​ឱកាស​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​កើត​ប្រយោជន៍​ទេ វា​គឺជា​ទស្សនៈ​ខុសឆ្គង​នៃ​អ្នកចេះដឹង។ ខ្ញុំ​សុំ​លើកយក​ល្បើក​មួយ​មក​រៀបរាប់​ពី សត្វ​ក្ងោក និង​សត្វ​ក្រៀល​៖ ក្នុង​ព្រៃ​ដ៏​ស្រស់​ស្អាត​មួយ មាន​សត្វ​ជាច្រើន​រស់នៅ ទៅតាម​ក្រុម តាម​ប្រភេទ។ សត្វ​ខ្លះ​មិនមែន​ជាស​ត្រូវ​នឹងគ្នា​ទេ ហើយ​សត្វ​ខ្លះ​ស្អប់គ្នា។ មាន​ក្ងោក​មួយ​ក្បាល ជា​សត្វ​ដែល​មាន​រូបឆោម លោម​ពណ៌ មាន​រោម​ស្រស់​ស្អាត​ជាង​សត្វ​នានា​ដទៃ។ សត្វ​ណា​ដែល​បានឃើញ​ក្ងោក តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់។ គ្រានោះ មាន​សត្វ​ក្អែក​មួយ​ក្បាល ដែល​តែងតែ​អាក់អន់​ចិត្តនឹង​ខ្លួនឯង ព្រោះ​មាន​សម្បុរស្បែក​ខ្មៅ​ខុសគេ ហើយ​តែង​ចង់​ស្អាត​ដូច​សត្វ​ក្ងោក​ដែរ។ ក្អែក​បាន​ហោះ​ជួបនឹង​ក្ងោក​ស្លាប់​មួយ​ក្បាល ហើយក៏​យក​ស្បែក​ក្ងោក​មក​ពាក់។ ក្អែក​ដែល​ពាក់​ស្បែក​ក្ងោក គឺ​ទៅណាមកណា​តែង​មាន​គេ​សរសើរ​ថា​ស្អាត។ និយាយ​ពី​ក្ងោក​មួយ​ក្បាល ដែល​តែងតែមាន​សត្វ​ដទៃ​សរសើរ​វិញ​, ក្ងោ​កបាន​ដើរទៅ​ក្បែរ​មាត់ទឹក រួចហើយ​ក៏បាន​ឃើញ​សត្វ​ក្រៀល។ រី​ឯក្រៀល​ដើររក​ចំណី​នៅ​មាត់ទឹក​ធម្មតា។

ក្ងោក​ដឹង​ថា​សត្វ​ក្រៀល​ឃើញ​ខ្លួន តែ​ក្រៀល​ធ្វើមិនដឹង ធ្វើ​មិន​ខ្វល់ ហើយ​ជាពិសេស​ពុំ​បាន​សរសើរ​ខ្លួន​, ក្ងោក​ក៏​សួរ​ទៅ​ក្រៀល​ថា តើ​ហេតុ​ដូចម្តេច ទើ​បាន​ជា​ក្រៀល​ឯង​មិន​សរសើរ​ខ្ញុំ​? ក្រៀល​ឯង កុំ​ច្រណែននឹ​ងខ្ញុំ ដែល​មាន​​រូបរាង​ស្អាត​អី ព្រោះ​មិនដឹង​ធ្វើ​យ៉ាងណា បើ​ខ្ញុំ​កើតមក​ស្អាត​អ៊ីចឹង ហើយ​កិត្តិយស​ខ្ញុំ​ល្បី​សព្វ​ក្នុង​ប្រឹក្សា​នេះ​។ ក្រៀល​ហួសចិត្ត ក៏​ឆ្លើយ​ថា ក្ងោក​អើយ​!! ខ្ញុំ​ឥតមាន​ចិត្តច្រណែន​នឹង​ក្ងោក​ឯង​សូម្បី​បន្តិច ពីព្រោះ​មើលទៅ​ក្ងោក​ឯង​វង្វេង​នឹង​សម្តី​សរសើរ​របស់​សត្វ​ដទៃ តែ​នៅ​មិនដឹង​ថា​ខ្លួនឯង​មានតែ​ត្រឹម​សម្បក​ក្រៅ​​ឡើយ។ ក្រៀល​និយាយ​ចប់ ក៏​ហើរ​ទៅ ព្រមទាំង​ផ្តាំ​ក្ងោក​ថា តើ​ក្ងោក​ឯង​មាន​ស្លាប​ដែល​អាច​ហោះហើរ​បាន​ដូច​ខ្ញុំ​ទេ​? ខ្ញុំ​ចង់ទៅ​ណា ហើរ​រំលង​ព្រៃ​ប៉ុន្មាន​ក៏បាន​ដែរ ពីព្រោះ​តែ​ស្លាប​របស់ខ្ញុំ។ ក្ងោក​ឯង​មាន​ស្លាប មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​បាន​ត្រឹម​ល្អមើល ប្រើការ​មិនកើត រស់​បាន​រីក​រាយ​​នឹង​សម្តី​សរសើរ​បញ្ជោរ​របស់​សត្វ​ដទៃ។ គ្រា​ចៃដន្យ ក្អែក​ដែល​ពាក់​ស្បែក​ក្ងោក​ក៏បាន​ឃើញ និង​ស្តាប់​ឮកា​រស​ន្ទ​នារ​វាង​ក្ងោក​និង​ក្រៀល ហើយ​គិត​ក្នុងចិត្ត​ថា ឱអញ​អើយ ហេតុអ្វី​ក៏​ល្ងង់​ម៉្លេះ​!! តើ​បាន​ប្រយោជន៍អ្វី​នឹង​សម្បក​​ក្រៅ​ត្រឹម​ល្អមើល ដ្បិត​វា​បាន​ត្រឹមតែ​អ្នកដទៃ​សរសើរ ហើយ​ប្រើការ​មិនកើត។ សូម្បី​ក្ងោក​ពិតប្រាកដ ក៏បាន​ត្រឹម​ល្អមើល​នឹង​រូបឆោម​ខ្លួនឯង។ ចុះ​រូប​អញ​ដែល​សម្តែង​បញ្ឆោត​សត្វ​ដទៃ​ថា​ជា​ក្ងោក​ដែរ​នេះ តើមាន​ប្រយោជន៍អ្វី​?

តម្លៃ​អប់រំ​នៃ​និទាន​ខាងលើ គឺ​ពុំ​មាន​អ្វី​ច្រើន ក្រៅតែ​ពី​ឱ្យ​ដកឃ្លា​ពី​រឿង​ជជែក​ឥត​សីលធម៌ អះ​អាង​ទ្រឹ​ស្តី​ដែល​យើង​មាន ថាត្រូវ ឥត​ខុស ទាំង​មិនបាន​សាកល្បង​ឱ្យ​កើត​លទ្ធផល​ពី​សកម្មភាព​ផង។ ការ​លើកឡើង​បែបនេះ គឺ​ពុំមែន​មិន​ឱ្យ​ជជែក​ជំទាស់​គ្នា​ទេ តែ​ត្រូវ​មានតម្លៃ​មួយ​អប គឺ​ក្រមសីលធម៌ សុជីវធម៌​ក្នុង​ការ​និយាយ​ស្តី​និង​ជជែក ពីព្រោះ​ជម្លោះ វា​មិនមែន​កើតឡើង​ដោយសារតែ​គំនិត​ទាស់គ្នា តែ​ដោយសារ​សម្តី​នៃ​ការ​ជជែក​គ្មាន​សីលធម៌។ សម្តី​គ្មាន​សីលធម៌ កើត​ចេញពី​ចិត្ត​ដែល​គ្មាន​ការអប់រំ រំជើបរំជួល​នឹង​ចំណេះដឹង​ដែល​ខ្លួន​មាន។ មាន​អ្នក​សរសើរ​ច្រើន ក៏​កើតក្តី​មោកនភាព​ជ្រុល ដូច​ក្ងោក​ជាដើម។ ចំណុច​មួយទៀត គឺ​ត្រូវ​ឈរ​លើ​ភាព​ជាក់ស្តែង​និយម ហើយ​ពុំគួរ​មោកនភាព​នឹង​ទ្រឹ​ស្តី​ពេក​ទេ តែ​គួរ​ឱ្យ​តម្លៃ​សកម្មភាព និង​លទ្ធផលជាក់​ស្តែង​វិញ។ តើ​បាន​ប្រយោជន៍អ្វី​នឹង​សម្តែង​ធ្វើ​ចេះ តែខ្លួន​មិនមែន​ជា​អ្នកចេះ​ផង​? តើ​បាន​ប្រយោជន៍អ្វី បើ​ខ្លួន​ចេះ តែ​មិន​ធ្វើសកម្មភាព​ឱ្យ​បាន​លទ្ធផល​? លក្ខណៈ​មិន​ចេះ តែ​ធ្វើ​ចេះ និង​លក្ខខណ្ឌ​ចេះ តែ​មិន​ធ្វើ គឺ​នឹង​ត្រូវ​លុបចោល​វិញ បើ​យើង​ជា​មនុស្ស​ចេះ​គោរព​អ្នកដទៃ ចេះ​ឱ្យ​តម្លៃ​អ្នកដទៃ ហើយ​មិនមែន​ជា​មនុស្ស​បំពាន​សេចក្តីល្អ ព្រោះថា ចំណេះដឹង​ត្រឹមត្រូវ ទោះ​មិន​ចេះ​ខ្ពស់​ជាងគេ​ឯង​ក៏ដោយ ក៏​មានត្រឹមតែ​សេចក្តីល្អ​ក្នុង​ខ្លួន​ពិត ចេះ​គោរព​អ្នកដទៃ សម្តី​មាន​សីលធម៌ ក៏​ចាត់ទុកថា​ល្អ​ហើយ​។ សម្រាប់​អ្នកចេះ សេរីភាព​នៃ​ចំណេះដឹង​ពិតប្រាកដ គឺជា​សេរីភាព​ដែល​មិន​មោកនភាព​នឹង​ចំណេះដឹង។ មិន​ចេះ ត្រូវ​រៀន។ រៀន​ចេះ ត្រូវ​ធ្វើ។ ធ្វើ​ហើយ គឺ​ត្រូវ​បានផល​ល្អ​៕

Tuesday, July 7, 2020

ចេះតែអួតឬអត់ចេះ?


មនុស្សយើង កាលបើ​គ្មាន​ចំណេះវិជ្ជា តែង​បារម្ភ​ថា​នឹង​គ្មាន​ឱកាស​រៀនសូត្រ​នូវ​ចំណេះវិជ្ជា។ កាលបើ​មានចំណេះ​​វិជ្ជា​ហើយ ក៏​កើតក្តី​បារម្ភ​ថា​នឹង​គ្មាន​ឱកាស​បាន​ប្រើប្រាស់​វិជ្ជា។ កាលបើ​មានឱកាស​បាន​ប្រើប្រាស់​វិជ្ជា​ហើយ ក៏​បារម្ភ​ខ្លាច​ប្រើប្រាស់​ខុស​ផ្លូវ ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ។ បុគ្គល​ឆ្លាត​ចេះ​រៀនសូត្រ​វិជ្ជា​ពីជ​នដ​ទៃ ទោះបីជា​អ្នកនោះ​ក្មេង​ជាង​​ខ្លួន​ក៏ដោយ ប្រៀប​ដូចជា​ពន្លឺ​ទៀន​មួយ​ដើម​អាច​បំភ្លឺ​រាត្រី​ងងឹត​បាន​មួយ​គ្រា ពេល​គ្មាន​សុ​រិយា។ ចំណេះវិជ្ជា​នេះ បើ​គ្មាន ​ក៏​នាំទុក្ខ​ទោស ឬបើ​មាន​ មិន​ចេះ​ប្រើប្រាស់​ឱ្យ​ត្រឹមត្រូវ ក៏​នាំទុក្ខ​ទោស។ ទោស​មួយ​ជា​ទោស​បំផ្លាញ​អ្នកដទៃ ទោស​មួយទៀត ជា​ទោស​បំផ្លាញ​ខ្លួនឯង។ នេះ​ហើយ​ទើប​លោកអ្នក​ចេះដឹង​គ្រប់​សម័យកាល​តែង​​និយាយ​ថា វិជ្ជា​ជា​អំណាច​។ អត្ថបទ​នេះ​ខ្ញុំ​និយាយ​តែ​អំពី​ការប្រើ​ប្រាស់​ចំណេះ​តែប៉ុណ្ណោះ។ អ្នកមាន​ចំណេះដឹង អ្នកមាន​ចំណេះវិជ្ជា​ទាំងឡាយ គឺ​ត្រូវ​ផ្អោប​ខ្លួន​ឱ្យ​ជាប់នឹង​សីលធម៌ គុណធម៌ មេត្តាធម៌ ឧត្តមគតិ និង​ប្រើប្រាស់​ចំណេះដឹង​ប្រព្រឹត្ត​តែ​សេចក្តីល្អ។ ការ​សាបព្រោះ​ចំណេះដឹង​ដល់​មនុស្ស​អាក្រក់ គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​សង្គម។ ចំណេះដឹង​ស្ថិតនៅ​នឹង​មនុស្ស​ល្អ នឹង​នាំ​​មក​នូវ​សេចក្តី​ចម្រើន​រុងរឿង។ ចំណេះដឹង​ស្ថិតនៅ​នឹង​មនុស្ស​អាក្រក់ នឹង​នាំ​ឱ្យ​សេចក្តី​អាក្រក់​ឱ្យ​ចម្រើន​​រុងរឿង។ បើ​សេចក្តី​អាក្រក់​រុងរឿង តែ​សេចក្តីល្អ​អន់ថយ គឺនឹង​ធ្វើ​ឱ្យ​មនុស្ស​ល្អ​ៗ ពិបាក​រស់នៅ​ក្នុង​សង្គម​។

នេះ​ជា​វិបត្តិ​នៃ​ការប្រើ​ប្រាស់​ចំណេះដឹង។ តើ​ហេតុអ្វី​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​ត្រឹមត្រូវ​? មនុស្ស​អាក្រក់​ពី​ធម្មជាតិ អាច​ប្រើ​ចំណេះដឹង​ខុស។ មនុស្ស​ល្អ​ដែល​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​មិនបាន អាច​រំជើបរំជួល​នឹង​ចំណេះដឹង​ដែល​​ខ្លួន​មាន។ ពេល​​មានចំ​ណេះ​ដឹង ចេះតែ​ចង់និយាយ ចេះតែ​ចង់ឱ្យ​គេ​ដឹង​ថា​ខ្លួន​ចេះ ចេះតែ​ចង់​អួត​សម្ញែង​ចំណេះដឹង ចេះតែ​ដើរ​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ ចេះ​តែចង់​វិភាគ​វែកញែក ទោះ​ឥត​ប្រយោជន៏​នឹងវែកញែក​ក៏ដោយ​។ លក្ខខណ្ឌ​នេះ គឺ​ចំណេះដឹង​ជា​អ្នក​គ្រប់គ្រង​មនុស្ស​ហើយ តែ​មិនមែន​មនុស្សជា​ចៅហ្វាយនាយ​​លើ​ចំណេះដឹង​ទេ។ ក្នុង​សង្គ្រាម មេទ័ព​ដែល​ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​បាន​ល្អ​​ គឺ​មិន​ត្រឹមតែ​ចេះ​យុទ្ធ​សាស្រ្ត​ទេ តែ​ដឹង​ពេល​​ត្រូវ​វាយ និង​ដឹង​ពេល​មិន​ត្រូវ​​វាយ។ ពេលណា​គួរ​ធ្វើសង្គ្រាម ពេលណា​មិន​គួរ​ធ្វើសង្គ្រាម​? មេទ័ព​ពូកែ ទាល់តែ​ដឹង​ថា​ខ្លួន​ឈ្នះ ទើប​ចេញ​ទ័ព​ច្បាំង តែបើ​ម្រ​មើល​មើល​ស្ថានការណ៍​ដឹង​ថា​ខ្លួន​ចាញ់ គឺ​មិន​ច្បាំងទេ។ ទុក​ពេល​ហ្វឹកហាត់ ទុក​ពេលពង្រឹង​​ទ័ព គឺ​ជា​​អ្វី​ដែលមេទ័ព​ពូកែ​ធ្វើ។ ការពារ​បន្ទាយ​ឱ្យ​មាំ គឺ​ស្មើនឹង​ឈ្នះ។ ក្រៅពី​យុទ្ធ​សាស្រ្ត​មិន​ឈ្នះ​មិន​វាយ គឺ​បើ​គ្មាន​ប្រយោជន៍​ត្រូវ​វា​យ​ទេ ក៏​មិន​វាយ​ដែរ។ ជ័យជម្នះ​ខ្លះ បើ​ឈ្នះហើយ វា​នាំការ​ខាតបង់ គឺ​ខា​តបង់​ស្បៀង ខាតបង់​ទាហាន ​ខាត​បង់ពេល​​...។ ខ្ញុំ​ចង់​ប្រៀបធៀប​ជម្លោះ​ក្នុង​សង្គម​រវាង​អ្នកចេះដឹង​មួយ​ចំនួន។ ការប្រើ​ភាសា​ឌឺដង ភាសា​ចាក់រុក និយាយ​​ស្តីខ្លី​ចប់ និយាយ​មិន​ចំ​និយាយ រិះគន់​មិន​ចំ​រិះគន់ គឺ​ងាយ​នឹង​បង្កជម្លោះ​ណាស់។ ជា​​​អ្នក​មិន​រៀន បើមក​ប្រកួត​ការ​គិត និង​ការ​​វិភាគ​វែកញែក​ជាមួយនឹង​អ្នករៀន គឺ​កម្រ​នឹង​ឈ្នះ​អ្នករៀន​ណាស់។ បើ​យក​អ្នក​មិន​អាន​សៀវភៅ​ មក​ប្រកួត​ការ​គិត និងការ​​វិភាគ​វែកញែកគំនិត​​ជាមួយនឹង​អ្នកអាន គឺ​កម្រ​នឹង​ឈ្នះ​អ្នកអាន​ណាស់។ ប៉ុន្តែ​ការ​ជជែក ការ​វែកញែក វា​ត្រូវតែ​មានប្រយោជន៍​ដូច​មេទ័ព​ធ្វើសង្គ្រាម​ដែរ​។ តើ​បាន​ប្រយោជន៍​អ្វី​ បើ​ត្រឹមតែ​ជជែកគ្នា ហើយ​មិន​ធ្វើ​អ្វី​? តើ​បាន​ប្រយោជន៍អ្វី ជជែក​បាន​ត្រឹម​ឈ្នះ តែ​មិន​​មាន​ប្រឹងរៀន​សូត្រ​?

ចំណុច​នេះ វា​អាច​មាន​លក្ខណៈ​ត្រូវ​ខុស​ដទៃផ្សេង​ទៀត តែ​សុំ​ប្រើ​ចិត្ត​យល់​ចេតនា​នៃ​អត្ថបទ​នេះ​ឱ្យ​ច្បាស់។ ពេល​វេលា​អ្នករៀន​សូត្រ គឺ​រវល់​នឹង​ការ​ក្រេប​ចំណេះដឹង ដូចជា​ការ​អាន​សៀវភៅ វិភាគ​វែកញែក ធ្វើ​លំហាត់ តាមដាន​សភាពការណ៍​សង្គម​...។ បើ​ពេល​អ្នកណា​មិន​និយាយ មិន​ស្តី មិន​ជជែក​ជាមួយ​យើង គឺ​មិនមែន​មានន័យថា​យើង​ធ្វើ​ឱ្យ​គេ​ខ្លាច​ទេ តែ​តម្លៃ​នៃ​វេលា​របស់​អ្នក​ប្រឹងប្រែង គឺ​ខុសពី​តម្លៃ​ពេលវេលា​នៃ​អ្នក​​មិន​ប្រឹង។ មនុស្ស​ជោគជ័យឬបរាជ័យ គឺ​ខុសគ្នា​ត្រង់​របៀប​ប្រើប្រាស់​វេលា​នេះឯង។ ១០ឆ្នាំ​ដូចគ្នា តែ​លទ្ធផល​ខុសគ្នា។ យុវជន​យើង​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​បញ្ហា​នេះ ជាពិសេស​រឿង​គួរនិង​រឿង​មិន​គួរ​...។ ចូរ​ចេញពី​ការទាស់ទែង​ដែល​ឥតប្រយោជន៍ តែ​មក​ធ្វើសកម្មភាព​ខិតខំ​រៀនសូត្រ ឬធ្វើការងារ​ដែល​បង្កើត​លទ្ធផល​ជាក់​ស្តែង​វិញ​។ ខ្ញុំ​សុំ​បង្ហាញ​និទាន​មួយ​អំពី ព្រាហ្មណ៍ ៤នាក់​ ដែល​រៀន​ជាមួយគ្នា។ និ​ទាន​​នេះ គឺ​បង្ហាញ​ខ្លឹមសារ​សំខាន់​អំពី​អ្នកចេះ តែ​អួតអាង​, អ្នកមាន​វិជ្ជា តែ​ប្រើ​ចំណេះវិជ្ជា​មិន​ត្រឹមត្រូវ​, អ្នកមាន​វិជ្ជា តែ​មុន​ធ្វើអ្វី មិន​ចេះ​គិត។ មាន​តំណាល​ថា​មាន​ព្រាហ្មណ៍ ៤នាក់ ជា​មិត្តភក្តិ​នឹងគ្នា។ ក្នុងចំណោម​ព្រាហ្មណ៍​ទាំង៤នាក់ ដែល​កំពុង​រៀន​មន្ត​វិជ្ជាការ​ពី​​​​អាចារ្យទិសាបាមោក្ខ គឺ​មានតែ​ព្រាហ្មណ៍​ទី៤ ឈ្មោះ​ពុធ​ប៉ុណ្ណោះ ដែល​មានចំណេះ​វិជ្ជា​ខ្សោយ​ជាងគេ។ ព្រាហ្មណ៍​ទី១ ចេះ​វិជ្ជា <ព្យាបាល​របួស​ឱ្យ​ជាសះស្បើយ​> យ៉ាង​ស្ទាត់ជំនាញ​, ព្រាហ្មណ៍​ទី២ ចេះ​វិជ្ជា <ផ្គុំ​បំណែក​ដែល​បែកបាក់​ឱ្យ​ជាប់គ្នា​វិញ​> យ៉ាង​ស្ទាត់ជំនាញ​, ព្រាហ្មណ៍​ទី៣ ចេះ​វិជ្ជា <ប្រោះ​ជីវិត​ឱ្យ​រស់​ឡើងវិញ​> បាន​យ៉ាង​ស្ទាត់ជំនាញ។ រី​ឯព្រាហ្មណ៍​ពុធ​វិញ គឺ​តែងតែ​ត្រូវ​មិត្ត​ដែល​ព្រាហ្មណ៍​ទាំង៣ សើចចំអក ដៀមដាម ឌឺដង​ឱ្យ​ជានិច្ច។ ព្រាហ្មណ៍​ទាំង៣ បានសម្រេច​ចិត្ត​លាលោក​គ្រូ​ចេញទៅ​ពិភព​ខាងក្រៅ ព្រោះ​ខ្លួន​គិតថា អ្នកមាន​វិជ្ជា ធ្វើ​យ៉ាងណា​នឹង​ក្លាយទៅជា​ជន​ពូកែ​ជាងគេ​បាន បើ​ប្រើ​ជីវិត​រស់នៅ​ក្នុង​ព្រៃ​​ដូចនេះ​!!

ព្រាហ្មណ៍​ទី១ ឧទាន​ថា ចុះ តើ​យើង​គួរ​នាំ​ពុធ​ទៅជាមួយ​ទេ​? ព្រាហ្មណ៍​ទី៣ ឆ្លើយតប​ថា បុគ្គល​អ្នកមាន​វិជ្ជា​ពូកែ មាន​តួនាទី​ជួយការ​ពារ​អ្នក​ទន់ខ្សោយ។ យើង​គួរតែ​នាំ​ពុធ​ទៅជាមួយ​ដែរ​។ ព្រាហ្មណ៍​ទាំងអស់​បាន​លាលោក​គ្រូ តែ​មុននឹង​ចាកចេញ​, អាចារ្យទិសាបាមោក្ខបាន​ផ្តាំ​យ៉ាង​ដាច់ខាត​ថា សិស្ស​ទាំងឡាយ ចូរ​ចងចាំ​ថា​ មនុស្ស​ឆ្លាត​តែងតែ​គិត​យ៉ាង​ច្បាស់ មុន​ពេល​សម្រេចចិត្ត​ធ្វើអ្វី​មួយ។ បុគ្គល​ណា​ក៏អាច​ពូកែ ឬមានចំណេះ​វិជ្ជា​បាន​ដែរ ប៉ុន្តែ​ចំណេះវិជ្ជា​តែ​ម្យ៉ាង វា​មិន​អាច​ឱ្យ​អ្នក​សម្រេច​កិច្ចការ​ងារ​បានទេ ​លុះត្រាតែ​ចេះ​​ប្រើប្រាស់​វិជ្ជា​ទាំងនោះ​ឱ្យ​ល្អ​ប្រសើរ។ អ្នក​ទាំងឡាយ ត្រូវ​មាន​សុភវិនិច្ឆ័យជានិច្ច ដ្បិត​ការណ៍​នេះ​នាំ​ឱ្យ​អ្នកចេះ​ប្រើប្រាស់​ចំណេះដឹង បញ្ញាញាណ និង​ពុទ្ធិ​របស់​ខ្លួន​បាន​ត្រឹមត្រូវ [...]។ ព្រាហ្មណ៍​ទាំង៤ បាន​ធ្វើដំណើរ​បាន​កន្លះ​ថ្ងៃ រហូត​អស់កម្លាំង ហើយក៏​បាន​រក​កន្លែង​សម្រាក។ មិនទាន់​នឹង​ដាក់​គូ​ថ​អង្គុយ​ផង ព្រាហ្មណ៍​ពុធ​បានឃើញ​គំ​នរ​ឆ្អឹង។ ព្រាហ្មណ៍​ទី១ បាន​ឆ្ងល់​ថា​នេះ​ជា​គំនរ​ឆ្អឹង​អ្វី​? ព្រាហ្មណ៍​ទី២ សន្និដ្ឋាន​ថា​នេះ​ជា​គំនរ​ឆ្អឹង​សត្វ​តោ។ ព្រាហ្មណ៍​ទី៣ ស្រែក​ដោយ​មិន​ជឿ។ គ្រាន់តែ​មួយសន្ទុះ ព្រាហ្មណ៍​ទាំង៣ ឈ្លោះប្រកែក​គ្នា។ ដើម្បី​ដឹងការ​ពិត ព្រាហ្មណ៍​ទី២ ដែល​ចេះ​វិជ្ជា <ផ្គុំ​បំណែក​ដែល​បែកបាក់​ឱ្យ​ជាប់គ្នា​វិញ​> បាន​សូត្រ​មន្ត​វិជ្ជា​ផ្គុំ​គំនរ​ឆ្អឹង​សត្វ​តោ ហើយ​និយាយ​ថា ឃើញ​ទេ យើង​ពូកែ​ណាស់​។ ព្រាហ្មណ៍​ទី១ និយាយចំអក​ដោយ​ច្រណែន​ថា ឯង​គិតថា​ឯង​​ពូកែ​ណាស់​មែនទេ​! ចាំ​មើល ខ្ញុំ​នឹង​ធ្វើ​ឱ្យ​សត្វ​តោ​នេះ​មានសាច់​មាន​ឈាម​ឡើងវិញ​។ គំនរ​សត្វ​តោ​បាន​ក្លាយទៅជា​មាន​រូបរាង មាន​សាច់ឈាម​....ដែល​កំពុងតែ​ដេក​ងាប់​លើ​ដី។

ព្រាហ្មណ៍​ទី៣ ឃើញ​ហើយ ក៏​កើត​ចិត្ត​រំជួល​នឹង​ចំណេះ​វិ​ជ្ជា​ ​ចង់​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​ដល់​អ្នកដទៃ​។ ព្រាហ្មណ៍​ពុធ គិត​រួចហើយ បាន​ប្រាប់​ទៅ​ព្រាហ្មណ៍​ទាំង៣ ថា សូមកុំ​ធ្វើ​ឱ្យ​តោ​នេះ​រស់​ឡើងវិញ​ឱ្យ​សោះ ព្រោះ​វា​អាច​ស៊ី​យើង​ទាំងអស់គ្នា​ តែ​ព្រាហ្មណ៍​ទាំង៣ មិន​ស្តាប់​ទេ។ ពុធ​ក៏​សម្រេចចិត្ត​ឡើងដើមឈើ​ម្នាក់ឯង។ ក្រោយមក ព្រាហ្មណ៍​ទី៣ ក៏បាន​សូត្រ​មន្ត​វិជ្ជាការ​ប្រោះ​សត្វ​តោ​ឱ្យ​មានជីវិត​រស់​ឡើងវិញ។ ព្រាហ្មណ៍​ទាំង៣ នាំគ្នា​សប្បាយ​បានមួយភ្លែត តែ​ក្រោយពី​សត្វ​តោ​រស់​ឡើងវិញ តោ​បាន​សង្គ្រុប​​ស៊ី​ព្រាហ្មណ៍​ទាំង៣នាក់ ស្លាប់​ទៅ​ហោង។ គម្ពីរ​បញ្ច​តន្រ្តៈ ផ្នែក អប​រី​ក្សិ​តការ​ក - Aparïksitakárakam​ ដែល​និយាយ​ពី​ទង្វើ​ដែល​ឥត​ពិចារណា​មុន ឬ Ill​-Considered Actions បាន​បង្ហាញ​តាម​នូវ​ទស្សនៈ​ជាច្រើន​អំពី​អ្នកធ្វើ​មិន​គិត ឬអ្នក​ចំណេះដឹង​ ដូចជា​និទាន​ <ព្រាហ្មណី និង​សត្វ​ស្ការ​> ដែលខ្ញុំ​រៀបរាប់​កាល​ពី​ម្សិល​មិញ​ជាដើម។ ចំណេះវិជ្ជា បើ​រៀន​ចេះ យក​ត្រឹមតែ​អួត​គ្នា ឬសម្ញែង​ថា​ខ្លួន​ចេះ គួរ​ពុំ​ចេះ​ល្អ​ជាង។ ចំណេះវិជ្ជា បើ​ចេះ​ហើយ តែ​មិន​ធ្វើ មិន​អនុវត្ត ឬបើ​ធ្វើ​ដោយ​ខ្វះ​សុភ​វិនិច្ឆ័យ​ដូច​និទាន​ខាងលើ ក៏​ពុំគួរ​ចេះ​ល្អ​ជាង។ ចំណេះវិជ្ជា​ឱ្យ​ផល​មានប្រយោជន៍​តែ​ចំពោះ​បុគ្គល​ណា​ដែល​អនុវត្ត​ជាក់ស្តែង​ប៉ុណ្ណោះ។ ការ​យកចំណេះ​មក​ឈ្លោះ​ព្រោះ​រឿង​ឥតប្រយោជន៍ ក៏​ពុំគួរ​ចេះ​ល្អ​ជាង។ ខ្ញុំ​មិន​រៀបរាប់​ថែមទៀត នាំ​តែ​អត្ថបទ​កាន់តែ​វែង ដ្បិត​និទាន​ពី​រឿង​ព្រាហ្មណ៍​ទាំង ៤នាក់ ខាងលើ គឺ​ល្មម​ឱ្យ​អ្នកអាន​ត្រិះរិះ​ពិចារណា​ដោយសមគួរ​ខ្លួនឯង​ហើយ។

សូម​ឧទ្ធិ​សគំ​និ​ត ចំណេះដឹង ទាំងអស់​ដែល​ខ្ញុំ​ចាំ ចេះ យល់ ដល់​អ្នកប្រាជ្ញ​បុរាណ​ទាំងឡាយ។ ខ្ញុំ​សុំ​ធ្វើ​ត្រឹមតែ​ជា​រៀនសូត្រ​ធម្មតា ដែល​ជា​អ្នកដើរ​ឃើញ​នូវ​ចំណេះ​ដឹង​ល្អ​ៗ មក​ចែករំលែក​ដល់​បង​ប្អូន​ក្មេង​ៗប៉ុណ្ណោះ​។ អ្នកអាន​អាច​អាន​បន្ថែម​គម្ពីរ បញ្ច​តន្រ្តៈ - Panchatantra​ និង​គម្ពីរ សុភាសិត - Subhāṣita ដែល​ប្រមូលចងក្រង​ដោយ​មជ្ឈ​មណ្ឌល​គន្ធី (Gandhi Centre​)

គិតពិចារណាផ្សារភ្ជាប់កម្មបង្កើតផល


មនុស្សអាក្រក់​ដែល​មានចំណេះ​វិជ្ជា បើ​យកចំណេះ​ទៅ​អនុវត្ត គឺ​នឹង​បានផល​អាក្រក់​កាន់តែ​ច្រើនឡើង រី​ឯបុគ្គល​ល្អ​ដែល​មានចំណេះ​វិជ្ជា​វិញ បើ​ពុំ​យកចំណេះ​ទៅ​អនុវត្ត​ទេ គឺ​បាន​ត្រឹម​តែល្អមើល។ មនុស្ស​អាក្រក់ ធ្វើសកម្មភាព​បាន​ច្រើន លទ្ធផល​អាក្រក់​ក៏​ច្រើន។ មនុស្ស​ល្អ ចេះ​ច្រើន តែ​មិន​ធ្វើសកម្មភាព​ជាក់ស្តែង​សោះ លទ្ធផល​ក៏​ពុំ​មាន​ដែរ ប្រៀប​ដូចជា​ផ្ទះ​អ្នក​ឧស្សាហ៍ តែង​មាន​មាសប្រាក់ តែ​ផ្ទះ​អ្នក​ខ្ជិល មានតែ​ក្តី​ក្តៅក្រហាយ។ ក្នុង​គម្ពីរ បញ្ច​តន្រ្តៈ​ - Panchatantra មាន​និទាន​ពី ព្រាហ្មណី​និង​សត្វ​ស្ការ​៖ នៅ​នគរ​មួយ មាន​ព្រាហ្មណ៍​ម្នាក់​ដែល​មាន​ភរិយា​ទើបតែ​បង្កើត​បានកូន​ប្រុស​មួយ។ ថ្ងៃមួយ បុរស​ជា​ប្តី​បាន​ចេញទៅ​ព្រៃ ហើយក៏​បាន​ជួបនឹង​ស្ការ​មួយ​ក្បាល ដែល​កំពុងតែ​សោកសៅ ព្រោះ​កូន​ខ្លួន​ស្លាប់។ ព្រាហ្មណ៍​ឃើញ​ដោយ​ក្តី​អាណិតអាសូរ ក៏បាន​នាំ​ស្ការ​ញី​មក​ចិញ្ចឹម​នៅផ្ទះ​ខ្លួន។

គ្រាមួយ ភរិយា​របស់​ព្រាហ្មណ៍​បាន​ទុក​កូនប្រុស​ខ្លួន​ចោល​នៅនឹង​អង្រឹង ហើយ​បាន​ចេញទៅ​ដងទឹក​នៅ​មាត់បឹង។ មួយសន្ទុះ​ក្រោយមក ស្រ្តីជា​ភរិយា​បាន​ត្រលប់​មកវិញ ហើយក៏​បានឃើញ​មាត់​សត្វ​ស្ការ ដែល​ខ្លួន​បាន​ចិញ្ចឹម​ប្រឡាក់​សុទ្ធតែ​ឈាម។ សត្វ​ស្ការ​សម្លឹង​មក​ព្រាហ្មណី​យ៉ាង​រីករាយ តែ​ព្រាហ្មណី​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​តែ​សត្វ​ស្ការ​ខាំ​សម្លាប់​កូនប្រុស​ខ្លួន ក៏បាន​វាយ​ស្ការ​រហូតដល់​ស្លាប់​ទៅ។ ព្រាហ្មណី​បាន​ស្ទុះ​រត់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ខ្ទម ហើយក៏​បានឃើញ​កូនប្រុស​ខ្លួន​កំពុង​គេងលក់​យ៉ាង​ស្រួល​លើ​អង្រឹង។ នៅ​ក្រោម​អង្រឹង គឺ​មាន​ពស់វែក​ស្លាប់​មួយ​ក្បាល។ ចុងក្រោយ ទើប​ព្រហ្ម​ណី​ដឹង​ថា ខ្លួន​យល់​ច្រឡំ​នឹង​សត្វ​ស្ការ​ថា សម្លាប់​កូនប្រុស​ខ្លួន តែ​តាមពិត​ស្ការ​បាន​ជួយ​កូន​ខ្លួន​មិនឱ្យពស់វែក​ចឹក។ តើមាន​ប្រយោជន៍នឹង​កែប្រែ​កំហុស​ដែល​ខុស​មក​ត្រូវ​យ៉ាងណា បើ​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ​? តើ​និទាន​នេះ​បាន​អប់រំ​អ្វីខ្លះ​ដល់​យើង​?

ធម្មជាតិ​នៃ​អំបិល គឺ​មាន​រសប្រៃ តែបើ​អំបិល​គ្មាន​រសប្រៃ​ទេ តើមាន​ប្រយោជន៍អ្វី​ទៀត​? ប្រៀប​ដូចជា​ចំណេះវិជ្ជា​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​មក​យ៉ាង​លំបាក តែបើ​ចេះ​ហើយ​មិន​ធ្វើ តើ​ចំណេះវិជ្ជា​មានប្រយោជន៍​ពីណា​? មេ​ទ័ពតែង​តែ​អង្គុយ​រៀបចំ​យុទ្ធ​សាស្រ្ត មុន​ចេញ​ធ្វើសង្គ្រាម តែបើ​គ្មាន​ផែនការ​ច្បាស់លាស់ តើមាន​សេចក្តី​សង្ឃឹម​នឹង​ឈ្នះសត្រូវ​បាន​ប៉ុន្មាន​ភាគរយ​? ពាក្យ​ខ្មែរយើង​និយាយ​ថា គិត​មុន​គូរ តែ​កុំ​គូរ​មុន​គិត​ឱ្យ​សោះ​។ មេ​រៀ​នេះ គឺ​ចង់​បង្ហាញ​អ្នកអាន​ឱ្យ​ចេះ​ពិចារណា មុន​សម្រេចចិត្ត​ថា​ធ្វើ​កិច្ច​ណាមួយ។ មុន​ធ្វើអ្វី​មួយ ចូរ​គិត​ឱ្យ​បាន ១០០ដង តែ​ដល់ពេល​ដាក់ដៃ​ដាក់​ជើង​ធ្វើ​ហើយ ទោះ​ដួល ១០០ដង ជួប​ឧបសគ្គ ១០០ជំពូក ក៏​កុំ​បោះបង់​ឱ្យ​សោះ ដែល​ស្រដៀងនឹង​ការ​ទូន្មាន​របស់​សម្តេច សង្ឃរាជ ជួន ណាត ថា ធ្វើអ្វី​ឱ្យ​ស្បាន់ ធ្វើអ្វី​ឱ្យ​បាន ធ្វើអ្វី​ឱ្យ​ផ្ចង់ ធ្វើអ្វី​ឱ្យ​ត្រូវ ធ្វើអ្វី​ឱ្យ​ត្រង់ ធ្វើអ្វី​ឱ្យ​គង់ ធ្វើអ្វី​ឱ្យ​គាប់​។ គំនិត​ដែ​លប​រិយា​យខាងលើ​នេះ ស្រួល សាមញ្ញ ងាយ​យល់ មិន​មានខ្លឹមសារ​ជ្រៅ​ទេ តែ​ពិបាក​នឹង​ធ្វើ។

សូម្បីតែ​អ្នកមាន​សំពាយ​បុណ្យ​កុសល​ពីអ​តី​តជាតិ​ក៏ដោយ តែបើ​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ទេ គឺ​ក្រ​នៅតែ​ក្រ​ដដែល។ គិតពិចារណាផ្សា​រភ្ជាប់​កម្ម បង្កើត​ផល។ បុគ្គល​ដែល​ពុំ​មាន​សេចក្តីល្អ​ក្នុង​ខ្លួន​សោះ កម្រ​នឹង​ពេញ​ចិត្តសេចក្តីល្អ​របស់​បុគ្គល​ដទៃ។ បុគ្គល​ដែល​មាន​សេចក្តីល្អ​តិចតួច តែង​ច្រណែនឹ​ងសេចក្តីល្អ​នៃ​អ្នក​ដែល​មាន​សេចក្តីល្អ​ច្រើនជាង​ខ្លួន។ ដូច្នេះ បុគ្គល​ដែល​មាន​សេចក្តីល្អ​តិចតួច តែបើ​ចេះ​ពេញចិត្ត​នឹង​បុគ្គល​ដែ​លមានសេចក្តី​ល្អ​ជាង​ខ្លួន អ្នកប្រាជ្ញ​បុរាណ​លោក​ថា មានដោយកម្រ​។ ចំណេះវិជ្ជា​អាច​បំផ្លាញ​យើង បើ​យើង​មាន​សេចក្តី​ប្រមាថ។ វិជ្ជាការ​ពារ​តែ​បុគ្គល​ណាដែល​ចេះ ហើយ​មិន​ប្រមាថ​ប៉ុណ្ណោះ។ ព្រះរាជា​បានការ​គោរព​តែ​ពី​រាស្រ្ត​នគរ​ខ្លួន​ប៉ុណ្ណោះ តែ​អ្នកចេះដឹង បើទៅដល់​ទីណាហើយ គឺមាន​អ្នក​គោរព​ឱ្យ​តម្លៃ​ទីនោះ។ រី​ចំណែក​បុគ្គល​ដែល​មានចំណេះ​ដឹង បដិបត្តិ​នូវ​ចំណេះដឹង​ដែលខ្លួនមានឱ្យ​កើតជា​ផល​ផ្លែផ្កា ទោះ​ស្លាប់​ហើយ ក៏​នៅតែ​រស់ ពោល​គឺ​រស់នៅ​បាន​គ្រប់​សម័យកាល។

បើសិនជា​មនុស្ស​សម័យ​អង្គរវត្ត​មិន​ប្រឹងប្រែង​ធ្វើសកម្មភាព​ជាក់ស្តែង​ទេ តើ​អាច​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ដូច​អង្គ​រវត្ត​ទេ​? ពេល​ធ្វើ​ហើយ គឺ​សល់​ទាំង​លទ្ធផល សល់​ទាំង​បទ​ពិសោធ សល់​ទាំង​ទ្រឹ​ស្តី​និង​សល់​ទាំង​គំ​និ​តល្អ​ៗថែមទៀត។ ប៉ុន្តែ​បើ​ចេញ​ពី​ទ្រឹ​ស្តី​មិន​ផុត​ទេ សមិទ្ធផល​អ្វី ក៏​យើង​ពុំ​អាចបន្សល់​បាន​ដែរ។ សៀវភៅសរសេរ​ដើម្បី​ប្រាប់​ពី​ក្បួន​អនុវត្ត តែបើ​មិន​ធ្វើ ហើយ​បានត្រឹមតែ​ក្បូរក្បាច់ គឺ​គ្មាន​ប្រយោជន៍អ្វី​ទាំងអស់។ ទស្សនៈ​ខាងលើ គឺ​ពុំមែន​មើល​ងាយ​ទ្រឹ​ស្តី​ទេ។ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ទាក់ទង​នឹង​គំនិតថ្នា​ក់​ទ្រឹ​ស្តី​ច្រើន​មក​ហើយ ហើយ​អត្ថបទ​មួយ​រយៈ​ចុងក្រោយ​នេះ ខ្ញុំ​និយាយ​ភាគច្រើនពី ការអនុវត្ត​ ការ​ធ្វើ​ផ្ទាល់ និង​ជាក់ស្តែង​និយម​ ដែល​អ្នកអាន​ត្រូវ​បម្លែង​ទ្រឹ​ស្តី​ទៅជា​សកម្មភាព​៕

មាត់មានតែមួយ


យើងដើរដល់ចំណុចទ្រឹស្ដី​ ខណៈដែលគេបានដើរទៅដល់ការធ្វើសកម្មភាពទៅហើយ​ ដូច្នេះ​តើគួរនៅបន្តជជែកតែទ្រឹស្ដីប៉ុណ្ណឹងឬ? ការជជែកអំពីទ្រឹស្ដី​ ជួនកាលវាក៏ជាមូលហេតុនាំឱ្យឈ្លោះប្រកែកគ្នាយកចាញ់ឈ្នះផង​ ហើយនោះគឺព្រោះ​តែការយល់ឃើញតាមភាពសមហេតុផលខុសគ្នារៀងៗខ្លួនហ្នឹងឯង។ ការពិតទៅ​ ទ្រឹស្ដី​គឺគ្រាន់តែជាស្រមោលគំនិត​ រីឯលទ្ធផល​ទើបអាចឆ្លុះបញ្ចាំងតម្លៃនៃទ្រឹស្ដី​ និងគុណភាពជីវិតបាន។ វាមិនសំខាន់ពេកទេថា​តើយើងអាចនិយាយបានល្អ​កម្រិតណា? តើគេនឹងជឿយើងកម្រិតណា? ដែលសំខាន់គឺនៅត្រង់ថា​ តើយើងបានប្រឹងធ្វើហើយឬនៅ? ហើយបានប្រឹងកម្រិតណា? លទ្ធផលយ៉ាងណា?

ទោះយ៉ាងណា​ លទ្ធផល​ល្អឬមិនល្អ​ វាគ្រាន់តែជាផ្នែកមួយនៃជីវិត​ប៉ុណ្ណោះ​។ វាមិនមែនជាអ្វីៗគ្រប់យ៉ាងនៃជីវិតនោះទេ។ ពុំគួរយកលទ្ធផលនៃរឿងរ៉ាវណាមួយមកកំណត់ជីវិត​ ឬដាក់តម្លៃដល់ខ្លួនឯងទេ​ ព្រោះថារឿងមួយមានលទ្ធផលមួយ​ ហើយលទ្ធផលនៃរឿងមួយមិនមែនជាលទ្ធផលនៃរឿងគ្រប់យ៉ាងនោះទេ។ ជីវិតត្រូវជួប​និងត្រូវប្រឹងប្រែងដោះស្រាយរឿងយ៉ាងច្រើន​ផ្សេងៗ​ទៀត ហើយក៏នឹងទទួលបានលទ្ធផលខុសគ្នាយ៉ាងច្រើនផ្សេងៗផង។

ធម្មជាតិ​បង្កើតត្រចៀកពីរ​ ភ្នែកពីរ​ ដៃពីរ​ ជើងពីរ​ និងមាត់មួយគឺដើម្បីឱ្យយើងប្រឹងស្ដាប់​ ប្រឹងមើល​ និងប្រឹងធ្វើឱ្យបានច្រើន​ជាងនិយាយតែទ្រឹស្ដី។​ ដូច្នេះប្រឹងស្ដាប់​ទៅ! ប្រឹងធ្វើទៅ! គេនឹងឃើញដោយខ្លួនឯង​ ហើយនឹងដឹងដោយមិនចាំបាច់និយាយប្រាប់ទៀតផង។ ប៉ុន្តែ​នៅចុងបញ្ចប់គឺនៅតែថា ទោះជាគេដឹង​ ឬមិនដឹងក៏វាមិនទាក់ទងនឹងរឿងដែលត្រូវធ្វើដែរ។

(អត្ថបទនេះ​មិនឆ្លុះបញ្ចាំងពីនរណាទេ)

ការផ្ទឹមខ្លឹមសារគ្នា ៣


អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន (១)  អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ (២)អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ (៣)

អ្នកមិនរៀនផ្ទឹមនឹងអ្នករៀន (១)
​ការប្រកួត​ប្រជែង​គំនិត គឺ​ត្រូវ​ប្រកួតប្រជែង​ទៅលើ​សមត្ថភាព​វែកញែក។ ការ​វែកញែក​ល្អ ឬមិន​ល្អ គឺ​អាស្រ័យ​លើ​ពេលវេលា​នៃ​ការ​ឆ្លងកាត់​ការសិក្សា​អប់រំ កា​រៀនសូត្រ ការ​អាន​សៀវភៅ។ ចុះបើ​យើង​មិនមែន​ជា​អ្នករៀន មិនមែន​ជា​អ្នក​សិក្សា​ស្រាវជ្រាវ មិនមែន​ជា​អ្នកអាន​សៀវភៅ តើ​យើង​ជឿ​ប៉ុន្មាន​ភាគរយ​ដែល​ថា អ្វី​ដែល​យើង​យល់ វា​ត្រឹមត្រូវ​អាចយ​កជា​ការបាន​? យើង​មិន​អាចយ​កអារម្មណ៍​មក​វែកញែក​ខុសត្រូវ​បានទេ ប្រៀប​ដូចជា​មនុស្ស​មិន​អាចយ​កត្រចៀក​មក​មើលរូប​ភាព​បាន​ឡើយ។ តើ​ត្រូវ​ធ្វើ​យ៉ាងណា ទើប​អាច​ដឹង​ថា​អ្វី​ដែល​យើង​គិតខុស ឬត្រូវ​? អ្នករៀន​សូត្រ អ្នក​សិក្សា​ស្រាវជ្រាវ អ្នកអាន​ច្រើន គឺ​ត្រូវ​ចេះ​ប្រៀបធៀប​ផ្ទៀងផ្ទាត់​គំនិត។ យក​អ្វី​ដែល​យើង​យល់ ទៅ​ផ្ទៀង​នឹង​គំ​និ​តចាស់​ៗដែល​អ្នកចេះដឹង​បាន​បន្សល់ទុក​ពីមុន ទើប​ច្បាស់​ថា​ត្រឹមត្រូវ អាច​ប្រើ​ការបាន​ឬយ៉ាងណា។ ផ្ទុយទៅវិញ បើ​យើង​មិនមែន​ជា​អ្នករៀន មិនមែន​ជា​អ្ន​កសិ​ក្សា​ស្រាវជ្រាវ មិនមែន​ជា​អ្នកអាន​ទេ តើ​យើង​អាច​ទុកចិត្ត​ខ្លួន​ប៉ុន្មាន​ភាគរយ​ថា​អ្វី​ដែល​យើង​យល់ វា​ត្រឹមត្រូវ​? នេះ​ជា​ដំណាក់កាល​វែកញែក​ថ្នាក់​ហេតុផល ដែល​មិនទាន់​និយាយ​ដល់​លទ្ធផលជាក់​ស្តែង​ផង។ តើ​គំនិត​មួយ​ដែល​ត្រូវ ឬខុស ត្រូវ​វាស់​តាមរបៀប​ណា​ទៀត​?

អ្នកមិនធ្វើផ្ទឹមនឹងអ្នកធ្វើ (២)
ការ​គិត​ត្រូវ ធ្វើ​ត្រូវ គឺ​នឹង​បាន​លទ្ធផល​ល្អ។ គិតខុស នាំ​ឱ្យធ្វើ​ខុស ធ្វើខុស មិន​អាច​បាន​លទ្ធផល​ត្រូវ​បានទេ។ ការវាស់វែង​គំនិត ក្រៅពី​វាស់​នៅ​លើក​ត្តា​ក្នុង​ខ្លួន​របស់​យើង​ហើយ គឺ​ត្រូវ​វាស់​ដោយ​លទ្ធផល​ដែល​សម្រេច​បាន​តាមរយៈ​ការអនុវត្ត​​សកម្មភាព​ពី​គំនិត។ លទ្ធផល​ល្អ វា​បង្ហាញថា​គំនិត​ត្រូវ តែ​លទ្ធផល​មិនល្អ វា​បង្ហាញថា​ការ​គិតខុស។ មនុស្សម្នាក់​មាន​សមត្ថ​ភាព​ឬមិន​មាន គឺ​គេ​មិន​វាស់​លើ​របៀប​ធ្វើការងារ​ទេ តែ​គេ​វាស់​លើ​លទ្ធផល​ការងារ។ សិស្ស​ម្នាក់​ពូកែ​ឬមិន​ពូកែ គឺ​ត្រូវ​វាស់​លើ​ពិន្ទុ​ដែល​ទទួល​បាន​ពី​សមត្ថភាព​ពិត។ ក្រៅពី​វាស់​តាមរបៀប​ខាងលើ គឺ​គុណភាព​គំនិត​នឹង​ត្រូវ​វាស់​លើ​គុណភាព​នៃ​ឥរិយាបថ កាយវិការ សុជីវធម៌ សីលធម៌​នៃ​ការរស់នៅ​...។ មនុស្សម្នាក់​អាច​មានគំនិត​ល្អ​ច្រើន តែបើ​កាយ​វិ​ការ​មិនល្អ សុជីវធម៌​មិនល្អ គ្មាន​សីលធម៌ ច្រងេងច្រងាង និយាយ​ស្តី​ឈ្លើយ មិន​ចេះ​គោរព​ឱ្យ​តម្លៃ​អ្នកដទៃ ចេះតែ​ប្រើពាក្យ​សម្តី​ឌឺដង សម្តី​និយាយ​យក​តែ​ឈ្នះ​...គឺ​ពិបាក​នឹង​ធ្វើខ្លួន​ឱ្យ​កើតជា​ប្រយោជន៍​សម្រាប់​អ្នកដទៃ​ណាស់។ លក្ខខណ្ឌ គឺ​វា​បង្ហាញថា ចំណេះដឹង​ដែល​មាន គំ​និ​តល្អ​ៗដែល​មាន គឺ​ទុក​សម្រាប់​តែ​លែង​ល្បែង​តក្កវិជ្ជា ឬល្បែង​ប្រាជ្ញាឈ្លាស​វៃ​ប៉ុណ្ណោះ​។ លក្ខខណ្ឌ​នេះ ខ្ញុំ​មិនទាន់​បាន​និយាយ​ពី​លទ្ធផល​ដែល​បាន​មក​ពី​ចំណេះវិជ្ជា ដែល​ធ្វើ​ឱ្យ​ចិត្ត​រួច​រដោះ​ខាង​ក្នុ​ងផង។ ចិត្ត​រួច​រដោះ គឺ​មិន​ច្រណែន ខឹង​តិច ខ្វល់ខ្វាយ​តិច ស្គាល់​សកម្មភាព​ធម្មជាតិ មិន​ធ្វើការងារ​យកមុខ មិន​ប្រឹង​ដើម្បី​ល្បី​...។ ប្រឹង​ធ្វើ បើ​បាន​ក៏​យក បើ​មិនបាន​ក៏​មិន​ខ្វល់ តែ​ខ្វល់​តែ​ម្យ៉ាង គឺ​អំពើ ឬកម៌។ ចេះ​ធ្វើទាន មាន​សីល ស្ងប់ស្ងាត់​ក្នុង​ការរស់នៅ មិន​រំជើបរំជួល មិន​ឱ្យ​តម្លៃ​ភាព​ស្អាត​ត្រឹម​សម្បក​កាយ មិន​ខ្វល់ខ្វាយ​នឹង​កាមតណ្ហា​ដែល​មនុស្សលោក សត្វ​ខ្លះ​និយម ស្រីញីអូនបង ល្បែងញៀនញ៉ាម​...។ ចំណុច​នេះ ខ្ញុំ​យល់ថា​មិន​ចាំបាច់​ខ្វល់​ពេក​ទេ (អ្នករៀន​សូត្រ​ធម្ម​តាៗ ក៏​គេច​មិន​ផុត​ដែរ ជាពិសេស​រឿងស្រីៗ។ និយាយ​ឱ្យ​អាក្រក់​ស្តាប់ អ្នកខ្លះ​កាន់តែ​ចេះ កាន់តែ​ល្មោភកាម។ កាន់តែ​ចេះ កាន់តែ​ល្មោភ​កេរ្តិ៍ឈ្មោះ។ កាន់តែ​ចេះ កាន់តែ​ចង់ឱ្យ​គេ​ដឹង​...) ព្រោះ​អ្នក​ដែល​អាច​យល់​បាន លុះត្រាតែ​បដិបត្តិ​សមាធិ​ជាប្រចាំ​...។

អ្នកច្រណែនផ្ទឹមនឹងអ្នករៀននិងអ្នកធ្វើ (៣)
ចិត្ត​ដែល​មិនបាន​អប់រំ​ល្អ គឺជា​ចិត្ត​ដូច​កូនក្មេង។ ខ្ញុំ​ធ្លាប់​សរសេរ​អត្ថបទ​ទាក់ទង​អំពី​ចិត្ត​នេះ​ច្រើន​គួរសម​ដែរ ជាពិសេស​មាន​អត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ថា ខួរក្បាល​ជា​បណ្ឌិត តែ​ចិត្តជា​កូនក្មេង​។ ទស្សនៈ​នេះ គឺ​ចង់​ប្រៀបធៀប​អ្នកចេះដឹង​ថ្នាក់​ខួរក្បាល (តែ​មិន​ចិត្តស្ងប់​) ទៅ​នឹង​មនុស្ស​ដែល​មានចិត្ត​ដូច​កូនក្មេង។ កូនក្មេង​ងាយ​ខឹង ងាយ​អាក់អន់​ចិត្ត ងាយ​ទទួលអារម្មណ៍ ងាយ​យំ ងាយ​សើច ចូលចិត្ត​ពាក្យលួងលោម (ទោះជា​កលមាយា ក្លែងក្លាយ​ក៏ដោយ។ ឧទាហរណ៍ កូន​ឆ្លាត​ដាច់គេ កូន​ល្អដាច់គេ កូន​ស្អាត​ដាច់គេ​...)...។ មនុស្ស​គ្រប់រូប​មាន​តណ្ហា​ដឹកនាំ។ មនុស្ស​គ្រប់រូប​មាន​វិជ្ជា​ជា​ទៀន​បំភ្លឺ​ខ្លួន ទោះ​នៅ​ទីណា​ក៏ដោយ មាន​បញ្ហា​អ្វីក៏ដោយ ក៏​ទៀន​នេះ​នៅតែ​ភ្លឺ​ដែរ។ ចំណែក​អ្នក​គ្មាន​វិជ្ជា ចំណេះ​ក៏​គ្មាន ទៀន​សម្រាប់​បំភ្លឺ​ខ្លួន​ក៏​គ្មាន។ ជា​ធម្មតា​មនុស្ស​គ្រប់គ្នា​មាន​សេចក្តីល្អ​ក្នុង​ខ្លួន តែ​សំខាន់​តើ​យើង​ចេះ​មើល​ទេ។ ចិត្តច្រណែន វា​អាច​ធ្វើ​ឱ្យ​យើង​សម្តែង​ធ្វើ​ខ្វា​ក់​មើល​មិនឃើញ​នូវ​ទង្វើ​ល្អ​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ។ បើ​ចង់​ចោទ​មនុស្សម្នាក់​ថា​អាក្រក់ មិន​ខ្វះ​ទោស​ចោទ​ទេ ហើយ​ចង់​សរសើរ​មនុស្សម្នាក់​ថា​ល្អ ក៏​មិន​ខ្វះ​សេចក្តីល្អ​លើកយក​មក​បង្ហាញ​ដែរ។ បើ​យើង​មើល​មក​ខ្លួនឯង​ឃើញថា យើង​មិនបាន​ធ្វើ​អាក្រក់​ទេ គឺ​យើង​ក៏​គួរ​ស្ងប់ចិត្ត​នឹង​ខ្លួនឯង ហើយ​បន្តដំណើរ​។ មនុស្ស​មិន​គ្រប់ទឹក​ខ្លះ​អាច​ចាប់​សត្វ​មាន់​ទុក ឬក៏​រឹតក​សត្វ​មាន់ មិន​ឱ្យ​រងាវ​ពេលព្រឹក ពីព្រោះ​មិន​ចង់ឱ្យ​ព្រះអាទិត្យ​រះ។ ដឹង​ក្នុងចិត្ត​ថា តែ​ប៉ុណ្ណេះ ព្រះអាទិត្យ​នៅ​ថ្ងៃស្អែក គឺ​មិន​រះ​ទេ​។ មិន​ចេះ អាច​រៀន​ចេះ។ រៀន​ចេះ តែ​មិន​ធ្វើ អាច​រៀន​ធ្វើ។ ធ្វើ​មិនបាន​ល្អ គឺ​ត្រូវ​រៀន​បន្ត​ទៀត។ ផ្តល់​តម្លៃ​ទៅជា​លើស​កម្ម​ភាព​មនុស្ស​ជាង​សម្តី។ សម្តី​ល្អ ល្អ​បំពេញ​ត្រឹមតែ​ចិត្ត តែ​ទង្វើ​ល្អ បង្ហាញ​អស់រលីង​តែម្តង (និយាយ​ហើយ​ធ្វើ​)។ យើង​មិន​អាច​ប្រមាថ​ទឹកចិត្ត​មនុស្ស​បានទេ ដ្បិត​​គុណ​ធម៌យើង​នៅកន្លែង​ណា បើ​សូម្បីតែ​សេចក្តីល្អ​ដែល​បុគ្គល​ដទៃ​បាន​ធ្វើ​នៅនឹង​ភ្នែក​ហើយ យើង​មើល​មិនឃើញ​ផង​?

បុរសចំណាស់ម្នាក់ មុនពេលស្លាប់បានហៅកូនប្រុសមកក្បែរ រួចប្រគល់នាឡិកាចាស់មួយគ្រឿងទៅឱ្យកូនប្រុសនោះ និងបានប្រាប់ឱ្យកូនយកនាឡិកានោះទៅលក់នៅហាងនាឡិកា ពេលកូនប្រុសត្រឡប់មកវិញ ប្រាប់ឪពុកថាគេឱ្យតម្លៃ៥ដុល្លារ ព្រោះនាឡិកានោះចាស់ពេក។

ឪពុកក៏ឱ្យកូនយកទៅលក់នៅហាងកាហ្វេ កូនត្រឡប់មកវិញក៏និយាយដូចមុន ថាមកពីនាឡិកានោះចាស់ពេក។

រួចហើយលោកពុកក៏ឱ្យកូនយកទៅសារមន្ទីរ កូនត្រឡប់មកវិញញញឹមរីករាយ និងប្រាប់ពុកទាំងត្រេកអរថា នាឡិកានោះគេហ៊ានឱ្យតម្លៃរាប់លានដុល្លារ។

ពុកញញឹម ចាប់ដៃកូនប្រុសរួចនិយាយថា នេះជាមេរៀនដែលពុកចង់ឱ្យកូនឈ្វេងយល់។ តាមពិតតម្លៃរបស់យើងមានខ្ពស់ គ្រាន់តែយើងមិនបានដឹងពិតប្រាកដ។ ចូរកុំយកតម្លៃរបស់ខ្លួនទៅចំណាយនៅកន្លែងខុស កុំនៅជាមួយអ្នកដែលមើលមិនឃើញតម្លៃរបស់យើង ហើយកុំខឹងពេលគេមិនឱ្យតម្លៃយើង ត្រូវចេះរកកន្លែងណាដែលសមនឹងតម្លៃយើងពិតប្រាកដវិញ ទើបជីវិតយើងពោរពេញដោយក្ដីសុខ៕

-------------------------------- 
ប្រភព៖ បរទេស

Sunday, July 5, 2020

សេចក្តីសង្ស័យខុស?



មានតែ​សកម្មភាព​និង​ទង្វើ​ជាក់ស្តែង​ប៉ុណ្ណោះ ដែល​អាច​បង្ហាញ​បុគ្គល​សង្ស័យ​និយម​ហួសហេតុ​ថា អ្វីមួយ​ខុស​ពិត និង​អ្វីមួយ​ខុស​ក្លែង​ក្លែង​។ សេចក្តី​មន្ទិល សេចក្តី​សង្ស័យ វា​អាច​ជា​ថ្នាំ​សម្រាប់​អ្នកមាន​បញ្ញា និង​វា​អាច​ជា​រោគា​សម្រាប់​អ្នក​ខ្វះ​បញ្ញា។ អ្នកមាន​បញ្ញា​ឆ្លាត អាច​ពិចារណា​ចាក់ធ្លុះ​នូវ​ការពិត​ទាំងឡាយ មិនថា​តែ​ការ​មើល​ដឹង​បុគ្គល​ល្អ​ពិត ឬបុគ្គល​ល្អ​ក្លែងក្លាយ ចំណេះដឹង​ពិត ឬចំណេះដឹង​ក្លែងក្លាយ​ទេ។ អ្នក​មិន​មាន​បញ្ញា គឺ​ត្រូវការ​ហ៊ាន​ទុក​ចិត្ត ដែល​ត្រូវតែ​ទុកចិត្ត​ថា​បុគ្គល​នេះ​ល្អ​ពិត ទោះ​ក្នុង​លក្ខខណ្ឌមិន​យល់តាម​ថ្នាក់​ហេតុផល​ក៏ដោយ។ កាលបើ​និយាយ​ពី​សទ្ធា គឺ​មាន​ចរិតលក្ខណៈ​នៃ​ពាក្យ​ពីរ៖ ទី១ គឺ ចំណេះដឹង​ខួរក្បាល ការយល់​ដោយ​ប្រាជ្ញាឈ្លាស​វៃ ការវិភាគ​វែកញែក​ហេតុផល។ ចរិតលក្ខណៈ​ទី២ គឺ ជំនឿ​ទុកចិត្ត​ដែល​កើត​ចេញពី​បេះដូង មនោ​រម្ម​ណ៍​ដោយ​ពុំ​ចាំបាច់​ពិចារណា​ច្រើនពេក​។ និយាយ​ដោយ​ខ្លី ចរតិ​តលក្ខណៈ​នៃ​ពាក្យ​សទ្ធា​នេះ គឺ ទំនុកចិត្ត -Trust (heart​) ដែល​ចេញពី​ចិត្ត​ បូក​នឹង ជំនឿ​​តាម​បែប​ហេតុផល - Believe (head​)

ឧទាហរណ៍​ នារី​ម្នាក់​និង​បុរស​ម្នាក់​មានចិត្ត​ស្រឡាញ់​គ្នា​ប្តូរផ្តាច់ ដឹងចិត្ត​គ្នា​ច្បាស់ តែ​ថ្ងៃមួយ​មាន​អ្នក​ដែល​ចង់​បំបែកបំបាក់​ស្នេហា ប្រាប់​ទៅ​នារី​ថា បុរស​នេះ​មាន​ស្រី​ថ្មី ក្បត់​អ្នក​ហើយ​។ អ្នក​បំបែក​បំបាក់​ក៏បាន​និយាយ​សម្តី​ដូចគ្នា​នេះ​ទៅ​បុរស​ថា នារី​ដែល​អ្នក​ស្រឡាញ់ ពេលនេះ​មាន​ប្រុស​ថ្មី ក្បត់​អ្នក​ហើយ​។ ដោយអំណាច​នៃ​ទំនុកចិត្ត​គ្នា គឺ​នារី​និង​បុរស​ពុំ​បាន​ជឿ​ពាក្យ​មួលបង្កាច់​អ្នក​បំបែកបំបាក់​ទេ ទោះ​ចង់​បំបែក​តាម​ហេតុផល​សមរម្យ​យ៉ាងណា ក៏​មិន​ជឿ​ដែរ។ ចំណុច​នេះ មិន​ខុសពី​ការ​ស្បថស្បែ​ររបស់​បងប្អូន​លីវ ប៉ី ដែល​សច្ចា​ស្លាប់រស់​នៅនឹង​គ្នា ហើយ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទោះ​អ្នកណា​បំបែកបំបាក់ និយាយអាក្រក់​ពី​បងប្អូន​ខ្លួន ក៏​មិន​អាច​បំបែក​បងប្អូន​បី​នាក់​នេះ​បាន​ដែរ។ បើ​និយាយ​ក្នុង​ការ​ធ្វើទាន ក៏​អ៊ីចឹង​ដែរ​, បរិស័ទ​ម្នាក់​ជួយ​ព្រះសង្ឃ​ឱ្យ​រៀនសូត្រ​ដោយ​ពុំ​ចង់បាន​អ្វី​ត្រលប់​មកវិញ។ ចិត្ត​​រីករាយ​ដោយ​បាន​ធ្វើបុណ្យ​នឹង​បុគ្គល​ដែល​គួរ​ធ្វើ។ នេះ​ជា​ចំ​ណុច​ខ្លះ​ៗនៃ​ការយល់ឃើញ​របស់ខ្ញុំ​ប៉ុណ្ណោះ។ តើ​ហេតុអ្វី ខ្ញុំ​និយាយ​ពី​មន្ទិលសង្ស័យ​នេះ​?

បុគ្គល​មានមន្ទិល តែ​បាន​ព្យាយាម​ប្រើ​ប្រាស់​​បញ្ញា​រហូត​ចាក់ធ្លុះ​ការពិត គឺ​នឹង​ដើរទៅ​ដល់​គោលដៅ​នៃ​ចំណេះដឹង។ ប៉ុន្តែ​បុគ្គល​នៅតែ​មានមន្ទិល ហើយ​គ្មាន​បញ្ញា​ចាក់ធ្លុះ​សេចក្តី​ពិត​ទេ គឺ​វិល​​ទៅមុខ​មិន​រួច​ឡើយ។ ដូច្នេះហើយ​សម្រាប់​អ្នក​ដែល​ខ្វះ​សមត្ថភាព​បញ្ញា​ចាក់ធ្លុះការពិត ខ្វះ​សមត្ថភាព​ចាក់ធ្លុះ​ត្រូវ​ខុស គឺ​សូម​ត្រឹមតែ​មានទំនុក​ចិត្ត​ដោយ​ពុំ​បាច់​មានហេតុ​ផល​អ្វី​ឡើយ។ ខ្ញុំ​និយាយ​បែបនេះ គឺ​ពុំមែន​មានន័យថា​ឱ្យ​បិទ​ការ​គិត តែបើ​គិត​មិន​ចេញ​ទេ គឺ​សូម​ត្រឹមតែ​ធ្វើតាម ហើយ​អនុវត្ត​គំនិត ដ្បិត​កុំ​រស់នៅ​ក្នុង​សេចក្តី​សង្ស័យ​ត្រាំត្រែង​យូរ​ពេក។ ការ​ត្រាំត្រែង​ក្នុង​មន្ទិល​យូរ គឺជា​ការ​ខាតពេល​វេលា​ក្នុង​ការ​ទទួលយក​គំ​និ​តល្អ​ៗ។ ទស្សនៈ​ខាងលើ គឺ​ខ្ញុំ​បា​នប​ញ្ជូ​លក្បួន​តាម​បែប​សាសនា​បន្តិច ព្រោះ​សាសនា​មាន​បង្ហាញ​វិធី​ច្រើន​ដើម្បី​បង្ហាញ​ទៅ​រក​ចំណេះដឹង ជាពិសេស គឺចិត្ត​រួច​រដោះ​។ ការរៀនសូត្រ​ទាំងឡាយ បើ​អ្នក​មិន​ទុកចិត្ត​គ្រូ​ទេ ឬមានមន្ទិល​សង្ស័យ​ច្រើន គឺ​កម្រ​នឹង​ទទួល​បាន​ប្រយោជន៍​ណាស់។

ក្នុងចំណោម​អ្នក​ថ្វាយខ្លួន​ជូន​ព្រះ ឬប្រគល់ខ្លួន​ប្រគល់​ចិត្ត​ទៅ​សាសនា គឺ​មាន​អ្នក​ឆ្លាត មាន​អ្នកចេះ មាន​អ្នក​មិន​ឆ្លាត មាន​អ្នក​មិន​ចេះ មាន​អ្នក​ខ្សោយ​បញ្ញា​...។ មន្ទិល វា​នាំ​ឱ្យ​រាំងផ្លូវ​សម្រាប់​អ្នក​ខ្វះ​បញ្ញា ហើយ​ពេលខ្លះ មន្ទិល វា​ក៏​ធ្វើ​ឱ្យ​យើង​មាន​បញ្ញា​ដែរ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ គឺ​ដាច់ខាត​ត្រូវ​ចេះ​បែងចែក​កាលៈទេសៈ។ ការ​អាន​សៀវភៅ ពេលខ្លះ​យើង​អាន​មិន​យល់ គិត​ហើយ​មិន​សម​ហេតុផល តែបើ​មានឱកាស​អនុវត្ត​គំនិត​ដែល​យើង​គិតថា​មិន​សម គឺ​គួរតែ​សាកល្បង​អនុវត្ត។ មាន​ឧបមា​ជាច្រើន​ដែល​បាន​បើក​​បង្ហាញផ្លូវ​ដល់​អ្នក​សង្ស័យ​ធម៌ ឬសេចក្តី​ពិត ឬសច្ចៈ មិនថា​ក្នុង​គម្ពីរ​សាសនា ឬព្រះ​ត្រៃបិដក​ទេ។ មន្ទិល​ព្រះ​ខ្ជិល មន្ទិល​ព្រះ​ប្រមាថ មន្ទិល​ព្រោះ​អវិជ្ជា។ ទ្រឹ​ស្តី​ពុទ្ធនិយម អវិជ្ជា គឺជា​មន្ទិល​ក្រៃលែង។ គោលបំណង​នៃ​អត្ថបទ​នេះ គឺ​ខ្ញុំ​ផ្តោត​ការអនុវត្ត​​ច្រើនជាង​ការ​វិលវល់​វង្វេង​នឹង​ទ្រឹ​ស្តី ឬមិន​ច្បាស់លាស់ មិនទៅ​មុខ។ អត្ថបទ​នេះ សម្រាប់​ពិចារណា​ប៉ុណ្ណោះ​!!

អ្វីក៏ខ្ញុំចេះដែរ?


គោលបំណង​នៃ​ការ​មាន​សីល គឺ​ដើម្បី​ចិត្ត​នឹងន​ក្នុង​សមាធិ មិន​រំជើបរំជួល​ក្នុង​អារម្មណ៍។ សមាធិ​ជា​ដំណើរ​ទៅ​រក​បញ្ញា។ បញ្ញា​ជា​ដំណើរ​ទៅ​រក​ការ​រួច​រដោះ​ចិត្ត ការ​ចាក់ធ្លុះ​ដល់​សច្ចភាព និង​វិមុត្តិ​ចិត្ត។ គោលបំណង​នៃ​ចំណេះដឹង គឺ​ដើម្បី​ធ្វើ​ជាក់ស្តែង។ ដំណើរ​នៃ​ទង្វើ គឺ​ដើម្បី​បាន​ជា​ផល។ ផល គឺ​ត្រូវជា​ផល​ត្រឹមត្រូវ។ ផល​ត្រឹមត្រូវ គឺ​បាន​មក​ពី​ការ​ទទួល​បាន​ចំណេះដឹង​ត្រឹមត្រូវ គិតពិចារណា​ត្រូវ និង​ធ្វើ​ត្រូវ។ ចំណេះដឹង​ទាំងឡាយ​ដែល​មនុស្ស​ចេះ តែបើ​មិនបាន​ធ្វើ​ឱ្យ​កើតជា​ផល​ទេ គឺ​ចាត់ទុក​ស្មើនឹង​មិន​ចេះ។ ខ្ញុំ​ចង់ឱ្យ​អ្នកអាន​វែកញែក​ឱ្យ​ដាច់​ពីគ្នា​រវាង​ចំណេះដឹង​ថ្នាក់​ប្រាជ្ញាឈ្លាស​វៃ (Intellectual Knowledge​) និង​ចំណេះដឹង​ថ្នាក់​ពិសោធ (Experiences​)។ តើ​អ្វី​ជា​ចំណេះដឹង​ថ្នាក់​ប្រាជ្ញាឈ្លាស​វៃ​?

ព្រះយេស៊ូ​មាន​បន្ទូល​ថា សូម​មាន​បញ្ញា​ដូចជា​អ្នកនេសាទ​ត្រី​នៅ​លើ​ផ្ទៃសមុទ្រ​! អ្នកនេសាទ គឺ​នេសាទ​ត្រី​បាន​ត្រី​ជាច្រើន តែ​ទុក​ត្រី​ធំ ព្រលែ​ងត្រី​តូច​ចូល​ក្នុង​សមុទ្រ​វិញ​។ អ្នក​ឆ្លាត គឺ​តែង​រៀន​ពី​ចំណេះ​ដែល​អាច​មានប្រយោជន៍ ហើយ​អាច​អនុវត្ត​បាន​ប្រយោជន៍​ដោយជាក់​ស្តែង​និយម។ ផ្ទុយពី​មនុស្ស​ឆោត អ្វី​ក៏​ចេះ តែ​សុទ្ធតែ​ជា​ចំណេះ​មិន​មានប្រយោជន៍ ឬអ្នកខ្លះ​ទៀត​ក៏​ពុំ​បាន​យកចំណេះ​ទៅ​អនុវត្ត​ផង​ក៏​មាន។ តើ​អ្នកណា​នៅ​ចាំ​ទ្រឹ​ស្តី ឆាវ ឆាវ ដែល​លើកឡើង​ថា មាន​សមត្ថភាព​មាន​អ្វី​អស្ចារ្យ តែ​ធ្វើជា​ម្ចាស់​លើ​អ្នកមាន​សមត្ថភាព ទើប​អស្ចារ្យ​។ គំនិត​របស់​ឆាវ​ឆាវ​នេះ ទំនង​ត្រឹមត្រូវ​ក្នុង​ផ្លូវ​លោកិយ តែ​មិន​ត្រូវ​ពេក​ទេ​ក្នុង​ផ្លូវធម៌ ដ្បិត​គំនិត​នេះ​មាន​បង្កប់​នូវ​ធម៌​អំនួត​ក្អេងក្អាង។ ដោយហេតុថា​ខ្ញុំ​លើកយក​មក​បង្ហាញ គឺ​គ្រាន់តែ​ចង់​ជូន​ជា​គំនិត​ពិចារណា​ប៉ុណ្ណោះ​ថា មានចំណេះ​ដឹង​ច្រើន អ្វី​ក៏​ចេះ​ដែរ តែបើ​មិនបាន​ប្រើ​ចំណេះដឹង​យក​ទៅ​អនុវត្ត គឺ​មិនបាន​ផល​ទេ​។ ខ្ញុំ​ចង់​លើ​កស្ទួ​យគំនិត​ជាក់ស្តែង​និយម ជាង​ទ្រឹ​ស្តី​និយម ឬគម្ពីរនិយម ឬឧត្តម​គតិ​និយម។ តើ​អ្វី​ជា​បញ្ហា​ឧត្តមគតិ​និយម​?

កា​របង្ក្រា​បសភាព​រវើរវាយ​នៃ​ចិត្ត​នេះ គឺ​ត្រូវការ​ចំណេះដឹង​ត្រូវ។ បន្ទាប់ពី​មានចំណេះ​ដឹង​ហើយ គឺ​ត្រូវ​អនុវត្ត​ជាក់ស្តែង ធ្វើ​ជាក់ស្តែង ពិសោធ​ជាក់ស្តែង និង​មើល​លទ្ធផលជាក់​ស្តែង។ អ្នក​ដែល​ធ្លាប់​បាន​សិក្សា​ពី​ទស្សនៈ​សាសនា ជាពិសេស​ធ្លាប់​ពិសោធ​ធ្វើស​មា​ធិ​ចម្រើន​ភាវនា (Meditation​) គឺ​ដឹង​ច្បាស់​ថា ចិត្ត​របស់​មនុស្សយើង ប្រៀប​ដូច​នឹង​សត្វ​ស្វា​ដែល​រប៉ិល​រប៉ុច រត់​ចុះ​រត់ឡើង រក​កន្លែង​នឹងន​ពុំ​មាន​ឡើយ​។ នេះ​ជា​បញ្ហា​នៃ​ចិត្ត។ ចុះ តើ​អ្វី​ជា​បញ្ហា​ចំណេះដឹង​? ទ្រឹ​ស្តី​ពុទ្ធនិយម​លើកឡើង​ថា ចំណេះដឹង​ពី​គម្ពីរ​ទាំងមូល គឺ​នឹង​ក្លាយទៅជាការ​ឥតប្រយោជន៍ បើសិនជា​មិន​បដិបត្តិ​ខ្លឹមសារ​ដែល​មាននៅ​ក្នុង​គម្ពីរនោះទេ​។ បញ្ញា​ក្នុង​ទ្រឹ​ស្តី​ពុទ្ធនិយម មាន ៣ថ្នាក់៖ ទី១ ជា​បញ្ញា​ដែល​កើតមក​ពី​ការ​ស្តាប់ កា​រៀន​ពី​ពី​ភព​ខាងក្រៅ។ ទី២ ជា​បញ្ញា​ដែល​កើតមក​ពី​ការ​គិតពិចារណា​ដោយខ្លួនឯង។ ទី៣ ជា​បញ្ញា​ថ្នាក់​ពិសោធ ឬបញ្ញា​ដែល​កើតមក​ពី​ការ​ចម្រើន​ភាវនា។ បើ​និយាយ​ឱ្យ​ងាយ​យល់ គឺ​រៀន​ហើយ​ត្រូវ​គិត គិត​ហើយ​ត្រូវ​ធ្វើ ធ្វើ​ហើយ​ត្រូវ​ទទួលផល។ ចុះ​អ្នក​ដែល​រៀន​ហើយ​មិន​ធ្វើ ឬចេះ​ហើយ​មិន​ធ្វើ ធ្វើ​ហើយ​មិនបាន​ផល ចាត់ទុកថា​ធ្វើដំណើរ​ដល់​គោលដៅ​ចុងក្រោយ​នៃ​ចំណេះដឹង​ដែរ​ឬទេ​? ខ្ញុំ​នឹង​និទាន​ពី​រឿង បុរស​ចេះ​គិត ៣នាក់​ ពី​ក្នុង​សៀវភៅ កម៌​យោ​គៈ (Karma Yoga yoga in action​) ដែល​មាន​ក្នុង​គម្ពីរ ភគវទ្គី​តា​កម៌​ ប្រើ​ថា​អំពើ ទោះ​ល្អ​ក្តី ឬអាក្រក់​ក្តី​...។

មាន​បុរស៣នាក់ ដែល​ជា​កូន​អ្នកមាន បានឃើញ​អ្នកសុំទាន​ម្នាក់ ហើយក៏​កើត​ចិត្ត​អាណិត​ចង់​ជួយ។ បុរស​ទាំង ៣នាក់ បាន​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​ជួយ​អ្វីខ្លះ​ដល់​អ្នកសុំទាន​ដ៏​គួរ​ឱ្យ​អាណិត​ម្នាក់​នេះ​? បុរស​ទី១ និយាយ​ថា ខ្ញុំ​គិតថា យើង​គួរតែ​ជូន​ជា​មាសប្រាក់​ដល់​អ្នកសុំទាន ដ្បិត​មាសប្រាក់​នឹង​ធ្វើ​ឱ្យ​ជីវិត​អ្នកសុំទាន​មានជីវិត​ល្អ​ប្រសើរ​។ បុរស​ទី២ គិតថា ទេ ការ​ជូន​មាសប្រាក់​នេះ គឺ​មិន​អាច​ជួយ​អ្នកសុំទាន​បានទេ តែបើ​យើង​ជូន​ដី​ស្រែ​មួយ​ប្លង់​ទៅ​អ្នកសុំទាន គឺ​អ្នកសុំ​ទាន​នឹងអាច​ប្រើប្រាស់​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​បាន​ពេញ​មួយ​ជីវិត​។ បុរស​ទី៣ គិត​ហើយ ក៏​មិន​យល់ស្រប​នឹង​បុរស​ទី១ ឬបុរស​ទី២ សោះ តែ​គិតថា យើង​គួរតែ​ឱ្យ​មេគោ​ដែល​មាន​ទឹកដោះ​ទៅ​អ្នកសុំទាន ពីព្រោះ​គាត់​អាចយ​កទឹកដោះគោ​លក់​នៅ​ផ្សារ ចិញ្ចឹមជីវិត​បាន​រាល់ថ្ងៃ​។ បុរស​ទាំង ៣នាក់ គិត​មិន​ស្របគ្នា ក៏បាន​ទៅ​សួរ​យោបល់​ពី​ឪពុក​ខ្លួន ហើយ​បុរស​ជា​ឪក៏​គិត​ផ្សេង​ដោយ ឱ្យ​កូន​ទី១ ធ្វើទាន​ជា​ប្រាក់​ទៅ​អ្នកសុំទាន​, ឱ្យ​កូន​ទី២ ធ្វើទាន​ដីស្រែ​ទៅ​អ្នកសុំទាន​, ឱ្យ​កូន​ទី៣ ធ្វើទាន​ជា​មេគោ​ទៅ​អ្នកសុំទាន​។ មាសប្រាក់ ដីស្រែ និង​មេគោ ត្រូវ​បាន​ប្រគល់​ឱ្យ​អ្នកសុំទាន។ តើ​រឿង​នេះ​នឹង​ទៅជា​យ៉ាងណា​?

ប្រាំមួយ​ខែក្រោយ​មក បុរស​ជា​កូន​ទាំង ៣នាក់ និង​ឪពុក បាន​ទៅ​មើល​ស្ថានភាព​អ្នកសុំទាន ហើយក៏​ឃើញ​អ្នកសុំទាន​នៅតែ​សុំទាន​ដដែល។ ចំណែក​ឯគោ មាសប្រាក់ និង​ដីស្រែ​ទាំងប៉ុន្មាន គឺ​អ្នកសុំទាន​លក់​អស់រលីង​ពី​ខ្លួន រហូត​ធ្លាក់ខ្លួន​សុំទាន​ម្តង​ទៀត។ ខ្លឹមសារ​អប់រំ​ក្នុង​និទាន​នេះ គឺ​ផ្តល់​មេរៀន​ឱ្យ​យើង​ពីរ៖ ទី១ ចេះ​គិត មិន​ប្រាកដ​ថា​គិត​ត្រូវ ដ្បិត​ត្រូវ​ឬខុស វា​នឹង​បង្ហាញ​ក្រោយ​អនុវត្ត​គំនិត ប្រៀប​ដូចជា​ការ​គិត​របស់​បុរស​ឪកូន​អ៊ីចឹង។ ឪពុក​កូន​សុទ្ធតែ​ចេះ​គិត តែ​លទ្ធផល គឺ​មិនបាន​បង្ហាញ​ពី​ការ​គិត​ត្រូវ​ឡើយ។ មេរៀន​ទី២ គ្មានអ្វី​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​រស់​បាន​ពេញ​មួយ​ជីវិត ដូច​ការ​ឱ្យ​ចំណេះដឹង​ឡើយធម្មទាន​ឈ្នះ​អស់​ទាន​ទាំងពួង។ មេរៀន​បន្ទាប់បន្សំ គឺ​ការ​ធ្វើទាន ត្រូវ​ធ្វើ​ដោយ​បញ្ញា ព្រោះ​ទាន​ខ្លះ ធ្វើទាន​ចង់ឱ្យ​រស់ តែ​បែរជា​ស្មើនឹង​សម្លាប់​ទៅវិញ​។ ចំណេះដឹង​ត្រូវ​ខុស​ទាំងឡាយ គឺ​ដាច់ខាត​ត្រូវ​សម្រេច​នៅ​ទឹក​ចុងក្រោយ ដោយ​លទ្ធផលជាក់​ស្តែង។ ចំណេះដឹង​ទាំងឡាយ មានប្រយោជន៍​ទៅ​បាន លុះត្រាតែ​យក​ទៅ​អនុវត្ត​កើតជា​ផ្លែផ្កា។ ចំណេះដឹង​ទាំងឡាយ​ក្នុង​លោក ប្រៀប​ដូចជា​ទឹកសមុទ្រ​ដែល​មិន​អាច​ដឹង​ជម្រៅ មិន​អាច​ដឹង​ប្រមាណ ឬប្រៀប​ដូចជា​ស្លឹកឈើ​ក្នុង​ព្រៃ​ដ៏​ធំ ដែល​មិន​អាច​រាប់​បាន តែ​សំខាន់ គឺ​ត្រូវ​ចេះ​រើស​យកចំណេះ​ដឹង​ណាមួយ​មក​ប្រើ​សម្រាប់​ខ្លួន​យើង ឱ្យ​កើត​ប្រយោជន៍​តាមរយៈ​ការ​ពិសោធ​ដោយខ្លួនឯង។ តើ​ចំណេះ​ច្រើន វា​អាច​មិន​មាន​មានប្រយោជន៍​នៅត្រង់​លក្ខខណ្ឌ​ណា​?

អ្នក​វិទ្យាសាស្ត្រ​ដែល​យល់​ពី​ទ្រឹ​ស្តី​ព្រះពុទ្ធ គឺ​អាល់​ប៊ឺ​ត អា​ញស្តា​ញ (Albert Einstein​) មាន​ទស្សនៈ​ថា ក្នុង​យុគសម័យ​ព័ត៌មាន​នេះ គឺ​មិន​សំខាន់​ថា យើង​មាន​និន្ន​ន័យ​ក្នុង​ខួរក្បាល​ច្រើនយ៉ាង​ណា​ទេ តែ​សំខាន់ <គឺ​ត្រូវ​ដឹង​ថា តើ​ត្រូវ​ទៅ​រក​និន្ន​ន័យ​ទាំងអស់​នោះ​នៅឯណា​>។ អ្នកបើកបរ​តាក់ស៊ី​ឱ្យ​អា​ញស្តា​ញ ធ្លាប់​សួ​រអា​ញស្តា​ញពី​អាសយដ្ឋាន​ផ្ទះ​របស់​អា​ញស្តា​ញ ហើយ​អា​ញស្តា​ញប្រាប់​ថា​ភ្លេចបាត់​ហើយ។ ហីន​រី ហ្វ​ត (Henry Ford​) ធ្លាប់​បាន​ត្រូវ​គេ​ប្តឹង​ពី​ការ​មិន​ចង់​ចាំ​ទិន្នន័យ។ ហ្វ​តមាន​ទស្សនៈ​ថា គាត់​អាច​ទិញ​និន្ន​ន័យ​បាន ឬជួល​អ្នក​ពូកែ​ចាំ​និន្ន​ន័យ​ឱ្យ​ឆ្លើយ​ជំនួស​គាត់​បាន​។ មេរៀន​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញថា ការ​ចេះ​គិតពិចារណា គឺ​សំខាន់​ជាង​ការ​ចាំ​និន្ន​ន័យ​តែ​ម្យ៉ាង។ យុគ​នេះ ជាស​ម័យ​បញ្ញា​សប្ប​និ​មិត្តិ (Artificial Intelligence - AI​) មនុស្ស​ត្រូវ​មាន​សមត្ថភាព​គិត ជាង​សមត្ថភាព​ត្រឹមតែ​ចាំ​និន្ន​ន័យ ឬសូត្រ​តាម​...។ ចំណុច​នេះ ខ្ញុំ​ពុំ​បាន​បដិសេធ​ថា​មិន​ឱ្យ​ចាំ​និន្ន​ន័យ​ទេ តែ​អ្វី​ដែល​ចង់​បង្ហាញ គឺ​ចេះ​វិភាគ​ទិន្នន័យ ចេះ​ប្រើប្រាស់​ទិន្នន័យ​ឱ្យ​ក្លាយទៅជា​ប្រយោជន៍ ប្រៀប​ដូចជា​អ្នកមាន​ចំណេះដឹង​ពី​គម្ពីរ​សាសនា គឺ​ដាច់ខាត​ត្រូវ​អនុវត្ត ឬពិសោធ​ជាក់ស្តែង។ ខ្ញុំ​នឹង​និទាន​មួយទៀត​ទាក់ទង​នឹង​អ្នកចេះ​គម្ពីរ អ្នកចាំ​គម្ពីរ និង​អ្នក​ចាំ​ទ្រឹ​ស្តី​...។ បុរស​ម្នាក់​ចាំ​ត្រៃវេទ ទាំង៣​, ចាំ​គម្ពីរ​ឧប​ស័ទ​ទាំង ១០៨​, ចាំ​គម្ពីរ​ត្រៃបិដក​, ចាំ​គម្ពីរប៊ីប​, ចាំ​គម្ពីរ​តៅ​, ចាំ​តក្កវិជ្ជា​, ចាំ​វិជ្ជា​រួច​រដោះ​ចិត្ត​...។

បុរស​ម្នាក់​ឈ្មោះ <អ្វី​ក៏​ខ្ញុំ​ចេះ​ដែរ>​ ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ ចេះតែ​ដើរ​សួរ​គេ​សួរ​ឯង​ថា តើ​អ្នកដឹង​ថា ខ្ញុំ​ចាំ​គម្ពីរ​ទាំងនេះ​? បុរស​អវិជ្ជា​ម្នាក់​ពោល​ថា អ្នក​ពិតជា​អស្ចារ្យ​ណាស់ ហើយ​អ្នក​ពិតជា​កំពូល​មនុស្ស​មែន​។ បុរស​ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ បាន​ទៅ​សួរ​បុរស​ដែល​មានចំណេះ​តិចតួច​ថា ““តើ​អ្នកដឹង​ថា ខ្ញុំ​ចាំ​គម្ពីរ​ទាំងនេះ​ទេ​? អ្នកចេះ​តិចតួច ក៏បាន​ពោល​កោតសរសើរ​នូវ​សមត្ថភាព​របស់​បុរស​អ្នកចាំ​គម្ពីរ​យ៉ាង​ខ្លាំង​។ បុរស​ដែល​មាន​ចំ​ណេះ​ទ្រឹ​ស្តី​ពេញ​ខ្លួននេះ ក៏បាន​ប្រាប់​អំពី​ចំណេះ​ដែល​ខ្លួន​ចាំ ដល់​អ្នក​ដែល​មានចំណេះ​ប្រហែល​ខ្លួន ហើយ​បុរស​នោះ​ក៏​និយាយ​ថា ខ្ញុំ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ដែល​មាន​សមត្ថភាព​ចាំ​គម្ពីរ​ច្រើនយ៉ាង​នេះ​ដូច​ខ្ញុំ​សោះ​។ បុរស​ទាំងពីរ​នាក់​រំជើបរំជួល​នឹង​ចំណេះ​ដែល​ខ្លួន​មាន​យ៉ាង​ខ្លាំង។ ចុងក្រោយ​បុរស​ទាំងពីរ​បាន​ជួបនឹង​អ្នក​រួច​រដោះ​ចិត្ត​ម្នាក់ ហើយក៏​និយាយ​ដូចដែល​ខ្លួន​ធ្លាប់​និយាយទៅ​កាន់​អ្ន​កមុន​ៗ។ អ្នក​ដែល​រួច​រដោះ​ចិត្តបាន​សួរ​ទៅ​បុរស​ទាំងពីរ​ថា តើ​អ្នក​ទាំងពីរ​បាន​យកចំណេះ​ចេះចាំ​ដែល​ខ្លួន​មាន ទៅ​ពិសោធ ឬធ្វើ​កិច្ចការ​ងារ​ណាមួយ​កើតជា​ផល​ជាក់ស្តែង​ហើយ ឬនៅ​? ដោយសារតែ​សម្តី​មិន​សរសើរ បុរស​ទាំងពីរ​ក៏​គិតថា តា​នេះ ឃើញ​អញ​ចេះ​ប៉ុណ្ណឹង​ហើយ មិន​សរសើរ​អញ​ថា​អញ​ពូកែ​ទេ តែ​បែរជា​មក​សួរ​អញ​នូវ​សំណួរ​នេះ​ទៅវិញ​!។ អ្នក​ដែល​មានចិត្ត​រួចរ​ដោះ​ចិត្តបាន​ពោល​ថា អ្នក​ទាំងពីរ​ចេះ​ច្រើន ចាំ​ទ្រឹ​ស្តី​ពី​គម្ពីរ​បាន​ច្រើន តែ​អ្នក​មិនបាន​យកចំណេះ​ដឹង​មក​ពិសោធ​ខ្លួនឯង​សោះ ហើយក៏​មិនបាន​អនុវត្ត​ចំណេះ​ទាំងឡាយ​ដែរ។ ចេះ​ដូច​មិន​ចេះ ចាំ​ដូច​ភ្លេច គឺ​ភ្លេច​ធ្វើ ភ្លេច​ពិសោធ ភ្លេច​អនុវត្ត

ពេល​បាន​ឮសម្តី​របស់ខ្ញុំ​បែបនេះ តើ​ក្នុងចិត្ត​របស់​អ្នក​ទាំងពីរ​ឈឺចាប់​ណាស់​មែនទេ ដែល​ខ្ញុំ​មិន​សរសើរចំណេះ​របស់​អ្នក។ ការឈឺចាប់​ដែល​កំពុង​មាន​នេះ​ហើយ គឺជា​អ្នក​ហើយ​។ បុគ្គល​មាន​បញ្ញា​មើលឃើញ​សច្ចភាព នៅ​ពីក្រោយ​កលមាយា​នៃ​ជីវិត ប្រៀប​ដូចជា​អ្នក​រួច​រដោះ​ចិត្ត មើលឃើញ​អ្នកមាន​ចំណេះ​ច្រើន​មិន​ធ្វើ​ជាក់ស្តែង​ថា <គ្មាន​ចំណេះ​>។ បុគ្គល​នឹង​ទទួល​បានផល​ពី​សកម្មភាព ឬកម៌​របស់​ខ្លួន ទោះ​ធ្វើ​តិច​ក៏ដោយ តែ​បុគ្គល​ដែល​មានចំណេះ​ច្រើន នឹង​មិន​ទទួល​បាន​សូម្បីតែ​ផល​បន្តិច ព្រោះ​មិន​មាន​កម៌ ឬទង្វើ​បង្កើត​ផល។ ខ្ញុំ​សង្ឃឹមថា​យុវជន​នឹង​យល់​ពី​ខ្លឹមសារ អ្វីទៅ​ជា​ទ្រឹ​ស្តី​និយម និង​ជាក់ស្តែង​និយម​គំនិត គឺជា​កំណើត ដ្បិត​គំនិត​បង្កើត​សកម្មភាព តែបើ​ចេះ​គិត​ហើយ​មិន​ធ្វើសកម្មភាព គឺ​នៅ​អត់​កំណើត​ដដែល។ សំណួរ​មួយ​ដែល​ត្រូវ​សួរ ទាំង​ខ្លួនខ្ញុំ ទាំង​មនុស្ស​គ្រប់គ្នា គឺថា រាល់ថ្ងៃ​នេះ តើ​យើង​ទទួល​បាន​នូវ​សន្តិភាព​ផ្លូវចិត្ត និង​ការ​រួច​រដោះ​ផ្លូវចិត្ត ពី​ចំណេះដឹង​ដែល​ខ្លួន​មាន​ទេ​?។ សំណួរ​នេះ ដឹងខ្លួន​ឯង ឆ្លើយ​ខ្លួនឯង ហើយក៏​ពុំ​ចាំបាច់​ឆ្លើយ​ប្រាប់​ខ្ញុំ​ដែរ។ អ្វី​ដែល​យើង​យល់ គឺ​យើង​ជា​អ្នក​គិត។ អ្វី​ដែល​យើង​គិត គឺ​យើង​ជា​អ្នកធ្វើ។ អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ជា​អ្នកទទួល​ផល។ ផល​ល្អ ឬអាក្រក់ គឺ​ដោយសារតែ​កម្ម ឬទង្វើ​របស់​យើង។ រី​ឯចំណែកខ្ញុំ គ្មាន​សិទ្ធិ​លូកលាន់​ទេ។ កម្ម​អ្នកណា ផល​អ្នកនោះ។ ទឹក​មាន​រស​សាប តែ​ឆ្ងាញ់ ឬមិន​ឆ្ងាញ់ គឺ​អាស្រ័យ​ដោយ​អ្នក​ស្រេក​បុ​ណ្ណោះ ប្រៀបប្រដូច​នឹង​អត្ថបទ​ដ៏​វែ​ងអន្លាយ​នេះ វា​មានប្រយោជន៍​សម្រាប់​តែ​អ្នក​ស្រេក​នូវ​ចំណេះដឹង​ប៉ុណ្ណោះ។ អាហារ​ដែល​ចូលក្នុង​ពោះ មាន​ក្រពះ​ជា​អ្នក​កិន​រំលាយ រី​ឯគំនិត​ដែល​លេប​ចូល គឺ​មាន​ខួរក្បាល​ជា​អ្នក​ពិចារណា​បន្សុទ្ធ។ ជីវជាតិ​នៃ​អាហារ​តិច ឬច្រើន ចូរ​ព្យាយាម​ស្រូប។ ចំណេះ​តិច ឬច្រើន ចូរ​ព្យាយាម​ស្រូប។ តក់ៗ ពេញ​បំពង​!!

Cr. Lam Lim