Friday, July 24, 2020

ការផ្សព្វផ្សាយស្នាដៃនិពន្ធ?


អត្ថបទ​នេះ គឺជា​ការចែក​រំលែក​ពី​ទិដ្ឋភាព​រវាង​ស្នាដៃ​និពន្ធ និង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ចុះផ្សាយ​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ។ ក្នុង​ក្របខណ្ឌ​នេះ អត្ថបទ​ចែករំលែក​មួយ​នេះ គឺ​សម្រាប់​តែ​យុវជន​វ័យ​ក្មេង​ៗដែល​នឹង​ក្លាយទៅជា​អ្នកនិពន្ធ​ក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំក្រោយ​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​អត្ថបទ​សម្រាប់​មនុស្ស​ទូទៅ​ឡើយ។ ការកំណត់​ក្របខណ្ឌ​ឬព្រំដែន​នេះ គឺ​ដើម្បី​ជៀសវាង​នូវ​ការយល់​ច្រឡំ​ថា​អត្ថបទ​នេះ​សម្រាប់​ស្មេរ​ដែល​មានចំណេះ​ដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសម្រាប់​អ្នកនិពន្ធ​អាជីព។ ក្រៅពី​នេះ អត្ថបទ​នេះ​ក៏​ជា​អត្ថបទ​ចែករំលែក​ពី​វិធី​សាស្រ្ត​ជំរុញ​ការ​អាន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ជាពិសេស​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook​)។ តើ​គួរ​ធ្វើបែប​ណា ទើប​អាច​ជំរុញ​អំណាន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ឌី​ជិ​ថល​?

បើ​យើង​គ្រាន់តែ​ចង់​ចូលរួម​ចំណែក​ជំរុញ​ការ​អាន គឺ​មាន​វិធី​សាស្រ្ត​ធ្វើជា​ច្រើន​របៀប ដោយ​មិនថា​ជា​ការ​បោះពុម្ព​ស្នាដៃ​ចែក និងការ​បោះពុម្ព​ស្នាដៃ​ធ្វើអាជីវកម្ម​ ការចែកចាយ​សៀវភៅ​ឱ្យ​អ្នកអាន​ទាញ​យក​អាន​តាម​ប្រព័ន្ធ​ឌី​ជិ​ថល (eBook​/Digital book​) ការចែក​រំលែក​អត្ថបទ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ការ​និយម​បង្ហាញ​សកម្មភាព​អំណាន​ជាប់លាប់​តាមរយៈ​បណ្តាញ​សង្គម និង​ការចូលរួម​ចំណែក​ជ្រោមជ្រែង​អ្នក​ដែល​កំពុង​ធ្វើសកម្មភាព​អំណាន​ក្តី ឬបណ្ណាល័យ​ក្តី។ អ្នក​និ​ពន្ធ​ក្មេង​ៗ ឬយុវជន​ដែល​មានបំណង​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ ក៏​មាន​កាលានុវត្ត​ភាព​ច្រើន ឬឱកាស​ច្រើន​ក្នុង​ការសម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​ផង​ដែរ ដ្បិត​បើ​ពិតជា​ចង់​ធ្វើ​អ្នកនិពន្ធ​មែន។ បើ​ពិតជា​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​មែន គឺ​យើង​ត្រូវ​រៀបចំខ្លួន មានចំណេះ​ដឹង ជា​អ្នកអាន​បែប​ស្រាវជ្រាវ និង​មានចំណេះ​ដឹង​សង្គម ហើយ​ការ​ឈោង​ចាប់​ងារ​ជា​អ្នកនិពន្ធ ស្រប​ពេល​ដែល​ខ្លួន​នៅក្មេង ពុំ​មានចំណេះ​ដឹង​គ្រប់គ្រាន់ គឺជា​បញ្ហា​ធំ​បំផុត ដែល​ប្រៀប​ដូចជា​គ្រូបង្រៀន​ដែល​គ្មាន​ចំណេះដឹង​បង្រៀន​សិស្ស​អ៊ីចឹង​ដែរ។

ក្នុង​ការងារ​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្នុង​វិស័យ​សិក្សាធិការ ឬវិស័យ​ចំណេះដឹង​នេះ គឺ​ត្រូវការ​មនុស្ស​ដែល​មាន​សេចក្តី​ស្មោះត្រង់ មាន​សេចក្តីល្អ មាន​គំរូ​ភាពល្អ និង​មិនមែន​ជា​មនុស្ស​អាត្មានិយម។ល។ តើ​មូលហេតុ​អ្វី ទើបត្រូវ​មាន​លក្ខណៈ​សម្បត្តិ​បែបនេះ​? ការពិត គឺ​ពុំ​អាច​លាក់បាំង​ជិត​រហូត​ទេ ដ្បិត​មុនឬក្រោយ មនុស្ស​នឹង​ដឹងការ​ពិត​ជាក់ជា​មិនខាន។ មនុស្សយើង កាលបើ​ខ្លួន​គ្មាន​ចំណេះដឹង គ្មាន​វិជ្ជា ការ​គិត​នៅ​ទាប គឺ​រមែង​មាន​អ្នក​អាក្រក់​អាច​បោកប្រាស់​បាន​ក្នុង​គ្រា​ខ្លះ តែ​មិន​អាច​បោកប្រាស់​បាន​រហូត​ទេ។ តើ​មូលហេតុ​អ្វី​? អ្នកអាន បើ​អាន​សៀវភៅ​បាន​កាន់តែ​ច្រើន គឺ​ចំណេះដឹង​ក៏​កាន់តែ​កើន​ដែរ។ អ្នករៀន បើ​កាន់តែ​ប្រឹងរៀន គឺ​ចំណេះដឹង​កាន់តែ​កើន។ បើ​ចំណេះដឹង​កើន ក៏​ស្មើនឹង​មាន​ពន្លឺ​មើលឃើញ​ការពិត ជាពិសេស​ដឹង​ថា​អ្នកណា​បោក​ឬអ្នកណា​ជួយ។ ចុះបើ​អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​ចំណេះដឹង ព្យាយាម​បំភាន់​អ្នកអាន ឬព្យាយាម​ធ្វើខ្លួន​មិន​ស្មោះត្រង់​នឹង​អ្នករៀន​ តើ​អនាគត​នឹង​មាន​លទ្ធផល​បែប​ណា​វិញ​?

កាលបើ​ដូច្នោះ​ហើយ ទើប​យើង​ដែល​ជា​អ្នក​បំពេញការងារ​ក្នុង​វិស័យ​ចំណេះដឹង ត្រូវតែ​ជា​មនុស្ស​ស្មោះត្រង់​ បើ​ធ្វើល្អ គឺ​ត្រូវ​ធ្វើល្អ​ចេញពី​ចិត្ត ដ្បិត​ពុំគួរ​យក​របាំង​សប្បុរសធម៌​មក​បិទបាំង​ចេតនា​ខាងក្នុង​របស់​ខ្លួន​ឡើយ។ មុនឬក្រោយ មនុស្ស​ល្អ​ពិត​នឹង​ត្រូវ​បាន​ទទួលស្គាល់ ហើយ​មុនឬក្រោយ មនុស្ស​សម្តែង​ធ្វើល្អ ក៏​នឹង​ត្រូវ​ទទួលស្គាល់​ដូចគ្នា​ផង​ដែរ។ នេះ​ហើយ​ជា​អំណាច​នៃ​វិជ្ជា។ អ្វី​ដែល​ខ្ញុំ​លើកឡើង​ខាងលើ​នេះ តើ​វា​ទាក់ទង​អ្វីខ្លះ​នឹង​ការ​ផ្សព្វផ្សាយ​ស្នាដៃ​និពន្ធ​? ស្នាដៃ​និពន្ធ​គួរ​មាន​ចរិតលក្ខណៈ​និង​អត្តសញ្ញា​ណមួយ​ៗ ស្រប​ទៅ​នឹង​ចំណេះដឹង និង​គោលបំណង​នៃ​អ្នកនិពន្ធ។ អ្នកអាន​អាច​វាស់​ចំណេះដឹង​អ្នកនិពន្ធ​តាមរយៈ​ការប្រៀបធៀប​ស្នាដៃ។ បើ​ស្នាដៃ​ទី១ មានខ្លឹមសារ​ល្អ ហើយ​ស្នាដៃ​ទី២ មានខ្លឹមសារ​មិនសូវ​ល្អ​ទេ គឺ​មានន័យថា អ្នកនិពន្ធ​មិនបាន​ប្រឹងប្រែង​អាន​សៀវភៅ ឬរៀនសូត្រ​បន្ថែម​ទេ ព្រោះ​បើ​អ្នកនិពន្ធ​រក្សាខ្លួន​ជា​អ្នករៀន​ជាប់​រហូត ម៉្លោះ​ស្នាដៃ​បន្ទាប់​ប្រាកដជា​ល្អ​ជាង​មុន​ហើយ​។ បើ​ស្នាដៃ​ទី១ មានខ្លឹមសារ​ល្អ ហើយ​ស្នា​ដទៃ​ទី២ មានខ្លឹមសារ​ល្អ​ជាង គឺ​មានន័យថា អ្នកនិពន្ធ​ជា​អ្នករៀន​សូត្រ ឬបាន​ស្រាវជ្រាវ​ច្រើន ព្រមទាំង​បាន​ដុសខាត់​ចំណេះដឹង​ខ្លួន​បន្ថែម​

យើង​ជា​អ្នកអាន អាច​វាស់វែង​ចំណេះដឹង​អ្នកនិពន្ធ​តាមរយៈ​ស្នាដៃ​ទី​ទី១និង​ស្នាដៃ​ទី២ ឬស្នាដៃ​ទី២និង​ស្នាដៃ​ទី៣ ហើយ​ភាគច្រើន​នៃ​អ្នកនិពន្ធ​ដែល​សរសេរ​អត្ថបទ​កាន់តែ​ល្អ គឺ​ដោយសារតែ​ការរៀនសូត្រ​បន្ថែម​បាន​ច្រើន ឬអាន​បាន​ច្រើន ឬគិតពិចារណា​បាន​ច្រើន ឬស្រាវជ្រាវ​បាន​ច្រើន​នេះឯង។ ចំណុច​នេះ អ្នកអាន​ត្រូវ​ចេះ​តាមដាន ចេះ​សង្កេត ចេះ​វាយតម្លៃ និង​ចេះ​ដាក់​ពិន្ទុ​ឱ្យ​ដោយខ្លួនឯង។ តើ​អ្វី​ជា​គុណ​តម្លៃ​អ្នកនិពន្ធ ក្រោយ​អ្នកអាន​ជាវ​ស្នាដៃ​សម្រាប់​អាន​ហើយ​? ជា​បទ​ពិសោធ​ដែល​ខ្ញុំ​ឆ្លងកាត់​ ជា​ការសង្កេត​ក្នុង​ន័យ​ចរន្ត​សំណេរ​បច្ចុប្បន្ន និង​ជាពិសេស​ក្នុងនាម​ជា​អ្នកអាន​សកម្ម​ម្នាក់​ ខ្ញុំ​មើលឃើញ​ថា ស្នាដៃ​និពន្ធ​ដែល​មាន​កម្លាំង​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ខ្លាំង គឺ​ស្ថិត​ជាប់​ក្នុង​លក្ខខណ្ឌ ២យ៉ាង​។ លក្ខ​ខណ្ឌទី១ បើ​យើង​មាន​ប្រពន្ធ​ផ្សព្វផ្សាយ​ជួយ​រុញ​ស្នាដៃ​ឱ្យ​បានដឹង​ដល់​អ្នកអាន​កាន់តែ​ច្រើន កត្តា​នៃ​ការ​លក់​ស្នាដៃ ក៏អាច​មាន​ចំនួន​ច្រើន​ដែរ។ ប៉ុន្តែ​ចំនួន​នេះ គឺ​នឹង​ត្រូវ​ជាប់​គាំង​វិញ ក្រោយពី​អ្នកអាន​មួយចំនួន​បាន​អាន​ស្នាដៃ​និពន្ធ​ហើយ ហើយក៏​បានឃើញ​ថា​ស្នាដៃ​ពុំ​មានខ្លឹមសារ​ល្អ គួរ​ចាប់ចិត្ត ឬពុំ​បាន​ផ្តល់​ប្រយោជន៍​ជា​ចំណេះដឹង​ដល់​អ្នកអាន​ដែល​បាន​ចំណាយ​ថវិកា​ទិញ​អាន។ ករណីនេះ បើ​យើង​ផ្សាយ​ស្នាដៃ​ខ្លួនឯង​កាន់តែ​ច្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​រុញ​ផលិតផល​ឱ្យ​បានដឹង​ដល់​អ្នកអាន​កាន់តែ​ខ្លាំង គឺ​ស្មើនឹង​ការផ្សាយ​សារ​អវិជ្ជមាន​ដល់​អ្នកអាន​កាន់តែ​ច្រើន។

ជា​ធម្មតា បើ​សៀវភៅ​មានខ្លឹមសារ​ល្អ មានប្រយោជន៍​ជា​ចំណេះដឹង​ដល់​អ្នកអាន គឺ​អ្នកអាន​ម្នាក់​ស្មើនឹង​អ្នក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ។ ខ្ញុំ​ជឿជាក់​ថា ធម្មជាតិ​មនុស្ស ជាពិសេស​មនុស្ស​ដែល​មាន​សេចក្តី​ស្រឡាញ់ គឺ​តែង​ចេះ​ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​យល់ថា​ល្អ​ទៅកាន់​អ្នកដទៃ។ អ្នកអាន​ក៏​មាន​លក្ខណៈ​ដូច្នោះ​ដែរ​ លក្ខខណ្ឌ​ទី២ បើ​ស្នាដៃ​ល្អ ហើយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បី​ជួយ​ជំរុញ​ដំណឹង​ដល់​អ្នកអាន គឺ​ស្មើនឹង​ផ្ញើ​សារ​វិជ្ជមាន ហើយ​អ្នកអាន​ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដែរ។ ប៉ុន្តែ​ក្នុងករណី​មួយទៀត បើ​សៀវភៅ​ល្អ តែ​ខ្វះ​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ ក៏​ពិបាក​នឹង​រុញ​ស្នាដៃ​ឱ្យ​អ្នកអាន​បាន​ស្គាល់​ដែរ។ និយាយ​ដោយខ្លីទៅ មាន​សៀវភៅ​ល្អ តែបើ​គ្មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​ទេ គឺជា​ចំណុចខ្សោយ​ដ៏​ធំ​មួយ។ រី​ឯការ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលាយ​ជួយ​ជំរុញ មាន​វិសាលភាព​ធំ តែបើ​ផលិតផល​សៀវភៅ​មិនល្អ​ទេ គឺ​អ្នកនិពន្ធ​អាច​ទទួល​បានការ​គាំទ្រ​តែ​គ្រាដំបូង​ប៉ុណ្ណោះ ជាពិសេស​ក្នុង​គ្រាដែល​អ្នកអាន​មិនដឹង​ថា​ក្នុង​ខ្លឹមសារ​នៃ​ស្នាដៃ​មាន​អត្ថន័យ​យ៉ាងណា។ លុះដល់​មួយ​រយៈ​ក្រោយមក ស្នាដៃ​នឹង​ត្រូវ​ទុកចោល​ដដែល ឬលែង​មានការ​គាំទ្រ​រហូត​ផងក៏​មាន​។

ដូច្នេះ ការ​ពង្រឹងគុណភាព​ស្នាដៃ​ជា​ការ​ដ៏​សំខាន់​បំផុត​សម្រាប់​អ្នកនិពន្ធ។ អ្វី​ដែល​ល្អ អ្នកដទៃ​អាច​កម្រ​ដឹង តែបើ​ដឹង​ហើយ គឺ​ដឹង​ក្នុង​ន័យ​ល្អ ហើយ​បន្ត​ជា​អត​មៈ។ អ្នកនិពន្ធ គឺជា​អ្នក​យកចិត្ត​ទុកដាក់​លើ​គុណភាព​នៃ​ស្នាដៃ​របស់​ខ្លួន​មួយ​ៗ រី​ឯស្មេរ​គឺជា​អ្នក​ចេញ​ស្នាដៃ​ពីរបី​ខែ​មួយ​ក្បាល ឬមួយ​ឆ្នាំ​អាច​ចេញ​ស្នាដៃ​ពីរបី​ចំណងជើង។ ស្មេរ​អាច​សរសេរ​សំណេរ​មួយថ្ងៃ​បាន​ពីរបី​អត្ថបទ តែ​អ្នកនិពន្ធ​គឺជា​អ្នក​សរសេរ​អត្ថបទ​មួយ តែ​ចំណាយពេល​វេលា​ពីរបី​ថ្ងៃ ឬរហូតដល់​ពីរបី​ឆ្នាំ​ផង​ក៏​មាន។ គំនិត​នេះ​មិន​អត្តនោម័តិ​ទេ តែ​សម្រាប់​ពិចារណា។ អត្ថ​នេះ​ជា​អត្ថបទ​សម្រាប់​ពិចារណា​ដែល​មានប្រយោជន៍​ទាំង​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ផង និង​មានប្រយោជន៍​សម្រាប់​អ្នកអាន​ទូទៅ​ផង​ដែរ​៕

អំណានបែបស្រាវជ្រាវ


មនុស្សយើង ឱ្យ​តែ​នៅ​មានជីវិត គឺ​ពិតជា​ត្រូវការ​វិជ្ជា ប្រៀប​ដូចជា​ចង្កៀង​ឥត​ប្រេង​ពុំ​បាន។ ពេលយប់ ត្រូវការ​ពន្លឺ ព្រោះ​ពន្លឺ​ជា​អ្នក​កម្ចាត់បង់​នូវ​ភាព​អន្ធ​កា។ ពន្លឺ​ចង្កៀង​ពុំ​អាច​ធ្វើ​ឱ្យ​រាត្រី​ប្រែ​ទៅជា​ពេលថ្ងៃ តែ​យ៉ាង​ហោច​ណាស់ ពន្លឺ​ដ៏​តូច​មួយ​គង់​អាច​បង្ហាញ​ការពិត​ដែល​នៅ​ក្បែរ​ខ្លួន​យើង​បាន។ ជីវិត​មនុស្សយើង ទុក្ខ​និង​សុខ​ប្រៀប​ដូចជា​រដូវប្រាំង​វស្សា ប្រៀប​ដូចជា​យប់និង​ថ្ងៃ។ ម្តងម្កាល រដូវប្រាំង​អាច​ទៅជា​មាន​ភ្លៀង​ធ្លាក់​បើកថ្ងៃ ហើយ​ចួនកាល រដូវវស្សា​ក៏​មាន​កម្តៅ​ក្តៅ​ដូច​រដូវប្រាំង​ដែរ។ បើ​យើង​ចេះ​មើល​មក​ជីវិត ក៏​មាន​លក្ខណៈ​ស្រ​ដៀង​ៗគ្នា​ដែរ ដ្បិត​ម្តង​សុខ​ម្តង​ទុក្ខ។ ពេលខ្លះ​សេចក្តី​សុខ​ជាប់​រហូត ឬពេលខ្លះ​ធ្វើល្អ​ហើយ ក៏​ជួប​ទុក្ខ​ទៀត ឥត​ទៀង​ឥត​ទាត់ មិនសូវ​ប្រាកដ​សោះ។ អំពើ​ដែល​កម្ម​មិនទាន់​ហុច​ផល​ឱ្យ ក៏​រមែង​គង់​នឹង​ហុច​ផល​ក្នុង​កាល​ខាងមុខ។ បើ​យើង​យល់​ពី​សារប្រយោជន៍​នៃ​វិជ្ជា គឺ​វិជ្ជា​នឹង​បង្ហាញ​យើង​ពី​សភាព​ពិត​នៃ​ជីវិត។ ពេលណា​យើង​មិន​យល់​ពី​ជីវិត ព្រះធម៌​ហាក់បីដូចជា​បាន​ចូលខ្លួន​មក​លួងលោម​អារម្មណ៍​យើង​រាល់ថ្ងៃ​។ កាលបើ​យើង​វិលវល់​នៅ​ទីនេះ ជាទី​ដែល​មានធម៌​លួងលោម​ចិត្ត​រហូត​បែបនេះ វា​ជា​សញ្ញា​បង្ហាញថា​យើង​កំពុង​ត្រូវការ​ការ​បបោសអង្អែល​ផ្លូវចិត្ត តែ​មិនទាន់​ជ្រាប ឬមិន​ទាន់​អាច​ទទួលយក​ការពិត​នៃ​ជីវិត​បាន​នៅឡើយ​ទេ។ ខ្ញុំ​ចង់​លើកយក​ការប្រៀបធៀប​រវាង​ធម៌​លួងលោម​ចិត្ត និង​ការ​អាន​សៀវភៅ​បែប​ស្រាវជ្រាវ​មក​ចែករំលែក។ តើ​អ្វីទៅ​ជា​អំណាន​បែប​ស្រាវជ្រាវ​?

ក្នុង​វិធី​នៃ​ការអប់រំ​ផ្លូវចិត្ត បើសិនជា​យើង​មាន​ជំនឿ​លើ​សាសនា​ណាមួយ​ហើយ គឺ​យើង​គួរតែ​ឈ្មុសឈ្មុល​សិក្សា អនុវត្ត ប្រតិបត្តិ​នូវ​គោលការណ៍​នៃ​សាសនា​ដែល​យើង​ប្រកាន់យក។ នេះ​បង្ហាញ​ឱ្យ​យើង​ឱ្យ​ឃើញថា សៀវភៅ​សាសនា​មួយ​ក្បាល គឺ​វា​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​យើង​អាច​យល់ដឹង​ស៊ីជម្រៅ​ពី​សភាព​ខាងក្នុង​នៃ​ចិត្ត យល់ដឹង​ពី​ជីវិត​មនុស្ស យល់ដឹង​ពី​ទុក្ខ ដឹង​ហេតុ​នៃ​ការ​កើតទុក្ខ និង​ដឹងពី​វិធី​ស្វែងរក​សេចក្តី​សុខ​ផ្លូវចិត្ត។ សៀវភៅ​សាសនា​នី​មួយ​ៗ គឺ​សុទ្ធតែ​មានតម្លៃ​ស្នូល និង​ជាអំណោយ​ទាន​ដ៏​ពិសិដ្ឋ ពីព្រោះ​ទោះ​យើង​ដើរតាម​មាគ៌ា​ណាក៏ដោយ ក៏​គង់​នឹង​ទៅដល់ទីឋាន​ដែល​បាន​សុខ​ដែរ។ ឧទាហរណ៍ បើ​យើង​ចង់​ខ្លាំង​ខាង​ការគ្រប់គ្រង​ខ្លួនឯង មានសតិ​ដឹង មិន​វង្វេង​ខ្លួនឯង មានក​រុ​ណា​ធម៌ និង​ធ្វើ​ឱ្យ​ចិត្ត​មានអំណាច ដែល​ពុំ​អាច​មាន​អ្វី​មក​ដឹកនាំ​បាន ឬមក​ញុំ​ញី​បាន គឺ​ត្រូវ​នឹកគិត​ដល់​ព្រះពុទ្ធ​សាសនា។ បើ​ចង់​មានអំណាច​ក្រៅ​ខ្លួន ចេះ​ហៅ​ខ្មោច​ហៅ​ព្រាយ ចេះ​គ្រប់គ្រង​ចិត្ត​អ្នកដទៃ ឬពឹង​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន គឺ​ត្រូវ​នឹកគិត​ដល់​សាសនា​ព្រាហ្មណ៍។ វិជ្ជា​គ្រប់គ្រង​អំណាច​ក្រៅ​ខ្លួននេះ​ជា​វិជ្ជា​បាប ព្រោះ​អាច​បង្ក​កម្ម នាំ​ជំពាក់​កម្ម ធ្វើបាប​សត្វលោក។ អ៊ីចឹង​ហើយ ទើប​សាសនាព្រះពុទ្ធ​ហាមប្រាម​មិន​ឱ្យ​រៀន​វិជ្ជា​ទាំងនេះ ដ្បិត​បង្កើត​កម្ម នាំ​ជាប់ចំណង រវល់​សង​គ្នា​ចុះ​សង​គ្នា​ឡើង រហូតដល់​មាន​ពៀរ​វេ​រា​រមិន​ងាយ​ចប់។ តើ​អំណាន​បែប​ណា​ហៅថា​ស្រាវជ្រាវ​? អត្ថបទ​នេះ​អាច​ដាក់​ចំណងជើង​ថា អាន​ឱ្យ​ដូច​អ្នក​សរសេរ​ ក៏បាន ឬ អំណាន​បែប​ស្រាវជ្រាវ​ ក៏បាន​ដែរ ពីព្រោះ​អ្នក​សរសេរ​ភាគច្រើន គឺ​ត្រូវតែ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ប្រៀបធៀប​គោលការណ៍ ពិចារណា​គំនិត គិត​បង្កើត​គំនិត​ថ្មី សំយោគ​លៃ​ឱ្យ​ត្រូវ​បរិបទ​​ឬកាលៈទេសៈ​សង្គម។

មុននឹង​ដល់​អំណាន​បែប​ស្រាវជ្រាវ គឺ​យើង​ត្រូវ​ឈ្វេងយល់​ពី​ចរិតលក្ខណៈ​សៀវភៅ​ជាមុន​សិន។ បើ​យើង​ចង់​​​មាន​ចំណេះ​ផ្នែក​យុទ្ធ​សាស្រ្ត គឺ​យើង​ត្រូវ​ដឹង​ថា តើ​បណ្តុំ​សៀវភៅ​ណា ដែល​ចាត់ទុកជា​សៀវភៅ​យុទ្ធ​សាស្រ្ត​? តើ​បុគ្គល​ណាខ្លះ​ដែល​ជា​អ្នក​យុទ្ធ​សាស្រ្ត​ល្បីល្បាញ​? តើ​អ្នក​យុទ្ធ​សាស្រ្ត​ប្រទេស​ណាខ្លះ​ដែល​យើង​គួរ​សិក្សា​រៀនសូត្រ​តាម​? ការ​ដឹងពី​បញ្ហា​ចរិត​សៀវភៅ គឺ​ខ្ញុំ​ពុំ​សំដៅ​តែ​សៀវភៅ​យុទ្ធ​សាស្រ្ត​ដែល​នឹង​លើក​ជា​ឧទារ​ណ៍​បង្ហាញ​​​​ខាង​ក្រោម​នេះ​ទេ តែ​​សំដៅ​​ក្នុង​ន័យ​ទូទៅ គ្រប់​ប្រភេទ​ចំណេះដឹង ដោយ​មិនថា​ចំណេះដឹង​ទស្សនវិជ្ជា សង្គមវិជ្ជា ប្រវត្តិវិជ្ជា នយោបាយ សាសនា សេដ្ឋកិច្ច ភាពជា​អ្ន​កដឹ​នាំ គ្រប់គ្រង​...។ ខ្ញុំ​សុំ​ណែនាំ​អ្នកប្រាជ្ញ​យុទ្ធសាស្ត្រ​បុរាណ​ដ៏​ល្បីល្បាញ៣រូប ដែល​គំនិត​បុគ្គល​ទាំងនេះ​ត្រូវ​បាន​យក​មក​បកស្រាយ បំបែក​ទស្សនៈ និង​សិក្សា​រៀនសូត្រ​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​ៗ។ ទីមួយ គឺ​អ្នកប្រាជ្ញ​ឥណ្ឌា ចា​ណក្យ ដែល​ជា​រាជគ្រូ។ សៀវភៅ​របស់ ចា​ណក្យ គឺ ចា​ណក្យ​នីតិ ឬជា​ភាសាអង់គ្លេស Chanakya Niti​ និង​សៀវភៅ​សំខាន់​របស់​ចា​ណក្យ​មួយ​ក្បាល​ទៀត​ស្តី​ពី​ការដឹកនាំ​ប្រទេស គឺ Arthaśāstra​។ ចំណែក​នៅ​ចិន គឺ​មាន​អ្នក​យុទ្ធ​សាស្រ្ត​សង្គ្រាម ស៊ុន ជឺ (Sun Tzu​) ដែល​មាន​សៀវភៅ សិល្ប​សង្គ្រាម ឬ Art of War​។ តាម​ឯកសារ​ស្រាវជ្រាវ​ខ្លះ​បាន​បង្ហាញថា​សៀវភៅ​នេះ គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​គំនិត​ដែល​មាននៅ​ក្នុង​សៀវភៅ​របស់​អ្នកប្រាជ្ញ​ចិត្ត​វិញ្ញាណ ឡៅ ជឺ (Lao Tzu​) គឺ​គម្ពីរ​តៅ​តេ​ជីង (Toa Te Ching​)។ ក្រៅពី​នេះ អ្នកអាន​អាច​សាកល្បង​ឈ្វេងយល់​ពី​សៀវភៅ អំពី​សង្គ្រាម ឬ On War​ ដែល​និពន្ធដោយ​ឧត្តមសេនីយ៍​ទោ​ជា​តិ​ព្រុស្ស៊ី ខាល់ វុន ខ្លោ​វសឺ​វិ​តស៍ (Carl von Clausewitz​)។ តើមាន​ប្រយោជន៍អ្វី​ខ្លះ​លើ​ការ​អាន​សៀវភៅ​តាម​វិ​ធី​សាស្រ្ត​អាន​សៀវភៅ​បែបនេះ​?

អ្នកអាន​បែប​ស្រាវជ្រាវ ត្រូវ​ចេះ​ចាត់​ក្រុម​សៀវភៅ​ដោយឡែក​ពីគ្នា ហើយ​កុំ​ច្របល់​សៀវភៅ​ចូលគ្នា ក្នុង​កាលៈទេសៈ​ដែល​យើង​មិនទាន់​យល់​ខ្លឹមសារ​ខាងក្នុង ឬគោលបំណង​នៃ​ចំណាត់ថ្នាក់​សៀវភៅ។ យើង​ពុំគួរ​យក​សៀវភៅ​នយោបាយ​មក​លាយ​ឡំ​នឹង​សៀវភៅ​សាសនា​ទេ ហើយ​ត្រូវ​ចែក​ឱ្យ​ដាច់​ចរិតលក្ខណៈ​គំនិត​នយោបាយ​និង​គំនិត​សាសនា។ បើ​យើង​មិន​បែងចែក​ឱ្យ​ដាច់​ទេ គឺ​យើង​នឹង​វង្វេង​ក្នុង​ទស្សនៈ ឬគំនិត។ ឧទាហរណ៍ សាសនា​និយាយ​ពី​ការថែទាំ​ចិត្ត តែ​នយោបាយ​និយាយ​ពី​ការថែទាំ​កាយ។ សាសនា​និយាយ​ពី​ស្ងប់ តែ​នយោបាយ​និយាយ​ពី​ល្បិច​ឈ្នះ។ សាសនា​និយាយ​ពី​សន្តិភាព ឈ្នះ​ខ្លួនឯង តែ​នយោបាយ​និយាយ​ពី​ខ្លាំង ទើប​ឈ្នះ​អ្នកដទៃ។ សាសនា​និយាយ​ពីក​រុ​ណា​ធម៌ តែ​នយោបាយ​និយាយ​ពី​មហិច្ឆតា។ សាសនា​និយាយ​អំពី​ការ​មិន​បៀតបៀន​សត្វលោក​ដទៃ តែ​នយោបាយ​និយាយ​ពី​ការ​វាតទី មិនថា​អំណាច ឥទ្ធិពល ទឹកដី​...។ សាសនា​និយាយ​ពី​ការ​រួបរួម​គ្នា​ដោយ​មិន​បំផ្លាញ​គ្នា តែ​នយោបាយ​គឺ​ធ្វើសង្គ្រាម​ដើម្បី​រំលត់​សង្គ្រាម ឬនិយាយ​ម្យ៉ាងទៀត​ថា ចង់បាន​សន្តិភាព ទាល់តែ​ធ្វើសង្គ្រាម​។ ចរិត​ពិត​នៃ​អ្នកសាសនា គឺ​កម្រ​ប្រ​ទូ​ស្ត តែ​បើ​ប្រ​ទូស្ត ព្រោះ​មាន​ចរិត​នយោបាយ​លាយឡំ​ក្នុង​ចេតនា​សម្រេច​គោលដៅ​នយោបាយ។ បុគ្គល​ពុំ​អាច​ស្ងប់ចិត្ត​ខាងក្នុង​បាន ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​ឡើយ។ បុគ្គល​ពុំ​អាច​ឈាន​ដល់​ការ​ត្រាស់​ដឹង ដោយ​ពុំ​មាន​រូបរាងកាយ​ឡើយ។ ខ្ញុំ​ចង់​សង្កត់​ឱ្យ​ធ្ងន់​ថា អ្នកប្រាជ្ញ​ដេក​ពុំ​លក់​ឡើយ ក្នុង​សម័យកាល​ប្រទេស​មាន​សង្គ្រាម ប្រៀប​ដូចជា​នាគ​ដេក [ជូ​កឺ​លៀង​] ត្រូវតែ​ចុះពី​ភ្នំ​​មក​បង្រួម​ទឹកដី និង​ស្វែងរក​សន្តិភាព​ឱ្យ​ប្រទេសជាតិ​ [ទោះ​មិន​ត្រូវ​កាលៈ​ទេសៈ​ក៏​ដោយ]

បើ​យើង​ជា​អ្នកអាន​ចែក​មិន​ដាច់ស្រេច​រវាង​ចរិត​សៀវភៅ​នយោបាយ និង​ចរិត​សៀវភៅ​សាសនា​ទេ ឬយក​ចរិត​អ្នកនយោបាយ​មក​ឡាយ​ឡំ​នឹង​ចរិត​អ្នកសាសនា គឺ​នឹង​បង្កជម្លោះ​ជា​ពុំខាន។ ការ​អាន​សៀវភៅ​តាមវិធី​ស្រាវជ្រាវ​បែបនេះ គឺ​វា​នាំ​អ្នកអាន​ឱ្យ​យល់​ពី​ខ្លឹមសារ​ដើម​នៃ​សៀវភៅ។ មនុស្ស១០ ចិត្ត១០ ឬមនុស្ស១០ មានចិត្ត១០០ផង​ក៏​មាន។ គំនិត​ដើម​តែមួយ មិនដឹង​មាន​មនុស្ស​គិ​តខុស​ៗគ្នា​ប៉ុន្មាន​នាក់​ទេ។ អ៊ីចឹង​ហើយ ការ​អាន​សៀវភៅ​បែប​ស្រាវជ្រាវ គឺ​វា​អាច​ជួយ​យើង​ឱ្យ​យល់​ពី​គោលការណ៍​នៃ​សៀវភៅ​ យល់​ពី​ចរិត​ម្ចាស់​ស្នាដៃ​ដើម​ ដឹងពី​ការ​បកស្រាយ​គំនិត​របស់​អ្នកចេះដឹង​ជំ​នាន់​ក្រោយ​ៗ ហើយ​យើង​ក៏អាច​មានគំនិត​អ្វី​ផ្សេង​គិត​ឱ្យ​ខុសពី​អ្នកដទៃ សំខាន់​ឱ្យ​គិត​បាន​ល្អ គិត​បាន​ត្រូវ​ស្ថានភាព និង​អាច​ប្រើ​ការណ៍​បាន។ ចំណុច​មួយ​ដែល​អ្នកអាន​បែប​ស្រាវជ្រាវ​ត្រូវ​ប្រុងប្រយ័ត្ន គឺ​ប្រយ័ត្ន​លើ​ការ​បកស្រាយ ឬការយល់​អត្ថន័យ​ខុសពី​ខ្លឹមសារ​ដើម។ គ្រប់​សៀវភៅ​ដែល​មានខ្លឹមសារ​ដើម ឬជា​ស្នាដៃ​ដើម​ទាំងអស់ សុទ្ធតែ​មាន​សៀវភៅ​សម្រាប់​បកស្រាយ​ឱ្យ​អ្នកអាន ឬអ្នក​សិក្សា អាច​ងាយ​យល់​ដូចជាព្រះ​ត្រៃបិដក មាន​ព្រះអដ្ឋកថា ដីកា​, គម្ពីរប៊ីប​មាន​សៀវភៅ​សម្រាប់​អធិប្បាយ​ខគម្ពីរ​, គម្ពីរ​ភគវទ្គី​តា មានការ​អធិប្បាយ​ពាក្យពេចន៍​, អ៊ី​ស្លាម​ក៏​ដូចគ្នា​ដែរ។ ដើម្បី​ឱ្យ​យើង​អាច​ពិចារណា​បាន​កាន់តែ​ច្រើន គឺ​យើង​គួរតែ​មាន​ឯកសារ​ទាក់ទង​នៅ​ក្បែរ​ខ្លួន​ច្រើន។ អត្ថបទ​នេះ​សម្រាប់​ពិចារណា ហើយក៏​ពុំ​មាន​លក្ខណៈ​ពេញលេញ​ដែរ។ វា​គ្រាន់តែ​ជា​ពន្លឺ​តូច​មួយ ឬប្រៀប​បាន​នឹង​កម្ទេចភ្លើង​តូច ដ្បិត​បើ​ដាក់លើ​ស្លឹកឈើ​ងាប់ វា​នឹង​ដុត​កម្ទេច​ព្រៃ​ទាំងមូល​បាន​៕

វីធីបញ្ចូលព្រលឹងទៅក្នុងសំណេរ


ខួរក្បាល​មាន​បញ្ញា​របស់​ខួរក្បាល រី​ឯបេះដូង​គឺ​មាន​បញ្ញា​របស់​បេះដូង។ បើ​យើង​និយាយ​ឱ្យ​ងាយ​យល់ គឺ​ខួរក្បាល​ទទួលយក​ចំណេះដឹង​តាមរយៈ​ភាព​សម​ហេតុផល រី​ឯបេះដូង​ទទួល​បាន​បទ​ពិសោធ​តាមរយៈ​ការ​ពាល់​អារម្មណ៍​ដោយ​ពុំ​មានហេតុ​ផល។ ចំណុច​នេះ ខ្ញុំ​ជឿ​ថា​អ្នក​សរសេរ​យល់​ច្បាស់ ពិសេស​បញ្ហា​ខ្លះ​ដែល​ទាក់ទង​នឹង​ចិត្ត។ រី​បញ្ហា​ខ្លះទៀត គឺ​ទាក់ទង​នឹង​ចំណេះដឹង។ នេះ​មានន័យថា បញ្ញា​ដែល​ជា​បញ្ហា​ចិត្ត​ត្រូវ​យកចិត្ត​ទៅ​ដោះស្រាយ ហើយ​បញ្ហា​ដែល​ជា​បញ្ហា​ខួរក្បាល គឺ​ត្រូវ​យក​ខួរក្បាល​ទៅ​ដោះស្រាយ​។ ក្នុង​ការ​សរសេរ ខួរក្បាល​និង​បេះដូង គឺ​វា​ទាក់ទងគ្នា និង​ជួយគ្នា​ទៅវិញទៅមក។ អត្ថបទ​នេះ អាច​ដាក់​ចំណងជើង​ថា វិធី​ខាបព្រលឹង​បញ្ចូល​ក្នុង​អត្ថបទ​ ក៏បាន ឬ វិធី​បញ្ចូន​ព្រលឹង​ចូលក្នុង​អត្ថបទ​ ក៏បាន​ដែរ។ ខ្ញុំ​នឹង​សាកល្បង​លើកយក​ឧទារ​ណ៍​ជាក់ស្តែង៖

នា​ថ្ងៃសីល យប់​ប្រហែលជា​ម៉ោង១២ មនុស្សម្នាក់​បាន​គេង​ក្បែរ​ខ្ញុំ។ រាត្រី​ដ៏​ស្ងប់ស្ងាត់ ដំណេក​មិន​លក់ យល់សប្តិ​ច្រើន រហូត​អស់កម្លាំង​ពី​ខ្លួន​រលីង។ ខ្ញុំ​ក៏​បង្គាប់​ឱ្យ​ក្រោក​អង្គុយ តែ​អង្គុយ​មិន​ជាប់ ចង់តែ​ដួល ហើយ​ពេល​ដាក់​ក្បាល​គេង​ម្តង​ៗ យល់សប្តិ​អាក្រក់។ ភ្នែក​បើក​មិនចង់រួច ទោះ​ខ្ញុំ​ឱ្យ​ផ្អែក​ខ្លួន​នឹង​ខ្លួនខ្ញុំ ក៏​នៅតែ​គេង​យល់សប្តិ​ដដែល។ ក្រោយមក ខ្ញុំ​ក៏​បង្គាប់​ឱ្យ​អង្គុយ​ពិនិត្យ​ខ្យល់​ដង្ហើម សាកល្បង​បិទ​ការ​គិត ដកដង្ហើម​ចេញ​ចូល​ៗ ប្រហែលជា​ដប់​នាទី។ មុន​សមាធិ រោម​របស់ខ្ញុំ​ព្រឺ​សម្បុរ ព្រឺក្បាល ហើយ​ខ្ញុំ​ក៏​ប្រាប់​ថា នៅ​ក្បែរ​នេះ​មានវិញ្ញាណ​ឬខ្មោច ពីព្រោះ​ថា​រោមដៃ រោម​ខ្លួន និង​សក់​របស់ខ្ញុំ​ព្រឺ​ស​ម្បុ​រ​ សមាធិ​បាន ១០នាទី ខ្ញុំ​ក៏​សួរ​ថា ស្ងប់​ទេ​។ ក្រោយមក អ្នក​សមាធិ​បាន​ត្រឹមតែ​ញញឹម​យ៉ាង​ស្រស់​ដាក់​ខ្ញុំ។ កម្លាំង​ចេះតែ​អស់ ខ្សោយ​ទៅៗ ហើយ​ខ្ញុំ​ក៏​នាំ​ចុះ​មក​បន្ទប់​ខាងក្រោម។ ភ្នែក​បិទ តែ​ជើង​ចុះក្រោម​ជាមួយ​ខ្ញុំ។ អង្គុយ​លើ​តុ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ត្រ​ជា​ក់​ឱ្យ​ញុំា។

ខ្ញុំ​ក៏​សួររក​ធូប​ថា តើ​ធូប​នៅឯណា​? ភ្នែក​បិទ មាត់​មិន​និយាយ​តប ហើយ​ខ្ញុំ​ក៏​សួរ​ទៀត​ថា តើ​ធូប​នៅឯណា​? ភ្នែក​បិទ រី​ឯដៃ​លើក​យ៉ាង​ទន់​ចង្អុល​ទៅ​ទីតាំង​ធូប។ ខ្ញុំ​រក​ធូប​ឃើញ​តាម​ដៃ​ដែល​ចង្អុល ហើយក៏​សួររក​អ្វី​សម្រាប់​អុជ​ធូប។ ភ្នែក​បិទ ដៃ​ចង្អុល​ទៅ​ទីតាំង​សម្រាប់​ទុក​វត្ថុ​សម្រាប់​អុជ​ធូប។ ខ្ញុំ​អុជ​ធូប​រួចហើយ ក៏​នាំ​​ឡើង​លើ​ផ្ទះ​វិញ។ បន្តិច​ក្រោយមក មាន​កម្លាំង ហើយក៏​គេងលក់​ចោល​ខ្ញុំ​បាត់​។ លុះ​ព្រឹក​ឡើង ខ្ញុំ​បាន​សួរនាំ​រឿងរ៉ាវ​ដែល​កើតឡើង តែ​ចម្លើយ​គឺ​អត់​ដឹង​អ្វី​ទាំងអស់។ ខ្ញុំ​ក៏​ចាប់ភ្លឹក​ថា យប់មិញ ខ្ញុំ​ចាញ់បោក​ខ្មោច​ដែល​ចូលក្នុង​ខ្លួន​ម្នាក់​នេះ​។ ខ្ញុំ​ធ្លាប់តែ​ជួប​អមនុស្ស​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅដល់ ទោះ​ព្រៃ ទោះ​ស្រែ ទោះ​ទីក្រុង តែ​មិនដែល​​ចាញ់បោក​​ដូច​លើក​នេះ​ទេ ដ្បិត​ខ្ញុំ​នាំ​សមាធិ ក៏​សមាធិ​តាមខ្ញុំ ហើយ​ខ្ញុំ​បាន​និយាយប្រាប់​ថា ទីនេះ​មាន​ខ្មោច ដឹង​ថា​ខ្លួនឯង​ជា​ខ្មោច​ដែល​កំពុង​បន្លំចូល​រូបរាងកាយ​អ្នក​នៅ​ជិត​ខ្ញុំ​ហើយ តែ​អមនុស្ស​នេះ​នៅតែ​ធ្វើមិនដឹង​បាន​ទៀត។ អ្វី​ដែ​ល​លើកឡើង​នេះ គឺ​ពុំមែន​សម្រាប់​ពិចារណា​ទេ ព្រោះ​ទោះ​យក​ខួរក្បាល​អ្នក​ពូ​កែៗ ១០នាក់ ឬ២០នាក់ មក​គិត​ឱ្យ​យល់ ក៏​ពុំ​អាច​គិត​បាន​យល់​ឡើយ ដ្បិត​ទាល់តែ​អ្នក​ជួប​បទ​ពិសោធ​ដោយ​ផ្ទាល់​។

ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា មិន​មានការ​ពិចារណា​រកហេតុផល​ក្នុង​ទីនេះ​ដាច់ខាត ដ្បិត​បើ​ពិចារណា​រកហេតុផល​ថា​សមឬមិន​សម នឹង​ឃើញ​តែ​លទ្ធផល​មួយ​គត់ គឺ​អ្នក​សរសេរ​អត្ថបទ​នេះ​ឆ្កួត [ខ្ញុំ​]។ ក្នុង​ភាសា​សាសនា គេ​ហៅ​ឈ្មោះ​ខុស​ៗគ្នា តែ​ខ្ញុំ​សុំ​និយាយ​ត្រឹម​ភាសា​សាមញ្ញ និង​អ្វី​ដែល​ខ្ញុំ​ដឹង​ប៉ុណ្ណោះ។ តើ​ខ្ញុំ​ចង់​ភ្ជាប់​អ្វី​ជាមួយនឹង​ការ​សរសេរ​អត្ថបទ​? តើ​អ្វី​ជា​ការ​ខាប​ព្រលឹង​បញ្ជូល​ទៅ​ក្នុង​អត្ថបទ​និពន្ធ​? តើ​ស្រូប​របៀប​យ៉ាងម៉េច​វិញ​? ដោយសារតែ​ពិភពលោក​មានចំណេះ​ដឹង​ច្រើន មាន​ព័ត៌មាន​ច្រើន មិនថា​ក្នុង​វិស័យ​វិទ្យាសាស្រ្ត ទស្សនវិជ្ជា ឬសាស​នា​ទេ តែ​ចំណេះដឹង​ទាំងឡាយគឺត្រូវ​បាន​កំណត់​យក​ត្រឹម ការប្រើ​ការណ៍​កើត បានផល អនុវត្ត​បាន និង​នាំ​ប្រយោជន៍​រួម​។ តើ​អ្វី​ជា​ការ​បញ្ចូល​ព្រលឹង​ទៅ​ក្នុង​អត្ថបទ​និពន្ធ​​? ការ​បញ្ចូល​ព្រលឹង​ទៅ​ក្នុង​អត្ថបទ​និពន្ធ គឺ​អាច​ជា​ព្រលឹង​អ្នក​សរសេរ ឬដែល​យើង​ហៅថា​អត្តចរិត​អ្នក​សរសរ ចេតនា​អ្នក​សរសេរ និង​អត្តសញ្ញាណ​អ្នក​សរសេរ។ ចរិត​អ្នក​សរសេរ​បែប​ណា អត្ថបទ​ក៏​នឹង​ទោរ​ទៅ​រក​ចំណុច​នោះ​ដែរ ពោល​គឺ ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ បើ​យើង​ជា​មនុស្ស​បែប​ណា យើង​ក៏​នឹង​ចាប់​យកគំនិត​សរសេរ​អត្ថបទ​បែប​នោះ​ដែរ​

អ៊ីចឹង​ហើយ ទើប​យើង​ឃើញ​ចរិត​អ្នក​សរសេរ​អត្ថបទ​នយោបាយ​ក្នុង​សង្គម ឬអ្នកនយោបាយ​មាន​ទំនោរ តែងតែ​សរសេរ​រកហេតុផល​គាំទ្រ​នូវ​អ្វី​ដែល​ខ្លួន​ចង់ឱ្យ​ត្រូវ និង​រកហេតុផល​វាយប្រហារ​នូវ​អ្វី​ដែល​ខ្លួន​ចង់ឱ្យ​ខុស។ ពាក្យ​ថា ចង់ឱ្យ​ នេះ គឺ​ខ្ញុំ​សំដៅ​ទៅលើ​ព្រលឹង​អ្នក​សរសេរ ទំនោរ​អ្នក​សរសេរ ឧត្តមគតិ​អ្នក​សរសេរ ដែល​ខ្លួន​ចង់​សរសេរ​។ វា​មិន​ចម្លែក​ទេ​ត្រង់​ចំណុច​នេះ ដ្បិត​ចំណេះដឹង ឬទស្សនៈ មាន​ចំណុច​ប្រឆាំង​គ្នា​ច្រើន ហើយ​អ្វី​ដែល​ត្រូវ​​មានខ្លាំង​បំផុត គឺ​ចំណេះ​តក្កវិជ្ជា។ នេះ​ហើយ​ជា​កា​រប​ញ្ជូ​លព្រ​លឹង ឬអត្តសញ្ញាណ​អ្នកនិពន្ធ​ទៅ​ក្នុង​សំណេរ។ តើ​អ្វី​ជា​ការ​បញ្ចូល​ព្រលឹង​ក្នុង​អត្ថបទ​និពន្ធ​ក្នុង​ន័យ​ផ្សេងទៀត​? យើង​ឃើញ​អ្នកខ្លះ​ដើរតាម​មាគ៌ា​ព្រះ ឬមាគ៌ា​សាសនា​ណាមួយ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​អ្វី​ដែលគេ​ទទួល​បាន​ក្នុង​ជីវិត គឺ​ព្រះ​ជា​អ្នក​ប្រទាន​ឱ្យ។ សេចក្តី​សុខ​ផ្លូវចិត្ត​ដែល​សាសនិក​ខ្លះ​ទទួល​បាន គឺ​ភាគច្រើន​បាន​មក​ពី​សាសនា ព្រោះ​ជម្រៅ​នៃ​ការសិក្សា​ខាង​សាសនា​ជ្រៅ​ជាង​ខាង​​លោកសម្ភារៈ ឬ​សម្ភារ​និយម (materialism world) ជាពិសេស​សភាព​នៃ​ចិត្ត។ អ្នកដឹកនាំ​កំ​ពូល​ៗភាគច្រើន​សុទ្ធតែ​មាន​សាសនា ហើយ​ប្រគល់ខ្លួន​ឱ្យ​សាសនា​ដែល​ខ្លួន​ប្រតិបត្តិ​តាម។ ចំណេះដឹង​ខួរក្បាល គឺជា​ចំណេះដឹង​ដែល​មាន​ព្រំដែន បើ​ធៀប​នឹង​ចំណេះដឹង​នៃ​ចិត្ត។ លំហូរគំនិត​ដែល​ចេញ​ពីចិត្ត គឺ​គ្មាន​ព្រំដែន​ឡើយ។

ខ្ញុំ​មិនដឹង​​ត្រូវ​បកស្រាយ​ភា​សា​បែប​ណា ទើប​ងាយ​យល់​ទេ តែ​ខ្ញុំ​សុំ​និយាយ​តាមរបៀប​របស់ខ្ញុំ។ វិញ្ញាណ ឬព្រលឹង​មាន​ទិន្នន័យ​រាប់ពាន់​រាប់​លាន​ឆ្នាំ តែ​គ្រាន់តែ​មិន​មាន​សម្បក​រូប​ប៉ុណ្ណោះ។ ក្នុង​ខ្លួនមនុស្ស​យើង គឺ​មានអំណាច​ដែល​ហួស​ផុត​ពី​ប្រាជ្ញ​ឈ្លាសវៃ​ថ្នាក់​ខួរក្បាល នោះ​គឺ​អំណាចចិត្ត។ បទ​ពិសោធ​សរសេរ​របស់ខ្ញុំ ខ្ញុំ​តែងតែ​រស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់ ឬសមាធិ​ជាប់​ជាប្រចាំ។ ចំណេះដឹង​ខ្លះ ខ្ញុំ​ពិតជា​ទៅ​មិនដល់ នឹក​មិនឃើញ តែ​ពេលខ្លះ​ខ្ញុំ​បោះ​ចំណេះដឹង​ដែល​ធ្លាប់​ចេះ​ចោល​ទាំងអស់ ហើយ​ទទេ​ដោយ​គំនិត​​ខាង​ក្នុង​។ ក្រៅពី​នេះ គឺ​រក​កន្លែង​ស្ងប់ស្ងាត់ ឬប្រើប្រាស់​ពេលវេលា​សមាធិ​ពេលយប់​ស្ងាត់។ ពេល​អង្គុយ ឬស្ថិតនៅ​កន្លែង​ស្ងាត់ មានគំនិត​ជាច្រើន​ផុស​ចេញ​មក​តាមរយៈ​លំហូរ​ចិត្ត ហើយ​គំនិត​ទាំងនោះ គឺជា​គំនិត​ដែល​ខួរក្បាល​គិត​មិនទាន់​ដល់ ឬនឹក​មិនទាន់​ឃើញ។ កាលៈទេសៈ​បែបនេះ យើង​រង់ចាំ​តែ​កត់​ទិន្នន័យ ឬផ្ទេរ​លំហូរ​គំនិត​ចូលក្នុង​ខួរក្បាល ឬរក​អ្វី​មក​កត់ចំណាំ​ប៉ុណ្ណោះ។ របៀប​ចុងក្រោយ​នេះ ស្ទើរតែ​អាច​និយាយ​បាន​ថា ហៅព្រលឹង​ដូនតា ឬព្រលឹង​គ្រូអាចារ្យ​មកស​ណ្ធិ​ត តែ​គ្រោះ​បន្តិច​សម្រាប់​មនុស្ស​ដែល​គ្មាន​សីល ឬពុំមែន​ជា​អ្នក​បដិបត្តិ​សមាធិ​ជាប្រចាំ។

មានសំនួរ គឺ​នឹង​មាន​ចម្លើយ ហើយ​ជាច​ម្លើយ​ដ៏​ចម្លែក​ដែល​ចេញពី​ភាព​ស្ងប់ស្ងាត់។ បើ​តាមពិត​ទៅ ខ្ញុំ​មិន​គួរ​លើក​ចំណុច​នេះ​ចែករំលែក​ទេ ដ្បិត​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​កំពុង​ងប់ងុល កាន់តែ​ងប់ងុល។ អំណាច​ដែល​ខ្លាំង​បំផុត គឺ​អំណាច​ក្នុង​ខ្លួនមនុស្ស​ម្នា​ក់ៗ។ សម្រាប់​អ្នក​ដែល​ចង់​សរសេរ​ទាក់ទង​នឹង​គំនិត គឺ​ត្រូវ​រក​គំនិត​ពីក្រៅ​ខ្លួន​ដែរ តែ​យកគំនិត​ពី​ខាងណា​ក៏ដោយ ក៏​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​ដែរ ព្រោះ​បើ​គ្រប់គ្រង​ខ្លួនឯង​មិនបានទេ គឺ​នាំ​គ្រោះ​ដល់​ខ្លួន​។ គំនិត​ដែល​ចេញពី​លំហូរ​ចិត្ត​នេះ គឺ​ពុំមែន​ជា​គំនិត​ខ្ញុំ​ឡើយ។ និយាយ​ដោយ​ខ្លី កា​រប​ញ្ជូ​លព្រ​លឹង​ក្នុង​អត្ថបទ​នេះ គឺ​វា​​មាន​ជម្រៅ​ជ្រៅ​ជាង​នេះ​ឆ្ងាយ តែ​ខ្ញុំ​រៀបរាប់​មិន​ចេញ។ អត្ថបទ​នេះ​ពុំមែន​សម្រាប់​ពិចារណា ហើយក៏​ពុំ​មាន​សម្រាប់​ពិសោធ​ដែរ តែ​អ្នកអាន​ត្រឹមតែ​ដឹង គឺ​គ្រប់គ្រាន់​ហើយ៕

អំពី

Thursday, July 23, 2020

អ្នកនិពន្ធត្រូវតែជាអ្នកសមាធិ?


អត្ថបទ​នេះ ខ្ញុំ​សរសេរ​ឡើង​មាន​គោលបំណង​ចង់​លើកស្ទួយ​សមាធិ ហើយ​ការ​លើកស្ទួយ​នេះ ក៏​ពុំ​មាន​ដោយសារតែ​ខ្ញុំ​ជា​អ្នក​សមាធិ ឬពុំមែន​ដោយសារតែ​ខ្ញុំ​ចូលចិត្ត​សមាធិ ឬក៏​ពុំមែន​ដោយសារតែ​ខ្ញុំ​ចង់ឱ្យ​អ្នកណា​ម្នាក់​សមាធិ​ដែរ។ ប៉ុន្តែ​ខ្ញុំ​យល់ថា​ការ​បដិបត្តិ​សមាធិ គឺ​អាច​ជួយ​មនុស្ស​បាន​យ៉ាងច្រើន​ឥតគណនា ជាពិសេស​បញ្ហា​ផ្លូវចិត្ត និង​សន្តិភាព​ផ្លូវចិត្ត។ មិនថា​ក្នុង​ផ្នែក​ណា ឬក្នុង​វិស័យ​អ្វីក៏ដោយ អ្នក​ដែល​បំពេញ​កិច្ចការ​ប្រកបដោយ​ចិត្ត​សមាធិ ឬមនុស្ស​ដែល​ជា​អ្នក​បដិបត្តិ​សមាធិ​ជាប្រចាំ គឺ​ច្រើនតែ​ជា​បុគ្គល​គួរ​ឱ្យ​គោរព ចេះ​យល់​ទុក្ខធុរៈ​អ្នកដទៃ មាន​មេត្តាធម៌​ខ្ពស់ ចេះ​ផ្សាយ​សេចក្តីល្អ​ដល់​សត្វ​ដទៃ។ អ្វី​ដែល​ពិសេស​បំផុត គឺ​បុគ្គល​បែបនេះ​ជា​អ្នកមាន​បាន​គ្រប់គ្រាន់​ក្នុង​ការរស់នៅ (Inner Rich​)។ សេចក្តី​មានបាន​នេះ វា​ប្រៀប​ដូច​នឹង​សេចក្តី​សុខ​ខាងក្នុង​ខ្លួន​បុគ្គល ដែល​ពុំ​មាន​ខ្វះ​អ្វី​សោះ បើ​ទោះបីជា​មិន​មានទ្រព្យ​សម្បត្តិ​ច្រើន​ហូរហៀរ​ក៏ដោយ។ ផ្ទុយទៅវិញ ចំពោះ​អ្នកខ្លះ អាច​មាន​លុយ​ច្រើន អាច​មានចំណេះ​ដឹង​ខ្ពស់ អាច​មាន​សមិទ្ធផល​ក្នុង​ជីវិត​រស់នៅ ឬមាន​អ្វី​ៗយ៉ាងច្រើន តែ​ចិត្ត​ដែល​សុខ គឺ​អាច​មាន​តិច។ អ្នកខ្លះ​មានចំណេះ​ដឹង ក៏​កើត​ចិត្ត​អំនួត មាន​មោកនភាព មើលងាយ​ដោយ​ពុំ​ឱ្យ​តម្លៃ​អ្នកដទៃ។

អ្នកមាន​សមិទ្ធផល​ក្នុង​កម្ម ឬទង្វើ​ណាមួយ​របស់​ខ្លួន ក៏​មាន​មោកនភាព​ជ្រុល​នឹង​លទ្ធផល​របស់​ខ្លួន។ អ្នក​ដែល​មាន​សេរីភាព​ក្នុងចិត្ត​ពិតប្រាកដ គឺជា​អ្នក​រួច​រដោះ​ពី​ចំណង​នៃ​ចំណេះដឹង​, រួច​រដោះ​ពី​ការ​ជាប់ជំពាក់​នឹង​មោកនភាព​នៃ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ (ទោះជា​ប្រយោជន៍​រួម ឬប្រយោជន៍​បុគ្គល​), ផុត​ស្រឡះចិត្ត​ពី​សេចក្តីល្អ​ដែល​ខ្លួន​បាន​សាង ហើយ​មានត្រឹមតែ​ចិត្ត​ដឹង​ថា សត្វលោក​ឬមនុស្សយើង គឺ​មានកម្ម​ជា​អ្នក​តាក់តែងខ្លួនមានគំនិត​ជា​អ្នក​តាក់តែង​កម្ម​ឬទង្វើ។ មានចិត្តជា​ប្រធាន​នៃ​ធម៌​ទាំងឡាយ ឬចិត្តជា​អ្នកដឹកនាំ​គំនិត។ គំនិត​ដឹកនាំ​សកម្មភាព។ សកម្មភាព​ដឹកនាំ​លទ្ធផល ហើយ​លទ្ធផល​ដឹកនាំ​គុណភាព​នៃ​ជីវិត​។ តើ​អ្នកនិពន្ធ​គួរ​ជា​អ្នក​សមាធិ ឬយ៉ាងណា​? តើ​សមាធិ​អាច​នឹង​ជួយ​អ្វីខ្លះ​ក្នុង​អត្ថបទ​និពន្ធ ឬសំណេរ​នៃ​អ្នកនិពន្ធ​? ការសិក្សា​ក្នុង​ពិភព​ចិត្ត គឺ​ពុំ​មាននៅ​ក្នុង​មេរៀន​ទស្សនវិជ្ជា ឬបើ​មាន ក៏​មាន​ត្រឹម​ថ្នាក់​ប្រើប្រាស់​គំនិត ឬចំណេះដឹង​តក្កវិជ្ជា​សម្រាប់​ពិចារណា​ពិសោធ​ប៉ុណ្ណោះ។ គំនិត​នៅ​ក្រោម​ចិត្ត ដូច​នឹង​ទ្រឹ​ស្តី​ពុទ្ធនិយម​ដែល​លើកឡើង​ថា ធម៌​ទាំងឡាយ​មានចិត្តជា​ប្រធាន​។ ចំណេះដឹង គឺ​មានចិត្តជា​អ្នក​ឃុំគ្រង។ ជា​បទ​ពិសោធ​របស់ខ្ញុំ ពេលណា​គំនិត​ឬទស្សនៈ​មាន​ក្នុង​ខួរក្បាល​ច្រើនពេក គឺ​យើង​អាច​នឹង​ពិបាក​គ្រប់គ្រង​ខ្លួនឯង ជាពិសេស​ចំណេះដឹង​ខ្លះ វា​នាំ​យើង​ឱ្យ​​វង្វេង ដ្បិត​មិនដឹង​ថា​មួយ​ណា​ពិត ឬមិន​ដឹង​ថា​មួយ​ណា​ក្លែងក្លាយ ដែល​ប្រៀប​ដូចជា​មនុស្ស​ប្រែកាយ មាន​រូបរាង​ស្រដៀងគ្នា​បំផុត រហូត​ឱ្យ​យើង​ពិបាក​កំណត់​ថា អ្នកណា​ពិត ឬអ្នកណា​ក្លែងក្លាយ បន្លំ​ខ្លួន​

ដោយ​លក្ខខណ្ឌ​នេះ​ហើយ ទើប​ក្នុង​សាសនា​តម្រូវ​ឱ្យ​យើង​ប្រកាន់​ជំនឿ​តែ​លើ​សាសនា​មួយ​គត់ ដ្បិត​បើ​ប្រកាន់​មួយ​ណា​ច្បាស់លាស់​ហើយ ក៏​ចូរ​ប្រតិបត្តិ​ឱ្យ​ជាប់លាប់​តែមួយគត់ ជៀសវាង​ការ​ហត់នឿយ ឬវង្វេង​ខ្លួន។ ចំពោះ​អ្នក​ចិត្ត​វិញ្ញាណ (ដែល​មិនមែន​សំដៅលើ​អ្នកសាសនា​ក្នុង​និកាយ​ណាមួយ​) គឺ​ដឹង​ច្បាស់​ថា គ្រប់​សាសនា​ទាំងអស់ តែងតែមាន​ចំណុច​ជា​តម្លៃ​ស្នូល​ឬបេះដូង ដូចជា​សាសនា​ខ្លះ​សង្កត់​តម្លៃ​ស្នូល​នៅត្រង់​សេចក្តី​ស្រឡាញ់ និង​ការ​លះបង់ (love and sacrifice​), សាសនា​ខ្លះ​សង្កត់​តម្លៃ​ស្នូល​នៅត្រង់​ចិត្ត​វិញ្ញាណ (the value of spiritual wisdom​), សាសនា​ខ្លះ​សង្កត់​តម្លៃ​ត្រង់​ភាពជា​បងប្អូន (brotherhood and equality​), សាសនា​ខ្លះ​សង្កត់​តម្លៃ​ស្នូល​នៅត្រង់​ករុណា​ធម៌ និង​សតិ​ដឹង (compassion and mindfulness​), សាសនា​ខ្លះ​សង្កត់​តម្លៃ​ស្នូល​នៅត្រង់​ភាព​តែមួយ​រវាង​មនុស្ស​និង​អធិធម្មជាតិ​...។ គ្រប់​សាសនា​ទាំងអស់​សុទ្ធតែ​ឱ្យ​តម្លៃ​លើ​ការ​សមាធិ។ តើ​ចិត្ត​ឃុំគ្រង​ចំណេះដឹង​តាមរបៀប​ណា​? ចិត្ត​មនុស្ស​ល្អ គឺ​នឹង​ប្រើ​ចំណេះដឹង​ក្នុង​ផ្លូវ​ល្អ តែ​ចិត្ត​មនុស្ស​អាក្រក់​វិញ គឺ​នឹង​ប្រើ​ចំណេះដឹង​ក្នុង​ផ្លូវ​អាក្រក់។ អ្នកនិពន្ធ​អត្ថបទ​បែប​នយោបាយ​ដែល​មាន​ទំនោរ គឺ​សរសេរ​អត្ថបទ​នយោបាយ​ក្នុង​ន័យ ល ៣ យ៉ាង៖ លទី១ គឺ​លាប​, លទី២ គឺ​លាង​, និង​លទី៣ គឺ​លាក់។ <លាប​> គឺ​សំដៅ​ដល់​ការ​លាប​ពណ៌​វាយប្រហារ​តាម​បែប​តក្កវិជ្ជា សម​ហេតុផល មាន​ទឡ្ហីករណ៍ ជា​ល្បិច​ស្វា​លេងប៉ាហ៊ី។ <លាង​> គឺ​លុបលាង ឬលាង​ព័ត៌មាន ឬគំនិត​ពី​ពិត​ទៅ​ក្លែងក្លាយ ឬពី​ក្លែងក្លាយ​ទៅជា​ការពិត​វិញ។ <លាក់​> គឺ​ព្យាយាម​លាក់លៀម​ការពិត​ក្នុង​ទំនោរ​នយោបាយ បំភាន់​គំនិត​អ្នកអាន ឬបង្វែរ​ដាន​មហាជន​ជាដើម។

ចេតនា​ក្នុង​ទំនោរ​ចិត្ត​ទាំងនេះ គឺ​គ្មានអ្វី​ផ្សេង ក្រៅតែ​ពី​បម្រើ​ផលប្រយោជន៍​នយោបាយ​ឡើយ។ នេះ​ជាឧទាហរណ៍​នៃ​ការប្រើ​ប្រាស់​ចំណេះដឹង​ដែល​មាន​ប្រភព​ចេញពី​ចេតនា​ចិត្តជា​អ្នកគ្រប់គ្រង។ គោលដៅ​នៃ​ចំណេះដឹង គឺ​ដើម្បី​បំផ្លាញ​តណ្ហា បោះចោល​នូវ​សេចក្តី​អាក្រក់ និង​ប្រយុទ្ធ​នឹង​បិសាច​ដែល​មាន​ក្នុង​ខ្លួនមនុស្ស​ម្នា​ក់ៗ។ ចំណេះដឹង ក្រៅតែ​ពី​យើង​អាច​ប្រៀបធៀប​បាន​ដូច​នឹង​ពន្លឺ ឬភ្លើងទៀន ឬចង្កៀង​, យើង​ក៏អាច​ប្រៀបធៀប​ចំណេះដឹង​ដូចជា​ភ្លើង​ដុត​កម្ទេច​សេចក្តី​អាក្រក់ ជាពិសេស​តណ្ហា​ដែល​មាន​ក្នុង​ខ្លួនមនុស្ស​ម្នា​ក់ៗ។ លើស​ពីនេះ យើង​អាច​ប្រៀបធៀប​ចំណេះដឹង​ទៅ​នឹង​ទូក ដែល​យើង​ត្រូវការ​តែ​ពេល​កំពុង​ឆ្លង​សមុទ្រ​ប៉ុណ្ណោះ ដ្បិត​ដល់ពេលណា​ដែល​យើង​បាន​ឆ្លង​សមុទ្រ​ផុត​ដល់ត្រើយ​ហើយ យើង​ក៏​លែង​ត្រូវការ​ចំណេះដឹង​ទៀត​ដែរ (មិន​ជាប់ជំពាក់​)។ យើង​ត្រូវការ​ភ្លើង​សម្រាប់​ដុត​កម្ទេច​តណ្ហា​មនុស្ស ហើយ​ពេលណា​ភ្លើង​បាន​ដុត​តណ្ហា​មនុស្ស​ឆេះ​អស់ហើយ គឺ​យើង​ពុំ​ត្រូវការ​ភ្លើង​ទៀត​ទេ។ និយាយ​ដោយ​ខ្លី ដើម្បី​ឆ្លង​ទៅ​ពិភព​ចិត្ត គឺ​យើង​ត្រូវការ​ចំណេះដឹង​តក្កវិជ្ជា ឬភាព​សម​ហេតុផល​ដើម្បី​ធ្វើ​ឱ្យ​មនុស្ស​មាន​ជំនឿ។ ការ​ធ្វើ​ឱ្យ​មនុស្ស​ជឿ​នេះ គឺជា​រឿង​ដ៏​កម្រ​បំផុត​ក្នុង​កិច្ចការ​ពន្យល់​មនុស្ស។ អ៊ីចឹង​ហើយ ទើប​ស្ទើរតែ​គ្រប់​សាសនា​បាន​ប្រើប្រាស់​រឿងនិទាន ឬល្បើក ឬពាក្យ​ពេចន៍​ពី​សាស​នា​ផ្សេង​ៗខ្លះ​ដើម្បី​បកស្រាយ​ពន្យល់​អ្នក​ស្តាប់។ អ្នក​បដិបត្តិ​ធម៌​ដោយ​គ្មាន​បរិយត្តិធម៌ គឺ​ប្រៀប​ដូចជា​មនុស្ស​ខ្វាក់​ស្ទាប​ដំរី ឬមនុស្ស​ស្ទាប​ដំរី​ក្នុង​ទី​ងងឹត។ ក្នុងចំណោម​បរិយត្តិធម៌ ៣ប្រភេទ ដែល​ព្រះពុទ្ធ​សម្តែង គឺ​មាន​បរិយត្តិ​ទី១ ដែល​ប្រៀប​ដូច​នឹង​អាសិរពិស​កាច (អលគទ្ទូ​បម​បរិយត្តិ )។

ចំណេះដឹង​ដែល​យើង​រៀន​មិន​ត្រឹមត្រូវ ក៏​នាំផល​មិន​ត្រឹមត្រូវ ប្រៀប​ដូច​បុរស​ចាប់​ពស់វែក​ត្រង់​ខ្លួន ហើយ​ពស់វែក​ក៏​ចឹក​អវយវៈ​ណាមួយ​របស់​បុរស​រហូតដល់​ស្លាប់​ជីវិត។ តើ​អ្នកនិពន្ធ​ត្រូវ​មាន​សមាធិ​បែប​ណា​? ចិត្ត​លត់ដំ​ដោយ​អាយុ​ដែល​បាន​រស់នៅ​លើ​ផែនដី​បាន​យូរ​ក្តី ឬដោយសារតែ​ការ​ប្រឡូក​ក្នុង​ជីវិត​បាន​ច្រើន​ក្តី (ទង្វើ​ច្រើន​ឬកម្ម​ច្រើន​) ឬដោយ​ការសិក្សា​រៀនសូត្រ​ក្តី ឬដោយសារតែ​ការ​សមាធិ​ក្តី គឺ​ធ្វើ​ឱ្យ​មនុស្ស​ឆាប់​ចាស់ទុំ​លឿន។ អ្នក​ដែល​រស់​លើ​ផែនដី​នេះ​បាន​យូរ ឬអ្នក​អាយុ​ច្រើន​ដែល​ធ្វើសកម្មភាព​ក្នុង​ជីវិត​បាន​តិច ឬបើ​បាន​ប្រឡូក​ជាក់ស្តែង​ក្នុង​ជីវិត​តិច គឺ​កម្រ​នឹង​មានចិត្ត​ចាស់ទុំ។ អ្នក​ដែល​មានចំណេះ​ដឹង​ច្រើន រៀនសូត្រ​បាន​ច្រើន ឬមានចំណេះ​ដឹង​ពេញ​ខ្លួន តែបើ​មិន​មាន​វិជ្ជា​សមាធិ ឬពុំ​បាន​បដិបត្តិ​សមាធិ​ជាប្រចាំ​ទេ ក៏​ចិត្ត​នេះ​ត្រឹមតែ​ជា​ចិត្ត​ថ្នាក់​បរិយត្តិ​ដែល​អាង​ទ្រឹ​ស្តី ឬអាង​ប្រាជ្ញាឈ្លាស​វៃ​ថ្នាក់​ខួរក្បាល​ប៉ុណ្ណោះ។ ចិត្ត​បែបនេះ គឺ​ពុំមែន​ជា​ចិត្ត​ចាស់ទុំ​ពិតប្រាកដ​ទេ ព្រោះ​ចិត្ត​នេះ វា​សង្កត់​ដោយសារតែ​ចំណេះដឹង។ ឧទាហរណ៍ អ្នកមាន​ចំណេះដឹង​ច្រើន​ពុំងាយ​ខឹង​ផ្តេសផ្តាស​ឡើយ ហើយ​ការ​ពុំងាយ​ខឹង​នេះ​ទៀតសោត ក៏​ពុំមែន​ចិត្ត​ខាងក្នុង​មិន​ខឹង​ពី​ធម្មជាតិ​ដែរ តែ​ខួរក្បាល​ឯណោះ​ទៅវិញ​ទេ ដែល​សង្កត់ចិត្ត​ថា កុំ​ខឹង កុំ​ខឹង​... ទប់ ទប់​... អត់ធ្មត់ អត់ធ្មត់​... ខាំមាត់ ខាំមាត់​.... សង្កត់ចិត្ត សង្កត់ចិត្ត​...។ ចំណេះដឹង​អាច​សង្កត់ចិត្ត​កុំឱ្យ​ខឹង តែ​ចិត្ត​មិន​អាច​ប្រយុទ្ធ​ឈ្នះ​នឹង​លោកធម៌​នៃ​ជីវិត​ឡើយ។ រី​ឯចំណេះ​អ្នក​ដែល​ដល់​ថ្នាក់​ពិសោធ​ជាក់ស្តែង​វិញ គឺ​ខុសគ្នា​ត្រង់ថា បើ​ថា​មិន​ខឹង គឺ​មិន​ខឹង​ហើយ ព្រោះ​ជា​ចិត្ត​ចាស់ទុំ យល់ដឹង​ពី​សភាព​ពិត​នៃ​ធម្មជាតិ​

ខ្ញុំ​បាន​ជួបប្រទះ​អត្ថបទ​មួយ​ពី​លទ្ធិ​សាសនា​មួយ​ដែល​និយាយ​ពី​សិល្បៈ​នៃ​ការ​សរសេរ ដែល​ស្រប​នឹង​អ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ដោយខ្លួនឯង​កន្លងមក។ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ចែករំលែក​ពីមុន ព្រោះ​រក​ទស្សនៈ​ស្រដៀង​សម្រាប់​ផ្ទៀងផ្ទាត់​ពុំ​មាន។ តើមាន​ទំនាក់ទំនង​គ្នា​បែប​ណា​រវាង​សំណេរ និង​អ្នក​សរសេរ​ដែល​មាន​សមាធិ​ក្នុង​ខ្លួន​? ខ្ញុំ​នឹង​សាកល្បង​រៀប​រាប់​ខ្លះ​ៗទុកជា​ការពិចារណា​អំពី​លំដាប់៣ ក្នុង​ការ​សរសេរ​របស់​អ្នកនិពន្ធ។ លំដាប់​ទី១ គឺ​បញ្ជូល​គំនិត ឬស្វែងរក​ចំណេះដឹង ឬស្រាវជ្រាវ​ប្រមែប្រមូល​ប្រភព​គំនិត​ពីគ្រប់ទិស​ទី។ លំដាប់​ទី២ ក្រោយពី​ប្រមូល​គំនិត​បាន​ច្រើន​ហើយ គឺ​ត្រូវ​ព្យាយាម​គិត​ត្រិះ​ពិចារណា​ដោយ​ផ្ទិ​តផ្ទង់ គិត​ឱ្យ​អស់ពី​លទ្ធភាព​តាមដែល​អាច​ទៅរួច រួចហើយ​សរសេរ​នូវ​គំនិត​ដែល​ខ្លួន​វិភាគ​គិតឃើញ។ លំដាប់​ទី៣ ពេលណា​សរសេរ​អស់ពី​លទ្ធភាព​ហើយ ក៏​ឈប់​សរសេរ ហើយ​បង្វែរ​ខ្លួន​បង្វែរ​ចិត្ត​មក​សម្រាក​លំហែអា​រម្ម​ណ៍ បន្ទូរ​ចិត្ត​ឱ្យ​ទទេ គ្មាន​កង្វល់ គ្មាន​សម្ពាធ។ ការសម្រាក​នេះ គឺ​ដាច់ខាត​កុំ​គិត​អ្វី​ថែមទៀត​ទាំងអស់។ រក្សា​ចិត្ត​ឱ្យ​ស្ងប់ស្ងាត់ ហើយ​ទទេ​ដោយ​គំនិត។ វិធី​សាស្រ្ត​សរសេរ​បែបនេះ វា​ស្រដៀងនឹង​បច្ចេកទេស​មា​ធិ​មួយ​ប្រភេទ ដែល​តម្រូវ​ឱ្យ​អ្នក​សមាធិ​ស្រែក​ឱ្យ​ខ្លាំង​បញ្ចេញ​សេចក្តី​ខ្វល់ខ្វាយ ឬសេចក្តី​ឈឺចាប់ ឬភាព​តានតឹង​របស់​ខ្លួន​តាម​របៀប​ផ្សេង​ៗ ធ្វើ​យ៉ាងណា​ឱ្យ​ធូរ​អារម្មណ៍​ដែល​តានតឹង​ខាងក្នុង។ របៀប​នេះ ជារ​បៀ​បមួយ​នៃ​ការ​បញ្ចេញ​អារម្មណ៍​អាក្រក់​ចោល។

ក្រោយពី​ការ​ស្រែក​អស់ចិត្ត​អស់ចង់​ហើយ ក៏​ចាប់ផ្តើម​ចូល​ដំណាក់កាល​ស្ងប់ស្ងាត់ ឬស្ងប់​ឈឹង លែងនិយាយ​លែង​ស្តី មិន​ខ្វាយ​ខ្វល់​នឹង​បរិយាកាស​ខាងក្រៅ តែ​ស្ងប់ស្ងាត់ ដក​ដង្ហើម​មួយ​ៗ បន្ទូរ​ចិត្ត លំ​ហែរ​កាយ (សម្រាកចិត្ត​សម្រាកកាយ​)។ នៅក្នុង​ន័យ​សមាធិ​បែបនេះ គឺ​ដោយសារតែ​មនុស្ស​ទទួល​បាន​ភាពល្អក់​កករ​ពី​ពិភព​ខាងក្រៅ​ច្រើនពេក ទើប​ការ​ស្រែក វា​ប្រៀប​ដូចជា​ការ​បញ្ចេញចោល​នូវ​អ្វី​ៗដែល​ល្អក់កករ​ខាងក្នុង​​ចិត្ត​ និង​ចុងក្រោយ​គឺ​ចូល​ដំណាក់​ស្ងប់​ឈឹង មិន​និយាយ​ស្តី មិន​ប្រតិកម្ម​...។ ក្នុង​ការ​សរសេរ​ក៏​អ៊ីចឹង​ដែរ ដ្បិត​អ្នក​សរសេរ​ត្រូវ​ចេះ​កាត់ចោល​នូវ​អ្វី​ដែល​មិនល្អ​ក្នុង​ពាក្យពេចន៍​នៃ​សំណេរ ហើយ​ទុក​តែ​អ្វី​ដែល​ល្អ និង​មានប្រយោជន៍។ តាម​បទ​ពិសោធ ខ្ញុំ​មើលឃើញ​ថា មិនមែន​ចំណេះដឹង​ខួរក្បាល​តែ​ម្យ៉ាង​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ចិត្តបាន តែ​វា​ត្រូវការ​ការ​ពិសោធ​ជាក់ស្តែង និង​ធ្វើ​ជាក់ស្តែង​តែម្តង​។ អ្នកនិពន្ធ​ត្រូវ​មុជ​ជ្រៅ​ទៅ​ក្នុង​ជម្រៅ​ចិត្ត​អ្នកអាន​តាមរយៈ​ការ​សមាធិ​ប្រើប្រាស់​ថាមពល​ចិត្ត។ វិធី​សរសេរ​បែបនេះ ជាពិសេស​សំណេរ​ជាមួយនឹង​សមាធិ គឺ​អាច​នាំ​អ្នកនិពន្ធ​ខ្ជាក់​ពាក្យពេចន៍​មក​មាន​ទម្ងន់ ជាពិសេស​មានព្រលឹង។ នេះ​ជា​ការចែក​រំលែក​ប៉ុណ្ណោះ ជាពិសេស​ការចែក​រំលែក​នេះ វា​ស្ថិត​ត្រឹម​ក្របខណ្ឌ​នៃ​បទ​ពិសោធ​របស់ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ។ បើ​យើង​មានចំណេះ​ដឹង​ជាក់ស្តែង យើង​សមជា​គ្រូបង្រៀន ហើយ​បើ​យើង​មាន​ទាំង​គំរូ​ភាពល្អ​ថែមទៀត យើង​សមជា​អ្នក​បណ្តុះ​មនុស្ស​រុញ​ចរន្ត​សង្គម​ឱ្យ​រីកចម្រើន​ទៅមុខ​តាមរយៈ​សកម្មភាព​ជាក់ស្តែង​៕

ខ្មាសគេត្រង់ពាក្យថាមេម៉ាយ


នៅក្នុងសង្គមមនុស្សសម័យមុន រហូតមកដល់សម័យនេះ នៅតែប្រកាន់ភ្ជាប់ត្រង់ចំនុចមួយថាមនុស្សស្រីឲ្យតែជាម៉េមាយដឹងតែខ្មាសគេ ??? ចុះមានបាននិយាយថាមនុស្សប្រុសទៅជាពោះម៉ាយខ្មាសគេដែរទេ? មនុស្សដូចគ្នាហេតុអីក៏ដាក់បន្ទុកទៅលើមនុស្សស្រីធ្ងន់យ៉ាងនេះ? ដោយសារតែសង្គមមានមនុស្សចាំដាក់គំនាមមើលងាយដល់មនុស្សស្រីបែបនេះហើយទើបធ្វើឲ្យមនុស្សស្រីមួយចំនួនបាក់ទឹកចិត្ត ខ្លាចមិនហ៊ានសូម្បីប្រឈមមុខរឿងរ៉ាវទាំងអស់...... អ្នកខ្លះគ្នាទ្រាំស្ទើរតែឆ្កួតចិត្តដោយសារមិនចង់លែងលះព្រោះតែពាក្យមួយម៉ាត់ "ខ្មាសគេ" !!! ខ្មាសថាខ្លាចត្រូវគេសើចចម្អក ខ្មាសព្រោះខ្លាចគេថាយើងមនុស្សស្រីគំនិតមិនកើត ខ្មាសនឹងត្រូវក្លាយខ្លួនជាស្រីម៉េមាយ សួរថាខ្មាសគេនឹងគេមករួមសុខ រួមទុក្ខជាមួយយើងអត់? អ្នកដទៃគេមើលមកដឹងត្រឹមតែសំបកក្រៅនៃគ្រួសារយើង ផ្ទៃក្នងយ៉ាងណាមានតែសាមីខ្លួនយើងទើបដឹងច្បាស់ ដូច្នេះកុំទៅខ្វល់កុំទៅខ្មាសនឹងពាក្យដែលអត់ប្រយោជន៍ យើងគិតថាកើតមកជាតិជាមនុស្សស្រីគ្មានអ្នកណាចង់មានឈ្មោះជាស្រីម៉េមាយនោះទេ តែចាត់ទុកថាវាជាកម្មទៅចុះដែលយើងជួបគូមិនសមប្រកប !!! តែខ្ញុំថាគ្មានអីត្រូវខ្មាសអ្នកណាទេសម័យនេះហើយមនុស្សប្រុសគួរតែខ្មាសយើងជាមនុស្សស្រីវិញទើបត្រូវដែលមិនអាចបំពេញកាតព្វកិច្ចជាប្ដីដ៏ល្អ គ្មានសម្ថភាពឲ្យយើងបន្តផ្លូវជាមួយបាន ហើយកុំយកពាក្យថាមនុស្សស្រីបង្វិលចង្រាន្កមិនជុំយកមកប្រើក្នុងសម័យនេះ !!! មនុស្សស្រីទាំងអស់ស៊ូឡើង ធ្វើឲ្យមនុស្សប្រុសដឹងថាយើងមិនមែនទន់ខ្សោយឲ្យគេធ្វើបាបបាននោះទេ ម៉េមាយក៏បានឲ្យតែសប្បាយចិត្ត ជាជាងសំបកក្រៅមើលទៅស្រស់បំព្រង តែធាតុពិតស្ទើរតែកកឈាម ....
ត្រូវចាំថាជីវិតមនុស្សផ្សេងៗគ្នារឿងរ៉ាវដែលគេជួបយើងក៏មិនអាចដឹង រឿងរ៉ាវដែលយើងជួបគេក៏មិនអាចដឹងដូចគ្នា ដូច្នេះកុំសើចយំនឹងជីវិតអ្នកដទៃណាម្នាក់ព្រោះថាយើងពិតជាមិនដឹងថាថ្ងៃខាងមុខយើងនឹងយ៉ាងណានោះទេ ព្យាយាមធ្វើជាមនុស្សល្អយើងនឹងជួបតែអំពើល្អណា 💜

Cr. Socheata Chea

Monday, July 20, 2020

ចេះឈឺចាប់?


ប្រភព​នៃ​ការឈឺចាប់ ដំបូង​វា​កើតឡើង​ចេញពី​ខាងក្នុង​ខ្លួន​យើង ហើយ​ក្រោយមក យើង​ក៏​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ។ មនុស្សម្នាក់​នឹង​លែងសូវ​មានការ​ឈឺចាប់​ហើយ បើ​បាន​យល់ដឹង​ពី​ច្បាប់​ធម្មជាតិ និង​មើល​អ្វី​ៗក្នុង​សភាព​ពិត​របស់​វា។ ឧទាហរណ៍ ពេល​យើង​ឃើញ​ពស់​កំពុងតែ​ត្រូវរបួស យើង​ក៏​យក​វា​មក​ព្យាបាល​នៅផ្ទះ។ ពេល​ព្យាបាល​វា​ជាសះស្បើយ​ហើយ វា​ក៏​បែរជា​មក​ចឹក​យើង​ឱ្យ​របួស​វិញ។ ការឈឺចាប់​របស់​យើង​កើតឡើង​ដោយ​ខ្លោចផ្សា​បំផុត ព្រោះ​ក្នុងចិត្ត​យល់ថា ធ្វើគុណ តែ​ត្រឡប់​មក​បាន​ជា​ទោស​។ ពេល​យើង​ជួយ​នរណា​ម្នាក់ តែ​គេ​បែរ​បង្ក​ទុក្ខ​ដល់​យើង គឺ​យើង​ក៏​ឈឺចាប់។ ធម្មជាតិ​សត្វ​ពស់ វា​មិន​ស្គាល់​អ្នកណា​បាន​ជួយ​វា ឬអ្នកណា​នឹង​សម្លាប់​វា​ទេ ដ្បិត​បើ​យើង​នៅ​ជិត​វា​ពេក វា​នឹង​ការពារ​ខ្លួន​។ ធម្មជាតិ​មនុស្ស​អាក្រក់ មិន​ខ្វល់​ថា​មនោសញ្ចេតនា​របស់​អ្នកជួយ​ជ្រៅ​ប៉ុនណា​ទេ តែបើ​ពេលណា​បាន​ប្រយោជន៍​ហើយ គឺ​នឹង​តប​ទោស​មកវិញ។ នេះ​ជាស​ភា​ពិត​របស់​ធម្មជាតិ​ដែល​ខ្ញុំ​បានប្រៀប​ធៀប​ដោយសង្ខេប​រវាង​ពស់មានពិស និង​មនុស្ស​​​អាក្រក់ ដែល​បង្ក​សេចក្តី​ឈឺចាប់​ដល់​យើង។ តើមាន​អ្វី​ផ្សេងទៀត ដែល​អាច​នាំការ​ឈឺចាប់​ដល់​យើង​?

អ្នករៀន​សូត្រ​ចេះដឹង​ច្រើន និយាយ​ក៏​ច្រើន មិន​ស្គាល់​កាលៈទេសៈ ទូន្មាន​អ្នកណា​ម្នាក់​ម្តង​ហើយ​ម្តង​​ទៀត ក៏​នឹង​ត្រូវ​គេ​តបគុណ​មកវិញ​ដោយ​សម្តី​មើលងាយ។ មើលងាយ​ព្រោះ​អ្នករៀន​សូត្រ​ចេះដឹង​និយាយ​បានតែមាត់ តែ​មិន​ធ្វើសកម្មភាព​​សោះ មិន​អនុវត្ត​ឱ្យ​កើត​ផល។ អ្នកខ្លះ​មានចំណេះ​សម្រាប់​សម្ញែង អួត​ក្អេងក្អាង គ្មាន​ចរិត​សីលធម៌ ចូលចិត្ត​ជាន់​អ្នកដទៃ​គ្មាន​ហេតុផល ឬចូលចិត្ត​វាយប្រហារ​មនុស្ស​ល្អ​ៗ ក៏អាច​ត្រូវ​គេ​មើលងាយ​ថា មានចំណេះ តែ​ឥត​ជ្រាប​ជាច​រិត​។ អ្នករៀន​សូត្រ​ខ្លះទៀត ចេះ​គឺ​ចេះ​ហើយ តែ​ចេះ​ពូកែ​ខាង​ធ្វើ​អាក្រក់ លក់​ឧត្តមគតិ អាង​ចំណេះដឹង ចង់ឱ្យ​អ្នកដទៃ​គោរព ក៏​នឹង​បែរជា​ត្រូវ​មនុស្ស​សាមញ្ញ​ល្អ​ៗមើលងាយ មើល​ថោក ព្រោះ​គ្មាន​មនសិការ​ក្នុង​ចំណេះ។ មិនទាន់​មាន​សមត្ថភាព​ចេះ​ប្រើប្រាស់​ចំណេះ​ឱ្យ​ត្រឹមត្រូវ ក៏​ត្រូវ​អ្នកដទៃ​មិន​គោរព​ឱ្យ​តម្លៃ​, មានចំណេះ​ដឹង តែ​លក់​ខួរក្បាល​ឱ្យ​មនុស្ស​អាក្រក់ ក៏​ត្រូវ​អ្នកដទៃ​ខ្ពើម​មិន​ឱ្យ​តម្លៃ​, មានចំណេះ​ដឹង​ហើយ តែ​មិនទាន់​ចេះ​រៀបចំ​ចរិតលក្ខណៈ​ខ្លួន​ឱ្យ​ស័ក្តិសម​ជា​អ្នកចេះដឹង ក៏​ត្រូវ​អ្នកដទៃ​ប្រមាថមើលងាយ។ ស្ថានភាព​ទាំងនេះ​សុទ្ធតែ​ជា​ភាព​ជូរចត់​នៃ​ជីវិត។ មានការ​ឈឺចាប់​មួយ​ប្រភេទ​ទៀត ដែល​ជា​បញ្ហា​ធំ​បំផុត​ក្នុង​សង្គម ជាពិសេស​ក្នុងចំណោម​ចិត្ត​សាស្រ្ត​យុវជន​និង​អ្នក​ទន់ខ្សោយ។ តើ​ជា​ការឈឺចាប់​អ្វី​?

នៅ​ពីក្រោយ​ចំណេះដឹង និង​ការអនុវត្ត​ គឺជា​ឥរិយាបថ​នៃ​ការស្វែងរក​ចំណេះដឹង។ នៅ​ពីមុខ​ចំណេះដឹង គឺ​ការអនុវត្ត​ចំណេះដឹង​ឱ្យ​កើតជា​ផ្លែផ្កា។ នៅ​ពីមុខ​លទ្ធផល គឺជា​លទ្ធផល​ដែល​នាំ​ប្រយោជន៍​រួម ឬមិន​បំផ្លាញ​មនុស្ស​ល្អ។ ខ្ញុំ​សុំ​សង្កត់​ពាក្យ​ថា មិន​បំផ្លាញ​ប្រយោជន៍​មនុស្ស​ល្អ​ ដោយ​ឱ្យ​យើង​គិត​ឱ្យ​ច្បាស់​ថា ការ​មិន​បៀតបៀន​អ្នកដទៃ គឺ​សំដៅយក​អ្នកដទៃ​ដែល​ជា​មនុស្ស​ល្អ​។ រី​ចំណែក​មនុស្ស​អាក្រក់​វិញ ខ្ញុំ​និយាយ​ឱ្យ​អាក្រក់​ស្តាប់​បន្តិច​ថា ទោះ​យើង​មិន​បៀតបៀន​មនុស្ស​អាក្រក់ ក៏​មនុស្ស​អាក្រក់​មិន​ឱ្យ​យើង​រស់នៅ​សុខ​ដែរ​។ នេះ​ជាស​ភាព​ពិត​មួយ​នៃ​ធម្មជាតិ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។ ជីវភាពរស់នៅ​របស់​ជាតិសាសន៍​នី​មួយ​ៗ គឺ​គ្មាន​ជាតិសាសន៍​ណាមួយ ឬមនុស្ស​ណា​ម្នាក់​ដែល​មិន​ត្រូវ​មនុស្ស​អាក្រក់​ធ្វើបាប ឬគាបសង្កត់​ទេ ដ្បិត​វា​គ្រាន់តែ​តិច​ឬច្រើន​ប៉ុណ្ណោះ។ យើង​អាច​មើលឃើញ​ទង្វើ​ពុករលួយ បទឧក្រិដ្ឋ ការ​គាប​សង្គ​ត់ បក្ស​ពួក​និយម និង​ទង្វើ​អា​ក្រ​ក់ៗ​នានា​ជាច្រើន ជាពិសេស​ចេញពី​អ្នកមាន​អំណាច​ហូរហៀរ។ អ្នកខ្លះ​ធ្វើការ​ប្រាក់ខែ​តិច តែ​ពេល​មើល​ទ្រព្យសម្បត្តិ ដូចជា​អ្នកធ្វើការ​ប្រាក់ខែ​រាប់​លាន​ដុល្លារ ឬដូច​ទ្រព្យ​អ្នករក​ស៊ី​មានបាន​ស្របច្បាប់។ យើង​ដឹង​ដោយ​អារម្មណ៍​និង​ការ​គិតពិចារណា​តាម​បែប​តក្កវិជ្ជា​យ៉ាង​ប្រត្យក្ស គឺ​ប្រាកដជា​មានអំពើ​ពុករលួយ ឬទង្វើ​អាក្រក់​ណាមួយ​នៅ​ពីក្រោយ ឬដោយសារ​ការប្រើអំណាច​ធំ​ខុសច្បាប់​ជាមិនខាន។ សំណួរ​សួរ​បន្ត​ថា ចុះបើ​យើង​អាច​ដឹង ឬបានឃើញ​នឹង​ភ្នែក តើ​យើង​អាច​ធ្វើអ្វី​ខ្លះ​ក្នុង​ការស្វែងរក​យុត្តិធម៌​?

អ្នកខ្លះ​អាច​ស្រែក​ជេរ អ្នកខ្លះ​អាច​បន់ព្រះ​ដាក់ទំនាយ អ្នកខ្លះ​ខ្ពើមរអើម។ល។ សំណួរ​បន្ត​ថា តើ​បាន​ប្រយោជន៍អ្វី គ្រាន់តែ​សម្តី​ជេរប្រមាថ​ពីរបី​មាត់ តើ​អាច​ធ្វើ​ឱ្យ​មនុស្ស​អាក្រក់​ក្លាយទៅជា​មនុស្ស​ល្អ​? តើ​អាច​ទៅរួច​ទេ​? ចុងក្រោយ យើង​ជា​អ្នក​ល្អ​នៅតែ​ក្អួតឈាម​ដោយសារតែ​ទង្វើ​អយុត្តិធម៌​ជាក់ស្តែង​របស់​មនុស្ស​អាក្រក់​ដដែល។ តើ​បាន​ប្រយោជន៍អ្វី​? ខ្ញុំ​សុំ​និយាយ​ក្នុង​បរិបទ​នយោបាយ​បន្ថែម​ទៀត។ ក្នុង​ន័យ​នយោបាយ អ្នកនយោបាយ​ខ្លះ សខ្មៅ ល្អអាក្រក់ ថោកទាប​ឬថ្លៃថ្នូរ ស្ទើរតែ​អ្នកនយោបាយ​មិនសូវ​ខ្វល់ តែ​អ្វី​ដែល​ត្រូវ​ខ្វល់ គឺ​លទ្ធផលជាក់​ស្តែង​និយម។ យើង​តែងឃើញ​ឃាតកម្ម​លើ​អ្នកនយោបាយ គឺ​កើត​ពី​ទំនាស់​នយោបាយ ជាពិសេស​អ្នកមាន​អំ​ណាច​ធំៗ។ ក្នុង​បរិបទ​ច្បាប់ មេធាវី​គឺជា​អ្នក​អាច​ធ្វើ​ឱ្យ​សទៅ​ជា​ខ្មៅ ឬខ្មៅ​ទៅ​ជាស ល្អ​ទៅជា​អាក្រក់ មានទោស​ទៅជា​គ្មាន​ទោស គ្មាន​ទោស​ទៅជា​មានទោស ជាពិសេស​ក្នុង​សង្គម​បក្ស​ពួក​និយម។ ខ្ញុំ​និយាយ​នេះ គឺ​ស្ទើរតែ​កើតឡើង​ទូទៅ​នៃ​បរិបទ​សង្គម​នៃ​ពិភពលោក។ តើមាន​អ្វី​ដែល​អាច​ឈ្នះ​អ្នកមាន​អំណាច និង​អ្នកមាន​លុយ​? អ្នកទទួល​រង​នូវ​ទង្វើ​អយុត្តិ​មធម៌​ខ្លះ បាន​ត្រឹមតែ​ជេរ ដាក់ទំនាយ។ តើ​បាន​ប្រយោជន៍អ្វី ដ្បិត​ថ្ងៃក្រោយ មនុស្ស​អាក្រក់​ដែល​មានអំណាច​នឹង​បន្ត​ធ្វើបាប​អ្នកក្រ​ទន់ខ្សោយ​ដដែល​? អ្វី​ៗដែល​កើតឡើង​ចំពោះ​អ្នក​ទន់ខ្សោយ គឺ​សុទ្ធតែ​កើតឡើង​តាមរយៈ​ទង្វើ ដែល​ជាសកម្ម​ភាព​ជាក់ស្តែង។ ខ្ញុំ​ចង់​សួរ​បន្ត​ថា ចុះ​អ្ន​កល្អ​ៗ អ្នកចេះដឹង អ្នក​ពូ​កែ​ទ្រឹ​ស្តី តើ​អាច​ធ្វើអ្វី​បាន ក្រៅតែ​ពី​ទ្រឹ​ស្តី​?

ចំណេះដឹង​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​យើង​មាន​អត្តា​ខ្ពស់ ឬអញនិយម​ខ្ពស់ វា​គឺជា​ចំណេះដឹង​ដែល​នឹង​បំបែក​សាមគ្គី និង​ការ​ស្រុះស្រួល​សង្គម។ អ្នក​ដែល​មានចំណេះ​ដឹង តែ​មិន​ប្រឹង​ធ្វើសកម្មភាព​ជាក់ស្តែង ក៏​ប្រហែលជា​ត្រូវ​រង​ចាំ​ទទួលការ​ឈឺចាប់​ពី​ទង្វើ​អាក្រក់​របស់​មនុស្ស​អាក្រក់​បន្ត​ទៀត។ ក្រៅពី​នេះ គឺ​ឈ្លោះ​ទាស់ទែង​នឹងគ្នា​ឯង ដែល​ជា​អ្នកមាន​គោលដៅ​រួម​ដូចគ្នា។ ជា​ប្រវត្តិ​សាស្រ្ត បក្សនយោបាយ​ពីរ​បី​ច្របាច់​បញ្ចូល​គ្នា ហើយ​ក្រោយមក​បែកបាក់​គ្នា គឺ​គ្មាន​អ្នកណា​បំបែកបំបាក់​ទេ គឺ​បែកបាក់​គ្នាឯង ហើយ​ខ្លួនឯង​ជា​អ្នក​កម្ទេច​ក្រុម​ខ្លួនឯង។ នៅក្នុង​ភាពយន្ត​ប្រវត្តិ​សាស្រ្ត​សាម​កុក​, បើកុំតែ​លូ​ស៊ូ​ប្រឹងប្រែង​រក្សា​សម្ពន្ធ ម៉្លេះ​ឆាវ ឆាវ វាយ​ដណ្តើម​បាន​ទឹកដី​តាំងពី​ភាគ​ដំបូង។ ចង្ក្រាន​ដែល​មាន​មុំ​បី បើ​មួយ​រលំ​ហើយ គឺ​មួយទៀត​ក៏​មិន​អាច​ប្រើការ​កើត​ដែរ។ ទីបំផុត​ទៅ ទាស់ទែង​នឹងគ្នា​ឯង ច្រណែន​នឹងគ្នា​ឯង ដណ្តើម​មុខមាត់ លើកតម្កើង​តែ​គ្នាឯង​...។ ឥរិយាបថ​នេះ គឺជា​ការ​ខ្ពើមរអើម​ផង​និង​ជា​ការឈឺចាប់​ផង។ តើ​គោលបំណង​នៃ​អត្ថបទ​នេះ ខ្ញុំ​ចង់និយាយ​ពី​អ្វី​? ផល​នៃ​ការទាស់ទែង​ទស្សនៈ ផល​នៃ​ការ​មិន​ធ្វើសកម្មភាព​ជាក់ស្តែង គឺ​គ្មានអ្វី​ផ្សេង ក្រៅតែ​ពី​វេទនា​ទាំងអស់គ្នា​ទេ។ ទស្សនៈ​អ៊ី​ស្លាម​សាសនា​និយាយ​ពី​ជំនឿ​មនុស្ស​ល្ងង់ ប្រៀប​ដូចជា​ចំណេះដឹង​ដែល​ឡើង​ខ្ពស់​មិន​ផុត​ស្លាបប្រចៀវ​ខ្លួនឯង

ប៉ុន្តែ​ចំពោះ​អ្នក​យល់​ច្បាស់​ពី​ចំណេះដឹង គឺ​ស្គាល់​សញ្ញា​នៃ​ចំណេះដឹង ហើយ​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​កើតជា​ប្រយោជន៍។ ជឿ​ព្រះ តែ​មិន​គោរព​តាម​បញ្ញ​ត្តិ​ព្រះ ឬមិន​ធ្វើតាម​សេចក្តីល្អ​ដែល​ព្រះ​បង្រៀន។ ជឿ​លើ​ចំណេះដឹង តែ​មិន​អនុវត្ត​ចំណេះដឹង។ ចេះ​ឈឺចាប់ តែ​មិន​ប្រឹង​ធ្វើសកម្មភាព​ជាក់ស្តែង បែរជា​ឈ្លោះ​ទាស់ទែងគ្នា​ឯង។ រស់នៅ​ឈឺចាប់ ស្លាប់​ទៅ​ក៏​ឈឺចាប់ អ្នក​ជំនាន់​ក្រោយ​ក៏​ឈឺចាប់។ តើមាន​ពាក្យ​ណា​ផ្សេង​ដែល​អាច​ជំនួស​ពាក្យ​ឈឺចាប់​បានទេ​? បើ​ចង់ឱ្យ​សង្គម​ជាសះស្បើយ​ពី​ជំងឺ លុះត្រាតែ​ជន​សង្គម កុំ​ធ្វើជា​មនុស្ស​ឈឺ។ ឈឺ​ព្រោះ​មិន​ស្វែងរក​ចំណេះ​, ឈឺ​ព្រោះ​មិន​អនុវត្ត​នូវ​ចំណេះ​, ឈឺ​ព្រោះ​យកចំណេះ​មក​ឈ្លោះ​គ្នា​, ឈឺ​ព្រោះ​មានតែ​ចំណេះ តែ​ខ្វះ​សីលធម៌ បាត់​ឧត្តមគតិ អាត្មានិយម។ ដូច្នេះ​ជំងឺសង្គម មិនថា​សង្គម​ណា​ទេ គឺ​វា​សមនឹង​នៅជា​មួយ​ព្រលឹង​មនុស្ស​ប្រភេទ​បែប​ខាងលើ។ សរុប​ដោយសង្ខេប អ្នកណា​ដែល​ចង់ឱ្យ​ខ្លួន​ចេះដឹង គឺ​ត្រូវ​ប្រឹងរៀន។ អ្នកណា​ដែល​ចង់បាន​លទ្ធផល​ពី​ចំណេះដឹង គឺ​ត្រូវ​ប្រឹង​ធ្វើ​ជាក់ស្តែង ហើយ​បើ​​ស្រឡាញ់​​សង្គម កុំ​ភ្លេច​ការសិក្សា​អប់រំ។ ចាប់ចោរ​ត្រូវការ​ភស្តុតាង​ជាក់ស្តែង រី​ឯសាង​សង្គម​ដែល​លែង​មាន​ទង្វើ​អយុត្តិធម៌ គឺ​ត្រូវការ​ការ​យកចំណេះ​ដឹង​ទៅ​អនុវត្ត​ជាក់ស្តែងទង្វើ​អាក្រក់​នឹង​រលាយ​បាត់ ដរាបណា​​​មនុស្ស​ល្អ​អនុវត្ត​​សេចក្តីល្អ​​បាន​ច្រើនទង្វើ​អយុត្តិ​នឹង​លែង​មាន ដរាប​មនុស្ស​ជឿ​លើ​ការ​តស៊ូ​ប្រយុទ្ធ​តាមរយៈ​ចំណេះដឹង​បែប​ជាក់ស្តែង​និយម។ តើ​ធម្មជាតិ​អ្នក​ខ្លាំង​ឯណា​ដែល​មានចិត្តចង់​ចរចា​ជាមួយនឹង​អ្នក​ខ្សោយ​? តើ​ធម្មជាតិ​ជា​សត្វ​តោ​ឯណា​ដែល​ចង់​ចរចា​ជាមួយ​នឹង​សត្វ​ចៀ​ម​? អត្ថបទ​នេះ គឺ​ពុំ​សំដៅលើ​សង្គម​ណាមួយ​ឡើយ តែ​សម្រាប់​ការសិក្សា​រៀនសូត្រ​ពី​បទ​ពិសោធ​ទូទៅ​នៃ​មនុស្សជាតិ​៕

ជាប់គាំងនឹងទ្រឹស្តី?


មនុស្ស​ម្នា​ក់ៗ គឺជា​បងប្អូន​នឹងគ្នា តែ​ដោយសារតែ​ការទាស់ទែង​គ្នា ដោយសារតែ​អវិជ្ជា ដោយសារតែ​គ្មាន​ចំណេះដឹង ដោយសារតែ​មិន​យល់​ពីគ្នា ដោយសារតែ​ប្រយោជន៍ ដោយសារតែ​ចិត្ត​អាត្មានិយម ទើប​ធ្វើ​ឱ្យ​យើង​រស់នៅ​ដាច់​ពី​បង​ដាច់​ពី​ប្អូន។ ក្នុង​គ្រួសារ បង​អាច​ទាស់ទែង​នឹង​ប្អូន​ដោយសារ​ទ្រព្យសម្បត្តិ។ ក្នុង​សង្គម​រកស៊ី មនុស្ស​អាច​ទាស់ទែងគ្នា​ដោយសារតែ​ចែក​ប្រយោជន៍​គ្នា​មិន​ស្មើ។ ចំពោះ​យុវជន​ដែល​មានចំណេះ​ថ្នា​ក់​ទ្រឹ​ស្តី គឺ​អាច​ទាស់ទែងគ្នា​ដោយសារតែ​គំ​និ​តរៀង​ៗខ្លួន។ នៅពេល​ណា​ដែល​យើង​មានចិត្ត​ចាស់ទុំ​មែនទែន យើង​នឹង​មើល​លទ្ធផលជាក់​ស្តែង ច្រើន​ជាង​ទ្រឹ​ស្តី ច្រើនជាង​គំនិត ច្រើនជាង​វិធី​សាស្រ្ត ច្រើនជាង​ចរិតមនុស្ស ច្រើនជាង​បញ្ហា​ទាស់ទែង​បន្តិចបន្តួច​ដែល​មិន​ចាំបាច់។ ខ្ញុំ​សុំ​អនុញ្ញាត​យក​សុភាសិត​ខ្មែរ​មក​ភ្ជាប់​បន្តិច​ដែល​ថា វៀច​ធ្វើ​កង់ ត្រង់​ធ្វើ​កាំ​ ដែល​ពាក្យ​អប់រំ​នេះ គឺ​ចង់​បង្រៀន​ឱ្យ​យើង​ចេះ​ធ្វើការ​ជាមួយគ្នា ចេះ​ស្គាល់​តួនាទី​ខ្លួនឯង និង​ចេះ​ដាក់ខ្លួន​ឯង​ឱ្យ​ត្រូវ​តាម​កន្លែង​ដ៏​ត្រឹមត្រូវ។ ឈើត្រង់ ត្រូវ​ធ្វើ​កាំ រី​ឯឈើវៀច​ត្រូវ​ធ្វើ​កង់ តែ​កុំ​យក​ឈើវៀច​ធ្វើ​កាំ ហើយ​យក​ឈើត្រង់​ធ្វើ​កង់។ ខ្ញុំ​ទទួលស្គាល់​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​ល្អ​គ្រប់​ដប់​ទេ សូម្បីតែ​ខ្ញុំ​ខ្លួនឯង ខ្ញុំ​ដឹងខ្លួន​ច្បាស់​ថា​ខ្ញុំ​អន់​កន្លែងណា ឬខ្សោយ​កន្លែងណា។ សម្រាប់​អ្នកមាន​ចរិត​ចាស់ទុំ មាន​លក្ខណៈ​ជា​មនុស្ស​ជាក់ស្តែង​និយម គឺ​គេ​មើល​លើ​លទ្ធផល​ចុងក្រោយ។ រី​ចំពោះ​អ្នកមាន​ចំណេះដឹង​ច្រើន គឺ​គេ​លែង​មើល​លើ​ចំណេះដឹង​ទៀតហើយ តែ​គេ​មើល​លើ​ចរិតលក្ខណៈ សីលធម៌ សុជីវធម៌ និង​ការ​ធ្វើ​ប្រយោជន៍​ដល់​ជន​ដទៃ។

ក្រៅពី​នេះ ចំណេះដឹង​នឹង​គ្មាន​តម្លៃ​អ្វី​ទាំងអស់ បើសិនជា​យើង​ពុំ​ចេះ​សម្គាល់ចិត្ត​ខាងក្នុង​របស់​អ្នកចេះដឹង​ថា​ល្អ​ឬអាក្រក់។ តើ​យើង​នឹង​គោរព​មនុស្ស​មានចំណេះ​ដឹង​ខ្ពស់ តែ​ចិត្ត​ខាងក្នុង​ស្មោក​ក្រោ​គ ឬយកចំណេះ​ដឹង​ទៅ​ធ្វើ​ទង្វើ​ថោកទាប ឬទេ​? អត្ថបទ​នេះ ខ្ញុំ​នឹង​សាកល្បង​ចែករំលែក​ពី​ការ​ជាប់​គាំង​នៃ​លទ្ធផល ថា ​យើង​ជាប់​គាំង មិនទៅ​មុខ មិនដល់​លទ្ធផលជាក់​ស្តែង​ នៅ​ចំណុច​ណា​? អ្វី​ដែល​ពិបាក​បំផុត គឺ​ពិបាក​បង្រៀន​មនុស្សម្នាក់​ឱ្យ​ចេញពី​ហ្វូង​ដែល​គាំទ្រ​គ្នា​តកន្ទុយ។ អ្នកខ្លះ​នៅ​ក្បែរ​អ្ន​កខ្សោយ​ៗ ហើយ​ខ្លួន​ជា​សត្វ​តោ​ក្នុងចំណោម​ចៀម។ មនុស្សម្នាក់​អាច​ខ្លាំង​ក្នុងចំណោម​អ្នក​ខ្សោយ​ជាច្រើន ហើយ​បើ​ចង់​ណែនាំ ឬបង្រៀន​មនុស្ស​បែបនេះ គឺជា​រឿង​ដ៏​កម្រ​និង​លំបាក​បំផុត។ ជាក់ស្តែង សម្តី​មិន​អាច​ឈ្នះ​ភាពជា​គំរូ​ទេ។ ការ​បង្រៀន​មនុស្ស​ដ៏​ល្អ​បំផុត គឺ​បង្រៀន​តាមរយៈ​សកម្មភាព បង្រៀន​តាមរយៈ​លទ្ធផល ដ្បិត​វា​ល្អ​ជាង​ទ្រឹ​ស្តី ជាពិសេស​មនុស្ស​ដែល​មិន​ងាយ​ជឿ មានការ​ពិចារណា​ខ្ពស់ គឺ​កម្រ​នឹង​ជឿ​ដោ​យងាយៗ​នូវ​គំនិត​ណាមួយ​របស់​នរណា​ម្នាក់​ណាស់ ទោះ​គំនិត​នោះ​ត្រឹមត្រូវ​ក៏ដោយ។ អ្នកខ្លះ​ជា​បុគ្គល​ងាយ​នឹង​រៀនសូត្រ ឆាប់​ចេះ​ឆាប់​ដឹង ងាយ​នឹង​ទទួល ហើយ​បុគ្គល​បែបនេះ​មិន​ពិបាក​បង្រៀន​ទេ។ មនុស្ស​អាច​រស់​ព្រោះ​ចំណេះ ហើយក៏​អាច​ស្លាប់​ព្រោះ​ចំណេះ​ដែរ។ យើង​អាច​ទៅមុខ​ព្រោះ​ចំណេះ ហើយក៏​អាច​រាំងស្ទះ​ព្រោះ​ចំណេះ​ដែរ។ តើ​អ្វី​ជា​ភាព​ជាប់​គាំង​មិន​ឱ្យ​យើង​ទៅមុខ​?

ខ្ញុំ​មិន​លើកទឹកចិត្ត​ឱ្យ​យុវជន​ខ្លះ​ជាប់​គាំង​នឹង​ទ្រឹ​ស្តី ជជែក​ដោយ​គ្មាន​លទ្ធផលជាក់​ស្តែង​ទេ ដ្បិត​ឥរិយាបថ​នេះ វា​ងាយ​នឹង​បង្កជម្លោះ​នឹងគ្នា។ ចំណេះដឹង​ថ្នាក់​តក្កវិជ្ជា គឺ​មាន​លក្ខណៈ​សាហាវ​ត្រង់ថា ចង់​បកស្រាយ​បត់បែន ឬបំភាន់​ដាន​អ្នក​គិត​បែប​ណា​ក៏បាន​ដែរ​ ព្រោះ​សំខាន់​ឱ្យ​តែ​យើង​មាន​សមត្ថភាព​គិត​ខ្ពស់ និង​មាន​ទឡ្ហីករណ៍​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​លោក​យើង​នេះ វា​មានរឿង​ដែល​គិត​ហើយ ត្រឹមត្រូវ​ជាច្រើន តែ​ដល់ពេល​ធ្វើសកម្មភាព​ជាក់ស្តែង​វិញ វា​ទៅជា​មិន​អាច​បានផល​ក៏​មាន។ អ៊ីចឹង​ហើយ តើ​ជាប់​គាំង​កន្លែងណា​? ទ្រឹ​ស្តី​ពុទ្ធសាសនា​បាន​បែងចែក​បញ្ញា​ជា ៣ថ្នាក់។ បញ្ញា​បាន​មក​ពី​ការរៀនសូត្រ​ពី​អ្នកដទៃ ឬការ​ស្តាប់ ដែល​យើង​ហៅថា សុត្ត​មយ​បញ្ញា​។ បញ្ញា​ដែល​បាន​មក​ពី​ការពិចារណា​ឃើញ​ដោយខ្លួនឯង ដែល​យើង​ហៅថា ចិន្តា​មយ​បញ្ញា​។ បញ្ញា​ដែល​កើត​ចេញពី​ការ​ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ដែល​យើង​ហៅថា ភាវនា​មយ​បញ្ញា​។ កាលណា​និយាយ​ពី ភាវនា​មយ​បញ្ញា​ គឺ​យើង​ត្រូវ​សម្គាល់​ត្រង់ថា វា​គឺជា​បញ្ញា​ដែល​កើត​ចេញពី​ការ​បដិបត្តិ​ធម៌​ជាក់ស្តែង ពិសោធ​ឃើញ​ជាក់ស្តែង​ដោយខ្លួនឯង ហើយ​បញ្ញា​នេះ​គឺ​ពុំមែន​បាន​មក​ដោយសារតែ​ការ​អាន​សៀវភៅ ឬការ​ឮអ្នកដទៃ​និយាយ​ពី​ចំណេះដឹង ដែល​ជា​បញ្ញា​ថ្នាក់​សុត្ត​មយ​បញ្ញា​, ឬការ​សញ្ជឹងគិត​ដោយ​គ្មាន​ការ​ពិសោធ​ជាក់ស្តែង ដែល​ស្ថិត​ក្នុង​បញ្ញា​ថ្នាក់​ចិន្តា​មយ​បញ្ញា​ទេ។ ពុទ្ធភាសិត​បាន​លើកឡើង​ថា បញ្ញា​ជា​ពន្លឺ​ភ្លឺ​ក្នុង​លោក។ បញ្ញា​រមែង​កើត​ព្រោះ​ការ​ហ្វឹកហាត់​។ បញ្ញា​ដែល​កើត​ពី​ការ​ហ្វឹកហាត់​ជាក់ស្តែង​នេះ គឺជា​បញ្ញា​ដែល​នាំ​ចិត្ត​ឱ្យ​រួច​រដោះ មានចិត្ត​ឥស្សរៈ ឬវិមុត្តិ​ចិត្ត។

នេះ​ជាលំដាប់​នៃ​ដំណាក់កាល​នី​មួយ​ៗរបស់​បញ្ញា ដែល​បញ្ញា​ទី១ អាច​មិន​ពិត ព្រោះ​បាន​ត្រឹមតែ​ស្តាប់ ឬរៀនសូត្រ​ពី​គេ ឬយើង​ហៅថា​ជា​ចំណេះដឹង​ខ្ចី​ពី​អ្នកដទៃ។ បញ្ញា​ទី២ មិន​ពិត ព្រោះ​វា​ត្រឹមតែ​ជា​ការ​គិត និង​ការយល់ឃើញ ដែល​កើត​ចេញពី​ការពិចារណា​ដោយខ្លួនឯង​បែប​អត្តនោម័តិ ឬអាច​និយាយ​ថាបើ​ត្រឹមត្រូវ ក៏​ត្រឹមត្រូវ​ក្នុង​ថ្នាក់​តក្កវិជ្ជា ដែល​មិនទាន់​ឈាន​ដល់​ការ​ពិសោធ​ជាក់ស្តែង​ដោយខ្លួនឯង​ដែរ។ បញ្ញា​ទី៣ គឺ​អាច​ពិត​សម្រាប់​ខ្លួន​យើង ព្រោះ​យើង​បាន​ហ្វឹកហាត់​ដោយខ្លួនឯង ពិសោធ​ឃើញ​ដោយខ្លួនឯង ហើយ​លទ្ធផលជាក់​ស្តែង​របស់​យើង គឺ​យើង​ទទួល​បានចិត្ត​សន្តិភាព ឬវិមុត្តិ​ចិត្ត​ពី​បញ្ញា​ថ្នាក់​ចម្រើន​ភាវនា​នេះ។ ដល់​ដំណាក់កាល​នេះ យើង​នឹង​ចាប់បាន​ធម៌​មួយទៀត គឺ​ធម៌​មិន​ប្រមាថ ព្រោះ​ការ​ពិសោធ​ចិត្តត្រង់​កន្លែង​នេះ គឺ​ម្នា​ក់ៗ​ដែល​ដល់​ចំណុច​នេះ តែង​មាន​បទ​ពិ​សោ​ធខុស​ៗគ្នា រសជាតិ​ផ្សេង​ពីគ្នា ហើយ​មិន​អាច​ថា​អ្នកដទៃ​ខុស ឬយើង​ត្រូវ ឬអ្នកដទៃ​ត្រូវ ឬយើង​ខុស​ឡើយ។ តើ​យុវជន​យើង​មួយចំនួន​ជាប់​កន្លែងណា​? អ្នកខ្លះ​អះអាង​ថា​អ្វី​ដែល​ខ្លួន​បាន​យល់ វា​ត្រឹមត្រូវ ហើយ​អ្វី​ដែល​អ្នកដទៃ​យល់ គឺ​មិន​ត្រឹមត្រូវ។ គ្រូ​អញ​ត្រូវ គ្រូ​អ្នកដទៃ​ខុស។ បែបនេះ​ក៏​ឈ្លោះ​គ្នា ហើយ​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី១ គឺ​សុត្ត​មយ​បញ្ញា (មិន​ពិត ព្រោះ​មិនទាន់​ឈាន​ដល់​ថ្នាក់​ពិសោធ​ឃើញ​ដោយខ្លួនឯង​)។ អ្នកខ្លះ​ទៀត​ជាប់​គាំង​ត្រឹម​ការពិចារណា​ថា ត្រូវ​តាម​បែប​ឡូហ្ស៊ីក យល់ថា​អ្វី​ដែល​ខ្លួន​គិត គឺ​ត្រឹមត្រូវ ព្រោះ​វា​ជាក់ស្តែង ហើយ​អ្នកដទៃ​មិន​ត្រឹមត្រូវ។ ការ​គិត​របស់​អញ​ត្រូវ ព្រោះ​អញ​បាន​រៀន​ច្រើន បាន​គិត​ច្រើន ហើយក៏​ជាប់​គាំង​ត្រឹម​បញ្ញា​ថ្នាក់​ទី២ គឺ​ចិន្តា​មយ​បញ្ញា (មិនទាន់​ដល់​ថ្នាក់​ពិសោធ​)។

ចំពោះ​អ្នកខ្លះ​ទៀត រំជើបរំជួល​នឹង​ចំណេះដឹង​ផង និង​រំជើបរំជួល​ពី​សន្តិភាព​ចិត្ត​ដែល​រួច​រដោះ​ផង ហើយក៏​កើត​ចិត្ត​ប្រមាថ​ថា មានតែ​អញ​ទេ ដែល​ត្រូវ​ដាច់គេ ព្រោះ​ចំណេះ​ខួរក្បាល​ក៏​អញ​មាន ចិត្ត​ដែល​រួច​រដោះ​ក៏​អញ​មាន​ ហើយ​អញ​មាន​គ្រប់គ្រាន់។ នេះ​ជា​អ្វី​ដែល​បាន​មក​ពី​បញ្ញា​ចុងក្រោយ ជា​ភាវនា​មយ​បញ្ញា តែ​គ្រប់គ្រង​ខ្លួន​មិនបាន។ ពី​លំដាប់​មួយ​នៃ​បញ្ញា ទៅ​លំដាប់​មួយ​នៃ​បញ្ញា គឺ​វា​តែង​ធ្វើ​ឱ្យ​យើង​ជាប់​គាំង​រហូត ស្ទើរតែ​មិនដល់​ចំណុច​គោលដៅ។ យុវជន​យើង​ខ្លះ ឈ្លោះ​គ្នា​តាំងពី​ចេញដំណើរ​លើកដំបូង ឬអ្នកខ្លះ​ឈ្លោះ​គ្នា​ក្នុង​បញ្ញា​ថ្នាក់​គំនិត ឬអ្នកខ្លះ​ឈ្លោះ​នៅត្រង់​ការ​ពិសោធ​ឃើញ។ អ្ន​កទ្រឹ​ស្តី​មាន​ច្រើន តែ​អ្នក​ពិសោធ​ឃើញ​ដល់​គោលដៅ គឺ​កម្រ។ យើង​ឈ្លោះប្រកែក​គ្នា​នៅត្រង់​ថ្នា​ក់​ទ្រឹ​ស្តី។ ខ្ញុំ​មិនមែន​មិន​លើកទឹកចិត្ត​ឱ្យ​ឈ្លោះ​ទេ តែ​គ្មាន​ទ្រឹ​ស្តី​ឯណា​ឈ្នះ​លទ្ធផលជាក់​ស្តែង​ឡើយ។ ខុស ឬត្រូវ គឺ​ត្រូវ​ចាំ​មើល​លទ្ធផល ទើប​សុក្រឹត​ជាង។ បើ​និយាយ​គ្នា​មិន​ស្តាប់ គឺ​មានតែ​ធ្វើ​ឱ្យ​មើល ដោយ​កុំ​និយាយ​អ្វី​ទាំងអស់។ ធម្មជាតិ​មនុស្ស​ដែល​មានចំណេះ​ដឹង​ថ្នា​ក់​ទ្រឹ​ស្តី​នេះ គឺ​មានចិត្ត​ចចេស ព្រោះ​ចិត្ត​មិនបាន​អប់រំ​ឱ្យ​ល្អ។ ក្នុង​ស្ថានភាព​ប្រកួតប្រជែង​ឈ្នះ​ចាញ់ តើ​អ្នក​ដែល​មានចិត្ត​ចចេស មាន​លក្ខណៈ​បែប​ណា​? ការប្រកួត​ប្រជែង​ថ្នា​ក់​ទ្រឹ​ស្តី ជាពិសេស​កម្រិត​ក្នុង​បរិវេណ​តក្កវិជ្ជា គឺ​មនុស្ស​មាន​សមត្ថភាព​ស្វែងរក​ទឡ្ហីករណ៍ និង​ទ្រឹ​ស្តី​គ្រប់គ្រាន់​ក្នុង​ការប្រកួត។ នេះ​ជា​អំណាច​នៃ​ខួរក្បាល​ដែល​មាន​ទិន្នន័យ ការ​គិត ការវិភាគ ចិត្ត​សាស្រ្ត និង​ព័ត៌មាន​គ្រប់គ្រាន់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​ស្ថិតនៅ​លើ​ខ្លាំង​ខ្សោយ ដ្បិត​អ្នកណា​ពូកែ គឺ​ស្មើនឹង​ខ្លាំង តែ​អ្នកណា​ខ្សោយ គឺ​ប្រាកដជា​ចាញ់ ដែល​ប្រៀប​ដូចជា​សង្គមសត្វ។ តើ​សង្គមសត្វ​យ៉ាងណា​?

ខ្ញុំ​នឹង​លើកយក​ល្បើក​មួយ គឺ​និទាន​ពី ស្លឹកត្រចៀក​ទន្សាយ (The Hare and his Ears​) ដែល​និយាយ​ពី​សឹង្ហ​ត្រូវរបួស​មួយ​ក្បាល។ សឹង្ហ​ដែល​មិនដឹង​ត្រូវ​ម្រឹគ​ណា​វាយប្រហារ​ឱ្យ​របួស​ទេ​, វា​ក៏​បញ្ញា​ត្តិ​ឱ្យ​សត្វ​មាន​ស្នែង​ទាំងឡាយ​ចេញពី​ព្រៃ​ដែល​ជាទី​ឋាន​វា​គ្រប់គ្រង។ ដោយ​កំហឹង​ផង ដោយ​ការឈឺចាប់​ផង សឹង្ហ​បាន​បណ្តេញ​សត្វ​ពពែ​ញី​ឈ្មោល គោឡើងក ក្ដាន់ ប្រើស រមាំង​...ឱ្យ​ចេញពី​ព្រៃ​ជាបន្ទាន់។ និយាយ​ពី​ទន្សាយ​មួយ​ក្បាល ដោយហេតុថា​ភ័យ​ខ្លួន ក៏បាន​ចេញពី​ព្រៃ​ដូច​នឹង​សត្វ​ដទៃទៀត​ដែរ។ ពពែ​សួរ​ថា បង​សភា​ទន្សាយ តើ​បង​ចេញ​ធ្វើអ្វី បើ​បង​គ្មាន​ស្នែង​ផង​? ទន្សាយ​តប​ថា ស្នែង និង​ស្លឹកត្រចៀក​របស់ខ្ញុំ វា​ដូចតែ​គ្នា​ទេ ពីព្រោះ​បើ​ម្រឹគ​ចង់​ដាក់ទោស​ខ្ញុំ គឺ​វា​នឹង​ចោទ​ថា​ស្លឹកត្រចៀក​របស់ខ្ញុំ គឺជា​ស្នែង​មិនខាន​។ និទាន​នេះ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​អំណាច​នៃ​អ្នកមាន​ចំណេះដឹង​តក្កវិជ្ជា​ពូកែ ដ្បិត​បើ​ចង់​ចោទ​អ្នកណា​ម្នាក់​ថា​ខុស គឺ​នឹង​រក​វិធី​ចោទ​ដ៏​ត្រឹមត្រូវ ហើយ​ឡូហ្ស៊ីក​ទៀត។ សរុប​ចុងក្រោយ គោលបំណង​នៃ​អត្ថបទ​នេះ គឺ​ចង់ឱ្យ​យុវជន​យើង​ប្រឹងប្រែង​រៀនសូត្រ ផ្អាក​ការ​ឈ្លោះ​ទាស់ទែង​ក្នុងករណី​មិន​ចាំបាច់ ជាពិសេស​បើ​ជម្លោះ​មិន​មានប្រយោជន៍ ឬត្រឹមតែ​ជា​ប្រយោជន៍​អាត្មានិយម។ ផ្ទុយទៅវិញ ប្រឹងប្រែង​រៀនសូត្រ រហូត​អាច​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​ក្លាយទៅជា​លទ្ធផលជាក់​ស្តែង។ កាត់បន្ថយ​ជម្លោះ​ថ្នាក់​គំនិត ឬទ្រឹ​ស្តី តែ​សាបព្រោះ​សកម្មភាព និង​លទ្ធផលជាក់​ស្តែង។ អត្ថបទ​នេះ​សម្រាប់​ពិចារណា ដ្បិត​បើ​ខុស គឺជា​ការទទួលខុសត្រូវ​របស់​ស្មេរ​៕

វិជ្ជា២សម្រាប់យុវជននិងទីប្រឹក្សា១


[...] តួនាទី​របស់​យើង​ដែល​ជា​អ្នក​ជំនាន់​ក្រោយនេះ មិនមែន​ត្រឹមតែ​ប្រឹង​ដើម្បី​រស់​តែ​ម្យ៉ាង​ទេ តែ​ត្រូវ​ប្រឹង​ជួយ​ត្រួសត្រាយ​ផ្លូវ កសាង​មាគ៌ា និង​រៀបចំ​អនាគត​សម្រាប់​អ្នក​ជំនាន់​ក្រោយ ព្រមទាំង​បន្សល់ទុក​នូវ​មរតក​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​ៗទៀត។ អ្នក​ជំនាន់​មុន​ដែល​ល្អ គឺជា​មនុស្ស​ដែល​ចេះ​រៀបចំ​ត្រួសត្រាយ​ផ្លូវ ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដើរ ហើយ​ដូនតា​ដែល​គួរ​ឱ្យ​គោរព​បំផុត គឺជា​អ្នក​ដែល​បាន​បន្សល់ទុក​នូវ​កេរដំណែល​សម្រាប់​អ្ន​កក្រោយ​ៗតជំនាន់​។ នេះ​ជា​ខ្លឹមសារ​មួយ​ដែល​សរសេរ​ទុក​ក្នុង​សៀវភៅ ប្រតិទិន​ទស្សនៈ ២២២ថ្ងៃ​។ តើ​យុវជន​ត្រូវ​ត្រៀម​អ្វីខ្លះ​ក្នុង​តួនាទី​ជា​អ្នកទទួល​ខុសត្រូវ​?

ការទទួលខុសត្រូវ ៣សំ​ខាន់​ៗ៖ ទី១ ទទួលខុសត្រូវ​ចំពោះខ្លួន​ឯង​, ទី២ ទទួលខុសត្រូវ​ចំពោះ​គ្រួសារ​ និង​ទី៣ ទទួលខុសត្រូវ​ចំពោះ​សង្គមជាតិ។ ការទទួលខុសត្រូវ​នេះ​ត្រូវ​រំលង​ចោល​ទី១និង ទី២ បើ​ក្នុង​កាលៈទេសៈ​ជាតិ​ជួប​វិបត្តិ​ដូចជា​ការឈ្លានពាន​របស់​បរទេស (សង្គ្រាម​)។ តើ​ត្រូវ​ធ្វើបែប​ណា​ដើម្បី​ឱ្យ​យើង​ក្លាយទៅជា​អ្នក ដែល​ចេះ​ទទួលខុសត្រូវ​ម្នាក់​? ការទទួលខុសត្រូវ គឺ​មានន័យថា​មិន​បន្ទោស​ទៅលើ​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន បើ​ទោះបីជា​មាន​បញ្ហា​ខាងក្រៅ​មក​យាយី​យ៉ាងណាក៏ដោយ។ ប៉ុន្តែ បើ​យើង​ជា​មនុស្ស​ដែល​បន្ទោស​នូវ​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ហើយ វា​គឺ​មានន័យថា​យើង​មិនមែន​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជា​បុគ្គល​ចេះ​ទទួលខុសត្រូវ​ទេ។ អ្នក​ដែល​យល់​ពី​អំណាច​ដែល​នៅក្នុង​ខ្លួនឯង គឺជា​ប្រភេទ​បុគ្គល​ដែល​ស្គាល់​ខ្លួនឯង​ដល់​ថ្នាក់​ស៊ីជម្រៅ​ខ្លាំង​បំផុត។ តើ​ខ្មែរ​សម័យ​អង្គរ​ជា​ប្រភេទ​មនុស្ស​ដែល​ស្គាល់​ខ្លួនឯង ឬក៏​វង្វេង​ខ្លួនឯង​?

បច្ចុប្បន្ន យុវជន​ខ្មែរ​ត្រូវការ​វិជ្ជា​ពីរ​យ៉ាង​សម្រាប់​ធ្វើ​ឱ្យ​ខ្លួនឯង​ខ្លាំង។ វិជ្ជា​ទី១ គឺជា​ចំណេះដឹង​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ ឬចំណេះដឹង​ថ្នាក់​ពាល់​ខាង​ផ្នែក​សាសនា (Spirituality Knowledge​) ដ្បិត​ចំណេះដឹង​បែបនេះ វា​ជា​ចំណេះដឹង​តែមួយគត់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​អាច​ស្វែងរក​ខ្លួនឯង​ឃើញថា តើ​ខ្ញុំ​ពិតប្រាកដ ជា​នរណា​។ ចំពោះ​ខ្ញុំ ខ្ញុំ​ហ៊ាន​និយាយ​ថា មនុស្ស​ខ្លាំង​មិនមែន​ដោយសារតែ​សម្បក​កាយ​នេះ​ទេ តែ​ដោយសារតែ​វិញ្ញាណ ព្រលឹង និង​ចិត្ត​ដែល​មានអំណាច​ខាងក្នុង​។ វិជ្ជា​ទី២ គឺជា​វិជ្ជា​នៃ​ភាពជា​អ្នកដឹកនាំ (Leadership​) ដ្បិត​ចំណេះដឹង​បែបនេះ វា​ជា​មូលដ្ឋាន​នៃ​ការដឹកនាំ​ខ្លួនឯង​ទៅ​ភាព​ជោគជ័យ និង​ប្រមូល​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា។ វិជ្ជា​នៃ​ភាពជា​អ្នកដឹកនាំ ឱ្យ​តែ​បុគ្គល​ណា​មាន​វិជ្ជា​នេះ គឺ​បុគ្គល​នោះ​នឹង​ក្លាយទៅជា​មនុស្ស​មានអំណាច។

អំណាច​ដែល​អ្នកដទៃ​គោរព​កោតខ្លាច ឱ្យ​តម្លៃ និង​ស្រឡាញ់​រាប់អាន បើ​ទោះបីជា​យើង​មាន​ឋានៈ​ត្រឹម​ជា​មនុស្សសាមញ្ញ​ក៏ដោយ។ សូម្បី​តែព​ពួក​មេ​សាស​នា​ធំៗ និង​អ្នកដឹកនាំ​ខាង​ចិត្ត​វិញ្ញាណ ក៏​ត្រូវតែ​មាន​វិជ្ជា​នេះ​ផង​ដែរ ដ្បិត​បើ​គ្មាន​វិជ្ជា​នេះ​ទេ គឺ​មិន​អាច​ដឹកនាំ​អ្នកដទៃ​ឱ្យ​ដើរតាម​ខ្លួន​បាន​ឡើយ។ សម្រាប់​បុគ្គល​ណា​ម្នាក់​ដែល​មាន​ឋានៈ និង​មាន​តួនាទី​ក្នុង​សង្គម​រួចហើយ​, បើ​មាន​វិជ្ជា​នេះ​ទៀត គឺ​នឹង​ធ្វើ​ឱ្យ​ការងារ​រីកចម្រើន​ទៅមុខ មានអំណាច មាន​ឥទ្ធិពល​ក្នុងចំណោម​មនុស្ស។ រឿង​ចុងក្រោយ​របស់​យុវជន​ដែល​មាន​ឆន្ទៈ ត្រូវតែ​ជ្រើសរើស​គ្រូ​ម្នាក់​ជា​មគ្គុទ្ទេសក៍​មក​បង្ហាញផ្លូវ​ដើរ ដ្បិត​បុគ្គល​ណា​ដែល​មាន​អ្នក​ប្រាប់ផ្លូវ​ដើរ គឺ​ដើរលឿន​ជាង ប្រៀប​ដូចជា​ក្សត្រ​ខ្លាំង​ដែល​គ្រប់គ្រង​អាណាចក្រ អត់​ទីប្រឹក្សា​ពុំ​បាន​អ៊ីចឹង​ដែរ។ នេះ​ជាគោល​ការណ៍​ដឹកនាំ​តាម​បែប​ព្រាហ្មណ៍​សាសនា។ គ្រូ​ខ្លាំង​តែង​នាំ​យើង​ឱ្យ​ដើរលឿន តែបើ​គ្រូ​ខ្សោយ​វិញ គឺ​អាច​នាំ​គ្រោះថ្នាក់​ដល់​យើង​ដែរ៕



Thursday, July 16, 2020

ចិត្តមានសេរីភាពពីចំណេះ?


ការសិក្សា​រៀនសូត្រ​តែង​មាន​របៀប​ល្អ​ៗជាច្រើន​ដែល​យើង​អាច​រៀនសូត្រ​បាន។ យើង​អាច​រៀន​បាន​តាមរយៈ​ការ​អាន​សៀវភៅ ការ​រៀន​ពី​គ្រូ ការ​ស្តាប់ ការ​គិតពិចារណា និង​ការ​សួរ​ពី​អ្នកដទៃ។ ទោះ​នរណា​ម្នាក់​រៀន​តាមរបៀប​ណា​ក៏បាន​ដែរ តែ​គោលបំណង គឺ​ដើម្បី​ទទួល​បាន​ចំណេះដឹង។ ចំពោះ​ខ្ញុំ ខ្ញុំ​ជ្រើស​យក​ការ​អាន​សៀវភៅ និង​ការសិក្សា​ស្រាវជ្រាវ។ អ្នកអាន​សៀវភៅ អ្នក​សិក្សា​ស្រាវជ្រាវ គឺ​ប្រៀប​ដូចជា​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​គ្រឿង ដែល​អាច​ដឹកនាំ​យើង​ឱ្យធ្វើ​ដំណើរ​ទៅ​ជួប​អ្នកប្រាជ្ញ អ្នកចេះដឹង និង​វិញ្ញុជន​ទូទាំង​ពិភពលោក ឆ្លងកាត់​សម័យ​កា​លមួយៗ។ យើង​អាច​ពុំ​មានឱកាស​បាន​ជួប​នរណា​ម្នាក់​ដោយ​ផ្ទាល់ តែ​យើង​អាច​មានឱកាស​បាន​ក្រេប​ចំណេះ​ពី​អ្នក​ទាំងនោះ​តាមរយៈ​អំណាន ឬការសិក្សា​ស្រាវជ្រាវ។ ជា​ធម្មតា បើ​យើង​នៅ​ក្បែរ​អ្នកណា យើង​នឹង​ចម្លង​ចរិតលក្ខណៈ ចម្លង​ឥរិយាបថ និង​មាន​ជំនឿ​នឹង​ចំណេះដឹង​ដែល​បុគ្គល​នោះ​មាន ថា ជា​ចំណេះដឹង​ត្រឹមត្រូវ​ជាង​អ្នក​ផ្សេង​។ កាល​បើ​អ្វី​ៗក្លាយ​ទៅ​ទម្លាប់​ហើយ គឺ​សេចក្តី​ស្រឡាញ់​ចូលចិត្ត ក៏​នឹង​លុប​នូវ​ចំណុច​អវិជ្ជមាន​របស់​បុគ្គល​ដែល​យើង​គោរព​ស្រឡាញ់​ផង​ដែរ។ អ៊ីចឹង​ហើយ​ទើប​បុគ្គល​អ្នក​សម្រេចការ​ងារ​ធំៗ ត្រូវការ​អ្នក​និយាយ​ការពិត​និង​និ​យា​យត្រង់ៗ ច្រើនជាង​អ្នក​និយាយ​យល់មុខ និង​លើកជើង។ តើ​ខ្ញុំ​ចង់​សរសេរ​ពី​អ្វី​ទាក់ទង​នឹង​ប្រធានបទ​នេះ​?

ចំណេះដឹង​មាន​ច្រើន ដូចដែល​ទឹកទន្លេ​ជាច្រើន​ហូរ​ទៅកាន់​សមុទ្រ តែ​ចុងក្រោយ គឺ​ជួបជុំគ្នា​នៅ​សមុទ្រ​ឯណោះ។ ចំណេះដឹង​ដែល​យើង​ចេះ ទោះ​ចេះ​ដល់ណា ពូកែ​សូត្រ​ដល់ណា ទ្រឹ​ស្តី​ដល់ណា ក៏​នៅតែ​សម្រេច​ថា បាន​ការណ៍​ឬមិន​បាន​ការណ៍ ស្ថិតនៅ​ត្រង់​សកម្មភាព និង​លទ្ធផលជាក់​ស្តែង​។ ខ្ញុំ​នឹង​ប្រតិដ្ឋ​បង្ហាញ​ពី​រឿង​អប់រំ​មួយ ដែល​និយាយ​ពី​ការ​ប្រឆាំង​គ្នា ទាស់ទែងគ្នា ជម្លោះ​ទ្រឹ​ស្តី ទំនាស់​ការ​គិតពិចារណា ដោយ​យក​អ្នកប្រាជ្ញ​បុរាណ​មក​ធ្វើជា​ខ្នងបង្អែក។ មាន​មនុស្ស ៥នាក់ ជា​បុគ្គល​មានចំណេះ​ដឹង ដែល​ទើបបាន​រៀនសូត្រ​ពី​គ្រូ​ពូ​កែៗ​ដទៃផ្សេង​ពីគ្នា។ បុរស​ទី១ រៀន​ពី​រូប​វិទូ អាល់​ប៊ឺត អា​ញស្តា​ញ, បុរស​ទី២ រៀន​ពី​ទស្សនវិទូ សូ​ក្រាត​, បុរស​ទី៣ រៀន​ពី មហា​ត្មៈ គន្ធី​, បុរស​ទី៤ រៀន​ពី ខុង ជឺ​, បុរស​ទី៥ រៀន​ពី ឡៅ ជឺ។ បុរស​ទាំង៥ បាន​ជួបគ្នា​ក្នុង​គ្រា​រដូវ​ចូលឆ្នាំ ហើយក៏​ចង់​ដឹង​ថា តើ​អ្នកណា​ពូកែ​ជាង​អ្នកណា អ្នកណា​ឆ្លាត​ជាង​អ្នកណា អ្នកណា​មាន​វិជ្ជា​គ្រាន់បើ​ជាង​អ្នកណា​។ ទាំង​ប្រាំ​នាក់​ក៏​បង្កើត​ប្រធានបទ​មួយ ហើយ​ជជែកគ្នា។ ជជែកវែក​ញែក​ចុះ​វែកញែក​ឡើង ក៏​ឈ្លោះ​គ្នា ហើយក៏​ទៅជា​ស្អប់គ្នា។ ម្នា​ក់ៗ​យល់ថា​អ្វី​ដែល​ខ្លួន​រៀន​នេះ គឺ​ត្រឹមត្រូវ មិន​ខុស​សោះ ដ្បិត​វា​ជា​គំនិត​របស់​អ្នកប្រាជ្ញ។ ទ្រឹ​ស្តី ចំណេះ និង​គតិទាំង​ឡាយ​ក៏​អសារបង់​ខូចការ ដ្បិត​ដោយសារតែ​ចរិត​ឈ្លោះ​គ្នា ហើយ​គ្មាន​សីលធម៌​ក្នុង​ការ​ជជែក។

ចំណុច​នេះ យើង​ត្រូវ​ចោទ​ជា​សំណួរ​ថា តើ​ចំណេះដឹង​ទាំងឡាយ​ដែល​ខ្លួន​ចេះ បាន​យក​មក​ប្រើ​ការណ៍​ឱ្យ​កើត​ផល​ជាក់ស្តែង​ហើយ​ឬនៅ​? តើ​ចំណេះដឹង​ដែល​ខ្លួន​មាន បាន​ត្រឹមតែ​យក​មក​បង្អួត​គ្នា​បែបនេះ មែនឬទេ​? តើ​តម្លៃ​នៃ​ចំណេះដឹង​នៅឯណា ដ្បិត​ម្នា​ក់ៗ​ឈ្លោះប្រកែក​គ្នា បាត់បង់​ម្ចាស់​ការ​រៀង​ៗខ្លួន​? កាលបើ​មនុស្ស​មាន​ចរិត​សម្ញែង​ចំណេះដឹង ហើយ​ពុំ​មានចិត្ត​រក​ឱកាស​ប្រើប្រាស់​ចំណេះដឹង​ឱ្យ​កើត​ប្រយោជន៍​ទេ វា​គឺជា​ទស្សនៈ​ខុសឆ្គង​នៃ​អ្នកចេះដឹង។ ខ្ញុំ​សុំ​លើកយក​ល្បើក​មួយ​មក​រៀបរាប់​ពី សត្វ​ក្ងោក និង​សត្វ​ក្រៀល​៖ ក្នុង​ព្រៃ​ដ៏​ស្រស់​ស្អាត​មួយ មាន​សត្វ​ជាច្រើន​រស់នៅ ទៅតាម​ក្រុម តាម​ប្រភេទ។ សត្វ​ខ្លះ​មិនមែន​ជាស​ត្រូវ​នឹងគ្នា​ទេ ហើយ​សត្វ​ខ្លះ​ស្អប់គ្នា។ មាន​ក្ងោក​មួយ​ក្បាល ជា​សត្វ​ដែល​មាន​រូបឆោម លោម​ពណ៌ មាន​រោម​ស្រស់​ស្អាត​ជាង​សត្វ​នានា​ដទៃ។ សត្វ​ណា​ដែល​បានឃើញ​ក្ងោក តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់។ គ្រានោះ មាន​សត្វ​ក្អែក​មួយ​ក្បាល ដែល​តែងតែ​អាក់អន់​ចិត្តនឹង​ខ្លួនឯង ព្រោះ​មាន​សម្បុរស្បែក​ខ្មៅ​ខុសគេ ហើយ​តែង​ចង់​ស្អាត​ដូច​សត្វ​ក្ងោក​ដែរ។ ក្អែក​បាន​ហោះ​ជួបនឹង​ក្ងោក​ស្លាប់​មួយ​ក្បាល ហើយក៏​យក​ស្បែក​ក្ងោក​មក​ពាក់។ ក្អែក​ដែល​ពាក់​ស្បែក​ក្ងោក គឺ​ទៅណាមកណា​តែង​មាន​គេ​សរសើរ​ថា​ស្អាត។ និយាយ​ពី​ក្ងោក​មួយ​ក្បាល ដែល​តែងតែមាន​សត្វ​ដទៃ​សរសើរ​វិញ​, ក្ងោ​កបាន​ដើរទៅ​ក្បែរ​មាត់ទឹក រួចហើយ​ក៏បាន​ឃើញ​សត្វ​ក្រៀល។ រី​ឯក្រៀល​ដើររក​ចំណី​នៅ​មាត់ទឹក​ធម្មតា។

ក្ងោក​ដឹង​ថា​សត្វ​ក្រៀល​ឃើញ​ខ្លួន តែ​ក្រៀល​ធ្វើមិនដឹង ធ្វើ​មិន​ខ្វល់ ហើយ​ជាពិសេស​ពុំ​បាន​សរសើរ​ខ្លួន​, ក្ងោក​ក៏​សួរ​ទៅ​ក្រៀល​ថា តើ​ហេតុ​ដូចម្តេច ទើ​បាន​ជា​ក្រៀល​ឯង​មិន​សរសើរ​ខ្ញុំ​? ក្រៀល​ឯង កុំ​ច្រណែននឹ​ងខ្ញុំ ដែល​មាន​​រូបរាង​ស្អាត​អី ព្រោះ​មិនដឹង​ធ្វើ​យ៉ាងណា បើ​ខ្ញុំ​កើតមក​ស្អាត​អ៊ីចឹង ហើយ​កិត្តិយស​ខ្ញុំ​ល្បី​សព្វ​ក្នុង​ប្រឹក្សា​នេះ​។ ក្រៀល​ហួសចិត្ត ក៏​ឆ្លើយ​ថា ក្ងោក​អើយ​!! ខ្ញុំ​ឥតមាន​ចិត្តច្រណែន​នឹង​ក្ងោក​ឯង​សូម្បី​បន្តិច ពីព្រោះ​មើលទៅ​ក្ងោក​ឯង​វង្វេង​នឹង​សម្តី​សរសើរ​របស់​សត្វ​ដទៃ តែ​នៅ​មិនដឹង​ថា​ខ្លួនឯង​មានតែ​ត្រឹម​សម្បក​ក្រៅ​​ឡើយ។ ក្រៀល​និយាយ​ចប់ ក៏​ហើរ​ទៅ ព្រមទាំង​ផ្តាំ​ក្ងោក​ថា តើ​ក្ងោក​ឯង​មាន​ស្លាប​ដែល​អាច​ហោះហើរ​បាន​ដូច​ខ្ញុំ​ទេ​? ខ្ញុំ​ចង់ទៅ​ណា ហើរ​រំលង​ព្រៃ​ប៉ុន្មាន​ក៏បាន​ដែរ ពីព្រោះ​តែ​ស្លាប​របស់ខ្ញុំ។ ក្ងោក​ឯង​មាន​ស្លាប មាន​រូប​សម្រស់​ស្រស់​ស្អាត តែ​បាន​ត្រឹម​ល្អមើល ប្រើការ​មិនកើត រស់​បាន​រីក​រាយ​​នឹង​សម្តី​សរសើរ​បញ្ជោរ​របស់​សត្វ​ដទៃ។ គ្រា​ចៃដន្យ ក្អែក​ដែល​ពាក់​ស្បែក​ក្ងោក​ក៏បាន​ឃើញ និង​ស្តាប់​ឮកា​រស​ន្ទ​នារ​វាង​ក្ងោក​និង​ក្រៀល ហើយ​គិត​ក្នុងចិត្ត​ថា ឱអញ​អើយ ហេតុអ្វី​ក៏​ល្ងង់​ម៉្លេះ​!! តើ​បាន​ប្រយោជន៍អ្វី​នឹង​សម្បក​​ក្រៅ​ត្រឹម​ល្អមើល ដ្បិត​វា​បាន​ត្រឹមតែ​អ្នកដទៃ​សរសើរ ហើយ​ប្រើការ​មិនកើត។ សូម្បី​ក្ងោក​ពិតប្រាកដ ក៏បាន​ត្រឹម​ល្អមើល​នឹង​រូបឆោម​ខ្លួនឯង។ ចុះ​រូប​អញ​ដែល​សម្តែង​បញ្ឆោត​សត្វ​ដទៃ​ថា​ជា​ក្ងោក​ដែរ​នេះ តើមាន​ប្រយោជន៍អ្វី​?

តម្លៃ​អប់រំ​នៃ​និទាន​ខាងលើ គឺ​ពុំ​មាន​អ្វី​ច្រើន ក្រៅតែ​ពី​ឱ្យ​ដកឃ្លា​ពី​រឿង​ជជែក​ឥត​សីលធម៌ អះ​អាង​ទ្រឹ​ស្តី​ដែល​យើង​មាន ថាត្រូវ ឥត​ខុស ទាំង​មិនបាន​សាកល្បង​ឱ្យ​កើត​លទ្ធផល​ពី​សកម្មភាព​ផង។ ការ​លើកឡើង​បែបនេះ គឺ​ពុំមែន​មិន​ឱ្យ​ជជែក​ជំទាស់​គ្នា​ទេ តែ​ត្រូវ​មានតម្លៃ​មួយ​អប គឺ​ក្រមសីលធម៌ សុជីវធម៌​ក្នុង​ការ​និយាយ​ស្តី​និង​ជជែក ពីព្រោះ​ជម្លោះ វា​មិនមែន​កើតឡើង​ដោយសារតែ​គំនិត​ទាស់គ្នា តែ​ដោយសារ​សម្តី​នៃ​ការ​ជជែក​គ្មាន​សីលធម៌។ សម្តី​គ្មាន​សីលធម៌ កើត​ចេញពី​ចិត្ត​ដែល​គ្មាន​ការអប់រំ រំជើបរំជួល​នឹង​ចំណេះដឹង​ដែល​ខ្លួន​មាន។ មាន​អ្នក​សរសើរ​ច្រើន ក៏​កើតក្តី​មោកនភាព​ជ្រុល ដូច​ក្ងោក​ជាដើម។ ចំណុច​មួយទៀត គឺ​ត្រូវ​ឈរ​លើ​ភាព​ជាក់ស្តែង​និយម ហើយ​ពុំគួរ​មោកនភាព​នឹង​ទ្រឹ​ស្តី​ពេក​ទេ តែ​គួរ​ឱ្យ​តម្លៃ​សកម្មភាព និង​លទ្ធផលជាក់​ស្តែង​វិញ។ តើ​បាន​ប្រយោជន៍អ្វី​នឹង​សម្តែង​ធ្វើ​ចេះ តែខ្លួន​មិនមែន​ជា​អ្នកចេះ​ផង​? តើ​បាន​ប្រយោជន៍អ្វី បើ​ខ្លួន​ចេះ តែ​មិន​ធ្វើសកម្មភាព​ឱ្យ​បាន​លទ្ធផល​? លក្ខណៈ​មិន​ចេះ តែ​ធ្វើ​ចេះ និង​លក្ខខណ្ឌ​ចេះ តែ​មិន​ធ្វើ គឺ​នឹង​ត្រូវ​លុបចោល​វិញ បើ​យើង​ជា​មនុស្ស​ចេះ​គោរព​អ្នកដទៃ ចេះ​ឱ្យ​តម្លៃ​អ្នកដទៃ ហើយ​មិនមែន​ជា​មនុស្ស​បំពាន​សេចក្តីល្អ ព្រោះថា ចំណេះដឹង​ត្រឹមត្រូវ ទោះ​មិន​ចេះ​ខ្ពស់​ជាងគេ​ឯង​ក៏ដោយ ក៏​មានត្រឹមតែ​សេចក្តីល្អ​ក្នុង​ខ្លួន​ពិត ចេះ​គោរព​អ្នកដទៃ សម្តី​មាន​សីលធម៌ ក៏​ចាត់ទុកថា​ល្អ​ហើយ​។ សម្រាប់​អ្នកចេះ សេរីភាព​នៃ​ចំណេះដឹង​ពិតប្រាកដ គឺជា​សេរីភាព​ដែល​មិន​មោកនភាព​នឹង​ចំណេះដឹង។ មិន​ចេះ ត្រូវ​រៀន។ រៀន​ចេះ ត្រូវ​ធ្វើ។ ធ្វើ​ហើយ គឺ​ត្រូវ​បានផល​ល្អ​៕