Thursday, December 5, 2019

ការគោរពខ្លួនឯង



មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិន​ថា​តម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ រហូតដល់មាន​ចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់​ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?

មនុស្សដែលចេះគោរពខ្លួនឯង ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។ មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។

នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា អស្មិមានះ។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។ អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។ ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២. ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់ ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខ​​ទៀត។

មនុស្សដែលចេះគោរពខ្លួនឯង គឺមិនគិតអ៊ីចឹង​ឡើយ តែយើងត្រូវគិតថា ការប្រឹងប្រែងតក់ៗ មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់ បុរាណខ្មែរលោកតែងពោលថា តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល។ យើងត្រូវរស់នៅក្នុងជីវិតដែល​ចេះ​ប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់ តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា បុគ្គលដែលគោរពខ្លួនឯង គឺមិនត្រូវធូរ​រលុង​ចំពោះ​ខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ។ ការស្គាល់តម្លៃខ្លួនឯង គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួន​ឯង គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិត​នេះ ឬបើយល់ថាជីវិតយើងនេះមានតម្លៃ គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង គឺស្មើនឹងមើលងាយខ្លួនឯង។ យើង​អាច​ដឹង​ថា​មនុស្សម្នាក់​ឱ្យ​តម្លៃ​ខ្លួនឯង​តិច​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រឹង​​ប្រែង​នេះឯង​៕


រៀនពេញមួយជីវិត



សូក្រាត (Socrates) និយាយថា ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងទាំងអស់ តែខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំមិនចេះអ្វីទាំងអស់

មនុស្សប្រសើរគឺជាបុគ្គលដែលចេះ តែមិនចេះអួតអាងខ្លួន។ ចំណែកបុគ្គលកម្សោយវិញ គឺមិនចេះទេ ប៉ុន្តែពូកែខាងអួតបំប៉ោងខ្លួន។ អ្នកចេះគ្មានទេភាពខ្សោយ ព្រោះគិតថាខ្លួនឯងខ្សោយ។ ការគិតថាខ្លួនឯងខ្សោយ ទើបជាការមិនខ្សោយ។ ការយល់ថាខ្លួនឯងខ្សោយនិងភាពស្ងប់ស្ងៀម គឺជាប្រភពនៃភាពរីកចម្រើន។

បិតារូបវិទ្យាស.វទី២០ អាល់ប៊ឺត អាញស្តាញ ពោលថា មូលដ្ឋានគ្រឹះនៃក្តីរីកចម្រើនគឺជាការមានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម។ ស្ងប់ស្ងៀមក្នុងន័យនេះ គឺចង់សំដៅឱ្យយើងមានសន្តិភាពចំពោះខ្លួនឯង ហើយប្រើសន្តិភាពប្រឹងប្រែងរៀនសូត្រ គិតត្រិះរិះពិចារណា និងត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច។ ចូរប្រើសន្តិភាពឱ្យមានប្រសិទ្ធិភាព៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ឆ្កួតជើងក្រាន



មនុស្សណាក៏ដោយ ឱ្យតែមានចរិតជាអ្នកល្បែង តែងតែចាញ់។ ពាក្យចាស់បុរាណលោកប្រដៅថា “[...] ឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង សម្រាប់យុវវ័យ ឆ្កួតនឹងប្រុស អស់ព្រហ្មចារីយ៍, ឆ្កួតនឹងស្រី ខ្លីវិជ្ជា, ឆ្កួតនឹងល្បែង តែងវិនាស។ អំពើពាលាទាំងនេះ ចាស់លោកថា ឆ្កួតជើងក្រាន

មនុស្សធម្មតា បើឆ្កួតវង្វេងនឹងរឿងទាំងអស់នេះ បើស្លាប់ ស្លាប់តែម្នាក់ឯងទេ។ ប៉ុន្តែចំពោះមេដឹកនាំវិញ បើឆ្កួតជើងក្រាននេះហើយ គឺតែងនាំទុក្ខវេទនាដល់ប្រជារាស្រ្តមួយនគរ។ មេដឹកនាំ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតាពុំបានឡើយ ដ្បិតវាសនាសង្គមទាំងមូលស្ថិតនៅក្នុងដៃខ្លួន។

តាមប្រវត្តិសាស្រ្ត មានមេដឹកនាំខ្លះឆ្កួតយសពេក រហូតដល់ភ្លេចគិតប្រយោជន៍រួម, មានមេដឹកនាំខ្លះ ឆ្កួតស្រី រហូតដល់វង្វេងស្មារតី លែងគិតប្រយោជន៍រាស្រ្ត, មានមេដឹកនាំខ្លះ ឆ្កួតនឹងល្បែង រហូតដល់ជិតអស់សង្គម, មានមេដឹកនាំខ្លះទៀត ឆ្កួតនឹងអំណាច រហូតដល់លែងគិតប្រយោជន៍រាស្រ្ត។ល។ ទ្រឹស្តីយុទ្ធសាស្រ្តលើកឡើងថា កុំដើរចូលក្នុងសមរភូមិដែលសត្រូវបានរៀបចំទុក។ នៅក្នុងទេវកថារឿង មហាភារតៈយើងបានឃើញបញ្ហានៃការបាត់បង់នគរ (ភ្នាល់ដាក់នគរ និងភ្នាល់ដាក់ស្រី) ដោយសារទី១ គឺស្រី និងទី២ គឺល្បែង...។ មេដឹកនាំពិតប្រាកដ កុំថាឡើយដល់លេងល្បែង ឬសូម្បីតែរបាំរាំរែក ក៏ពុំអាចយកភ្នែកមើលបានឡើយ៕

___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃត្រង់ជំពូក៣, ទំព័រទី២៨៥ - ២៨៦
រូបភាព៖ www.google.com

Wednesday, December 4, 2019

អានចំណេញឬអានខាត?



អ្នកចំណាយលុយលើសៀវភៅដែលចំណេញ គឺទិញមកហើយ ត្រូវតែអាន។ អ្នកដែលចំណេញពេលវេលាលើការអានសៀវភៅ គឺអានហើយ ត្រូវតែចេះ។ អ្នកដែលចំណេញលើចំណេះពីសៀវភៅ គឺចេះហើយ ត្រូវតែយកមកអនុវត្តជាក់ស្តែង។ អ្នកដែលចំណេញលើការអនុវត្តជាក់ស្តែង គឺអនុវត្តហើយ ត្រូវតែទទួលបានលទ្ធផលល្អ។ អ្នកដែលល្អពិតប្រាកដ គឺទទួលជោគជ័យ តែគ្មានចិត្តអំនួត។ ចុះខាងអ្នកណាដែលជាអ្នកខាតលើការអានសៀវភៅ?

អ្នកទិញសៀវភៅ ហើយមិនអាន គឺជាការខាតបង់លើការវិនិយោគលុយ។ អ្នកអានហើយមិនយល់ គឺជាការខាតបង់ពេលវេលា។ អ្នកយល់ហើយ តែមិនព្រមធ្វើតាមអ្វីដែលត្រូវធ្វើ គឺជាការខាតបង់គំនិតល្អ។ អ្នកដែលធ្វើហើយ តែមិនបានផលល្អ គឺជាការខាតបង់សកម្មភាព។ អ្នកធ្វើបានល្អហើយ តែមានចិត្តអំនួត គឺជាការខាតបង់ចរិតលក្ខណៈល្អ។ បើបាត់បង់ចរិតលក្ខណៈល្អហើយ គឺស្មើនឹងការខាតបង់អ្វីៗស្ទើរតែទាំងអស់នៃជីវិត។

កូនអ្នកមានខ្លះ អានសៀវភៅតាមតែចិត្តចង់ និងតាមតែការចូលចិត្ត។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះចាស់ហើយ តែនៅតែក្មេងខ្ចី។ កូនអ្នកមានខ្លះ អានសៀវភៅរកតែសប្បាយៗ មិនខ្វល់ខ្វាយអ្វីៗទាំងអស់។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះ ខ្វះរសជាតិជីវិត ស្គាល់ត្រឹមតែសុខៗរហូត។ ការរស់នៅក្នុងជីវិតជាមនុស្សនេះ ការបានភ្លក្សគ្រប់រសជាតិនៃជីវិត គឺជារឿងដ៏សំខាន់មានន័យបំផុត។ កូនអ្នកក្រ គឺត្រូវបែងចែកឱ្យដាច់រវាងសៀវភៅដែលខ្លួនចូលចិត្ត និងសៀវភៅដែលខ្លួនត្រូវតែអាន។ តើយើងមានលុយប៉ុន្មានដើម្បីទិញសៀវភៅដែលខ្លួនចូលចិត្ត? លុយតិច ចំណាយឱ្យត្រូវ គឺនឹងទទួលផលច្រើន ប្រៀបដូចជាអ្នករៀនតិច តែចេះច្រើន។

ខ្ញុំលើកឡើងបែបនេះ គឺសម្រាប់តែស្ថានភាពកូន​អ្នក​ស្រែ​កសិករប៉ុណ្ណោះ។ សម្រាប់អ្នកមានលុយច្រើន ជីវភាព​ខ្ពស់ បើ​ចង់រស់នៅបែបណាក៏បានដែរ។ ប៉ុន្តែសម្រាប់កូនអ្នកស្រែ បើបណ្តែតបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺប្រាកដជាធ្លាក់ជ្រោះហើយ។ ពាក្យខ្មែរពោលប្រដៅទុកថា ឃើញដំរីជុះ កុំជុះតាមដំរី។ កុំ​អាន​សៀវភៅ​តាមតែ​ចិត្ត​ចង់​ ​តាមតែ​តណ្ហា​ ​តែ​ត្រូវ​អាន​សៀវភៅ​ណា​​ដែល​ត្រូវ​អាន​ ​មានប្រយោជន៍​ត្រូវ​អាន​ ​ដ្បិត​លុយ១ម៉ឺន​​រៀល​ ​ឬ២ម៉ឺន​រៀល​ ​ឬ៤ម៉ឺន​​រៀល ​គឺ​មិនមែន​តិច​ទេ​ ​ហើយក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ​ ​តែ​សំខាន់​មើល​មក​ស្ថានភាព​ជីវភាព​គ្រួសារ​ខ្លួនឯង​ឱ្យ​បាន​ច្បាស់​ថា ​តើ​គ្រួសារ​ខ្ញុំ​ឬ​ខ្ញុំ​ ​គឺជា​អ្នកមាន​ ​ឬ​អ្នកក្រ​៕

អ្នកចេះបាតសង្គម


មានអ្នកខ្លះចេះដឹងបន្ដិច ក៏មានចរិតតួឯក ។ មានអ្នកខ្លះទៀត ចេះភាសាបរទេសបន្ដិច លែងខ្វល់ភាសាជាតិ ។ មានអ្នកខ្លះ ខ្ពស់មុខខ្ពស់មាត់បន្ដិច ក៏មើលលែងឃើញតម្លៃអ្នកដទៃ ។ ហើយមានមនុស្សច្រើនទៀត គ្រាន់តែបានល្បីបន្ដិច ក៏តែងតាំងខ្លួនឯងជាមនុស្សអស្ចារ្យ ។ មានបញ្ញវន្ដជាច្រើនបានដុះរាលដាលក្នុងសង្គម ហើយបញ្ញវន្ដមួយចំនួនតែងនិយាយមិនដាច់ពីមាត់ថា " ខំដើម្បីសង្គម " តែជាក់ស្ដែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានអ្នកស្នេហាជាតិជាច្រើន ដែលប្រាប់ថាស្រឡាញ់មាតុភូមិ តែជាក់ស្ដែងធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានមនុស្សពូកែទ្រឹស្ដីជាច្រើន បញ្ចេញមតិពីវិបត្តិសង្គម តែជាក់ស្ដែងគ្មានការអនុវត្ត ។ ហើយរឿងមួយដែលរឹតតែគួរឲ្យស្អប់ទៀតនោះ គឺអ្នករៀនសូត្រដែលតាំងខ្លួនឯងជាមនុស្សមានឧត្តមគតិខ្ពង់ខ្ពស់ តែគ្មានស្មារតីរួបរួមពិតប្រាកដ ។ ព្រោះតែជនទាំងនោះ ជាអ្នកស្នេហាសង្គមក្លែងក្លាយ ។

ខ្ញុំធ្លាប់ដាក់ខ្លួនទាប ដើម្បីស្គាល់មនុស្សក្នុងសង្គម តែមនុស្សវិជ្ជមានមួយចំនួនដែលខ្ញុំបានស្គាល់ យូរៗក៏ក្លាយជាមនុស្សប្រយោជន៍និយម ឬមនុស្សមុខមាត់និយមទៅវិញ ។ ប្រហែលជាមកពីខ្ញុំបន្ទាបខ្លួនពេក ទើបខ្ញុំក្លាយជាមនុស្សគ្មានតម្លៃ ។ ហើយក៏ប្រហែលជាគេវាយឫកពេក ទើបតម្លៃរបស់គេត្រូវធ្លាក់ចុះ ក្នុងក្រសែភ្នែកខ្ញុំ ។ អាចមកពីខ្ញុំឲ្យតម្លៃគេពេក ទើបគេហ៊ានតម្កើងឫក ។ អាចមកពីគេមានចរិតតួឯកខ្លាំងពេក ទើបធ្វើឲ្យសម្បជញ្ញៈរបស់គេមើលមិនឃើញតម្លៃអ្នកដទៃ ។ អាចមកពីគេគិតថាខ្ញុំជាមនុស្សងាយស្រួល ទើបគេមិនយល់ពីតម្លៃរបស់ខ្ញុំ ។ អាចមកពីខ្ញុំមិនមែនបក្ខពួកគេ ទើបគេចាត់ទុកខ្ញុំជាមនុស្សល្ងើ កខ្វក់មិនគួរឲ្យចាប់អារម្មណ៍ ឬមានមោទកភាពលើខ្លួនឯងជ្រុលពេក ទើបខួរក្បលរបស់គេ ត្រូវបំពាក់មកុដតួឯក ។ គិតៗទៅ មនុស្សយើងស្រឡាញ់ពាក្យលើកតម្កើងជាងឧត្ដមគិត ។ គិតៗទៅមនុស្សមានគំនិតអាត្មានិយមជាងប្រយោជន៍រួម ។ គិតៗទៅមនុស្សស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួន ជាងស្មារតីសាមគ្គី ។

ចរិតអញនិយម វាជ្រាបចូលសម្បជញ្ញៈមនុស្សខួរស្រាលមួយចំនូន ។ ហើយវាក៏បានក្លាយជាវប្បធម៌អញនិយម ។ អ្នកខ្លះឲ្យតែអញល្បី ឲ្យតែអញបានប្រយោជន៍ ឲ្យតែអញខ្ពង់ខ្ពស់ ឲ្យតែអញបានសុខ ឬឲ្យតែអញលើសគេ អញមិនខ្វល់អ្នកណាទាំងអស់ ។ ប្រសិនបើលុបបំបាត់ជំងឺអញមិនបានទេ នោះជាតិនិងសង្គម គ្មានថ្ងៃស្គាល់ភាពរួបរួមពិតប្រាកដឡើយ ៕

____________________________

ខ្ញុំប្រើពាក្យ "មួយចំនួន" ពុំសំដៅលើមនុស្សគ្រប់គ្នានោះទេ ។
Cr. Sun Veasna

ឯកោ?



 មនុស្សយើងកើតមកលើផែនដីបីដូចជាអ្នកទេសចរណ៍ម្នាក់ ដែលនឹងត្រូវត្រឡប់ទៅវិញ នៅពេលអស់ជីវិត ។ ដំណើរឆ្លងកាត់ដ៏ខ្លីនេះ វាមិនបានអនុញ្ញាតឱ្យយើងដើរដោយស្រួលទេ ពោលគឺត្រូវស្ពាយសម្ពាយទំនួលខុសត្រូវដ៏ច្រើនបំផុត ។

ក្នុងឋានៈជាសត្វសង្គម មនុស្សយើងត្រូវបានបំពៀចដោយបរិយាកាសជុំវិញខ្លួន តាមរយៈវប្បធម៌ ទំនៀមទម្លាប់ និង ការនិយមចូលចិត្តផ្សេងៗគ្នាទៅតាមសម័យកាលនីមួយៗ ។ អ្នកដែលមិនព្រមរស់នៅឱ្យដូចគេឯង តែងក្លាយទៅជាមនុស្សឯកោនៅក្នុងសង្គម ។

អាល់បឺត អាញស្តាញ ធ្លាប់ត្អូញត្អែរថា "មនុស្សម្នាមិនសូវយល់ពីខ្ញុំ តែបែរជាចូលចិត្តខ្ញុំ ។ អ្វីដែលប្លែកបំផុតនោះគឺ មានគេស្គាល់ខ្ញុំយ៉ាងច្រើន តែខ្ញុំបែរជាឯកោ" ។ នេះគឺមកពីលោកមិនព្រមរស់នៅឱ្យដូចគេឯង ។ សង្គមមើលមក ថាលោកជាមនុស្សឆ្កួត ទីបំផុតពួកគេនៅតែត្រូវការមនុស្សឆ្កួតនេះ ដោយខានមិនបាន ។

សង្គមមនុស្ស គឺជាសង្គមដោះដូរសេចក្តីត្រូវការឱ្យគ្នាទៅវិញទៅមក ។ ត្បិតការរស់នៅឱ្យត្រឹមត្រូវ បានធ្វើឱ្យយើងឯកោបន្តិចមែន ក៏ពុំមែនមានន័យថា យើងអាចគេចផុតពីទំនួលខុសត្រូវឡើយ ។ ការចេះជួយគ្នាទៅវិញទៅមក គឺដើម្បីពង្រឹងគុណភាពជីវិតរួមគ្នា ។

ក្នុងលោកសន្និវាសនេះ ព្រះអាទិត្យជាអ្នកឯកោជាងគេ តែក៏ជាអ្នកសាងប្រយោជន៍ច្រើនជាងគេដែរ ។ យើងកើតមក គ្មានជម្រើសណាផ្សេងក្រៅពីធ្វើអំពើល្អនោះទេ ។ បើយើងធ្វើអ្វីផ្សេងពីនេះ យើងក៏នឹងបាត់បង់តម្លៃក្នុងភាពជាមនុស្សដូចគ្នា ។ ដូច្នេះ ត្រូវតែបន្តទៅមុខទៀត!...
____

Tuesday, December 3, 2019

មេដឹកនាំខ្លាំង



អង្គភាពមួយខ្លាំងបាន មិនមែនពឹងទៅលើអ្នកដើរតាមទេ គឺពឹងលើសិល្បៈនៃភាពជាអ្នកដឹកនាំ ។ សិល្បៈនៃភាពជាអ្នកដឹកនាំ គឺសំដៅលើចិត្តសាស្ត្រ និងចំណេះដឹង ។ មេដឹកនាំអន់ខ្សោយ គឺមកពីមិនយល់ពីរបៀបប្រើចិត្តសាស្ត្រ ។ មេដឹកនាំទន់ខ្សោយតែងពឹងលើរចនាសម្ព័ន្ធការងារ ជាជាងសកម្មភាពផ្ទាល់ ។ ពោលគឺមេដឹកនាំខ្លាំងត្រូវនៅឱ្យជិតនឹងសង្គ្រាមដែលកូនចៅកំពុងប្រយុទ្ធ ចាំជួយរកដំណោះស្រាយរាល់ពេលអសកម្មម្ដងៗ ជិះទូកតែមួយជាមួយកូនចៅជានិច្ច ពុំមែនអង្គុយមួយកន្លែងចាំតែទទួលរបាយការណ៍ និងគ្មានចេះអ្វីក្រៅតែពីស្ដីបន្ទោសនោះទេ ។

មេដឹកនាំខ្លាំង គឺមេដឹកនាំដែលចេះពីរបៀបប្រើមនុស្ស ។ មេដឹកនាំខ្លាំង គឺចេះពីរបៀបមើលមនុស្ស ប្រើឱ្យចំចរិត ប្រើឱ្យចំគោលដៅ ។ ការចេះសម្លឹងមើលពីក្រោយបុគ្គលិកខ្លាំងថាមានអ្វីខ្លះ គឺជាចំណុចសំខាន់ដែលវាអាចនាំគំនិតទៅបង្កើតអ្នកដឹកនាំក្នុងជួរអ្នកដើរតាម ប្រកបដោយប្រសិទ្ធិភាព ។

ប្រសិនបើចង់បានប្រសិទ្ធិភាពការងារ ប្រសិនបើអាចត្រូវនៅឱ្យជិតនឹងអ្នកដើរតាម ។ បើចង់បានអង្គភាពខ្លាំងត្រូវមានទស្សនៈវិស័យត្រឹមត្រូវ និងមើលមនុស្សត្រូវ ប្រើត្រូវ ពោលគឺពុំអាចព្រលែងចោល ហើយអង្គុយមួយកន្លែងរង់ចាំរបាយការណ៍នោះទេ ។ ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង បូណាផាត លើកឡើងថា" ប្រសិនបើអ្នកចង់ឱ្យការងាររបស់អ្នកដំណើរការល្អ អ្នកត្រូវធ្វើវាដោយខ្លួនឯង "

______________

Cr. Sun Veasna

រឿងល្អដែលយើងបានសាង



វាពុំចាំបាច់អ្វី ដែលផ្កាម្លិះត្រូវដើរប្រាប់មនុស្សគ្រប់គ្នាថាខ្លួនជាផ្កាម្លិះនោះទេ ក៏ពុំចាំបាច់អ្វីដែលការសាងអំពើល្អរបស់យើងត្រូវសុំការមើលឃើញពីអ្នកដទៃនោះដែរ ។ ផ្កាម្លិះក្រអូបព្រោះសារជាតិរបស់វាជាផ្កាក្រអូប មនុស្សគ្រប់គ្នាស្គាល់ផ្កាម្លិះ ក៏ព្រោះតែក្លិនរបស់វា ។ ជាក់ស្ដែងមនុស្សស្គាល់លាមកព្រោះតែវាជាលាមក ទោះបាញ់ទឹកអប់ដាក់លាមក ក៏លាមកនៅតែជាលាមក ។ យ៉ាងណា មនុស្សអាក្រក់ក៏ដូច្នោះដែរ ទោះប្រឹងសម្ដែង ឬសម្អិតសម្អាងខ្លួនយ៉ាងណា ក៏គង់មិនអាចលាក់ចរិតបានដូចគ្នា ។ ដរាបណាមនុស្សអាក្រក់មិនព្រមកែខ្លួន គេក៏មិនខុសពីលាមកដែរ កែយ៉ាងណាក៏កែមិនឡើង ឬមនុស្សខ្លះគ្មានបំណងកែទាល់តែសោះ ។

សង្គមបានសម្គាល់មនុស្សល្អតាមរយៈទង្វើ ហើយសង្គមក៏មិនខ្វល់ថាវាជាការសម្ដែងឬមិនសម្ដែងនោះដែរ ព្រោះអ្វីដែលសង្គមត្រូវការ " គឺការសង្គ្រោះ " ទោះវាឋិតក្នុងលក្ខខណ្ឌបែបណា ក៏ប្រសើរជាងបុគ្គលដែលពុំមានពលីកម្មសោះនោះដែរ ឬទោះបីវាជាការសម្ដែងក៏ដោយ ឱ្យតែពលីនោះក្នុងន័យជួយសង្គម ជួយអ្នកដទៃ ឬជួយជាតិមាតុភូមិ យើងគួរតែមានការលើកទឹកចិត្តបន្ដ ។ ប៉ុន្ដែបើពុំដូច្នោះទេ សង្គមយើងនឹងពិបាកក្នុងការសាបព្រោះសេចក្ដីល្អ ដ្បិតលែងហ៊ានសាងអំពើល្អ ដោយសារខ្លាចគេថាសម្ដែង ។ សម្ដេចសង្ឃ ដាឡៃឡាម៉ា( Dalai Lama ) បានលើកឡើងថា " បច្ចុប្បន្ន ពិភពលោកលែងត្រូវការបុគ្គលជោគជ័យទៀតហើយ ប៉ុន្ដែពិភពលោកត្រូវការអ្នកសង្គ្រោះ "

បើឃើញគេសាងអំពើល្អ ប្រសិនបើអាចយើងគួរជួយលើកទឹកចិត្ត ។ បើឃើញគេធ្វើរឿងត្រឹមត្រូវ ប្រសិនបើអាចយើងគួរតែចូលរួម ។ សង្គមស្អាត គឺត្រូវការពពួកមនុស្សល្អចាប់ដៃគ្នាទៅពិនិត្យព្យាបាល ពុំមែនរួមដៃគ្នា ចោទប្រកាន់គ្នានោះទេ ។ អំពើដែលបុគ្គលម្នាក់បានសាងក្នុងសង្គម តែងចង់បន្សល់ស្នាដៃ ហើយគតិនៃការចង់បន្សល់ស្នាដៃ ឬគតិនៃការចង់ឱ្យអ្នកដទៃដឹងថាខ្លួនបានសាងល្អ វាក៏ពុំខុសដែរ ហើយក៏ពុំអាចចោទថាជាការសម្ដែងបានទេ ដ្បិតសេចក្ដីល្អមិនត្រូវការ ការតបស្នង ប៉ុន្ដែត្រឹមការបន្សល់ឈ្មោះ វាមិនធ្ងន់ធ្ងរទេ ។ ចូររួមបណ្ដុះគ្រាប់ពូជនៃអំពើល្អ ប្រសិនបើយើងចង់បានប្រជាពលរដ្ឋដែលចេះស្រឡាញ់គ្នា ។ ចូររួមបង្ហាញនូវសេចក្ដីជាគំរូភាព ប្រសើរជាងការរិះគន់គ្នា ក្នុងអត្ថន័យមិនត្រឹមត្រូវ ។ ប្រសិនបើយើងគឺជាផ្កាម្លិះមែន យើងក៏គ្មានហេតុផលអ្វីដែលត្រូវខ្លាចអ្នកដទៃច្រឡំថាយើងជាលាមកនោះដែរ ៕

____________________

Cr. Sun Veasna

សម្តែង



បើគ្រាន់តែសម្តែង យើងពុំចាំបាច់ទាមទារគុណសម្បត្តិច្រើនពេកទេ ពីព្រោះនៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ វាសម្បូរមនុស្សសម្តែងច្រើនណាស់ទៅហើយ ។ នៅពេលយើងប្រព្រឹត្តអំពើល្អ ដោយគ្រាន់តែដើម្បីរំពឹងផលតបស្នង នោះក៏ប្រហែលជាយើងកំពុងតែសម្តែងដូចគ្នា ។

អធម្មកម្មក្នុងសង្គមកើតឡើងដោយសារ តែការសម្តែងនេះឯង ពោលគឺមកពីមនុស្សយើងមិនព្រមរស់នៅជាមួយនឹងសភាពពិតជាក់ស្តែង ។ ពេលខ្លះ មនុស្សត្រូវសម្តែងថាខ្លួនឯងស្មោះត្រង់ ទាំងកំពុងរស់នៅកុហកខ្លួនឯងស្ទើរតែរាល់ថ្ងៃ ។ ភាពស្រពេចស្រពិលទាំងនេះ នាំឱ្យមានការសង្ស័យ ហើយការសង្ស័យនេះឯង ដែលនឹងធ្វើឱ្យមនុស្សរស់នៅមិនទុកចិត្តគ្នាជារៀងរហូត ។

ប្រសិនបើបុគ្គលស្គាល់ពីករណីយកិច្ចរបស់ខ្លួនឯង នោះគេនឹងលែងសម្តែងទៀតហើយ ពោលគឺ ចិត្តគិត វាចា និង ការប្រព្រឹត្តរបស់គេនឹងក្លាយជារបស់តែមួយ ។ មនុស្សស្គាល់ករណីយកិច្ច មិនត្រឹមតែខ្មាសអៀនមិនហ៊ានប្រព្រឹត្តអំពើអាក្រក់មួយមុខទេ តែគេនឹងបន្តផ្តល់នូវគំរូភាព ដែលល្អដល់សង្គមថែមទៀតផង ។
____

Cr. Ratha Mom

Monday, December 2, 2019

ការគោរពខ្លួនឯង



មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិន​ថា​តម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ រហូតដល់មាន​ចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់​ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?

មនុស្សដែលចេះគោរពខ្លួនឯង ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។ មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។

នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា អស្មិមានះ។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។ អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។ ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២. ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់ ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខ​​ទៀត។

មនុស្សដែលចេះគោរពខ្លួនឯង គឺមិនគិតអ៊ីចឹង​ឡើយ តែយើងត្រូវគិតថា ការប្រឹងប្រែងតក់ៗ មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់។ បុរាណខ្មែរលោកតែងពោលថា តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល។ យើងត្រូវរស់នៅក្នុងជីវិតដែល​ចេះ​ប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់ តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា បុគ្គលដែលគោរពខ្លួនឯង គឺមិនត្រូវធូរ​រលុង​ចំពោះ​ខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ។ ការស្គាល់តម្លៃខ្លួនឯង គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួន​ឯង គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិត​នេះ ឬបើយល់ថាជីវិតយើងតម្លៃ គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង គឺស្មើនឹងមើលងាយខ្លួនឯង។ យើង​អាច​ដឹង​ថា​មនុស្សម្នាក់​ឱ្យ​តម្លៃ​ខ្លួនឯង​តិច​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រឹង​​ប្រែង​នេះឯង​៕

តម្លៃសីលធម៌សង្គម



យើងមិនពិបាកទេ បើសិនជាចង់ដឹងអំពីបញ្ហានៃការធ្លាក់ចុះផ្នែកតម្លៃសីលធម៌ក្នុងសង្គម ។ ក្នុងចំណោមអ្នករត់ម៉ូតូឌុប នៅតាមតូបកាហ្វេឆុងក្នុងស្រោមជើង ឬ នៅក្នុងផ្សារលក់ត្រី ក៏មានអ្នកនិយាយអំពីរឿងនេះដែរ ។ ប្រសិនបើយើងចង់ដឹង គេនឹងនិយាយប្រាប់យើងតាំងពីផ្នែកទទួលខុសត្រូវខ្ពស់បំផុត រហូតដល់អ្នកតូចតាចនៅក្នុងសង្គម ដោយគេនឹងបង្ហាញអំពីបញ្ហានានា ដែលទទួលរងឥទ្ធិពលពីការធ្លាក់ចុះនេះ ។

តើយើងអាចដឹងពីការធ្លាក់ចុះនៃតម្លៃសីលធម៌ដោយវិធីណា បើអ្នកវិទ្យាសាស្ត្រមិនទាន់មានសមត្ថភាពបង្កើតឧបករណ៍សម្រាប់វាស់វែងវាផង? បើតាមលោក ស៊ីវ ខេរ៉ា (Shiv Khera) នៅពេលដែលខ្នាតគំរូនៃសីលធម៌ពុំមានដូច្នេះ មានជម្រើសពីរសម្រាប់យើងដើម្បីធ្វើការជ្រើសរើស ។ ទី១ គឺយើងត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីចួបនូវកម្រិតខ្នាតគំរូថ្នាក់ខ្ពស់នៃសីលធម៌ ។ ទី២ យើងទម្លាក់ ឬ បន្ទាបនូវតម្លៃសីលធម៌របស់ខ្លួនចុះ ។ ជ្រើសរើសបែបណា គឺយើងជាអ្នកសម្រេចចិត្តដោយខ្លួនឯង ។

ជាធម្មតាយើងច្រើនតែចួបជុំគ្នា គ្រាន់តែដើម្បីនិយាយអំពីបញ្ហានានានៅក្នុងសង្គម ដែលលទ្ធផលរបស់វាបានត្រឹមតែធ្វើឱ្យឆន្ទៈរបស់យើងចុះស្គមប៉ុណ្ណោះ ។ ដើម្បីដឹងពីបញ្ហានៅក្នុងសង្គមមិនជាលំបាកទេ តែការស្វែងរកដំណោះស្រាយ ទើបជារឿងលំបាកពិតប្រាកដ ។ បើចង់ឱ្យសង្គមមួយមានបញ្ហា គឺជាការងាយណាស់ តែបើចង់ឱ្យសង្គមមានសណ្តាប់ធ្នាប់ ទាមទារឱ្យមានការគិតគូរថ្នាក់ខ្ពស់បំផុត ។

ជំងឺពេលដែលនៅតូច យើងពិបាកសម្គាល់ថាជាជំងឺអ្វី តែនៅពេលវាធំ យើងនឹងដឹងបានដោយងាយ ។ នៅក្នុងសង្គម ប្រសិនបើនរណាក៏អាចមើលឃើញពីបញ្ហា វាមិនខុសពីមនុស្សម្នាក់ដែលឈឺធ្ងន់ និង ដែលនរណាក៏អាចដឹងថាវាជាជំងឺអ្វី ។ ដូច្នេះ ឥរិយាបថដែលយើងគួរផ្លាស់ប្តូរ គឺប្តូរពីការនិយាយតែបញ្ហា មកជាការពិភាក្សាស្វែងរកដំណោះស្រាយ និង រៀនធ្វើការងាររួមគ្នា ។ ឥរិយាបថខ្លះ មិនត្រឹមតែពុំបានដោះស្រាយបញ្ហានៅក្នុងសង្គមទេ វាមានតែភាពធ្ងន់ធ្ងរជាងមុនទៅទៀត ។

ជាយុវជនម្នាក់ យើងគួរតែសួរខ្លួនឯងថា តើខ្ញុំកំពុងតែនៅក្នុងផ្នែកនៃដំណោះស្រាយ ឬ ផ្នែកនៃបញ្ហាក្នុងសង្គម? បើជាផ្នែកនៃបញ្ហា គឺត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ខ្លួនឯងជាប្រញាប់ ។ បើចង់ជួយសង្គម ក៏ត្រូវចេះជួយខ្លួនឯងដែរ ។ បើតម្លៃសីលធម៌នៅក្នុងសង្គមធ្លាក់ចុះ យើងត្រូវធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សមានសីលធម៌ ។ បើសង្គមខ្វះធនធានមនុស្ស ត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ។ សង្គមអាចលូតលាស់ទៅបាន អាស្រ័យដោយយុវជនជាសសរទ្រូងនេះឯង ។
____

ស្ត្រីឆ្លាតជ្រើសសៀវភៅស្ត្រីខ្លៅជ្រើសផ្កាកុលាប



ជាតិខ្លាំងព្រោះមានស្ត្រីខ្លាំង។ ត្បិតស្ត្រីខ្លាំងជាកោសិកាមួយផ្នែកដែលអាចឱ្យចរន្តសង្គមមានការរីកធំធាត់។ កាលណាមានស្ត្រីខ្លាំងក្នុងផ្ទះ គេតែងឃើញមានក្មេងខ្លាំង បរិស្ថានស្អាត មានសណ្តាប់ធ្នាប់ មនុស្សមានសុខភាពល្អៗ។

ងាកមកមើលពីបច្ចុប្បន្នភាពនៃមូលដ្ឋានមួយចំនួន ក្មេងប្រើពាក្យអសុរស ច្រឡើសបើស កោងកាច (ជេរហ៊ុយ) សោធឯបរិស្ថានស្មោគគ្រោក សណ្ដាប់ធ្នាប់រញេរញៃ សុខភាពមនុស្សទ្រុឌទ្រោមគួរឱ្យសង្វេគ។ មិនត្រឹមប៉ុណ្ណោះ ពាក្យស្ត្រីដែលមានន័យថា សិរីសួស្តី ត្រូវបាត់បង់ ។ ស្ត្រីមួយចំនួនចាប់កាន់បៀរលេងល្បែង ភ្លេចបាយភ្លេចទឹក។ល។និង។ល។

សង្គមត្រូវការនារីដែលបដិសេធផ្កាកុលាប ហើយទទួលសៀវភៅជាថ្នូរនៃកាដូរបញ្ជាក់ពីការស្រឡាញ់ច្រើនជាង។ យើងសង្កេតជាទូទៅឃើញថា នារីដែលចូលចិត្តអានភាគច្រើន ចូលចិត្តដើរតែឯងឯកោ ព្រោះនាងមិនសូវមានមិត្តដែលមានចំណូលចិត្តងានដូចគ្នា ។ ប៉ុនែនាងតែងជានារីដែលមានឥទ្ធិពលក្នុងក្រសែភ្នែកនៃបុរសល្អៗ ហើយនាងតែងជានារីរឹងមាំភាគច្រើន។ នាងមានតម្លៃជាងពាក្យថា ស្ត្រីល្អឬមនុស្សល្អ។ នាងមានដួងព្រលឹងដ៏ស្រស់ស្អាត ដែលតែងស្តុកទុកពន្លឺ ស្នាមញញឹម និងក្តីស្រឡាញ់ដែលឆ្លាក់ជាប់ក្នុងឆ្អឹងរបស់នាង។

ស្ត្រីគួរផ្លាស់ប្តូរទម្លាប់ខ្ជិលអាន បើមិនចង់មានទុក្ខច្រើន។
ស្ត្រីគួរចាប់កាន់សៀវភៅឱ្យបានច្រើន បើចង់បានបុរសល្អ។
ស្ត្រីគួរតែជាអ្នកវក់នឹងសៀវភៅ បើចង់កែប្រែខ្លួន គ្រួសារនិងសង្គម ។


Cr. បន្សុទ្ធចំណេះដឹងទូទៅ


Sunday, December 1, 2019

ជ្រុងមួយនៃទស្សនវិជ្ជាជីវិត



នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង ហើយរឹតតែសំខាន់គឺហាមប្រមាថជីវិត។