មនុស្សយើងគ្រប់គ្នា សុទ្ធតែស្រឡាញ់សេចក្ដីសុខ
ខំគេចចេញពីសេចក្ដីទុក្ខទាំងអស់គ្នាហ្នឹង ។
អ្វីដែលមនុស្សទាំងឡាយខំព្យាយាមនាំគ្នាធ្វើពេញមួយជីវិត គឺការចូលទៅរកសេចក្ដីសុខ
ព្យាយាមគេចចេញពីសេចក្ដីទុក្ខ ពេលជួបសេចក្ដីទុក្ខក៏ព្យាយាមកំចាត់ចោលចេញ
ឬព្យាយាមការពារមិនឲ្យកើតឡើង ។
ក្រឡេកមើលក្នុងជ្រុងនេះ
ពួកយើងមានសំណាងជាងមនុស្សសម័យមុន ព្រោះបច្ចេកវិទ្យាក្នុងការកំចាត់បង់នូវសេចក្ដីទុក្ខនេះមានច្រើនឡើង
។ នៅពេលអាកាសធាតុក្ដៅ ក៏មានកង្ហារ មានម៉ាស៊ីនត្រជាក់បើកបក់
ជួយកាត់បន្ថយកម្ដៅ ពេលមានអាកាសធាតុត្រជាក់ មានម៉ាស៊ីនកម្ដៅ
ទឹកក្ដៅទឹកត្រជាក់ទុកប្រើក្នុងគេហដ្ឋានយ៉ាងស្រួល
ធ្វើដំណើរទៅណាមកណា មិនចាំបាច់ដើរថ្មើរជើង ជិះរទេះគោក្របី ជិះសេះ
ជិះដំរីឲ្យហត់នឿយ ព្រោះសម័យនេះគេមានរថយន្តបម្រើគ្រប់ម៉ាកគ្រប់ប្រភេទគ្របធន់ ។
សម្ភារទាំងអស់នេះបានជួយកាត់បន្ថយការលំបាក ចំណេញពេល និងមានការងាយស្រួលដល់ការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃ
។
មានយ៉ាងនេះក៏ដោយ ទោះបីយើងអាចគេចសេចក្ដីទុក្ខ
កំចាត់បង់ ឬបន្ថយកម្លាំងសេចក្ដីទុក្ខបានច្រើនប៉ុនណា ប៉ុន្តែមានសេចក្ដីទុក្ខច្រើនយ៉ាងទៀត
ដែលមនុស្សយើងមិនអាចគេចផុត យើងធ្វើបានត្រឹមតែមិនអើពើ ឬមិនជាប់ចិត្តគិតឲ្យវាកើតឡើង
មិនថាមានបាន មានមាសប្រាក់ មានអំណាចបុណ្យសក្ដិ
មានកិត្តិយសកេរ្តិ័ឈ្មោះល្បីល្បាញប៉ុនណា ក៏ត្រូវមកជួបសេចក្ដីទុក្ខនោះដដែល ដូចជា
ខ្លួនជាមហាសេដ្ឋីមានប្រាក់វាល់លានកោដិ ក៏ត្រូវមកជួបសេចក្ដីវិនាសបាត់បង់
ដូចជាការបាត់បង់មនុស្សជាទីស្រឡាញ់ជិតស្និទ្ធ ព្រោះគ្មានអ្នកណារស់នៅទល់មេឃនោះបានទេ
ទោះយ៉ាងណាគេក៏ត្រូវស្លាប់ឃ្លាតពីយើងទៅក្នុងថ្ងៃណាមួយមិនខាន ។ ពួកយើងប្រហែលស្គាល់ ទ័ចម៉ាហាល
ដែលជាអនុស្សរណស្ថានដែលស្ដេចហ្សាហ៍ហ្សះហាន ជាបុគ្គលឧត្តុង្គឧត្តមកសាងឡើងដើម្បីឧទ្ទិសដល់មហេសីជាទីស្រឡាញ់ដែលបានសោយវិលាល័យ
។ នេះជាមេរៀនមួយ សម្រាប់បង្រៀនដល់ចិត្តយើងទាំងអស់គ្នាថា មិនថាមានអ្វីអស្ចារ្យប៉ុនណា
ក៏មិនអាចគេចផុតពីការបាត់បង់មនុស្សជាទីស្រឡាញ់នេះបានដែរ ។
តាស្លាប់ យាយស្លាប់ អ៊ំពូមីងស្លាប់
ប្រពន្ធស្លាប់ ប្ដីស្លាប់ កូនស្លាប់ ក្មួយស្លាប ចៅស្លាប់
រឿងនេះកើតឡើងដល់មនុស្សគ្រប់គ្នា គ្រប់គ្រួសារ គ្រប់ប្រទេស គ្រប់ជាតិសាសន៍ ។
ក្រៅពីនេះ ថែមទាំងមានពាក្យរិះគន់និន្ទានិយាយថា សូម្បីមានអំណាចទល់មេឃ
ក៏ត្រូវមកជួបជាមួយសេចក្ដីខកបំណង និងជួបភាពចាស់ ឈឺ ស្លាប់មិនផុត ។ នេះជាសេចក្ដីទុក្ខ
ដែលគ្មានអ្នកណាមួយគេចផុត ទោះបីយើងកាត់រឿងចាស់ ការឈឺ ការស្លាប់ចេញបានក៏ដោយ
ក៏មកជួបសេចក្ដីទុក្ខច្រើនប្រការទៀត ដូចជា អស់ការងារធ្វើ ខកបំណងរឿងកូន ទ្រព្យសម្បត្តិត្រូវចោរគាស់ប្លន់
អគ្គីភ័យលេបត្របាក់ ។ ប្រសិនបើមនុស្សយើងគិតតែពីគេចសេចក្ដីទុក្ខ
ឬរកផ្លូវការពារបន្ថយសេចក្ដីទុក្ខគ្រប់ពេល សូមត្រៀមចិត្តកើតទុក្ខចុះ ព្រោះថា
នៅមានសេចក្ដីទុក្ខច្រើនយ៉ាងទៀត ដែលយើងត្រូវជួបគេចមិនផុត
កំចាត់បង់ទៅយូរប៉ុនណាក៏មិនបានសម្រេចដែរ ។
លើកឧទាហរណ៍ងាយៗ
អ្នករស់នៅក្នុងទីក្រុងធំៗដូចជាទីក្រុងភ្នំពេញ ត្រូវជួបបញ្ហាកក់ស្ទះចរាចរ
មិនអាចមានថ្ងៃគេចផុត រកកន្លែងចតឡានម៉ូតូពិបាក
មានជនជាតិអាមេរិកាំងម្នាក់សរសេរដៀមដាមថា "ស្លាប់ចុះគេចមិនផុតទៅហើយ តែរកទីចតឡាននេះពិបាកជាងស្លាប់ទៅទៀត" ។ គាត់ម្នាក់នេះរស់នៅក្រុងញូយ៉ក
ជាទីក្រុងដែលពិបាករកកន្លែងចតឡានណាស់ ។ បញ្ហានេះមិនមែនកើតលើផ្លូវកាយទេ
តែជាសេចក្ដីទុក្ខតាមផ្លូវចិត្ត ដែលមនុស្សក្នុងសម័យនេះជួបជាប្រចាំ ។
រាល់ថ្ងៃនេះសេចក្ដីទុក្ខតាមផ្លូវកាយអាចកាត់បន្ថយបានច្រើន
ព្រោះមានបច្ចេកវិជ្ជាមកជួយសម្រួលបានច្រើន តែសេចក្ដីទុក្ខតាមផ្លូវចិត្តមិនបានកាត់បន្ថយឡើយ
ថែមបង្កើនឡើងរឿយៗ ដូចជា រកទីសម្ចតឡានមិនបានក៏ទុក្ខ ត្រូវទាស់ទែងខ្វែងគំនិតគ្នា
ឈានដល់ការចាក់កាប់សម្លាប់គ្នាក៏ឃើញឮមានច្រើន ។
មិនថាបច្ចេកវិជ្ជានេះរីកចម្រើនជឿនលឿនដល់កម្រិតណាទេ
មនុស្សយើងក៏គេចមិនផុតពីការខកបំណងនេះ កាន់តែមានបាន មានមាសប្រាក់ច្រើនប៉ុនណា
ចំណង់ប្រាថ្នាមិនចេះគ្រប់ក៏មានកាន់តែច្រើនឡើងប៉ុណ្ណោះ ។
ពេលណាចំណង់ប្រាថ្នានេះកាន់តែច្រើន ឱកាសមិនបានសមបំណងក៏បន្ថែមច្រើនឡើងដូចជាស្រមោលអន្ទោលតាមប្រាណ
។ អាចនិយាយបានថា ពេលមានសេចក្ដីប្រាថ្នាកើនឡើង សេចក្ដីទុក្ខក៏ច្រើនមកតាមផងដែរ
ព្រោះសេចក្ដីប្រាថ្នាចង់បានជាមួយសេចក្ដីទុក្ខជាគូគ្នា សូមឲ្យគិតពិចារណាមើលផងចុះ
មនុស្សយើងមិនថា នឹងគេចពីសេចក្ដីទុក្ខប៉ុនណា ក៏ត្រូវមកជួបសេចក្ដីទុក្ខមួយថ្ងៃទល់យប់
។ តាមពិតសេចក្ដីទុក្ខតាមផ្លូវកាយ ដូចជា ការឈឺចុកចាប់សព្វថ្ងៃនេះ មានថ្នាំ
និងបច្ចេកវិជ្ជាច្រើនណាស់ដែលយកមកប្រើជួយរម្ងាប់ ឬបន្ថយអាការៈឈឺចុកចាប់នោះ
តែចុងក្រោយ មនុស្សយើងក៏ត្រូវមកជួបការឈឺចាប់ធ្ងន់ធ្ងរបន្តិច ថ្នាំលេបចាក់លែងត្រូវ
ជាពិសេសពេលជួបសេចក្ដីឈឺចាប់ ដូចជាកើតរោគមហរីកដំណាក់កាលចុងក្រោយ ឬសូម្បីតែឈឺធ្មេញ
ឈឺក្បាល ឈឺពោះ ពេលអាការៈកើតឡើងហើយ នឹងសង្ឃឹមរំពឹងលើថ្នាំតែម្យ៉ាងក៏មិនបាន
វាមិនទាន់ ព្រោះវាមានសេចក្ដីទុក្ខផ្លូវចិត្តផ្សំជាមួយ ទុក្ខនោះឈឺចាប់កាន់តែខ្លាំង
។
សេចក្ដីទុក្ខគឺជាចំណែកមួយរបស់ជីវិតដែលមនុស្សយើងគេចមិនផុត
ដូចក្នុងបទសូធ្យមន្តកិច្ចវត្តប្រចាំថ្ងៃមានឃ្លាមួយនិយាយថា "យើងទាំងឡាយជាបុគ្គលត្រូវសេចក្ដីទុក្ខស្ទាបស្ទង់វាស់ហើយ
មានសេចក្ដីទុក្ខនៅខាងមុខហើយ" ទោះបីពេលនេះ យើងមានអារម្មណ៍ថាសុខសប្បាយក៏ដោយ តែនោះព្រោះមានសេចក្ដីទុក្ខនៅមិនទាន់សំដែងខ្លួនឡើង
វាកំពុងរកឱកាសសំដែងខ្លួនគ្រប់ពេលវេលា ដូចជា ការអង្គុយនៅរៀងយូរបន្តិច
ក៏មានអារម្មណ៍ឈឺរមេះចុករោយស្ពឹកស្រពុនភ្លាម ក្នុងខណៈពេលដែលយើងមានសុខភាពល្អធម្មតា ។
សូមកុំគិតថា មិនមានសេចក្ដីឈឺចាប់ មែនទែនទៅ ការឈឺចាប់នៅជាមួយយើងគ្រប់ពេលវេលា
យើងភ្លេចខ្លួនក្នុងពេលណា វាក៏ចេញមុខមកដល់ភ្លាមក្នុងពេលនោះ ។ ក្នុងដំណើរដូចគ្នានេះដែរ
ភាពចាស់ជរាក៏នៅជាមួយយើងគ្រប់ពេលវេលា ទោះបីពេលនេះយើងនៅវ័យក្មេង កម្លាំងពលំមាំមួន
តែតាមការពិត ភាពជរានេះធ្វើការងាររបស់វាគ្រប់ពេលវេលា មួយថ្ងៃបន្តិចម្ដងៗ
ភ្លេចខ្លួនតែបន្តិច ក៏ឃើញស្បែកសរសៃរវាម ស្បែកជ្រិញជ្រួយារធ្លាក់ សក់ក្បាលស្កូវព្រោងសក្បុស
កម្លាំងពលំខ្សោយឡើងៗ ។ សេចក្ដីស្លាប់ក៏ដូចគ្នា ហ៊ានតែភ្លេចខ្លួនពេលណាភ្លាម
គ្រាន់តែឈានចុះពីលើកាំជណ្ដើរផ្ទះ មិនបានប្រយ័ត្នធ្លាក់ដាំក្បាលចុះមកបុកដីស្លាប់មួយរំពេច
សភាពបែបនេះ វាកើតឡើងជាមួយយើងគ្រប់ពេលវេលាបានទាំងអស់ ។
ព្រះសម្មាសម្ពុទ្ធវិជិតមារទ្រង់ត្រាស់សំដែងថា "ភាពចាស់ជរាមាននៅក្នុងភាពកម្លោះក្រមុំ
ភាពឈឺចាប់មាននៅក្នុងភាពមិនមានរោគ សេចក្ដីស្លាប់ក៏មាននៅក្នុងជីវិត" ។ វាមិនបានញែកចេញពីគ្នាឡើយ ដូចម្សិលមិញ
ពួកយើងបានរៀបចំផ្កាបានយ៉ាងស្អាត ទាំងដែលមានអ្នកខ្លះយកមែកឈើស្ងួតឈើងាប់មករៀបចំចាក់ដោត
សបញ្ជាក់ឲ្យឃើញថា រឿងមិនស្អាតនោះ ក៏មានភាពស្អាតនៅក្នុងនោះ ផ្ទុយមកវិញ
រឿងដែលថាស្អាត ក៏វាមិនស្អាតបង្កប់នៅក្នុងនោះដូចគ្នា។ យើងមើលឃើញច្បាស់ក្រឡែត
ពេលផ្កាស្រស់ទុកចោលទៅមិនប៉ុន្មានថ្ងៃ ភាពស្វិតស្រពោនក៏ប្រាកដឡើង ត្រូវនឹងព្រះពុទ្ធតម្រាស់សំដែងទុកនោះឯង
។
សេចក្ដីសុខរបស់មនុស្សយើងក៏ដូចគ្នា
មានសេចក្ដីទុក្ខពួនសម្ងំលាក់ខ្លួនគ្រប់ពេលវេលា ដូចអ្វីដែលបានពោលហើយថា សេចក្ដីទុក្ខ ជារឿងដែលយើងគេចមិនផុត
ទើបយើងត្រូវរៀនដឹងចេះរស់នៅជាមួយវាឲ្យបាន ។
ដូចយ៉ាង ពេលនេះយើងជួបភាពអាកាសធាតុក្ដៅ យើងត្រូវចេះរៀនរស់នៅជាមួយវាឲ្យបានដោយគ្មានទុក្ខកង្វល់
តែក្ដៅកាយតែមិនក្ដៅចិត្ត ទុក្ខផ្លូវកាយតែមិនកើតទុក្ខតាមផ្លូវចិត្ត
បែបនេះយើងធ្វើបាន តែបើធ្វើមិនបាន ក៏មានតែភាពតប់ប្រម៉ល់មួមៅក្ដៅក្រហាយចិត្តកើតឡើង
ព្រោះយើងមិនអាចបង្គាប់បញ្ជា ឬគ្រប់គ្រងអាកាសធាតុនោះតាមចិត្តយើងបាន
សូម្បីរាងកាយរបស់យើង យើងនៅបង្គាប់បញ្ជាឃុំគ្រងខ្លួនឯងមិនឲ្យក្ដៅមិនឲ្យឈឺមិនបានផង។
មានរឿងរ៉ាវប្រវត្តិរបស់លោក គូដេនរិមបូហ្សេ
បុគ្គលដែលមានវាសនាកម្មដូចគ្នានឹងជនជាតិទីបេច្រើននាក់ទៀត ក្រោយពីចិនដាក់កង់ទ័ពត្រួតត្រាទីបេ
កាលពី ៦០ ឆ្នាំកន្លងទៅហើយ ។ ទាហានចិនត្រូវការឲ្យលោកបោះបង់ចោលព្រះពុទ្ធសាសនា ហើយបែរមកកាន់របបផ្ដាច់ការ តែលោកជំទាស់
ទើបលោកត្រូវគេឃុំឃាំង និងធ្វើទារុណកម្មយ៉ាងវេទនា អស់រយៈកាល ២០ ឆ្នាំ ។ ពេលលោកទទួលបានសិរីភាពវិញ
លោកបានបង្ខំខ្លួនឆ្លងដែន ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកខាងនយោបាយក្នុងប្រទេសឥណ្ឌា ។
ករណីនេះ ធ្លាប់មានគេសួរលោកថា
ពេលដែលគេឃុំឃាំងលោកក្នុងទីបេនោះ តើលោកខ្លាចអ្វីបំផុត? លោកបែរមិននិយាយអំពីការធ្វើបាបរបស់ទាហានចិន
លោកនិយាយថា លោកខ្លាចថា នឹងខឹងសម្បារស្អប់ខ្ពើមមនុស្សដែលធ្វើបាបលោក
សម្រាប់ពុទ្ធសាសនិកជន ។ សេចក្ដីក្រោធខឹងនោះគួរឲ្យខ្លាចបំផុត
ព្រោះអាចរុញច្រានយើងឲ្យធ្វើបាបដោយការប្រទូសរ៉ាយអ្នកដទៃ ។ បុគ្គលណាធ្វើបាបយើង
បុគ្គលនោះក៏ត្រូវមកទទួលកម្មរបស់គេ តែប្រសិនបើយើងធ្វើបាបអ្នកដទៃ
បាបនោះនឹងតាមជាប់យើងវិញ ហើយត្រូវមកលស់ផលកម្មនោះមិនដឹងពេលណាចប់ ។
បុគ្គលណាធ្វើបាបយើង វាមិនអាក្រក់ស្មើនឹងយើងទៅធ្វើបាបអ្នកដទៃនោះទេ ។
តាមពិត លោកគូដេនធ្លាប់មានហេតុផលច្រើនជាងនេះ
លោកសញ្ជឹងគិតថា ពេលដែលទាហានចិនធ្វើទារុណកម្មលោកៗ ទទួលរងទុក្ខតែតាមផ្លូវកាយ
តែពេលណាដែលលោកមានអារម្មណ៍ខឹងមនុស្សដែលធ្វើបាបលោកៗ មិនត្រឹមតែទទួលរង់ទុក្ខតាមផ្លូវកាយប៉ុណ្ណឹងទេ
ថែមទាំងមានទុក្ខតាមផ្លូវចិត្តមួយទៀត ដោយសេចក្ដីខឹងក្រោធនោះមកដុតកំឡោចចិត្តលោក ។
ទុក្ខកាយអាចនៅទ្រាំបាន តែទុក្ខផ្លូវចិត្ត សាងភាពទុក្ខវេទនាឈឺចាប់ខ្លាំងណាស់
នោះឯងគឺរឿងដែលលោកមិនចង់ឲ្យកើតមានឡើង ។
លោកគូដេនមានបំណងចង់ប្រាប់ថា ទាហានចិននោះ អាចធ្វើបានដោយច្រើន
គ្រាន់តែធ្វើបាបរាងកាយរបស់លោក តែធ្វើឲ្យចិត្តលោកកើតទុក្ខមិនបាន ប៉ុន្តែនៅពេលណាដែលលោកបណ្ដោយឲ្យចិត្តខឹងនោះគ្រប់សង្កត់ចិត្ត
សេចក្ដីទុក្ខតាមផ្លូវចិត្តនោះក៏កើតមានឡើង ដូចនោះ រឿងដែលលោកខិតខំព្យាយាមធ្វើ
គឺរក្សាចិត្តមិនឲ្យខឹងមនុស្សដែលមកធ្វើបាបរូបលោក ។
លោកនិយាយបន្ថែមទៀតថា បុគ្គលណាធ្វើបាបយើងប៉ុនណា យើងមិនបានកើតទុក្ខ
ប្រសិនបើចិត្តយើងមិនព្រមសហការណ៍ជាមួយ គេហៅថា ទះដៃម្ខាងមិនឮទេ ។ យ៉ាងណាក៏ដោយ
មនុស្សភាគច្រើនពេលណាមានទុក្ខតាមផ្លូវិត្ត ច្រើនតែមានចិត្តបន្ទោសរឿងខាងក្រៅ ដូចជា មិត្តរួមការងារ ចៅហ្វាយនាយ បុគ្គលិក
ចារាចរកក់ណែន បន្ទោសមេឃដី អាកាសធាតុ សេដ្ឋកិច្ច ។ តែភ្លេចគិតឈឹងថា
ចិត្តយើងខ្លួនឯងដែលមានចំណែកក្នុងរឿងទាំងអស់ហ្នឹងយ៉ាងច្រើន ដូចជា
បណ្ដោយឲ្យភាពតប់ប្រម៉ល់ ខឹងក្រោធ ថ្នាំងថ្នាក់ អន់ចិត្តឲ្យមករំខានដល់ចិត្ត ។
រឿងខាងក្រៅទាំងអស់ហ្នឹង
ធ្វើបានដោយច្រើនត្រឹមតែដាក់សម្ពាធរាងកាយ មកបំបែបបំបាក់មនុស្សជាទីស្រឡាញ់
និងមកពង្រាត់វត្ថុជាទីហួងហែងពីយើងទៅ ធ្វើការងាររាំងស្ទះ
តែមិនអាចធ្វើឲ្យចិត្តយើងកើតទុក្ខបាន វាធ្វើបានត្រឹមតែបបួលនាំ ឬជន្លឲ្យចិត្តយើងទាស់
សោកសៅ មួហ្មង ខ្វល់ខ្វាយ ប៉ុន្តែយើងមិនទទួល "ពាក្យបបួលនាំ" របស់វាក៏បាន
។ នោះចង់និយាយថា ចិត្តនឹងកើតទុក្ខ ឬមិន វាអាស្រ័យលើចិត្តយើង រឿងខាងក្រៅ
យើងមិនអាចគ្រប់គ្រងវាបាន តែចិត្តយើងជារឿងដែលយើងអាចធ្វើបានច្រើនជាង ។ តាមពិតទៅ
ចិត្តក៏ជារឿងមួយដែលយើងពិបាកគ្រប់គ្រងដូចគ្នា
តែយើងអាចតាមមើលរក្សាចិត្តនេះបានច្រើនជាងរឿងនៅខាងក្រៅខ្លួន ។
ដូចនោះ ពេលណាដែលចិត្តមានសេចក្ដីទុក្ខ ជំនួសឲ្យការទាមទារ
ឬព្យាយាមបង្គាប់បញ្ជាឲ្យរឿងខាងក្រៅប្រព្រឹត្តទៅតាមចិត្តយើង មិនល្អជាងឬប្រសិនបើយើងបែរមកចាត់ការជាមួយចិត្តយើង
ចាប់ផ្ដើមដោយការរំពឹងរឿងផ្សេងៗតាមសភាវៈពិត ព្រមទទួលយកគ្រប់យ៉ាងពេលណាដែលវាកើតឡើង
និងមានសតិរលឹកដឹងទាន់អារម្មណ៍អកុសលផ្សេងៗ ដែលបានកើតឡើង ពេលមានអ្វីមកប៉ះពាល់ត្រូវ
ឬពេលមានហេតុការណ៍អាក្រក់កើតឡើង ។
អ្នកណាធ្វើអ្វីយើង មិនអាក្រក់ដូចចិត្តដែលដាក់ខុសទេ
ប្រសិនបើដាក់ចិត្តត្រូវហើយ មិនមានអ្វីក៏មិនអាចយកមកញាត់សេចក្ដីទុក្ខ
ឬលួចសេចក្ដីសុខទៅពីយើងបានដែរ ។
ពេលយើងខឹងគេ មានមនុស្សមកប្រាប់យើងឲ្យលើកទោស
យើងត្រឡប់ជាមិនលើកទោសឲ្យ ថែមទាំងជេរស្ដីថាឲ្យមនុស្សណែនាំនោះថែមទៀត ដូចជា
ពោលបង្កាច់បង្ខូចថាគេជាមនុស្សបក្សពួកតែមួយ ទើបគេមកណែនាំដូចនេះ ។
ក្នុងពេលសេចក្ដីខឹងធ្វើឲ្យខ្លួនស៊ីមិនបានដេកមិនលក់ ធ្វើឲ្យច្រួលច្រាលឡើង
ចុះហេតុអ្វីយើងមិនព្រមលែងវាចោលទៅ ចុះហេតុអ្វីយើងមិនចេះព្យាបាលចិត្តហ្នឹងចេញដោយការឲ្យអភ័យទៅ
ប្រហែលជាមានន័យថា យើងមានចិត្តស្រឡាញ់សេចក្ដីក្រោធ យើងហួងហែងសេចក្ដីក្រោធ
មានគេមកណែនាំឲ្យឈប់ ឲ្យដាក់ចុះមិនព្រម បែរជាជេរស្ដីអ្នកមកណែនាំនោះ ឃើញមែនទេថា
អ្នកណាប្រាប់ថា ស្រឡាញ់ខ្លួនឯង តាមពិតយល់ មិនមែនស្រឡាញ់ខ្លួនឯងទេ បែរមកបន្ថែមធ្វើ
បាបខ្លួនឯងជាប្រចាំ អាចក្នុងន័យមិនធ្វើបាបរាងកាយខ្លួនឯង
តែចូលចិត្តធ្វើបាបចិត្តខ្លួនឯង ឬរកសេចក្ដីទុក្ខមកដាក់បន្ថែមចិត្តខ្លួនឯងជារឿយៗ ។
ពេលនេះមានមនុស្សកំពុងកាន់អានសៀវភៅនេះ កំពុងសញ្ជឹងគិតពិចារណាសំណេររបស់ស្មេរនេះ
តែចិត្តអាចវិលទៅនឹកឃើញមនុស្សដែលខ្លួនយើងខឹង មនុស្សដែលជេរប្រមាទ ឬធ្វើបាបយើង ។ ការធ្វើដូចនោះ
មិនខុសអីពីយកភ្លើងមកដុតរោលចិត្តខ្លួនឯងទេ ។
អង្គុយសប្បាយៗជំនួសនូវការមានសេចក្ដីសុខ
បែរទៅនឹកដល់ហេតុការណ៍អាក្រក់ដែលកន្លងមក នឹកឃើញមនុស្សដែលគៀបសង្កត់សង្កិនយើង
មនុស្សក្បត់យើង ដូចជាការដាស់ឡើងនូវសេចក្ដីក្រោធខឹងឲ្យងើបឡើង មិនខុសពីយកកាំបិតចុងស្រួចមកចាក់ឆ្កៀលបេះដូង
ឬយកភ្លើងមកដុតរោលចិត្តខ្លួនឯងឡើយ ។
ចូរស្រឡាញ់ខ្លួនឲ្យបានច្រើនបន្តិច
ឬស្រឡាញ់ខ្លួនឯងឲ្យច្រើនឡើងជាងមុន ដោយការមើលថែរក្សាចិត្តរបស់ខ្លួន
ជាពិសេសរក្សាចិត្តឲ្យមានសតិ ប្រសិនបើមិនមានសតិទេ យើងក៏អត់ធ្វើបាបចិត្តឯងមិនបាន
ទៅឆក់យកកាំបិតមកចាក់ចិត្ត ឬឆក់យកភ្លើងឱស ឬខ្យូងភ្លើងក្រហមងាំងមកដុតកំឡោចចិត្ត
ឬមិនចឹងទេ ស្រវាចាប់បានដុំថ្មធំមកសង្កត់លើចិត្ត ដោយការនឹកហួងហែងក្នុងរឿងដែលនៅមិនទាន់មកដល់
ដូចជា នឹកដល់ថ្ងៃដែលទៅពិនិត្យសុខភាព នឹកដល់ថ្ងៃដែលខ្លួនត្រូវទៅដោះបំណុល
ឬថ្ងៃដែលកូនចៅត្រូវប្រឡងចូលរៀនមហាវិទ្យាល័យ ទោះបីថ្ងៃនោះមិនទាន់មកដល់ក៏ដោយ
តែយើងខ្វល់គិតអំពីវាឡើងអំពល់ចិត្ត ដល់ហូបចុកលែងបាន សម្រាន្តលែងលក់ ។ ការធ្វើបែបនេះ
ដូចរកសេចក្ដីទុក្ខមកដាក់ខ្លួន ហើយធ្វើបែបនេះបានដោយសារភ្លេចខ្លួន
មនុស្សយើងមិនធ្វើបាបខ្លួនឯងទេ ដរាបណាមិនភ្លេចខ្លួន ពេលដល់ភ្លេចខ្លួនហើយ អាចធ្វើអ្វីបានទាំងអស់
ដូចជា ពេលខឹងខ្លាំង ក៏យកក្បាលមកបុកជញ្ជាំង យកដៃដាល់កញ្ចក់ ឬយ៉ាងហោចណាស់
ក៏ពន្លិចខ្លួនឋិតនៅក្នុងភាពកង្វល់ សេចក្ដីសោក សៅហ្មង
សេចក្ដីក្រោធដោយការគិតអំពីអតីតកាលកន្លងទៅ ឬនឹកដល់ថ្ងៃអនាគតដែលមិនទាន់មកដល់
វាមកដល់ពិតឬអត់ក៏មិនទាន់ដឹង ចេះតែពីគិតគ្មានហេតុគ្មានផល
គិតតែពីគូសរូបភាពខាងអវិជ្ជមាន វិប្បលាប កង្វល់ ឬស្ត្រេស ។
ប្រសិនបើយើងស្រឡាញ់ខ្លួនពិតមែន យើងចេះរក្សាចិត្ត មិនឲ្យអារម្មណ៍ទាំងនោះមកចាក់ដោត
មកដុតរោលចិត្តខ្លួនបានឡើយ ។
ក្នុងន័យនេះ មានរឿងដំណាលមួយថា
មានស្ត្រីម្នាក់ក្រោកពីព្រឹកព្រលឹម នាងក្រោកឡើងមកធ្វើលំហាត់ប្រាណក្នុងបន្ទប់ដេក
ខណៈដែលកំពុងហាត់ប្រាណនោះ ចោលភ្នែកទៅតាមមាត់បង្អួច
ឃើញស្នួរហាលខោអាវរបស់ផ្ទះអ្នកជិតខាង ទើបនិយាយជាមួយប្ដីដែលកំពុងដេកថា "បងមើលចុះ
ផ្ទះមួយនោះ បោកគក់សម្លៀកបំពាក់អត់ស្អាតសោះ កម្រាលពូកគគ្រិច មានស្នាមប្រឡាក់ប្រតាក
ផ្ទះក៏មាន តែហេតុអ្វីមិនបោកគក់ឲ្យស្អាត"
ប្ដីស្ដាប់ហើយក៏មិននិយាយអ្វីទាំងអស់
។ ថ្ងៃបន្ទាប់មកទៀត នាងរអ៊ូដូចដើម ។ ដល់ថ្ងៃទី៣ ក្រោកឡើងហើយ
ធ្វើកិច្ចការហ្នឹងដូចដើម ចោលភ្នែកទៅតាមមាត់បង្អួច ស្រាប់តែគ្រានេះ
នាងចម្លែកចិត្តថា ហេតុអ្វីខោអាវរបស់ផ្ទះអ្នកជិតខាងនោះស្អាត ទើបសួរប្ដីខ្លួនថា
"បងទៅប្រាប់ម្ចាស់ផ្ទះនោះឬថាបោកគក់ខោអាវមិនស្អាត?" ប្ដីនាងតបថា "អត់ទេ បងមិនបានទៅប្រាប់ម្ចាស់ផ្ទះហ្នឹងទេ
បងគ្រាន់តែជូតកញ្ចក់បង្អួចផ្ទះរបស់យើងឲ្យស្អាតប៉ុណ្ណឹងឯង" ។
ប្រពន្ធរអ៊ូថា
សម្លៀកបំពាក់របស់ផ្ទះអ្នកជិតខាងមិនស្អាត តែតាមពិតមិនមែនសោះ វាកើតបែបនេះព្រោះពីកញ្ចក់ផ្ទះរបស់ខ្លួនឯងទៅវិញដែលមិនស្អាត
។ រឿងនេះ ចង់អប់រំយើងថា ពេលយើងមើលឃើញថាគេមានបញ្ហា
តាមពិតបញ្ហាអាចនៅត្រង់ខ្លួនយើងក៏ថាបាន
រឿងនេះមិនមែនក្រើនរំលឹកឲ្យយើងព្យាយាមសម្អាតកញ្ចក់ផ្ទះរបស់យើងទេ
តែរឿងនេះកើនរំលឹកឲ្យយើងមើលថែកញ្ចក់ក្នុងចិត្តរបស់យើង ឲ្យស្អាតល្អជានិច្ច
ប្រសិនបើវាមិនស្អាត គឺឃើញអ្នកដទៃមានបញ្ហាមិនចេះអស់មិនចេះហើយ ។ ពេលចិត្តស្ថិតនៅក្នុងផ្នែកអវិជ្ជមាន
យើងមើលឃើញអ្នកដទៃមានអវិជ្ជមានទាំងអស់ប្រាកដ ។ ជួនកាលអ្នកដទៃដែលនៅជុំវិញខ្លួនយើង
ដូចជា ចៅហ្វាយនាយ បុគ្គលិក ប្ដី ប្រពន្ធ
ក៏មានចំណែកខាងបង្កបញ្ហាដែរ តែចិត្តអវិជ្ជមានរបស់យើង
កាន់តែធ្វើឲ្យអ្នកដទៃមានភាពអវិជ្ជមាន មើលមិនឃើញខាងវិជ្ជមានឡើយ ។
ក្រៅពីពិភពនៅជុំវិញខ្លួន
អាស្រ័យនៅលើចិត្តរបស់យើង សុខឬទុក្ខ ក៏អាស្រ័យលើចិត្តរបស់យើងដូចគ្នា
ជួបហេតុការណ៍អ្វីមិនធ្វើឲ្យយើងកើតទុក្ខ ប្រសិនបើចិត្តយើងមិនរួមដៃជាមួយ ។
ព្រះដ៏មានបុណ្យទ្រង់ត្រាស់ ប្រកាសំដែងថា "កាលណាដៃមិនមានរបួស បុគ្គលនឹងចាប់ត្រូវថ្នាំពិសក៏បានន
ថ្នាំពិសនោះមិនអាចបង្កឲ្យកើតគ្រោះថ្នាក់ទេ តែប្រសិនបើដៃមានរបួសវិញ ប៉ះត្រូវថ្នាំពិសពេលណា
កើតគ្រោះភ័យនៅពេលនោះភ្លាម" ។ ចិត្តរបស់យើងក៏ដូចគ្នា ប្រសិនបើចិត្តនេះមានរបួស
សូម្បីតែរឿងតូចតាចមកប៉ះត្រូវ ក៏ឈឺ ។ ពេលដៃមានរបួស សូម្បីតែចុងស្មៅមកប៉ះត្រូវ ក៏យើងមានអារម្មណ៍ថាឈឺដែរ
។
ការពិត ពេលមានគេមកជេរស្ដីជេរប្រមាថកាតទានលើយើង
ប្រសិនបើយើងមិនយកចិត្តទុកដាក់ទៅទទួលយក ក៏មិនឈឺ ក៏មិនតូចចិត្ត ឧទាហរណ៍ថា
យើងដើរលេងក្នុងចំការដូង មានស្វាមួយក្បាលរប៉ិលរប៉ូចក្រវែងផ្លែដូងមកលើយើង ប្រសិនបើយើងឃើញ
តើយើងយកខ្លួនទៅរងផ្លែដូងហ្នឹងទេ ?
មនុស្សដែលមានស្មារតីខ្ពស់ ក៏ត្រូវព្យាយាមរត់គេចពីផ្លែដូងនោះ
តែពេលមានមនុស្សបាចសាចពាក្យសម្ដីជេរប្រមាថដាក់យើង ហេតុអ្វីយើងមិនគេចចេញ? ហេតុអ្វីយើងយកចិត្តទៅទទួលពាក្យទាំងនោះ ?
ត្រង់ចំណុចនេះ លោកឪឆា សុភត្តោ មានថេរដីកាថា
ពេលមានមនុស្សជេរប្រមាថយើងជាឆ្កែជាឆ្មា មុននឹងខឹងក្ដៅក្រហាយ
ឲ្យយើងស្ទាបមើលត្រង់គូថសិន ថាខ្លួនយើងមានដុះកន្ទុយចេញមកឬអត់ ប្រសិនបើមិនមានកន្ទុយដុះចេញមកទេ
កុំខឹងក្ដៅក្រហាយជាមួយគេ ។ ប្រសិនបើយើងខឹងក្ដៅគេ សបញ្ជាក់ឲ្យឃើញថា យើងព្រមទទួលថា
យើងជាសត្វដែលគេជេរប្រមាថហ្នឹងឯង ។
ប្រសិនបើស្វាចោលផ្លែដូងហ្នឹងដាក់យើង
ជំនួសឲ្យការគេចចេញ បែរជាយកខ្លួនទៅរង ទៅឈឺ បើយ៉ាងនេះ តើគួរបន្ទោសអ្នកណា?
ពាក្យជេរប្រមាថបោះពួយសំដៅមករកយើង ប្រសិនបើយើងគេចចេញ មិនយកចិត្តទៅរងទទួល
យើងក៏មិនបានកើតទុក្ខ ។ ពាក្យជេរប្រមាថនោះ
ដូចជាសំបុត្រមួយច្បាប់ ប្រសិនបើយកទៅដាក់ក្នុងប្រអប់សំបុត្រប្រៃសណីយ៍ហើយគ្មានអ្នកមកយកទៅ ចុងក្រោយសំបុត្រនោះនឹងវិលមករកអ្នកយកទៅផ្ញើនោះវិញមិនខាន យ៉ាងណាមិញ ពាក្យជេរប្រមាថ ក៏ដូច្នេះដែរ
ប្រសិនបើយើងមិនមករងទទួលទេ វានឹងវិលទៅរកអ្នកជេរប្រមាថយើងនោះវិញ ដូចនោះ
យើងកុំទៅរងទទួលយកមកចាក់ដោតចិត្តយើងធ្វើអ្វី ។
ព្រះគ្រូជយសារោ ធ្លាប់មានថេរដីកាថា "លោកនេះមិនមានអ្វី មិនមានមនុស្សណា
នឹងមកបង្គាប់បញ្ជាឲ្យយើងកើតទុក្ខបានទេ មានតែរឿងដែលនាំឲ្យយើងកើតទុក្ខ
នាំឲ្យយើងពេញចិត្ត នាំឲ្យយើងមិនពេញចិត្ត វាមកអញ្ជើញ យើងនឹងទទួលឬមិនទទួល
វាជារឿងរបស់យើង គេមកបង្គាប់យើងមិនបាន" ។ ពេលមានអ្វីនាំឲ្យយើងកើតទុក្ខ
យើងអាចមានជម្រើសបានថា យើងនឹងទទួលពាក្យបបួលនាំឬអត់ យើងមិនទទួលក៏បាន
វាជាសិទ្ធិរបស់យើង ។ ដូចនេះ ទើបអាចនិយាយបានថា
មនុស្សយើងកើតទុក្ខដោយសារចិត្តយើងទៅទទួលពាក្យបបួលនាំរបស់គេ ឬមានចំណែករួមសហការជាមួយគេ
។ ការឈឺចាប់ ក៏ដូចគ្នា ជំងឺរោគា អាចធ្វើឲ្យរាងកាយយើងទទួលការឈឺចាប់ពិតមែន
តែត្រង់ចិត្តកើតទុក្ខជាមួយ ព្រោះចិត្តផ្សំគំនិតជាមួយការឈឺហ្នឹងដែរ ៕
-----------------------------------
អត្ថបទនេះប្រែសម្រួលចេញពីសៀវភៅ ធម្មៈឈ្នះទុក្ខ សូមអភ័យទោសដល់ម្ចាស់និពន្ធផងដែលបានយកអត្ថបទមកចុះផ្សាយមិនបានសុំការអនុញាត តែមិនព្រមឬយ៉ាងណាក៏សូមផ្ញើជាសារមកកាន់ប្រអប់ខាងក្រោមនេះបាន ។