Saturday, August 25, 2018

យើងខុសពីគេ !!!!!



យើងអាចជាជនដែលឈរលើលេខ ១០  តែមិនមែនបានន័យថាលេខ ១០ ជាលេខមិនល្អនោះទេ ។ លេខ ១០ អាចទុកថាអស្ចារ្យជាងលេខ ១១ ទៅហើយ ។ មនុស្សយើងកើតមកលើលោកនេះ គ្មាននរណាម្នាក់មានក្បាលពីរ ដៃប្រាំបីនោះទេ អ្វីៗគឺស្មើគ្នា ប៉ុន្ដែភាពអវិជ្ជមានមានកម្រិតខុសគ្នា ។ មនុស្សយើងភាគច្រើនមិនពេញចិត្ដនិងលេខដែលខ្លួនកំពុងឈរទេ តែងតែកើតទុក្ខមិនសុខចិត្ដចង់បានលេខល្អឬលេខ ១ ហើយលេខ ៩ ក៏មិនទទួលបាន លេខ ១០ ដែលកំពុងឈរក៏មិនបានរីករាយជាមួយ ។

ការចង់បានជីវិតប្រសើរវាគ្មានអ្វីខុសទេ ព្រោះនេះជាធម្មជាតិនៃជីវិត បន្ដែប្រសិនបើយើងចេះតែចង់បាន ហើយយើងមិនដឹងធ្វើម៉េចទើបបាន នោះគឺជាសេចក្ដីចង់បានដ៏ល្ងង់ខ្លៅបំផុត ។ ការចង់បានត្រូវតែដើរឲ្យទន្ទឹមនឹងការអភិវឌ្ឍន៍ខ្លួនឯង ។ លោក " Steve jope "បានពោលថា " អ្នកមិនអាចទទួលបានលេខ" ទេ ប្រសិនបើអ្នកមិនបានឆ្លងកាត់លេ " ០

យើងអាចចង់បានផ្លែស្វាយ ប៉ុន្ដែបើយើងមិនទិញគេ ឬមានដើមស្វាយដែលជារបស់ខ្លួនឯង យើងមិនអាចទទួលបានផ្លែស្វាយឡើយ ។ ធនធានដែលយើងយកទៅទិញផ្លែស្វាយ គឺវាកើតពីការស្វែងរក ហើយការស្វែងរកនោះគឺត្រូវបើកម្លាំងទៅប្ដូរយកវា។

យើងគួរតែដឹងថាយើងអាចមិនមែនមនុស្សអស្ចារ្យប៉ុន្ដែបើយើងហ៊ានគិតរឿងអស្ចារ្យ យើងនឹងឃើញផ្លូវថ្មីៗនិងទិដ្ធភាពល្អៗក្នុងក្ដីស្រមៃ។ ពេលខ្លះការមិនហ៊ានគិត ប្រៀបដូចជាការបិទផ្លូវដង្ហើមនៃជោគវាសនាល្អរបស់ខ្លួនឯងអ៊ីចឹង ។ ពាក្យថាមិនអាច ជាពាក្យរបស់បុគ្គលបរាជ័យ ហើយបុគ្គលនោះ មិនអាចឡើងដល់លេខ ១ ឡើយ ព្រោះគេបានទទួលស្គាល់ខ្លួនឯងថាគេមិនអាចទៅណាបានពី១០ ហើយលេខ១០នឹងនៅជាមួយគេអស់មួយជីវិត។ ដូចពាក្យមួយឃ្លាលើកឡើងថា ផ្លូវកាន់ភាពជោគជ័យ គ្មានស្នាមជើងមនុស្សខ្ជិលទេ

កូនឥន្ទ្រីដែលចិញ្ចឹមនិងមើលថែដោយមេមាន់ នៅពេលដែលវាធំឡើង វានឹងទទួលស្គាល់ថាវាគឺជាមាន់ វានឹងបដិសេធការហោះហើរលើអាកាស ដូចឥន្ទ្រីផ្សេងទៀត តែបើតាមធម្មជាតិវាគឺជាឥន្ទ្រី វាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីហើរលើមេឃដ៏ធំល្វឹងល្វើយប្រកបដោយសេរីភាព ប៉ុន្ដែសារជាតិរបស់សត្វមាន់បានប្រាប់វាថាវាជាមាន់ វាមិនអាចហោះហើរលើមេឃបានទេ ទោះបីជាវាចង់ហោះហើរកម្រិតណាក៏ដោយ បើវាមិនទទួលស្គាល់ខ្លួនវាថាជាឥន្ទ្រីទេ វានឹងដើរលើដីដូចកូនមាន់អស់មួយជីវិត ។

គិតសាជាថ្មី ប្រសិនបើពិតជាចង់បានលេខ ១ យើងត្រូវតែហ៊ានគិត ហ៊ានធ្វើ ហ៊ានអភិវឌ្ឍខ្លួន ទើបជីវិតរបស់យើងអាចមានការផ្លាស់ប្ដូរ ៕

Cr. ប្រាជ្ញាជីវិត

Friday, August 24, 2018

មនុស្សស្រីដែលខ្ញុំស្រឡាញ់ !



អាចថាខ្ញុំរើសច្រើន តែខ្ញុំត្រូវតែរើសអ៊ីចឹងហើយ រឿងអនាគត មិនមែនជាល្បែងលេងបាត់ពួនទេ វាជាទំនួលខុសត្រូវ និងកាតព្វកិច្ចក្នុងភាពជាម្ចាស់ការលើជីវិតខ្លួនឯង ។ ខ្ញុំមិនដែលគិតទេថា ខ្ញុំអាចនឹងរកបានមនុស្សយល់ចិត្ដខ្ញុំម្នាក់ ហើយមានគ្រប់យ៉ាងដែលខ្ញុំចង់បាន ។ ខ្ញុំអាចជាមនុស្សមិនល្អប៉ុន្ដែបើខ្ញុំមិនល្អទៅហើយ ខ្ញុំជ្រើសរើសមនុស្សមិនល្អទៀតនោះ គឺរឹទ្ធតែមិនល្អទ្វេដង ។ ខ្ញុំដឹងថាខ្ញុំគិតច្រើន តែធម្មជាតិបង្កើតមនុស្សមកមានខួរក្បាលសម្រាប់គិត បើមិនគិតមិនខុសពីសត្វគោ ក្របី ជ្រូក មាន់ ទា ឡើយ ។

មនុស្សស្រីភាគច្រើន មុននឹងស្រឡាញ់មនុស្សប្រុស គេតែងតែសម្លឹងមើលពីក្រោយខ្នងមនុស្សប្រុស បើមានជញ្ជាំងរឹងមាំគេនឹងទៅផ្អែកជាមួយ តែបើមានជញ្ជាំងស្លឹកត្នោតពុកផុយវិញណា៎ កុំថាឡើយមើល សូម្បីតែគិតក៏មិនអាចដែរ។

ខ្ញុំជាកូនប្រុស ខ្ញុំមិនដែលខ្លាចថាខ្លួនឯងរកប្រពន្ធមិនបាននោះទេ អ្វីដែលខ្ញុំគិតគឺពេលនេះខ្ញុំត្រូវតែមើលឲ្យបានវែងឆ្ងាយ ហើយធ្វើឲ្យខ្លួនឯងរឹងមាំ។ មនុស្សប្រុសប្រៀបដូចជាដើមឈើអ៊ីចឹង បើដើមឈើតូចតាចមិនរឹងមាំមិនកក់ក្ដៅ គ្មានសត្វបក្សាបក្សីណាភ្លើទៅធ្វើសំបុកលើនោះទេ បើមានមែននោះពិតជារឿងចម្លែកហើយ។

ក្នុងនាមខ្ញុំជាកូនប្រុស ខ្ញុំទទួលស្គាល់ថាមនុស្សប្រុសចង់បានប្រពន្ធស្អាត តែទន្ទឹមនឹងស្អាត ក៏មិនអាចខ្វះចរិយាយមាយ៌ាទបានដែរ ។ គេថា "មនុស្សថ្លៃថ្នូរឬមិនថ្លៃថ្នូរឋិតលើចរិត មនុស្សល្អពិតៗឋិតលើនិស្ស័យ " បើនិស្ស័យល្អអនាគតនឹងល្អ តែបើនិស្ស័យជាមនុស្សមិនល្អនឹងមានតែរឿងក្ដៅក្រហាយ គ្មានសុភមង្គលទេ។

មនុស្សដែលខ្ញុំស្រឡាញ់ មិនមែនត្រូវតែស្អាតទេ តែត្រូវតែជាមនុស្សដែលខ្ញុំអាចទុកចិត្ដបាន គេអាចមិនមែនជាមនុស្សអស្ចារ្យ តែអាចជាមនុស្សសាមញ្ញធម្មតាដូចខ្ញុំ មិនឡូយឆាយ មិនបាច់មានចំណេះដឹងច្រើនពេកទេខ្ញុំមិនត្រូវការឡើយ មិនបាច់ល្អពេកទេនៅជាមួយគ្នាទៅចេះកែលម្អគ្នាហើយ ជាមនុស្សសាមញ្ញៗធម្មតាៗ ឃើញផ្ទះរញេរញៃចេះរៀបចំទុកដាក់ ជាមនុស្សម្នាក់ជាទីគាប់ចិត្ដនៃញាតិជិតខាង ជាមនុស្សដែលចេះស្រឡាញ់ខ្លួនឯង ជាមនុស្សដែលចេះរក្សាកិត្តិយសគ្រួសារ ជាមនុស្សដែលមិនចេះលាក់បាំង ជាមនុស្សដែលនិយាយស្ដាប់គ្នាបាន មិនមានមានះទិដ្ឋិរឹងត្អឹង ជាមនុស្សដែលប្រកបដោយកតញ្ញូតាធម៌ចំពោះអ្នកមានគុណទាំងសងខាង ជាមនុស្សចិត្ដល្អចេះធ្វើបុណ្យចេះធ្វើអំពើល្អទុកក្នុងសង្គម ជាសាច់ញាតិដ៏ល្អនៃគ្រួសារខ្ញុំ ហើយក៏ជាមនុស្សត្រូវតែស្មោះត្រង់ ។

ខ្ញុំមិនមែនជាជនដែលចាំតែសុំពីគេទេ ខ្ញុំមិនហ៊ានសន្យាទេថាខ្ញុំត្រូវតែជាមនុស្សល្អ។ ខ្ញុំគិតថាកើតជាកូនប្រុស បើខ្លួនឯងមិនរឹងមាំ ខ្លួនឯងមិនទាន់មានលក្ខណសម្បត្ដិល្អគ្រប់គ្រាន់ ក៏ខ្ញុំមិនហ៊ានទាមទារភាពល្អពីមនុស្សស្រីដែរ ។ អាចថាខ្ញុំអាត្មានិយម ដែលយល់តែពីការទាមទារ តែមិនព្រមកែប្រែខ្លួនឯង ប៉ុន្ដែបើយើងពាក់អាវរហែក តើយើងសប្បាយចិត្ដនឹងពាក់ទេ? ប្រាកដណាស់ថាមិនអាច តែបើយើងមិនអាចពាក់ អ្នកដទៃក៏មិនអាចដែរ ។ បើខ្ញុំដឹងថាខ្ញុំខ្វះអ្វី ខ្ញុំនឹងបន្ថែមនោះ ។

រឿងរៀបការមិនមែនជាការកំណត់ថាជីវិតគូត្រូវតែស្រឡាញ់គ្នាជាអមតៈទេ មានមនុស្សច្រើនណាស់ដែលបានលែងលះគ្នាដោយសាររឿងមិនចុះសម្រុង ខ្វះការយោគយល់ មានះចង់ឈ្នះតែរៀងខ្លួន ។ ខ្ញុំមិនចង់ជួបរឿងអវិជ្ជមានទាំងនោះទេ ព្រោះខ្ញុំមិនចង់ឲ្យទំព័រជីវិតខ្ញុំ ត្រូវគេសរសេរលេងតែផ្ដេសតែផ្ដាសឡើយ ។

ខ្ញុំមិនប្រាថ្នាចង់ធ្វើអ្នកមានទេ ខ្ញុំគ្រាន់តែចង់មានគ្រួសារមួយដ៏កក់ក្ដៅ រស់នៅជាមួយធម្មជាតិ ចាកចេញពីការប្រកួតប្រជែងរបស់មនុស្សក្នុងវណ្ណៈសង្គម រស់ដោយពឹងលើកម្លាំងខ្លួនឯង មានមុខរបរខ្លួនឯង តូចក្ដីធំក្ដីឲ្យតែបានជួបជុំគ្រួសារ មានក្រមិនឋិតលើព្រហ្មលិខិតទេ គឺឋិតលើការខិតខំប្រឹងប្រែងនិងការចេះជួយគ្នា។ ទីណាក៏ដោយ ឲ្យតែអាចរស់នៅបានសុខសាន្ដ ទីនោះហើយជាស្រុកកំណើតពិតប្រាកដ។ ទីណាក៏ដោយឲ្យតែអាចមើលថែគ្រួសារបានល្អ អាចរីករាយជាមួយគ្នា ផ្ដល់ក្ដីសុខភាពកក់ក្ដៅនិងស្នាមញញឹមឲ្យគ្នា សុខទុក្ខចែករំលែកគ្នា ទីនោះហើយគឺជាផ្ទះដ៏កក់ក្ដៅបំផុត ហើយក៏ជាការសោយសុខលើពាក្យថាជីវិតដែរ ព្រោះគ្មានក្ដីសុខណាធំជាង ក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារឡើយ យើងអាចកំណត់ក្ដីស្រឡាញ់ចំពោះអ្វីមួយ តែមិនអាចកំណត់បានលើក្ដីស្រឡាញ់របស់គ្រួសារបានទេ៕...

Cr. ប្រាជ្ញាជីវិត

តើអានដើម្បីអ្វី?



ការអាន វាមិនមែនជាវិធីធ្វើឲ្យមនុស្សជោគជ័យនោះទេ តែវាគឺជាការបន្ថែមប្រសិទ្ធភាពទៅលើការគិតឲ្យបានកាន់តែល្អជាងមុន និងមានគំនិតដ៏វែងឆ្ងាយប្រកបដោយចក្ខុវិស័យ ។ នៅលើវិថីជីវិតដែលពោរពេញដោយការប្រជែងប្រណាំងនេះ មនុស្សដែលគ្មានការអាន គេអាចមើលទៅមុខបានត្រឹមតែផុតកន្ទុយភ្នែករបស់គេប៉ុណ្ណោះ ប៉ុន្ដែមនុស្សដែលមានចក្ខុវិស័យ គេអាចមើលឃើញចម្ងាយដល់ទៅរាប់រយពាន់យោជន៍ ។ ការអានគឺគ្មានបានប្រយោជន៍អ្វីទាំងអស់ ប្រសិនបើយើងមិនបានយកនូវអ្វីដែលយើងបានរៀនបានអាន យកទៅអនុវត្តន៍ក្នុងតថភាពជាក់ស្ដែងទេ ហើយជាពិសេសចំណេះដឹងនឹងក្លាយទៅជារបស់គ្មានន័យគ្មានតម្លៃ ប្រសិនបើវាមិនអាចបង្កើតជាប្រយោជន៍បាន ឬមិនបានចែករំលែកទៅដល់អ្នកដទៃនោះ ៕...

Cr. ប្រាជ្ញាជីវិត

អវិជ្ជា_ជាប្រធាននៃអកុសលទាំងឡាយ!



ប្រសិនបើយើងមិនយល់ យើងនឹងខឹងគេដាច់ក្បាលដាច់កន្ទុយ តែប្រសិនបើយើងចេះយល់ពីហេតុផល យើងនឹងដឹងថាហេតុអ្វីបានជាមានបញ្ហាអសកម្មកើតឡើង ។ ប្រសិនបើយើងមិនយល់ យើងនឹងយល់ថាមនុស្សអាក្រក់គួរឲ្យស្អប់ ប៉ុន្ដែប្រសិនបើយើងយល់ យើងនឹងដឹងថាមនុស្សអាក្រក់គួរឲ្យអាណិត ។ ហេតុអ្វីបានជាយើងត្រូវអាណិតមនុស្សអាក្រក់ ? នោះគឺមកពីយើងមិនយល់ពីប្រភពនៃមនុស្សអាក្រក់ ថាហេតុអ្វីបានជាមានមនុស្សអាក្រក់ ។ ពាក្យថាអាក្រក់នរណាៗក៏អាចនិយាយបាន ហើយនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ប្រសិនបើតម្រូវការជីវិត ឬបរិយាកាសជីវិតតម្រូវឲ្យធ្វើជាមនុស្សអាក្រក់ ។

ភាពជាមនុស្សអាក្រក់គឺពិតជាឯកោបំផុត ព្រោះក្នុងលោកនេះពុំមានមនុស្សអាក្រក់ណាត្រូវបានគេសាទរនោះទេ ហើយក៏គ្មានទីឋានណាគេចង់ស្វាគមន៍មនុស្សអាក្រក់នោះដែរ គឺមានតែការស្អប់និងការរអើមចំពោះពួកគេតែប៉ុណ្ណោះ ។ មនុស្សអាក្រក់ដែលគួរឲ្យរអើមខ្លាំងបំផុត គឺកើតឡើងដោយសារការខ្វះសេចក្ដីល្អក្នុងចិត្ដ ហើយការខ្វះសេចក្ដីល្អក្នុងចិត្ដគឺបណ្ដាលមកពីខ្វះការអប់រំចិត្ដ ដែលជាហេតុបណ្ដាលឲ្យភ្លើងនៃភាពច្រណែនឈ្នានីស ភ្លើងនៃការចង់បានហួសហេតុ ភ្លើងនៃការចងគំនុំសងសឹក ដណ្ដើមលួចប្លន់ ការបៀតបៀនអ្នកដទៃក្នុងផ្លូវអាក្រក់ផ្សេងៗ ឆេះឡើងក្នុងចិត្ដរបស់ពួកគេ ហើយភ្លើងនោះបានដុតពួកគេទាំងថ្ងៃទាំងយប់ឲ្យក្ដៅក្រហាយដេកមិនលក់បាយមិនឆ្ងាញ់គ្មានក្ដីសុខផ្លូវចិត្ដ ហើយជីវិតមួយនេះពោរពេញទៅដោយការភ័យខ្លាច ។

ព្រះពុទ្ធបានត្រាស់សម្ដែងថា " អវិជ្ជា ជាប្រធាននៃអកុសលទាំងឡាយ " មនុស្សអាក្រក់បែងចែកជាច្រើនប្រភេទ ហើយគ្រប់ផ្នែកនិមួយៗនៃភាពអាក្រក់ គឺសុទ្ធតែផ្សំឡើងពីភាពអវិជ្ជា ព្រោះដោយសារភាពអវិជ្ជា ទើបមានភាពអសកម្មក្នុងជីវិតកើតឡើង ហើយភាពអសកម្មទាំងនោះហើយ ដែលជាប្រភពនៃអំពើអាក្រក់ទាំងឡាយ ។

Cr. ប្រាជ្ញាជីវិត

Thursday, August 23, 2018

កុំស្អប់មនុស្សអាក្រក់



បិតាសន្ដិភាពប្រទេសឥណ្ឌា មហាត្មៈគន្ធី បានពោលថា " យើងមិនត្រូវស្អប់មនុស្សអាក្រក់ទេ អ្វីដែលយើងត្រូវស្អប់គឺអំពើអាក្រក់ " មនុស្សយើងនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ប្រសិនបើអំពើអាក្រក់មិនត្រូវបានបំបាត់ចោល ។ មានពេលខ្លះយើងបានយល់ច្រឡំចំពោះការជាន់ពន្លិចនរណាម្នាក់ជាមួយអំពើអាក្រក់របស់គេ ដោយយល់ថាធ្វើបែបនេះគឺដើម្បីកម្ចាត់មនុស្សអាក្រក់ ប៉ុន្ដែតាមសច្ចភាពនៃជាតិមនុស្សអាក្រក់ គឺកើតពីអំពើអាក្រក់ បើគ្មានអំពើអាក្រក់ ក៏គ្មានមនុស្សអាក្រក់ដែរ ។ យើងមិនអាចក្លាយជាអច្ឆរិយបុគ្គលដោយសារការជាន់ពន្លិចនរណាម្នាក់ឡើយ ទោះបីគេជាមនុស្សអាក្រក់ក៏ដោយ តែបើយើងអាចស្រាយចំណងអវិជ្ជារបស់គេបាន នោះទើបហៅថាបុគ្គលដ៏ប្រសើរ ។

ខុងជឺបានបង្រៀនទៀតថា "ចូរតបស្នងអំពើអាក្រក់ដោយអំពើល្អ តបស្នងអំពើល្អដោយភាពយុត្តិធម៌ " នៅក្នុងពិភពលោកដែលពោរពេញដោយកំហុសនេះ ពុំមាននរណាម្នាក់អាចគេចផុតពីកំហុសឡើយ ហើយនេះគឺជាមូលហេតុដែលយើងត្រូវមានមេត្ដាធម៌ចំពោះភាពជាមនុស្សដូចគ្នា ។ អំពើអាក្រក់ពេលខ្លះប្រៀបដូចក្រដាសសមួយសន្លឹកដែលគេសរសេរពាក្យថា " អាក្រក់ " ប៉ុន្ដែប្រសិនបើយើងគ្រាន់តែយកអ្វីម្យ៉ាងទៅលុបពាក្យអាក្រក់ចេញ រួចជំនួសមកវិញនូវពាក្យ " ល្អ " នោះគ្រប់គ្នាប្រាកដជាអានថាល្អ ទោះបីជាវាមានស្នាមខ្លះក៏ដោយ ហើយក្រដាសនៅតែជាក្រដាសដដែល មនុស្សក៏ដូចគ្នា ប្រសិនបើយើងផ្ដល់ការអប់រំត្រឹមត្រូវ គឺយើងបានលុបពាក្យអាក្រក់ចេញពីផ្ទៃមុខរបស់គេ ។ មនុស្សអាក្រក់ក៏ជាមនុស្សដែរ ពេលខ្លះដោយសារតែខ្វះសតិពិចារណា ឬដោយសារតែគេល្ងង់ ទើបគេបង្កើតបានជាកំហុសឆ្គងឡើងមក ។ ក្នុងនាមយើងជាមនុស្សដូចគ្នា យើងមិនគួរជ្រើសយកវប្បធម៌ជាន់ពន្លិចមកកែប្រែនរណាម្នាក់នោះទេ ។ ខុងជឺ បានបង្រៀនថា " គោលការណ៍របស់មនុស្សថ្លៃថ្នូរគឺសច្ចធម៌ " ប្រសិនបើយើងជាមនុស្សត្រឹមត្រូវ ប៉ុន្ដែយើងអប់រំនរណាម្នាក់ដោយប្រាសចាកពី សច្ចធម៌ យើងមិនខុសពីមនុស្សអាក្រក់ឡើយ ពេលខ្លះអាចអាក្រក់ជាងពួកគេទៅទៀត

យើងអាចមានខ្លួនឯងជាឧបមា  មានព្រះពុទ្ធដីកាថា អត្ដានំ ឧបមា កត្វា យកខ្លួនរបស់ខ្លួនឯងធ្វើជាឧបមា ប្រសិនបើយើងមិនប្រយ័ត្នជាន់ត្រូវបន្លា តើយើងចង់ដកវាចេញឬចង់ឲ្យគេចាក់វាបន្ថែម ? ក្នុងបរិបទសង្គមមនុស្សក៏ដូចគ្នាដែរ គ្មាននរណាម្នាក់អាចសប្បាយចិត្ដជាមួយការតិះដៀលទេ ប៉ុន្ដែគេនឹងសប្បាយចិត្ដជាមួយការណែនាំដ៏ត្រឹមត្រូវ ។ ខ្ញុំនិយាយនេះមិនបានកាន់ជើងមនុស្សអាក្រក់ទេ មនុស្សអាក្រក់ត្រូវតែមានទោស ដាក់ទោសគឺដើម្បីកែប្រែសារជាតិមនុស្សអាក្រក់ចេញ ប៉ុន្ដែមេត្ដាធម៌គឺត្រូវមានកាលទេសៈប៉ុណ្ណោះ ....

"កុំធ្វើអំពើណាដែលយើងមិនចង់ឲ្យគេធ្វើដាក់យើង" -ខុងជឺ-

Cr. ប្រាជ្ញាជីវិត

Wednesday, August 22, 2018

កម្លាំងចិត្ដនេះសំខាន់ណាស់!!!



ដើមឈើមួយដើមៗ ទម្រាំតែវាធំ វាបានឆ្លងកាត់ពីកូនរុក្ខជាតិតូចមួយ ហើយក៏បន្តលូតលាស់ជាមួយឧបសគ្កជាច្រើន ប៉ុន្ដែការតស៊ូលូតលាស់បន្ដិចម្ដងៗ រយៈពេលប៉ុន្មានឆ្នាំក្រោយវានឹងធំ ហើយវានឹងលែងខ្លាចខ្យល់ភ្លៀងទៀតហើយ ព្រោះជីវិតរបស់វាត្រូវបានរកឃើញថាមពលពិតប្រាកដ ។ កូនរុក្ខជាតិ គឺប្រៀបដូចកូនចិត្ដនៃក្ដីសង្ឃឹមរបស់យើងដែរ ឲ្យតែយើងរក្សាវាក្នុងចិត្ដ មុននឹងក្រោយវាគង់តែក្លាយមកជាការណ៍ពិតនៅថ្ងៃណាមួយមិនខាន ។

ឆាកជីវិតមានព្យុះមានភ្លៀងជារឿងគេចមិនផុត ហើយមានតែការតស៊ូទេ ទើបយើងអាចបន្ដជីវិតរបស់យើងនៅលើផែនដីនេះតទៅទៀតបាន ។ ពុំមានអ្វីឋិតថេរ ហើយក៏គ្មានរឿងសមបំណងច្រើនដែរ ជីវិតមានតែពាក្យមួយមាត់គត់ គឺ តស៊ូ យើងអាចបាត់បង់គ្រប់យ៉ាង តែមិនអាចបាត់បង់ការតស៊ូនេះបានទេ ។ គ្មាននរណាម្នាក់យកទំនិញមកឲ្យយើងស្រួលៗនោះឡើយ លុះត្រាតែយើងយកលុយទៅទិញ ជីវិតក៏ដូចគ្នា គ្មានជោគជ័យណាបានមកដោយស្រួលៗដោយមិនមានការពលីខ្លះនោះដែរ ។

យើងអាចនឹងឋិតនៅចំណុចមួយដែលកំពុងទន់ខ្សោយ ប៉ុន្ដែប្រសិនបើយើងបន្ដភាពទន់ខ្សោយនេះតទៅទៀត ថ្ងៃក្រោយយើងនឹងដួលងើបលែងរួច ។ បន្លាដែលមុតចូលសាច់ យើងប្រាកដជាដឹងហើយថាឈឺ ប៉ុន្ដែបើយើងមិនដកវាចេញ តើពេលណាទើបយើងអាចបន្ដដំណើរទៅមុខទៀតបាន ? បើយើងមិនដកភាពទន់ជ្រាយចេញពីជីវិត តើធ្វើម៉េចទើបអាចតតាំងជាមួយកម្លាំងខ្យល់ព្យុះនៃជីវិតបានទៅ ?

ញញឹមហើយបន្ដដំណើរទៅមុខជានិច្ច ព្រោះគ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបរឿងអសកម្មក្នុងជីវិតនោះទេ ជួនកាលយើងថាយើងលំបាក ប៉ុន្ដែយើងពិតជាមិនបានដឹងឡើយថា នៅមានគេលំបាកជាងយើងរាប់សិបដងច្រើនទៀត ។ ការឈឺចាប់ ការបរាជ័យ ការបាត់បង់ ត្រូវតែទទួលស្គាល់ថាវាជាការពិត ហើយចងចាំវាទុកជាមេរៀនជីវិត ដើម្បីបង្កើនភាពរឹងមាំឲ្យខ្លួនឯងទៅថ្ងៃក្រោយ ។ ជីវិតដែលរឹងមាំពិតប្រាកដ មិនមែនជាការទ្រាំជាមួយការឈឺចាប់ទេ គឺចេះរស់នៅនិងចេះបត់បែនជាមួយរសជាតិពិតនៃជីវិត

Cr. ប្រាជ្ញាជីវិត

Sunday, August 19, 2018

ភ្លេចស្រឡាញ់ខ្លួនឯង!



ស្នាមរបួសដែលមុតលើសាច់ វាពិតជាឈឺណាស់ ហើយវានឹងរឹតតែឈឺខ្លាំងបំផុត ប្រសិនបើយើងព្យាយាមចាក់វាបន្ថែម ។ ស្នេហាវាពិតជាផ្អែមណាស់ បន្ដែវាក៏ល្វីណាស់ដែរ ហើយវានឹងរឹតតែល្វីងទេ្វដង ប្រសិនបើយើងបានដឹងថាវាលែងមានរសជាតិផ្អែមហើយ នៅតែប្រឹងលេបទាំងល្វីង ចុងក្រោយអ្នកដែលស្ទើរស្លាប់គឺយើងខ្លួនឯង ។ អ្នកដទៃបានចាក់យើងមួយកាំបិត យើងឈឺណាស់ទៅហើយ តើហេតុអ្វីយើងត្រូវចាក់ខ្លួនឯងបន្ថែមទៀត ? អ្នកដទៃធ្វើបាបយើង ចុះហេតុអ្វីយើងត្រូវធ្វើបាបខ្លួនឯង ?

មានពេលខ្លះ ការបាត់បង់វាធ្វើឲ្យយើងសោកស្ដាយ ប៉ុន្ដែមានរបស់ខ្លះទោះវាមានតម្លៃប៉ុនណាក៏ដោយ បើវាមិនល្អសម្រាប់យើងហើយ ទោះបាត់ក៏មិនគួរឲ្យស្ដាយដែរ ។ របស់ខ្លះវាចូលមកដើម្បីឲ្យយើងស្រឡាញ់ ប៉ុន្ដែមិនមែនកម្មសិទ្ធិយើងទេ ។ មនុស្សខ្លះ ចូលមកដើម្បីបង្រៀនយើងពីរសជាតិនៃក្ដីស្រឡាញ់ ក្រោយមកក៏ចាក់យើងមួយកាំបិត រួចគេក៏ដើរទៅបាត់ដោយគ្មានស្ដាយស្រណោះ ។

សត្វចាបដែលយើងបានចិញ្ចឹម ការដែលយើងដាក់វាក្នុងទ្រុង ទោះទ្រុងស្អាតប៉ុនណាក៏ដោយ វាមិនមែនបានន័យថាស្រឡាញ់ទេ គេហៅថាឃុំឃាំង មនុស្សក៏ដូចគ្នា ទោះបីយើងឃុំឃាំងគេ បើចិត្ដគេចង់ទៅហើយ ទោះបីឃាត់ក៏គ្មានន័យដែរ ឃាត់កាយបានតែមិនអាចឃាត់ចិត្ដបានឡើយ ។

បាត់បង់របស់ជាទីស្រឡាញ់ វាពិតជាឈឺណាស់ ស្ដាយណាស់ ប៉ុន្ដែការឈឺចាប់សោកស្ដាយមិនអាចធ្វើឲ្យគ្រប់យ៉ាងត្រឡប់ដូចដើមវិញឡើយ ។ រឿងមិនល្អក្នុងជីវិត មិនមែនមានតែយើងទេ ដែលជួបប្រទះ អ្នកដទៃក៏ដូចយើងដែរ គ្រាន់តែយើងមិនបានដឹងប៉ុណ្ណោះ ។ សូម្បីតែផ្លូវដែលយើងដើររាល់ថ្ងៃ ក៏មានបត់បែន មានជង្ហុក មានដុំថ្ម ចុះទម្រាំផ្លូវជីវិត តើលែងអីនឹងគ្មានរឿងខកបំណង ? ជីវិតគឺជាជម្រើស គេអាចជ្រើសយកការបោះបង់យើង ចុះហេតុអ្វីយើងមិនអាចជ្រើសយកខ្លួនឯង ?

Cr. ប្រាជ្ញាជីវិត

រៀនពីបរិស្ថានជុំវិញយើង



បរិស្ថានជុំវិញខ្លួនយើង សុទ្ធសឹងជាគ្រូរបស់យើង ជាក់ស្តែងមនុស្សម្នាក់ៗតែងតែគិតពីនេះពីនោះ ដូច្នេះហើយ មានថ្ងៃមួយខ្ញុំបានសួរខ្លួនឯងថា៖ តើខ្ញុំគួរតែធ្វើបែបណាជាមួយនឹងជីវិតមួយនេះ? គ្រប់យ៉ាងនៅក្នុងផ្ទះក៏បានផ្តល់ចម្លើយឱ្យខ្ញុំ។

-ដំបូលផ្ទះប្រាប់ខ្ញុំ ដាក់គោលដៅឱ្យខ្ពស់

-កង្ហាប្រាប់ខ្ញុំថា ធ្វើអ្វីត្រូវធ្វើដោយចិត្តត្រជាក់

-នាឡិកាប្រាប់ខ្ញុំថា ត្រូវគោរពពេលវេលា

-ប្រតិទិនប្រាប់ខ្ញុំថា ត្រូវចេះព្យាយាមកែប្រែអ្វីដែលជាកំហុសខ្លួនឯងជារៀងរាល់ថ្ងៃ

-ទូដាក់សៀវភៅប្រាប់ខ្ញុំថា ត្រូវតែរៀនសូត្រនូវអ្វីដែលថ្មី

-កញ្ចក់ប្រាប់ខ្ញុំថា ត្រូវចេះពិចារណាមើលពីខ្លួនឯង

-អំពូលភ្លើងប្រាប់ខ្ញុំថា ត្រូវតែមានអនាគតភ្លឺស្វាង

-សរសរ និងធ្នឹមប្រាប់ខ្ញុំថា ត្រូវមានទំនួលខុសត្រូវ

-ផ្ទៃបាតប្រាប់ខ្ញុំថា ត្រូវស៊ូទ្រាំឱ្យបានជាមួយនឹងទម្ងន់ និងសម្ពាធ

-កាំជណ្តើរប្រាប់ខ្ញុំថា ធ្វើអ្វីត្រូវធ្វើម្តងមួយៗ ហើយប្រុងប្រយ័ត្ន

-ក្រណាត់ជូតជើងប្រាប់ខ្ញុំថា ទោះត្រូវគេមើលងាយជិះជាន់បែបណា ត្រូវតែតាំងចិត្តធ្វើការដោយសេចក្តីថ្លៃថ្នូរ ដើម្បីភាពស្អាតស្អំ

-ទ្វារបន្ទប់ប្រាប់ខ្ញុំថា ត្រូវចេះទុកចិត្តគេ តែក៏មិនមែនគ្រប់គ្នាទាំងអស់នោះដែរ

-បង្អួចប្រាប់ខ្ញុំថា កុំសម្ងំក្នុងទីងងឹតនាំចិត្តចង្អៀតតែឯង ត្រូវចេះស្វែង ត្រូវចេះបើកចិត្តមើលពិភពខាងក្រៅ

-កន្ត្រៃប្រាប់ខ្ញុំថា អ្វីដែលមិនមានប្រយោជន៍ដល់ជីវិត កុំគិតច្រើន ត្រូវចេះកាត់ចិត្ត

-ហើយចុងក្រោយកុងតាក់ចុចទឹកបង្គន់ប្រាប់ខ្ញុំថា នៅពេលដែលត្រូវលះបង់ចោល ចូរកុំទុក

គិតៗទៅ គ្រប់យ៉ាងដែលនៅជុំវិញយើង សុទ្ធតែអាចបង្រៀនយើងពីរបត់នៃជីវិត គ្រាន់តែថា តើយើងអាចយល់ ឬមិនយល់ ធ្វើតាម ឬមិនធ្វើតាម នៅពេលដែលវត្ថុជុំវិញ បានព្យាយាមប្រាប់ដល់យើងហើយនោះ៕

... គំនិតមនុស្សវិជ្ជមាន

Thursday, August 16, 2018

តើស្នេហាជាស្អីទៅ ?


ស្នេហាមិនមែនស្រាទេ ប៉ុន្ដែវាធ្វើឲ្យយើងស្រវឹង ។ ស្នេហាមិនមែនស្ករទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថាផ្អែម ។ ស្នេហាមិនមែនម៉ាស៊ីនត្រជាក់ទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថារងាគ្រប់ពេលនឹកគេ ហើយពេលនៅជិតចង់តែឱបគេ ។ ស្នេហាមិនមែនជាស្ករកៅស៊ូទេ តែវាធ្វើឲ្យយើងមានអារម្មណ៍ថាស្អិតជាប់ខួរក្បាល ។ ស្នេហាមិនមែនគ្រឿងញៀនទេ តែវាធ្វើឲ្យយើងបាត់មុខគេមិនបាន ។ ស្នេហាមិនមែនជាការធ្វើសង្គ្រាមទេ តែវាធ្វើឲ្យយើងនៅមិនសុខដេកមិនលក់យល់សប្តិមិនល្អ បើមិនបានប្រកែកគ្នាពីរបីមាត់មុនពេលដេក ។ ស្នេហាមិនមែនជាសម្លទេ តែវាធ្វើឲ្យយើងបាយមិនឆ្ងាញ់គ្រប់ពេលនឹកគេ ។ តើស្នេហាជាអ្វីឲ្យពិតប្រាកដ?

ពេលខ្លះស្នេហាប្រៀបដូចកាហ្វេទឹកកកមួយកែវ បើល្វីងពេកផឹកមិនឆ្ងាញ់ទេ តែដល់ពេលដាក់ស្ករច្រើន ទើបដឹងឆ្ងាញ់ ប៉ុន្ដែបើកាន់តែត្រជាក់ទៀត គឺកាន់តែឆ្ងាញ់ទ្វេដង ។ មានពេលខ្លះ ឈ្លោះព្រោះស្រឡាញ់ ម្ញ៉ិកម្ញ៉ក់ព្រោះចង់ឲ្យគេទ្រ រករឿងច្រើនព្រោះចង់ឲ្យគេខ្វល់ សួរនាំច្រើនព្រោះខ្លាចគេមានថ្មី និយាយច្រើនព្រោះចង់ឲ្យគេយល់ពីជម្រៅចិត្ដ ។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើជាដើមឈើដ៏រឹងមាំ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ទៅ ?

ក្នុងលោកនេះ មនុស្សដែលអាចស្ដាប់ឮសំឡេងបេះដូងគ្នាទៅវិញទៅមក គឺជាមនុស្សដែលអាចបរិយាយនូវភាសាជាច្រើនចេញពីជម្រៅចិត្ដ ប្រាប់ដល់មនុស្សដែលខ្លួនស្រឡាញ់ ។ ពេលខ្លះពាក្យពេចន៍ទាំងនោះ វាបានចូលទៅក្នុងប្រអប់នៃដួងវិញ្ញាណរបស់យើង ទាំងដែលគេពុំធ្លាប់ប្រាប់យើង ។ ពេលខ្លះ សំឡេងខ្សិបនៃបេះដូងរបស់គេ បានប្រាប់យើងនូវសម្ដីរាប់លានម៉ាត់ ដែលអ្នកដទៃមិនអាចស្ដាប់ឮ ប៉ុន្ដែពាក្យទាំងនោះវាមាននិយមន័យតែមួយគត់ គឺក្ដីស្រឡាញ់ដ៏បរិសុទ្ធ ៕...

តើមានទេ? ... ហាសហាស...

Cr. ប្រាជ្ញាជីវិត

រៀនផ្ដល់តម្លៃចំពោះមិត្តភាព



 មិត្តភាពមួយអាចរីកចម្រើនទៅបាន គឺដោយសារតែអំពើល្អដែលយើងបានផ្ដល់ឲ្យគ្នាទៅវិញទៅមក ហើយមានពេលខ្លះមិត្តភាពនោះ ក៏អាចរលាយបាត់ទៅវិញ ដោយសារតែកំហុសមួយពេលផងដែរ ។ មិត្តភាពមិនដូចម៉ូតូឡាននោះទេ ម៉ូតូឬឡាន ប្រសិនបើវាខូចយើងអាចជួសជុលឡើងវិញប្រើការដូចដើមបាន តែសម្រាប់មិត្តភាពមិនមែនជារឿងងាយស្រួលឡើយ ទោះបីជាយើងមានលុយរាប់សែនក៏មិនអាចទិញទំនុកចិត្ដពីមុនឲ្យត្រឡប់មកវិញបានដែរ ។ មនុស្សពីរនាក់ដែលអស់ទំនុកចិត្ដលើគ្នាទៅហើយ ទោះបីជារាប់អានគ្នាបន្ដទៀតក៏មិនស្និទ្ធដែរ គ្រប់យ៉ាងគឺមិនអាចដូចដើមឡើយ វាប្រៀបដូចជាម្ជុលមួយដើមដែលបានជ្រុះចូលក្នុងបាតទន្លេអ៊ីចឹង ។

មានពេលខ្លះ អំពើល្អបន្តិចបន្តួចដែលយើងបានធ្វើដាក់គ្នា គឺជាគុណតម្លៃនៃក្ដីស្រឡាញ់ គ្រាន់តែយើងមិនចាប់អារម្មណ៍រហូតដល់ថ្ងៃដែលយើង និងគេលែងមានឱកាសមើលមុខគ្នាផ្ទាល់ដូចមុន និយាយគ្នាសើចសប្បាយជាមួយគ្នាដូចមុន យើងក៏នឹករឭកហើយចង់ឲ្យគ្រប់យ៉ាងដូចដើម នេះអាចទុកថាជាគុណតម្លៃនៃការចងចាំដ៏ល្អមួយសម្រាប់មិត្តភាពមួយដ៏កក់ក្ដៅ បំផុត។

អំពើល្អបង្កើតឲ្យយើងនូវមិត្តភាព ហើយមិត្តភាពបង្កើតឲ្យយើងនូវក្ដីស្រឡាញ់ អំណាចនៃក្ដីស្រឡាញ់គឺពិតជាធំធេងណាស់ ។ យើងអាចនឹងកើតទុក្ខព្រួយ ប្រសិនបើយើងបានដឹងថា មិត្តភក្តិ ឬសាច់ញាតិរបស់យើងមានបញ្ហាមិនល្អ ប៉ុន្ដែយើងនឹងសប្បាយចិត្ដ ប្រសិនបើពួកគេកំពុងរីករាយ ទោះបីពេលខ្លះយើងគ្មានចំណែកសម្រាប់ភាពល្អរបស់គេក៏ដោយ(សប្បាយចិត្ដជំនួសគេ) នេះគឺអំណាចនៃក្ដីស្រឡាញ់ វាពុំមែនជារបស់ដែលគេអាចលក់នៅតាមផ្សារទេ តែវាគឺជាអារម្មណ៍ដែលកើតចេញពីការស្រឡាញ់ ។

យើងគួរថែរក្សាមិត្តភាពដោយក្ដីស្រឡាញ់ យើងនឹងទទួលបានភាពជិតស្និទ្ធកក់ក្ដៅ ផ្ដល់ភាពល្អឲ្យគ្នាទៅវិញទៅមក ទើបសន្ដិភាពអាចបានយូរអង្វែង ។ ត្រូវចាំថា មិត្តភាពមិនមែនជាទំនិញឡើយ បើយើងធ្វើឲ្យវាខូច គឺមិនងាយជួសជុលវិញបានទេ

Cr. ប្រាជ្ញាជីវិត

Wednesday, August 15, 2018

មនុស្សស្រីដែលមានសំណាង !!



មនុស្សស្រីដែលមានសំណាងកើតមកជាមួយរូបឆោមលោមល្អ ជាមនុស្សស្រីដែលមានបុរសៗជាច្រើនចាប់អារម្មណ៍ប្រលោមស្នេហ៍ ។ ផ្កាដែលរីកហើយ គឺតែងតែមានគេមើលឃើញ ផ្កាដែលគេមើលឃើញហើយ តែងតែមានគេស្រឡាញ់ចង់បាន។

មនុស្សស្រីដែលមានសំណាង មិនឋិតនៅលើរូបឆោមលោមទាំងស្រុងទេ គឺឋិតនៅលើកែវភ្នែករបស់នាងពូកែមើលបុរសឬក៏អត់? ព្រោះបើនាងអសមត្ថភាពឬមើលមិនដឹងថាបុរសដែលនាងជ្រើសរើសនោះល្អឬអត់ទេ នោះនាងនឹងអភ័ព្វបំផុត ដែលនាងមិនដឹងថា តម្លៃរបស់នាងគឺជាអ្វី។

មនុស្សស្រីប្រៀបដូចជាផ្កា រីកហើយកាលណាតែងស្រស់ស្អាត ប៉ុន្ដែឱកាសនៃការរីកមានមិនច្រើនទេ ម្លោះហើយការជ្រើសរើសមនុស្សល្អក៏មានពេលមិនច្រើនដែរ ។

Cr. ប្រាជ្ញាជីវិត

អ្វីដែលខ្ញុំស្រឡាញ់



១) ខ្ញុំស្រលាញ់ភាពជោគជ័យ ព្រោះវាធ្វើឲ្យខ្ញុំនឹងទទួលបានអ្វីដែលខ្ញុំចង់បាន។
២) ខ្ញុំស្រលាញ់ភាពបរាជ័យ ព្រោះវាបានបង្រៀនខ្ញុំឲ្យរឹងមាំ។
៣) ខ្ញុំស្រលាញ់សេចក្តីរីករាយ ព្រោះវាធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត។
៤) ខ្ញុំស្រលាញ់សេចក្តីទុក្ខក្រៀមក្រំ ព្រោះវាបើកមនោសញ្ចេតនាឲ្យខ្ញុំកំសត់ចង់យំចង់ស្រក់ទឹកភ្នែក និងរៀនទទួលយកការពិតពីវា។
៥) ខ្ញុំស្រលាញ់ពន្លឺរស្មីព្រះអាទិត្យ ព្រោះវាបានផ្តល់កំដៅឲ្យខ្ញុំ។
៦) ខ្ញុំស្រលាញ់ភាពងងឹត ព្រោះវាធ្វើឲ្យខ្ញុំអាចមើលឃើញពន្លឺរស្មីព្រិចៗនៃហ្វូងតារាទាំងឡាយដ៏ស្រស់ស្អាតកាន់តែច្បាស់។
៧) ខ្ញុំស្រលាញ់ភ្លៀងបង្អុរចុះមក ព្រោះវាអាចលាងជំរះនូវចិត្តសៅហ្មងចេញពីខ្លួនខ្ញុំ។
៨) ខ្ញុំស្រលាញ់កូនក្មេង ដោយសារតែភាពស្មោះត្រង់របស់ពួកគេ មិនមានពុតត្បុត។
៩) ខ្ញុំស្រលាញ់មនុស្សចាស់ ដោយសារ ចំណេះដឹងនិងបទពិសោធគាត់ អាចចែករំលែកដល់ខ្ញុំបាន។
១០) ខ្ញុំស្រលាញ់អ្នកមាន ដោយសារពួកគេពូកែរកនិងចេះទុកដាក់ ។
១១) ខ្ញុំស្រលាញ់អ្នកក្រ ដោយសារ ពួកគេមានចំនួនច្រើន។

តម្លៃអប់រំ៖

ចូលព្យាយាម ស្រលាញ់អ្វីៗដែលនៅជុំវិញខ្លួន និងហេតុការណ៍ទាំងឡាយដែលបានកើតឡើងឲ្យបានច្រើន ដើម្បីសេចក្តីសុខផ្លូវចិត្ត និងអាចបន្តដំណើរទៅមុខទៀត ដោយក្តីសង្ឃឹម៕

ពាក្យ ១២​​ឃ្លា​ របស់លោកស្រីផឹង លីយាន (ភរិយា​ ប្រធានាធិបតេយ្យចិន​ Xi JinPing)



ទី១- កូន​សម្លាញ់... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូបអាហារខ្លះ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។

ទី២- កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី)

ទី៣- កូន​សម្លាញ់... កូន​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ និង​ត្រូវ​ជា​មហាវិទ្យាល័យ​ដែល​មាន​​គុណភាព។ នេះ​មិនមែន​​រៀន​ដើម្បី​យក​ក្រេឌីត​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​មនុស្ស​យើង ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​ឲ្យ​បាន ៣​ទៅ​៤​ឆ្នាំ ដែល​ជា​​ជីវិត​ដែល​គ្មាន​លក្ខខណ្ឌ​តវ៉ា និង​ជា​ជីវិត​ដែល​​បាន​ទទួល​ការ​អប់រំ​ឲ្យ​មាន​សតិ​បញ្ញា ការ​គិត និង​ប្រើ​ហេតុផល (នៅ​ពេល​ចូល​ប្រឡូក​​ក្នុង​សង្គម​វា​ប្រៀបដូច​ជា​បាន​ស្គាល់​ពី​ជីវិត​ពិត)

ទី៤- កូន​សម្លាញ់... កូន​ដឹង​ទេ​ថា កូន​ទុក​ដាន​ជើង​បាន​​ឆ្ងាយ​ប៉ុណ្ណា ចិត្ត​គំនិត​​របស់​កូន​នឹង​ទូលំទូលាយ​បានប៉ុន​នោះ។ នៅ​ពេល​មាន​ចិត្ត​ទូលំទូលាយ​ហើយ ទើប​កូន​មាន​ក្ដី​សុខ ហើយ​បើ​ដើរ​មិន​បាន​ឆ្ងាយ​ទេ គឺ​ត្រូវ​ឲ្យ​សៀវភៅ​នាំ​កូន​ទៅ (​ពង្រីក​ទស្សនវិស័យ​របស់​ខ្លួន​ឯង​ដោយ​ពឹង​ផ្អែក​​លើ​ចំណេះដឹង)

ទី៥- កូន​សម្លាញ់... បើ​លោក​នេះ​នៅ​សល់​តែ​ទឹក​ពីរ​ពែង កូន​ត្រូវ​ទុក​មួយ​ពែង​ផឹក ចំណែក​មួយ​ពែង​ទៀត​គឺ​ត្រូវ​​ទុក​ប្រើ​សម្អាត​ផ្ទៃ​មុខ និង​ខោ​អាវ​ក្នុង​របស់​កូន (ការ​មើល​ឃើញ​តម្លៃ​ខ្លួន​​​ឯង មិន​ពាក់ព័ន្ធ​​នឹងការ​មាន ឬ​ក្រ​នោះ​ទេ)

ទី៦- កូន​សម្លាញ់... បើ​មេឃ​រលំ​ធ្លាក់​មក កូន​កុំ​បាច់​យំ​ស្រែក និង​​មិន​បាច់​ថ្ងូរ​រអ៊ូ​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​កូន​កាន់​តែ​ឈឺ​ចាប់ ចំណែក​មនុស្ស​ដែល​ស្អប់​កូន​កាន់​តែ​បាន​ចិត្ត (ព្រម​ទទួល​ជតា​កម្ម​យ៉ាង​ស្ងប់ មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​មាន​ក្ដី​សុខ)។

ទី៧- កូន​សម្លាញ់... ទោះ​បី​ហូប​បាយ​ជាមួយ​ទឹក​ស៊ីអ៊ីវ ក៏​ត្រូវ​​​ជូត​តុ ក្រាល​កម្រាល​ឲ្យ​បាន​ស្អាត ហើយ​អង្គុយ​ហូប​ឲ្យ​មាន​របៀបរៀបរយ។ រស់​នៅ​តាម​បែប​ធម្មតា​ៗ ប៉ុន្តែ​រក្សា​ឲ្យ​បាន​ភាព​ថ្លៃថ្នូរ​ សមរម្យ (ឥរិយា មារយាទ និង​ស្ថានភាព​មិន​មែន​ជា​រឿង​​ពាក់ព័ន្ធ​គ្នា​នោះ​ទេ)។

ទី៨- កូន​សម្លាញ់... នៅ​ពេល​កូន​ទៅ​កន្លែង​ឆ្ងាយ​ៗ ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ត្រូវ​យក​កាមេរ៉ា​ថត​រូប​ទៅ​ជាមួយ គឺ​ត្រូវ​យក​ប៊ិកនិង​ក្រដាស​ទៅ​ផង ព្រោះ​ទេសភាព​អាច​ដូច​គ្នា ប៉ុន្តែ​អារម្មណ៍​ដែល​មើល​ទេសភាព​នោះ​មិន​​ប្រាកដ​ថា​អាច​ត្រលប់​មក​បាន​ដូច​ដើម​​វិញ​នោះ​ទេ។ Xu Xia Ke អាច​ក្លាយ​​ជា​ភូមិវិទូ​ដ៏​ល្បី​នៅ​ប្រទេស​ចិន មិន​មែន​ដោយ​សារ​គាត់​បាន​ធ្វើ​ដំណើរ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​បាន​កត់ត្រា​រឿងរ៉ាវ និង​បទ​ពិសោធ​យ៉ាង​ល្អិតល្អន់​ពី​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដើម្បី​បន្សល់​ទុក​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។

ទី៩- កូន​សម្លាញ់... កូន​ត្រូវ​មាន​ផ្ទះ​មួយ​​របស់​​ខ្លួន​ឯង ទោះ​បី​ត្រឹម​តែ ៥ម៉ែត្រ​បួន​ជ្រុង​ក៏​ដោយ ព្រោះ​នៅ​ពេល​កូន​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​កូន​ស្រឡាញ់ ដល់​បែកបាក់​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​រក​កន្លែង​ដេក​មិន​បាន។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​កូន​មាន​ចិត្ត​ក្ដៅ នោះ​ក៏​មាន​កន្លែង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ចិត្ត​ត្រជាក់​វិញ​បាន​​នៅ​ទី​នោះ (ឧបនិស្ស័យ​បែប​ឯករាជ្យ)។

ទី១០- កូន​សម្លាញ់... ពេល​នៅ​ក្មេង​ ​ត្រូវ​មាន​ចំណេះដឹង នៅ​ពេល​ធំ​ឡើង​ត្រូវ​មាន​បទពិសោធ ទើប​កូន​មាន​ជីវិត​ដែល​រីក​ចម្រើន​យ៉ាង​មាន​គុណភាព (អាន​បទពិសោធ​របស់​អ្នក​ដទៃ និង​ស្វែង​រក​បទពិសោធ​សម្រាប់​ខ្លួន​ឯង)។

ទី១១- កូន​សម្លាញ់... មិន​ថា​ពេល​ណា​ក៏​ដោយ គឺ​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មេត្តា។ ត្រូវ​ចាំ​ទុក​ថា ការ​មាន​សន្ដាន​ចិត្ត​ល្អ នឹង​ធ្វើ​ឲ្យ​កូន​​​ក្លាយ​ជា​​មនុស្ស​ដែល​ទទួល​បាន​ការ​ឃុំគ្រង​មើល​ថែ​ល្អ​បំផុត​ពី​អ្នក​ផង និង​វត្ថុ​ស័ក្ដិសិទ្ធ​ទាំង​ឡាយ (ការ​ឃុំ​គ្រង​មើល​ថែ​នេះ​មិន​មែន​ដោយ​ភាព​មាន​បាន និង​អំណាច​នោះ​ទេ គឺ​ធ្វើ​ល្អ​ យើង​នឹង​បាន​អ្វី​ល្អ​មក​វិញ)។

ទី១២- កូន​សម្លាញ់... ស្នាម​ញញឹម ភាព​ស្រស់​ស្អាត និង​ភាព​ជឿជាក់​ នេះ​ហើយ​គឺ​ជា​ទ្រព្យរបស់កូន ៕

Cr: Pichsoudeny Noun

Thursday, August 9, 2018

គ្រប់យ៉ាងជារឿងដែលត្រូវឆ្លងកាត់



យើងមិនចូលចិត្ដលេបថ្នាំទេ ប៉ុន្ដែពេលយើងឈឺយើងត្រូវតែលេប ។ យើងមិនចូលចិត្ដម្ជុលចាក់ថ្នាំទេ ប៉ុន្ដែពេលយើងឈឺ យើងត្រូវតែទទួលការចាក់ថ្នាំ ។ យើងមិនចូលចិត្ដការឈឺចាប់ទេ ប៉ុន្ដែបើយើងមិនព្រមលេប យើងនឹងឈឺធ្ងន់លើសដើម ។ របួសមិនអាចជាទៅបាន ប្រសិនបើយើងមិនព្រមទទួលការព្យាបាល ។ រឿងគ្រប់យ៉ាងនៅក្នុងជីវិត វាមិនអាចកន្លងផុតបានឡើយ ប្រសិនបើយើងមិនបានឆ្លងកាត់ ។ យើងមិនអាចទាមទារឲ្យផែនដីត្រូវតែរាបស្មើបានទេ ។ យើងមិនអាចទាមទារឲ្យអ្វីៗក្នុងលោកនេះ ត្រូវតែស្របនឹងចិត្ដយើងតែម្នាក់ឯងបានឡើយ ។

ពេលយើងឈឺ ទោះយើងមិនចូលចិត្ដថ្នាំពេទ្យ ក៏យើងត្រូវតែលេប ។ ពេលយើងជួបរឿងលំបាកក្នុងជីវិត ទោះយើងមិនចូលចិត្ដក៏ត្រូវតែទទួល ។ ពេលយើងព្យាយាមហាមឃាត់ព្រះអាទិត្យមិនឲ្យរះ ក៏ព្រះអាទិត្យនៅតែរះ ទោះយើងយំដល់ស្លាប់ ក៏គ្រប់យ៉ាងនៅតែដំណើរការតាមធម្មតារបស់វា ប៉ុន្ដែប្រសិនបើយើងយល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងត្រូវតែបែបនេះ នោះយើងនឹងលែងឆ្ងល់ថា ហេតុអ្វីបានជាជីវិតយើងទៅជាបែបនេះឬបែបនោះទៀតហើយ ។

ផ្អែមខ្លះ ល្វីងខ្លះ នេះគឺរសជាតិនៃជីវិត ។ រឿងលំបាកៗ តែងតែមកដល់មុនរឿងសមបំណងទាំងឡាយជានិច្ច ។ ចាស់លោកថា "នឿយមុនស្រណុកក្រោយ" ។ ឆ្លងកាត់រសជាតិល្វីងនៃថ្នាំពេទ្យ ទើបយើងអាចជាសះស្បើយពីជំងឺ។ ការឆ្លងកាត់ភាពល្វីងជូរចត់នៃភាពតស៊ូ ទើបយើងអាចទទួលបានផ្លែផ្កាជីវិត ។ រឿងគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិត គឺសុទ្ធតែជាអ្វីដែលយើងត្រូវឆ្លងកាត់ ហើយមានតែការឆ្លងកាត់នេះទេ ទើបយើងអាចទៅដល់គោលដៅដែលយើងចង់ទៅ ។ ត្រូវចងចាំថា ចាញ់ជាមេរៀន ឈ្នះជាជោគជ័យ

ប.ភ៖ ប្រាជ្ញាជីវិត

អំណាចនៃចិត្តដែលបានលត់ដំ



គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ ចាស់ចិត្តចាស់គំនិត។ យើងត្រូវបែងចែកពាក្យ ចាស់ចិត្ត និងពាក្យ ចាស់គំនិត ចេញពីគ្នា។ ចាស់ចិត្ត គឺមានន័យថា ចិត្តនេះត្រូវបានលត់ដំ។ ការលត់ដំចិត្ត អាចធ្វើទៅបានតាមរយៈសមាធិ ចម្រើនភាវនា ឬប្រើសតិដឹង ឬតាមរយៈការឆ្លងកាត់បទពិសោធជីវិតជាក់ស្តែង។ ចាស់គំនិត គឺនិយាយអំពីការសិក្សារៀនសូត្រនៅសាលាបានច្រើន ឬមានចំណេះដឹងក្នុងខួរក្បាលច្រើន។

សុខក៏ដោយសារចិត្ត ហើយទុក្ខក៏ដោយសារចិត្ត។ ពុទ្ធសុភាសិតមួយលើកឡើងថា ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ។ តើចិត្តមានអំណាចខ្លាំងប៉ុនណា? កវីអង់គ្លេស វិល្លៀម ស្ហេកស្ពៀរ (William Shakespeare) និយាយថា ពិភពលោកនេះត្រូវគ្រប់គ្រងដោយគំនិត។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា ចិត្តជាប្រធាន។ មនុស្សមានចំណេះដឹងខួរក្បាលប្រហាក់ប្រហែលគ្នា និងមានបញ្ញាប្រហាក់ប្រហែលគ្នា តែបើម្នាក់ខ្វះអំណាចនៃចិត្តដែលត្រូវលត់ដំ ឬអំណាចចិត្តស្ងប់ ឬអំណាចចិត្តដែលអាចគ្រប់គ្រងខ្លួនបាន គឺនឹងត្រូវចាញ់។ មនុស្សមានចំណេះដឹងយុទ្ធសាស្រ្តខ្លាំង តែបើខ្សោយអំណាចនៃចិត្តលត់ដំ គឺនឹងត្រូវចាញ់។

ចិត្តដែលអាចគ្រប់គ្រងខ្លួនឯង គឺជាចិត្តដែលមានអំណាចអាចបញ្ជាចិត្តអ្នកដទៃបាន។ ចិត្តដែលអាចគ្រប់គ្រងបាន គឺមានអំណាចធំជាងខួរក្បាលដែលមានចំណេះដឹងរាប់លាន។ ខ្ញុំលើកទឹកចិត្តឱ្យយុវជនធ្វើសមាធិ តែសូមកុំមានចំណង់ឬតណ្ហាចង់បានអ្វីផ្សេងដែលនៅក្រៅខ្លួនឱ្យសោះ។ ចិត្តដែលត្រូវបានលត់ដំ និងចិត្តដែលមានសតិដឹងនេះ គឺមានអំណាចខ្លាំងជាងអំណាចដែលនៅក្រៅខ្លួនឆ្ងាយណាស់។ ត្រឹមតែសមាធិព្យាបាលបញ្ហារូបរាងកាយ ឬសមាធិសម្រាប់កើនបញ្ញាយល់ដឹង ឬសមាធិសម្រាប់អប់រំចិត្ត គឺល្អបំផុត

____
ប.ភ៖ ៣៦៥ថ្ងៃ

ទស្សនវិជ្ជានយោបាយប្លាតុង



បើនិយាយឱ្យមិនសូវពីរោះស្តាប់តាមទស្សនៈលីក្វាន់ យូ (Lee Kuan Yew) ក្នុងប្រទេសកំពុងអភវិឌ្ឍ សង្គមត្រូវការរបៀបដឹកនាំដែលធ្វើឱ្យប្រជាពលរដ្ឋមានវិន័យច្រើនជាងប្រជាធិបតេយ្យ។ បើនិយាយឱ្យស្មោគគ្រោកបន្តិចទៀត មិនសំខាន់ថាប្រជាធិបតេយ្យ ឬផ្តាច់ការទេ តែសំខាន់គឺ ការអភិវឌ្ឍសង្គមជាចំាបាច់

ប្រជាធិបតេយ្យ គឺត្រូវការការចូលរួម។ ការចូលរួមដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមប្រកបដោយចំណេះដឹង។ ប៉ុន្តែបើការចូលរួមខ្វះចំណេះដឹង គឺវានឹងប្រែក្លាយពាក្យប្រជាធិបតេយ្យទៅជាអាណាធិបតេយ្យវិញជាក់ជាពុំខាន។ កំហុសរបស់មេដឹកនាំ គឺប្រើរបៀបដឹកនាំផ្តាច់ការដើម្បីរក្សាអំណាចក្រុមខ្លួន ដើម្បីរក្សាផលប្រយោជន៍ក្រុមខ្លួន និងកំទេចក្រុមអ្នកប្រឆាំងដើម្បីអំណាចខ្លួន។

របៀបនេះពុំខុសពីការរិះគន់របស់មេដឹកនាំសូវៀត នីគីតា គ្រុសឆេវ (Nikita Khrushchev) ទៅលើរបបដឹកនាំរបស់យូហ្សែប ស្តាលីន ទេ។ គ្រុសឆេវ បានរិះគន់ដោយប្រើពាក្យថា Cult of Personality ឬការគោរពលើកជើងមេដឹកនាំ។ តើរបៀបដឹកនាំរបស់ស្តាលីនមានលក្ខណៈដូចម្តេច? ខ្ញុំនៅចាំសម្តីរបស់ស្តាលីនដែលនិយាយថា ប្រជាជនដែលបានទៅបោះឆ្នោត ពុំមែនជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិអ្វីនោះទេ តែអ្នកដែលរាប់សន្លឹកឆ្នោតទៅវិញទេ ដែលជាអ្នកសម្រេចរឿងគ្រប់យ៉ាងទាំងអស់

ទស្សនវិទូក្រិក ប្លាតុង (Plato) អះអាងថា មេដឹកនាំមានតួនាទីធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីសុខសុភមង្គល។ ដើម្បីដឹងថាអ្វីជាសុភមង្គល និងអ្វីជាអភមង្គល គឺត្រូវការសមត្ថភាពបញ្ញា និងសីលធម៌។ មានតែទស្សនវិទូ និងវិញ្ញូជនប៉ុនណោះ ដែលមានសត្ថភាព និងចំណេះដឹងពិតប្រាកដ។ ដូច្នេះ មនុស្សជាតិនឹងពុំអាចមើលឃើញការបញ្ចប់បញ្ហាសង្គមឡើយ លុះត្រាតែវិញ្ញូជនមកកាន់អំណាចនយោបាយ ឬអ្នកកាន់អំណាចនយោបាយក្លាយទៅជាវិញ្ញូជន

Mankind will never see an end of trouble until... lovers of wisdom come to hold political power, or the holders of power... become lovers of wisdom. Plato

_____
សៀវភៅពិគ្រោះ៖ The Politics Big Book, Big Ideas Simply Explained និងសៀវភៅ 50 Politics Classics

ប.ភ៖ ៣៦៥ថ្ងៃ
រូបភាព៖ https://www.google.com.kh/


ស៊ីជិនពីងគិតអំពីគុណធម៌




វិញ្ញូជនគិតអំពីគុណធម៌ជារឿងសំខាន់។ មនុស្សធម្មតាគិតពីរឿងសីលធម៌ តែពុំធ្វើរឿងសីលធម៌គ្រប់កាលៈទេសៈទេ។ មនុស្សដែលមានឧត្តមគិត គឺគិតពីរឿងសីលធម៌ ធ្វើរឿងដែលមានសីលធម៌ និងសុខចិត្តស្លាប់ដោយសារតែសីលធម៌។ តើហេតុអ្វីមនុស្សចាំបាច់ត្រូវមានគុណធម៌?

ទស្សនវិទូក្រិក សូក្រាត និយាយថា ទ្រព្យសម្បត្តិពុំអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ តែគុណធម៌តែម្យ៉ាង គឺនឹងធ្វើឱ្យមនុស្សមានគ្រប់យ៉ាង។ ឧត្តមជនឱ្យតម្លៃទៅលើភាពស្មោះត្រង់ និងសេចក្តីទៀងត្រង់ ពីព្រោះសេចក្តីទៀងត្រង់ គឺជាមូលដ្ឋាននៃសេចក្តីទុកចិត្តចំពោះគ្នាទៅវិញទៅមក។

ទស្សនៈរបស់ស៊ី ជិនពីង លើរឿងគុណធម៌នេះ គឺដើម្បីឱ្យយុវជនចិនទាំងអស់គិតលើប្រយោជន៍សមូហភាពជាធំ ដោយកុំធ្វើជាមនុស្សដែលខ្វះភាពជាមនុស្ស ហើយដើម្បីមានលក្ខណៈជាមនុស្សពេញលេញ គឺមានតែគុណធម៌ប៉ុនណោះ ដែលអាចបំពេញធាតុជាមនុស្សពេញលេញបាន។ តើហេតុអ្វី? ក្នុងទ្រឹស្តីច្បាប់បានលើកឡើងថា បើគ្មានច្បាប់ទេ មនុស្សប្រៀបដូចជាឆ្កែចចកនឹងគ្នា។ បើមនុស្សគ្មានគុណធម៌ទេ គឺមនុស្សមិនខុសពីសត្វឡើយ។ គុណធម៌បុគ្គល ធ្វើឱ្យមានគុណធម៌ក្នុងសង្គមជាតិទាំងមូល

The noble man considers righteousness essential. Xi Jinping

______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល"
រូបភាព៖ https://www.google.com.kh