Friday, May 22, 2020

គតិដាស់តឿនចិត្ត



មនុស្សយើងច្រើនណាស់ តែមិនសូវគិតរឿងដែលខ្លួនឯងមាន
ច្រើនតែគិតរឿងដែលខ្លួនឯងមិនមានទៅវិញ

មនុស្សយើងគ្រប់គ្នា ស្ទើរតែមិនបានគិតសោះថាតើខ្លួនឯងមានអ្វីខ្លះ?
ហើយយើងគិតត្រឹមតែថា ខ្លួនហាក់ដូចជាខ្វះអ្វីម្យ៉ាងប៉ុណ្ណោះ
ចូររីករាយសប្បាយចិត្តចំពោះអ្វីដែលខ្លួនឯងមាន
ក្នុងខណៈពេលដែលមនុស្សល្ងង់ប្រឹងប្រាថ្នាចង់បានមិនចេះគ្រប់
ការបណ្ដុះទម្លាប់ឲ្យកើតគំនិត  មើលឃើញរឿងពិតគ្រប់សកម្មភាព
គឺជារឿងមានតម្លៃថ្លៃជាងមានលុយកាក់ ពេញមួយឆ្នាំទៅទៀត

មនុស្សយើងមិនអាចប្ដូរទិសខ្យល់បាន
តែយើងអាចសម្រួលក្ដោងទូករបស់យើងបាន ”…

មនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន
គឺជាមនុស្សដែលឃើញភ្លើងខៀវគ្រប់ផ្លូវ
ចំណែកមនុស្សដែលសម្លឹងមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន
ពួកគេមើលឃើញតែភ្លើងក្រហមគ្រប់ផ្លូវ
តែមនុស្សវៃឆ្លាតពិតប្រាកដ កែវភ្នែកគេនឹងខ្វាក់ពណ៌
ការធ្វើបុណ្យកុសលដ៏ប្រសើរថ្លៃថ្លាដល់មនុស្សណាម្នាក់
ពុំមែនអាស្រ័យលើភាពមានបានទៅជួយសង្រ្គោះគេ ឬមិននោះទេ
ប៉ុន្តែវាអាស្រ័យលើការធ្វើឲ្យគេភ្លឺភ្នែក
មើលឃើញច្បាស់ពីកំណប់ទ្រព្យដែលខ្លួនគេមាន…
នៅក្នុងខ្លួនរបស់គេនោះទៅវិញទេតើ
គ្មានកិច្ចការណាដែលថាថយថោកទេ
សូមឲ្យកិច្ចការងារនោះសមស្រមទៅតាមទិសដៅ…
ក្នុងខ្សែជីវិតខ្លួនឯងទៅគឺបានហើយ ។


រឿងដែលមានតម្លៃបំផុតរបស់មនុស្សយើងគឺ ជីវិត
ហើយយើងនឹងធ្វើជាម្ចាស់ជីវិតនេះបានត្រឹមតែម្ដងប៉ុណ្ណោះ  

មនុស្សយើងមិនមានថ្ងៃដែលបានរបស់ដែលខ្លួនឯងពេញចិត្តនោះទេ
រហូតដល់មនុស្សយើងចេះរៀនពេញចិត្តចំពោះអ្វីដែលខ្លួនឯងមាន
ចូរកុំបណ្ដែតបណ្ដោយឲ្យជីវិតប្រព្រឹត្តទៅដោយគ្មានខ្លឹមសារ
បុគ្គលដែលមានជីវិតរស់ តែមានជីវិតមិនព្រមតស៊ូ
គឺសាកសពអាចដើរបាន
ឧបសគ្គធំបំផុតរបស់ភាពជោគជ័យរបស់មនុស្សយើងគឺ
ការលះបង់ចោលកណ្ដាលទី ។
 
បើប្រាសចាកពីភាពក្រាញននៀលស្វិតស្វាញហើយ
តែងមិនអាចសម្រេចអ្វីបានឡើយ  

 មោកនភាពដ៏ជ្រាលជ្រៅរបស់យើង
មិនមែនថាមិនធ្លាប់បរាជ័យទេ តែបរាជ័យហើយ
តែអាចក្រោកឡើងស៊ូមកវិញបាន គ្រប់ពេលដែលខ្លួនបរាជ័យនោះ
មុននឹងទេវតាចុះមកជួយយើង
មនុស្សយើងគ្រប់គ្នា ត្រូវធ្វើតិស្តនូវសេចក្ដីព្យាយាមដំណាក់កាលដំបូងសិន
ពេលខ្លះ ខ្លួនត្រូវអត់ទ្រាំនឹងការស្រេកឃ្លាន
រាងកាយត្រូវទ្រុឌទ្រោមល្ហិតល្ហៃ
ចិត្តគំនិតត្រូវច្របូកច្របល់ខ្វាយខ្វល់
រឿងទាំងអស់នេះ សុទ្ធតែត្រូវមកលុតដំយើងរហូតដល់យើងរឹងមាំ
ការព្រមប្រឈមមុខជាមួយឧបសគ្គ
គឺដើម្បីបំពេញនូវរឿងដែលខ្លួនយើងខ្វះខាតក្នុងជីវិត
ចូរធ្វើដំណើរលើវិថីដែលត្រឹមត្រូវមួយ
មិនថាមាគ៌ានោះ មានភាពលំបាកយ៉ាប់យឺនប៉ុនណាទេ…
ពេលយើងស៊ាំនឹងវាហើយ
យើងនឹងមានអារម្មណ៍ថា ផ្លូវនោះរាបស្មើស្រួលល្អណាស់ ។

ខ្លឹមសារនៃជីវិត អាស្រ័យលើការព្យាយាម បើមិនស្ទុះស្ទារ
តើខ្លួននឹងបានជួបភាពជោគជ័យនោះមកពីណា  

ដំណើររៀនក្នុងជីវិតនេះមិនចេះចប់ទេ
គឺរៀនពេញមួយជីវិត
ជីវិតគឺ ការរៀនដែលមានមេរៀនឲ្យរៀនបានជានិច្ច
សិស្សក្នុងសម័យមុនសិក្សាដើម្បីឲ្យខ្លួនឯងសម្រេចបានការសិក្សា
តែសម្រាប់សិស្សបច្ចុប្បន្នសិក្សាដើម្បីឲ្យខ្លួនឯងទទួលបានការសិក្សា
ការរៀនហ្វឹកហាត់សមត្ថភាពមិនមែនជារឿងលំបាកខ្លាំងទេ
សំខាន់គឺការចេះយកសមត្ថភាពនោះទៅប្រើឲ្យបានសមរម្យ
ទើបជារឿងពីបាកបំផុត ។

ធ្វើការឲ្យគេ មិនអស់ពីកម្លាំងកាយចិត្ត ស្មើនឹងបោកប្រាស់គេ
រាប់អានមិត្តភក្តិមិនស្មោះត្រង់ ស្មើនឹងបោកប្រាស់មិត្តភាព
សិក្សារៀនសូធ្យតែមិនបានរំលឹក ស្មើនឹងបោកប្រាស់ខ្លួនឯង និងគ្រូ  

មនុស្សដែលមានចំណេះដឹងស្ទាត់ជំនាញពិសេស
ប្រៀបដូចសត្វសុនខដែលគេបង្វឹកបានជំនាញហើយ
ប្រសើរជាងមនុស្សដែលមានក្បាល ទុកគ្រាន់តែដុះសក់
បើអ្នកឲ្យត្រីមួយក្បាលដល់អ្នណាម្នាក់
គេនឹងយកធ្វើម្ហូបហូបរស់បានមួយថ្ងៃ
តែបើអ្នកបង្រៀនវិធីចាប់ត្រីឲ្យដល់គេ
គេអាចរស់បានមួយជីវិត
បើដើរទៅមានគ្នាបីនាក់ តែងតែមានគ្រូរបស់យើងទៅជាមួយ
ការជ្រើសរើសយកចំណុចល្អៗរបស់គេ ទុកធ្វើជាគំរូ
រីឯចំណុចខ្វះខាតរបស់គេ
ទុកប្រើជាកញ្ចក់ឆ្លុះកែលំអខ្លួនយើង ៕

--------------------------------------
ប្រ. ៩៦ ធម្មគឺកម្លាំងចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក និងគេហ. 

១០ ទម្លាប់របស់មនុស្សមានក្ដីសុខ នរណាក៏អាចធ្វើបាន



ពាក្យថាសេចក្ដីសុខ មិនថាក្មេង ចាស់ទេ គឺស្គាល់ដឹងឮទាំងអស់ ហើយម្នាក់ៗប្រឹងប្រែងស្វែងរកវត្ថុល្អ រឿងល្អគ្រប់យ៉ាងដើម្បីធ្វើខ្លួនឲ្យមានសេចក្ដីសុខ ។ ដើម្បីតែសេចក្ដីសុខតែម្យ៉ាងមនុស្សគ្រប់រូបខំរកគ្រប់វិធី មធ្យោបាយទាំងអស់ ដែលខ្លួនមាន ចំណាយទាំងពេលវេលា ធន់ធាន កម្លាំងកាយចិត្ត ។ អ្នកខ្លះ ស្ថិតនៅក្នុងស្ថានការណ៍ដ៏អាក្រក់ អាចមើលឃើញពីរឿងល្អៗបាន អាចរកសេចក្ដីសុខឲ្យខ្លួនបានជានិច្ច ។  តាមពិតទៅ សេចក្ដីសុខ នៅជិតខ្លួនយើងបង្កើយ គឺវាកើតឡើងជាមួយទង្វើ និងគំនិតរបស់យើងទាំងអស់ ។

កុំឲ្យអូសក្រឡាវែងឆ្ងាយពីប្រធានបទនុ៎ះ តោះ ! ចូលអាន ហើយគិតពិចារណាអំពីសេចក្ដីសុខរបស់មនុស្សមួយចំនួនដែលគេមាន រហូតដល់យើងលួចច្រណែនជាមួយ ថាតើពួកគេមានទម្លាប់បែបណា ដើម្បីទទួលបានសេចក្ដីសុខមួយនេះ ? 

១) សម្លឹងមើលគ្រប់សកម្មភាពឲ្យមានក្ដីសុខ ៖ លោកអ្នកសង្កេតមើលមនុស្សខ្លះ ពួកគេអាចមានសេចក្ដីសុខជាមួយផ្កាស្មៅតាមដងដើរ ឬក្លិនដីក្រោយពេលដែលភ្លៀងបង្អុរចុះរួច ។ ពួកគេទាំងនេះ ចេះរៀនក្នុងការប្រើជីវិតយ៉ាងសន្សឹមៗ អប់រំផ្លូវចិត្តឲ្យទទួលយករឿងដែលមានចំពោះមុខ ក្នុងពេលដែលពួកគេមើលឃើញទិដ្ឋភាពដែលញ៉ាំងចិត្តកាយពួកគេឲ្យមានសេចក្ដីសុខ ។ ពេលនោះហើយ ជាពេលវេលាដ៏អស្ចារ្យ ទោះជាខ្លួនស្ថិតនៅក្នុងសភាពស្មុគស្មាញដ៏លំបាកយ៉ាងណា ក៏ខ្លួនមិនបានរត់គេច ឬដោះខ្លួនចេញ ទ្រាំប្រឈមមុខជាមួយបញ្ហាទាំងនោះ ដោយខ្លួនមានគំនិតវិជ្ជមាន ។

២) មិនគិតតូចចិត្ត ៖ មនុស្សដែលមានសេចក្ដីសុខ គឺជាមនុស្សដែលមិចសូវចេះគិតតូចចិត្ត ចំពោះអ្វីដែលបានកើតឡើងសមតាមបំណងប្រាថ្នារបស់ខ្លួន ព្រោះតាមពិត យើងដឹងច្បាស់ណាស់ថា យើងមិនអាចគ្រប់គ្រងអ្វីដែលបានកើតឡើងគ្រប់ពេលវេលាទេ បើរឿងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ការតបស្នងរបស់អ្នកដទៃ វាកើតឡើងទៅតាមអ្វីដែលខ្លួនគិត ហើយក៏ខ្លួនមិនចាំបាច់ចំណាយពេលយូរក្នុងការសម្រេចធ្វើអ្វីមួយ ដែលអាចផ្ដល់សេចក្ដីសុខដល់យើងច្រើនឡើងដែរ ។

៣) ចូលចិត្តទប់ទល់ ៖ ការទប់ទល់ក្នុងទីនេះ មិនមែនសំដៅការលេងកីឡាឯកស្ទ្រីម ឬក៏លោតកម្ពស់ ប្រណាំងសេះ លោតស្គី ហែលទឹក រត់ប្រណាំងនោះទេ តែក្នុងន័យថា ខ្លួនត្រូវការក្រោកឡើងស៊ូ និងត្រូវព្យាយាមធ្វើឲ្យល្អប្រសើរជាង ក្នុងពេលដែលខ្លួនជួបភាពបរាជ័យ ទោះបីក្នុងស្ថានភាពដ៏លំបាកប៉ុនណាឬចំណាយពេលយូរប៉ុនណាក្នុងការសម្រេចក៏ដោយ ខ្លួននៅតែមើលឃើញថា ឧបសគ្គទាំងនេះគឺជាពេលដែលត្រូវទប់ទល់ជាមួយខ្លួនឯងប៉ុណ្ណោះ ។

៤) ដឹងថាខ្លួនត្រូវការអ្វី ៖ ការធ្វើក្ដីសុបិនដ៏ធំរបស់ខ្លួនឲ្យក្លាយជាការពិត ដែលជាគោលដៅ និងការអនុវត្តដើម្បីសម្រេចវាឲ្យបាន ជាដំបូងអ្នកត្រូវដឹងថា ខ្លួនត្រូវការអ្វី ហើយនឹងមិនត្រូវការអ្វី ។ ពេលអ្នករកចម្លើយជួបហើយ អ្នកត្រូវចាប់ផ្ដើមធ្វើវាយ៉ាងសន្សឹមៗ ។ ការធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ឬត្រូវការ តែងតែធ្វើឲ្យខ្លួនមានសេចក្ដីសុខជានិច្ច ។

៥) នៅជុំវិញខ្លួនមានសុទ្ធតែមនុស្សមានសេចក្ដីសុខ ៖ តើអ្នកធ្លាប់បានតាមដានសង្កេតមើលទេថា ហេតុអ្វីមនុស្សដែលនៅជិតខ្លួនមានសេចក្ដីសុខបានគ្រប់ពេល ? មួយផ្នែកកើតឡើងពីមនុស្សដែលជុំវិញខ្លួនរបស់ពួកគេ ព្រោះនៅជុំវិញខ្លួនរបស់ពួកគេមានមនុស្សដែលមានសេចក្ដីសុខនោះឯង ។ ខ្លួនយើងក៏ដូចនោះដែរ ប្រសិនបើមានមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខ វាមានផលល្អចំពោះខ្លួនយើងផងដែរ ។ អ្នកអាចចេះរៀនវិធីគិត និងការធ្វើរបស់មនុស្សដែលមានសេចក្ដីសុខនោះបាន តាមពិតទោះជាអ្នកមិនអាចរើសមនុស្សមានសេចក្ដីសុខបាន តែអ្នកអាចផ្លាស់ប្ដូរផ្នត់គំនិត ឬបង្កើតបរិយាកាសឲ្យមានសេចក្ដីសុខឲ្យដល់ខ្លួនឯងបាន ។

៦) ថែរក្សាខ្លួន ៖  ព្រោះថា សភាពរាងកាយ និងចិត្តគំនិតមានការប្រាស្រ័យគ្នានឹងគ្នា ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់មើលថែសុខភាពរាងកាយរបស់ខ្លួនឲ្យបានល្អ ចុះអ្នកនឹងបានថាមពលមកពីណាដើម្បីឲ្យខ្លួនមានសេចក្ដីសុខ ? ពេលអ្នកបានចូលគេងលង់លក់ស្កប់ស្កល់ ទទួលទានអាហារឆ្ងាញ់ៗ ហើយហាត់ប្រាណបានទៀងទាត់ វានឹងមានផលល្អដល់សភាពផ្លូវចិត្ត និងធ្វើឲ្យខ្លួនមានសេចក្ដីសុខបាន ។

៧) ទប់ទល់ជាមួយបញ្ហាក្នុងផ្លូវវិជ្ជមាន ៖ ផ្នែកមួយដែលមនុស្សគ្រប់គ្នាត្រូវជួបប្រទះគឺការប្រឈមមុខជាមួយបញ្ហា ។ មនុស្សដែលមានសេចក្ដីសុខ តែងតបស្នងចំពោះស្ថានការណ៍លំបាកៗក្នុងផ្លូវវិជ្ជមានជានិច្ច ហើយមានអ្នកខ្លះ ចេះរៀនដាស់តឿនចិត្តខ្លួនឯងថា ខ្ញុំអាចធ្វើបាន ខ្ញុំអាចទៅរួច ខ្ញុំនៅតែស៊ូ ។ល។ ពួកគេមិនបានមើលបញ្ហាធំដូចជាភ្នំ ដែលមិនអាចឡើងដល់ទេ តែពួកគេរកមើលវិធីឡើងឲ្យដល់កំពូលភ្នំនោះឲ្យទាល់តែបាន ។

៨) ឲ្យច្រើនជាងប្រើ ៖ មនុស្សដែលមានសេចក្ដីសុខ ច្រើនមានសេចក្ដីសុខពេលដែលខ្លួនធ្វើជាអ្នកបម្រើ ព្រោះពួកគេដឹងថា ការឲ្យយ៉ាងក្រៃលែងគឺការឲ្យមានសេចក្ដីសុខ ។ ការឲ្យ ឬការជួយសង្គ្រោះអ្នកដទៃ គឺជាចលករមួយបង្កើនសេចក្ដីខុសឲ្យកើតឡើងពិតប្រាកដបាន ។

៩) ហ៊ានប្រថុយប្រថាន ៖ ព្រោះថា ភាពជោគជ័យកើតឡើងបានមិនមែនប្រាសចាកការផ្សងព្រេងទេ ប្រសិនបើមិនហ៊ានប្រថុយប្រថានតាំងពីគ្រាដំបូង ភាពជោគជ័យក៏គ្មានថ្ងៃកើតឡើងបានដែរ ។ មនុស្សដែលមានសេចក្ដីសុខ ពួកគេមិនខ្វល់អំពីបញ្ហាទាំងនេះទេ តែពួកគេស៊ាំជាមួយបញ្ហាហ្នឹងច្រើនជាង ទោះបីពួកគេដឹងថា ខ្លួននឹងត្រូវជួបការប្រថុយប្រថានក៏ដោយ ។ ដូចអ្វីដែលបានពោលខាងដើមហើយថា ពួកគេព្រមនឹងទប់ទល់ជាមួយបញ្ហា មិនថាស្ថានភាពនោះល្អ ឬអាក្រក់កម្រិតណាទេ មិនថា ពួកគេចាប់ផ្ដើមធ្វើអ្វីទេ ពួកគេនឹងមិនរង់ចាំឲ្យមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងហ្នឹងឡើយ ពួកគេយកពេលវេលាហ្នឹងធ្វើឲ្យអស់ពីលទ្ធភាព និងធ្វើដោយការតាំងចិត្តខ្ពស់បំផុត ។ 

១០) បង្កើតមិត្តភាព ៖ ក្រៅពីមានមនុស្សដែលនៅជុំវិញខ្លួនប្រកបដោយសេចក្ដីសុខដូចៗគ្នាហើយ ខ្លួនត្រូវសាងមិត្តភាពឲ្យបានច្រើនថែមទៀត ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខនោះដែរ ។ បើរកមិនបានតាមការជួបប្រាស្រ័យទេ អាចសាកល្បងរកឱកាសស្គាល់ពួកគេតាមវិស័យការងាររបស់ខ្លួនខ្លះៗក៏បាន ។

ប្រសិនបើប្រិយមិត្តអ្នកអានគេហទំព័រនេះ ចង់មានសេចក្ដីសុខបន្ថែមឡើងឲ្យដល់ជីវិតរបស់ខ្លួននុ៎ះ អាចសាកល្បងវិធីទាំង ១០ ប្រការនេះ យកទៅអនុវត្តជាមួយខ្លួន ហើយអ្នកនឹងដឹងថា វានឹងមានផលល្អចំពោះសេចក្ដីសុខរបស់ខ្លួនហួសពីការស្មាន ៕

Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក

Thursday, May 21, 2020

គោលដៅជោគជ័យយើងជាអ្នកកំណត់ដោយខ្លួនឯង



មនុស្សត្រូវតែមានគោលដៅក្នុងជីវិត ព្រោះវាគឺជាក្រិតគោលបន្ទាត់ក្នុងជីវិតសម្រាប់ពិនិត្យតាមមើលភាពជោគជ័យរបស់អ្នក ថាតើនៅឆ្ងាយ ឬនៅជិត ឬក៏ពេលណាអាចនឹងឈានដល់ភាពជោគជ័យ? ភាពជោគជ័យនេះ តាមពិតទៅមិនមែនស្ថិតលើមានលុយចាយហូរហៀរ មានឡានទំនើបជិះ ឬផ្ទះវិឡាធំស្កឹមស្កៃនោះទេ ។

តែពាក្យថាមានបានរបស់មនុស្សនេះមិនស្មើគ្នាទេ អ្នកខ្លះថាមានមួយម៉ឺនដុល្លារគឺជាអ្នកមានហើយ ហើយអ្នកខ្លះទៀតមានដប់ម៉ឺនដុល្លារ នៅតែថាខ្លួនមិនទាន់គ្រប់ទៀត ។ ដូចនេះ ភាពមានបាន គ្រាន់តែជាលទ្ធផលនៃភាពជោគជ័យតែប៉ុណ្ណោះ ។ ភាពជោគជ័យរបស់អ្នកអាស្រ័យលើគោលដៅ ដែលខ្លួនឯងជាអ្នកកំណត់ដោយខ្លួនឯង ។ តើភាពជោគជ័យនេះយកអ្វីមកធ្វើក្រិតបន្ទាត់កំណត់របស់អ្នកដូចម្ដេច?

សូមគិតវិជ្ជមានថា នៅថ្ងៃនេះអ្នកមិនទាន់បានជោគជ័យដោយសារមានឧបសគ្គ ឬមានហេតុការណ៍ដ៏លំបាក ឬក៏ធ្លាក់ក្នុងស្ថានភាពគួរឲ្យសង្វេគ តែត្រូវចាំថាថ្ងៃណាដែលអ្នកជោគជ័យនុ៎ះ អ្វីៗទាំងនេះគឺជាសញ្ញាសម្រាប់បញ្ជាក់ពីភាពជោគជ័យដ៏ពិតប្រាកដរបស់អ្នក ព្រោះរាល់បុគ្គលជោគជ័យ សុទ្ធតែឆ្លងកាត់រឿងរ៉ាវវេទនា តស៊ូអត់ទ្រាំជាមួយនឹងពាក្យប្រមាទមើលងាយមើលថោកគ្រប់រូបភាព ហើយអ្នកបានហ្វឹកហ្វឺន ហាត់ពត់ចិត្តទ្រាំបានគ្រប់ស្ថានភាពទាំងអស់ ។ ដូច្នេះហើយ ភាពជោគជ័យកើតចេញពីភាពលំបាក មិនមែនភាពជោគជ័យធ្លាក់ពីលើមេឃមក ឬទេវតាអង្គណាប្រទាន ឬក៏ជប់ឲ្យនោះទេ ។ គេថា ពឹងលើព្រេងសំណាង ១០ភាយរយ ពឹងលើការបញ្ចេញញើសឈាមថាមពលើកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនឯង ៩០ ភាគរយ ប្រសើនបើអ្នកចង់បានភាពជោគជ័យមកជារបស់ខ្លួនឯង ។

ឧទាហរណ៍  ក្នុងកំឡុងព្រឹត្តិការណ៍ ឬហេតុការណ៍កើតឡើង មនុស្សយើងមានប្រត្តិកម្មចំពោះហេតុការណ៍នោះមិនដូចគ្នាទេ ។ នេះគឺជាមូលហេតុដែលធ្វើឲ្យលទ្ធិផលចេញមកមិនដូចគ្នា ដូចនេះ ភាពជោគជ័យមានរូបភាពក៏ខុសប្លែកគ្នាទៅតាមហ្នឹងដែរ ។

មនុស្សគ្រប់គ្នាមានក្តីស្រមៃ មានគោលដៅដូចគ្នាតែអ្វីដែលមិនដូចគ្នា គឺការអនុវត្ត ទស្សនៈវិស្ស័យ និងការព្រមផ្លាស់ប្តូរខ្លួនចេញពីដែនសុវត្ថិភាពដើម្បីឆ្ពោះទៅកាន់គោលដៅ តែភាគច្រើនមនុស្សយើងចូលចិត្តកាត់បន្ថយក្តីស្រមៃលុបគោលដៅខ្លួនឯងចោល ដើម្បីនៅបន្តក្នុងដែនសុវត្ថិភាពនោះច្រើនជាង ។ ក្នុងន័យថាមិនហ៊ានប្រថុយប្រថាន់ធ្វើរឿងដែលខ្លួនបានកំណត់ទុក ឬក្ដីសុបិន ៕

----------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក

ការស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្ត



ភាពស្ទាក់ស្ទើរ អាចធ្វើឲ្យមនុស្សម្នាក់រស់នៅក្នុងភាពមិនច្បាស់លាស់ មិនមានជំនឿចិត្ត ហើយក៏មិនអាចទៅដល់កន្លែងដែលខ្លួនចង់ទៅ មិនអាចទទួលបានរបស់ដែលខ្លួនចង់បាន ប៉ុន្តែពេលខ្លះការសម្រេចចិត្តដែលមុតស្រួច ដាច់ខាត ក៏វាត្រូវការតម្លៃនៃការលះបង់មួយដ៏ខ្ពស់ និងមានការប្រថុយប្រថាន ដែលមនុស្សម្នាក់មិនមានលទ្ធភាពនឹងចំណាយដូចគ្នា។

ជីវិតជារបស់យើងគ្រប់វិនាទី យើងគ្មានជីវិតផ្សេងទៀតទេ ស្អែកគឺស្អែក បច្ចុប្បន្ននេះសំខាន់ណាស់ ដូច្នោះយើងត្រូវរស់នៅជាមួយនឹងបច្ចុប្បន្ន យើងអាចមានតួនាទីធ្វើឲ្យជីវិតរបស់យើង មានក្ដីសុខ និងមានសេរីភាពបាន ៕

កុំឲ្យរឿងខ្លះធ្វើបាបចិត្តយើង



គ្មានអ្នកណាអាចដឹងបានមុនទេថា ជីវិតនឹងជួបប្រទះបញ្ហាអ្វីខ្លះ ?ត្រូវបរាជ័យអ្វីខ្លះ ?ខ្លួនបានត្រឹមតែត្រៀមចិត្ត ដើម្បីទទួលរ៉ាប់រងនូវផលវិបាកដែលតាមមកប៉ុណ្ណោះ ។

រឿងខ្លះ ប្រការខ្លះ វាពិតជាធ្វើឲ្យយើងស្មុគស្មាញ និងមានកង្វល់ច្រើនណាស់ បើខ្លួនអាចកាត់ ទម្លាក់ចោលវាបាននោះ គឺជារឿងប្រសើរមួយ ដូចពំនោលមួយពោលទុកថា កាត់ចិត្តមិនបាន វានឹងធ្វើឲ្យឈឺចិត្តខ្លាំង កាត់ចិត្តបានខ្លះ វាល្មមនៅអាចទ្រាំទ្របាន តែបើទំលាក់វាចុះបាន នឹងលែងមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ ។ ព្រោះថា ការឈឺចាប់ដែលខ្លួនយើងទទួលបានមកអំពីចិត្ត ។ ការកាត់ចិត្តបាន មានន័យថា យើងលែងឈឺចាប់ ។ ដូចពាក្យពំនោលមួយពោលថា បើចិត្តស្ងប់ អ្វីក៏ត្រូវអស់ អ្វីក៏ត្រូវចប់ដែរ " ។

បញ្ហាខ្លះ មិនខុសពីមនុស្សយើងដឹងហើយថា ដុំថ្មហ្នឹងធ្ងន់ ភ្លើងហ្នឹងក្ដៅ ទឹកសមុទ្រហ្នឹងប្រៃ អំបែងកែវហ្នឹងមុត ខ្លួននៅតែលើកទូល លើកលី នៅតែចាប់ នៅតែលូក នៅតែលេប នៅតែផឹក នៅតែក្ដោមក្ដាប់បាតដៃហ្នឹងយ៉ាងណែនទៀត ។ ផលវិបាកដែលខ្លួនទទួលរងគឺ ធ្ងន់ ក្ដៅ ប្រៃ មានរបួសឈឺចាប់តែប៉ុណ្ណោះ ។ បើតូចក៏ស្រាល បើធំក៏ធ្ងន់ខ្លាំង ប៉ះតិចរលាកតិច ប៉ះខ្លាំងរលាកខ្លាំង ផឹកតិចប្រៃតិច ផឹកច្រើនប្រៃខ្លាំង បើក្ដាប់តិចមុតតិច បើក្ដាប់ខ្លាំងមុតក៏ខ្លាំងទៅតាមនោះដែរ ។
បញ្ហាផ្លូវចិត្តនេះ តែងតែកើតឡើងក្នុងលក្ខណៈដូចៗគ្នាអ៊ីចឹង មិនថារឿងសិក្សា ការងារ យសសក្តិ លុយកាក់ សុខភាព ស្នេហា ឬបរិស្ថានជុំវិញខ្លួននោះទេ ។ ដូចយើងបានពោលខាងលើហើយថា អ្វីដែលធ្វើឲ្យយើងស្ងប់បានមានតែម្យ៉ាងទេគឺ ធ្វើចិត្ត ។ ការធ្វើចិត្ត ក្នុងន័យអប់រំ ហ្វឹកហាត់ឲ្យចិត្តរៀនទទួលយកការពិត​របស់យើងនេះឲ្យបាន ព្រោះថា គ្មានអ្វីដែលអាចនៅឋិតថេរជានិរន្តរ៍នោះទេ ។  ហើយការរង់ទទួលនេះ អាចកើតឡើងពីធាតុផ្សំជាច្រើន ដែលយើងមិនអាចដឹងបាន ជួនកាលមកពីអតីតកាល ជួនកាលមកការងារបច្ចុប្បន្ន ដែលយើងមានការធ្វេសប្រហែស ។ លោកថា ការមានសេចក្ដីប្រមាទ​ គឺជាសេចក្ដីស្លាប់ ។

រឿងខ្លះ ដាក់វាចុះទៅ វាក៏លែងធ្ងន់ បើនៅតែស្ពាយ វានៅតែធ្ងន់ ។ ដូចជារឿងអតីតកាលរបស់យើង វាបានធ្វើដំណើរមកហួសឆ្ងាយហើយ យើងលែងគិតអំពីវាមកយូរហើយៗ វាមិនសមនឹងឲ្យខ្លួនកកូរកកាយឡើងមកម្ដងទៀតទេ ។ នេះហើយដែលធ្វើឲ្យយើងមានការឈឺចាប់ ដែលខ្លួនទាញចិត្តឲ្យរើសរឿងហ្នឹងយកមកគិតទៀត ។ រឿងខ្លះក្នុងអនាគត ដែលយើងមិនត្រូវខ្វល់ មិនត្រូវគិត ព្រោះយើងគិត យើងខ្វល់ ក៏យើងមិនអាចទៅធ្វើរឿងទាំងហ្នឹងបានដែរ ដូចយើងបញ្ជាក់ខាងលើហើយ គ្មានអ្នកណាដឹងមុនថា យ៉ាងម៉េចនោះទេ សម្រាប់ថ្ងៃអនាគត ។ ដូចនេះកុំយករឿងទាំងពីរហ្នឹងមកពួនផ្ដុំក្នុងពេលបច្ចុបប្បន្នរបស់យើងនេះធ្វើអ្វី ។ ចុងបញ្ចប់គួរស្ពាយបន្ត ឬទំលាក់វាចុះ វាស្ថិតលើយើងខ្លួននេះឯង ជាអ្នកសម្រេចជ្រើសរើសយកថា មួយណាគួរ មួយណាមិនគួរប៉ុណ្ណោះ ៕

---------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាពហ្វេសប៊ុក

Wednesday, May 20, 2020

ក្ដីសុខរបស់មនុស្សយើងម្នាក់ៗខុសៗគ្នា



តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមនុស្សស្រីហ៊ានចំណាយលុយទិញកាបូបថ្លៃ តែសាច់ប្រើការ ពិតប្រាកដមានកម្រិតខ្លាំងណាស់សម្រាប់ការចំណាយលើវត្ថុប្រើប្រាស់ចាំបាច់របស់ខ្លួន ? អ្នកលេងហ្គេមហ៊ានចំណាយលុយទិញអីវ៉ាន់ក្នុងហ្គេមថ្លៃជាងសម្ភារជាប់ខ្លួន ? បុរសចូលចិត្តផឹកគ្រឿងស្រវឹង ទោះដឹងថាវានាំឲ្យខូចសុខភាព ហើយចំណាយច្រើនក៏ដោយ ក៏ខ្លួននៅតែប្រព្រឹត្តធ្វើដដែល ? ដឹងថាអាហារឆ្ងាញ់មិនសូវល្អចំពោះសុខភាព អាហារសុខភាពទោះមិនមានតម្លៃខ្ពស់ តែនៅតែហ៊ានចំណាយខ្ពស់ដើម្បីអាហារឆ្ងាញ់ជំនួសវិញ ?

ព្រោះនោះគឺជាក្តីសុខ ! សេចក្តីសុខរបស់យើងវាមិនដូចគ្នាទេ ។ សេចក្តីសុខកើតឡើងជាមួយនឹងអ្វីដែលខ្លួនទទួលបានហើយ ឬធ្វើហើយយើងសប្បាយចិត្ត ។ សេចក្តីសុខមនុស្សមានច្រើនបែប តែបើកើតទុក្ខភាគច្រើន ដោយសារយកសេចក្តីសុខរបស់ខ្លួនទៅប្រៀបធៀបជាមួយសេចក្ដីសុខរបស់អ្នកដទៃនុ៎ះឯង ។

បើមានក្តីសុខតាមអ្វីដែលជាធម្មជាតិរបស់ខ្លួននោះ វាគឺជារឿងល្អ ព្រោះពេលវេលាខ្លីណាស់សម្រាប់យើងម្នាក់ៗ កុំចំណាយពេលវេលានោះ ដើម្បីក្លាយជាអ្នកដទៃ ផ្ទុយពីអ្វីដែលមិនមែនជារបស់ខ្លួនឯង ។ តែកុំភ្លេចណ៎ា ! ចូរស្រឡាញ់ខ្លួនឯងឲ្យបានត្រឹមត្រូវ ហើយត្រូវដឹងខ្លួនជានិច្ចថា តើខ្លួនឯងកំពុងធ្វើអ្វី? នាំខ្លួនទៅរកទុក្ខ ព្រោះតែសុខមានរយៈពេលខ្លី ឬក៏នាំខ្លួនទៅតាមក្តីស្រមៃរបស់ខ្លួនពិតប្រាកដ ៕

------------------------------------
Cr. ពន្លឺ ដួងចន្ទ
កែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក

ជីវិតគឺជាការផ្សងព្រេង



យើងអាចធ្វើឱ្យនាឡិការឈប់ដើរបាន តែយើងមិនអាចឃាត់ពេលវេលាឱ្យលែងទៅមុខនោះទេ ជួបរឿងល្អក៏ដោយ រឿងមិនល្អក៏ដោយ មួយថ្ងៃៗទៅមុខជានិច្ចមិនចាំអ្នកណាមួយឡើយ ។ ដូចនេះ អ្វីដែលខ្លួនគួរធ្វើ ដើម្បីក្លាយជាមនុស្សល្អ  មនុស្សមិនមានភាពស្ដាយក្រោយ សម្រាប់នោះ គឺអំពើដែលមានប្រយោជន៍ អំពើល្អនោះឯង ព្រោះថាខ្លឹមរបស់មនុស្សគឺអំពើល្អ ។

ស្អប់អ្នកណា ចូលចិត្តអ្នកណា ថ្ងៃមួយគង់នឹងបែកគ្នាព្រោះគ្មានអ្នកណាគេផុតពីសេចក្តីស្លាប់នោះបានទេ។ ព្រោះថា សេចក្ដីស្លាប់នេះយុត្តិធម៌ណាស់ សម្រាប់ជីវិតមនុស្សសត្វ ហើយក៏គ្មានអ្វីទៅសុកប៉ាន់ មេមច្ចុរាជនេះបានដែរ ។ ស្អប់និងស្រឡាញ់ គ្រាន់តែដុះក្នុងចិត្តយើងបណ្ដោះអាសន្នប៉ុណ្ណោះ ។ តែយ៉ាងណា ការបណ្ដុះសេចក្ដីស្រឡាញ់របស់យើងឲ្យបានច្រើន ព្រោះធាតុវិជ្ជមាន អាចនាំចិត្តយើងមានសេចក្ដីសុខច្រើនជាងធាតុអវិជ្ជមាន ព្រោះធាតុអវិជ្ជមាន មិនដែលនាំបុគ្គលណាឲ្យជួបរឿងល្អក្នុងជីវិតទេ ។

ខែនេះរកប្រាក់ចំណេញបានច្រើន ខែក្រោយក៏ស្រាប់តែឡុងចុងខាតដើម រកស៊ីមានឡើងមានចុះ មិនខុសពីជីវិតដែលមានឡើងមានចុះ ។ ពេលឡើងកុំវង្វេងក្នុងអ្វីដែលកើតឡើងចំពោះជីវិត ពេលចុះ កុំឲ្យអស់សង្ឃឹមចំពោះជីវិត ព្រោះថា សភាពទាំងពីរនេះ តែងមានគ្រប់ជីវិត ។ ពេលខ្លះសប្បាយចិត្តហើយពេលខ្លះទៀតក៏កើតទុក្ខ រស់ជីវិតគឺបែបនេះឯង។

វ័យម្នាក់ៗចេះតែកើនឡើងរហូត ។ កូនង៉ាថ្ងៃមុន ថ្ងៃនេះក៏ចូលរៀនវិទ្យាល័យហើយ ។ បងប្អូនក៏មានបន្ទុកការងារចិញ្ចឹមជីវិតរៀងៗខ្លួន ។ ឱពុកម្តាយក៏កាន់តែចាស់ទៅៗ កម្លាំងពលំក៏ខ្សោយៗ គ្មានអ្វីដែលអាចតាំងនៅមាំបានទេ ហើយយើងក៏មានការផ្លាស់ប្តូរច្រើនទៅដែរ មិនថាសភាពរាងកាយ សភាពចិត្តគំនិត វាបានផ្លាស់ប្ដូរទៅជាមួយពេលវេលាដែលបានកន្លងផុតទៅ ។

ចុងក្រោយទៅទើបយល់ថា ជីវិតកើតមកម្នាក់ឯង ទៅវិញក៏ម្នាក់ឯងដែរ ហេតុអ្វីពេលខ្លះយើងត្រូវ ចាំតែមើលទឹកមុខគេ ចាំតែខ្លាចគេថា និងមិនហ៊ានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ? ជីវិតគឺជាការផ្សងព្រេងដូចនេះត្រូវរីករាយនឹងដំណើរមួយនេះ! មិនថាក្នុងកាលៈទេសៈណានោះទេ ៕

សាកល្បងគិតភាសាសង្គមមិនអាចទៅជាអាច




បើសិនជាអ្នកឃើញសមត្មិកម្មលំហាត់បែបនេះ តើអ្នកគិតយ៉ាងម៉េចដែរ?
+=
+=
+=
+=
+១៨=

ខ្ញុំជឿជាក់ថាភាគច្រើននឹងនិយាយដូចៗគ្នាថា វាមិនអាចទៅរួចទេ ។ តើនរណាគេចេះតែមានហ្មង ដាក់លំហាត់ចឹងៗ ? ចេះតើបូកលេខអត់ហ្នឹងដាក់មកចឹង ?

តែប្រសិនបើយើងព្យាយាមមើលក្នុងផ្លូវផ្សេង សាកគិតលេខទាំងនេះជំនួសដោយពាក្យផ្សេងៗថែមពីលើវិញ លំហាត់ទាំងនេះវានឹងអាចចេញចម្លើយបានភ្លាម ពីពាក្យដែលថាមិនអាច ប្រែមកធ្វើបានយ៉ាងងាយ ដូចជា

ចិត្ត ១ + ចិត្ត ១ = ចិត្តតែ ១

១ខែ + ២ខែ =១រដូវ

៣ថ្ងៃ + ៤ថ្ងៃ =១អាទិត្យ

៥ខែ + ៧ខែ =១ឆ្នាំ

៦ម៉ោង + ១៨ម៉ោង = ១ថ្ងៃ

ប្រសិនបើជួបបញ្ហាហើយអ្នកព្យាយាមប្តូរផ្នត់គំនិត លុបបំបាត់ពាក្យថា មិនអាចចេញពីចិត្ត អ្នកនឹងអាចមើលឃើញអ្វីដែលថ្មីៗជាច្រើនដែលអ្នកមិនធ្លាប់នឹកស្មានដល់ ។

ពេលឃើញលំហាត់នេះដំបូង យើងចូលចិត្តយកការគិតដែលយើងធ្លាប់ប្រើ មករកចម្លើយ ទើបយើងគិតថាវាមិនអាចទៅរួច ព្រោះបើតាមក្បួនគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា លំហាត់មួយនេះគ្មានផ្លូវអាចទៅរួចឡើយ ។

តែរឿងខ្លះពេលដែលលិចលង់ទាល់គំនិតទៅហើយ គួរយើងសាកល្បងផ្លាស់ប្តូរផ្នត់គំនិត វាអាចនឹងធ្វើឲ្យរឿងដែលមិនអាចទៅរួច អាចកើតឡើងបាន ។

បញ្ហាខាងលើនេះ ក៏ដូចជីវិតរបស់យើងគ្រប់គ្នាដែរ ត្រឹមតែប្តូរគំនិតជាថ្មី ពង្រឹងស្មារតីធ្វើវាឲ្យបាន នោះអ្វីៗក៏នឹងផ្លាស់ប្តូរទៅតាមគំនិតរបស់យើងភ្លាម ៕

រនាំងអត់ស្រមោល​



មិនសួរ មិនស្តី​ មិនពន្យល់ន័យមិនរៀបរាប់ គឺជាទម្លាប់ដែលមិនចេះទទួលខុសត្រូវ​ និងអយុត្តិធម៌ណាស់ចំពោះខ្លួនឯងព្រមទាំងអ្នកដទៃ ។ នេះជារូបមន្តមួយសម្រាប់ទុកឲ្យអ្នកទាំងអស់គ្នាគិត ដើម្បីផ្លាស់ប្ដូរទម្លាប់ក្នុងវប្បធម៌សន្ទនា ក្នុងជីវិតរស់នៅ ជាពិសេសក្នុងការទំនាក់ទំនងដៃគូជីវិត បើមិនចង់ឮពាក្យថា ឃ្លាតឆ្ងាយ ណាយចិត្ត នោះ ។

ខ្ញុំមិនសួរ​ + អ្នកមិនស្តី​ =​ សោះអង្កើយ
ខ្ញុំព្យាយាមសួរ​ +​ អ្នកគេចវេះ​ =​ គំលាត
ខ្ញុំសួរ​ +​ អ្នកឆ្លើយ​ =​ គោរព​
ខ្ញុំចង់សួរ​ +​ អ្នកចង់ប្រាប់​ =​ ដឹងចិត្ត​
ខ្ញុំមិនសួរ​ +​ អ្នកប្រាប់​ =​ ទុកចិត្ត

បើដាក់ចិត្តនៅក្បែរ​ ហើយនៅតែរក្សាភាពស្និទ្ធស្នាលបាន ​ទោះជួបម្តងម្កាល​ ទាំងសម្តីទាំងកាយវិការ ​និងបង្ហាញតាមអារម្មណ៍ធម្មជាតិរបស់ខ្លួននោះបាន វាមានន័យថា ខ្លួននៅតែរក្សាតម្លៃរសដើមបានដដែល ។ តែចិត្តឆ្ងាយ ទោះបីក្បែរ​កាយ ខំកែថាមិនប្រែប្តូរ​ ប៉ុន្តែសម្តីកាយវាចានឹងបញ្ជាក់ថា​ ​គ្រប់ម៉ាត់ប្រៀបបីដូច​ជាវាលស្រែខែប្រាំងស្ងួតហួតហែងគ្មានសំណើម​ នោះ មិនយូរទេ ច្បាស់ណាស់ថា មានចិត្តប្រែ ព្រោះគ្មានអ្នកណាមួយចូលចិត្តនៅក្បែរមនុស្សគ្មានទឹកចិត្តទេ គ្មានអារម្មណ៍ទេ ។

គ្មានអ្វីគួរឲ្យបារម្ភជាងនៅក្បែរ​ តែឆ្ងាយចិត្ត​ ។ វប្បធម៌សន្ទនា​ គឺជារឿងសំខាន់​បំផុតសំរាប់រក្សារទំនាក់ទំនងមួយនេះ ។ របស់ខ្លះ បានមកស្រួលពេក ទើបធ្វើឲ្យយើងមិនសូវជាយកចិត្តទុកដាក់ក្នុងការមើលថែរក្សាវាឲ្យបានល្អ ។ របស់ខ្លះទម្រាំស្គាល់ពីតម្លៃរបស់វា អាចជាពេលតែមួយដែលវាបាត់បង់បាត់ទៅហើយ ។ មានរឿងខ្លះនៅស្ថិតក្នុងជីវិតរបស់យើងក៏ពិតមែន តែយើងគ្មានសិទ្ធិនឹងចាប់ផ្តើមវាជាថ្មី ។ ហើយក៏មានរឿងខ្លះ ក៏គ្មានថ្ងៃផុតកំណត់ដែរ ឲ្យតែយើងភ្ញាក់រលឹក ហើយធ្វើវាដោយការយកចិត្តទុកដាក់ ។

មនុស្សត្រូវមានក្តីស្រមៃ ពេលខ្លះពាក្យថា ក្តីស្រមៃ ធ្វើឲ្យយើងស្គាល់ជាតិនៃការព្យាយាមថា វាមានន័យយ៉ាងម៉េច ស្គាល់ពីភាពខុសប្លែកនៃបុគ្គលម្នាក់ៗកាន់តែច្បាស់ឡើង ។ សេចក្តីសុខ វាមិនពិបាករកទេ វាអាស្រ័យលើយើងខ្លួនឯង អាចមើលរំលងសេចក្តីទុក្ខដែលមាននៅពេលបច្ចុប្បន្ននេះបានដែរឬអត់ប៉ុណ្ណោះ ៕

Wednesday, May 13, 2020

វិធី​សាស្រ្ត​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ដែល​លោកអ្នក​ចង់​ប្រែក្លាយ



បើ​លោកអ្នក​ចង់​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​គួរ​ឱ្យ​កត់សម្គាល់​ម្នាក់​និង​តែងតែ​ទទួល​បានអ្វី​ដែល​ខ្លួនឯង​ប្រាថ្នា​ចង់បាន​ក្នុង​ជីវិត​ សូម​អនុវត្ត​តាម​ជំហាន​ទាំងនេះ​ ៖

១) ស្គាល់​ចំណុចខ្សោយ​របស់​ខ្លួនឯង៖​ លោកអ្នក​មិនមែន​ជា​មនុស្ស​ល្អឥតខ្ចោះ​ទេ​ ហើយក៏​គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ដែរ​។ ប្រហែល​លោកអ្នក​ជា​មនុស្ស​ពិបាក​គ្រប់គ្រង​ពេលវេលា​ខ្លួនឯង​ ឬជា​មនុស្ស​ដែល​ខ្វះ​សណ្តាប់​ធ្នាប់ ​។ បើ​និយាយ​មួយ​បែប​ទៀត​ មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ ពីព្រោះ​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​ ។ អ្វី​ដែល​មិនល្អ​គឺ​ការ​មិន​ទទួលស្គាល់​និង​ដឹង​ថា​ខ្លួន​ឯង​ខ្វះខាត​ឬអន់ខ្សោយ​ចំណុច​ណាខ្លះ​ ។ មនុស្ស​វៃឆ្លាត​ស្គាល់​ខ្លួនឯង​ដោយសារ​គេ​យល់​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​ខ្លួនឯង​។ គេ​ដឹង​ថា​ដើម្បី​ប្រែក្លាយ​ខ្លួន​ឱ្យ​ខ្លាំងពូកែ​ គេ​ត្រូវ​ស្មោះត្រង់​ចំពោះខ្លួន​ឯង​ និង​ហ៊ាន​ធ្វើ​កិច្ចការ​ដែល​លំបាក​ដើម្បី​អភិវឌ្ឍ​ខ្លួន​ ។ ដូច្នេះ​គេ​ប្រឹង​ប្រែ​ជំនួស​ទម្លាប់​អាក្រក់​ដោយ​ទម្លាប់​ល្អ ​។

២) ធ្វើ​សង្រ្គាម​លើ​ខ្លួនឯង៖​ នៅពេល​លោកអ្នក​កំណត់​ដឹង​ចំណុចខ្សោយ​របស់​ខ្លួនឯង​ហើយ​ លោកអ្នក​ប្រហែល​អាច​រក​ឃើញ​បញ្ហា​មួយចំនួន​ក្នុង​ជីវិត​របស់​ខ្លួនឯង ​។ បញ្ហា​ទាំងនោះ​អាច​ជា​អ្វី​ៗគ្រប់យ៉ាង​តាំងពី​ការ​ខ្ជិលច្រអូស​ រហូតដល់​ការ​ក្រោកពីដំណេក​យឺត​ និង​ការចាយវាយ​ខ្ជះខ្ជាយ​ ឬការ​ញៀន​ល្បែង​ជាដើម​ ។ ទោះជាយ៉ាងណា​តើ​លោកអ្នក​អាច​ប្រឈម​នឹង​បញ្ហា​ទាំងអស់​នេះ​បាន​ដោយ​របៀបណា​? បើ​លោកអ្នក​ចង់​ប្រែក្លាយ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ លោកអ្នក​ត្រូវតែ​សុខចិត្ត​ផ្លាស់​ប្តូរជីវិត ​។ ដើម្បី​កែប្រែ​ជីវិត​ លោកអ្នក​ត្រូវតែ​ប្រឆាំង​នឹង​ទម្លាប់​ចាស់​ៗ គឺ​បំបាក់​ទម្លាប់​អាក្រក់​ និង​បង្កើត​ទម្លាប់​ល្អ​ ដែល​តម្រូវ​ឱ្យ​មានការ​អនុវត្តវិន័យ​ និង​ការ​ប្តេជ្ញា​ចិត្តខ្ពស់ ​។

៣) ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ស្មោះត្រង់ ​៖ មនុស្ស​ទាំងអស់​មិន​ចេះតែ​នឹកឃើញ​មក​គោរព​លោកអ្នក​ ហើយ​ឃើញ​លោកអ្នក​ជា​មនុស្ស​អស្ចារ្យ​ភ្លាម​ៗបានទេ​ ។ លោកអ្នក​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​ទទួល​បានការ​ទុកចិត្ត​ពី​គេ​ជាមុន​ ។ លោកអ្នក​ត្រូវ​បង្ហាញខ្លួន​ឯង​ឱ្យ​ឃើញថា​ជា​មនុស្ស​ប្រកាន់​សុចរិត​ ។ លោកអ្នក​ត្រូវតែ​ចេះ​គោរព​អ្នកដទៃ​ ធ្វើល្អ​ចំពោះ​អ្នកដទៃ​ និង​ជួយ​អ្នកដទៃ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ។ ដើម្បី​សម្រេច​បាន​អ្វី​ៗទាំងអស់​នេះ​ លោកអ្នក​ត្រូវតែ​សុខចិត្ត​លះបង់​ ។

៤) ធ្វើ​កិច្ចការ​ណា​ដែល​លោកអ្នក​ខ្លាច ៖​ លោកអ្នក​ចង់​បង្កើត​ពាណិជ្ជកម្ម​ ចង់​ទទួល​បានការ​ងារ​ល្អ​ ឬចង់​សម្រក​ទម្ងន់​និង​ទទួល​បាន​រាងកាយ​មាំមួន​ ប៉ុន្តែ​លោកអ្នក​មិន​ចង់​ប្រឹងប្រែង​និង​ចាប់ផ្តើម ​។ ប្រហែល​លោកអ្នក​ចាប់ផ្តើម​បាន​ពីរបី​ថ្ងៃ​ ឬពីរបី​សប្តាហ៍​ រួច​ក៏​ឈប់​ទៅវិញ​ក្រោយពេល​អស់កម្លាំង​ចិត្ត​ ។ លោកអ្នក​ខ្វះខាត​ភាព​ក្លាហាន ​និង​ជំនឿ​ចិត្ត​ដើម្បី​សម្រេច​គោលដៅ​ ដោយសារ​លោកអ្នក​ខ្លាច​ ។ សំឡេង​ក្នុងចិត្ត​របស់​លោកអ្នក​ប្រហែល​ស្រែក​ប្រាប់​ថា​ ការ​ចាប់ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​ជា​រឿង​ប្រថុយ​ណាស់​ ។ តើ​នឹង​មានរឿង​អ្វី​កើតឡើង​បើ​បរាជ័យ​? ទីបំផុត​លោកអ្នក​នឹង​សម្រេចចិត្ត​ថា​មិន​ចង់​ខាតបង់​ពេលវេលា​ ។ មើល​ពី​សម្បក​ក្រៅ​លេស​ទាំងអស់​នេះ​ហាក់ដូចជា​មានហេតុ​ផល​ណាស់​ ប៉ុន្តែ​ការពិត​ វា​គ្រាន់តែ​ជា​ការស្រមើស្រមៃ​ប៉ុណ្ណោះ ​។

៥) ទទួលយក​សិល្បៈ​នៃ​ការ​ឱ្យ ​៖ អាថ៌កំបាំង​មួយ​ក្នុង​ការ​ប្រែក្លាយ​ទៅជា​មនុស្ស​គួរ​ឱ្យ​កត់សម្គាល់​សិល្បៈ​នៃ​ការ​ឱ្យ ​។ ការ​ឱ្យ​អ្វី​ម្យ៉ាង​ ទោះជា​វត្ថុ​ ឬពេលវេលា​ក៏ដោយ​ ក៏​មានន័យ​របស់​វា​ដែរ​ ។ ការ​ឱ្យ​បង្ហាញ​អំពី​ការ​ស្រឡាញ់​ ការ​យកចិត្ត​ទុកដាក់​ និង​មិត្តភាព​ ។ ដំណឹងល្អ​គឺថា​នរណា​ក៏អាច​រៀន​សិល្បៈ​នៃ​ការ​ឱ្យ​នេះ​ដែរ​ ។ លោកអ្នក​អាច​ជា​កូនសិស្ស​និង​ផ្តល់​ឱ្យ​អ្វី​ៗគ្រប់យ៉ាង​ដល់​គ្រូបង្រៀន​ ។ លោកអ្នក​អាច​ជា​ស្ថាបនិក​ពាណិជ្ជកម្ម​ និង​ផ្តល់​គុណ​តម្លៃ​គ្រប់យ៉ាង​ជូន​អតិថិជន​ ។ លោកអ្នក​អាច​ជា​បុគ្គលិក​ក្រុមហ៊ុន​តូច​មួយ​ និង​ផ្តល់​ការ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ជូន​និយោជក​ ។ នៅពេល​លោកអ្នក​ផ្តល់​ឱ្យ​អ្វី​ៗគ្រប់យ៉ាង​ដល់​មនុស្ស​បែបនេះ​ គេ​នឹង​ទទួល​លោកអ្នក​ ហើយ​ចង់​ឆ្លើយតប​កាយវិការ​ល្អ​ និង​ផ្តល់​ការ​យកចិត្ត​ទុកដាក់​សក្តិ​សមនឹង​ការ​ទទួល​បាន​មកវិញ ​៕

---------------------------------------------------


សារៈសំខាន់នៃការស្គាល់ខ្លួនឯង​



ការយល់ដឹងពីអ្វីៗដែលខ្លួនមាន ដូចជា កម្លាំងកាយ កម្លាំងស្មារតី ចំណេះដឹង ស​មត្ថភាព លទ្ធភាព ទ្រព្យធនធាន គុណធម៌ សីលធម៌ និងចិត្តគំនិតផ្ទាល់ខ្លួន ឈ្វេងយល់ពីចំណុចខ្សោយ និងចំណុចខ្លាំង រាល់ចំណុចខ្សោយយើងត្រូវចេះកែច្នៃឱ្យបានល្អ ។

សារៈសំខាន់នៃការស្គាល់ខ្លួនឯងមាន ៖

១) ចេះធ្វើជាម្ចាស់ការលើខ្លួនឯង
២) ចេះប្រមាណ គឺមិនមានអំនួតពេក ឬបន្ថោកខ្លួនឯង
៣) មិនចង់បានអ្វីហួសពីសមត្ថភាព
៤) ចេះយកសមត្ថភាពផ្ទាល់ខ្លួនទៅអភិវឌ្ឍសង្គមជាតិ

សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ចេះគោរពសិទ្ធិគ្នា ទាំងនេះបង្ហាញពីគុណសម្បត្តិនៃការស្គាល់ខ្លួនឯង 

-------------------------------
Cr. ហ្វេសប៊ុក


ការស្គាល់ខ្លួនឯង



ការស្គាល់ខ្លួនឯង ៖ តើយើងអាចស្គាល់ខ្លួនឯងដោយវិធីណា? បញ្ហាដ៏ធំរបស់មនុស្សគឺការស្គាល់ខ្លួនឯង ។ មានមនុស្សជាច្រើនតែងអះអាងថាស្គាល់ខ្លួនឯង តែក្នុងសភាពពិតជាក់ស្តែងវាជាការកុហកខ្លួនឯងទៅវិញ ។ ការស្គាល់ខ្លួនឯងវាត្រូវតែឆ្លើយតបបានទៅលើកត្តាពីរគឺ កត្តាអត្តនោម័តិ ដែលឆ្លុះបញ្ចាំងតាមរយៈការគិតរបស់ខ្លួនឯង និងកត្តាសត្យានុម័តិ ដែលឆ្លុះបញ្ចាំងតាមរយៈមនុស្សជុំវិញនិងសភាពពិតជាក់ស្តែង ៖

១) កត្តាអត្តនោម័តិ គឺការវិនិច្ឆ័យអំពីខ្លួនឯងដោយខ្លួនឯង ពិចារណាទៅលើ ៖
ក) អារម្មណ៍ ៖ តើកិច្ចការអ្វីខ្លះដែលយើងមានអារម្មណ៍ចង់ធ្វើឱ្យបានល្អបំផុត? ធ្វើដោយមិនចេះធុញទ្រាន់ មិនថាជាពេលណាក៏ដោយ យើងហ៊ានលះបង់គ្រប់យ៉ាងដើម្បីរបស់នោះ ។
ខ) តើយើងមានការគិតដូចម្តេច? តើយើងឱ្យតម្លៃទៅលើអ្វីខ្ពស់បំផុត?
គ) សមត្ថភាព ៖ តើយើងមានសមត្ថភាពធ្វើកិច្ចការនោះក្នុងកម្រិតណា? តើយើងបានខិតខំអភិវឌ្ឍសមត្ថភាពនេះកម្រិតណា? បើប្រៀបធៀបនឹងអ្នកខ្លាំងលើផ្នែកនេះតើយើងនៅក្នុងកម្រិតណា? តើយើងមានរំពឹងថាអាចអភិវឌ្ឍដល់កម្រិតកំពូលឬយ៉ាងណា?
ឃ) លទ្ធផលដែលបានទទួល ៖ តើលទ្ធផលដែលយើងទទួលបានមកវាជួយឱ្យជីវិតយើងបានប្រសើរដែរឬទេ? ឬមួយបានត្រឹមតែល្អមើល តែមិនល្អស៊ី?

២) កត្តាសត្យានុម័តិ ៖ ត្រូវឆ្លុះបញ្ចាំងមើលខ្លួនឯងតាមរយៈការឆ្លើយតបពីមនុស្សជុំវិញនិងសភាពពិតជាក់ស្តែង អំពីអារម្មណ៍ ទស្សនៈ សមត្ថភាព និងលទ្ធផល ថាតើវាសមស្របទៅតាមអ្វីដែលយើងវិនិច្ឆ័យខ្លួនឯង ឬមួយវាខុសឆ្ងាយតិចច្រើនកម្រិតណា? ប្រសិនបើករណី ១ និងករណី ២ វាប្រហាក់ប្រហែលគ្នា នោះគឺជារឿងល្អ តែបើវាខុសគ្នាឆ្ងាយពេក យើងគួរដាក់ចិត្តទទួលស្គាល់ការពិត ។ សូមកុំចង់ធ្វើចេះតែម្នាក់ឯង, ការមិនទទួលស្គាល់ការពិតវាគ្មានផលល្អដល់ខ្លួនឡើយ ។ មនុស្សដើរផ្លូវខុសគឺជារឿងធម្មតា តែការដើរផ្លូវខុសហើយមិនព្រមទទួលស្គាល់ថាខុស នោះគឺជារឿងគួរឱ្យសង្វេគ គ្មានអ្វីអាចស្រោចស្រង់បានទេ
-----------------------------
Cr. Kim Chana
រូបភាព៖ហ្វេសប៊ុក

ការស្គាល់​ខ្លួនឯង​ច្បាស់ ៧ ចំណុច ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​ជីវិត



ភាពជោគជ័យ​តែងតែ​រង់ចាំ​មនុស្ស​ដែលមាន​ចំណេះដឹង និង​មាន​គោលដៅ​ជីវិត​ច្បាស់ ។ មនុស្ស​គ្រប់រូប​សុទ្ធតែ​ចង់​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត ប៉ុន្តែភាពជោគជ័យ​ដែល​ពួកគេ ស្រមៃ​ចង់បាន​នោះ បាន​រសាត់​បន្តិចម្តងៗរហូត​ធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត​វិញ​ក៏មានដែរ ព្រោះតែ​ពួកគេ​មិនបាន​ឈ្វេងយល់​ពី​ខ្លួនឯង​ច្បាស់ និង​មិនមាន​គោលដៅ​ជីវិត​ពិតប្រាកដ ។ តើ​ត្រូវ​ស្គាល់​ខ្លួនឯង​យ៉ាងដូចម្តេច? តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច ទើប​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត?


១) ស្គាល់​ខ្លួនឯង គឺ​ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ​ខ្លួនឯង ចំណុចខ្លាំង​និង​ចំណុច​ខ្សោយ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ។

២) កំណត់​គោលដៅ​សម្រាប់​ជីវិត និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្តន៍​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ឲ្យ​បាន​ច្បាស់។

៣) មានការ​តាំងចិត្ត​ខ្ពស់ និង​ចេះ​លើកទឹកចិត្ត​ខ្លួនឯង ហើយ​ត្រូវបង្កើត​ជំនឿ​លើ​ខ្លួនឯង​ឲ្យ​បាន​កាន់តែច្រើន ។

៤) បង្កើត​គំនិត និង​ទស្សនៈ​បែប​វិជ្ជមាន ជាជាង​គិត​ឬ​មើល​ឃើញតែ​បញ្ហា ។ ប្រសិនជា​មើលឃើញ​ ឬ​ជួបនឹង​បញ្ហា ត្រូវតែ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​នោះ​ដោយ​មិន​ទុក​យូរ​ឡើយ ។

៥) មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ ។ អ្នក​ត្រូវ​គិតថា មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​សេពគប់​ ឬ​រាប់រក​ជាមួយ ។

៦) ឲ្យ​តម្លៃ​លើ​ពេលវេលា ដោយ​ត្រូវធ្វើ​សកម្ម​ទាំងឡាយណា ដែល​ទាក់ទិន​នឹង​គោលដៅ​របស់​អ្នក ។

៧) អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ​ឲ្យ​ស្រប​នឹង​ផែនការ​ដែល​អ្នក​បានកំណត់ ។ រួច​ឆ្លុះបញ្ចាំង​ទៅនឹង​សកម្មភាព​ទាំងនោះ ប្រសិនបើ​មាន​បញ្ហា​ឬ​មិន​ទទួលបាន​ជោគជ័យ​ទេ ត្រូវ​រៀបចំ​របៀប​ធ្វើ​ជាថ្មីទៀត រហូត​ទទួលបាន​ជោគជ័យ​ពិតប្រាកដ ៕

-------------------------------