Friday, October 5, 2018

ប្រជាជនដើម្បីអ្នកកាន់អំណាចឬអ្នកកាន់អំណាចដើម្បីប្រជាជន



តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាប់រង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម? ទ្រឹស្តីយុទ្ធសាស្រ្តមួយបានលើកឡើងថា មនុស្សខ្លាំងអាចកាត់ក្បាលមិត្ត ឬសត្រូវដើម្បីប្រយោជន៍ខ្លួន ហើយថែមទាំងអាចធ្វើឲ្យក្បាលមិត្ត ឬសត្រូវដែលខ្លួនបានកាត់នោះនិយាយពាក្យថា <អរគុណ> ដល់ខ្លួនទៀតផង

គំនិតស្មោគគ្រោក និងទង្វើស្មោគគ្រោក គឺស្មោគគ្រោកពីព្រោះដោយសារតែចង់រក្សាកិត្យានុភាពរបស់ខ្លួន ហើយបំផ្លាញអ្នកដទៃ។ តើអ្នកណាជាអ្នកនយោបាយដែលមានគំនិតស្មោគគ្រោក? ចម្លើយគឺ នីកូឡូ ម៉ាឆៀវីលី។ តើមេដឹកនាំណាដែលស្មោគគ្រោកជាង នីកូឡូ ម៉ាឆៀវីលី ទៀតនោះ? នីកូឡូ ម៉ាឆៀវីលី (Niccolo Machiavelli) ជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា សម្តេច ឬជាភាសាអង់គ្លេស The Prince

ម៉ាឆៀវីលី បានសរសេរអំពីរបៀបដឹកនាំរដ្ឋដោយប្រើប្រាជ្ញាផង ប្រើកម្លាំងផង និងប្រើកលល្បិចផង។ ម៉ាឆៀវីលី បានបង្រៀនមេដឹកនាំរដ្ឋទាំងអស់ឲ្យត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោ និងចេះក្រឡិចក្រឡុចល្បិចកលច្រើនដូចជាសត្វកញ្ជ្រោង។ ប៉ុន្តែកម្លាំង និងភាពក្រឡិចក្រឡុចនេះមិនមែនប្រើដើម្បីគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែគឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនទូទៅ។

ម៉ាឆៀវីលី អះអាងថា រដ្ឋអាចរំលោភច្បាប់ ធ្វើនូវទង្វើដែលគ្មានសីលធម៌បាន បើសិនជាវាចាំបាច់ ដើម្បីផលប្រយោជន៍ជាតិ។ អ្នកដឹកនាំត្រូវតែមានលក្ខណៈជាតោផង និងជាកញ្ជ្រោងផង។ អ្នកដឹកនាំត្រូវតែបង្ហាញចំពោះមុខរាស្ត្រឲ្យឃើញថា ខ្លួនជាអ្នកស្រឡាញ់យុត្តិធម៌ គោរពច្បាប់ និងមានសីលធម៌ ប៉ុន្តែខ្លួនមិនចាំបាច់ត្រូវតែធ្វើទង្វើដែលមានសីលធម៌គ្រប់ពេលវេលានោះទេ

តើមេដឹកនាំណាខ្លះដែលប្រើយុទ្ធសាស្រ្តនយោបាយរបស់ ម៉ាឆៀវីលី? គឺមេដឹកនាំស.វទី២០ មានដូចជា មូស្សូលីនី (Benito Mussolini) នៃប្រទេសអ៊ីតាលី, ហ៊ីត្លែ (Adolf Hitler) នៃប្រទេសអាល្លឺម៉ង់ ព្រមទាំងមេដឹកនាំកុម្មុយនីស្តនៃសហភាពសូវៀតដូចជា ប្លាឌីមៀ លេនីន (Vladimir Lenin) និងយូសែប ស្តាលីន (Joseph Stalin) សុទ្ធតែបានរៀនតាមម៉ាឆៀវីលី។

មេដឹកនាំទាំងប៉ុន្មានខាងលើហាក់បីដូចជាមិនសម្លាប់ប្រជាជនខ្លួនឯងទេ ហើយតួយ៉ាងហ៊ីត្លែជាដើម ដែលប្រកាន់ពូជសាសន៍សម្លាប់តែពួកជនជាតិជ្វីព។ ប៉ុន្តែ តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាបរ់ង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម?

គោលគំនិតរបស់ ម៉ាឆៀវីលី ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌។ ប៉ុន្តែខ្លះទៀតយល់ថា ជាគំនិតនយោបាយដែលមានលក្ខណៈប្រាកដនិយម។ គ្មានសីលធម៌ ពីព្រោះគំនិតឃោរឃៅពេក ក្រឡិចក្រឡុចពេក ល្បិចកលពេក ប្រើកម្លាំងខ្លាំងពេក។ ប្រាកដនិយម គឺប្រាដកថានឹងបម្រើប្រយោជន៍ប្រជាជនទូទៅ ដើម្បីប្រយោជន៍ប្រជាជនទូទៅ ដោយជៀសវាងប្រយោជន៍បក្សនិយម បុគ្គលនិយមជាដើម៕

Thursday, October 4, 2018

ទ្រឹស្តីច្បាប់និងយុត្តិធម៌



ប្រជាពលរដ្ឋគ្រប់រូបត្រូវព្យាយាមស្វែងយល់ពីច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ។ គ្មានបុគ្គលណាម្នាក់អាចរួចផុតពីទោសបាន ដោយសារតែមូលហេតុខ្លួនពុំចេះច្បាប់នោះឡើយ

បញ្ហាសង្គម គឺមានច្បាប់ តែមេដឹកនាំពុំគោរពច្បាប់។ ផ្ទុយទៅវិញ បើច្បាប់ពុំមានអ្នកគោរព គឺស្មើនឹងគ្មានច្បាប់។ មានច្បាប់ តែពុំមានអ្នកគោរព គឺជាហេតុធ្វើឲ្យបាត់បង់ព្រលឹងនៃច្បាប់។ ព្រលឹងរបស់ច្បាប់ ឬហៅថាម្យ៉ាងទៀតថាស្មារតីរបស់ច្បាប់ គឺយុត្តិធម៌។

ច្បាប់ដែលគ្មានយុត្តិធម៌ គឺតែងបង្កភាពចលាចលដល់សង្គម។ ច្បាប់ពុំមែនជាច្បាប់ បើច្បាប់ពុំមានយុត្តិធម៌។ នីតិវិទូម្នាក់បានលើកឡើងថា "ខ្ញុំមិនដឹងថាអ្វីទៅគឺជាច្បាប់នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា អវត្តមានរបស់ច្បាប់ គឺនឹងធ្វើឲ្យសង្គមចលាចល

អវត្តមាននៃយុត្តិធម៌ គឺមានន័យថាគ្មានច្បាប់។ ភាពល្ងង់ខ្លៅរបស់រដ្ឋាភិបាល គឺបានបង្កើតច្បាប់ តែមិនបានការពារប្រយោជន៍រាស្រ្ត, បង្កើតច្បាប់ក្នុងគោលបំណងដើម្បីតែប្រឆាំងនឹងការពិតនឹងប្រយោជន៍ប្រជាជន និងបង្កើតច្បាប់ តែមិនបានអនុវត្តចំពោះមនុស្សអាក្រក់។

លទ្ធផលចុងក្រោយ យើងត្រូវសួរថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលមានភាពទុំជោរ ហើយភាពគគ្លើននៃអំពើអយុត្តិធម៌សង្គមកើតឡើងជាញញឹកញាប់រហូតដល់ប្រជាជនអស់ទំនុកចិត្ត មើលឃើញតែភាពខ្មៅងងឹតនៃការដឹកនាំសង្គមរបស់មេដឹកនាំ? តើរដ្ឋាភិបាលខ្លាចប្រជាជន ឬប្រជាជនជាអ្នកខ្លាចរដ្ឋាភិបាល? សំនួរនេះទុកឲ្យអ្នកស្រី អង់សាន ស៊ូជី ជាអ្នកឆ្លើយ៕




អត់ធន់បន្ដិចទៅ!



មានពេលវេលាជាច្រើនបានកន្លងផុតទៅ។ មានអារម្មណ៍ខឹងច្រឡោតជាច្រើនបានកន្លងហួស។ ហើយក៏មានសំណើចក្អាក់ក្អាយជាច្រើនដែលបានកន្លងផុត។ មានក្ដីសុខជាច្រើនដែលបានបាត់បង់ទៅ។ មានក្ដីស្រឡាញ់ជាច្រើនបានរលាយបាត់ទៅ។ មានរបស់មានតម្លៃជាច្រើនដែលយើងធ្លាប់មាន។ ហើយក៏មានផ្លែផ្កាជីវិតដ៏ច្រើន មានរសជាតិយើងសុទ្ធតែធ្លាប់បានភ្លក្ស។ មានរសជាតិខ្លះយើងមិនចូលចិត្តទេ តែយើងនៅតែទ្រាំលេបទាំងល្វីង។ ប៉ុន្ដែមានរសជាតិខ្លះទៀត យើងអាចថែមគ្រឿងបាន ហើយក៏មានរសជាតិខ្លះទៀតគឺមិនអាចទេ ពេលខ្លះយើងក៏គ្មានអ្វីដែកអាចធ្វើបានក្រៅពីការទ្រាំ គឺទ្រាំឆ្លងកាត់រសជាតិល្វីងទាំងនោះ ហើយទោះចង់ឬមិនចង់ ពេលវេលានឹងជម្រុញយើងឲ្យភ្លក្សរសជាតិទាំងនោះ ទោះពេលខ្លះយើងស្អប់វាក៏ដោយ ។ ជីវិតគឺបែបនេះ ទាល់តែចេះអត់ធន់ខ្លះ និងរៀនទទួលយកខ្លះ ទើបជីវិតមិនសូវខ្វល់ច្រើន។

ត្រីដែលហែលបណ្ដោយទឹក ជាត្រីងាប់ មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ ។ ដង្ហើមនឹងឈប់ចេញចូលដោយស្វ័យប្រវត្តិ នៅថ្ងៃដែលយើងនិយាយប្រាប់ខ្លួនឯងថា " ស្រេចលើវាសនា "។

មជ្ឈដ្ឋានទូទៅ គេមិនខ្វល់ថាយើងជានរណា មកពីណា ពូកែអ្វីខ្លះនោះទេ តែអ្វីដែលជាតម្លៃក្នុងភ្នែកគេនោះ គឺផ្លែផ្កាជីវិត ។ បើយើងអន់នឹងត្រូវគេដៀល បើយើងពូកែនឹងត្រូវគេសរសើរ តែបើយើងឆ្លាតយើងមិនចាំបាច់ទទួលការសរសើរ ការបង្អាប់ទេ យើងគ្រាន់តែបន្ដដំណើរជីវិតយើងដោយមានគោលដៅច្បាស់លាស់ ហើយបន្ដធ្វើវាឲ្យល្អតាមលទ្ធភាព នោះផ្លែផ្កាជីវិតនឹងកើតឡើងនៅពេលណាមួយមិនខាន

កុំឲ្យពាក្យសម្ដីដ៏ស្មោគគ្រោករបស់មនុស្សមិនល្អ ចូលមកបង្អាក់ដំណើររបស់យើងឲ្យសោះ។ កុំរស់នៅដើម្បីបបូរមាត់អ្នកដទៃ តែត្រូវរស់នៅដើម្បីខ្លួនឯង៕

Cr. ប្រាជ្ញាជីវិត

Wednesday, October 3, 2018

បើហត់ខ្លាំងអាចសម្រាកបាន តែកុំឈប់ដើរឲ្យសោះ



គេតែងនិយាយថា " កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត " តែខ្ញុំយល់ថា " កុំតូចចិត្តនឹងវាសនា តែត្រូវប្រឹងជម្នះព្រហ្មលិខិត " ។ សុភាសិតមួយបានពោលថា " ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់ មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ " ក្នុងជីវិតតែងមានកាលៈទេសៈខ្លះ យើងជម្នះមិនបាន តែបើអាចជម្នះបាន គួរតែប្រឹងប្រែង។ មហាត្មៈគន្ធី បានពោលថា " អនាគតរបស់អ្នក វាអាស្រ័យលើទម្លាប់របស់អ្នក " សាបព្រោះភោគផលបែបណា ក៏នឹងត្រូវច្រូតកាត់ផលបែបនោះ។

អ្នកខ្លះពាក់កណ្ដាលជីវិត ត្រូវបានប្រើអស់ទៅហើយ ក៏នៅតែមិនអាចដឹងថាជីវិតគឺជាអ្វី?  យើងកើតមកមិនមែនដើម្បីទទួលឥទ្ធិពលអាក្រក់ពីជីវិតទេ តែគឺកើតមកដើម្បីជម្នះឥទ្ធិពលអាក្រក់ៗនៃជីវិតប៉ុណ្ណោះ។ ពាក្យថា ជីវិត គឺឋិតលើយើងជាអ្នកឲ្យនិយមន័យ ហើយជោគវាសនា ក៏ឋិតលើបាតដៃខ្លួនឯងដែរ

មានពេលសប្បាយ កុំភ្លេចគ្រាក្រលំបាក មានពេលដែលជួបឧបសគ្គ បញ្ហា ការឈឺចាប់ ឬខូចចិត្ត កុំភ្លេចគិត ដល់ក្ដីសង្ឃឹម។ ហើយត្រូវសម្លឹងទៅមុខ ថ្ងៃមួយ សេចក្ដីទុក្ខលំបាកទាំងឡាយ និងចាកចេញឆ្ងាយពីយើងជាមិនខាន ឲ្យតែយើង ព្យាយាមជម្នះ ដោយសេចក្ដីអត់ធ្មត់ តាំងចិត្ត ក្រោកឈរ ហើយបន្តដំណើរទៅមុខជារឿយៗ ។ បរាជ័យតែមកជាគូនិងជោគជ័យ។ នឿយមុនស្រណុកក្រោយ ឆ្លងកាត់គ្រាលំបាកៗខ្លះ ទើបអាចទៅដល់គោលដៅជីវិត៕ 

Cr. ស៊ន់ វាសនា

មិនខ្លាចស្លាប់តែខ្លាចបាប



មនុស្សធម្មតាចង់ធ្វើរឿងអាក្រក់បែបណាក៏គ្មានចិត្តឈឺចាប់និងអៀនខ្មាសចំពោះខ្លួនឯងដែរ តែមនុស្សដែលមានចំណេះដឹងពិតប្រាកដ (ចំណេះដឹង + សីលធម៌ + គុណធម៌ + ភាពជាមនុស្សត្រឹមត្រូវ) តែងសុខចិត្តស្លាប់ខ្លួន ក៏ពុំបណ្តោយខ្លួនធ្វើរឿងអាក្រក់ដាច់ខាត។ ចំណេះដឹងពិតប្រាកដធ្វើឲ្យមនុស្សខ្លាចបាប ហើយខ្លាចខ្លាំងរហូតដល់សុខចិត្តស្លាប់ក៏ពុំសាងបាបដែរ

ពេលលើកឡើងពីរឿងនេះ អ្នកខ្លះប្រហែលជាវាយតម្លៃទស្សនៈនេះថាជាទ្រឹស្តីបែបឧត្តមគតិនិយម (ទ្រឹស្តីបែបស្រមើស្រមៃ គំនិតខ្ពស់កប់ពពក តែយកប្រើក្នុងភាពប្រាកដនិយមពុំបាន) តែនៅក្នុងសង្គមខ្មែរយើង ពិតជាមានមនុស្សបែបនេះមែន គ្រាន់តែពុំមានច្រើនប៉ុណ្ណោះ។ ដើរតាមផ្លូវបាប ពីមួយជំហានទៅមួយជំហាន មើលទៅដូចសប្បាយរីករាយ និងមានបានស្តុកស្តម្ភខ្លាំងណាស់ តែនៅទីបញ្ចប់មនុស្សអាក្រក់បែបនេះ នឹងដឹងខ្លួនស្ពាយវិប្បដិសារីកំពុងដើរ គឺកំពុងតែសប្បាយនឹងសេចក្តីអាក្រក់ តែជិតចូលក្តារមឈូសទើបស្រក់ទឹកភ្នែក

ក្នុងសង្គម គ្មាននរណាម្នាក់ឆ្ងល់ថា អ្នកជាមនុស្សទុច្ចរិតឬសុចរិតទេ តែសំខាន់លទ្ធផលអស្ចារ្យដែលអ្នកកំពុងកាន់ក្នុងដៃ បើទោះបីជាវាកើតចេញពីទង្វើស្មោគគ្រោកកាប់ចាក់មនុស្សល្អក៏ដោយ។ ប៉ុន្តែខ្ញុំថា មិនសំខាន់ទេថាលទ្ធផលដែលអ្នកទទួលបានអស្ចារ្យខ្លាំងប៉ុនណា តែសំខាន់បើអ្នកបង្កហេតុខាងដើមតាមផ្លូវទុច្ចរិត នោះចុងបញ្ចប់នៃជីវិត អ្នកនឹងមានឈ្មោះត្រឹមតែជាអ្នកចាញ់ប៉ុណ្ណោះមនុស្សដែលឆ្លាតក្នុងការរស់នៅ គឺតែងតែរក្សាភាពស្អាតស្អំឲ្យខ្លួនឯងគ្រប់កាលៈទេសៈនៃជីវិតទាំងអស់



Tuesday, October 2, 2018

ជោគជ័យ និងការតម្កល់ចិត្តមាំ


ភាពជោគជ័យកើតឡើងពីភាពលំបាកវេទនា ព្រោះភាពវេទនានាំឲ្យមានការឈឺចាប់ ការឈឺចាប់នាំឲ្យចេះខ្មាសគេ ចេះខ្មាសគេនាំឲ្យមានការប្រឹងប្រែង ការប្រឹងប្រែង នាំឲ្យ ជោគជ័យហ្នឹងឯង។ ចងចាំថា មិនមានភាពជោគជ័យណាធ្លាក់មកពីលើមេឃនោះទេ ហើយវិថីទៅកាន់ភាពជោគជ័យក៏គ្មានដានជើងមនុស្សខ្ជិលដែរមនុស្សជោគជ័យមិនដែលបោះបង់ ហើយមនុស្សបោះបង់ក៏មិនដែលជោគជ័យ។ ជោគជ័យគឺខាំមិនលែង។ ចូរសាងសួនច្បារជីវិតប្រកបដោយភាពរឹងមាំ ដោយអត់ធ្មត់ ក្រាញននៀល ព្រមទាំងចេះចាក់វ៉ាក់សាំងការពារផង

ចង់ជោគជ័យ យើងគួរហ៊ាន។ ហ៊ាននោះគឺហ៊ានសាកល្បងអ្វីដែលប្លែកៗ ថ្មីៗ គឺហ៊ានធ្វើអ្វីដែលមិនធ្លាប់ធ្វើ។ គតិមួយលើកឡើងថា អ្នកនឹងគ្មានថ្ងៃចេះហែលទឹកឡើយ បើអ្នកនៅតែលើគោក។ ជាការពិត គំនិតបែកឆ្វេង ច្រើនកើតចេញពីការហ៊ានគិតបែកឆ្វេង។ ប្រសិនបើយើងធ្វើនូវរឿងដែលធ្លាប់ធ្វើ នោះក៏នឹងទទួលបានអ្វីដែលធ្លាប់បាន ហើយបើយើងធ្វើអ្វីដែលពុំធ្លាប់ធ្វើ នោះក៏នឹងទទួលបានអ្វីដែលថ្មី ឬពុំធ្លាប់បានដូចគ្នា។ ដូច្នេះ ចូរធ្វើអ្វីដែលចង់ធ្វើ ធ្វើអ្វីដែលចង់បាន និងគួរបានអ្វីដែលចង់ធ្វើ។

អតីតកាលមិនសំខាន់ណាស់ណាទេ ពីព្រោះយើងអាចចាប់ផ្ដើមពីបច្ចុប្បន្នសារជាថ្មីបាន។ ធ្វើខុសក៏មិនមានបញ្ហាធំពេកដែរ ព្រោះយើងអាចកែប្រែវាបាន។ ខុសហើយចេះកែ និងមិនខុសលើរឿងដដែលៗ ក្នងដានជើងដដែលៗ។ បរាជ័យគ្មានអ្វីគួរឲ្យខ្លាចទេ តែរឿងដែលគួរឲ្យខ្លាចគឺ ការបាក់ទឹកចិត្តព្រមចុះញ៉មបញ្ហាទេតើ។ មនុស្សខ្លាំងគឺតែងតែអាចក្រោកនៅរាល់ពេលដួល បើទោះបីជាត្រូវខកចិត្តខ្លះ ក៏គេនៅតែប្រឹងក្រោក។ គាថាមួយដែលគេតែងតែទន្ទេញគឺ ដួលងើបៗ។ តែមិនមែនងើបដួលៗនោះទេ។ បើជ្រុលជាថា <ប្រឹងប្រែងម្ដង ខុសម្ដង> អ៊ីចឹងគួរនិយាយថា <ខុសម្ដង ប្រឹងប្រែងម្ដងទៀត> វិញមិនល្អទេឬ? ចំពោះមនុស្សខ្សោយគឺជាមនុស្សចូលចិត្តផ្ញើជីវិតផ្ដេកផ្ដួលលើចំណុចខ្សោយនោះឯង។ គេប្រហែលជាមានចំណុចខ្សោយនៅក្នុងខ្លួនច្រើន រហូតពេលខ្លះគេលង់ស្រឡាញ់ចំណុចខ្សោយព្រមបណ្ដោយឲ្យគាបសង្កត់បាន។ របស់ដែលបាត់បង់ក្នុងអតីតកាលទៅហើយ យើងពុំគួរយំស្ដាយពេកទេ។ យើងអាចចាត់ទុកថា ជាបទពិសោធ ឬជាចម្រៀងមនោសញ្ចេតនាដ៏លន្លង់លន្លោចខ្លោចផ្សាទៅចុះ។ ខ្ញុំនឹងច្រៀងថ្វាយព្រះអាទិត្យដែលរះបំភ្លឺសត្វលោក តែខ្ញុំមិនយំអង្វរលន់តួកុំឲ្យព្រះអាទិត្យលិចនោះទេ ព្រោះវាមិនមានប្រយោជន៍អ្វីទាល់តែសោះ។ ប្រយោជន៍ដ៏តូចគឺត្រឹមលាងសម្អាតជាតិពុលចេញពីកែវភ្នែក តែអ្វីដែលខាតច្រើនគឺខាតទឹកភ្នែក ខាតពេលវេលា។

តាំងខ្លួនឲ្យធំជាងបញ្ហាជានិច្ចជីវិត គឺជាការប្រយុទ្ធ ឬសង្គ្រាមជាមួយបញ្ហា។ ហេតុនេះបើជាអ្នកប្រយុទ្ធទៅហើយនោះ យើងត្រូវតាំងខ្លួនឲ្យធំជាងបញ្ហា។ តើតាំងបែបណា? គឺបើបញ្ហាជាលេខសូន្យ យើងគួរជាលេខ១០ បើបញ្ហាជា ដែកគោលយើងត្រូវតែជាញញួរ បើបញ្ហាជាដុំដី យើងគួរជាដុំថ្ម បើបញ្ហាជាស្ដេចយើងត្រូវតែជាអាទិទេព បើបញ្ហា រត់មករកយើង យើងនឹងរត់បុកទម្លុះបញ្ហាម្ដងមើល


អំនានជីវិតទាំង១០...



១. យើងអាចស្វែងរកខ្លួនឯងឃើញ នៅពេលណាដែលយើងអាចឆ្លើយនឹងសំណួរដែលថា តើជីវិតនេះជាអ្វី? តើខ្ញុំជាអ្នកណា? តើក្ដីប្រាថ្នាពិតប្រាកដនៃជីវិតគឺជាអ្វី? តើខ្ញុំកើតមកដើម្បីអ្វីទៅ? ...

២. ដើម្បីស្វែងរកតម្រូវការការពិតនៃជីវិត គឺស្ថិតលើជីវិតយើងឲ្យពិតប្រាកដ(មិនប្រែប្រួលទៅតាមមេឃ និងចេះតវ៉ានឹងព្រហ្មលិខិតអាក្រក់)។ យើងអាចសួរខ្លួនឯងថា តើគោលដៅយើងគឺអ្វី? តើយើងចូលចិត្តអ្វី? តើយើងមានចំណុខខ្លាំង និងខ្សោយអ្វី?...

៣. គុណភាពជីវិតគឺវាស់ស្ទង់ដោយគំនិត ទង្វើ និងលទ្ធផល តែមិនមែនដោយបទពិសោធ និងអាយុនោះទេ។

៤. ការដែលមានសេចក្ដីទុក្ខក៏ព្រោះតែខ្លួនឯងជាអ្នកអនុញ្ញាត ហើយការដែលមានសេចក្ដីសុខក៏ព្រោះតែខ្លួនឯងជាអ្នកព្រមអនុញ្ញាតឲ្យដែរ។ ឱ!...ការអនុញ្ញាតដ៏មានឥទ្ធិពលអើយ...

៥. នៅលើលោកយើងនេះអ្វីៗទាំងអស់សុទ្ធតែប្រែប្រួល បើកើតឡើងហើយរមែងរលត់បាត់ទៅវិញតាមកាលវេលារបស់វា។ មានន័យថា សុខក៏ប្រែប្រួល ទុក្ខក៏មិនយូរ ដូចពេលរាត្រីនឹងត្រូវជំនួសដោយថ្ងៃរះ កាលណាពេលវេលាមកដល់ ព្យុះមិនចេះតែបោកបក់មករហូតនោះទេ។

៦. អ្វីទៅដែលហៅថាក្ដីសុខ? អ្វីទៅដែលហៅថាក្ដីទុក្ខ? តាមពិតសុខ និងទុក្ខគឺកើតឡើងដោយសារតែចិត្តយើងជាអ្នកកំណត់និយមន័យសោះ។ ឧ. ក្ដីសុខជនប្រមឹកគឺស្រា ក្ដីសុខអ្នកសិក្សាគឺអំនានសៀវភៅ។ ទុក្ខរបស់អ្នកក្រគឺ ការគ្មានទ្រព្យធន់ ឯទុក្ខរបស់អ្នកមានគឺ ខ្លាចបាត់បង់ទ្រព្យធន់ទៅវិញ។

៧. មិនថាជីវិតយើងលំបាកប៉ុនណាទេ តែចុងក្រោយបង្អស់យើងនៅតែពុំអាចទម្លាក់ចោលជីវិតយើងមួយនេះបានដែរ ព្រោះយើងពុំអាចទៅខ្ចីដង្ហើមគេដកបានទេ មានន័យថាយើងនៅតែប្រឹងតស៊ូ ក្រាញននៀលដោយខ្លួនឯងដដែលៗ។ ការទម្លាក់ចោលជីវិត គឺមានន័យសូន្យ (ត្រូវស្លាប់) តែការស្លាប់មិនអាចដោះស្រាយបញ្ហាបាននោះទេ។ គតិមួយលើកឡើងថា បើការស្លាប់អាចដោះស្រាយបញ្ហាបាននោះ អីចឹងតើមនុស្សគ្រប់គ្នាប្រឹងរស់ដើម្បីអ្វី? បើបែបនោះមែនគេប្រហែលជានាំគ្នាបបួលស្លាប់បាត់អស់ទៅហើយ។

៨. ដើមឈូកដុះចេញពីភក់បង្កើតចេញបានជាផ្កាយ៉ាងស្រស់ស្អាត ហើយមិនដែលខ្វល់ថាមានអ្នកណាឲ្យតម្លៃវាឬអត់ទេ តែវានៅតែស្រស់ស្អាតតាមធម្មជាតិរបស់វាដដែល។

៩. សុខ និងទុក្ខ ជាគូនិងគ្នា ហេតុនេះខ្ញុំសូមនិយាយថា សុខ=ទុក្ខ គឺមានន័យថា សុខមានចំនួនស្មើគ្នានិងទុក្ខ ឬអាចថាទុក្ខច្រើនជាងសុខដែលមាននៅលើលោកិយមួយនេះ។

១០. នៅពេលដែលគិតថានឹងដើរទៅមុខហើយ ចូរកុំគិតងាកសម្លឹងមកក្រោយ ឬស្ដាយក្រោយឲ្យសោះ៕



Monday, October 1, 2018

ផ្លាស់ប្ដូរ...



អ្វីដែលយើងគួរចាំទុកនោះគឺគ្រប់គ្នាកើតមក មិនមាននរណាពេញលក្ខណៈ មិនមាននរណាល្អបំផុត មិនមាននរណាពូកែបំផុតនោះទេ ហើយក៏មិនមាននរណាដែលមានជីវិតយ៉ាប់យ៉ឺនរហូតនោះដែរ។ គ្រប់យ៉ាងគឺផ្លាស់ប្ដូរ ហើយមានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនផ្លាស់ប្ដូរ។ គ្រប់គ្នាសុទ្ធតែមានទាំងចំណុចល្អ ចំណុចអាក្រក់ ខ្វះខាត ប្លែកៗពីគ្នា តែការដែលធ្វើខ្លួនយើងឲ្យពេញលេញកាន់តែខ្លាំងឡើងបាន ជាដំបូងគឺត្រូវរកឲ្យឃើញចំណុចខ្វះខាតខ្លួនឯងដើម្បីមកផ្លាស់ប្ដូរជាមុនសិន។ នៅពេលដែលដឹងច្បាស់ហើយ គឺត្រូវចំណុចខ្លាំងមកអភិវឌ្ឍឲ្យកាន់តែប្រសើរ ឯចំណុចខ្សោយត្រូវកែប្រែ ប្ដូរវិធីគិត វិធីធ្វើសារថ្មី។ ការផ្លាស់ប្ដូរថ្មី នឹងធ្វើឲ្យយើងឃើញនូវសកម្មភាពថ្មី វិធីសាស្ត្រថ្មី ដើម្បីរៀបចំដំណើរជីវិតថ្មី លើវិថីជោគជ័យថ្មី។ ទស្សនៈមួយលើកឡើងថា បើអ្នកចង់ផ្លាស់ប្ដូរពិភពលោក ជាដំបូងអ្នកត្រូវតែផ្លាស់ប្ដូរ<ជំនឿចិត្ត>អ្នកជាមុនសិន

អ្នកដែលមិនធ្លាប់ខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះ។ ជីវិតយើងមានសារៈសំខាន់ខ្លាំងណាស់ចំពោះការគិត មានន័យថាគ្រប់ការគិតទាំងអស់តែងតែផ្ដោតលើជីវិត។ ការគិតដែលល្អគឺការគិតវិជ្ជមាន គិតក្នុងគំនិតដ៏ត្រឹមត្រូវ គិតរកច្រកដំណោះស្រាយ គិតរកផ្លូវឈ្នះបញ្ហា។ យើងអាចសួរសំណួរមួយថា បើជ្រុលជាគិតហើយ ហេតុអ្វីមិនគិតក្នុងផ្លូវដែលនាំឲ្យខ្លួនឯងមានក្ដីសុខ? មានទស្សនៈមួយលើកឡើងថា ជីវិតគឺជាអ្វីដែលអ្នកគិត។ បើអ្នកគិតវិជ្ជមាន អ្នកនឹងទទួលបានផលវិជ្ជមាន បើអ្នកគិតរឿងមិនល្អ អ្នកនឹងទទួលបានផលមិនល្អដូចគ្នា។ វាគឺជាមេដែកដែលស្រូបទាញ និង អាចនិយាយថាជា ច្បាប់ស្រូបទាញផងដែរ។ សូមចាំថា ការគិតរបស់យើង វាមានឥទ្ធិពលលើជីវិតយើងខ្លាំងណាស់

ការគិតប្រកបដោយភាពច្បាស់លាស់មួយ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសម្បើម។ គិតឲ្យធំតែសូមចាប់ផ្ដើមពីតូចទៅ និងចាប់ផ្ដើមលើផ្លូវដែលត្រូវបោះជំហានមុនគេ។ ចាប់ផ្ដើមគិតអ្វីដែលអាច ដែលងាយៗ ដែលខ្លឹមៗ ដើម្បី<ដើរទន្ទឹម>នឹងសកម្មភាពវិជ្ជមាន ឲ្យ <ស្រប>នឹងឥរិយាបថវិជ្ជមានដែលត្រូវបានបង្កើតនៅក្នុងខួរក្បាល។

មិនថានៅក្នុងស្ថានការណ៍បែបណាទេ ចូរស្វែងរកអ្វីដែលល្អៗ ថ្មីៗ ហើយកុំស្វែងរករឿងអាក្រក់ ឈប់ផ្ដោតលើបញ្ហា។ មនុស្សដែលជោគជ័យតែងតែស្វែករករឿងល្អនៅក្នុងគ្រប់បញ្ហា តែមនុស្សបរាជ័យតែងតែស្វែងបញ្ហានៅក្នុងគ្រប់រឿងល្អ។ ចងចាំថា នៅក្នុងសំណាងអាចមានគ្រោះ ក្នុងគ្រោះក៏អាចមានសំណាង គ្រោះនិងសំណាងមានស្មើគ្នា តែអ្វីដែលសំខាន់តើអ្នកស្វែងរកមួយណា? បើមានរឿងអាក្រក់សូមកុំបារម្ភព្រោះវាគង់តែប្រែប្រួលទេ ហើយបើមានរឿងល្អក៏សូមកុំបារម្ភ ព្រោះវាគង់តែប្រែប្រួលដូចគ្នា។ ពេលវេលាជាអ្នកសម្រួលឲ្យទឹកថ្លាបាន

មនុស្សយើងច្រើនតែប្រកាន់ខ្ជាប់នឹងគំនិតដដែលៗដែលវាបានលងបន្លាចយើងរហូតមក។ សូមផ្លាស់ប្ដូរវាចេញហើយគិតប្លែកពីគំនិតដើមណាដែលមិនល្អ។ មិនល្អមានន័យថាមិនបានធ្វើឲ្យយើងរីកចម្រើនទៅមុខទេ។ បរាជ័យធំបំផុតគឺមិនបានគិត ហើយមិនហានធ្វើ ថែមទាំងទន្ទេញថា បរាជ័យ មិនផ្លាស់ប្ដូរ។ អ្នកដែលជោគជ័យគឺជាអ្នកដែលធ្លាប់បរាជ័យស្ទើរតែរាប់មិនអស់។ ទស្សនៈមួយនិយាយថា ខ្ញុំសុខចិត្តធ្វើជា វីរៈបុរសបរាជ័យ ដែលយ៉ាងហោចណាស់ក៏ខ្ញុំបានសាកល្បងផ្លាស់ប្ដូរដែរ

សូមគិតឲ្យល្អក្នុងបច្ចុប្បន្ន ហើយបំភ្លេចអតីតកាលដែលមិនល្អចោល។ អតីតកាលគឺជាបាយផ្អូម បច្ចុប្បន្នគឺបាយដាំឆ្អិនថ្មី ឯអនាគតគឺអង្ករពុំទាន់ក្លាយជាបាយនៅឡើយទេ។ សូមកុំគិតហួងហែងដោយរស់នៅក្នុងអតីតកាលខ្លាំងពេក ផ្លាស់ប្ដូរវាចេញទៅ។ បើអ្នកមិនផ្លាស់ប្ដូរ គឺមានន័យថា អ្នកប្រឆាំងនឹងសច្ចៈភាពនៃធម្មជាតិ ព្រោះក្នុងធម្មជាតិគឺផ្លាស់ប្ដូរជានិច្ច

ចេះស្រឡាញ់ខ្លួនឯង!



ជោគជ័យខ្លះ បរាជ័យខ្លះ យឺតខ្លះ លឿនខ្លះ គឺជារឿងធម្មតាៗសម្រាប់ជីវិត អ្វីដែលសំខាន់ត្រូវផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ។ គួរចាំថា មានតែយើងទេ ដែលយល់សុខទុក្ខខ្លួនឯងជាងគេ ហើយក៏មានតែយើងដែរ ដែលនៅជាមួយខ្លួនឯងជារៀងរហូត ។

អ្នកផ្សេងមិនមែនយើង ពេលខ្លះដោយសារគេមិនយល់ពីយើង ទើបគេចេះតែមើលមកយើងដោយគំនិតផ្សេងៗគ្នា ប៉ុន្ដែមានពេលខ្លះ បើយើងមើលខ្លួនឯងក្នុងផ្លូវល្អៗ យើងនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ប៉ុន្ដែប្រសិនបើយើងឈឺចាប់កើតទុក្ខនឹងសម្ដីផ្តេសផ្ដាសរបស់អ្នកដទៃ យើងមិនខុសពីរើសសំរាមតាមផ្លូវដាក់ហោប៉ៅខ្លួនឯងឡើយ

ពេលខ្លះ ខណៈពេលដែលយើងកំពុងជម្នះភាពលំបាកៗ ពុំសូវមានមនុស្សជ្រោមជ្រែងឡើយ ប៉ុន្ដែបើមនុស្សប៉ែងជើងគឺមានច្រើន។ ប៉ុន្ដែទោះបីគ្មាននរណាម្នាក់គាំទ្រយើងក៏ដោយ តែយើងត្រូវគាំទ្រខ្លួនឯងជានិច្ច ផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ព្រោះមានតែខ្លួនឯងទេដែលនៅជាមួយខ្លួនឯងជារាងរហូត ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ

Cr. ប្រាជ្ញាជីវិត

Saturday, September 29, 2018

ស្មោះនឹងអំពើល្អ



មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលអ្វីឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួចឲ្យសោះ ពីព្រោះកាលណាបើងើបមុខមិនរួចហើយ គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏គ្រាន់តែលើកតម្កើង សេចក្តីល្អ ទៅបានហើយ តែសូមកុំព្យាយាម លើកតម្កើងខ្ញុំ ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិនេះ គឺថាខ្លួនខ្ញុំគឺនៅតែមានភាពជាមនុស្ស តែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយអំណាចលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។

កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារតែភាពលោភលន់នឹងអំណាចក្នុងដៃ ឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។

កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឲ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឲ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឲ្យដើរទៅមុខ៕

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

ជីវិតគឺជាការសាកល្បង ឬការពិសោធ


នៅពេលណាក៏ដោយដែលយើងត្រូវធ្លាក់នៅក្នុងស្ថានការណ៍ដែលអាក្រក់ ប្រសិនបើវានៅមិនទាន់អាច សម្លាប់ យើងឱ្យ ស្លាប់ បានទេនោះ យើងកុំចុះចាញ់ និង កុំចុះចាញ់

មិនសំខាន់នោះទេថាយើងមានអ្វីខ្លះ? ប៉ុន្តែអ្វីដែលសំខាន់គឺ យើងនឹងប្រើអ្វីដែលនៅសល់នោះយ៉ាងដូចម្តេច?ហើយប្រាប់ខ្លួនឯងឱ្យខ្លាំងៗ ថា
ខ្ញុំនឹងមានជីវិតដើម្បីខ្លួនខ្ញុំផ្ទាល់
ខ្ញុំនឹងមិនមែនជាមនុស្សដែលល្អឥតខ្ចោះសម្រាប់នរណាម្នាក់នុ៎ះទេ។ ខ្ញុំនឹងប្រើពេលវេលាដែលនៅសល់ឱ្យបានល្អបំផុតហើយនឹងធ្វើវាឱ្យបានល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំនឹងស៊ូនូវរាល់ភាពភ័យខ្លាចរបស់ខ្ញុំ។ ចូរ ប្រឈមមុខ ជាមួយនឹង ភាពភ័យខ្លាច យ៉ាងក្លាហាន!

នៅលើលោកនេះ នៅមានផ្លូវដែលជារបស់យើង។ សូមកុំឱ្យនរណាមកជ្រើសរើសឱ្យយើង។ កំណត់ផ្លូវដែលត្រូវដើរដោយ ខ្លួនយើងផ្ទាល់
នៅលើលោកនេះ មានអ្វីល្អៗ ជាច្រើនរង់ចាំឱ្យយើងជា ម្ចាស់"។ ក្រោកឡើងមក ហើយចេញដំណើរទៅតាមផ្លូវដែលជារបស់យើង ទោះបីវាមិនសូវល្អតែយើងទទួលស្គាល់ថា នោះគឺអ្វីដែលប្រាប់មនុស្សទូទាំងពិភពលោកឱ្យដឹង ថា ខ្ញុំនៅមិនទាន់ស្លាប់ទេ! ។ មិនមាន នរណាចង់ធ្លាក់នៅក្នុងអំឡុងពេលវេលានៃភាព លំបាកលំបិន នៃជីវិត ប៉ុន្តែនៅពេលដែលវា ដើរ ចូលមកក្នុងជីវិតយើង តួនាទី របស់យើងគឺទទួលស្គាល់ ហើយ កុំចុះចាញ់​ ។ សូមគិតថា ខ្ញុំនឹងប្រើនូវអ្វីដែលនៅសេសសល់ក្នុង ជីវិត ដើម្បីដើរចេញពីអំឡុងពេលដែល លំបាកលំបិន នៃជីវិតនុ៎ះ។ ខ្ញុំនឹងប្រើវា ខ្ញុំនឹងប្រើវា ពីព្រោះវាគឺជាអ្វីដែលខ្ញុំមាន ព្រោះវាគឺជាអ្វីដែល ល្អបំផុត សម្រាប់ខ្ញុំ។

នៅពេលដែលយើង ទទួលស្គាល់ ខ្លួនឯង នូវអ្វីដែលជារបស់យើងហើយពិភពលោកក៏នឹងឃើញពីគុណតម្លៃរបស់យើងដែរ។ គ្រប់យ៉ាង ចាប់ផ្តើម ចេញពីខាងក្នុងគឺ ចិត្ត របស់យើងខ្លួនឯង។ យើងគ្រប់គ្នារមែងមាន ក្តីសុបិន ដ៏អស្ចារ្យនៅក្នុង ជីវិតភាពជោគជ័យ  គ្រួសារដែលកក់ក្តៅ។ វាគួរតែជាអ្វីដែលយើង ប្រាថ្នា នោះគឺជាអ្វីដែលយើងគ្រប់គ្នាចង់ឱ្យកើតឡើងនៅក្នុង ជីវិត

សំណួរ គឺ ប្រសិនបើវា មិនទៅតាមអ្វីដែលយើងគិតទុក តើយើងនឹងធ្វើដូចម្តេច?

លែងលះគ្នា
បាត់បង់ការងារ
ផ្ទះត្រូវរឹបអូស
រថយន្តត្រូវរឹបអូស! អ្វីទាំងនេះ មិនធ្លាប់មាននរណាចង់ឱ្យវាកើតឡើងទេ។ ជីវិត គឺជា ការពិសោធន៍ និង ការសាកល្បងហើយពិតប្រាកដណាស់ថាការពិសោធន៍ វាមិនធ្លាប់ងាយស្រួលនោះទេ។ ដូច្នេះ នៅពេលដែលយើងរំពឹងពីភាពសប្បាយពីជីវិត ប៉ុន្តែ ជីវិត បែរជាផ្តល់នូវ ភាពលំបាក មកឱ្យ ផ្លាស់ប្តូរ វាឱ្យទៅជា ឱកាស និង មិនត្រូវទៅបន្ទោសនរណា
ទោះបីពេលខ្លះ យើងភ័យខ្លាច យើងអាចនឹងស្រែកយំ ចូរប្រាប់ខ្លួនឯងទៅថា
មិនអីទេ ... មិនអីទេ។ ប៉ុន្តែការ ចុះចាញ់ មិនគួរជាផ្លូវដែលយើងជ្រើសរើស។ ចូរក្រសោបយក នូវរាល់ខ្យល់ដង្ហើមដែលអ្នកស្រូបចូលទៅ ព្រោះវាគឺ និម្មិតរូប ថា
អ្នកនៅមានជីវិតកុំស្លាប់ នៅមុនពេលដែលមិនទាន់ដល់ពេលដែលគួរ ស្លាប់ ពិត។ ដូច្នេះចូរ អរគុណ នូវអ្វីគ្រប់យ៉ាងដែលយើងនៅសេសសល់ កុំរវល់តែទៅខាតពេលជាមួយនិងការថ្កោលទោសថាយើងគឺជាមនុស្សដែលទទួលរងនូវអំពើអយុត្តិធម៌ ឬ ថាយើងគឺជាមនុស្សដែលគ្មានភ័ព្វសំណាង។

ចូរប្រើ ជីវិត នៅគ្រប់ពេលវេលាដែលមាន យ៉ាង អស្ចារ្យឱ្យសមនឹងការដែល លោកឪពុក និង អ្នកម្តាយ តែងតែធ្លាប់និយាយប្រាប់គេថា

អ្នក គឺជាកាដូដ៏វិសេសវិសាលបំផុត

សូមផ្ញើពាក្យពេចន៍ទាំងនេះ បានជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នា!🏊🚵🚴

Friday, September 28, 2018

ក្នុងទីងងឹត


នៅក្នុងទីងងឹត យើងមិនអាចមើលឃើញអ្វីជុំវិញខ្លួនដោយភ្នែកទទេទេ តែយើងមានអារម្មណ៍ភ័យព្រួយ យើងមានអារម្មណ៍មិនសូវសុខស្រួល ព្រោះមិនដឹងខ្លួនថាត្រូវទៅទីណា ទៅតាមផ្លូវណា ហើយក៏មិនដឹងថាអ្វីជាឧបសគ្គដែរ។

នៅក្នុងទីងងឹត យើងមានអារម្មណ៍ថា មានតែយើងម្នាក់ឯងគត់ គ្មានអ្នកណាមកជួយជ្រោមជ្រែងយើងទេ អ្វីដែលយើងត្រូវរង់ចាំគឺពន្លឺ។

នៅក្នុងទីងងឹត ខួរក្បាល ដៃជើងខ្លួនប្រាណ បានក្លាយជាភ្នែករបស់យើង មានន័យថា យើងលែងមើលឃើញដោយចក្ខុវិញ្ញាណដូចមុនទៀតហើយ។

ខ្ញុំក៏ធ្លាប់នៅទីងងឹតយ៉ាងយូរណាស់ដែរ ទីនោះទោះបីជាមេឃមានព្រះអាទិត្យបំភ្លឺក៏ដោយ ក៏នៅតែមិនអាចចាំងចូលបាន ហើយខ្ញុំគិតថាអ្នកប្រហែលធ្លាប់ស្ថិតក្នុងទីនោះដូចគ្នានឹងខ្ញុំដែរ។

ទីនោះគឺជាការគិតរបស់យើងនៅពេលដែលយើងគ្មានគោលដៅ គ្មានក្តីស្រមៃនោះឯង។ យើងធ្វើអ្វីៗដោយមិនសូវឆ្ពោះដៅ មិនសូវមោះមុតនោះឡើយ យើងមិនដឹងថាយើងត្រូវលះបង់អ្វីមួយដើម្បីអ្វីទេ។ ពេលនោះហើយដែលយើងមានអារម្មណ៍ថា ខ្លួនមិនដឹងនៅទីណា ហើយកំពុងធ្វើអ្វីឲ្យប្រាកដបានដែរ។

ពេលដែលយើងរកគោលដៅមិនទាន់ឃើញ ក្តីស្រមៃគឺជាពន្លឺភ្លើងទៀន ដែលអាចជួយយើងឲ្យមើលឃើញ ឲ្យយើងមានចក្ខុវិស័យ ឲ្យយើងមានគំនិត ដែលជារបស់យើងផ្ទាល់។ ពេលនោះហើយ យើងនឹងលែងមើល ជាមួយនឹងភ្នែកតែមួយមុខទៀតហើយ ហើយនឹងដឹងខ្លួនឯងថា ខ្លួនត្រូវធ្វើអ្វីខ្លះជាមិនខានឡើយ។

ពេលយើងមានគោលដៅ មានក្តីស្រមៃ នោះរបាំងនៃភាពងងឹតក៏រលាយសាបសូន្យអស់ទៅ ហើយយើងអាចបន្តដំណើរទៅមុខដោយស្វាហាប់បានជាក់ជាមិនខាន។ តើអ្នកបានដើរចេញពីទីងងឹតនោះហើយឬនៅ?

Cr.  Leanghong Oeng

ហេតុអ្វីយើងត្រូវអានសៀវភៅ?



ការអានជាជ្រុងមួយនៃការបង្កើតគំនិតថ្មីៗ និងបន្ថែមប្រសិទ្ធិភាពលើការងាររបស់អ្នក។ ប្រសិនបើអ្នកជា Ceo ហើយអ្នកមានទម្លាប់អានជាប្រចាំ អ្នកនឹងក្លាយជាអ្នកដឹកនាំដ៏មានគុណភាពពិតប្រាកដម្នាក់។ ប្រសិនបើអ្នកជាសាស្ត្រាចារ្យ ហើយអ្នកតែងតែមានទម្លាប់អានសៀវភៅថ្មីៗជាប្រចាំ អ្នកនឹងក្លាយជាសាស្ត្រាចារ្យដែលពោរពេញដោយថាមពលគំនិតដ៏ល្អម្នាក់។ មិនថាអ្នកមានតំណែងជាអ្វីក៏ដោយ ការអានគឺជាការសិក្សាបន្ថែម ហើយមានតែការសិក្សាលើការអានសៀវភៅបន្ថែមប៉ុណ្ណោះ ដែលអាចធ្វើឲ្យអ្នកមានគំនិតថ្មីៗដើម្បីស្ថាបនាក៏ដូចជាបន្ថែមលើការគិតការរបស់អ្នកឲ្យកាន់តែល្អទ្វេដង...។

ការអានជាការងារមួយផ្នែករបស់បុគ្គលជោគជ័យ ហើយក៏ពុំមានបុគ្គលជោគជ័យណាម្នាក់ដែលមិនធ្លាប់អានសៀវភៅនោះដែរ ។ សុភាសិតចិនមួយឃ្លាបានពោលថា "សៀវភៅមិនមែនជាវិធីដែលអ្នកដទៃមកគិតជំនួសយើងទេ តែវាជាឧបករណ៍ដែលជំនួយឲ្យយើងគិតគូរបានវែងឆ្ងាយជាងមុន" ។ ការអាននឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ ប្រសិនបើយើងមិនបានបញ្ជូនសតិបញ្ញាទៅជាមួយការអានរបស់យើងនុ៎ះ៕

Cr. ប្រាជ្ញាជីវិត

Thursday, September 27, 2018

នៅរអ៊ូបានអ្វីមក?



ឈប់រអ៊ូ តែប្រឹងតស៊ូធ្វើទៅ។ បើរវល់តែរអ៊ូ តើមានពេលមកពីណាទៅដោះស្រាយបញ្ហា? ព្រោះយើងបានចំណាយពេល យើងបានខ្ជះខ្ជាយពេលជាមួយការរអ៊ូនោះអស់ទៅហើយហ្នឹង។

ឈប់គិតថាបញ្ហានោះមានឥទ្ធិពលយ៉ាងណាចំពោះអ្នកទៅ តែត្រូវគិតថាធ្វើយ៉ាងម៉េច ទើបអាចដោះស្រាយបញ្ហានោះបាន? គឺត្រូវប្រឹងរកប្រភពនៃដំណោះស្រាយឲ្យបានច្រើនវិធី។ ឈប់ផ្ដោតអារម្មណ៍ទៅលើបញ្ហា តែត្រូវផ្ដោតអារម្មណ៍លើដំណោះស្រាយវិញ។

ឈប់មើលបញ្ហានៅក្នុងបញ្ហានោះទៅ តែត្រូវរកឱកាសនៅក្នុងបញ្ហាឲ្យឃើញ ព្រោះក្នុងគ្រោះមានលាភសំណាង ក្នុងលាភសំណាងក៏អាចមានគ្រោះ លាភនិងគ្រោះគឺស្មើគ្នា តែអ្វីដែលសំខាន់តើអ្នកស្វែងរកមួយណាជាងគេ?

ត្រូវចងចាំថា ខ្ញុំនឹងមិនឈឺចាប់ទេ បើខ្ញុំមិនយល់ព្រម។ ខ្ញុំមិនខ្វល់នឹងពេលដែលបានបាត់បង់ទៅហើយនោះពេកទេ តែខ្ញុំនឹងប្រើពេលដែលសេសសល់របស់ខ្ញុំឲ្យល្អបំផុត។ ជីវិតគឺជាការតស៊ូគ្មានទីបញ្ចប់! កុំអស់សង្ឃឹម កុំបាក់ទឹកចិត្តឲ្យសោះ!បញ្ហាគ្រាន់តែជាបញ្ហា...បញ្ហាគ្មានដៃជើងមកវាយដំយើងបានទេ!

យើងមិនចាញ់ទេ បើយើង<មិនព្រម>
យើងមិនបរាជ័យទេបើយើង<មិនព្រម>
យើងមិនឈឺចាប់ទេបើយើង<មិនព្រម> ៕

គតិបណ្ឌិត ៦ចំណុចគួររៀនពីសៀវភៅស្រីហិតោបទេស



១) ការចងបាច់វង្សត្រកូលរបស់ខ្លួនយើង សូម្បីតែមនុស្សពីរបីនាក់ឲ្យរួបរួមជាគ្នាក៏ដោយ ក៏ជាការគាប់ប្រសើរណាស់ ព្រោះគេមិនអាចយកអង្ករទៅសាបព្រោះឲ្យដុះបានទេ បើគ្មានសំបក(គ្រាប់ស្រូវមិនអាចគ្មានសំបកបានទេ)។

២) សរីរៈ និង កិតិ្តគុណមានចន្លោះតាំងនៅឆ្ងាយពីគ្នាណាស់ ហើយសរីរៈនេះរលត់រលាយទៅក្នុងមួយខណៈ តែកិត្តិគុណវិញស្ថិតនៅជាអវសាន។

៣) មនុស្សស្លាប់មិនធំក្លិនផ្សែងចង្កៀងដែលគេពន្លត់ឡើយ ស្ដាប់មិនឮពាក្យដាស់តឿនរបស់មិត្តសម្លាញ់ មើលមិនឃើញផ្កាយអរុន្ធតទេ។

៤) ពន្លឺត្រជាក់នៃព្រះចន្ទមិនជាទីត្រជាក់នៃមនុស្សរងាទេ ហើយពន្លឺក្ដៅនៃព្រះអាទិត្យក៏មិនជាទីពេញចិត្តនៃមនុស្សក្ដៅដែរ។

៥) បើក្លាយជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីភាពជឿទុកចិត្តឲ្យសោះ ព្រោះទឹកជាសត្រូវនៃភ្លើង ទោះបីជាត្រូវកម្ដៅពុះក្រឹកៗទៅហើយក៏ដោយ ក៏អាចរំលត់ភ្លើងនោះបានដែរ។

៦) មែនពិតកិច្ចការណាដែលអាចសម្រេចបានដោយឧបាយកល កិច្ចការនោះគេមិនចាំបាច់ប្រើសេចក្ដីព្យាយាមខ្លាំងពេកក្លាទេ គឺប្រើត្រឹមតែល្បិចតូចឲ្យធំទៅបានហើយ! 

កែ. គោលគំនិតល្អដើម្បីជីវិត


Wednesday, September 12, 2018

ជម្នះឧបសគ្គជីវិតឲ្យបាន!



បើគ្មានភក់បាតបឹង គឺមិនអាចមានផ្កាឈូក។ បើមិនឆ្លងកាត់ភាពលំបាកខ្លះ ជីវិតក៏មិនអាចរឹងមាំបានដែរ។ ការតស៊ូគឺជាការបន្ដដង្ហើមជីវិត គ្មានការតស៊ូគឺជាការស្លាប់អ្វីៗគ្រប់យ៉ាង។ ដើម្បីទទួលបានបង្ហើមជីវិត ការតស៊ូគឺត្រូវតែប្រឹងជាប់ជានិច្ច។

ប្រឹងរៀន ប្រឹងរក ប្រឹងសន្សំ គឺជាឫសគល់នៃផ្លែផ្កាជីវិត។ ប្រឹងរៀន យើងមិនអាចបញ្ឈប់ដំណើរនៃការរៀនសូត្រត្រឹមតែសាលារៀនបានទេ ព្រោះនៅមានមេរៀនជីវិតជាច្រើនទៀតដែលយើងនឹងត្រូវជួបប្រទះក្នុងជីវិតជាក់ស្ដែងនៅថ្ងៃអនាគត ហើយមានតែមេរៀនដែលយើងធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះនៃការកសាងគុណភាពជីវិតពិតប្រាកដ។

ប្រឹងរក នៅចន្លោះចំណេះដឹង និងការស្វែងរកផ្លែផ្កាជីវិត ពុំមានម្ខាងណាដែលយើងអាចខ្វះបាននុ៎ះទេ។ មានចំណេះបណ្ដាលឲ្យចេះរក(ចេះធ្វើការ ចេះវិនិយោគ) មានបញ្ញាបណ្ដាលឲ្យចេះសន្សំពូជផ្លែផ្កា។ ការរស់នៅដែលពោរពេញទៅដោយការប្រកួតប្រជែងនេះ វាសនាអភ័ព្វនៃជីវិតពុំបានលើកលែងឲ្យជនដែលគ្មានការតស៊ូឡើយ គឺជ័យជម្នះនេះ មានសម្រាប់តែអ្នកប្រឹងប្រែងតែប៉ុណ្ណោះ។ ឧបសគ្គសំខាន់ដែលកប៉ាល់ត្រូវយកឈ្នះនោះគឺ ទឹកដែលរារាំងការរត់ឆ្ពោះទៅមុខ ហើយប្រសិនបើមិនមែនព្រោះតែការរារាំងខាងលើនេះទេ ក៏កប៉ាល់មិនអាចរត់ទៅមុខបានដែរ ជីវិតគឺដូចគ្នា។

អាល់បឺត អាញស្តាញ Albert Einstein (១៨៧៩-១៩៥៥)
បាននិយាយថា "អ្នកណាដែលមិនធ្លាប់ធ្វើអ្វីខុសសោះ អ្នកនោះពិតជាមិនធ្លាប់បានធ្វើអ្វីថ្មីៗឡើយ " ជីវិតគឺដូចជាការជិះកង់ ដើម្បីកុំឲ្យវាដួល គឺយើងត្រូវតែធាក់វាទៅមុខជានិច្ច "។ សុភាសិតចិនមួយឃ្លាបានប្រៀនប្រដៅថា "កុំភ័យខ្លាចនឹងការបោះជំហានទៅមុខសន្សឹមៗ អ្វីដែលត្រូវខ្លាចតែម្យ៉ាងគឺការឈប់ស្ងៀមនុ៎ះឯងទៅវិញទេតើ៕

Cr. ប្រាជ្ញាជីវិត & គ.ល.ជ