Saturday, March 16, 2019

អប់រំចិត្តរៀនដាក់ចុះ



គោលគំនិតល្អដើម្បីជីវិតបានសម្រិតសម្រាំងពាក្យពេចន៍អប់រំល្អៗមកចុះផ្សាយជាធម្មទានមិនសូវមានដាច់ ។ ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត ក៏សូមលើកយកគោលការណ៍ ១០ ប្រការ ដែលនិយាយពីការដាក់ចុះ ក្នុងការអប់រំចិត្តមកចុះផ្សាយដូចខាងក្រោម៖

១) ពេលយើងធ្វើបុណ្យ តែមិនទាន់បានលះបង់បាប ប្រៀបដូចជាយើងយកចានដែកទៅផ្កាប់ទុកកណ្ដាលវាល ភ្លៀងបង្អុលចុះមកត្រូវតែគូថចានដែក  តែវាប៉ះត្រូវខាងក្រៅ មិនប៉ះត្រូវខាងក្នុង ទឹកភ្លៀងក៏គ្មានឱកាសពេញចានដែកដែលខ្លួនបានផ្កាប់ទុកនោះដែរ ។

២) អ្នកទាំងឡាយអើយ ឈើដែលខ្ញុំកំពុងកាន់នេះ វាវែង ឬខ្លី ។ អ្នកទាំងឡាយ ឈើនេះជាធម្មជាតិពិតរបស់វាមានប៉ុណ្ណេះ វាមិនវែង ហើយក៏មិនខ្លី ។ អ្នកត្រូវការឲ្យឈើនេះវាខ្លី ឬវែង ហ្នឹងឯងជា ទុក្ខ ។ អ្វីគ្រប់យ៉ាង បើយើងព្រមតាមធម្មជាតិដែលវាមានស្រាប់ នៅទីណា ទុក្ខក៏មិនកើតឡើងក្នុងទីនោះ ។

៣) សុខ និងទុក្ខនេះ លោកប្រៀបដូចពស់មួយក្បាល ខាងក្បាលវាជាទុក្ខ រីឯខាងកន្ទុយវាជាសុខ ព្រោះប្រសិនបើអង្អែលប៉ះខាងក្បាល វាមានពិស ចំណែកមាត់វា វាមានពិស ទៅជិតក្បាលវាៗក៏ចឹក ទៅចាប់កន្ទុយវា មើលទៅហាក់ដូចជាសុខ តែចាប់មិនលែង វាក៏ត្រឡប់ក្រោយមកចឹកបានដូចគ្នា ត្រង់ក្បាលពស់ និងកន្ទុយពស់ គឺវាមានក្នុងខ្លួនតែមួយដូចគ្នា គឺតណ្ហា អវិជ្ជានោះឯង ។

៤) នាទីរបស់យើងនោះធ្វើហេតុឲ្យបានល្អបំផុតប៉ុននោះ ចំណែកផលដែលត្រូវបានទទួល ជារឿងរបស់វា ប្រសិនបើយើងដំណើរជីវិតទៅ ដោយមានការដាក់ចុះដូច្នេះហើយ ទុក្ខក៏លែងគ្របសង្កត់យើងបាន ។

៥) ប្រសិនបើភ្លើងវាឆេះ កុំឲ្យមកឆេះក្បាលយើង ប្រសិនបើទឹកវាជន់ កុំឲ្យវាជន់លិចក្បាលយើង ឲ្យជន់លិចតែផ្ទះសម្បែង ឲ្យឆេះតែផ្ទះសម្បែង ដែលជារបស់របរនៅខាងក្រៅខ្លួនរបស់យើង រីឯចិត្តរបស់យើងវិញ ឲ្យវាដាក់ចុះទៅ!

៦) ក្នុងលោកនេះមានវត្ថុគ្រប់គ្រាន់ តែយើងមានសេចក្ដីលោភលន់ខ្លួនឯង មិនស្គាល់លោក មិនដឹងភាសាលោក មិនដឹងអត្ថរបស់លោកថា វាមានការប្រែប្រួលទៅតាមធម្មជាតិរបស់វាគ្រប់វិនាទី ថាកាលណាវាកើតហើយ វាក៏ចាស់ ចាស់ហើយវាក៏ឈឺ កាលណាវាឈឺហើយ វាក៏ស្លាប់ ។

៧) ប្រសិនបើយើងជាមនុស្សឆ្លាតហើយ ត្រូវដាក់ចុះឲ្យអស់ រឿងល្អក៏ដាក់ចុះ រឿងក៏ដាក់វាចុះ រឿងដែលខ្លួនចូលចិត្តក៏ដាក់ចុះ ប្រៀបដូចយើងលែងចោលសត្វអាសិរ្ពិសដែលមានពិសដ៏ពន្លឹកនោះ ឲ្យវារទៅតាមសភាពរបស់វា វាក៏វារទៅទាំងដែលមានពិសក្នុងខ្លួនរបស់វានោះឯង ។

៨) យើងប្រាថ្នាចង់បានកន្ថោរមួយនេះ យើងលើកឡើង មានអារម្មណ៍ថាវាធ្ងន់ឡើង វាមានហេតុ ទម្ងន់កើតមានព្រោះអ្វី ប្រសិនបើមិនព្រោះតែយើងទៅលើកវា ប្រសិនបើយើងមិនទៅលើកវាទេ វាក៏មិនមានអ្វី បើមិនទៅលើក វាក៏ស្រាល អ្វីជាហេតុផល មើលប៉ុណ្ណេះក៏ដឹងបាត់ទៅហើយ មិនចាំបាច់ទៅរៀនពីណា បើយើងមិនតោងប្រកាន់អ្វី ហ្នឹងហើយជាហេតុផលនាំឲ្យទុក្ខកើត ប្រសិនបើយើងដាក់ចុះបាន ទុក្ខក៏មិនកើតដែរ ។

៩) យើងឃើញហើយថា ពែងមួយនេះ ខ្លួនយកទៅទុកដាក់ទីណា ក៏វាត្រូវតែបែកដែរ ចានមួយនេះ ខ្លួនយកទៅទុកទីណា ក៏ត្រូវតែបែក ប៉ុន្តែយើងត្រូវបង្រៀនក្មេងៗថា  លាងឲ្យបានស្អាត យកទៅឲ្យបានស្រួល យើងក៏ត្រូវបង្រៀនក្មេងៗយ៉ាងនេះ តាមការសន្មតយ៉ាងនេះ ដើម្បីយើងបានប្រើប្រាស់របស់របរទាំងនេះបានយូរ យើងចេះព្រះធម៌ យកព្រះធម៌មកប្រតិបត្តិ។ ប្រសិនបើរកឃើញថា អាមួយនេះបែកហើយ យើងប្រាប់ អើ ស្រេចតែវាទៅកូន ស៊ីហើយមិនចាំបាច់លាងវាទេ វាធ្លាក់ក៏ស្រេចតែវាទៅចុះ មិនមែនរបស់យើងទេ ទុកចោលទីណាក៏បាន វានឹងបែកស្រាប់ហើយ យ៉ាងនេះក៏ជាមនុស្សល្ងង់ពេក ។

ប្រសិនបើយើងជាអ្នកចេះសន្មត អានេះកាលណាវាឈឺ ក៏ត្រូវរកថ្នាំដង្កូវឲ្យវាលេប ពេលវាក្ដៅ ក៏រកទឹកងូតឲ្យវា ពេលវាត្រជាក់ ឲ្យរកភាពកក់ក្ដៅឲ្យវា ពេលវាឃ្លាន ក៏រកបាយទឹកឲ្យវាស៊ី តែឲ្យយើងដឹងថា ឲ្យបាយទឹកវាស៊ីផឹក វាក៏ស្លាប់ទៅដដែល ណាស់ហើយពេលនេះ សេចក្ដីស្លាប់វាមិនទាន់ដល់ ដូចពែងមួយនេះ វាមិនទាន់បែក ក៏ត្រូវរក្សាពែងមួយនេះឲ្យមានប្រយោជន៍នេះទុកសិនចុះ ។

១០) សន្មតថា ថ្ងៃនេះ អ្នកទាំងអស់គ្នារកប្រាក់បាន ១០០០០ រៀល ធម្មជាតិរបស់វាត្រឹមតែ ១០០០០រៀល នឹងគិតឲ្យបានច្រើនជាងនេះក៏មិនបាន  នឹងគិតចង់ឲ្យតិចជាងនេះក៏មិនបាន គេរកបាន ៥០០០រៀល ធម្មជាតិរបស់គេមានប៉ុណ្ណឹង រកមិនបាន ធម្មជាតិរបស់វាស្មើនឹងរកមិនបានហ្នឹងឯង រមែងប្រព្រឹត្តទៅតាមធម្មជាតិដែលវាមានគ្រប់យ៉ាង គ្រប់ទីកន្លែង ទុក្ខក៏មិនកើតមាន ព្រះធម៌បែបនេះប្រព្រឹត្តបដិបត្តិនៅកន្លែងណាក៏បាន ពេលណាក៏បាន អ្នកណាៗក៏អាចប្រតិបត្តិបាន ។ បតិបត្តិពេលណា ទីណា ទុក្ខក៏មិនកើតមានពេលនោះ ទីនោះដែរ ៕

ស. គន្លឹះភាវនា និងតាមក្លំមើលចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត 
S. fungdham.com

សាមគ្គីភាព



កិច្ចការផ្ទាល់ខ្លួន យើងអាចសម្រេចវាម្នាក់ឯងបាន តែកិច្ចការសង្គមទាមទារការចូលរួមពីមនុស្សទាំងអស់ក្នុងសង្គម។ សុភាសិតអាហ្វ្រិកពោលថា «ចង់លឿនទៅម្នាក់ឯង ចង់ទៅឆ្ងាយទៅទាំងអស់គ្នា»

មនុស្សចៀសមិនផុតពីមានទំនាក់ទំនងគ្នាឡើយ ហើយកិច្ចការជាក្រុមរឹតតែពិបាកនឹងចៀសផុតណាស់។ អគារធំមួយពុំមែនសង់ដោយមនុស្សម្នាក់ គឺត្រូវមានមេជាងម្នាក់និងកូនជាងរាប់សិបនាក់ទៀត។ សម្បុកស្រមោចដ៏ធំមួយក៏ពុំមែនកើតបានដោយសារតែស្រមោចមួយក្បាលដែរ គឺមានការចូលរួមពីស្រមោចរាប់ម៉ឺនក្បាល។ តែសាមគ្គីភាពមិនអាចកើតមានបានទេ បើគ្មានគោលដៅរួមគ្នា គ្មានចិត្តគំនិតវេញធ្លុងចូលគ្នា គ្មានភាពស្មោះត្រង់នឹងគ្នា គ្មានការអធ្យាស្រ័យចំពោះគ្នា គ្មានការជួយជ្រោមជ្រែងគ្នា និងគ្មានយុត្តិធម៌ចំពោះគ្នា។

Cr. Yuong So Da

Wednesday, March 13, 2019

ឆន្ទៈក្នុងការងារ



ព្រះភិក្ខុបយុត្តោ ធ្លាប់មានថេរដីកាស្ដីពីរឿង ឆន្ទៈក្នុងការងារនេះទុកថា ឆន្ទៈ ក្នុងន័យងាយស្ដាប់គឺ ចូលចិត្ត ។ ក្នុងកិច្ចការនេះ មានលោកមួយអង្គសួរអ្នកដាក់ពាក្យធ្វើការថា តើអ្នកចូលចិត្តការងារនេះទេ? ពាក្យថា ចូលចិត្ត នេះមានន័យថា ចូលចិត្តត្រង់ប្រាក់ខែខ្ពស់ បានលុយច្រើន ធ្វើការងារសប្បាយមិនពិបាក មិនបាច់ហត់នឿយ ការងារងាយស្រួល និងមានពេលវេលាសម្រាកគ្រប់គ្រាន់ ចាត់ទុកថា ចូលចិត្តម្យ៉ាង។

មនុស្សម្នាក់ទៀតឆ្លើយថា ចូលចិត្ត តើចូលចិត្តយ៉ាងណា? ដែលចូលចិត្តការងារនេះ វាត្រូវជាមួយនឹងចំណេះជំនាញសមត្ថភាពរបស់ខ្លួន ធ្វើហើយវាមានប្រយោជន៍ដល់សង្គមប្រទេសជាតិបាន ជាការងារមួយល្អ មានប្រយោជន៍យ៉ាងនេះយ៉ាងនោះ ចូលចិត្តព្រោះហេតុយ៉ាងនេះ។ នេះឯងជាពាក្យថា ចូលចិត្ត ក្នុងទីនេះសំដៅលើតណ្ហា និងឆន្ទៈ ប្រសិនបើចង់បានច្បាស់ជាងនេះ ត្រូវព្យាយាមឈ្វេងយល់ឲ្យបានស៊ីជម្រៅទៅលើពាក្យថា ឆន្ទៈ ក្នុងបរិបទសង្គមខ្មែរ។
ប្រសិនបើសួរថា ចុះការងារនេះអ្នកមានឆន្ទៈដែរទេ? មានន័យថា វាត្រូវជាមួយចំណេះជំនាញខ្លួន តើយើងអាចមើលឃើញពីអត្ថប្រយោជន៍របស់វាទេ? ត្រូវមើលប្រកបដោយបញ្ញា មិនមែនគ្រាន់តែថា វាមានប្រាក់ខែខ្ពស់ ស្រួលសប្បាយ សម្រាកបានច្រើន យ៉ាងនេះវាគ្រាន់តែជាអារម្មណ៍អាត្មានិយម នេះគឺហៅថាតណ្ហា ។ 

ប្រសិនបើមានឆន្ទៈដូចអ្វីដែលបានពោល យើងធ្វើការងារពិត ស្រឡាញ់ការងារមែនៗ ស្រឡាញ់នោះព្រោះមើលឃើញពីអត្ថប្រយោជន៍ថា ការងារនេះជាការងារជួយដល់សង្គម ហើយជួយអភិវឌ្ឍប្រទេសជាតិថែមទៀត ។ ប្រសិនបើវាមិនជួយអ្វីដល់សង្គមទេ ត្រូវព្យាយាមបណ្ដុះឆន្ទៈក្នុងផ្លូវមួយដែលខ្លួនគិតថា មានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនយើង ។ ពេលដែលយើងចូលទៅធ្វើកិច្ចការអ្វីមួយក៏ដោយ អត្ថប្រយោជន៍ម្យ៉ាងពីការងារនោះ មិនថាការងារនោះជាការងារអ្វីទេ មិនចូលចិត្ត ឬមិនក៏ដោយ វានឹងជួយយើងបានអភិវឌ្ឍខ្លួនឯង ដូចជា ការងារពិបាក វាជួយយើងបានកាន់តែប្រសើរឡើង គឺវាបានជួយបង្វឹកខ្លួនយើង ឲ្យកើតមានសតិបញ្ញា និងមានសមត្ថភាពផ្សេងៗទៀតជាច្រើន ។

ដូច្នេះ ប្រសិនបើមនុស្សមានឆន្ទៈល្មមបណ្ដុះឆន្ទៈបានល្អហើយ មានបំណងអ្វី ឬសិក្សាពេលនេះនឹងមានអារម្មណ៍ឌូតឡើង សូម្បីតែកិច្ចការនោះពិបាកយ៉ាប់ក៏ដោយ ក៏ខ្លួនចូលចិត្តធ្វើវាដែរ នេះចូលក្នុងគតិថា រឹតតែពិបាក រឹតតែបានច្រើន ។ អ្នកជឿដែរទេថា កាន់តែពិបាកកាន់តែបានច្រើន គឺបានជួយអភិវឌ្ឍខ្លួនឯងច្រើនជាងការងារនោះនឹងសម្រេច ជាងនោះ នឹងដើរទៅបានស្រួល យើងបានអភិវឌ្ឍខ្លួនឯងបានច្រើនឡើង ។ ប្រសិនបើការងារដែលយើងកំពុងធ្វើនោះ យើងមិនអាចមើលឃើញពីអត្ថប្រយោជន៍ដល់សង្គម ដល់ប្រទេសជាតិ តែយើងត្រូវធ្វើការងារបណ្ដុះឆន្ទៈឡើងក្នុងជ្រុងមួយថា វានឹងជួយឲ្យយើងបានអភិវឌ្ឍជីវិតរបស់យើង ព្រោះថាការងារនោះមានន័យម្យ៉ាង គឺជាចំណុចអភិវឌ្ឍជីវិតរបស់យើង ។

ការងារនេះស៊ីពេលច្រើននៃជីវិតយើង ដូចជាមួយថ្ងៃ ៨ម៉ោង គឺមួយភាគបីនៃថ្ងៃ នៅសល់ ១៦ម៉ោងទៀត អង្គុយខ្លះ ដើរខ្លះ អស់ច្រើនទៀត ព្រោះដូច្នោះយើងនឹងយកអ្វី ក៏ត្រូវយកពេល ៨ ម៉ោងនេះ កុំឲ្យខាតទៅទទេៗ ប្រសិនបើយើងវីវក់កើតទុក្ខបង្ខំចិត្តជាមួយការងារនេះ យើងនឹងខាតមួយថ្ងៃ ៨ ម៉ោងទទេៗ ហើយជីវិតយើងពោរពេញដោយទុក្ខកង្វល់ជាប់មិនលែង ។

ដូចនេះ យើងត្រូវព្យាយាមប្រញាប់បណ្ដុះឆន្ទៈឡើងឲ្យឃើញពីអត្ថប្រយោជន៍ដែលស្រឡាញ់ការងារនោះឲ្យបាន ហើយយើងក៏ប្រាប់ខ្លួនឯងថា ការងារនេះយើងធ្វើចុះ យើងនឹងបានអភិវឌ្ឍខ្លួនឯង អភិវឌ្ឍទស្សនវិស័យ អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហា អភិវឌ្ឍបញ្ញា អភិវឌ្ឍចិត្តគំនិតឲ្យមានភាពអត់ធ្មត់ ឲ្យមានសេចក្ដីព្យាយាម ឲ្យចេះគ្រប់គ្រងខ្លួនឯង ឲ្យមានសតិ មានសមាធិជាដើម។ ការងារគ្រប់យ៉ាងយកមកប្រើអភិវឌ្ឍន៍ខ្លួនយើងបានទាំងអស់ យ៉ាងហោចទៅ ក៏វាបានជួយអភិវឌ្ឍខ្លួនឯងដែរ ។ ប្រសិនបើមានឆន្ទៈយ៉ាងនេះ ធ្វើការងារអ្វីក៏មានន័យ និងមានសេចក្ដីច្រើនឡើង ៕

Cr. គោលគំនិតល្អដើម្បីជីវិត

Sunday, March 3, 2019

ការពិចារណាវិថីចិត្ត



ការកែលំអរវិថីចិត្ត ចាំបាច់ណាស់ត្រូវការភាពរឹងមាំ ។ ការអង្គុយត្រួតពិនិត្យសង្កេតមើលចិត្តត្រូវត្រួតពិនិត្យសង្កេតឲ្យមែនទែន វិថីរបស់ចិត្តនឹងធ្វើដំណើរទៅគ្រប់វិថី មិនថាយប់ឬថ្ងៃ សូម្បីតែខ្លួនដេកលក់ក៏មានយល់សប្ដិដែរ។ ទាំងនេះសុទ្ធតែជាវិថីរបស់ចិត្តដែលត្រាច់រង្គាត់គ្រប់ពេលវេលាទាំងអស់។ ប្រសិនបើជាយោគីវចរអ្នកប្រតិបត្តិកំចាត់បង់គ្រឿងភ័យដល់ចិត្ត ព្រមទាំងជាអ្នកដឹងទាន់វិថីចិត្តរបស់ខ្លួនហើយ ត្រូវធ្វើជាអ្នកសង្កេតមើលចិត្តនេះ។

ដូច្នេះ ការចម្រើនភាវនា ទើបជាវិធីល្អបំផុត ដែលអាចនឹងទទួលដឹងរឿងវិថីចិត្តរបស់ខ្លួនថា វាត្រាច់ចរទៅផ្លូវខុសឬក៏ផ្លូវត្រូវ ដើរមួយជំហានត្រូវគិតមួយជំហាន គិតទៅរកផ្លូវធម៌ ឬគិតទៅរកផ្លូវលោក ដើម្បីជាការពូនសន្សំកិលេសមកឲ្យចិត្ត យើងត្រូវសង្កេតតាមរបៀបនេះឯង។

ប្រសិនបើជាអ្នកត្រូវការធម៌ជាគ្រឿងលាងជម្រះចិត្ត ត្រូវមើលវិថីដើររបស់ចិត្តប្រកបព្រមដោយសតិបញ្ញា និងដោយសេចក្ដីព្យាយាម។ រឿងនេះព្រះពុទ្ធជាម្ចាស់ទ្រង់យាងមកយ៉ាងនេះ សាវ័កទាំងឡាយក៏ធ្លាប់បាននិមន្តមកយ៉ាងនេះ គ្រូអាចារ្យដែលមានឈ្មោះល្បីល្បាញក៏ធ្លាប់បានអប់រំពួកយើងមកទល់ឥឡូវនេះ លោកក៏ប្រតិបត្តិឬសង្កេតពិនិត្យមើលវិថីផ្លូវដើររបស់លោកមកយ៉ាងនោះដូចគ្នា មិនដូច្នោះទេ ក៏មិនដឹងវិថីចិត្តដូចគ្នា។

បើដើរទាំងយប់ទាំងថ្ងៃ ក៏ត្រូវគិតទាំងយប់ទាំងថ្ងៃ នឹងគិតរឿងរាប់រយជំពូកក៏ដោយ យើងក៏អាចដឹងបានថា ជាផ្លូវល្អ ឬអាក្រក់ យើងគ្រាន់តែដឹងថា បណ្ដោយទៅតាមអំពើចិត្តដែលវាគិតទៅប៉ុននោះ នៅត្រង់នេះហើយ ផលប្រយោជន៍ដែលប្រាកដឡើងនោះ វាមិនមាន មានតែភាពក្ដៅក្រហាយ។

បើបានអង្គុយថ្ងៃនេះហើយ ថ្ងៃក្រោយក៏ហើយ ថ្ងៃនេះងងឹត ថ្ងៃក្រោយក៏ភ្លឺ ខ្លួនក៏រអ៊ូរជានិច្ចថា ចិត្តរបស់ខ្លួននេះទន់ជ្រាយ ចិត្តរបស់ខ្លួននេះគ្មានក្ដីសេចក្ដីសុខ គ្មានផាសុក ពីព្រោះការប្រតិបត្តិខ្លួនឯងមិនសមតុល្យនៃហេតុ ដែលគួរធ្វើចិត្តឲ្យមានសេចក្ដីចម្រុងចម្រើន ឬស្រួលសប្បាយក្នុងខ្លួនបាន ទើបរកភាពស្ងប់ត្រជាក់នេះមិនបាន នេះហើយជាប្រការនាំឲ្យយើងមកប្រតិបត្តិគិតពិចារណាវិថីចិត្តនោះ ។

Cr. គោលគំនិតល្អដើម្បីជីវិត 
រូបភាព ផេកវត្តបទុបវតី


តើខ្ញុំរស់នៅលើលោកដើម្បីអ្វី ?



ឃើញអ្នកសរសេរកាន់តែច្រើន ស្របពេលឃើញអ្នកនិយាយកាន់តែច្រើន ហើយក៏ស្របពេលដែលខ្ញុំកាន់តែដឹងថាខ្លួននៅល្ងង់ ល្ងង់ព្រោះសង្គមសំបូរមនុស្សបង្អួតចំណេះ ។ អ្នកខ្លះចេះត្រឹម ក តែនិយាយដល់ ខ ។ អ្នកខ្លះទៀតចេះត្រឹម ក តែអាចអប់រំមនុស្សដែលមិនចេះអ្វីសោះរហូតពួកគេអាចរកឃើញតម្លៃល្អជាងមនុស្សដែលមានចំណេះដឹងកម្រិត ខ ។

សូក្រាតបង្រៀនថា " ស្គាល់ខ្លួនឯង គឺជាមនុស្សឆ្លាតបំផុត " តែខ្ញុំស្គាល់មនុស្សកាន់តែច្រើន ខ្ញុំកាន់តែដឹងថាខ្លួនល្ងង់ ។ កាន់តែដឹថាខ្លួនល្ងង់ ខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ ។ ស្គាល់កាន់តែច្បាស់ ខ្ញុំកាន់តែដឹងថាមានរឿងជាច្រើន ដែលមនុស្សជាច្រើនមិនដែលដឹង ហើយមានចំណេះដឹងខ្លះ វាមិនបានឋិតក្នុងកម្រិតខួរក្បាលទេ តែត្រូវប្រើចិត្តទៅពាល់។ មានតែអ្នកពាល់ទេ ទើបយល់ពីជម្រៅនៃធម្មជាតិពិតប្រាកដ ។ យល់ច្បាស់ពីជ្រៅធម្មជាតិ យើងនឹងដឹងកាន់តែច្បាស់ថាអ្វីមានតម្លៃ អ្វីអត់តម្លៃ ហើយក៏កាន់តែដឹងថា អ្វីដែលយើងគួរលះបង់ដើម្បីវា និងអ្វីដែលមិនគួរឲ្យតម្លៃ ។ ស្គាល់ពីជម្រៅធម្មជាតិ យើងនឹងដឹងថាយើងមកពីណា ហើយរស់នៅទីនេះដើម្បីអ្វី ? មិនមែនដើម្បីទ្រព្យ មិនមែនដើម្បីភាពអស្ចារ្យ ប៉ុន្ដែគឺដើម្បីអ្វីដែលយើងយល់ថាមានតម្លៃ ហើយអ្វីៗទាំងនោះ គឺជាការកំណត់ពីធម្មជាតិ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹង ។

ក្នុងសម័យកាលនៃការប្រជែង មានតែមនុស្សដែលមិនប្រជែងទេ ទើបជាអ្នកឈ្នះ ពិតប្រាកដ ។ កំពូលមហាសេដ្ឋីអាមេរិក លោក ប៊ីលហ្គែត បានបង្ហើបថា " ចង់ជោគជ័យក្នុងជីវិត កុំធ្វើការយកបរិមាណ តែត្រូវធ្វើការយកគុណភាព " ព្រះពុទ្ធក៏ទ្រង់សម្ដែងថា " សត្រូវដ៏សាហាវ គឺចិត្តច្របូកច្របល់ " ។ ចង់ឈ្នះកុំប្រជែងឈ្នះ តែត្រូវប្រជែងយកគុណតម្លៃ ។ ចង់ក្លាយជាមនុស្សមានតម្លៃ ត្រូវហ៊ានលះបង់ដើម្បីបង្កើតតម្លៃ ។ មិនថាក្នុងបរិបទណាទេមនុស្សមានតម្លៃ គឺជាមនុស្សដែលមានគុណតម្លៃក្នុងចិត្តអ្នកដទៃ ហើយមនុស្សដែលលះបង់ដើម្បីគុណតម្លៃ គឺតែងតែមានជីវិតរស់នៅដ៏មានតម្លៃជានិច្ច

ខ្ញុំមិនប្រជែងធ្វើមនុស្សមានតម្លៃទេ តែខ្ញុំចង់ធ្វើជាមនុស្សដែលអាចដកដង្ហើមបានស្រួល និងអាចរស់នៅសុខសប្បាយដល់ចាស់ ព្រោះថាមនុស្សខ្លះ ប្រហែលគ្មានសំណាងនេះទេ ដោយសារមនុស្សជាច្រើនបានប្រើជីវិតរបស់គេបញ្ច្រាស់ធម្មជាតិ ។ មានតែមនុស្សដែលមានបញ្ញាប៉ុណ្ណោះ ទើបឈ្នះរនាំងជីវិត ។ គេអាចមិនមែនជាអ្នកសរសេរ អ្នកនិយាយ ឬមនុស្សមានតម្លៃ តែគេអាចជាមនុស្សស្ងប់ម្នាក់ ដែលរស់នៅដើម្បីអ្នកដទៃដ៏ស្ងៀមស្ងាត់ ។ ខ្ញុំប្រើពាក្យគេ និងខ្ញុំ តែគេមិនមែនខ្ញុំទេ ៕

Cr. Sun Veasna

លុបពាក្យថាមិនអាចចេញ



ពីកុមារធម្មតាម្នាក់ក្លាយទៅជាកំពូលមនុស្សក្នុងប្រវត្តិសាស្ត្រពិភពលោក ពុំមែនជារឿងងាយស្រួលទេ ប៉ុន្តែអធិរាជ ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte) អាចធ្វើទៅបានដោយគ្មាននរណាអាចបដិសេធបានចំពោះសមិទ្ធផលដ៏សម្បើមរបស់គាត់។ កិច្ចការដែលគាត់ធ្វើនីមួយៗសុទ្ធតែទទួលបានមកដោយការចំណាយយ៉ាងគួរឲ្យខ្លាច និងសឹងតែមិនអាចមានជីវិតមកវិញផងក៏មាន។

ការណ៍នេះ ក៏ព្រោះតែជំនឿចិត្តយ៉ាងរឹងមាំចម្លែករបស់គាត់តែម្ដង គឺថាគាត់មិនដែលនិយាយពាក្យថា «មិនអាច» (Can't) ឡើយ ដូចពាក្យសម្ដីមួយឃ្លាដែលគាត់បានពោលហើយក្លាយជាភាសិតដ៏ល្បីល្បាញក្នុងសម័យកាលក្រោយមកទៀតយ៉ាងដូច្នេះថា «មិនអាចទៅរួច គឺជាពាក្យដែលមានតែនៅក្នុងវចនានុក្រមរបស់មនុស្សល្ងង់តែប៉ុណ្ណោះ។» (Impossible is a word to be found only in the dictionary of fools.)

បើមនុស្សគ្រប់គ្នាប្រកាន់យកឃ្លាសម្ដីនេះមកប្រតិបត្តិ នោះលទ្ធផលនៃកិច្ចការដែលជាគោលដៅរបស់យើងច្បាស់ជាស្ថិតនៅក្នុងរង្វង់នៃជ័យជម្នះ។ ចុះឧបមាថាបើសិនជាប្រើឃ្លានេះរួច ត្រូវបរាជ័យវិញ? ហឹស! គ្មានអ្វីគួរឲ្យអាម៉ាស់សោះ ផ្ទុយទៅវិញ នោះគឺជាបរាជ័យយ៉ាងល្អមើលនិងគួរឲ្យកោតសរសើរបំផុត។ វាប្រសើរជាងមនុស្សដែលមិនដែលធ្លាប់ស្គាល់រសជាតិបរាជ័យទៀតផង។ គ្រាន់តែកុំច្រឡំថា ការប្ដេជ្ញាតស៊ូជម្នះក្នុងការប្រព្រឹត្តរឿងអាក្រក់ៗក្នុងសង្គម គឺជាការតាំងចិត្តដ៏ប្រពៃ ឬជាការឈ្លាសវៃក្នុងការលុបពាក្យថា «មិនអាច» ចេញឲ្យសោះ។

តើភ្នំ ឬសមុទ្រ ព្រះអាទិត្យឬផែនដី... ដែលធំជាងគេក្នុងលោកនោះ? ខ្ញុំថាមិនមែនដូច្នោះទេដឹង។ «ចិត្តមនុស្ស» ទៅវិញទេដែលធំលើសវត្ថុទាំងអស់នោះនាចក្រវាឡយើងនេះ។ រាងកាយមនុស្សមិនធំលើសដំរីទេ តែទំហំដួងចិត្តវិញធំហួសនឹងបរិយាយបាន។ រាល់ពេលនរណាជឿយ៉ាងមុតមាំថាដៃជើងរបស់គេអាចធ្វើទៅរួច គេកម្រអស់សង្ឃឹមដោយសារតែជំនឿនោះណាស់ សំខាន់ឲ្យតែជាជំនឿនៅក្នុងកិច្ចការដែលត្រឹមត្រូវ។ តែនរណាដែលចូលចិត្តពោលមកកាន់ខ្លួនឯងថា «ការងារនេះខ្ញុំមិនអាចធ្វើកើតទេ» អ្នកនោះនឹងទទួលបានបរាជ័យជារង្វាន់ ទាំងដែលមិនទាន់បានចាប់ផ្ដើមម្ល៉េះ ហើយវាក៏ជាភាពអាម៉ាសដែលសាកសមសម្រាប់ឋានៈដូចជារូបគេហើយ។

Cr. Yuong So Da

Saturday, March 2, 2019

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៦)



“…មនុស្សមិនឆ្លាតរក្សាចិត្ត ទើបយោលយោកទៅតាមអារម្មណ៍
ឧបមាដូចទឹកភ្លៀង ជាទឹកស្អាត វាមានភាពថ្លាស្អាតជាប្រក្រតី
ប្រសិនបើយើងយកពណ៌ខៀវ ក្រហមដាក់ចូលទៅ
ទឹកក៏ប្រែពណ៌ទៅតាមការដាក់ពណ៌នោះៗ ។

ចិត្តរបស់យើងក៏ដូចគ្នា
ដូច្នោះហើយ ពេលណាវាត្រូវអារម្មណ៍ជានិដ្ឋារម្មណ៍មកប៉ះត្រូវ
ចិត្តក៏ត្រេកអរសប្បាយទៅ
ពេលណាវាត្រូវអារម្មណ៍ដែលជាអនិដ្ឋារម្មណ៍មកប៉ះត្រូវ
ចិត្តក៏ប្រែជាកើតទុក្ខទោមនស្សទៅ។

ប្រៀដូចជាស្លឹកឈើ ដែលត្រូវខ្យល់បក់
វាក៏យោលយោក ឲ្យនឹងថ្កល់មិនបាន ។
ផ្កា ផ្លែឈើទាំងឡាយ វាត្រូវខ្យល់ដូចគ្នា
ពេលណាត្រូវខ្យល់បោកបក់ វាក៏ត្រូវធ្លាក់ជ្រុះមកដី
មិនអាចនៅក្ដិបផ្លែទុំបាន។

ចិត្តរបស់មនុស្សយើងក៏ដូចគ្នា
ត្រូវអារម្មណ៍មកប៉ះផ្ទប់ ត្រូវអារម្មណ៍មកឆាបឆក មកទាញទៅ
ក៏ធ្លាក់ចុះ ដូចគ្នានឹងផ្លែផ្កាឈើនោះដែរ…”

Cr.គោលគំនិតល្អដើម្បីជីវិត


រឿងនិទានមិត្តល្អ



នៅវេលារសៀលមួយ មានពពែមួយក្បាលកំពុងរត់លេងលើជម្រាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងនឹងស៊ីពពែនោះ។

ពពែ ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឱ្យមិត្តភក្ដិមកជួយ។ គោ ក្រឡេកទៅឃើញចចកក៏រត់បាត់ទៅ...។ សេះ ឱនមើលឃើញចចកក៏ដាក់មេផាយបាត់ទៅ...។ សត្វលាបានឈប់បន្តិច ដឹងថាមានចចកក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ...។ ជ្រូក ដើរកាត់ គ្រាន់តែឃើញចចកបោលចុះពីភ្នំបាត់ទៅ...។ ទន្សាយ គ្រាន់តែស្តាប់ឮថាចចករត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ...។ ឆ្កែ នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់កចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។

ពពែ ត្រឡប់ដល់ផ្ទះវិញ មិត្តភក្ដិទាំងអស់បាននាំគ្នាមកសួរសុខទុក្ខ ។ គោ និយាយថា " ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឱ្យធ្លាយចេញពោះវៀនមកក្រៅបានណា៎! " ។ សេះថា "ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឱ្យធ្លាយខួរបានណា៎! "។ សត្វលាស្រែកឡើងថា "ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឱ្យវាភ័យបែកប្រមាត់បានណា៎! " ។ ជ្រូកថា " ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឱ្យរមៀលធ្លាក់ពីលើភ្នំបានណា៎! "។ ទន្សាយថា "ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឱ្យបងប្អូនយើងដឹងបានណា៎! " ។ ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែទេដែរនៅស្ងៀមមិននិយាយាអ្វី។

តម្លៃអប់រំ៖ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីអែបអបនោះទេ ។ ប៉ុន្តែនៅពេលដែលចាំបាច់គឺនឹងហុចដៃចាំជួយទាញយើង ។ ជួនកាលអ្នកដែលធ្វើឱ្យយើងសប្បាយចិត្តរាល់ថ្ងៃនេះ ខ្លះក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់យើងដែរ ។ មនុស្សខ្លះ បានតែសម្ដីគ្មានសាច់ការណ៍ទេ ហើយមនុស្សខ្លះទៀតបានតែអែបអបយើង ដល់យើងមានទុក្ខលំបាក ក៏បាត់សូន្យឈឹង ។ មិត្តភាពដែលបានពីការសម្ដែង វានឹងរលាយបាត់នៅពេលដែលយើងមានទុក្ខលំបាក ។ ប៉ុន្ដែមិត្តភាពដែលបានមកពីចិត្តបរិសុទ្ធ វានឹងធ្វើឲ្យយើងកក់ក្ដៅក្នុងជីវិត ៕


Cr. ប្រាជ្ញាជីវិត

Friday, March 1, 2019

ទស្សនវិស័យសម្តេចសង្ឃរាជជួនណាត



មនុស្សខ្លាំងពុំដែលមានចរិតផ្ញើវាសនាលើអ្នកដទៃទេ ហើយប្រទេសខ្លាំង គឺរឹងរឹតតែពុំអាចផ្ញើវាសនាលើប្រទេសដទៃបានដែរ

សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង។ មនុស្សខ្លាំង គឺជាមនុស្សដែលមានការអប់រំខ្ពស់។ ការអប់រំដែលត្រឹមត្រូវ គឺត្រូវបង្រៀនមិនត្រឹមតែចំណេះជំនាញប៉ុណ្ណោះទេ តែថែមទាំងត្រូវបង្វឹកបណ្តុះលើក្រមសីលធម៌ផងដែរ។ ទស្សនវិទូក្រិច ប្លាតុង (Plato) និយាយថា ចំណេះដឹងនឹងក្លាយជាឥតប្រយោជន៍ បើគោលបំណងនៃចំណេះដឹងខុសគោលការណ៍សីលធម៌។ ត្រឹមតែមានចំណេះ គឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវមានចំណេះដឹងខាងបង្រួបបង្រួមមនុស្ស ទើបហៅថាខ្លាំងពិតប្រាកដ និងខ្លាំងបានយូរអង្វែង។ តើយើងអាចរៀនអ្វីខ្លះពីបុព្វបុរសខ្មែរ ជាពិសេសអ្នកប្រាជ្ញខ្មែរនាស.វទី២០?

យុវជនខ្មែរទាំងអស់បានដឹងថាខ្មែរពីអតីតកាលជាពូជខ្លាំង ពូជអ្នកចម្បាំង តែមនុស្សទាំងអស់ពុំដឹងពីរបៀបខ្លាំងថាត្រូវធ្វើបែបណាឡើយ។ ក្នុងបទ ពង្សាវតារខ្មែរ បានឱ្យតម្លៃខ្លាំងទៅលើ ការស្គាល់ខ្លួនឯងរបស់ជាតិសាសន៍មួយ។ តើសាសន៍នេះជានរណា? មកពីណា? ធ្លាប់ជានរណា? រុងរឿងប៉ុនណា? ក្នុងទំនុកច្រៀងនេះ អ្នកប្រាជ្ញខ្មែរបានដាស់ព្រលឹងខ្មែរថា [] ខ្មែរអើយ ចូរស្តាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើង។ អារីស្តូតពោលថា ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើមឡើងនៃបញ្ញាញាណ។ តើត្រូវធ្វើបែបណាដើម្បីស្គាល់ខ្លួនឯង? សូក្រាតឆ្លើយថា ដើម្បីស្គាល់ពីខ្លួនឯង យើងត្រូវប្រើវេលាពិចារណាស្វែងរកខ្លួនឯង។ យុវជនខ្មែរត្រូវគិតឡើងវិញថា តើដើមកំណើតខ្មែរជានរណា? ខ្មែរខ្លាំងដោយសារអ្វី? ហើយបែកបាក់សាមគ្គីដោយសារអ្វី? ហើយក្នុងនាមជាយុវជនជំនាន់ថ្មី តើគួរត្រូវធ្វើអ្វីបន្តទៀត? ចុងបញ្ចប់នៃបទពង្សាវតារខ្មែរ បានបញ្ចប់ដោយឃ្លាថា តាំងចិត្តឱ្យមាំ ខិតខំប្រឹងវេញ សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង តម្លៃខ្មែរយើង []។ ដូច្នេះ តើយើងគួរឱ្យតម្លៃខ្មែរគ្នាឯង ឬឱ្យតម្លៃបរទេស? តើយើងត្រូវស្រឡាញ់បរទេស ឬស្រឡាញ់ខ្មែរ? ជាដំបូង តើយើងត្រូវសាមគ្គីជាមួយបរទេស ឬសាមគ្គីជាមួយខ្មែរគ្នាឯង? តើការស្រឡាញ់របស់យើង ត្រឹមតែពាក្យសម្តី ឬទង្វើធ្វើជាក់ស្តែង?

ចម្លើយ គឺយើងគួរតែស្រឡាញ់ខ្មែរជាងស្រឡាញ់បរទេស។ ជាធម្មជាតិរបស់មនុស្ស ដំបូងគឺខ្លួនឯងនិយម។ បន្ទាប់មក គឺជាតិនិយម។ ចុងក្រោយ គឺអន្តរជាតិនិយម។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា បើយើងពិតជាស្រឡាញ់ខ្លួនយើងមែន យើងនឹងពុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារយើងឡើយ។ នៅក្នុងទ្រឹស្តីព្រាហ្មណ៍ បើឱ្យជ្រើសរើសរវាងខ្លួនឯងនិងជាតិ គឺមនុស្សត្រូវសុខចិត្តលះបង់ខ្លួនឯងដើម្បីឱ្យជាតិរស់។ នៅជំនាន់អាឡិចសង់ដឺក្រេត (Alexander the great) ឈ្លានពានឥណ្ឌា មានអាចារ្យព្រាហ្មណ៍ម្នាក់និយាយថា លះបង់មនុស្សម្នាក់ ដើម្បីប្រយោជន៍គ្រួសារ។ លះបង់គ្រួសារ ដើម្បីប្រយោជន៍ភូមិស្រុក។ លះបង់ភូមិស្រុក ដើម្បីប្រយោជន៍សង្គមជាតិ។ មហាត្មៈ គន្ធី (Mahatma Gandhi) បាននិយាយឃ្លាស្រដៀងថា យើងត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យគ្រួសាររស់ ហើយគ្រួសារត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យជាតិរស់។ នេះជាតួនាទី និងកតព្វកិច្ចរបស់មនុស្សក្នុងសង្គមដែលត្រូវថែរក្សាជាតិឱ្យបានរុងរឿង។

មនុស្សម្នាក់កើតលើផែនដីនេះ ត្រូវដឹងគុណរឿងពីរយ៉ាង៖ ទីមួយគឺជាតិ ដែលជាម្តាយធំ និងទីពីរគឺម្តាយតូច ដែលជាម្តាយបង្កើត។ ក្នុងបទ ជនជាតិខ្មែរ ដែលជាព្រះរាជនិពន្ធដោយសម្តេចសង្ឃរាជជួន ណាត បានសរសេរថា ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឱ្យបានរុងរឿង។ ជាទូទៅ មុននឹងសត្រូវបំបែកសង្គម គឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឱ្យវិលវល់វក់វីស្អប់គ្នាសិន។ តើបំបែកយ៉ាងម៉េច? ទីមួយគឺ អ្នកចេះដឹងនិងមនុស្សទូទៅនឹងក្លាយទៅជាបុគ្គលអសីលធម៌ ដែលពេញពោរដោយសេចក្តីប្រមាថលើអ្នកដទៃ និងប្រើអារម្មណ៍និយមក្នុងការសម្រេចសេចក្តី។ ទីពីរគឺ អ្នកនយោបាយ នឹងក្លាយទៅជាបុគ្គលខ្វះគោលការណ៍គ្រប់គ្រាន់ក្នុងការធ្វើនយោបាយ (អំពើបាបក្នុងសង្គមដែលមហាត្មៈគន្ធីបានលើកឡើងគឺ នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle)។ អ្នកនយោបាយ បានក្លាយទៅជាមេដឹកនាំបញ្ឆេះកំហឹងហិង្សាដល់មហាជនតាមរយៈពាក្យសម្តីវាយប្រហារគ្នា និងជេរប្រមាថប្រទេចគ្នា។ ទីបីគឺ បរទេសនិយម ដែលសម្តេចសង្ឃរាជជួន ណាត ពោលថា កុំឱ្យបរទេស គេមកបង្វែរ ឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី។ ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៍ឈ្មោះខេមរា [...]

យុវជនខ្មែរគួរដឹងថា រឿងចាស់ ជារឿងចាស់ ពីព្រោះគ្មានបុគ្គលអស្ចារ្យណាម្នាក់អាចកែប្រែអតីតកាលបានឡើយ។ ប៉ុន្តែ យើងថ្មី របៀបថ្មី គឺត្រូវចាប់ផ្តើមពីថ្ងៃនេះ។ អ្នកដទៃមិនយល់ ជារឿងរបស់អ្នកដទៃ។ អ្នកនិពន្ធប្រលោមលោកម្នាក់បានពោលថា មនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អ គឺប្រៀបបាននឹងអាចគ្រប់គ្រងអនាគតកាលបាន។ មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបានល្អ គឺនឹងអាចបង្កើតអតីតកាលល្អ។ ម្សិលមិញ គឺជាអតីតកាលនៃថ្ងៃនេះ។ ថ្ងៃនេះ គឺជាអតីតកាលនៃថ្ងៃស្អែក ហើយថ្ងៃស្អែក គឺជាអនាគតកាលនៃថ្ងៃនេះ។ ម្សិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយថ្ងៃស្អែកគឺជាថ្ងៃនេះ ពីព្រោះឱ្យតែយើងគ្រប់គ្រងថ្ងៃនេះឱ្យបានល្អបំផុត នោះអតីតកាលនិងអនាគតកាល នឹងល្អជានិច្ចដូចគ្នា។ គ្រប់គ្រងថ្ងៃនេះឱ្យល្អ គឺមានន័យថាបានបង្កើតអតីតកាលល្អ ហើយក៏មានន័យថាកំពុងបានរៀបចំអនាគតកាលយ៉ាងល្អប្រសើរដែរ។ ប្រឹងរៀន មានសីលធម៌ សាមគ្គី៕
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

Thursday, February 28, 2019

ការលះបង់និងភាពល្ងង់ខ្លៅ



នៅក្នុងទ្រឹស្តីសាសនា បើចង់បានសេរីភាពផ្លូវអារម្មណ៍ និងការរួចរំដោះចិត្ត គឺមនុស្សត្រូវតែធ្វើជាអ្នកចេះទទួលខុសត្រូវ។ ការទទួលខុសត្រូវក្នុងន័យនេះ គឺសំដៅលើការទទួលខុសត្រូវលើគ្រប់យ៉ាងដែលជាទង្វើរបស់ខ្លួន ដ្បិតគ្រប់យ៉ាងគឺ ដោយសារតែយើងម្នាក់គត់។ ទុក្ខក៏ដោយសារយើង រីឯសុខក៏ដោយសារយើងខ្លួនឯងដែរ។ ក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំ មនុស្សណាដែលមានការទទួលខុសត្រូវចំពោះខ្លួនឯងខ្ពស់ គឺមានន័យថាមានភាពជាអ្នកដឹកនាំខ្ពស់។ ក្នុងទ្រឹស្តីសង្គម សន្តិភាពពិតប្រាកដ វាកើតចេញពីការទទួលខុសត្រូវរបស់ជនសង្គមម្នាក់ៗ ការទទួលខុសត្រូវនេះ ខ្ញុំធ្លាប់បានចែករំលែកខ្លះៗពីមុនមកដែរ ស្តីពីទស្សនៈរបស់មហាត្មៈ គន្ធី, ម៉ាទីន លូធ័រឃីង ជូនៀ, អាឌុល អ៊ីត្លែ, រាជគ្រូឥណ្ឌា ចាណាខ្យា (Gurudev Chanakya), និងទ្រឹស្តីមេដឹកនាំផ្សេងៗទៀត។

ជាសច្ចភាព គ្រប់យ៉ាងវាតែងកើតចេញពីការលះបង់ ដ្បិតនេះជាទំនួលខុសត្រូវ។ ទ្រឹស្តីអ្នកសង្គ្រាមប្រើយុទ្ធសាស្រ្ត ស្លាប់ដើម្បីរស់។ ទ្រឹស្តីអ្នកសាសនា លះបង់សេចក្តីសុខ ដើម្បីជៀសវាង/គេចពីការឈឺចាប់។ មហាត្មៈ គន្ធី ធ្លាប់និយាយថា មនុស្សជាច្រើន ជាពិសេសក្រុមមនុស្សល្ងង់ តែងចង់ដាក់ទណ្ឌកម្មមនុស្សដែលនិយាយការពិត, ចាប់កំហុសមនុស្សដែលនិយាយរឿងត្រឹមត្រូវ []ប៉ុន្តែ បើអ្នកទទួលទោសដោយសារតែភាពត្រឹមត្រូវ ឬទទួលទណ្ឌកម្មដោយសារតែនិយាយការពិត, ចូរសូមកុំសោកស្តាយឱ្យសោះ [] ដ្បិតបើទោះបីជាគ្មានអ្នកគាំទ្រ ឬអ្នកស្ថិតនៅក្នុងក្រុមមនុស្សភាគតិចក៏ដោយ [ឬម្នាក់ឯងក៏ដោយ] ក៏ត្រូវតែនិយាយការពិតរហូតដែរ [] ទោះបីជាពេលវេលាណាក៏ដោយ ការពិតនៅតែជាការពិត។ ចំណេះដឹងនិងបញ្ញា វាមានតួនាទីវែកញែករវាងខុសនិងត្រូវ។ ខ្ញុំជឿថាអ្នកចេះដឹងនិងអ្នកមានបញ្ញា អាចដឹងខុសដឹងត្រូវ ដឹងពិតដឹងក្លែងក្លាយ តែគ្រាន់តែអ្នកទាំងនោះមិនមានភាពក្លាហានលះបង់ដើម្បីការពិតប៉ុណ្ណោះ។ ភាពកំសាកក្នុងន័យនេះ គឺវាមានន័យថា ស្គាល់កាលៈទេសៈ និងចេះបត់បែន។ តើស្គាល់កាលៈទេសៈយ៉ាងដូចម្តេច?

ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា សូមកុំកំសាករហូតដល់រត់គេចពីគ្រប់គ្រោះថ្នាក់ តែក៏សូមកុំក្លាហានរហូតដល់ធ្វើឱ្យយើងជួបគ្រោះថ្នាក់ដែរ[១]។ នេះមានន័យថា មនុស្សខ្លះប្រៀបដូចជាសត្វខ្លាដែលក្លាហានតម្រង់រត់ចូលព្រៃកំពុងភ្លើងឆេះ។ រីឯអ្នកខ្លះទៀតសំងំរស់សម្របខ្លួនដូចជាសត្វកង្កែប រហូតដល់ចុងក្រោយស្លាប់ខ្លួន។ នេះជាភាពល្ងង់ខ្លៅទាំងពីរ។ តើអ្វីទៅជាភាពក្លាហានពិតប្រាកដ? ភាពក្លាហានពិតប្រាកដ គឺស្គាល់កាលៈទេសៈដែលត្រូវលះបង់ មិនស្តាយស្រណោះអាឡោះអាល័យត្រឹមតែជាជីវិតខ្លួនមួយ ដើម្បីប្រយោជន៍អ្នកដទៃនោះទេ។ សម្រាប់អ្នកល្ងង់ ការលះបង់ខ្លះ វាពិតជារឿងល្ងង់ខ្លៅពិតមែន តែសម្រាប់អ្នកចេះដឹងពិតប្រាកដ ការលះបង់វាពិតជាមានតម្លៃខ្លាំងណាស់។ តើហេតុអ្វីបានជាមនុស្សពីរនាក់ លះបង់ដូចគ្នា តែទទួលតម្លៃខុសគ្នា? អ្នកចេះដឹង មុននឹងលះបង់ គឺបានប្រើបញ្ញាគិតគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តថាត្រូវលះបង់។ នេះមានន័យថាដឹងស្លាប់ តែនៅតែក្លាហានទៅស្លាប់។ រីឯអ្នកល្ងង់វិញ មិនដូច្នោះទេ។

នៅក្នុងសង្គមខ្មែរយើង អ្នកខ្លះមិនទាន់យល់ពីតម្លៃនៃការលះបង់នេះទេ តែគេយល់ត្រឹមតែជាភាពល្ងង់ខ្លៅប៉ុណ្ណោះ។ មនុស្សភាគច្រើនរស់នៅសម្របខ្លួននឹងកាលៈទេសៈ។ មនុស្សបែបនេះ ហៅថា មនុស្សកាលៈទេសៈនិយម។ មែនទែនទៅ មនុស្សបែបនេះមិនមែនជាមនុស្សអាក្រក់ទេ តែគ្រាន់តែកំសាកបន្តិចប៉ុណ្ណោះ។ ខ្ញុំជឿថាជីវិតនេះ វាមិនមានតម្លៃប៉ុន្មានទេ បើមនុស្សរស់នៅដើម្បីខ្លួនឯងតែម្យ៉ាង។ ជីវិតនេះ វាមានតម្លៃ នៅពេលណាដែលតម្លៃនៃការលះបង់ដើម្បីអ្នកដទៃ ត្រូវបានលើកតម្កើង (អ្នកខ្លះតិះដៀលថែមក៏មាន)។ យើងឱ្យតម្លៃទឹកលុយ ច្រើនជាងតម្លៃទឹកចិត្ត។ បើនិយាយពីគោលការណ៍នៃភាពជាអ្នកដឹកនាំ មនុស្សដែលចេះដឹង បើលះបង់ខ្ពស់ប៉ុនណា នោះតម្លៃនៃភាពជាអ្នកដឹកនាំក៏នឹងកើនខ្ពស់ប៉ុនណោះដែរ។ នៅលើលោកយើងនេះ មនុស្សអាត្មានិយម ពុំត្រូវបានអ្នកប្រវត្តិសាស្រ្តចារឹកទុក ឬចារឹកទុកដែរ តែមានឈ្មោះស្អុយ។ យើងអាចវាស់មនុស្សដែលគ្មានឋានៈតួនាទីធំ តែពេលស្លាប់ទៅមានអ្នកចូលរួមរំលែកទុក្ខច្រើន។ រីចំណែកអ្នកមានឋានៈធំខ្លះ ពេលស្លាប់ទៅ គ្មានអ្នកណាចង់ចូលរួមបុណ្យសពទេ។ រឿងទាំងនេះ លុយទិញមិនបាន៕

Wednesday, February 27, 2019

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៥)



“…មិនត្រូវត្រេកអរ ហើយក៏មិនត្រូវខូចចិត្តដែរ ល្អអាក្រក់ស្រេចតែវាទៅ យើងត្រូវធ្វើចិត្តជាកណ្ដាល មានន័យថាគឺយើងត្រូវធ្វើប្រងើយកន្តើយ ធ្វើហី ធ្វើមិនដឹងមិនឮ មិនរំភើបញាប់ញ័រ មិនថាមានលាភមានសំណាង បាត់លាភគ្មានលាភ មានយស អស់យស មានសុខ មានទុក្ខ ឬមានពាក្យសរសើរ មានពាក្យនិន្ទា ដែលជាធម៌ប្រចាំលោក គឺលោកធម៌ទាំង៨ប្រការនេះឯង…”

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៤)



“…បានកើតជាមនុស្សនេះ ពិតជាមានសំណាងខ្ពស់ណាស់ កុំយកសំណាងបានកើតមកជាមនុស្សនេះទៅសាងភាពក្ដៅក្រហាយដាក់ខ្លួនឯង និងអ្នកដទៃ។ ចូរសាងអំពើណាដែលនាំសេចក្ដីសុខឲ្យខ្លួនឯង និងអ្នកដទៃ ព្រោះថាកម្មល្អ គឺជាទង្វើមួយដែលជួយប្រសិទ្ធពរដល់ខ្លួនយើងយ៉ាងប្រសើរបំផុត ប្រកបដោយហេតុផលគ្រប់គ្រាន់ក្នុងការគិតពិចារណា។ ពេលណាខ្លួនសាងអំពើល្អហើយ មិនឲ្យពរ ក៏បានល្អ បានសុខដែរ។ ពេលណាខ្លួនសាងអំពើអាក្រក់ ទោះបីមានគ្រូអាចារ្យណាពូកែៗ មកស្ដោះផ្លុំឲ្យពរ បួងសួងអង្វរករប៉ុនណាក៏នៅតែអាក្រក់ ជួបក្ដីវិបត្តិ មានវិប្បដិសារីជាមិនខាន។

មនុស្សដែលសាងអាក្រក់ លោកប្រៀបដូចជាដុំថ្មដ៏ធ្ងន់អាចលិចចុះទៅក្នុងបាតស្ទឹង ទន្លេ សមុទ្រមួយរំពេច មិនមានមនុស្សទេពណាអាចជួយសេកផ្លុំឲ្យពរ សុំអង្វរករឲ្យដុំថ្មដ៏មានទម្ងន់នេះអណ្ដែតឡើងបានឡើយ។ បុគ្គលណាចូលចិត្តសាងអំពើអាក្រក់នឹងវិនាសហិនហោចខ្លោចផ្សា បាក់មុខមាត់ អាស្រូវកេរ្តិ៍ឈ្មោះ ដូចជាដុំថ្មដែលលិចចូលទៅក្នុងផ្ទៃទឹកអ៊ីចឹងដែរ។

បុគ្គលណាសាងអំពើល្អ លោកប្រៀបដូចជាប្រេងដែលមានទម្ងន់ដ៏ស្រាល ពេលចាក់ចូលទៅក្នុងផ្ទៃទឹក រមែងអណ្ដែតឡើងមកបង្ហាញខ្លួននៅលើផ្ទៃទឹកវិញ។ បុគ្គលអ្នកសាងកម្មល្អ ខ្លួនតែងមានហុងស៊ុយ មានជោគជតារាសីខ្ពស់ មានកិត្តិយស មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺផ្សាយទៅគ្រប់ទិសទី ទៅទីណាកន្លែងណាមានតែមនុស្សចោមរោមរាប់អានគោរពបូជា រមែងអណ្ដែតឡើងត្រចះត្រចង់លេចធ្លោដូចជាប្រេងអណ្ដែតមកលើផ្ទៃទឹកអ៊ីចឹង ទោះបីមានពួកបច្ចាមិត្ត កាចសាហាវអាក្រក់យង់ឃ្នង ចូលចិត្តស្អប់ខ្ពើម ចងអាឃាតព្យាបាទ ច្រណែនឫស្យា ដាក់បណ្ដាសាឲ្យលិចលង់ វិនាសហិនហោចយ៉ាងណា ក៏មិនអាចទៅរួចដែរ ត្រឡប់ជាបុគ្គលនោះជួបនៅភ័យវិបត្តិផ្សេងៗទៅវិញ។

សូមឲ្យមានឆន្ទៈមោះមុត ព្យាយាមសាងអំពើល្អ គុណប្រយោជន៍ផ្សេងៗតាមលទ្ធភាព សមត្ថភាព ធនធាន ពេលវេលារបស់ខ្លួន មិនត្រូវមានចិត្តស្ទាក់ស្ទើរអល់អែកចំពោះឧបសគ្គខ្លះៗនោះទេ។ បុគ្គលដែលមានសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រៃ ដើរតាមមាគ៌ាធម៌ដែលខ្លួនបានសិក្សាឈ្វេងយល់ បុគ្គលនោះរមែងមានសំណាងល្អ មានក្ដីសុខ។ បើខ្លួនមានបំណងប្រាថ្នាអ្វី តែងតែសម្រេចតាមចិត្តប៉ងជានិច្ច។ មានតែកម្មល្អមួយប៉ុណ្ណោះ ដែលអាចញ៉ាំងប្រយោជន៍គ្រប់យ៉ាងឲ្យសម្រេចបាន…”

 Cr. គោលគំនិតល្អដើម្បីជីវិត

Thursday, February 21, 2019

ធ្លាប់ត្រូវគេមើលងាយដែរឬអត់?



ធ្លាប់ត្រូវគេមើលងាយដែរឬអត់?
ខ្ញុំជឿជាក់ថាអ្នកដែលកំពុងតែអានអត្ថបទមួយនេះ ច្បាស់ណាស់ គឺធ្លាប់!

ចាស ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបជាច្រើនលើកច្រើនសាមកហើយដែរ។ពាក្យមើលងាយទាំងនោះ វាបានមុតចូលយ៉ាងជ្រៅក្នុងជម្រៅមួយដែលមិនអាចស្មានដឹង ហើយវាបានជ្រាបចូលទៅក្នុងខួរក្បាលយ៉ាងឆាប់រហ័ស លំហូរទឹកភ្នែក ក៏ចាប់ផ្ដើមស្រក់បោកផ្ទប់នឹងសៀវភៅដ៏ក្រាស់ឃ្មឹកមួយ ដែលប្រឡាក់ទៅដោយស្នាមទឹកខ្មៅច្រើនពាន់ ម៉ឺនដំណក់។ សំឡេងដែលអួលអាក់បន្លឺឡើងតិចៗ នេះហើយ ជាសំឡេងខ្ញុំ ដែលត្រូវមនុស្សជាច្រើនព្យាយាមជាន់ពន្លិចនិងមើលងាយ។

ប៉ុន្តែសម្រាប់ខ្ញុំ នេះគ្រាន់តែជាអារម្មណ៍ដែលឈឺចាប់មួយគ្រាតែប៉ុននោះ អ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺ ក្រោកឡើងតស៊ូនិងឧបសគ្គដោយឆន្ទៈដ៏មោះមុត ឆ្ពោះទៅរកគោលដៅមួយជាកន្លែងដែលខ្ញុំចង់បាន ។ ខ្ញុំនឹងព្យាយាមធ្វើវាឱ្យបានល្អបំផុត ដើម្បីបង្ហាញប្រាប់ពួកគេថា ខ្ញុំមិនអន់ដូចពួកគេគិតនោះទេ ។

ចុះអ្នកអានវិញ យ៉ាងម៉េចដែរ អ្នកសុខចិត្តចុះចាញ់ដោយពាក្យមើលងាយរបស់អ្នកដទៃ ឬកែប្រែការឈឺចាប់ និងការមើលងាយនោះឱ្យក្លាយជាកម្លាំងចិត្តរបស់អ្នកវិញ?

Cr. ស្រមោល ដួងចន្រ្ទ

ងើយស្កកឱនដាក់គ្រាប់



បរមគ្រូ ខុង ជឺ ពោលថា សុភាពរាបសា គឺជាគ្រឹះដ៏រឹងមាំនៃគុណធម៌ទាំងអស់។ មនុស្សអស្ចារ្យ តែងតែចេះដាក់ខ្លួន តែមនុស្សដែលប្រឹងលើកខ្លួនឡើង គឺប្រហែលជាដោយសារតែខ្លួនគ្មានភាពអស្ចារ្យក្នុងខ្លួនពិតប្រាកដ។

ចាស់បុរាណប្រដៅថា កុំជិះចង្អេរ លើកខ្លួនឯង។ មនុស្សដែលសុភាពរាបសា គឺជាបុគ្គលដែលចេះដាក់ខ្លួន ឱនអង្គ បន្ទន់ប្រាណទៅរកធម៌សុចរិត និងចេះឱនកាយគោរពអ្នកដទៃក្នុងនាមជាមនុស្សដូចគ្នា។ មនុស្សឆ្លាត ត្រូវចេះទម្លាក់អំនួតចោល ហើយនៅតែរក្សានូវភាពសុចរិតទៀងត្រង់ក្នុងខ្លួនជានិច្ច។ បុរាណខ្មែរពោលថា ងើយស្កក ឱនដាក់គ្រាប់។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ បើចង់ងើយ យើងអាចងើយខ្លះបាន តែកុំងើយខ្ពស់ពេក។ បើចង់ឱន យើងអាចឱនបានខ្លះ តែកុំឱនទាបពេក។

បើឱនទាបពេក មនុស្សធម្មតានឹងគិតថាយើងអន់ពេក តែបើងើយខ្ពស់ពេក មនុស្សអស្ចារ្យនឹងគិតថាយើងអំនួតពេក។ ការចេះបន្ទន់ឥរិយាបថ គឺជាចិត្តគំនិតរបស់មនុស្សដែលគ្មានអំនួត។ មនុស្សល្ងង់ដែលដឹងថាខ្លួនល្ងង់ តែងឆ្លាតជាងមនុស្សល្ងង់ដែលមិនដឹងថាខ្លួនឯងល្ងង់។ ក្នុងជីវិតនេះ យើងពុំគួរយល់ថាខ្លួនឯងខ្ពង់ខ្ពស់ជាងអ្នកដទៃ ឬក៏យល់ថាខ្លួនឯងអន់ជាងអ្នកដទៃនោះដែរ ដ្បិតបើធ្វើបែបនេះ វាប្រៀបដូចជាបែងចែកវណ្ណៈសង្គមពេក។ ប៉ុន្តែអ្វីដែលយើងត្រូវរក្សាទុកក្នុងចិត្តគំនិត គឺស្មារតីនៃចិត្តសុភាពរាបសា និងភាពមិនឆ្មើងឆ្មៃចំពោះមនុស្សគ្រប់រូប។

កាលខ្ញុំនៅសិក្សាព្រះគម្ពីរ ខ្ញុំចាំបានខគម្ពីរមួយដែលតែងតែរលឹកខ្ញុំគ្រប់ពេលវេលាថា សេចក្តីឆ្មើងឆ្មៃ វាតែងនាំទៅរកសេចក្តីវិនាសហិនហោច ហើយចិត្តព្រហើនកោងកាច វាតែងនាំទៅរកការអាប់ឱន។ ចិត្តសុភាពរាបសា វាតែងធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក តែបើមនុស្សមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមកទេ មនុស្សក៏ពុំខុសពីសត្វដែរ។ មនុស្សយើង បើគ្មានទឹកចិត្តគោរពគ្នាទៅវិញទៅមកទេ តើមានអ្វីខុសពីសត្វ? អ្នកប្រាជ្ញម្នាក់លើកឡើងថា អំនួតធ្វើឱ្យទេវតាក្លាយទៅជាបិសាច ហើយចិត្តរាបទាប វាធ្វើឱ្យមនុស្សក្លាយទៅជាទេវតា។ ក្នុងសង្គមខ្មែរ ត្រូវការមនុស្សដែលចេះ តែមិនអំនួត៕

Humility is the solid foundation of all virtues.- Confucius
____
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

ទ្រឹស្តី



ទ្រឹស្តីដើមអាចនឹងល្អ ក៏ប៉ុន្តែរបៀបអនុវត្តអាចមិនល្អដូចទ្រឹស្តីឡើយ ។ អ្នកប្រាជ្ញបារាំងម្នាក់កាលពីសតវត្សទី 18 ឆាល ដឺ ម៉ុងតិសគីយើ (Charle de Montesquieu/1689-1755) ជាប្រវត្តិវិទូ និង ជាអ្នកនិពន្ធប្រលោមលោក ដែលត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកម្នាក់ផ្នែកសង្គមវិទ្យា និង ជាបិតាទស្សនវិជ្ជានយោបាយ បាននិពន្ធស្នាដៃដ៏ល្បីល្បាញមួយគឺ The Spirit of Law ។ លោកបានផ្តួចផ្តើមគំនិតដ៏ល្បីល្បាញមួយ គឺការបែងចែកអំណាចរដ្ឋជាបី មាននីតិប្រតិបត្តិ នីតិបញ្ញត្តិ និង តុលាការឱ្យដាច់ស្រឡះពីគ្នា ដែលក្រោយមកមានអង់គ្លេស និង អាមេរិកបានយកទៅអនុវត្តដំបូងៗគេ ។

បច្ចុប្បន្ននេះ សង្គមដែលអាចទទួលស្គាល់ថាជាសង្គមទំនើបបាន លុះត្រាតែមានការបែងចែកអំណាចជាបី ស្របតាមទ្រឹស្តីរបស់ ម៉ុងតិសគីយើ ។ តាមរយៈទ្រឹស្តីនេះ ពិភពលោកចាប់ផ្តើមស្គាល់នូវការរីកចម្រើន ហើយបានធ្វើឱ្យសង្គមជាច្រើនមានរបៀបរៀបរយ និង មានសណ្តាប់ធ្នាប់ ។

ទោះបីទ្រឹស្តីនេះត្រូវបានគេយកទៅអនុវត្តយ៉ាងសុះសាយពេញពិភពលោក តែលទ្ធផល ដែលទទួលបានគឺមិនដូចគ្នានោះទេ ពោលគឺ ប្រទេសខ្លះបានប្រគល់អំណាចទាំង៣នេះ ទៅឱ្យមនុស្សតែម្នាក់ជាអ្នកកាន់កាប់ ឬថាមិនបានប្រគល់ទេ តែសុខចិត្តនៅក្រោមឥទ្ធិពលរបស់បុគ្គលនោះតែម្តង។

អ្នកនយោបាយមិនអាចបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ គឺព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាព ។ ព្រោះតែគិតពីប្រជាប្រិយភាពនេះឯង ទើបពួកគេមិនអាចបំពេញការងារឱ្យបានពេញដៃ ពេញជើងសម្រាប់សង្គម ហើយយូរៗទៅក៏កាន់តែឃ្លាតឆ្ងាយពីទ្រឹស្តីដើម ។

ទ្រឹស្តីខ្លះមិនជាល្អណាស់ណាទេ តែដោយហេតុថាអ្នកអនុវត្តជាជនមានឧត្តមគតិ និង គុណធម៌ ក៏គង់ធ្វើឱ្យមានលទ្ធផលល្អដល់សង្គមបាន ។ មែនទែនទៅ ទ្រឹស្តីល្អ និង អាក្រក់សុទ្ធតែអាស្រ័យលើអ្នកប្រើប្រាស់ទាំងអស់ ពោលបើយកទៅប្រើក្នុងផ្លូវអាក្រក់វានឹងអាក្រក់ ហើយបើប្រើក្នុងផ្លូវល្អវានឹងផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិ ។
____

Sunday, February 10, 2019

មនុស្សប្រើអារម្មណ៍



អារម្មណ៍ក្នុងចិត្តតែងប្រែប្រួលមិនទៀងពីមួយខណៈទៅមួយខណៈ។ យើងតែងនាំគ្នានិយាយថា មនុស្ស១០ ចិត្ត១០ តែខ្ញុំយល់ថា ពេលខ្លះ មនុស្ស១០ ចិត្ត១០០។ មិនថាមនុស្សបែបណាទេ ឱ្យតែគ្មានគោលការណ៍ គឺហៅថាមនុស្សប្រើអារម្មណ៍

សុខក៏ដោយសារតែចិត្ត ទុក្ខក៏ដោយសារតែចិត្ត តែមនុស្សខ្លាំងពិតប្រាកដ គិតគោលការណ៍ជាធំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធានចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត។ ចង់លេបយកសង្គមមួយ ត្រូវធ្វើឱ្យចិត្តមនុស្សក្នុងសង្គមវក់វី វង្វេង ភ្លេចខ្លួន សប្បាយដាច់បង្ហៀរ ទុក្ខផ្តាច់សង្ខារ

មិនថាក្នុងរឿងនយោបាយឬរឿងបុគ្គលទេ ជោគជ័យពិតប្រាកដ គឺមើលគោលដៅជាធំ តែពុំមែនចាប់អារម្មណ៍រឿងឥតបានការណ៍តាមផ្លូវទៅរកគោលដៅនោះទេ។ នាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ឆើឈីល (Winston Churchill) បានពោលថា យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង

ក្នុងលក្ខខណ្ឌយុទ្ធសាស្រ្ត បើខ្ញុំដឹងថាសត្រូវរបស់ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំនឹងបង្កើតឆ្កែ ១០០០ក្បាល ដើម្បីរំខានសត្រូវរបស់ខ្ញុំឱ្យវក់វីនឹងរឿងនេះ។ ចុងក្រោយខ្ញុំនឹងធ្វើឱ្យសត្រូវរបស់ខ្ញុំបរាជ័យឥតដល់គោលដៅដោយសារតែអារម្មណ៍។ មហាត្មៈ គន្ធី លើកឡើងពី នយោបាយដោយគ្មានគោលការណ៍ (Politics Without Principle)។ ខ្ញុំសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ ដូចជាខ្វះយុទ្ធសាស្រ្តស្រូបមនុស្ស ខ្វះភាពជាអ្នកដឹកនាំ និងខ្វះគោលការណ៍។ បើត្រឹមតែត្រូវគេជេរពីរបីម៉ាត់ ក៏ដកដាវដែរ នោះមិនចាត់ទុកថាអ្នកក្លាហានទេ។

យុវជនខ្មែរគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ ដោយកុំរំជើបរំជួលតាមព្រឹត្តិការណ៍ដែលគេបង្កើតឡើង តែត្រូវផ្តោតសំខាន់ទៅការងារដែលចាំបាច់។ ការងារចំបាច់សម្រាប់អ្នកខ្សោយ គឺប្រឹងរៀន។ ការងារចាំបាច់សម្រាប់អ្នកចេះ គឺផ្សព្វផ្សាយចំណេះដឹងពិត

You will never reach your destination if you stop and throw stones at every dog that barks. Winston Churchill
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

Friday, February 8, 2019

កម្ទេចសៀវភៅគឺកម្ទេចជាតិ



បើចង់បំផ្លាញវប្បធម៌នៃសង្គមមួយ អ្នកពុំចាំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់ទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងចង់អានសៀវភៅ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញប្រទេសមួយទៅហើយ

ការអាន មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបានទេ ប៉ុន្តែវាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន គឺជាផ្នែកមួយនៃការអប់រំ។ មនុស្សដែលមានការអប់រំខ្ពស់ ធ្វើឱ្យសង្គមរីកចម្រើន។ គ្រប់ប្រទេសដែលរីកចម្រើនខ្លាំងក្លានិងមានការអភិវឌ្ឍខ្លាំងទាំងអស់ គឺសុទ្ធតែដោយសារប្រជាជនក្នុងប្រទេសនោះមានចំណេះដឹងខ្ពង់ខ្ពស់។

ប្រទេសក្រីក្រ គឺជាភស្តុតាងបង្ហាញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។ វាមានន័យថា ការយល់ដឹងរបស់ប្រជាជនមានកម្រិតត្រឹមណា នោះកម្រិតនៃការរីកចម្រើនសង្គម និងការអភិវឌ្ឍសង្គម ក៏ស្ថិតក្នុងរង្វង់នោះដែរ។ ជាសច្ចភាព ជាទ្រឹស្តីសកល និងការអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់ និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។ លីក្វាន់យូ លើកឡើងថា អភិវឌ្ឍន៍ខួរក្បាលរបស់ប្រជាជនសិង្ហបុរីមុន

មេដឹកនាំអាហ្វ្រិកខាងត្បូង នែលសិន មែនដេឡា (Nelson Mandela) ថា ការអប់រំ គឺជាអារុធដ៏មានអានុភាពខ្លាំងក្លាបំផុត សម្រាប់ឱ្យយើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល។ អតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា លើកឡើងថា បើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ។ ចំពោះជីវិតមនុស្សវិញ តាមពិតមនុស្សខ្លះរស់នៅបានសុខ គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សានិងការប្រឹងអានសៀវភៅ។ មនុស្សខ្លះដែលពុំសូវបានអាន គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ ពីព្រោះគេជួបបញ្ហាជីវិតរាល់ថ្ងៃ ហើយគេត្អូញត្អែរនឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹងច្រើន តែងនាំឱ្យមានបញ្ហានៃជីវិតកាន់តែតិច ហើយចំណេះដឹងតិច គឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែកើនច្រើនឡើង។

___________________________________

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ