Friday, December 30, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)

... សច្ចភាព ចិត្តរបស់យើងនេះឯង ជាតួអង្គបង្កទុក្ខ។ យើងអាចសង្កេតមើលបានពីដំណើរព្រះអរហន្តសាវ័កទាំងឡាយ ពេលលោកមានពុទ្ធិ មានបញ្ញាឃុំគ្រងរក្សាចិត្តលោកបានល្អប្រពៃហើយ លោកក៏លែងកើតទុក្ខ ព្រោះលោកអស់ចំណង់តាមប្រាថ្នាចង់នូវវត្ថុទាំងឡាយទាំងពួងក្នុងលោកនេះហើយ។ ពេលយើងជួបប្រសព្វពើបប្រទះជាមួយរូប សម្លេង ក្លិន រស និងវត្ថុផ្សេងៗ ក៏ព្រោះចិត្តមានចំណង់ ប៉ងប្រាថា្នចង់ មនីមនាស្ទុះស្ទា សោមនស្សទោមនស្សក្នុងវត្ថុទាំងឡាយនោះ ដែលវាធ្វើឲ្យយើងកើតទុក្ខ មិនថា រូប សម្លេង ក្លិន រស ផោដ្ឋព្វ ឬវត្ថុផ្សេងៗ ដែលបានមកនោះទេ វាដុតរោលចិត្តយើងឲ្យក្ដៅ ឲ្យកើតទុក្ខ ខ្លួនរបស់យើងនេះឯង ដែលមានភ្លើងអគ្គីមកចាំដុតរោល...។ 

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥១)

“...បណ្ដាលវត្ថុសន្មតទាំងឡាយ ដែលយើងទៅតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងនោះ វាមានបានត្រឹមតែជាជីវិតមួយប៉ុណ្ណោះ មិនថា ប្តី ប្រពន្ធ កូន ចៅ ឪពុក ម្ដាយ មីងមា ពូ ប្អូនបង សាច់ញាតិទាំងអស់ ឬទ្រព្យសម្បត្តិនានាផងទាំងឡាយ ពេលយើងស្លាប់ទៅ យើងនឹងតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងទៀតមិនបានឡើយ យើងមិនអាចកាន់យក ឬនាំយកវត្ថុទាំងឡាយ ជនទាំងនុ៎ះទៅកាន់ឋាននរក សួគ៌ ឬទីណាមួយមិនបានឡើយ ដូចត្រូវនឹងពាក្យមួយពោលថា “សម្បត្តិនៃលោក ក៏ត្រូវនៅក្នុងលោកនេះឯង...”៕

អប់រំដោយ
តេជគុណ បភាសោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍
រូបភាពហ្វេសប៊ុក

Thursday, December 29, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥០)

“... ការណ៍ដែលបុគ្គលព្យាយាមយកឈ្នះជនដទៃដោយអំណាច ដោយកម្លាំង ដោយបក្សពួក ឬតបតដោយអំណាចសេចក្ដីក្រោធ បើប្រើតាមមធ្យោបាយបែបនេះរកឈ្នះមិនបាន ហើយវាត្រឡប់ទៅជាការបំផ្លិចបំផ្លាញ បង្កទៅជាការរំខាន សាងភាពក្ដៅក្រហាយឲ្យដល់ខ្លួនឯង និងអ្នកដទៃមិនចេះចប់ឡើយ។ ការលើកស្ទួយចិត្តរបស់ខ្លួនឲ្យខ្ពង់ខ្ពស់ឧត្តុង្គឧត្តមនោះ ដោយគុណធម៌ប៉ុណ្ណោះ ទើបជាមាគ៌ាកាន់ផ្លូវនៃជម្នះដ៏ពិតប្រាកដមួយបាន..."

អប់រំដោយ
លោកតាច័ន្ទ កុសលោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៩)

“... ភ្លើងមិនធ្លាប់ឆ្អែតដោយអុសយ៉ាងណា ការតាមចិត្តខ្លួនឯង ក៏គ្មានថ្ងៃឆ្អែត ដោយវត្ថុសម្ភារៈ ដែលនាំគ្នាកែច្នៃប្រឌិតឡើង ដើម្បីបម្រើតម្រូវការរបស់ខ្លួនឲ្យឆ្អែតស្កប់ស្កល់ក៏ដូច្នោះដែរ។ យើងកាន់តែយកអុសសម្រុកដាក់ចូលទៅក្នុងគំនរភ្នក់ភ្លើង ដើម្បីបញ្ចើចបញ្ចើឲ្យវាឆ្អែតម្ដង តែវាប្រឡប់ក្លាយជាអណ្ដាតភ្លើងធំឡើងៗជាងមុន ហើយមានកំដៅខ្លាំងជាងមុនទៅវិញ...”

អប់រំដោយ
ពុទ្ធទាសភិក្ខុ
ប្រភព៖ ធម្មៈ ព្រះត្រៃរតន៍

Wednesday, December 28, 2016

ធ្វើហីធម្មតា ទំនេរ បញ្ញា


ធ្វើហីធម្មតា ទំនេរ បញ្ញា

 “...ពាក្យថា ធ្វើហីធម្មតាក៏ល្អ គឺចិត្តជាអ្នកព្រងើយកន្តើយ ព្រងើយកន្តើយពីមានខ្លួន។ មានតែពាក្យមួយគត់ថា ព្រងើយ ហើយក៏បណ្ដែតបណ្តោយតាមការព្រងើយកន្តើយនៅក្នុងខ្លួន  ពីព្រោះតែយើងដឹងទាន់។ បើមិនថា យើងដឹងទាន់ទេ ប្រើពាក្យជំនួសថា បញ្ញាដឹងទាន់។ ត្រង់ទីកន្លែងខ្លះ ព្រះបរមសាស្តា ទ្រង់ប្រាប់ថា ឲ្យមានសតិ ព្រមជាមួយនឹងឧបេក្ខា។ ការព្រងើយកន្តើយ ធ្វើចិត្តជាកណ្តាលចំពោះសង្ខារទាំងឡាយទាំងពួង វាជាការដុតបំផ្លាញភាពល្ងង់ខ្លៅនៅក្នុងខ្លួន ដែលយើងច្រើនតែហៅថា អវិជ្ជា ជាផ្លូវលោកន្តរផងដែរ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៨)


“... ពេលចិត្តរបស់យើងបរិសុទ្ធតាំងមាំល្អហើយ វិបស្សនាគឺការឃើញជាក់ច្បាស់ ដឹងច្បាស់ ឃើញពិត នឹងកើតមានឡើង នឹងមើលឃើញអំពីសភាវៈធម៌គឺរូបនាម តួខ្លួនរបស់យើង ចិត្តរបស់យើងនេះ ជារបស់មិនឋិតឋេរយឺនយូរ មិនទៀងទាត់ពិតប្រាកដ ជារបស់មិនមែនជាកម្មសិទ្ធិ មិនស្ថិតក្រោមការបង្គាប់បញ្ជា របស់អ្នកណាមួយឡើយ វាកើតក៏កើត វាចាស់ក៏ចាស់ វាស្លាប់ក៏ស្លាប់ទៅតាមធម្មជាតិរបស់វា។ សភាវធម៌ ដែលជារបស់មិនទៀតទាត់ ជារបស់មានទុក្ខ ជារបស់មិនមែនខ្លួននេះឯង គឺជាបញ្ញា ឬវិបស្សនា...”

អប់រំដោយ
ព្រះគ្រូព្រហ្មា ព្រហ្មចក្កោ
ប្រភព៖ ព្រះត្រៃរ័តន៍

Tuesday, December 27, 2016

ព្យាយាមជាកិច្ចដែលគប្បីធ្វើក្នុងពេលបច្ចុប្បន្ន...


ព្យាយាមជាកិច្ចដែលគប្បីធ្វើក្នុងពេលបច្ចុប្បន្ន...

ព្យាយាមខាងផ្លូវអាណាចក្រ... ដើម្បីជីវភាពរស់នៅ ដំណើរការតាមមុខងាររបស់សង្ខារ... (ខាងក្នុងនៃក្របខ័ណ្ឌសីលធម៌)។ ព្យាយាមខាងផ្លូវពុទ្ធចក្រ... ដើម្បីជាការរលាស់ខ្លួនចេញផុត និងមានសេចក្ដីសុខដ៏ពិតប្រាកដមួយ នៅក្នុងសង្សារវដ្ដនេះ។

ជាធម្មតាប្រជាកសិករ រមែងធ្វើស្រែ... លើព្រះធរណីគ្រាន់តែសង្ឃឹមភោគផល ពីគ្រាប់ពូជស្រូវដែលបានបុកដាំហើយនោះ។ ប្រជាពុទ្ធបរិស័ទ ដំណើរការខ្សែជីវិត តាមគន្លងដំណើររបស់ព្រះសាស្តា និងព្រះអរិយបុគ្គលទាំងឡាយ រមែងធ្វើការក្នុងកាយ ក្នុងចិត្តនេះដូច្នោះ...

ផែនដីទោះបីជាមានប្រមាណតិចក្ដី រមែងជាហេតុនៃការកើតមានបាន... អកុសលទោះបីជាមានប្រមាណតិចក្តី ក៏ជាពូជធានៃការការវិលកើតវិលស្លាប់ និងកើតមានឡើងរកទីបញ្ចប់គ្មាន។ កុសលមានប្រមាណតិចក្ដី... ក៏មានតាមដំណើរនេះដូចគ្នា អាស្រ័យហេតុនៃកុសលនោះ មានសេចក្ដីព្យាយាមមិនដាក់ចុះ ធម៌រមែងកើតមានឡើងពេញបរិបូណ៌បានដូចគ្នា។

...នៅក្នុងទីដែលចេះរៀន នៅក្នុងទីដែលឃើញត្រូវ នៅក្នុងទីដែលអាចទទួលយកវាបាន...

លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌


លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌
ភិក្ខុទាំងឡាយ! បុរសបុគ្គលក្នុងករណីនេះ៖ ជាបុគ្គលមានសទ្ធាកើតឡើងហើយ រមែងចូលទៅរកបុគ្គលដែលដល់នូវអរិសច្ចៈ(សប្បុរស), ពេលចូលទៅរក រមែងចូលទៅអង្គុយជិត, ពេលអង្គុយជិត រមែងផ្ទៀងសោតាស្តាប់, បុគ្គលដែលបានផ្ទៀងសោតាស្តាប់រមែងបានស្តាប់ព្រះសទ្ធម្ម។

ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត


ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត...
ស្ត្រីជាម្តាយនិងកូនដែលមានបុណ្យបានធ្វើទុកមក ល្អតាំងពីរូប មារយាទ ទ្រព្យ ជាត្រកូលសម្មាទិដ្ឋិ ដល់មានប្តីក៏ជាបុរសល្អ គ្រួសារសាច់ថ្លៃក៏ល្អ លុះមានគភ៌ក៏មិនមានអាការៈចាញ់កូន សុខភាពល្អ ទាំងត្រៀមសម្ភារៈទារកស្រេច វេលាកើតកូនក៏ងាយលឿនមិនលំបាកខ្លាំង កូននោះកើតមកដោយសួស្តី ទាំងស្អាត ឆ្លាត ស្លូត ល្អ ស្រួលចិញ្ចឹម និងញាំងសមាជិកគ្រួសារឲ្យត្រេកអរសប្បាយ ស្រលាញ់ ថែរក្សា ផ្តល់ភាពកក់ក្តៅ មានសាមគ្គីត្រូវគ្នា ត្រជាក់ត្រជុំ បានសុខព្រមដោយសម្បត្តិ តាំងពីតូចទៅដល់ធំ ទាំងកើតក្នុងថ្ងៃនក្ខត្តឫក្សល្អ ឧតុល្អផងដែរ។

Monday, December 26, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៧)
បាននៅរស់ហើយ កុំភ្លេចខ្លួន
មនុស្សយើងប្លែកណាស់ ដើម្បីរក្សាជីវិត ព្រមលះបង់ទ្រព្យ
សម្បត្តិប៉ុនណាៗក៏ដោយ ឲ្យតែបាននៅរស់ ប៉ុន្តែឥឡូវបាន
នៅរស់ហើយ បែរទៅជាកើតទុក្ខ ព្រោះត្រូវការទ្រព្យសម្បត្តិ
ដោយប្រការផ្សេងៗទៅវិញ នេះហៅថាភ្លេចខ្លួន បាននៅ
រស់ហើយ ទៅជាខ្ជះខ្ជាយជីវិតឲ្យអស់ទៅឥតប្រយោជន៍។
ដោយលោកគ្រូ
អគ្គបណ្ឌិត ប៊ុត សាវង្ស



គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៦)
“...មនុស្សដែលមានសេចក្ដីក្រវល់ក្រវាយ ខុសនេះ ខុសនោះ ត្រង់នេះមិនល្អ ត្រង់នោះមិនល្អ។ មនុស្សប្រភេទនេះ គឺជាមនុស្សដែលអត់ស្គាល់ពាក្យថាធម្មតា និយាយឲ្យងាយស្តាប់ស្រួលយល់ តាមភាសាអ្នកស្រុក គេហៅថា កិលេសនៅពេញខួរក្បាល ប្លុងអារម្មណ៍នោះចោលចេញទៅ។

ប្រសិនបើចិត្តយើង តែងតែទទួលស្គាល់ច្បាប់នៃពាក្យថាធម្មតា អ្វីដែលវាមក ក៏ប្រកាន់ថា វាជារឿងរបស់វាទៅចុះ ដូច្នោះ មិនចាំបាច់ទៅតិះដៀលនិន្ទាដល់វាទេ រឿងដែលដោះស្រាយមិនបាន កុំទៅខ្វល់ឈឺក្បាលនាំឲ្យអំពល់ចិត្តអី  កុំទៅកែខៃវត្ថុវិស័យភាព ឬប្រធានវិស័យភាពអី។ អ្វីដែលយើងត្រូវគិត ត្រូវធ្វើ ត្រូវដោះស្រាយ បែរមុខមកដោះស្រាយត្រង់ចិត្តយើងនេះវិញ ទើបជាការល្អប្រពៃ។

អ្វីៗគ្រប់យ៉ាងមានដំណើរការទៅជាធម្មតា ហេតុអី រឿងអីយើងត្រូវទៅក្តៅក្រហាយ ក្រាញននៀលកប់នៅជាមួយវា កុំធ្វើជាមនុស្សដែលបានតែរិះគន់ពូកែនិន្ទា ចិត្តនៅរែកពន់សែងកិលេសអាត្មាខ្លួនមិនទាន់រួចផង បើចង់រិះគន់ ត្រូវរិះគន់ខ្លួនយើងនេះវិញ ទើបជាការប្រសើរ។ តាមអ្វីដែលព្រះពុទ្ធអង្គ ទ្រង់បានសម្ដែងទុកថា  ចូរពោលតិះដៀលអំពើអាក្រក់របស់ខ្លួនឯងឲ្យជាប្រក្រតី...”



Friday, December 23, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៥)

ម្នាលភិក្ខុទាំងឡាយ!
សេចក្ដីទុក្ខទាំងឡាយទាំងពួង មានមូលមកពីតណ្ហា ឧបាទាន សេចក្ដីប្រាថ្នាចង់បានក្រាញននៀល និងការតោងប្រកាន់មាំជាយើង ជារបស់យើង រួមទាំងសេចក្ដីភ្លើតភ្លើនចិត្តក្នុងអារម្មណ៍ផ្សេងៗ។

វត្ថុដែលចូលមក ហើយតោងប្រកាន់ទុកដោយភាពមានខ្លួន ជារបស់ខ្លួន ដែលមិនបង្កទុក្ខ មិនបង្កទោសឲ្យនោះ មិនមាន រកមិនបានក្នុងលោកនេះទេ។

ពេលណាមួយ បុគ្គលបានមកឃើញគ្រាន់តែថា បានឃើញ ស្ដាប់គ្រាន់តែថា បានស្ដាប់  ដឹងគ្រាន់តែថា បានដឹង ចូលទៅមានសម្ព័ន្ធភាពជាមួយវត្ថុផ្សេងៗ គ្រាន់តែថា មិនវង្វេង មិនភាន់ច្រឡំ មិនស្រវឹង ពេលនោះចិត្ត ក៏ទំនេរពីការតោងប្រកាន់មាំ រួចផុតស្រឡះ មានចិត្តថ្លា មានចិត្តរីករាយ”៕

ពុទ្ធឱវាទមុនចូលបរិព្វាន
ស្រង់ពីត្រៃបិដក



គំនិតសម្រាប់បុគ្គលដែលធ្លាប់ធ្វើ..អកុសលកម្ម


បុគ្គលដែលបានធ្វើបាបកម្មក្រាស
ពេលបានសិក្សាយល់ចូលចិត្តក្នុងសភាវៈធម៌ហើយ
ក៏ច្រើនតែមានអារម្មណ៍សោកស្ដាយចិត្តជាខាងក្រោយ
ក្នុងអកុសលកម្មដែលខ្លួនបានប្រព្រឹត្តកន្លងមកហើយនោះ
ច្រើនតែមានកង្វល់ថា ខ្លួននឹងត្រូវទៅទទួលទោសទណ្ឌក្នុងខណៈពេលដែលខ្លួនស្លាប់ទៅ
ឬជាតិខាងមុខជាមិនខាន។

Thursday, December 22, 2016

មាគ៌ានៃការចេញផុត


មាគ៌ានៃការចេញផុត

ព្រះគ្រូពុឍាចារតោ ច្រើនតែពោលជាមួយសិស្សគណទាំងឡាយជារឿយៗថា
ជីវិតមនុស្សរស់នៅបាន មិនដល់មួយរយឆ្នាំផង ក៏ត្រូវស្លាប់
និងត្រូវហាមចូលព្រៃស្មសាន ដូចនោះ ទើបគួរ
ប្រព្រឹត្តប្រតិប្រត្តិឲ្យនៅក្នុងសីល សមាធិ និងបញ្ញា
ដើម្បីឲ្យរួចចាកចេញពីសង្សារវដ្ដមួយនេះ។

កុំមើលស្រាលជីវិតរស់នៅរបស់ខ្ញុំ


អ្នកប្រាកដជាគិតថា ខ្ញុំជាមនុស្សល្ងង់ និងគួរឲ្យធុញទ្រាន់ ងាយស្រួលបោកប្រាស ក៏ព្រោះតែភាពស្លូតបូត ស្មោះត្រង់ មិនចេះកុហកបោកប្រាស មិនចេះមើលងាយអ្នកដទៃ ការមិនចេះដើរខ្សែរលើអ្នកដទៃ មានការអៀនប្រៀនច្រើន មានការព្រួយបារម្ភច្រើន មិនសូវចូលចិត្តភាពហាយសូឡយឆាយ​ស៊ីវីល័យ ឬការប្រើប្រាស់សម្ភារៈនិយម និងមានការប្រកាន់នូវប្រពៃណីយ៍ ទំនៀមទម្លាប់របស់គ្រួសារ និងដូនតារបស់ខ្ញុំ ដែលមើលទៅហាក់បីដូចជា ខ្ញុំនេះមិនចេះដើរតាមសម័យកាល ឬមិនសូវរីកចំរើន តាមសម័យកាលអ៊ីចឹង។ 

ដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ


 “ ...ការកើត ការស្លាប់ វាជារឿងធម្មតារបស់ជីវិតយើងស្រាប់ទៅហើយ  ចាប់តាំងពីថ្ងៃកើតមកឃើញពន្លឺថ្ងៃមកម្ល៉េះ ព្រោះការកើតរលត់ កើតរលត់ គឺជាខ្លួនពិតរបស់យើង។ មនុស្សដែលមិនធ្លាប់គិតពិចារណាលើជីវិតរបស់ខ្លួនឯង ខ្លួនចង់តាំងនៅឲ្យបានយូរបំផុត និងមិនចង់ស្លាប់ចេញពីលោកមួយនេះ។ តេជគុណ ឆា លោកអប់រំជារឿយៗថា ប្រៀបដូចជាមនុស្សដែលដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ។ ដកដង្ហើមចេញ ដកដង្ហើមចូល វាត្រូវនៅជាមួយគ្នា ការកើតការស្លាប់ត្រូវនៅជាមួយគ្នា។ ហេតុអ្វីក្នុងសង្សារវដ្ដ ការកើត ចាស់ ឈឺ ស្លាប់ ត្រូវប្រព្រឹត្តទៅជារឿយៗ? ក៏ព្រោះថា ដរាបណា ដែលយើងនៅមានគ្រាប់ពូជគឺមានកិលេស វាមិនងាយចប់ឡើយ...”
អប់រំដោយ
ព្រះគ្រូ ជយសារោភិក្ខុ
ប្រភព៖ព្រះរតនត្រៃ
រូបភាព៖ ហ្វេសប៊ុកផេក


Wednesday, December 21, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)
“...មនុស្សដែលមានធម៌អាថ៌ ក៏សម្តែងបញ្ជាក់ថា ជាបុគ្គលអ្នកមានសីលផងដែរ។ ខណៈណាដែលគេល្មើសធ្វើខុសសិក្ខាបទប្រការណាមួយ ខណៈនោះសម្ដែងបញ្ជាក់ថា គេមិនមានធម៌ ពីព្រោះធម៌ ស្ថិតនៅត្រង់ចិត្ត សីលស្ថិតនៅត្រង់កាយ វាចា។ រួចហើយកាយវាចា នឹងមានចលនាប្រព្រឹត្តទៅផ្លូវខុស ឬត្រូវ វាត្រូវឆ្លុះបញ្ចាំងទៅដល់រឿងរបស់ចិត្ត ជាប្រធាន ជាប្រមុខ មានតួនាទីទទួលខុសត្រូវផងដែរ...”

អប់រំដោយ
ព្រះមហាបួ ញាណសម្បន្នោ
ស្រងចេញពីសៀវភៅ បញ្ញាអប់រំសមាធិ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)
...ពិភពលោក ត្រូវការមនុស្សល្អ ពុំមែនដើម្បីឲ្យមកទទួលពានរង្វាន់ទេ ប៉ុន្តែដើម្បីឲ្យមកជួយស្ដារជីវិត និងសង្គមឲ្យប្រសើរឡើង។ មិនគម្បីធ្វើអំពើល្អ ដើម្បីយកអំពើល្អនោះមកលើកតម្កើងសរសើរខ្លួនឯងទេ ប៉ុន្តែគម្បីលះបង់ខ្លួនឯង ដើម្បីលើកតម្កើងសរសើរអំពើល្អ។ មនុស្សដែលល្អពិតប្រាកដ លះបង់សូម្បីតែការធ្វើពលីកម្មក៏ដោយ ដែលការណ៍ញ៉ាំងអ្នកដទៃឲ្យដឹងថា ខ្លួនបានធ្វើអំពើល្អនោះ...”

អប់រំដោយ
តេជគុណ ប្រយុទ្ធ បយុត្តោ

Tuesday, December 20, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)
“...មើលគេហើយ រួចមើលខ្លួនឯងណ៎ា! ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានទតឃើញមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គទ្រង់មានចិត្តនឿយណាយធុញទ្រាន់ក្នុងរឿងនេះ។ ម្លោះហើយព្រះអង្គទ្រង់យាងចាកចេញពីនគរ មិនបានប្រាប់ឲ្យអ្នកណាមួយដឹងឡើយ សូម្បីតែអគ្គមហេសី ស្រីពិម្ពារយសោធរា ក៏ទ្រង់មិនបានប្រាប់ក្នុងដំណើររឿងនេះ ឲ្យព្រះនាងទ្រង់ជ្រាបដែរ។ ព្រះអង្គទ្រង់បានយាងគង់លើខ្នងសេះអាជានេយ្យកណ្ធកៈជិះគេចចូលព្រៃបាត់ឈឹង។ ព្រះអង្គទ្រង់សាងព្រះផ្នួសមិនបានប្រាប់អ្នកណាផងដែរ។ ព្រះអង្គទ្រង់បំពេញសេចក្ដីព្យាយាមអស់រយៈពេលត្រឹមតែ៦ឆ្នាំ ព្រះអង្គក៏ទ្រង់រកឃើញផ្លូវនៃការត្រាស់ដឹង ធម្មជាតិនៃសេចក្ដីទុក្ខរបស់សត្វលោកនេះឡើង។