Saturday, September 29, 2018

ស្មោះនឹងអំពើល្អ



មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលអ្វីឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួចឲ្យសោះ ពីព្រោះកាលណាបើងើបមុខមិនរួចហើយ គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏គ្រាន់តែលើកតម្កើង សេចក្តីល្អ ទៅបានហើយ តែសូមកុំព្យាយាម លើកតម្កើងខ្ញុំ ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិនេះ គឺថាខ្លួនខ្ញុំគឺនៅតែមានភាពជាមនុស្ស តែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយអំណាចលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។

កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារតែភាពលោភលន់នឹងអំណាចក្នុងដៃ ឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។

កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឲ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឲ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឲ្យដើរទៅមុខ៕

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

ជីវិតគឺជាការសាកល្បង ឬការពិសោធ


នៅពេលណាក៏ដោយដែលយើងត្រូវធ្លាក់នៅក្នុងស្ថានការណ៍ដែលអាក្រក់ ប្រសិនបើវានៅមិនទាន់អាច សម្លាប់ យើងឱ្យ ស្លាប់ បានទេនោះ យើងកុំចុះចាញ់ និង កុំចុះចាញ់

មិនសំខាន់នោះទេថាយើងមានអ្វីខ្លះ? ប៉ុន្តែអ្វីដែលសំខាន់គឺ យើងនឹងប្រើអ្វីដែលនៅសល់នោះយ៉ាងដូចម្តេច?ហើយប្រាប់ខ្លួនឯងឱ្យខ្លាំងៗ ថា
ខ្ញុំនឹងមានជីវិតដើម្បីខ្លួនខ្ញុំផ្ទាល់
ខ្ញុំនឹងមិនមែនជាមនុស្សដែលល្អឥតខ្ចោះសម្រាប់នរណាម្នាក់នុ៎ះទេ។ ខ្ញុំនឹងប្រើពេលវេលាដែលនៅសល់ឱ្យបានល្អបំផុតហើយនឹងធ្វើវាឱ្យបានល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំនឹងស៊ូនូវរាល់ភាពភ័យខ្លាចរបស់ខ្ញុំ។ ចូរ ប្រឈមមុខ ជាមួយនឹង ភាពភ័យខ្លាច យ៉ាងក្លាហាន!

នៅលើលោកនេះ នៅមានផ្លូវដែលជារបស់យើង។ សូមកុំឱ្យនរណាមកជ្រើសរើសឱ្យយើង។ កំណត់ផ្លូវដែលត្រូវដើរដោយ ខ្លួនយើងផ្ទាល់
នៅលើលោកនេះ មានអ្វីល្អៗ ជាច្រើនរង់ចាំឱ្យយើងជា ម្ចាស់"។ ក្រោកឡើងមក ហើយចេញដំណើរទៅតាមផ្លូវដែលជារបស់យើង ទោះបីវាមិនសូវល្អតែយើងទទួលស្គាល់ថា នោះគឺអ្វីដែលប្រាប់មនុស្សទូទាំងពិភពលោកឱ្យដឹង ថា ខ្ញុំនៅមិនទាន់ស្លាប់ទេ! ។ មិនមាន នរណាចង់ធ្លាក់នៅក្នុងអំឡុងពេលវេលានៃភាព លំបាកលំបិន នៃជីវិត ប៉ុន្តែនៅពេលដែលវា ដើរ ចូលមកក្នុងជីវិតយើង តួនាទី របស់យើងគឺទទួលស្គាល់ ហើយ កុំចុះចាញ់​ ។ សូមគិតថា ខ្ញុំនឹងប្រើនូវអ្វីដែលនៅសេសសល់ក្នុង ជីវិត ដើម្បីដើរចេញពីអំឡុងពេលដែល លំបាកលំបិន នៃជីវិតនុ៎ះ។ ខ្ញុំនឹងប្រើវា ខ្ញុំនឹងប្រើវា ពីព្រោះវាគឺជាអ្វីដែលខ្ញុំមាន ព្រោះវាគឺជាអ្វីដែល ល្អបំផុត សម្រាប់ខ្ញុំ។

នៅពេលដែលយើង ទទួលស្គាល់ ខ្លួនឯង នូវអ្វីដែលជារបស់យើងហើយពិភពលោកក៏នឹងឃើញពីគុណតម្លៃរបស់យើងដែរ។ គ្រប់យ៉ាង ចាប់ផ្តើម ចេញពីខាងក្នុងគឺ ចិត្ត របស់យើងខ្លួនឯង។ យើងគ្រប់គ្នារមែងមាន ក្តីសុបិន ដ៏អស្ចារ្យនៅក្នុង ជីវិតភាពជោគជ័យ  គ្រួសារដែលកក់ក្តៅ។ វាគួរតែជាអ្វីដែលយើង ប្រាថ្នា នោះគឺជាអ្វីដែលយើងគ្រប់គ្នាចង់ឱ្យកើតឡើងនៅក្នុង ជីវិត

សំណួរ គឺ ប្រសិនបើវា មិនទៅតាមអ្វីដែលយើងគិតទុក តើយើងនឹងធ្វើដូចម្តេច?

លែងលះគ្នា
បាត់បង់ការងារ
ផ្ទះត្រូវរឹបអូស
រថយន្តត្រូវរឹបអូស! អ្វីទាំងនេះ មិនធ្លាប់មាននរណាចង់ឱ្យវាកើតឡើងទេ។ ជីវិត គឺជា ការពិសោធន៍ និង ការសាកល្បងហើយពិតប្រាកដណាស់ថាការពិសោធន៍ វាមិនធ្លាប់ងាយស្រួលនោះទេ។ ដូច្នេះ នៅពេលដែលយើងរំពឹងពីភាពសប្បាយពីជីវិត ប៉ុន្តែ ជីវិត បែរជាផ្តល់នូវ ភាពលំបាក មកឱ្យ ផ្លាស់ប្តូរ វាឱ្យទៅជា ឱកាស និង មិនត្រូវទៅបន្ទោសនរណា
ទោះបីពេលខ្លះ យើងភ័យខ្លាច យើងអាចនឹងស្រែកយំ ចូរប្រាប់ខ្លួនឯងទៅថា
មិនអីទេ ... មិនអីទេ។ ប៉ុន្តែការ ចុះចាញ់ មិនគួរជាផ្លូវដែលយើងជ្រើសរើស។ ចូរក្រសោបយក នូវរាល់ខ្យល់ដង្ហើមដែលអ្នកស្រូបចូលទៅ ព្រោះវាគឺ និម្មិតរូប ថា
អ្នកនៅមានជីវិតកុំស្លាប់ នៅមុនពេលដែលមិនទាន់ដល់ពេលដែលគួរ ស្លាប់ ពិត។ ដូច្នេះចូរ អរគុណ នូវអ្វីគ្រប់យ៉ាងដែលយើងនៅសេសសល់ កុំរវល់តែទៅខាតពេលជាមួយនិងការថ្កោលទោសថាយើងគឺជាមនុស្សដែលទទួលរងនូវអំពើអយុត្តិធម៌ ឬ ថាយើងគឺជាមនុស្សដែលគ្មានភ័ព្វសំណាង។

ចូរប្រើ ជីវិត នៅគ្រប់ពេលវេលាដែលមាន យ៉ាង អស្ចារ្យឱ្យសមនឹងការដែល លោកឪពុក និង អ្នកម្តាយ តែងតែធ្លាប់និយាយប្រាប់គេថា

អ្នក គឺជាកាដូដ៏វិសេសវិសាលបំផុត

សូមផ្ញើពាក្យពេចន៍ទាំងនេះ បានជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នា!🏊🚵🚴

Friday, September 28, 2018

ក្នុងទីងងឹត


នៅក្នុងទីងងឹត យើងមិនអាចមើលឃើញអ្វីជុំវិញខ្លួនដោយភ្នែកទទេទេ តែយើងមានអារម្មណ៍ភ័យព្រួយ យើងមានអារម្មណ៍មិនសូវសុខស្រួល ព្រោះមិនដឹងខ្លួនថាត្រូវទៅទីណា ទៅតាមផ្លូវណា ហើយក៏មិនដឹងថាអ្វីជាឧបសគ្គដែរ។

នៅក្នុងទីងងឹត យើងមានអារម្មណ៍ថា មានតែយើងម្នាក់ឯងគត់ គ្មានអ្នកណាមកជួយជ្រោមជ្រែងយើងទេ អ្វីដែលយើងត្រូវរង់ចាំគឺពន្លឺ។

នៅក្នុងទីងងឹត ខួរក្បាល ដៃជើងខ្លួនប្រាណ បានក្លាយជាភ្នែករបស់យើង មានន័យថា យើងលែងមើលឃើញដោយចក្ខុវិញ្ញាណដូចមុនទៀតហើយ។

ខ្ញុំក៏ធ្លាប់នៅទីងងឹតយ៉ាងយូរណាស់ដែរ ទីនោះទោះបីជាមេឃមានព្រះអាទិត្យបំភ្លឺក៏ដោយ ក៏នៅតែមិនអាចចាំងចូលបាន ហើយខ្ញុំគិតថាអ្នកប្រហែលធ្លាប់ស្ថិតក្នុងទីនោះដូចគ្នានឹងខ្ញុំដែរ។

ទីនោះគឺជាការគិតរបស់យើងនៅពេលដែលយើងគ្មានគោលដៅ គ្មានក្តីស្រមៃនោះឯង។ យើងធ្វើអ្វីៗដោយមិនសូវឆ្ពោះដៅ មិនសូវមោះមុតនោះឡើយ យើងមិនដឹងថាយើងត្រូវលះបង់អ្វីមួយដើម្បីអ្វីទេ។ ពេលនោះហើយដែលយើងមានអារម្មណ៍ថា ខ្លួនមិនដឹងនៅទីណា ហើយកំពុងធ្វើអ្វីឲ្យប្រាកដបានដែរ។

ពេលដែលយើងរកគោលដៅមិនទាន់ឃើញ ក្តីស្រមៃគឺជាពន្លឺភ្លើងទៀន ដែលអាចជួយយើងឲ្យមើលឃើញ ឲ្យយើងមានចក្ខុវិស័យ ឲ្យយើងមានគំនិត ដែលជារបស់យើងផ្ទាល់។ ពេលនោះហើយ យើងនឹងលែងមើល ជាមួយនឹងភ្នែកតែមួយមុខទៀតហើយ ហើយនឹងដឹងខ្លួនឯងថា ខ្លួនត្រូវធ្វើអ្វីខ្លះជាមិនខានឡើយ។

ពេលយើងមានគោលដៅ មានក្តីស្រមៃ នោះរបាំងនៃភាពងងឹតក៏រលាយសាបសូន្យអស់ទៅ ហើយយើងអាចបន្តដំណើរទៅមុខដោយស្វាហាប់បានជាក់ជាមិនខាន។ តើអ្នកបានដើរចេញពីទីងងឹតនោះហើយឬនៅ?

Cr.  Leanghong Oeng

ហេតុអ្វីយើងត្រូវអានសៀវភៅ?



ការអានជាជ្រុងមួយនៃការបង្កើតគំនិតថ្មីៗ និងបន្ថែមប្រសិទ្ធិភាពលើការងាររបស់អ្នក។ ប្រសិនបើអ្នកជា Ceo ហើយអ្នកមានទម្លាប់អានជាប្រចាំ អ្នកនឹងក្លាយជាអ្នកដឹកនាំដ៏មានគុណភាពពិតប្រាកដម្នាក់។ ប្រសិនបើអ្នកជាសាស្ត្រាចារ្យ ហើយអ្នកតែងតែមានទម្លាប់អានសៀវភៅថ្មីៗជាប្រចាំ អ្នកនឹងក្លាយជាសាស្ត្រាចារ្យដែលពោរពេញដោយថាមពលគំនិតដ៏ល្អម្នាក់។ មិនថាអ្នកមានតំណែងជាអ្វីក៏ដោយ ការអានគឺជាការសិក្សាបន្ថែម ហើយមានតែការសិក្សាលើការអានសៀវភៅបន្ថែមប៉ុណ្ណោះ ដែលអាចធ្វើឲ្យអ្នកមានគំនិតថ្មីៗដើម្បីស្ថាបនាក៏ដូចជាបន្ថែមលើការគិតការរបស់អ្នកឲ្យកាន់តែល្អទ្វេដង...។

ការអានជាការងារមួយផ្នែករបស់បុគ្គលជោគជ័យ ហើយក៏ពុំមានបុគ្គលជោគជ័យណាម្នាក់ដែលមិនធ្លាប់អានសៀវភៅនោះដែរ ។ សុភាសិតចិនមួយឃ្លាបានពោលថា "សៀវភៅមិនមែនជាវិធីដែលអ្នកដទៃមកគិតជំនួសយើងទេ តែវាជាឧបករណ៍ដែលជំនួយឲ្យយើងគិតគូរបានវែងឆ្ងាយជាងមុន" ។ ការអាននឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ ប្រសិនបើយើងមិនបានបញ្ជូនសតិបញ្ញាទៅជាមួយការអានរបស់យើងនុ៎ះ៕

Cr. ប្រាជ្ញាជីវិត

Thursday, September 27, 2018

នៅរអ៊ូបានអ្វីមក?



ឈប់រអ៊ូ តែប្រឹងតស៊ូធ្វើទៅ។ បើរវល់តែរអ៊ូ តើមានពេលមកពីណាទៅដោះស្រាយបញ្ហា? ព្រោះយើងបានចំណាយពេល យើងបានខ្ជះខ្ជាយពេលជាមួយការរអ៊ូនោះអស់ទៅហើយហ្នឹង។

ឈប់គិតថាបញ្ហានោះមានឥទ្ធិពលយ៉ាងណាចំពោះអ្នកទៅ តែត្រូវគិតថាធ្វើយ៉ាងម៉េច ទើបអាចដោះស្រាយបញ្ហានោះបាន? គឺត្រូវប្រឹងរកប្រភពនៃដំណោះស្រាយឲ្យបានច្រើនវិធី។ ឈប់ផ្ដោតអារម្មណ៍ទៅលើបញ្ហា តែត្រូវផ្ដោតអារម្មណ៍លើដំណោះស្រាយវិញ។

ឈប់មើលបញ្ហានៅក្នុងបញ្ហានោះទៅ តែត្រូវរកឱកាសនៅក្នុងបញ្ហាឲ្យឃើញ ព្រោះក្នុងគ្រោះមានលាភសំណាង ក្នុងលាភសំណាងក៏អាចមានគ្រោះ លាភនិងគ្រោះគឺស្មើគ្នា តែអ្វីដែលសំខាន់តើអ្នកស្វែងរកមួយណាជាងគេ?

ត្រូវចងចាំថា ខ្ញុំនឹងមិនឈឺចាប់ទេ បើខ្ញុំមិនយល់ព្រម។ ខ្ញុំមិនខ្វល់នឹងពេលដែលបានបាត់បង់ទៅហើយនោះពេកទេ តែខ្ញុំនឹងប្រើពេលដែលសេសសល់របស់ខ្ញុំឲ្យល្អបំផុត។ ជីវិតគឺជាការតស៊ូគ្មានទីបញ្ចប់! កុំអស់សង្ឃឹម កុំបាក់ទឹកចិត្តឲ្យសោះ!បញ្ហាគ្រាន់តែជាបញ្ហា...បញ្ហាគ្មានដៃជើងមកវាយដំយើងបានទេ!

យើងមិនចាញ់ទេ បើយើង<មិនព្រម>
យើងមិនបរាជ័យទេបើយើង<មិនព្រម>
យើងមិនឈឺចាប់ទេបើយើង<មិនព្រម> ៕

គតិបណ្ឌិត ៦ចំណុចគួររៀនពីសៀវភៅស្រីហិតោបទេស



១) ការចងបាច់វង្សត្រកូលរបស់ខ្លួនយើង សូម្បីតែមនុស្សពីរបីនាក់ឲ្យរួបរួមជាគ្នាក៏ដោយ ក៏ជាការគាប់ប្រសើរណាស់ ព្រោះគេមិនអាចយកអង្ករទៅសាបព្រោះឲ្យដុះបានទេ បើគ្មានសំបក(គ្រាប់ស្រូវមិនអាចគ្មានសំបកបានទេ)។

២) សរីរៈ និង កិតិ្តគុណមានចន្លោះតាំងនៅឆ្ងាយពីគ្នាណាស់ ហើយសរីរៈនេះរលត់រលាយទៅក្នុងមួយខណៈ តែកិត្តិគុណវិញស្ថិតនៅជាអវសាន។

៣) មនុស្សស្លាប់មិនធំក្លិនផ្សែងចង្កៀងដែលគេពន្លត់ឡើយ ស្ដាប់មិនឮពាក្យដាស់តឿនរបស់មិត្តសម្លាញ់ មើលមិនឃើញផ្កាយអរុន្ធតទេ។

៤) ពន្លឺត្រជាក់នៃព្រះចន្ទមិនជាទីត្រជាក់នៃមនុស្សរងាទេ ហើយពន្លឺក្ដៅនៃព្រះអាទិត្យក៏មិនជាទីពេញចិត្តនៃមនុស្សក្ដៅដែរ។

៥) បើក្លាយជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីភាពជឿទុកចិត្តឲ្យសោះ ព្រោះទឹកជាសត្រូវនៃភ្លើង ទោះបីជាត្រូវកម្ដៅពុះក្រឹកៗទៅហើយក៏ដោយ ក៏អាចរំលត់ភ្លើងនោះបានដែរ។

៦) មែនពិតកិច្ចការណាដែលអាចសម្រេចបានដោយឧបាយកល កិច្ចការនោះគេមិនចាំបាច់ប្រើសេចក្ដីព្យាយាមខ្លាំងពេកក្លាទេ គឺប្រើត្រឹមតែល្បិចតូចឲ្យធំទៅបានហើយ! 

កែ. គោលគំនិតល្អដើម្បីជីវិត


Wednesday, September 12, 2018

ជម្នះឧបសគ្គជីវិតឲ្យបាន!



បើគ្មានភក់បាតបឹង គឺមិនអាចមានផ្កាឈូក។ បើមិនឆ្លងកាត់ភាពលំបាកខ្លះ ជីវិតក៏មិនអាចរឹងមាំបានដែរ។ ការតស៊ូគឺជាការបន្ដដង្ហើមជីវិត គ្មានការតស៊ូគឺជាការស្លាប់អ្វីៗគ្រប់យ៉ាង។ ដើម្បីទទួលបានបង្ហើមជីវិត ការតស៊ូគឺត្រូវតែប្រឹងជាប់ជានិច្ច។

ប្រឹងរៀន ប្រឹងរក ប្រឹងសន្សំ គឺជាឫសគល់នៃផ្លែផ្កាជីវិត។ ប្រឹងរៀន យើងមិនអាចបញ្ឈប់ដំណើរនៃការរៀនសូត្រត្រឹមតែសាលារៀនបានទេ ព្រោះនៅមានមេរៀនជីវិតជាច្រើនទៀតដែលយើងនឹងត្រូវជួបប្រទះក្នុងជីវិតជាក់ស្ដែងនៅថ្ងៃអនាគត ហើយមានតែមេរៀនដែលយើងធ្លាប់ឆ្លងកាត់ប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះនៃការកសាងគុណភាពជីវិតពិតប្រាកដ។

ប្រឹងរក នៅចន្លោះចំណេះដឹង និងការស្វែងរកផ្លែផ្កាជីវិត ពុំមានម្ខាងណាដែលយើងអាចខ្វះបាននុ៎ះទេ។ មានចំណេះបណ្ដាលឲ្យចេះរក(ចេះធ្វើការ ចេះវិនិយោគ) មានបញ្ញាបណ្ដាលឲ្យចេះសន្សំពូជផ្លែផ្កា។ ការរស់នៅដែលពោរពេញទៅដោយការប្រកួតប្រជែងនេះ វាសនាអភ័ព្វនៃជីវិតពុំបានលើកលែងឲ្យជនដែលគ្មានការតស៊ូឡើយ គឺជ័យជម្នះនេះ មានសម្រាប់តែអ្នកប្រឹងប្រែងតែប៉ុណ្ណោះ។ ឧបសគ្គសំខាន់ដែលកប៉ាល់ត្រូវយកឈ្នះនោះគឺ ទឹកដែលរារាំងការរត់ឆ្ពោះទៅមុខ ហើយប្រសិនបើមិនមែនព្រោះតែការរារាំងខាងលើនេះទេ ក៏កប៉ាល់មិនអាចរត់ទៅមុខបានដែរ ជីវិតគឺដូចគ្នា។

អាល់បឺត អាញស្តាញ Albert Einstein (១៨៧៩-១៩៥៥)
បាននិយាយថា "អ្នកណាដែលមិនធ្លាប់ធ្វើអ្វីខុសសោះ អ្នកនោះពិតជាមិនធ្លាប់បានធ្វើអ្វីថ្មីៗឡើយ " ជីវិតគឺដូចជាការជិះកង់ ដើម្បីកុំឲ្យវាដួល គឺយើងត្រូវតែធាក់វាទៅមុខជានិច្ច "។ សុភាសិតចិនមួយឃ្លាបានប្រៀនប្រដៅថា "កុំភ័យខ្លាចនឹងការបោះជំហានទៅមុខសន្សឹមៗ អ្វីដែលត្រូវខ្លាចតែម្យ៉ាងគឺការឈប់ស្ងៀមនុ៎ះឯងទៅវិញទេតើ៕

Cr. ប្រាជ្ញាជីវិត & គ.ល.ជ

Tuesday, September 11, 2018

អំនានទាំង១០ដែលអ្នកត្រូវឈ្វេងយល់



១. យើងអាចស្វែងរកខ្លួនឯងឃើញ នៅពេលណាដែលយើងអាចឆ្លើយនឹងសំណួរដែលថា តើជីវិតនេះជាអ្វី? តើខ្ញុំជាអ្នកណា? តើក្ដីប្រាថ្នាពិតប្រាកដនៃជីវិតគឺជាអ្វី? តើខ្ញុំកើតមកដើម្បីអ្វីទៅ? ...

២. ដើម្បីស្វែងរកតម្រូវការការពិតនៃជីវិត គឺស្ថិតលើជីវិតយើងឲ្យពិតប្រាកដ(មិនប្រែប្រួលទៅតាមមេឃ និងចេះតវ៉ានឹងព្រហ្មលិខិតអាក្រក់)។ យើងអាចសួរខ្លួនឯងថា តើគោលដៅយើងគឺអ្វី? តើយើងចូលចិត្តអ្វី? តើយើងមានចំណុខខ្លាំង និងខ្សោយអ្វី?...

៣. គុណភាពជីវិតគឺវាស់ស្ទង់ដោយគំនិត ទង្វើ និងលទ្ធផល តែមិនមែនដោយបទពិសោធ និងអាយុនោះទេ។

៤. ការដែលមានសេចក្ដីទុក្ខក៏ព្រោះតែខ្លួនឯងជាអ្នកអនុញ្ញាត ហើយការដែលមានសេចក្ដីសុខក៏ព្រោះតែខ្លួនឯងជាអ្នកព្រមអនុញ្ញាតឲ្យដែរ។ ឱ!...ការអនុញ្ញាតដ៏មានឥទ្ធិពលអើយ...

៥. នៅលើលោកយើងនេះអ្វីៗទាំងអស់សុទ្ធតែប្រែប្រួល បើកើតឡើងហើយរមែងរលត់បាត់ទៅវិញតាមកាលវេលារបស់វា។ មានន័យថា សុខក៏ប្រែប្រួល ទុក្ខក៏មិនយូរ ដូចពេលរាត្រីនឹងត្រូវជំនួសដោយថ្ងៃរះ កាលណាពេលវេលាមកដល់ ព្យុះមិនចេះតែបោកបក់មករហូតនោះទេ។

៦. អ្វីទៅដែលហៅថាក្ដីសុខ? អ្វីទៅដែលហៅថាក្ដីទុក្ខ? តាមពិតសុខ និងទុក្ខគឺកើតឡើងដោយសារតែចិត្តយើងជាអ្នកកំណត់និយមន័យសោះ។ ឧ. ក្ដីសុខជនប្រមឹកគឺស្រា ក្ដីសុខអ្នកសិក្សាគឺអំនានសៀវភៅ។ ទុក្ខរបស់អ្នកក្រគឺ ការគ្មានទ្រព្យធន់ ឯទុក្ខរបស់អ្នកមានគឺ ខ្លាចបាត់បង់ទ្រព្យធន់ទៅវិញ។

៧. មិនថាជីវិតយើងលំបាកប៉ុនណាទេ តែចុងក្រោយបង្អស់យើងនៅតែពុំអាចទម្លាក់ចោលជីវិតយើងមួយនេះបានដែរ ព្រោះយើងពុំអាចទៅខ្ចីដង្ហើមគេដកបានទេ មានន័យថាយើងនៅតែប្រឹងតស៊ូ ក្រាញននៀលដោយខ្លួនឯងដដែលៗ។ ការទម្លាក់ចោលជីវិត គឺមានន័យសូន្យ (ត្រូវស្លាប់) តែការស្លាប់មិនអាចដោះស្រាយបញ្ហាបាននោះទេ។ គតិមួយលើកឡើងថា បើការស្លាប់អាចដោះស្រាយបញ្ហាបាននោះ អីចឹងតើមនុស្សគ្រប់គ្នាប្រឹងរស់ដើម្បីអ្វី? បើបែបនោះមែនគេប្រហែលជានាំគ្នាបបួលស្លាប់បាត់អស់ទៅហើយ។

៨. ដើមឈូកដុះចេញពីភក់បង្កើតចេញបានជាផ្កាយ៉ាងស្រស់ស្អាត ហើយមិនដែលខ្វល់ថាមានអ្នកណាឲ្យតម្លៃវាឬអត់ទេ តែវានៅតែស្រស់ស្អាតតាមធម្មជាតិរបស់វាដដែល។

៩. សុខ និងទុក្ខ ជាគូនិងគ្នា ហេតុនេះខ្ញុំសូមនិយាយថា សុខ=ទុក្ខ គឺមានន័យថា សុខមានចំនួនស្មើគ្នានិងទុក្ខ ឬអាចថាទុក្ខច្រើនជាងទុក្ខដែលមាននៅលើលោកិយមួយនេះ។

១០. នៅពេលដែលគិតថានឹងដើរទៅមុខហើយ ចូរកុំគិតងាកសម្លឹងមកក្រោយ ឬស្ដាយក្រោយឲ្យសោះ៕

កែ. គោលគំនិតល្អដើម្បីជីវិត

Saturday, September 8, 2018

អ្វីទៅជាគុណភាពជីវិតពិតប្រាកដ? ...



កាលនៅជាសិស្ស អ្វីដែលខ្ញុំធ្លាប់គិតផ្ដោតគឺធ្វើយ៉ាងណាឲ្យរៀនពូកែ ប្រឡងជាប់ មានការងារប្រាក់ខែសមរម្យដើម្បីជួយគ្រួសារវិញ និងលួចសង្ឃឹមថាអាចនឹងរស់នៅសុខស្រួលក្នុងសហគមន៍មួយនឹងគេ។

អំឡុងពេលនោះដែរ រឿងថា ចំណូលចំណាយផ្គត់ផ្គង់គ្រួសាររបស់ឪពុកម្ដាយបានប៉ុណ្ណា ត្រូវគិតយ៉ាងណា ធ្វើបែបណា ដោះស្រាយយ៉ាងណា គឺខ្ញុំពុំដឹងទេ។ អស់រយៈពេលជាង១២ឆ្នាំមកនេះ ខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយដោយពុំចង់ចំណាយពេលយូរទៀត គួបផ្សំនឹងភាពខ្វះខាតនៃគ្រួសារខ្ញុំសម្រេចថា ពុំទាន់រៀនបន្តនៅសាកលវិទ្យាល័យភ្លាមទេ ប៉ុន្តែគឺខ្ញុំនឹងប្រជែងរកការងារសមស្របមួយសិន ហើយអាចថាជា វាសនាដែរ ខ្ញុំបានប្រឡងជាប់ការងារក្របខណ្ឌរដ្ឋមួយ។

ពេលចេញមកធ្វើការ អ្វីៗគឺខុសការស្មាន ដែលតម្រូវឲ្យខ្ញុំត្រូវប្ដូរផ្នត់គំនិតផ្សេងទៀត។ តើខ្ញុំជាមនុស្សប្រែប្រួលមិនទៀងទាត់មែនទេ? វាហាក់ដូចជាខ្ញុំត្រូវសម្របខ្លួនជាថ្មី ឬអាចថាខ្ញុំភ្លេចខ្លួនចុះចាញ់កាលៈទេសៈបណ្ដោយឲ្យវាមកគ្របសង្កត់ទេដឹង? អ្វីៗដែលខ្ញុំបានគិតពីមុន និងភាពជាក់ស្ដែងក្នុងពេលនេះ គឺវាហាក់ដូចជាផ្ទាំងទស្សនីយភាពពីរផ្សេងគ្នា ហើយផ្ទុយស្រឡះទៀតផង។

អ្វីដែលខ្ញុំរៀន អាចថាប្រើការបានដែរ ប៉ុន្តែមិនច្រើនទេ។ តើខ្ញុំពុំមានចំណេះដឹងពិតមែនទេឬ? ដូចជាមិនមែនទេ! ការសិក្សាផ្សេង តែធាតុពិតនៃតម្រូវការក៏ផ្សេងទៀត។ ទស្សនៈក្នុងសៀវភៅផ្សេង តែទស្សនៈក្នុងជីវភាពក៏ផ្ទុយផ្សេងគ្នាទៀត។ ទ្រឹស្ដីបទក្នុងសៀវភៅពោលថា បែបនេះ បែបនោះ ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ....តែដល់ប្រើការជាក់ស្ដែង គឺបានបន្តិចបន្តួច ដូចជាមិនស៊ីចង្វាក់គ្នាសោះ។ ក្នុងខណៈដែលខ្ញុំពុំអាចយកចំណេះដែលបានរៀនមកប្រើការកើតនោះ ខ្ញុំនឿយណាយធុញថប់ ចង់បល់គំនិត ចិត្តចង់កល់រកស្ត្រេស ហើយទុកចំណេះនោះចោល រហូតស្ទើរតែរលុបរលាយបាត់អស់ ជួនកាលភាពផ្ទុយគ្នានៃមេលេខជីវិត និងមេលេខសង្គម បានធ្វើឲ្យខ្ញុំឈ្លោះទាស់នឹងខ្លួនឯងម្ដងៗ

អ្វីដែលបានយល់ច្រឡំគឺ ខិតខំអស់១២ឆ្នាំហើយ អាចមានលទ្ធភាពច្បាស់លាស់មួយ និងប្រើការក្នុងស្ថានភាពជាក់ស្ដែងបានល្អ ប៉ុន្តែមិនមែនសោះ! ជីវិតគឺជាការពិសោធ លេងៗមែនទេ? អ្វីដែលខ្ញុំមើលឃើញផ្សេងទៀតគឺ ក្នុងជីវភាពរស់នៅ ហាក់ដូចជាប្រឹងប្រែងរត់ពីមួយទៅមួយ គ្មានគោលដៅច្បាស់លាស់ ហើយប្រៀបដូចជារស់នៅក្នុងសមរភូមិប្រយុទ្ធនឹងគ្នាយ៉ាងខ្លាំង។ ខ្ញុំក៏ចាប់ផ្ដើមគិតថាឆ្នាំងបាយដែលធំ គឺពិបាកនឹងទទួលបានបាយហូបឆ្ងាញ់ណាស់។ ហេតុផលនេះវាតម្រូវឲ្យអ្នកដែលប្រើឆ្នាំងបាយធំរួមគ្នានោះត្រូវគិតរកអ្វីមួយបន្ថែមទៀត។ មនុស្សម្នាក់ អាចប្រែក្រឡាខ្លួនជាបីបួននាក់ ហើយដៃមួយ ត្រូវបែងភាគជា៥-៦ ខួរក្បាលមួយត្រូវចែកជាច្រើនថត សក់មួយសរសៃត្រូវច្រៀកជាដប់...មេលេខជីវិត និងមេលេខសង្គមផ្ទុយគ្នាខ្លាំងពេកហើយ។

ប្រសិនបើ១២ឆ្នាំ មេលេខសង្គមអាចធ្វើឲ្យយុវជនក្លាយជាជនជំនាញច្បាស់ការណ៍មួយ ប្រហែលជាល្អណាស់។ ខ្ញុំនឹកឃើញពូម្នាក់និយាយអួតថា ក្មួយឯងទើបតែប៉ុណ្ណឹង បើពូវិញគឺចំណាយពេលច្រើនឆ្នាំហើយ ប៉ុន្តែពុំឃើញទៅណាសោះ នៅតេដដែលៗ ទៅមុខមិនរួចសោះឡើយ។ ខ្ញុំក៏លួចគិតថា គាត់ធ្លាប់ចាញ់បោកគេហើយមើលទៅ។ ហើយខ្ញុំសួរគាត់ថា តើតម្រូវការជាក់ស្ដែងគឺអ្វី? ធាតុពិតគឺអ្វី? គាត់ពុំឆ្លើយ....ចម្ងល់នេះខ្ញុំក៏មិនទាន់រកឃើញ ហើយវានៅតែអាថ៌កំបាំងដដែល៕

Cr. Leam Vanak & A good concept of life

Friday, September 7, 2018

រាត្រីកាលនៃភាពល្ងង់ខ្លៅរបស់មនុស្សយើង!



ភាពខ្លាំងរបស់មនុស្សមិនមែនឋិតនៅលើកម្លាំងតតាំងនោះទេ តែវាឋិតនៅលើស្មារតីនិងសតិបញ្ញា។ មនុស្សយើងកើតមកពុំមានស្នែងឬចង្កូមដើម្បីខាំឬប្រឆាំងតតាំងនឹងអ្វីមួយឡើយ ប៉ុន្ដែយើងមានអាវុធដ៏មុតស្រួចគ្មានគូប្រៀបនោះគឺសតិបញ្ញា។ សត្វព្រៃអាចប្រឆាំងនឹងមនុស្សដោយកម្លាំងបាយ តែមនុស្សអាចប្រឆាំងនឹងសត្វព្រៃដោយស្មារតីនិងសតិបញ្ញា។ បើយោងទៅតាមទស្សនៈរបស់អធិរាជសង្គ្រាមបុរាណចិន "ឆាវឆាវ" បានពន្យល់ថា "កងទ័ពខ្លាំងមិនមែនឋិតនៅលើគ្នាច្រើនទេ គឺឋិតនៅលើខ្លាំង មេទ័ពខ្លាំងមិនឋិតនៅលើកម្លាំងទេ គឺឋិតនៅលើយុទ្ធសាស្ត្រ " មនុស្សម្នាក់ទោះបីជាមានកម្លាំងកាយដ៏មហិមា តែបើគ្មានសតិបញ្ញាហើយ គេគ្រាន់តែជាជនកំប៉ិកកំប៉ុកម្នាក់ប៉ុណ្ណោះ ។

ខុងជឺ បានពោលថា "រៀនមិនគិតគឺខូចខាត គិតហើយមិនរៀនគឺគ្រោះថ្នាក់ ។ បើគ្រាន់តែចង់បានត្រី តែមិនដឹងហើយមិនយល់ពីរបៀបស្ទួចត្រី តើធ្វើដូចម្ដេចនឹងបានត្រីហូបទៅ ? ប្រសិនបើយើងចង់បានត្រី តែយើងទៅរៀនស្ទួចត្រីដោយខ្លួនឯងទាំងមិនដែលដឹងពីរបៀបស្ទួចថា តើគេធ្វើយ៉ាងម៉េចខ្លះនោះ រឿងនេះយើងក៏មិនខុសពីយកនុយសន្ទួចទៅឲ្យត្រីស៊ីលេងនោះទេ ហើយប្រសិនបើយើងចង់ចេះហែលទឹក យើងទៅរៀនហែលទឹកដោយខ្លួនឯងទាំងមិនដឹងពីរបៀបហែលទឹកថា តើគេនឹងហែលយ៉ាងម៉េចខ្លះនោះ យើងមិនខុសពីទៅចុះក្នុងទឹកផឹកទឹកលេងនោះទេ ថាត្រូវមិនត្រូវអាចគ្រោះថ្នាក់ទៀតផង។ និយមន័យនៃការរៀនមិនគិត គឺបែបនេះ រៀនទាំងទទឹងទិសរៀនទាំងងងើល ហើយមនុស្សក្នុងសង្គមយើងដែលតែងតែបរាជ័យដោយមិនដឹងខ្លួនគឺតែងតែបណ្ដាលមកពីមូលហេតុទាំងនេះ ។ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ( ស្ដេចកសិកម្ម ) បានមានប្រសាសន៍ថា "មនុស្សយើងមុននឹងចង់រកស៊ី ត្រូវរៀនសិន បើមិនរៀនទេប្រាកដជាខាតស្លាប់ហើយ" ត្រូវហើយមិនត្រូវធ្វើអ្វីមួយដោយមិនដឹងទិសតំបន់នោះទេ ចាស់លោកពោលទូន្មានទុកថា គិតមុនគូរជានិច្ច តាមគំនិតយោបល់របស់ខ្ញុំថា ត្រូវធ្វើអ្វីមួយត្រូវឈរផ្អែកលើសតិបញ្ញាកុំយកអារម្មណ៍មកចង្អុលទិសដៅរបស់ខ្លួនឯងអី

ក្នុងសុភាសិតអាមេរិកមួយឃ្លាបានពោលថា "មនុស្សទន់ខ្សោយខ្លាចគំនិតអ្នកដទៃ មនុស្សឆ្លាតសិក្សាគំនិតអ្នកដទៃ មនុស្សវាងវៃដឹកនាំគំនិតអ្នកដទៃ ។ ក្នុងចំណោមមនុស្សឆ្លាត មានតែមនុស្សដែលអាចដឹកនាំគេទេ ដែលជាមនុស្សដ៏មានគុណភាពក្នុងភាពពិតប្រាកដមនុស្សល្ងង់តែងតែរំពឹងលើការសរសើរជាគោលដៅរបស់ខ្លួន មនុស្សឆ្លាតរំពឹងលើផ្លែផ្កាជាលទ្ធផល មនុស្សល្ងង់រំពឹងលើកម្លាំងបាយអាងមាឌ មនុស្សឆ្លាតរំពឹងលើបញ្ញាអាងគំនិត។ ភាពខុសគ្នារវាងសភាវៈទាំងពីរនេះ សរបញ្ជាក់ឲ្យយើងឃើញថា ភាពខ្លាំងរបស់មនុស្សមិនមែនថាមពលក្នុងខ្លួនឡើយ តែគឺជាសតិបញ្ញាទៅវិញទេ ទើបជាភាពខ្លាំងពិតប្រាកដមែន ៕

Cr. ប្រាជ្ញាជីវិត&គោលគំនិតល្អដើម្បីជីវិត

Thursday, September 6, 2018

ខ្ជិលខ្លះតែកុំភ្លេចប្រឹងផង



បើគ្មានក្តីស្រឡាញ់ទេ យើងនឹងគ្មានអារម្មណ៍អ្វីទាំងអស់។ ហើយបើគ្មានក្តីសុបិនទេ យើងក៏គ្មានបានសម្រេចអ្វីទាំងអស់។ ហើយបើគ្មានខ្លួនឯងទេ យើងក៏គ្មានអ្វីទាំងអស់ដែរ។

ស្អប់អ្វី ក៏អាចស្អប់បាន តែកុំស្អប់ខ្លួនឯង។ ស្រឡាញ់អ្វី ក៏អាចស្រឡាញ់បាន តែកុំភ្លេចស្រឡាញ់ប្រាណខ្លួនឯង ឲ្យតម្លៃអ្វីក៏អាចឲ្យបាន តែកុំភ្លេចឲ្យតម្លៃខ្លួនឯងផង។ ភ្លេចអ្វី អាចភ្លេចបាន តែកុំភ្លេចប្រាណឲ្យសោះ។ យំខ្លះ ក៏អាចយំបាន តែកុំភ្លេចសើចផង។ ខ្ជិលខ្លះ អាចខ្ជិលបាន តែកុំភ្លេចប្រឹងប្រែង ដំណើរទៅកាន់វិថីជោគជ័យ គ្មានមនុស្សខ្ជិលដើរទេ៕

Without love, we feel nothing. Without dreams, we accomplish nothing. Without OURSELVES, we are nothing.

ផ្ញើជូនកូនកម្លោះគ្រប់រូបបានអានដើម្បីឈ្វេងយល់



នេះជាពាក្យសំដីរបស់ឪពុកម្នាក់ ដែលបានទូន្មានកូនប្រុសមុនថ្ងៃដែលកូនប្រុសរបស់គាត់រៀបការ។ ខ្ញុំចង់ឲ្យកូនប្រុសទាំងអស់គ្នាបានអានសម្រង់ពាក្យពេចន៍សំដីទាំងនេះ។ លោកឪពុកម្នាក់នោះបាននិយាយថា...

កាលពីប្រពន្ធរបស់កូននៅក្មេង គេនៅផ្ទះឪពុកម្ដាយរបស់គេៗបានចិញ្ចឹមបីបាច់ថែរក្សាដោយខ្លួនគេ អង្ករផ្ទះយើងមួយគ្រាប់ ទឹកផ្ទះយើងមួយកែវ យើងមិនដែលឲ្យគេឡើយ តែដោយសារតែពាក្យថា ស្រឡាញ់ គេសុខចិត្តចេញពីទ្រនំដ៏សែនកក់ក្ដៅ ដែលគ្រួសារគេបានផ្ដល់ឲ្យ ហើយមកប្រើប្រាស់ពេលវេលាពាក់កណ្ដាលជីវិត ដែលគេមាន មករួមរស់ជាមួយនឹងកូន មកធ្វើជាប្រពន្ធរបស់កូន មកធ្វើជាកូនប្រសាររបស់ពុក និងម៉ែឯង នាងបានយកឪពុកម្ដាយរបស់កូនធ្វើជាឪពុកម្ដាយរបស់ខ្លួនឯង យកបងប្អូនរបស់កូនមកធ្វើជាបងប្អូនរបស់ខ្លួនឯង....។ កូននិយាយទៅមើល បើកូនធ្វើមិនល្អដាក់គេ តើវាគួរឲ្យខ្មាសអៀនឪពុកម្ដាយរបស់គេដែរឬ?

នៅពេលដែលកូនឃើញម្ហូបឆ្ងាញ់ កូននឹងហូបទាល់តែហល់ តឹងពោះ ហល់ហើយរសេះរសោះពិបាកនៅក្នុងខ្លួនមែនទេ? ហើយចុះបើប្រពន្ធរបស់កូនត្រូវពរពោះប្រហែលជិតប្រមាណ១០ខែ ប្រសិនបើគេមិនពេញចិត្តដែលត្រូវធ្វើជាម្ដាយ មាននរណាដែលគេសុខចិត្តយកខ្លួនឲ្យរងទុក្ខវេទនានៅក្នុងខ្លួន និងដើម្បីកំណើតជីវិតក្មេងតូចម្នាក់ ដែលគេខំបង្កើតមក ហើយមិនបានប្រើសូម្បីតែនាមត្រកូលគ្រួសារគេផង កូនថាទៅមើល បើកូនធ្វើមិនល្អដាក់គេ វាគួរឲ្យខ្មាសអៀនដែរទេ ដែលគេខំលះបង់ឲ្យគ្រួសារយើងដល់ថ្នាក់នេះ?

មិនថាកើតជាមនុស្សប្រុស ឬជាមនុស្សស្រីទេ ម្នាក់ៗសុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវៗដូចគ្នា។ មនុស្សប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួន។ ប្រសិនបើគិតថា...រឿងណាដែលមិនត្រឹមត្រូវនោះៗ រឿងនោះនឹងដក់ជាប់និត្យនៅក្នុងចិត្តជានិច្ច។ ចំណែកមនុស្សស្រីវិញ មានអារម្មណ៍ប្រែប្រួលមួយឆាវៗទៅតាមពាក្យសំដី បើគេស្ដាប់ហើយមិនចូលត្រចៀក នោះគេកាន់តែស្ដាប់កាន់តែអារម្មណ៍មិនល្អ ទោះជាវាបានកន្លងផុតទៅហើយក៏ដោយ ក៏នៅតែខឹងមិនបាត់ដែរ។

កូនត្រូវចេះកាត់បន្ថយ និងជម្រុះនូវភាពមានះរឹងរុស សម្ដីគំរោះគំរើយនៅក្នុងខ្លួនកូន ហើយនិយាយនូវអ្វីដែលប្រពន្ធកូនចូលចិត្ដស្ដាប់ ត្រូវចេះយកចិត្តទុកដាក់ ពេលនោះកូននឹងរកសុភមង្គលឲ្យគេបានហើយ។ ពិភពលោកនេះ មានស្រីស្អាតៗជាច្រើន តែបើរៀបការហើយ កុំរលៀម ខិលខូច លួចលាក់មានស្នៀត ហើយកុំយកប្រពន្ធរបស់កូន ប្រៀបធៀបនឹងស្រីដទៃ។ ជីវិតរបស់មនុស្សយើង កើតមកក្នុងមជ្ឈដ្ឋានខុសៗគ្នា ដូចនេះ ការចិញ្ចឹម បីបាច់ ថែរក្សា និងចំណង់ចំណូលចិត្ដវាមិនដូចគ្នាទេ។ ទោះបីរៀបការហើយក្ដី ក៏ចំណង់ចំណូលចិត្ត និងអត្តចរិតនៅតែកប់ជាប់នៅក្នុងចិត្តដដែល។ ដូចនេះ ពេលកូនរៀបការហើយ ចូរកូនកុំអារកាត់សេចក្ដីត្រូវ ឬខុស ទៅលើភាពផ្ទុយគ្នារបស់គេដោយយកចំណង់ចំណូលចិត្ត និងអត្តចរិតរបស់កូនជាមូលដ្ឋានគោលឡើយ

ឪពុកសង្ឃឹមថា... កូននឹងព្យាយាមផ្លាស់ប្ដូរខ្លួនកូនជាមុនសិន មុននឹងកូនផ្លាស់ប្ដូរគេ។ សង្គមយើងបច្ចុប្បន្ន មិនថាស្រី ឬក៏ប្រុសទេសុទ្ធតែមានការងារធ្វើដូចគ្នា ហត់នឿយដូចគ្នា ចូរកូនកុំមើលរំលងការងារក្នុងផ្ទះ ត្រូវចេះជួយធ្វើគ្នា កុំបណ្ដោយឲ្យនាងធ្វើការតែម្នាក់ឯង។ សាកគិតទៅមើល! ប្រសិនបើថ្ងៃណាមួយ មានមនុស្សប្រុសម្នាក់ មកស្រឡាញ់ប្រពន្ធកូនជាងខ្លួនកូន តើកូនអាចទប់ទល់នឹងបញ្ហាដែលកើតឡើងហ្នឹង តាមក្រោយបានដែរទេ? ការរៀបការ គឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិត គឺជាពេលដែលត្រូវចាប់ដៃគ្នា មករួមរស់ជាមួយគ្នា ក្រោមដំបូលផ្ទះតែមួយ កសាងគ្រួសារថ្មីជាមួយគ្នា ការយល់ចិត្តថ្លើមគ្នាគឺជារឿងសំខាន់បំផុត

មានមនុស្សជាច្រើន ដែលបានលែងលះគ្នាដោយសារការមិនយល់ពីគ្នាទៅវិញទៅមក ដោយសារតែមានអ្នកទីបី និងមូលហេតុផ្សេងៗជាច្រើនទៀត តែកូនត្រូវតែចាំថា...ការរៀបការមិនមែនជារឿងមួយដែលធ្វើឡើងដើម្បីធានាបាននូវភាពឋិតថេរនៃស្នេហារបស់កូនឲ្យគង់រហូតនោះទេ មានតែការចេះស្រឡាញ់ស្មើចុងស្មើដើម ការមិនធ្វើឲ្យម្នាក់ៗមានអារម្មណ៍ថា ក្ដីស្រឡាញ់ដែលធ្លាប់បានទទួលមិនថយចុះ ការយោគយល់ចិត្តគ្នាទៅវិញទៅមកគឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវតែបំពេញ ដើម្បីសុភមង្គលគ្រួសាររបស់កូនឲ្យឋិតថេរជានិរន្ដរ៍៕

សូមកុំភ្លេចចែករំលែកក្រោយពេលអ្នកអានចប់...

ប្រភពវីដេអូ៖ Uy Rithy - page2

គ្មានអ្វីដែលត្រូវត្អូញត្អែរទេ



ខណៈពេលដែលយើងនិយាយប្រាប់ខ្លួនឯងថា សម្លៀកបំពាក់យើងមិនស្អាត មានមនុស្សជាច្រើនណាស់កំពុងស្លៀកសម្លៀកបំពាក់អន់ជាងយើង ហើយពេលខ្លះអាក្រក់មើលជាងយើងទៅទៀត។ ខណៈពេលដែលយើងមានវែនតាថ្លៃមើលឃើញច្បាស់ពាក់នៅលើភ្នែក រួចយើងនិយាយថាភ្នែកមិនល្អពិបាកមើល ឬវែនតាថោកមិនស៊ីវិល័យ មានមនុស្សជាច្រើនណាស់កំពុងពិការភ្នែកដែលពួកគេគ្មានសំណាងសូម្បីតែបានពាក់វែនតាដូចយើង។ ខណៈពេលដែលយើងកំពុងនិយាយថាខ្លួនឯងកម្សត់ជិះកង់កញ្ចាស់ យើងត្រូវក្រឡេកមើលស្បែកជើងរបស់អ្នកដទៃជាមុនសិន ចាំវិនិច្ឆយខ្លួនឯងជាខាងក្រោយ យើងមានកង់ជិះប្រសើរជាជាងយើងដើរថ្មើរជើងដែរ។

កុំគិតថាយើងនៅក្រោមកម្ដៅថ្ងៃយើងក្ដៅជាងគេ មានមនុស្សជាច្រើនណាស់កំពុងនៅហាលថ្ងៃក្ដៅ ពេលខ្លះគេក្ដៅជាងយើងទៅទៀត ប៉ុន្ដែគេចេះទ្រាំ។ កុំគិតថាយើងនៅក្រោមភ្លៀងខ្យល់ព្យុះយើងកម្សត់ជាងគេ មានមនុស្សខ្លះគ្មានផ្ទះសំបែងផង ហើយគេអាចរងាជាងយើងទៅទៀត ប៉ុន្ដែគេចេះទ្រាំ ។ "មនុស្សយើង បើគ្រាន់តែលំបាកតិចតួចស្រែកថាលំបាកខ្លាំង យើងគ្មានថ្ងៃឆ្លងផុតការលំបាកទេ "។ ការលំបាកមិនបានចូលមក ដើម្បីបំផ្លាញសេចក្ដីសុខយើងឡើយ ប៉ុន្ដែវាចូលមកដើម្បីបង្រៀនយើងពីចំណុចខ្លះៗនៃរបត់ជីវិតតែប៉ុណ្ណោះ។ ការមុតបន្លា ធ្វើឲ្យយើងស្គាល់បន្លា ហើយចេះប្រុងប្រយ័ត្ន។ ការបរាជ័យធ្វើឲ្យយើងស្គាល់មេរៀនថ្មី ហើយធ្វើវាម្ដងទៀតអមជាមួយមេរៀនថ្មីៗ។ អ្វីៗដែលនៅចំពោះមុខយើង វាកំពុងបង្រៀនយើងពីរបត់ជីវិត គ្រាន់តែពេលខ្លះយើងត្រូវឈ្វេងយល់ដោយខ្លួនឯង ទើបដឹងថាវាយ៉ាងណាម៉េច ដូចពុទ្ធដីកាថា គ្មានអ្នកណាស្គាល់ច្បាស់ជាងខ្លួនយើង ខ្លួនឯងនោះទេ


Monday, September 3, 2018

រៀនឲ្យតម្លៃខ្លួនឯងជាជាងឲ្យតម្លៃវត្ថុខាងក្រៅ...!



នៅពេលដែលយើងបាំងឆត្រដើរកាត់មេឃភ្លៀង ពេលខ្លះយើងស្រមៃចង់បានអាវភ្លៀងមកពាក់ ហើយពេលខ្លះទៀតក៏បានពាក់អាវភ្លៀងហើយ ក៏ស្រមៃថាបើនឹងបានជិះឡានគឺល្អជាង ប៉ុន្ដែយើងភ្លេចខ្លួនឈឹងថា ខណៈពេលដែលនៅក្នុងដៃយើងកំពុងតែកាន់ឆត្រ យើងបានទូលជ្រកភ្លៀងពីឆត្រ គឺដោយសារតែចិត្ដចង់បានអាវភ្លៀងនឹងចង់ជិះឡានទៅវិញទេ ដែលវាធ្វើឲ្យយើងលែងមានអារម្មណ៍ត្រេកអរសប្បាយចិត្ដចំពោះឆត្រដែលនៅនឹងដៃយើង ប៉ុន្ដែរបស់ដែលយើងស្រមៃចង់បានទាំងនោះ វាមិនបានមកបាំងភ្លៀងឲ្យយើងទេ គឺឆត្រដែលនៅនឹងដៃយើងហ្នឹងហើយដែលកំពុងបាំងភ្លៀងឲ្យយើង ។

មនុស្សយើង ពេលខ្លះដោយសារតែចង់បានរបស់ដែលនៅក្នុងក្ដីស្រមៃខ្លាំងពេក ក៏ធ្វើឲ្យរបស់ដែលនៅចំពោះមុខយើងបានបាត់បង់តម្លៃរបស់វាទៅ តាមពិតរបស់ដែលយើងមាន វាជាការបំពេញតម្រូវការឲ្យយើង ហើយរបស់ដែលយើងមិនមានទៅវិញទេ ដែលវាមិនបានជួយអ្វីសោះដល់យើង ម្លោះហើយយើងគួរតែចេះឲ្យតម្លៃចំពោះអ្វីៗដែលយើងមាន ប្រសើរជាជាងកើតទុក្ខមិនសុខចិត្តចំពោះរបស់ដែលនៅឆ្ងាយពីដៃយើង។ ចូរពេញចិត្ដចំពោះអ្វីដែលយើងមាន នឹងថែរក្សាវាឲ្យបានល្អ ព្រោះរបស់ខ្លះ បើវាបានបាត់បង់ទៅហើយ វាមិនប្រាកដថារកឃើញមកវិញទេ ទោះទិញបានមកថ្មីក្ដី ក៏មិនប្រាកដថាវានោះដូចដើមវិញដែរ ក្ដីស្រឡាញ់ក៏មានដំណើរលំអានតាមទំនងបែបនេះ ហើយរឿងរ៉ាវជីវិតក៏មានដំណើរប្រហាក់ប្រហែលដូចគ្នានេះដែរ៕

Saturday, September 1, 2018

រឿងនិទានខ្លី! តើអ្វីទៅជាទ្រព្យសម្បត្ដិពិត ?



មានថ្ងៃមួយ ​គ្រួសារដែល​មាន​ទ្រព្យ​មហាសាល​ បាន​នាំកូនប្រុស​របស់គាត់​ធ្វើដំណើរទៅ​ជនបទ ក្នុង​គោលបំណង​បង្ហាញពីរបៀបរស់នៅ​របស់ប្រជាជន​ក្រីក្រ។ ឪពុកធ្វើ ដូច្នេះ​ ដើម្បីឲ្យកូនរបស់ខ្លួនបានដឹងគុណ ចំពោះ​ទ្រព្យសម្បិត្តិ​គ្រួសារខ្លួនរកបាន។

ពួកគេបាន​ចំណាយពេល​២ទៅ៣ថ្ងៃ​នៅឯស្រែចំការ ដែល​ជាពេល​វេលាសមល្មម ​អាចឲ្យ​​មើលឃើញយ៉ាងច្បាស់ ពី​ស្ថានភាព​រស់នៅ​របស់គ្រួសារក្រីក្រនៅ​ទី​នោះ។

នៅ​ពេល​ត្រឡប់មកផ្ទះវិញ ឪពុក​បាន​សួរទៅកាន់កូនប្រុសថា​ តើការធ្វើដំណើរនេះយ៉ាងម៉េចដែរ​?​ កូនបានឆ្លើយថា​វា​អស្ចារ្យណាស់​ពុក​។​ ឪពុក​បាន​សួរទៀតថា​ តើកូន​អាច​ឃើញពីរបៀបដែល​អ្នកក្រីក្ររស់នៅ​ទេ​?​ កូន​បាន​ឆ្លើយតប​ថា បាទ ខ្ញុំ​ឃើញ ។​​ ឪពុកសួរ​កូនបន្តថា តើកូនអាចរៀនបាន​អ្វីខ្លះ​ពីការ​ធ្វើដំណើរ​ប៉ុន្មានថ្ងៃនេះ​? កូនប្រុសស្ងាត់មួយភ្លែត ឪពុកក៏បន្តថា ពេលនេះ ឯងបានឃើញ និងដឹងហើយពីភាពលំបាករបស់ប្រជាជនក្រីក្រនៅតាមទីជនបទទាំងនោះ។

កូនក៏បានឆ្លើយតបវិញថា មិនមែនអ៊ីចឹងនោះទេពុក! កូនឆ្លើយតបបន្តយ៉ាង​ស្វាហាប់និងប្រៀបធៀបរវាងគ្រួសារខ្លួន និងបរិយាកាសរស់នៅរបស់អ្នកជនបទថា យើងមាន​ឆ្កែតែមួយក្បាលទេ ប៉ុន្តែ​ពួកគេមាន​រហូតដល់ទៅ​៤ , ៥ក្បាល​។ យើង​មាន​អាងហែលទឹកតូចមួយ​ប៉ុន្តែពួកគេមាន​ ព្រែកដែល​គ្មាន​កន្លែងទី​ចប់។ យើង​មានគោម​តូចៗ​ ២ ឬ៣​នៅក្នុង​សួនច្បារតែពួកគេ​មាន​ផ្កាយ​រាប់ពាន់ នៅ​ពេល​យប់​។ ​វាលហាល​ខាងមុខផ្ទះរបស់យើងជាប់ដែនកំណត់ដោយធ្លាស្មៅ ​តែ​ពួកគេ​មាន​ជើងមេឃទាំងមូលធំល្វឹងល្វើយ​។​ យើង​មាន​ដីតូច​ ខណៈដែល​ពួកគេ​មាន​វាលស្រែ​ចម្ការ​ដាច់កន្ទុយភ្នែក​។ ​យើង​មាន​អ្នកបម្រើ ២ទៅ៣​នាក់ដែល​បម្រើយើង ​ប៉ុន្តែ​ពួកគេ មានអ្នកភូមិទាំងពួងដែលធ្វើការដាំដុះផ្គត់ផ្គង់គ្នាទៅវិញទៅមកយ៉ាងច្រើន។ ​យើង​ទិញម្ហូបសម្រាប់អាហាររបស់យើង​តែពួកគេហូប​អាហារដែល​គេ​បាន​ដាំដុះ​។​ យើង​មាន​ជញ្ជាំង​ក្នុង​ការ​ការពារទ្រព្យ​សម្បិត្តិ​របស់យើង ​តែ​ពួកគេមាន​មិត្តភ័ក្តិ ញាតិមិត្ត ជួយការ​ពារ​ពួកគេ​។ សរុបសេចក្តីមក បន្ទាប់ពីបានធ្វើដំណើរប៉ុន្មានថ្ងៃនេះ ខ្ញុំគិតថា យើងនៅមានកម្រិតជីវភាពក្រជាងអ្នកជនបទទាំងនោះ មិនមែនមានជាងពួកគេនោះទេ។

ឪពុកឮហើយភ្ញាក់ផ្អើលនូវអ្វីដែលកូនបាននិយាយ ហើយអស់ពាក្យអ្វីដែលត្រូវនឹងឆ្លើយតបជាមួយកូនខ្លួនទៀត។

ចុងក្រោយកូនបានបន្ថែមថា ពុក!​ កូនអរគុណ ដែលបានបង្ហាញកូន ថានរណាមាន នរណាក្រ ហើយធ្វើឲ្យកូនយល់ថាតើពេលនេះ យើងមានជីវភាពក្រកម្រិតដល់ណា?

ទ្រព្យសម្បត្តិពិតប្រាកដ មិនត្រូវបានវាស់វែង ដោយទឹកប្រាក់ ឬទ្រព្យដែលយើងមាននោះឡើយវាមាននៅក្នុងមិត្តភាព ទំនាក់ទំនង និងក្តីអាណិតអាសូរដោយការចែករំលែកជាមួយអ្នកផងនេះឯង