Thursday, February 28, 2019

ការលះបង់និងភាពល្ងង់ខ្លៅ



នៅក្នុងទ្រឹស្តីសាសនា បើចង់បានសេរីភាពផ្លូវអារម្មណ៍ និងការរួចរំដោះចិត្ត គឺមនុស្សត្រូវតែធ្វើជាអ្នកចេះទទួលខុសត្រូវ។ ការទទួលខុសត្រូវក្នុងន័យនេះ គឺសំដៅលើការទទួលខុសត្រូវលើគ្រប់យ៉ាងដែលជាទង្វើរបស់ខ្លួន ដ្បិតគ្រប់យ៉ាងគឺ ដោយសារតែយើងម្នាក់គត់។ ទុក្ខក៏ដោយសារយើង រីឯសុខក៏ដោយសារយើងខ្លួនឯងដែរ។ ក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំ មនុស្សណាដែលមានការទទួលខុសត្រូវចំពោះខ្លួនឯងខ្ពស់ គឺមានន័យថាមានភាពជាអ្នកដឹកនាំខ្ពស់។ ក្នុងទ្រឹស្តីសង្គម សន្តិភាពពិតប្រាកដ វាកើតចេញពីការទទួលខុសត្រូវរបស់ជនសង្គមម្នាក់ៗ ការទទួលខុសត្រូវនេះ ខ្ញុំធ្លាប់បានចែករំលែកខ្លះៗពីមុនមកដែរ ស្តីពីទស្សនៈរបស់មហាត្មៈ គន្ធី, ម៉ាទីន លូធ័រឃីង ជូនៀ, អាឌុល អ៊ីត្លែ, រាជគ្រូឥណ្ឌា ចាណាខ្យា (Gurudev Chanakya), និងទ្រឹស្តីមេដឹកនាំផ្សេងៗទៀត។

ជាសច្ចភាព គ្រប់យ៉ាងវាតែងកើតចេញពីការលះបង់ ដ្បិតនេះជាទំនួលខុសត្រូវ។ ទ្រឹស្តីអ្នកសង្គ្រាមប្រើយុទ្ធសាស្រ្ត ស្លាប់ដើម្បីរស់។ ទ្រឹស្តីអ្នកសាសនា លះបង់សេចក្តីសុខ ដើម្បីជៀសវាង/គេចពីការឈឺចាប់។ មហាត្មៈ គន្ធី ធ្លាប់និយាយថា មនុស្សជាច្រើន ជាពិសេសក្រុមមនុស្សល្ងង់ តែងចង់ដាក់ទណ្ឌកម្មមនុស្សដែលនិយាយការពិត, ចាប់កំហុសមនុស្សដែលនិយាយរឿងត្រឹមត្រូវ []ប៉ុន្តែ បើអ្នកទទួលទោសដោយសារតែភាពត្រឹមត្រូវ ឬទទួលទណ្ឌកម្មដោយសារតែនិយាយការពិត, ចូរសូមកុំសោកស្តាយឱ្យសោះ [] ដ្បិតបើទោះបីជាគ្មានអ្នកគាំទ្រ ឬអ្នកស្ថិតនៅក្នុងក្រុមមនុស្សភាគតិចក៏ដោយ [ឬម្នាក់ឯងក៏ដោយ] ក៏ត្រូវតែនិយាយការពិតរហូតដែរ [] ទោះបីជាពេលវេលាណាក៏ដោយ ការពិតនៅតែជាការពិត។ ចំណេះដឹងនិងបញ្ញា វាមានតួនាទីវែកញែករវាងខុសនិងត្រូវ។ ខ្ញុំជឿថាអ្នកចេះដឹងនិងអ្នកមានបញ្ញា អាចដឹងខុសដឹងត្រូវ ដឹងពិតដឹងក្លែងក្លាយ តែគ្រាន់តែអ្នកទាំងនោះមិនមានភាពក្លាហានលះបង់ដើម្បីការពិតប៉ុណ្ណោះ។ ភាពកំសាកក្នុងន័យនេះ គឺវាមានន័យថា ស្គាល់កាលៈទេសៈ និងចេះបត់បែន។ តើស្គាល់កាលៈទេសៈយ៉ាងដូចម្តេច?

ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា សូមកុំកំសាករហូតដល់រត់គេចពីគ្រប់គ្រោះថ្នាក់ តែក៏សូមកុំក្លាហានរហូតដល់ធ្វើឱ្យយើងជួបគ្រោះថ្នាក់ដែរ[១]។ នេះមានន័យថា មនុស្សខ្លះប្រៀបដូចជាសត្វខ្លាដែលក្លាហានតម្រង់រត់ចូលព្រៃកំពុងភ្លើងឆេះ។ រីឯអ្នកខ្លះទៀតសំងំរស់សម្របខ្លួនដូចជាសត្វកង្កែប រហូតដល់ចុងក្រោយស្លាប់ខ្លួន។ នេះជាភាពល្ងង់ខ្លៅទាំងពីរ។ តើអ្វីទៅជាភាពក្លាហានពិតប្រាកដ? ភាពក្លាហានពិតប្រាកដ គឺស្គាល់កាលៈទេសៈដែលត្រូវលះបង់ មិនស្តាយស្រណោះអាឡោះអាល័យត្រឹមតែជាជីវិតខ្លួនមួយ ដើម្បីប្រយោជន៍អ្នកដទៃនោះទេ។ សម្រាប់អ្នកល្ងង់ ការលះបង់ខ្លះ វាពិតជារឿងល្ងង់ខ្លៅពិតមែន តែសម្រាប់អ្នកចេះដឹងពិតប្រាកដ ការលះបង់វាពិតជាមានតម្លៃខ្លាំងណាស់។ តើហេតុអ្វីបានជាមនុស្សពីរនាក់ លះបង់ដូចគ្នា តែទទួលតម្លៃខុសគ្នា? អ្នកចេះដឹង មុននឹងលះបង់ គឺបានប្រើបញ្ញាគិតគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តថាត្រូវលះបង់។ នេះមានន័យថាដឹងស្លាប់ តែនៅតែក្លាហានទៅស្លាប់។ រីឯអ្នកល្ងង់វិញ មិនដូច្នោះទេ។

នៅក្នុងសង្គមខ្មែរយើង អ្នកខ្លះមិនទាន់យល់ពីតម្លៃនៃការលះបង់នេះទេ តែគេយល់ត្រឹមតែជាភាពល្ងង់ខ្លៅប៉ុណ្ណោះ។ មនុស្សភាគច្រើនរស់នៅសម្របខ្លួននឹងកាលៈទេសៈ។ មនុស្សបែបនេះ ហៅថា មនុស្សកាលៈទេសៈនិយម។ មែនទែនទៅ មនុស្សបែបនេះមិនមែនជាមនុស្សអាក្រក់ទេ តែគ្រាន់តែកំសាកបន្តិចប៉ុណ្ណោះ។ ខ្ញុំជឿថាជីវិតនេះ វាមិនមានតម្លៃប៉ុន្មានទេ បើមនុស្សរស់នៅដើម្បីខ្លួនឯងតែម្យ៉ាង។ ជីវិតនេះ វាមានតម្លៃ នៅពេលណាដែលតម្លៃនៃការលះបង់ដើម្បីអ្នកដទៃ ត្រូវបានលើកតម្កើង (អ្នកខ្លះតិះដៀលថែមក៏មាន)។ យើងឱ្យតម្លៃទឹកលុយ ច្រើនជាងតម្លៃទឹកចិត្ត។ បើនិយាយពីគោលការណ៍នៃភាពជាអ្នកដឹកនាំ មនុស្សដែលចេះដឹង បើលះបង់ខ្ពស់ប៉ុនណា នោះតម្លៃនៃភាពជាអ្នកដឹកនាំក៏នឹងកើនខ្ពស់ប៉ុនណោះដែរ។ នៅលើលោកយើងនេះ មនុស្សអាត្មានិយម ពុំត្រូវបានអ្នកប្រវត្តិសាស្រ្តចារឹកទុក ឬចារឹកទុកដែរ តែមានឈ្មោះស្អុយ។ យើងអាចវាស់មនុស្សដែលគ្មានឋានៈតួនាទីធំ តែពេលស្លាប់ទៅមានអ្នកចូលរួមរំលែកទុក្ខច្រើន។ រីចំណែកអ្នកមានឋានៈធំខ្លះ ពេលស្លាប់ទៅ គ្មានអ្នកណាចង់ចូលរួមបុណ្យសពទេ។ រឿងទាំងនេះ លុយទិញមិនបាន៕

Wednesday, February 27, 2019

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៥)



“…មិនត្រូវត្រេកអរ ហើយក៏មិនត្រូវខូចចិត្តដែរ ល្អអាក្រក់ស្រេចតែវាទៅ យើងត្រូវធ្វើចិត្តជាកណ្ដាល មានន័យថាគឺយើងត្រូវធ្វើប្រងើយកន្តើយ ធ្វើហី ធ្វើមិនដឹងមិនឮ មិនរំភើបញាប់ញ័រ មិនថាមានលាភមានសំណាង បាត់លាភគ្មានលាភ មានយស អស់យស មានសុខ មានទុក្ខ ឬមានពាក្យសរសើរ មានពាក្យនិន្ទា ដែលជាធម៌ប្រចាំលោក គឺលោកធម៌ទាំង៨ប្រការនេះឯង…”

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៤)



“…បានកើតជាមនុស្សនេះ ពិតជាមានសំណាងខ្ពស់ណាស់ កុំយកសំណាងបានកើតមកជាមនុស្សនេះទៅសាងភាពក្ដៅក្រហាយដាក់ខ្លួនឯង និងអ្នកដទៃ។ ចូរសាងអំពើណាដែលនាំសេចក្ដីសុខឲ្យខ្លួនឯង និងអ្នកដទៃ ព្រោះថាកម្មល្អ គឺជាទង្វើមួយដែលជួយប្រសិទ្ធពរដល់ខ្លួនយើងយ៉ាងប្រសើរបំផុត ប្រកបដោយហេតុផលគ្រប់គ្រាន់ក្នុងការគិតពិចារណា។ ពេលណាខ្លួនសាងអំពើល្អហើយ មិនឲ្យពរ ក៏បានល្អ បានសុខដែរ។ ពេលណាខ្លួនសាងអំពើអាក្រក់ ទោះបីមានគ្រូអាចារ្យណាពូកែៗ មកស្ដោះផ្លុំឲ្យពរ បួងសួងអង្វរករប៉ុនណាក៏នៅតែអាក្រក់ ជួបក្ដីវិបត្តិ មានវិប្បដិសារីជាមិនខាន។

មនុស្សដែលសាងអាក្រក់ លោកប្រៀបដូចជាដុំថ្មដ៏ធ្ងន់អាចលិចចុះទៅក្នុងបាតស្ទឹង ទន្លេ សមុទ្រមួយរំពេច មិនមានមនុស្សទេពណាអាចជួយសេកផ្លុំឲ្យពរ សុំអង្វរករឲ្យដុំថ្មដ៏មានទម្ងន់នេះអណ្ដែតឡើងបានឡើយ។ បុគ្គលណាចូលចិត្តសាងអំពើអាក្រក់នឹងវិនាសហិនហោចខ្លោចផ្សា បាក់មុខមាត់ អាស្រូវកេរ្តិ៍ឈ្មោះ ដូចជាដុំថ្មដែលលិចចូលទៅក្នុងផ្ទៃទឹកអ៊ីចឹងដែរ។

បុគ្គលណាសាងអំពើល្អ លោកប្រៀបដូចជាប្រេងដែលមានទម្ងន់ដ៏ស្រាល ពេលចាក់ចូលទៅក្នុងផ្ទៃទឹក រមែងអណ្ដែតឡើងមកបង្ហាញខ្លួននៅលើផ្ទៃទឹកវិញ។ បុគ្គលអ្នកសាងកម្មល្អ ខ្លួនតែងមានហុងស៊ុយ មានជោគជតារាសីខ្ពស់ មានកិត្តិយស មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺផ្សាយទៅគ្រប់ទិសទី ទៅទីណាកន្លែងណាមានតែមនុស្សចោមរោមរាប់អានគោរពបូជា រមែងអណ្ដែតឡើងត្រចះត្រចង់លេចធ្លោដូចជាប្រេងអណ្ដែតមកលើផ្ទៃទឹកអ៊ីចឹង ទោះបីមានពួកបច្ចាមិត្ត កាចសាហាវអាក្រក់យង់ឃ្នង ចូលចិត្តស្អប់ខ្ពើម ចងអាឃាតព្យាបាទ ច្រណែនឫស្យា ដាក់បណ្ដាសាឲ្យលិចលង់ វិនាសហិនហោចយ៉ាងណា ក៏មិនអាចទៅរួចដែរ ត្រឡប់ជាបុគ្គលនោះជួបនៅភ័យវិបត្តិផ្សេងៗទៅវិញ។

សូមឲ្យមានឆន្ទៈមោះមុត ព្យាយាមសាងអំពើល្អ គុណប្រយោជន៍ផ្សេងៗតាមលទ្ធភាព សមត្ថភាព ធនធាន ពេលវេលារបស់ខ្លួន មិនត្រូវមានចិត្តស្ទាក់ស្ទើរអល់អែកចំពោះឧបសគ្គខ្លះៗនោះទេ។ បុគ្គលដែលមានសទ្ធាជ្រះថ្លាក្នុងគុណព្រះរតនត្រៃ ដើរតាមមាគ៌ាធម៌ដែលខ្លួនបានសិក្សាឈ្វេងយល់ បុគ្គលនោះរមែងមានសំណាងល្អ មានក្ដីសុខ។ បើខ្លួនមានបំណងប្រាថ្នាអ្វី តែងតែសម្រេចតាមចិត្តប៉ងជានិច្ច។ មានតែកម្មល្អមួយប៉ុណ្ណោះ ដែលអាចញ៉ាំងប្រយោជន៍គ្រប់យ៉ាងឲ្យសម្រេចបាន…”

 Cr. គោលគំនិតល្អដើម្បីជីវិត

Thursday, February 21, 2019

ធ្លាប់ត្រូវគេមើលងាយដែរឬអត់?



ធ្លាប់ត្រូវគេមើលងាយដែរឬអត់?
ខ្ញុំជឿជាក់ថាអ្នកដែលកំពុងតែអានអត្ថបទមួយនេះ ច្បាស់ណាស់ គឺធ្លាប់!

ចាស ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបជាច្រើនលើកច្រើនសាមកហើយដែរ។ពាក្យមើលងាយទាំងនោះ វាបានមុតចូលយ៉ាងជ្រៅក្នុងជម្រៅមួយដែលមិនអាចស្មានដឹង ហើយវាបានជ្រាបចូលទៅក្នុងខួរក្បាលយ៉ាងឆាប់រហ័ស លំហូរទឹកភ្នែក ក៏ចាប់ផ្ដើមស្រក់បោកផ្ទប់នឹងសៀវភៅដ៏ក្រាស់ឃ្មឹកមួយ ដែលប្រឡាក់ទៅដោយស្នាមទឹកខ្មៅច្រើនពាន់ ម៉ឺនដំណក់។ សំឡេងដែលអួលអាក់បន្លឺឡើងតិចៗ នេះហើយ ជាសំឡេងខ្ញុំ ដែលត្រូវមនុស្សជាច្រើនព្យាយាមជាន់ពន្លិចនិងមើលងាយ។

ប៉ុន្តែសម្រាប់ខ្ញុំ នេះគ្រាន់តែជាអារម្មណ៍ដែលឈឺចាប់មួយគ្រាតែប៉ុននោះ អ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺ ក្រោកឡើងតស៊ូនិងឧបសគ្គដោយឆន្ទៈដ៏មោះមុត ឆ្ពោះទៅរកគោលដៅមួយជាកន្លែងដែលខ្ញុំចង់បាន ។ ខ្ញុំនឹងព្យាយាមធ្វើវាឱ្យបានល្អបំផុត ដើម្បីបង្ហាញប្រាប់ពួកគេថា ខ្ញុំមិនអន់ដូចពួកគេគិតនោះទេ ។

ចុះអ្នកអានវិញ យ៉ាងម៉េចដែរ អ្នកសុខចិត្តចុះចាញ់ដោយពាក្យមើលងាយរបស់អ្នកដទៃ ឬកែប្រែការឈឺចាប់ និងការមើលងាយនោះឱ្យក្លាយជាកម្លាំងចិត្តរបស់អ្នកវិញ?

Cr. ស្រមោល ដួងចន្រ្ទ

ងើយស្កកឱនដាក់គ្រាប់



បរមគ្រូ ខុង ជឺ ពោលថា សុភាពរាបសា គឺជាគ្រឹះដ៏រឹងមាំនៃគុណធម៌ទាំងអស់។ មនុស្សអស្ចារ្យ តែងតែចេះដាក់ខ្លួន តែមនុស្សដែលប្រឹងលើកខ្លួនឡើង គឺប្រហែលជាដោយសារតែខ្លួនគ្មានភាពអស្ចារ្យក្នុងខ្លួនពិតប្រាកដ។

ចាស់បុរាណប្រដៅថា កុំជិះចង្អេរ លើកខ្លួនឯង។ មនុស្សដែលសុភាពរាបសា គឺជាបុគ្គលដែលចេះដាក់ខ្លួន ឱនអង្គ បន្ទន់ប្រាណទៅរកធម៌សុចរិត និងចេះឱនកាយគោរពអ្នកដទៃក្នុងនាមជាមនុស្សដូចគ្នា។ មនុស្សឆ្លាត ត្រូវចេះទម្លាក់អំនួតចោល ហើយនៅតែរក្សានូវភាពសុចរិតទៀងត្រង់ក្នុងខ្លួនជានិច្ច។ បុរាណខ្មែរពោលថា ងើយស្កក ឱនដាក់គ្រាប់។ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ បើចង់ងើយ យើងអាចងើយខ្លះបាន តែកុំងើយខ្ពស់ពេក។ បើចង់ឱន យើងអាចឱនបានខ្លះ តែកុំឱនទាបពេក។

បើឱនទាបពេក មនុស្សធម្មតានឹងគិតថាយើងអន់ពេក តែបើងើយខ្ពស់ពេក មនុស្សអស្ចារ្យនឹងគិតថាយើងអំនួតពេក។ ការចេះបន្ទន់ឥរិយាបថ គឺជាចិត្តគំនិតរបស់មនុស្សដែលគ្មានអំនួត។ មនុស្សល្ងង់ដែលដឹងថាខ្លួនល្ងង់ តែងឆ្លាតជាងមនុស្សល្ងង់ដែលមិនដឹងថាខ្លួនឯងល្ងង់។ ក្នុងជីវិតនេះ យើងពុំគួរយល់ថាខ្លួនឯងខ្ពង់ខ្ពស់ជាងអ្នកដទៃ ឬក៏យល់ថាខ្លួនឯងអន់ជាងអ្នកដទៃនោះដែរ ដ្បិតបើធ្វើបែបនេះ វាប្រៀបដូចជាបែងចែកវណ្ណៈសង្គមពេក។ ប៉ុន្តែអ្វីដែលយើងត្រូវរក្សាទុកក្នុងចិត្តគំនិត គឺស្មារតីនៃចិត្តសុភាពរាបសា និងភាពមិនឆ្មើងឆ្មៃចំពោះមនុស្សគ្រប់រូប។

កាលខ្ញុំនៅសិក្សាព្រះគម្ពីរ ខ្ញុំចាំបានខគម្ពីរមួយដែលតែងតែរលឹកខ្ញុំគ្រប់ពេលវេលាថា សេចក្តីឆ្មើងឆ្មៃ វាតែងនាំទៅរកសេចក្តីវិនាសហិនហោច ហើយចិត្តព្រហើនកោងកាច វាតែងនាំទៅរកការអាប់ឱន។ ចិត្តសុភាពរាបសា វាតែងធ្វើឱ្យមនុស្សចេះគោរពគ្នាទៅវិញទៅមក តែបើមនុស្សមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមកទេ មនុស្សក៏ពុំខុសពីសត្វដែរ។ មនុស្សយើង បើគ្មានទឹកចិត្តគោរពគ្នាទៅវិញទៅមកទេ តើមានអ្វីខុសពីសត្វ? អ្នកប្រាជ្ញម្នាក់លើកឡើងថា អំនួតធ្វើឱ្យទេវតាក្លាយទៅជាបិសាច ហើយចិត្តរាបទាប វាធ្វើឱ្យមនុស្សក្លាយទៅជាទេវតា។ ក្នុងសង្គមខ្មែរ ត្រូវការមនុស្សដែលចេះ តែមិនអំនួត៕

Humility is the solid foundation of all virtues.- Confucius
____
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

ទ្រឹស្តី



ទ្រឹស្តីដើមអាចនឹងល្អ ក៏ប៉ុន្តែរបៀបអនុវត្តអាចមិនល្អដូចទ្រឹស្តីឡើយ ។ អ្នកប្រាជ្ញបារាំងម្នាក់កាលពីសតវត្សទី 18 ឆាល ដឺ ម៉ុងតិសគីយើ (Charle de Montesquieu/1689-1755) ជាប្រវត្តិវិទូ និង ជាអ្នកនិពន្ធប្រលោមលោក ដែលត្រូវបានគេទទួលស្គាល់ថាជាស្ថាបនិកម្នាក់ផ្នែកសង្គមវិទ្យា និង ជាបិតាទស្សនវិជ្ជានយោបាយ បាននិពន្ធស្នាដៃដ៏ល្បីល្បាញមួយគឺ The Spirit of Law ។ លោកបានផ្តួចផ្តើមគំនិតដ៏ល្បីល្បាញមួយ គឺការបែងចែកអំណាចរដ្ឋជាបី មាននីតិប្រតិបត្តិ នីតិបញ្ញត្តិ និង តុលាការឱ្យដាច់ស្រឡះពីគ្នា ដែលក្រោយមកមានអង់គ្លេស និង អាមេរិកបានយកទៅអនុវត្តដំបូងៗគេ ។

បច្ចុប្បន្ននេះ សង្គមដែលអាចទទួលស្គាល់ថាជាសង្គមទំនើបបាន លុះត្រាតែមានការបែងចែកអំណាចជាបី ស្របតាមទ្រឹស្តីរបស់ ម៉ុងតិសគីយើ ។ តាមរយៈទ្រឹស្តីនេះ ពិភពលោកចាប់ផ្តើមស្គាល់នូវការរីកចម្រើន ហើយបានធ្វើឱ្យសង្គមជាច្រើនមានរបៀបរៀបរយ និង មានសណ្តាប់ធ្នាប់ ។

ទោះបីទ្រឹស្តីនេះត្រូវបានគេយកទៅអនុវត្តយ៉ាងសុះសាយពេញពិភពលោក តែលទ្ធផល ដែលទទួលបានគឺមិនដូចគ្នានោះទេ ពោលគឺ ប្រទេសខ្លះបានប្រគល់អំណាចទាំង៣នេះ ទៅឱ្យមនុស្សតែម្នាក់ជាអ្នកកាន់កាប់ ឬថាមិនបានប្រគល់ទេ តែសុខចិត្តនៅក្រោមឥទ្ធិពលរបស់បុគ្គលនោះតែម្តង។

អ្នកនយោបាយមិនអាចបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ គឺព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាព ។ ព្រោះតែគិតពីប្រជាប្រិយភាពនេះឯង ទើបពួកគេមិនអាចបំពេញការងារឱ្យបានពេញដៃ ពេញជើងសម្រាប់សង្គម ហើយយូរៗទៅក៏កាន់តែឃ្លាតឆ្ងាយពីទ្រឹស្តីដើម ។

ទ្រឹស្តីខ្លះមិនជាល្អណាស់ណាទេ តែដោយហេតុថាអ្នកអនុវត្តជាជនមានឧត្តមគតិ និង គុណធម៌ ក៏គង់ធ្វើឱ្យមានលទ្ធផលល្អដល់សង្គមបាន ។ មែនទែនទៅ ទ្រឹស្តីល្អ និង អាក្រក់សុទ្ធតែអាស្រ័យលើអ្នកប្រើប្រាស់ទាំងអស់ ពោលបើយកទៅប្រើក្នុងផ្លូវអាក្រក់វានឹងអាក្រក់ ហើយបើប្រើក្នុងផ្លូវល្អវានឹងផ្តល់ប្រយោជន៍ជាច្រើនដល់សង្គមជាតិ ។
____

Sunday, February 10, 2019

មនុស្សប្រើអារម្មណ៍



អារម្មណ៍ក្នុងចិត្តតែងប្រែប្រួលមិនទៀងពីមួយខណៈទៅមួយខណៈ។ យើងតែងនាំគ្នានិយាយថា មនុស្ស១០ ចិត្ត១០ តែខ្ញុំយល់ថា ពេលខ្លះ មនុស្ស១០ ចិត្ត១០០។ មិនថាមនុស្សបែបណាទេ ឱ្យតែគ្មានគោលការណ៍ គឺហៅថាមនុស្សប្រើអារម្មណ៍

សុខក៏ដោយសារតែចិត្ត ទុក្ខក៏ដោយសារតែចិត្ត តែមនុស្សខ្លាំងពិតប្រាកដ គិតគោលការណ៍ជាធំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធានចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត។ ចង់លេបយកសង្គមមួយ ត្រូវធ្វើឱ្យចិត្តមនុស្សក្នុងសង្គមវក់វី វង្វេង ភ្លេចខ្លួន សប្បាយដាច់បង្ហៀរ ទុក្ខផ្តាច់សង្ខារ

មិនថាក្នុងរឿងនយោបាយឬរឿងបុគ្គលទេ ជោគជ័យពិតប្រាកដ គឺមើលគោលដៅជាធំ តែពុំមែនចាប់អារម្មណ៍រឿងឥតបានការណ៍តាមផ្លូវទៅរកគោលដៅនោះទេ។ នាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ឆើឈីល (Winston Churchill) បានពោលថា យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង

ក្នុងលក្ខខណ្ឌយុទ្ធសាស្រ្ត បើខ្ញុំដឹងថាសត្រូវរបស់ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំនឹងបង្កើតឆ្កែ ១០០០ក្បាល ដើម្បីរំខានសត្រូវរបស់ខ្ញុំឱ្យវក់វីនឹងរឿងនេះ។ ចុងក្រោយខ្ញុំនឹងធ្វើឱ្យសត្រូវរបស់ខ្ញុំបរាជ័យឥតដល់គោលដៅដោយសារតែអារម្មណ៍។ មហាត្មៈ គន្ធី លើកឡើងពី នយោបាយដោយគ្មានគោលការណ៍ (Politics Without Principle)។ ខ្ញុំសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ ដូចជាខ្វះយុទ្ធសាស្រ្តស្រូបមនុស្ស ខ្វះភាពជាអ្នកដឹកនាំ និងខ្វះគោលការណ៍។ បើត្រឹមតែត្រូវគេជេរពីរបីម៉ាត់ ក៏ដកដាវដែរ នោះមិនចាត់ទុកថាអ្នកក្លាហានទេ។

យុវជនខ្មែរគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ ដោយកុំរំជើបរំជួលតាមព្រឹត្តិការណ៍ដែលគេបង្កើតឡើង តែត្រូវផ្តោតសំខាន់ទៅការងារដែលចាំបាច់។ ការងារចំបាច់សម្រាប់អ្នកខ្សោយ គឺប្រឹងរៀន។ ការងារចាំបាច់សម្រាប់អ្នកចេះ គឺផ្សព្វផ្សាយចំណេះដឹងពិត

You will never reach your destination if you stop and throw stones at every dog that barks. Winston Churchill
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

Friday, February 8, 2019

កម្ទេចសៀវភៅគឺកម្ទេចជាតិ



បើចង់បំផ្លាញវប្បធម៌នៃសង្គមមួយ អ្នកពុំចាំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់ទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យមនុស្សក្នុងសង្គមនោះលែងចង់អានសៀវភៅ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញប្រទេសមួយទៅហើយ

ការអាន មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបានទេ ប៉ុន្តែវាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន គឺជាផ្នែកមួយនៃការអប់រំ។ មនុស្សដែលមានការអប់រំខ្ពស់ ធ្វើឱ្យសង្គមរីកចម្រើន។ គ្រប់ប្រទេសដែលរីកចម្រើនខ្លាំងក្លានិងមានការអភិវឌ្ឍខ្លាំងទាំងអស់ គឺសុទ្ធតែដោយសារប្រជាជនក្នុងប្រទេសនោះមានចំណេះដឹងខ្ពង់ខ្ពស់។

ប្រទេសក្រីក្រ គឺជាភស្តុតាងបង្ហាញពីកម្រិតនៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។ វាមានន័យថា ការយល់ដឹងរបស់ប្រជាជនមានកម្រិតត្រឹមណា នោះកម្រិតនៃការរីកចម្រើនសង្គម និងការអភិវឌ្ឍសង្គម ក៏ស្ថិតក្នុងរង្វង់នោះដែរ។ ជាសច្ចភាព ជាទ្រឹស្តីសកល និងការអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់ និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។ លីក្វាន់យូ លើកឡើងថា អភិវឌ្ឍន៍ខួរក្បាលរបស់ប្រជាជនសិង្ហបុរីមុន

មេដឹកនាំអាហ្វ្រិកខាងត្បូង នែលសិន មែនដេឡា (Nelson Mandela) ថា ការអប់រំ គឺជាអារុធដ៏មានអានុភាពខ្លាំងក្លាបំផុត សម្រាប់ឱ្យយើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល។ អតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា លើកឡើងថា បើអ្នកមិនខិតខំប្រឹងប្រែងរៀនសូត្រទេ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ។ ចំពោះជីវិតមនុស្សវិញ តាមពិតមនុស្សខ្លះរស់នៅបានសុខ គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សានិងការប្រឹងអានសៀវភៅ។ មនុស្សខ្លះដែលពុំសូវបានអាន គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ ពីព្រោះគេជួបបញ្ហាជីវិតរាល់ថ្ងៃ ហើយគេត្អូញត្អែរនឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹងច្រើន តែងនាំឱ្យមានបញ្ហានៃជីវិតកាន់តែតិច ហើយចំណេះដឹងតិច គឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែកើនច្រើនឡើង។

___________________________________

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ

Thursday, February 7, 2019

ពន្លឺសាងសាមគ្គី



យើងគ្រប់គ្នាត្រូវការបំភ្លឺឱ្យគ្នាទៅវិញទៅមក ពីព្រោះពន្លឺតែងសាងភាពយល់យោគឱ្យគ្នា។ កាចេះយល់យោគគ្នា តែងសាងសេចក្តីស្រឡាញ់ឱ្យគ្នា។ ការចេះស្រឡាញ់គ្នា តែងសាងភាពអត់ធ្មត់ចំពោះគ្នា។ ការចេះអត់ធ្មត់ចំពោះគ្នា តែងសាងសាមគ្គីភាពគ្នាតែមួយ

ពេលដែលក្តីស្រឡាញ់ អាចគ្រប់គ្រងមនុស្សមានកំហឹងបាន នោះកំហឹងនឹងក្លាយជាស្នាមញញឹមនៃការចេះសាមគ្គីតែមួយ។ ចូរមើលលើចំណុចស្របគ្នា ប៉ុន្តែសូមកុំមើលលើចំណុចឈ្លោះគ្នា។ ជាទូទៅ មុននឹងបំបែកសង្គម គេត្រូវបំបែកមនុស្សក្នុងសង្គមឱ្យបែកគ្នាជាមុនសិន។ បន្ទាប់មក គេក៏ចាប់ផ្តើមបំបែកសង្គមតាមរយៈនិន្នាការសាសនានិងនយោបាយ។

ជនជាតិខ្មែរយើង ជាពិសេសយុវជនត្រូវមានសតិដឹងជានិច្ចថាគ្រប់សាសនាទាំងអស់ក្នុងលោក តែងបង្រៀនមនុស្សឱ្យធ្វើសេចក្តីល្អ។ សាសនាគ្មានអ្វីគួរឱ្យខ្លាចទេ តែយើងត្រូវប្រយ័ត្នចំពោះសាសនិក (អ្នកកាន់សាសនា)។ ក្រៅពីប្រយ័ត្ននឹងអ្នកសាសនា យើងក៏ត្រូវប្រុងស្មារតីចំពោះអ្នកនយោបាយផងដែរ។ តាមពិតនយោបាយ គឺជាឆ្នាំងបាយរបស់ប្រជាជន ហើយនយោបាយមិនមែនអាក្រក់ថោកទាបទេ តែដាច់ខាតត្រូវចេះប្រុងប្រយ័ត្នចំពោះអ្នកនយោបាយ។ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយគឺជាទូក ហើយប្រជាជនគឺជាទឹក។ ទឹកអាចបណ្តែតទូកបាន ក៏គង់នឹងអាចពន្លិចទូកបានដែរ៕

We need more light about each other. Light creates understanding, understanding creates love, love creates patience, and patience creates unity. Malcolm X

___
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Wednesday, February 6, 2019

តើជាស្នេហាឬតណ្ហា?



ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រសើរ។ ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់ តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។ មនុស្សរស់បាន ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់ វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់ គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ ដ្បិតវានាំឱ្យខាតតែវេលាទេ។

ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១ បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លាយ គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។

ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ អ្វីទៅជាស្នេហា គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។

********************************************

Cr. ឡាំ លី

ចេះតែស្មានៗ



ការបែកបាក់ជាមួយខ្លួនឯង គឺដោយសារតែមនុស្សមិនបានស្គាល់ខ្លួនឯង និងមិនអាចជជែកជាមួយខ្លួនឯងបាន។

ការបែកបាក់មិត្តភាព ស្នេហា គ្រួសារ និងរឿងរ៉ាវភាគច្រើន គឺកើតចេញពីការយល់ច្រឡំចំពោះគ្នា មិននិយាយដោយចំហ និងការទំនាក់ទំនងគ្នាគ្មានប្រសិទ្ធភាព។

នៅពេលដែលការទំនាក់ទំនងមិនច្បាស់លាស់ មនុស្សជាតិក៏ចាប់ផ្តើមប្រើការសន្មត ការកំណត់យក ការវិនិច្ឆ័យ និងស្មានៗយក។ ចំណេះដឹងបែបសន្មត ការប្រថុយប្រថានវិនិច្ឆ័យ និងការគិតស្មានៗ គឺជាបញ្ហាធំបំផុត។ ខ្ញុំសុខចិត្តមានកំហុសដោយសារតែគិតល្អនិងគិតបែបវិជ្ជមានចំពោះអ្នកដទៃ វាប្រសើរជាងឱ្យខ្ញុំទៅវាយតម្លៃ វិនិច្ឆ័យអ្នកដទៃបែបស្មានៗ ដែលនាំឱ្យបែកបាក់។ នេះជាបញ្ហានៃការទំនាក់ទំនង និងប្រសិទ្ធភាពនៃការទំនាក់ទំនង៕

Cr. ឡាំ លីម

ចង់រស់ឲ្យប្រឹងរៀន



ខ្ញុំចងចាំពាក្យមួយឃ្លារបស់ សាក់ឡូ ( Charles Spencer Chaplin )ដែលលោកពោលថា " ជីវិតគឺជាសុខនាថកម្មដែលមើលពីទីជិត តែជីវិតគឺជាសោកនាថកម្មបើមើលពីទីឆ្ងាយ " តែព្រះពុទ្ធទ្រង់សម្ដែងថា " ជីវិតដែលមានទុក្ខ គឺជាជីវិតរបស់ជនល្ងង់ខ្លៅ " ល្ងង់ខ្លៅទើបមានទុក្ខ មានបញ្ញាទើបភ្លឺស្វាង ។

នៅពេលដែលជីវិតរុញយើងទៅមុខកាន់តែឆ្ងាយ យើងក៏បានឃើញទិដ្ឋភាពប្លែកៗនៃជីវិតកាន់តែច្រើន ។ ឃើញកាន់តែច្រើន យើងកាន់តែដឹងថាការប្រឹងប្រែងដើម្បីរស់ គឺសំខាន់ប៉ុនណា ។ ដ្បិតជីវិតគឺជាសមុទ្ទនៃសេចក្ដីទុក្ខ តែការប្រឹងប្រែងដើម្បីរស់គឺជាការរើបម្រះពីទុក្ខលំបាក ។ ទុក្ខលំបាករមែងកើតឡើង នៅពេលតម្រូវការជីវិតមិនមានតុល្យភាពទៅនឹងតម្រូវការប្រចាំថ្ងៃ ។ តម្រូវការប្រចាំថ្ងៃមិនមានតុល្យភាពទៅនឹងជីវិត ក៏ព្រោះតែការរស់នៅនោះ គឺខ្វះចំណេះដឹង ។ ខ្វះចំណេះដឹង គឺមកពីមិនព្រមរៀនសូត្រ ឬមិនមានឱកាសបានរៀនសូត្រ ម្លោះហើយទើបទ្រឹស្ដីពុទ្ធនិយមតែងអះអាងថា " ការរស់នៅអស់កាលដ៏ខ្លីជាមួយជីវិតដែលមានបញ្ញា ប្រសើរជាងអាយុវែងតែរស់ទាំងល្ងង់ខ្លៅ " ។ លោកប្រធានាធិបតីអាមេរិក អាប្រាហាម លីន ខុន ក៏បានរម្លឹកផងដែរថា " ជីវិតដែលមានតម្លៃ មិនមែនសម្រេចលើចំនួនថ្ងៃដែលអ្នករស់់នៅទេ តែវាអាស្រ័យចំនួននៃគុណតម្លៃរបស់អ្នក " ។ រស់នៅបានយូរឬឆាប់ មិនអាចកំណត់បានទេ ក៏មិនអាចដឹងមុនដែរ ម្លោះហើយដើម្បីឲ្យជីវិតមានគុណតម្លៃ យើងគួរប្រឹងប្រែងសាងសមិទ្ធផលជីវិតឲ្យបានច្រើន ។ ក្នុងលោកនេះមានអាវុធតែមួយគត់ដែលអាចជម្នះឧបសគ្គជីវិតនោះគឺ " បញ្ញា " ដើម្បីទទួលបានបញ្ញា ត្រូវប្រឹងប្រែងរៀនសូត្រ ព្រោះមានតែចំណេះដឹងទេ ទើបជាបញ្ញាពិតប្រាកដ ហើយវាក៏ជាថាមពលដ៏មានអនុភាពនៃជីវិតផងដែរ

Cr. Sun Veasna

Tuesday, February 5, 2019

អានុភាពនៃភាពជាយើង



បរមគ្រូ ឡៅ ជឺ (Lao Tzu) ពោលថា ពេលណាដែលយើងពេញចិត្តចំពោះភាពសាមញ្ញរបស់ខ្លួនឯង ដោយមិនប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃឬប្រកួតប្រជែងជាមួយនឹងអ្នកដទៃ នោះគ្រប់គ្នានឹងគោរពយើងក្នុងនាមជាយើង

អាឌុល អ៊ីត្លែរ (Adolf Hitler) បានពោលស្រដៀងគ្នាថា សូមកុំយកខ្លួនឯងទៅប្រៀបធៀបគ្នាជាមួយអ្នកដទៃឱ្យសោះ ពីព្រោះបើយើងធ្វើដូច្នេះ គឺមានន័យថាយើងកំពុងតែមើលងាយខ្លួនឯងហើយ
ទ្រឹស្តីពុទ្ធនិយមនិងទស្សនៈរបស់ ខុង ជឺ បានអប់រំប្រហាក់ហែលគ្នាថា៖ ១. កុំគិតថាខ្លួនឯងអន់ថយជាងគេ ពីព្រោះនឹងនាំយើងឱ្យអស់សង្ឃឹម គ្មានការប្រឹងប្រែង។ ២. កុំគិតថាខ្លួនឯងអស្ចារ្យជាងគេ ពីព្រោះនឹងនាំយើងឱ្យអំនួត គ្មានការប្រឹងប្រែង។ ៣. កុំគិតថាខ្លួនឯងនិងអ្នកដទៃដូចគ្នា ពីព្រោះនឹងនាំឱ្យយើងគ្មានការប្រកួតប្រជែង គ្មានការប្រឹងប្រែង។

ការប្រកួតប្រជែងដ៏ពិតប្រាកដ គឺប្រកួតជាមួយខ្លួនឯងពីម្សិលមិញនិងថ្ងៃនេះ។ តើម្សិលមិញនិងថ្ងៃនេះ យើងបានរីកចម្រើនអ្វីខ្លះហើយ? បុរាណខ្មែរបានផ្តាំថា ឈ្នះអ្នកក្រដោយឱ្យទាន ឈ្នះអ្នកមានដោយគោរព ហើយឈ្នះសព្វគ្រប់ គឺឈ្នះលើខ្លួនឯង

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Monday, February 4, 2019

ចិត្តចង់ឃាត់មាត់ឱ្យទៅ



ចង់ទៅក៏ទៅៗ! ជាសម្តីរបស់ពុកខ្ញុំនិយាយដាក់ខ្ញុំបន្ទាប់ពីខ្ញុំបានសំពះលាគាត់ត្រឡប់មកភ្នំពេញវិញ។ ពុកជាមនុស្សដែលស្រលាញ់ និងមើលថែខ្ញុំបានយ៉ាងល្អរហូតមក។ តាំងពីតូច ខ្ញុំតែងតែនៅជាមួយគាត់ច្រើនជាងម៉ែ ដោយសារម៉ែខ្ញុំត្រូវធ្វើការងារនៅអង្គការ អ៊ីចឹងហើយគាត់ត្រូវចេញទៅតាំងពីព្រលឹមទល់ព្រលប់។ គ្រួសារយើងបានជួបគ្នាតែពេលល្ងាច និងថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។

គាត់ប្រឹងប្រែងណាស់ដើម្បីផ្ដល់ឱ្យខ្ញុំនូវឱកាសដើម្បីទទួលបានការអប់រំដ៏ល្អ ហើយដោយសារតែខ្ញុំបានរៀនច្រើនជាងគាត់ ការដើរចេញឆ្ងាយពីផ្ទះ បានធ្វើឱ្យខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ រហូតមានពេលខ្លះក៏មានការបះទង្គិចជាមួយគ្រួសារ នៅពេលដែលគាត់មិនយល់ស្របនឹងគំនិតរបស់ខ្ញុំ។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យយើងមិនចុះសម្រុងនឹងគ្នាដូចមុន។ គំនិត និងការយល់ឃើញរបស់ខ្ញុំមានភាពខុសគ្នាពីពុក ហើយវាក៏ធ្វើឱ្យមានគម្លាតរវាងខ្ញុំ និងគាត់កាន់តែឆ្ងាយទៅៗហៅលែងឮ។ ខ្ញុំចាប់ផ្តើមលាក់បាំងជាមួយគាត់នូវអ្វីដែលខ្ញុំកំពង់ធ្វើ ព្រោះមិនចង់ឱ្យមានការរំខានពីគាត់ មិនចង់ឱ្យគាត់សួរដេញដោល ខ្លាចគាត់បង្អាក់ដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើមមិនសូវទៅលេងគាត់ញឹកញាប់ដូចកាលពីមុន។ ខ្ញុំមិនសូវខ្វល់ថាគាត់មានអារម្មណ៍បែបណានៅពេលដែលខ្ញុំជាកូនមិនសូវទៅលេងគាត់។ ខ្ញុំគ្រាន់តែចង់ឱ្យគាត់យល់ស្របចំពោះគំនិត និងការសម្រេចចិត្តរបស់ខ្ញុំទៅលើជោគវាសនារបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនសូវខលទៅលេខគាត់ ខ្ញុំគិតតែពីការខិតខំប្រឹងប្រែងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដើម្បីឱ្យគាត់ឃើញថា ការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវ។

៣ខែបន្ទាប់ពីខ្ញុំទៅលេងគាត់ ម៉ែបានខលមកប្រាប់ថាគាត់បានធ្លាក់ខ្លួនឈឺ ងើបលែងរួចហើយ។ តាមពិតពុកបានធ្លាក់ខ្លួនឈឺតាំងតែពីពេលដែលខ្ញុំទៅលេងគាត់ចុងក្រោយបង្អស់ម្ល៉េះ។ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍នឹងកាយវិការប្លែកៗរបស់គាត់។ ម្ដងៗប្រយោគចុងក្រោយរបស់ពុកក៏អណ្ដែតឡើងពេញខួរក្បាលរបស់ខ្ញុំ ចង់ទៅ ក៏ទៅៗ! ។ ខ្ញុំទើបតែបានយល់ពេលដែលគាត់ហាមាត់និយាយថា "ចង់ទៅក៏ទៅៗ" ចិត្តរបស់គាត់កំពុងអង្វរសុំឲ្យខ្ញុំនៅកំដរគាត់បន្តទៀត។ ខ្ញុំចាប់ផ្តើមនឹកដល់កាលដែលខ្ញុំខឹងគាត់សូម្បីតែពេលដែលគាត់ប្រាប់ឱ្យខ្ញុំហូបបាយឱ្យបានច្រើន ឬកុំលេងទូរសព្ទច្រើនពេក។ ខ្ញុំទើសទាល់នឹងគាត់ស្ទើរតែគ្រប់ទង្វើដែលគាត់ធ្វើមកលើខ្ញុំ។ យូរៗទៅក្ដីស្រលាញ់ ការខ្វល់ខ្វាយ និងការលះបង់របស់គាត់ចំពោះខ្ញុំបែរជាក្លាយទៅជារឿងដែលខ្ញុំធុញទ្រាន់ទៅវិញ។

ខ្ញុំចាប់ផ្តើមភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ។ ខ្ញុំសោកស្តាយចំពោះពេលវេលាដែលខ្ញុំគួរតែចំណាយជាមួយគាត់ឱ្យបានល្អបំផុតនៅពេលដែលយើងមានពេល តែខ្ញុំបែរជាមើលរំលងទៅវិញ។ ខ្ញុំមានអារម្មណ៍ថាមិនគប្បីច្រើនណាស់ចំពោះពុក។ កន្លងមកខ្ញុំតែងតែសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីចង់បង្ហាញគាត់ថា ការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវហើយ ខ្ញុំធ្វើគ្រប់យ៉ាងព្រោះចង់បង្ហាញលទ្ធផលដែលខ្ញុំខំប្រឹងប្រែង ហើយចង់ប្រាប់គាត់ថាខ្ញុំធំគ្រប់គ្រាន់ហើយ ខ្ញុំអាចដឹកនាំជីវិតខ្លួនឯងបាន។ ប៉ុន្តែដល់ពេលមួយនោះ ខ្ញុំបែរជាមានគំនិតថាវាលែងសំខាន់សម្រាប់ខ្ញុំទៀតហើយ។ ខ្ញុំគ្រាន់តែចង់ចំណាយពេលវេលាជាមួយគាត់ ហើយធ្វើជាកូនតូចរបស់គាត់ដែលគាត់តែងតែដួសសាច់ដាក់ចានឱ្យខ្ញុំរាល់ពេលបាយម្តងៗ។ ប៉ុន្តែប្រហែលជាខ្ញុំលែងជាកូនតូចសម្រាប់គាត់ទៀតហើយ។ យើងទាំងពីរបែរជាផ្លាស់ប្តូរតួនាទីគ្នាទៅវិញ។ ពុកត្រូវមានអ្នកបញ្ចុកបាយ ជួយផ្លាស់ខោអាវ ឬងូតទឹកឱ្យ។ ប៉ុន្តែខ្ញុំពេញចិត្តធ្វើរាល់ការទាំងអស់នេះ។ ខ្ញុំជំពាក់គុណរបស់ពុកច្រើនណាស់។

រហូតមកដល់ថ្ងៃនេះពុកបានស្លាប់ចោលខ្ញុំ និងម៉ែជិត១ឆ្នាំហើយ ប៉ុន្តែខ្ញុំបានរៀនមេរៀនជីវិតមួយដ៏មានតម្លៃ។ ខ្ញុំលែងទុកមនុស្សដែលខ្ញុំស្រលាញ់ចោលទៀតហើយ។ ខ្ញុំនៅមានម៉ែម្នាក់ទៀតដែលជាចំណែកដ៏ធំនៃសុភមង្គលរបស់ខ្ញុំ។ ខ្ញុំបានរៀនអំពីសមភាពរវាង ជីវិត ការងារ និងគ្រួសារ។ ខ្ញុំមិនចង់រស់ដោយស្ពាយយកវិប្បដិសារៈតាមខ្លួនខ្ញុំទេ។ ការដើរតាមក្តីស្រមៃ ឬធ្វើអ្វីដែលយើងធ្វើគឺវាសំខាន់សម្រាប់យើង ប៉ុន្តែបើនៅចុងបញ្ចប់យើងនឹងមានគ្រប់យ៉ាងដែលយើងចង់បាន តែបែរជាគ្មានវត្តមានរបស់មនុស្សដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីយើងរហូតមកនៅចូលរួមអបអរសាទរជោគជ័យនោះជាមួយយើងផង តើយើងនៅតែមានមោទកភាពទៀតដែរទេ?

ខ្ញុំភ្លេចគិតហើយ! ថាពេលវេលាស្ទើរតែកន្លះជីវិតរបស់ពុកបានប្រឹងប្រែងដើម្បីភាពលូតលាស់ធំធាត់របស់ខ្ញុំ មិនមែនត្រឹមតែរូបរាងកាយទេ តែនៅមានចិត្តគំនិត ស្មារតីថែមទៀត។ បច្ចុប្បន្នភាពរបស់គាត់ហាក់ចំណាយយ៉ាងច្រើនដើម្បីតែចង់ឃើញអនាគតរបស់ខ្ញុំបានល្អប្រសើរ។

(ផ្អែកទៅលើរឿងពិតមួយដែលកើតឡើងកាលពីឆ្នាំមុន!)

Cr. Thavry Thon

Sunday, February 3, 2019

ចាប់ផ្ដើមពីចំណុចណា?



ទំនាក់ទំនង​ ភាតរភាព​ សីលធម៌​ គុណ​ធម៌​​ ត្រូវលិចអណ្ដែត​ អណ្ដែត​លិច​ រសាត់អន់ថយ​ ហើយបើចង់ឲ្យរឿងទាំងនេះត្រឡប់មកជាល្អប្រសើរវិញ​ តើត្រូវចាប់ផ្ដើមពីចំណុចណា?

យុវជន​ទំនើបទើបរីកដាល​(សម្ភារ​និយម​)​ ទំពាំងភ្លេចខ្លួន​ ថ្ងៃបាក់រសៀលទៅហើយ​ៗបើចង់ឲ្យរឿងទាំងនេះត្រឡប់​មកជាល្អប្រសើរវិញ តើត្រូវផ្ដើមពីចំណុចណា?

សាមគ្គី​បោះបង់​ ព្រលឹងវង្វេង​ មនសិការ​បែកបាក់​ កម្លាំង​ចិត្ត​រង្គោះរង្គើ​ រាងកាយ​មានតែសាច់(គ្មានឆ្អឹង)​ ហើយបើចង់ឲ្យរឿងទាំងនេះត្រឡប់មកជាល្អប្រសើរឡើងវិញ​ តើត្រូវផ្ដើមពីចំណុចណា? ...

ពេលមានជំងឺ​ គេយកគ្រូពេទ្យផ្សំថ្នាំ​ដ៏ចំណានទៅព្យាបាលអ្នកជំងឺ​ តែគេមិនអាចយកអ្នកជំងឺទៅព្យាបាលអ្នកជំងឺបានទេ​។ ដូចគ្នាដែរ​ បើចង់ព្យាបាលសង្គមដែលមានជំងឺ​ ​ជន​ក្នុងសង្គមនោះត្រូវតែកុំមានជំងឺ​ ឬ​កុំធ្វើជាអ្នកឈឺ។ កុំធ្វើជាអ្នកឈឺ​ គឺកុំយល់ព្រមបាក់ទឹកចិត្ត​ កុំវង្វេងស្មារតី​បាត់ព្រលឹង​ កុំបែកបាក់សាមគ្គី​គ្នា​ ហើយចាប់ផ្ដើមប្រឹងប្រែងតទៅ។ តើធ្វើបែបណាកុំឲ្យបាក់ទឹកចិត្ត? ធ្វើបែបណាកុំឲ្យវង្វេងបាត់ព្រលឹង? ធ្វើបែបណាកុំឲ្យបែកបាក់សាមគ្គី?

គ្រួសារ​ដែលក្រីក្រ​ខ្វះខាត​ បើរវល់តែបាក់ទឹកចិត្ត​ រវល់តែឈ្លោះគ្នា​ តើឲ្យអ្នកណាជាអ្នករ៉ាប់រងដោះស្រាយបញ្ហា? សង្គមដែលក្រខ្វះខាត​ បើររវល់តែគិតមុខមាត់​កិត្តិយស​ជាធំ​ តើឲ្យអ្នកណាដែលព្រមយកដៃទ្រមេឃ បាំងព្យុះភ្លៀង? ជំងឺ​ក្នុង​រាងកាយបើបាក់ទឹកចិត្ត​ មិនប្រឹងព្យាបាល​ តើវានឹងអាច​ជាសះស្បើយ​បានទេ?​ ចូរធ្វើជាអ្នកព្យាបាលជំងឺ​ តែកុំធ្វើជាអ្នកឈឺ​។ ចូរធ្វើជាអ្នកសង្គ្រោះ​ តែកុំធ្វើជាជនរងគ្រោះ។ មានតែការក្រាញននៀលមិន​បាក់​ទឹកចិត្ត​ប៉ុណ្ណោះ​ទើបជាចំណុច​អាទិភាព​ទីមួយនៃដំណោះស្រាយ។

វង្វេង​ខ្លួន​គឺដោយសារតែ​ ​មិនដឹងថាខ្លួនឯងនៅទីតាំងណា​ ដើរដល់ចំណុចណា​ ពីមុនយ៉ាងណា? ហើយពេលនេះយ៉ាងណា? វង្វេង​ព្រលឹង​ គឺព្រោះព្រោះតែវង្វេងខ្លួន​ លែងយល់ពីខ្លួនឯង។

ទំនប់​បែកបាក់​ ព្រោះតែស្នាមប្រេះតូចមួយ។ សាមគ្គី​បែកបាក់​ ព្រោះតែការប្រកាន់រឿងតូចមួយ។ ភាពជា​អ្នកដឹកនាំគឺ​ អោបក្រសោប​ ចាប់ដៃចងជាសាមគ្គី​ រឹងមាំផ្ទៃក្នុង​ លះបង់ការតូចចិត្ត​ គិតប្រយោជន៍ជាតិជាងរឿងបុគ្គលផ្ទាល់ខ្លួន។ ភាពជា​អ្នកដឹកនាំគឺ​ មិនយកជនជាតិខ្លួនជាសត្រូវ​ និយម​ការចងសាមគ្គី​ គៀក​ស្មាគ្នាដោះស្រាយបញ្ហា​។ គ្រប់គ្នាគឺសុទ្ធតែអាចបង្ហាញជាគំរូ​ មានន័យថា​ គ្រប់គ្នាត្រូវមានភាពដឹកនាំ​ ហើយ​ក៏មានន័យថា​ គ្រប់គ្នាគឺសុទ្ធតែអាចជាចំណែកនៃដំណោះស្រាយ។ ចូរមើលលើ​ចំណុច​ស្របគ្នា​ ដែលនាំឲ្យយើងមានសាមគ្គីគ្នា​ ហើយកុំមើលលើចំណុចផ្ទុយគ្នាដែលនាំឲ្យយើងបែកបាក់គ្នា។ ចូរធ្វើជាចំណែកនៃដំណោះស្រាយបញ្ហា​ តែកុំធ្វើជាអ្នកបង្កបញ្ហា​ ឬ​បន្ទុកបញ្ហាអី។

មិនថា​ កម្លាំង​ចិត្ត​ គុណធម៌​ សាមគ្គី​ភាព...រឿងទាំងអស់នេះអាចល្អប្រសើរឡើងបានគឺ ផ្ដើមចេញពីបុគ្គលទាំងអស់គ្នាក្នុងសង្គម​ ពោល​គឺ​ ត្រូវ​ចាប់​ផ្ដើម​ចេញពី <ចំណុចខ្លួនឯង​>ភាពជា​អ្នកជួយដ៏ពិតប្រាកដគឺ​ បើគេទៅដល់ទីណា​ គេនឹងជួយទីនោះឲ្យរីកចម្រើន។ ហើយប្រសិនបើគេ​ទៅគ្រប់​កន្លែង​ គេនឹងជួយគ្រប់កន្លែង។ សូមផ្ដើមពី​ ចំណុចខ្លូនយើង៕

Friday, February 1, 2019

មិត្ត



តើត្រូវជ្រើសរើសមិត្តរបស់យើងបែបណា? តើអ្វីដែលនាំឱ្យយើងសម្រេចថា អ្នកណាជាសត្រូវរបស់យើង? តើយើងវិនិច្ឆ័យបែបណា ថាតើមនុស្សម្នាក់ធ្វើនេះវាត្រូវ ឬខុស? ជាអំពើល្អ ឬក៏ជាអំពើអាក្រក់? សំណួរទាំងនេះត្រូវបានចោទសួរឡើង ដោយអធិការបតីអាល្លឺម៉ង់ ប៊ីស្មាក់ (Otto Von Bismarck)

មិត្តភាពតែងកើតឡើងដោយសុចរិតភាព ។ ឧបករណ៍សម្រាប់ពិសោធន៍រកសុចរិតភាព គឺធ្វើការប្រៀបធៀបរវាងសម្តី និង ទង្វើ ។ ជាធម្មតាមានតែជនទុច្ចរិតប៉ុណ្ណោះ ដែលនិយាយផ្សេង ការប្រព្រឹត្តទង្វើផ្សេង ហើយចិត្តគិតក៏ផ្សេងទៅទៀត ។ ចំពោះជនសុចរិត សម្តី ទង្វើ និងចិត្តគិតគឺតែមួយ ។

មិត្តភាពមិនអាចកើតឡើង ដោយខ្វះការជឿទុកចិត្តបានទេ ហើយក៏មិនអាចមានការជឿទុកចិត្តបានដែរ បើខ្វះសុចរិតភាព ។ ក៏ប៉ុន្តែ ទ្រឹស្តីការទូតគិតខុសពីនេះ មិត្តភាព ដែលកើតឡើងតាមរយៈការទូតសុទ្ធតែជាចេតនាដើម្បីប្រយោជន៍ទាំងអស់ ។

ទ្រឹស្តីនយោបាយកាទូតចិនបានពោលដូច្នេះថា មិនសំខាន់ជាឆ្មាស ឬឆ្មាខ្មៅទេ សំខាន់ឲ្យតែចាប់កណ្តុរបាន, សត្រូវ របស់សត្រូវ គឺជាមិត្តខ្ញុំ ។ ប្រយោជន៍ជាតិជាប្រការសំខាន់ណាស់ ព្រោះសូម្បីតែ នីក្កូឡូ ម៉ាកាវែល្លី (Niccolo Machiavelli) ដែលត្រូវបានមនុស្សជាច្រើនចោទថា មានគំនិតនយោបាយអសីលធម៌ និង ផ្តាច់ការ ក៏នៅតែផ្តល់ទ្រឹស្តីសម្រាប់បម្រើប្រយោជន៍រួមជាធំដែរ ។
____