Sunday, January 21, 2018

អង្គ១របស់កណ្ដុរ


កាលត្រេចរង្គាត់ទៅកាន់ទីណាមួយ តែងប៉ុនប៉ងស្វែងរកតែអាហារមួយយ៉ាងប៉ុណ្ណោះ ។
ប្រៀបដូចអ្នកប្រតិបត្តិ កាលត្រេចទៅកាន់ទីណានីមួយ ក៏ប៉ុនប៉ងខ្ជាប់ខ្ជួននៅក្នុងយោនិសោមនសិការៈតែមួយ ទោះបីងើយមើលងាកទៅម្យ៉ាងឆ្វេងខាងស្ដាំ ក៏ធ្វើចិត្តឲ្យខ្ជាប់នៅក្នុងធម៌ដោយឧបាយប្រាជ្ញាតែម្ខាងប៉ុណ្ណោះ ៕

អង្គ១របស់កណ្ដៀរ


យកដីមកកជាដំបូក លាក់ខ្លួនពួននៅខាងក្រោមស្វែងរកអាហារបរិភោក្ដា ។
ប្រៀបដូចអ្នកប្រតិបត្តិ ធ្វើសីលសំវរៈទុកដូចជាដំបូកជាគ្រឿងកំបាំងកាយ បិទទ្វារគឺចិត្តរួចសឹមត្រេចរង្គាត់ទៅ ក៏នឹងឆ្លងផុតភ័យទាំងឡាយទាំងពួងបាន ៕


អង្គ១របស់អ្នកធ្វើការ


អ្នកធ្វើការដែលពូកែ តែងគិតដូច្នេះថា អញធ្វើការឲ្យគេដោយបំណងថ្លៃឈ្នួលឲ្យបានច្រើន អញមិនគួរខ្ជឹលច្រអូស ធ្វេសប្រហែសការរបស់គេទេ គួរតែពិចារណាឲ្យគត់មត់ជាមុនសិនសឹមធ្វើ ទើបបានការយ៉ាងល្អ ។

ប្រៀបដូចអ្នកប្រតិបត្តិ ខំពិចារណាកាយដែលកើតឡើង អំពីធាតុ ៤ គឺដី ទឹក ភ្លើង ខ្យល់ ឲ្យរឿយៗ ដោយសេចក្ដីមិនប្រមាទ មានស្មារតីខ្ជាប់ខ្ជួន រលឹកដឹងខ្លួន មានចិត្តខ្ជាប់ខ្ជួនទៀងទាត់ នៅក្នុងអារម្មណ៍តែមួយ ក៏នឹងផុតរបូតចាកទុក្ខទាំងឡាយទៅបាន ៕

អង្គ១របស់ក្ដោង


តែទ្រទ្រង់ទុកនៅខ្សែយោង រ៉កនិងសន្លឹកក្ដោង ។
ប្រៀបដូចជាបុគ្គលប្រកបដោយសតិ និងសម្បជ្ជញ្ញៈ ដឹងខ្លួនក្នុងខណៈធ្វើ ក្នុងខណៈនិយាយ និងក្នុងខណៈគិតប្រចាំនៅជានិច្ច ដូច្នោះ ៕

អង្គ១របស់ដើមភ្លៅនាង


ដុះងក្ងក់នៅក្រោមដី កាលបើចាស់ពេញទីហើយ ក៏ដុះផុះញែកបំបែកដីឡើងមក ដល់១០០ហត្ថក៏មាន ឬជាងនេះក៏មាន ។
ប្រៀបដូចអ្នកប្រតិបត្តិ ដែលស្វែងរកសាមញ្ញផល ៤ គឺ សោតាបត្តិផល  លះសំយោជនៈបានបី ១ សកទាគាមិផល លះសំយោជនៈបានបី ហើយនឹងធ្វើឲ្យរាគៈ ទោសៈ មោហៈស្រាលស្ដើង ១ អនាគាមិផល លះសំយោជនៈខាងក្រោមបានប្រាំ១ និងអរហត្តផល លះសំយោជនៈខាងលើដទៃទៀតបានប្រាំ ១, បដិសម្ភិទា ៤ គឺ បញ្ញាបែកធ្លាយក្នុងអត្ថ១ ក្នុងបញ្ញាបែកធ្លាយក្នុងធម៌១ បញ្ញាបែកធ្លាយក្នុងនិរុត្តិ១ និងបញ្ញាបែកធ្លាយក្នុងបដិភាណ(ឆ្លៀវឈ្លាស)១,  អភិញ្ញា ៦ គឺ សំដែងឫទ្ធិបាន១ ត្រចៀកទិព្វ១ ដឹងចិត្តអ្នកដទៃ១ ភ្នែកទិព្វ១ រឭកជាតិបាន១ និងធ្វើអាសវៈឲ្យអស់បាន១ ព្រមទាំងសមណធម៌ក្នុងព្រៃស្ងាត់ដូច្នោះ ៕

អង្គ១ របស់ឃ្លោក


ធម្មតាឃ្លោករមែងបោះដៃទៅតោងស្មៅ ឈើស្ងួតឬវល្លិ៍ វារឡើងលើវត្ថុនោះៗ ចំរើនលូតលាស់ល្អ ។
ប្រៀបដូចអ្នកប្រតិបត្តិ ប្រាថ្នានឹងធ្វើខ្លួនឲ្យបានចំរើនលូតលាស់យ៉ាងក្រៃលែងក្នុងព្រះអរហត្ត គប្បីតាំងចិត្តចាប់យកព្រះអរហត្តជាអារម្មណ៍ ឲ្យដូចជាវល្លិ៍ឃ្លោកដែលមានដៃដូច្នោះ ។


អង្គ១របស់ប៉ី(ខ្លុយ)


អនុលោមតាមផ្លូវមាត់ដែលគេផ្លុំ សូរមិនបែកខ្ចាត់ខ្ចាយទៅទីឯទៀត ។
ប្រៀបដូចជាបុគ្គលដែលអនុលោមតាមនវង្គសត្ថុសាសនា ដែលសម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានសំដែងទុកល្អហើយ ដំកល់ខ្លួននៅក្នុងកម្មមិនមានទោស ស្វែងរកតែសមណធម៌ប៉ុណ្ណោះ ៕


អង្គ១ របស់ខ្លាញី


មានផ្ទៃពោះតែម្ដង ហើយមិនចូលទៅជិតគូឈ្មោលតទៅទៀត ។
ប្រៀបដូចជាអ្នកប្រតិបត្តិ សំឡឹងមើលឃើញចុតិបដិសន្ធិ គឺការច្យុតទៅចាប់បដិសន្ធិថ្មីទៀត ជាដំណើរគួរខ្លាច ព្រោះច្របូកច្របល់ទៅដោយទុក្ខវេទនាយ៉ាងពន្លឹក មានសុខត្រឹម១ដង្ហើម តោងពទុក្ខជាវេលាយូរ តោងវិលវល់ដោយជាតិ ជរា ព្យាធិ មរណៈមិនចេះចប់​ ទើបរាងចាលមិនចង់ជួបប្រសព្វ តាំងចិត្តបំពេញយោនិសោមនសិការៈធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ថានឹងមិនចាប់បដិសន្ធិក្នុងភពថ្មីទៅទៀត ៕

អង្គ១ របស់កង្ហែន




កាលបើមានសត្រូវចូលមកជិត ក៏ពង់កន្ទុយឲ្យធំឡើង តស៊ូសត្រូវនឹងកន្ទុយនោះ មិនថយរត់គេចចេញ ។
ប្រៀបដូចជាអ្នកប្រតិបត្តិ កាលកិលេសកើតឡើង ក៏គង់ចំរើនសតិប្បដ្ឋានទាំង ៤ គឺ -មានកាយជាអារម្មណ៍ ពិចារណាឃើញកាយក្នុងកាយ -មានវេទនាជាអារម្មណ៍ ពិចារណាឃើញវេទនាក្នុងវេទនា -មានចិត្តជាអារម្មណ៍ ពិចារណាឃើញចិត្តក្នុងចិត្ត និង-មានធម៌ជាអារម្មណ៍ ពិចារណាឃើញធម៌ក្នុងធម៌ ។ ដោយសេចក្ដីព្យាយាម មានសម្បជញ្ញៈ មានសតិគប្បីកម្ចាត់នូវអវិជ្ជា ទោសមនស្សក្នុងលោកនេះចេញបាន និង តស៊ូច្បាំងនឹងកម្លាំងកិលេសទាំងពួងដោយសតិប្បដ្ឋានទាំង ៤ នេះដូចជាកន្ទុយកង្ហែនដូច្នេះ ៕


អង្គ១ របស់សត្វលា


មិនចេះរើសដំណេក ក្នុងទីណាក៏ដេកបាន ហើយដេកមិនយូរពេក មិនច្រើនពេក ។
សេចក្ដីនេះ ប្រៀបដូចអ្នកប្រតិបត្តិប្រកបដោយសេចក្ដីព្យាយាមមិនរើសដំណេក មានព្យាយាមមិនប្រមាទក្នុងបធានទាំង ៤ គឺ-ព្យាយាមមិនឲ្យបាបកើតឡើងក្នុងសន្តាន ១ -ព្យាយាមលះបង់បាបដែលកើតឡើងហើយ ១ -ព្យាយាមធ្វើកុសលឲ្យកើតឡើងក្នុងសន្តាន ១ -ព្យាយាមរក្សាកុសលដែលកើតឡើងហើយ មិនឲ្យសាបសន្យទៅវិញ ១ ៕


Saturday, January 20, 2018

រឿងដាស់តឿនចិត្តចំពោះលោកធម៌


ដំណាលសេចក្ដីថាៈ ព្រះបាទមិលិន្ទទ្រង់ចោទដណ្ដឹងសួរអង្គរបស់យុថ្កាថា តើមានប៉ុន្មាន? ព្រះនាគសេនត្ថេរតបថា មានអង្គ ២ ដោយបរិយាយថា បពិត្រមហារាជ ធម្មតាយុថ្ការមែងនឹងលិចចុះក្នុងភក់ទប់ទល់នាវាមិនឲ្យកំរើកញាប់ញ័រដោយរលក ខ្យល់ព្យុះដែលបក់បោកមកត្រូវ ហើយរក្សានាវាមិនឲ្យរសាត់អណ្ដែតទៅកាន់ទិសផ្សេងៗបាន ដូចម្ដេចមិញ បពិត្រមហារាជ ព្រះយោគាវចរលោកកំណត់ចិត្តរបស់លោកមិនឲ្យចិត្តរសាត់អណ្ដែតទៅកាន់អារម្មណ៍ផ្សេងៗ ដោយរលកគឺរាគៈ ទោសៈ មោហៈ មកប្រហារឡើយ ដូចជាយុថ្កាដែលទប់ទល់នាវាឲ្យនឹងនៅក្នុងមហាសមុទ្រដូច្នេះដែរ នេះជាអង្គទី ១ ។

មួយទៀតមហារាជ ធម្មតាយុថ្កាមិនឃ្លេងឃ្លោងលិចនៅតែក្នុងទឹកជំរៅ ១០០ ហត្ថខ្លះ (២០០ ហត្ថខ្លះ) ទប់ទល់នាវាឲ្យនឹងនៅ ដូចម្ដេចមិញ ព្រះយោគាវចរមិនឃ្លេងឃ្លោងក្នុងលាភ យស សក្ការៈ រាប់អានថ្វាយបង្គំ កោតក្រែងឡើយ លោកដំកល់ចិត្តរបស់លោកឲ្យនឹងននៅក្នុងបច្ច័យ ៤ គ្រាន់តែល្មមនឹងចិញ្ចឹមជីវិតប៉ុណ្ណោះ ដូចជាយុថ្កាដែលទប់ទល់នាវាឲ្យនឹងនៅក្នុងមហាសមុទ្រដូច្នេះដែរ នេះជាអង្គទី ២ ។

សមដូចភាសិតរបស់ព្រះសារីបុត្ត លោកពោលទុកថាៈ ធម្មតាយុថ្កាមិនឃ្លេងឃ្លោង តែងនឹងលិចចុះក្នុងទឹកសមុទ្រ យ៉ាងណាមិញ អ្នកទាំងឡាយកុំឃ្លេងឃ្លោងលិចចុះក្នុងលោក និងសក្ការៈឡើយ ដូចជាយុថ្កាដូច្នោះឯង ៕


ស. កម្ពុជសុរិយា គ.ស. ១៩៤៣ ភាគ១ ក.១៦ ទំ.១៤
ច.គោលគំនិតល្អដើម្បីជីវិត

Friday, January 19, 2018

ជីវិតពិតៗ ជាលំបាក


ជីវិតដ៏ពេញលេញមួយ ជាជីវិតដែលធ្លាប់ឆ្លងកាត់ស្ទើរតែគ្រប់រសជាតិ ។ ពេលខ្លះវាពិបាកលេប យើងមិនចង់សាកភក្សទេ ប៉ុន្តែទីបំផុតក៏ត្រូវទ្រាំលេបទាំងលំបាក ។ ជីវិតជួបតែរឿងរ៉ាវពិតជាធ្ងន់ពិបាករែកពន់ តែបើយល់ថា ពិបាកខ្លាំង ចុះហេតុអ្វីយើងមិនទម្លាក់ចោលអំរែក ដែលមិនសូវសំខាន់ចោលខ្លះ…?

ធ្លាប់ឈឺចាប់ ធ្លាប់សើចសប្បាយ ធ្លាប់បាត់បង់ ធ្លាប់ត្រូវគេបោះបង់ ធ្លាប់ត្រូវគេសើចចំអកមើលងាយ ប៉ុន្តែពាក្យថាធ្លាប់ហ្នឹងហើយ ដែលជាបទពិសោធ ដើម្បីឲ្យយើងមានកម្លាំងស៊ូបន្តរស់បានរហូតមកដល់ថ្ងៃនេះ ។

ពាក្យបីម៉ាត់ ដែលយើងគ្រប់គ្នាគួរតែយកទៅជាប់តាមជីវិតគឺ ញញឹម សង្ឃឹម តស៊ូ ។ ញញឹមចំពោះអតីតដែលបានផ្ដល់នូវមេរៀនដ៏ល្អៗ, សង្ឃឹមក្នុងពេលបច្ចុប្បន្ន ដែលយើងអាចអាចធ្វើវា និងតស៊ូ  ដើម្បីសម្រេចក្ដីសុបិនឲ្យក្លាយជាការពិតក្នុងពេលអនាគត ។


Tuesday, January 16, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៧)


កិលេសមិនមែនមានគ្រាន់តែទោសម្យ៉ាងទេ កិលេសក៏មានគុណបានដូចគ្នាដែរ ព្រោះហេតុនេះទើបជាការលំបាកណាស់ ដែលយើងទាំងឡាយនឹងលះបង់កិលេសបាន ភាន់វង្វេងច្រឡំខុស ភាន់ច្រឡំចងរុំរិតនៅត្រាំជាមួយនឹងទោស ហាក់ដូចជាគុណរបស់កិលេស ។

ព្រះលោកនាថជាទីពឹងដ៏ខ្ពង់ខ្ពស់រួចផុតពីកណ្ដាប់ដៃនៃមារមច្ចុ ខ្ពស់ឧត្តមថ្លៃថ្លាគ្មានអ្វីធៀបប្រដូចបាន វាហាក់ដូចជារឿងគុណរបស់កិលេសអ៊ីចឹង ព្រះពុទ្ធសាសនាប្រកាន់ថា ជាទោស ឲ្យឈ្មោះថា ជាកិលេស ហើយសម្រាប់ព្រះពុទ្ធសាសនាជាទោសទាំងអស់ មិនមែនជាគុណអ្វីឡើយ ។

គុណដែលពិតនៅក្នុងព្រះពុទ្ធសាសនា តាមពាក្យពុទ្ធោវាទនៃសម្ដេចព្រះបរមគ្រូសាស្តាចារ្យអរហំសម្មាសម្ពុទ្ធជាម្ចាស់មានត្រឹមតែម្យ៉ាងគត់ គឺគុណដែលកើតពីការលះបង់កិលេស លះបានតិច បានគុណតិច លះបានច្រើន បានគុណច្រើន លះកិលេសបានទាំងអស់ ក៏បានគុណមិនអាចគណនារៀបរាប់អស់បាន ។

លោភៈ សេចក្ដីល្មោភលោភលន់ កិលេសមួយកងនេះមានទោសហាក់ដូចជាមានគុណ ប្រាកដច្បាស់ជាងកិលេសកងទោសៈ សេចក្ដីក្រេវក្រោធ ច្រលោតតោតតូង ច្រលោងខាម និងកងមោហៈ សេចក្ដីស្រវឹង ឈ្លក់វង្វេង ងងឹតងងល់ មិនដឹងទិសតំបន់ មិនដឹងគុណទោស បាបបុណ្យ ល្អអាក្រក់ សខ្មៅ ធ្វើបាបគិតថាបានផលជាសុខ ធ្វើបុណ្យគិតថាបានផលជាទុក្ខ ឋានសួគ៌នរកគ្មាន លោកខាងមុខមិនមានជាដើម ។ លោភៈចិត្តៗដែលកើតឡើងគិតទៅដល់ការចង់បានទ្រព្យសម្បត្តិ មាសប្រាក់ វត្ថុគ្រប់យ៉ាង ធ្វើតាមវិធីសមលោភ លោភតាមកម្រិតកម្លាំងស្មង កម្លាំងចំណេះដឹង កម្លាំងប៉ិនប្រសព្វរបស់ខ្លួន និងតាមវិធីវិសមលោភចិត្តៗ ដែលលោភលន់ចង់បានលើសពីសមត្ថភាព លទ្ធភាពដែលមាន គិតចង់បានរំពៃសម្លឹងមើលទ្រព្យសម្បត្តិដែលអាចដណ្ដើមយកមកបាន ដោយវិធីខុសច្បាស់ទម្លាប់ មានកិបកេងប្រវញ្ចរឹបអូសជិះជាន់ កុហកឆបោក លួចឆក់ប្លន់តាមទំនើងរបស់ចិត្តខ្លួន ដោយមិនគិតដល់នៃអំពើបាប យ៉ាងនេះជាទោសរបស់លោភ ។

ការលោភលន់បែបនេះ មើលទៅហាក់ដូចជាគុណ ព្រោះជាការបានដូចជាលាភសំណាង លាភផលដែលកើតចេញពីទង្វើទុច្ចរិត ដែលប្រកបធ្វើដោយសេចក្ដីលោភលន់ ដែលកើតឡើងពីសេចក្ដីលោភ បុគ្គលដែលសមប្រាថ្នាដែលបានកើតឡើងពីសេចក្ដីលោភ រមែងឃើញទោសជាគុណ ។

តែពេលកើតទោសជាទោសដែលកើតចេញពីរឿងដែលមានទោសដូច្នេះ ថ្ងៃមួយទោសនោះរមែងឲ្យផលច្បាស់ដល់បុគ្គលអ្នកធ្វើ អ្នកប្រព្រឹត្ត អាចឆាប់ឬយឺតយូរ តែជាផលអាក្រក់នៃបាបកម្ម ។ កម្មដែលមានទោស រមែងឲ្យផលមិនល្អមែនពិត ជាផលល្អបានពីការភូតភរឆបោក កិបកេងប្រវញ្ចគេនោះក៏មិនមែនទេដែរ ។

ទោសដែលមានជាក់ជាប្រាកដគឺនៅពេលមួយត្រូវបានគេចាប់ទាន់ជាន់កែងបាន ត្រូវខ្លួនមកទទួលទោសពីសេចក្ដីលោភ ដែលមើលទៅហាក់ដូចជាគុណ ព្រោះបានវត្ថុតម្រូវការមុន នេះទើបជាហេតុបាំងបិទមិនឲ្យឃើញពីទោសនៃសេចក្ដីលោភ ដែលកងកិលេសចម្បង ដែលលោកចាត់ទុកជាលំដាប់ទី១ក្នុងកិលេសសំខាន់ទាំង ៣ កង ។

កិលេសសំខាន់ទាំងលោភៈ ទាំងទោសៈ និងទាំងមោហៈ មិនមានគុណ មានតែទោសតែម្យ៉ាងគត់ ផ្ទុយទៅវិញសេចក្ដីមិនលោភ មិនប្រទូសរ៉ាយ មិនឈ្លក់វង្វេង មិនមានកិលេសសំខាន់ទាំង ៣ កងនេះ មានគុណក្រៃក្រាសបំផុត លើគុណដទៃទាំងឡាយទាំងពួង គុណនោះជាហេតុនាំឲ្យផុតអន្លងទុក្ខទាំងពួងគ្រប់ពេល មិនមានទុក្ខណាត្រឡប់មកកើតឲ្យជួបជួនតទៅទៀតបានឡើយ ។

ទុក្ខនៃភាពចាស់ជរា ភាពឈឺចាប់ និងការស្លាប់ ទុក្ខនៃសេចក្ដីព្រាត់ប្រាសនិរាសពីវត្ថុជាទីស្រឡាញ់ជាទីពេញចិត្ត ទុក្ខនៃសេចក្ដីត្រូវការជួបជួនជាមួយវត្ថុមិនជាទីស្រឡាញ់មិនជាទីពេញចិត្ត មិនត្រូវបានប្រទះគប់ប្រសព្វតទៅទៀតសូម្បីតែបន្តិច តើសេចក្ដីសុខមានប៉ុនណាទៅដែលបានកើតចេញពីសេចក្ដីមិនមានលោភ មិនខឹងក្រោធ មិនឈ្លក់វង្វេង? គួរណាតែយើងគ្រប់គ្នាទុកឱកាសយកពេលវេលាមកគិតពិចារណឲ្យបានវែងឆ្ងាយ និងស៊ីជម្រៅ បានមួយថ្ងៃបន្តិចៗប្រសើរជាងដែលអត់បានគិតអ្វីសោះថា ការមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីទុក្ខ ការមិនមានកិលេសនេះជាហេតុនាំមកនូវសេចក្ដីសុខ ។

ការលះកិលេសក្រក្រៃណាស់ ព្រោះហេតុអ្វី ឬសូម្បីតែពិចារណាឲ្យបានច្បាស់ រមែងបានជ្រួតជ្រាបយល់ល្មមសមគួរថា ការលះកិលេសពិបាកណាស់ ព្រោះតែនាំគ្នាផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទៅលះកិលេសរបស់អ្នកដទៃ មិនផ្តោតអារម្មណ៍យកចិត្តទុកដាក់លះកិលេសខ្លួនឯងឡើយ ទើបកិលេសដាក់ចុះដុសឡើងពេញទាំងផ្ទះទាំងស្រុកទាំងប្រទេសទាំងសកលលោករាល់ថ្ងៃ ទាល់តែបិទបាំងរាំងជិតពន្លឺរស្មីនៃព្រះពុទ្ធសាសនា ពន្លឺរស្មីនៃព្រះធម៌ពាក្យអប់រំទូន្មានប្រៀនប្រដៅរបស់ព្រះលោកនាថសាស្ដាចារ្យដែលជាព្រះបរមគ្រូរបស់ពពួកព្រហ្ម ឥន្ទ ទេវតា និងមនុស្សដ៏សេសច្រើនឡើងគ្រប់ពេលគ្រប់វិនាទី ៕




បញ្ហាចាស់បុរាណ ១១ ខ ពាក្យកាព្យ


បញ្ហាបុរាណមានដប់មួយ
សូមនាំដំរួយផ្ដើមជាន័យ
ទាំងហេតុទាំងផលសមុទ័យ
កែលៃលោកធម៌ឲ្យភ្លឺជាក់ ។

_     ថាស៊ីប៉ុន្មានមិនបាត់ចង់
_     ដេកច្រើនភ្លើនអង្គមិនចេះភ្ញាក់
_     ឱបរិតកូនខ្ចីឥតបីដាក់
_     ស្រឡាញ់អ្នកដទៃជាងអាត្មា ។

_     ជាប់ជ្រួលច្រវាក់ភក្រ្តស្រស់ស្រាយ
_     គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា
_     វង្វេងផ្លូវមិនសួរនរណា
_     តនឹងបច្ចាឥតអាវុធ ។

_     ការខ្លីសញ្ញាថាការវែង
១០_   ខំយកធ្មេញឯងបកដូងហុត
១១_   រត់ពីក្រពើចុះសមុទ្រ
          បញ្ហានេះពុទ្ធភាសិត ។
         
បញ្ហាខាងលើនេះ
          ស្មេរមិនសរសេរបកស្រាយពន្យល់សេចក្ដីឡើយ
          ទុកជាប្រស្នាអ្នកឯណាមួយនឹងបានឈ្វេងយល់
          ទុកជាទុនសម្រាប់អប់រំចិត្ត ។

អប់រំដោយ
គ្រូបាន-តេង
ស.ស.កម្ពុជសុរិយា ១៩៤៣ ភាគទី១ ក.១៦ ទំ.១១៤


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៦)


“...មើលចិត្តខាងក្នុង ភាវនាខាងក្នុង ខាងក្រៅមានសកម្មភាពទៅបែបណា វាជារឿងរបស់ខាងក្រៅ
រឿងរ៉ាវខ្លះអាចដោះស្រាយកែកុនបាន តែរឿងខ្លះទៀតមិនអាចទៅដោះស្រាយកែកុនបានឡើយ បណ្ដាលមកពីផលនៃកម្ម ដែលមនុស្សគ្រប់គ្នាបានសាងសន្សំទុករៀងៗខ្លួនពីមុនមក មិនដឹងជាប៉ុន្មានជាតិកំណើតមកហើយទេ ក៏មកដល់ពេលនេះត្រូវខ្លួនមកទទួលផលកម្មដែលខ្លួនបានធ្វើទុកយ៉ាងនោះ តើមានអ្នកណាមកដោះស្រាយឲ្យបានទៅហ្ន៎? គឺយើងខ្លួនយើងត្រូវមកដោះស្រាយក្នុងចិត្តយើងហ្នឹងឯង មិនឲ្យវាកើតទុក្ខ ក្ដៅក្រហាយ សោកសៅ ជាមួយពាក្យនិន្ទារិះគន់មូលបង្កាច់បង្ខូចលាបពណ៌ដាក់ឲ្យយើង ។ សារជាតិ ភ្លើងគឺវាក្ដៅខ្លាំងទៅប៉ុនណា ក៏វាជារឿងរបស់ភ្លើង បើសិនជាយើងមិនយកដៃទៅលូកទៅប៉ះទៅពាល់ទៅចាប់ទៅកាន់ តើឲ្យវាក្ដៅបានយ៉ាងដូចម្ដេច វាក្ដៅនៅតែត្រង់ភ្លើង ខ្លួនយើងនេះមិនក្ដៅឡើយ

អប់រំដោយ
លោកឪ ស៊ិម ពុទ្ធាចារោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៥)


"...មនុស្សដែលមានបុណ្យនោះ បុណ្យរមែងចាំចូលមកជួយស្រាប់ហើយ
គ្រាន់តែបើកឱកាសឲ្យចូលមកជួយ គឺបើកចិត្តខ្លួនឯងទទួល
ការបើកចិត្តទទួលគឺជាការបើកអារម្មណ៍ដែលហ៊ុំព័ទ្ធចេញមកសូម្បីតែមួយខណៈក៏ដោយ
ដោយសតិដែលកំណត់ចិត្តតាមវិធីសាស្ត្ររបស់ព្រះពុទ្ធជាម្ចាស់
ពេលបុណ្យមានឱកាសចេញព្រូចូលមកដល់ចិត្ត ឬផុសចេញឡើងបាន
ចិត្តក៏ត្រឡប់ជាមានសេចក្ដីសុខយ៉ាងក្រៃលែង អារម្មណ៍ទាំងឡាយ
ដែលធ្លាប់ឃើញថា ល្អ ឬអាក្រក់ ក៏ក្លាយទៅជារឿងធម្មតារបស់លោក..." ។

អប់រំដោយ
ញាណសំវរ

ឈប់ធ្វើអត្តឃាតខ្លួនឯងបានយ៉ាងម៉េច?


ការធ្វើអត្តឃាតខ្លួនឯង កើតឡើងពីមូលហេតុច្រើនប្រការ តែមូលហេតុចម្បងគេ ដែលអាចនាំឲ្យបុគ្គលនោះឈានដល់ដំណាក់កាលធ្វើអត្តឃាតខ្លួនឯងនោះ កើតពីរោគសោកសៅក្រៀមក្រំចិត្ត ។ មនុស្សដែលកើតជំងឺសោកសៅក្រៀមក្រំចិត្ត នឹងមានអារម្មណ៍ធុញថប់ចិត្តយ៉ាងខ្លាំងស្ទើរតែគ្រប់យ៉ាងនៅក្នុងជីវិត ធុញទ្រាន់នឹងជីវិតក្នុងការរស់បន្ត ។ ការសោសៅក្រៀមក្រំចិត្តខ្លាំងឡើងៗ អាចធ្វើឲ្យកើតគំនិតគិតថា ខ្លួនឯងខុស គ្មានតម្លៃ និងគិតចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោង ។ ការស្លាប់នេះទុកដូចជាច្រកចេញ ឬដំណោះស្រាយបញ្ហាក្នុងមួយរយៈពេលខ្លី ដើម្បីគេចចេញពីបញ្ហាប្រឈមមុខ ។ គំនិតរបស់បុគ្គលដែលចង់ធ្វើអត្តឃាតខ្លួនឯងឲ្យស្លាប់តៃហោងនេះ មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាអ្វីបានឡើយ ជីវិតងងឹតសូន្យស៊ុង និងខកចិត្តអស់សង្ឃឹម តែការពិតមិនមែនកើតដូច្នេះឯណា ។ អាការរបស់រោគសោកសៅក្រៀមក្រំចិត្ត ចាប់ផ្ដើមពីអាការស្រាលៗ ហើយវិវត្តទៅរកធ្ងន់យ៉ាងឆាប់រហ័ស អាចសង្កេតតាមដានបាន ដូចមានសេចក្ដីខាងក្រោម៖

១. អារម្មណ៍មិនសូវសប្បាយស្រស់ថ្លាដូចមុន មិនមានសេចក្ដីសុខសម្រាន្ត ធុញទ្រាន់ អស់សង្ឃឹម តប់ប្រមល់ និងសោសៅ ។
២. អស់ចំណាប់អារម្មណ៍ក្នុងរឿងផ្សេងៗ ធុញទ្រាន់រឿងដែលធ្វើឲ្យសប្បាយៗ មានក្ដីសុខ មិនចង់ធ្វើអ្វី មិនចង់ចេញទៅជួបជាមួយពីណា ។
៣. ធុញអាហារ ទម្ងន់ស្រក់លឿន (អ្នកខ្លះអាចស៊ីច្រើនដើម្បីបំបាត់ស្ត្រេស ធ្វើឲ្យឡើងទម្ងន់បន្ថែមទៀត) ។
៤. ដេកមិនលក់ លក់ដែរតែភ្ញាក់ៗ ឬភ្ញាក់លឿនជាងសព្វមួយដង ២-៣ម៉ោង ដេកទៅវិញមិនលក់ (អ្នកខ្លះអាចដេកច្រើនឡើង ក្រៅពីមិនចង់ធ្វើអ្វី ព្យាយាមដេកប៉ុន្តែដេកមិនលក់សោះ) ។
៥. រហិតរហៃអស់កម្លាំងកំហែង ទន់ដៃទន់ជើង ខ្លួនមិនចង់ធ្វើអ្វីទាំងអស់ ។
៦. គិតមិនរហ័ស ធ្វើចលនាមួយៗ មិនជឿជាក់លើចិត្តខ្លួនឯង មិនហ៊ានគិត ស្ទាក់ស្ទើរសម្រេចចិត្តលំបាក ។
៧. គ្មានសមាធិ តាំងចិត្តធ្វើការងារមិនបាន ឆាប់ភ្លេច ខ្សោយការចង់ចាំ ។
៨. គិតថាខ្លួនឯងគ្មានតម្លៃ ធ្វើខុស ធ្វើមិនបានល្អ គិតទៅលើខ្លួនឯងមិនល្អ ។
៩. គិតចង់ស្លាប់ និងព្យាយាមធ្វើអត្តឃាតខ្លួនឯង ។

ការព្យាបាលរក្សារោគសោកសៅក្រៀមក្រំ ជាការដោះស្រាយមូលហេតុនៃការចង់ធ្វើអត្តឃាតខ្លួនឯង ។ ជំងឺសោកសៅអាចព្យាបាលរក្សាឲ្យជាដាច់បានមិនមែនជារឿងអីត្រូវពិបាកឡើយ ដោយផ្អែកលើបច្ចុប្បន្នភាពនេះ យើងដឹងពីមូលហេតុរបស់វាថា កើតពីការធ្វើការងារនៃប្រព័ន្ធព័ត៌មានប្រសាទដែលមានផលចំពោះអារម្មណ៍ ។ ថ្នាំព្យាបាលជំងឺសោកសៅជួយឲ្យការងារនៃប្រពន្ធព័ត៌មានប្រសាទត្រឡប់មកជាប្រក្រតីវិញ មានអ្នកជំងឺ ៨០ % ព្យាបាលរក្សាបានជា ។

ប្រសិនបើយើងនៅមានមន្ទិលសង្ស័យថា មនុស្សជិតស្និទ្ធមានអាការប្រហាក់ប្រហែលជំងឺសោកសៅក្រៀមក្រំចិត្ត ដូចជា ទ្រមឹងត្រមក់ សញ្ជឹកសញ្ជឹង តោះតើយ ហីៗ មិននិយាយស្តី ស្រពឹកស្រពន់ តំអែតំអក់ ធ្វើអ្វីខុសពីសភាពដើម ការរៀនសូត្រ ឬធ្វើការងាររបស់ខ្លួន អ្នកខ្លះទៀតអាចប្រើពាក្យសម្ដី ដូចជា មានអារម្មណ៍ធុញទ្រាន់មិនដឹងជាចង់រស់ធ្វើអ្វីទេ” “ផ្ញើមើលថែកូនឲ្យផងឬដំណើរការគួរឲ្យអាណិតអាសូរថា មិនចង់មានជីវិតបន្តទៅទេ ដូចជា ធ្វើបណ្ដាំមរតកទុក ផ្ទេរទ្រព្យសម្បត្តិឲ្យកូនចៅ ជាដើម ។ យើងគួរផ្ដល់ការយកចិត្តទុកដាក់ព្រួយបារម្ភ សាកសួរអំពីអារម្មណ៍ គំនិត និងអាការរបស់ជំងឺសោកសៅក្រៀមក្រំចិត្តនេះ ជាការជួយសង្គ្រោះជាបឋម ធ្វើឲ្យមនុស្សដែលកំពុងសោកសៅ មានអារម្មណ៍ថា មានមនុស្សចេះព្រួយបារម្ភ ចេះមានមនុស្សយកចិត្តទុកដាក់ មានមិត្តភក្តិ មានទីពឹងពំនាក់ ជួយឲ្យអាការសោកសៅក្រៀមក្រំចិត្តល្អប្រសើរឡើងវិញ និងមិនចង់ធ្វើអត្តឃាតខ្លួនឯងឡើយ ។ ប្រសិនបើរកឃើញថា មានបុគ្គលណាមានអាការកើតរោគសោកសៅក្រៀមក្រំចិត្ត ៥ ប្រការ ខាងដើម គួរណែនាំឲ្យបុគ្គលនោះទៅជួបវិជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។ ការព្យាបាលជំងឺស្ត្រេសសោកសៅបានឆាប់លឿន និងអាចជួយការពារអ្នកជំងឺឲ្យរូចផុតពីការចង់ធ្វើអត្តឃាតខ្លួនឯងបាន ។



គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៤)


 “…ចូរអ្នកប្រុងប្រយ័ត្នគំនិតរបស់អ្នក
ព្រោះគំនិតរបស់អ្នក
អាចក្លាយជាការប្រព្រឹត្តរបស់អ្នក ។

ចូរអ្នកប្រុងប្រយ័ត្នការប្រព្រឹត្តរបស់អ្នក
ព្រោះការប្រព្រឹត្តរបស់អ្នក
អាចនឹងក្លាយជាទម្លាប់របស់អ្នក ។

ចូរអ្នកប្រុងប្រយ័ត្នទម្លាប់របស់អ្នក
ព្រោះទម្លាប់របស់អ្នក
អាចនឹងក្លាយជាឧបនិស្ស័យរបស់អ្នក ។

ចូរអ្នកប្រុងប្រយ័ត្នឧបនិស្ស័យរបស់អ្នក
ព្រោះឧបនិស្ស័យរបស់អ្នក
អាចនឹងកំណត់ជោគជតាកម្មនៃជីវិតរបស់អ្នក…”

អប់រំដោយ
លោកឪ ឆា សុភទ្ទោ

Monday, January 15, 2018

ស្នេហាតាមបែបពុទ្ធោវាទវគ្គ២ តចប់


រឿងស្នេហា មនុស្សស្នេហ៍គ្នាគ្រាដំបូងៗ
ក៏ចង់ជួបមុខគ្នាឲ្យបានយូរ
ចង់មើលមុខមាត់គ្នាឲ្យបានយូរ
នោះជាវារៈរបស់វា ។

ស្រេចហើយតែថា វត្ថុដ៏សំខាន់ជាងនោះគឺ
ទាំងពីរនាក់សម្លឹងរកគោលដៅតែមួយ
សម្លឹងទៅរកគោលដៅខាងមុខតែមួយ នឹងនៅរួមគ្នាបានយូរ
គ្រាន់តែសម្លឹងមើលមុខគ្នាទៅមកៗនៅរួមជាមួយគ្នាមិនបានយូរឡើយ ។

បើសិនសម្លឹងរំពៃទៅខាងមុខតែម្យ៉ាង គោលដៅតែមួយ
អាចមានផ្លូវទៅជាមួយគ្នាបាន គឺសម្លឹងមើលថា ត្រូវធ្វើជាកល្យាណមិត្តចំពោះគ្នា
ស្នេហាជាអារម្មណ៍ជាសង្ខារ ភាពផ្អែមល្ហែមក៏ជាអារម្មណ៍
ភាពផ្អែមល្ហែមក៏ប្រែជាភាពល្វីងជូរចត់បាន ។

ស្នេហាតាមបែបពុទ្ធោវាទវគ្គ១


“…មនុស្សយើងដែលបានកើតឡើងមកក្នុងលោកនេះ
ត្រូវរស់នៅប្រកបដោយបញ្ញា ត្រូវរៀនស្គាល់ពីធម្មជាតិនៃក្ដីស្រឡាញ់
នឹងខិតខំព្យាយាមកាត់បន្ថយនូវផ្នែកណាដែលកើតឡើងពីកាមតណ្ហា
ខ្លួនអាចកាត់បន្ថយបាន ហើយក៏គួរអភិវឌ្ឍស្ថាបនាអារម្មណ៍
ឲ្យវាប្រព្រឹត្តទៅតាមបែបផែននៃក្ដីមេត្តាដែលខ្លួនយើងអាចធ្វើបាន ។

 បើធៀបតាមកម្រិត(spectrum)
ក៏មានទាំងពីស្នេហាខ្វាក់ភ្នែក
ឬស្នេហាដែលពោរពេញទៅដោយភាពអាត្មានិយម
ហៅថាស្នេហាងងឹតងងល់ ឬស្នេហាឈ្លក់វង្វេង
ដែលនាំទៅរកសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយ សោកស្ដាយខ្លាំងបំផុត
រហូតដល់ស្នេហាកម្រិតខ្ពស់បំផុត រកប្រមាណមិនបាន
លែងមានជម្រើសដែលថា ស្រឡាញ់កាន់តែខ្លាំង ស្អប់កាន់តែខ្លាំង ។

រឿង ព្រះមហាមោគ្គល្លានអប់រំស្រ្តីសោភិណី


ថ្ងៃមួយ ព្រះមហាមោគ្គល្លាន ចេញដើរបិណ្ឌបាតនៅក្នុងនគរសាវត្ថី មានស្ត្រីសោភិណីម្នាក់ មុខមាត់ស្អាតបាត នាងឈ្មោះថា វិមលា ពេលនាងឃើញព្រះមហាមោគ្គល្លានហើយក៏ជាប់ចិត្តប្រតិព័ទ្ធលើព្រះថេរៈ ទើបដើរតាមព្រះថេរៈទៅដល់កន្លែងគង់នៅ ។  ពេលនាងឃើញព្រះថេរៈគង់នៅមួយអង្គឯង ទើបនាងបានឱកាសចូលទៅនិយាយាចរចា និងសំដែងឫកពារអាកប្បកិរិយាឱ្យឫកឱ្យរាងដាក់ព្រះថេរៈ តែព្រះថេរៈមិនញាប់ញ័រ និងដឹងទាន់ពីបំណងប្រាថ្នារបស់នាង ទើបលោកពោលដាស់តឿនស្រ្តីសោភិណីវិមលា ឱ្យនាងមានសតិឡើងថា

Tuesday, January 9, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩៣)


“…ចេតនា ជាចេតសិកចំណែកមួយ នៅក្នុងចំពួកសង្ខារ យើងត្រូវវែកញែក ហើយពិចារណាឲ្យឃើញថា ក្នុងបណ្ដាលសេចក្ដីដឹងគ្រប់យ៉ាង ដែលប្រាកដឡើង ឲ្យយើងកំណត់សម្គាល់បាននោះ រមែងមានចេតនាឃុំគ្រងជាប់នៅជានិច្ច រៀងរាល់ខណៈ ឬយើងចង់និយាយមួយបែបទៀតថា សេចក្ដីដឹងរាល់យ៉ាង រមែងត្រូវប្រកបដោយចេតនាណាមួយ ក៏មិនខុស។ បើតាមភាសាអភិធម្មលោកថា វិញ្ញាណ រមែងត្រូវសម្បយុតដោយចេតនា; ចេតនាជាសម្បយុតបច្ច័យ ឲ្យកើតវិញ្ញាណ។ តាមសេចក្ដីពិត មិនមានទំហើឯណា ដែលប្រព្រឹត្តទៅដោយមិនមានចេតនាទេ។ តែដែលយើងនិយាយគ្នាថា មនុស្សនោះ ធ្វើនូវទំហើនោះ ដោយមិនមានចេតនានោះ គឺមានន័យត្រឹមតែថា ចេតនាកម្មក្នុងរបស់នោះ ក្នុងខណៈមិន; តែចេតនាកម្មក្នុងរបស់ដទៃមាន។ ទំហើគ្រប់យ៉ាង ដែលនឹងកើតមានឡើងបាន សុទ្ធតែត្រូវអាស្រ័យចេតនាជាដរាប ព្រោះល័ខការមានមកថា វិញ្ញាណជាបច្ច័យឲ្យកើតមហាភូតរូប និងឧបាទាយរូប តែវិញ្ញាណដឹងកើតបានត្រូវអាស្រ័យសង្ខារជាបច្ច័យ បើសង្ខារមិនមាន វិញ្ញាណក៏កើតមិនបាន។ សង្ខារក្នុងទីនេះ សំដៅយកចេតនា។ ចេតនាបានជាបច្ច័យរបស់វិញ្ញាណ មកតាំងពីបឋមបដិសន្ធិមកម្លេះ…”។

អប់រំដោយ
ភិ.ខៀវ ជុំ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩២)


…សង្ខារជាបច្ច័យឲ្យកើតវិញ្ញាណក្នុងទីនេះ សំដៅសេចក្ដីថា វិញ្ញាណ គឺសេចក្ដីដឹង សេចក្ដីនឹកផ្សេងៗ ដែលកើតឡើងបាន ត្រូវអាស្រ័យចេតនា ។ បើមិនមានចេតនា ដែលជាធម្មជាតទទួលកាន់យកនូវអារម្មណ៍នោះទេ ទោះជាភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ និងខួរក្បាលនៅល្អគ្រប់យ៉ាង សេចក្ដីដឹងក៏កើតឡើងមិនបាន ដូចករណីព្រះសម្មាសម្ពុទ្ធទ្រង់ចូលឈាន សូម្បីសូរន្ទះនៅជិតៗនោះ ក៏ព្រះអង្គពុំទ្រង់ឮឡើយ…” ។

អប់រំដោយ
ភិ.ខៀវ ជុំ

Monday, January 8, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩១)


”…ការឱនក្រាបសំពះថ្វាយបង្គំ អាចជួយសម្រួលដល់ការតោងប្រកាន់ខ្លួនរបស់យើងបានយ៉ាងល្អ យើងគួរក្រាបសំពះឱនអង្គកាយថ្វាយបង្គំឲ្យញឹកញយៗ ពេលអ្នកក្រាបសំពះថ្វាយបង្គំបីដង អ្នកគួរតម្កល់ចិត្តនឹករលឹកដល់គុណរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់ ព្រះធម៌ថ្លៃ និងព្រះសង្ឃដ៏ឧត្តម  នោះគឺជាគុណលក្ខណៈនៃចិត្តដ៏ស្អាតផូរផង់ ភ្លឺស្វាង និងស្ងប់ ដូចនោះ យើងត្រូវពឹងអាស្រ័យរូបបែបនេះហ្វឹកហាត់ខ្លួនឯង កាយនិងចិត្តឲ្យចូលធ្លុងតែមួយ…”

អប់រំដោយ
លោកឪ ឆា សុភទ្ទោ

Sunday, January 7, 2018

មិនសង្ឃឹមទុក ក៏គ្មានផ្លូវខកបំណងដែរ!


១. អ្នកអាចទាបតម្លៃក្នុងកន្លែងមួយបាន ប៉ុន្តែកន្លែងផ្សេងទៀត អ្នកអាចមានតម្លៃយ៉ាងមហាសាល សូមឲ្យចងចាំទុកថា គ្រប់គ្នាសុទ្ធតែមានតម្លៃទាំងអស់ គ្រាន់តែឈរឲ្យចំទី ចំពេលវេលា ឬអត់ប៉ុណ្ណោះ ។

២. អារម្មណ៍ដ៏សែនឈឺចាប់គឺ ភាគីម្ខាងដឹងទាំងដឹងថា អ្នកកំពុងគិតអ្វី តែបែរជាគ្មានន័យសម្រាប់គេទៅវិញ? អ្នកខ្លះ ទោះជាឲ្យអ្នកធ្វើល្អចំពោះគេប៉ុនណាក្ដី ក៏គេត្រឡប់ជាមិនសូវចាប់អារម្មណ៍ ព្រោះនៅក្នុងខួរក្បាលរបស់គេ មិនធ្លាប់មានរូបអ្នកនៅក្នុងក្រសែភ្នែករបស់គេអីណាបន្តិចសោះឡើយ ។

៩ គោលគំនិតដើម្បីជីវិតស្អាតផូរផង់


៩ គោលគំនិតដើម្បីជីវិតស្អាតផូរផង់

១. ការអភិវឌ្ឍខ្លួន
ចូរសម្លឹងមើលអ្វីគ្រប់យ៉ាង យកមកធ្វើជាគ្រូ
អ្នកទាំងឡាយនឹងមានជីវិតរស់នៅយ៉ាងសែនត្រជាក់ភិរម្យ

ការមើលឃើញអ្វីគ្រប់យ៉ាង ដែលកើតឡើង តាំងនៅ និងរលត់ទៅ
អាចយកមកធ្វើជាគ្រូអប់រំទូន្មានខ្លួនយើង ចិត្តយើង
ឲ្យចេះសម្របសម្រួលទៅតាមដំណើររបស់ធម្មជាតិ
ជាការមួយ ញ៉ាំងចិត្តរបស់យើងមិនឲ្យធ្លាក់ចុះ មិនកើនឡើងហួស
ដែលបណ្ដាលឲ្យចិត្តរបស់យើងមិនស្ងប់ មិននឹងន ចេះតែក្រវល់ក្រវាយ
មិនឈប់ឈរ រកសេចក្ដីសុខកាយ សប្បាយចិត្តមិនបាន ព្រោះតែ
ហើមប៉ោងឡើងចុះទៅតាមសភាវៈទាំងឡាយនោះ ។

កាលណាចិត្តរបស់យើងដឹងទាន់តាមសភាវៈដែលកំពុងកើតឡើង តាំងនៅ រលត់ទៅ
ចិត្តរបស់យើងក៏លែងច្របូកច្របល់ មិនទាមទារអ្វីឲ្យលើសពីអ្វីដែលខ្លួនឯងមាន
អ្វីដែលខ្លួនឯងបាននោះឡើយ ។ ការធ្វើបានដូច្នេះ ជីវិតរបស់យើងក៏នឹងជួប
ប្រសព្វជាមួយសេចក្ដីសុខដ៏ពិតប្រាកដមួយក្នុងលោកិយ
ហើយយើងក៏អាចរកទីពីពឹងពំនាក់ សម្រាប់ខ្លួនក្នុងបរលោកនាយបានផងដែរ ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៩០)

“…គោផឹកទឹកស្អាត ហើយទឹកនោះក៏ក្លាយជាទឹកដោះ
ប៉ុន្ដែអាសិរពិសផឹកទឹកស្អាត ហើយទឹកនោះក៏ក្លាយជាថ្នាំពិស
ធម្មៈជារបស់បរិសុទ្ធហ្មត់ចត់
ដែលយើងទទួលយកមកសិក្សា និងបដិបត្តិហើយ ដូចជាការផឹកក្រេបទឹកនោះចូលទៅ
ការផឹកក្រេបរសធម្មៈត្រូវផឹកយ៉ាងជាគោ កុំផឹកយ៉ាងជាពស់ឡើយ
ឲ្យធម្មៈកើតជាទឹកដោះ មិនមែនថ្នាំពិស ។

តាមពិតមនុស្សយើងមិនអាចស៊ូនឹងពស់បាន
ព្រោះពស់មិនធ្លាប់គ្រោះថ្នាក់ដោយសារពិសក្នុងខ្លួនរបស់វាទេ
ប៉ុន្តែបុគ្គលបណ្ដែតបណ្ដោយឲ្យថ្នាំពិស គឺទិដ្ឋិមានះនោះកើតឡើងក្នុងចិត្ត
ដោយសារតែធម្មៈដែលបានសិក្សា និងបដិបត្តិមកហើយ ក៏ឈឺរាល់ថ្ងៃ…”

អប់រំដោយ
តេជ. ជយសារោ

ការទូន្មានចិត្ត ពិតជាកំពូលកិច្ច


ការទូន្មានចិត្ត ពិតជាកំពូលកិច្ច

ពេទ្យប្រាប់ឱ្យយើងរក្សាឧស្សាហ៍ហាត់ប្រាណ ដើម្បីសុខភាពរបស់កាយ ត្រូវព្យាយាមរាល់ៗថ្ងៃ ។

ក្នុងព្រះពុទ្ធសាសនា បានប្រាប់ឱ្យយើងឧស្សាហ៍ព្យាយាមហ្វឹកហាត់អប់រំចិត្ត ដើម្បីសុខភាពផ្លូវចិត្ត ។ ការហ្វឹកហាត់ចិត្តមានច្រើនវិធី តែវិធីដែលល្អជាទីបំផុត គឺធ្វើសមាធិ និងវិបស្សនា គួរព្យាយាមធ្វើរាល់ថ្ងៃ ។

សុខភាពផ្លូវកាយមានឧបការៈដល់រូបរាងកាយយ៉ាងណា សុខភាពផ្លូវចិត្តក៏មានគុណ មានឧបការៈដល់ចិត្តវិញ្ញាណយ៉ាងនោះដែរ ។

ចិត្តមនុស្សយើង មានសេចក្ដីសំខាន់ដល់សុខទុក្ខ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងខ្លាំងណាស់ មិនគួរឱ្យរំលងនូវការហ្វឹកហាត់អប់រំផ្លូវចិត្តនេះឡើយ ចិត្តដែលហ្វឹកហាត់អប់រំបានល្អហើយ រមែងនាំសេចក្ដីសុខមកប្រគល់ឱ្យចិត្ត ដែលហ្វឹកហាត់បានល្អ មានតម្លៃដ៏ក្រៃលែងបំផុតក្នុងជីវិតមនុស្ស ៕


អប់រំដោយ
គ្រូ ប៊ុត សាវង្ស
ស.ភ.មេរៀនជីវិត ទំ.៤០