Thursday, August 20, 2020

រឿងមិនដូចគ្នា


ញុំមិនខ្លាំងពូកែឡូយឆាយ

ខ្ញុំមិនមែនល្អលើសលប់

ហើយខ្ញុំក៏មិនបានទៅមើលស្រាយអ្នកណាដែរ

ព្រោះដឹងច្បាស់ថា កាលណាត្រូវគេមើលងាយវាឈឺចាប់

 

អ្នកណាចង់ខ្លាំង អ្នកណាចង់ពូកែ

មានក្រប៉ុនណា ក៏ស្រេចតែលោកទៅចុះ

ខ្ញុំសុំត្រឹមតែនៅក្នុងផ្លូវរបស់ខ្ញុំ។

 

ភ្ញាក់ឡើងជាមួយធម្មជាតិ

មានបាយបីពេល មិនឈឺក្បាលហាលថ្ងៃ

ជីវិតនេះពិតជាមានសេចក្តីសុខស្ងប់ហើយ ។

 

ឆាកជីវិតរបស់មនុស្សយើងម្នាក់ៗ​

សុទ្ធតែដើរឆ្លងកាត់ព្យុះភ្លៀងមកដូចគ្នា​ ទម្រាំបានមកដល់ថ្ងៃនេះ​។

 

ប៉ុន្តែទោះបីក្រោមដំបូលមេឃតែមួយ​ ក៏កម្រិតបរិមាណនៃទឹកភ្លៀង ​ហើយនឹងសភាពរាងកាយ​មនុស្សយើងម្នាក់ៗ មិនដូចគ្នាទេ​

 

កុំប្រៀបធៀប

អ្នកណាធ្ងន់ធ្ងរជាងអ្នកណា​

អ្នកណាពិបាកជាងអ្នកណា​

 

ប្រសិនបើអ្នកមិនបានស្ថិតក្នុងស្ថានការណ៍នោះ​ទេ

អ្នកក៏គ្មានថ្ងៃ​យល់ពីអារម្មណ៍មួយនេះក្នុងពេលនោះដូចគ្នា។​

 

ដូចនេះ​

កុំចេះតែហ៊ានគិត​ជំនួស​ ហ៊ានសន្មត​ និងហ៊ានអារកាត់ថា​

"​ គ្រាន់តែប៉ុណ្ណឹង​ ហេតុអ្វីមិនអាចធ្វើបាន​ "

 

"រឿងប៉ុណ្ណឹង" របស់អ្នក​អាចមិនមែនជា

"រឿងប៉ុណ្ណឹង"របស់មនុស្សម្នាក់ទៀត​ ៕

Friday, August 14, 2020

ទំនុកចិត្តលើចំណេះដឹង


មនុស្សយើង​ម្នា​ក់ៗ​មាន​គោលបំណង​ចង់​ចេះ​ចង់​ដឹង​ដូច​ៗគ្នា ហើយ​ការប្រើ​ប្រាស់​ចំណេះដឹង គឺ​ដើម្បី​ទៅ​រក​សេចក្តី​សុខ​នៃ​ជីវិត​ឱ្យ​ខ្លួនឯង ឬឱ្យ​គ្រួសារ ឬឱ្យ​សង្គមជាតិ។ ចំណុច​ដំបូង​បំផុត គឺ​ការ​ស្វែង​រកចំណេះដឹង​ឱ្យ​ខ្លួនឯង។ បើ​មានចំណេះ​ដឹង​ហើយ គឺ​យើង​នឹងអាច​មានឱកាស​ច្រើន​ក្នុង​ការស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង។ លទ្ធភាព​ដែល​អាច​ឱ្យ​យើង​ស្វែងរក​សេចក្តី​​សុខ​ឱ្យ​ខ្លួនឯង​បាន គឺជា​ការមួយ​ដ៏​ប្រសើរ ដោយហេតុថា យ៉ាងហោចណាស់ យើង​មិនបាន​ក្លាយទៅជា​អ្នកនាំ​ទុក្ខ​ដល់​អ្នកដទៃ​។ ប៉ុន្តែ​ការ​ដ៏​ប្រសើ​នេះ គឺជា​ការ​ប្រសើរ​ក្នុង​កម្រិត​មួយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​បុគ្គល​ដែល​មានចំណេះ​ដឹង ហើយ​ប្រើប្រាស់​ចំណេះដឹង​បាន​ជាទី​ពឹង​ដល់​ជន​ដទៃ។ យើង​អាច​ប្រៀបធៀប​បាន​ថា មនុស្ស​ដែល​ពុំ​បាន​អំពល់ទុក្ខ​ដល់​អ្នកដទៃ គឺជា​អ្នក​ប្រសើរ។ រី​ឯអ្នក​ដែល​មានចំណេះ​ដឹង​ហើយ ហើយ​អាច​បាន​ជាទី​ពឹង​ចំពោះ​ជន​ដទៃ​ដ៏​ច្រើន គឺជា​ជន​ដ៏​ប្រសើរ​ជាង។ ចំណេះដឹង​ដែល​ទុក​បម្រើ​តែ​ប្រយោជន៍​ខ្លួនឯង អាច​ចាត់ទុកថា​ជា​ចំណេះ​អាត្មានិយម​

 

ក្នុង​សង្គម យើង​អាច​ឈ្វេងយល់​ជា​មេរៀន​ពី​បុគ្គល ៣ប្រភេទ៖ ប្រភេទ​ទី១ គឺ​អ្នកចេះដឹង ចេះ​ឈឺចាប់​នឹង​សេចក្តី​ឈឺចាប់​របស់​ជន​ទន់ខ្សោយ​ដទៃ ហើយក៏​កើតមាន​ចិត្ត​ចង់​ឈឺឆ្អាល​ជួយ។ ប្រភេទ​ទី២ គឺជា​អ្នកចេះដឹង ដែល​ឃើញ​សេចក្តី​អាក្រក់​កើតឡើង​ក្នុង​សង្គម តែ​មិន​ហ៊ាន​ឈឺឆ្អាល។ ប្រភេទ​ទី៣ គឺជា​អ្នក​មិន​ចេះដឹង តែ​ចេះ​ឈឺចាប់ ហើយ​ចេះ​ឈឺឆ្អាល។ កម្សោយ​ពី​ធម្មជាតិ​នៃ​ចំណេះដឹង គឺ​អាច​ធ្វើ​ឱ្យ​មនុស្ស​ចេះដឹង​បាត់បង់​នូវ​គុណធម៌​ម្យ៉ាង​ដ៏​សំខាន់ ដែល​គុណធម៌​នោះ វា​ជា​គុណធម៌​នៃ​សេចក្តី​ក្លាហាន។ បុគ្គល​ដែល​ជា​អ្នក​មិន​ចេះដឹង រមែង​មាន​សេចក្តី​ក្លាហាន ព្រោះ​មិនដឹង រី​ឯអ្នកចេះដឹង រមែង​គ្មាន​សេចក្តី​ក្លាហាន ព្រោះ​បាត់​គុណធម៌​នៃ​សេចក្តី​ក្លាហាន​នេះឯង។ អ្នក​មិនដឹង តែ​ហ៊ាន​លះបង់​សេចក្តី​សុខ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​គិត​ពី​ខ្លួនឯង គឺ​មិន​ប្រសើរ​ដូច​អ្នកចេះដឹង មាន​សេចក្តី​ក្លាហាន​ហ៊ាន​លះបង់​សេចក្តី​សុខ​ខ្លួនឯង ទោះបី​ដឹង​ថា​ខ្លួន​នឹង​ជួប​គ្រោះថ្នាក់​ក៏ដោយ។ តើ​អ្វី​ជា​ភាព​មានប្រៀបលើ​អ្នកដទៃ​របស់​អ្នកចេះដឹង​?

 

ក្នុង​សង្គម​នី​យមួយៗ មនុស្សម្នាក់​ត្រូវ​បាន​កំណត់​ថា​ល្អ ឬអាក្រក់ ត្រូវ ឬខុស ទៅតាម​បញ្ញ​ត្តិនៃ​ច្បាប់ បញ្ញត្តិ​នៃ​ប្រពៃណី បញ្ញត្តិ​ទំនៀម​ទំ​លាប់ និង​បញ្ញ​ត្តិ​វប្បធម៌។ អ្នកខ្លះ​ព្យាយាម​ធ្វើអ្វី​មួយ ដើម្បី​ឱ្យ​តែ​បាន​ឈ្មោះថា ខុសពី​អ្នកដទៃ​ តែ​អ្នកចេះដឹង​ពិតប្រាកដ គឺ​ពឹង​លើ​ភាព​ត្រឹមត្រូវ ច្រើនជាង​សភាព​តាម​គេ​តាម​ឯង។ មានគ្នាច្រើន​ពុំ​ប្រាកដ​ថាត្រូវ​ទេ រី​ឯមាន​គ្នា​តិច​ក៏​ពុំ​ប្រាកដ​ថា​ខុស​ដែរ ដ្បិត​សំខាន់​គឺ​គុណភាព​នៃ​ចំណេះដឹង។ អ៊ីចឹង​ហើយ​ទើប​មាន​ទ្រឹ​ស្តី​បែប​ប្រជាធិបតេយ្យ​មួយ​លើកឡើង​ថា សន្លឹកឆ្នោត​ត្រឹមតែ ១ សន្លឹក នៃ​ពលរដ្ឋ​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​ម្នាក់ ​វា​​មាន​តម្លៃ​ខ្ពស់​ជាង​សន្លឹកឆ្នោត ១០០ សន្លឹក នៃ​ពលរដ្ឋ​ដែល​អវិជ្ជា ១០០ នាក់​។ តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ តម្លៃ​នៃ​ការចូលរួម​ពិតប្រាកដ គឺ​ត្រូវ​វាស់វែង​ដោយ​គុណភាព​នៃ​ចំណេះដឹង តែ​មិនមែន​ជា​រង្វាស់​នៃ​បរិមាណ​ច្រើន​ទេ។ ចំពោះ​យុវជន​ដែល​ស្រឡាញ់​សង្គម បើសិនជា​ចេះ​សង្កេតមើល​កម្រិត​ចំណេះដឹង​ពលរដ្ឋ​នៅ​មូលដ្ឋាន រហូតដល់​កម្រិត​និស្សិត គឺ​យើង​នឹង​ឃើញ​ពី​កម្រិត​នៃ​ចំណេះដឹង។ សម្រាប់​ខ្ញុំ ពេលណា​សង្កេត​មើ​លយូរៗ​ទៅ ទើប​ដឹង​ថា មិនដឹង​ថា​យើង​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ប៉ុនណា ដើម្បី​អាច​កសាង​មូលធន​មនុស្ស​ឱ្យ​ស្គាល់​ខ្លួនឯង និង​ចេះ​ប្រឹងប្រែង​ដើម្បី​អ្នក​ជំនាន់​ក្រោយ​។ តើ​អ្វីខ្លះ​ដែល​ខ្ញុំ​បានឃើញ​ជាក់ស្តែង​ក្នុង​សង្គម​?

 

សម្រាប់​គ្រូបង្រៀន សម្តី​អប់រំ​ដល់​សិស្ស គឺ​ស្មើនឹង​សកម្មភាព​ធ្វើ​ជាក់ស្តែង​មួយ។ សម្រាប់​បព្វជិត​សាសនា ពាក្យ​សម្តី​ទន់ភ្លន់​ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​យុវជន ការ​មិន​ទាស់ទែងគ្នា​ហួសប្រមាណ ឬការ​ជួយ​កែលំអ​គ្នា​ក្នុង​ន័យ​ស្ថាបនា ដែល​មានចិត្តល្អ​ជា​ចេតនា គឺ​ស្មើនឹង​ការ​ធ្វើសកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនិពន្ធ ការស្វែងរក​ចំណេះ​ដឹង​ថ្មី​ៗមក​សាបព្រោះ​ក្នុង​សង្គម ដែល​មានចិត្ត​បរិសុទ្ធ​ចង់ឱ្យ​សង្គម​រីកចម្រើន គឺជា​សកម្មភាព​ជាក់ស្តែង​មួយ។ សម្រាប់​អ្នកនយោបាយ ការ​កៀងគរ​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា​គ្នា ដែល​មានចិត្តចង់​កសាង​សង្គម​ជា​ចេតនា​ល្អ គឺ​ចាត់ទុកថា​ជាសកម្ម​ភាព​ជាក់ស្តែង​ដ៏​ប្រសើរ​មួយ។ ចេតនា​គឺជា​ប្រធាន​នៃ​អំពើ​ទាំងឡាយ។ កម្ម​គឺជា​ប្រធាន​នៃ​ផល​ទាំងឡាយ។ ផល​គឺជា​ផ្លែ​ផ្កា​ដែល​បាន​មក​ពី​ចេតនា និង​បាន​មក​ពី​កម្ម ឬសកម្មភាព​ជាក់ស្តែង។ ប្រធានបទ​នេះ បើ​សរសេរ​រៀបរាប់​ពី​ហេតុ​ខាងដើម បកស្រាយ​ពី​បច្ច័យ​បង្កើតហេតុ គឺ​វា​អាច​វែងអន្លាយ​បន្តិច។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​សង្កត់ធ្ងន់​បំផុត គឺជា​បញ្ហា​យុវជន។ ការ​ត្រៀមខ្លួន​របស់​យុវជន គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​កិច្ចការ​កសាង​សង្គម​នា​ពេល​ខាងមុខ។ តើ​យុវជន​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​?

 

ដោយសារតែ​ចំណងជើង​នៃ​ប្រធានបទ ខ្ញុំ​ដាក់​ថា ទំនុកចិត្ត​លើ​ចំណេះដឹង​, អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​នឹង​ចែករំលែក​ជាគ​តិ​សម្រាប់​ពិចារណា ក៏​វា​ទាក់ទង​នឹង​ចំណេះដឹង​ផង​ដែរ។ អ្នក​ដែល​បាន​គិត​មុន​គូរ ពេលណា​ចូលខ្លួន​មក​អនុវត្ត​សកម្មភាព​ជាក់ស្តែង គឺ​នឹង​បង្ក​បញ្ហា​ពីតូច​ទៅ​ធំ។ ដើមដៃ​ដំបូង​នៃ​ការងារ​ដែល​យុវជន​ទូទៅ​គួរ​ធ្វើ គឺ​ដាក់ចិត្ត​ដាក់​កាយ​ខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង ប្រឹង​គិតពិចារណា ហ្វឹកហាត់​អប់រំ​ចិត្ត​ឱ្យ​ឆាប់​ចាស់ទុំ យល់​ការ​រាក់ជ្រៅ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សង្គមវិជ្ជា និង​នយោបាយ។ កាលណា​យើង​មិន​យល់​ពីសង្គម មិន​យល់​ពី​ជម្រៅ​នៃ​នយោបាយ គឺ​យើង​នឹង​ក្លាយទៅជា​ឧបករណ៍​នយោបាយ។ ព្រះពុទ្ធ​សម្តែង​ថា សេចក្តី​បរិសុទ្ធ ត្រូវ​ធ្វើ​ដោយខ្លួនឯង​។ ធម៌​នេះ គឺ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ពឹង​លើ​ខ្លួនឯង​ដើម្បីនឹង​ធ្វើ​សេចក្តី​បរិសុទ្ធ​ដល់​ខ្លួនឯង ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​ធ្វើ​ជំនួស​យើង​បាន​ឡើយ។ ក្នុង​ទ្រឹ​ស្តី​មួយទៀត​ដែល​និយាយ​ពី​ការ​បូជា ដែល​ធ្វើ​នូវ​កិរិយា​ពីរ​ប្រភេទ៖ ទី១ គឺ​អាមិសបូជា និង​ទី២ គឺ​បដិបត្តិ​បូជា។ ការ​បូជា​ប្រភេទ​ទី១ គឺជា​ប្រភេទ​នៃ​កិរិយា​បូជា​នូវ​គ្រឿង​សក្ការៈ ទៀន ធូប ផ្កា និង​ការ​បូជា​ប្រភេទ​ទី២ ជា​ប្រភេទ​កិរិយា​បូជា​ដោយ​ការប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ធម៌​វិន័យ។ ការ​បូជា​ដ៏​ប្រសើរ​បំផុត គឺជា​ការ​បដិបត្តិ​តាម​ធម៌​វិន័យ។ តើ​អ្វី​ជា​លក្ខណៈ​នៃ​យុវជន​ដែល​ស្រឡាញ់​សង្គម​?

 

យុវជន​ដែល​មាន​មនោសញ្ចេតនា​ពិត​ចំពោះ​សង្គម គឺ​ត្រូវ​ឱ្យ​តម្លៃ​ចំណេះដឹង​ឱ្យ​ខ្ពស់​ជាង​អ្វី​ៗផ្សេងទៀត។ ក្រៅពី​ចំណេះដឹង គឺ​ត្រូវ​ឱ្យ​តម្លៃ​សាមគ្គីភាព​និងផល​ប្រយោជន៍​រួម។ យើង​ត្រូវ​យកចំណេះ​ដឹង​ជា​ឧបាយ ជា​អាវុធ ដើម្បី​កសាង​សាមគ្គីភាព ព្រោះ​បើ​គ្មាន​សាមគ្គីភាព​ទេ គឺ​យើង​នឹង​ពុំ​អាច​ធ្វើការងារ​សំ​ខាន់​ៗឱ្យ​សម្រេច​នូវ​ជោគជ័យ​បាន​ឡើយ។ ការ​ប្រាកដ​ថា​ចំណេះដឹង​ដែល​យើង​មាន វា​អាច​ត្រូវ​ឬខុស លុះត្រា​ណា​តែ​យើង​ជា​អ្នក​សិក្សា​រៀនសូត្រ ប្រឹងប្រែង គិតល្អិតល្អន់​ម្តង​ហើយ​ម្តង​ទៀត និង​ប្រើ​ចិត្ត​ឧបេក្ខា​ក្នុង​ការពិចារណា។ កាលបើ​ចំណេះដឹង​យើង​នៅ​ទាប គឺ​មានតែ​ផ្លូវ​ទាស់ ដ្បិត​ពេលណា​យើង​ជជែក ឬបង្ហាញ​ទស្សនៈ។ ខ្ញុំ​និយាយ​អំពី​ការ​ជជែក​គំនិត ឬទស្សនៈ តែ​មិនមែន​និយាយ​ពី​ការ​ឃើញ​ព្រឹត្តិ​ការណ៍​សង្គម​ទេ ដ្បិត​ព្រឹត្តិ​ការណ៍​សង្គម​ជាក់ស្តែង យើង​ឃើញ​យ៉ាងណា គឺ​វា​ប្រាកដជា​យ៉ាងហ្នឹងហើយ។ បើសិនជា​យើង​ប្រឹងប្រែង ចេះ​អត់ធ្មត់ សំងំរៀនស្ងៀមស្ងាត់ និង​ប្រើ​ឱកាស​ដ៏​ល្អ​នេះ​រៀន​ឱ្យ​បាន​ច្រើន អាន​ឱ្យ​បាន​ច្រើន ខិតខំ​ពិចារណា​ឱ្យ​បាន​ច្រើន វា​នឹង​ឱ្យ​យើង​កាត់បន្ថយ​ការទាស់ទែង​នឹង​យុវជន​ដទៃទៀត។ អ្នក​ឆ្លាត អ្នក​ត្រឹមត្រូវ គឺជា​អ្នក​អនុវត្ត​ជាក់ស្តែង ដែល​មាន​ចេតនា​សំខាន់​តែ​ម្យ៉ាង​គត់ គឺ បាន​លទ្ធផល និង​ជា​លទ្ធផល​សម្រាប់​ប្រយោជន៍​។ ចេតនា​នៃ​អត្ថបទ​នេះ គឺ​ខ្ញុំ​ចង់ឱ្យ​យុវជន​យើង​មួយចំនួន ងាកចិត្ត​មក​ចាប់អារម្មណ៍​លើ​ការសិក្សា​រៀនសូត្រ ពង្រឹង​ចំណេះដឹង គិត​ឱ្យ​ទូលាយ បង្វឹក​ចិត្ត​ឱ្យ​ដូច​មហាសមុទ្រ ហើយ​កាត់បន្ថយ​ការ​ត្រឹមតែ​ទាស់ទែងគ្នា​នូវ​ពាក្យ​សម្តី​គ្នា​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ យើង​ពុំ​អាច​ភ្លេច​សង្គម​ទេ។ ពេលណា​យើង​មានចំណេះ​ដឹង​ច្បាស់លាស់​ហើយ ហើយ​ប្រាកដ​ថា​ចំណេះដឹង​របស់​យើងពិត​​ត្រឹមត្រូវ​​ហើយ ទោះ​យើង​ទាស់​ក៏​មិនទាន់​ហួសពេល​ដែរ។ គិត​សង្គម ប្រឹងរៀន​!!

ដើមឈើ


ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបានជាទីពឹង ឲ្យដល់អ្នកដទៃ ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់អប់រំទូន្មានខ្លួន រហូតទាល់តែបានដល់នូវសេចក្តីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បានធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ។ មនុស្សនិងសត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងតែពីគ្រឿងស្លៀកដណ្តប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារបរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗ រាប់មុខមិនអស់ ។ មនុស្សយើងកើតមកដើម្បីសាងខ្លួនឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នា និងសត្វលោកទាំងឡាយ ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើមឲ្យធំ និងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្តៅថ្ងៃបាន ។ មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយនៅពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យចាញ់ជីវិតខ្លួនឯង ។ ស្លឹកឈើនៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្តូរពីពណ៌ខៀវបៃតង មកជាពណ៌លឿង ហើយក៏ជ្រុះចុះមកលើផែនដី ត្រឡប់ក្លាយទៅជាជី ។ មនុស្សយើងក៏នឹងដល់នូវភាពមិនទៀងទាត់នៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្តយ៉ាងណា មនុស្សយើងកាលបើដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីឲ្យមនុស្សកើតមកក្រោយៗបំពេញកិច្ចការ ជាបន្តក៏យ៉ាងនោះដែរ ។ គ្រប់យ៉ាងមានការប្រែប្រួលជានិច្ចឲ្យតែជាសង្ខារធម៌ ។ ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់មនុស្សសត្វទាំងឡាយ។ មនុស្សយើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ ។ ដើមឈើជាធម្មជាតិ មាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ។

 

គួរមើលដើមឈើជាតួយ៉ាង បានជាភស្តុតាងដាស់តឿនចិត្តដើមឈើទ្រាំក្តៅទ្រាំខ្យល់ពិត ទុកដូចជាមិត្តឲ្យទីជម្រក ៕

 

Cr. អ.គ.ប.ស.វ

គិតថា នឹងមានសេចក្ដីសុខ

ពេល​ឃ្លាន អាហារគឺជាសេចក្តីសុខ​ ហូបឲ្យឆ្អែតល្មមៗនុ៎ះ នឹងមានសេចក្តីសុខ ។​

 

ពេល​ស្រេក ទឹកគឺជាសេចក្តីសុខ​ ក្រេបមួយៗ​កុំឲ្យហួសហេតុនុ៎ះ នឹងមានសេចក្តីសុខ ។​

 

ពេល​ក្រ​ លុយគឺជាសេចក្តីសុខ​ ចាយវាយឲ្យសមរម្យល្មមៗប្រមាណនុ៎ះ សេចក្តីសុខនឹងកើតមានឡើង ។​

 

ពេលហត់នឿយ​ ការបានសំរាកកាយចិត្ត ហ្នឹងហើយគឺជាសេចក្តីសុខ​ សំរាកឲ្យបានគ្រប់គ្រាន់នុ៎ះ នឹងមានសេចក្តីសុខ​ ។

 

ពេលងងុយ​ ការបានគេងគឺជាសេចក្តីសុខ​ ពេលដែលលង់លក់បានស្កប់ស្កល់ បន្ទាប់ពីភ្ញាក់ហ្នឹងហើយគឺជាសេចក្តីសុខ ។​

 

ពេលមានស្នេហា​ ការបានចាប់ដៃគ្នា គឺជាសេចក្តីសុខ​ រួមផ្សំនឹងការយកចិត្តទុកដាក់ចំពោះគ្នានុ៎ះ នឹងធ្វើឲ្យភាគីទាំងពីរមានសេចក្តីសុខ ។

 

ពេលបែកគ្នា ការនឹកគឺជាសេចក្តីសុខ​ មិនខឹង​ មិនមួរម៉ៅ មិន​ក្តៅក្រហាយហ្នឹងហើយ គឺជាបុគ្គលអ្នកមានសេចក្តីសុខ ​។

 

ជីវិតរបស់យើងត្រូវបានកំណត់ដោយទង្វើរបស់យើង​ បើទោះបីខ្លួនមានជឿថា ព្រហ្មលិខិត​ជាអ្នកជួយកំណត់ក៏ដោយ​ តែវានៅតែកើតចេញពីទង្វើរបស់យើងដោយខ្លួនឯង​ដដែល ។​

 

សេចក្តីសុខកើតចេញពីចិត្ត​ មិនមែនស្ថិតលើមជ្ឈដ្ឋានខាងក្រៅ​ ទោះបីថាមជ្ឈដ្ឋាន​ខាងក្រៅមានចំណែករួមផ្សំ​ក្នុងការបង្កើតសេចក្តីសុខក៏ដោយ ​។ តែបើចិត្តគ្មានសេចក្តីសុខ​ ទោះមជ្ឈដ្ឋានជុំវិញពោរពេញទៅដោយសេចក្តីរីករាយយ៉ាងណាក្តី​ ក៏មិនអាចមានសេចក្តីសុខ​កើតឡើងសម្រាប់យើងដដែល ។

 

 

Cr. ព្រះចន្ទ-La Lune

Tuesday, August 4, 2020

អនុទិនទស្សនជីវិត ២០


ប្រភពកំណើតដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង បិតាជាអ្នកផ្ដល់កំណើត មាតាជាអ្នកបង្កើតយើងមកក៏ពិតមែន តែការឲ្យកំណើតនិងការបង្កើតយើងមកបានត្រឹមតែរូបកាយប៉ុណ្ណោះ ចំណែកចិត្ត និងគុណសម្បត្តិផ្លូវចិត្តជារបស់យើងផ្ទាល់ខ្លួនដែលបញ្ជូនបន្តគ្នារាប់រយ រាប់ពាន់ជាតិមកហើយ ។ មាតាបិតារមែងសង្ឃឹមចង់ឲ្យកូនល្អ ចង់ឲ្យកូនឆ្លាតវៃ ចង់ឲ្យកូនខ្ពង់ខ្ពស់ដូចគ្នាៗទាំងអស់ តែចុះហេតុអ្វីមិនបានគ្រប់គ្នាអ៊ីចឹង? ក៏ព្រោះតែម្នាក់ៗមានកម្មជារបស់ខ្លួនជាប់មកនោះឯង ប្រសិនបើមាតាបិតាកំណត់ជីវិតរបស់កូនបាន ប្រហែលជាកូនគ្រប់គ្នាគ្មានអ្នកណាល្ងង់ គ្មានអ្នកណាក្រនុ៎ះទេ ។


អនុទិនទស្សនជីវិត ១៩


ពូជពង្សផៅសន្តានដ៏ពិតប្រាកដរបស់យើងគឺកម្មរបស់យើង ព្រោះវាមិនបែកចេញពីខ្លួនរបស់យើងទេ វាជាប់តាមយើងទៅគ្រប់ទីកន្លែង  ប្រសិនបើកម្មល្អក៏ជួយឧបត្ថម្ភអបស្ទបជួយបើកភ្លើងខៀវឲ្យយើងទៅដោយស្រួល តែបើកម្មអាក្រក់ក៏រង់ចាំស្ទាក់កាត់រារាំងធ្វើឲ្យយើងប្រព្រឹត្តទៅដោយមិនស្រួលឡើយ ចេះតែកើតក្ក្ដៅដីក្រហាយ ចេះតែបង់ខាត រកស៊ីមិនចំណេញ រៀនមិនចប់ ព្រោះតែភ្លើងក្រហម គឺមានកម្មអាក្រក់ ។ ចំណែកខាងសាច់ញាតិបងប្អូនផៅសន្តានខាងក្រៅនោះ មិនអាចជាប់តាមគ្នាទៅបានគ្រប់ទីកន្លែងទេ ជួលកាលជួបគ្នាមិនដល់ ១០-២០ ឆ្នាំផងក៏បែក អ្នកខ្លះទៀតក៏មិនបានជួបគ្នា ប៉ុន្តែកម្មរបស់យើងជាប់តាមយើងទៅគ្រប់ទីកន្លែង គ្រប់ជាតិភព សមដូចព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងថា "កម្មពន្ធុ_កម្មជាពូជពង្សផៅសន្តានរបស់យើង" ។ 


សំណេរបែបខ្ចីអំណាច?


សំណេរបែបខ្ចីអំណាច?

[គួរអានសម្រាប់ស្មេរសង្គម]

 

យុវជន​ដែល​បាន​អាន​អត្ថបទ​នេះ គឺ​ប្រៀប​ដូច​ទទួល​បាន​ពន្លឺ​មួយ​ដែល​អាច​បើកផ្លូវ​បង្ហាញ​ឱ្យ​យើង​ទទួល​បាន​គំនិត វិធី​សាស្រ្ត ឧបាយ និង​សិល្បៈ​ក្នុង​ការ​បញ្ចេញ​គំនិត ឬការយល់ឃើញ​របស់​ខ្លួន​តាមរយៈ​សំណេរ។ គំនិត​របស់ខ្ញុំ​តាំងពី​ដើម​រៀងមក ខ្ញុំ​ហាក់​នៅ​មានចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការចែក​រំលែក​នូវ​ឧបាយ​នៃ​ការ​សរសេរ​អត្ថបទ​បែបនេះ។ មូលហេតុ គឺ​ដោយសារតែ​ខ្ញុំ​បារម្ភ​ខ្លាច​ថា ស្មេរ​ដែល​ចរិត​មិនទាន់​ចាស់ទុំ នឹង​ប្រើប្រាស់​ឧបាយ​សរសេរ​អត្ថបទ​បែបនេះ​ខុសផ្លូវ ដោយ​ពុំ​បាន​គោរព​ទៅតាម​គោលការណ៍​សុចរិតធម៌ សីលធម៌ គុណធម៌ និង​ផលប្រយោជន៍​រួម​។ វិជ្ជា​ជា​អំណាច តែបើ​វិជ្ជា​រណប​អំណាច គឺ​ហៅថា ពាល​។ វិជ្ជា​អាច​ត្រលប់​ទៅជា​ពាល បើកាលណា​មនុស្ស​ប្រើប្រាស់​ចំណេះដឹង​ខុសសីលធម៌ និង​មិន​គិតគូរ​ពី​គោលការណ៍​នៃ​ប្រយោជន៍​រួម។ ចំណេះវិជ្ជា បើ​កាន់តែ​ខ្ពស់ គឺ​កាន់តែ​គ្រោះថ្នាក់ ដោយ​មិនថា​ជា​គ្រោះ​សម្រាប់​សង្គម ឬជា​គ្រោះថ្នាក់​សម្រាប់​ខ្លួនឯង​ទេ ដ្បិត​បើ​យើង​ប្រើ​មិន​ស្រប​នឹង​គោលការណ៍​ត្រឹមត្រូវ។ មនុស្ស​មាន​វិជ្ជា កាលបើ​មិន​មាន​សេចក្តីល្អ​ក្នុង​ខ្លួន​ទេ គឺ​នឹង​យក​វិជ្ជា​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវខុស​ជាក់ជា​មិនខាន។ តើ​ហេតុអ្វី​ខ្ញុំ​និយាយ​ពី​សេចក្តីល្អ​ខាងក្នុង សុចរិតធម៌ សីលធម៌ គុណធម៌ មុន​ចូល​ដល់​ខ្លឹមសារ​អត្ថបទ​?

 

ចម្លើយ​នៃ​សំណួរ​ខាងលើ​នេះ គឺ​ត្រូវ​ឆ្លើយ​បែប​ចោទសួរ​ត្រលប់​ទៅវិញ​ថា តើ​ហេតុអ្វី​យើង​ចង់​ក្លាយ​ខ្លួន​ទៅជា​អ្នកនិពន្ធ​ឬជា​ស្មេរ​? សំណួរ​ដែល​បាន​សួរ គឺជា​ចម្លើយ។ ការ​ធ្វើ​កិច្ចការ​អ្វីមួយ គឺ​ត្រូវការ​ហេតុផល​សមស្រប ជាហេតុ​ផល​ពិតប្រាកដ មិនមែន​ហេតុផល​បែប​ស្រោប​សម្បក​ដូច​ឈើ​គ្មាន​ខ្លឹម។ កិច្ចការ​ដែល​លំបាក​បំផុត វា​ជា​កិច្ច​ដែល​ធ្វើ​យកមែន​ទែន ធ្វើ​ដោយមាន​បុព្វហេតុ​ត្រឹមត្រូវ ធ្វើ​ដោយពិត​ប្រាកដ មិនមែន​ធ្វើតាម​អារម្មណ៍​ចង់តែ​ម្យ៉ាង​ទេ។ កិច្ចការ​ដែល​ងាយ​បរាជ័យ​បំផុត គឺជា​ការងារ​ដែល​យើង​ចង់​ធ្វើ​ក្នុង​ន័យ​ផ្សេង ជាពិសេស​ចង់ ព្រោះ​ឃើញ​ប្រយោជន៍ ចង់បាន​មុខមាត់ ចង់ល្បី​ឈ្មោះ ចង់​ព្រោះ​តណ្ហា។ តើ​យើង​ចង់​ធ្វើជា​អ្នកនិពន្ធ​ព្រោះ​អ្វី​? តើ​យើង​ចង់​សរសេរ​ព្រោះ​អ្វី​? តើ​ងារ​ជា​អ្នកនិពន្ធ មានប្រយោជន៍​អ្វី​ចំពោះ​យើង ឬក៏​ចំពោះ​សង្គម ឬក៏​មានប្រយោជន៍​អ្វីខ្លះ​ដល់​យើង​ផង និង​ដល់​សង្គម​ផង​? តើ​យើង​បាន​ត្រៀមខ្លួន​រួចរាល់​កម្រិត​ណា​? តើ​យើង​មាន​ឆន្ទៈ​ពិត​កម្រិត​ណា​? តើ​យើង​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ជាក់ស្តែង​កម្រិត​ណា​? តើ​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​ក្នុង​កម្រិត​ណា​? មុននឹង​សម្រេចចិត្ត​ធ្វើអ្វី​មួយ គឺ​យើង​ត្រូវ​សួរ​ខ្លួនឯង​ឱ្យ​អស់។ បើ​យើង​កាន់តែ​សួរ​ខ្លួនឯង​បាន​ច្រើន​ប៉ុនណា យើង​ក៏​ដឹង​ចម្លើយ​ច្រើន​ប៉ុណ្ណោះ​ដែរ។ តើ​អ្វី​ជា​សំណេរ​បែប​ខ្ចី​អំណាច ឬខ្ចី​ឥទ្ធិពល​អ្នកដទៃ​?

 

សំណេរ​បែប​ខ្ចី​អំណាច វា​ប្រៀប​ដូចជា​ការ​ជជែក​ដេញដោល​ផ្ទាល់មាត់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​អ្នកដទៃ​សុខចិត្ត​ស្របតាម ឬមិន​ស្របតាម។ ពេល​យើង​ចង់និយាយ​ពី​ប្រធានបទ​មួយ តើ​យើង​ត្រូវ​ធ្វើបែប​ណា ទើប​អ្នកដទៃ​ជឿ​តាម និង​ស្របតាម​? មែនទែន​ទៅ វិធី​សាស្រ្ត​សរសេរ​បែបនេះ វា​ក៏​មិន​ខុសគ្នា​ពី​ការ​ជជែក​ដេញដោល​ផ្ទាល់​នោះ​ដែរ។ ការ​ជជែក​ដេញដោល​ទាំងឡាយ គឺ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ទទួល​យល់ស្រប ឬមិន​យល់ស្រប​នូវ​អ្វី​ដែល​យើង​ចង់​បង្ហាញ​ឬអះអាង។ ក្នុង​សំណេរ​ខ្ចី​អំណាច គឺ​អ្នកនិពន្ធ​ត្រូវការ​អំណាច ៣ធំៗ៖ អំណាច​ទី១ គឺ​អំណាច​នៃ​ទឡ្ហីករណ៍ (power of argument​) ដែល​មាន​លក្ខណៈ​ជា​ភស្តុតាង​ជាក់ស្តែង ស្ថានភាព​ជាក់ស្តែង កាលៈទេសៈ​ជាក់ស្តែង ប្រកែក​មិនបាន។ បើ​សរសេរ​ពី​ប្រវត្តិ​សាស្រ្ត គឺ​ត្រូវ​រក​ភស្តុតាង​ជាក់ស្តែង​មក​បង្ហាញ ទីតាំង​កើតហេតុ​ជាក់ស្តែង​មក​អះអាង ឬជា​វត្ថុ​តាង​ជាក់ស្តែង​មក​ធ្វើជា​ទឡ្ហីករណ៍។ អំណាច​ទី២ គឺ​អំណាច​នៃ​ឥទ្ធិពល ឬអាជ្ញា (power of authority​) ដែល​សំដៅ​ទៅលើ​ការប្រើ​ប្រាស់​គំនិត​របស់​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​បុរាណ​ឬសម័យ។ គំនិត​របស់​អ្នកមាន​ឥទ្ធិពល អាច​ជា​អ្នកប្រាជ្ញ មនុស្ស​មានអំណាច មនុស្ស​ដែល​សង្គម​ទទួលស្គាល់។ អំណាច​ទី៣ គឺជា​អំណាច​នៃ​ការបញ្ចុះបញ្ចូល (power of persuasion​) ឬការ​លួងលោម​អ្នកអាន​ឱ្យ​ជឿ​តាម ឱ្យ​ស្របតាម ឬប្រឆាំង​អ្វី​ដែល​បាន​លើក​មក​បង្ហាញ។ ការ​សរសេរ​សំណេរ​ខ្ចី​អំណាច គឺ​ត្រូវ​មាន​ធាតុ​ទាំង​បី​ខាងលើ ដ្បិត​បើ​យើង​ចង់​សរសេរ​ពី​អ្វី គឺ​ត្រូវ​មានគំនិត​គាំទ្រ យក​កាលៈទេសៈ​ជាក់ស្តែង​មក​បង្ហាញ ដែល​អាច​ឱ្យ​អ្នកអាន​គាំទ្រ និង​បញ្ចុះបញ្ចូល​បែប​ចិត្ត​សាស្រ្ត​រុញ​ឱ្យ​អ្នកអាន​យល់ស្រប ឬមិន​យល់ស្រប​​តាមចេតនា​របស់​យើង។ ក្នុងនាម​ជា​អ្នកនិពន្ធ ហេតុអ្វី​ត្រូវការ​ឧបាយ​ក្នុង​ការ​សរសេរ​?

 

អ្នក​ដែល​អាច​មាន​សមត្ថភាព​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​បាន លុះត្រាតែ​ជា​ស្មេរ​ដែល​មានចំណេះ​ដឹង​ច្រើន​គួរសម ដឹង​ប្រភព​គំនិត​យ៉ាង​សម្បូរ​បែប បាន​ស្រាវជ្រាវ​គំនិត​ច្រើន​ប្រភព មានការ​ចងចាំ​នូវ​គំនិត​នានា​ច្បាស់លាស់​ល្អ ចេះ​ស្គាល់​កាលៈទេសៈ​ជាក់ស្តែង ព្រមទាំង​អាច​ច្របាច់​គំនិត​ជាមួយ​កាលៈទេសៈ​សង្គម​បញ្ចូល​គ្នា រួចហើយ​វិភាគ​បាន​ស៊ីជម្រៅ​រហូត​បង្កើត​បាន​ជា​គំនិត​ថ្មី​ដែល​អាច​ពិចារណា​បាន។ ខ្ញុំ​នឹង​សាកល្បង​បកស្រាយ​ក្នុង​ន័យ​ចិត្ត​សាស្រ្ត ឬធម្មជាតិ​នៃ​ចិត្ត​របស់​មនុស្ស។ សត្វ​មាន់​ចូលចិត្ត​អង្ករ ឬចំណី​លើ​ដី ដ្បិត​ទោះបី​យើង​យក​ដុំ​មាស​ទៅ​បោះ​លើ​ដី តែ​សត្វ​មាន់​នឹង​ជ្រើសរើស​យក​គ្រាប់អង្ករ។ ចំពោះ​ធម្មជាតិ​នៃ​មនុស្ស​ក៏​ស្រដៀងគ្នា​ដែរ ដ្បិត​បើ​មនុស្ស​ណា​មាន​លក្ខណៈ​បែប​ណា មាន​ចរិត​បែប​ណា មាន​ចំណង់​ចំណូលចិត្ត​បែប​ណា ខ្លួន​គេ​ក៏​នឹង​ពេញចិត្ត​ចាប់​យក ឬជ្រើសរើស​របស់​នោះ​ទៅតាម​ចិត្ត​ខាងក្នុង​របស់​ខ្លួន។ ឧទាហរណ៍ មាន​មនុស្ស៣នាក់ ជា​អ្នកមើល​រឿង​សាម​កុក​ដូចគ្នា ហើយ​ម្នា​ក់ៗ​សុទ្ធតែ​មាន​ចរិតលក្ខណៈ​ដែល​ជា​សន្តាន​ខុស​ៗគ្នា។ បើ​មនុស្សម្នាក់​ជា​មនុស្ស​មាន​ល្បិច​ច្រើន មាន​កិរិយា​ជា​មនុស្ស​មានកល កាលបើ​បាន​មើល​រឿង​សាម​កុក គឺ​នឹង​ចាប់​យក​ចំណុច​ល្បិចកល​ពី​ក្នុង​រឿង​, ឬបើ​មនុស្ស​ណា​មាន​ចរិតលក្ខណៈ​ជា​មេដឹកនាំ ក៏​នឹង​មើលឃើញ​ចំណុច​នៃ​ភាពជា​អ្នកដឹកនាំ ហើយ​ចាប់​យក​ចំណុច​នៃ​ភាពជា​អ្នកដឹកនាំ​ពី​ក្នុង​រឿង។ ប៉ុន្តែ​បើ​អ្នកណា​ម្នាក់​មាន​ចរិតលក្ខណៈ​ជា​អ្នកសាសនា គឺ​នឹង​មើលឃើញ​ចំណុច​អប់រំ​ផ្លូវចិត្ត​ពី​ក្នុង​រឿង។ នេះ​ជាឧទាហរណ៍​ដ៏​ងាយ​យល់​អំពី​ចរិត​ធម្មជាតិ ឬសន្តាន​នៃ​មនុស្ស​ម្នា​ក់ៗ។ ជា​ធម្មជាតិ​មនុស្ស បុគ្គល​គិត​អ្វី គឺ​នឹង​និយាយ​នោះ។ បុគ្គល​និយាយ​បែប​ណា នឹង​ផ្ចង់​កាយវិការ​ធ្វើ​នូវ​សកម្មភាព​នោះ។ បុគ្គល​ធ្វើ​នូវ​សកម្មភាព​ណា គឺ​នឹង​មានវាសនា​បែប​នោះ។ តើមាន​ទំនាក់ទំនង​គ្នា​បែប​ណា​រវាង​គំនិត និង​មនុស្ស​ដែល​បង្ហាញ​គំនិត​?

 

លើ​លោក​យើង​នេះ ពុំ​មាន​បុគ្គល​ណា​ម្នាក់​អាចប​ដិ​សេ​ធថា មិនបាន​រៀនសូត្រ​ពី​អ្នកប្រាជ្ញ ឬបុគ្គល​ពីអ​តី​តកាល​ទេ ពីព្រោះ​ពុំ​មាន​បុគ្គល​ណា​ម្នាក់​កើតមក​ចេះ​ស្រាប់​សោះ​ឡើយ។ មនុស្ស​ដែល​បដិសេធ​គម្ពីរ​ក្បួនខ្នាត​ចោល ច្រើន​ជា​មនុស្ស​​គិត​អ្វី ​ធ្វើអ្វី​តាមទំនើងចិត្ត គ្មាន​ផែនការ គ្មាន​គោលការណ៍​... ក្នុង​ការសិក្សា​រៀនសូត្រ យើង​ជា​មនុស្ស​សម័យថ្មី រមែង​រៀន​សូ​ត្រ​តៗ​គ្នា​ពី​អ្នក​ជំនាន់​មុន ឬពី​អ្នកចេះដឹង​ដែល​បាន​ស្លាប់​បាត់​ហើយ។ ក្នុង​ពិភព​នៃ​សំណេរ ឬចំណេះដឹង​ពិភពលោក​ទាំងអស់ យើង​ត្រូវ​មើល​ប្រភព​ដើម​នៃ​វប្បធម៌ ឬសាស​នា ដ្បិត​ដោយសារ​សង្គម​ខ្លះ​មាន​វប្បធម៌​ប្រកាន់យក​សាសនាព្រះពុទ្ធ អ៊ីចឹង​ទើប​សំណេរ ឬចំណេះដឹង ឬរបៀបរបប​សង្គម ក៏​មានព្រលឹង​បែប​ពុទ្ធនិយម​ដែរ។ បើ​ប្រភព​វប្បធម៌​ជា​គ្រិស្តសាសនា គឺ​សំណេរ ចំណេះដឹង ការ​ផ្សព្វផ្សាយ ឬផ្នត់គំនិត ឬរបៀបរបប​រស់នៅ ក៏​មានព្រលឹង​បែប​គ្រិស្តសាសនា​ដែរ។ តួយ៉ាងដូចជា​អ្នកប្រាជ្ញ​ខ្មែរយើង​ពី​បុរាណសម័យ ដែល​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា និង​ពី​ទ្រឹ​ស្តី​ពុទ្ធនិយម ក៏​មានព្រលឹង​បែប​ពុទ្ធនិយម ឬផ្នត់គំនិត​បែប​ព្រហ្មញ្ញ​សាសនា​ដូចគ្នា​ដែរ។ គំនិត​ទាំងឡាយ​នឹង​ត្រូវ​បាន​ច្នៃ​ប្រតិដ្ឋ និង​នវានុវត្តន៍ (Innovation​) ឱ្យ​ត្រូវ​តាមសម័យ​កាល និង​សមស្រប​តាម​កាលៈទេសៈ​សង្គម​ជាក់ស្តែង។ នេះ​មានន័យថា គំនិត​ចាស់ បូក​នឹង​គំនិត​ថ្មី បង្កើត​បាន​ជា​លទ្ធផល​ដោយឡែក​ផ្សេង​មួយទៀត និង​អាច​ប្រើ​ការណ៍​បាន​ក្នុង​កាល​ជាក់ស្តែង​។ តើ​អ្វី​ជា​ស្នូល​គំនិត ឬសម្បក​គំនិត​? នៅពេល​ណា​យើង​បាន​សិក្សា​ពី​ចរន្ត​គំនិត ប្រភព​គំនិត និង​កាលៈទេសៈ​គំនិត គឺ​យើង​នឹង​ចេះ​ស្ទាបស្ទង់ ច្នៃ​ប្រតិដ្ឋ គិត​បែប​ថ្មី លៃ​ឱ្យ​គំនិត​រត់ចេញ​ទៅដល់​ខួរក្បាល​មនុស្ស ឬច​រិត​មនុស្ស​ក្នុង​សង្គម។ ជា​ធម្មតា សំណេរ​ដែល​ល្អ គឺ​ត្រូវការ​គំនិតល្អ ពីព្រោះ​គំនិត​ជា​ខ្លឹម​នៃ​សំណេរ ប្រៀប​ដូចជា​ខ្លឹម​មនុស្ស​ស្ថិតនៅ​ត្រង់​ចំណេះវិជ្ជា។

 

រី​ឯវិធី​សាស្រ្ត​ខ្ជាក់​គំនិត ឧបាយ​បង្ហាញ​គំនិត គឺ​ប្រៀប​នឹង​សម្បក​សម្រាប់​ស្រោប​គំនិត។ ពេលណា​យើង​មានគំនិត​ច្រើន យើង​អាច​ខ្ជាក់​គំនិត​តាម​ឧបាយ​ជាច្រើន​ដូចជា តាមរយៈ​កំណាព្យ តាមរយៈ​ប្រលោមលោក តាមរយៈ​អត្ថបទ​ពាក្យរាយ តាមរយៈ​ការ​និយាយ តាមរយៈ​ការ​ឆ្លាក់​ជា​ចម្លាក់។ គំនិត​ស្នូល គឺ​នៅតែ​ជា​គំនិត​ស្នូល រី​ឯវិធី​បញ្ជ្រាប​គំនិត គឺ​មាន​ច្រើន​របៀប ប្រៀប​ដូចជា​ដើមត្នោត​មួយ​ដើម ដ្បិត​បើ​យើង​ចង់​យក​ផ្លែ​ទៅ​ធ្វើ​នំ​ក៏បាន ឬយក​ស្លឹក​ទៅ​ប្រក់​ដំបូលផ្ទះ​ក៏បាន ឬយក​ដើម​ទៅ​ធ្វើ​ឈើ​ក៏បាន ឬកៀប​យក​ទឹកត្នោត​ក៏បាន ឬកូរ​ធ្វើជា​ស្ករត្នោត​ក៏បាន។ ខ្ញុំ​ចង់​ប្រៀបធៀប​នឹង គំនិត​មេ ឬខ្លឹម​គំនិត ឬស្នូល​គំនិត​ ដ្បិតថា​បើ​ទោះបី​យើង​ចង់​យកគំនិត​ទៅ​បង្ហាញ​ជា​លក្ខណៈ​ប្រលោមលោក​ក្តី ឬកំណាព្យ​ក្តី ឬជា​អត្ថបទ​បែប​ណា​ក៏បាន​ដែរ តែ​អ្វី​ដែល​សំខាន់ គឺ​គំនិត​ស្នូល ឬខ្លឹម​គំនិត​ខាងក្នុង​ឯណោះ​ទេ ដែល​ជា​​ព្រលឹង។ គំនិត​ស្នូល ឬគំនិត​មេ ឬខ្លឹម​គំនិត ប្រៀប​ដូចជា​វត្ថុធាតុដើម។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មាន​ទស្សនៈ​ថា អ្នកនិពន្ធ ត្រូវតែ​ជា​អ្នកអាន​ច្រើន សិក្សា​ស្រាវជ្រាវ​ច្រើន​ប្រភព និង​យល់​ពី​កាលៈទេសៈ​ប្រើប្រាស់​គំនិត​ឱ្យ​បាន​ត្រឹមត្រូវ​។ តើ​អ្វី​ជា​ខ្លឹមសារ​ស្នូល​នៃ​អត្ថបទ​នេះ​? អ្នកប្រាជ្ញ​មាន​ច្រើន គំនិត​មាន​ច្រើន សាសនា​មាន​ច្រើន។ បើ​មុជ​ជ្រៅ​ក្នុង​ការសិក្សា​រៀនសូត្រ មុជ​ជ្រៅ​ក្នុង​ការស្វែងរក មុជ​ជ្រៅ​ក្នុង​ការស្រាវជ្រាវ និង​មុជ​ជ្រៅ​ក្នុង​ការ​ចំណាយពេល​វេលា​ឈ្វេងយល់ គឺ​យើង​នឹង​ជួប​គំនិត​យ៉ាងច្រើន ប្រៀប​ដូចជា​សមុទ្រ​ដែល​កម្រ​នឹង​រីងស្ងួត។ បរិមាណ​ដ៏​ច្រើន​នៃ​គំនិត​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​យើង​មាន​ជម្រើស​ចាប់​យកគំនិត​មក​សរសេរ។ បើ​យើង​ជា​មនុស្ស​ល្អ យើង​នឹង​ចាប់​យក​គំ​និ​តល្អ​ៗដើម្បី​សរសេរ តែបើ​យើង​ជា​មនុស្ស​មិនល្អ​ទេ គឺ​យើង​នឹង​ចាប់​យកគំនិត​មិនល្អ​មក​សរសេរ។

 

សំណេរ​បែប​ខ្ចី​អំណាច​នេះ វា​មាន​លក្ខណៈ​គ្រោះថ្នាក់​សម្រាប់​អ្នកនិពន្ធ​ដែល​មិន​ស្គាល់​ខ្លួនឯង មិន​ស្គាល់​ចរិតមនុស្ស​ក្នុង​សង្គម និង​មិន​មានចំណេះ​ដឹង​សង្គមវិជ្ជា​ជាក់ស្តែង។ ធម្មជាតិ​អ្នកអាន​ក្នុង​សង្គម​យើង គឺ​ងាយ​លង់​ជឿ​គំនិត​ទាំងឡាយ​ណា​ដែល​សន្មត​ថា ជា​គំនិត​បុគ្គល​អ្ន​កល្បី​ៗ ជា​គំនិត​អ្នកប្រាជ្ញ ជា​គំនិត​ទស្សនវិទូ ជា​គំនិត​មេ​សាស​នា​ធំៗ។ល។ ប៉ុន្តែ​តាម​ការពិចារណា​របស់ខ្ញុំ គឺថា មិនមែន​ឱ្យ​គំនិត​អ្នកប្រាជ្ញ គឺ​សុទ្ធតែ​ត្រូវ​ទាំងអស់​ទេ។ គំនិត​ខ្លះ វា​មិន​ខុស​ទេ តែ​ខុស​តែ​កាលៈទេសៈ​ជាក់ស្តែង​ប៉ុណ្ណោះ។ គំនិត​ខ្លះទៀត​មិន​ត្រឹមត្រូវ​ទាំងអស់​ទេ តែ​វា​អាច​ត្រូវ​បានតែ​មួយ ឬពីរ​កាលៈទេសៈ​ប៉ុណ្ណោះ​។ ការ​អាន​សំណេរ​បែប​ខ្ចី​អំណាច គឺ​ត្រូវការ​អ្នកអាន​ដែល​ចេះ​ពិចារណា​ខ្ពស់​បំផុត ហើយ​អ្នកនិពន្ធ​ខ្លួនឯង ក៏​ត្រូវជា​អ្នកមាន​ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ីជម្រៅ​ផង​ដែរ។ ក្នុងនាម​ជា​អ្នកនិពន្ធ យើង​ត្រូវ​ដឹង​ថា គំនិត​ណា​គួរ​យក​មក​សាបព្រោះ​ក្នុង​សង្គម ហើយ​គំនិត​ណា មិន​គួរ​យក​មក​សាបព្រោះ។ ពេលណា គួរ​គំនិត​ណា អាច​សាបព្រោះ​បាន ឬពេលណា គួរ​គំនិត​ណា មិន​គួរ​សាបព្រោះ​បាន​ជាដើម​។ អ្នកនិពន្ធ​ដែល​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​អ្នកដទៃ ឬខ្ចី​អំណាច​អ្នកប្រាជ្ញ គឺ​គួរតែ​ព្យាយាម​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្រើន​ពី​ជម្រៅ​សាសនា ទស្សនវិជ្ជា ភាពជា​អ្នកដឹកនាំ សង្គមវិជ្ជា ច្បាប់​ជាក់ស្តែង​របស់​រដ្ឋ​...ជាពិសេស​គួរ​អាន​ព្រះ​ត្រៃបិដក​ខ្មែរ (Tipiaka​), អាន​គម្ពីរប៊ីប (Bible​), អាន​គម្ពីរ​គួរ​អាន (Quran​) ឈ្វេងយល់​ពី​ភាសិត ឬគំនិត​ក្នុង​ព្រហ្មញ្ញ​សាសនា។ល។ តើ​អ្នកនិពន្ធ​បែប​ណា គួរ​រៀន​សរសេរ​សំណេរ​បែប​ខ្ចី​អំណាច​?

 

ការ​អាន​សៀវភៅ ឬគម្ពីរ​សាសនា​បាន​ច្រើន វា​ជួយ​អ្នកនិពន្ធ​ឱ្យ​យល់​ពី​កាលៈទេសៈ​នៃ​គំនិត ការ​មិន​ប្រកាន់​មាំ​ហួស​ចំពោះ​គំនិត។ ឧបាទាន ឬការ​ប្រកាន់​មាំ គឺជា​គ្រឿង​នាំ​ឱ្យ​មនុស្ស​អវិជ្ជា កើតក្តី​ប្រមាថ​សាសនា​ដទៃ ជាប់​ក្នុង​ទ្រុង​មាស​នៃ​គំនិត ចេញ​មិន​ផុត​ទៅដល់​ព្រៃ​នៃ​ឥស្សរភាព​ជីវិត ដូច​ទស្សនៈ​បែប​ពុទ្ធនិយម​ខ្មែរយើង​ថា មាន​អវិជ្ជា ជា​ប្រភព ងងឹត​ដូច​យប់ គ្រប់វេលា​។ អ្នកនិពន្ធ​វ័យក្មេង គួរ​សរសេរ​សំណេរ​បែបនេះ​ជាដំបូង ពីព្រោះ​នេះ​ជា​វិធី​រៀនសូត្រ​ម្យ៉ាងដែរ ដែល​យើង​អាច​រៀន​សរសេរ​ផង ថ្នឹក​នឹង​ការ​រៀន​គិត​ផង និង​រៀន​ស្រាវជ្រាវ​ផង។ ក្នុង​ស្ថានភាព​ខ្លះទៀត ពេលណា​យើង​មានគំនិត​ច្រើន ដឹង​ប្រភព​គំនិត​ច្រើន ពូកែ​ស្រាវជ្រាវ ទោះ​យើង​ចង់​សរសេរ​ខ្ចី​អំណាច​អ្នកប្រាជ្ញ​ក៏បាន ឬចង់​សរសេរ​បែប​គំនិត​ខ្លួនឯង​ក៏បាន​ដែរ​។ ក្រៅពី​នេះ សម្រាប់​បញ្ញវន្ត​ថ្នាក់ខ្ពស់ គឺ​ប្រហែលជា​ចូលចិត្ត​ការ​សរសេរ​បែប​សំយោគ​គំនិត​ច្រើនជាង [គំនិត​ខ្លះ​មិន​ឆ្ងាយ​ពី​គំនិត​បុ​រា​ណៗ ឬខ្លឹម​គំនិត​ពីអ​តី​តកាល​ទេ តែ​អាច​ខុស​ពាក្យពេចន៍ ឬដូច​វិធី​តែងកំណាព្យ កវី​ជំនាញ​ខាង​ពាក្យ​ណែងណង រណ្តំ​ចុង​ជួន ពីរោះ​ពីសា​...]។ ទោះ​យើង​ជា​អ្នកនិពន្ធ​ក៏ដោយ ឬជា​អ្នកអាន​ក៏ដោយ ឬជា​អ្នករៀន​សូត្រ​ក៏ដោយ គឺ​ត្រូវ​ប្រកាន់​គោលការណ៍ ធ្វើ​ទង្វើ​ជាក់ស្តែង​ ក្រោយពី​មានចំណេះ​ដឹង​ហើយ ចៀសវាង​ការទាស់ទែង​គ្នា​នឹង​គំនិត។ គំនិត​ច្រើន គឺ​ពិបាក​រកខុសរកត្រូវ​ឱ្យ​ប្រាកដ​ណាស់ តែ​លក្ខខណ្ឌ​ដែល​កំណត់​ថា​គំនិត​មួយ​ត្រូវពិត​ប្រាកដ គឺជា​លទ្ធផល​ល្អ​នៃ​ការអនុវត្ត​ន៍​គំនិត។ នៅចន្លោះ​គំនិត និង​លទ្ធផល គឺជា​សកម្មភាព

 

សង្គម​ប្រជាធិបតេយ្យ គឺ​ត្រូវការ​ការចូលរួម​ធ្វើ​ តែ​មិនមែន​ចូលរួម​ឈ្លោះ​ទេ។ រក​ឱកាស​ធ្វើសកម្មភាព​ជាក់ស្តែង បើ​យើង​ជា​អ្នកមាន​ចំណេះដឹង។ មនុស្ស​គ្រប់គ្នា​ចង់និយាយ ដ្បិត​អ្នកខ្លះ​យល់ថា​សម្តី​អាច​បង្ហាញ​ពី​ចំណេះដឹង​របស់​ខ្លួន ប៉ុន្តែ​សំ​ឡេង​ដែល​ឮបំផុត គឺជា​សំឡេង​នៃ​សកម្មភាព​ជាក់ស្តែង​ឯណោះ​ទេ។ ដើរ​បាន​ច្រើន ទើប​ដឹង​ថា​ផ្លូវ​វែងឆ្ងាយ។ អាន​បាន​ច្រើន ទើប​ដឹង​ថា​ចំណេះដឹង​មាន​ច្រើន ច្រើន​រកតែ​ថា​មួយ​ណា​ខុស មួយ​ណា​ត្រូវ មួយ​ណា​ល្អ មួយ​ណា​អាក្រក់ ពុំ​បាន។ អ្នកនេះ​ថា​ការ​គិត​នេះ​ត្រូវ អ្នក​ខាង​នោះ​ថា​គំនិត​នេះ​ខុស។ល។ ចុងក្រោយ​បំផុត យើង​មិន​គួរ​យកចំណេះ​ដឹង មក​ដាក់​ឱ្យ​ខ្ពស់​ជាង​តម្លៃ​នៃ​បេះដូង​ដ៏​បរិសុទ្ធ​ទេ។ សូម​ឱ្យ​អត្ថបទ​នេះ​ក្លាយទៅជា​ប្រយោជន៍​សម្រាប់​យុវជន​ដែល​មានបំណង​ចង់​ក្លាយទៅជា​អ្នកនិពន្ធ។ ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា តម្លៃ​នៃ​ចំណេះដឹង គឺ​ស្ថិតនៅ​លើ​សីលធម៌ សុជីវធម៌​រស់នៅ គុណភាព​នៃ​ជីវិត និង​ការបាន​ជាទី​ពឹង​ចំពោះ​អ្នក​ជំនាន់​ក្រោយ​។ ប្រឹងរៀន​សូត្រ ធ្វើ​យ៉ាងណា​ឱ្យ​ស្គាល់​ខ្លួន​ច្បាស់ ដឹង​ផ្លូវ​ខ្លួនឯង​ត្រូវ​ទៅ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ យើង​នឹង​វង្វេង។ ប្រឹងប្រែង​រៀន ប្រឹងប្រែង​ស្រាវជ្រាវ សហការ​គ្នា ធ្វើការ​សំខាន់​៕


Thursday, July 30, 2020

អនុទិនទស្សនជីវិត ១៨


ពេលណានិយាយដល់អំពើល្អ មានមនុស្សជាច្រើនគិតទៅដល់ការឲ្យនេះឲ្យនោះ ដល់មនុស្សពួកនេះដល់មនុស្សពួកនោះ ទើបមើលឃើញពីការរាំងស្ទះច្រើនក្នុងការបំពេញសេចក្ដីល្អអស់រលីង ។ តាមពិតទៅ ការដែលមិនទៅធ្វើអំពើអាក្រក់ផ្សេងៗក៏ឈ្មោះថាបានធ្វើសេចក្ដីល្អម្យ៉ាង និងការរតុបតែងចិត្តរបស់ខ្លួនឲ្យស្អាតហ្មត់ហ្មង ជាអំពើល្អវិសេសណាស់ទៅហើយ ។ ការចម្រើនមេត្តាចិត្តនេះ មានគុណានិសង្សច្រើនជាងថ្នាក់ឲ្យរបស់របរ និងការរក្សាបាននូវសីលនេះមួយទៀត ព្រោះអំពើល្អទាំងអស់នេះចូលទៅដល់ដួងចិត្តដោយត្រង់ ។


អនុទិនទស្សនជីវិត ១៧


សេចក្ដីល្អក្នុងលោកនេះក៏មានច្រើន កើតឡើងតាមកាយ តាមវាចា និងតាមចិត្ត បើនិយាយពីកិច្ចការធ្វើនេះវិញមានច្រើនណាស់ ចង់ធ្វើប៉ុន្មានក៏មិនចេះអស់ ប៉ុន្តែហេតុអ្វីទៅហ្ន៎ បានមានមនុស្សខ្លះនិយាយជារឿយៗថា "មិនដឹងជាធ្វើអ្វី?" ហើយយកពេលវេលាងហ្នឹងទៅបោះចោល គួរឲ្យស្ដាយ ពេលវេលាបានផ្ដល់ដល់មនុស្សស្មើៗគ្នាទាំងអស់ ទីបំផុតទៅ តើមានអ្នកណាអាចនឹងយកពេលទាំងអស់ហ្នឹងទៅធ្វើបាន ប្រសិនបើគេយកពេលទាំងអស់ហ្នឹងទៅបំពេញធ្វើជាប្រយោជន៍ ជីវិតរបស់គេក៏មានប្រយោជន៍ មនុស្សចិត្តល្អ ក៏សម្លឹងឃើញផ្លូវធ្វើអំពើល្អបានច្រើន ចំណែកខាងមនុស្សអាក្រក់វិញ ក៏សម្លឹងឃើញផ្លូវអាក្រក់ធ្វើច្រើនដូចគ្នា ។


ឆាប់គិតគូរ


ឆាប់គិតគូរពីចំណុច៣សំខាន់ ដែលយុវជនយើងចាំបាច់ចាប់ផ្តើមគិតគូរឱ្យបានឆាប់ ដើម្បីឱ្យខ្លួនជៀសផុតពីភាពលំបាកពេលអនាគត:

 

១. ចំណេះដឹងទាក់ទងនឹងរឿងលុយកាក់


_ ត្រូវចេះបែងចែកឱ្យដាច់រវាងបំណុលនិងទ្រព្យសម្បត្តិ មិនត្រូវចេះតែខ្ជីលុយគេដើម្បីបង្អួតភាពហឺហារ តែត្រូវប្រើការដើម្បីភាពចាំបាច់បំផុត ។

_ រៀនសន្សំជាបណ្តើរៗ មិនចាយវាយតាមអារម្មណ៍ ទោះយើងមិនមានលុយច្រើនតែវានឹងបង្កើតជាទម្លាប់ សម្រាប់ពេលដែលមានលុយច្រើនជាងនេះ ។

_ យកលុយមកវិនិយោគខ្លួនឯងជាមុន ដោយការរៀនសូត្រ និងបង្កើតពេលវេលា ហើយពេលមានសមត្ថភាពជាងមុន ក៏យើងអាចរកបានប្រាក់ច្រើនជាងមុន ។

_ រៀនធ្វើបញ្ជីចំណូលចំណាយ រៀនចេះគណនាខ្លះៗលើរបៀបគិតប្រាក់ដែលជួបរាល់ថ្ងៃ ហើយដាក់គោលដៅថា ថ្ងៃមុខលុយនឹងធ្វើការឱ្យយើង ពុំនោះទេយើងមុខតែធ្វើការដើម្បីលុយហើយ ។

 

២. ការគ្រប់គ្រងពេលវេលា


_ ពេលវេលាមានតម្លៃស្មើនឹងជីវិត លុយកាក់យើងរកបានឥតកំណត់តែពេលវេលាគឺមិនដូចនោះទេ ។

_ រៀបផែនការនូវកិច្ចការប្រចាំថ្ងៃ ហើយពិនិត្យមើលថាវានឹងជួយឱ្យយើងបន្ថែមគុណតម្លៃរបស់យើង និងមានបានដោះស្រាយកិច្ចការសំខាន់ៗអ្វីខ្លះ?

_ យើងត្រូវកាត់បន្ថយការចំណាយពេលមិនចាំបាច់ដូចជា អង្គុយជុំគ្នាផឹក ឬលេងហ្គេមច្រើនពេក តែមកធ្វើរឿងសំខាន់ៗវិញ ។

_ ឧស្សាហ៍រកវិធីបង្កើនធ្វើឱ្យយើងអាចដោះស្រាយរឿងមួយដែលល្អជាងមុន ដោយចំណាយពេលតិចជាងមុន ។

_ រៀនប្រើប្រាស់ពេលវេលារបស់អ្នកដទៃមកជួយ ព្រោះការងារធំមួយមិនអាចធ្វើបានដោយយើងម្នាក់បាននោះទេ ធ្វើបែបនេះគឺយើងត្រូវហ្វឹកហាត់ខ្លួនដើម្បីក្លាយជាអ្នកដឹកនាំមួយរូប ។

 

៣. ភាពជាអ្នកដឹកនាំ


_ ម្នាក់ៗត្រូវចាប់ផ្តើមឈ្វេងយល់សិល្បៈនៃការដឹកនាំ ទោះបីជាខ្លួនមិនមានដំណែងក៏ដោយព្រោះវានឹងបណ្តុះនិស្ស័យយើងបានខ្លះៗ

_ ការងារវិស័យណា បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយក៏ត្រូវការអ្នកដឹកនាំដែរ

_ ក្នុងសង្គមត្រូវការអ្នកដឹកនាំ ក្រុមហ៊ុន អង្គភាព ជំនួញរបស់យើង គ្រួសាររបស់យើង ជាពិសេសខ្លួនយើងផងដែរ សុទ្ធតែត្រូវការការដឹកនាំល្អ ដូចនេះឈប់សុញសាញ ឈប់រអ៊ូថា ខ្វះអ្នកដឹកនាំល្អទៀត ហើយខំធ្វើខ្លួនជាអ្នកដឹកនាំវិញទៅមើល ។

 

មានកិច្ចការច្រើនទៀតផងដែរ ដែលត្រូវការការចូលរួមពីយុវជនពេញកម្លាំងមិនអាចខ្វះបាន ។ យុវជនត្រូវចាប់ផ្តើមធ្វើឱ្យកាន់តែលឿន ហើយត្រូវធ្វើជាបន្តបន្ទាប់ ចេញពីខ្លួនឯងជាមុន ។ បើយុវជនយើងរវល់តែស្រវឹង ក្រីក្រជំពាក់បំណុលគេជុំទិស តើមានពេលឯណាដើម្បីអភិវឌ្ឍនោះ? ប្រសិនយើងកែប្រែថ្ងៃនេះជំនាន់ក្រោយនឹងប្រសើរជាងជំនាន់យើង ៕

 

Cr. leanghong


Wednesday, July 29, 2020

អនុទិនទស្សនជីវិត ១៦


ប្រសិនបើយើងព្យាយាមហាត់រៀនអត់ធន់រឿងតូចៗបាន ក៏មិនចាំបាច់ទៅទ្រាំអត់ធន់ជាមួយរឿងៗធំៗអ្វីដែរ តែជារឿងគួរឲ្យចម្លែកណាស់ក្នុងពួកមនុស្សលោកនេះ គឺមានមនុស្សជាច្រើន អត់ធ្មត់ចំពោះពាក្យស៊កសៀតប្រមាថមើលងាយពីមនុស្សដទៃមិនបាន ដល់មានអ្នកខ្លះត្រូវទៅវាយដំច្រំធាក់កាប់សម្លាប់គេ តែខ្លួនអាចទ្រាំរស់នៅក្នុងគុក ១០ -២០ ឆ្នាំបាន ឬខ្លះទៀតដល់អស់មួយជីវិតក៏មាន ។

អ្នកខ្លះមិនដល់ទៅវាយដំកាប់សម្លាប់គេទេ ប៉ុន្តែបែរជាយកពាក្យស៊កសៀតចាក់ដោតទាំងនោះ មកសម្លាប់សេចក្ដីសុខខ្លួនឯងទៅវិញ ។ គិតៗទៅ វាគ្មានន័យអ្វីទាល់តែសោះ ប្រសិនបើយើងមិនធ្វើទុកក្នុងចិត្តរបស់យើង ។


អនុទិនទស្សនជីវិត ១៥


ប្រសិនបើយើងសិក្សាអំពីខ្លួនឯង និងយល់អំពីខ្លួនឯងច្បាស់ហើយ ក៏នឹងយល់អំពីអ្នកដទៃបានទៀតផង  ។ ការប្រឹងប្រែងព្យាយាមដើម្បីធ្វើឲ្យអ្នកដទៃយល់ពីខ្លួន ដោយមិនបានយល់ពីខ្លួនឯងនោះ គឺមិនសូវបានផលប៉ុន្មានទេ ។

ការដឹងច្បាស់ពីខ្លួនឯង ឬយល់ពីខ្លួនឯងដោយប្រត្យក្សនោះ ក្រៅពីទទួលបានសេចក្ដីសុខ​ស្ងប់ដល់ខ្លួនហើយ ថែមទាំងជាប្រយោជន៍ដល់សង្គមយ៉ាងច្រើនទៀតផង ។

 


កម្លាំងប្រទាញគ្នា


កម្លាំងប្រទាញគ្នា
[អាច​ចូលរួម​ឆ្លើយ​សំណួរ​ខាង​​ក្រោម]

គ្មាន​នរណា​ម្នាក់​អាច​ធានា​បាន​ថា សេចក្តីល្អ ត្រូវតែ​ឈ្នះ​រហូត ហើយ​សេចក្តី​អាក្រក់​ត្រូវតែ​ចាញ់​រហូត​ទេ​។ មួយ​ណា​ឈ្នះ ឬមួយ​ណា​ចាញ់ គឺ​ត្រូវ​ពឹង​លើ​កម្លាំង​កម្ម ឬដែល​យើង​ហៅថា កម្លាំង​នៃ​ទង្វើ​។ ជីវិត គឺជា​ដំណើរ​នៃ​ការរៀនសូត្រ។ ដំណើរ​នៃ​ការរៀនសូត្រ គឺជា​វិជ្ជា។ ដំណើរ​នៃ​វិជ្ជា គឺជា​សកម្មភាព។ ដំណើរ​នៃ​សកម្មភាព គឺជា​លទ្ធផល។ ទ្រឹស្តីពុទ្ធ​និយម​​ហៅថា គិត បង្កើត​កម្ម ហើយ​ប្រមូល​ផល​

ដំណើរ​នៃ​ការរៀនសូត្រ គឺ​មនុស្ស​ត្រូវ​អប់រំ​ទាំង​ខួរក្បាល និង​អប់រំ​ទាំង​ចិត្ត​ខាងក្នុង​ផង ព្រោះ​បើ​មិន​ដូច្នេះ​ទេ មនុស្ស​នឹង​ប្រើ​ចំណេះដឹង បង្កើត​កម្លាំង​កម្ម​ប៉ះពាល់​ដល់​មនុស្ស​ល្អ ឬធ្វើ​ឱ្យ​សេចក្តី​អាក្រក់​ចម្រើន​រុងរឿង។ បើ​មនុស្ស​ល្អ​ច្រើនជាង​មនុស្ស​អាក្រក់ ចូលរួម​គាំទ្រ​សេចក្តីល្អ គឺ​សេចក្តីល្អ​នឹង​រុងរឿង។ ប៉ុន្តែ​បើ​មនុស្ស​អាក្រក់​ច្រើនជាង​មនុស្ស​ល្អ ចូលរួម​គាំទ្រ​សេចក្តី​អាក្រក់ គឺ​សេចក្តី​អា​ក្រក់​នឹង​រុងរឿង។

ការប្រទាញប្រទង់​រវាង​សេចក្តីល្អ និង​សេចក្តី​អាក្រក់ គឺ​ប្រៀប​ដូចជា​ព្រះអាទិត្យ​រះ​នៅ​ទិសខាងកើត ហើយ​លិច​វិញ​នៅ​ទិសខាងលិច។ ព្រះអាទិត្យ​មិន​អាច​រះ​ផង ហើយក៏​មិន​អាច​លិច​ផង ក្នុង​ពេល​តែមួយ​បានទេ។ ពន្លឺ​និង​អន្ធ​កា គឺ​មាន​សភាព​ស្មើគ្នា។ ពេល​រាត្រី ចន្រ្ទា​តែង​និមិត្ត​ខ្លួន​មក។ ពេលណា​សេចក្តី​អាក្រក់​រុងរឿង​ខ្លាំង​បំផុត កម្លាំង​សេចក្តីល្អ​តិចតួច ពុំ​អាច​សង្គ្រោះបាន​ឡើយ ប្រៀប​ដូចជា​ចន្រ្ទា​ពេលថ្ងៃ​ភ្លឺ​យ៉ាងណា ក៏​ពុំ​អាច​លុប​រស្មី​នៃ​សូ​រិយា​ឱ្យ​អាប់​បាន​ឡើយ។

ទស្សនៈ​នេះ តើ​យើង​អាច​ឆ្លុះមើល​មក​សង្គម​បានទេ​? តើ​អ្នកណា​ខ្លះ​ដែល​មើលឃើញ​សេចក្តីល្អ​ដោយ​សភាព​ពិត ហើយ​គាំទ្រ​សេចក្តីល្អ​ដោយ​សុទ្ធចិត្ត ឥតងាករេ​ចិត្ត​សោះ​? តើ​ត្រឹមត្រូវ​ទេ​ដែល​ថា ការ​បំបែក​ក្រុម​នៃ​សេចក្តីល្អ គឺ​ត្រូវ​បញ្ចូល​ធម៌​ច្រណែន​ចូល​? តើ​មនុស្ស​ល្អ​ៗបែកបាក់​គ្នា ព្រោះតែ​សេចក្តី​ច្រណែន​គ្នា​ឬ? តើ​កម្លាំង​គុណធម៌​អ្វីខ្លះ​ដែល​អាច​ការពារ​កុំឱ្យ​ធម៌​ខ្មៅ ជា​ធម៌​ច្រណែន​គ្នា ចូលក្នុង​ក្រុម​មនុស្ស​ល្អ​បាន​? តើ​មនុស្ស​ល្អ​ម្នា​ក់ៗ​ត្រូវ​ឈរ​នៅ​ទី​ត្រង់ណា ទើប​ជា​ការព្រមព្រៀង​គ្នា​ដ៏​ត្រឹមត្រូវ​? ឈរ​លើ​យុត្តិធម៌ ឬឈរ​លើ​ប្រយោជន៍​រួម ឬឈរ​លើស​ច្ច​ធម៌ ឬឈរ​លើ​ការ​លះបង់​...?

Tuesday, July 28, 2020

អនុទិទស្សនជីវិត ១៤


សេចក្ដីសុខមានច្រើនប្រភេទ បុគ្គលណាពេញចិត្តសេចក្ដីសុខប្រភេទណា ក៏ស្វែងរកសេចក្ដីសុខប្រភេទនោះទៅ ភាពផ្ទុយគ្នានៅត្រង់គុណតម្លៃ ជីវិតរបស់មនុស្ស នឹងមានតម្លៃឬគ្មាន ជាទីបញ្ចប់ទៅថា តើបុគ្គលនោះនឹងស្វែងរកសេចក្ដីសុខឲ្យដល់ជីវិតបែបណា គឺបែបមានគុណតម្លៃ ឬបែបគ្មានគុណតម្លៃ? សេចក្ដីសុខដែលមានគុណតម្លៃនោះ ក្រៅពីធ្វើអំណោយសេចក្ដីសុខឲ្យដល់ខ្លួនឯងហើយ ថែមទាំងជាអំណោយសេចក្ដីសុខដល់អ្នកដទៃយ៉ាងច្រើនទៀតផង ។

អនុទិនទស្សនជីវិត ១៣


ពុទ្ធសាសនានេះ គ្រាន់តែបានអានពុទ្ធប្បវត្តិ នឹងបានយល់ដឹងអំពីពុទ្ធចរិយាដ៏ប្រសើរនោះហើយ ក៏អាចជួយឲ្យធូរស្រាលអំពីទុក្ខកង្វល់បាន មិនចាំបាច់និយាយទៅដល់ការសិក្សា និងបដិបត្តិតាមគោលធម៌ដែលព្រះអង្គទ្រង់បង្រៀនទុកមកទេ និងជាថ្នាំឱសថដ៏វិសេសខ្លាំងណាស់ ។ រឿងរ៉ាវក្នុងព្រះពុទ្ធសាសនានោះ ប្រៀបបានដូចជាដើមឈើធំ ជាដើមឈើអាចធ្វើជាថ្នាំឱសថបានទាំងអស់ តាំងពីឫសកែវ  ដើម ( សម្បក ជ័រ សាច់ស្រាយ និងខ្លឹម ) មែក និងស្លឹក ។ ព្រះសាសនារបស់ព្រះអង្គអស្ចារ្យខ្លាំងណាស់ សម្រាប់ជីវិតសត្វលោកមួយនេះ ។

អនុទិនទស្សនជីវិត ១២


មនុស្សបើពោលដោយសភាពហើយ ជាសត្វលោកដែលគួរដល់នូវសេចក្ដីសង្វេគណាស់ ព្រោះលិចលង់នៅក្នុងអន្លង់ទុក្ខ តែកាលបើបានពិចារណាអំពីប្រព្រឹត្តិកម្មហើយ ពួកខ្លះគួរឲ្យស្អប់ខ្ពើម ​ពួកខ្លះគួរឲ្យចង់ឆ្កឹះចេញ និងពួកខ្លះទៀតគួរឲ្យចង់គោរពបូជា ។

អនុទិនទស្សនជីវិត ១១


មានរឿងជន្លជន្លេញនៅចំពោះមុខ តែខ្លួនអត់ទ្រាំបាន ។ ការអត់ធ្មត់របស់បុគ្គលនោះ លោកហៅថា ប្រសើរ ។ រឿងជន្លជន្លេញនេះមានទាំងគាប់ចិត្ត និងទាំងមិនគាប់ចិត្ត ។ ការអត់ទ្រាំចំពោះរឿងដែលមិនគាប់ចិត្តក៏អាចរាប់ថាល្អណាស់ហើយ តែប្រសិនបើអត់ទ្រាំចំពោះរឿងជាទីគាប់ចិត្តបានទៀតនុ៎ះ កាន់តែប្រសើរឡើងទៀត ព្រោះត្រូវចំណាយកម្លាំងចិត្តខ្ពស់ជាងការអត់ទ្រាំចំពោះភាពបរាជ័យ  សេចក្ដីមិនសមបំណងប្រាថ្នា សូម្បីតែមនុស្សទន់ជ្រាយក៏ល្មមធ្វើបាន ព្រោះតែត្រូវអត់ធ្មត់ ។ ចំណែកការអត់ធន់ចំពោះភាពជោគជ័យ សេចក្ដីសមបំណងប្រាថ្នា ធ្វើចិត្តឲ្យតាំងនៅក្នុងឧបេក្ខាញាណបាននោះ មានតែមនុស្សចិត្តរឹងមាំប៉ុណ្ណោះ ទើបអាចធ្វើបាន ។

មនោសញ្ចេតនាធ្ងន់ហួស


បើ​យើង​សម្រេចចិត្ត​ថា ធ្វើ​ទង្វើ​ជាក់ស្តែង​ គឺ​យើង​ត្រូវ​ប្រឈម​នឹង​កំហុស​ខុស​ឆ្គង​ខ្លះ​ៗគ្រប់ពេលវេលា។ ប៉ុន្តែ​បើ​យើង​អនុវត្ត​សកម្មភាព​ជាក់ស្តែង​បាន​ល្អ ដោយ​ពុំ​មាន​កំហុស​សោះ យើង​អាច​ប្រឈមមុខនឹង​ការ​ច្រណែន។ ពេល​មានចិត្ត​ច្រណែន ចិ​ត្ត​ឈ្នានី​ស​ក៏​កើតឡើង។ ពេល​គំនិត​ចង់​ជាន់ ចង់​ឈ្នានី​ស​កើតឡើង​ហើយ កំហុស​ខ្លះ​ៗ ឬកំហុស​តិចតួច​របស់​យើង​ក៏​នឹង​ត្រូវ​បើក​បង្ហាញ ជា​ភស្តុ​តាង​ដើម្បីជាន់ឈ្លី មើលងាយ ជាន់ពន្លិច វាយប្រហារ។

ជីវិត​ស្រួល​បំផុត គឺ​កុំ​ធ្វើ​អីទាំងអស់ ហើយ​ជីវិត​បែប​នេះ​ តើ​ក្នុងនាម​យើង​ជា​មនុស្សម្នាក់​ដែល​មាន​វត្តមាន​លើ​ផែនដី​នេះ ពិតជា​ប្រាថ្នា​បែបនេះ​មែនទេ​? ជីវិត​ដែល​មិន​ធ្វើអ្វី​សោះ ជីវិត​ដែល​មិន​ធ្វើអ្វី​សោះ​....!! ជាក់ស្តែង​ក្នុង​ការរស់នៅ យើង​មិន​ចង់​វាយ​អ្នកណា​ម្នាក់​ទេ ហើយ​យើង​ក៏​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នកណា​ម្នាក់ ធ្វើ​ឱ្យ​យើង​ឈឺចាប់​បាន​ដែរ។ ពេលខ្លះ​ទៀត ដៃក្តាប់​យ៉ាង​ណែន​ថា នឹង​វាយ​ឱ្យ​ដួល​

តែ​ដោយចិត្ត​ចេះ​ស្ទាប​ចំណេះដឹង ក៏​កើត​អារម្មណ៍​មនោសញ្ចេតនា​មួយ​ថា៖ ក្រែងលោ​វាយ​ទៅ​ហើយ ដៃ​ដែល​មានចំណេះ​ដឹង​ធ្ងន់​ហួស អាច​បង្ក​របួសធ្ងន់​ដល់​អ្នក​ដែល​យើង​វាយ​ទេ​ដឹង​...? ក្តាប់ដៃ ហើយ​ដាក់ចុះ​វិញ ដើរចេញ មិន​ចង់​វាយ តែ​ទុក​ឱ្យ​ពេលវេលា​ជា​អ្នក​បើក​បង្ហាញ​ការពិត។ ក្តីមេត្តា ក្តី​ករុណា កើតឡើង​គ្រប់ពេល ទោះជា​មួយ​មនុស្ស​មិនល្អ​ក៏ដោយ។ មេត្តា ករុណា ព្រោះ​ឃើញ​អវិជ្ជា​នៅ​ពេញ​ខ្លួនមនុស្ស​អាក្រក់ ឬឃើញ​ឈាម​ជា​បង​ជា​ប្អូន​នៅ​ពេញ​កាយ។ នេះ​ឬជីវិត​...?

Monday, July 27, 2020

អនុទិនទស្សនជីវិត ១០


ទោះបីមិនឆ្លាតក្នុងការរៀនសូត្រអក្សរសាស្ត្រជាតិក៏ដោយ ក៏គួរមានឱកាសហ្វឹកហាត់ខ្លួនឲ្យឆ្លាតក្នុងវិថីជីវិត ទើបអាចនាំខ្លួនឲ្យចេញផុតពីអវិជ្ជាបាន ។ ជីវិតនេះស្មុគស្មាញណាស់មិនមានរូបមន្តរៀនទេ បង្រៀនក៏ពិបាក នឹងចេះ និងឆ្លាតបានដោយការសង្កេតកត់ចំណាំទុកដោយខ្លួនឯង ។ ពួកក្មេងៗគួរមានចាំណាប់អារម្មណ៍ត្រង់ចំណុចនេះឲ្យបានខ្លាំង អ្នកឆ្លាតក្នុងការរៀនសូត្របានជួបជាមួយភាពបរាជ័យក្នុងជីវិតនេះមកច្រើនណាស់ ក៏ព្រោះតែខ្លួនមិនចាប់អារម្មណ៍ហ្វឹកហាត់ឲ្យឆ្លាតក្នុងវិថីជីវិតនុ៎ះឯង ។


អនុទិនទស្សនជីវិត ៩


ល្អឬអាក្រក់អាស្រ័យនៅត្រង់ខ្លួនយើង មិនមែនល្អព្រោះមានគេសរសើរ ឬអាក្រក់ព្រោះមានគេរិះគន់ ស្តីបន្ទោសនោះទេ ។ ត្រង់នេះចូលក្នុងគន្លងផ្លូវរបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សំដែងថា សុទ្ធិ អសុទ្ធិ បច្ចត្តំ ប្រែថា បរិសុទ្ធ ឬមិនបរិសុទ្ធ អាស្រ័យលើខ្លួនឯង ។

កាលណាកើតមានដូច្នេះ ចូរធ្វើនាទីរបស់ខ្លួនឲ្យល្អបំផុត ពេញបរិបូណ៌បំផុត ហើយគ្រប់យ៉ាងនឹងល្អឡើង មិនចាំបាច់បារម្ភចំពោះពាក្យសរសើរ ឬរិះគន់ពីអ្នកដទៃនោះទេ ។


អនុទិនទស្សនជីវិត ៨


អាវម៉ូដតែមួយ ពេលមហាចោរពាក់ក៏ក្លាយជាមហាចោរ មនុស្សខ្ជិលពាក់ក៏ក្លាយជាមនុស្សខ្ជិល ពេលអ្នកចិត្តបុណ្យពាក់ក៏ក្លាយជាអ្នកចិត្តបុណ្យ មានមនុស្សបូជា ទីកន្លែងក៏ដូចគ្នា មនុស្សអាក្រក់ចូលមករស់នៅអាស្រ័យ ក៏ក្លាយជាទីកន្លែងគួរឲ្យស្អប់ខ្ពើម គួរឲ្យភ័យខ្លាចរអា តែពេលអ្នកចិត្តបុណ្យចូលទៅនៅអាស្រ័យក៏ក្លាយជាបូជនីយដ្ឋានទៅវិញ ។

មនុស្សយើងមានសាច់មានឈាម មានឆ្អឹងឆ្អែងដូចគ្នា អ្នកផងមើលងាយមើលថោក ឬគោរពបូជា គឺស្ថិតនៅត្រង់ចិត្តដែលនៅក្នុងកាយនុ៎ះឯង កាលណាសច្ចភាពបង្ហាញជាក់ច្បាស់យ៉ាងនេះ ចូរសម្រេចចិត្តជ្រើសរើសចុះថា តើខ្លួនគួរសម្រេចចិត្តរើសយកមួយណា?


សៀវភៅនិងជាតិ


ការស្រឡាញ់ វាធ្វើឱ្យយើងចេះលះបង់។ បើចិត្តស្រឡាញ់ជាតិមានទំហំធំប៉ុនណា នោះការស្រឡាញ់សៀវភៅ ក៏មានទំហំធំប៉ុណ្ណោះដែរ។ ស្រឡាញ់ជាតិតិចពេក ការអានសៀវភៅនឹងឆាប់ហត់នឿយ។ បើស្មេរសរសេរសៀវភៅក្រាស់ៗ គឺនឹងធ្វើឱ្យអ្នកអានត្រូវអានសៀវភៅក្រាស់ៗដែរ។ ស្មេរម្នាក់ៗតែងប្រឹងប្រែងរាប់ឆ្នាំទម្រាំបានសៀវភៅមួយក្បាលៗ រីឯអ្នកអាន អានមិនដល់រាប់ឆ្នាំទេ ក៏អាចចប់ដែរ។ ហេតុអ្វីខ្ញុំសរសេរសៀវភៅក្រាស់ៗ? ពេលខ្ញុំមានពេលទំនេរ ឬថ្ងៃសីល ខ្ញុំតែងតែចំណាយ ពេលវេលាទៅប្រាសាទអង្គរវត្ត។ ខ្ញុំចេះតែសម្លឹងមើលពីទឹកដៃនិងស្នាដៃដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ រូបចម្លាក់ខ្លះ ឬអប្សរាខ្លះ ញញឹម ខ្លះមានទឹកមុខមាំ។ មិនថានៅត្រង់កន្លែងណាទេ គឺសុទ្ធតែមានចម្លាក់ បើទោះបីជាកន្លែងនោះខ្ពស់ទាប ចង្អៀតទូលាយ....ដែលពិបាកឱ្យជាងឆ្លាក់អាចឆ្លាក់បានក៏ដោយ ក៏ខ្ញុំនៅតែឃើញរូបចម្លាក់រចនាយ៉ាងស្រស់ស្អាតស្ទើរតែគ្រប់ទីកន្លែង។ អត្ថន័យនេះ គឺចង់បង្ហាញអំពីចិត្តអំណត់អត់ធ្មត់នៃដូនតាខ្មែរ ដែលព្យាយាមមិនខ្លាចនឿយហត់ក្នុងកិច្ចដែលខ្លួនត្រូវទទួលខុសត្រូវ។ បើខ្មែរបាត់បង់ចរិតជាមនុស្សសកម្មលើការប្រឹងប្រែង និងគ្មានចរិតជាអ្នកអត់ធ្មត់ទេ គឺយើងនឹងមិនអាចជោគជ័យឡើយ។

ដល់ឆ្លុះបញ្ចាំងមកបទពិសោធជីវិតជាក់ស្តែងរបស់ខ្ញុំវិញ ខ្ញុំឱ្យតម្លៃខ្លាំងទៅលើការតស៊ូប្រឹងប្រែង ចិត្តអំណត់អត់ធ្មត់ក្នុងការងារ មិនរអ៊ូថាក្តៅរងា បើទោះបីស្ថិតក្នុងកាលៈទេសៈមេឃភ្លៀង ឬបើកថ្ងៃក៏ដោយ។ ការតស៊ូប្រឹងប្រែង និងចិត្តអំណត់នេះហើយ ទើបធ្វើឱ្យមានខ្ញុំនៅថ្ងៃនេះ។ ខ្ញុំហ៊ាននិយាយថា បើខ្ញុំមិនបានប្រឹងប្រែងទេ ម៉្លោះប្រហែលជាគ្មានខ្ញុំនៅថ្ងៃនេះទេ ឬសូម្បីតែជីវិតក៏រក្សាមិនបានផង។ ជីវិតលំបាកខ្លាំងណាស់ តែវាមិនឈ្នះការប្រឹងទេ។ តើវាពិតជាធ្ងន់ធ្ងរដល់ថ្នាក់នេះមែនដែរ ឬទេ? ជីវិតដែលគ្មានការប្រឹងប្រែង គឺនឹងត្រូវស្លាប់ទាំងរស់។ ជីវិតដែលរស់នៅដោយពុំបានប្រឹងប្រែងដោយខ្លួនឯង គឺជាជោគជ័យដែលគ្មានតម្លៃសោះ។ ការងារខ្លះយើងធ្វើបានជោគជ័យ តែវាពុំមែនជាជោគជ័យដែលយកញើសឈាមទៅប្តូរ តើយើងនឹងមានអារម្មណ៍បែបណា? ការងារខ្លះ ប្រឹងយ៉ាងលំបាក តែលទ្ធផលបានតិចតួច តើយើងនឹងមានអារម្មណ៍បែបណា? លទ្ធផលល្អក្តី ឬមិនល្អក្តី គឺវាមានតម្លៃ ដ្បិតនៅពេលណាដែលយើងបានប្រឹងដោយខ្លួនឯង។ ចូរធ្វើជាមនុស្សដែលតែងតែមានមោទកភាពលើគ្រប់ការងារដែលយើងបានធ្វើ។ ការងារដែលធ្វើឱ្យយើងមានមោទកភាព គឺសុទ្ធតែកើតចេញពីការប្រឹងប្រែងទាំងអស់។

ក្នុងកាលៈទេសៈដ៏លំបាកនៃជីវិត ខ្ញុំយល់ថា វាគឺជាឱកាសមួយដែលអាចឱ្យយើងសាកល្បងសមត្ថភាពខ្លួនឯង។ សុរិយាចេញយាត្រានាពេលថ្ងៃ។ ចន្ទ្រា បើគ្មានវត្តមានរាត្រីទេ ក៏គ្មានអ្នកណាស្គាល់តម្លៃនៃពន្លឺដែរ ប្រៀបដូចជាជីវិតមនុស្សយើងម្នាក់ៗ បើគ្មានការលំបាកទេ តើយើងអាចបញ្ចេញសមត្ថភាពម្តេចបានទៅ។ មនុស្សខ្លាំង ឬខ្សោយពិតប្រាកដ យើងនឹងសម្គាល់បានច្បាស់នៅពេលជួបបញ្ហាលំបាកៗ ប្រៀបដូចជាយើងសម្គាល់ចន្ទ្រាពេលរាត្រីស្ងាត់អ៊ីចឹង។ ត្រលប់មកប្រធានបទសៀវភៅវិញ តើយើងប្រឹងអានដែរឬទេ? អ្នកខ្លះយល់ថាខ្ញុំមិនយល់ពីសិល្បៈ រៀបចំសៀវភៅគ្មានសិល្បៈ។ ឃ្លាដែលនិយាយថា មិនយល់ពីសិល្បៈ នេះ គឺចង់ឱ្យខ្ញុំធ្វើអ្វីដែលងាយស្រួល សរសេរសៀវភៅងាយៗ រកវិធីឱ្យអ្នកអានចង់អាន មានចំណាប់អារម្មណ៍អាន។ល។ អ្វីក៏ដោយ គឺត្រូវធ្វើដោយបុព្វហេតុច្បាស់ តែមិនមែនធ្វើដោយសារតែ ចង់ ឬមិនចង់ ឬធ្វើតាមអារម្មណ៍ល្អអាក្រក់ ទេ។ បើក្នុងសង្គមយើង រកមនុស្សដែលចង់ចេះចង់ដឹង អ្នកខ្លាំងខាងរៀន ខ្លាំងខាងអានមិនបានផង តើសង្គមរំពឹងអ្វីទៀតទៅថ្ងៃមុខ។ សូមកុំធ្វើជាមនុស្សដែលចេះចង់បាន តែមិនចង់ប្រឹង។ កុំធ្វើជាមនុស្សដែលមានត្រឹមតែឆន្ទៈចង់ជួយសង្គម តែគ្មានសមត្ថភាពជួយ។ ការងារសំខាន់ៗ និងការងារចាំបាច់ជាច្រើននាពេលខាងមុខ វាលំបាកជាងការអានសៀភៅ ៤០០ ទៅ៥០០ទំព័រទៅទៀត៕