ធម៌សម្រាប់ជនពាល មិនមានន័យអ្វីឡើយ
ដូចជាចាក់ទឹកលើខ្នងឆ្កែ វារលាស់ចេញអស់ មិនមានសល់ ។ ជនពាល មិនចូលចិត្តធម៌ ស្ដាប់ធម៌អ្វីឡើយ
គ្រាន់តែឮកើតនូវទិដ្ឋិមានះធ្វើឲ្យចិត្តស្អប់តែម្ដង ស្ដាប់មិនចូល ព្រោះធម៌មិនមែនជាវត្ថុអាក្រក់
អពមង្គល អសម្បត្តិអ្វីឡើយ ។ ព្រះធម៌នេះ
គឺពោលនិយាយអំពីអ្វីដែលជាសច្ចភាពជីវិតរបស់យើងរាល់ៗគ្នា មានលាភ ឥតលាភ មានយស ឥតយស មានសុខ មានទុក្ខ
ឬម្យ៉ាងទៀត យើងកើតមកតែងតែមានសេចក្ដីស្លាប់កំពុងរង់ចាំយើងនៅខាងចុងបំផុត ។ កាលណា
យើងជួបត្រូវមានសេចក្ដីព្រាត់វិនាសនៅខាងចុង ។ យើងមានសភាពចាស់ទៅរាល់ៗថ្ងៃ
យើងមានរោគាបៀតបៀនញាំញីទន្ទ្រានលើរូបកាយនេះរាល់ថ្ងៃ
សេចក្ដីស្លាប់នៃស្ដេចមច្ចុមានគ្រប់ដង្ហើមចេញចូលរបស់យើង ។ ហើយអ្វីៗក៏មានសភាពមិនទៀង
មានសភាពអត់បានដោយលំបាក មិនស្ថិតនៅក្រោមអំណាចបញ្ជារបស់យើងឡើយ អ្នកសាងសុខឲ្យគេ គេនឹងសាងសុខឲ្យយើង
បង្កទុក្ខឲ្យគេ ដូចជាសាងភ្នំទុក្ខ ភ្នំភ្លើងឲ្យខ្លួនឯង ។ ដូច្នេះ
រៀបរាប់មកខាងលើមកប៉ុណ្ណេះ មិនបានជ្រាបចូលដល់ខួរក្បាលដល់ត្រចៀកបុគ្គលពាលឡើយ ។
ជនពាលតែងតែឃើញអំពើបាបមិនទាន់ឲ្យផល គិតថាវាផ្អែមឆ្ងាញ់ គួរដល់ការអនុវត្តធ្វើណាស់
តែដល់អំពើបាបឲ្យផលទើបមានវិប្បដិសារីដល់ខ្លួន ។
Monday, June 11, 2018
Saturday, May 19, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៣)
“...សូមកុំយកសេចក្ដីទុក្ខរបស់ខ្លួន
មកប្រៀបធៀបនឹងសេចក្ដីសុខរបស់អ្នកដទៃ ដែលមើលឃើញតែរូបភាពខាងក្រៅ ហើយតូចចិត្តរួចគិតថា
គេពិតជាសុខដូចអ្វីដែលអ្នកបានមើលឃើញនោះ វាមិនខុសអីពីទសន្សៈមួយលើកឡើងថា ចង្កៀងផ្ទះអ្នកណា
ភ្លឺផ្ទះអ្នកនោះ ។ ពេលខ្លះគេអាចជួបបញ្ហាធំជាងយើង ១០ដង ២០ដងក៏ថាបាន
តែយើងមិនអាចដឹងបានទេ ព្រោះគេមិននិយាយចេញជាសាធារណៈ ហើយរូបភាពខាងក្រៅគេនៅញញឹម
ទុក្ខគេប៉ុនភ្នំ ធំជ្រៅជាងមហាសមុទ្រ គេធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង ព្រោះគេយល់ដូចពាក្យខ្ញុំធ្លាប់ប្រាប់ថា
ប្រសិនបើមានសមាជិក១០នាក់ក្នុងគ្រួសារ បើមានសមាជិកណាម្នាក់កើតទុក្ខ វាច្បាស់ណាស់ថា
មនុស្ស៩នាក់ទៀតនៃគ្រួសារនោះ ក៏នៅមិនសុខ មិនសប្បាយចិត្តដូចគ្នាដែរ ។ ដូច្នេះ
សូមកុំឲ្យទុក្ខកើតតែលើខ្លួនអ្នកមួយ បែរនាំទុក្ខព្រួយពេញអស់ទាំងគ្រួសារ…”៕
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២២)
“…ទុក្ខកើតក្នុងលំដាប់នៃសុខ”
ទុក្ខនិងសុខជាគូនឹងគ្នា រមែងផ្លាស់ប្តូរគ្នាឲ្យផលម្ដងម្នាក់, ជួនកាលក៏ទុក្ខ
ជួនកាលក៏សុខ ទុក្ខនិងសុខជាធម្មជាតិមានប្រចាំគតិធម្មតា,
បុគ្គលនឹងប្រាថ្នាយកតែសុខដោយចំណែកមួយពុំបានឡើយ ព្រោះខុសនឹងគតិធម្មតា ។
ព្រោះហេតុនោះ
ក្នុងខណៈណាដែលបុគ្គលបានសោយសុខ ជាផលហើយ បន្ទាប់អំពីនោះគង់នឹងបានសោយទុក្ខពុំខាន,
ដូច្នេះវេលាដែលជួបប្រទះសុខនិងទុក្ខ បុគ្គលមិនគួរប្រើសោមនស្ស ឬទោមនស្សហួសប្រមាណឡើយ
។ សេចក្ដីនេះសមដូច ព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងសាសនាមណ្ឌល ឲ្យមានសតិពិចារណាក្នុងលោកធម្មសូត្រថា “សុខនេះកើតឡើងដល់អាត្មាអញហើយហ្ន៎
!” “តែសុខនោះមិនទៀងទាត់
នឹងក្លាយជាទុក្ខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា” ។
សុមេធជន
កាលបើបានជ្រាបលក្ខណសុខទុក្ខយ៉ាងនេះហើយ សុខទុក្ខក៏មិនអាចគ្របសង្កត់ចិត្តបាន
បើទុកជាគ្របសង្កត់បានខ្លះ ក៏មិនហួសប្រមាណដូចទុម្មេធជនដែរ
កាលបើសុមេធជនខំប្រព្រឹត្តទាល់តែបន្ទោបង់សោមនស្ស និងទោមនស្សបានហើយ ព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ប្រកាសសំដែងថា
“តថគត ពោលថា បុគ្គលនោះ
រមែងរួចស្រឡះចាកទុក្ខបាន....”
៕
Cr. ផោក យិប
ក.សូ.
ភ.១ គ.ស.១៩៥៤ ទំ.៤០៤
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២១)
“...រូប ១ ខ្លួន
១ ជីវិត ១ តែបញ្ហានិងសេចក្ដីទុក្ខព្រួយ មិនមែនមានតែមួយដូចជាជីវិតនេះទេ
យ៉ាងណាដំណោះស្រាយក៏មានច្រើនដូចគ្នា ។ ម្យ៉ាទៀត
ដំណោះស្រាយមិនមែនមានតែខ្លួនអ្នកមួយទេ ដែលអាចដោះស្រាយបាន តែក៏មិនប្រាកដថា
អ្នកដទៃអាចដោះស្រាយបានគ្រប់រឿង ដែលកើតឡើងបានដែរ ។ សំខាន់បំផុតចិត្តអ្នក
ខ្លួនអ្នកព្រមទទួលស្គាល់ថា នេះជាជីវិត
ដោយគ្មានបុគ្គលណាម្នាក់ជៀសផុតរត់រួចបានឡើយ
ដូចអ្វីដែលខ្ញុំលើកឡើងថា មានជីវិតមានបញ្ហា មានរូបមានទុក្ខ មានកាយមានរោគ ។
តថភាពជីវិតមានកើតមានស្លាប់ មានជួបមានព្រាត់ មានស្រឡាញ់ មានស្អប់ មានសុខមានទុក្ខ ហើយក៏មិនមែនមានតែយើងម្នាក់ទេ ដែលជួបនូវសភាពបែបនេះ
គឺគ្រប់មនុស្សទាំងអស់នៅលើភពផែនដីមួយនេះ គ្រាន់តែមានតិចនិងច្រើនប៉ុណ្ណោះ…”។
Cr.គ.ដ.វ
Friday, May 18, 2018
រឿងនាងកេសាគោតមីយំសោកស្ដាយកូន
កាលពីសម័យពុទ្ធកាល
មានស្រ្តីមេម៉ាយទុគ៌តម្នាក់ គ្មានសាច់ញាតិសន្តាន
រស់នៅជាមួយកូនប្រុសតែម្នាក់ជាទីស្រឡាញ់
ដោយនាងខិតខំថែរក្សាការពារទំនុកបម្រុងកូនប្រុសនោះ
តាំងពីកើតមកថ្នាក់ថ្នមស្រឡាញ់ស្មើនឹងជីវិតរបស់នាង ព្រោះខ្លួនគិតថាអស់ពីប្ដី គ្មានសាច់ញាតិបងប្អូន
ជាទីពឹងពំនាក់អាស្រ័យ គឺមានតែកូនប្រុសនេះហើយ ជាទីពឹងនៅពេលដែលនាងចាស់ជរាទៅ
នាងបានខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីចិញ្ចឹមជីវិតដោយរីករាយ
ព្រោះមានកូនប្រុសជាកម្លាំងចិត្ត ។
រឿងអង្គុលិមាល
សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់
ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននិងការសម្លាប់
ឥតមានក្ដីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះតែងធ្វើស្រុកនិគមជនបទឲ្យទៅជាមិនមែនស្រុកនិគមជនបទ
តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ
ព្រះមានព្រះភាគស្ដេចចូលទៅ ទ្រង់បិណ្ឌបាតក្នុងក្រុងសាវត្ថីក្នុងវេលាព្រឹក
លុះថ្ងៃរសៀល ព្រះអង្គស្ដេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ
(តែមួយព្រះអង្គឯង) ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់
និងអ្នកដើរផ្លូវ បានឃើញព្រះមានព្រះភាគកំពុងស្ដេចទៅកាន់ផ្លូវឆ្ងាយ
សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ ក៏ក្រាបទូលថា
បពិត្រព្រះសមណៈ សូមព្រះអង្គកុំនិមន្តទៅតាមផ្លូវនោះឡើយ
ដ្បិតផ្លូវនុ៎ះមានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស
ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដង
ព្រះដ៏មានបុណ្យទ្រង់ស្ងៀម ទ្រង់ចេះតែស្ដេចយាងទៅ ។
Thursday, May 17, 2018
រឿងនិទានអប់រំចិត្តៈ អ្នកភិតភ័យដោយគំនិតស្មានខុស
មានអ្នកដំណើរពីរនាក់
ជាជាតិអ្វី នៅស្រុកទេសណា ក៏មិនដឹងប្រាកដ បានធ្វើដំណើរទៅប្រទេសដទៃ លុះដើរដល់ភូមិមួយ
ក៏ចូលទៅសូមផ្ទះបុរសប្ដីប្រពន្ធដេក ១ យប់ ទម្រាំតែភ្លឺនឹងចេញដំណើរទៅមុខទៀត ។
អ្នកម្ចាស់ផ្ទះក៏ទទួលដោយរាក់ទាក់ហៅអ្នកដំណើរទាំងពីរនាក់នោះ
ឲ្យចូលទៅក្នុងផ្ទះឲ្យអង្គុយនៅក្នុងបន្ទប់មួយ ។ អ្នកដំណើរបានគយគន់មើលឃើញមានកាំបិត,
ប៉ូវថៅ, ដាវ, ធ្នូ, ស្នា
និងកាំភ្លើងវែងខ្លីដែលគេព្យួរដំរៀបគ្នានៅជញ្ជាំងក្នុងបន្ទប់នោះ ។
អ្នកដំណើរទាំងពីរនាក់នឹកព្រួយបារម្ភថា ផ្ទះនេះប្រហែលជាកន្លែងស្លាប់របស់យើងទេដឹង?
គិតព្រួយចិត្តភិតភ័យណាស់ ទាល់តែសាបមាត់បរិភោគបាយមិនឆ្ងាញ់ ។ លុះរួចបាយហើយ
ម្ចាស់ផ្ទះសួរអ្នកដំណើរថា “ពេលព្រឹកស្អែកនេះ អ្នកនឹងអញ្ជើញទៅស្រុកណាទៀត?”
អ្នកដំណើរតបថា “ខ្ញុំនឹងទៅភូមិគេខាងមុខឯណោះ” ។
Wednesday, May 16, 2018
រឿងនិទានអប់រំចិត្តៈ អ្នកសុខចិត្តលះបង់ប្រយោជន៍តិចដូរយកប្រយោជន៍ច្រើន
មានស្ត្រីជាតិជប៉ុនម្នាក់
ជាអ្នកមានធនធានស្ដុកស្ដម្ភ ។ នាងនេះមានចានយ៉ាងល្អ ១២ ជាទីស្រឡាញ់បំផុត ។
ថ្ងៃមួយមានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ ។ នាងជាម្ចាស់ចានខឹងណាស់
អត់មិនបានក៏យកកាំភ្លើងបាញ់ខ្ញុំស្រីនោះស្លាប់ភ្លាមទៅ ។ ពេលនោះ
ទាហានម្នាក់បានដឹងរឿងនេះ ក៏ស៊ូប្រថុយកាត់ចិត្តចូលទៅនិយាយនឹងស្រ្តីម្ចាស់ចាននោះថា “សូមជំរាបអ្នកស្រី
! ខ្ញុំចេះផ្សាចានដែលបែកនោះឲ្យជាប់គ្នាស្និទ្ធដូចដើមវិញបាន
ប៉ុន្តែឲ្យខ្ញុំសុំមើលចានដែលនៅសល់ទាំង ១១ នោះសិន
ដើម្បីនឹងផ្សាចានបែកនោះឲ្យត្រូវធុនគ្នា កុំឲ្យខុសពីគ្នា” ។ ស្រ្តីម្ចាស់ចានឮដូច្នោះត្រេកអរណាស់
ចូលទៅលើកយកចានទាំង ១១ មកហុចឲ្យទាហានៗ ទទួលយកមកហើយក៏លើកចានទាំង ១១
នោះបោកចោលទៅលើក្ដារនៅចំពោះនាងនោះ ។ ឯចានក៏បែកខ្ទេចទាំងអស់ឥតសល់មួយឡើយ
បោករួចប្រាប់ថា “សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំឥឡូវនេះចុះ
ព្រោះតម្លៃចានមួយនេះអ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ដែរ ឥឡូវនៅសល់ចាន ១១ ទៀតនេះ
មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់ ១១ អ្នកទៀត
ដោយហេតុនេះបានជាខ្ញុំដាច់ចិត្តយកជីវិតខ្លួនខ្ញុំមួយមកប្ដូរ
ស្លាប់ជំនួសជីវិតមនុស្សទាំង ១១ នាក់ ។
ស្ត្រីម្ចាស់ចានឃើញចានបែកខ្ទេចទាំងអស់
ហើយឮសម្ដីទាហាននិយាយប្រាប់ដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើត
ព្រឺព្រួចស្លុតចិត្តយ៉ាងខ្លាំងទាល់តែដួលសន្លប់នៅកន្លែងនោះ
លុះនាងមានស្មារតីឡើងវិញហើយ ក៏គ្មានចិត្តខឹងនឹងទាហាននោះសោះ
លែងនឹកស្ដាយចាននឹងរបស់ទ្រព្យទាំងពួងខុសទំនងដូចមុនទៀត មិនចាប់ទោសទាហាននោះឡើយ ។
រឿងនេះ
បានគតិថា អ្នកមានគំនិតប្រាជ្ញាបានពិចារណាឃើញប្រយោជន៍យ៉ាងធំទូលាយទៅខាងមុខហើយ
សុខចិត្តលះបង់ប្រយោជន៍តិចផ្ទាល់ខ្លួនចេញ សូម្បីជីវិតខ្លួនស្លាប់ក៏មិនស្ដាយ
គិតតែខំធ្វើឲ្យបានកើតផលប្រយោជន៍យ៉ាងធំទូលាយជាសាធារណៈដល់មនុស្សទូទៅ ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨៣
Tuesday, May 15, 2018
រឿងនិទានអប់រំចិត្ត “អ្នកជួយសង្គ្រោះគេ”
មានតាចាស់ម្នាក់ជាជាតិជប៉ុន
សង់ផ្ទះនៅក្បែរមាត់សមុទ្រ គាត់ជាអ្នកដឹងពេលទឹកសមុទ្រជោរ ។
ថ្ងៃមួយជិតនឹងដល់ពេលទឹកសមុទ្រជោរ
មានមនុស្សជាច្រើនរយនាក់នាំគ្នាចុះទៅចាប់ក្ដាមនៅមាត់សមុទ្រ
បានទៅជួបនឹងតាចាស់នោះ!ៗឃាត់ថា “អ្នករាល់គ្នាកុំចុះទៅ ដ្បិតទឹកសមុទ្រជិតជោរជន់ហើយ
បើចេះតែចចេសទៅ មុខជាលង់ទឹកស្លាប់ទាំងអស់គ្នាមិនខាន” ។
អ្នកចាប់ក្ដាមទាំងនោះមិនព្រមស្ដាប់ ចេះតែនាំគ្នាចុះទៅចាប់ក្ដាម ។
ពេលនោះតាចាស់យកភ្លើងដុតផ្ទះរបស់ខ្លួនឲ្យឆេះហុយផ្សែងទ្រលោម
ហើយស្រែកហៅឲ្យគេជួយលត់ភ្លើង ។ អ្នកចាប់ក្ដាមទាំងអស់បានឮដូច្នោះ ក៏ក្រឡេកមើលមកក្រោយ
ឃើញភ្លើងឆេះផ្ទះតាចាស់ ក៏នាំគ្នារត់មកជួយលត់ភ្លើង ។
ក្នុងវេលាដែលពួកគេកំពុងតែរត់មកនោះ ស្រាប់តែទឹកសមុទ្រជោរមកដល់ប្រផុតៗ អ្នកទាំងនោះៗស្ទើរតែរត់មិនទាន់
។ អ្នកចាប់ក្ដាមកាលជួយលត់ភ្លើងរលត់ហើយ ក៏សួរតាចាស់ថា “នែ៎តា!
ហេតុអ្វីបានជាភ្លើងឆេះផ្ទះតា?” តាចាស់ប្រាប់ថា “ឥតហេតុអ្វីទេ ខ្ញុំដុតផ្ទះរបស់ខ្ញុំដើម្បីឲ្យពួកអ្នករត់ត្រឡប់មកវិញ
កុំឲ្យលង់ទឹកជំនន់ស្លាប់” ។ អ្នកចាប់ក្ដាមទាំងអស់បានដឹងថាខ្លួនរួចរស់ជីវិត
ដោយសារតាចាស់ក៏ត្រេកអរណាស់ នឹករលឹកគុណតាចាស់មិនភ្លេច ដោយឃើញថា
តានេះជាមនុស្សមានចិត្តសប្បុរសល្អ ព្រោះតែគាត់ចង់ជួយសង្រ្គោះពួកយើង
ទើបសុខចិត្តដុតផ្ទះរបស់ខ្លួនចោលមិនស្ដាយ ។
រឿងនេះ
បានគតិថា អ្នកដែលជួយសង្គ្រោះដោះទុក្ខធុរៈគេ ត្រូវតែជាអ្នករិះគិតយ៉ាងល្អិតល្អន់ជ្រាលជ្រៅ
ហើយប៉ិនប្រសប់ខាងជួយគេឲ្យបានរួចពីទុក្ខភ័យ កុំឲ្យខ្លួនមានទុក្ខទោសផង ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨២
Sunday, April 22, 2018
កម្រងគំនិតចំណីផ្លូវចិត្ត (ត)
ទង្វើរបស់ខ្លួនឯង
ក៏មិនមែនសុទ្ធតែត្រូវចិត្តខ្លួនឯងទាំងអស់ដែរ
មិនចាំទៅគិតនិយាយអ្វីពីទង្វើរបស់អ្នកដទៃនុ៎ះទេ
។
មនុស្សយើងចំឡែកណាស់
មានគំនិតចង់ឲ្យអ្នកដទៃដែលនៅជុំវិញខ្លួន ធ្វើអ្វីៗឲ្យត្រូវចិត្តខ្លួនជានិច្ច
ទាស់ខុសចិត្តខ្លួនមិនបានទេ
ប៉ុន្តែគ្មានអ្នកណាមួយផ្គាប់ផ្គុនចិត្តមួយនេះបានត្រូវឡើយ សូម្បីតែខ្លួនឯងផ្ទាល់
ជួនកាលក៏មិនបានធ្វើអ្វីឲ្យសមដូចចិត្តគិត ខ្លួននិយាយបានដែរ ដូចចាស់លោកថា គិត
និយាយបានមួយរយភាគរយ តែការធ្វើបានហាសិបភាគរយចាត់ទុកថា គ្រាន់បើ ការគិត
ការនិយាយពីភាពជោគជ័យស្រួលដូចបកចេក តែធ្វើឲ្យសម្រេចវិញពិបាកដូចរមៀលថ្មឡើងភ្នំ ។
ដូចនេះ
ក្នុងលោកនេះ គ្មានអ្នកណាមួយអាចបំពេញចិត្តយើងឲ្យបានត្រូវមួយរយភាគរយណាស់
បើបានពាក់កណ្ដាលឡើងទៅ ក៏រៀនទទួលយកទៅ ព្រោះខ្លួនយើងក៏មិនអាចបំពេញចំណង់ចំណូលចិត្តខ្លួនឲ្យត្រូវដែរ ។ ពេលខ្លះខ្លួនឯងអាចក្បត់ ភូតភខ្លួនឯងទៅទៀត ជឿថា ក្នុងមួយជីវិតរបស់ខ្លួន
អ្វីដែលមិនបានមិនដឹងជាប៉ុន្មានដងទេ ប៉ុន្តែបែរជាចង់ឲ្យគេផ្គាប់ចិត្តខ្លួនឲ្យត្រូវនោះ
ប្រហែលជាធ្វើមិនបានឡើយ ។
សរុបរួមមកវិញ
មានតែការរៀនទទួលស្គាល់ពីខ្លួនឯង ជារឿងសំខាន់ណាស់ ព្រោះខ្លួននេះឯង
ជាមេរៀនគំរូសម្រាប់វាស់ស្ទង់កម្រិតនៃការធ្វើការគ្រប់យ៉ាង យកខ្លួនឯងជាឧបមា
យកខ្លួនឯងធ្វើជាតួអង្គសិក្សាសម្រាប់វាយតម្លៃទង្វើរបស់អ្នកដទៃ កុំបានតែថា
កុំបានតែស្រែក កុំបានតែទាស់ចិត្តទង្វើរបស់គេ
ត្រូវបែរមកសិក្សាទង្វើខ្លួនឲ្យបានសុក្រិតជាមុនសិន
តើថាខ្លួនអាចធ្វើអ្វីៗបានគាប់ចិត្តខ្លួនឯងបានទាំងអស់ហើយឬនៅ? ពេលខ្លួនបានសិក្សារកឃើញពីទង្វើ
ផលសម្រេចដូចគំនិតគិតនិយាយមិនទាន់បានទេ សូមកុំចង់ឲ្យអ្នកដទៃធ្វើអ្វីៗឲ្យគាប់ចិត្ត ត្រូវចិត្តយើងទាំងអស់អី ៕
កម្រងគំនិតចំណីផ្លូវចិត្ត
ព្រះពុទ្ធសាសនាបានរស់រានមានជីវិតជាមួយសង្គមខ្មែរយើង
អស់រយៈកាលរាប់រយឆ្នាំមកហើយ រហូតដល់ខ្លួនទទួលយកព្រះពុទ្ធសាសនាទុកថា
ជាសាសនារបស់ជាតិខ្លួនទៅហើយ ព្រោះព្រះពុទ្ធសាសនានេះបានរលាយចូលក្នុងវប្បធម៌ប្រពៃណីជាតិអស់
ដូច្នេះ ប្រជាជនដែលមានឈាមជ័រជាជាតិខ្មែរ ក៏បានប្រកាន់យកល័ខគោលរបស់ព្រះពុទ្ធសាសនាឲ្យដឹកនាំខ្សែជីវិត
ប្រកបដោយផាសុក ព្រមទាំងនាំយកឱវាទរបស់ព្រះពុទ្ធជាអម្ចាស់ ទុកជាទស្សនវិស័យ
និងចក្ខុវិស័យក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន
និងខិតខំបណ្ដុះបណ្ដាលពុទ្ធិក្នុងពុទ្ធចក្រនេះឲ្យបានជ្រួតជ្រាបទៅដល់បច្ឆាជន
ដែលជាទំពាំងស្នងឫស្សី ទុកជាមត៌កសម្រាប់ជាតិត្រកូលរបស់ខ្លួន ។
សម័យសព្វថ្ងៃនេះ
ក៏ដូចជាសម័យមុនៗដែរ អ្នកប្រាជ្ញ បណ្ឌិត កវី របស់ព្រះពុទ្ធសាសនា
ខិតខំរកវិធីសាស្ត្រណា ដែលអាចជួយយកទ្រឹស្ដីព្រះពុទ្ធសាសនា ដែលក្រុមខ្លួនគិតថា
ជាទ្រឹស្ដីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បញ្ជ្រាបចូលទៅដល់ចិត្តគំនិតមហាជន ពួកបញ្ញវន
ពួកឈ្មួញទាំងឡាយឲ្យបានយល់ដឹងអំពីបរិបទព្រះពុទ្ធសាសនានេះ ឲ្យបានទូលំទូលាយ ។ ដូចនេះ
ពួកគេបានខិតខំស្រាវជ្រាវប្រែតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន
ដែលអាចជួយពន្យល់បកស្រាយសម្រាយសេចក្ដីឲ្យមកជាខេមរយាន
ដើម្បីជាការងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់បច្ឆាជន ។
ក្នុងនោះ
ផេកគោលគំនិតល្អដើម្បីជីវិត ក៏បានស្រាវជ្រាវរកអត្ថបទ និងពាក្យពេចន៍ល្អៗរបស់អ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនិកជាច្រើនទាំងក្នុងនិងក្រៅ
ដើម្បីយកមកប្រែចុះផ្សាយបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ
ដែលមានសុឆន្ទៈក្នុងការសិក្សាឈ្វេងយល់អំពីទ្រឹស្ដីសាសនាមួយនេះ ។ ដូចនេះ
ខ្លួនក៏បានលើកយកទ្រឹស្ដីអ្នកប្រាជ្ញមួយចំនួនមកចុះផ្សាយដូចខាងក្រោម
ក៏ដើម្បីបានជាប្រយោជន៍ក្នុងការដាស់តឿនចិត្តរបស់ខ្លួនឲ្យត្រង់ ទៅតាមអ្វីដែលព្រះពុទ្ធជាម្ចាស់បានចង្អុលប្រាប់តាំងពី
២៥៦១ ឆ្នាំមុនមកម្លេ៉ះ
បើឈឺក្បាលទៅទទេៗ
តើទោសាធ្វើអ្វី?
បើខាតពេលវេលាទៅទទេៗ
តើទាស់គ្នាធ្វើអ្វី?
ពេលណាដែលយើងខឹងក្រោធ
អ្វីដែលខ្លួនបានមកវិញ គឺការដុតកំឡោចចិត្ត និងបង្ករឲ្យខួរក្បាលមានបញ្ហា ដូចនេះ
បើយើងខឹងអ្នកណាមួយដែលមានឥរិយាបថមិនសមរម្យមកលើយើង យើងត្រូវដឹងភ្លាមថា
ការខឹងរបស់យើងគឺជាខ្មោចព្រាយបីសាចអារ័ក្សសាតាំង វាកំពុងចូលសណ្ឋិតមកក្នុងខ្លួនរបស់យើងហើយ
។ ម្យ៉ាងទៀត មនុស្សម្នាដែលគ្មានចំណេះដឹងជ្រៅជ្រះច្រើនតែប្រើអារម្មណ៍មកអារកាត់រឿងរ៉ាវរបស់ខ្លួន
ដែលអាចជាការបណ្ដាឲ្យកើតជារឿងរ៉ាវផ្សេងៗក្នុងគ្រួសារ ប្ដីប្រពន្ធ កូនចៅ
និងជាមួយញាតិមិត្តជិតខាង ព្រោះតែការបាត់បង់ផលប្រយោជន៍បន្តិចបន្តួច ឬការទាស់ចិត្តទៅនឹងទង្វើរបស់អ្នកដទៃ
ដែលបានធ្វើមកលើខ្លួន ដែលជាហេតុនាំឲ្យកើតបានជាជំលោះទាស់ពាក្យសម្ដីគ្នា ដោយការប្រកាន់យកត្រូវរៀងខ្លួនៗ
។ ពេលណាមួយ បើមានអ្នកណាម្នាក់ ទាក់ពាក្យសម្ដីដែលអាចឈានទៅរកជម្លោះ យើងត្រូវដឹងថា
ជម្លោះដែលកើតឡើងមិនមានផលចំណេញដល់ខ្លួនយើងទាល់តែសោះ មានតែការបង់ខាត់ ជាពិសេសពេលវេលាសម្រាក ពេលវេលាសិក្សា និងពេលវេលារកស៊ីតែប៉ុណ្ណោះ ៕
Saturday, April 21, 2018
គោលដៅជីវិតរបស់អ្នក
តើគោលដៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? តើនឹងធ្វើយ៉ាងណាឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ
មានសេចក្ដីចំរុងចំរើនរុងរឿង និងមានព្រមគ្រប់យ៉ាង មានមាសមានប្រាក់លុយកាក់
មានមុខងារតួនាទីការងារល្អ មានក្រុមគ្រួសារកក់ក្ដៅ ?ទាំងអស់នេះគឺចាប់ផ្ដើមដោយហត្ថាទាំងទ្វេរបស់អ្នកផ្ទាល់តែម្ដង
ប្រាកដថា គោលដៅក្នុងជីវិតគឺចាប់ផ្ដើមពីការតាំងចិត្តជានិច្ច តើនឹងធ្វើយ៉ាងណាទៅ?
គឺអ្នកគួរកំណត់ពីគោលដៅក្នុងជីវិត កុំតូចចិត្តតូចថ្លើមលើបុណ្យវាស្នាដែលពឹងផ្អែកតែមរតកពីឪពុកម្ដាយរបស់អ្នកឡើយ
។
គោលគំនិតល្អដើម្បីជីវិត
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២០)
“…ពេលដឹងថា មិនល្អ
ក៏តាំងចិត្តវៀវចាក
ពេលដឹងថាល្អ
ក៏តាំងចិត្តធ្វើ
ដូចនេះគេហៅថា
គោរពក្នុងធម៌ដែលបានដឹងដោយប្រពៃ
ហើយធ្វើមនុស្សនេះឲ្យជាមនុស្ស
ពោលគឺជាមនុស្សប្រកបដោយធម៌
…”។
អប់រំដោយ
តេ.ញាណសំវរ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៩)
“…ស្តាប់ព្រះធម៌
រៀនសិក្សាព្រះធម៌ ក្នុងគម្ពីរ
ហើយមិនបាននាំយកមក
“ប្រតិបត្តិ”
ប្រៀបដូចជាកាន់ផ្លែឈើទុកក្នុងដៃខ្លួនប៉ុណ្ណោះ
នៅមិនទាន់បានបរិភោគ
នៅមិនទាន់បានភ្លក់រសជាតិរបស់វា
វាក៏មិនទាន់កើតបានជាប្រយោជន៍អ្វី
ដល់ខ្លួនយើងអ្នកកាន់ដែរ…”
។
អប់រំដោយ
លោកឪ
សុភទ្ទោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៨)
មនុស្សយើងម្នាក់ៗ
សុទ្ធតែចង់បានបុណ្យទាំងអស់
មនុស្សទាំងនោះលោកឧបមាដូចជា
ក្រណាត់សំពត់
ដែលកខ្វក់នៅឡើយ
ដែលមិនទាន់បានបោកគក់សំអាត
ប៉ុន្តែចង់ជ្រលក់ពណ៌ឲ្យវា
លោកចង់ឲ្យយើងសាកយកក្រណាត់ជូតជើង
ដែលមិនទាន់បានលាងជំរះ
ទៅជ្រលក់សាកលោមើល
តើវាមានពណ៌ស្អាតដែរទេ?
ការមិនធ្វើបាប
វាប្រសើរបំផុត
មនុស្សខ្លះ
ពេលមានសារធាតុជាចោរ វាអាចឲ្យបាន ក៏អាចចែកបាន
ប៉ុន្តែថានឹងព្យាយាមអប់រំឲ្យពួកគេឈប់ធ្វើចោរនោះ
វាជារឿងគួរឲ្យលំបាក
ការព្រមលះបង់អំពើបាប
មិនធ្វើអាក្រក់ វាក៏ជារឿងគួរឲ្យលំបាក
ការបំពេញបុណ្យ
ចោរវាក៏ធ្វើបាន វាក៏ធ្វើកើត…ជា ”ចុងហេតុ”
“ការមិនធ្វើបាប” ទាំងឡាយទាំងពួងនោះជា… “ដើមហេតុ”
បញ្ឈប់អំពើអាក្រក់បាន
វាជារឿងល្អ ។
អប់រំដោយ
លោកឪ
សុភទ្ទោ
Thursday, April 19, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៧)
“…មនុស្សកើតមកចម្រើននៅត្រង់ប្រយោជន៍
ដើមឈើដុះមកហើយ
នៅតូចខ្ចី រួចទៅធំ ងាប់ ប៉ុន្តែមានខ្លឹមបានជាប្រយោជន៍ផ្សេងៗ ចំណែកយើងវិញ កើត ចាស់
ឈឺ ស្លាប់ ដូចតែដើមឈើដែរ ប៉ុន្តែក្រោយអំពីស្លាប់ តើមានអ្វីដែរ
ដែលជាខ្លឹមឲ្យឋិតនៅក្នុងការចងចាំរបស់អ្នកដទៃ ឧទាហរណ៍ ព្រះត្រៃបិដក
ជាមរតករបស់ព្រះពុទ្ធសាសនា ដូច្នេះជាដើម…” ។
អប់រំដោយ
អ.ប៊ុត
សាវង្ស
ស្រ.សិក្សាព្រះសូត្រ
ភាគ១៤ ទំ.៦៩
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៦)
“…ទស្សនាគតិ
និងការដាក់កាយចិត្តឲ្យបានត្រឹមត្រូវ ក៏ជារឿងមួយសំខាន់ដូចគ្នា ។ ការចេះដាក់ចុះ ការព្រមទទួលក្នុងសច្ចភាពរបស់ជីវិត
មិនព្រមឲ្យចិត្តធ្លាក់ចុះលិចលង់ទៅជាមួយការបែកបាក់ព្រាត់ប្រាសចាកនិរាស សាបសូន្យទៅ ក៏ជាគន្លឹះដ៏សំខាន់ដែលអាចជួយធ្វើចិត្តឲ្យផូរផង់
ស្ងប់ត្រជាក់ ស្រាលសប្បាយ ពេលណាចិត្តមានសុខភាពល្អហើយ
សុខភាពផ្លូវកាយក៏ល្អឡើងបានដូចគ្នាដែរ…”។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៥)
“…សង្ខារការតាក់តែង ជាការសន្មតថា នោះជារបស់យើង
នោះជាយើង ជាគេ ជាសត្វ ជាបុគ្គល ជាសភាពមិនទៀង អាស្រ័យលើឧបាទាន ភាពតោងប្រកាន់មាំ ទើបកើតទុក្ខ
។
ក៏ស្រេចហើយតែធាតុទាំងឡាយ
ដែលមាន ដែលកើតមកយ៉ាងនេះតាំងពីណាពីណីមកហើយ ការកើត ចាស់ ឈឺ ស្លាប់ កើតឡើង
ទ្រុឌទ្រោមគ្រាំគ្រា មានរួចស្រេចហើយ មុននឹងយើងកើតឡើងមកម្ល៉េះ
មានតាំងពីបុរមបុរាណមកហើយ ។
អាស្រ័យអាការរបស់ចិត្ត
របស់ខន្ធ ៥ បានដល់ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ទៅតាក់តែង គ្រប់ជាតិភព
រាប់បានថា អនេកជាតិ រកប្រមាណមិនបាន រហូតមកដល់ពេលបច្ចុប្បន្នជាតិ
ទើបធ្វើឲ្យចិត្តវង្វេងតាមការសន្មតឡើងប៉ុណ្ណោះ…”។
អប់រំដោយ
លោកឪ
ម៉ាន់ ភូរទត្តោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៤)
“…ផ្លូវទៅកាន់ទីរំលត់ទុក្ខ ផ្លូវនេះជាផ្លូវចម្លែកណាស់
ខុសពីផ្លូវយើងដើរ បើកបររបស់មនុស្សសព្វថ្ងៃ ដែលអាចឲ្យយើងដើរបាន រត់បាន បើកបរបាន
យឺតក៏បាន លឿនក៏បាន ប៉ុន្តែផ្លូវទៅកាន់ទីរំលត់ទុក្ខវិញ
មិនមានទុកសម្រាប់ឲ្យពួកយើងដើរបាន រត់បាន បើកបរបាន ដូចជាផ្លូវរបស់យើងទូទៅនេះឡើយ
ព្រោះបើមានសម្រាប់ទុកឲ្យឈប់ ប្រសិនបើចេះឈប់ ក៏នឹងអាចរំលត់ទុក្ខហើយ…” ។
អប់រំដោយ
តេ.
វិសាលោ
ធម៌រមែងហូរទៅកាន់ធម៌
ភិក្ខុទាំងឡាយ
បុគ្គលមានសីល បរិបូណ៌ហើយដោយសីល
មិនត្រូវធ្វើចេតនាថា
សូមការមិនក្ដៅក្រហាយ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ
ប្រការដែលការមិនក្ដៅក្រហាយកើតឡើងដល់បុគ្គលមានសីល
បរិបូណ៌ហើយដោយសីលនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមិនមានការក្ដៅក្រហាយ
មិនត្រូវធ្វើចេតនាថា
សូមបមោជ្ជ ចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ
ប្រការដែលបមោជ្ជកើតឡើង
ដល់បុគ្គលមិនមានសេចក្ដីក្ដៅក្រហាយនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានបមោជ្ជ
មិនត្រូវធ្វើចេតនាថា
សូមបីតិចូរកើតឡើងដល់យើងចុះ
ភិក្ខុទាំងឡាយ
ប្រការដែលបីតិកើតឡើង
ដល់បុគ្គលមានបមោជ្ជនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានចិត្តប្រកបដោយបីតិ
មិនត្រូវធ្វើចេតនាថា
សូមកាយរបស់យើងចូរស្ងប់ចុះ
ភិក្ខុទាំងឡាយ
ប្រការដែលកាយរបស់បុគ្គលមានចិត្តប្រកបដោយបីតិ
ស្ងប់នេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានកាយស្ងប់ហើយ
មិនត្រូវធ្វើចេតនាថា
សូមយើង ចូរសោយសុខចុះ
ភិក្ខុទាំងឡាយ
ប្រការដែលបុគ្គលមានកាយស្ងប់ហើយ
សោយសុខនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានសុខ
មិនត្រូវធ្វើចេតនាថា
សូមចិត្តរបស់យើង ចូរតាំងមាំចុះ
ភិក្ខុទាំងឡាយ
ប្រការដែលចិត្តរបស់បុគ្គលមានសុខហើយ
តាំងមាំនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានចិត្តតាំងមាំហើយ
មិនត្រូវធ្វើចេតនាថា
សូមយើង ចូរដឹងឃើញតាមសភាវៈពិតចុះ
ភិក្ខុទាំងឡាយ
ប្រការនេះបុគ្គលមានចិត្តតាំងមាំហើយ
ដឹងឃើញតាមសភាវៈពិតនេះ
មានជាធម្មតា
ភិក្ខុទាំងឡាយ
បុគ្គលដឹងឃើញតាមសភាវៈពិត
មិនត្រូវធ្វើចេតនាថា
សូមយើង ចូរនឿយណាយចុះ
ភិក្ខុទាំងឡាយ
ប្រការដែលបុគ្គលដឹងឃើញតាមសភាវៈពិតហើយ
ការនឿយណាយនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលនឿយណាយ
មិនត្រូវធ្វើចេតនាថា
សូមយើង ចូរធូរចំណងចុះ
ភិក្ខុទាំងឡាយ
ប្រការដែលនឿយណាយហើយ
ធូរចំណងនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
បុគ្គលមានចិត្តធូរចំណងហើយ
មិនត្រូវធ្វើចេតនាថា
សូមយើង ចូរធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈចុះ
ភិក្ខុទាំងឡាយ
ប្រការនេះ ដែលបុគ្គលធូរចំណងហើយ
ធ្វើឲ្យជាក់ច្បាស់ដល់វិមុត្តិញ្ញាណទស្សនៈនេះ
មានជាធម្មតា ។
ភិក្ខុទាំងឡាយ
វិរាគៈ
មានវិមុត្តិញ្ញាណទស្សនៈជាផល
មានវិមុត្តិញ្ញាណទស្សនៈជាអានិសង្ស
និព្វិទា
មានវិរាគៈជាផល
មានវិរាគៈជាអានិសង្ស
យថាភូតញ្ញាណទស្សនៈ
មាននិព្វិទាជាផល
មាននិព្វិទា
ជាអានិសង្ស
សមាធិ
មានយថាភូតញ្ញាណទស្សនៈ ជាផល
មានយថាភូតញ្ញាណទស្សនៈជាអានិសង្ស
សុខមានសមាធិ
ជាផល
មានសមាធិ
ជាអានិសង្ស
បស្សទ្ធិ
មានសុខជាផល
មានសុខជាអានិសង្ស
បីតិមានបស្សទ្ធិជាផល
មានបស្សទ្ធិជាអានិសង្ស
បមោជ្ជ
មានបីតីជាផល
មានបីតិជាអានិសង្ស
ការមិនក្ដៅក្រហាយ
មានបមោជ្ជជាផល
មានបមោជ្ជជាអានិសង្ស
សីលជាកុសល
មានក្ដីមិនក្ដៅក្រហាយជាផល
មានក្ដីមិនក្ដៅក្រហាយជាអានិសង្ស
ភិក្ខុទាំងឡាយ
ធម៌រមែងចូរទៅកាន់ធម៌
ធម៌រមែងញ៉ាំងធម៌ឲ្យបរិបូណ៌
ដើម្បីការដល់ត្រើយ
(គឺនិព្វាន) ចាកទីដែលមិនមែនជាត្រើយ (សង្សារវដ្ដ)
ដោយអាការយ៉ាងនេះឯង
។
- បាលី ឯកាទសក.អំ. ២៤/៣៣៦/២០៩
#http://buddhaoat.blogspot.com/
គប្បីព្យាយាមចម្រើនសមថ និងវិបស្សនា
សារីបុត្រ
ប្រការដទៃនៅមានទៀត ភិក្ខុគប្បីពិចារណាដូចនេះថា
យើងចម្រើនសមថ
និងវិបស្សនាហើយឬនៅ?
សារីបុត្រ
ប្រសិនបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា
យើងមិនទាន់បានចម្រើនសមថ
និងវិបស្សនានៅឡើយទេ
ភិក្ខុនោះគប្បីព្យាយាមចម្រើនសមថ
និងវិបស្សនា ។
សារីបុត្រ
តែប្រសិនបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា
យើងចម្រើនសមថ
និងវិបស្សនាហើយ
ភិក្ខុនោះគប្បីនៅដោយបីតិ
និងបមោជ្ជ
តាមដែលសិក្សាក្នុងកុសលធម៌ទាំងឡាយជាប់មិនដាច់
ទាំងថ្ងៃនិងទាំងយប់ចុះ
។
- បាលី ឧបរិ.ម. ១៤/៥៣៩/៨៥០
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៣)
ស្វែងរកសេចក្ដីសុខពីការឲ្យ ពោលគឺ
កាន់តែឲ្យសេចក្ដីសុខ កាន់តែទទួលបានសេចក្ដីសុខ ។ សុខនោះកើតឡើងព្រោះឃើញពីទុក្ខលំបាករបស់អ្នកដទៃដែលទទឹកជោកទៅដោយដំណក់ទឹកភ្នែក
ប្រែត្រឡប់ជាមានស្នាមញញឹមរីករាយនៅលើផ្ទៃមុខ និងសុខកើតឡើងព្រោះតែមានមោទនភាពចំពោះខ្លួនឯង
ដែលបានបំពេញសេចក្ដីល្អ បានជាប្រយោជន៍ដល់មនុស្សសត្វទាំងឡាយ ព្រមទាំងបានធ្វើឲ្យជីវិតមួយនេះមានន័យ
។ ត្រង់ចំណុចនោះ ក៏មិនមែនជារឿងអ្វីពិបាក ដែលត្រូវស្វែងរកសេចក្ដីសុខពីការ “មិនមាន” ដែរ ។
អប់រំដោយ
ព្រះម.វិសាលោ
Subscribe to:
Posts (Atom)





















