Thursday, October 18, 2018

ទោះជាមានការឈឺចាប់ក៏ដោយ… ត្រូវតែហ៊ានបន្តដំណើរ



ណាប៉ូឡេអុង ពោលថា " សេចក្ដីក្លាហាន គឺមិនមែនមានន័យថា យើងមានកម្លាំងបន្ដដំណើរទៅមុខនោះទេ ប៉ុន្ដែគឺមានន័យថា យើងនៅតែបន្ដដំណើរទៅមុខទាំងអស់កម្លាំង "។

សេចក្ដីស្លាប់មានន័យថា បរាជ័យចាញ់អស់ពីខ្លួន ក៏ប៉ុន្តែបើរាងកាយមិនទាន់ស្លាប់ទេ ថ្ងៃណាមួយចិត្តយើងនឹងក្រោកឈរឡើងវិញ តស៊ូបន្ដដំណើរទៅមុខសាជាថ្មីបាន ។ មនុស្សក្លាហានមិនប្រាកដថា ទាល់តែមានកម្លាំងទើបអាចបន្ដដំណើរទៅមុខបាននោះទេ ព្រោះអ្នកក្លាហានពិតប្រាកដតែងតែហ៊ាន គឺហ៊ានបន្ដដំណើរទៅមុខជាមួយទឹកចិត្តដ៏អង់អាចក្លាហានជានិច្ច បើទោះបីជាពេលខ្លះ គ្មានកម្លាំងក៏ដោយ ។ ក្នុងនាមជាមនុស្សក្លាហាន ញើស និងឈាមអាចស្រក់បាន តែមិនអាចស្រស់ទឹកភ្នែក ឬឈប់បន្ដដំណើរបានទេ
__________________________

Cr. គោលគំនិតល្អដើម្បីជីវិត

Wednesday, October 17, 2018

ចេះរៀនមេត្តា



មានសុភាសិតឥណ្ឌាមួយបង្រៀនថា " សុភមង្គលពិតប្រាកដ គឺកើតឡើងនៅពេលអ្នកផ្តល់វាទៅឲ្យអ្នកដទៃ " True happiness lies in giving it to others.

ព្រះពុទ្ធ ព្រះយេស៊ូ ខុងជឺ សូក្រាត ឡៅជឺ នឹងទស្សនវិទូផ្សេងទៀតជាច្រើនសុទ្ធតែបង្រៀនមនុស្សថា " កុំធ្វើទង្វើណា ដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើដាក់យើង " ។ ចក្រវាលនេះក៏បានរម្លឹកផងដែរថា " អ្វីក៏ដោយ មិនថាល្អឬអាក្រក់ ប្រសិនបើយើងបានផ្ដល់វាចេញទៅ ថ្ងៃណាមួយវានឹងវិលមករកយើងវិញ " ។ 

មនុស្សក្នុងលោកនេះមានល្អមានអាក្រក់ ហើយមនុស្សអាក្រក់ខ្លះ មិនសមតម្លៃនឹងឲ្យយើងប្រកាន់ទេ ។ សូមកុំឲ្យភាពក្ដៅក្រហាយណាមួយទៅអ្នកដទៃ ប្រសិនបើយើងចង់បានភាពត្រជាក់ត្រជំក្នុងជីវិត " ។ 

សូមផ្ដល់ក្ដីសុខ និងសន្ដិភាពចេញទៅ វាប្រសើរជាងសាងសត្រូវនាំទុក្ខមកដាក់ខ្លួន ។ ចេះរៀនលើកលែង ចេះរៀនអភ័យ ចេះរៀនមេត្តា ចេះរៀនអហោសិកម្ម នោះយើងនឹងទទួលបានសន្ដិភាពខាងផ្លូវចិត្ត ហើយក្ដីសុខក៏កើតឡើងទៅតាមហ្នឹងដែរ។ 

ចូរចាំថា គ្មានសន្ដិភាព គ្មានក្ដីសុខណាកើតឡើងពីភាពក្ដៅក្រហាយ សន្តិភាពក្ដី ក្ដីសុខក្ដីកើតឡើងពីភាពស្ងប់របស់ចិត្តតែប៉ុណ្ណោះ ចូរអប់រំចិត្តរបស់យើងប្រកបដោយក្ដីមេត្តាគ្រប់ពេលវេលា ពៀររម្ងាប់ដោយការមិនចងពៀរ ជាពាក្យអប់រំរបស់ព្រះពុទ្ធជាម្ចាស់ ៕

Cr. ប្រាជ្ញាជីវិត និងគោលគំនិតល្អដើម្បីជីវិត

រឿងនិទានអប់រំខ្លី ៖ "ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ "



កាលពីព្រេងនាយ មានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃជ្រៅ យ៉ាងសប្បាយរីករាយ ថ្ងៃមួយក្អែកក៏ប្រទះឃើញសត្វហង្ស ដ៏ស្រស់ស្អាត ឆើតឆាយមួយក្បាលរស់ក្នុងព្រៃយ៉ាងសប្បាយរីករាយ ។ ក្អែកក៏នឹកអន់ចិត្ដនឹងពណ៌ខ្មៅ ដែលមានលើខ្លួនឯងពន់ពេកណាស់ ក៏ទៅជជែកជាមួយហង្សថា " បងហង្ស បងមើលទៅពិតជាស្អាតណាស់ ស្អាតដូចបងទើបជាសត្វដ៏មានតម្លៃ នឹងមានសេរីភាព ពិតជាគួរឲ្យច្រណែនណាស់ " ហង្សក៏តបវិញថា " ទេបងក្អែក រួបរាងខ្ញុំប៉ុណ្ណឹងមិនទាន់ហៅថាស្អាតនោះទេ គឺនៅចាញ់សត្វសេកនៅឡើយ ព្រោះសត្វសេកមានពណ៌ជាច្រើនចម្រុះលើខ្លួន មើលទៅស្អាតជាងខ្ញុំឆ្ងាយណាស់ " ។

ក្អែកឮដូឆ្នេះ ក៏ទៅរកសត្វសេក ហើយក៏បានឃើញរួបឆោមដ៏ល្អឯករបស់សត្វសេកក៏ទៅជួបសត្វសេកហើយពោលសរសើរថា " បងសេក បងពិតជាស្អាតណាស់ ស្អាតដូចបងទើបគួរឲ្យស្រលាញ់គួរឲ្យច្រណែនណាស់!! ខុសពីខ្ញុំដែលមានតែពណ៌ខ្មៅអាក្រក់ខ្លាំងណាស់ " សេកឮដូច្នេះសប្បាយចិត្ដពន់ពេក ក៏តបទៅក្អែកវិញថា " អរគុណបងដែលបានសរសើរ ខ្ញុំស្អាតមែន តែខ្ញុំនៅចាញ់សត្វក្ងោកទេ ព្រោះសត្វក្ងោកធំជាងខ្ញុំហើយមានពណ៌ឆើតច្រើនជាងខ្ញុំឆ្ងាយណាស់ "។

ក្អែកឮដូច្នេះក៏ទៅស្វែងរកសត្វក្ងោកដោយសារសត្វក្ងោកជាសត្វស្រស់ស្អាតលើសគេនិងជាសត្វកម្រផង មនុស្សក៏យកសត្វក្ងោកមកចិញ្ចឹមក្នុងសួនសត្វ ក្អែកបានជួបក្ងោកនៅក្នុងសួនសត្វ ។ លុះដល់ពេលមនុស្សចេញពីមើលសត្វអស់ ក្អែកក៏ទៅជួបនិងក្ងោក ហើយពោលសរសើរថា " បងក្ងោកបងឯងពិតជាមានសម្រស់ស្រស់ស្អាតលើសគេមែន ពណ៌លើខ្លួនបងស្អាតណាស់ គួរឲ្យច្រណែនមែននេះ!!! ខុសពីខ្ញុំដែលខ្មៅដូចធ្យូងមិនស្អាតបន្ដិចសោះ អន់ចិត្ដណាស់ " ក្ងោកក៏តបទៅក្អែកវិញថា " ត្រូវហើយ ខ្ញុំស្អាតណាស់ខ្ញុំក៏ដឹងដែរ ខ្ញុំជាបក្សីដែលល្អឯកលើសបក្សីនានា ទើបបានជាខ្ញុំត្រូវមកជាប់ទ្រុងហើយគ្មានសេរីភាពបែបនេះ ខ្ញុំមិនចង់ស្អាតទេ ខ្ញុំចង់បានសេរីភាពជាង ខ្ញុំច្រណែនឯងណាស់ " ក្អែកឮហើយក៏ឈប់និយាយរួចហើរទៅវិញបាត់ ៕

តម្លៃអប់រំ៖ មិនថាមនុស្សឬសត្វទេ គឺតែងតែមានចំណុចល្អរៀងៗខ្លួន គ្រាន់តែពេលខ្លះយើងមើលមិនឃើញទើបយើងចេះតែមើលឃើញចំណុចមិនល្អ។ ចូរពេញចិត្ដនឹងអ្វីដែលយើងមាន ហើយរីករាយនិងការពិតទាំងនោះ ព្រោះបើយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងនិងមើលតែចំណុចល្អរបស់គេ ហើយមើលមកខ្លួនឯងមិនស្មើគេ រួចស្អប់ខ្លួនឯង មើលងាយខ្លួនឯង គិតថាខ្លួនឯងចោលម្សៀត តែតាមពិតអ្នកអន់មែន តែមិនមែនអន់គ្រប់រឿងនោះទេ ។" ឡៅ ជឺ "បានពោលថា" នៅពេលដែលយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះមនុស្សគ្រប់គ្នារួមទាំងយើងផងនោះ នឹងមើលឃើញយើងជាយើងពិតប្រាកដ។ សេចក្ដីសុខនៃផ្លូវចិត្ដរបស់យើង វានឹងកើតមានឡើងប្រសិនបើយើងចេះពេញចិត្ដនូវអ្វីដែលយើងមាន ហើយឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

Cr. ប្រាជ្ញាជីវិត

Tuesday, October 16, 2018

គ្រប់យ៉ាងគ្រាន់តែជារឿងដែលត្រូវឆ្លងកាត់!



យើងតែងតែចង់ឃាត់ភាពងងឹតមិនចង់ឲ្យមកដល់ តែពេលយប់នៅតែមកដល់ ។ យើងតែងចង់ឃាត់ព្រះអាទិត្យមិនឲ្យលិច តែចុងក្រោយរាត្រីកាល នៅតែមាន។ មានពេលខ្លះ យើងមិនចូលចិត្តទឹកភ្លៀងទេ ព្រោះវាតែងតែរារាំងយើងមិនឲ្យធ្វើដំណើរទៅមុខ ប៉ុន្ដែពេលខ្លះ យើងមានអារម្មណ៍ល្អនៅពេលដែលយើងដើរកាត់វា ។

គ្រប់រឿងដែលបានកើតឡើង មានរឿងខ្លះយើងមិនចង់ចួបទេ ប៉ុន្ដែកាលៈទេសៈខ្លះ យើងត្រូវតែទទួលយក ។ មានពេលខ្លះយើងមិនចូលចិត្តរសជាតិល្វីងទេ តែយើងនៅតែត្រូវការលេបថ្នាំ ។ ជីវិតគឺជាការដកពិសោធ ពុំមានការពិតណាមួយដែលអាចបង្ហាញយើង ក្រៅពីការធ្លាប់ដកពិសោធន៍នោះទេ ហើយក៏ពុំមានជីវិតណាដែលតែងតែទទួលបានពិន្ទុ១០០រហូតនោះដែរ ។

យឺតខ្លះ លឿនខ្លះ សុខខ្លះ ទុក្ខខ្លះ គឺជារឿងដែលត្រូវឆ្លងកាត់ ។ គ្រប់យ៉ាងគឺជាវិញ្ញាសាដែលយើងត្រូវរៀន ហើយជីវិតគឺបង្រៀនយើងច្រើនជាងមេរៀនដែលយើងបានរៀននៅសាលារៀនទៅទៀត៕

Cr. ប្រាជ្ញាជីវិត

Monday, October 15, 2018

ប្រើជីវិត… ឲ្យដូចជាការប្រកួត...



ក្នុងឆាកជីវិត គឺវាដូចគ្នាទៅនឹងកីឡាប្រដាល់នៅលើសង្វៀនអីចឹង។ បើម្នាក់ណាភ្លេចខ្លួនប្រហែស នោះដៃគូម្ខាងទៀតនឹងមានឱកាសផ្ដួល។ ហេតុផលនេះ ខ្ញុំសូមនិយាយថា ជីវិតយើង គឺជាកីឡាប្រដាល់ជាមួយនឹងបញ្ហា។ បើមិនផ្ដួលបញ្ហាទេ បញ្ហានឹងផ្ដួលយើង។ បើមិនកែប្រែស្ថានការណ៍ទេ ស្ថានការណ៍នឹងកែប្រែយើង។ បើយើងមិនខ្លាំងជាងបញ្ហាទេ បញ្ហានឹងខ្លាំងជាងយើង។ បើយើងមិនធំជាងបញ្ហាទេ នោះបញ្ហានឹងធំជាងយើង។ បើយើងមិនកម្ចាត់បញ្ហាទេ បញ្ហានឹងកម្ចាត់យើង។ វាជាក្រឹត្យក្រមនៃជម្រើសគឺមានតែពីរ(ចាញ់និងឈ្នះ) ហើយមិនមាន ឈ្នះ-ឈ្នះ ឬ ស្មើគ្នាទេ។

នៅពេលនឿយហត់ ចូរប្រដូចជីវិតឲ្យដូចជាការប្រឹងដកដង្ហើម ដែលមិនហ៊ានសូម្បីតែនឿយហត់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានរអ៊ូថា នឿយហត់។ នៅពេលចង់ឈប់(បញ្ចប់ជីវិត) ចូរប្រើជីវិតប្រឹងប្រែងឲ្យដូចជាចង្វាក់បេះដូងដែលប្រឹងប្រែងធ្វើចលនាមិនហ៊ានឈប់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានឈប់។ នៅពេលជួបឧបសគ្គ ចូរតាំងជីវិតអ្នកឲ្យធំទូលាយដូចផែនដី ទោះបីជាត្រូវគេខាកស្ដោះ ជីកកកាយ បន្ទោរបង់...យ៉ាងណាក៏ដោយ ក៏រឿងទាំងនោះនៅតែមិនអាចបង្អាក់ដំណើរផែនដីកុំឈប់វិលបន្តបានឡើយ។ នៅពេលយល់ថាជីវិតពិបាកធ្វើដំណើរទៅមុខ ចូរស្រមៃទៅរកអ្នកដែលពិកាគ្មានសូម្បីតែជើង ប៉ុន្តែពួកគេនៅតែរឹងមាំហើយប្រឹងធ្វើដំណើរទៅមុខបានទៀត។

Cr. ប្រាជ្ញាជីវិត

Friday, October 12, 2018

គ្មានអ្វីត្រូវត្អូញត្អែរ



ខណៈពេលដែលយើងនិយាយប្រាប់ខ្លួនឯងថា សម្លៀកបំពាក់យើងមិនស្អាត មានមនុស្សជាច្រើនកំពុងស្លៀកសម្លៀកបំពាក់អន់ជាងយើង ហើយពេលខ្លះអាក្រក់មើលជាងយើងទៅទៀត ។ ខណៈពេលដែលយើងមានវែនតាថ្លៃមើលឃើញច្បាស់ពាក្យនៅលើភ្នែក រួចយើងនិយាយថាភ្នែកមិនល្អពិបាកមើល ឬវែនតាថោកមិនស៊ីវិល័យ មានមនុស្សជាច្រើនកំពុងពិការភ្នែកដែលពួកគេ គ្មានសំណាងសូម្បីពាក់វែនតាដូចយើង ។ ខណៈពេលដែលយើងកំពុងនិយាយថាខ្លួនឯងកម្សត់ យើងត្រូវក្រឡេកមើលស្បែកជើងរបស់អ្នកដទៃជាមុនសិន ចាំវិនិច្ឆ័យខ្លួនឯង ។

កុំគិតថាយើងនៅក្រោមកម្ដៅថ្ងៃយើងក្ដៅជាងគេ មានមនុស្សជាច្រើនកំពុងហាលក្ដៅ ពេលខ្លះគេក្ដៅជាងយើងទៅទៀត។ ប៉ុន្ដែគេចេះទ្រាំ ។ " មនុស្សយើង បើគ្រាន់តែលំបាកតិចទូចស្រែកថាលំបាកខ្លាំង យើងគ្មានថ្ងៃឆ្លងផុតការលំបាកទេ " ។ ការលំបាកមិនបានចូលមកដើម្បីបំផ្លាញសេចក្ដីសុខយើងឡើយ ប៉ុន្ដែវាចូលមកដើម្បីបង្រៀនយើងពីចំណុចខ្លះៗនៃរបត់ជីវិតតែប៉ុណ្ណោះ ។

ការមុតបន្លា ធ្វើឲ្យយើងស្គាល់បន្លា ហើយចេះប្រុងប្រយ័ត្ន ។ ការបរាជ័យធ្វើឲ្យយើងស្គាល់មេរៀនថ្មី ហើយធ្វើវាម្ដងទៀតអមជាមួយមេរៀនថ្មី ។ អ្វីៗដែលនៅចំពោះមុខយើង វាកំពុងបង្រៀនយើងពីរបត់ជីវិត គ្រាន់តែពេលខ្លះយើងត្រូវស្វែងយល់ដោយខ្លួនឯង ...

Cr. ប្រាជ្ញាជីវិត

១ជីវិតគឺមានន័យត្រឹមថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះ...



១ថ្ងៃ ក៏អាចថា ១ជីវិត។ ១ឆ្នាំ ក៏អាចថា ១ជីវិត។ ១ជីវិតគឺជារយៈពេលដែលយើងបានរស់នៅរហូតដល់ដំណាក់កាលចុងក្រោយ។ ប៉ុន្តែតម្លៃនៃជីវិតគឺមិនមែនជាចំនួនឆ្នាំដែលបានរស់នៅទេ តែវាគឺជាគុណភាព ឬគុណតម្លៃដែលបានប្រើក្នុងជីវិតរបស់យើង។ ការពិតទៅ យើងអាចដឹងថ្ងៃកើត តែយើងមិនអាចដឹងថ្ងៃស្លាប់បានទេ។ យើងអាចដឹងថាឆ្នាំនេះយើងមានអាយុប៉ុន្មាន តែយើងមិនអាចដឹងថា ប៉ុន្មានឆ្នាំទៀតដែលយើងអាចរស់នៅបន្តបានទេ។ ជីវិតនេះ មិនដឹងថាវែងឬក៏ខ្លី មិនដឹងថារកមានន័យ ឬអត់ន័យនៅទីណានោះទេ? តាមរកន័យជីវិតមកដល់ពេលនេះ មកដល់អាយុនេះ ខ្ញុំក៏ផ្ដើមគិតលេងៗថា មែនទែនទៅ ១ជីវិតត្រូវធ្វើរឿងល្អៗឲ្យច្រើន។ កុំប្រឹងសាងរឿងអាក្រក់ៗច្រើនពេក ហើយរង់ចាំប្រើពេលបន្តិចបន្តួចនៃជីវិតមកធ្វើរឿងល្អជាក្រោយនោះ វាមិនគ្រប់គ្រាន់នុ៎ះទេ។

១ជីវិតដែលមានន័យ មានតែមួយថ្ងៃគត់ គឺថ្ងៃនេះ។ ខ្ញុំធ្លាប់លួចសើចនឹងខ្លួនឯងដែលគិតច្រឡំថា ខ្លួនចង់បានក្ដីសុខប៉ុន្តែបែរជាគិតកើតទុក្ខនឹងអតីតកាល។ ចង់បានក្ដីសុខតែបែរជាគិតខ្វាយខ្វល់នឹងអនាគតដែលមិនដឹងថាទៅដល់ឬអត់។ គឺវាហាក់ដូចជាប្រាប់ខ្លួនឯងថា ចាំថ្ងៃស្អែកសឹមរីករាយ ចាំថ្ងៃស្អែកសឹមសប្បាយ។ ប៉ុន្តែធាតុពិតវាធ្វើឲ្យយើងបំភ្លេចពេលវេលាដ៏មានន័យនៅថ្ងៃនេះដោយមិនដឹងខ្លួនអស់រលីង

១ជីវិតមានន័យត្រឹមតែថ្ងៃនេះ ហើយក៏ដើម្បីតែថ្ងៃនេះឯង។ ខ្ញុំនឹកឃើញឃ្លាមួយចំនួនដែលខ្ញុំធ្លាប់អានដែលថា៖
ដើម្បីថ្ងៃនេះយើងមានពេលវេលា២៤ម៉ោងគ្រប់គ្នា បើមិនអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានទាំង២៤ម៉ោងទេ ខ្ញុំនឹងចំណាយពេលបន្តិចបន្តួចក្នុងថ្ងៃនេះ ធ្វើយ៉ាងណាឲ្យខ្លួនឯងបានសប្បាយចិត្ត។

ដើម្បីថ្ងៃនេះ ខ្ញុំត្រូវតែមានសេចក្ដីសុខ និងរីករាយ។ ថ្ងៃនេះ ខ្ញុំនឹងបើកចំហចិត្តទទួលយក និងសម្របតាមសភាវៈខាងក្រៅ មិនព្យាយាមតម្រូវចិត្តខ្លួនឯងជាធំ បើកចំហចិត្តសម្រាប់គ្រួសារ សម្រាប់ការងារ ជោគជតាផ្សេងៗដែលកើតមកលើជីវិត ហើយសម្របខ្លួនឲ្យសមស្របទៅតាមសភាពពិតទាំងនោះ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយរបស់ខ្ញុំ។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងលើកកម្ពស់ស្មារតីឱ្យកាន់តែប្រសើរឡើង។ ខ្ញុំនឹងខិតខំរៀនសូត្រពីអ្វីគ្រប់យ៉ាងដែលមានប្រយោជន៍ ខ្ញុំមិនបណ្តោយឲ្យខ្លួនទៅជាមនុស្សខ្ជិលច្រអូស ទុកខួរក្បាលឲ្យនៅទំនេរឥតប្រយោជន៍ ខ្ញុំនឹងខិតខំអានសៀវភៅ និងអត្ថបទដែលអាចជួយជំរុញឲ្យចិត្តខ្ញុំកាន់តែឧស្សាហ៍ព្យាយាម មានបញ្ញាមុតស្រួច និងចេះគ្រប់គ្រងធ្វើជាម្ចាស់ការលើខ្លួនឯង។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងគិតរឿងល្អៗ ធ្វើរឿងល្អៗដល់ខ្លួនឯង និង អ្នករាល់គ្នា។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើចិត្តឲ្យស្អាតស្អំជ្រះស្រឡះ។ ខ្ញុំនឹងញញឹមរីករាយឲ្យអស់ពីលទ្ធភាព។

ដើម្បីថ្ងៃនេះ ខ្ញុំព្យាយាមរស់សម្រាប់ថ្ងៃនេះប៉ុណ្ណោះ ដោយមិនពិបាកមានទុក្ខកង្វល់ទៅលើកិច្ចការរាប់រយជំពូកទាំងអតីត និងអនាគតទេ ខ្ញុំនឹងប្រើពេល១២ម៉ោងសម្រេចការងារនីមួយៗឲ្យរួចស្រេចបាច់ ព្រោះការធ្វើអ្វីមិនស្រេចវានឹងធ្វើឲ្យខ្ញុំត្រូវអំពល់ចិត្តគ្មានទីបញ្ចប់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងកំណត់ផែនការក្នុងមួយម៉ោងៗ តើខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំមិនអាចធ្វើបានគ្រប់យ៉ាងតាមការកំណត់ តែខ្ញុំនឹងព្យាយាមធ្វើឲ្យគ្រប់។ ទង្វើបែបនេះគឺដើម្បីកម្ចាត់កំហុសឆ្គងពីរប្រការ... ១) ការប្រញាប់ប្រញាល់ពេក ២) ភាពស្ទាក់ស្ទើរមិនជាក់លាក់។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងទុកពេលកន្លះម៉ោងបន្ធូរអារម្មណ៍ និងត្រិះរិះពិចារណា...។

ដើម្បីថ្ងៃនេះ ខ្ញុំនឹងឈប់ខ្លាចអ្វីៗទាំងអស់ មានដូចជា មិនខ្លាចថាខ្លួននឹងពុំមានសេចក្តីសុខ មិនខ្លាចថាខ្លួននឹងមិនបានទទួលភាពស្រណុកកាយសប្បាយចិត្ត មិនខ្លាចថាខ្លួននឹងមិនបានទទួលការស្រឡាញ់ ឬមិនខ្លាចថាអ្នកដែលខ្លួនស្រឡាញ់គេនឹងស្រឡាញ់ខ្លួនដែរឬទេ?

ដើម្បីថ្ងៃនេះ ខ្ញុំនឹងធ្វើការងារដោយល្អបំផុត។ ខ្ញុំមិនខ្វល់ថា លទ្ធផលបែបណាទេ តែខ្ញុំនឹងធ្វើឲ្យល្អបំផុត៕

Cr. ប្រាជ្ញាជីវិត

Thursday, October 11, 2018

ការចាញ់ពិតប្រាកដគឺជាការស្លាប់



មនុស្សចាញ់ គឺជាមនស្សស្លាប់ មនុស្សស្លាប់គឺជាមនុស្សដែលចាញ់អស់ពីខ្លួនគ្មានសល់។ ពាក្យថាមនុស្សខ្លាំង មិនមែនគ្រាន់តែមានកម្លាំងទេ ប៉ុន្ដែគឺជាមនុស្សដែលមានស្មារតីមុតមាំ តស៊ូប្រឆាំងជាមួយឧបសគ្គជីវិតមិនរាថយ។

ពុំមានការប្រឡងណាដែលយើងអាចទទួលបានពិន្ទុ ១០០ រហូតនោះទេ។ ប៉ុន្ដែសម្រាប់ការប្រឹង គឺត្រូវប្រឹងរហូត ទោះពេលខ្លះបានពិន្ទុ" ០ "ក៏ដោយ។ មេរៀននៅសាលា ផ្ដល់ឲ្យយើងនូវលំហាត់ មេរៀនជីវិតផ្ដល់ឲ្យយើងនូវការដកពិសោធជាក់ស្ដែង។ មិនថាលំហាត់ឬការដកពិសោធនទេ ពួកវាជាផ្នែកមួយ នៃការបន្សុទ្ធភាពអវិជ្ជាចេញពីយើង និងបន្សល់ឲ្យយើងនូវស្មារតីភ្លឺថ្លាជាងមុន ។

ពេលខ្លះ ការបរាជ័យមិនមែនបានន័យថាយើងចាញ់ទេ គឺបានន័យថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្ដែប្រសិនបើយើងស្លាប់ ឬបោះបង់ការតស៊ូ នោះទើបជាការបរាជ័យពិតប្រាកដចាញ់អស់ពីខ្លួនមែនៗ។ " បើដាក់ចិត្តថាតស៊ូ ត្រូវប្រឹងឲ្យដល់ទីបញ្ចប់ "

Cr. ប្រាជ្ញាជីវិត

សោភ័ណជីវិត



ស្នាមញញឹមដ៏ស្រស់ស្អាត ពេលខ្លះមិនចាំបាច់ទាល់តែមុខស្អាត ទើបញញឹមស្អាតនោះទេ ។ ជីវិតត្រូវតែចេះរីករាយជាមួយបច្ចុប្បន្ន មិនថាវាលំបាកប៉ុនណាទេ ស្នាមញញឹមគឺជាការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង ។ ភាពរីករាយក្នុងជីវិត ពេលខ្លះមិនចាំបាច់ទាល់តែមានគ្រប់យ៉ាងទេ ទើបអាចរីករាយបាននោះទេ ។ សាក់ឡូ បានពោលថា " មួយថ្ងៃដែលគ្មានការសើច ជាថ្ងៃដែលកន្លងហួសទៅដោយគ្មានតម្លៃ " ឆាកជីវិតខ្លីណាស់ ហើយពេលរីករាយក៏មានមិនច្រើនដែរ ម្លោះហើយគួរតែចេះរីករាយជាមួយទុក្ខលំបាក។ ម្សិលមិញគឺជាថ្ងៃនេះ ហើយស្អែកក៏ជាថ្ងៃនេះចំណែកថ្ងៃនេះ គឺជាថ្ងៃនេះ រស់ក្នុងបច្ចុប្បន្នឲ្យបានល្អ ទើបអាចធ្វើឲ្យម្សិលមិញកន្លងទៅដោយមានន័យ ។ ផ្កាដែលអាចរីកយ៉ាងស្រស់ស្អាត ពេលខ្លះមិនចាំបាច់ផើងស្អាតទេ ។ ជីវិតដ៏រីករាយ ពេលខ្លះក៏មិនចាំបាច់ទាល់តែមានគ្រប់យ៉ាងនុ៎ះដែរ

Cr. ប្រាជ្ញាជីវិត

Wednesday, October 10, 2018

យើងអាចជាសត្វឥន្ទ្រីមួយក្បាល



សុភាសិត​តួ​ក​គី​ មួយឃ្លាបានបង្រៀនថា " ប្រសិនបើ​ពិភពលោក​ទាំងមូល​ជន់​លិច វា​មិនមែនជា​បញ្ហា​សម្រាប់​សត្វ​ទា​ឡើយ "។ ប្រសិនបើអ្នកលិចទឹក វាមិនមែនជាបញ្ហារបស់អ្នកដទៃនោះទេ ។ ជីវិត ប្រសិនបើយើងមិនខ្លាំង យើងនឹងលិចទឹក ប៉ុន្ដែប្រសិនបើយើងខ្លាំង យើងនឹងឡើងផុតទឹក ។ ប៉ុន្ដែបើយើងលិចទឹក នោះមិនមែនជាបញ្ហារបស់នរណាម្នាក់ឡើយ វាគឺជាបញ្ហារបស់យើង ដែលមិនបានអភិវឌ្ឍខ្លួនឯងឲ្យខ្លាំង។

យោងតាមសុភាសិតចិនមួយឃ្លា បានអះអាងថា " ផ្លែឈើដែលចេញពីដើមតែមួយ វាត្រូវតែមានរសជាតិផ្សេងគ្នា " មនុស្សទោះបីរស់នៅក្នុងបរិយាកាសតែមួយ ប៉ុន្ដែនៅតែមានមនុស្សពូកែ និងមនុស្សមិនពូកែ។ ពេលខ្លះកូនមាន់ដែលមានសមត្ថភាពស្មើនឹងឥន្ទ្រី វាក៏អាចធ្វើដូចជាឥន្ទ្រី ប៉ុន្ដែប្រសិនបើវាមិនព្រមកែប្រែខ្លួនឲ្យដូចជាឥន្ទ្រីទេ នោះវានឹងដើរលើដីដូចជាកូនមាន់ដទៃទៀតអស់មួយជីវិត។ កូនមាន់មួយក្បាលនោះ អាចជាយើងក៏ថាបាន ប៉ុន្ដែវាអាស្រ័យលើយើង តើយើងចេះកែច្នៃខ្លួនឯងដែរឬទេ? តើត្រូវធ្វើដូចជាឥន្ទ្រី ឬធ្វើជាកូនមាន់បន្ដទៀត ? ភាពឧស្សាហ៍ព្យាយាម គឺជាមាតានៃជោគវាសនា Diligence is the mother of good luck. បិនចាមិន ហ្រែ្វងគ្លិន-Benjamin Franklin (1706-1790) អ្នកវិទ្យាសាស្រ្តនិងជារដ្ឋបុរសនៃសហរដ្ឋអាមេរិក៕

Cr. ប្រាជ្ញាជីវិត

Saturday, October 6, 2018

សៀវភៅបេះដូងឬសៀវភៅខួរក្បាល?



សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល។

បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា បេះដូងអាចពាល់ត្រូវនូវអារម្មណ៍នៃសេចក្តីស្រឡាញ់។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ គ្មានបុគ្គលណាម្នាក់ឆ្កួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្កួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងពុំបាន។

យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។ ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ

ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណទាំងស្រុង គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា រវល់ចងរវល់ស្រាយ នៅទីនេះ គឺមានន័យថាចិត្តយើងវក់វីនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើររវាយ គ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។

យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា មនុស្សចាស់ទុំ។ មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំណួត។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹម។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់ ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិត៕

____




តើអ្នកណាកំណត់ព្រេងវាសនា



ខ្ញុំឆ្ងល់ថានៅលើផែនដីឥតព្រំដែននេះ នរណាជាអ្នកកំណត់រឿងចាញ់និងឈ្នះ ឡើងនិងចុះ។ នៅគ្រាលំបាកមួយក្នុងការដឹកនាំបដិវត្តន៍ ទស្សនៈនេះជាការការបន្ទរឡើងរបស់ម៉ៅ សេទុង សួរមេឃសួរដីអំពីថា តើនរណាជាអ្នកកំណត់ព្រេងវាសនាមនុស្ស និងព្រេងវាសនាប្រទេស។ បើទោះបីជាយ៉ាងក៏ដោយ ម៉ៅ សេទុង ឱ្យតម្លៃខ្លាំងទៅលើការទទួលខុសត្រូវ។

មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលចេះទទួលខុសត្រូវលើវាសនាជាតិ ដោយត្រូវធ្វើយ៉ាងណាដើម្បីឱ្យជាតិរួចផុតពីគ្រោះកាច។ តើអ្វីទៅជាការទទួលខុសត្រូវ? ការទទួលខុសត្រូវ គឺមានន័យថាទទួលយកទាំងខុសនិងទទួលយកទាំងត្រូវ។ នៅពេលដែលមេដឹកនាំចេញទទួលខុសត្រូវ គឺស្មើនឹងលែងពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួនដូចជាទេវតា និងព្រះក្នុងសាសនាណាមួយទាំងអស់។

មនុស្សម្នាក់ដែលពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួន គឺគួរតែត្រៀមខ្លួនខូចចិត្តទុកជាមុន។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា ព្រេងសំណាង គឺមនុស្សជាអ្នកបង្កើត។ នៅក្នុងវចនានុក្រមភាសាខ្មែរបានពន្យល់យ៉ាងច្បាស់ថា សំណាង គឺមកពីពាក្យថា សាង ឬកសាង។ វាមិនខុសគ្នាពីទ្រឹស្តីហេតុផល ឬទ្រឹស្តីកម្មផលដែលព្រះពុទ្ធបានរកឃើញឡើយ។ បើសាងល្អនឹងបានផលល្អ តែបើសាងអាក្រក់នឹងបានផលអាក្រក់ សាបព្រោះអ្វីគឺនឹងបានទទួលផលនោះមកវិញ

អ្វីដែលខ្ញុំចង់មានន័យ គឺមនុស្សដែលមិនចេះបង្កើតការផ្លាស់ប្តូរដោយខ្លួនឯង គឺប្រៀបដូចជាមនុស្សដែលរង់ចំាព្រេងសំណាង ឬស្រដៀងនឹងរង់ចាំទឹកភ្លៀងខែប្រាំង។ ក្នុងលក្ខខណ្ឌខាងលើ យើងត្រូវដឹងថា ការផ្លាស់ប្តូរមួយ គឺពោរពេញទៅដោយសេចក្តីឈឺចាប់ តែបើមិនផ្លាស់ប្តូរ គឺមានតែផ្លូវស្លាប់។ ឃ្លាដដែលៗដែលថា គ្មានអ្វីបានមកដោយទទេៗឡើយ។ មនុស្សដែលពុំធ្វើអ្វីសោះ គឺប្រៀបដូចជារងចាំស្លាប់អ៊ីចឹងដែរ៕

I wonder who, upon this boundless earth, decides all beings fall and rise. Mao Zedong
_____

Friday, October 5, 2018

ល្បិចបុរសនិងមាយាស្រី



មនុស្សប្រុសជាច្រើនតែងសម្លឹងមើលទៅមនុស្សស្រីប្រៀបដូចជាសៀវភៅអានអ៊ីចឹង។ បើគម្របខាងក្រៅមិនស្អាតឆើតឆាយទាក់ទាញភ្នែកទេ គឺថាមនុស្សប្រុសក៏នឹងមិនចំណាយពេលវេលាឥតប្រយោជន៍ ដើម្បីស្វែងយល់ពីចិត្តខាងក្នុងរបស់នារីឲ្យកាន់តែស៊ីជម្រៅថែមទៀតនោះដែរ។

ក្នុងរឿងស្នេហារវាងបុរសនិងនារីតែងមានល្បិចដាក់គ្នាទៅវិញទៅមុខ។ នារីដឹងថាជាលក្ខណៈធម្មជាតិ បុរសភាគច្រើនចូលចិត្តស្រីស្អាត ទើបស្ទើរតែគ្រប់នារីទាំងអស់ខិតខំតុបតែងខ្លួនបន្លំភ្នែកធ្វើឲ្យបុរសឈ្លក់វង្វេងនឹងរូបសម្រស់ខាងក្រៅរបស់ខ្លួន។ ចំណែកបុរសវិញ ដឹងច្បាស់ថាស្ទើរតែនារីភាគច្រើនប្រាកដជាលង់វង្វេងនឹងវោហារសព្ទនៃពាក្យលួងលោម ប្រលោមស្នេហ៍ និងសម្តីផ្អែមល្ហែមរបស់ខ្លួន។ ដូច្នេះហើយ អណ្ដាតរបស់បុរសប្រៀបដូចជាមន្តខ្មៅដែលធ្វើឲ្យនារីភាគច្រើនលង់ជឿតាមអារម្មណ៍រំជើបរំជួលរបស់ខ្លួន។

ថ្ងៃមួយមាននារីម្នាក់និយាយមកកាន់ខ្ញុំថា បងប្រុសមានរូបរាងមុខមាត់មិនអាក្រក់ប៉ុន្មានទេ ហើយបើតុបតែងខ្លួនឲ្យសង្ហារថែមបន្តិចទៀត គឺរឹតតែប្រសើរ។ ខ្ញុំតបថា ខ្ញុំចង់រៀនសិន។ នាងសួរបន្តថា រវាងការសិក្សា និងការតុបតែងខ្លួនឲ្យស្រស់សង្ហារ តើវាមានការពាក់ព័ន្ធនឹងគ្នាដូចម្តេច? ខ្ញុំតបថា បុរសសង្ហារដែលមានវិជ្ជា គឺជាទីប្រាថ្នារបស់នារីគ្រប់រូប ហើយនារីស្អាត បើទោះបីជាមានវិជ្ជាក្តីឬពុំមានក្តី គឺផ្កាដែលកន្លង់គ្រប់ប្រភេទចោមរោមក្រេបលំអង

តើនារីណាខ្លះដែលមានបេះដូងដែកថែប ទប់ទល់ ឬអាចធ្វើមិនដឹងមិនឮនឹងកម្លាំងនៃសេចក្តីស្រឡាញ់របស់បុរសបាននោះ? ខ្មែរយើងនិយាយថា វក់វីនឹងប្រុស អស់ព្រហ្មចារីយ៍ ហើយវក់វីនឹងស្រីខ្លីវិជ្ជាមានតែការសិក្សាអប់រំនិងវិជ្ជាប្រកបដោយសីលធម៌ប៉ុណ្ណោះ ទើបធ្វើឲ្យមនុស្សអាចពាល់ត្រូវសេចក្តីស្រឡាញ់ពិតប្រាកដ។ ស្នេហាក្លែងក្លាយតែងនាំមកនូវការឈឺចាប់ តែស្នេហាពិតតែងនាំមកនូវសេចក្តីសុខសុភមង្គលឲ្យដល់ជីវិត៕

ប្រជាជនដើម្បីអ្នកកាន់អំណាចឬអ្នកកាន់អំណាចដើម្បីប្រជាជន



តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាប់រង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម? ទ្រឹស្តីយុទ្ធសាស្រ្តមួយបានលើកឡើងថា មនុស្សខ្លាំងអាចកាត់ក្បាលមិត្ត ឬសត្រូវដើម្បីប្រយោជន៍ខ្លួន ហើយថែមទាំងអាចធ្វើឲ្យក្បាលមិត្ត ឬសត្រូវដែលខ្លួនបានកាត់នោះនិយាយពាក្យថា <អរគុណ> ដល់ខ្លួនទៀតផង

គំនិតស្មោគគ្រោក និងទង្វើស្មោគគ្រោក គឺស្មោគគ្រោកពីព្រោះដោយសារតែចង់រក្សាកិត្យានុភាពរបស់ខ្លួន ហើយបំផ្លាញអ្នកដទៃ។ តើអ្នកណាជាអ្នកនយោបាយដែលមានគំនិតស្មោគគ្រោក? ចម្លើយគឺ នីកូឡូ ម៉ាឆៀវីលី។ តើមេដឹកនាំណាដែលស្មោគគ្រោកជាង នីកូឡូ ម៉ាឆៀវីលី ទៀតនោះ? នីកូឡូ ម៉ាឆៀវីលី (Niccolo Machiavelli) ជាអ្នកនិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា សម្តេច ឬជាភាសាអង់គ្លេស The Prince

ម៉ាឆៀវីលី បានសរសេរអំពីរបៀបដឹកនាំរដ្ឋដោយប្រើប្រាជ្ញាផង ប្រើកម្លាំងផង និងប្រើកលល្បិចផង។ ម៉ាឆៀវីលី បានបង្រៀនមេដឹកនាំរដ្ឋទាំងអស់ឲ្យត្រូវតែចេះប្រើកម្លាំងដូចជាសត្វតោ និងចេះក្រឡិចក្រឡុចល្បិចកលច្រើនដូចជាសត្វកញ្ជ្រោង។ ប៉ុន្តែកម្លាំង និងភាពក្រឡិចក្រឡុចនេះមិនមែនប្រើដើម្បីគ្រាន់តែរក្សាអំណាចយកមកបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែគឺដើម្បីរក្សាអំណាចយកទៅបម្រើផលប្រយោជន៍របស់ប្រជាជនទូទៅ។

ម៉ាឆៀវីលី អះអាងថា រដ្ឋអាចរំលោភច្បាប់ ធ្វើនូវទង្វើដែលគ្មានសីលធម៌បាន បើសិនជាវាចាំបាច់ ដើម្បីផលប្រយោជន៍ជាតិ។ អ្នកដឹកនាំត្រូវតែមានលក្ខណៈជាតោផង និងជាកញ្ជ្រោងផង។ អ្នកដឹកនាំត្រូវតែបង្ហាញចំពោះមុខរាស្ត្រឲ្យឃើញថា ខ្លួនជាអ្នកស្រឡាញ់យុត្តិធម៌ គោរពច្បាប់ និងមានសីលធម៌ ប៉ុន្តែខ្លួនមិនចាំបាច់ត្រូវតែធ្វើទង្វើដែលមានសីលធម៌គ្រប់ពេលវេលានោះទេ

តើមេដឹកនាំណាខ្លះដែលប្រើយុទ្ធសាស្រ្តនយោបាយរបស់ ម៉ាឆៀវីលី? គឺមេដឹកនាំស.វទី២០ មានដូចជា មូស្សូលីនី (Benito Mussolini) នៃប្រទេសអ៊ីតាលី, ហ៊ីត្លែ (Adolf Hitler) នៃប្រទេសអាល្លឺម៉ង់ ព្រមទាំងមេដឹកនាំកុម្មុយនីស្តនៃសហភាពសូវៀតដូចជា ប្លាឌីមៀ លេនីន (Vladimir Lenin) និងយូសែប ស្តាលីន (Joseph Stalin) សុទ្ធតែបានរៀនតាមម៉ាឆៀវីលី។

មេដឹកនាំទាំងប៉ុន្មានខាងលើហាក់បីដូចជាមិនសម្លាប់ប្រជាជនខ្លួនឯងទេ ហើយតួយ៉ាងហ៊ីត្លែជាដើម ដែលប្រកាន់ពូជសាសន៍សម្លាប់តែពួកជនជាតិជ្វីព។ ប៉ុន្តែ តើអ្នកដឹកនាំណាខ្លះដែលបានសម្លាប់រង្គាល ចាបរ់ង្គាល ចោទរង្គាល ដាក់គុករង្គាលប្រជាជនខ្លួនឯង ក្រោមស្លាកស្វែងរកយុត្តិធម៌សង្គម ក្រោមស្លាកប្រជាធិបតេយ្យ និងក្រោមស្លាករក្សាសន្តិភាពសង្គម?

គោលគំនិតរបស់ ម៉ាឆៀវីលី ត្រូវបានអ្នកខ្លះរិះគន់ថាជាគំនិតអ្នកនយោបាយដែលគ្មានសីលធម៌។ ប៉ុន្តែខ្លះទៀតយល់ថា ជាគំនិតនយោបាយដែលមានលក្ខណៈប្រាកដនិយម។ គ្មានសីលធម៌ ពីព្រោះគំនិតឃោរឃៅពេក ក្រឡិចក្រឡុចពេក ល្បិចកលពេក ប្រើកម្លាំងខ្លាំងពេក។ ប្រាកដនិយម គឺប្រាដកថានឹងបម្រើប្រយោជន៍ប្រជាជនទូទៅ ដើម្បីប្រយោជន៍ប្រជាជនទូទៅ ដោយជៀសវាងប្រយោជន៍បក្សនិយម បុគ្គលនិយមជាដើម៕

Thursday, October 4, 2018

ទ្រឹស្តីច្បាប់និងយុត្តិធម៌



ប្រជាពលរដ្ឋគ្រប់រូបត្រូវព្យាយាមស្វែងយល់ពីច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ។ គ្មានបុគ្គលណាម្នាក់អាចរួចផុតពីទោសបាន ដោយសារតែមូលហេតុខ្លួនពុំចេះច្បាប់នោះឡើយ

បញ្ហាសង្គម គឺមានច្បាប់ តែមេដឹកនាំពុំគោរពច្បាប់។ ផ្ទុយទៅវិញ បើច្បាប់ពុំមានអ្នកគោរព គឺស្មើនឹងគ្មានច្បាប់។ មានច្បាប់ តែពុំមានអ្នកគោរព គឺជាហេតុធ្វើឲ្យបាត់បង់ព្រលឹងនៃច្បាប់។ ព្រលឹងរបស់ច្បាប់ ឬហៅថាម្យ៉ាងទៀតថាស្មារតីរបស់ច្បាប់ គឺយុត្តិធម៌។

ច្បាប់ដែលគ្មានយុត្តិធម៌ គឺតែងបង្កភាពចលាចលដល់សង្គម។ ច្បាប់ពុំមែនជាច្បាប់ បើច្បាប់ពុំមានយុត្តិធម៌។ នីតិវិទូម្នាក់បានលើកឡើងថា "ខ្ញុំមិនដឹងថាអ្វីទៅគឺជាច្បាប់នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា អវត្តមានរបស់ច្បាប់ គឺនឹងធ្វើឲ្យសង្គមចលាចល

អវត្តមាននៃយុត្តិធម៌ គឺមានន័យថាគ្មានច្បាប់។ ភាពល្ងង់ខ្លៅរបស់រដ្ឋាភិបាល គឺបានបង្កើតច្បាប់ តែមិនបានការពារប្រយោជន៍រាស្រ្ត, បង្កើតច្បាប់ក្នុងគោលបំណងដើម្បីតែប្រឆាំងនឹងការពិតនឹងប្រយោជន៍ប្រជាជន និងបង្កើតច្បាប់ តែមិនបានអនុវត្តចំពោះមនុស្សអាក្រក់។

លទ្ធផលចុងក្រោយ យើងត្រូវសួរថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលមានភាពទុំជោរ ហើយភាពគគ្លើននៃអំពើអយុត្តិធម៌សង្គមកើតឡើងជាញញឹកញាប់រហូតដល់ប្រជាជនអស់ទំនុកចិត្ត មើលឃើញតែភាពខ្មៅងងឹតនៃការដឹកនាំសង្គមរបស់មេដឹកនាំ? តើរដ្ឋាភិបាលខ្លាចប្រជាជន ឬប្រជាជនជាអ្នកខ្លាចរដ្ឋាភិបាល? សំនួរនេះទុកឲ្យអ្នកស្រី អង់សាន ស៊ូជី ជាអ្នកឆ្លើយ៕




អត់ធន់បន្ដិចទៅ!



មានពេលវេលាជាច្រើនបានកន្លងផុតទៅ។ មានអារម្មណ៍ខឹងច្រឡោតជាច្រើនបានកន្លងហួស។ ហើយក៏មានសំណើចក្អាក់ក្អាយជាច្រើនដែលបានកន្លងផុត។ មានក្ដីសុខជាច្រើនដែលបានបាត់បង់ទៅ។ មានក្ដីស្រឡាញ់ជាច្រើនបានរលាយបាត់ទៅ។ មានរបស់មានតម្លៃជាច្រើនដែលយើងធ្លាប់មាន។ ហើយក៏មានផ្លែផ្កាជីវិតដ៏ច្រើន មានរសជាតិយើងសុទ្ធតែធ្លាប់បានភ្លក្ស។ មានរសជាតិខ្លះយើងមិនចូលចិត្តទេ តែយើងនៅតែទ្រាំលេបទាំងល្វីង។ ប៉ុន្ដែមានរសជាតិខ្លះទៀត យើងអាចថែមគ្រឿងបាន ហើយក៏មានរសជាតិខ្លះទៀតគឺមិនអាចទេ ពេលខ្លះយើងក៏គ្មានអ្វីដែកអាចធ្វើបានក្រៅពីការទ្រាំ គឺទ្រាំឆ្លងកាត់រសជាតិល្វីងទាំងនោះ ហើយទោះចង់ឬមិនចង់ ពេលវេលានឹងជម្រុញយើងឲ្យភ្លក្សរសជាតិទាំងនោះ ទោះពេលខ្លះយើងស្អប់វាក៏ដោយ ។ ជីវិតគឺបែបនេះ ទាល់តែចេះអត់ធន់ខ្លះ និងរៀនទទួលយកខ្លះ ទើបជីវិតមិនសូវខ្វល់ច្រើន។

ត្រីដែលហែលបណ្ដោយទឹក ជាត្រីងាប់ មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ ។ ដង្ហើមនឹងឈប់ចេញចូលដោយស្វ័យប្រវត្តិ នៅថ្ងៃដែលយើងនិយាយប្រាប់ខ្លួនឯងថា " ស្រេចលើវាសនា "។

មជ្ឈដ្ឋានទូទៅ គេមិនខ្វល់ថាយើងជានរណា មកពីណា ពូកែអ្វីខ្លះនោះទេ តែអ្វីដែលជាតម្លៃក្នុងភ្នែកគេនោះ គឺផ្លែផ្កាជីវិត ។ បើយើងអន់នឹងត្រូវគេដៀល បើយើងពូកែនឹងត្រូវគេសរសើរ តែបើយើងឆ្លាតយើងមិនចាំបាច់ទទួលការសរសើរ ការបង្អាប់ទេ យើងគ្រាន់តែបន្ដដំណើរជីវិតយើងដោយមានគោលដៅច្បាស់លាស់ ហើយបន្ដធ្វើវាឲ្យល្អតាមលទ្ធភាព នោះផ្លែផ្កាជីវិតនឹងកើតឡើងនៅពេលណាមួយមិនខាន

កុំឲ្យពាក្យសម្ដីដ៏ស្មោគគ្រោករបស់មនុស្សមិនល្អ ចូលមកបង្អាក់ដំណើររបស់យើងឲ្យសោះ។ កុំរស់នៅដើម្បីបបូរមាត់អ្នកដទៃ តែត្រូវរស់នៅដើម្បីខ្លួនឯង៕

Cr. ប្រាជ្ញាជីវិត

Wednesday, October 3, 2018

បើហត់ខ្លាំងអាចសម្រាកបាន តែកុំឈប់ដើរឲ្យសោះ



គេតែងនិយាយថា " កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត " តែខ្ញុំយល់ថា " កុំតូចចិត្តនឹងវាសនា តែត្រូវប្រឹងជម្នះព្រហ្មលិខិត " ។ សុភាសិតមួយបានពោលថា " ត្រីដែលហែលបណ្ដោយទឹក គឺជាត្រីងាប់ មនុស្សដែលបណ្ដោយតាមវាសនា ជាមនុស្សស្លាប់ " ក្នុងជីវិតតែងមានកាលៈទេសៈខ្លះ យើងជម្នះមិនបាន តែបើអាចជម្នះបាន គួរតែប្រឹងប្រែង។ មហាត្មៈគន្ធី បានពោលថា " អនាគតរបស់អ្នក វាអាស្រ័យលើទម្លាប់របស់អ្នក " សាបព្រោះភោគផលបែបណា ក៏នឹងត្រូវច្រូតកាត់ផលបែបនោះ។

អ្នកខ្លះពាក់កណ្ដាលជីវិត ត្រូវបានប្រើអស់ទៅហើយ ក៏នៅតែមិនអាចដឹងថាជីវិតគឺជាអ្វី?  យើងកើតមកមិនមែនដើម្បីទទួលឥទ្ធិពលអាក្រក់ពីជីវិតទេ តែគឺកើតមកដើម្បីជម្នះឥទ្ធិពលអាក្រក់ៗនៃជីវិតប៉ុណ្ណោះ។ ពាក្យថា ជីវិត គឺឋិតលើយើងជាអ្នកឲ្យនិយមន័យ ហើយជោគវាសនា ក៏ឋិតលើបាតដៃខ្លួនឯងដែរ

មានពេលសប្បាយ កុំភ្លេចគ្រាក្រលំបាក មានពេលដែលជួបឧបសគ្គ បញ្ហា ការឈឺចាប់ ឬខូចចិត្ត កុំភ្លេចគិត ដល់ក្ដីសង្ឃឹម។ ហើយត្រូវសម្លឹងទៅមុខ ថ្ងៃមួយ សេចក្ដីទុក្ខលំបាកទាំងឡាយ និងចាកចេញឆ្ងាយពីយើងជាមិនខាន ឲ្យតែយើង ព្យាយាមជម្នះ ដោយសេចក្ដីអត់ធ្មត់ តាំងចិត្ត ក្រោកឈរ ហើយបន្តដំណើរទៅមុខជារឿយៗ ។ បរាជ័យតែមកជាគូនិងជោគជ័យ។ នឿយមុនស្រណុកក្រោយ ឆ្លងកាត់គ្រាលំបាកៗខ្លះ ទើបអាចទៅដល់គោលដៅជីវិត៕ 

Cr. ស៊ន់ វាសនា

មិនខ្លាចស្លាប់តែខ្លាចបាប



មនុស្សធម្មតាចង់ធ្វើរឿងអាក្រក់បែបណាក៏គ្មានចិត្តឈឺចាប់និងអៀនខ្មាសចំពោះខ្លួនឯងដែរ តែមនុស្សដែលមានចំណេះដឹងពិតប្រាកដ (ចំណេះដឹង + សីលធម៌ + គុណធម៌ + ភាពជាមនុស្សត្រឹមត្រូវ) តែងសុខចិត្តស្លាប់ខ្លួន ក៏ពុំបណ្តោយខ្លួនធ្វើរឿងអាក្រក់ដាច់ខាត។ ចំណេះដឹងពិតប្រាកដធ្វើឲ្យមនុស្សខ្លាចបាប ហើយខ្លាចខ្លាំងរហូតដល់សុខចិត្តស្លាប់ក៏ពុំសាងបាបដែរ

ពេលលើកឡើងពីរឿងនេះ អ្នកខ្លះប្រហែលជាវាយតម្លៃទស្សនៈនេះថាជាទ្រឹស្តីបែបឧត្តមគតិនិយម (ទ្រឹស្តីបែបស្រមើស្រមៃ គំនិតខ្ពស់កប់ពពក តែយកប្រើក្នុងភាពប្រាកដនិយមពុំបាន) តែនៅក្នុងសង្គមខ្មែរយើង ពិតជាមានមនុស្សបែបនេះមែន គ្រាន់តែពុំមានច្រើនប៉ុណ្ណោះ។ ដើរតាមផ្លូវបាប ពីមួយជំហានទៅមួយជំហាន មើលទៅដូចសប្បាយរីករាយ និងមានបានស្តុកស្តម្ភខ្លាំងណាស់ តែនៅទីបញ្ចប់មនុស្សអាក្រក់បែបនេះ នឹងដឹងខ្លួនស្ពាយវិប្បដិសារីកំពុងដើរ គឺកំពុងតែសប្បាយនឹងសេចក្តីអាក្រក់ តែជិតចូលក្តារមឈូសទើបស្រក់ទឹកភ្នែក

ក្នុងសង្គម គ្មាននរណាម្នាក់ឆ្ងល់ថា អ្នកជាមនុស្សទុច្ចរិតឬសុចរិតទេ តែសំខាន់លទ្ធផលអស្ចារ្យដែលអ្នកកំពុងកាន់ក្នុងដៃ បើទោះបីជាវាកើតចេញពីទង្វើស្មោគគ្រោកកាប់ចាក់មនុស្សល្អក៏ដោយ។ ប៉ុន្តែខ្ញុំថា មិនសំខាន់ទេថាលទ្ធផលដែលអ្នកទទួលបានអស្ចារ្យខ្លាំងប៉ុនណា តែសំខាន់បើអ្នកបង្កហេតុខាងដើមតាមផ្លូវទុច្ចរិត នោះចុងបញ្ចប់នៃជីវិត អ្នកនឹងមានឈ្មោះត្រឹមតែជាអ្នកចាញ់ប៉ុណ្ណោះមនុស្សដែលឆ្លាតក្នុងការរស់នៅ គឺតែងតែរក្សាភាពស្អាតស្អំឲ្យខ្លួនឯងគ្រប់កាលៈទេសៈនៃជីវិតទាំងអស់



Tuesday, October 2, 2018

ជោគជ័យ និងការតម្កល់ចិត្តមាំ


ភាពជោគជ័យកើតឡើងពីភាពលំបាកវេទនា ព្រោះភាពវេទនានាំឲ្យមានការឈឺចាប់ ការឈឺចាប់នាំឲ្យចេះខ្មាសគេ ចេះខ្មាសគេនាំឲ្យមានការប្រឹងប្រែង ការប្រឹងប្រែង នាំឲ្យ ជោគជ័យហ្នឹងឯង។ ចងចាំថា មិនមានភាពជោគជ័យណាធ្លាក់មកពីលើមេឃនោះទេ ហើយវិថីទៅកាន់ភាពជោគជ័យក៏គ្មានដានជើងមនុស្សខ្ជិលដែរមនុស្សជោគជ័យមិនដែលបោះបង់ ហើយមនុស្សបោះបង់ក៏មិនដែលជោគជ័យ។ ជោគជ័យគឺខាំមិនលែង។ ចូរសាងសួនច្បារជីវិតប្រកបដោយភាពរឹងមាំ ដោយអត់ធ្មត់ ក្រាញននៀល ព្រមទាំងចេះចាក់វ៉ាក់សាំងការពារផង

ចង់ជោគជ័យ យើងគួរហ៊ាន។ ហ៊ាននោះគឺហ៊ានសាកល្បងអ្វីដែលប្លែកៗ ថ្មីៗ គឺហ៊ានធ្វើអ្វីដែលមិនធ្លាប់ធ្វើ។ គតិមួយលើកឡើងថា អ្នកនឹងគ្មានថ្ងៃចេះហែលទឹកឡើយ បើអ្នកនៅតែលើគោក។ ជាការពិត គំនិតបែកឆ្វេង ច្រើនកើតចេញពីការហ៊ានគិតបែកឆ្វេង។ ប្រសិនបើយើងធ្វើនូវរឿងដែលធ្លាប់ធ្វើ នោះក៏នឹងទទួលបានអ្វីដែលធ្លាប់បាន ហើយបើយើងធ្វើអ្វីដែលពុំធ្លាប់ធ្វើ នោះក៏នឹងទទួលបានអ្វីដែលថ្មី ឬពុំធ្លាប់បានដូចគ្នា។ ដូច្នេះ ចូរធ្វើអ្វីដែលចង់ធ្វើ ធ្វើអ្វីដែលចង់បាន និងគួរបានអ្វីដែលចង់ធ្វើ។

អតីតកាលមិនសំខាន់ណាស់ណាទេ ពីព្រោះយើងអាចចាប់ផ្ដើមពីបច្ចុប្បន្នសារជាថ្មីបាន។ ធ្វើខុសក៏មិនមានបញ្ហាធំពេកដែរ ព្រោះយើងអាចកែប្រែវាបាន។ ខុសហើយចេះកែ និងមិនខុសលើរឿងដដែលៗ ក្នងដានជើងដដែលៗ។ បរាជ័យគ្មានអ្វីគួរឲ្យខ្លាចទេ តែរឿងដែលគួរឲ្យខ្លាចគឺ ការបាក់ទឹកចិត្តព្រមចុះញ៉មបញ្ហាទេតើ។ មនុស្សខ្លាំងគឺតែងតែអាចក្រោកនៅរាល់ពេលដួល បើទោះបីជាត្រូវខកចិត្តខ្លះ ក៏គេនៅតែប្រឹងក្រោក។ គាថាមួយដែលគេតែងតែទន្ទេញគឺ ដួលងើបៗ។ តែមិនមែនងើបដួលៗនោះទេ។ បើជ្រុលជាថា <ប្រឹងប្រែងម្ដង ខុសម្ដង> អ៊ីចឹងគួរនិយាយថា <ខុសម្ដង ប្រឹងប្រែងម្ដងទៀត> វិញមិនល្អទេឬ? ចំពោះមនុស្សខ្សោយគឺជាមនុស្សចូលចិត្តផ្ញើជីវិតផ្ដេកផ្ដួលលើចំណុចខ្សោយនោះឯង។ គេប្រហែលជាមានចំណុចខ្សោយនៅក្នុងខ្លួនច្រើន រហូតពេលខ្លះគេលង់ស្រឡាញ់ចំណុចខ្សោយព្រមបណ្ដោយឲ្យគាបសង្កត់បាន។ របស់ដែលបាត់បង់ក្នុងអតីតកាលទៅហើយ យើងពុំគួរយំស្ដាយពេកទេ។ យើងអាចចាត់ទុកថា ជាបទពិសោធ ឬជាចម្រៀងមនោសញ្ចេតនាដ៏លន្លង់លន្លោចខ្លោចផ្សាទៅចុះ។ ខ្ញុំនឹងច្រៀងថ្វាយព្រះអាទិត្យដែលរះបំភ្លឺសត្វលោក តែខ្ញុំមិនយំអង្វរលន់តួកុំឲ្យព្រះអាទិត្យលិចនោះទេ ព្រោះវាមិនមានប្រយោជន៍អ្វីទាល់តែសោះ។ ប្រយោជន៍ដ៏តូចគឺត្រឹមលាងសម្អាតជាតិពុលចេញពីកែវភ្នែក តែអ្វីដែលខាតច្រើនគឺខាតទឹកភ្នែក ខាតពេលវេលា។

តាំងខ្លួនឲ្យធំជាងបញ្ហាជានិច្ចជីវិត គឺជាការប្រយុទ្ធ ឬសង្គ្រាមជាមួយបញ្ហា។ ហេតុនេះបើជាអ្នកប្រយុទ្ធទៅហើយនោះ យើងត្រូវតាំងខ្លួនឲ្យធំជាងបញ្ហា។ តើតាំងបែបណា? គឺបើបញ្ហាជាលេខសូន្យ យើងគួរជាលេខ១០ បើបញ្ហាជា ដែកគោលយើងត្រូវតែជាញញួរ បើបញ្ហាជាដុំដី យើងគួរជាដុំថ្ម បើបញ្ហាជាស្ដេចយើងត្រូវតែជាអាទិទេព បើបញ្ហា រត់មករកយើង យើងនឹងរត់បុកទម្លុះបញ្ហាម្ដងមើល


អំនានជីវិតទាំង១០...



១. យើងអាចស្វែងរកខ្លួនឯងឃើញ នៅពេលណាដែលយើងអាចឆ្លើយនឹងសំណួរដែលថា តើជីវិតនេះជាអ្វី? តើខ្ញុំជាអ្នកណា? តើក្ដីប្រាថ្នាពិតប្រាកដនៃជីវិតគឺជាអ្វី? តើខ្ញុំកើតមកដើម្បីអ្វីទៅ? ...

២. ដើម្បីស្វែងរកតម្រូវការការពិតនៃជីវិត គឺស្ថិតលើជីវិតយើងឲ្យពិតប្រាកដ(មិនប្រែប្រួលទៅតាមមេឃ និងចេះតវ៉ានឹងព្រហ្មលិខិតអាក្រក់)។ យើងអាចសួរខ្លួនឯងថា តើគោលដៅយើងគឺអ្វី? តើយើងចូលចិត្តអ្វី? តើយើងមានចំណុខខ្លាំង និងខ្សោយអ្វី?...

៣. គុណភាពជីវិតគឺវាស់ស្ទង់ដោយគំនិត ទង្វើ និងលទ្ធផល តែមិនមែនដោយបទពិសោធ និងអាយុនោះទេ។

៤. ការដែលមានសេចក្ដីទុក្ខក៏ព្រោះតែខ្លួនឯងជាអ្នកអនុញ្ញាត ហើយការដែលមានសេចក្ដីសុខក៏ព្រោះតែខ្លួនឯងជាអ្នកព្រមអនុញ្ញាតឲ្យដែរ។ ឱ!...ការអនុញ្ញាតដ៏មានឥទ្ធិពលអើយ...

៥. នៅលើលោកយើងនេះអ្វីៗទាំងអស់សុទ្ធតែប្រែប្រួល បើកើតឡើងហើយរមែងរលត់បាត់ទៅវិញតាមកាលវេលារបស់វា។ មានន័យថា សុខក៏ប្រែប្រួល ទុក្ខក៏មិនយូរ ដូចពេលរាត្រីនឹងត្រូវជំនួសដោយថ្ងៃរះ កាលណាពេលវេលាមកដល់ ព្យុះមិនចេះតែបោកបក់មករហូតនោះទេ។

៦. អ្វីទៅដែលហៅថាក្ដីសុខ? អ្វីទៅដែលហៅថាក្ដីទុក្ខ? តាមពិតសុខ និងទុក្ខគឺកើតឡើងដោយសារតែចិត្តយើងជាអ្នកកំណត់និយមន័យសោះ។ ឧ. ក្ដីសុខជនប្រមឹកគឺស្រា ក្ដីសុខអ្នកសិក្សាគឺអំនានសៀវភៅ។ ទុក្ខរបស់អ្នកក្រគឺ ការគ្មានទ្រព្យធន់ ឯទុក្ខរបស់អ្នកមានគឺ ខ្លាចបាត់បង់ទ្រព្យធន់ទៅវិញ។

៧. មិនថាជីវិតយើងលំបាកប៉ុនណាទេ តែចុងក្រោយបង្អស់យើងនៅតែពុំអាចទម្លាក់ចោលជីវិតយើងមួយនេះបានដែរ ព្រោះយើងពុំអាចទៅខ្ចីដង្ហើមគេដកបានទេ មានន័យថាយើងនៅតែប្រឹងតស៊ូ ក្រាញននៀលដោយខ្លួនឯងដដែលៗ។ ការទម្លាក់ចោលជីវិត គឺមានន័យសូន្យ (ត្រូវស្លាប់) តែការស្លាប់មិនអាចដោះស្រាយបញ្ហាបាននោះទេ។ គតិមួយលើកឡើងថា បើការស្លាប់អាចដោះស្រាយបញ្ហាបាននោះ អីចឹងតើមនុស្សគ្រប់គ្នាប្រឹងរស់ដើម្បីអ្វី? បើបែបនោះមែនគេប្រហែលជានាំគ្នាបបួលស្លាប់បាត់អស់ទៅហើយ។

៨. ដើមឈូកដុះចេញពីភក់បង្កើតចេញបានជាផ្កាយ៉ាងស្រស់ស្អាត ហើយមិនដែលខ្វល់ថាមានអ្នកណាឲ្យតម្លៃវាឬអត់ទេ តែវានៅតែស្រស់ស្អាតតាមធម្មជាតិរបស់វាដដែល។

៩. សុខ និងទុក្ខ ជាគូនិងគ្នា ហេតុនេះខ្ញុំសូមនិយាយថា សុខ=ទុក្ខ គឺមានន័យថា សុខមានចំនួនស្មើគ្នានិងទុក្ខ ឬអាចថាទុក្ខច្រើនជាងសុខដែលមាននៅលើលោកិយមួយនេះ។

១០. នៅពេលដែលគិតថានឹងដើរទៅមុខហើយ ចូរកុំគិតងាកសម្លឹងមកក្រោយ ឬស្ដាយក្រោយឲ្យសោះ៕



Monday, October 1, 2018

ផ្លាស់ប្ដូរ...



អ្វីដែលយើងគួរចាំទុកនោះគឺគ្រប់គ្នាកើតមក មិនមាននរណាពេញលក្ខណៈ មិនមាននរណាល្អបំផុត មិនមាននរណាពូកែបំផុតនោះទេ ហើយក៏មិនមាននរណាដែលមានជីវិតយ៉ាប់យ៉ឺនរហូតនោះដែរ។ គ្រប់យ៉ាងគឺផ្លាស់ប្ដូរ ហើយមានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលមិនផ្លាស់ប្ដូរ។ គ្រប់គ្នាសុទ្ធតែមានទាំងចំណុចល្អ ចំណុចអាក្រក់ ខ្វះខាត ប្លែកៗពីគ្នា តែការដែលធ្វើខ្លួនយើងឲ្យពេញលេញកាន់តែខ្លាំងឡើងបាន ជាដំបូងគឺត្រូវរកឲ្យឃើញចំណុចខ្វះខាតខ្លួនឯងដើម្បីមកផ្លាស់ប្ដូរជាមុនសិន។ នៅពេលដែលដឹងច្បាស់ហើយ គឺត្រូវចំណុចខ្លាំងមកអភិវឌ្ឍឲ្យកាន់តែប្រសើរ ឯចំណុចខ្សោយត្រូវកែប្រែ ប្ដូរវិធីគិត វិធីធ្វើសារថ្មី។ ការផ្លាស់ប្ដូរថ្មី នឹងធ្វើឲ្យយើងឃើញនូវសកម្មភាពថ្មី វិធីសាស្ត្រថ្មី ដើម្បីរៀបចំដំណើរជីវិតថ្មី លើវិថីជោគជ័យថ្មី។ ទស្សនៈមួយលើកឡើងថា បើអ្នកចង់ផ្លាស់ប្ដូរពិភពលោក ជាដំបូងអ្នកត្រូវតែផ្លាស់ប្ដូរ<ជំនឿចិត្ត>អ្នកជាមុនសិន

អ្នកដែលមិនធ្លាប់ខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះ។ ជីវិតយើងមានសារៈសំខាន់ខ្លាំងណាស់ចំពោះការគិត មានន័យថាគ្រប់ការគិតទាំងអស់តែងតែផ្ដោតលើជីវិត។ ការគិតដែលល្អគឺការគិតវិជ្ជមាន គិតក្នុងគំនិតដ៏ត្រឹមត្រូវ គិតរកច្រកដំណោះស្រាយ គិតរកផ្លូវឈ្នះបញ្ហា។ យើងអាចសួរសំណួរមួយថា បើជ្រុលជាគិតហើយ ហេតុអ្វីមិនគិតក្នុងផ្លូវដែលនាំឲ្យខ្លួនឯងមានក្ដីសុខ? មានទស្សនៈមួយលើកឡើងថា ជីវិតគឺជាអ្វីដែលអ្នកគិត។ បើអ្នកគិតវិជ្ជមាន អ្នកនឹងទទួលបានផលវិជ្ជមាន បើអ្នកគិតរឿងមិនល្អ អ្នកនឹងទទួលបានផលមិនល្អដូចគ្នា។ វាគឺជាមេដែកដែលស្រូបទាញ និង អាចនិយាយថាជា ច្បាប់ស្រូបទាញផងដែរ។ សូមចាំថា ការគិតរបស់យើង វាមានឥទ្ធិពលលើជីវិតយើងខ្លាំងណាស់

ការគិតប្រកបដោយភាពច្បាស់លាស់មួយ នឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងសម្បើម។ គិតឲ្យធំតែសូមចាប់ផ្ដើមពីតូចទៅ និងចាប់ផ្ដើមលើផ្លូវដែលត្រូវបោះជំហានមុនគេ។ ចាប់ផ្ដើមគិតអ្វីដែលអាច ដែលងាយៗ ដែលខ្លឹមៗ ដើម្បី<ដើរទន្ទឹម>នឹងសកម្មភាពវិជ្ជមាន ឲ្យ <ស្រប>នឹងឥរិយាបថវិជ្ជមានដែលត្រូវបានបង្កើតនៅក្នុងខួរក្បាល។

មិនថានៅក្នុងស្ថានការណ៍បែបណាទេ ចូរស្វែងរកអ្វីដែលល្អៗ ថ្មីៗ ហើយកុំស្វែងរករឿងអាក្រក់ ឈប់ផ្ដោតលើបញ្ហា។ មនុស្សដែលជោគជ័យតែងតែស្វែករករឿងល្អនៅក្នុងគ្រប់បញ្ហា តែមនុស្សបរាជ័យតែងតែស្វែងបញ្ហានៅក្នុងគ្រប់រឿងល្អ។ ចងចាំថា នៅក្នុងសំណាងអាចមានគ្រោះ ក្នុងគ្រោះក៏អាចមានសំណាង គ្រោះនិងសំណាងមានស្មើគ្នា តែអ្វីដែលសំខាន់តើអ្នកស្វែងរកមួយណា? បើមានរឿងអាក្រក់សូមកុំបារម្ភព្រោះវាគង់តែប្រែប្រួលទេ ហើយបើមានរឿងល្អក៏សូមកុំបារម្ភ ព្រោះវាគង់តែប្រែប្រួលដូចគ្នា។ ពេលវេលាជាអ្នកសម្រួលឲ្យទឹកថ្លាបាន

មនុស្សយើងច្រើនតែប្រកាន់ខ្ជាប់នឹងគំនិតដដែលៗដែលវាបានលងបន្លាចយើងរហូតមក។ សូមផ្លាស់ប្ដូរវាចេញហើយគិតប្លែកពីគំនិតដើមណាដែលមិនល្អ។ មិនល្អមានន័យថាមិនបានធ្វើឲ្យយើងរីកចម្រើនទៅមុខទេ។ បរាជ័យធំបំផុតគឺមិនបានគិត ហើយមិនហានធ្វើ ថែមទាំងទន្ទេញថា បរាជ័យ មិនផ្លាស់ប្ដូរ។ អ្នកដែលជោគជ័យគឺជាអ្នកដែលធ្លាប់បរាជ័យស្ទើរតែរាប់មិនអស់។ ទស្សនៈមួយនិយាយថា ខ្ញុំសុខចិត្តធ្វើជា វីរៈបុរសបរាជ័យ ដែលយ៉ាងហោចណាស់ក៏ខ្ញុំបានសាកល្បងផ្លាស់ប្ដូរដែរ

សូមគិតឲ្យល្អក្នុងបច្ចុប្បន្ន ហើយបំភ្លេចអតីតកាលដែលមិនល្អចោល។ អតីតកាលគឺជាបាយផ្អូម បច្ចុប្បន្នគឺបាយដាំឆ្អិនថ្មី ឯអនាគតគឺអង្ករពុំទាន់ក្លាយជាបាយនៅឡើយទេ។ សូមកុំគិតហួងហែងដោយរស់នៅក្នុងអតីតកាលខ្លាំងពេក ផ្លាស់ប្ដូរវាចេញទៅ។ បើអ្នកមិនផ្លាស់ប្ដូរ គឺមានន័យថា អ្នកប្រឆាំងនឹងសច្ចៈភាពនៃធម្មជាតិ ព្រោះក្នុងធម្មជាតិគឺផ្លាស់ប្ដូរជានិច្ច

ចេះស្រឡាញ់ខ្លួនឯង!



ជោគជ័យខ្លះ បរាជ័យខ្លះ យឺតខ្លះ លឿនខ្លះ គឺជារឿងធម្មតាៗសម្រាប់ជីវិត អ្វីដែលសំខាន់ត្រូវផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ។ គួរចាំថា មានតែយើងទេ ដែលយល់សុខទុក្ខខ្លួនឯងជាងគេ ហើយក៏មានតែយើងដែរ ដែលនៅជាមួយខ្លួនឯងជារៀងរហូត ។

អ្នកផ្សេងមិនមែនយើង ពេលខ្លះដោយសារគេមិនយល់ពីយើង ទើបគេចេះតែមើលមកយើងដោយគំនិតផ្សេងៗគ្នា ប៉ុន្ដែមានពេលខ្លះ បើយើងមើលខ្លួនឯងក្នុងផ្លូវល្អៗ យើងនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ប៉ុន្ដែប្រសិនបើយើងឈឺចាប់កើតទុក្ខនឹងសម្ដីផ្តេសផ្ដាសរបស់អ្នកដទៃ យើងមិនខុសពីរើសសំរាមតាមផ្លូវដាក់ហោប៉ៅខ្លួនឯងឡើយ

ពេលខ្លះ ខណៈពេលដែលយើងកំពុងជម្នះភាពលំបាកៗ ពុំសូវមានមនុស្សជ្រោមជ្រែងឡើយ ប៉ុន្ដែបើមនុស្សប៉ែងជើងគឺមានច្រើន។ ប៉ុន្ដែទោះបីគ្មាននរណាម្នាក់គាំទ្រយើងក៏ដោយ តែយើងត្រូវគាំទ្រខ្លួនឯងជានិច្ច ផ្ដល់កម្លាំងចិត្ដឲ្យខ្លួនឯងជានិច្ច ព្រោះមានតែខ្លួនឯងទេដែលនៅជាមួយខ្លួនឯងជារាងរហូត ត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ

Cr. ប្រាជ្ញាជីវិត

Saturday, September 29, 2018

ស្មោះនឹងអំពើល្អ



មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលអ្វីឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួចឲ្យសោះ ពីព្រោះកាលណាបើងើបមុខមិនរួចហើយ គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏គ្រាន់តែលើកតម្កើង សេចក្តីល្អ ទៅបានហើយ តែសូមកុំព្យាយាម លើកតម្កើងខ្ញុំ ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិនេះ គឺថាខ្លួនខ្ញុំគឺនៅតែមានភាពជាមនុស្ស តែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយអំណាចលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។

កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារតែភាពលោភលន់នឹងអំណាចក្នុងដៃ ឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។

កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឲ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឲ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឲ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឲ្យដើរទៅមុខ៕

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ