Thursday, February 15, 2018

មិត្តគិតតែពីចង់បាន មាន ៤ ពួក


បាបមិត្ត ៤ ពួកនេះ លោកចែកជាបន្តថា ក្នុងពួកមិត្តនីមួយៗទាំងបួនពួកហ្នឹង ចែកចេញជាបួនបន្តទៀតគឺ៖

មិត្តគិតតែពីចង់បាន (កាព្យបទ ៧)

-     មិត្តគិតតែពីចង់បាន
          ប្រយោជន៍ផ្ទាល់ប្រាណគេឥតគិត
-    ឲ្យតិចយកច្រើនអំពីមិត្ត
          ដោយមានគំនិតគិតរុកកួន ។
-     បើមានភ័យទើបចេញមុខ
          ជួយការមិត្តទុកឲ្យជួយខ្លួន
-     មកជាមិត្តគិតរុកកួន
          រកប្រយោជន៍ខ្លួនឲ្យបានច្រើន ។     
មិត្ត ៤ ពួកនេះ មិត្តចង់បាន
ប្រយោជន៍ផ្ទាល់ប្រាណឥតចំរើន
ចូរចាំភាសិតច្រើនក្រវើន
រំឭកដាស់តឿនកុំភ្លេចឡើយ ៕


ដដ.ទំ. ៤០៥

បាបមិត្ត គឺមិត្តអាក្រក់ (កាព្យ)



ថ្ងៃនេះក៏សូមទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកអាន តែងតែចូលចិត្តអាន និងចុចលើគេហទំព័រ ក៏ដូចជាផេកគោលគំនិតល្អដើម្បីជីវិតរហូតមក ប្រិយមិត្តអ្នកអានធ្លាប់បានអានកំណាព្យពីការថ្វាយបង្គំទិសទាំង៦ តាមន័យទស្សនរបស់ព្រះពុទ្ធសាសនា ក្នុងការប្រតិបត្តិសង្គហៈសង្រ្គោះចំពោះគ្នានិងគ្នាហើយដែរ ប៉ុន្តែក្នុងទិសទី៤ ដែលលោកទុកជាទិសមិត្តសំឡាញ់ ដែលមានធម៌ ៥ ប្រការ ដែលត្រូវសង្រ្គោះគ្នា ។ ហើយឥឡូវនេះ សូមទាញលក្ខណៈរបស់មិត្តមកបរិយាយតាមពាក្យកាព្យជាបន្ត តើមិត្តសំឡាញ់ ដែលយើងរាប់អានសេពគប់យកធ្វើជាមិត្តដូចម្ដេចខ្លះ? ប្រិយមិត្តអាចវាស់វែងសង្កេតតាមដានពីទង្វើរបស់មិត្តយើង យកមកផ្ទៀងផ្ទាត់ជាមួយនឹងចំណុចដែលមានការរៀបរាប់ជាបន្តបន្ទាប់ដូចខាងក្រោម…

សំដែងអំពីបាបមិត្ត គឺមិត្តអាក្រក់ និងកល្យាណមិត្ត គឺមិត្តល្អ ឯបាបមិត្តគឺមិត្តអាក្រក់នោះ តាមគោលដើមមាន ៤ ពួកដូច្នេះ៖     

(បទពាក្យប្រាំពីរ)

-     មិត្តគិតតែពីចង់បាន        
របស់ធនធានអំពីមិត្ត
ប្រយោជន៍ខ្លួនឯងចេះតែគិត
ប្រយោជន៍ខាងមិត្តឲ្យខាតបង់ ។
-    មិត្តល្អត្រឹមតែវាចា
          បើពោលពាក្យណាឥតពិតត្រង់
          មាត់ឲ្យទ្រព្យមិត្តចិត្តឥតចង់
          គេចកែអែអង់ឥតបានឲ្យ ។
-     មិត្តបានខាងតែអែបអប
          ប៉ិននិយាយប្របចាក់បណ្ដោយ
          ប្រចុបឲ្យមិត្តមានថ្លស់ធ្លោយ
          ធ្លាក់យសសក្ដិដោយសំដីខ្លួន ។
-     មិត្តនាំឲ្យកើតអន្តរាយ
          ទ្រព្យធនទាំងឡាយបង់ជូន
          វិនាសត្រឹមទ្រព្យឬដល់ខ្លួន
          ដោយក្ដីជួបជួនគប់មិត្តបាប ។
          មិត្ត ៤ ពួកនេះមិនមែនមិត្ត
          ត្រូវកុំនៅជិតជាដរាប
          តែចូលទៅជិតនឹងជាប់បាប
          ខ្លួននឹងដុនដាបអន្តរធាន ៕

ដដ.ទំ៤០៤


Wednesday, February 14, 2018

ច្បាប់គ្រហស្ថប្រតិបត្តិសមណព្រាហ្មណ៍ ៥ យ៉ាង


(បទព្រហ្មគីតិ)

_     មានកាយកម្ម                     ប្រកបព្រមដោយមេត្តា
          បានយកកាយអាត្មា            ជួយធ្វើការជាប្រក្រតី ។
_     មានវចីកម្ម                        ប្រកបព្រមដោយមេត្រី
          បើពោលពាក្យសំដី             គួរគប្បីកើតស្នេហា ។
_     មានមនោកម្ម                     ប្រកបព្រមដោយមេត្តា
          តាំងនៅក្នុងចិន្តា                  តែងជ្រះថ្លាក្រាបសំពះ ។
_     មានចិត្តសទ្ធា                     មិនបិទទ្វារបង្អួចផ្ទះ
          ធនធានមានហើយលះ        ដោយចិត្តជ្រះថ្លាធ្វើទាន ។
_     ឧបត្ថម្ភទុក                        គ្រឿងគ្រប់មុខការស្រេកឃ្លាន
          អាមិសដែលខ្លួនមាន          លះធ្វើទានឥតអាក់ឡើយ ៕



ដ.ដ.ទំ.៤០៤  

ច្បាប់សមណព្រាហ្មណ៍សង្រ្គោះគ្រហស្ថ ៦ យ៉ាង


(បទព្រហ្មគីតិ)

_     ការណាជាបាប                  ត្រូវប្រាបប្រាមហាមគ្រប់មុខ
          ព្រោះជាកម្មនាំមុខ              តទៅមុខមានវេរា ។
_     ការជាកុសល                    ជួយនាំផ្ដល់ផ្ដើមសទ្ធា
          សាងទានសីលភាវនា          ដើម្បីជាទីពឹងប្រាណ ។
_     បានជួយសង្រ្គោះ                ចិត្តចំពោះធម៌កល្យាណ
          មិនធ្វើឲ្យរំខាន                   ជួយប្រោសប្រាណដោយស្មោះសរ ។
_     បើមិនដែលស្ដាប់               នូវសូរសព្ទធម៌បវរ
          ដឹកនាំឲ្យស្ដាប់ធម៌              ណាដែលល្អប្រសើរគាប់ ។
_     ជួយប្រាប់ពន្យល់                ធម៌ដែលឆ្វល់ឲ្យយល់ឆាប់
          ធម៌ណាដែលធ្លាប់ស្ដាប់      ក៏ជួយប្រាប់ឲ្យយល់ឆ្ងាយ ។
_     ជួយប្រាប់ផ្លូវធម៌                 ណាដែលល្អកើតសប្បាយ
          ឲ្យបានជនទាំងឡាយ           ស្ដាប់បរិយាយនៃខ្លួនអើយ ៕


ដ.ដ.ទំ.៤០៣  

Tuesday, February 13, 2018

ច្បាប់ទាសកម្មករប្រតិបត្តិចៅហ្វាយនាយ ៥ យ៉ាង (កាព្យ)


(បទព្រហ្មគីតិ)         
_     ក្រោកឡើងខំធ្វើ                 ការអំពើផងនានា
          មិនបាច់ចាំតឿនថា              ទៅធ្វើការក៏មុននាយ ។
_     ពេលឈប់ធ្វើការ               រាល់វេលាក្រោយចៅហ្វាយ
          របស់ផងទាំងឡាយ            ចេះខ្វល់ខ្វាយយកទុកដាក់ ។
_     យកតែទ្រព្យណា               នាយអាត្មាឲ្យស្មោះស្ម័គ្រ
          មិនបានយកលួចលាក់        នាំឲ្យទាក់កើតទោសទុក្ខ ។
_     បើធ្វើការណា                    ចិត្តឧស្សាហ៍ចង់បានសុខ
          ផ្ចិតផ្ចង់ប្រឹងពេញមុខ           យកចិត្តទុកដាក់ក្នុងការ ។
_     បាននាំគុណនាយ                ទៅទីឆ្ងាយពោលវាចា
          សរសើរនាយអាត្មា            ប្រាប់គេថាល្អណាស់អើយ ៕


ដ.ដ.ទំ.៤០៣

ច្បាប់ចៅហ្វាយនាយសង្គ្រោះកម្មករ ៥ យ៉ាង (កាព្យ)


(បទព្រហ្មគីតិ)
_     ដាក់មុខការឲ្យធ្វើ                តាមអំពើនិងកម្លាំង
          លៃលកតាមខ្សោយខ្លាំង     ហើយសឹមតាំងឲ្យទទួល ។
_     ឲ្យបាយអាហារ                  នឹងថ្លៃការដល់ពួកឈ្នួល
          មិនបានកែកាច់មូល            ឲ្យតាមជួលប្ដេជ្ញាគ្នា ។
_     បើមានឈឺចាប់                  ស្ទុះប្រញាប់ទៅម្នីម្នា
          ជួយមើលថែរោគា             រក្សាគ្នាមិនលះបង់ ។
_     បានចែកអាហារ                 ឆ្ងាញ់ពីសាល្អផ្ចិតផ្ចង់
          បំពេញតាមចំណង់             គ្រប់រូបអង្គឥតរួញរា ។
_     ឲ្យឱកាសឈប់                  សម្រាកគ្រប់កាលវេលា
          គួរតាមសម័យវា                ដែលមានការត្រូវឈប់អើយ ៕

ដ.ដ.ទំ.៤០២


ច្បាប់មិត្តប្រតិបត្តិកុលបុត្រ ៥ យ៉ាង (កាព្យ)


(បទព្រហ្មគីតិ)

_     កុលបុត្រប្រមាទ                មិនសំអាតអង្គអាត្មា
          ភ្លាត់កាយភ្លាត់វាចា              ជួយរក្សាក្ដីវិបត្តិ ។
_     បានជួយការពារ                  ជួយរក្សាជួយប្រយ័ត្ន
          បើធ្វេសក្នុងសម្បត្តិ            ជួយប្រយ័ត្នយ៉ាងមុះមុត ។
_     បានធ្វើទីពឹង                       ជាពុំនឹងដល់កុលបុត្រ
          គ្រាមានភ័យតក់ស្លុត           មិនរន្ធត់រត់ចោលគ្នា ។
_     មិនបានលះបង់                   យកតែអង្គឯកអាត្មា
          វិបត្តិជួយរក្សា                    ក្នុងគ្រាណាដែលតក់ស្លុត ។
_     រាប់អានកូនចៅ                   នូវអស់ផៅពង្សកុលបុត្រ
          ដោយចិត្តស្នេហាផុត          ត្រកូលបុត្រឥតសល់ឡើយ ៕


ដ.ដ.ទំ.៤០២

ច្បាប់កុលបុត្រសង្គ្រោះមិត្ត ៥ យ៉ាង (កាព្យ)


(បទព្រហ្មគីតិ)
_     ឲ្យទ្រព្យគួរឲ្យ                    មិត្តញយៗដោយចិត្តជា
          ឥតមានគិតរួញរា               ស្រឡាញ់គ្នាដោយចិត្តស្មោះ ។
_     បើពោលវាចា                    ពោលពាក្យណាដែលពីរោះ
          រាប់រកគ្នាឥតឈ្លោះ             ហើយសង្គ្រោះរក្សាចិត្ត ។
_     បានធ្វើប្រយោជន៍               តិចយ៉ាងហោចឲ្យដល់មិត្ត
          បើមានការជួយគិត            ឲ្យតែមិត្តបានប្រសើរ ។
_     បានធ្វើខ្លួនប្រាណ                ជាអ្នកមានចិត្តស្មោះស្មើ
          មិនមានចិត្តសើរវ៉ើ             តាមដំណើរមិត្តកល្យាណ ។
_     មិនក្លែងកុហក                    ពាក្យអាក្រក់កាចសាមាន្យ
          ឲ្យមិត្តកើតរំខាន                 នោះមិនបានពោលសោះឡើយ ៕


ដ.ដ.ទំ.៤០១  

Monday, February 12, 2018

ច្បាប់ភរិយាប្រតិបត្តិស្វាមី ៥ យ៉ាង


 (បទព្រហ្មគីតិ)

ទី១     ចាត់ចែងការងារ                 ឥតរួញរាដោយផ្ចិតផ្ចង់
          បាយព្រឹកបាយថ្ងៃត្រង់         មិនបង្អង់ខុសវេលា ។
ទី២     ពួកញាតិស្វាមី                   ទាំងប្រុសស្រីក្មេងវុឌ្ឍា
          សង្គ្រោះស្មើមុខគ្នា              ដូចញាតិកាខ្លួនស្មោះស្មើ ។
ទី៣     ចេះថែទាំទុក                      ទ្រព្យដោយមុខតាមដំណើរ
          ទ្រព្យអន់ទ្រព្យប្រសើរ         ប្រសិនបើស្វាមីឲ្យ ។
ទី៤     មិនបានប្រព្រឹត្ត                   កន្លងចិត្តស្វាមីឡើយ
          ដោយប្រុសដទៃហើយ        ដែលនាំឲ្យកើតអន់អាក់ ។
ទី៥     ឈ្លាសព្រមក្នុងការ             ហើយឧស្សាហ៍ធ្វើឥតស្រាក
          ជាស្រីវៃគ្រប់ថ្នាក់               មិនមានទាក់ទើសទាល់ឡើយ ៕


ដ.ដ.ទំ. ៤០១


ច្បាប់ស្វាមីសង្រ្គោះភរិយា ៥ យ៉ាង


(ព្រហ្មគីតិ)

ទី១     រាប់អានភរិយា                   ដោយវាចាដ៏ទន់ភ្លន់
          បើពោលទៅប្រពន្ធ             ពាក្យនោះទន់គួរជាប់ចិត្ត ។
ទី២     មិនមានមើលងាយ             មិនជេរវាយដោយអាណិត
          ចេះថ្នមរក្សាចិត្ត                  ដោយអាណិតនាងភរិយា ។
ទី៣     មិនបានក្បត់ចិត្ត                  មិនទៅប្រព្រឹត្តស្រីនានា
          តាមដោយល្បែងពាលា       ឲ្យភរិយាក្ដៅក្រហាយ ។
ទី៤     បានប្រគល់យស                យ៉ាងខ្ពង់ខ្ពស់យ៉ាងសប្បាយ
          យសស្រីផងទាំងឡាយ        គឺខ្វល់ខ្វាយជើងក្រានឆ្នាំង ។
ទី៥     ផ្គត់ផ្គង់ប្រដាប់                    មានសម្រាប់យ៉ាងសម្រាំង
          គ្រឿងអប់គ្រឿងតែងតាំង     តាមកម្លាំងធនខ្លួនអើយ ៕



ដ.ដ.ទំ. ៣៩៩

ច្បាប់សិស្សប្រតិបត្តិគ្រូអាចារ្យ ៥ យ៉ាង


(បទព្រហ្មគីតិ)
ទី១     ទទួលដំណើរ                    ឬជូនដើរត្រឡប់ទៅ
          ទីឋានដែលលោកទៅ          នេះជាផ្លូវត្រូវគួរសម ។
ទី២     ចូលទៅបម្រើ                    តាមកាលធ្វើឲ្យឧត្តម
          ហៅថាបម្រើធំ                   លោកនិយមយកពេលបី ។
ទី៣     ជឿស្ដាប់ពាក្យគ្រូ                កុំមូទូកើតអម្រិយ
          ឱវាទជាសំដី                      ត្រូវគប្បីកាន់ហ្មត់ចត់ ។
ទី៤     បំរើប្រក្រតី                       ធ្វើការអ្វីឥតកំណត់
          ពេលណាមិនប្រាកដ           នេះជាបទបំរើតូច ។
ទី៥     លោកប្រាប់សិល្បសាស្ត្រ    ស្តាប់ឲ្យច្បាស់ធ្វើឲ្យដូច
          រក្សាកុំឲ្យខូច                      ទាំងធំតូចត្រូវគោរព ៕


ដ.ដ.ទំ. ៣៩៩

ច្បាប់គ្រូអាចារ្យសង្គ្រោះសិស្ស ៥យ៉ាង


(បទព្រហ្មគីតិ)

ទី១     ទូន្មានប្រដៅ                      សិស្សដែលខ្លៅឲ្យចេះធម៌
          ចេះច្បាប់រៀបរយល្អ           ការណាក្រឲ្យវាងវៃ ។
ទី២     ឲ្យសិស្សសិក្សា                 ដោយវាចាល្អប្រពៃ
          បង្ហាត់ឲ្យឈ្លាសវៃ              ឲ្យយល់ន័យសព្វវិជ្ជា ។
ទី៣     ឲ្យសិស្សសិក្សា                 សិល្បសាស្ត្រាផងនានា
          ឲ្យចេះគ្រប់វិជ្ជា                   កុំរាំងរាឬលាក់ទុក ។
ទី៤     បើអាមាត្យមិត្រ                 មានមកជិតត្រូវលើកមុខ
          ថ្លែងគុណសិស្សសូមសុខ   ឲ្យគេជឿទុកចិត្តបាន ។
ទី៥     ប្រាប់អត្ថវិជ្ជា                      ធ្វើការពារសព្វភូមិស្ថាន
          គេសួរសិស្សឆ្លើយបាន       មិនរំខានចិត្តសិស្សឡើយ ៕


ដ.ដ.ទំ.៣៩៩



ច្បាប់កូនប្រតិបត្តិមាតាបិតា ៥យ៉ាង


ទី១     ត្រូវចិញ្ចឹមរក្សា
          មាតាបិតាដោយតបគុណ
          ដែលលោកធ្វើមកលើខ្លួនមុន
          ចូរកុំភ្លេចគុណធ្ងន់នោះឡើយ ។
ទី២     បើលោកមានការងារ
          ត្រូវជួយធ្វើការលោកឲ្យហើយ
          បើការងារស្ទួនគ្នាជួយឲ្យស្បើយ
          ឬជួយឲ្យហើយក៏គួរគាប់ ។
ទី៣     រក្សាវង្សត្រកូល
          ចងបាច់ប្រមូលគ្នាឲ្យជាប់
          ទោះមានទោះក្រត្រូវតែរាប់
          រក្សាជាតិទ្រព្យកុំឲ្យបាត់ ។
ទី៤     បើបានទ្រព្យធនធាន
          ដែលលោកឲ្យទានកុំឲ្យខ្ចាត់
          ធ្វើខ្លួនឲ្យគួរដល់សម្បត្តិ
          មត៌តលោកបាត់ចែកមកឲ្យ ។
ទី៥     ត្រូវធ្វើបុណ្យជូនដល់
          ផ្សាយជូនទៅដល់លោកញយៗ
          ទោះរស់ទោះស្លាប់ត្រូវធ្វើឲ្យ
          កុំភ្លេចគុណឡើយណាកូនអើយ ៕

ដ.ដ. ទំ.៣៩៩

          

ច្បាប់មាតាបិតាសង្រ្គោះកូន ៥យ៉ាង



ទី១     ត្រូវឃាត់កូនទាំងឡាយ
          កុំឲ្យខ្វល់ខ្វាយក្នុងបាបទាំងឡាយ
          សម្លាប់លួចប្លន់នាំដុនដាប
          អំពើជាបាបឃាត់ឲ្យបាន ។
ទី២     ត្រូវនាំកូនធ្វើបុណ្យ
          អំពើជាគុណគាប់កល្យាណ
          ទានសីលជាដើមដែលនាំប្រាណ
          បានសុខក្សេមក្សាន្តឥតទុក្ខភ័យ ។
ទី៣     នាំកូនរៀនសិល្បសាស្ត្រ
          ឲ្យចេះដឹងច្បាស់ទាំងប្រុសស្រី
          រៀនទាំងផ្លូវធម៌ផ្លូវលោកិយ
          កុំឲ្យសល់អ្វីសព្វវិជ្ជា ។
ទី៤     ត្រូវរៀបកូនប្រុសស្រី
          ឲ្យមានស្វាមីឬភរិយា
          សមគួរដល់ជាតិធនវ័យវា
          កុំឲ្យខុសគ្នានាំអភ័ព្វ ។
ទី៥     ត្រូវបែងចែកធនធាន
          តាមដោយខ្លួនមានឲ្យគួរគាប់
          ឲ្យកូនបានធ្វើជាដើមទ្រព្យ
          ជាកេរគួរគាប់បំផុតអើយ ៕


ដ.ដ. ទំ. ៣៩៨

Sunday, February 11, 2018

ការគោរពទិសធម៌ ៦ តាមពុទ្ធោវាទ (កាព្យពាក្យ ៧)



ទី១    ខាងកើតទិសបុព្វា                         ទុកដូចជាមាតាបិតា
          ដែលបង្កើតបុត្រក្នុងលោកា            គូកនស្នេហាអស់ពីចិត្ត ។
          ត្រូវបត្តិបត្តិលោកដោយធម៌ប្រាំ       ដែលអ្នកប្រាជ្ញផ្ដាំមានកំរិត
          កម្រៃថ្លៃគុណលោកអាណិត          ដោយមេត្តាចិត្តជួយកូនថ្លៃ ។
ទី២    ខាងត្បូងទិសទក្ខិណា                    ទុកជាអាចារ្យយើងសព្វថ្ងៃ
          ដែលបង្រៀនធម៌ល្អថ្លាថ្លៃ              ឲ្យបាននិស្ស័យទៅនិព្វាន ។
          ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ      ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
          គឺពាក្យជាច្បាប់ឱវាទាន                   ទាំងនោះត្រូវមានចិត្តជ្រះថ្លា ។
ទី៣    ខាងលិចទិសបច្ឆិមា                       នោះលោកទុកជាបុត្តភរិយា
          ដែលនៅក្រោយខ្នងយើងរាល់គ្នា     នោះគឺជាក្រោមបង្គាប់ខ្លួន ។
          ត្រូវធ្វើសង្រ្គោះដោយធម៌ប្រាំ           ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មាំមួន
          ថាត្រូវមានចិត្តអាណិតស្ងួន            កុំមានគុំគួនឬគ្នាន់ខ្នាញ់ ។
ទី៤    ខាងជើងទិសឧត្តរា                        លោកទុកថាជាមិត្តសំឡាញ់
          ដែលមានចិត្តស្មើឥតផ្ចាលផ្ចាញ់      រាប់អានស្រឡាញ់ឥតអាក់ឡើយ ។
          ត្រូវប្រតិបត្តិគ្នាដោយធម៌ប្រាំ           ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មកហើយ
          បើមិត្តមានទុក្ខជួយឲ្យស្បើយ         កុំខានសោះឡើយទើបត្រូវធម៌ ។
ទី៥    ខាងក្រោមទិសហេដ្ឋា                    លោកទុកជាទាសកម្មករ
          ដែលជួយធ្វើការអាក្រក់ល្អ            ដោយចិត្តស្មោះសរនឹងចៅហ្វាយនាយ ។
          ត្រូវនាយសង្គ្រោះដោយធម៌ប្រាំ       ដែលអ្នកប្រាជ្ញផ្ដាំឲ្យខ្វល់ខ្វាយ
          បើមានឈឺចាប់មិនសប្បាយ          ត្រូវឲ្យចៅហ្វាយថែរក្សា ។
ទី៦    ទិសខាងលើឧទ្ធៈ                         ទុកជាសមណៈនិងព្រាហ្មណា
          ដែលយើងទាយកទាយិកា             មានចិត្តជ្រះថ្លាហើយធ្វើទាន ។
          ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ     ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
          លោកអ្នកប្រាប់ផ្លូវសួគ៌និព្វាន         ថាទៅដោយយានគឺសីលអើយ ៕    

រ.ដ. ឯក ញឺម
ស.ស. កម្ពុជសុរិយា ផ្សាយដោយពុទ្ធសាសនបណ្ឌិត ភ្នំពេញ ១៩៤៤ ឆ្នាំ ១៦ ភ.២  ទំ.៣៩៩