Sunday, April 19, 2020

ខ្លួនឯង




មានរឿងជាច្រើនណាស់ក្នុងលោកនេះ ដែលមនុស្សជាតិអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន ឬមានឧបសគ្គ ។ អ្នកខ្លះជួយបានតាមកម្លាំងកាយ អ្នកខ្លះជួយបានតាមការបញ្ចេញវាចាឃោសនាបញ្ចុះបញ្ចូលគៀងគរអន្ទងចិត្តពួកអ្នកមានគំនិត មានទ្រព្យ មានកម្លាំងកាយចូលរួមជួយ អ្នកខ្លះជួយបានតាមកម្លាំងទ្រព្យជួយឧបត្ថម្ភគាំពា ជួយចិញ្ចឹម ជួយរក្សា ជួយមើលការខុសត្រូវ អ្នកខ្លះទៀតជួយតាមបែបសំណេរអប់រំ ផ្ដល់កម្លាំងចិត្ត ជួយរកគន្លឹះវិធីសាស្ត្រសរសេរយ៉ាងណា ក្នុងការជួយដោះស្រាយបញ្ហាជីវិត សិក្សា ការងារ ថែរក្សាការពារ ចំណូលចំណាយក្នុងការបង្កើតសេដ្ឋកិច្ច និងតាមមធ្យោបាយនានា ដែលខ្លួនម្នាក់ៗអាចជួយបាន ក្នុងន័យសង្គហធម៌ សាមគ្គីធម៌ និងសប្បុរសធម៌ ក្នុងការបង្កើនគុណភាពជីវិត ដើម្បីឈានទៅដល់មាគ៌ាមួយហៅថា សុវត្ថិភាព សន្តិ ស្ថេរភាព ឥស្សរ ក្នុងជីវិតរបស់មនុស្សក្នុងសង្គម ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សមិនតិចទេ ដែលខិតខំលះបង់ក្ដីសុខផ្ទាល់ខ្លួន ដើម្បីក្ដីសុខរួមរបស់សង្គមមនុស្ស ពិសេសមេដឹកនាំប្រទេស សាសនា អង្គភាព ស្ថានប័ន និងគ្រួសារ ជាដើម ។ 

ការជួយរបស់មនុស្សទាំងអស់ អាចជួយបានមួយគ្រា មួយរយៈវែង ឬខ្លី ទៅតាមថតភាពជាក់ស្ដែងរបស់មនុស្សក្នុងសង្គម បើគិតតែសុំជំនួយនោះបាន  តែឲ្យជួយរហូតអស់មួយជីវិតនោះមិនបានទេ ដូចនេះហើយមានពាក្យអប់រំមួយពោលថា បើអ្នកឲ្យត្រីគេ គេអាចបរិភោគមួយពេលក៏អស់ តែបើអ្នកបង្រៀនវិធីរកត្រី ឬស្ទូចត្រីដល់គេ ទើបគេមានត្រីទុកហូបអស់មួយជីវិតបាន ។ មែនទែនទៅ គេមិនអាចជួយយើងបានគ្រប់ជ្រុងជ្រោយ តាមអ្វីដែលយើងចង់ តែអ្វីដែលខ្លួនយើងចង់បាន មានតែខ្លួនយើងម្នាក់គត់ ។  ដូចពុទ្ធនិយមលើកឡើងថា មានតែខ្លួនយើងប៉ុណ្ណោះ ដែលជាទីពឹងបាន អ្នកដទៃពឹងមិនបានឡើយ។ ក្នុងន័យនេះ ចង់សង្កត់ធ្ងន់ត្រង់ថា អំពើល្អក្ដី អំពើអាក្រក់ក្ដី សុខក្ដី ទុក្ខក្ដី មានតែខ្លួនយើងប៉ុណ្ណោះ ដែលអាចធ្វើឲ្យខ្លួនបាន អ្នកដទៃមិនអាចឡើយ ។ ដំណើរទៅកាន់ទុគតិ ដំណើរទៅកាន់សុគតិ គ្មានអ្នកណាសាងឲ្យខ្លួន ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ សុខ ឬទុក្ខខ្លួនជាអ្នកទទួល ។ តាមន័យនេះ មានពាក្យមួយលើបញ្ជាក់ក្នុងបញ្ហានេះថា  មនុស្សតែម្នាក់គត់ ដែលអាចជួយអ្នកឲ្យឆ្លងផុតពីបញ្ហាគ្រប់យ៉ាងបាន គឺខ្លួនអ្នក

សរុបមកវិញ អ្នកអាចទទួលការជួយពីអ្នកដទៃបាន តែអ្វីដែលអ្នកដទៃជួយអ្នកបានត្រឹមតែសម្ភារប្រើប្រាស់តាមតម្រូវណាមួយ ឬក្នុងកាលៈទេសៈណាមួយ តែឲ្យជួយអស់មួយជីវិតនោះមិនមានទេ មានតែខ្លួនយើងប៉ុណ្ណោះ ដែលត្រូវជួយខ្លួនឯងអស់មួយជីវិត ប្រសិនបើខ្លួនយើងម្នាក់ចង់បានជីវិតជោគជ័យ ជីវិតធូរស្រាល ជីវិតផុតទុក្ខកង្វល់ ជីវិតមានសេរី ជីវិតមានសន្តិនោះ ត្រូវចាប់ផ្ដើមដោយដៃជើងនិងខួរក្បាលបេះដូងរបស់យើងនេះតែម្នាក់គត់ ។ មានថ្នាំដ៏សក្ដិសិទ្ធិពូកែអស្ចារ្យយ៉ាងណា បើអ្នកជំងឺមិនព្រមទទួលទាន មិនលាប មិនព្រមចាក់ចូលទៅ សួរថា តើថ្នាំនោះពូកែទេ? យ៉ាងណាមិញ មានវិធីសាស្ត្រល្អៗក្នុងការបង្ហាត់បង្ហាញផ្លូវល្អប៉ុនណា បើអ្នកមិនព្រមអនុវត្តតាម វិធីសាស្ត្រនោះក៏មិនត្រូវ ក៏មិនល្អដែរ អ៊ីចឹងមានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបានគ្រប់គ្រា គ្រប់អាសន្ន គ្រប់កាលៈទេសៈ ៕

---------------------------------------

Cr. គោលគំនិតល្អដើម្បីជីវិត

រូប. ហ្វេសប៊ុក

ទុកអតីតកាលជាមេរៀន



ថ្ងៃម្សិលមិញ យើងមិនអាចវិលត្រឡប់ទៅដោះស្រាយអ្វីបានឡើយ ហើយថ្ងៃស្អែកក៏នឹងមិនអាចទៅធ្វើរឿងល្អៗបានដែរ ។ ជាការពិតណាស់ ពេលដែលកន្លងហួសទៅហើយ មិនអាចទាញវាឲ្យមកកន្លែងដើមវិញបានទេ ហួសគឺហួសហើយ ដូចទឹកមាត់ដែលហាខាកស្ដោះចេញពីមាត់ទៅហើយ មិនអាចរើសយកវាមកលេបវិញបានទេ មានតែរង់ចាំពេលថ្មីចូលមកបន្ត ។ យ៉ាងណារឿងអតីតកាលដែលមានក្ដីសុខក្ដី មានក្ដីទុក្ខក្ដី យើងមិនអាចចង់ទៅរស់នៅ ឬក៏ទៅដោះស្រាយជាមួយវាបានឡើយ មានតែបណ្ដោយឲ្យវាទៅតាមយថាកម្មប៉ុណ្ណោះ ។ ចូរគិតថា មនុស្សគ្រប់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក ធ្លាប់ទទួលរងការឈឺចាប់ ធ្លាប់ត្រូវគេកុហក ធ្លាប់ត្រូវគេក្បត់ ធ្លាប់សម្រក់ទឹកភ្នែកហូរជោកខ្នើយ ធ្លាប់អង្គុយស្រងេះស្រងោចកណ្ដោចកណ្ដែង ធ្លាប់ជួបរឿងកម្សត់ ធ្លាប់ជួបរឿងបែកបាក់ ធ្លាប់ជួបរឿងស៊យ ធ្លាប់ជួបភាពខ្វះខាត ធ្លាប់ជួបរឿងបរាជ័យក្នុងការសិក្សា ក្នុងការងារ ។ល។ បញ្ហាទាំងអស់នេះហើយ ដែលមនុស្សយើងម្នាក់ៗ ធ្លាប់បានជួបប្រសប់ក្នុងអតីតកាល ។

បញ្ហាក្នុងអតីតកាល មានការឈឺចាប់ ជួបការបរាជ័យទាំងអស់នេះនោះ មិនមែនជាឧបសគ្គក្នុងដំណើរជីវិតរបស់យើងឡើយ តែវាជាការត្រូសត្រាយផ្លូវមួយសម្រាប់ឲ្យយើងឈានជើងមកឈរជើងបានក្នុងទីតាំងបច្ចុប្បន្ននេះទេតើ ។ អ្វីដែលយើងមិនអាចវិលទៅដោះស្រាយអតីកាលបាន មានតែធ្វើបច្ចុប្បន្ននេះឲ្យបានល្អបំផុត ព្រោះថា មានតែបច្ចុប្បន្ននេះទេ ដែលអាចជួយយើងដោះស្រាយបញ្ហាចំពោះមុខបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងញញឹមបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងភ្លឺស្វាង មានតែបច្ចុប្បន្នេះទេជាថ្នាំឱសថព្យាបាលចិត្តយើងបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងសម្រេចក្ដីបំណងប្រាថ្នាបាន ។ បច្ចុប្បន្ននេះ គឺជាពេលមួយដ៏ល្អសម្រាប់យើងបំផុត ។ បញ្ហាក្នុងអតីតកាលដែលវាកន្លងផុតទៅ ទុកជាគ្រូ ទុកជាបទពិសោធក្នុងដំណើរជីវិត ។

កាលណាយើងសាងបច្ចុប្បន្ននេះល្អហើយ អនាគត យើងមុខជាបានល្អ មុខជាបានប្រសើរ មុខជាជោគជ័យហើយ ឲ្យតែយើងទ្រាំលេបថ្នាំ ព្យាយាម ជំនះ តស៊ូ ចំពោះបញ្ហាដែលមានចំពោះមុខ ។ ថ្ងែនេះ យើងមិនទាន់ទទួលបានលទ្ធផលល្អ ដូចអ្វីដែលយើងគិត ដូចអ្វីដែលយើងចង់ នោះមិនមែនជាបញ្ហាចោទឡើយ បញ្ហាចោទគឺការលះបង់ ឈប់ធ្វើ ឈប់ជំនះតស៊ូ ឈប់ដើរទៅមុខទៀត ចូរចងចាំថា ធម្មជាតិក្នុងលោកនេះ សុទ្ធតែអាចយកមកធ្វើជាមេរៀនសម្រាប់ឲ្យយើងយកមកគិត មកអប់រំ ដូចថាពេលថ្ងៃ ពេលយប់ មានភ្លៀង មានរាំង ជាដើម ។ ពេលថ្ងៃ ទុកដូចជាជីវិតយើងមានសេចក្ដីសុខ មានជោគជ័យ ពេលយប់ ទុកដូចជាភាពអាប់អួ ទុក្ខសោក ខកខូចចិត្ត បរាជ័យ ជាដើម ។ អនាគត យើងមិនអាចទៅធ្វើអ្វីបាន តែអនាគតគឺជាប្រទីប គឺជាត្បូងពេជ្រ គឺជាភាពរីករាយ គឺជាភាពភ្លឺស្វាងនៃជីវិត ដែលយើងបានត្រូសត្រាយក្នុងពេលបច្ចុប្បន្ននេះទៅ ។

រួមមកវិញ មនុស្សយើងម្នាក់ៗដែលកើតមកក្នុងលោកនេះ គ្មានអ្នកណាម្នាក់កើតមកសំបូរបែប កើតមកជោគជ័យរហូតទេ មិនថា ជីវិតរស់នៅ ជីវិតសិក្សា ជីវិតការងារ ឬជីវិតស្នេហា ។ សច្ចភាពជីវិត មិនឲ្យមនុស្សយើងបានអ្វីមកគ្រប់គ្រាន់ទេ បើបានរូបល្អ អន់សំឡេង បើសំឡេងល្អ អន់រូបកាយ បើមានទ្រព្យ តែខ្វះភាពកក់ក្ដៅ បើមានភាពកក់ក្ដៅ បែរជាជួបវិបត្តិសេដ្ឋកិច្ច ជាដើម ។ ទោះបីខ្លួនស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ សូមកុំបោះបង់ចោលខ្លួនឯង ក្នុងន័យថា កុំអស់សង្ឃឹម ។ បើថ្ងៃស្អែក ព្រះអាទិត្យនៅតែបញ្ចេញរស្មីមកលើភពផែនដីមួយនេះបន្ត មធ្យោបាយដោះស្រាយបញ្ហាជីវិតនៅតែមានផ្លូវ  ។ ចូរឧបមាជីវិតខ្លួន ដូចជាសត្វអណ្ដើក ទោះជាវាវារយឺតៗក្ដី តែមិនបោះបង់ចោលគោលដៅរបស់វាឡើយ ៕

----------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត  
រូប. ហ្វេសប៊ុក  

Friday, April 10, 2020

តើជាស្នេហាឬតណ្ហា?



ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រសើរ។ ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់ តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។ មនុស្សរស់បាន ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់ វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺការលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់ គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ ដ្បិតវានាំឱ្យខាតតែវេលាទេ។

ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១ បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លាយ គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។

ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ អ្វីទៅជាស្នេហាគឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។

_____________________________________

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ

Thursday, April 9, 2020

ច្បាប់ទម្លាប់ក្នុងសង្គមខ្លះៗដែលអាចជួយអ្នកបាន



១. មិនត្រូវហៅនរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថា គេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។

២. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថា គេបានឱ្យលុយទៅអ្នកខ្ចី។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណ:របស់អ្នក។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីៗផ្សេងទៀតដូចជា ឆ័ត្រ ប៊ិក និងប្រអប់ដាក់អាហារជាដើម។

៣. មិនត្រូវកុម្មង់អាហារថ្លៃៗនៅក្នុងបញ្ជីអាហារ នៅពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាច សុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។

៤. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា "អ៊ីចឹង ឯងមិនទាន់មានគ្រួសារទេហ្អេហ៎?" ឬក៏ "ឯងអត់មានកូនហេហ៎?" ឬ "ថីបានជាឯងអត់ទិញផ្ទះហ្នឹងហាហ៎?" ឬក៏ "ម៉េចបានជាឯងមិនទិញឡានមួយទៅ?" ត្រូវចាំថាវាមិនជាបញ្ហារបស់អ្នកទេ។

៥. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច។ វាគ្មានទៅអស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ។ អ្នកមិនអាចនឹងអន់មិនទាបអស់កិត្តិយសឡើយក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃ ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់

៦. បើសិនជាអ្នកជិះTaxiជាមួយនឹងមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយ អ្នកត្រូវព្យាយាមចេញម្តង។

៧. ត្រូវឱ្យតម្លៃទៅលើគំនិត ឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅទល់មុខអ្នកនោះ នឹងឃើញជាលេខ9។ ម៉្យាងទៀត បើសិនជាគំនិតដំបូងមានបញ្ហា គំនិតទី២អាចប្រើជំនួសបាន។

៨. មិនត្រូវរំខាននៅពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅពេលគេកំពុងនិយាយនោះ ត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់។

៩. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរព និងឱ្យតម្លៃ។

១០. ពោលពាក្យ"អរគុណ" នៅពេលនរណាម្នាក់បានជួយអ្នក។

១១. សរសើរជាសាធារណ: រិះគុណប្រាប់កំហុសជាឯកជន។

១២. គ្មានហេតុផលសំអាងអ្វីទេក្នុងការបញ្ចេញមតិទៅលើទម្ងន់របស់នរណាម្នាក់ថាគេធាត់ ស្គម ឬយ៉ាងណានោះ។ គ្រាន់តែនិយាយថា"ឯងស្អាតណាស់"ទៅបានហើយ។ បើគេចង់ពិភាក្សាពីការបញ្ចុះទម្ងន់ជាមួយអ្នកនោះ គេនឹងនិយាយហើយ។

១៣. នៅពេលនរណាម្នាក់បង្ហាញអ្នកពីរូបភាពណាមួយក្នុងទូរសព្ទរបស់គេ ចូរកុំអូសទៅឆ្វេងស្តាំ។ អ្នកគ្មានសិទ្ធិដឹងឬឃើញរូបភាពអ្វីផ្សេងទៀតឡើយ។

១៤. បើសិនជាមិត្តរួមការងារម្នាក់ប្រាប់អ្នកថា គេត្រូវទៅណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ចូរកុំសួរថាទៅដើម្បីអ្វី គ្រាន់តែនិយាយថា"សង្ឃឹមថាអ្នកមិនអីចុះ"តែប៉ុណ្ណឹងបានហើយ។ កុំព្យាយាមដាក់សម្ពាធឱ្យគេនិយាយប្រាប់ពីជម្ងឺផ្ទាល់ខ្លួនរបស់គេឡើយ។ បើសិនជាគេពិតជាចង់ឱ្យអ្នកដឹងមែននោះ គេនឹងនិយាយប្រាប់អ្នកមិនចាំបាច់ឱ្យអ្នកសួរនោះទេ។

១៥. ត្រូវចាត់ទុកអ្នកអនាម័យដូចទៅនឹងCEOដែរ។ គ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ពេញចិត្តទៅលើការមើលងាយរបស់អ្នកទៅលើអ្នកដែលស្ថិតក្រោមបង្គាប់ខ្លួននោះទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នានឹងសរសើរអ្នកនៅពេលអ្នកផ្តល់ការគោរពទៅកាន់ពួកគេ។

១៦. បើសិនជាមនុស្សម្នាក់កំពុងតែនិយាយមកកាន់អ្នក តែអ្នកបែរជាសម្លឹងមើលទូរស័ព្ទ នេះមិនមែនជាទង្វើសមគួរឡើយ។

១៧. មិនចាំបាច់ទូន្មានបង្រៀនគេទេ បើសិនជាគេមិនបានសុំឱ្យទូន្មាននោះ។

១៨. ពេលដែលជួបមិត្តដែលខានឃើញគ្នាយូរ ចូរកុំសួរគេពីអាយុ និងប្រាក់ចំណូលរបស់គេឡើយ ទាល់គេចង់និយាយពីរឿងនេះ ចាំនិយាយ។

១៩. កុំខ្វល់ខ្វាយច្រើនពីរឿងអ្នកដទៃ លើកលែងតែរឿងនោះទាក់ទងនឹងអ្នកដោយផ្ទាល់តែម្តង។

២០. ត្រូវដោះវ៉ែនតាខ្មៅចេញ បើសិនជាអ្នកនិយាយទៅកាន់នរណាម្នាក់នៅតាមផ្លូវ។ វាជាសញ្ញានៃការគោរព។ លើសពីនេះទៅទៀត ការសម្លឹងមើលកែវភ្នែកអ្នកនិយាយ ក៏សំខាន់ប្រដូចនឹងពាក្យសម្តីវាចារដូចគ្នាផងដែរ។

២១. មិនត្រូវនិយាយពីទ្រព្យពីភាពមានបានរបស់អ្នកនៅក្នុងបរិវេណអ្នកក្រនោះទេ។ ដូចគ្នានេះដែរ មិនត្រូវនិយាយពីកូនៗរបស់អ្នកចំពោះមុខអ្នកដែលមិនអាចមានកូនឡើយ។

ខ្ញុំសង្ឃឹមថាវាអាចនឹងជួយអ្នក

ប្រភព :ហ្វេសបុក

Wednesday, April 8, 2020

ដើម្បីអ្នក



ស្រឡាញ់អ្នកខ្ញុំចង់ឱ្យអ្នកក្លាហាន រឹងមាំ ហើយអាចរស់នៅបានល្អប្រសើរ ។ ស្រឡាញ់អ្នក ខ្ញុំចង់ឃើញអ្នកមានក្ដីសុខ មានស្នាមញញឹម និងជឿជាក់លើខ្លួនឯង ។ ស្រឡាញ់អ្នក ខ្ញុំឱ្យអ្នកអាចធ្វើជាមនុស្សដែលមានថាមពលជីវិតគ្រប់គ្រាន់ ។ ស្រឡាញ់អ្នក រឿងដែលខ្ញុំខ្លាចបំផុតគឺអ្នកទន់ខ្សោយ ។ ខ្ញុំមិនខ្លាចអ្នកចាកចោលខ្ញុំពេលដែលអ្នករឹងមាំទេ ព្រោះក្ដីស្រឡាញ់ដែលខ្ញុំឱ្យអ្នក គឺដើម្បីតែអ្នក ។ ស្រឡាញ់អ្នក ទើបចង់ឃើញអ្នកបានល្អ ឃើញអ្នកបានប្រសើរ ។ ហើយប្រសិនបើថ្ងៃណាមួយអ្នកជ្រើសរើសនៅឆ្ងាយពីខ្ញុំព្រោះតែអ្នករឹងមាំ ខ្ញុំនឹងគោរពការសម្រេចចិត្ត ហើយខ្ញុំក៏អាចទុកចិត្តថា " អ្នកអាចរស់នៅបានល្អប្រសើរដោយខ្លួនឯងបាន "

រឿងរ៉ាវទៅថ្ងៃខាងមុខ គ្មានអ្នកណាស្មានដឹងទេ ថានឹងប្រែប្រួលទៅជាយ៉ាងណា ។ មិនប្រាកដទេថាដង្ហើមខ្ញុំនឹងដាច់បាត់នៅពេលណា ហើយក៏មិនប្រាកដថាខ្ញុំអាចនឹងនៅជិតអ្នករហូតពេញមួយជីវិត ។ ប៉ុន្ដែភាពរឹងមាំ និងថាមពលជីវិតដែលអ្នកទទួលបាន វានឹងនៅជាមួយអ្នករហូត វានឹងអាចមើលថែអ្នកជំនួសខ្ញុំបាន ។ សួរថាខ្ញុំស្រឡាញ់អ្នកទេ ? តាមពិតខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុត ។ សួរថាតើខ្ញុំខ្លាចបាត់បង់អ្នកទេ ? នេះក៏ជារឿងដែលខ្ញុំខ្លាចបំផុតដែរ តែខ្ញុំពិតជាមិនដឹងឡើយ ថាថ្ងៃក្រោយអ្នកនឹងបាត់បង់ខ្ញុំ ឬខ្ញុំបាត់បង់អ្នក ។ ប៉ុន្ដែបើការចាកចេញអាចឱ្យអ្នកមានក្ដីសុខជាងនេះ ខ្ញុំនឹងគោរពការសម្រេចចិត្តរបស់អ្នក ទោះបីជាខ្ញុំដឹងថាខ្លួនឯងត្រូវឈឺចាប់ក៏ដោយ ខ្ញុំក៏អាចញញឹមពេលដែលឃើញអ្នករីករាយ ព្រោះក្ដីស្រឡាញ់មិនអាចបង្ខំបានទេ ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺដើម្បីអ្នក ស្រឡាញ់អ្នកទើបចង់ឱ្យអ្នកញញឹម និងរស់នៅបានល្អប្រសើរ
_________
Cr. Sun Veasna

Monday, April 6, 2020

ធ្វើជាបង្អែក



មនុស្សដែលហុចទឹកឱ្យអ្នកដទៃផឹក ខណៈពេលដែលគេកំពុងតែហេវហត់ គឺជាមនុស្សស្អាតបំផុត ។ មនុស្សដែលស្ម័គ្រចិត្តធ្វើជាថ្នាំមួយគ្រាប់ ព្យាបាលជំងឺទឹកចិត្តដល់នរណាម្នាក់ គេគឺជាទេវតា ។ មនុស្សដែលហុចដៃឱ្យនរណាម្នាក់តោង ខណៈពេលដែលគេកំពុងលង់ទឹក គឺគេជាព្រះសង្គ្រោះ ។ ភាពស្រស់ស្អាតនៃជីវិត គឺសុចរិត ។ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់ គឺសេចក្ដីល្អដែលគេបានសាង ។

ការបានជួយសង្គ្រោះអ្នកដទៃ វាជាសម្រស់ដ៏ស្រស់ស្អាតមួយរបស់យើងដែរ ។ ប្រសិនបើអាចធ្វើជាទឹក សូមធ្វើជាទឹកស្អាតដែលនរណាៗក៏អាចផឹកបាន ។ ប្រសិនបើអាចធ្វើជាផ្កា សូមធ្វើជាផ្កាដែលគ្មានជាតិពុល ដែលនរណាក៏ចង់នៅក្បែរ ចង់ថែរក្សា ។ ប្រសិនបើអាចធ្វើជាដើមឈើ សូមធ្វើជាដើមឈើដែលអាចផ្ដល់ម្លប់ដល់អ្នកដទៃ ។ ប្រសិនបើអាចធ្វើជាមនុស្ស សូមធ្វើជាមនុស្សស្អាតដែលមានសន្ដិភាព និងក្ដីស្រឡាញ់ជុំវិញខ្លួន ។ ប្រសិនបើធ្វើជាមនុស្សស្អាត សូមស្អាតដោយទឹកចិត្ត ។ ប្រសិនបើធ្វើជាមនុស្សស្អាតទឹកចិត្ត សូមជួយសង្គ្រោះអ្នកដទៃ

ដ្បិតមានរឿងខ្លះយើងមិនអាចធ្វើបាន ឬវាលើសលទ្ធភាព ប៉ុន្ដែប្រសិនបើអាចធ្វើយើងគួរតែធ្វើ ។ មនុស្សគ្រប់គ្នារស់នៅលើផែនដីនេះ គឺដើម្បីតែធ្វើដំណើរទៅមុខប៉ុណ្ណោះ រយៈចម្ងាយដែលយើងបានដើរ វាបានចាយអស់ទៅជារៀងរហូតហើយ ហើយ រយៈចម្ងាយដែលនៅសេសសល់ វាអាចនឹងមិនច្រើនប៉ុន្មានទេ យើងក៏មិនអាចឱបភាពអាត្មានិយម សោះកក្រោះទៅជាមួយដែរ ។

វិថីជីវិតដ៏ស្រស់ស្អាត គឺជាផ្លូវដែលពោរពេញដោយផ្ការីក ដែលមានក្លិនក្រអូបបរិសុទ្ធ ។ ឆាកជីវិតដ៏ស្រស់ស្អាត គឺជាការរស់នៅពោរពេញដោយក្ដីមេត្តា ស្នាមញញឹម និងក្ដីស្រឡាញ់ ហើយដើម្បីទទួលបានវា ជាដំបូងយើងគួរតែធ្វើជាមនុស្សល្អម្នាក់ជាមុនសិន ។ ទីបញ្ចប់នៃដំណើរមួយនេះ វាគឺជាសមិទ្ធផលដែលយើងបានបង្កើត អាចមានរឿងរីករាករាយច្រើនប៉ុនណា អាចមានរឿងស្ដាយក្រោយច្រើនប៉ុនណា នោះត្រូវមើលលើការប្រើជីវិតរបស់យើង ថាតើយើងបានធ្វើអ្វីខ្លះ

_________________________________

Cr. SunVeasna

ចំណេះវិជ្ជាដោយខ្វះចិត្តរួចរដោះ



សេរីភាពដោយខ្វះនូវចំណេះវិជ្ជា គឺតែងបង្កគ្រោះកាចដល់មនុស្ស ហើយចំណេះវិជ្ជាដោយខ្វះនូវការរួចរដោះចិត្ត គឺតែងបង្កើតនូវភាពកោងកាចឃោរឃៅឬអំនួតដាច់បង្ហៀរ។ អវិជ្ជាគឺជាប្រភពនៃទុក្ខទោសទាំងឡាយ។

មនុស្សល្ងង់អវិជ្ជា បូកនឹងសាសនា ស្មើនឹងបង្កគ្រោះចង្រៃដល់សង្គម។ ប្រជាធិបតេយ្យ បូកនឹងអវិជ្ជា ស្មើនឹងភាពអនាធិបតេយ្យ។ ភាពក្រីក្រ បូកនឹងអវិជ្ជា ស្មើនឹងអំពើឧក្រិដ្ឋកម្ម។ អំណាច បូកនឹងអវិជ្ជា ស្មើនឹងការសង្កត់សង្កិនផ្តាច់ការ...។ល។ ការអប់រំតែខួរក្បាល តែមិនបានអប់រំចិត្តគឺជាប្រភពនៃក្តីក្តៅក្រហាយ បង្កជម្លោះដោយសារកំហឹង ចិត្តស្អប់ស្រឡាញ់ ច្រណែនឈ្នានីស ចងគំនុំ សងសឹក ឬមនោសញ្ចេតនានិយមជ្រុល។

Cr. ប្រតិទិនទស្សនៈ២២២ថ្ងៃ

Sunday, April 5, 2020

ក្រអូបសុចរិត!



មហាសេដ្ឋី​ Carlos Slim Helu បាននិយាយថា អ្នក​ណា​​​ដែល​​ឲ្យ​ផ្កា​កុលាប​ទៅ​អ្នក​ផ្សេង​កាន់តែ​ច្រើន អ្នក​នោះ​នឹង​ទទួល​បាន​ក្លិន​ក្រអូប​ត្រឡប់មក​វិញ​។ កើតជាមនុស្សគឺជារឿងសំណាង ប៉ុន្ដែការច្នៃសំណាងនេះឱ្យមានតម្លៃបែបណានោះ គឺអាស្រ័យលើយើងខ្លួនឯង ។

ក្លិនក្រអូបពិតប្រាកដ ពុំមែនត្រឹមតែជាក្លិនទឹកអប់ទេ តែវាជាសុចរិតភាពរបស់មនុស្សល្អ ។ មនុស្សល្អក្រអូបកេរ្ដិ៍ឈ្មោះ មនុស្សមានតម្លៃថ្លៃលើសុចរិត ។ ចិត្តល្អអាចធ្វើឱ្យមនុស្សមុខមិនស្អាត ក្លាយជាគួរឱ្យស្រឡាញ់បាន ។ ពិភពលោកនឹងស្អាត នៅពេលមនុស្សជាច្រើនចេះស្រឡាញ់គ្នាទៅវិញទៅមក ចេះជួយគ្នាទៅវិញទៅមក ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកបាន ប៉ុន្ដែពិភពលោកនឹងប្រែជាអាក្រក់ ហើយខ្មៅងងឹត ប្រសិនបើមនុស្សគ្រប់គ្នានៅតែមានគំនិតអាត្មានិយម ( ប្រកាន់វប្បធម៌អញនិយម ) ។

ចូរដាំសន្ដិភាពក្នុងចិត្ត ប្រសិនបើយើងចង់បានសុខុមាលភាពជីវិត ។ រួមគ្នាបណ្ដុះគ្រាប់ពូជនៃអំពើល្អ ប្រសិនបើយើងចង់បានសង្គមមួយដ៏ស្រស់ស្អាត ។ សង្គមស្អាត មិនគ្រាន់តែដើម្បីយើងគ្រប់គ្នាទេ តែក៏ដើម្បីអាគតដ៏វែងឆ្ងាយផងដែរ ។ ដ្បិតមនុស្សអាក្រក់មានច្រើន តែក៏មានមនុស្សល្អមិនតិចដែរ ហេតុនេះទើបលោកមហាសេដ្ឋី ​​Li Ka-Shing​ តែងអះអាងថា «មនុស្ស​​មាន​ចិត្ដ​ស្មោះត្រង់​ នឹងព្យាយាមដើរ​ចូល​ក្នុង​ចិត្ត​របស់​អ្នក​ តែ​មនុស្ស​​ពុតត្បុតល្បិចកល់ គង់នឹង​ដើរ​ចេញ​ពី​កែវ​ភ្នែក​របស់​អ្នក "។ វា​គឺ​ជា​​បុណ្យកុសលដ៏ថ្លៃថ្លាបំផុត សម្រាប់​មនុស្ស​ដែល​បាន​​ជួយគ្នា​ទៅវិញទៅមក ប៉ុន្តែ​សម្រាប់​មនុស្ស​​ដែល​អាច​​បន្ត​រួមរស់​ជាមួយ​គ្នា​ជា​យូរអង្វែងបាន គឺ​ទាមទារ​ឲ្យ​មាន​ភាពស្មោះត្រង់ និង​ភាព​ជឿជាក់លើគ្នា

មហាត្មៈគន្ធី បានបន្ថែមថា " យើងពុំគួរស្អប់មនុស្សអាក្រក់ទេ ដ្បិតនរណាៗក៏អាចក្លាយជាមនុស្សអាក្រក់បានដែរ ដរាបណាអំពើអាក្រក់មិនរលាយសាបសូន្យ "។ ប្រសិនបើយើងមិនអាចកាច់ចង្កូតមនុស្សអាក្រក់បានទេ នោះសូមយើងធ្វើជាចំណែកនៃភាពជាមនុស្សល្អ ចុងក្រោយសេចក្ដីល្អនឹងរក្សាយើងវិញ ។ ចុងក្រោយសង្គមនឹងមិនឱ្យយើងឯកាទេ ។

______
អត្ថបទ : ប្រាជ្ញាជីវិត

Saturday, April 4, 2020

តើអ្នកណាផ្ដល់ក្ដីសុខ ?



ដាក់ចុះខ្លះទៅ ប្រសិនបើយើងមានអារម្មណ៍ថាធ្ងន់ពេក ។ ដាក់របស់គ្មានបានការចោលខ្លះទៅ ប្រសិនបើយើងចង់ធ្វើដំណើរឲ្យលឿនជាងនេះ ។ បើអាច គួរតែទម្លាក់រឿងស្មុគស្មាញចោលខ្លះទៅ ប្រសិនបើវាធ្វើឲ្យយើងតានតឹងខ្លាំង ។

ពេលខ្លះ ការឱបក្រសោបក្ដីព្រួយបារម្ភច្រើនពេក គឺបានត្រឹមតែធ្វើឲ្យតឹងចិត្ត ដេកមិនលក់ប៉ុណ្ណោះ ។ រឿងដែលគួរស្ពាយត្រូវតែស្ពាយ ប៉ុន្ដែចំពោះរឿងមិនគួរខ្វល់ គឺត្រូវតែទម្លាក់ចោល ។ ជីវិតខ្លីណាស់ តើយើងនឹងរស់នៅថ្ងៃស្អែកម៉េចនឹងកើត បើយប់ឡើងយើងគេងមិនគ្រប់? តើបានកម្លាំងពីណាមកបន្ដដង្ហើម?

ពេលគិត គិតឲ្យឆ្អែត ។ ពេលញ៉ាំ ញ៉ាំឲ្យឆ្អែត ។ ពេលគេង គេងឲ្យស្រួលចិត្ត ។ កុំយកពេលគេងទៅគិត ក៏កុំយកពេលញ៉ាំបាយទៅពិបាកចិត្តឡើយ ។ ទោះលំបាកក៏ត្រូវញញឹម ។ ឆាកជីវិតស្មុគស្មាញណាស់ យើងគួររៀនសោយសុខក្នុងគ្រាលំបាក ព្រោះក្ដីសុខមិនអាចមានគ្រប់ពេលទេ ហើយក្ដីសុខផ្លូវចិត្ត គឺគ្មាននរណាអាចផ្ដល់ឲ្យយើងបានក្រៅពីយើងខ្លួនឯងឡើយ ។ ត្រូវញញឹមលើកទឹកចិត្តខ្លួនឯងជានិច្ច
________

Cr. ប្រាជ្ញាជីវិត

Friday, April 3, 2020

គតិ ៨ ឃ្លាសម្រាប់ពិចារណាពីតម្លៃនៃសេចក្តីអត់ធ្មត់



សេចក្ដីអត់ធ្មត់គឺជាការពិសោធដ៏លំបាកបំផុតមួយនៅក្នុងជីវិត។ អ្វីៗកើតឡើងទៅតាមពេលវេលារបស់វា។ តាមរយៈឧបសគ្គទាំងឡាយនៅក្នុងជីវិត វានឹងជួយអ្នកឲ្យស្គាល់ពីខ្លួនឯងបានកាន់តែច្រើន។ ខាងក្រោមនេះគឺជាឃ្លាដកស្រង់អំពីសេចក្ដីអត់ធ្មត់ចំនួន៨ឃ្លា ដែលមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក៖

១) «សេចក្ដីអត់ធ្មត់គឺជាមិត្តសំឡាញ់របស់បញ្ញា។» Saint Augustine

២) «មនុស្សរីករាយគឺជាមនុស្សដែលអាចរក្សាបេះដូងដែលស្ងៀមស្ងាត់នៅក្នុងភាពចលាចលនិងភាពច្របូកច្របល់របស់ពិភពលោកសម័យទំនើបនេះ។»

៣) «យើងនឹងគ្មានថ្ងៃអាចរៀនក្លាហាននិងមានការអត់ធ្មត់បាននោះទេបើមានតែសេចក្ដីរីករាយតែម្យ៉ាងនៅក្នុងលោកនេះ។» Helen Keller

៤) «ដើមឈើដែលយឺតយ៉ាវក្នុងការលូតលាស់ចេញផ្លែដែលល្អបំផុត។» Moliere

៥) «ខណៈពេលមួយនៃសេចក្ដីអត់ធ្មត់ នៅក្នុងខណៈពេលមួយនៃការខឹងការពារនូវខណៈពេលមួយពាន់នៃវិប្បដិសារី។» Ali ibn Abi Talib

៦) «សេចក្ដីអត់ធ្មត់គឺជាធាតុផ្សំដ៏សំខាន់នៃប្រាជ្ញាឈ្លាសវៃ។» Benjamin Disraeli

៧) «បើកាលណាយើងកាន់តែអត់ធ្មត់ ដរាបនោះយើងនឹងកាន់តែយល់។» William Arthur Ward

៨) «ការហ្វឹកហាត់សេចក្ដីអត់ធ្មត់ការពារយើងពីការបាត់បង់បច្ចុប្បន្នភាពនៃចិត្តរបស់អ្នក។ វាជួយយើងឲ្យមានចិត្តស្ងប់បើទោះជាស្ថានភាពមានការលំបាកក៏ដោយ។ វាផ្ដល់ឲ្យយើងនូវពេលវេលាដ៏គ្រប់គ្រាន់មួយសម្រាប់ភាពស្ងប់ខាងក្នុងដែលជួយឲ្យយើងមានការគ្រប់គ្រងលើខ្លួនឯង ហេតុនេះយើងនឹងអាចជ្រើសរើសឆ្លើយតបនឹងស្ថានភាពទាំងឡាយទៅតាមរបៀបដែលសមរម្យនិងប្រកបដោយក្ដីមេត្តា ជាជាងត្រូវបានដឹកនាំដោយអារម្មណ៍ដែលកំពុងតែត្រូវបានរំខានរបស់អ្នក»

សម្ដេចសង្ឃដាឡៃ ឡាម៉ា

Cr. ស្រីពៅ

ជំនួញភក្តីភាព




ដៃមួយគូដែលប្រឹងប្រែងធ្វើសកម្មភាពប្រសើរជាងដៃ១០០ ដែលលើកបួងសួង ។ ការលើកឡើងដោយអត្តនោម័តិពីខាងដើមនេះ មិនមែនចង់ជំទាស់ចំពោះអ្នកដែលមានជំនឿលើសាសនាណាមួយនោះទេ ។ ប៉ុន្តែ ជាចេតនាគឺចង់ឱ្យការជឿនោះ ក្លាយជាជំនឿដែលត្រឹមត្រូវ និង ចៀសឆ្ងាយអំពីភាពអវិជ្ជា ។ ការជឿដែលមិនត្រឹមត្រូវ ឬអវិជ្ជា គឺជាការប្រើប្រាស់ជំនឿនោះ ដើម្បីបំប៉ោងភាពអាត្មានិយម ។ មនុស្សយើងកាលណាកាន់គំនិតអាត្មានិយមនឹងមិនចេះរស់នៅជាសុខក្នុងសាមគ្គីភាពឡើយ ។

ជំនួញភក្តីភាព គឺជាការបោកបញ្ឆោតក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយពុំបានគិតគូរអំពីផលអវិជ្ជមាននៃភក្តីភាពប្រភេទនេះឡើយ ។ នៅក្នុងសង្គមខ្មែរយើង ខ្ញុំឧស្សាហ៍ឃើញមានយុវជនជាច្រើន បានទៅបន់ស្រន់អ្នកតាអស្ចារ្យណាមួយ ដែលជារូបសំណាកតំណាងខេត្តរបស់ពួកគេ ដើម្បីសុំឱ្យទទួលបានជ័យជម្នះលើការប្រឡងប្រជែងនានា ។ គេបានសន្យា ថានឹងផ្តល់ជាសំណែនផ្សេងៗ ប្រសិនបើការស្នើសុំរបស់ពួកគេទទួលបានជោគជ័យពិតប្រាកដ ។ នៅក្នុងឧប្បត្តិហេតុនេះ ភក្តីភាពដែលពួកគេមានចំពោះអ្នកតា គឺជាជំនួញសុទ្ធសាធ ។

ភក្ដីភាព គឺជាធម្មធាតុល្អណាស់ តែបើអ្នកប្រើប្រាស់អវិជ្ជាវានឹងក្លាយជារឿងចោលម្សៀតបំផុត ។ បើអ្នកមានភក្តីភាពចំពោះសេចក្តីល្អ ចូរធ្វើឱ្យសេចក្តីល្អនោះបានប្រាកដជាក់ស្តែងនៅក្នុងខ្លួនជាមុនសិនសឹមបញ្ចេញវាទៅខាងក្រៅ ។ បើអ្នកមានភក្តីភាពចំពោះសាសនា ចូរបដិបត្តិឱ្យបានត្រឹមត្រូវតាមក្រឹត្យក្រមនៃការទូន្មានរបស់សាសនា ពេលនោះផ្លូវចិត្តរបស់អ្នកនឹងប្រែជាមានភាពស្ងប់សុខកើនឡើងជាលំដាប់ ។ បើអ្នកមានភក្តីភាពចំពោះអ្នកដឹកនាំ ចូរពិនិត្យមើលរវាងសម្តី និង ទង្វើរបស់ពួកគេ ប្រសិនបើយល់ឃើញថា វាបានស្របគ្នាហើយ នោះភក្តីភាពរបស់អ្នកនឹងមិនខាតបង់នោះទេ ។

ដើម្បីចៀសវាងការយកភក្តីភាពទៅធ្វើជាជំនួញ យុវជនគួរផ្លាស់ប្តូរឥរិយាបថពីការរំពឹងទុក មកជាការបញ្ចេញសកម្មភាព ។ បើមានភក្តីភាពចំពោះការអាន ចូរខំប្រឹងអាន ។ បើមានភក្ដីភាពចំពោះសេចក្តីស្នេហា ចូរខំប្រឹងស្រឡាញ់ ។ បើមានភក្តីភាពចំពោះប្រទេសជាតិ ចូរខំប្រឹងប្រែងធ្វើជាមនុស្សល្អ និង កសាងសមត្ថភាពដែលអាចវាយលុកទីផ្សារអន្តរជាតិបាន ។ ប្រសិនបើ "ចង់" ដោយពុំបានចេញជាសកម្មភាពទេ ចំណង់ប្រភេទនេះគ្រាន់តែជាចំណង់អវិជ្ជាប៉ុណ្ណោះ ។ សង្គមជាតិរីកចម្រើន គឺដោយសារការធ្វើសកម្មភាព ពុំមែនជាការស្រមើស្រមៃនោះឡើយ ។
____


Thursday, April 2, 2020

ជួយខ្លួនឯង




​ស្រឡាញ់​សង្គម​ ​តែ​បែរជា​មិន​តាមដាន​នយោបាយ​។​ ​មិន​តាមដាន​នយោបាយ​ ​គឺ​ស្មើនឹង​មិន​ស្គាល់​ចរិត​អ្នកនយោបាយ​ ​មិនដឹង​ថា​អ្នកណា​ទុច្ចរិត​ ​មិនដឹង​អ្នកណា​សុចរិត​ ​មិនដឹង​អ្នកណា​ឧបករណ៍​ ​មិនដឹង​អ្នកណា​តួល្ខោន​ ​មិនដឹង​អ្នកណា​ហៃអើ​.​.​.​.​។​ ​ចង់បាន​សៀវភៅអាន​ ​បែរជា​មិន​តាម​សកម្មភាព​អ្នកនិពន្ធ​ ​មិនដឹង​ថា​សៀវភៅ​ណា​ចែក​ជូន​ដោយ​ឥតគិតថ្លៃ​ ​ឬមិន​ដឹង​ថា​សៀវភៅ​ណា​សម្រាប់​លក់​.​.​។​

​ចង់​អាន​សៀវភៅ​ល្អ​ ​តែ​មិន​ខ្វល់​នឹង​ចរិត​អ្នកនិពន្ធ​ ​មិន​ចេះ​សម្គាល់​ចេតនា​អ្នកនិពន្ធ​ ​មិន​ចេះ​វាយតម្លៃ​ការប្រើ​ប្រាស់​ពាក្យ​សម្តី​អ្នកនិពន្ធ​នៅ​លើ​បណ្តាញ​សង្គម​.​.​.​.​គឺជា​ការខាតបង់​លុយកាក់​ ​ខាតបង់​ពេលវេលា​អាន​ ​និង​ខាតបង់​ចំណេះដឹង​។​ ​ចូលរួម​នយោបាយ​ត្រូវ​ ​និង​រើស​បាន​មេដឹកនាំ​ល្អ​ម្នាក់​ ​គឺ​ធ្វើ​ឱ្យ​សង្គម​រីក​ច្រើន​។​ ​ការ​ចង់បាន​អ្វីមួយ​ ​ដោយ​មិន​ធ្វើសកម្មភាព​ ​គឺ​ស្មើនឹង​អត់​អាច​បាន​តាមបំណង​។​ ​ការ​ស្រឡាញ់​អ្វីមួយ​ ​ឬ​ស្រឡាញ់​នរណា​ម្នាក់​ ​តែបើ​ចេញ​ចរិត​មិន​ខ្វល់ខ្វាយ​ ​គឺ​ស្មើនឹង​មិន​ស្រឡាញ់​។

ចង់បាន​អ្វីមួយ​ ​ត្រូវ​ចេះ​ខ្នះខ្នែង​ ​ស្វែងរក​ ​យកចិត្ត​ទុកដាក់​ ​សង្កេត​ ​តាមដាន​ ​ចាប់អារម្មណ៍​ ​ទទួល​ឱកាស​ ​ប្រៀប​ដូច​ទស្សនៈ​ដែល​ថា​ ​“​បក្សី​បក្សា​ជា​អ្នក​រើស​មែកឈើ​ទំ​ ​តែ​មិនមែន​មេក​ឈើ​រើស​បក្សី​បក្សា​ទេ​។​ ​ក្របី​ជា​អ្នកដើរ​ទៅ​រក​ថ្លុក​ ​តែ​មិនមែន​ថ្លុក​ត្រូវ​មករ​ក​ក្របី​ទេ​”​។​ ​បុគ្គល​អ្នក​ចង់បាន​អ្វីមួយ​ ​ត្រូវតែ​ចំណាយពេល​វេលា​សង្វាត​ប្រឹងប្រែង​ ​ប្រៀប​ដូចជា​អ្នករៀន​ ​ដាច់ខាត​ត្រូវ​ប្រឹងរៀន​អ៊ីចឹង​ដែរ​។​ ​ឥរិយាបថ​បែបនេះ​ ​គឺជា​ឥរិយាបថ​មនុស្ស​ដែល​ឈ្នះ​ ​និង​មនុស្ស​ជោគជ័យ​ ។​ ​ប្រឹង​!​!

_________________



ចំណេះដឹងមិនមែនជាល្បែង



មានផ្នត់ទម្លាប់ដ៏ឆោតល្ងង់មួយរបស់អ្នករៀនសូត្រ គឺមិនព្រមយកចំណេះដឹងដែលទទួលបានពីការប្រឹងប្រែងសិក្សារៀនសូត្រទៅប្រើប្រាស់ជាប្រយោជន៍ ឬក៏អនុវត្តឱ្យកើតជាទម្លាប់នោះទេ ។ ប៉ុន្តែ បែរជាយកចំណេះដឹងដែលទទួលបាននោះ ទៅធ្វើជាល្បែងល្បងប្រាជ្ញាទៅវិញ ។ ខ្ញុំហ៊ាននិយាយថា គេយកចំណេះដឹងទៅធ្វើជាល្បែង ពីព្រោះខ្ញុំបានឃើញមនុស្សមួយចំនួនធំ ពិសេសយុវជន តែងតែយកចំណេះដឹងដែលខ្លួនទទួលបានតាមរយៈការសិក្សារៀនសូត្រ និង ស្រាវជ្រាវ ទៅធ្វើជាល្បែងល្បងប្រាជ្ញា ច្រើនជាងយកវាទៅប្រើប្រាស់ ។

ចំណេះដឹងមិនខុសពីអាវុធនោះទេ ប្រសិនបើវាមិនត្រូវបានគេយកទៅប្រើប្រាស់ គឺស្មើនឹងឥតតម្លៃ ។ សូមកុំយល់ច្រឡំថា ការចូលចិត្តចោទសួររបស់ពួកអ្នកប្រាជ្ញ ថាជាការល្បងប្រាជ្ញាគ្នាឱ្យសោះ ពីព្រោះពួកគេគ្មានគំនិតចង់ផ្ចាញ់ផ្ចាលនឹងអ្នកណាម្នាក់ឡើយ ។ បានន័យថា ការសួរសំណួររបស់ពួកគេ មានចេតនាសំដៅដល់ការរកឱ្យឃើញចម្លើយថ្មី ដើម្បីយកទៅដោះស្រាយបញ្ហាជីវិតរបស់មនុស្ស ។ ព្រះសមណគោត្តម ទ្រង់មានចម្ងល់អំពីសេចក្តីទុក្ខនៅក្នុងជីវិតរបស់មនុស្ស ព្រោះតែចម្ងល់មួយនេះ ទើបធ្វើឱ្យទ្រង់អាចត្រាស់ដឹងក្លាយជាព្រះពុទ្ធ និង បានបន្សល់ទុកនូវមាគ៌ា ដែលអាចដឹកនាំមនុស្សឆ្ពោះទៅរកការរួចរដោះ ។

ប្រសិនបើយើងប្រឹងប្រែងសិក្សារៀនសូត្រ គ្រាន់តែដើម្បីបានលេងល្បែងជាមួយនឹងចំណេះដឹង នោះក្នុងមួយជីវិតនេះ យើងនឹងគ្មានឱកាសបានក្រេបរសជាតិពិតប្រាកដរបស់វាឡើយ ។ ចំណេះដឹងមិនខុសពីអាវុធ ដោយវាមានប្រយោជន៍ ឬឥតប្រយោជន៍ គឺអាស្រ័យទាំងស្រុងលើអ្នកប្រើប្រាស់ ។ បើអ្នកយកចំណេះដឹងទៅប្រើប្រាស់ ក្នុងចេតនាបំប៉ោងភាពអាត្មានិយម ដោយគ្រាន់តែចង់បង្ហាញអ្នកផងទាំងឡាយថា អ្នកជាមនុស្សចេះដឹង នោះមានន័យថា អ្នកកំពុងតែដើរតាមមាគ៌ារបស់មនុស្សល្ងង់ប៉ុណ្ណោះ ។

តាមធម្មតា មនុស្សល្ងង់តែងតែយល់ឃើញថា ខ្លួនឯងចេះលើសគេ ហើយតែងតែឈ្នានីសនឹងចំណេះរបស់អ្នកដទៃ ។ ចំណែកអ្នកចេះតែងតែមានអារម្មណ៍ថា ខ្លួនឯងនៅល្ងង់ណាស់ ទើបត្រូវខំរៀនបន្ថែម ។ ចំណេះដឹងក្នុងលោក ច្រើនតែនិយាយអំពីការអនុវត្ត ប៉ុន្តែ ដោយអវិជ្ជាមនុស្សយើងចូលចិត្តយកវាមកធ្វើជាល្បែងកម្សាន្តខាងប្រាជ្ញាទៅវិញ ដូចជាព្រះពុទ្ធ ទ្រង់តែងតែទូន្មានទៅបរិស័ទអំពីការបដិបត្តិ ដើម្បីរួចផុតចាកអំពីសេចក្តីទុក្ខ ។ ប៉ុន្តែ ជាក់ស្តែងយើងនៅតែឃើញមានមនុស្សសូត្រទ្រឹស្តីរបស់ទ្រង់ ដោយពុំមានសញ្ញាណាមួយបង្ហាញថា គេបានរួចរដោះបន្តិចសោះឡើយ ។ បញ្ហា គឺនៅត្រង់ថា គេបានយកការចេះដឹងនោះទៅធ្វើជាល្បែង ដោយពុំបានបដិបត្តិ ។
____

Wednesday, April 1, 2020

សត្រូវពិតមិត្តអវិជ្ជា



សង្គមជាក់ស្តែង គ្មានអ្នកណាខ្វល់ថាអ្នកធ្វើល្អឬធ្វើអាក្រក់ទេ តែសំខាន់គឺលទ្ធផលជាក់ស្តែង។ អ្នកខ្លះធ្វើល្អ តែលទ្ធផលមិនបានល្អ គឺស្មើនឹងមិនល្អឡើយ។ អ្នកខ្លះធ្វើអាក្រក់ តែលទ្ធផលបានផលល្អ គឺស្មើនឹងល្អ។ អ្នកខ្លះមិនធ្វើល្អ ហើយក៏មិនធ្វើអាក្រក់ដែរ តែអង្គុយចាំមើល ចាំថា ចាំសរសើរ ចាំរិះគន់ ដោយយោងទៅតាមលទ្ធផលនៃអ្នកធ្វើ។ កាលៈទេសៈសង្គម វាមិនល្អពេកទេ ហើយក៏មិនអាក្រក់ពេកដែរ តែសំខាន់គឺសិល្បៈ ឈរឱ្យចំកន្លែងសច្ចៈ រុលទៅមុខឱ្យខានតែបាន។ តើសត្រូវពិតជាអ្នកណា ហើយមិត្តអវិជ្ជាជានរណា?

សត្រូវពិត គឺជាអ្នកដែលចាំតែវាយសង្គ្រុបយើង ទោះយើងធ្វើល្អប៉ុនណា ក៏មនុស្សដែលមានចិត្តមិនមែនមិត្តមិនពេញចិត្តដែរ។ ពេលយើងឈ្នះ ឬពេលយើងខ្លាំង គឺគ្មានការសរសើរ ហើយក៏មិនអបអរសាទរដែរ។ មិនសរសើរ មិនសាទរ មិនហ៊ានវាយប្រហារ តែបានត្រឹមតែស្ងាត់មាត់។ ឱ្យតែយើងខ្លាំងហើយ គឺសត្រូវមិនហ៊ានលាន់មាត់ ឬហ៊ានតទល់ទេ តែបើឱកាសណាមួយដែលយើងខ្សោយ គឺសត្រូវនឹងវាយប្រហារភ្លាម។ បើនិយាយឱ្យអាក្រក់ស្តាប់ ទោះធ្វើជាមនុស្សល្អក៏ដោយ ឬទោះធ្វើជាមនុស្សអាក្រក់ក៏ដោយ គឺត្រូវខ្លាំងគ្រប់ពេល។

ធ្វើអ្វីក៏ដោយ បើធ្វើទៅហើយ គ្មានអ្នកស្អប់ទេ គឺមានន័យថា យើងធ្វើមិនទាន់ត្រូវនៅឡើយទេ។ ការស្អប់ស្រឡាញ់ វាតែងតែកើតឡើងចំពោះអ្នកបំពេញការងារសំខាន់ៗ តែបើគ្មានអ្នកស្អប់ ឬមានតែអ្នកស្រឡាញ់ គឺយើងត្រូវពិនិត្យឆ្លុះបញ្ចាំងខ្លួនឯងឡើងវិញ (ទាក់ទងនឹងចិត្តសាស្រ្តមនុស្សពីធម្មជាតិ)។ បើថ្ងៃណាមួយយើងខ្សោយ យើងចាញ់ យើងបរាជ័យ គឺអ្នកដែលធ្លាប់ទប់សំណើចមិនចង់សើចចំអកយើង នឹងបើកមាត់សើចភ្លាមៗ ហើយសើចដោយឥតលាក់លៀមទៀតផង។ ចំពោះមិត្តដែលអវិជ្ជា ជាប្រភេទមនុស្សដែលមិនយល់ការណ៍។ ម្តងម្កាល មិត្តអវិជ្ជានេះអាចច្រឡំវាយប្រហារគ្នាឯងផងក៏មានដែរ។

នៅលើលោកនេះ គ្មានជោគជ័យដែលអតមៈទេ ដ្បិតវាជាច្បាប់ធម្មជាតិ។ ចាញ់ផងឈ្នះផង ខ្លាំងផងខ្សោយផង គឺតែងប្តូរវេនគ្នាជានិច្ច។ ដូច្នេះ ពេលឈ្នះថ្ងៃនេះ គឺស្មើនឹងចាញ់នៅថ្ងៃក្រោយ។ ពេលមានអ្នកញញឹមសាទរ ក៏នឹងមានអ្នកសើចចំអកដែរ។ ជីវិតនេះ បើរស់នៅមិនរដោះចិត្តឱ្យ ផុតអញ ឬស្តើងអញទេ គឺមានតែទុក្ខប៉ុណ្ណោះ។ រស់នៅមានគោលការណ៍ ទោះបរាជ័យ ក៏មានតម្លៃគប្បីនឹងខ្លួនឯងដែរ។ បក្សីមានជម្រើសរើសមែកឈើទំ ប្រៀបដូចមនុស្សមានជម្រើសរស់នៅដោយមានឬគ្មានគោលការណ៍។ អ្នកដែលរស់នៅគ្មានគោលការណ៍ ភាគច្រើនធ្វើការងារអ្វីមួយ គឺមិនសូវមុតទេ ប្រៀបដូចជាបក្សីដែលហើរមិនទំសម្រាកលើមែកឈើ គឺហើរមិនបានឆ្ងាយឡើយ៕

ស្រឡាញ់ព្រោះអ្វី ?




មាសប្រាក់ទ្រព្យសម្បត្តិ ជារបស់កើតឡើងដោយកម្លាំងញើសឈាម ។ ប៉ុន្ដែសុភមង្គលតែមួយមុខ មិនអាចយកចំនួនលុយទៅបំពេញបានទេ ។ ការរៀបការ គឺជាការរួមដំណើរជីវិតជាមួយគ្នា មើលថែគ្នា ហើយវាអាចកើតឡើងក៏ដោយសារតែយើងស្រឡាញ់គ្នាដែរ ។ ចំនួនមាសប្រាក់ទ្រព្យសម្បត្តិ យើងអាចរកបាននៅពេលក្រោយ ។ ប៉ុន្ដែរឿងដែលយើងប្រហែលជារកមិនបាន គឺស្នេហាពិតមួយ មនុស្សល្អពិតប្រាកដម្នាក់ ។

យើងអាចដឹកដៃគ្នាតស៊ូជាមួយគ្នាបាន ក៏ដោយសារតែស្រឡាញ់គ្នា ។ ប៉ុន្ដែជំនោរសង្គមបានបង្រៀនមនុស្សខ្លះឱ្យទៅឱបរបស់ក្រៅខ្លួនទៅវិញ!! ។ ពេលខ្លះ មនុស្សល្អម្នាក់ ក៏ត្រូវគេបោះបង់ចោល ដោយសារតែហេតុផលដែលមិនសក្តិសម ។ ប៉ុន្ដែបើយើងដឹងថា វាជាស្ថានភាពលំបាកទៅហើយ ហេតុអ្វីមិនតស៊ូជាមួយគ្នាទៅ ? ជីវិតតែងតែមានពេលលំបាក ពេលស្រណុកអីចឹងហើយ សំខាន់ត្រូវអត់ធ្មត់ ហើយជួយគ្នាដោះស្រាយ ។ មិនថាយើងមិនថាគេទេ សុទ្ធតែជាមនុស្សដែលមានចន្លោះខ្វះខាត ។ ចុះបើដឹងថាម្នាក់ណាកំពុងខ្វះខាតហើយ ហេតុអ្វីមិនឆាប់ជួយបំពេញគ្នាទៅ ?

ស្នេហា មិនមែនជាសម្ភារៈប្រើប្រាស់ដែលយើងអាចយកលុយទៅទិញបានទេ ។ ប៉ុន្ដែមនុស្សក្នុងសង្គម ចង់បានតែអ្នកមាន តែមិនចង់បានទឹកចិត្តទៅវិញ! ។ ពេលខ្លះចំនួនលុយ វាធ្ងន់ជាងទម្ងន់នៃក្ដីស្រឡាញ់ទៅទៀត ។ ប៉ុន្ដែចំនួនលុយដែលយើងរកបានជាមួយគ្នាដោយកម្លាំងញើសឈាម វាមានន័យជាង វាមានតម្លៃជាងទ្រព្យសម្បត្តិស្រាប់ៗដែលមិនស្គាល់ការតស៊ូនោះឆ្ងាយណាស់ ។

បើស្រឡាញ់គ្នា កុំគិតរឿងថ្ងៃនេះអី!! ប៉ុន្ដែសូមគិតរឿងថ្ងៃក្រោយ ព្រោះអ្វីៗជុំវិញខ្លួនយើងវាអាចប្រែប្រួលបានគ្រប់ពេល ។ មុនពេលសម្រេចចិត្តរៀបការ គួរណាស់តែចំណាយពេលស្គាល់គ្នាឱ្យបានយូរបន្ដិចដែរ ព្រោះថាដៃដែលយើងត្រូវកាន់ វាអាចនឹងរបូត ឬវាអាចគង់វង្ស ក៏ដោយសារតែយើងស្គាល់ធាតុពិតរបស់គ្នាដែរ ។ អ្នកខ្លះស្រឡាញ់គេក្នុងថ្ងៃនេះ ដោយសារគេស្អាត ដោយសារគេមាន តែដល់ពេលរបស់ទាំងនោះវាប្រែប្រួលទៅ ចិត្តស្រឡាញ់ក៏ចាប់ផ្តើមរង្គោះរង្គើរ រហូតពេលខ្លះឈានដល់កម្រិតប្រេះបែកជាពីរ ។

កុំរៀបការដោយសារតែគេជាអ្នកមាន ចូររៀបការជាមួយតម្រូវការបះដូង ។ កុំរៀបការចូលក្នុងវិមាន ហើយយំក្នុងវិមាន ។ កុំរៀបការជាមួយអ្នកមានឡាន ហើយយំក្នុងឡាន ។ រៀបការជាមួយមនុស្សដែលយើងស្រឡាញ់ ទើបអាចរកឃើញសុភមង្គលយូរអង្វែងបាន ។ បើស្រឡាញ់គ្នាពិត ត្រូវព្យាយាមប្រឹងប្រែងដាំដើមសុភមង្គលមួយដើមនោះជាមួយគ្នា ។ ប្រឹងស្រោចទឹក ជ្រោយដីដាក់ជី ទើបវាចេញផ្លែផ្កា ។ គ្មាននរណាលក់សុភមង្គលឱ្យយើងទិញទេ មានតែយើងប្រឹងប្រែងសាងវាជាមួយគ្នា ។ ត្រូវចេះស្រឡាញ់គ្នា ស្មោះត្រង់នឹងគ្នា ៕

______

ជម្រើសចុងក្រោយ



យើងតែងតែស្រឡាញ់សម្លៀកបំពាក់ដែលគេតាំងបង្ហាញ ឬឃើញម៉ូតស្អាតៗ ឬភាពស៊ីវិល័យដែលយើងពេញចិត្ត ។ ប៉ុន្ដែទោះស្អាតប៉ុនណា ទោះមានច្រើនប៉ុនណា ក៏យើងនៅតែជ្រើសយកជម្រើសចុងក្រោយ ។ ជម្រើសដែលយើងជ្រើស អាចមានច្រើន តែជម្រើសចុងក្រោយ តែងកើតឡើងពីភាពមិនពេញចិត្ត ឬកំហុសណាមួយជាមួយជម្រើសមុនៗ ។ សម្លៀកបំពាក់ស្អាតៗ ពិតជាស្អាត តែសម្លៀកបំពាក់ខ្លះវាមិនសក្តិសមនឹងរាងរបស់យើងទេ ហើយបើយើងនៅតែមានះទិញមកស្លៀក យើងនឹងខ្មាសខ្លួនឯងជាមិនខាន ។

ស្នេហាក៏បែបនេះដែរ ជម្រើសចុងក្រោយដែលយើងជ្រើស ពេលខ្លះដោយសារយើងធ្លាប់ឆ្លងកាត់ការឈឺចាប់ជាមួយជម្រើសពីមុនៗ ។ ពេលវេលាបានដឹកដៃយើងមកជួបជម្រើសចុងក្រោយ រួចបានបន្សល់ទុកនូវអតីតកាលដ៏ឈឺចាប់មួយ ហើយរង្វាន់នៃការឈឺចាប់ គឺជម្រើសចុងក្រោយដែលកើតចេញពីបទពិសោធពីមុនៗ ។ មនុស្សស្អាតៗ សង្ហាៗមានច្រើន តែមនុស្សដែលសក្តិសមនឹងយើង មានមិនច្រើនទេ ។ កុំស្រឡាញ់សម្លៀកបំពាក់ដែលមិនសមនឹងរាងរៅរបស់យើង ព្រោះវានឹងធ្វើឱ្យយើងខកចិត្ត ។ ជ្រើសមនុស្សដែលសក្តិសមនឹងឋានៈរបស់យើង ហើយព្យាយាមមើលថែគ្នាឱ្យបានល្អ គឺជារឿងប្រសើរបំផុត ។ ពេលខ្លះ ភាពផ្អែមល្ហែមដែលកើតចេញពីក្លិនទឹកអប់ ដែលយើងមិនចូលចិត្ត វាជាការរំខានខ្លាំងបំផុត ដល់សេចក្ដីសុខផ្លូវចិត្ត ៕

_______

អត្ថបទ : Sun Veasna

Wednesday, March 4, 2020

៨៤ឃ្លាក្នុងរឿងសាមកុក



១. បើរួមដំណើរមិនរួមផ្លូវ មិនខុសពីសាកសពដែលមានតែខ្លួនគ្មានព្រលឹងនោះទេ។

២. " ខ្ញុំឱនលំទោនជាមួយចោរគឺដើម្បីសម្លាប់ចោរតែប៉ុណ្ណោះ " ឆាវឆាវ

៣." វត្ថុទិព្វលើលោកនេះមិនមែនស្ថិតនៅលើសម្បកក្រៅនោះទេ " ឆាវឆាវ

៤." ពេលមន្រ្តីអាក្រក់ក្តាប់អំណាច មិនគួរធ្វើមន្រ្តីទេ " ឆាវឆាវ

៥. " ចេះខ្មាសគេទើបល្អ ចេះខ្មាសគេទើបចេះតស៊ូ " ឆាវឆាវ

៦. " ខ្ញុំសុខចិត្តក្បត់គេ មិនឲ្យគេក្បត់ខ្ញុំទេ " ឆាវឆាវ

៧. " គុណធម៌ ឬចិត្តល្អអាក្រក់ មិនអាចមើលដឹងតាមសម្បកក្រៅបានទេ សុភាពបុរសក្មុងលោកពិតដូចមិនពិត កុហកដូចមែនទែន " ឆាវឆាវ

៨. " អ្នកធ្វើកិច្ចការធំមិនអាចអត់ប្រាក់បានទេ ប៉ុន្តែមិនត្រូវពឹងលើប្រាក់ទាំងស្រុងនោះឡើយ" ឆាវឆាវ

៩." រកបានអ្នកក្លាហានម្នាក់មានតម្លៃជាងមាសមួយសែនតម្លឹងទៅទៀត " ឆាវឆាវ

១០. "ពេលខ្លះរបស់ក្លែងក្លាយល្អប្រើជាងរបស់ពិតទៅទៀត " ឆាវឆាវ

១១. "នគរមានគ្រោះថ្នាក់កូនប្រុសត្រូវតែជួយ មិនចាំបាច់អញ្ចើញទេ " លាវប៉ី

១២." សង្គ្រោះនគរស្ថិតនៅលើចិត្តស្មោះ មិនស្ថិតនៅលើគ្នាច្រើនទេ " លាវប៉ី

១៣. "ដើម្បីយកទឹកដី ដំបូងត្រូវយកចិត្តមនុស្សមុន វិធីយកចិត្តមនុស្សគឺស្ថិតលើការកសាងបុណ្យ ធ្វើអំពើគុណធម៌ បំពេញចិត្តកត្តញ្ញូចំពោះជាតិ" លាវប៉ី

១៤. " ខ្ញុំសុខចិត្តស្តាប់ពាក្យជេរ ក៏មិនសុខចិត្តស្តាប់ពាក្យផ្អែមល្ហែមរបស់មនុស្សមានពុតត្បុតនោះដែរ " ឆាវឆាវ

១៥. " ស្រាឆ្ងាញ់បានអ្នកក្លាហានផឹក គឺជាសំណាងរបស់ស្រាហើយ " ឆាវឆាវ

១៦." កុំប្រើគំនិតថោកទាបទៅវាយតម្លៃសុភាពបុរស " យាន សាវ

១៧. " បងមិនត្រូវធ្វើជាមនុស្សល្ងង់ ហើយក៏មិនត្រូវធ្វើជាមនុស្សអាក្រក់ ប៉ុន្តែត្រូវធ្វើជាមនុស្សឆ្លាត " យានស៊ូ

១៨. " បើចិត្តមនុស្សធ្លាក់ចុះ សម្ព័ន្ធទ័ពនឹងចប់ជាមិនខាន" ឆាវឆាវ

១៩." កុំទះកំភ្លាងគេអី នាំតែប្រលាក់ដៃខ្លួនឯងទេ" គួនអ៊ី

២០. " សម្លាប់អាចសម្លាប់បាន តែមិនអាចប្រមាទបានទេ " យាន សាវ

២១. " ពិភពនៃរឿងរ៉ាវច្របូកច្របល់គឺមកពីមនុស្សមានចិត្តបែកបាក់ " ឆាវឆាវ

២២." ត្រកូលដូចគ្នាមិនប្រាកដថាមានចិត្តដូចគ្នាទេ " ឆាវឆាវ

២៣. "កូនប្រុសទ្រូងប្រាំហត្ថ ទីណាក៏អាចនៅបានដែរ" លីពូ

២៤." នៅពេលចាប់ស្តេចបានគឺអាចយកស្តេចគម្រាមពួកមន្រ្តី ក្តោបក្តាប់យកនគរទាំងមូល" ឆាវឆាវ

២៥. "គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេសជួបគ្រោះឃើញមន្រ្តីស្មោះ" មន្រ្តីម្នាក់

២៦. "ចិញ្ចឹមស្តេចមួយអង្គ ស្រួលជាងធ្វើស្តេចខ្លួនឯងឆ្ងាយណាស់" ឆាវឆាវ

២៧. "គេក្បត់ខ្ញុំគឺជារឿងរបស់គេ តែខ្ញុំមិនក្បត់ចិត្តធម៌របស់ខ្ញុំទេ" លាវប៉ី

២៨. "របស់ដែលអាចទិញបានគឺសុទ្ធតែជារបស់ថោក" ទីប្រឹក្សាយានស៊ូ

២៩. "អ្នកធ្វើកិច្ចការធំមិនប្រកាន់រឿងតូចតាច" យានស៊ូ

៣០. "បើចង់ធ្វើកិច្ចការធំ ត្រូវតែចេះទ្រាំរឿងដែលមនុស្សធម្មតាទ្រាំមិនបាន" ទីប្រឹក្សាយានស៊ូ

៣១. "ផ្លែប៉េងប៉ោះដែលមិនទាន់ទុំ បើប្រញ៉ាប់ទៅបេះ វាបានត្រឹមតែធ្វើឲ្យបន្លាមុតដៃប៉ុណ្ណោះ" ទីប្រឹក្សាយាន សាវ

៣២. "អ្នកក្លាហានគួរតែមានឆន្ទៈធំ មានកលល្បិចច្រើន៖ ទីមួយអាចមើលធ្លុះសភាពការណ៍នគរជាមុន ទីពីរអាចមើលធ្លុះរឿងហេតុអនាគត" ឆាវឆាវ

៣៣. "អ្នកក្លាហានដែលគ្មានឱកាសបញ្ចេញសមត្ថភាពគឺគ្មានប្រយោជន៍អ្វីទាំងអស់ " ឆាវឆាវ

៣៤. "លែងសត្រូវមួយថ្ងៃ គឺត្រូវដេកព្រួយបារម្ភមួយម៉ឺនជាតិ" ទីប្រឹក្សាឆាវឆាវ

៣៥. "មេដឹកនាំធ្វើខុស ដឹងខុសហើយកែ តែមិនទទួលកំហុស" ស៊ីងអី

៣៦. "កំណាព្យល្អ វាខ្លាំងជាថ្នាំទេវតាទៅទៀត" ឆាវឆាវ

៣៧. "មិនខ្វល់ថាច្បាំងឬមិនច្បាំង យើងមិនត្រូវមើលតែស្ថានភាពរបស់ខ្លួនឯងទេ គឺត្រូវមើលស្ថានភាពរបស់សត្រូវផង មិនត្រឹមតែត្រូវតែដឹងថាសត្រូវខ្លាចអ្វីជាងគេទេថែមទាំងត្រូវតែដឹងថាសត្រូវចង់បានអ្វីជាងគេដែរ ស្គាល់ស្ថានភាពទាំងសងខាងទើបអាចយកឈ្នះលើគេបាន"
ទីប្រឹក្សាយានសាវ

៣៨. "ម្ហូបអាហារកាន់តែឆ្ងាញ់ កាន់តែស្លាក់ជាប់ក" គួន អ៊ី

៣៩. "បើសិនជាខ្ញុំមានចិត្តច្រណែននឹងគេមែននោះ ខ្ញុំគួរតែច្រណែនមនុស្សដែលខ្ញុំគួរច្រណែន លោកមិនស័ក្តិសមទេ" ទីប្រឹក្សាយានសាវ

៤០. ទ្រព្យមិនអាចធ្វើឲ្យគេរំភើបចិត្ត បុណ្យស័ក្តិមិនអាចកែប្រែគំនិតគេបាន ស្លាប់រស់ក៏មិនអាចរារាំងដំណើរគេបាន ចំពោះមនុស្សបែបនេះ កុំថាឡើយឆាវឆាវ សូម្បីទេវតាក៏ចាញ់ដែរ " ឆាវឆាវ

៤១. "ពាក្យចាស់ពោលថា ទទួលគុណទឹកមួយតំណក់ សងវិញគឺទាំងធុង" ទីប្រឹក្សាយាន សាវ

៤២. “កងទ័ពមិនស្ថិតនៅលើច្រើនទេ គឺស្ថិតនៅលើខ្លាំង មេទ័ពមិនស្ថិតនៅលើខ្លាំងទេ គឺស្ថិតនៅលើយុទ្ធសាស្រ្ត” ឆាវឆាវ

៤៣. "មនុស្សមិនមែនទេវតា អ្នកណាដែលថាគ្មានកំហុសនុ៎ះ? "ឆាវឆាវ

៤៤. "សម្តីស្មោះតែងតែទាស់ត្រចៀក" ទីប្រឹក្សាយានសាន

៤៥. "មន្រ្តីឆ្លាតបម្រើម្ចាស់ល្ងង់ គឺជារឿងដែលគួរឲ្យឈឺចាប់បំផុតក្នុងជីវិត" ឆាវឆាវ

៤៦. "សម្តីរឹតតែផ្អែម រឹតតែមានគ្រោះដល់ជីវិត" ទីប្រឹក្សាយាន សាវ

៤៧." កុំនិយាយថាច្បាំងម្តងចាញ់ម្តង ត្រូវនិយាយថាចាញ់ម្តងច្បាំងម្តងទៀត" ឆាវឆាវឆវ

៤៨. "ធ្វើបាបគេដើម្បីប្រយោជន៍ខ្លួនឯង ទោះបីស្លាប់ក៏ខ្ញុំមិនធ្វើដែរ" លាវប៉ី

៤៩. “ស្រលាញ់មនុស្សល្អ ស្រលាញ់អ្នកចេះដឹង តែមិនចេះប្រើ ស្អប់មនុស្សអាក្រក់ តែមិនអាចកំចាត់ចោល តើមានប្រយោជន៍អ្វីទៅ?” ឆាវឆាវ

៥០. "អ្នកយកចិត្តរាស្រ្តបាន គឺយកចិត្តទេវតាបាន" ស៊ីស៊ូ ទីប្រឹក្សាលាវប៉ី

៥១. "បើមិនចង់ឲ្យអ្នកដទៃដឹង លុះត្រាតែកុំប្រព្រឹត្ត" ខុងមិញ

៥២. "បើមានសង្គ្រាម ឲ្យប្រជារាស្រ្តរត់ចោលខ្ញុំ តែខ្ញុំមិនរត់ចោលប្រជារាស្រ្តទេ" លាវប៉ី

៥៣. "ប្រើរបស់ឲ្យអស់ប្រយោជន៍ ប្រើមនុស្សឲ្យអស់ពីសមត្ថភាព" ឆាវ ឆាវ

៥៤." ស្តេចគ្រប់ជំនាន់សុទ្ធតែយល់ថាទឹកដីសំខាន់ តែខ្ញុំយល់ថាសំខាន់ជាងគេគឺមិនមែនទឹកដីទេ សំខាន់ជាងគេគឺប្រជារាស្រ្ត" លាវប៉ី

៥៥. "មេទ័ពម្នាក់បើមិនចេះមើលតារាសាស្រ្ត មិនចេះមើលធាតុអាកាស មិនចេះមើលភូមិសាស្រ្ត មិនចេះមើលវិធីសាស្រ្ត មិនមើលក្បួនសឹក មិនមើលកាលទេសៈ គឺជាមនុស្សល្ងង់បំផុត" ខុងមីង

៥៦." ចាញ់ឈ្នះជារឿងធម្មតា បរាជ័យមិនគួរឲ្យខ្លាចទេ ខ្លាចជាងគេគឺចិត្តបរាជ័យ ត្រូវតែតាំងចិត្តឲ្យក្លាហាន" ឆាវឆាវ

៥៧. "កងទ័ពយើង បើមិនឆ្លងកាត់ការបរាជ័យប៉ុន្មានដង ម៉េចនឹងចេះរកវិធីធ្វើសង្គ្រាមឈ្នះទៅ? នៅលើលោកនេះអត់មានមេទ័ពដែលច្បាំង១០០ដង ឈ្នះ១០០ដងទេ មានតែមនុស្សចាញ់តែមិនអស់សង្ឃឹមរឹតតែចាញ់ រឹតតែក្លាហាន ដល់ទីបញ្ចប់ទទួលបានជោគជ័យ" ឆាវឆាវ

៥៨. "អាងខ្លួនខ្លាំង មិនព្រមហ្វឹកហាត់ មើលស្រាលសត្រូវ គង់តែបរាជ័យ " មេទ័ពខ្វាក់អក្សរនៃនគរតុងអ៊ូ

៥៩. "ចេះតែសម្លាប់មនុស្សបានប្រយោជន៍ស្អី ចាំឲ្យច្បាស់ណា កុំឆេវឆាវឲ្យសោះ ព្រោះវាធ្វើឲ្យប្រាជ្ញាអន់ថយ ម្យ៉ាងទៀត មិនត្រូវស្អប់ខ្ពើមសត្រូវខ្លួនឯងទេព្រោះគំនុំអាចធ្វើឲ្យបាត់បង់វិចារណញាណ បើស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង" ឆាវឆាវ

៦០. "បើចង់វិភាគអ្នកណាជាឃាតករសម្លាប់មនុស្ស ជាដំបូងត្រូវវិភាគការស្លាប់របស់ម្នាក់នោះមានប្រយោជន៍ចំពោះអ្នកណា" ឆាវឆាវ

៦១. "ពាក្យចចាមអារាមក៏អាចសម្លាប់មនុស្សដែរ ហើយសម្លាប់បានលឿនជាងកំបិតទៅទៀត" ស៊ឺម៉ាអ៊ី

៦២. "អ្វីដែលគេចង់ឲ្យឯងមើលឃើញ គឺឯងនឹងមើលឃើញ អ្វីដែលគេមិនចង់ឲ្យឃើញ គឺមើលមិនឃើញទេ" លោកមេទ័ពកុងជីង

៦៣. "បើចង់សម្រេចកិច្ចការធំ មិនអាចពឹងពាក់តែការប្រយុទ្ធទេ ចិត្តធម៌ និងគុណធម៌ទើបអាចធ្វើឲ្យមនុស្សកោតគោរព" លាវប៉ី

៦៤. "នៅពេលគ្រោះថ្នាក់ មនុស្សស្លូតក៏ចេះហារមាត់ខាំគេវិញដែរ" លូ ស៊ូ

៦៥. "លោម្ចាស់ប្រើចិត្តធម៌យកចិត្តគេ ទង្វើនេះមុតជាងដាវកំបិត១០០ដងទៅទៀត" ចាវជីឡុង

៦៦. "ធ្វើសង្គ្រាម មិនអាចពឹងតែការឆេវឆាវទេ ត្រូវមានយុទ្ធសាស្រ្តនិងចេះអត់ធ្មត់" ខុង មិញ

៦៧. " នៅក្នុងសម័យសង្គ្រាម មេទ័ពខ្លាំង គឺឈ្នះមេទ័ពល្អ " ផានថុង

៦៨. លោកឧបរាជ ពេលនេះកងទ័ពអស់កំលាំងណាស់, ឆាវឆាវនិយាយឆ្លើយតបថា អស់កំលាំងយ៉ាងណាក៏ត្រូវតែហាត់ដែរ បើយប់នេះសត្រូវសំរុកចូលមក អ៊ីចឹងឯងប្រាប់គេថាហត់ណាស់ឲ្យសត្រូវនៅចាំឯងសិនមែនទេ ?

៦៩. "ចាញ់ហើយមិនច្រួលច្របល់ ទទួលការប្រមាថហើយនៅត្រជាក់ដូចទឹក ទីបំផុតបានដេញទ័ព្វសត្រូវឲ្យចូលសភាពចាញ់វិញ" ជូ គឺលាង

៧០. "មានតែខ្លួនឯងខ្លាំងទេ ទើបគេសុខចិត្តព្រមជួយយើង" ស៊ុន ឈាន

៧១. "សុខចិត្តទទួលទោសនៅថ្ងៃនេះ ចៀសវាងគ្រោះធំនៅថ្ងៃអនាគត" ស៊ឺម៉ាអ៊ី

៧២. "គ្រាន់តែសម្ងំយកសុខ គឺមិនអាចសុខនោះទេ មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចកិច្ចការធំ " ខុងមិញ

៧៣. "កន្លែងរឹតតែគ្រោះថ្នាក់រឹតតែបានសុខ"ឆាវឆាវ

៧៤. "ទៅវាយភាគខាងជើងគឺដើម្បីលើកស្ទួយរាជវង្សហាន មិនអាចប្រថុយនឹងគ្រោះថ្នាក់ទេ ទ័ពយើងគួរតែដើរតាមដំណើរប្រយ័ត្នគ្រប់ជំហាន ធ្វើដំណើរបែបនេះថ្វីត្បិតតែមិនឆាប់ឈ្នះ តែក៏មិនបរាជ័យដែរ"
ខុងមិញ

៧៥. "សម្លាប់មនុស្សមិនចាំបាច់ប្រើឃាតករទេ មានពេលខ្លះពាក្យចចាមអារាមក៏អាចស្លាប់មនុស្សបានដែរ ហើយសម្លាប់ដោយមិនឃើញឈាមទៀតផង" ខុងមិញ

៧៦." ចាប់ចោរត្រូវចាប់មេមុន " ស៊ឺម៉ាអ៊ី

៧៧. "មិនមែនខ្ញុំមិនជឿងឯងទេ តែខ្ញុំជឿលើភ្នែកខ្ញុំច្រើនជាង" ស៊ឺម៉ាអ៊ី

៧៨. "មនុស្សដែលឆ្លាតជាងគេនៅលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារតែបញ្ញាខ្លួនឯង" ស៊ឺម៉ាអ៊ី

៧៩. “ដើមសណ្តែក ដុតគ្រាប់សណ្តែក សណ្តែកស្រក់ទឹកភ្នែក ក្នុងឆ្នាំង។ សណ្តែកកើតចេញពីឬសតែមួយ ដុតគ្នាដើម្បីអ្វី? “ កំណាព្យ៧ជំហានរបស់ ឆាវជឺ

៨០. "មនុស្សអត់បានការចេះតែប្រើមាត់នឹងកាយវិការតែប៉ុណ្ណោះ ក្រៅពីនេះគ្មានចេះស្អីទេ" ស៊ឺម៉ាអ៊ី

៨១. "ក្បួនសឹកទាំងអម្បាលមាន និយាយឲ្យចំមិនស្ថិតលើក្បួនទេ គឺស្ថិតលើយុទ្ធសាស្រ្ត ស្ថិតលើការប្រែប្រួល ធ្វើឲ្យគេមើលមិនដឹងការពិត ក្បួនគឺសម្បកក្រៅ យុទ្ធសាស្រ្តទើបអាចយកចាញ់ឈ្នះ" ខុងមិញ

៨២." រៀនហើយមិនរំលឹក ស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើ ស្មើនឹងបរាជ័យ" ខុងមិញ

៨៣." អ្វីៗខ្ញុំបានធ្វើរួចរាល់អស់ហើយ នៅចាំតែព្រហ្មលិខិតប៉ុណ្ណោះ " ខុងមិញ

៨៤ "ធ្វើមនុស្សទោះក្នុងកាលៈទេសៈបែបណា ត្រូវទុកផ្លូវក្រោយឱ្យខ្លួនឯងជានិច្ច " ស៊ឺម៉ាអ៊ី

៨៥ ការលំបាកខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយ ជីវិតត្រូវចេះកម្សាន្ដក្នុងទុក្ខលំបាក " ស៊ឺម៉ាស៊ី

_________
សង្ខេបពីរឿង : សាមកុក