Wednesday, May 13, 2020

ឈ្វេងយល់ពីខ្លួនឯងឲ្យច្បាស់ជាមុនសិន



ការ​ដែល​មិនស្គាល់​ពីខ្លួន​ឯងច្បាស់គឺចាត់​ទុកថា​ជា​ឧបសគ្គដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកមិនមាន​សមត្ថភាពនិង​ការត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងការ​ទទួលបាន​ជោគជ័យ​នៅ​ក្នុង​ឆាកជីវិត ។

ប្រសិនបើ​យើង​នៅតែមើល​ធាតុពិត​របស់ខ្លួន​យើង​មិន​ឃើញ​ ឬមិន​ទាន់ច្បាស់​ថា ខ្លួនស្រឡាញ់​អ្វី ​ចូល​ចិត្ត​អ្វី ហើយ​ស្អប់អ្វី ខ្លួន​ឯង​សក្តិសម និង​មាន​ជំនាញ​ទៅ​លើអ្វី​ឲ្យប្រាកដ? បើមិនដឹងដូច្នេះ ប្រៀប​ដូចជា​មនុស្ស​ខ្វាក់​ដែល​ដើរ​នៅ​លើ​ដង​វិថី​ដ៏​ធំ​ល្វឹងល្វើយ ដែល​ពិបាក​ក្នុងការ​ដើររក​ច្រកចូល​នៃភាព​ជោគ​ជ័យ​បាន ព្រោះ​ថាមនុស្ស​ដែលមាន​កែវ​ភ្នែកល្អ ក៏​ពិបាក​ឈានទៅ​ដល់​ច្រក​នោះ​ទៅហើយ ចុះ​ទម្រាំ​តែអ្នក​ខ្វាក់ភ្នែក​ទៀត​នោះ តើពិបាកប៉ុនណា?

មនុស្ស​យើងកើត​មកម្នាក់ៗ​តែង​តែទទួល​បានឥទ្ធិពល​ពីមនុស្ស​ដែលនៅ​ជុំវិញ​ខ្លួន​អូសទាញ​ឲ្យ​គិត ទើបខ្លួនរៀនគិត ចេះគិត ស្គាល់វិធីគិត​នូវអ្វី​ដែល​មនុស្ស​ទាំងឡាយ​ទាំង​ពួង​គិត​ថាល្អ ទើប​ធ្វើការផ្លាស់​ប្តូរគំនិត​របស់​ខ្លួន​បន្តិចម្តងៗជ្រៅ​ទៅៗ រហូតដល់ស្វែង​រកធាតុ​ពិតរបស់​ខ្លួនលែង​ឃើញ​នៅ​ទីបំផុត ។

ក្នុងការនេះ មានអ្នក​ខ្លះទទួល​បានជោគ​ជ័យលើ​តួនាទី​នៃការងារ​របស់​ពួក​គេយ៉ាង​ត្រចេះត្រចង់ តែ​ពួកគេ​មិនទទួលបាន​ក្តីសុខ​ពីភាព​ជោគជ័យ​ ដែលពួក​គេបាន​ទទួល​នោះឡើយ​ប្រៀបដូច​ជាជីវិត​នៅខ្វះ​អ្វីម្យ៉ាង នោះមក​ពីពួក​គេ​ទាំងនោះ មិន​បានចូល​ទៅឲ្យ​ស្គាល់​ធាតុពិត​របស់​ពួកគេតាំង​ពីដើមរៀង​មក ។

ចុង​ក្រោយ​ទោះ​បីពួក​គេទទួល​បានជោគ​ជ័យ​ក៏ដោយ វាគ្រាន់​តែជាជោគ​ជ័យ​សំបក​ក្រៅប៉ុណ្ណោះ ហើយ​វានឹង​ធ្វើបាប​ចិត្ត​របស់​ពូកគេ​កាន់​តែខ្លាំង ដោយ​ភាព​ជោគ​ជ័យ​ក្លែង​ក្លាយ​នោះ ។ ការ​ដែលបាន​ឈ្វេង​យល់​ពី​ខ្លួនឯង ត្រូវតែ​ចាប់ផ្តើមកម្ចាត់​អារម្មណ៍​ដែល​ខ្លួនឯង​មាន​តាំង​ពី​ក្មេងវ័យ ។ ការ​កំចាត់​រនាំង​ឃុំឃាំង​នៃការ​គិត​របស់​អ្នក​គ្រប់​ពេល ​បណ្តោយ​ឲ្យការ​គិត​និង​ចិត្ត​គំនិត​គ្រប​ដណ្តប់​លើ​ភាព​ការ​ពិត​ជាក់​ស្តែង​ ដែល​ខ្លួន​ឯង​មានហើយ ​ចាប់ផ្តើម​ធ្វើការ​ពិចារណា​ខ្លួនឯងថា តើខ្លួនបាន​ធ្វើ​អ្វីខ្លះ ? តើ​ទទួល​បាន​ផលល្អ ឬ​ផល​អាក្រក់​យ៉ាង​ម៉េច​ដែរ?

ការ​ធ្វើបែប​នេះគឺជា​ការ​ធ្វើដើម្បី​អភិវឌ្ឍ​លើ​គោល​គំនិត ធ្វើឲ្យ​អ្នកមើល​ឃើញ​នូវភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​បាន ។ នៅ​ទីបំផុត​អ្នកនឹង​អាចឈាន​ចូលទៅ​ដល់ចិត្ត ឬ​អារម្មណ៍​ពិតប្រាកដ​របស់​ខ្លួន​ឯង​បាន មើល​ឃើញ​ថាខ្លួន​ឯង​មាន​សមត្ថភាព ឬ​មាន​ការ​ស្រឡាញ់​ពេញចិត្ត​លើ​ផ្នែក​ណា​មួយ​ឲ្យ​ប្រាកដ រួម​ជា​មួយ​នឹង​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ដែល​ខ្លួន​ឯង​ខ្វះខាត​បាន​គ្រប់​ពេលវេលា ។ ជា​ពិសេស​ចំពោះ​ការ​ដែល​ដោះ​ស្រាយ​បញ្ហា​ដែល​អាក្រក់ៗ​ទាំង​ឡាយ​នោះ ទាំង​ក្នុង​រយៈ​ពេល​ខ្លីនិង​រយៈ​ពេល​វែង ។ អ្វីៗ​ទាំងឡាយ​នេះ បើយើង​អាច​ប៉ះ ឬ​មើល​ឃើញ​ដោយ​កែវភ្នែក​ទទេ​នៃ​ធាតុ​ពិត ​ដែល​ខ្លួន​មាន​ស្រាប់ វា​នឹងអាច​ធ្វើឲ្យ​យើងទទួល​ស្គាល់​នូវធាតុ​ពិត​របស់​ខ្លួន​បាន​កាន់​តែ​ច្រើន​ឡើង ។

យើង​នឹង​យល់​ថា ហេតុ​អីក៏​យើង​ចាំ​បាច់​ត្រូវ​ជ្រើស​ផ្លូវនោះ? ហេតុអ្វីក៏យើង​ចាំបាច់​ធ្វើអ្វី​ទាំងឡាយ​នេះ? អ្វី​ដែល​ធ្វើ​ហើយ​មិនមែន​ជា​ធាតុ​ពិត​របស់​យើង​នោះវា​នឹង​ថយ​ចុះ ធ្វើ​ឲ្យយើង​មើល​សមត្ថភាព​ពិសេស​ដែល​លើស​ពីអ្វី​ទាំងឡាយ​ដែល​នៅ​គ្រប់​ជ្រុង​ជ្រោយ​របស់​ខ្លួនឯង ។ នោះ​គឺជា​ចំណុច​ផ្តើម និង​ជាការ​ចាប់ផ្តើម​ដ៏សំខាន់​ចម្បង ​ក្នុង​ជីវិតរស់​នៅ​របស់​អ្នក​ ប្រៀប​ដូចជាត្រីវិស័យ​ចង្អុលទិសមិនឲ្យ​យើង​វង្វេង​ផ្លូវ ​ចំពោះអ្វី​គ្រប់យ៉ាង​ដែលឈាន​ចូលមក ​ក្នុងជីវិត​យើង ។

ក្រៅ​ពីនេះ ការស្គាល់់​ពីធាតុ​ពិត​របស់ខ្លួន ជា​វិធីមួយ​ដ៏ងាយ​ស្រួលក្នុង​ការឈាន​ទៅរក​ការយល់​ចិត្ត​អ្នក​ដទៃ​បាន​កាន់​តែច្រើន​ឡើង​ ធ្វើ​ឲ្យយើង​ងាយស្រួល​ក្នុងការ​ធ្វើការងារ​ជាមួយ​អ្នកដទៃ​បានងាយ​ស្រួល​ជាង​មុន អាច​ចាត់​ទុក​ថាយើង​កាន់​សន្លឹក​បៀ​ធំ​ជាងគេដែល​វានឹង​អាច​ធ្វើឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ជា​អ្នក​ដឹក​នាំគេ និង​ទទួល​ជ័យជំនះ​បានគ្រប់​ពេលវេលាដូច​ដែល​លោក​ឈុនវ៉ូ បាន​មាន​ប្រសាសន៍​ក្នុងសៀវភៅ​ដ៏ល្បី​មួយ​អ៊ីចឹង ទោះ​បីវាយូរ​ឆ្នាំមក​ហើយ​ក៏ដោយ ។

ស្គាល់​គេស្គាល់​ខ្លួនឯងប្រកួត​១០០​ដង​ឈ្នះ​ទាំង​១០០ដង មិន​ស្គាល់​ពី​គេតែយើង​ស្គាល់ពី​ខ្លួនឯងឈ្នះម្តង​ចាញ់ម្តង មិន​ស្គាល់​ពីគេមិន​ស្គាល់ពីខ្លួន​ឯង ប្រកួត​១០០​ដង ចាញ់​ទាំង​១០០ដង ។ ការដឹង​និងការស្គាល់​ពីខ្លួន​ឯង ពិត​ជាសំខាន់​ខ្លាំង​ណាស់ សំខាន់​ដល់ថ្នាក់​ថា ជា​តួអង្គ​ក្នុង​ការកំណត់​ពីក្តី​សុខ​និង​ភាពជោគជ័យ​តែ​ម្តង​ក៏​ថា​បានដែរ ៕
----------------------------
Cr. គោលគំនិតល្អដើម្បីជីវិត

Tuesday, May 12, 2020

ក្ដីសុខរបស់ភរិយាគឺការមានស្វាមី


មុនរៀបការ ខ្ញុំធ្លាប់ដើរដឹកដៃនាង
ឃើញហាងណាមាននំឆ្ងាញ់ៗក៏ដឹកដៃគ្នាចូលទៅញ៉ាំ
ពេលឃើញគេកាន់យួររបស់របរច្រើន
ខ្ញុំជួយកាន់របស់ដោយមិនត្រូវការសួរនាំ
មានរោងកុនណាមានរឿងថ្មី ខ្ញុំនឹងនាំនាងទៅមើល
តែក្រោយពេលរៀបការ និងមានកូន
គ្រប់រឿងដែលខ្ញុំនិយាយចេញមកដោយការរអ៊ូ និងធុញទ្រាន់
ខ្ញុំមិនធ្លាប់ធ្វើរឿងបែបហ្នឹងដូចមុនទៀតទេ
អាចមកពីខ្ញុំនឿយហត់
ខ្ញុំសាំនឹងគេ
ខ្ញុំមិនត្រូវព្យាយាមធ្វើអ្វីច្រើន
ដូចកាលពីមុនទៀត ហើយខ្ញុំជឿថា
មិនថាខ្ញុំជាមនុស្សយ៉ាងម៉េច
ខ្ញុំក៏នៅមានគេរង់ចាំខ្ញុំនៅឯផ្ទះនោះដដែល
ដល់ថ្ងៃមួយដែលគេបីពរកូនមកប្រាប់ខ្ញុំថា
"រូបគេគ្មានក្ដីសុខដែលនៅជាមួយខ្ញុំឡើយ "
និយាយបណ្ដើរយំបណ្ដើរថា ​ខ្ញុំលែងដូចមនុស្សពីមុនហើយ
ថ្ងៃនោះ ដូចជាត្រូវគេវាយក្បាលខ្ញុំមួយដំបងអ៊ីចឹង
ជាលើកដំបូងដែលខ្ញុំខ្លាចបំផុត ខ្លាចថា
គេនឹងរត់ចោលខ្ញុំ និងជាថ្ងៃដំបូង ដែលខ្ញុំបានយល់យ៉ាងច្បាស់ថា...
សេចក្ដីសុខរបស់ភរិយា គឺការមានស្វាមីដែលធ្វើអ្វីបន្តិចបន្តួច
ដូចថ្ងៃដំបូងដែលយើងបានស្គាល់គ្នា ។
ថ្ងៃណាដែលនាងមានអារម្មណ៍ខ្វះក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់
គេគ្មានថ្ងៃមានក្ដីសុខដែលនៅរួមរស់ជាមួយយើងឡើយ ។
ខ្ញុំចង់ឲ្យភាពសាំ និងភាពខ្ជិលរបស់ខ្លួនមកធ្វើការយល់អារម្មណ៍
តែចុងក្រោយទៅ
គេសម្រេចចិត្តខុស ដែលគេរើសខ្ញុំធ្វើជាគូជីវិត ៕
-------------------------------
 Cr. Little Mother
ប្រែ. គោលគំនិតល្អដើម្បីជីវិត  
រូប៖ ហ្វេសប៊ុក

សិល្បៈនៃការស្គាល់ខ្លួនឯង



ទិសដៅនៃការចម្រើនភាវនា គឺការសម្រេចឲ្យដល់បរមត្ថធម៌ជាន់ខ្ពស់ ទាំងផ្នែកងងឹត និងភ្លឺ ទាំងភាពច្របូកច្របល់ក្រវល់ក្រវាយ និងសេចក្ដីស្ងប់សុខ និងត្រូវស្គាល់ឲ្យច្បាស់អំពីបរមត្ថធម៌ជានិច្ច ។ ប្រសិនបើប្រាថ្នាចង់ឲ្យសច្ចធម៌បង្ហាញខ្លួនឡើងមានភាពយូរអង្វែង ក៏ត្រូវចាំក្លំមើលរក្សាចិត្តរបស់ខ្លួនឲ្យបានជាប់ជានិច្ច ចិត្តំ រក្ខេថ មេធាវី អ្នកប្រាជ្ញរមែងតាមរក្សាចិត្តរបស់ខ្លួន សិល្បៈនៃការរៀនស្គាល់ខ្លួនឯង ។

ព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញឲ្យមនុស្សសម្រេចឲ្យដល់ទីបំផុតនៃការប្រកាន់មាំទាំងពួង សម្រេចមគ្គផល ចូលដល់បរមត្ថធម៌ពេញបរិបូណ៌នៃដំណើរការជីវិតដោយសីល សមាធិ បញ្ញា ដល់ព្រមក្នុងភាពបរិបូណ៌នៃសច្ចធម៌ក្នុងដំណើរជីវិតប្រចាំថ្ងៃ ថ្ងៃនេះអាកាសធាតុក្ដៅហួតហែង

បរមាចារ្យតាក់ម៉ប្រាប់ថា ចង់ឃើញត្រីឲ្យមើលទឹក ចង់បានពុទ្ធៈឲ្យក្លំមើលចិត្ត ។ ក្នុងភាសិតខ្មែរថា រកបាយឲ្យរក្នុងឆ្នាំង រកធម៌ឲ្យរកក្នុងកាយ ។ នេះជាការបង្ហាញផ្លូវនៃការបដិបត្តិល្អណាស់ តែកុំស្វែងរកភាពជាអនត្តាដោយការទទួលដឹងដោយការញែក  ក្នុងការប្រើគំនិតកម្រិតហេតុផលពិចារណារឿងដែលមានសភាពផ្ទុយពីខ្លួនឯង ។ បុព្វចិត្តដែលមិនទាន់យកមកលាបពណ៌ វាមានសភាពធម្មតារបស់វាហើយ ។ តើអាចទៅរួចទេដែលយើងអាចក្លំមើលចិត្តប្រក្រតីរបស់យើងបាន? ដូច្នេះ ការហ្វឹកហ្វឺនដុសខាត់សម្អាត ឬបដិបត្តិភាវនាដើម្បីតម្រង់ទិសនៅលើវិថីចិត្ត ដែលមានភាពប្រក្រតីនេះឯងជារឿងចាំបាច់ ជាការហ្វឹកហាត់ដ៏អស្ចារ្យ និងមានសិល្បៈដ៏ឆ្លាតវៃ

ប្រសិនបើយើងមានសទ្ធា ចំពោះចិត្តដ៏ភ្លឺស្វាងរបស់យើងយ៉ាងក្រៃលែង ហើយប្រើចិត្តដ៏ភ្លឺស្វាងជាប្រធានក្នុងការបតិបត្តិភាវនា ទើបជាការបតិបត្តិដ៏ត្រឹមត្រូវ កើតការយល់ដ៏ត្រឹមត្រូវ ។ បញ្ញាញាណក៏ស្ទង់ចុះដល់បាតបឹងនៃចិត្ត យល់ដល់សភាវៈរបស់ខ្លួនឯង ហើយបង្ហាញឲ្យឃើញដល់សកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ដែលជាវិថីរបស់ធម្មជាតិនៃពុទ្ធៈ ហើយដឹងច្បាស់ដល់សភាវៈអង្គរួមនៃអ្វីៗទាំងអស់គ្រប់ខណៈនៃដំណើរការរស់នៅគឺ ឯកាយនមគ្គ នេះគឺជាវិថីនៃសភាវៈឯកភាពរបស់ពោធិចិត្តនៃពុទ្ធៈ ។

យើងនឹងមិនយល់ដល់សភាវសិល្បះនៃដំណើរការរស់នៅបានឡើយ ប្រសិនបើយើងនៅរក្សាដំណើរជីវិតដោយអារម្មណ៍ថា មានខ្លួនជាមជ្ឈមណ្ឌលនៃការទទួលដឹងដោយការបែកខ្ញែក ហើយឃើញអ្វីៗផ្សេងៗគ្នា ត្រង់នេះគឺជាចំណុចសំខាន់បំផុត ដែលយើងទាំអស់គ្នាត្រូវកម្ចាត់ចោល ឬគេចឲ្យផុតពីវា (បុគ្គលដឹង អារម្មណ៍ដែលត្រូវដឹង នាមរូប) ។

ការសិក្សាសច្ចភាព

ការសិក្សសច្ចភាព នឹងធ្វើឲ្យយើងទាំងអស់គ្នា បានយល់ដឹងអំពីខ្លួនឯង និងធ្វើឲ្យយើងទាំងអស់គ្នាកើតមានបញ្ញាញាណ យល់អំពីលោកនេះ មកពីបទពិសោធពិតៗ ដោយការដឹងច្បាស់ថា អ្វីៗគឺជាគ្រឹះនៃដំណើរជីវិតនៃសព្វសត្វ គឺសុញ្ញតា ហើយធ្វើឲ្យយើងទាំងអស់គ្នា ចូលដល់សភាវពុទ្ធៈក្នុងខណៈនេះឯង ។

វាជាភាពអស្ចារ្យយ៉ាងក្រៃលែង ដែលយើងទាំងអស់គ្នាទ្រទ្រង់ជីវិតដោយការដឹងច្បាស់ក្នុងសភាវអង្គរួម ដោយឯកភាពនៃអ្វីៗក្នុងមួយខណៈៗ មិនថាយើងគិត និយាយ និងធ្វើដោយកាយ យើងក៏ដឹងច្បាស់អំពីសុញ្ញតា ដែលគ្របដណ្ដប់គ្រប់អ្វីៗទាំងអស់ ។ នេះគឺជាការទ្រទ្រង់ជីវិតដ៏អស្ចារ្យដែលប្រាសចាកអំពីបញ្ហាទាំងឡាយទាំងពួង និងជាគោលដៅខ្ពស់បំផុតនៃការសិក្សា ឬជាគោលដៅខ្ពស់បំផុតនៃការបតិបត្តិភាវនា ។

មនុស្សគឺជារឿងចាំបាច់ខ្លាំងណាស់ ដែលត្រូវរៀនស្គាល់ខ្លួនឯងដើម្បីទៅយល់ថា What is? អ្វីដែលយើងមានពិត ក្នុងមួយខណៈៗថា តើយើងរស់នៅដូចម្ដេចតាមសភាវៈពិត គ្រប់អ្វីទាំងអស់ ដូច សត្វត្រី មាន់ ទា ។ល។ ពួកវាក៏ត្រូវស្គាល់ដើម្បីការទ្រទ្រង់ជីវិតឲ្យផុតពីគ្រោះភ័យផងដែរ ។

ហេតុអ្វី យើងត្រូវដំណើរការជីវិតដោយញែកពីអ្វីៗទាំងនោះ? ត្រង់នេះគឺជាបញ្ហារបស់ជីវិត បើយើងនៅមិនទាន់ដឹងច្បាស់ ទោសពៃរ៍នៃដំណើរការជីវិតយ៉ាងនេះ យើងក៏មិនស្វែងរក (ផ្លូវ) ដែលនឹងទៅឲ្យផុតនោះបានដែរ ។

ចិត្តដ៏ភ្លឺស្វាងរបស់យើងមានតែមួយនឹងអន្តិមសច្ចៈ ឬសុញ្ញតា ដែលជាធម្មជាតិដែលពិត ហើយជាគ្រឹះនៃដំណើរការតាំងនៅរបស់អ្វីៗទាំងអស់ យើងត្រូវស្វែងរកវា ត្រូវស្ថាបនាវា ឲ្យវាបង្ហាញខ្លួនចេញមករួមជាមួយការធ្វើការងាររបស់ខន្ធ ៥ ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ បញ្ហាផ្សេងៗនឹងអស់ទៅរលត់ទៅ ហើយយើងក៏ចូលដល់សេចក្ដីសុខដ៏ពិតប្រាកដបាន ។

ពួកបុថុជ្ជនទ្រទ្រង់ជីវិតដោយការទទួលស្គាល់ ដោយផស្សបសាទ ហើយបូកសរុបថា វាជាការពិតតាមអ្វីដែលយើងយល់ឃើញ ដែលមានបដិបក្សនឹងគ្នាជាគូៗ ដូចជា ខ្ពស់-ទាប ខ្មៅ-ស វែង-ខ្លី ។ល។ ទើបនាំឲ្យកើតការប្រកាន់មាំ ដែលជាមូលហេតុនៃបញ្ហាផ្សេងៗ ។ វិធីដោះស្រាយមានតែតាមផ្លូវកណ្ដាល ក្នុងអរិយមគ្គដែលមានអង្គ ៨ ប៉ុណ្ណោះ ។ ចូរកុំយកត្រៃលក្ខណ៍មកតួអង្គបតិបត្តិ ព្រោះជាហេតុធ្លាក់ចុះក្នុងរបស់គូៗដោយមិនដឹងខ្លួន កើត-រលត់ មានខ្លួន-ឥតខ្លួន ដែលនៅជាសភាពខ្ពស់បំផុតទាំងពីរ ដែលមិនមែនជា ផ្លូវ  ។ តួអង្គបតិបត្តិ គឺគោលការណ៍ត្រៃសិក្ខា បានដល់ អធិសីល អធិចិត្ត និងអធិបញ្ញា នេះទៅវិញទេ ៕
------------------------------------
ស្រងចេញពី ផ្លូវកណ្ដាលចូលដល់ឥស្សរភាពនៃជីវិត
ដោយលោកឪ ពោធិនន្ទ
ប្រែ. គោលគំនិតល្អដើម្បីជីវិត
រូបភាព ហ្វេសប៊ុក

ឃើញប្រពន្ធមុខក្រញេសទើបសុំលែង ពេលដឹងទើប…



ជីវិតគូប្ដីប្រពន្ធមួយគូនេះ ចាប់ផ្ដើមអាជីពធ្វើជាជាងសំណង់រហូតបានក្លាយជាមេជាងមួយរូប ។ កិច្ចការជាជាងសំណង់នេះធ្វើឲ្យខាងប្ដីមានភាពជោគជ័យក្នុងអាជីព រហូតដល់ខ្លួនអាចបើកក្រុមហ៊ុនម៉ៅការសាងសង់មួយបាន  មិនយូរប៉ុន្មានក្រុមហ៊ុនម៉ៅការសាងសង់ក៏ក្លាយជាក្រុមហ៊ុនល្បីឈ្មោះមួយគួរសមក្នុងសង្គម ហើយក៏ជាចំណុចមួយដែលធ្វើឲ្យចិត្តប្ដីកើតការច្របូកច្របល់ផងដែរ ។
ចំណែកប្រពន្ធរបស់គេ ក៏នៅតែជួយមើលថែប្ដីខ្លួនអស់ជាច្រើនឆ្នាំ  តាំងពីខ្លួនប្រាណស្គមស្អាតដល់ក្លាយជាធាត់ទ្រលុក សម្បុរដែលធ្លាប់តែល្អគាប់ ក៏ធ្លាក់ជ្រីវយារយោកជារៀងរាល់ថ្ងៃ  ពណ៌សម្បុរឡើងស្រអាប់គ្រោតគ្រាត កាន់តែធ្វើឲ្យគេពិបាកចិត្តខ្លាំង កាលបើយកទៅធៀបជាមួយប្រពន្ធអ្នកដទៃ ។ លក្ខណៈរូបរាងរបស់ប្រពន្ធធ្វើឲ្យខ្លួនគេមានចិត្តធុញទ្រាន់ ។ កាលបើឃើញមុខប្រពន្ធ ក៏គិតដល់រឿងអតីត ក្នុងពេលដែលជីវិតនៅលំបាក និងជួបការខ្វះខាត
គេគិតថា ជីវិតប្តីប្រពន្ធរបស់គេនឹងត្រូវបញ្ចប់ហើយ គេទើបធ្វើបទានបត្រឲ្យប្រពន្ធ ១ លានដុល្លារ ល្មមគ្រប់គ្រាន់សម្រាប់ទិញផ្ទះថ្មីក្នុងទីក្រុងឲ្យនៅបាន ហើយកុំឲ្យគេថា ជាប្ដីដែលមិនចេះទទួលខុសត្រូវ គេបានគិតពីគម្រោងជីវិតសម្រាប់ប្រពន្ធគេ បើគេមិនគិតធ្វើយ៉ាងនេះទេ វាមិនសក្ដិសមជាប្ដីរបស់គេទេ ហើយគេក៏មិនចង់ឃើញប្រពន្ធជួបនូវការលំបាកណាមួយដែរ……
ទីបំផុតគេក៏បានលែងលះជាមួយប្រពន្ធគេមែន
ប្រពន្ធរបស់គេបានស្ដាប់សំណើររបស់គេដោយមានកែវភ្នែកស្ងប់ និងដាក់ខ្លួន ។ កាលដល់ពេលវេលាហើយ ប្រពន្ធគេក៏ត្រូវផ្លាស់ផ្ទះទៅនៅផ្ទះដែលប្ដីនាងទិញឲ្យ ។ ដល់ពេលថ្ងៃត្រង់ គេក៏វិលមកជួយប្រពន្ធរើផ្ទះ ហើយជាការបញ្ចប់ពេលវេលាដែលប្រើរួមគ្នាអស់រយៈពេល ២០ជាងកន្លងមក ។
រាល់ព្រឹកគេធ្វើការដោយចិត្តក្រវាយក្រវល់ស្មុគក្នុងចិត្ត ពេលថ្ងៃត្រង់គេប្រញាប់មកផ្ទះ ក៏ឃើញថា ប្រពន្ធរបស់គេបានចាកចេញពីផ្ទះបាត់ទៅហើយ នាងបានទុកកូនសោរផ្ទះ ដែលគេទិញឲ្យជាមួយមូលបទានបត្រដែលផ្ញើទុកចំនួន ១លានដុល្លារព្រមទាំងសំបុត្រមួយច្បាប់ថា
អូនទៅហើយ អូននឹងទៅនៅផ្ទះអ្នកម៉ែ
កម្រាលពូកបោកគក់ និងហាលស្ងួតហើយដែរ អូនបានបត់ទុក និងទុកឯក្នុងបន្ទប់តែងខ្លួនជ្រុងក្បែរទូ អាកាសធាតុត្រជាក់ កុំភ្លេចយកវាមកប្រើផងណ៎ា ។
ប្រដាប់ព្យួរខោអាវក្នុងទូសម្លៀកបំពាក់ ស្រោមជើង ខ្សែក្រវាត់អូនទុកក្នុងថ្នាក់ខាងក្រោមទូខោអាវ ។
ក្រោយពីអូនចាកចេញទៅ បងកុំភ្លេចលេបថ្នាំក្រពះ ព្រោះក្រពះបងមិនសូវជា អូនបានផ្ញើឲ្យគេទិញទុកឲ្យបងល្មមលេបបានកន្លះឆ្នាំដែរ ។
ឱ! នៅមានរឿងមួយទៀត បងចេញទៅក្រៅច្រើនភ្លេចសោរផ្ទះញឹកញាប់ ដូចនេះ អូនបានឲ្យគេចម្លងកូនសោរមួយទៀតទុក ផ្ញើនឹងអ្នកយាម បើបងភ្លេច បងទៅយកពីអ្នកយាមនោះមក ។
ពេលព្រឹកមុនចេញទៅធ្វើការ កុំភ្លេចបិទបង្អួច ព្រោះបើមានភ្លៀងបង្អុរចុះមក នឹងសាចចូលក្នុងផ្ទះ អាចធ្វើឲ្យផ្ទះសើមប៉ប៉ាច់ អាចនឹងខូចក៏ថាបាន ។
អូនបានចម្អិនមីកៀវដែលបងចូលចិត្តទុកក្នុងផ្ទះបាយ ពេលបងមកដល់ អាចស្រុសហូបបានហើយ ……
អក្សររបស់នាងក្នុងសំបុត្រនេះសរសេរអាក្រក់ណាស់  ប៉ុន្តែគ្រប់តួអក្សរទាំងអស់ វាបានបញ្ជាក់ពីភាពស្មោះត្រង់បំផុត សម្រាប់គេ ដែលធ្វើគេមិនអាចទប់ទឹកភ្នែកបាន
គេបានអង្គុយមើលមីកៀវដែលនាងធ្វើគ្របទុកឲ្យគេ ធ្វើឲ្យគេនឹកដល់កាលពី ២០ ឆ្នាំជាង ធ្វើជាសំណង់ក្រីក្រម្នាក់ នឹកដល់សម្លេងចិញ្ច្រាំបន្លែស្រុសមីកៀវឲ្យគេ ធ្វើឲ្យគេមានសេចក្ដីសុខ និងបានសន្យាជាមួយខ្លួនឯងថា ខ្ញុំនឹងធ្វើឲ្យមនុស្សស្រីម្នាក់នេះមានសេចក្ដីសុខបំផុតក្នុងលោក
គេក៏ប្រញាប់បើករថយន្តទៅតាមប្រពន្ធគេភ្លាម ចំណាយពេលកន្លះម៉ោង គេបានជួបប្រពន្ធនៅស្ថានីយ៍រថភ្លើង រាងកាយគេបែកញើសជោក ។
គេនិយាយរៀងតម្លើងសម្លេងដាក់ថា  អូននឹងទៅណា បងទើបមកពីធ្វើការ នឿយហត់ពេញមួយថ្ងៃ ដល់ផ្ទះនៅមិនទាន់បានហូបអីចូលពោះមួយម៉ាត់ តួនាទីរបស់ប្រពន្ធ គេធ្វើដាក់គ្នាបែបនេះឬ ? តាមបងទៅផ្ទះវិញភ្លាម !
ប្រពន្ធគេស្រក់ទឹកភ្នែក ក្រោកឡើងនិងដើរពីក្រោយប្តីគេទៅ  សំណាកទឹកភ្នែកប្រែជាស្នាមញញឹម ។
ប៉ុន្តែ នាងមិនដឹងទេថា ប្រុសម្នាក់ដែលកំពុងដើរពីខាងមុខ ពេលនោះយំសម្រក់ទឹកភ្នែកខ្លាំងប៉ុនណា ប្រុសម្នាក់នោះខ្លាចណាស់ ខណៈដែលខ្លួនបើករថយន្តទៅឯស្ថានីយ៍រថភ្លើង គេខ្លាចថា គេនឹងរកនាងមិនឃើញ ខ្លាចនឹងបាត់បង់នាងអស់មួយជីវិត
គេជេរស្ដី និងបន្ទោសខ្លួនគេថា ហេតុអីខ្លួនល្ងង់ដល់ថ្នាក់នេះ បោះបង់ចោលស្រីម្នាក់ដែលគេស្រឡាញ់បំផុត ស្រីម្នាក់ដែលនៅរួមសុខទុក្ខជាមួយគ្នាអស់ ២០ ឆ្នាំជាង ហើយវាក្លាយជាចំណែកមួយនៃជីវិតដែលមិនអាចខ្វះបាន ។
 សេចក្ដីសុខពិតប្រាកដ មិនមែនស្ថិតនៅលើចំនួនទឹកប្រាក់ ក្នុងមូលបទានបត្រ តែវាស្នាមញញឹមរបស់មនុស្សដែលស្រឡាញ់គ្នាទៅវិញទេ

-------------------------------------- 
Cr. គោលគំនិតល្អដើម្បីជីវិត
រូបភាព៖ ហ្វេសប៊ុក

Monday, May 11, 2020

ការគិតប្ដូរជីវិតដ៏ចង្អៀតតូចឲ្យក្លាយជាធំធេងបានដោយប្រការទាំងនេះ




ការគិតផ្លាស់ប្តូរគំនិតនេះ មិនមែនជារឿងអាចធ្វើទៅបានងាយឡើយ ។ ការផ្លាស់ប្ដូរគំនិតអវិជ្ជមានគឺជារឿងចាំបាច់ណាស់ ព្រោះយើងដឹងហើយថា គំនិតអវិជ្ជមានទាំងឡាយ មិនដែលនាំហេតុសេចក្ដីសុខចម្រើនមកឲ្យដល់ខ្លួនឡើយ មានតែធ្វើឲ្យខ្លួនធ្លាក់ចូលក្នុងសេចក្ដីអាក្រក់ទៅៗប៉ុណ្ណោះ ។ ដូចនេះ ការផ្លាស់ប្ដូរផ្នត់គំនិតគឺជារឿងសំខាន់ណាស់ បើអ្នកចង់ឃើញពិភពលោកបានធំទូលាយ ជីវិតជួបតែគុណសម្បត្តិ ពិភពភ្លឺស្វាង និងវត្ថុសក្ដិសិទ្ធិមួយក្នុងលោកនេះ ដោយការផ្លាស់ប្ដូររបស់ខ្លួនឯង ។

ការផ្លាស់ប្ដូរចិត្តគំនិត ត្រូវដូរនឹងការលះបង់ និងការឈឺចាប់បន្ដិចបន្តិចហើយ តែបន្ទាប់ពីផ្លាស់ប្ដូរបាន នោះអ្នកនឹងមើលឃើញអំណាចឥទ្ធិពលនៃការផ្លាស់ប្ដូរនេះយ៉ាងម៉េច តែសូមកុំផ្លាស់ប្ដូរគំនិតវិជ្ជមានទៅជាអវិជ្ជមានអី ។ ការផ្លាស់ប្តូរក្នុងទីនេះយើងមានគោលការណ៍ ១០ ចំណុច ដើម្បីឲ្យអ្នកអានគិតពិចារណា ដូចខាងក្រោម ៖

១) ប្រសិនបើអ្នកគិតថា លំនៅឋានរបស់អ្នកគឺជារឿងសាងសង់ឡើងនៅក្នុងវង់ល្បែងឆ្នោតកន្ទុយលេខ នោះអ្នកនឹងក្លាយជាអ្នកក្រតោតយ៉ាកជាមិនខាន ប៉ុន្តែបើអ្នកមានវិញ ទោះជាគិតថា លំនៅឋានរបស់អ្នកគឺជាពិភពលោកទាំងមូលក៏ដោយ ពេលអ្នកមានគំនិតគិតនឹងគ្រប់គ្រងវា អ្នកត្រូវមានគំនិតគិតគូរក្នុងលក្ខខណ្ឌបែបជាម្ចាស់ការមួយសិន ហើយរឿងដែលជាកម្មសិទ្ធិរបស់អ្នករមែងកើតមានតិចឡើង ពេលអ្នកឈប់គិតគ្រប់គ្រងវា រឿងទាំងអស់ដែលអ្នកមាន នឹងក្លាយជារបស់អ្នកដោយបរិយាយ ។

២) ចូរយកចិត្តទុកដាក់ចំពោះមនុស្សក្នុងគ្រួសារ ចេះចែករំលែកអាហារដែលមានឱជារសឲ្យដល់ពួកគេ ហើយអ្នកក៏មិនចាំបាច់បរិភោគអាហារប្រណីតៗដើម្បីឲ្យខ្លួនឯងមានសេចក្ដីសុខដែរ អ្នកគ្រាន់តែបរិភោគអាហារធម្មតាៗ ត្រូវបរិភោគអាហារវិសេសដែលចេញពីទឹកចិត្តមេត្តា ត្រូវផ្លាស់ប្ដូរស្នាមញញឹម និងសេចក្ដីសុខរបស់មនុស្សក្នុងគ្រួសារឲ្យក្លាយជាអាហាររបស់អ្នក ។

៣) កុំធ្វើជាអ្នកឲ្យតែម្យ៉ាង ព្រោះការធ្វើជាអ្នកឲ្យតែម្យ៉ាងនោះអាចមានជាប់អត្តាក្នុងនោះ ចូរធ្វើជាអ្នកទទួលបម្រើខ្លះក៏ល្អ ព្រោះការធ្វើជាអ្នកបម្រើ គឺដូចជាស្បែកជើងសម្រាប់ឲ្យមនុស្សម្នាគេជាន់លើ អ្នកនឹងមិនមានការបាត់បង់អ្វីពីការធ្វើជាអ្នកបម្រើនេះទេ ។ ព្រោះថា ការបាត់បង់ និងការចាញ់ប្រៀបនោះ គឺជាតួនាទីរបស់អ្នកបម្រើស្រាប់ហើយ ទោះបីជាអ្នកទទួលបានអ្វីក៏ដោយ សូម្បីតែវត្ថុនោះបន្តិចបន្តួចប៉ុនណា ក៏អាចជាវត្ថុធំដុំបានដែរ អាចចាត់ទុកថាទង្វើនេះ គឺជាការប៉ិនប្រសប់ដែលអ្នកអាចសម្របខ្លួនធ្វើយ៉ាងដូច្នេះបានរាល់ថ្ងៃ ។

៤) ចូរបញ្ឈប់តម្រូវការទាំងពួង ទោះបីតម្រូវការនោះល្អឥតខ្ចោះប៉ុនណា ក៏មាននាមថា តម្រូវការហើយ ។ តម្រូវការនេះ តែងនាំមកនូវសេចក្ដីទុក្ខ ។ អ្នកអាចធ្វើជាមនុស្សអ្នកដាំកូនឈើ ដែលមានតួនាទីតែក្នុងពេលបច្ចុប្បន្ន ចូរស្រោចទឹក ដាក់ជី ដក់ស្មៅ មើលថែតែម្យ៉ាង តែចូរកុំស្រោចសេចក្ដីចង់បាននោះចូលទៅ ព្រោះដើមឈើធំធាត់ឡើងដោយសារធាតុរ៉ែ និងទឹក ពុំមែនលូតលាស់ធំធាត់ដោយការចង់បានអ្វីរបស់អ្នកឡើយ ។

៥) សិល្បះនៃការនិយាយដ៏ល្អបំផុត ពុំមែនសម្ដីពូកែប៉ិនសប្រសប់និយាយនោះទេ កាលណាអ្នកត្រូវការនិយាយ ចូរអ្នកនិយាយតែពាក្យពិតសុចរិត សូមឲ្យអ្នកគិតមើលសិនថា សម្ដីបែបណាទើបជាសម្ដីពិតឥតមុសា ។ ការប្រើសម្ដីពិតឥតមុសា អ្នកមានការបាត់បង់ផលប្រយោជន៍ខ្លះៗពិតមែន ប៉ុន្តែអ្នកអាចរក្សាតម្លៃ ជាមួយការដោះដូរផ្លូវចិត្តមកដល់ផ្លូវបើកចំហរមួយបាន (ទំនុកចិត្ត)  

៦) ចូរកុំធ្វើជាមនុស្សហ៊ាន តែអ្នកអាចប្រាប់គេឯងថា អ្នកជាមនុស្សពូកែខ្លាចក្នុងកម្រិតណាមួយ កាលណាអ្នកធ្វើជាមនុស្សហ៊ាន អ្នកកំពុងតែបិទបាំង និងការរត់គេចពីខ្លួនឯងហើយ លុះត្រាតែអ្នកមកទទួលស្គាល់ពីភាពភ័យខ្លាចរបស់ខ្លួនវិញ ទើបអ្នកអាចមានភាពធូរស្រាលនៃជីវិតម្ដងទៀតបាន ។

៧) កុំសង្ឃឹមថា អ្នកជាមនុស្សម្នាក់អាចផ្លាស់ប្ដូរលោកនេះបាន គ្មានបុគ្គលណាមួយអាចមកផ្លាស់ប្ដូរលោកនេះបានទេ ព្រោះលោកនេះ មានតែសភាពធម្មតា ទើបមិនមានបុគ្គលណាផ្លាស់ប្ដូរសភាពធម្មតានេះបាន ។ ក្ដីសង្ឃឹមដែលចង់ផ្លាស់ប្ដូរលោកនេះ គឺជាសភាពធម្មតាមួយ ដែលវាកើតឡើង តាំងនៅ និងរលត់ទៅតែប៉ុណ្ណោះ ។ ចូរដោះលែងលោកនេះឲ្យទៅតាមដំណើររបស់វាចុះ ចូរគួសវាសស្លឹកឈើប្រកបដោយបញ្ញា ស្លឹកឈើជ្រុះលើផែនប្រថពីរាល់ថ្ងៃ ចូរអ្នកគួសអ្វីដែលអាចគួសបាន ព្រោះថាថ្ងៃស្អែក ស្លឹកឈើនេះនឹងជ្រុះមកលើផែនដីនេះម្ដងទៀត ជីវិតរបស់អ្នកក៏មានអាការដូច្នោះដែរ ។

៨) តួនាទីរបស់អ្នកមិនមែនជានាទីរបស់អ្នក ព្រោះអ្វីៗដែលអ្នកកំពុងធ្វើ សូមឲ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយភាពរីករាយ ដែលមានប្រយោជន៍ កុំបំពេញតួនាទីប្រកបដោយភាពចង្អៀតចង្អល់ចិត្ត និងកុំស្វែងរកភាពរីករាយដោយធ្វើរឿងគ្មានប្រយោជន៍ឲ្យសោះ ។ ចូរស្វែងរកសមតុល្យនៃភាពរីករាយ និងធ្វើកិច្ចការមានប្រយោជន៍ឲ្យឃើញ ព្រោះនោះគឺជាវិថីនៃគុណសម្បត្តិរបស់ជីវិត ។

៩) កុំបន់ស្រន់រកអំពើល្អណាទាំងអស់ តែចូរធ្វើអំពើល្អនោះដោយខ្លួនឯង ចូរកុំស្វែងរកភាពភ្លឺងស្វាងណាទាំងអស់ តែចូរបង្កើតភាពភ្លឺស្វាងនោះដោយខ្លួនឯង ចូរជាអ្នកចាត់ការធ្វើក្ដីសុបិនរបស់ខ្លួននោះ ឲ្យក្លាយជាការពិត ។ ចូរកុំស្វែងរកមនុស្សដែលគួរដល់ការគោរព តែចូរធ្វើខ្លួនគួរដល់ការគោរពរបស់ខ្លួនវិញប្រសើជាជាង ចូរកុំបន់ស្រន់អង្វរសុំវត្ថុសក្ដិសិទ្ធិឲ្យជួយ តែចូរសាងខ្លួនឯងឲ្យក្លាយជាវត្ថុសក្ដិសិទ្ធិជំនួសវិញ ។ គុណសម្បត្តិ ភាពភ្លឺស្វាង និងភាពសក្ដិសិទ្ធិ សុទ្ធតែលាក់ក្នុងខ្លួនរបស់យើងទាំងអស់ គ្រាន់តែយើងមិនអាចមើលឃើញ មិនមានសមត្ថភាព គ្មានបញ្ញាគាស់កកាយវាចេញមកក្រៅបានប៉ុណ្ណោះ ។

១០ ) ចូរកុំធ្វើជាអ្នកមានជីវិតរឹងរូស តែចូរធ្វើជាអ្នកមានជីវិតសាមញ្ញងាយៗ ចូរធ្វើជាអ្នកទទួលទានសាមញ្ញ រស់នៅសាមញ្ញ និងដេកពួនសាមញ្ញ ចូរធ្វើជាអ្នកនិយាយស្រួល គិតស្រួល និងព្រមទទួលអ្វីៗក៏ស្រួល កុំសន្សំអ្វីដែលកើតភាពចាំបាច់សម្រាប់ជីវិត ព្រោះថា យើងម្នាក់ៗសុទ្ធតែមកនៅក្នុងលោកនេះបណ្ដោះអាសន្នប៉ុណ្ណោះ ។ ការមកជាមនុស្សនេះត្រូវតែតស៊ូផ្សេងគ្រោះថ្នាក់ប្រកបដោយភាពវៃឆ្លាត សូមអ្នកធ្វើជាមនុស្សដែលត្រាច់ចរលើវិថីជីវិត កុំចង់ធ្វើជាមហាសេដ្ឋីមានគ្រឹះរឹងមាំ ចូរកុំធ្វើជាមនុស្សលោតផ្លោះមានស្នាមរបួសរាប់មិនអស់ ចូរធ្វើជាអ្នកសាំជាមួយការស្រេកឃ្លាន និងការឈឺចាប់ ព្រោះរឿងទាំងនេះ សុទ្ធតែខ្លឹមសារនៃជីវិត ដែលញ៉ាំងឲ្យអ្នកមកនៅលើលោកនេះបាន ។ កាលណាខ្លួនបានរៀនចេះដឹងក្នុងកម្មវត្ថុទាំងអស់នេះហើយ អ្នកតែងតែសម្រេចដល់នូវការសិក្សាទាំងឡាយទាំងពួង ៕
------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត 
រូបភាព៖ ហ្វេសប៊ុក

ការប្រណិប័តន៍ ៦ប្រការ លុបចោលសេចក្ដីទុក្ខ



សេចក្ដីទុក្ខជាបញ្ហាធំណាស់ សម្រាប់ដំណើរការជីវិតរបស់មនុស្សម្នាក់ៗ ដែលកើតមកក្នុងលោកិយមួយនេះ គ្មានបុគ្គលរូបណាអាចគេចផុតពីសេចក្ដីទុក្ខនេះបានទេ ។ សេចក្ដីទុក្ខគឺជាសច្ចភាពរបស់ជីវិត ទីណាមានជីវិតទីនោះមានទុក្ខ ។ ដើម្បីកាត់បន្ថយចិត្តពីសេចក្ដីទុក្ខនេះបានខ្លះ សូមលើកយកគោលការណ៍ ៦ ចំណុចមកសរសេរ ដើម្បីបានជាប្រយោជន៍ដល់អ្នកអានយកទៅអនុវត្ត តាមកាលវេលាមួយដ៏សមរម្យ ក្នុងការកំចាត់បង់ទុក្ខឲ្យបានធូរស្រាលឡើង ដូចមានសេចក្ដីជាអាទិ៍ថា៖

១) បុគ្គលដែលអត់ទ្រាំក្នុងរឿងដែលអ្នកដទៃអត់ទ្រាំបានដោយលំបាក ធ្វើក្នុងរឿងដែលអ្នកធ្វើបានដោយលំបាក បុគ្គលនោះ នឹងខិតចូលទៅជិតភាពជោគជ័យនៃជីវិតរបស់ខ្លួនហើយ  ។ ការស៊ូទ្រាំ ការទប់ទល់ ការអត់សង្កត់ចិត្ត នឹងកើតឡើងដំបូងនៃការធ្វើអំពើល្អ តែត្រូវទទួលបាននូវការកោតសរសើរចុងក្រោយបង្អស់នោះវិញ ។

២) មនុស្សយើងកើតមក ត្រូវបានមនុស្សម្នានិន្ទាក៏ល្អ សរសើរក៏ល្អ តែកុំយកមកទុកក្នុងចិត្តខ្លួនច្រើនពេក លែងវាចោលខ្លះទៅ ព្រោះចិត្តយើងមិនមែនជាទូរក្លាសេរបស់អន់ៗនោះច្រើនទេ ហើយក៏មិនមែនជាម៉េមរីសម្រាប់ដាក់រឿងអាក្រក់ច្រើនដែរ ។

៣) បណ្ដាមនុស្សសត្វទាំងឡាយ កាលបើទុក្ខមិនទាន់មកដល់ខ្លួន ច្រើនតែមើលរំលងគុណសាសនា មានសេចក្ដីធ្វេសប្រហែសច្រើន បណ្ដោយកាយបណ្ដោយចិត្តធ្វើនូវអំពើទុច្ចរិតប្រាសចាកសីលធម៌កើតក្នុងចិត្តជាប្រចាំ មើលឃើញខុសថាជាត្រូវ មើលឃើញកងចក្រ សម្គាល់ថាជាផ្កាឈូកទៅវិញ ។ កាលណាសេចក្ដីទុក្ខនេះធ្លាក់មកលើខ្លួនភ្លាម រកទីអាងលែងបាន ទើបរត់រកព្រះធម៌ រត់រកព្រះ គិតដល់វត្ត គិតដល់សាសនា តែអាចជារឿងយឺតពេលបាត់ទៅហើយ ។

៤) រឿងដែលកន្លងហួសឲ្យវាហួសទៅចុះ យើងមិនអាចអារកាត់ តវារកខុសត្រូវអ្វីពីវាបានឡើយ បើរឿងដែលខ្លួនបានធ្វើនោះជារឿងល្អ គឺវាល្អហើយ ឲ្យវាកន្លងទៅ ផុតទៅចុះ បើវាជារឿងអាក្រក់ ក៏ឲ្យវាកន្លងទៅផងដែរ កុំទៅគិត កុំទៅខ្វល់ជាមួយវាធ្វើអ្វី អនាគតមិនទាន់មកដល់ យើងក៏មិនទាន់ដឹងហេតុការណ៍នោះយ៉ាងណាដែរ យ៉ាងច្រើន បានតែគិតស្មាន គិតព្រាលៗ  ថានឹងយ៉ាងនេះមួយ យ៉ាងនោះមួយប៉ុណ្ណោះ ថាឲ្យប្រាកដនោះ ថាមិនទាន់បាន វាអាចនឹងកើត និងមិនកើតដូចអ្វីដែលខ្លួនយើងគិតស្មាននោះក៏ថាបាន ។

តែអ្វីដែលអាចជឿទុកចិត្តបាន គឺក្នុងពេលបច្ចុប្បន្ន យើងអាចឃើញពិត បានប៉ះពាល់ត្រូវពិត  ព្រោះដូច្នេះ អំពើល្អគ្រប់យ៉ាងត្រូវចាប់ធ្វើក្នុងពេលបច្ចុប្បន្ន ថា្នក់ទានក៏ល្អ ថ្នាក់សីលក៏ល្អ និងចម្រើនមេត្តាភាវនាក៏ល្អ គឺត្រូវធ្វើក្នុងកាលដែលខ្លួនយើងកំពុងមានជីវិតរស់ បើយើងត្រូវការអំពើល្អ ក៏ត្រូវធ្វើអំពើល្អក្នុងកាលឥឡូវនេះ បើខ្លួនត្រូវការសេចក្ដីសុខ ក៏ត្រូវចម្រើន ត្រូវធ្វើក្នុងកាលឥឡូវនេះដែរ កុំរង់ចាំ ព្រោះថាជីវិតមនុស្សយើង មិនទៀងគ្រប់វិនាទី គ្រប់ដង្ហើមចេញចូលទាំងអស់ ។

៥) រឿងរ៉ាវពេញពិភពលោក ពេញស្រុកទេស ម្ដងក៏ស្រួល ម្ដងក៏យ៉ាប់ រកអ្វីមួយប្រាកដការណ៍មិនបាន កុំទៅបន្ទោសអ្វីខាងក្រៅខ្លួន ព្រោះហេតុការយ៉ាងនេះ កើតព្រោះតែខ្លួនចូលចិត្តទៅសន្សំទុករឿងអតីត និងអនាគតក្នុងចិត្តច្រើនពេក  ម្លោះហើយចិត្តមួយនេះក៏កើតទុក្ខ លះបង់កាត់ចេញមិនចេះអស់ ។

៦) ការមានកំហុសរបស់មនុស្សយើង គឺជារឿងធម្មតា  បើគិតរកឃើញកំហុសខ្លួនហើយ ត្រូវចេះកែលំអ ត្រូវចេះតាំងចិត្តកុំឲ្យកំហុសនោះកើតឡើងម្ដងទៀត ។

ជារួម សង្ឃឹមថា អ្នកអានទាំងឡាយ អាចយកពាក្យពេចន៍ទាំងនេះទៅគិតពិចារណា ហើយប្រណិប័តន៍ ដើម្បីបានជាប្រយោជន៍សម្រាប់ខ្លួនក្នុងពេលនេះ ក៏ដូចជាទុនសម្រាប់ទៅអនាគត កុំឲ្យមានគតិវិបត្តិកើតឡើង ។ សេចក្ដីប្រមាទ គឺជាប្រធាននៃសេចក្ដីស្លាប់ ។ ស្លាប់ក្នុងទីនេះ សំដៅយកស្លាប់ប្រយោជន៍ទាំងពីរគឺលោកនេះផង និងលោកខាងមុខផង ៕
---------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត

Sunday, May 10, 2020

កម្លាំងចិត្ត



 កម្លាំងចិត្ត គឺថាមពលដែលចេញពីខ្លួនយើង ធ្វើឲ្យចិត្តនេះមានកម្លាំងឡើង ធ្វើឲ្យអាចហ៊ាន អាចស៊ូ អាចមានះពុះពារគ្រប់ឧបសគ្គដែលកើតឡើងចំពោះមុខ ដោយគ្មានភាពរួញរាឡើយ ។ កម្លាំងចិត្តនេះ មនុស្សគ្រប់គ្នា សុទ្ធតែត្រូវការមិនអាចខ្វះបាន ។ ការឲ្យកម្លាំងចិត្តនេះស្មេរបានសរសេរខ្លះៗហើយពីការឲ្យកម្លាំងចិត្ត លើកទឹកចិត្តដល់បុគ្គលណាម្នាក់ ដែលមានស្នាដៃ សម្រេចបានភាពជោគជ័យក្នុងសង្គម មិនថាកូន មិនថាប្ដី មិនថាប្រពន្ធ មិនថាបុគ្គលិក មិនថាអ្នកនយោបាយ ស្ថាប័ន អង្គភាព ឬក្រសួងទេ សុទ្ធតែត្រូវបានគេផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្ត តាមក្របខណ្ឌណាមួយ ។ ចុះក្នុងប្រធានបទនេះ យ៉ាងណាដែរ?

ការឲ្យកម្លាំងចិត្ត កើតចេញពីយើង ចេះពីការយល់របស់យើងម្នាក់ៗ នៅពេលឃើញអ្នកណាម្នាក់ជួបនូវបញ្ហា ដែលមិនអាចដោះស្រាយចេញ យើងចូលទៅរកគេ ហើយបានផ្ដល់កម្លាំងចិត្តដល់គេនោះ ដោយសម្ដីលួងលោម បបោសអង្អែលចិត្តឲ្យគេបានយល់ពីបញ្ហាជីវិត ថាមិនមែនតែយើងទេ មានរឿងបែបហ្នឹង មានមនុស្សជាច្រើនណាស់ ដែលជួបបញ្ហាបែបហ្នឹងរាប់មិនអស់ ។ ដូចជាគេរៀនមិនពូកែ ប្រឡងធ្លាក់ យើងតែងតែនិយាយថា កុំតូចចិត្តអី ការរៀនមិនពូកែនេះ មិនមែនមានន័យថាខ្លួនអន់ ខ្សោយទេ គ្រាន់តែយើងរកចំណុចរៀនពូកែនោះមិនទាន់ឃើញប៉ុណ្ណោះ ឬដូចជាការឃើញគេប្រឡងធ្លាក់ យើងតែនិយាយលួងចិត្តគេថា ការបរាជ័យនេះ គ្មានអ្វីគួរឲ្យខ្មាសទេ តែគេថា ការបរាជ័័យគឺជាមាតានៃជ័យជំនះទេតើ  ក្នុងន័យនេះអាយ ស្ដាយ និយាយថា ការបរាជ័យមួយរយម្ដង មិនមែនជាវិធីអស់សង្ឃឹមទេ គ្រាន់តែយើងរកឃើញវិធីបានមួយរយម្ដងក្នុងភាពបរាជ័យរបស់យើងប៉ុណ្ណោះ ។

កម្លាំងចិត្ត ដែលយើងឲ្យដល់មនុស្សដែលមានសង្សារ ភាពរីករាយនៃជីវិតគូស្នេហ៍ គ្មានអ្វីផ្អែមប្រៀបបាន តែដល់បែកបាក់វិញ វាគ្មានអ្វីល្វីជូរចត់ដូច ។ ការផ្ដល់កម្លាំងចិត្តដល់មនុស្សប្រភេទនេះ គឺការលួងលោមចិត្តគេឲ្យស្ងប់រម្ងាប់ពីការឈឺចាប់នោះចោលចេញ ។ ជួនកាលយើងតែនិយាយថា ជាធម្មតា ស្នេហា តែងតែមានការឈឺចាប់ជៀសមិនផុត ដូចជាអ្នកស្រឡាញ់ផ្កាកូឡាបអ៊ីចឹង បើចង់ចាប់កាន់ផ្កាកូឡាបមកថើបផ្អិបនឹងនាសាត្រូវហ៊ានឈឺចាប់ជាមួយបន្លារបស់វាសិន ។ គ្មានស្នេហាណា គ្មានឧបសគ្គឡើយ បើគ្មានមិនមែនជាស្នេហាឡើយ ។ ជួនកាលយើងនិយាយប្រាប់គេថា កុំគិតច្រើនអី បើគ្មានគេម្នាក់ក៏យើងមិនអីដែរ ធ្វើយ៉ាងណាខំថែរក្សាសម្រស់ គិតពីសុខភាព រកការងារធ្វើ មានប្រាក់ខែច្រើន ដើរលេងឲ្យសប្បាយចិត្តមិនស្រួលជាងឬ ។ ពេលខ្លះយើងនិយាយថា សុខចិត្តរើសមនុស្សដែលគេស្រឡាញ់ខ្លួន ប្រសើរជាងរើសមនុស្សដែលខ្លួនស្រឡាញ់ ។ ពេលខ្លះ យើងនិយាយថា បើចង់យំ យំវាចេញមក កុំទុកវាធ្វើអី បើចង់និយាយ និយាយវាចេញមកកុំលាក់ទុកវាធ្វើអ្វី ក្រែងលោកវាបានធូរចិត្តខ្លះ ។ ជួនកាលយើងថា បើមិនអាចបំភ្លេច កុំបង្ខំវាអី កាលណាយើងខំបំភ្លេច វាកាន់តែនឹកឃើញឡើង ដូចនេះ ទុកឲ្យវាទៅតាមដំណើររឿងរបស់វាទៅ រកនេះរកនោះធ្វើជំនួសវិញ អាចប្រសើរឡើង មានតែពេលវេលាទេ ដែលអាចបំភ្លេចអ្វីៗបាន ។ ជួនកាលយើងថា កុំខ្វល់មនុស្សម្នាក់ហ្នឹង មិនខ្វះទេមនុស្សដែលល្អ មានសមត្ថភាពជាងហ្នឹងច្រើនណាស់ ដូចចាស់ពោលថា ប្រុសពេញដី ស្រីពេញនគរ

កម្លាំងចិត្ត ដែលយើងតែងឲ្យដល់មនុស្សមានគ្រួសារ ។ នៅពេលណាដែលយើងបានជួប បានឃើញមនុស្សដែលជួបនូវវិបត្តិគ្រួសារ មានការបែកបាក់គ្នា មិនចុះសម្រុងនឹងគ្នា រកកលបែកបាក់គ្នានោះ យើងតែចូលទៅលួងលោមដល់មនុស្សដែលជួបវិបត្តិផ្លូវចិត្តបែបនេះថា ធម្មតាចានក្នុងរាវតែងរណ្ដំគ្នាហើយ ឬអណ្ដាតនិងធ្មេញតែងតែប៉ះគ្នាជារឿងធម្មតា ។ មុននឹងអ្នកសម្រេចចិត្តដើរចេញ អ្នកត្រូវគិតថា មនុស្សក្នុងលោកនេះ មិនមានភាពល្អឥតខ្ចោះទេ ខុសត្រូវបន្តិចបន្តួចត្រូវចេះអត់ឱនអាធ្យាស្រ័យឲ្យគ្នាទៅ ដូចពេលដែលចូលផ្ទឹមសំពះមេប៉ា លោកអាចារ្យតែងតែពោលថា ឲ្យត្រូវចេះអត់ឱនឲ្យគ្នា បើប្ដីប្រឹង ប្រពន្ធខំអត់ បើប្រពន្ធប្រឹង ប្ដីខំអត់ ឬពាក្យលេង តែក្នុងន័យអប់រំថា បើប្ដីឡើង ឲ្យប្រពន្ធចុះ បើប្រពន្ធឡើង ឲ្យប្ដីចុះ  រហូតដល់លោកអាចារ្យឲ្យទៀតថា ឲ្យចេះស្រឡាញ់គ្នារហូតដល់ខាំពោតរបូតខាំពោតរបេះ ខ្មោចចាញ់តម្រិះធ្វើមិនត្រូវទៀតផង ។ ការចាប់ដៃគ្នាជាគូជីវិតនេះ ត្រូវគិតថា យើងត្រូវទទួលយកកំហុសភាគីម្ខាងៗឲ្យបាន បើមិនដូច្នេះទេ នោះនឹងមានបញ្ហា ក្នុងពុទ្ធនិយម មុននឹងឲ្យកូនស្រីទៅនៅខាងស្វាមី ម្ដាយឪពុកអប់រំកូនថា កុំយកភ្លើងក្នុងចេញក្រៅ កុំយកភ្លើងក្រៅចូលក្នុង រក្សាភ្លើងក្នុងនេះឲ្យបានល្អ។ល។ដើម្បីរក្សាបាននូវសុខភមង្គលក្នុងគ្រួសារនេះបាន ។

ការឲ្យកម្លាំងចិត្តដល់មនុស្សធ្វើការវិញ ។ ការឲ្យកម្លាំងចិត្តដល់អ្នកធ្វើការវិញ មានវិធីច្រើនណាស់នូវពេលដែលត្រូវមេ ត្រូវចៅហ្វាយនាយ ស្ដីបន្ទោស ឬផ្អាក ឬព្យួរពីការងារនោះ អ្នកនោះត្រូវជួបបញ្ហាប្រឈមច្រើនណាស់ ពិសេសសេដ្ឋកិច្ចគ្រួសារ ដែលខ្លួនត្រូវដោះស្រាយ ។ វាជាបញ្ហាសំខាន់ណាស់ ត្រូវមានអ្នកផ្ដល់ប្រឹក្សារកដោះណោះស្រាយដើម្បីជួយសម្រួលដល់បន្ទុកបុគ្គលិកនោះ ។ ដំណោះស្រាយខ្លះ អាចជាសម្ដីលួងលោមចិត្តបុគ្គលិកនោះ ថានឹងឲ្យប្រាក់ប៉ុណ្ណេះប៉ុណ្ណោះ ខ្លួននឹងជួយសម្របសម្រួលជាមួយថៅកែ មេ ចៅហ្វាយនាយឲ្យលោកពិនិត្យសារឡើងវិញ ឬអាចជួយអន្តរាគមន៍ដល់ថ្នាក់លើ ដើម្បីឲ្យលោកជួយដោះស្រាយឲ្យ ។ ការជួយមនុស្សបែបនេះ មានវិធីសាស្ត្រច្រើន ក្នុងការបន្ធូរបន្ថយភាពតានតឹងចិត្ត អ្នកខ្លះនាំទៅដើរលេងកំសាន្តកន្លែងផ្សេងៗ ដើម្បីកាត់សាញ ។ ការផ្ដល់កម្លាំងចិត្តដល់មនុស្សដែលស៊ូការងារមិនបាន ត្រូវឲ្យគេប្រឹងឡើង ថ្ងៃណាមួយវានឹងជោគជ័យ ដូចជាយើងថា ព្យាយាមនៅទីណា ភាពជោគជ័យនឹងនៅទីនោះ ឬនិយាយថា មិនដែលមានភាពជោគជ័យឯណា រត់មករកមនុស្សខ្ជិលទេ ។ អ្នកមានសំណាង មកពីសាង ខំប្រឹងប្រែងធ្វើ ដូចពាក្យមួយថា ព្រេងសំណាងមាន ១០ ភាគរយទេ នៅសល់ ៩០ ភាគរយទៀត ខ្លួនជាអ្នកសាង ។ ការលើកទឹកចិត្តដល់មនុស្សធ្វើការនេះទៀតសោធ យើងតែងនិយាយថា ផ្លូវទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ ឬគេនិយាយលើកទឹកចិត្តថា បោះបង់គឺបរាជ័យ មិនបរាជ័យ គឺមិនបោះបង់ ។

ការលើកកម្លាំងចិត្តនេះ មិនមែនសម្រាប់តែឲ្យអ្នកដទៃទេ ខ្លួនឯងក៏ត្រូវការលើកទឹកចិត្តឲ្យខ្លួនឯងដែរ ដូចពាក្យពំនោលពោលទុកថា     ពេលខ្លះកម្លាំងចិត្តទុកឲ្យអ្នកដទៃបាន តែកុំភ្លេចទុកកម្លាំងចិត្តមួយនេះឲ្យខ្លួនឯងផង ។ ជាការពិតណាស់ កម្លាំងចិត្តខ្លះមានប្រយោជន៍សម្រាប់អ្នកដទៃ កម្លាំងចិត្តខ្លះគិតទុកសម្រាប់ខ្លួនឯង ដូចយើងតែងនិយាយលួងលោមខ្លួនឯងថា កុំអស់សង្ឃឹមអី គ្មានអ្វីថាយើងទៅមិនរួចទេ ឲ្យតែចិត្តយើងស៊ូ ។ ម្នាក់នេះអាចរស់បាន បើគ្មានវត្តមានរបស់អ្នកក៏ដោយ ។ ជីវិតគឺជាការតស៊ូ ។ ការឈឺចាប់ក្នុងអតីតកាល គឺជាមេរៀន ជាបទពិសោធ ។ ជីវិតនេះ មិនដែលស៊យរហូតទេ ។ បន្តិចទៀតអស់អីហើយ មិនអីទេណ៎ា ។ មនុស្សខ្លះចូលមកក្នុងជីវិតយើង ទុកធ្វើជាមេរៀនជីវិត អ្នកខ្លះដើរចេញពីជីវិតយើងទៅ ទុកជាបទពិសោធ ។ ក្នុងលោកនេះ គ្មានអ្វីរក្សាគង់នៅជាអមតៈទេ ។ ថ្ងៃស្អែកលែងអីហើយ ។ បើគ្មានអ្នកញញឹមដាក់ខ្លួន ខ្លួនអាចញញឹមដាក់ខ្លួនឯងបាន ។ គ្មានអ្នកស្រឡាញ់់យើង យើងអាចស្រឡាញ់ខ្លួនឯងបាន ។ បើគ្មានអ្នកឲ្យកម្លាំងចិត្ត យើងអាចឲ្យកម្លាំងចិត្តខ្លួនឯងបាន ។ ស៊ូស៊ូណ៎ាខ្លួន!!

ជារួម ការឲ្យកម្លាំងចិត្តនេះ អាចមានពីរផ្លូវ ។ មួយទុកសម្រាប់មនុស្សដទៃ ដែលជួបបញ្ហាផ្សេងៗ មិនថាការសិក្សា ស្នេហា ធ្វើការងារ គ្រួសារ ជាដើម មួយទៀតទុកសម្រាប់ឲ្យខ្លួនឯង ព្រោះពេលខ្លះខ្លួនឯងត្រូវឯកា  គ្មានអ្នកយល់ចិត្ត គ្មានអ្នកផ្ដល់មតិ គ្មានទីប្រឹក្សាឲ្យយោបល់ ខ្លួនឯងហើយជាអ្នកកំដរ អ្នកយល់ចិត្ត អ្នកផ្ដល់មតិ ធ្វើជាទីប្រឹក្សា ដូចពុទ្ធនិយមពោលថា ខ្លួនជាទីពឹងរបស់ខ្លួន ឬការស្រឡាញ់អ្វីស្មើនឹងខ្លួននេះមិនមានឡើយ ៕

---------------------------------------
Cr. លឿង ចាន់

ការឲ្យតម្លៃធនធានមនុស្សក្នុងប្រទេសជប៉ុន



ផ្តើមចេញពីការយល់ត្រូវ នាំដល់សកម្មភាពត្រូវ ចេញពីសកម្មភាពត្រូវ ទើបនាំដល់លទ្ធផលត្រូវ ។ អ្វីៗគ្រប់យ៉ាងដែលជប៉ុនមានថ្ងៃនេះ គឺបានដោយសារធនធានក្នុងក្បាល មិនមែនធនធានព្រៃឈើ មិនមែនធនធានរ៉ែ មិនមែនធនធានសមុទ្រ មិនមែនធនធានវប្បធម៌ តែជាធនធានមនុស្ស ។ សម្រាប់ជនជាតិជប៉ុន ធនធានមនុស្សសំខាន់ណាស់ គេយល់យ៉ាងច្បាស់ថា មានតែធនធានមនុស្ស(ក្បាលចេះ)នេះទេ អាចមានអ្វីៗគ្រប់បែបយ៉ាងបាន ទោះបីគ្មានព្រៃឈើលក់យកលុយ គ្មានរ៉ែតំលៃថ្លៃខ្វេះធ្វើវត្ថុធាតុដើម គ្មានសម្បត្តិវប្បធម៌ល្បីៗនាំចំណូលដល់ជាតិ ដូចជាប្រសាទអង្គរវត្តខ្មែរក៏ដោយ  តែធនធានមនុស្សនៅតែអាចខ្វេះបាន សម្បត្តិធនធាននៅជុំវិញពិភពលោកមកចិញ្ចឹមជនជាតិខ្លួនគេបានដែរ ។ យើងឆ្លាត យើងចេះ ខួរក្បាលយើងមានគុណភាព ធនធានណាក៏ដោយនៅជុំវិញពិភពលោកត្រូវតែហូរមកកន្លែងយើង តែបើយើងល្ងង់ភ្លីភ្លឺ កុំថាឡើយយើងក្រគ្មានអ្វីសោះ សូម្បីសំបូរសម្បត្តិធនធានក្នុងទឹក លើដី ក្រោមមេឃច្រើនយ៉ាងណា ក៏គង់មានបរទេសមកដណ្តើមស៊ីអស់ដែរ ។ ជប៉ុនយល់ពីតំលៃធនធានក្នុងខួរក្បាលបែបនេះហើយ ទើបដូនតានៃជនជាតិជប៉ុនគ្រប់ជំនាន់ថែរក្សាខួរក្បាលពលរដ្ឋជប៉ុនណាស់ រហូតបង្កើតច្បាប់ដាក់ទោសដល់ឪពុកម្តាយណាដែលមិនបញ្ជូនកូនទៅសាលាទៀតផង ។ រដ្ឋជប៉ុនថែរក្សាខួរក្បាលកូនក្មេងជប៉ុនណាស់ ចំណាយអស់ប៉ុន្មានក៏ជប៉ុនចំណាយដែរ ដើម្បីរដោះភាពល្ងង់ខ្លៅចេញពីខួរក្បាលពលរដ្ឋគេ ព្រោះគេយល់ថាបើទុកឲ្យពលរដ្ឋគេល្ងង់ ដប់ទៅម្ភៃឆ្នាំក្រោយពលរដ្ឋល្ងង់ទាំងនេះនឹងនាំទុក្ខលំបាកដល់សង្គមផង គ្រួសារគេផង និងខ្លួនគេផង ។ នេះជាការយល់ត្រូវរបស់ដូនតាជប៉ុន ការយល់ត្រូវនេះនាំដល់សកម្មភាពត្រូវ ហើយលទ្ធផល គឺប្រទេសជប៉ុនសព្វថ្ងៃនេះ ។

អត្ថន័យ អត្ថរសនៃអត្ថបទនេះបង្រៀនយើងថា៖ ការយកចិត្តទុកដាក់លើភាពចេះដឹងរបស់ពលរដ្ឋ គឺជាកិច្ចការងារសំខាន់ជាងគេក្នុងដំណើរការអភិវឌ្ឍក្នុងចក្ខុវិស័យរយៈពេលវែងឆ្ងាយក្នុងប្រទេសនេះ ៕


Saturday, May 9, 2020

មិនមែនមានតែយើងទេ



មានមនុស្សជាច្រើនចូលចិត្ដត្អូញត្អែរពេលដែលចួបឧបសគ្គម្ដងៗ ។ ត្អូញត្អែររឿងការងារលំបាក ត្អូញត្អែររឿងស្នេហា ត្អូញត្អែររឿងដាច់លុយ ឬត្អូញត្អែររឿងខកបំណង ពេលខ្លះពួកគេត្អូញត្អែរស្ទើរគ្រប់រឿង ឱ្យតែធ្វើឱ្យផ្លូវចិត្តយ៉ាប់យឺនតែបន្ដិច គឺគិតតែពីត្អូញត្អែរហើយ ។

ពួកគេចូលចិត្ដដើរតួកម្សត់ ឱ្យគេអាណិត ជាជាងដើរតួជាមនុស្សរឹងមាំ ។ ពួកគេតែងតែយល់ថាការត្អូញត្អែរ ជាវិធីបន្ធូរអារម្មណ៍ តែការពិតវាពុំបានធ្វើឱ្យយើងធូរស្រាលទេ ផ្ទុយទៅវិញវាធ្វើឱ្យផ្លូវចិត្ដកាន់តែយ៉ាប់លើសដើម ។ ការត្អូញត្អែរគ្មានបានការអ្វីទេ ហើយបើយើងនៅតែបន្ដ វាក៏នៅតែនៅជាមួយយើងរហូតដែរ គឺរហូរដល់យើងចេះងើបឡើងតតាំងនឹងជីវិតដោយខ្លួនឯង ។

រស់ដល់ពេលនេះ អាយុប៉ុននេះទៅហើយ ចាត់ទុកថាធំហើយ ។ តទៅមុខនៅមានរឿងជាច្រើនទៀតដែលរង់ចាំយើងទៅឆ្លងកាត់ មានរឿងស្រួលៗ និងលំបាកៗជាច្រើននៅខាងមុខ ហើយការត្អូញត្អែរវាពុំមែនជាវិធីដោះស្រាយបញ្ហាទេ តែវាជាកញ្ចក់ឆ្លុះបញ្ចាំងថាយើងជាមនុស្សទន់ជ្រាយ គ្មានបានការ ។

គ្មាននរណាស្រណុកជាងអ្នកណាទេ អ្នកមានទុក្ខមួយបែប អ្នកក្រទុក្ខមួយបែប ។ អ្នកកម្សត់មានច្រើនណាស់ គ្រាន់តែពេលខ្លះគេខ្ជិលត្អូញត្អែរ ។ មួយនាទីដែលយើងត្អូញត្អែរ វាពិតជាខាតពេលណាស់ ។ ពាក់ស្បែកជើងតម្លៃ 5$ មិនអន់ទេព្រោះអ្នកខ្លះគ្មានសូម្បីជើងសម្រាប់ពាក់ស្បែកជើង ។ មានជីវិតមានឧបសគ្គ សំខាន់កុំចុះចាញ់ ងើបដើរទៅមុខកុំរវល់ត្អូញត្អែរ ព្រោះបើយើងនៅតែទន់ជ្រាយ យើងនៅតែបានពិន្ទុជីវិតតិចជាងគេរហូត ៕

Cr. Sun Veasna

ឈឺចាប់តែកុំបោះបង់ខ្លួនឯង



អាចមកពីយើងល្អមិនគ្រប់គ្រាន់ ទើបគេមិនអាចស្រឡាញ់យើងបានយូរ ។ អាចមកពីយើងមិនមែនជាជម្រើសរបស់គេ ទើបគេទុកយើងចោលហើយដើរទៅបាត់ ។ អាចមកពីគេមិនបានស្រឡាញ់យើងពិតប្រាកដ ទើបគេទុកមនោសញ្ចេតនាយើងជារឿងលេងសើច ។ អាចមកពីគេអស់ចិត្ត ទើបគេមិនអាចកំដរយើងលេងសើចតទៅទៀតបាន ។ គេទៅព្រោះហេតុផលរបស់គេ នៅស្រឡាញ់គេជាហេតុផលរបស់យើង ទោះឃាត់គេក៏គ្មានន័យដែរ ។ អ្វីដែលយើងអាចធ្វើបាន គឺឈរមើលគេពីចម្ងាយ ។ រំលែកទុក្ខជាមួយគេ ពេលដែលគេត្រូវការ ។ សប្បាយចិត្តព្រោះតែគេសប្បាយចិត្ត ពិបាកចិត្តព្រោះតែគេពិបាកចិត្ត បែបនេះទោះឈឺបន្ដិចមែន តែក៏ជាសុភមង្គលមួយដែរ យើងក៏គ្មានជម្រើសផ្សេងពីហ្នឹង អ្នកណាប្រើឱ្យយើងស្រឡាញ់គេធ្វើអី ?

ស្នេហា ពេលនៅស្រឡាញ់អ្វីក៏ល្អ ។ ពេលគេនៅស្រឡាញ់ យើងធ្វើអ្វីក៏ត្រូវ តែពេលគេអស់ចិត្ដ យើងគ្រាន់ជារបស់ចាស់ដែលគេឈប់ប្រើប៉ុណ្ណោះ ។ យើងគ្មានសិទ្ធិបញ្ជាព្រះអាទិត្យមិនឱ្យរះ មិនឱ្យលិចបានទេ ហើយរឹតតែមិនអាចរារាំងចិត្ដប្រែប្រួលរបស់គេបានដែរ ។ បើគេអស់ចិត្តពីយើងទៅហើយ ទោះទិញទ្រុងដាក់ចាក់សោរច្រើនជាន់យ៉ាងណា ក៏គ្មានន័យដែរ ។ គេមិនមែនសត្វចិញ្ចឹមរបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់នៃជីវិតគេដែរ ។ បើនៅជាមួយយើងធ្វើឱ្យគេគ្មានក្ដីសុខ យើងដោះលែងគេទៅ ឱ្យគេទៅរកក្ដីសុខដែលគេត្រូវការចុះ ។ បើយើងពិតជាស្រឡាញ់គេមែន យើងក៏អាចនឹងរីករាយពេលគេមានក្ដីសុខជាមួយជម្រើសរបស់គេដែរ ។ គ្មានអ្វីសប្បាយចិត្ដជាងឃើញមនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុត រស់នៅយ៉ាងល្អប្រសើរនោះទេ ទោះបីជាផ្លូវមួយនោះគ្មានវត្ដមានយើងក៏ដោយ ។ គេថាស្នេហាជាការលះបង់ មែនហើយលះបង់ក្ដីសុខខ្លួនឯងខ្លះ ដើម្បីស្នាមញញឹមមនុស្សសដែលយើងស្រឡាញ់ វាមានតម្លៃណាស់ ។ ប្រសិនបើយើងពិតជាស្រឡាញ់គេមែន ទោះបីជាការលះបង់នោះ គេដឹងឬមិនដឹងក៏យើងសប្បាយចិត្ដដែរ សប្បាយចិត្ដដែលបានលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ ។ សប្បាយចិត្ដដែលអាចធ្វើជាបង្អែកសម្រាប់គេពេលគេត្រូវការ ។ សប្បាយចិត្ដព្រោះអាចមើលឃើញស្នាមញញឹមរបស់គេ

ក្ដីស្រឡាញ់គ្មានវិធីបញ្ឈប់ទេ ស្នេហាស្មោះរឹតតែពិបាករកអ្នកជំនួស ជ្រុសចិត្តលើនរណាម្នាក់ហើយ ចង់ដកវិញរឹតតែពិបាក ។ ខួរក្បាលរបស់យើងគ្មានប៊ូតុង Delete ទេ បំភ្លេចមនុស្សម្នាក់ពិតជាឈឺចាប់ណាស់ តែពេលវេលានឹងពន្យល់យើងពីវិធីបំភ្លេច ។ ថ្ងៃក្រោយពេលវេលានឹងប្រាប់យើងថា " វាគ្រាន់តែជាអតីតកាលក្នុងភាពអាលោះអាល័យមួយប៉ុណ្ណោះ " ប៉ុន្ដែទម្រាំតែពេលវេលាអាចឆ្លើយប្រាប់យើងបែបនេះ គឺត្រូវការឱ្យយើងចេះអត់ធ្មត់បន្ដិច រៀនទ្រាំបន្ដិច ។ គេទៅចោលយើង ព្រោះហេតុផលរបស់គេ តែយ៉ាងណាយើងមិនអាចចោលខ្លួនឯងបានទេ ។ ឈឺចាប់នឹងស្នេហា ជារឿងមួយ ការដើរទៅមុខសម្លឹងទៅមុខ ឱ្យកម្លាំងចិត្តខ្លួនឯង សង្គ្រោះខ្លួនឯង គឺជារឿងសំខាន់ ។ កុំរវល់ខូចចិត្តច្រើនពេក ថែខ្លួនឯងឱ្យល្អ រស់នៅដោយរីករាយ រក្សាសម្រស់កុំឱ្យចាស់មុនវ័យ ។ មនុស្សល្អៗមានច្រើនណាស់ ហើយពេលខ្លះអ្នកមុនគ្រាន់តែមិនមែនគូយើងប៉ុណ្ណោះ ហើយមនុស្សខ្លះចូលមកក្នុងជីវិតយើង គ្រាន់តែដើម្បីបង្រៀនយើងពីរបៀបប្រើជីវិតនេះតែប៉ុណ្ណោះ ៕

Cr. Sun Veasna

Sunday, May 3, 2020

ធ្វើនយោបាយតាមរយៈអំណាន?



តើនឹងមានរឿងអ្វីកើតឡើង បើស្រុកយើងមានអ្នកអានត្រឹម ១លាននាក់ ឬលើសនេះ? ទស្សនៈ អំណានជាអំណាច វាមិនមែនជាទស្សនៈត្រឹមត្រូវ ១០០% ទេ តែគ្រាន់តែវាខុសតិចប៉ុណ្ណោះ។ បើប្រើពាក្យ អំណានជាអំណាច នេះហើយ ធ្វើឱ្យយុវជនយើង និងពលរដ្ឋយើង នាំគ្នាគិតគូររឿងអានសៀវភៅ តើនឹងមានរឿងអ្វីកើតឡើង? មួយជីវិតខ្ញុំមកដល់ថ្ងៃនេះ ខ្ញុំរស់នៅអព្យាក្រឹតចំពោះខ្លួនឯងនិងអ្នកដទៃ ហើយក៏មិនដែលលម្អៀងទៅខាងខ្លួនឯងហួសហេតុដែរ ។ បើខ្ញុំជាមនុស្សពុករលួយចំពោះខ្លួនឯង ឬលម្អៀងមកខាងខ្លួនឯង ម្លោះហើយជីវិតខ្ញុំប្រហែលជាស្អុយរលួយដូចសង្គមមួយដែលមានវប្បធម៌ពុករលួយអ៊ីចឹងដែរ។

រស់មកដល់ថ្ងៃនេះ អនាគតជីវិតមិនអមតៈ ហើយក៏មិនមែនស្លាប់ថ្ងៃស្អែកដែរ ។ ខ្ញុំជឿលើការទទួលបានអ្វីមួយដោយការប្រឹងប្រែង តែមិនមែនបានអ្វីមួយដោយឯកឯង ឬព្រេងវាសនាទេ ។ សង្គមទៅមុខ ព្រោះមានមនុស្សប្រឹង។ ចង់ឱ្យសង្គមរីកចម្រើន គឺត្រូវមានកន្លែងចាប់ផ្តើមមួយ ។ អ្នកខ្លះចាប់ផ្តើមគិតដល់កុមារបន្តវេន ។ អ្នកខ្លះចាប់ផ្តើមគិតដល់រឿងនេះ ឬរឿងនោះ...។ ជាទស្សនៈ ភាពជាក់ស្តែងបំផុត គឺត្រូវគិតពីរឿងយុវជន ។ អ្នកដែលមានកម្លាំងធ្វើ គឺធ្វើបានច្រើន ហើយអ្នកដែលមានគំនិតច្រើន គឺធ្វើហើយ ទទួលបានជោគជ័យ ។ បើមានអ្នកអានច្រើន តើកើនអ្វី? ពេលសម្លឹងមើលសង្គម គឺយើងត្រូវសម្លឹងមើលវិស័យអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ។ ការសិក្សានៅសាលា គឺជាការចាំបាច់ ហើយការសិក្សាចំណេះដឹងក្រៅសាលា ក៏មិនអាចកាត់ផ្តាច់បានដែរ ។

អំណានគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្តុះមូលធនមនុស្ស ។ អ្នកអានកើន អ្នកសរសេរក៏នឹងត្រូវតែកើនឡើងដែរ ។ បើអ្នកសរសេរកើនឡើងហើយ កុំថាឡើយចង់ឬមិនចង់ គឺនយោបាយនឹងប្រែប្រួលទៅតាមចំណេះដឹងរបស់យុវជន ។ បើអ្នកសរសេរកើនឡើងហើយ គំនិតនឹងមានប្លែកៗគ្នាច្រើន ហើយជាពិសេសក៏នឹងមានសំណេរដែលនិយាយពីសង្គមក៏កាន់តែច្រើនឡើងផងដែរ។ យុវជនឆ្លាត គឺចេះរើសមេដឹកនាំល្អ ឬបើមានមេដឹកនាំមិនល្អ ក៏មានវិធីស្ថាបនាតាមរបៀបត្រឹមត្រូវដែរ។ អំណាន គឺជាវិស័យដ៏រសើបក្នុងពេលបច្ចុប្បន្ន តែមិនដឹងថា តើអ្នកនយោបាយជំនាន់ក្រោយបានគិតគូរពីយុទ្ធសាស្រ្តស្រូបមនុស្សតាមរយៈវិធីនេះដែរឬទេ?

ខ្ញុំប្រហែលជាគិតខុសពីអ្នកដទៃ ព្រោះដោយសារខ្ញុំគិតក្នុងរយៈពេលវែងជាងគិតក្នុងរយៈពេលខ្លី ។ រឿងបែបនេះគឺតូចណាស់សម្រាប់អ្នកនយោបាយ ពីព្រោះនៅឆ្ងាយពីអំណាច ឬឋានៈភ្នែកមុខ (គ្មានអ្នកនយោបាយណាដែលធ្វើនយោបាយថ្ងៃនេះ ដោយមានទស្សនវិស័យថា នឹងធ្វើនាយករដ្ឋមន្រ្តីនៅ ២០ឆ្នាំក្រោយឡើយ)។ ផ្ទុយទៅវិញ បើយើងចេះមើល ១០ឆ្នាំ ឬ២០ឆ្នាំក្រោយ គឺរឿងតូចៗប្រមូលផ្តុំ គឺធំនឹងកើតឡើង ។ បណ្តុះយុវជនឱ្យអាន នឹងបានអ្នកនិពន្ធ ។ អ្នកនិពន្ធច្រើន អ្នកស្រាវជ្រាវច្រើន (R&D - Research and Development)។ ការស្រាវជ្រាវនិពន្ធក៏ច្រើន សៀវភៅច្រើនមានប្រភេទ មនុស្សអានច្រើន ចំណេះដឹងទូលាយ...។ អត្ថបទនេះ ខ្ញុំសរសេរទំនងបែបស្រមើស្រមៃបន្តិច ហើយរឹតតែមិនអាចទៅរួចឡើយ ដែលខ្ញុំមកទាញចំណាប់អារម្មណ៍ឱ្យមនុស្សធ្វើនយោបាយតាមរយៈការបណ្តុះអ្នកអាន៕
____________________________
Cr. អំណានជាអំណាច

ច្បាប់ទម្លាប់ក្នុងសង្គមខ្លះៗដែលអាចជួយអ្នកបានទាំង ២១ នេះ



១. មិនត្រូវហៅនរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថា គេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។

២. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថា គេបានឱ្យលុយទៅអ្នកខ្ចី ។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណ:របស់អ្នក ។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីៗផ្សេងទៀតដូចជា ឆ័ត្រ ប៊ិក និងប្រអប់ដាក់អាហារជាដើម ។

៣. មិនត្រូវកុម្មង់អាហារថ្លៃៗនៅក្នុងបញ្ជីអាហារ នៅពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាច សុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។

៤. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា "អ៊ីចឹង ឯងមិនទាន់មានគ្រួសារទេហ្អេហ៎?" ឬក៏ "ឯងអត់មានកូនហេហ៎?" ឬ "ថីបានជាឯងអត់ទិញផ្ទះហ្នឹងហាហ៎?" ឬក៏ "ម៉េចបានជាឯងមិនទិញឡានមួយទៅ?" ត្រូវចាំថាវា នោះមិនមែនជាបញ្ហារបស់អ្នកទេ ។

៥. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច ។ វាគ្មានទៅអស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ ។ អ្នកមិនអាចនឹងអន់មិនទាបអស់កិត្តិយសឡើយ ក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃ ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់

៦. បើសិនជាអ្នកជិះTaxiជាមួយនឹងមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយ អ្នកត្រូវព្យាយាមចេញម្តង។

៧. ត្រូវឱ្យតម្លៃទៅលើគំនិត ឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅទល់មុខអ្នកនោះ នឹងឃើញជាលេខ9 ។ ម៉្យាងទៀត បើសិនជាគំនិតដំបូងមានបញ្ហា គំនិតទី២អាចប្រើជំនួសបាន ។

៨. មិនត្រូវរំខាននៅពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត ។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅពេលគេកំពុងនិយាយនោះ ត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់ ។

៩. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរពនិង ឱ្យតម្លៃ ។

១០. ពោលពាក្យ "អរគុណ" នៅពេលនរណាម្នាក់បានជួយអ្នក ។

១១. សរសើរជាសាធារណ: រិះគុណប្រាប់កំហុសជាឯកជន ។

១២. គ្មានហេតុផលសំអាងអ្វីទេក្នុងការបញ្ចេញមតិទៅលើទម្ងន់របស់នរណាម្នាក់ថាគេធាត់ ស្គម ឬយ៉ាងណានោះ។ គ្រាន់តែនិយាយថា"ឯងស្អាតណាស់"ទៅបានហើយ ។ បើគេចង់ពិភាក្សាពីការបញ្ចុះទម្ងន់ជាមួយអ្នកនោះ គេនឹងនិយាយហើយ ។

១៣. នៅពេលនរណាម្នាក់បង្ហាញអ្នកពីរូបភាពណាមួយក្នុងទូរសព្ទរបស់គេ ចូរកុំអូសទៅឆ្វេងស្តាំ។ អ្នកគ្មានសិទ្ធិដឹងឬឃើញរូបភាពអ្វីផ្សេងទៀតឡើយ ។

១៤. បើសិនជាមិត្តរួមការងារម្នាក់ប្រាប់អ្នកថា គេត្រូវទៅណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ចូរកុំសួរថាទៅដើម្បីអ្វី គ្រាន់តែនិយាយថា"សង្ឃឹមថាអ្នកមិនអីចុះ"តែប៉ុណ្ណឹងបានហើយ។ កុំព្យាយាមដាក់សម្ពាធឱ្យគេនិយាយប្រាប់ពីជម្ងឺផ្ទាល់ខ្លួនរបស់គេឡើយ ។ បើសិនជាគេពិតជាចង់ឱ្យអ្នកដឹងមែននោះ គេនឹងនិយាយប្រាប់អ្នកមិនចាំបាច់ឱ្យអ្នកសួរនោះទេ ។

១៥. ត្រូវចាត់ទុកអ្នកអនាម័យដូចទៅនឹងCEOដែរ។ គ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ពេញចិត្តទៅលើការមើលងាយរបស់អ្នកទៅលើអ្នកដែលស្ថិតក្រោមបង្គាប់ខ្លួននោះទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នានឹងសរសើរអ្នកនៅពេលអ្នកផ្តល់ការគោរពទៅកាន់ពួកគេ។

១៦. បើសិនជាមនុស្សម្នាក់កំពុងតែនិយាយមកកាន់អ្នក តែអ្នកបែរជាសម្លឹងមើលទូរសព្ទ នេះមិនមែនជាទង្វើសមគួរឡើយ ។

១៧. មិនចាំបាច់ទូន្មានបង្រៀនគេទេ បើសិនជាគេមិនបានសុំឱ្យទូន្មាននោះ ។

១៨. ពេលដែលជួបមិត្តដែលខានឃើញគ្នាយូរ ចូរកុំសួរគេពីអាយុ និងប្រាក់ចំណូលរបស់គេឡើយ ទាល់គេចង់និយាយពីរឿងនេះ ចាំនិយាយ ។

១៩. កុំខ្វល់ខ្វាយច្រើនពីរឿងអ្នកដទៃ លើកលែងតែរឿងនោះទាក់ទងនឹងអ្នកដោយផ្ទាល់តែម្តង ។

២០. ត្រូវដោះវ៉ែនតាខ្មៅចេញ បើសិនជាអ្នកនិយាយទៅកាន់នរណាម្នាក់នៅតាមផ្លូវ ។ វាជាសញ្ញានៃការគោរព ។ លើសពីនេះទៅទៀត ការសម្លឹងមើលកែវភ្នែកអ្នកនិយាយ ក៏សំខាន់ប្រដូចនឹងពាក្យសម្តីវាចារដូចគ្នាផងដែរ ។

២១. មិនត្រូវនិយាយពីទ្រព្យពីភាពមានបានរបស់អ្នកនៅក្នុងបរិវេណអ្នកក្រនោះទេ ។ ដូចគ្នានេះដែរ មិនត្រូវនិយាយពីកូនៗរបស់អ្នកចំពោះមុខអ្នកដែលមិនអាចមានកូនឡើយ ។
------------------------------------------
ខ្ញុំសង្ឃឹមថាវាអាចនឹងជួយអ្នក

ប្រភព :ហ្វេសប៊ុក

មនុស្សប្រែថាប្រឹង



ជូនពរ​ឱ្យ​ជោគជ័យ​ ​គឺ​មានន័យថា​កុំ​ភ្លេច​ប្រឹង​។​ ​ជូនពរ​ឱ្យ​រៀន​ពូកែ​ ​គឺ​មានន័យថា​កុំ​ភ្លេច​ប្រឹងរៀន​។​ ​ជូនពរ​ឱ្យ​អាយុវែង​ ​គឺ​មានន័យថា​កុំ​ភ្លេច​ប្រឹង​ថែរក្សា​សុខភាព​។​ ​មនុស្ស​ ​គឺ​ស្មើនឹង​ប្រឹង​។​ ​កើតជា​មនុស្ស​ដែល​មានសាច់​មាន​ឈាម​ ​មាន​រាងកាយ​ ​គឺជា​មង្គល​ដ៏​ឧត្តម​ ​ដ្បិត​ដោយសារតែ​មានឱកាស​ក្តោប​ក្តាប់​ច្បាប់​កម្មផល​។​ ​មនុស្ស​មានអំណាច​ ​គឺ​ដោយសារតែ​កម្ម​ ​ហើយ​ទង្វើ​ដែល​នាំ​ឱ្យ​ជោគជ័យ​ ​គឺ​ប្រឹងប្រែង​។​

​អមនុស្ស​ ​តែង​មក​ក្បែរ​បុគ្គល​ខ្លះ​ដែល​អង្គុយ​សមាធិ​នៅ​ទី​ស្ងប់ស្ងាត់​ ​រហូត​ចិត្តស្ងប់​មាន​សន្តិភាព​ ​(​អ្នកខ្លះ​ថា​អមនុស្ស​មក​ផ្ចាញ់​ ​តែ​ធាតុ​ពិត​គេ​សុំ​ក្បែរ​ ​ក្រែង​អាច​មានឱកាស​ទទួល​បាន​សន្តិភាព​ខ្លះ​ ​ឬ​ពេលខ្លះ​គេ​ចង់​ស្ងប់​ដូច​យើង​ដែរ​)​។​ ​នេះ​មានន័យថា​ ​មនុស្ស​ ​(​មាន​ធាតុ​វិញ្ញាណ​និង​រាងកាយ​)​ ​គឺជា​អ្នក​ក្តោប​ក្តា​ប់នូ​វក​ម្ម​ ​ហើយ​អ្នក​ដែល​មិនមែន​ជា​មនុស្ស​ ​គឺជា​អ្នក​អាច​ត្រឹមតែ​ទទួលផល​ពី​កម្ម​នៃ​ទង្វើ​ចាស់​ៗ​របស់​ខ្លួន​។​ ​បើ​បាន​កើតជា​មនុស្ស​ ​គឺ​ចាត់ទុកថា​សំណាង​។​ ​មនុស្ស​សំណាង​ ​បើ​បាន​ប្រឹង​ធ្វើ​សេចក្តីល្អ​ ៕ 
----------------------------------------- 
រូប. ហ្វេសប៊ុក