Tuesday, March 27, 2018
Tuesday, March 20, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១២)
“…ពេលចិត្តរបស់យើងស្ងប់ហើយ
កុសលធម៌ទាំងឡាយទាំងពួង ក៏រួមប្រជុំចុះនៅក្នុងចិត្តដែលបានស្ងប់នោះឯង
ព្រោះដូច្នោះអ្នកប្រតិបត្តិត្រូវប្រតិបត្តិអ្វី? គឺប្រតិបត្តិចិត្តនោះឯង
គឺធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យស្រឡះ ធ្វើចិត្តឲ្យបរិសុទ្ធ ។
ចិត្តបរិសុទ្ធពោលគឺសេចក្ដីស្ងប់ហ្នឹងឯង ។
ខាងដើមដែលត្រូវធ្វើចិត្តឲ្យស្ងប់ ក៏មិនឲ្យគិតអ្វីច្រើន គឺឲ្យភាវនា
។ ការភាវនាក៏មិនឲ្យគិតអ្វីច្រើនដែរ ឲ្យយកគុណព្រះពុទ្ធ មាន ពុទ្ធោ មកចម្រើន
។ មុននឹងចូលដល់ភាវនា យើងត្រូវកាត់ផ្ដាច់អារម្មណ៍ដែលនៅខាងក្រៅចេញឲ្យអស់សិន គឺថា
មិនត្រូវបញ្ជូនអារម្មណ៍ចេញទៅខាងក្រៅឡើយ ។ អារម្មណ៍ដែលបានបញ្ជូនទៅខាងក្រៅ
វាទៅតាក់តែង ទៅបង្កទៅបង្កើត រកទីបញ្ចប់គ្មាន ម្លោះហើយចិត្តរបស់យើងក៏មិនស្ងប់ ។
ព្រោះដូច្នោះ មុនដល់ការចម្រើនភាវនា
យើងត្រូវកាត់ផ្ដាច់អារម្មណ៍ខាងក្រៅចេញឲ្យអស់ មិនចាំបាច់បញ្ជូនក្រសែចិត្តឲ្យទៅខាងក្រៅឡើយ
ឲ្យបែរមកមើលចិត្តរបស់ខ្លួនយើង នៅក្នុងចិត្តរបស់យើង តម្កល់សតិឲ្យនៅក្នុងចិត្ត
ហើយបរិកម្ម ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យចម្រើន ពុទ្ធោ
តែម្យ៉ាងគត់ក៏បាន តែថា ឲ្យចិត្តជាអ្នកបរិកម្មខ្លួនឯង ឲ្យចិត្តជាអ្នកដឹង
មិនត្រូវបើកមាត់ថាឡើយ ។
វិធីអង្គុយចម្រើនឬបរិកម្ម អង្គុយពែនភ្នែនបែបសមាធិក៏បាន
អង្គុយបត់ជើងក៏បាន ត្រូវយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង
តម្កល់កាយឲ្យត្រង់ ហើយបិទភ្នែក រួចក៏មើលចិត្តៗនោះឯងជាអ្នកដឹង ។
ចិត្តអ្នកដឹងឲ្យមានជាប្រចាំ នៅក្នុងខ្លួនមនុស្សយើងគ្រប់រូប
មិនចាំបាច់ទៅរកកន្លែងនានា កម្កល់ចិត្តឲ្យនៅក្នុងចិត្ត តម្កល់សតិឲ្យនៅក្នុងចិត្ត
ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យគិតតែ ពុទ្ធោ ប៉ុណ្ណោះ
ហើយបរិកម្មថា ពុទ្ធោៗ ៗ រហូតទាល់តែចិត្តរបស់យើងស្ងប់ចុះ…” ។
អប់រំដោយ
លោកឪ អតុលោ
Sunday, March 18, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១១)
“…ខ្លឹមសារពិតរបស់ធម៌ឋិតនៅត្រង់សតិ
ចូរព្យាយាមធ្វើសតិឲ្យចាស់ក្លា ធ្វើយ៉ាងណាកុំឲ្យសតិភ្លាំងភ្លាត់ កុសល និងធម៌ទាំងឡាយ
គុណសម្បត្តិទាំងឡាយដែលកើតឡើងបាន ព្រោះបុគ្គលអ្នកមានសតិតែម្យ៉ាង នឹងគិត នឹងនិយាយ នឹងធ្វើ
ឲ្យមានសតិរលឹកនឹកដល់ជាមុនសិន វាខុសក៏ឲ្យដឹង វាត្រូវក៏ឲ្យដឹង ទើបចាំធ្វើ…” ។
អប់រំដោយ
លោកឪ អនាលយោ
Saturday, March 17, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១០)
“…រឿងដែលយើងពេញចិត្ត
គាប់ចិត្ត គឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ព្រោះវាធ្វើឲ្យយើងមានសេចក្ដីប្រមាទ ពេលយើងមានសេចក្ដីទុក្ខ វាមានសេចក្ដីព្យាយាមដោយធម្មជាតិស្រាប់ទៅហើយ ដែលត្រូវព្យាយាមរើបម្រះចេញពីសេចក្ដីទុក្ខនោះៗ
ប៉ុន្តែពេលដែលយើងមានសេចក្ដីសុខវិញ វាចូលទៅកៀកកើយ ចូលទៅតោងប្រកាន់ ចូលទៅឈ្លក់វង្វេង
ធ្វើឲ្យយើងកើតមានសេចក្ដីប្រមាទច្រើនឡើង របស់ទាំងនេះកើតមានឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ
ប្រសិនបើយើងលង់វង្វេងវាៗក៏នាំសេចក្ដីទុក្ខនោះមកឲ្យខ្លួនយើងប៉ុណ្ណោះឯង…” ។
អប់រំដោយ
ព្រះផៃសាល វិសាលោ
ន័យស្នាមញញឹមទាំង ៧ ប្រការ
រាត្រីសួស្ដីប្រិយមិត្តអ្នកអាន ស្រស់បស់ស្រស់ស្រាយ
សុខទាំងកាយសប្បាយទាំងចិត្ត ជួបតែរឿងល្អៗ
គិតចង់បានអ្វីសូមឲ្យសម្រេចដូចចិត្តប៉ងប្រាថ្នា
បំពេញកិច្ចការងារអ្វីក៏ប្រព្រឹត្តទៅរលួនល្អ
ទាំងការសិក្សាក៏បានជោគជ័យ ។
យប់ថ្ងៃនេះ សូមនាំន័យក្នុងការញញឹមមកសរសេរ
ដើម្បីបានជាអត្ថប្រយោជន៍សម្រាប់ខ្លួន ក្នុងពេលខ្លួនមានការខកចិត្ត
បាក់ទឹកចិត្ត ជួបក្ដីវិបត្តិ ទាស់ចិត្ត ដែលខ្លួនយើងម្នាក់ៗ
មិនចង់ជួប
មិនចង់ឮ និងនឹកស្មានមិនដល់ ដូចខាងក្រោម
ន័យស្នាមញញឹមទាំង ៧ ប្រការ
ទុកណាជាមានប្រាក់ក៏មិនអាចទិញបានដែរ
..... ពេលត្រូវយកប្រៀប
ញញឹមដោយមិនញាប់ញ័រ គឺចិត្តទូលាយ
..... ពេលត្រូវគេយល់ច្រឡំ
ញញឹមតិចៗ គឺវុឌ្ឍិភាវៈ
..... ពេលត្រូវគេធ្វើមិនត្រឹមត្រូវ
ញញឹមស្រាលៗ គឺចិត្តធំ
..... ពេលត្រូវគេគៀបសង្កត់ទ័លតម្រិះ
ញញឹមដោយមិនអស់សង្ឃឹម គឺចក្ខុវិស័យវែងឆ្ងាយ
..... ពេលធ្លាក់ក្នុងក្ដីវិបត្តិ
ញញឹមដោយស្ងប់ គឺភាពជាក់លាក់
... ពេលត្រូងគេមាក់ងាយ
ញញឹមស្ងៀម គឺភាពជឿជាក់លើខ្លួនឯង
... ពេលជួបឧបសគ្គ
ញញឹមដោយព្រមទទួល គឺការមើលលោកនេះក្នុងផ្លូវវិជ្ជមាន ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៩)
“…ធម្មៈភ្លឺច្បាស់ឡើងមកឯកឯង
មិនមានតួខ្លួន ឃើញច្បាស់ថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនថា ជាបរមត្ថធម៌ ។ វត្ថុសន្មតឡើងគ្រប់យ៉ាង
វាជារបស់ធម៌ទាំងអស់ មិនមែនរបស់អ្នកណាមួយ
ព្រះពុទ្ធជាម្ចាស់ក៏មិនបានប្រកាន់យកធ្វើជាម្ចាស់
ព្រះអរហន្តទាំងឡាយក៏មិនបានធ្វើជាម្ចាស់ ព្រះសព្វញ្ញូពុទ្ធ ព្រះបច្ចេកពុទ្ធ
សាវកពុទ្ធ ក៏មិនបានធ្វើជាម្ចាស់ ។ វាមិនមែនតួខ្លួនទេ
ធម៌ទៅវិញទេដែលទ្រង់ទុក គង់នៅរក្សាក្នុងចិត្តរបស់ខ្លួន និយាយគ្នាតែពីរឿងបរិយត្តិ
បដិបត្តិ មិនមានអ្នកឈ្នះអ្នកណា វាជាប់នៅក្នុងការសន្មតបញ្ញត្តិទៅវិញទេតើ ។ ទុក្ខកើតជាមួយចិត្តនោះឯង
សមុទ័យកើតឡើងជាមួយចិត្តនោះឯង និរោធសច្ចកើតឡើងជាមួយចិត្តនោះឯង និព្វានសម្បត្តិលើនាម
និងរូប ។
រូបរាងកាយវាចាស់ទ្រុឌទ្រោមគ្រាំគ្រាទៅ តែធម្មាមិនចាស់
រូបរាងកាយនឿយ តែធម្មៈមិននឿយ រាងកាយយើងនេះអាស្រ័យធាតុ ៤ ប៉ុណ្ណោះ វាត្រូវថ្នាំពុល
ថ្នាំធុញទ្រាន់ វាក៏សម្ដែងឲ្យឃើញនូវអាការៈផ្សេងៗ ចំណែកចិត្តវាមិនបានត្រូវឡើយ
វាមិនកើតអ្វីទេ ព្រោះហេតុតែកាយនិងចិត្តវាមួយរឿងម្នាក់ រួមគ្នាមិនបាន ។
រាងកាយរបស់លោកឪក៏ដូចគ្នា ហេតុអ្វីវាមិនឈឺចាប់
តែចិត្តទៅវិញទេដែលមិនឈឺចាប់ជាមួយរូបរាងកាយប៉ុណ្ណោះ រាងកាយលោករលត់ទៅ
ព្រោះអស់ព្រះជន្មាយុ វាអស់ទៅគ្រប់ខណៈចិត្ត កើតក្នុងខណៈនោះ ចិត្តផុតពីបច្ចុប្បន្ន
ផុតពីការកើត ចាស់ ឈឺ ស្លាប់ផងដែរ ។
អើ!,
វាទៅផ្លូវនេះឯង ទៅផ្លូវកាយនិរោធ ចិត្តនិរោធ
មិនត្រូវទាក់ទាមខាងមុខខាងក្រោយ បច្ចុប្បន្នក៏មិនទាក់ទាម ធម្មៈគង់រក្សានៅដូចដើម
ធម្មៈគង់នៅជាធម្មជាតិដដែល វាចាស់ឯណាកើត បើវាមិនកើតមិនស្លាប់ តើឲ្យវាចាស់បានយ៉ាងម៉េច?
ធម្មៈជាធម្មជាតិនេះ វាមិនមែននៅលើស្បែកមនុស្ស សត្វ មិនមែនភ្នំ ព្រៃឈើ
វាផុតនាមផុតរូបទៅហើយ វាកើតជាធម្មៈបាន ។
ធម្មៈមកពីណា? ក៏មកពីធម៌ មកពីមនុស្សធម៌ ទេវធម៌ ព្រហ្មធម៌
មកពីអរិយមគ្គ ៤ អរិយផល ៤ យើងកើតឡើងមកពីការផ្សំផ្គុំគ្នារវាងធាតុ ៤ ដី ទឹក ភ្លើង
ខ្យល់ អាកាស ជាឧករណ៍របស់យើង ឲ្យជាមគ្គជាផលបាន មនុស្សធម៌ ទេវធម៌ ព្រហ្មធម៌
និងលោកុត្តរធម៌ ។ លោកុត្តរធម៌ វាស្ថិតនៅត្រង់ចិត្តតែមួយ ចិត្តនេះឯងវាទទួលធម៌
ក្រៅពីកាយនិងចិត្តហើយ នឹងទៅទទួលនៅឯណាបាន……”?
អប់រំដោយ
លោកឪ ថាវរោ
និយាយល្អយល់ងាយ និយាយអាក្រក់យល់លំបាក
មនុស្សឆ្លាតហើយ
មិនចាំបាច់អប់រំប្រដៅថាច្រើនទេ
បើមនុស្សមិនឆ្លាតវិញ
អប់រំប្រដៅថាច្រើនប៉ុនណា…វាក៏មិនសូវបានសាច់ការ
តែវាមានការពាក់ព័ន្ធជាមួយមនុស្សទាំងពីរពួកនេះដែរ
។
ភាគច្រើន… មនុស្សយើងពេលមិនសប្បាយចិត្ត
ទើបអប់រំទូន្មាន
ដូចយ៉ាងយើងអប់រំកូនចៅយើង
យើងខឹងសម្បារហើយទើបអប់រំប្រដៅថា
មានជេរស្តីថាដាក់ឲ្យគ្នាប៉ុណ្ណឹងឯង
មានជេរស្តីថាដាក់ឲ្យគ្នាប៉ុណ្ណឹងឯង
មិនព្រមអប់រំទូន្មានគ្នាល្អៗទេ
មនុស្សចិត្តមិនល្អ ទៅអប់រំទូន្មានគ្នាធ្វើអ្វី ។
អាត្មាថា
យល់ល្អកុំទៅអប់រំទូន្មានក្នុងពេលនោះអី ទុកឲ្យចិត្តវាសប្បាយសិនទៅ
វាមានកំហុសយ៉ាងណា
ទុកមួយអន្លើសិនទៅ ឲ្យវាចិត្តល្អ ចិត្តសប្បាយសិន ។
នេះញាតិញោមចាំទុកថា
អាត្មាតាមសង្កេតមើល
ញាតិញោមអប់រំកូនតែពេលដែលខ្លួនខឹងមួម៉ៅប៉ុណ្ណោះ
ញាតិញោមអប់រំកូនតែពេលដែលខ្លួនខឹងមួម៉ៅប៉ុណ្ណោះ
វាក៏ឈឺចិត្តណាស់ដែរ
យករបស់មិនល្អឲ្យគេ គេនឹងយកធ្វើអ្វី?
ខ្លួនយើងក៏កើតទុក្ខ
កូនយើងក៏កើតទុក្ខ នេះវាកើតមានសភាពយ៉ាងនេះ ។
មនុស្សយើងចូលចិត្តល្អៗគ្រប់គ្នាហ្នឹងឯង
តែអំពើល្អយើងមិនល្មមផ្ដល់ឲ្យ
អំពើល្អវាមិនមានពេល
មិនស្គាល់តួនាទី
មិនស្គាល់កាល វាក៏កើតឡើងទៅមិនបាន
បែបនេះក៏ដូចគ្នាទាំងអស់ ។
អាហារដែលមានឱជារសឆ្ងាញ់
យើងត្រូវទទួលទានតាមមាត់ វាទើបបានកើតជាប្រយោជន៍
សាកយកញាត់ដាក់តាមរន្ធត្រចៀកលោមើល
តើកើតបានជាប្រយោជន៍ទេ?
អាហារដែលមានឱជារសឆ្ងាញ់ នឹងបានជាប្រយោជន៍ទេ?
អាហារដែលមានឱជារសឆ្ងាញ់ នឹងបានជាប្រយោជន៍ទេ?
មនុស្សយើងវាមានទ្វារដូចគ្នា
ត្រូវចូលរកទ្វារ គ្រប់គ្នាក៏មានយ៉ាងនោះអ៊ីចឹងដែរ ។
អប់រំដោយ
លោកឪ ឆា សុភទ្ទោ
Thursday, March 15, 2018
ស្អាតបំផុត ៤ ខ
អ្នកប្រាជ្ញចិនម្នាក់ពោលថា
១) កែវភ្នែកដែលស្អាតបំផុតគឺ “កែវភ្នែកដែលសម្លឹងមើលរឿងល្អៗក្នុងខ្លួនអ្នកដទៃ” ។
កែវភ្នែកជាវត្ថុមួយចំបាច់ណាស់ បើសិនយើងប្រើវាបានល្អ
វាក៏នាំសេចក្ដីសុខមកដល់ខ្លួនយើង
បើសិនយកភ្នែកនេះទៅសម្លឹងមើលរឿងមិនល្អក៏នាំទុក្ខមកដាក់ខ្លួន ។ ដូច្នេះ
ដើម្បីឲ្យខ្លួនយើង និងអ្នកដទៃមានសេចក្ដីសុខ យើងម្នាក់ៗត្រូវមើលវត្ថុណាដែលវិជ្ជមានសម្រាប់ខ្លួនយើង
មើលក្នុងលក្ខណៈរិះគន់ស្ថាបនា ចិត្ត គំនិត កាយ វាចារបស់យើងឲ្យបានល្អ
មានសណ្ដាប់ធ្នាប់ ជាដើម ។
២) ដៃដែលស្អាតបំផុតគឺ “ដៃដែលទាញបុគ្គលដែលដួលចុះឲ្យក្រោកឡើង” ។
ដៃយើងមានសារៈសំខាន់មួយ
ក្នុងការរៀបចំចាត់ចែងក្នុងកិច្ចការទាំងឡាយទាំងពួង
ដៃជាអវយវៈមួយក្នុងការលើកដាក់វត្ថុនានា និងចាប់ចំណីអាហារ និងបំពេញមុខងារជាច្រើនទៀត
ជាពិសេសដៃមួយនេះ អាចជួយកិច្ចធុរៈធ្ងន់ស្រាលរបស់ខ្លួននិងអ្នកដទៃ
ដើម្បីបានជាប្រយោជន៍ច្រើនយ៉ាង បើសិនយើងម្នាក់ៗចេះប្រើដៃមួយនេះ វៀរលែងទៅវាយ ទៅលួចទៅឆក់ទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ
។ ដៃនេះអាចចាប់គ្នាកសាងមិត្តភាពមេត្រីភាព សាមគ្គីគ្នារវាងគ្នានិងគ្នា
ប្រទេសនិងប្រទេស ជាដើម ។
៣) ជើងដែលស្អាតបំផុតគឺ “ជើងដែលឈានទៅដោយមានសតិ
និងបញ្ញា” ។
ជើង ដែលនាំខ្លួនរបស់យើង ឲ្យមានចលនារំកិលទៅមុខឬថយក្រោយ
យើងអាចធ្វើដំណើរទៅទីជិតទីឆ្ងាយបានដោយសារជើង ទៅបំពេញកិច្ចការទាំងឡាយបានដោយសារជើង
តែជើងនេះក៏អាចនាំឲ្យយើងផុងខ្លួនធ្លាក់ចូលទៅក្នុងអបាយមុខ មានដើរលេងយប់ ដើរលេងប៉ោឡែ
មិនបានបំពេញកិច្ចការនាំឲ្យបង់ខាតប្រយោជន៍នេះក៏មានច្រើនដែរ ។ ដូច្នេះ យើងម្នាក់ៗត្រូវចេះប្រើជើងដើរទៅកាន់ទីណាដែលមានប្រយោជន៍
មានសេចក្ដីសុខប្រាសចាកដើរទៅទាត់ទៅធាក់អ្នកដទៃ ដើរត្រូវបុ្រងប្រយ័ត្ន
ត្រូវមានស្មារតីជានិច្ច កន្លែងណាមិនគួរទៅ កុំទៅឡើយ ។
៤) មាត់ដែលស្អាតបំផុតគឺ “មាត់ដែលនិយាយដោយក្ដីស្រឡាញ់
និងក្ដីមេត្តា” ។
មាត់ដែលហាឡើង ជួនកាលមានសុខ ជួនកាលមានទុក្ខមកដាក់ខ្លួន
មាត់អាចប្រើឲ្យមនុស្សជាតិចេះសាមគ្គី មាត់ប្រើទៅអាចបែកបាក់សាមគ្គីគ្នា
មាត់អាចប្រើលើកកម្លាំងចិត្ត មាត់អាចប្រើទៅធ្លាក់កម្លាំងចិត្ត បើមិនចេះប្រើធ្វើឲ្យគេស្អប់
បើចេះប្រើធ្វើគេស្រឡាញ់ ឲ្យគេជួយយកអាសា ។ ដូចនេះ
មាត់ពិតជាមានឥទ្ធិពលលើទង្វើទាំងឡាយ ក្នុងការស្ដារទំនាក់ទំនងគ្នា និងអាចនាំមកនូវសុខភាពផ្លូវកាយ-ចិត្តបានល្អ
ព្រោះមាត់ចេះទទួលទានវត្ថុដែលល្អៗ ចេះនិយាយពាក្យល្អៗ ដែលមានប្រយោជន៍សម្រាប់ខ្លួន
និងអ្នកដទៃ ក៏ដូចជាប្រទេសមាតុភូមិរបស់ខ្លួនជាដើម ។ល។…
Tuesday, March 13, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៨)
“…ព្រះពុទ្ធជាម្ចាស់
ព្រះអង្គទ្រង់ត្រាស់ដឹងបានក៏ព្រោះតែព្រះអង្គចម្រើនព្រះអានាបានស្សតិ ត្រួតមើលខ្យល់ដង្ហើមចេញ-ចូលប៉ុណ្ណោះ
ព្រះអង្គមិនឲ្យចេញ ឲ្យត្រួតមើលនៅត្រង់នោះ ចូលក៏ដឹងចេញក៏ដឹងនៅត្រង់នោះ
សាសនាវាកើតឡើងយ៉ាងនោះឯង មិនបានកើតពីការតាក់តែងលំអអ្វី នេះមិនត្រួតមើលខ្លួនឯង
ទៅមើលឯអ្នកដទៃ ឲ្យមើលត្រូវចិត្តសាមីខ្លួនឯង អ្នកណាធ្វើអ្វីក៏ឲ្យត្រូវចិត្តសាមីខ្លួនឯង
ហ្នឹងហើយរឿងកិលេស តណ្ហា ចូលមើលទៅវា ក៏ដូចជាការមើលឃើញខ្លួនឯង ។
ធម៌របស់ព្រះពុទ្ធជាម្ចាស់ បើមិនបានចំរើនភាវនាយក ពុទ្ធោ មកជាអារម្មណ៍ទេ
ចិត្តក៏គិតរឿយប៉ើយតាមលោកតាមសំសារៈ បើចិត្តវាមិនប្រព្រឹត្តទៅហើយ ជួលវាឲ្យទៅក៏វាមិនទៅដែរ
ត្រង់នេះហៅថា ភាវនាមយបញ្ញា ។ នានាចិត្តំ ចិត្តរបស់បុគ្គលម្នាក់ៗវាមិនដូចគ្នាទេ
អ្នកណាធ្វើអ្នកនោះបាន អ្នកណាហ្ន៎ នឹងធ្វើឲ្យគ្នាបាន មានតែចង្អុលប្រាប់បង្ហាញផ្លូវ
បង្ហាញវិធី បង្ហាញមធ្យោបាយប៉ុណ្ណោះ ។ ព្រះពុទ្ធជាម្ចាស់ ព្រះអង្គមានតែប្រាប់ផ្លូវប៉ុណ្ណោះ
សេចក្ដីព្យាយាមញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន មានតែពួកយើងគ្រប់គ្នាប៉ុណ្ណោះ
ដែលត្រូវធ្វើ…” ។
អប់រំដោយ
លោកឪ លី កុសលធរោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៧)
“…ពេលធ្វើល្អក៏បានផលល្អភ្លាម
ពេលធ្វើអាក្រក់ក៏បានផលអាក្រក់ឡើងភ្លាម ។ ផលល្អផលអាក្រក់ដែលបានធ្វើភ្លាមៗនេះ
គឺជាសភាវៈមនុស្សល្អ សភាវៈមនុស្សអាក្រក់ ។ ពេលធ្វើល្អក៏បានជាមនុស្សល្អ
ពេលធ្វើអាក្រក់ក៏បានជាមនុស្សអាក្រក់ភា្លម ខ្លួនដឹងឬមិនដឹង អ្នកដទៃដឹងឬមិនដឹង
ក៏ឥតមានអ្វីផ្លាស់ប្ដូរសច្ចភាព ដែលបានពោលមកនេះដែរ ។ តែថា ផលដែលជាមនុស្សល្អ
មនុស្សអាក្រក់នេះ ជារបស់ល្អិតល្អន់ណាស់ បើមិនប្រើប្រាស់បញ្ញាក្នុងការគិតពិចារណាទេ
សូម្បីតែខ្លួនឯងក៏មិនដឹងដែរ…” ។
អប់រំដោយ
ព្រះញាណសំវរ
សេចក្ដីសុខកើតងាយ កាលបើយល់វិធីគ្រប់គ្រងខួរក្បាល
១) ព្យាយាមហាត់ប្រាណ
២) ព្យាយាមធ្វើសមាធិ និងចម្រើនសតិរាល់ថ្ងៃ
៣) ទទួលទានបន្លែផ្លែឈើឲ្យបានច្រើនរាល់ថ្ងៃ ទទួលទានត្រី
និងអាហារសមុទ្រ(ដែលមានអូមេកា៣) ឲ្យបានជាប្រចាំ
៤) ទទួលដំណេកឲ្យបានគ្រប់គ្រាន់
៥) ព្យាយាមរៀនដឹងរឿងរ៉ាវថ្មីៗដែលបានកំពុងកើតឡើង
៦) ហ្វឹកហ្វឺនប្រើខួរក្បាលឲ្យបានញឹកញាប់
៧) ព្យាយាមគិតល្អ និយាយល្អ និងធ្វើល្អ
៨) ចៀសវាងវត្ថុបំផ្លិចបំផ្លាញហ្សែល្លខួរក្បាល ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៦)
“…ទឹកកខ្វក់នោះ
យើងមិនចាំបាច់បាចវាចេញទេ គ្រាន់តែយើងបង្ហូរទឹកស្អាតឲ្យច្រើនចូលទៅ វាក៏រុញច្រានទឹកស្អុយកខ្វក់នោះឲ្យចេញទៅបានយ៉ាណា និស្ស័យអាក្រក់របស់មនុស្សយើងក៏ដូចគ្នា
គ្រាន់តែបន្ថែមបំពេញកម្លាំងចិត្តឲ្យស្អាតផូរផង់ប៉ុណ្ណោះ
វាក៏អាចកំចាត់បង់និស្ស័យអាក្រក់របស់យើងបានដោយស្រួលក៏យ៉ាងនោះដែរ…” ។
អប់រំដោយ
តេ.ផៃសាល វិសាលោ
រស់ដើម្បីស្ថាបនាកម្ម មិនមែនរស់ដើម្បីប្រើកម្មទេ
ត្រង់ការលើកឃ្លានេះមកនិយាយ
ចង់ប្រាប់ជម្រាបជូនថា
យើងត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ
ចំពោះកម្មដែលបានញែកចេញជា
៣ ផ្នែក គឺ
កម្មចាស់-កម្មថ្មី-កម្មខាងមុខ
(អនាគត)
សូមសរុបវិធីប្រតិបត្តិដែលត្រឹមត្រូវចំពោះកម្មទាំងបីចំណែកនេះថា
កម្មចាស់
(ក្នុងអតីត) ដែលបានកើតកន្លងផុតទៅហើយ
យើងធ្វើមិនបាន
ប៉ុន្តែយើងគួរដឹង គួរជ្រាប គួរយល់
ដើម្បីបានចំណេះចេះដឹងទាំងនោះមកប្រើជាប្រយោជន៍
ជាមធ្យោបាយ
ក្នុងការដោះស្រាយកែតម្រូវកម្មថ្មីឲ្យកាន់តែប្រសើរឡើងថែមទៀត
។
កម្មថ្មី
(ក្នុងបច្ចុប្បន្ន) គឺកម្មដែលយើងធ្វើបាន ធ្វើកើត ហើយនិង
ត្រូវតាំងចិត្តធ្វើឲ្យល្អបំផុត
ត្រង់ចំណុចនេះជាគោលការណ៍សំខាន់ ។
Wednesday, March 7, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៥)
“…អំពើល្អមាននៅត្រង់ខ្លួនយើងនេះឯង
ដែលបានក្លាយជាមនុស្សល្អឡើង ព្រោះបានធ្វើល្អ ។ ពេលណាចង់មើលមុខមាត់មនុស្សល្អ
ក៏ចូរឆ្លុះកញ្ចក់មើលមុខមាត់ខ្លួនយើងផ្ទាល់ នឹងមានចិត្តអារម្មណ៍ស្រស់ថ្លាដែលកប់លាក់នៅក្នុងផ្ទៃមុខ
ក្នុងក្រសែភ្នែកដែលឆ្លុះបញ្ចាំងទៅដល់ចិត្តល្អខាងក្នុង
ដែលអាចមានបីតីចិត្តក្នុងអំពើល្អជារបស់ខ្លួនយ៉ាងក្រៃលែង ។
តែបើខ្លួនរបស់យើងគ្រប់គ្នាធ្វើអំពើអាក្រក់មានប្រការផ្សេងៗ
បង្កឲ្យកើតទុក្ខក្ដៅក្រហាយ វិនាសហិនហិចទៅដល់អ្នកណាមួយ នឹងមានពាក្យត្មះតិះដៀលរិះគន់និន្ទា
ព្រោះតែការធ្វើអាក្រក់នោះ បង្កឲ្យកើតទោស នេះគឺជាអំពើអាក្រក់ដែលមាននៅក្នុងខ្លួនយើង
នឹងមានអារម្មណ៍នឹកដល់ភាពអាប់យស ភាពលាក់កំបាំង បង្កប់ទុកនៅលើផ្ទៃមុខ
ក្នុងក្រសែភ្នែក ដែលជាការឆ្លុះបញ្ចាំងទៅដល់ចិត្តខាងក្នុងដែលមិនល្អ
អាចមានសេចក្ដីសោកសៅ ហ្មងសៅ មានពាក្យដំនៀលរិះគន់ស្ដីបន្ទោស ស្អប់ខ្ពើមខ្លួនឯងជាដើម…” ។
អប់រំដោយ
ព្រះញាណសំវរ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៤)
“...បុគ្គលអ្នកជួបភ័យវិបត្តិ ឬធ្លាក់ក្នុងសភាពក្រីក្រតោកយ៉ាក
ក៏មិនគួរសម្រេចចិត្តស្លាប់ទៅដែរ គួរណាស់តែបានធ្វើចិត្តឲ្យស្ងប់រម្ងាប់ឲ្យបានស៊ប់សួន
និងរកមធ្យោបាយដោះស្រាយសន្សឹមៗឲ្យដល់ខ្លួនឯងបាន ព្រោះថាបញ្ហាគ្រប់យ៉ាង ដែលមិនមានច្រកចេញ
មិនមានទេក្នុងលោកមួយនេះ ។
មើលឧទាហរណ៍ស្រាប់ ទោះបីតែបញ្ហារឿងសេចក្ដីទុក្ខ
ដែលកើតពីការកើត ចាស់ ឈឺ ស្លាប់នុ៎ះ ក៏ព្រះពុទ្ធអង្គជាម្ចាស់
ក៏នៅតែស្វែងរកវិធីដោះស្រាយចេញបានដែរ សម្រាប់បញ្ហាផ្សេងៗ ដែលមានទំហំតូចៗ ដូចនេះ
មិនមានវិធីដោះស្រាយរួច ដូចជាមិនសូវសមសោះ ។ តាំងចិត្ត អំណត់ ព្យាយាម
អ្នកនឹងរកឃើញពីវិធីដោះស្រាយទាំងអស់នោះបានហើយ ស៊ូកុំព្រមចុះចាញ់ចំពោះឧបសគ្គ
ជីវិតគ្មានឧបសគ្គ ដូចជាសម្លខ្វះគ្រឿងអ៊ីចឹងដែរ…” ។
អប់រំដោយ
លោកឪ ឌូល្យ អតុលោ
Tuesday, March 6, 2018
ការមិនក្បត់មិត្ត ការមិនប្រទូស្តចំពោះកល្យាណមិត្ត រមែងបានផលតបស្នង១០យ៉ាងដែលអ្នកមិនធ្លាប់ដឹង!
១. បុគ្គលណាមិនទ្រុស្តកល្យាណមិត្តទាំងឡាយ
មានព្រះពុទ្ធជាដើម បុគ្គលនោះទោះបីចេញពីផ្ទះរបស់ខ្លួនទៅទីណាៗ
ក៏រមែងជាអ្នកមានភស្សាហារ (ចំណីសម្រាប់បរិភោគ) ច្រើន
មនុស្សទាំងឡាយតែងចិញ្ចឹមទំនុកបម្រុងជីវិតបុគ្គលនោះ ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០៣)
“…ប្រពៃណីជនជាតិចិនគេថាមានឆ្នាំឆុងគ្នា
តើមានមែនឬ បើមានមែនតើអាចដោះស្រាយឆ្នាំឆុងបានពិតឬទេ? ដោះស្រាយឆ្នាំឆុងគ្នាគឺបានដល់កម្ម
។ ឆ្នាំឆុងគ្នាមិនមានទេ ឆុងគ្នាអាស្រ័យលើខ្លួនឯង សន្មតឡើងមកដោយគ្នាឯង ឆ្នាំនេះនិងឆ្នាំមុនៗ
និងឆ្នាំក្រោយ គឺឆ្នាំដូចតែគ្នាហ្នឹងឯង មានងងឹតមានភ្លឺ មាន១២ខែ និងមាន
៣៦៥ថ្ងៃដូចគ្នា ល្អឬអាក្រក់ មិនមែនអាស្រ័យលើថ្ងៃខែឆ្នាំនោះទេ
វាអាស្រ័យលើទង្វើរបស់ខ្លួនយើងម្នាក់ៗហ្នឹងឯង ។
ល្អ អាក្រក់ វាឋិតនៅត្រង់ទង្វើរបស់យើង បើយើងធ្វើល្អទុកហើយ
ទុកជាឲ្យមានឆ្នាំឆុងប៉ុន្មានឆុងទៀត វាក៏នៅតែមិនពាក់ព័ន្ធគ្នាដែរ ។ ចំណែកបាបដែលធ្វើទុកហើយ
ក៏ទៅលាងទៅលុបឯណាក៏មិនជ្រះ ធ្វើបាបហើយ វាក៏ត្រូវឲ្យផលអាក្រក់មកលើអ្នកធ្វើវិញ មិនយូរក៏ឆាប់ប៉ុណ្ណោះឯង…”
។
អប់រំដោយ
ព្រះគ្រូ សុជាតិ អភិជាតោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០២)
“…រោគរបស់ចិត្តដ៏ធំមហិមា
មាន ៣ ប្រភេទ គឺ លោភៈ សេចក្ដីលោភលន់ ទោសៈ សេចក្ដីខឹងក្រោធ និងមោហៈ វង្វេង ងងឹតងងល់
។ រោគនេះប្រៀបដូចជារោគមហារីក វាស៊ីឆ្លងរាលដាលរុករានដល់អ្នកដទៃផងដែរ វាចូលទៅជិតកូនក៏ជាប់កូន
ចូលទៅជិតចៅក៏ជាប់ចៅ ចូលទៅជិតមិត្តភក្ដិក៏ជាប់មិនមិត្តភក្ដិ ចូលទៅជិតអ្នកណា
ក៏ឆ្លងជាប់អ្នកនោះ ព្រមទាំងបង្កវិនាសកម្មដល់ខ្លួនឯងផង និងដល់អ្នកដទៃផង ។
រោគដែលរៀងស្រាលធូរជាងរោគខាងលើនោះមាន ៥ ប្រភេទ គឺ កាមឆន្ទៈ
ស្រឡាញ់ក្នុងកាមគុណ៥ ព្យាបាទៈ
ចងគំនុំគំគួនព្យាបាទ ថីនមិទ្ធៈ ភាពងោកងុយងោក ឧទ្ធច្ចកុក្កច្ចៈ
រាយមាយចិត្តអណ្ដែតអណ្តូងចិត្ត និងវិចិក្កិច្ឆា សេចក្ដីសង្ស័យមិនដាច់ស្រេច ។
រោគនេះប្រៀបដូចជារោគសើរស្បែក មានស្រែង កមរមាស់ វាចាក់វាដោត វាម្ដងទៅនេះម្ដងទៅនោះ
ឲ្យស្ងៀមនឹងមិនបាន ។ រោគនេះរក្សាពិបាក វិជ្ជបណ្ឌិតមិនអាចព្យាបាលរក្សាឲ្យជាសះស្បើយបានឡើយ
ក្រៅពីពុទ្ធឱសថតែប៉ុណ្ណោះ…” ៕
អប់រំដោយ
លោកឪ លីធម្មរោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០១)
លក្ខណៈរបស់មនុស្សមានបុណ្យច្រើន
គឺអានុភាពនៃបុណ្យកុសលនេះ
វាប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់
ព្រោះដូចនោះអ្នកមានបុណ្យកុសលច្រើនឡើងហើយ ក៏ស្ងប់
មិនចូលចិត្តក្រវល់ក្រវាយនេះជាលក្ខណៈរបស់មនុស្សមានបុណ្យច្រើន ។
យើងត្រូវយករឿងនេះឯងជាគ្រឿងវាស់ស្ទង់
បើយើងគិតយកមាសយកប្រាក់ទ្រព្យសម្បត្តិ
របស់របរយ៉ាងច្រើននោះជាគ្រឿងវាស់ស្ទង់ថា
ជាមនុស្សមានបុណ្យច្រើនយ៉ាងនោះ ទំនងមិនសូវជាសមប៉ុន្មានទេ
តែក៏មានត្រូវច្រើនអន្លើខ្លះៗដែរ ។
តែបើនិយាយឲ្យត្រឹមត្រូវពិតប្រាកដទៅ
វាត្រូវយកតាមន័យបុគ្គលដែលធុញទ្រាន់ចំពោះភាពក្រវល់ក្រវាយ
ចំពោះភាពច្របូកប្របល់អ្វីផ្សេងៗដែលមាននៅក្នុងលោក
ហើយក៏ត្រេកអររីករាយស្វែងរកសេចក្ដីស្ងប់តាមផ្លូវចិត្ត
រឿងនេះទើបជាទីប្រត្យក្សថា ជាមនុស្សមានបុណ្យច្រើនមែនៗ ។
ព្រោះថា បុណ្យនេះមានលក្ខណៈជារបស់ស្ងប់
ជារបស់ត្រជាក់ …មិនមែនជារបស់ក្ដៅ
ដូចនោះកាលណាបុគ្គលអ្នកមានបុណ្យច្រើនចូលទៅហើយ
វាទើបចូលចិត្តគិតពីភាពត្រជាក់
ជម្លោះវិវាទប្រកែកប្រណាំងអ្វីក៏មិនចូលចិត្តដែរ ។
មនុស្សមានបុណ្យច្រើន… ចូលចិត្តតែភាពស្រុះស្រួលបបួលសាមគ្គី
ភាពរីករាយត្រេកអរចំពោះគ្នាក្នុងការធ្វើអំពើល្អតែប៉ុណ្ណោះ ៕
អប់រំដោយ
លោកឪ វរលាភា
Saturday, March 3, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០០)
“...ចិត្តដួងនេះ
គឺជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ ទាល់តែរកទីសំចតមិនបាន ហើយត្រូវដើរទៅតែម្នាក់ឯង ឥតមានញាតិមិត្តប្អូនបងណាឡើយ
មនុស្សដែលខ្លួនស្រឡាញ់ មនុស្សដែលស្រឡាញ់ខ្លួនមានច្រើនប៉ុនណា កាលបើស្លាប់ទៅ
ពួកគេទាំងនោះមិនបានទៅជាមួយខ្លួន មានតែខ្លួនម្នាក់ឯងគត់ប៉ុណ្ណោះដែលត្រាច់ទៅ ។ ការធ្វើដំណើរទៅកាន់លោកខាងមុខ
មានតែម្នាក់ឯងគត់ ឥតមានអ្នកណាទៅជាមួយខ្លួនសោះឡើយ ពេលកើតមកយ៉ាងណា កាលបើទៅវិញក៏មានឧបមាឧបមេយ្យយ៉ាងនោះដែរ...” ។
Friday, March 2, 2018
ការជួបរឿងពិបាកៗពុំមែនមានន័យថា ជីវិតឥតមានក្ដីសុខនោះទេ
“ជឿចុះថា
ការមិនស្រឡាញ់អ្នកណាមួយ វាល្អបំផុតហើយ” ។
“យើងចូលចិត្តពេលវេលាដែលឥតបានស្រឡាញ់អ្នកណា
ឥតបាននឹកគិតដល់អ្នកណា
ហើយមិនបានខ្វល់ពីអ្នកណាច្រើនពេកទេ”
ព្រោះអំឡុងពេលដែលយើងមានសេចក្ដីសុខបំផុត
គឺជាអំឡុងពេលដែលយើងត្រឡប់មកស្រឡាញ់ខ្លួនហ្នឹងឯង
។
ដល់ថ្ងៃមួយ
សម្ព័ន្ធមេត្រីភាពត្រូវបានបញ្ចប់ យើងម្នាក់ៗក៏ត្រូវបានចែកផ្លូវគ្នាដើរ ជាពេលវេលាមួយដែលស្នេហាត្រូវបានបញ្ចប់
តែមិនមែនមានន័យថា ជីវិតក្រោយនោះត្រូវបញ្ចប់ទៅជាមួយស្នេហានោះទេ
យើងនៅមានជីវិតប្រើជាប្រចាំដូចដើម គ្រាន់តែត្រូវបញ្ចប់អនុស្សាទាំងឡាយ
ដែលខ្លួនយើងម្នាក់ៗធ្លាប់បានសាងឡើងរួមគ្នាតែប៉ុណ្ណោះ ។
ពេលវេលាគឺជារឿងមួយដែលប្រាប់ដល់យើងថា
“ជីវិតក្រោយការឈឺចាប់”
វាកន្លងផុតទៅយូរហើយ
រហូតដល់យើងរឹងប៉ឹងល្មមគ្រប់គ្រាន់ជាមួយវាហើយ
“ជីវិតក្រោយពីការឈឺចាប់” វាបានបង្រៀនអ្វីដល់យើងច្រើនយ៉ាង
មេរៀនដែលទទួលបានមក
វាធ្វើឲ្យយើងប្រឡប់មកមើលថែខ្លួនឯង
បែរមកស្រឡាញ់ខ្លួនឯង
និងធ្វើឲ្យយើងដឹងថា យើងមានសេចក្ដីសុខម្ដងហើយម្ដងទៀត ដោយឃ្លាតចេញពីមនុស្សដែលយើងធ្លាប់ស្រឡាញ់ខ្លាំងបំផុតបាន
។
យើងមិនមែនជាមនុស្សពូកែ
ដល់អាចបំភ្លេចមុខអ្នកណាម្នាក់បានទេ
តែសេចក្ដីស្រឡាញ់ដែលកន្លងមកបានបង្រៀនឲ្យយើង
អាចរស់នៅម្នាក់ឯងបាន
ដោយមិនចាំបាច់ទាញអ្នកណាមួយចូលមក
ឲ្យយើងឈឺចាប់ម្ដងទៀតបាន
។
Subscribe to:
Posts (Atom)