ទី១-
កូនសម្លាញ់... កូនត្រូវរៀនធ្វើម្ហូបអាហារខ្លះ។
នេះមិនមែនដើម្បីយកទៅប្រណិប័តន៍អ្នកណាឡើយ
ប៉ុន្តែនៅពេលដែលមនុស្សដែលស្រឡាញ់កូនមិននៅ
កូនអាចរស់នៅមើលថែខ្លួនឯងបាន (រស់បានដោយខ្លួនឯង)។
ទី២-
កូនសម្លាញ់... កូនត្រូវចេះបើកបរ។ នេះមិនពាក់ព័ន្ធនឹងតំណែង
តួនាទីអ្វីនោះទេ ព្រោះបើកូនបើកឡានខ្លួនឯងបាន
កូននឹងអាចទៅគ្រប់កន្លែងដែលកូនចង់ទៅបានគ្រប់ពេលគ្រប់វេលា
ដោយមិនចាំបាច់សុំអង្វរអ្នកណា (មានឯករាជ្យ សិទ្ធិសេរី)
ទី៣-
កូនសម្លាញ់... កូនត្រូវចូលរៀនមហាវិទ្យាល័យ
និងត្រូវជាមហាវិទ្យាល័យដែលមានគុណភាព។
នេះមិនមែនរៀនដើម្បីយកក្រេឌីតនោះទេ ប៉ុន្តែក្នុងមួយជីវិតមនុស្សយើង
ត្រូវឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យឲ្យបាន ៣ទៅ៤ឆ្នាំ
ដែលជាជីវិតដែលគ្មានលក្ខខណ្ឌតវ៉ា និងជាជីវិតដែលបានទទួលការអប់រំឲ្យមានសតិបញ្ញា
ការគិត និងប្រើហេតុផល (នៅពេលចូលប្រឡូកក្នុងសង្គមវាប្រៀបដូចជាបានស្គាល់ពីជីវិតពិត)
ទី៤-
កូនសម្លាញ់... កូនដឹងទេថា កូនទុកដានជើងបានឆ្ងាយប៉ុណ្ណា
ចិត្តគំនិតរបស់កូននឹងទូលំទូលាយបានប៉ុននោះ។ នៅពេលមានចិត្តទូលំទូលាយហើយ
ទើបកូនមានក្ដីសុខ ហើយបើដើរមិនបានឆ្ងាយទេ គឺត្រូវឲ្យសៀវភៅនាំកូនទៅ
(ពង្រីកទស្សនវិស័យរបស់ខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹង)
ទី៥-
កូនសម្លាញ់... បើលោកនេះនៅសល់តែទឹកពីរពែង កូនត្រូវទុកមួយពែងផឹក
ចំណែកមួយពែងទៀតគឺត្រូវទុកប្រើសម្អាតផ្ទៃមុខ និងខោអាវក្នុងរបស់កូន
(ការមើលឃើញតម្លៃខ្លួនឯង មិនពាក់ព័ន្ធនឹងការមាន ឬក្រនោះទេ)
ទី៦-
កូនសម្លាញ់... បើមេឃរលំធ្លាក់មក កូនកុំបាច់យំស្រែក
និងមិនបាច់ថ្ងូររអ៊ូថាយ៉ាងណានោះទេ ព្រោះវានឹងធ្វើឲ្យមនុស្សដែលស្រឡាញ់កូនកាន់តែឈឺចាប់
ចំណែកមនុស្សដែលស្អប់កូនកាន់តែបានចិត្ត (ព្រមទទួលជតាកម្មយ៉ាងស្ងប់
មនុស្សដែលយើងស្រឡាញ់នឹងមានក្ដីសុខ)។
ទី៧-
កូនសម្លាញ់... ទោះបីហូបបាយជាមួយទឹកស៊ីអ៊ីវ ក៏ត្រូវជូតតុ
ក្រាលកម្រាលឲ្យបានស្អាត ហើយអង្គុយហូបឲ្យមានរបៀបរៀបរយ។
រស់នៅតាមបែបធម្មតាៗ ប៉ុន្តែរក្សាឲ្យបានភាពថ្លៃថ្នូរ សមរម្យ (ឥរិយា
មារយាទ និងស្ថានភាពមិនមែនជារឿងពាក់ព័ន្ធគ្នានោះទេ)។
ទី៨-
កូនសម្លាញ់... នៅពេលកូនទៅកន្លែងឆ្ងាយៗ ត្រូវចាំទុកថា ក្រៅពីត្រូវយកកាមេរ៉ាថតរូបទៅជាមួយ
គឺត្រូវយកប៊ិកនិងក្រដាសទៅផង ព្រោះទេសភាពអាចដូចគ្នា
ប៉ុន្តែអារម្មណ៍ដែលមើលទេសភាពនោះមិនប្រាកដថាអាចត្រលប់មកបានដូចដើមវិញនោះទេ។
Xu Xia Ke អាចក្លាយជាភូមិវិទូដ៏ល្បីនៅប្រទេសចិន មិនមែនដោយសារគាត់បានធ្វើដំណើរច្រើនបំផុតនោះទេ
ប៉ុន្តែដោយសារគាត់បានកត់ត្រារឿងរ៉ាវ និងបទពិសោធយ៉ាងល្អិតល្អន់ពីការធ្វើដំណើររបស់គាត់
ដើម្បីបន្សល់ទុកឲ្យក្មេងៗជំនាន់ក្រោយ។
ទី៩-
កូនសម្លាញ់... កូនត្រូវមានផ្ទះមួយរបស់ខ្លួនឯង ទោះបីត្រឹមតែ ៥ម៉ែត្របួនជ្រុងក៏ដោយ
ព្រោះនៅពេលកូនឈ្លោះគ្នាជាមួយមនុស្សដែលកូនស្រឡាញ់
ដល់បែកបាក់ក៏មិនដល់ថ្នាក់ត្រូវរកកន្លែងដេកមិនបាន។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺនៅពេលដែលកូនមានចិត្តក្ដៅ
នោះក៏មានកន្លែងដែលអាចធ្វើឲ្យកូនចិត្តត្រជាក់វិញបាននៅទីនោះ
(ឧបនិស្ស័យបែបឯករាជ្យ)។
ទី១០-
កូនសម្លាញ់... ពេលនៅក្មេង ត្រូវមានចំណេះដឹង នៅពេលធំឡើងត្រូវមានបទពិសោធ
ទើបកូនមានជីវិតដែលរីកចម្រើនយ៉ាងមានគុណភាព (អានបទពិសោធរបស់អ្នកដទៃ
និងស្វែងរកបទពិសោធសម្រាប់ខ្លួនឯង)។
ទី១១- កូនសម្លាញ់...
មិនថាពេលណាក៏ដោយ គឺត្រូវធ្វើជាមនុស្សដែលមានមេត្តា។ ត្រូវចាំទុកថា
ការមានសន្ដានចិត្តល្អ នឹងធ្វើឲ្យកូនក្លាយជាមនុស្សដែលទទួលបានការឃុំគ្រងមើលថែល្អបំផុតពីអ្នកផង
និងវត្ថុស័ក្ដិសិទ្ធទាំងឡាយ (ការឃុំគ្រងមើលថែនេះមិនមែនដោយភាពមានបាន
និងអំណាចនោះទេ គឺធ្វើល្អ យើងនឹងបានអ្វីល្អមកវិញ)។
ទី១២-
កូនសម្លាញ់... ស្នាមញញឹម ភាពស្រស់ស្អាត និងភាពជឿជាក់ នេះហើយគឺជាទ្រព្យរបស់កូន
៕
Cr:
Pichsoudeny Noun