Sunday, November 26, 2017

រឿងកំពូលអ្នកប្រយុទ្ធ


រឿងកំពូលអ្នកប្រយុទ្ធ

ធម្មៈអប់រំចិត្តខ្លី រឿងកំពូលអ្នកប្រយុទ្ធក្នុងសម័យបូរាណដែលវិទ្យាសាស្ត្រផ្នែកផ្សេងៗ មិនទាន់មានការរីកចម្រើនរីកសាយភាយដូចជាសម័យបច្ចុប្បន្នកាលនេះក្ដី ក៏ជនជាតិតំបន់ខ្លះក្នុងយុគសម័យនោះមានវិធីសាស្ត្ររៀនកត់ស្គាល់វត្ថុផ្សេងៗ ពីការសង្កេតមើលអាកប្បកិរិយា និងស្ថានភាពបរិស្ថានជាសំខាន់ ។ ឧទាហរណ៍ បើចង់មើលដំរីថា មានកម្លាំងខ្លាំងប៉ុនណា គេសង្កេតមើលក្នុងរដូវរងា ព្រោះថារដូវរងាជាកាលវេលាដែលដំរីចុះព្រេង ផ្លាស់ប្ដូរអាកប្បកិរិយាពីស្លូតបូតទៅជាកាចសាហាវ  ម្ចាស់ដំរីអាចមើលបានថា ដំរីមួយណាមានកម្លាំងខ្លាំងខ្សោយប៉ុនណា ។ បើសិនចង់មើលសម្បុរល្អស្អាតសោភាស្រីក្រមុំ បូរាណលោកឲ្យមើលក្នុងរដូវក្ដៅ ព្រោះថារដូវក្ដៅស្រីក្រមុំច្រើនតុបតែងស្លៀកពាក់សំលៀកបំពាក់តិចតួច(ស្ដើងល្មម) ធ្វើឲ្យឃើញរូបរាងកាយពណ៌សម្បុរដ៏ស្រស់ស្អាត រហូតមានពាក្យនិយាយជាប់តគ្នាថា មើលដំរីឲ្យមើលរដូវរងា មើលនារីស្រីឲ្យមើលរដូវក្ដៅ

ការមើលកម្លាំងរបស់ដំរី និងសម្បុរល្អរបស់ស្រីក្រមុំតាមវិធីដូចពោលខាងលើ បច្ចុប្បន្ននេះគេលែងប្រើហើយ ព្រោះឥឡូវនេះ មានវិធីមើលដែលទាន់សម័យនិយមជាង ប៉ុន្តែលក្ខគោលការដែលឲ្យមើលអាកប្បកិរិយា និងស្ថានភាពបរិស្ថានជាក្រិត្យក្រមនេះអាចនៅប្រើបាន ដូចជា ត្រូវការមើលថាមនុស្សយ៉ាងម៉េចជាកំពូលអ្នកចម្បាំង អ្នកប្រយុទ្ធ លោកឲ្យសង្កេតរឿងដែលបុគ្គលនោះមានបំណងយកឈ្នះ បើសិនគេមានបំណងយកឈ្នះខ្លួនឯង គេនឹងក្លាយជាកំពូលអ្នកប្រយុទ្ធ ដូចពាក្យតម្រាស់របស់ព្រះពុទ្ធអង្គ ទ្រង់សំដែងទុកថា បុគ្គលណាយកឈ្នះពួកមនុស្សទាំងមួយលាននាក់ក្នុងសង្គ្រាមបាន នៅមិនទាន់ឈ្មោះថា ជាកំពូលនៃបុគ្គលឈ្នះទេ ចំណែកបុគ្គលណាយកឈ្នះខ្លួងឯងត្រឹមតែម្នាក់បាន បុគ្គលហ្នឹងឯង ឈ្មោះថា ជាកំពូលនៃបុគ្គលឈ្នះ

ក្នុងកិច្ចការទាំងឡាយ ការយកឈ្នះអ្នកដទៃ ឬវត្ថុដទៃក៏ជារឿងត្រូវធ្វើពិតមែនហើយ ប៉ុន្តែសេចក្ដីសម្រេចនឹងកើតមានមិនបានឡើយ បើយកឈ្នះខ្លួនឯងមិនបានសិនទេ ដូចជា ការយកឈ្នះភាពអស់សង្ឃឹមធុញទ្រាន់នឿយណាយមិនបាន យកឈ្នះចិត្តក្ដៅឆេវឆាវមិនបាន ចុះបើថ្នាក់ល្អិតសុខុមជាងនោះ ដូចជា សេចក្ដីល្មោភលោភលន់ដែលកំពុងតែចាំជ្រៀតជ្រែកមកគ្រប់ខណៈ កាលបើមានឱកាសល្អ សេចក្ដីស្រវឹងវង្វេងយល់ខុសដោយទ្រឹស្ដីផ្ទាល់ខ្លួនដែលកប់ក្រាស ដែលជាឧបសគ្គចំពោះការសម្រេចអំពើល្អគ្រប់ថ្នាក់ ជាគូខ្មាំងសត្រូវប្រយុទ្ធដែលយកឈ្នះបានដោយលំបាក ។ បុគ្គលដែលដោះខ្លួនរួចមានឥស្សរៈ ពីវត្ថុទាំងអស់នេះបាន ទើបលោកហៅថា ជាកំពូលអ្នកចម្បាំង ៕

រឿង អណ្ដាត


រឿង អណ្ដាត

ធម្មៈនិងជីវិតៈ រឿងអណ្ដាតអ៊ីសុបជាអ្នកដំណាលរឿងព្រេង ដែលមានបង្កប់នូវអត្ថន័យអប់រំចិត្ត ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង តាមប្រវត្តិដំណាលមកថា គាត់ធ្វើការងារជាទាសៈ(អ្នកបម្រើគេ) ។ ថ្ងៃមួយ ចៅហ្វាយខ្លួនប្រើឲ្យទៅរកទិញរបស់ល្អបំផុត មកធ្វើម្ហូបអាហារ ។ អ៊ីសុប ទិញអណ្ដាតគោមកឲ្យចៅហ្វាយនាយខ្លួនរាល់ថ្ងៃ  ទាល់តែចៅហ្វាយខ្លួនចម្លែកចិត្ត ទើបសួរថា អណ្ដាតគោល្អវិសេសយ៉ាងម៉េច បានជាទិញមករាល់ថ្ងៃ? អ៊ីសុបពន្យល់ប្រាប់ថា អណ្ដាតជារបស់ប្រសើរបំផុត ស្រឡាញ់គ្នាក៏ព្រោះអណ្ដាត ជួយសង្គ្រោះឈឺឆ្អាលគ្នា ក៏ព្រោះអណ្ដាត អណ្តាតជាវត្ថុមានអានុភាពសម្រាប់ផ្សះផ្សារទំនាក់ទំនងចងស្ពានមេត្រី និងញ៉ាំងលោកមួយនេះជាទីគួររីករាយមនោរម្យ ។ ដោយហេតុនេះ អណ្ដាតទើបជារបស់ល្អបំផុត ។ ពេលចៅហ្វាយខ្លួនស្ដាប់ពាក្យពន្យល់របស់អ៊ីសុប ទើបបង្គាប់បញ្ជាជាថ្មីថា ចាប់តាំងពីពេលនេះ ឲ្យទៅទិញរបស់ដែលអាក្រក់បំផុតមកធ្វើអាហារ ។ អ៊ីសុបក៏ទិញអណ្ដាតគោមកទៀត គ្រានេះចៅហ្វាយនាយសួរក៏ឆ្លើយរៀបរាប់ថា អ្វីៗក្នុងលោកមួយនេះ ឲ្យអាក្រក់ខ្លាំងជាងអណ្ដាតនេះ រកដូចជាមិនមានទេ ធ្វើឲ្យមនុស្សស្អប់គ្នាក៏ព្រោះអណ្ដាត ឈ្លោះទាស់ទែងវិវាទគ្នា ក៏ព្រោះអណ្ដាត ជាប់គុកជាប់ច្រវាក់ខ្នោះឃ្នាង ឬដល់បាត់បង់ទ្រព្យសម្បត្តិសព្វបែបយ៉ាង ឬក៏ដល់បាត់បង់អាយុជីវិត ក៏ព្រោះតែអណ្ដាតដែរ ។ ដោយហេតុនេះឯង អណ្ដាតទើបជារបស់អាក្រក់បំផុត  ដូចពាក្យខ្មែរបុរាណពោលទុកថា អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផង ពីព្រោះអណ្ដាត ។

ការនិយាយប្រាស្រ័យគ្នា ជារឿងមួយគួរឲ្យមានការប្រុងប្រយ័ត្ន និងហ្វឹកហាត់សង្វាតដុសខាត់អប់រំឲ្យបានល្អជានិច្ច  ប្រកបដោយ បិយវាចា ៥ ប្រការគឺ ១. នេឡា និយាយមិនមានទោសភ័យ ២. កណ្ណសុខា ចរចាឲ្យពីរោះស្ដាប់ ៣. ហទយង្គមា រាល់បុគ្គលក្រេបផឹកជាប់ចិត្ត ៤. ពហុជនមនាបា ជនច្រើនគ្នាចូលចិត្ត ៥. បោរី នៅក្នុងក្របនៃភាសាអ្នកក្រុង និងវៀរលែងអប្បិយវាចាជាដាច់ខាត នោះគឺ ពាក្យជេរ ពាក្យបញ្ចើចបញ្ចាល ពាក្យទ្រគោះបោះបោក ពាក្យអុចអាលចាក់ចុច និងពាក្យអសូរោះលាមក ជាដើម ។   

ពេលយើងមានរបស់ដែលមានទាំងផ្នែកល្អ និងអាក្រក់បំផុតនៅក្នុងខ្លួនយ៉ាងនេះហើយ ចូរមានសតិស្មារតីជ្រើសរើស ជាពិសេសផ្នែកខាងល្អបំផុតចុះ ព្រោះជាចំណែកមួយដែលនឹងធ្វើឲ្យខ្លួន និងពួកក្រុមគណៈនៅរួមគ្នាជាសុខ មានការយល់ចិត្តយល់ថ្លើមគ្នា ក៏នឹងប្រព្រឹត្តទៅដើម្បីសេចក្ដីសាមគ្គីភាព ដែលជាបំណងប្រាថ្នាចង់បានរបស់មនុស្សទាំងឡាយទាំងពួង ៕


រឿងសត្វក្អែក និងមៀម


រឿងសត្វក្អែក និងមៀម

ធម្មៈមុនចូលដេកៈ រឿងសត្វក្អែកនិងមៀមមានរឿងនិទានក្នុងជាតកមកថា ក្នុងកាលមួយនោះ ពួកបក្សាបក្សីមកប្រជុំគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ។ ហ្វូងបក្សាបក្សីទាំងអស់នោះសុំស្នើរឲ្យសត្វមៀមឡើងធ្វើជាមេដឹកនាំ ប៉ុន្តែមានសត្វក្អែកមួយក្បាលជំទាស់ថា សត្វមៀមមិនសក្ដិសមនឹងក្លាយជាមេដឹកនាំទេ ព្រោះតែមុខមាត់គួរឲ្យខ្លាច ធ្វើឲ្យសត្វមៀមខឹងណាស់ ដែលត្រូវសត្វក្អែកបំបាក់មុខខ្លួនក្នុងជំនុំដូច្នេះ ទើបហើរដេញចឹកសត្វក្អែកឲ្យចេញក្រៅពីទីប្រជុំទៅ ។ ចុងក្រោយ ពួកបក្សាបក្សីទើបសម្រេចចិត្តជ្រើសរើសសត្វហង្សមាសឡើងធ្វើជាមេដឹកនាំ ។ ចំណែកសត្វក្អែកនិងមៀមក៏ក្លាយជាសត្រូវស៊ូពូជនឹងគ្នា ឆ្លងភពឆ្លងជាតិរហូតមកដល់សព្វថ្ងៃនេះ ។

ការព្យាបាទចងកម្មចងពៀរគ្នានោះ មិនថានឹងកើតឡើងចំពោះសត្វ ឬមនុស្សក៏ទេ សុទ្ធតែប្រព្រឹត្តទៅដើម្បីហាយនភាព(សេចក្ដីវិនាស)ទាំងអស់ ។ ឧបាយវិធីនឹងរម្ងាប់ការចងកម្មវេរាគ្នា រាប់ថាជារឿងសំខាន់ខ្លាំងណាស់ ។ ខាងពុទ្ធសាសនា លោកប្រៀនប្រដៅអប់រំទូន្មានវិធីសាស្ត្រឈប់ចងកម្មពៀរវេរាគ្នា ដោយការឲ្យអភ័យ ឲ្យអហោសិកម្មចំពោះគ្នា ។ វិធីដទៃក្រៅពីនេះ ទោះជាមានក៏ដោយ ប៉ុន្តែឲ្យផលមិនដាច់លះស្មើនឹងការឲ្យអភ័យ ឬឲ្យអហោសិកម្មចំពោះគ្នាទេ ។ ក្នុងផ្លូវប្រតិបត្តិ ការឲ្យអភ័យ ឬឲ្យអហោសិកម្ម ក៏ចាត់ទុកថា ធ្វើបានដោយក្រ ល្មមសមគួរដែរ ។ ម្យ៉ាងវិញទៀត ក៏ព្រោះតែមានទោសៈមានះទិដ្ឋិក្នុងចិត្តសន្តាន របស់មនុស្សម្នាក់ៗ មករារាំងស្ទះជាប់ និងមួយវិញទៀត ក៏ព្រោះតែខ្វះភាពខន្តី អំណត់អត់ធ្មត់ ខ្វះសេចក្ដីស្រឡាញ់បរិសុទ្ធចិត្តចំពោះគ្នា ទើបធ្វើឲ្យវេរានោះនៅតែមានបន្ត ជាពិសេសបើជារឿងរបស់ក្រុមមនុស្សច្រើនតែមានពៀរវេរាចំពោះគ្នាស្រាប់ហើយ ។ ភាពលំបាកក្នុងការប្រតិបត្តិ រួមទាំងសេចក្ដីក្ដៅក្រហាយចំពោះខ្លួនឯង និងបុគ្គលដែលមិនពាក់ព័ន្ធក៏ច្រើនទ្វេរគុណទៅតាមនោះផងដែរ ។ ការរម្ងាប់ពៀរដោយការមិនចងពៀរ ត្រឹមតែប្រការមួយអាចមិនបានផល ក្នុងករណីក្រុមមនុស្សច្រើនទេ ទើបចាំបាច់ត្រូវប្រើឧបាយកលវិធីដទៃមកគ្រប់គ្រងផងដែរ ។ ការបែរមុខមករកគ្នា សម្រិតសម្រាំងពិនិត្យមើលទៅលើចំណុចល្អរបស់ភាគីខ្លួនទៅវិញមក ជាដើម ការចងកម្មចងពៀរនោះនឹងស្ងប់រម្ងាប់ទៅបាន ៕




Saturday, November 25, 2017

រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ


រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ

ធម្មៈមុនចូលដេកៈ រឿង ផ្លូវរីកចម្រើនសម្រាប់អ្នកធ្វើការងារ… គ្រប់មនុស្សក្នុងលោកនេះ មិនថា បំពេញកិច្ចការងារអ្វីក៏ទេ ទាំងការងាររដ្ឋ ទាំងការងារឯកជន ក្រុមហ៊ុន អង្គការ ឬសូម្បីតែការងារផ្ទាល់ខ្លួនក៏ដោយ រមែងប៉ងប្រាថ្នាចង់បានភាពជោគជ័យ ភាពរីកចម្រើនដូចៗគ្នាទាំងអស់ ដូចជា បានឡើងឋានៈតួនាទី មុខតំណែង បានប្រាក់ខែខ្ពស់ បានរង្វាន់លើកទឹកចិត្ត។ល។ បើសម្រាប់អាជីវករវិញ ក៏ចង់ឲ្យទំនិញរបស់ខ្លួនលក់ដាច់ មានកម្រៃជាដុំកំភួន ជាដើម ។ ចំណែងខាងពុទ្ធសាសនាវិញ បានមើលឃើញថា មនុស្សដែលមានបំណងប្រាថ្នាចង់រីកចម្រើន លូតលាស់រុងរឿងក្នុងជីវិត ដោយតោងប្រកាន់ក្នុងលក្ខគោលធម៌ ៧ ប្រការគឺ៖

១. ឧដ្ឋានៈ មានន័យថា មានសេចក្ដីព្យាយាមគឺ ឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស មានការទទួលខុសត្រូវក្នុងនាទី ដែលបានទទួលការនោះ ។

២. សតិ មានន័យថា មានសតិ គឺប្រយ័ត្នប្រយែងគ្រប់ពេលវេលា គ្រប់គ្រងសតិអារម្មណ៍ឲ្យបានជាប់ជានិច្ច គិតមុនធ្វើ មុននិយាយ ។

៣. សុចិកម្មៈ មានន័យថា មានការងារស្អាត ធ្វើការងាដោយសុចរិតភាព មានតម្លាភាព គណនីភាព មិនបង្កទុក្ខ មិនបង្កទោសដល់អ្នកណា ប្រកបធ្វើការងារណាដែលសុចរិត ធ្វើការងារត្រូវ ដែលមិនខុសនឹងច្បាប់រដ្ឋ និងសីលធម៌(ពុទ្ធសាសនា) ។

៤. និសម្មការី មានន័យថា មានភាពម៉ត់ចត់ល្អិតល្អន់គឺ មានភាពលំអិតម៉ត់ចត់ ត្រិះរិះពិចារណាយ៉ាងល្អល្អះ ។

៥. សញ្ញតៈ មានន័យថា មានសេចក្ដីសង្រួមគឺ មានកិរិយាមារយាទរាបរយគួរឲ្យជ្រះថ្លា នឹងននឹងធឹង ចេះបន្ទាបខ្លួន មិនអួតក្អេងក្អាង មិនគំរាមគំហែងសំឡុតបន្លាចអ្នកដទៃ ដោយអាការៈ ឬពាក្យសម្ដី មិនមើលងាយមើលថោកអ្នកផងទាំងឡាយ ដោយការលើកឋានៈខ្លួន និងដោយបានទទួលការអប់រំខ្ពស់នោះទេ ។

៦. ធម្មវិហារី មានន័យថា រស់នៅប្រកបដោយធម៌ គឺឲ្យតាំងនៅក្នុងសីលធម៌ តោងប្រកាន់យកធម៌ជាលក្ខគោលក្នុងការទ្រទ្រង់ជីវិតរបស់ខ្លួន ។

៧. អប្បមត្តៈ មានន័យថា កុំមានសេចក្ដីប្រមាទគឺ មិនស្រវឹងវង្វេង ឬប្រមាទធ្វេសប្រហែស ទាល់តែភ្លាំងភ្លេចការងារដែលខ្លួនទទួលខុសត្រូវ ឲ្យកើតមានកំហុសភ្លាត់រលាយរលត់ទៅជាអសាឥតការ ។

សេចក្ដីរីកចម្រើនលូតលាស់ ជារឿងដែលជាតម្រូវការរបស់មនុស្សធ្វើការងារគ្រប់យុគ គ្រប់សម័យកាល ។ វិធីសាស្ត្រដែលនាំទៅកាន់ភាពរីកចម្រើនរុងរឿងនោះ មិនមែននៅឆ្ងាយឡើយ ថាចាប់មិនបាន ហៅមិនឮនោះទេ ប៉ុន្តែសម្រាប់មនុស្សធ្វើការងារ ដែលមានការតោងប្រកាន់មាំ  តម្កល់ខ្លួនឲ្យតាំងនៅក្នុងលក្ខគោលធម៌ទាំង ៧ ប្រការ ដែលបានពោលមកខាងលើនេះ មានតែភាពរីកចម្រើនរុងរឿងតែម្យ៉ាងគត់ជារៀងរហូតនិរន្តរ៍ ៕




រឿងស្ដាប់ហើយ... មិនខឹង


រឿងស្ដាប់ហើយមិនខឹង

ធម្មៈអប់រំចិត្ត រឿងស្ដាប់ហើយមិនខឹងពាក្យសម្ដីសាងសុខ និងសាងទុក្ខឲ្យដល់មនុស្សបានយ៉ាងងាយបំផុត ក្នុងសុត្ដន្តបិដក គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសក ទើបអប់រំវិធីស្ដាប់របស់អ្នកដទៃ ដើម្បីមិនឲ្យកើតក្ដីទុក្ខមួហ្មងចិត្តទុកថា ពាក្យពេចន៍ដែលអ្នកដទៃនិយាយជាមួយយើងនោះ មាន ៥ លក្ខណៈគឺ៖

១. និយាយត្រូវកាលខ្លះ មិនត្រូវកាលខ្លះ
២. និយាយរឿងពិតខ្លះ មិនពិតខ្លះ
៣. និយាយពាក្យផ្អែមពីរោះខ្លះ និយាយពាក្យគ្រោតគ្រាតខ្លះ
៤. និយាយរឿងមានសារៈខ្លះ មិនមានសារៈខ្លះ និង
៥. និយាយប្រកបដោយមេត្តាចិត្តខ្លះ និយាយដោយទោសចិត្តខ្លះ ។


កាលបើមានគេកំពុងនិយាយពោលពាក្យខាងលើ ក៏គប្បីតាំងចិត្តឲ្យមាំថា ចិត្តរបស់យើងមិនប្រែប្រួល មិនក្លែងវាចាអាក្រក់អសុរោះតបត យើងនឹងជួយណែនាំរឿងដែលមានប្រយោជន៍ដល់គេ តាមដែលអាចធ្វើទៅបាន និងមានក្ដីមេត្តាអាណិតអាសូរចំពោះគេ មិនខឹងក្រោធតបតគេ យើងមានបំណងល្អចង់ឲ្យគេបានក្ដីសុខ មិនព្យាបាទច្រណែនឈ្នានីសគេឡើយ ។

ព្រោះយើងមិនអាចបង្គាប់មនុស្សទាំងលោក ឲ្យនិយាយតាមអ្វីដែលយើងត្រូវការមិនបានឡើយ ទើបត្រូវហ្វឹកហាត់បង្គាប់ខ្លួនឯងជំនួស ដោយការប្រតិបត្តិអនុវត្តតាមពាក្យទូន្មានខាងលើវិញ ចិត្តដែលរឹងប៉ឹង និងមានក្ដីមេត្តា នឹងធ្វើឲ្យមានការធូរស្រាលពីសេចក្ដីក្រោធខឹងបាន ធ្វើឲ្យជីវិតមានក្ដីសុខ ។ ដូចពាក្យដំណាលថា សម្លាប់សេចក្ដីក្រោធបាន រមែងដេកជាសុខា គ្មានក្ដីទុក្ខមួហ្មងជាប់ក្នុងឱរ៉ា ដូចដួងចន្ទ្រាឆ្ងាយពីដុំពពក ។ បើសម្លាប់សេចក្ដីក្រោធមិនបាន ក្នុងចិត្តសន្ដានគ្មានក្ដីស្ងប់ ដូចផ្សេងអ័ព្ទមករំព័ទ្ធ មកបាំងបិទនូវដួងចន្រ្ទា ។ 


Friday, November 24, 2017

រឿង រើសស៊ីរើសប្រើ


រឿង រើសស៊ីរើសប្រើ

ធម្មៈក្រោយបាយថ្ងៃត្រង់ រឿង រើសស៊ីរើសប្រើក្នុងអតីតកាល វត្ថុបរិភោគឧបភោគដាស់ភ្ញោចចិត្តឲ្យកើតចំណងមានប្រមាណតិច មនុស្សទើបមិនសូវជួបប្រសព្វជាមួយបញ្ហា រឿងការចាយវាយច្រើនខ្លាំងប៉ុនណាទេ ប៉ុន្តែសម័យសព្វថ្ងៃនេះ វត្ថុឧបភោគបរិភោគដែលប្រលោមចិត្តឲ្យមានចំណង់ច្រើនខ្លាំងឡើង បញ្ហាចំណូលមិនគ្រប់គ្រាន់ក្នុងការចំណាយចាយវាយ ទើបកើតមានច្រើនផងដែរ ។ ដោយការពិចារណាទៅលើសភាពជាក់ស្ដែង វត្ថុបរិភោគឧបភោគដូចបានពោល មានត្រឹមតែវត្ថុរោលរាលចិត្តប៉ុណ្ណោះ មូលហេតុចម្បងដែលធ្វើឲ្យមានការចំណាយហួសពីការចំបាច់របស់អ្នកប្រើប្រាស់ មាន ៣ ប្រការគឺ៖


១) មូលហេតុមកពីតម្រូវការរបស់មនុស្ស ដែលមានឈ្មោះថា មនុស្សនោះច្រើនតែមានតម្រូវការច្រើនបន្ថែមឡើងជារឿយៗ រកទីបំផុតគ្មាន ដូចជា ពេលខ្លួនមានចំណូលតិច នឹងទិញអាហារទទួលទានទីណាក៏បាន សុំឲ្យត្រឹមតែផ្ទៃបានស្អែតក៏គ្រប់ ហៅថា រស់ងាយ ស៊ីងាយ ។ បន្តមកទៀត មានចំណូលកើនបន្ថែមឡើង ក៏លែងចង់ទៅទទួលទានអាហារដូចពីមុនតទៅទៀត ត្រូវផ្លាស់ប្ដូរជាអាហារតាមហាងធំៗ ទំនើបៗ ដែលមានតម្លៃថ្លៃៗឡើង ទាំងដែលហាងបាយពីមុន គ្រាន់តែហូបមួយចំអែតក្រពះ ដែលមានតម្លៃអាហារល្មមគួរសមប៉ុណ្ណោះ ។

២) មូលហេតុពីការយល់លោកដែលមិនសក្ដិសម គឺយល់ថា របៀបបែបផែននៃការទ្រទ្រង់ជីវិត ដែលប្រាកដតាមរសនិយមផ្សេងៗ ដែលមានលក្ខណៈដុតអារម្មណ៍ឲ្យកើតនូវការបរិភោគ (ការប្រើប្រាស់) និងការចាយវាយច្រើនឡើងនោះ ជារបៀបបែបផែនដែលត្រឹមត្រូវ គួរប្រកាន់យកជាវិធីទ្រទ្រង់ជីវិតរបស់មនុស្សធម្មតាទូទៅ ទើបខ្លួនខិតខំព្យាយាមទ្រទ្រង់ជីវិតតាមរបៀបបែនផែននោះ ទីបំផុតខ្លួនក៏ត្រូវចាយវាយលុយកាក់ហួសចំណូលដែលខ្លួនទទួលបាន ។

៣) មូលហេតុឥទ្ធិពលបរិស្ថានសង្គម ការដែលមនុស្សយើងមានការទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម និងត្រូវការជាទីពេញនិយមពីក្រុមមនុស្សក្នុងសង្គម ក៏ជាមូលហេតុមួយដែលធ្វើឲ្យកើតនូវការប្រើខ្សែជីវិត និងការប្រើប្រាស់យ៉ាងអស់ពីខ្លួនបាន ដូចជា ឃើញថា បើមានគេប្រើសម្ភារៈម៉ាកប្រែនដ៍ៗយ៉ាងនោះ ឬទៅទីកន្លែងនោះហើយ ឃើញសុទ្ធតែមនុស្សលំដាប់ មានមុខមានមាត់ ជនល្បីល្បាញ ខ្លួនក៏ត្រូវព្យាយាមធ្វើយ៉ាងដូចពួកគេដែរ ដើម្បីឲ្យបានជាការពេញនិយមរបស់មនុស្សទាំងនោះ ទើបមានមនុស្សចំនួនច្រើនណាស់ដែលដឹងខ្លួនថា ត្រូវចាយវាយខ្ពស់ និងអស់ពីខ្លួន ប៉ុន្តែក៏នៅស្ទាបស្ទង់ វាស់វែងចិត្តមិនបាន ។


បើសិនបានដឹងទាន់មូលហេតុនៃបញ្ហាទាំងនេះហើយ ត្រូវចេះលៃលកធ្វើខ្លួនជាថ្មី ដោយចេះប្រើខួរក្បាលគិត និងមានហេតុផលជាមូលដ្ឋាន ក៏នឹងធ្វើឲ្យកើតភាពរឹងមាំ អាចនឹងជម្រើសស៊ីជម្រើសប្រើតាមហេតុផល និងតាមក្រិត្យក្រមរបស់ខ្លួន មិនស៊ីមិនចាយទៅតាមកម្លាំងទាក់ទាញរបស់វត្ថុជន្លទាំងនោះបាន ។ ពេលនោះឯង បញ្ហាចំណូលមិនគ្រប់ជាមួយការចំណាយ ក៏លែងកើតជាបញ្ហាចោទតទៅទៀតដែរ ៕


ដឹងទាន់ចិត្ត


ដឹងទាន់ចិត្ត

ធម្មៈអប់រំចិត្ត ស្តីពី ដឹងទាន់ចិត្តមនុស្សគ្រប់គ្នា ម្នាក់ៗធ្លាប់បានជួបប្រទះជាមួយរឿង ដែលទាស់ចិត្តថ្នាំងថ្នាក់ចិត្ត ដែលជាការនាំឲ្យខ្លួនកើតទុក្ខដូចៗគ្នាទាំងអស់ ប៉ុន្តែសេចក្ដីទុក្ខជាច្រើនកើតឡើង ពីគំនិតរបស់មនុស្សផ្ទាល់ខ្លួនឯង ពោលគឺ ពេលមានបញ្ហាកើតឡើង មនុស្សក៏នាំយកបញ្ហាទាំងនោះមកសញ្ជឹងគិត ម្ដងហើយម្ដងទៀត  មិនព្រមលែងចេញឲ្យផុតទៅ ទាល់តែជាប់នៅក្នុងការរាំងស្ទះគំនិតរបស់ខ្លួនឯង ដូចជា ពេលត្រូវគេជេរស្តី ការពិត ការជេរ ឬពាក្យជេរ ក៏មានត្រឹមតែសំឡេងដែលមកប៉ះផ្ទប់នឹងត្រចៀក ប៉ុន្តែពេលមិនមានសតិគឺការដឹងខ្លួន ចាំគ្រប់គ្រងទុក ក៏ភ្លេចខ្លួនទៅតាក់តែងសំឡេងនោះបន្ត ដោយសេចក្ដីក្រោធខឹងកើតឡើង ហើយគិតវិលវល់តែក្នុងរឿងនោះ រឹងរិតតែឃើញមុខមនុស្សជេរ រឹងរិតតែយករឿងដែលគេជេរមកខឹងបន្ត ទៅជាយ៉ាងនេះម្ដងហើយម្ដងទៀត សូម្បីតែរឿងដែលគេជេរ បានចប់ទៅក្លាយជាអតីតកាលទៅហើយក្ដី ក៏នៅតែប្រឹងទាញវាមកគិតឲ្យខ្វល់ដូច្នេះ ទើបធ្វើឲ្យកើតទុក្ខរីងរៃទៅ ឧបមាដូចជាមនុស្សយកម្ជុលមកចាក់ឲ្យឈឺចុកចាប់ ហើយគេចបាត់ទៅ ពេលនៅម្នាក់យើងហ្នឹងឯង ក៏យកម្ជុលចុងស្រួចនោះមកចាក់លើខ្លួនឯងបន្តទៅទៀត ។

មានវិធីសាស្ត្រមួយ ដែលអាចនាំសេចក្ដីទុក្ខប្រភេទនេះឲ្យចេញពីចិត្តបាន គឺការដឹងទាន់គំនិត ។ ត្រង់ចំណុចនេះវាមានន័យថា ការប្រើសតិឃុំគ្រងគ្រប់ពេលណាដែលខ្លួនគិត និងព្យាយាមស្ទាបស្ទង់គំនិតដែលខ្លួនបានសាងឡើងជាវិបាកកម្ម ឬបង្កបង្កើតទុក្ខដល់ខ្លួនឯង ដូចជា ពេលបានឮពាក្យគេជេរ ហើយមានអារម្មណ៍ខឹង ក៏ឲ្យយកអារម្មណ៍ខ្លួនដាក់ចូលទៅ មើលឲ្យឃើញសភាវៈក្រោធ ដែលកំពុងកើតឡើង គ្រាន់តែដឹងទាន់អាការៈរបស់ចិត្តយ៉ាងនេះប៉ុណ្ណោះ ចិត្តយកទៅតាក់តែងបន្តមិនបាន ចុងក្រោយនឹងឃើញត្រឹមតែខ្លួនដឹងដែលកើតឡើង តាំងនៅ និងរលត់ទៅ ឧបាទានការប្រកាន់មាំ ដែលនាំឲ្យខ្លួនកើតទុក្ខនោះ នឹងត្រូវបានរម្ងាប់ចុះទៅដោយស្វ័យប្រវត្តិ ។

មនុស្សសាមញ្ញទូទៅ ដែលមិនមែនជាព្រះអរិយបុគ្គល ក៏អាចហ្វឹកហ្វឺនចិត្តឲ្យមានសតិគ្រប់គ្រងបានគ្រប់ពេលវេលាបាន ។ ចិត្តដែលដឹងទាន់ចិត្តយ៉ាងហ្នឹងឯង និងមិនច្របូកច្របល់ មិនជ្រួលច្រាល មិនញាប់ញ័រ មិនភ្លេចភ្លាំងទៅគិតរឿងផ្ដេសផ្ដាស់ឲ្យមកធ្វើបាបខ្លួនឯងឡើយ ។ សេចក្ដីទុក្ខ នឹងទ្រោមចុះ ស្ងប់រម្ងាប់ចុះ សេចក្ដីសុខនឹងកើតមានឡើង បន្ថែមឡើង ៕


Thursday, November 23, 2017

សត្វស្វាដណ្ដើមផ្លែឈើ


សត្វស្វាដណ្ដើមផ្លែឈើ

 និទានគុណធម៌ ស្ដីពី សត្វស្វាដណ្ដើមផ្លែឈើមានសត្វស្វាតូចពីរក្បាល ទៅជួបផ្លែឈើធំមួយផ្លែ ។ សត្វស្វាទាំងពីរក៏លោតចូលទៅកន្រ្ទប់ព្រមគ្នា រួចក៏ទាញដណ្ដើមផ្លែឈើគ្នាទៅមកៗ ។ ភាគីម្ខាងៗនិយាយថា ផ្លែឈើនេះជារបស់ខ្ញុំ ខ្ញុំឃើញមុនប្រកែកគ្នាទៅមួយសន្ទុះធំ ក៏មិនអាចព្រមព្រៀងចិត្តគ្នាបាន ទោះជាស្វាមួយក្បាលទៀតមានគំនិតថា យើងគួរចែកផ្លែឈើនេះម្នាក់ពាក់កណ្ដាលល្អជាងក៏ដោយ តែកើតមានបញ្ហាមួយទៀតថា តើនឹងប្រគល់ផ្លែឈើនេះទៅឲ្យអ្នកណាជាអ្នកចែក ព្រោះបើសិនឲ្យស្វាមួយក្បាលជាអ្នកចែក ស្វាមួយក្បាលទៀតក៏ពោលថា ខ្លួនជាភាគីចាញ់ប្រៀប បានចំណែកដែលតិចជាង  រួចហើយស្វាទាំងពីរបន្តការប្រកែកគ្នានេះទៅទៀតថា ខ្ញុំចែកខ្លួនឯងៗ។ ក្នុងទីបំផុតក៏ព្រមចិត្តគ្នា ទៅរកស្វាធំមួយក្បាលឲ្យជាអ្នកចែកផ្លែឈើឲ្យពួកខ្លួន ។

ចំណែកស្វាធំក៏ពោលថា យើងនឹងបែងចែកឲ្យអ្នកបានស្មើគ្នាដោយយុត្តិធម៌ថាហើយក៏ចែកផ្លែឈើចេញជាពីរចំណែក ។ ចំណែកខាងធំទុកក្នុងដៃស្ដាំ ចំណែកខាងតូចទុកក្នុងដៃធ្វេង ហើយក៏មើលផ្លែឈើទាំងពីរចំណែក ពេលមើលឃើញចំណែកផ្លែឈើក្នុងដៃស្ដាំធំជាង ក៏ខាំស៊ីចំណែកនោះដើម្បីឲ្យស្មើនឹងចំណែកខាងធ្វេង ពេលខាំស៊ីស្រេចហើយក៏មើលផ្លែឈើទាំងពីរចំណែកម្ដងទៀត រួចហើយឃើញចំណែកក្នុងដៃធ្វេងត្រឡប់ជាធំជាង ក៏ខាំស៊ីចំណែកនោះ ធ្វើដូច្នេះរហូតដល់ផ្លែឈើអស់រលីងទាំងពីរចំណែក បណ្ដោយឲ្យស្វាតូចទាំងពីរនោះអង្គុយមើលមុខគ្នា រួចហើយធ្វើភ្នែកអៀមមៀមដោយសេចក្ដីសោកស្ដាយ ។
       
បើសិនស្វាទាំងពីរអាស្រ័យការសាមគ្គីផ្សះផ្សារគ្នា  អាចស្រុះស្រួលគ្នាបាន មិនបារម្ភតែថានឹងបានតិច ឬច្រើន មានទំនុកចិត្តគ្នា ឲ្យកិត្តិយសគ្នា ព្រមសុខចិត្តឲ្យអ្នកណាក៏បានជាអ្នកចែក ឬបើសិនមានសេចក្ដីសន្តោស គឺត្រេកអរក្នុងចំណែកដែលខ្លួនបាន ពេញចិត្តក្នុងចំណែកដែលខ្លួនមាន ជាដើម ។ ស្វាតូចទាំងពីររមែងបានភ្លក់រសជាតិផ្លែឈើដ៏មានឱជារសនោះយ៉ាងប្រាកដ ប៉ុន្តែកើតហេតុដូច្នេះ ព្រោះតែខ្វះការសាមគ្គី មានតែការសង្ស័យមិនទុកចិត្តគ្នាទៅវិញទៅមក អាស្រ័យសេចក្ដីលោភលន់ជាទីតាំង ទើបវាបាត់បង់ផ្លែឈើដែលគួរបាន យ៉ាងគួរឲ្យអាណិតអាសូរបំផុត ៕



មនុស្សជាមួយការហ្វឹកហ្វឺន


មនុស្សជាមួយការហ្វឹកហ្វឺន
     
ធម្មៈនិងជីវិត មនុស្សជាមួយការហ្វឹកហ្វឺនដូចអ្វីដែលយើងទាំងអស់គ្នាបានជ្រួតជ្រាបមកហើយថា មនុស្សជាសត្វវិសេសដែលចេះរៀនសូត្រ និងហ្វឹកហ្វឺនខ្លួនឯងបានល្អជាងសត្វប្រភេទខ្លះៗ រហូតដល់អាចនាំយកសត្វដទៃមកបង្វឹកប្រើការងារតាមពាក្យបង្គាប់បញ្ជាខ្លួនបាន ទាំងដែលសត្វទាំងនោះមានមាឌធំៗ មានកម្លាំងខ្លាំងជាងមនុស្ស ប៉ុន្តែមិនធ្លាប់ប្រាកដទេថា មានសត្វណាដែលមានអំណាចលើមនុស្សបាន ព្រោះតែការហ្វឹកហាត់នេះឯង ក្រៅពីធ្វើឲ្យមានប្រៀបជាងសត្វហើយ ថែមទាំងជាហេតុឲ្យមនុស្សគ្នាឯង មានប្រៀបជាងគ្នាឯងបានទៀតផង ។ ក្នុងការហ្វឹកហ្វឺននេះឯង ផ្នែកខាងសាសនា លោកសំដែងថា លក្ខគោលនៃការហ្វឹកហាត់នេះមាន ៣ យ៉ាងគឺ៖

១) ផ្នែកសម្ព័ន្ធភាពនិងបរិស្ថាន ត្រូវហ្វឹកហាត់អភិវឌ្ឍ ដើម្បីឲ្យអាចរស់នៅជាមួយមិត្តរួមលោកបានល្អ មានការអនុគ្រោះដល់បរិស្ថាន មិនថាជាមនុស្ស សត្វ និងធម្មជាតិទេ ។

២) ផ្នែកចិត្ត ត្រូវហ្វឹកហាត់ចិត្ត ឲ្យមានចិត្តស្ងប់ត្រជាក់ឋិតថេរ មានសីលធម៌ ឲ្យជាប្រភពកំណើតគុណសម្បត្តិគ្រប់យ៉ាង ជាដើមផ្លូវនៃការអនុវត្តិប្រតិបត្តិត្រូវ ។  

 ៣) ផ្នែកបញ្ញា  ត្រូវហ្វឹកហាត់ពិនិត្យមើលលើបញ្ហាផ្សេងៗ ក្នុងក្របនៃហេតុផល ចាប់ផ្ដើមពីរឿងដែលអាចមើលឃើញងាយ យល់ងាយ ទៅដល់រឿងដែលអាចមើលល្អិតល្អន់កប់ជ្រៅ ទាល់តែគិតខុស ឃើញខុស ថយចុះសន្សឹមៗទៅតាមលំដាប់ ធ្វើឲ្យជីវិតដំណើរការទៅតាមគន្លងត្រឹមត្រូវ ល្អប្រពៃបានដោយស្វ័យប្រវត្តិ ។   

បើសិនត្រឡប់ក្រោយទៅមើលពួកក្រុមនៃបញ្ហា ក៏នឹងឃើញថា មិនរួចផុតពីរឿងដែលបានពោលមកគឺ បញ្ហាទាក់ទិនជាមួយនឹងការចាត់ចែងសភាពបរិស្ថាន បានដល់ ធម្មជាតិ មនុស្ស និងសត្វ ដែលមានការពាក់ព័ន្ធខ្លះ បញ្ហាពាក់ព័ន្ធជាមួយសភាពចិត្តដែលជាដើមផ្លូវនៃប្រព្រឹត្តិកម្មខ្លះ បញ្ហាពាក់ព័ន្ធជាមួយទស្សនគតិ និងជំនឿខ្លះ ។ បើសិនហ្វឹកហាត់អភិវឌ្ឍខ្លួនក្នុងផ្នែកទាំង ៣ ដូចបានពោលខាងដើមឲ្យបានល្អប្រពៃនុ៎ះ ជីវិតក៏នឹងពោរពេញទៅដោយគុណភាព ដូចព្រះពុទ្ធទ្រង់សំដែងទុកថា ក្នុងក្រុមមនុស្ស បុគ្គលហ្វឹកហាត់ហើយ ជាបុគ្គលប្រសើរបំផុត



Wednesday, November 22, 2017

លំនាំជីវិត


លំនាំជីវិត
ធម្មៈនិងជីវិត រឿងលំនាំជីវិតពាក្យលំនាំ មានន័យដល់ឥរិយាបថ ឬឫកពារអាកប្បកិរិយានៃទង្វើ ។ ជីវិតរបស់មនុស្សគ្រប់គ្នាឧបត្តិឡើងមកក្នុងលោកនេះ សុទ្ធតែមានលំនាំជីវិតផ្សេងៗគ្នាទៅតាមឋានៈជីវភាព ភេទ និងមុខរបរ ទើបមិនមានអ្នកណាហ៊ានចង្អុលប្រាប់ទៅថា លំនាំជីវិតរបស់បុគ្គលណាល្អជាង ព្រោះគ្រប់លំនាំជីវិត រមែងមានចំណុចល្អ និងចំណុចអាក្រក់ ឲ្យពេលលេញល្អឥតខ្ចោះបែបមួយរយភាគរយរកបានក្រ ប៉ុន្តែបើនិយាយដោយសរុបរួមមក លោកកំណត់លំនាំជាលក្ខគោលធំៗ ដែលជាលំនាំដ៏សមស្រប ជាមួយការហួងហែងពេលវេលា នៃជីវិតរបស់មនុស្សយើង ទុកជា ៣ ដំណាក់កាលគឺ៖

១) លំនាំជីវិតក្នុងបឋមវ័យ ជារយៈពេលដែលត្រូវដើរតួនាទីទៅក្នុងរឿងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ទើបត្រូវខ្វាយខ្វល់ស្វះស្វែងរកចំណេះវិជ្ជាទុកឲ្យបានច្រើនទៅតាមលទ្ធភាពដែលខ្លួនឯងមាន ដែលខ្លួនឯងអាចធ្វើទៅបាន ព្រោះការបង់បោះចោលចំណេះដឹងគឺជាការបោះបង់ចោលនូវទ្រព្យសម្បត្តិ ក្នុងទីដែលខ្លួនឯង អាចនាំយកទៅប្រើបា្រស់បានពេញមួយជីវិត ។


២) លំនាំជីវិតមជ្ឈិមវ័យ ត្រូវឲ្យមានភាពសំខាន់ជាមួយការប្រកបតួនាំទីការងារ ដោយពឹងផ្អែកលើចំណេះដឹងដែលខ្លួនបានសិក្សាសូត្ររៀនមក និងសតិបញ្ញាការឆ្លៀវឆ្លាត ព្រមទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដែលកំពុងមានភាពស្វាហាប់រឹងប៉ឹងពេញលេញ ជាគ្រឿងជំនួយ ។

៣) លំនាំជីវិតក្នុងបច្ឆិមវ័យ ត្រូវកសាងសន្សំបុណ្យកុសលទុក និងតម្កល់ចិត្តក្នុងភាពស្ងប់ត្រជាក់ឲ្យដល់ខ្លួនឯង ព្រមទាំងផ្សព្វផ្សាយចែករំលែកគុណសម្បត្តិផ្សេងៗឲ្យដល់អ្នកដទៃ និងដាក់ខ្លួនឲ្យសក្ដិសមជាបូជនីយបុគ្គលរបស់មនុស្សជំនាន់ក្រោយៗទៀត ។


យ៉ាងណាក៏ដោយ រឿងដែលនិយាយខាងលើ ពុំមែនមានន័យថា បើនៅក្មេងធ្វើបុណ្យកុសលមិនបានទេ បើនៅក្នុងវ័យធ្វើការនឹងសិក្សារៀនសូត្រមិនបានក៏ទេដែរ គ្រាន់តែមិនត្រូវបោះបង់លក្ខគោលដែលគួរតោងប្រកាន់យក ជាគោលដៅជីវិតក្នុងដំណាក់កាលនីមួយៗ បើពុំដូច្នោះទេ លំនាំ ឬការធ្វើនោះ នឹងក្លាយទៅជាលំនាំជីវិតខុស រួមទាំងខុសកាលវេលា ដែលជាការមួយធ្វើឲ្យជីវិតភ្លាត់ខុសពីប្រយោជន៍ ទៅគួរឲ្យសោកស្តាយជាទីបំផុត ៕



មន្តស្នេហ៍


មន្តស្នេហ៍

ធម្មៈនិងជីវិត មន្តស្នេហ៍… ធម្មជាតិរបស់មនុស្សគ្រប់រូប រមែងត្រូវការជាទីស្រឡាញ់របស់អ្នកដទៃ មិនត្រូវការជាទីស្អប់ខ្ពើមរបស់អ្នកណាមួយឡើយ ។ វិធីធ្វើឲ្យអ្នកដទៃគេស្រឡាញ់មានច្រើនវិធី ច្រើនរបៀបទៅតាមជំនឿរបស់បុគ្គលម្នាក់ៗ មិនវៀរលែងឡើយ សូម្បីតែការងាកមុខងាកចិត្តទៅពឹងពររកគ្រូស្នេហ៍ ឬគ្រូវេទមន្តបាលីគាថា ដើម្បីសូធ្យផ្លុំអន្ទងចិត្តឲ្យមនុស្សដទៃគេមកស្រឡាញ់  គេមកចូលចិត្តក៏មាន ។ សម្រាប់ព្រះពុទ្ធសាសនា បានអប់រំថ្នាក់មូលដ្ឋានប្រតិបត្តិសម្រាប់ទាក់ទាញចិត្តមនុស្សឲ្យកើតក្ដីស្រឡាញ់ចូលចិត្ត ដែលលោកហៅថា សង្គហវត្ថុ ឬមន្តស្នេហ៍មាន ៤ ប្រការគឺ៖

១) ទាន ជាអ្នកឲ្យ ត្រេកអរក្នុងការចែករំលែក បែងចែកឲ្យទាំងដើម្បីជួយសង្គ្រោះអ្នកដទៃ ទាំងដើម្បីសម្ដែងទឹកចិត្ត ។

២) បិយវាចា និយាយអ្វីក៏និយាយប្រកបដោយពាក្យពេចន៍ពីរោះពិសាគួរឲ្យចង់ស្ដាប់ ទោះបីត្រូវគេតិះដៀលនិន្ទាពោលមូលបង្កាច់បង្ខូចខ្លួនក៏ដោយ  ក៏សម្ដែងហេតុផលដោយពាក្យសម្ដីសុភាពរាបសា មិនពោលត្រគោះបោះបោកកំបុតកំបុយ ឬប្រើអារម្មណ៍ ជំនួសសតិបញ្ញាឡើយ ។

៣) អត្ថចរិយា ធ្វើខ្លួនឲ្យជាប្រយោជន៍ ជួយទំនុកបំរុងអ្នកដទៃដោយកម្លាំងកាយ កម្លាំងសតិបញ្ញា ទោះបីគេមិនហានិយាយក៏មានទឹកចិត្ត មិនមើលងាយមើលថោកអ្នកដទៃ ។

៤) សមានត្តតា ដាក់ខ្លួនឲ្យសមរម្យគឺដាក់ខ្លួនឲ្យស្មើដើមស្មើចុង និងសក្ដិសមជាមួយនឹងឋានៈជីវភាពរបស់ខ្លួន ដូចជា ក្នុងឋានៈជាកូន ជាឪពុកម្ដាយ ជាស្វាមីភរិយា ជាមិត្តភក្ដិ ជាដើម ។

សេចក្ដីស្រឡាញ់ជារឿងរបស់ចិត្ត ការដែលពោលរឿងរបស់ចិត្តនោះ ក៏ត្រូវអាស្រ័យអំពើល្អជាស្ពានចម្លងឲ្យកើតភាពជ្រួតជ្រាបជាប់ចិត្តចំពោះគ្នា ។ មន្តស្នេហ៍ទើបមិនមែនជាមន្តខ្មៅដែលមើលមិនឃើញនោះទេ  ប៉ុន្តែជាមន្តសដែលបើកចំហ មិនមែនមន្តសេកផ្លុំ ប៉ុន្តែជាមន្តកសាងឡើង ដូចពាក្យពោលទុកថា

វិជ្ជាអាគមផ្សំស្នេហ៍ សំដែងស្នេហ៍បោកថាមន្តខ្លាំង
ខាត់ពេលខាតទ្រព្យខ្លួនត្រូវចាំ ព្រោះមន្តខ្លាំងមានពេញខ្លួនយើង
កិរិយាវាចាអធ្យាស្រ័យ ត្រូវប្រាស្រ័យអ្នកផងរបងយើង
ប្រជាយល់ភក្ដ្រិតែងស្រឡាញ់យើង មិនសេកផ្លុំឡើងក៏ខ្លាំងឯង ។
      


Tuesday, November 21, 2017

ស្រឡាញ់បរិសុទ្ធ


ស្រឡាញ់បរិសុទ្ធ

ធម្មៈនិងសេ្នហា ស្រឡាញ់បរិសុទ្ធសេចក្ដីស្រឡាញ់ជាវត្ថុទ្រទ្រង់លោក ជាគ្រឿងចិញ្ចឹមជីវិតមនុស្ស និងមានអត្ថន័យច្រើនប្រការ ច្រើនរសនិយម ប៉ុន្តែក្នុងផ្នែកខាងព្រះពុទ្ធសាសនាបានសរុបសេចក្ដីស្រឡាញ់នេះ ទុកជា ៣ ប្រភេទគឺ៖

១) តណ្ហាបេមៈ  ស្រឡាញ់ដោយតណ្ហា បានដល់សេចក្ដីស្រឡាញ់ម្យ៉ាងដែលប្រុស និងស្រីស្រឡាញ់គ្នា ដែលទទួលបានទាំងទឹកឃ្មុំ និងថ្នាំពុល គឺឲ្យផលល្អក៏មាន ឲ្យផលអាក្រក់ក៏មាន វាអាស្រ័យលើការគ្រប់គ្រងបានប៉ុនណា ទោះនឹងបានផលផ្នែកខាងល្អក៏ដោយ ប៉ុន្តែស្ថិតនៅក្នុងរង្វង់នៃការប្រាថ្នាចង់បានរបស់ខ្លួនឯង ឥតមានផ្លូវណាមួយក្រៅពីចូលក្នុងន័យថា អាត្មានិយមនោះ ឯង ។

២) គេហសិតបេមៈ  ស្រឡាញ់ដោយខ្សែស្រឡាយ ជាសេចក្ដីស្រឡាញ់ក្នុងវង់ត្រកូល រវាងឪពុកម្ដាយបងប្អូន តាយាយ និងកូនចៅ កូនក្មួយ ជាដើម ។ សេចក្ដីស្រឡាញ់ប្រភេទនេះ ទោះជាមានរឿងល្អ ប៉ុន្តែក៏មានលក្ខណៈភាពជាបក្សពួកបង្កប់នៅច្រើន មានឱកាសដែលអួសទាញទៅកាន់ភាពអាត្មានិយមបានដូចក្នុងប្រការទីមួយដែរ ។

៣) មេត្តាបេមៈ ស្រឡាញ់ប្រកបដោយមេត្តាចិត្ត គឺប្រាថ្នាល្អចំពោះអ្នកដទៃ ដោយសុទ្ធចិត្ត ព្រោះជាសេចក្ដីស្រឡាញ់ដែលកើតឡើង ពីការយល់ចិត្តអ្នកដទៃដោយពិត មើលឃើញយល់ទៅក្នុងហេតុបច្ច័យទាំងឡាយដែលធ្វើឲ្យគេមានដូច្នេះ ជាសេចក្ដីស្រឡាញ់ដែលកើតឡើងពីបញ្ញា ដែលយល់ដល់សភាវៈពិត ដោយមិនមានកម្លាំងប្រាថ្នារបស់ខ្លួនចូលទៅជ្រាតជ្រែកឡើយ ។


សេចក្ដីស្រឡាញ់ពីរយ៉ាងដំបូង ធ្វើឲ្យជីវិតផ្អែមល្ហែមល្អូកល្អើន និងធ្វើឲ្យមានរសជាតិល្វីងជូរចត់ពេលវាខុសបំណង ធ្វើឲ្យពិភពលោកស្រស់បំព្រង នឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ជាក្ដីស្រឡាញ់នៅក្នុងវង់ក្រចក មានតែតួខ្លួន និងបក្សពួកជាមូល ទើបមានសេចក្ដីប្រថុញប្រថានលាយឡំ ប៉ុន្តែសេចក្ដីស្រឡាញ់ទី ៣ ស្រឡាញ់ដោយមានចេតនាល្អចំពោះគ្នា ជួយជ្រោមជ្រែងឈឺឆ្អាលខ្វាយខ្វល់ដល់គ្នានិងគ្នា ចេះឲ្យអភ័យគ្នា ជាសេចក្ដីស្រឡាញ់បរិសុទ្ធ មានសុវត្ថិភាព មានប្រយោជន៍ដល់ម្ចាស់នៃក្ដីស្រឡាញ់ និងមិត្តភក្តិរួមលោកយ៉ាងច្រើនអនេក ។ បើអាចបណ្ដុះឲ្យកើតមានជាគូជាមួយក្ដីស្រឡាញ់ទាំងពីរខាងដើមនោះបាន លោកនេះក៏ស្រស់បស់ ល្អសោភា ទៅដោយអានុភាពនៃសេចក្ដីស្រឡាញ់បរិសុទ្ធ ដោយមិនចាំបាច់សង្ស័យអ្វីឡើយ ៕


Monday, November 20, 2017

រឿងប្រយ័ត្នអារម្មណ៍


រឿងប្រយ័ត្នអារម្មណ៍

អារម្មណ៍នឹកគិតក្នុងចិត្តមនុស្សជារឿងសំខាន់ ព្រោះការដែលនឹងនិយាយ និងធ្វើអ្វីគ្រប់ខណៈ រមែងចាប់ផ្ដើមឡើងមកពីអារម្មណ៍នឹកគិតជាមុន ។ បើសិនបុគ្គលណាអាចគ្រប់គ្រងចិត្តឲ្យតាំងនៅស៊ប់ក្នុងអំពើល្អបាន ស្មើនឹងថាគ្រប់គ្រងការនិយាយ និងការធ្វើឲ្យល្អតាមទៅផងដែរ ។ ប៉ុន្តែក្រៅពីចិត្តនេះ ជាធម្មជាតិគ្រប់គ្រងបានដោយលំបាក ជំនួសក្នុងការគ្រប់គ្រងអារម្មណ៍ជាប់បាន ក៏ត្រឡប់ត្រូវបានអារម្មណ៍គ្រប់គ្រងវិញ ធ្វើឲ្យធ្លាក់ចូលទៅក្នុងសភាពចូលចិត្តខ្លះ មិនចូលចិត្តខ្លះ ។

អារម្មណ៍ចូលចិត្ត និងមិនចូលចិត្តទាំងពីរនេះ វាមានឥទ្ធិពលចំពោះឥរិយាបថរបស់មនុស្សផ្ទុយគ្នា ពោលគឺ ពេលណាមនុស្សចូលចិត្តគ្នាហើយ  ក៏ធ្វើឲ្យពេញចិត្ត យល់ចិត្ត និងមានចេតនាល្អចំពោះគ្នា គោរពផ្ដល់កិត្តិយសគ្នា រឿងល្អៗទាំងនេះជួយធ្វើឲ្យបុគ្គលមានអារម្មណ៍នឹកគិតក្នុងផ្លូវដែលចូលចិត្តចំពោះគ្នា នៅរួមគ្នាប្រកបដោយទៅសន្តិ ប្លែកផ្សេងពីអារម្មណ៍របស់បុគ្គលដែលមិនចូលចិត្ត ដែលធ្វើឲ្យអស់អាល័យអាឡោះចំពោះគ្នា ធ្វើឲ្យកើតមាននូវអាត្មានិយម មិនមានចិត្តស្មោះសរចំពោះគ្នា រហូតដល់លែងចេះផ្ដល់កិត្តិយស គោរពក្រោតក្រែងចំពោះគ្នា នឹងឲ្យធ្លាក់ចូលក្នុងលក្ខណៈដូច្នេះ មានសេចក្ដីរោលរាលកើតទុក្ខសៅហ្មងចិត្តឡើង ។

ដូចអ្វីដែលបានពោលមកខាងលើ ចិត្តជារឿងដែលត្រូវគ្រប់គ្រង ចូលចិត្ត ឬមិនចូលចិត្ត ទោះបីជាសភាវៈត្រូវមាន ហាមមិនបាន ឬសូម្បីតែមានផលវិជ្ជមានក្នុងជ្រុងខ្លះក៏ដោយ ប៉ុន្តែក៏ជារឿងត្រូវឃុំគ្រងឲ្យត្រូវ ឬមិនត្រូវដោយមានហេតុផល ដោយមានចំណាត់ការច្បាស់លាស់ និងមានភាពត្រឹមត្រូវឲ្យបានច្រើនបំផុត ព្រោះបើបណ្ដែតបណ្ដោយទៅតាមអារម្មណ៍ ឬអារម្មណ៍តែម្យ៉ាង ការចូលចិត្ត និងមិនចូលចិត្តនេះ នឹងក្លាយជាអាវុធបំផ្លាញអ្នកដទៃ ហើយជួនកាលអាចត្រឡប់មកធ្វើបាបខ្លួនឯងក៏សឹងមានច្រើន ៕
      



រឿងដាក់ចិត្តចុះ


រឿងដាក់ចិត្តចុះ

ធម្មៈអប់រំជីវិត រឿងដាក់ចិត្តចុះក្នុងសេចក្ដីនេះ លោកអប់រំទុកថា បុគ្គលណាតោងប្រកាន់មាំក្នុងសេចក្ដីទុក្ខ ប្រៀបដូចជាពស់វែកចឹក បុគ្គលណាតោងប្រកាន់សេចក្ដីសុខ ប្រៀបដូចចាប់កន្ទុយពស់វែក ហើយវាអាចត្រូវរលាស់ខ្លួនមកចឹកខាំខាងក្រោយបាន ។ ក្នុងន័យដូចបានពោលខាងលើនេះ បានផ្ដល់ជាទស្សនាទានថា សុខទុក្ខប្រៀបដូចជាពស់វែក សូម្បីតែមនុស្សដែលសមប្រកបជាមួយសេចក្ដីសុខហើយក៏ដោយ ក៏ត្រូវមានសតិស្មារតីប្រុងប្រយ័ត្នជានិច្ច មិនចាំបាច់និយាយទៅថ្វី ដល់មនុស្សដែលកំពុងមានសេចក្ដីទុក្ខគ្របសង្កត់ឡើយ ។

ក្នុងលក្ខគោលព្រះធម៌ក្នុងព្រះពុទ្ធសាសនា សេចក្ដីទុក្ខ ជារឿងដែលយើងត្រូវកំណត់ដឹង ។ កាលបើដឹងហើយ ក៏រកវិធីដោះស្រាយកែខៃ មិនរវល់តែសោកសៅខ្សឹកខ្សួលអួលអាក់រីងរៃ អស់សង្ឃឹមខូចចិត្តទៅបែបនោះជារឿយៗ ជីវិតក៏ពិបាករើរឲ្យរួចផុតពីសេចក្ដីទុក្ខនេះបាន ហៅថា តោងប្រកាន់ក្នុងសេចក្ដីទុក្ខ ត្រូវនៅជាមួយសេចក្ដីឈឺចាប់កើតទុក្ខវេទនា ដោយពស់វែកចឹកខាំនោះឯង ។ ប៉ុន្តែបើសិនបានសេចក្ដីសុខហើយ មិនដឹងទាន់ ក៏ភ្លេចអាត្មា រហូតដល់កើតសេចក្ដីតោងប្រកាន់ក្នុងសេចក្ដីសុខ ដោយខ្លួនមិនបានបែងចែកចិត្តទុកទទួលរ៉ាប់រងក្នុងគ្រា ដែលសេចក្ដីសុខនោះអស់ទៅ រលាយទៅ សូន្យទៅ ។ កាលបើពេលនោះមកដល់ ក៏ខ្លួនត្រូវកើតទុក្ខដដែល មិនខុសពីការចាប់ពស់វែកនៅត្រង់កន្ទុយអ៊ីចឹងដែរ ទោះជាមិនដល់ថ្នាក់ខាំចឹកភ្លាមៗ មិនយូរទេ ប្រាកដជាមានភ័យកើតឡើង ។

ជាពិសេសសាច់រឿងពិតរបស់សុខនិងទុក្ខ មិនមែនមានឥទ្ធិពលចំពោះមនុស្សគ្រប់ពេលទេ ។ ការឈរកណ្ដាលកំដៅថ្ងៃ ១៥ នាទី អ្នកខ្លះកើតទុក្ខទ្រាំនៅបន្តទៅទៀតមិនបាន ប៉ុន្តែមានអ្នកខ្លះទៀត អាចទ្រាំនៅបានយ៉ាងស្រួលសប្បាយ ។ ក្នុងរឿងតែមួយ មានមនុស្សពីរនាក់ កើតទុក្ខមិនស្មើគ្នាទេ ។ ក្រៅពីហេតុផលក្នុងផ្នែកសុខភាពរាងកាយហើយ ក៏មានហេតុផលផ្នែកខាងចិត្តសាស្ត្រទៀត ។ ចិត្តនេះឯង ដែលតួអង្គកំណត់គឺ បើសុខ ឬទុក្ខកើតឡើងក៏ត្រូវចេះដាក់់ចិត្តឲ្យត្រូវ មិនប្រមូលរើសមកតោងប្រកាន់មាំ មកតាក់តែង ក្នុងផ្នែកបង្កើននៃបញ្ហាថែមទៀតទេ ហើយពេលនោះ បញ្ហាក៏ចេះតែថយចុះ៕ 


រឿងផ្ទះនៃក្ដីស្រឡាញ់


ធម្មៈនិងស្នេហា : រឿងផ្ទះនៃក្ដីស្រឡាញ់

កាលណានិយាយដល់សេចក្ដីស្រឡាញ់ មនុស្សភាគច្រើនគិតដល់សេចក្ដីស្រឡាញ់កម្លោះក្រមុំមុនសេចក្ដីស្រឡាញ់ប្រភេទផ្សេងៗ ។ ការពិតក៏មានហេតុផលរបស់វា ព្រោះសេចក្ដីស្រឡាញ់រវាងកម្លោះក្រមុំនេះឯងជាខាងដើម នៃការកកើតឡើងសេចក្ដីស្រឡាញ់ដទៃៗ យ៉ាងហោចទៅមាន ៤ ប្រភេទគឺ៖

១) សេចក្ដីស្រឡាញ់រវាងស្វាមីភរិយា ជាសេចក្ដីស្រឡាញ់ដែលស្ថាបនាមកពីសេចក្ដីស្រឡាញ់រវាងកម្លោះ_ក្រមុំ រហូតដល់កើតមានសេចក្ដីជឿជាក់ចិត្តគ្នានិងគ្នា ទើបសម្រេចចិត្តប្រើជីវិតរួមគ្នាជាគូសា្វមីភរិយា ។ សេចក្ដីស្រឡាញ់ប្រភេទនេះ ត្រូវអាស្រ័យភាពស្មោះត្រង់ ភាពអត់ធន់ និងចេះផ្ដល់កិត្តិយសដល់គ្នានិងគ្នាជារឿងសំខាន់ ។

២) សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនៗ ជាសេចក្ដីស្រឡាញ់ដែលឋិតថេរគង់វង់ជ្រាលជ្រៅ និងជួយគាំទ្រអបស្ទបឲ្យសេចក្ដីស្រឡាញ់ រវាងស្វាមីភរិយាគង់វង់មុតមាំខ្លាំងឡើង ។ សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនៗ ត្រូវប្រកាន់មាំក្នុងសេចក្ដីមេត្តា ករុណា និងកតញ្ញូតាដឹងគុណតបគុណជាលក្ខគោល ។

៣) សេចក្ដីស្រឡាញ់ចំពោះញាតិចាស់ទុំ ក្រៅពីស្វាមីភរិយា និងកូនហើយ ជីដូនជីតា លោកតា លោកយាយ និងញាតិចាស់ទុំដទៃៗ ក៏ជាមជ្ឈមណ្ឌលនៃសេចក្ដីស្រឡាញ់ផងដែរ ក្នុងឋានៈជាបុព្វការីជនកាប់គាស់ឆ្ការសាងគ្រួសារមកមុន ។ សេចក្ដីស្រឡាញ់ចំពោះបុព្វការីជនទាំងនេះ ត្រូវមានការដឹងគុណរលឹកគុណ និងសេចក្ដីគោរពក្រោតក្រែងជាមូលដ្ឋាន ។

៤) សេចក្ដីស្រឡាញ់រវាងសាច់ញាតិបងប្អូន ជាការចងពូជពង្សខ្សែស្រឡាយសាច់ឈាមលោហិត ប៉ុន្តែក្នុងភាពជាក់ស្ដែង បងប្អូនដែលស្រឡាញ់គ្នាក៏មាន បងប្អូនដែលបែកគ្នាក៏មាន ការនឹងផ្ចុងផ្ដើមសេចក្ដីស្រឡាញ់ប្រភេទនេះទុកបាន ត្រូវអាស្រ័យការមានទឹកចិត្ត ជួយឧបត្ថម្ភ ភាពជាក់លាក់ និងចេះដឹងធ្ងន់ស្រាល ជាគ្រឿងទ្រទ្រង់ ។

សេចក្ដីស្រឡាញ់ទាំង ៤ ប្រភេទនេះ បើមានគ្រប់ក្នុងផ្ទះណា ផ្ទះនោះក៏ក្លាយជាផ្ទះនៃក្ដីស្រឡាញ់ ទុកណានឹងមានទុក្ខលំបាក ខកចិត្ដខុសបំណងយ៉ាងណាក្ដី ក៏មានផ្ទះនៃក្ដីស្រឡាញ់នេះឯងជាទីរាប់រងទទួលយកជីវិត បើខ្វះសេចក្ដីស្រឡាញ់ទាំង ៤ នេះហើយ ទោះបីមានទ្រព្យសម្បត្តិមាសប្រាក់ ដូចគេចាក់គរ មានកេរ្ដិ៍ឈ្មោះកិត្តិយស ឬក៏ទទួលបានភាពជោគជ័យខាងក្រៅមកច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែពេលត្រឡប់មកផ្ទះ ដែលមានសភាពមិនខុសពីផ្ទះទ្រុឌទ្រោម ជីវិតនឹងរកសេចក្ដីសុខបានដោយលំបាក ៕
      


Saturday, November 18, 2017

រឿង លោកក្ដៅ


រឿង លោកក្ដៅ

ធម្មៈនិងជីវិត រឿងលោកក្ដៅពេលនិយាយដល់លោកៈ មនុស្សភាគច្រើនក៏ច្រើនតែនឹកដល់លោកដែលមានសន្និដ្ឋានមូលក្រឡង់វិលជុំវិញខ្លួន១ ជុំ ប្រើប្រាស់ថេរៈវេលា ១ថ្ងៃ  វិលជុំវិញព្រះអាទិត្យ១ជុំ ប្រើថេរៈវេលា ១ ឆ្នាំ ដែលជាទីកន្លែងជ្រកអាស្រ័យរបស់មនុស្ស និងវត្ថុដែលមានជីវិតទាំងឡាយ ដែលកំពុងជួបប្រទះបញ្ហាសីតុណ្ហភាពឡើងខ្ពស់ ។ មនុស្សតិចណាស់ ដែលនឹកដល់លោកដទៃទៀត តាមសភាវៈពិតនោះ ក៏មានបញ្ហាមិនចាញ់គ្នាប៉ុន្មានដែរ ។

ពាក្យថា លោក ប្រែថា វត្ថុដែលត្រូវបែកធ្លាយ ឬវិនាសទៅ ។ ក្នុងលក្ខគោលធម៌ លោកបែងចែកជា ៣ ប្រភេទគឺ សង្ខារលោកមួយ លោកគឺសង្ខារ បានដល់វត្ថុដែលកើតឡើងការរៀបចំតាក់តែង ដូចជា រូបរាងកាយ និងចិត្តវិញ្ញាណ ។ សត្វលោកមួយ លោកគឺពពួកសត្វ បានដល់មនុស្ស និងសត្វទាំងឡាយ និងឱកាសលោក លោកគឺផែនដីដែលយើងកំពុងអាស្រ័យនៅសព្វថ្ងៃ ។ ត្រង់ដែលថា លោកក្ដៅនោះ មិនមែនចំពោះលោកគឺ ផែនដីដែលយើងរស់នៅសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគឺសង្ខារ និងលោកគឺពពួកសត្វ សូម្បីតែនឹងមិនបានទាក់ទង់ជាមួយបញ្ហាសីតុណ្ហភាព ដូចដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែពេលធ្លាក់នៅក្នុងភាវៈដែលត្រូវវិនាស មិនថិតថេរ ក៏ក្លាយជារឿងដែលមានផលប៉ះពាល់ដល់ជីវិត បើសិនមិនចាត់ការគ្រប់គ្រងឲ្យបានល្អទេ ឲ្យកើតនូវសភាវៈដែលគេហៅ កំដៅកើនឡើងជាងរឿងលោកក្ដៅ ដែលកំពុងតែនាំគ្នាភ័យបារម្ភក្នុងពេលនេះទៅទៀត ។ សរុបសេចក្ដីមក លោកទាំង ៣ នេះ ខាងសាសនាចាត់ទុកថា ជាបញ្ហាដែលត្រូវគ្រប់គ្រងចាត់ការដូចគ្នាទាំងអស់ មិនដូច្នោះទេ នឹងក្លាយជាលោកឡើងកំដៅ ។

វិធីគ្រប់គ្រងចាត់ការលោកនោះ បើជាសង្ខារលោក លោកអប់រំឲ្យដឹងទាន់សភាវៈប្រព្រឹត្តទៅរបស់វា ព្យាយាមបន្ថយសេចក្ដីតោងប្រកាន់មាំចោលខ្លះ ទើបនឹងស្រាលទុក្ខថយកំដៅបាន បើសិនជាសត្វលោក លោកអប់រំឲ្យមានក្ដីមេត្តាធម៌ មានសេចក្ដីស្រឡាញ់រាប់អាន ជាគ្រឿងការពារសេចក្ដីក្ដៅរោលរាលក្នុងការរស់នៅរួមគ្នា ក្នុងចំណែកខាងឱកាសលោកវិញ ដែលកំពុងមានសីតុណ្ហភាពខ្ពស់គ្រប់ខណៈនោះ មូលហេតុចម្បងមកពីសកម្មភាពរបស់មនុស្ស ការគ្រប់គ្រងរៀបចំ ទើបត្រូវអាស្រ័យជាមួយមនុស្សគ្រប់គ្នា ដែលត្រូវសហការគ្នាក្នុងវិធានការផ្សេងៗ ដូចជា ការប្រើប្រាស់ថាមពលដោយការសន្សំសំចៃ និងឈប់បង្កបង្កើតជាតិពុល ជាដើម ។ បើសិនធ្វើបាន ក៏នឹងជាការបង្អង់សេចក្ដីវិនាស និងកំដៅរបស់លោកបានយ៉ាងពិតប្រាកដមែន ៕