Tuesday, July 10, 2018

១០៨ឃ្លា គោលដៅជីវិតរបស់អ្នក(ត)



ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត នឹងបន្តគំនិតទ្រឹស្ដី ១០៨ ឃ្លា សម្រាប់ទិសដៅជីវិតរបស់អ្នក ក្នុងផេកថ្មីមួយទៀត។ ការពិតទៅធ្វើអ្វីៗក៏ដោយ ត្រូវមានបេះដូងស្រឡាញ់ ចូលចិត្តពេញចេញពីខាងក្នុងសិន ទើបបញ្ចេញកម្លាំងថាមពលព្យាយាមធ្វើវាឲ្យបានរឿយៗជាខាងក្រោយ បើគ្រាន់តែសុបិន មិនបានចាប់ផ្ដើមធ្វើ ក៏វាមិនអាចទៅរួចដែរ ដូចជាមានឃ្លាមួយក្នុងបរិបទនេះថា ចូលចិត្ត ធ្វើឲ្យការងារចេញមកល្អ, ស្រឡាញ់ធ្វើឲ្យការងារស្អាត, មានទិសដៅ ធ្វើឲ្យការងារជោគជ័យ។
______________________
៤៦) ឃើញខ្លាក្រាប កុំប្រមាថថាខ្លាសំពះ
ឃើញមនុស្សក្រាប កុំប្រមាថថា មនុស្សទន់ខ្សោយ។
______________________
៤៧) មនុស្សដែលជួបប្រសប់ភាពជោគជ័យ
ត្រូវមានគោលដៅជីវិត។
______________________
៤៨) មនុស្សជួបប្រសប់ភាពជោគជ័យ មិនត្រឹមតែជាអ្នកសុបិន
តែគេចាប់ផ្ដើមដោយការធ្វើផងដែរ។
______________________
៤៩) ចង់បាននិទ្ទេសA តែមិនព្រមអានសៀវភៅ
ចង់សម្រកទម្ងន់ តែមិនព្រមហាត់ប្រាណ
ចង់មានជីវិតថ្កើងថ្កាន តែមិនព្រមខំធ្វើការងារ
មនុស្សដែលបោះបង់ ព្រោះមិនព្រមផ្លាស់ប្ដូរក្នុងជីវិត
______________________
៥០) ការទទួលខុសត្រូវធ្វើឲ្យការងារចេញមកល្អ
ការស្រឡាញ់ធ្វើឲ្យការងារចេញមកស្អាត
គោលដៅធ្វើឲ្យ សម្រេច ដោយគ្មានអារម្មណ៍នឿយណាយ។
______________________
៥១) មនុស្សដែលជោគជ័យ ព្យាយាមធ្វើម្ដងទៀតជានិច្ច
______________________       
៥២) ចំណុចខ្សោយរបស់មនុស្ស មិនជួបប្រសប់ភាពជោគជ័យគឺ
សុខចិត្តព្រមចុះចាញ់។
______________________
៥៣) ភាពជោគជ័យចាប់ផ្ដើមនៅពេលណា
ដែលអ្នកជឿថាអ្នកធ្វើបាន។
______________________
៥៤) កុំបានតែនិយាយកុំគិតតែសូត្រទ្រឹស្ដី
ដោយមិនបានចាប់ផ្ដើមធ្វើអ្វី
វាគ្មានផ្លូវណា ជួបប្រសប់ភាពជោគជ័យឡើយ ។
_____________________
៥៥) លទ្ធផលស័ក្ដិសមតម្លៃដែលកើតឡើងក្នុងលោកនេះ
សុទ្ធតែប្រសូតចេញពីដៃ របស់មនុស្សដែលចូលចិត្តធ្វើការងារខ្លាំង ។
______________________
៥៦) មនុស្សដែលចូលចិត្តធ្វើការងារងាយៗ
នឹងបានត្រឹមតែជាកូនចៅគេ ជានិច្ច ។
______________________
៥៧) អតីតមិនសំខាន់ ថាយើងជានរណា
តែរឿងសំខាន់វាស្ថិតនៅត្រង់ថា
ថ្ងៃនេះ ថាតើយើងជានរណា?
និងថ្ងៃស្អែក យើងត្រូវការភាពជោគជ័យធំប៉ុណ្ណា.?


អាចរង់ចាំអានបន្ត

Monday, July 9, 2018

ខូចនឹងប្រុសអស់ព្រហ្មចារីយ៍ហើយខូចនឹងស្រីខ្លីវិជ្ជា



១. ស្ត្រី​ជា​ម្តាយ​ម្នាក់​ចំណាយ​ពេលវេ​លា​បង្កើត និង​ចិញ្ចឹម​កូនប្រុស​អស់​រយៈពេល​រាប់​ឆ្នាំ។ ប៉ុន្តែ​ មាន​នារី​វ័យក្មេង​ម្នាក់​ចំណាយពេល​ត្រឹមតែ ២០នាទី ក៏​អាច​ធ្វើ​ឱ្យ​កូន​ប្រុស​គាត់​ឆ្កួត​ដោយ​សារតែ​ស្នេហា

២. ម៉ែ​ស្រក់​ទឹកភ្នែក​ព្រោះ​កូនស្ងួន តែ​កូនប្រុស​ខ្លួនស្រក់​ទឹកភ្នែក​ព្រោះតែ​ស្រី។ ម៉ែ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន តែ​កូនប្រុស​លះបង់​គ្រប់យ៉ាង​ដើម្បី​ស្រី។ ម៉ែចិញ្ចឹម​អប់រំ​កូន​រាប់​ឆ្នាំ តែ​កូនប្រុស​បែរ​​ជា​ឆ្កួត​នឹង​ស្រី​ត្រឹមតែ ២០នាទី។

៣. លើ​លោក​យើង​នេះ ពិត​ជា​មាន​យុត្តិធម៌ តែ​គ្មាន​និយាមឬ​ស្តង់ដារ​យុត្តិធម៌​ឡើយ។ បុរាណ​ខ្មែរ​បាន​ប្រដៅ​កូនចៅ​ថា មានកូន​ប្រុស​ប្រៀប​ដូច​ព្រាយ​ក្បាល៨ ឯ​មាន​កូនស្រី​ប្រៀប​ដូច​ក្រឡ​ប្រហុក​មុខផ្ទះ

៤. មនុស្ស​ប្រុស បើ​ម្តាយ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ស្រី គេ​នឹង​ទៅ​ខ្វល់​នឹង​ដប​ស្រា ឬ​បើ​ណែនាំ​កុំ​ឱ្យទៅ​ខ្វល់​នឹង​ដប​ស្រា គេ​នឹង​ទៅ​រក​ល្បែង។ ចំណែ​កឯ​ស្ត្រី​វិញ មិន​មែន​មាសទឹកដប់ តែ​អាច​ហៅ​បាន​ថា​ត្រឹមតែ​ជា​មាសទឹក​ប្រាំបី ប្រៀប​ដូច​បុប្ផា​រុះ​រោយ​ហើយ គង់ពិបាកនឹង​រីក​ស្គុះស្គាយ​វិញ​បាន​។ នារី​ដែល​ខូច​នឹង​ប្រុស ប្រាកដណាស់​ជា​អស់​ព្រហ្មចារី​យ៍ ហើយ​បើ​បុរស​ខូច​នឹង​ស្រីវិញ ប្រាកដជា​ខ្លី​វិជ្ជា

ប្រភព៖ ប.
រូបភាព៖ Fb

តើអ្នកយំដោយសារជាតិឬជាតិយំដោយសារអ្នក?




១. លីក្វាន់ យូ (Lee Kuan Yew) បានឆ្លើយថា នៅពេលដែលអ្នកយំដោយសារតែជាតិ គឺមានន័យថាអ្នកស្នេហាជាតិ តែបើជាតិយំដោយសារតែអ្នក គឺមានន័យថាអ្នកត្រូវតែចូលរួមជួយកសាងជាតិ មនុស្សស្រឡាញ់ជាតិជាងខ្លួន គឺលះបង់ខ្លួនដើម្បីជាតិរស់ តែមនុស្សស្រឡាញ់ខ្លួនជាងជាតិ គឺសម្លាប់ជាតិដើម្បីខ្លួនរស់។ [] ជាតិយំដោយសារតែអ្នក គឺដោយសារតែអ្នកព្រងើយកន្តើយ

២. នៅសម័យក្រិច មនុស្សជាច្រើនមានមោទកភាពដែលបានមានឈ្មោះជាប្រជាជនអាតែន តែទស្សនវិទូក្រិចម្នាក់បានពោលពញ្ញាក់អារម្មណ៍ថា មិនសំខាន់ទេថាអ្នកមានសញ្ជាតិជាពលរដ្ឋនៃទីក្រុងដ៏ធំជាងគេទាំងអស់ តែអ្វីដែលសំខាន់នោះថាតើអ្នកបានធ្វើអ្វីខ្លះដើម្បីឱ្យបានស័ក្តិសមជាសមាជិកនៃមាតុភូមិដ៏ល្បីល្បាញខ្ចរខ្ចារនេះ។ ក្រោយមក ប្រធានាធិបតីអាមេរិក ចន កេណ្ឌឌី ក៏បានប្រតិដ្ឋបង្កើតព្រលឹងថ្មីមួយទៀតដោយនិយាយថា កុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីខ្លះសម្រាប់អ្នក តែត្រូវសួរថាតើអ្នកបានធ្វើអ្វីខ្លះសម្រាប់ប្រទេសរបស់អ្នក លីក្វាន់ យូ [....] អ្នកត្រូវតែចូលរួមជួយកសាងជាតិ។ តើត្រូវជួយតាមរបៀបណា?

៣. នៅក្នុងសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ ត្រង់ថ្ងៃទី៦កក្កដា បានសរសេរថា អំណាចខ្លាំងបំផុត គឺការរួបរួមសាមគ្គី។ ការបំបែកមនុស្សឱ្យដាច់ពីគ្នាតាមរយៈនិន្នាការសាសនា និងនយោបាយ គឺជាមាគ៌ានាំទៅរកក្តីវិនាស។ ចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត ហើយចង់បំផ្លាញសង្គមមួយ គឺត្រូវធ្វើឱ្យប្រជាជនលែងទុកចិត្តគ្នា។ តើត្រូវជួយសង្គមតាមរបៀបណា? សង្គមរស់ ឬស្លាប់ដោយសារតែនយោបាយ ហើយបើនិយាយពីនយោបាយ គឺសំដៅដល់ជាតិ។ ក្នុងជាតិមានសាសនា ហើយសាសនា វាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងជាតិ។ នយោបាយ ចិញ្ចឹមរាងកាយប្រជាជន ហើយសាសនាអប់រំចិត្តគំនិតប្រជាជន។ ចុងក្រោយ ត្រូវជួយជាតិ ដោយកុំឱ្យអ្នកនយោបាយយកធ្វើជាឧបករណ៍ (ខ្ញុំនិយាយតាមទស្សនៈនៃទស្សនវិទូអទេវនិយម គឺនិហ្សឺ)៕ 

ប្រភព៖ ប. 
រូបភាព៖ Fb


ត្រីហែលបណ្តោយទឹកជាត្រីងាប់



ជីវិត គឺប្រៀបដូចជាការអុំទូកបញ្ច្រាសទឹកហូរ បើមិនប្រឹងប្រែងអុំទេ ដំណើរទៅមុខ ឬថយក្រោយ គឺខ្សែទឹកហូរនឹងកំណត់សម្រេចព្រេងវាសនារបស់យើង

១. ត្រីហែលបណ្តោយទឹកជាត្រីងាប់ ហើយមនុស្សណាដែលសុខចិត្តបណ្តោយតាមព្រេងវាសនា គឺជាមនុស្សស្លាប់។ លើលោកយើងនេះពិតជាមានយុត្តិធម៌ ប៉ុន្តែគ្មានស្តង់ដារយុត្តិធម៌ទេ។

២. បើជីវិតរស់នៅប្រឹងប្រែងច្រើន តែបានផលតិច ឬប្រឹងប្រែងតិច តែបានផលច្រើន ឬមិនប្រឹងប្រែង តែបានផលច្រើន នោះតើយើងត្រូវទៅស្វែងរកយុត្តិធម៌នៅទីណា។ យុត្តិធម៌ គឺប្រឹងប្រែងទាមទារ។

៣. បើទោះបីជាទាមទារមិនបាន តែវាប្រសើរជាងនៅស្ងៀម ឬបើបានទាមទារខ្លះ ក៏គង់បានផលសម្រេចខ្លះ គឺសម្រេចពីមិនបានសោះ មកបានធម្មតា, ឬពីបានធម្មតា មកបានល្អ, ឬពីល្អមកល្អប្រសើរ នេះគឺជាសច្ចភាពនៃការប្រឹងប្រែងតស៊ូទាមទារ។ មនុស្សចេះប្រឹង បើទៅដល់ទីណា ក៏មិនស្លាប់ដែរ តែបើស្លាប់ដោយសារតែឥតប្រឹង។ គ្មាននរណាម្នាក់ដែលត្រូវស្លាប់ដោយសារតែការប្រឹងប្រែងនោះទេ៕ 

ប្រភព៖ បណ្ណាល័យគំនិត

Saturday, July 7, 2018

នរណាៗក៏ធ្លាប់មានកំហុសដែរ



នរណាមិនធ្លាប់មានកំហុស មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ អ្នកខ្លះកែ ហើយអ្នកខ្លះទៀតក៏មិនព្រមកែសោះ ។

ខ្ញុំបានឃើញមនុស្សច្រើននាក់ណាស់ ដែលធ្លាប់ធ្វើខុសកន្លងមក មិនព្រមលះបង់ចោលកំហុសដែលបានដក់ជាប់នៅក្នុងដួងចិត្តវិញ្ញាណរបស់ពួកគេ នៅតែកើតទុក្ខឥតល្ហែស្ទើរតែមួយជីវិតរបស់ពួកគេទៅហើយ ។

មិនចាំបាច់និយាយពីនរណានោះទេ និយាយពីខ្លួនខ្ញុំផ្ទាល់តែម្ដងទៅ
ខ្ញុំធ្លាប់ធ្វើខុសនឹងនារីដ៏ល្អប្រពៃម្នាក់ ធ្លាប់ធ្វើឱ្យដំណក់ទឹកភ្នែករបស់គេ ហូរស្រក់ចុះមកដោយមិនអាចលើកអភ័យបាន និងកំហុសជាច្រើនផ្សេងទៀតដែលខ្ញុំធ្លាប់បានធ្វើកន្លងមក ។

សួរថា ខ្ញុំខុសពិតប្រាកដមែនឬអត់? ចម្លើយ គឺថា ខ្ញុំខុសពិតប្រាកដមែន ។
ខ្ញុំមានសំនួរជាច្រើន ដែលតែងតែចោទសួរមកខ្លួនឯងជារៀងរាល់ថ្ងៃថា ហេតុអ្វីក៏ខ្ញុំមិនព្រមបំភ្លេចរឿងអតីតកាលដែលកន្លងហួសចោលឱ្យអស់ពីដួងចិត្តមួយនេះទៅ? ហេតុអ្វីចិត្តនិងវិញ្ញាណនៅតែគិតដល់វាទៀត?

រហូតដល់ថ្ងៃមួយ ខ្ញុំក៏សម្រេចចិត្តអនុញ្ញាតិឱ្យអ្វីៗវាចាកចេញទៅឱ្យអស់ ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺ រៀនសូត្រពីកំហុសនោះៗ ទុកជាគ្រូ ទុកជាមេរៀនចាំដាស់តឿនខ្ញុំជានិច្ច ។

អ្វីដែលធ្លាប់ធ្វើខុសហើយ គឺត្រូវសុំទោស រួចហើយកែប្រែខ្លួនសាជាថ្មី ចាប់ផ្ដើមជាមួយអ្វីដែលថ្មី ធ្វើជាមនុស្សថ្មី និងរស់នៅក្នុងជីវិតដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយស្នាមញញឹម  និងក្ដីសង្ឃឹម ព្រមទាំងក្ដីសុបិនមួយដ៏អសា្ចរ្យសម្រាប់ជីវិតក្នុងថ្ងៃអនាគត ។

សាកញញឹមនិងសម្លឹងមើលទៅពិភពលោកទាំងមូលបន្តិចទៅមើល វាស្រស់ស្អាតប៉ុណ្ណាដែរទៅ នៅមានរឿងល្អៗជាច្រើនទៀតដែលអ្នកត្រូវធ្វើ និងត្រូវគិត។

អ្នកត្រូវចាំថា អ្នករស់នៅជាមួយនឹងបច្ចុប្បន្នកាល មិនមែនរស់នៅជាមួយស្រមោលនៃអតីតកាល ហើយក៏មិនមែនទៅរស់នៅក្នុងស្រមោលអនាគតកាលនោះដែរ  

Cr. ស្រមោល ដួងចន្រ្ទ
កែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព Fb

Friday, July 6, 2018

ជំងឺដែលពិបាកព្យាបាល ជាងជំងឺមហារីក និងគ្មានថ្នាំព្យាបាល



ជំងឺដែលពិបាកព្យាបាលជាងជំងឺមហារីក និងគ្មានថ្នាំព្យាបាល គឺ
១. ជំងឺច្រណែនឈ្នានីស ឃើញអ្នកដទៃ ល្អឬពូកែលើសខ្លួនបន្តិចមិនបាន។
២. ជំងឺមហិច្ឆតាលោភលន់ ពុករលួយកេងប្រវញ្ច លែងស្គាល់បាបបុណ្យ។
៣. ជំងឺតាំងខ្លួនឯងអ្នកចេះដឹងពូកែ ទាំងខ្លួននៅល្ងង់ មិនដឹងមិនឃើញអ្វីច្បាស់ ។
៤. ជំងឺវង្វេងរវើរវាយ ផ្ដេកផ្ដួលហួសពីការពិតក្នុងជំនឿគ្មានការពិចារណាគ្មានហេតុផល ។
៥ .ជំងឺចូលចិត្តនិយាយមុសាបំភ្លើសបំភ្លៃ មួលបង្កាច់ចង្ខូចអ្នកដទៃ។

មនុស្សគ្រប់រូបដែលរស់នៅលើផែនដី សូមកុំឲ្យកើតជំងឺទាំង៥ខាងលើនេះឲ្យសោះណ៎ា បើដឹងថាកើតហើយ សូមប្រញាប់ទប់ស្កាត់វាឲ្យឆាប់ បើមិនដូច្នេះទេ វាពិបាកក្នុងការព្យាបាលណាស់ ។ ខ្ញុំអត់មានថ្នាំជួយព្យាលបាលទេ មានតែយកព្រះធម៌ជាឱសថមកព្យាបាលចុះ(សេចក្ដីច្រណែនឈ្នានីសលោភលន់ នាំមកនូវក្ដីវិនាស អស់ឫទ្ធិបារមីលែងគង់នៅឃុំគ្រង់ថែរក្សាហើយ)។

មិនអប់រំចិត្ត ជាការភ្លាំងភ្លាត់របស់មនុស្ស


ក្នុងលោកបច្ចុប្បន្នច្រើនដោយសម្ភារៈ ការប្រជែងគ្នាក៏មានច្រើន សេចក្ដីត្រូវការក៏ច្រើន អំពើឃោរឃៅក៏ច្រើន ។ មនុស្សយើងសព្វថ្ងៃ រកតែនិយាយឱ្យត្រូវថា ចង់បានអ្វីឱ្យពិតប្រាកដនោះ ក៏និយាយមិនបានដែរ។ សេចក្ដីសុខសឹងដោយប្រក្រតីជារបស់រកបានងាយ ក៏ត្រឡប់ទៅជារកបានដោយលំបាកវិញ នេះព្រោះមកអំពីការភ្លាំងភ្លាត់របស់មនុស្សយើង ពោលគឺមនុស្សយើងមានការព្រងើយកន្តើយដល់ការអប់រំចិត្ត មិនឃើញតម្លៃក្នុងការដុសខាត់សម្អាតចិត្តរបស់ខ្លួនហ្នឹងឯង ។

ស្រង់ពីសៀវភៅ មេរៀនជីវិត: ដោយលោកគ្រូ អ.គ.ប.ស.វ

Thursday, July 5, 2018

ស្វែងរកខ្លួនឯងពេលយប់ស្ងាត់


១. ពេលយប់ គឺជាពេលវេលាស័ក្តិសមបំផុតសម្រាប់ឲ្យមនុស្សស្វែងរកខ្លួនឯង។ ខ្ញុំជឿថានៅក្នុងសង្គមដែលមនុស្សទទួលបានការអប់រំតិច គឺមានមនុស្សភាគតិចណាស់ ដែលអាចស្គាល់ខ្លួនឯងពិតប្រាកដដល់ថ្នាក់ស៊ីជម្រៅ។ សំណួរដែលមនុស្សភាគច្រើនតែងសួរគឺ តើខ្ញុំជានរណា? តើត្រូវស្វែងរកខ្លួនឯងពិតប្រាកដដោយរបៀបណា?

២. កាលពី ១០ឆ្នាំមុន ខ្ញុំប្រើវិធីហាត់ស្លាប់ ដែលជារបៀនរបស់អ្នកប្រាជ្ញសូក្រាត និងអ្នកប្រាជ្ញបារាំងម៉ុងតេស្គីយ័រ។ សូក្រាតនិយាយថា ដើម្បីស្វែងរកថាខ្លួនឯងថាជានរណា គឺយើងត្រូវចេះគិតពិចារណាលើខ្លួនឯងជាប្រចាំ។ ក្នុងទ្រឹស្តីព្រះពុទ្ធបានប្រើវិធី វិប្សសនា ដែលមានន័យថាពិចារណាឃើញច្បាស់តាមសេចក្តីពិត។

៣. រហូតដល់ចុងក្រោយ ខ្ញុំប្រើវិធីហាត់ស្លាប់ និងរបៀនដែលខ្ញុំបានយល់បានដឹងតាមរយៈទ្រឹស្តីសាសនានានា ដើម្បីយកមកប្រើជាមួយនឹងការអានសៀវភៅ ការគិតលើជីវិតអតីតកាល ឬអនាគតនៃជីវិត។ កម្មវិធីក្នុងខួរក្បាលទាំងអស់បានផ្លាស់ប្តូរ។ លទ្ធផល​ គឺអស្ចារ្យលើសពីការរំពឹងទុក។ សមាធិ គឺជាអ្នកគាស់អនុសម្បជញ្ញៈ៕

ប្រភពៈ Kimseng Eab shared 

ម្នាក់ឯងតែពុំឯកា



១. មនុស្សល្អធម្មតាតែងដើរស្វែងរកមនុស្សល្អពីខាងក្រៅខ្លួន តែមនុស្សល្អដល់ថ្នាក់ស៊ីជម្រៅដឹងថាសេចក្តីល្អតែងនៅក្នុងខ្លួន ហើយក៏ពុំចាំបាច់ដើរស្វែងរកនៅទីណាដែរ។ គ្មានមាគ៌ាឬផ្លូវដើម្បីតម្រង់ទៅរកមនុស្សល្អទេ។ តាមពិត យើងគ្រាន់តែលុបពាក្យ មាគ៌ា ឬផ្លូវ ចេញ គឺនឹងជួបមនុស្សហើយ ព្រមទាំងមានតែមនុស្សល្អនៅក្បែរខ្លួនរហូត មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាឡើយ។ តើនរណាជាមនុស្សល្អ?

២. មនុស្សល្អ គឺជាយើង។ ក្នុងលោកយើងនេះ មានមនុស្សល្អពីរប្រភេទដែលល្អចំពោះយើងពិតប្រាកដ តែមនុស្សល្អទាំងពីរប្រភេទនេះពុំមានវត្តមាននៅរស់ក្នុងផែនដីនេះទៀតឡើយ។ មនុស្សល្អទី១ គឺមនុស្សដែលពុំទាន់កើតនៅឡើយ។ មនុស្សល្អទី២ គឺជាមនុស្សដែលស្លាប់បាត់ទៅហើយ។ ពេលយើងតាំងចិត្តមាំធ្វើជាមនុស្សល្អ យើងនឹងពុំចាំបាច់ដើរនាំតែហត់ស្វែងរកមនុស្សល្អឡើយ។

៣. អ្វីដែលមានក្នុងខ្លួនយើង គឺជាល្បាយនិងជាធាតុផ្សំគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សល្អពិតប្រាកដ។ មនុស្សល្អ បើទោះបីជារស់នៅម្នាក់ឯង ក៏ពុំមានអារម្មណ៍ថាឯកាឡើយ។ មនុស្សល្អរស់ក្រៅប្រព័ន្ធច្បាប់សង្គម រស់នៅក្រៅប្រព័ន្ធសាសនាសង្គម និងរស់នៅក្រៅប្រព័ន្ធវប្បធម៌សង្គម។ សាសនារបស់មនុស្សល្អ គឺជាសាសនានៃសេចក្តីស្រឡាញ់។ មនុស្សល្អប្រើសីលធម៌ជំនួសច្បាប់ (មានច្បាប់ក៏ធ្វើសេចក្តីល្អ ឬគ្មានច្បាប់ក៏នៅតែប្រព្រឹត្តសេចក្តីល្អ)។ ភាសារបស់មនុស្សល្អ គឺជាភាសានៃសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ។ កែវភ្នែករបស់មនុស្សល្អ តែងតែសម្លឹងរកមើលចំណុចល្អរបស់អ្នកដទៃ។ បបូរមាត់របស់មនុស្សល្អ តែងតែវាចាពោលពាក្យពីរោះមានន័យទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត៕
_____
*ពេលយុវជនយើងដើរពុំផុតចេញពីមនោសញ្ចេតនាលន្លង់លន្លោច គឺយើងនឹងជាប់ផុងនៅក្នុងអន្លុងអារម្មណ៍នៃចិត្ត។ យើងទាំងអស់គ្នាស្ទើរតែជាប់នៅក្នុងសីល្បៈនៃការរស់នៅ ដោយស្វែងរកសុខឱ្យខ្លួនឯងគ្មានមូលដ្ឋានចំណេះដឹងខួរក្បាល រហូតដល់គ្មានពេលវេលាស្វែងរកសុខសម្រាប់សង្គម (ភ្លេចត្រៀមខ្លួន ភ្លេចដុសខាត់ខ្លួន) ក៏ដូចជាសម្រាប់អនុជនជំនាន់ក្រោយ។

ប្រភពរូបភាព៖ https://www.khmertimeskh.com//upl/2017/09/p15_lead_art.jpg

Wednesday, July 4, 2018

១០៨ឃ្លា គោលដៅជីវិតរបស់អ្នក



តើគោលដៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? តើនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ មានសេចក្ដីចំរុងចំរើនរុងរឿង និងមានបានព្រមគ្រប់យ៉ាង ដូចជាមានមាសមានប្រាក់លុយកាក់ មានមុខងារតួនាទីការងារល្អ មានក្រុមគ្រួសារដ៏កក់ក្ដៅ ទាំងអស់នេះចាប់ផ្ដើមដោយហត្ថាទាំងទ្វេរបស់អ្នកផ្ទាល់តែម្ដង ប្រាកដថា គោលដៅក្នុងជីវិតនឹងចាប់ផ្ដើមពីការតាំងចិត្តមាំជានិច្ច តើនឹងធ្វើយ៉ាងណាទៅ? គឺអ្នកត្រូវកំណត់ពីគោលដៅក្នុងជីវិតរបស់អ្នកឲ្យបានសិន កុំទៅតូចចិត្តតូចថ្លើមលើបុណ្យវាសនាពឹងផ្អែកតែមរតកលើម្ដាយឪពុករបស់ខ្លួនឡើយ ។

ប្រសិនបើយើងមិនរក មិនចាប់ផ្ដើមធ្វើពីឥឡូវនេះទេ មានប៉ុន្មានឆ្នាំប៉ុន្មានជាតិទៀតក៏មិនមានដែរ ។ ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត ស្រង់យកពាក្យ ១០៨ ឃ្លា និយាយពីគោលដៅជីវិត មកប្រែចុះផ្សាយដើម្បីបានជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន សង្ឃឹមថាពាក្យឃ្លោងឃ្លាប្រយោគទាំងអស់នេះ នឹងបានជាពាក្យតម្រង់ទិសដៅដ៏ល្អ  អាចយកទៅប្រើប្រាស់ដំណើរការក្នុងជីវិតឲ្យសមប្រកបបាន ។

Saturday, June 16, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣២)



ជីវិតនេះមានប្រមាណតិចណាស់ តែក៏សំខាន់ណាស់ដែរ ចូរពិនិត្យមើលនូវផ្លូវបែកជាពីរ នឹងទៅកាន់ទីទាប ឬទីខ្ពស់ ទៅល្អឬអាក្រក់ យើងអាចជ្រើសរើសបានក្នុងជីវិតនេះតែប៉ុណ្ណោះ គប្បីចងចាំឃ្លានេះឲ្យច្បាស់ ហើយជ្រើសរើសសម្រេចចិត្តយកមួយណាដោយខ្លួនឯង

មនុស្សក្នុងត្រៃលោកនេះ អ្នកណាៗក៏ចង់មានអាយុវែងនេះណាស់ ហើយក៏គ្មានណាម្នាក់ចង់មានអាយុខ្លីដែរ ពួកគេខិតខំប្រឹងប្រែងថែទាំបំប៉ន ប៉ូវសរីរាង្គនេះឲ្យតាំងនៅបានយូរ ប្រឹងប្រែស្វះស្វែងរកនូវគ្រឿងប្រើប្រាស់ គ្រឿងហូបចុក ប្រយោជន៍ដើម្បីតាំងនូវអាយុនេះឲ្យបានយូរអង្វែង ប៉ុន្តែតាមការជាក់ស្ដែងមិនជាដូច្នេះឡើយ កើតមកបន្តគ្នារាល់ថ្ងៃ ហើយស្លាប់ទៅវិញក៏មានជាហូរហែមិនដែលដាច់ ព្រោះអី? ព្រោះថា មនុស្សលោកដែលស្ថិតនៅក្នុងត្រៃភពនេះ គ្មានមនុស្សណាអាចមានជីវិតអមតៈឡើយ ទោះបីក្នុងសម័យសព្វថ្ងៃនេះ មានវេជ្ជសាស្ត្រទំនើបៗ មានឱសថល្អៗមកព្យាបាលរោគក៏ដោយ គ្រាន់តែបានបណ្ដោះអាសន្នប៉ុណ្ណោះ នៅទីបំផុតក៏ត្រូវស្លាប់ទាំងអស់គ្នា ។

ពេលខ្លះ យើងដឹង យើងឮពាក្យអាយុមនុស្សមានប្រមាណតិច កុំមានក្ដីប្រមាទឲ្យសោះនេះ រាល់ៗថ្ងៃ ប៉ុន្តែមនុស្សមួយចំនួនមិនគិត មិនយកចិត្តទុកដាក់ឡើយ ពួកគេគិតថា សព្វថ្ងៃនេះពួកគេមិនទាន់ចូលដល់ដំណាក់កាលត្រូវស្លាប់ឡើយ ពួកគេកំពុងសប្បាយសោយសុខជាមួយនឹងសម្ភារៈទាំងឡាយដ៏សម្បូរបែប មិនគិត មិននឹកដល់សេចក្ដីស្លាប់ថា មានគ្រប់ដង្ហើមចេញចូលរបស់ខ្លួនឡើយ ។ ពួកគេតែងតែគិតថាមនុស្សស្លាប់ មានតែលើចាស់ៗ ក្មេងៗដូចជាពួកគេមិនស្លាប់ឡើយ ។ ពួកគេស្ថិតនៅក្នុងវ័យលូតលាស់ ដូចជាដើមឈើ មិនងាយស្លាប់ងាយៗទេ ម្លោះហើយពួកគេមិនខ្វល់នឹងរឿងសេចក្ដីស្លាប់ មិនគិតរឿងសាងអំពើល្អ សាងបុណ្យកុសលទុកសម្រាប់ខ្លួននៅពេលដែលខ្លួនចាកចេញពីលោកនេះទៅឡើយ ព្រោះពួកគេកំពុងមានផាសុកជាមួយទ្រព្យសម្បត្តិកេរអាកររបស់ឪពុកម្ដាយគេ ដោយមិនគិតថា ខ្លួនមកកាន់ទីនេះ ដោយអំណាចបុណ្យកុសលរបស់ខ្លួនឡើយ ។

លោកថាមនុស្សមានអាយុប្រមាណតិចនេះ បើយើងប្រៀបធៀបជាមួយអាយុរបស់ទេវតា និងពួកអមនុស្សផ្សេងៗគឺ មនុស្សនេះមានអាយុតិចជាងគេ ។ ជាក់ស្ដែង សេចក្ដីស្លាប់នេះ មិនមែនមានតែលើមនុស្សចាស់ មនុស្សធំ កម្លោះក្រមុំ កូនក្មេងក៏ស្លាប់ទៅរាល់ថ្ងៃដែរ ។ សេចក្ដីស្លាប់នេះ មិនរើសបុគ្គល មិនរើសពេលវេលា និងមិនរើសទីកន្លែងឡើយ ។ បុគ្គលក្មេង កម្លោះក្រមុំ ចាស់ ពាល បណ្ឌិត អ្នកក្រ អ្នកមាន ក៏ស្លាប់ទៅទាំងអស់ ស្លាប់ទៅរាល់ថ្ងៃ នៅសព្វទីកន្លែងមិនថាស្រុកខ្មែរ ស្រុកបារាំង ស្រុកអាមេរិកកាំងទេ គឺសុទ្ធតែមានមនុស្សស្លាប់ទាំងអស់ លើភពផែនដីនេះ មិនមែនកន្លែងណាមួយថា មិនមានមនុស្សស្លាប់នោះដែរ ។

ដូចនេះ មុននឹងខ្លួនចាកចេញពីលោកនេះទៅ ឬនៅក្នុងជីវិតនេះ យើងអាចមានជម្រើសពីរ ដែលខ្លួនយើងម្នាក់ៗអាចមានសិទ្ធិជ្រើសរើសយក។ ជម្រើសទី១ គឺផ្លូវឆ្វេង ឬផ្លូវអាក្រក់ ផ្លូវបាបលាមក ឬអាចថា ផ្លូវនៃសេចក្ដីវិនាស ។ ជម្រើសទី២ គឺផ្លូវស្ដាំ ផ្លូវល្អ ផ្លូវបុណ្យកុសល ដែលជាផ្លូវនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនដល់ខ្លួននិងអ្នកដទៃ ។

ប្រសិនបើយើងម្នាក់ៗចង់បានសេចក្ដីទុក្ខ សេចក្ដីក្ដៅក្រហាយកាយ មិនសប្បាយចិត្ត ដល់ជីវិតអាចយកជម្រើសទីមួយ ប្រសិនបើយើងចង់បានសេចក្ដីសុខ សេចក្ដីចម្រើន សុខកាយសប្បាយចិត្តក្នុងជីវិតដល់ខ្លួននិងអ្នកដទៃ អាចមានសិទ្ធិរើសចំណុចទីពីរ ។ យ៉ាងណា ជម្រើសទាំងពីរនេះ ជាជម្រើសរបស់យើងម្នាក់ៗក្នុងការសម្រេចចិត្តដោយខ្លួនឯងណ៎ា ព្រោះសុខទុក្ខខ្លួនយើងជាអ្នកសម្រេច ខ្លួនយើងជាអ្នកទទួលដោយខ្លួនឯង គ្មានបុគ្គលណាមួយមកទទួលជំនួសខ្លួនយើងឡើយ ។   




គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣២)



យើងទៅក្ដៅក្រហាយអ្វីនឹងអ្នកនិន្ទារិះគន់
នរណានិន្ទារិះគន់យើងកុំយកត្រចៀកស្ដាប់ កុំធ្វើទុកក្នុងចិត្តក៏ស្រេច
ចិត្តយើងក៏សប្បាយ ចិត្តក៏ស្រួល ចិត្តក៏ត្រជាក់
អ្នកនិន្ទារិះគន់គឺជាថ្នាំប៉ូវកម្លាំងដែលជួយដាស់តឿនកើនរំលឹកដល់ខ្លួនយើង
មានអ្នកនិន្ទារិះគន់យើងល្អជាងមានអ្នកមកសរសើរយើង
ប្រសិនបើយើងមានសភាពលក្ខណៈបែបនោះមែន
យើងនឹងបានកែលំអ យើងទៅខឹងគេធ្វើអ្វី
បើយើងខឹងគេ មានន័យថាយើងកំពុងចាញ់ខ្លួនឯង។


Friday, June 15, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣១)



ធម្មតាចិត្តមនុស្ស រមែងអន្ទះអន្ទែងស្ទុះស្ទាទៅកាន់អារម្មណ៍ផ្សេងៗ ដែលចូលមកប្រលោមឲ្យស្រឡាញ់ខ្លះ មកញុះញង់ឲ្យស្អប់ខ្ពើមខ្លះ មកលលួងឲ្យភ្លាំងភ្លាត់ញាប់ញ័រខ្លះ មិនឲ្យនឹងនួនបាន បើគ្មានបង្គោលឲ្យចិត្តប្រកាន់យកជាបង្អែក ចិត្តរមែងមិននឹងធឹងនៅបានទេ តែងតែអណ្ដែតអណ្ដូងទៅរកសេចក្ដីក្ដៅក្រហាយ ដូចស្វាដែលចូលចិត្តលោតចុះលោតឡើង បើមិនចងទុកនឹងបង្គោលបណ្ដោយឲ្យទៅតាមទំនើង អាចនឹងធ្វើឲ្យវិនាសច្រើនស្ថាន ។

ចិត្តរបស់មនុស្ស រមែងត្រូវវិបត្តិដោយអំណាចសេចក្ដីលោភ ក្រោធ វង្វេង ឥច្ឆា ឫស្យា ព្រមទាំងឲ្យទោសគឺសេចក្ដីវិនាស អាក្រក់ខ្លាំងជាងសេះដែលខូច ឬជាងដំរីចុះប្រេងទៅទៀត ។

ដោយហេតុនេះ មនុស្សយើងគួរមានគោលគឺ ពុទ្ធសាសនាជាបង្អែកជាគ្រឿងអប់រំចិត្ត ដើម្បីឲ្យប្រណីតបញ្ចងលះបង់សេចក្ដីវិបត្តិអាក្រក់នោះចោលចេញ ។ មនុស្សដែលមានពុទ្ធសាសនា ជាគោលហ្វឹកហាត់ចិត្ត រមែងគ្មានសេចក្ដីវិបត្តិ មានតែសេចក្ដីត្រជាក់ចិត្ត ឥតមានកិលេសដុតរោល ឲ្យធ្វើសេចក្ដីអាក្រក់ ដែលជាហេតុឲ្យក្ដៅក្រហាយ ឲ្យវិនាសដល់ខ្លួន និងអ្នកដទៃទេ ។


Wednesday, June 13, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣០)



បើសិនមនុស្សមិនល្អ ទោះបីមានរបស់ល្អក៏គ្រប់គ្រងមិនបាន របស់ល្អៗស្ថិតនៅលើមនុស្សល្អ ។ មានរឿងរ៉ាវ ជាច្រើនដែលយើងទាំងអស់គ្នាស្មានមិនត្រូវ នឹកស្មានមិនដល់ ពេលខ្លះឱកាសនៅចំពោះមុខយើង បែរជាយើងគ្មានឱកាសដើម្បីបានវាមកកាន់កាប់ ឬមកគ្រប់គ្រងបាន ហើយពេលខ្លះទៀត របស់ល្អៗនៅចំពោះមុខយើងយ៉ាងពាសពេញហូរហៀរ បែរជាយើងបរិភោគមិនកើតទៅវិញ ខ្លះទៀតខំធ្វើផ្ទះធំទ្រនំខ្ពស់ ដើម្បីឲ្យខ្លួននៅជ្រកកោនសប្បាយចិត្តនឹងគេធ្វើហើយស្លាប់ ទាំងខ្លួនមិនទាន់បានឡើងទៅនៅផ្ទះនោះផង ។  មានរឿងខ្លះទៀត ពុកម៉ែខំសន្សំលុយកាក់ទិញម៉ូតូថ្មីឲ្យខ្លួនជិះៗបានតែម្ដង ក៏ត្រូវគេបុកដួលស្លាប់បាត់ទៅក៏មាន ហើយអ្នកខ្លះទៀត មានលុយរាប់លានដុល្លារ តែមិនអាចទទួលទានរបស់ឆ្ងាញ់ៗ របស់ល្អៗបាន  ខ្លួនទទួលទានបានត្រឹមតែទឹកជ្រក់ជាមួយបាយកញ្ចុងអង្ករទៅវិញ មានរឿងរ៉ាវជាច្រើនទៀត ដែលមានហេតុភេទកើតឡើងមិនស័ក្ដិសម មិនសមតម្លៃនឹងខ្លួនមានបាន មិនសមនឹងខ្លួនបាន ។

អ្វីដែលលើកពោលមកខាងលើ បើយើងនិយាយឲ្យខ្លីមក ថាមនុស្សខ្វះបុណ្យនោះឯង ព្រោះអ្វីៗវាមានហេតុផលរបស់វា របស់ល្អនៅជាមួយនឹងជនពាល ជនកំហូចមិនបានយូរឡើយ វាចេះតែក្ដៅក្រហាយ មានជំងឺឈឺស្កាត់ មានរឿងវិវាទទាស់ទែងខ្វែងគំនិត ឲ្យបែកបាក់ប្ដីប្រពន្ធ បងប្អូនមើលមុខគ្នាមិនចំ មើលមុខគ្នាមិនត្រូវ ព្រោះតែទ្រព្យនោះនាំមកនូវអពមង្គលដល់ខ្លួនដល់គ្រួសារ ។ និយាយឲ្យមែនទែនរបស់របរគ្រប់យ៉ាងក្នុងលោកនេះ គ្មានចង្រៃអ្វីទេ ចង្រៃមកតែពីខ្លួនយើងម្នាក់ៗហ្នឹងឯង ។

ដូច្នេះ របស់ល្អ វាមានតែមនុស្សល្អទេ ទើបអាចគ្រប់គ្រងថែរក្សា ប្រើប្រាស់របស់នោះបាន និយាយឲ្យខ្លីទៅ ថាទាល់តែមនុស្សនោះមានបុណ្យគ្រប់គ្រាន់ ទើបសមគួរនឹងបានរបស់ល្អមកគ្រប់គ្រងបាន ។ ដូចនេះ ដើម្បីបានរបស់ល្អមកគ្រប់គ្រងបាន លុះត្រាតែពួកយើងម្នាក់ៗ ខិតខំបំពេញសេចក្ដីល្អឲ្យបានច្រើន ចេះឲ្យ ចេះប្រើសម្ដីពីរោះ ចេះបំពេញប្រយោជន៍ ធ្វើខ្លួនឲ្យស្មើតាមកម្លាំងទានសីល និងភាវនា ឬកុំធ្វើអាក្រក់គ្រប់យ៉ាង ធ្វើតែសេចក្ដីល្អៗ និងកាត់បន្ថយសេចក្ដីលោភ ខឹង ក្រោធតាមដែលខ្លួនអាចធ្វើទៅបាន ទើបឈ្មោះថា របស់ល្អៗនៅតែជាមួយមនុស្សល្អៗ របស់អាក្រក់ៗ ច្រើនតែនៅជាមួយមនុស្សអាក្រក់ៗហ្នឹងឯង ។ 


Tuesday, June 12, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៩)



មោះមុតក្លៀវក្លា និងដាច់ខាតក្នុងការធ្វើត្រង់ការបៀតបៀនខ្លួនឯង និងអ្នកដទៃ តើគួរនឹងប្រសើរត្រង់ណាទៅអេះ?
ចំណុចនេះ គឺយើងមានឃើញយុវវ័យមួយចំនួន ដែលចូលដល់វ័យស្នេហាកើតឡើង បេះដូងពួកគេបានផ្ទុកនូវអំរែកមួយគឺ ការគិតរែកនូវអំរែកស្នេហា នៅពេលស្នេហាផ្អែមល្ហែមល្អូកល្អើននៅឡើយ អ្វីៗក៏នៅស្រស់បំព្រង អ្វីៗក៏នៅមានន័យ មានតម្លៃទាំងអស់ ពិភពលោកបិទលាបទៅដោយពណ៌បៃតង ព្រះអាទិត្យនៅតែបញ្ចេញកម្មរស្មីមិនមានពេលអព្ទអួ ព្រះចន្ទ នៅតែរះឡើងត្រចះត្រចង់ គ្មានពពកមកបាំងបិទអ្វីឡើយ ខ្យល់ជំនោនៅតែមានចលនាបក់បោកមកត្រសៀកៗត្រជាក់កាយត្រជាក់ចិត្តទាំងទ្វេ គ្មានអ្វីមោះម័យទាស់ចិត្តឡើយ បាយប្រហុកអំបិលក៏ឆ្ងាញ់ ដេកនៅក្នុងខ្ទមរនាបឫស្សីក៏មានផាសុកដែរ ។

តែដល់ស្នេហាត្រូវបរាជ័យវិញ អ្វីៗក៏អស់ន័យ អស់តម្លៃ រស់នៅក្នុងលោកនេះក៏លែងបាន បរិយាកាសជុំវិញលែងមានសម្រស់ ព្រះអាទិត្យ ព្រះចន្ទ ខ្យល់ជំនោហាក់ដូចជាឈប់គាំងស្ងៀមទ្រឹង បាយប្រហុក ក៏លែងមានរសជាតិ នៅក្នុងខ្ទមរនាបឫស្សីក៏លែងមានផាសុក បរិយាកាស ត្រូវបានគេលាបពណ៌ខ្មៅទាំងអស់ មើលអ្វីលែងយល់ មើលអ្វីលែងឃើញ ស្ដាប់អ្វីលែងឮអស់ហើយ គិតតែម្យ៉ាងគឺរស់នៅគ្មានគេលែងបាន សួរថា ចុះកាលមិនទាន់មានគេ ក៏រស់បាន ចុះបើរស់ក្នុងសភាពដើមវិញ វាទៅមិនរួចទេឬ?

មុននឹងសម្រេចចិត្តគិតធ្វើរឿងមិនគប្បី ក៏សូមឲ្យលកលៃគិតដល់អ្នកដែលបង្កើតយើងមក ពួកគាត់ប្រឹងប្រែងដុតដៃដុតជើង ធ្វើយ៉ាងណា រកគ្រប់វិធីដើម្បីចិញ្ចឹមយើងឲ្យរស់នៅឲ្យបានសុខ តាមលទ្ធភាពរបស់ខ្លួន បើនិយាយពីការចំណាយកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិ និងពេលវេលា ខិតខំថែរក្សាការពារយើងមកធំដល់ប៉ុណ្ណេះ មិនមែនជាការលែងសើចឡើយ ហេតុអ្វីយើងត្រូវមកខូចចិត្ត បាក់ចិត្ត ទ័លគំនិតនៅត្រង់រឿងស្នេហានេះ ។ យើងមិនសក្ដិសមតម្លៃខ្លួនទៅប្ដូរយករឿងប៉ុណ្ណឹង អស់ផ្លូវ គិតខ្លីប៉ុណ្ណឹងទេ ព្រោះលោកថា ការបានកើតមកជាមនុស្សនេះ មិនមែនមានបុណ្យតិចទេ រស់ធំមកប៉ុណ្ណឹង ឪពុកម្ដាយចំណាយមកច្រើនណាស់ រហូតលែងរាប់ថាមានប៉ុណ្ណេះប៉ុណ្ណោះបាន ជាពិសេសយើងជាអ្នកផ្សារសាច់ឈាមអ្នកប្រតិបត្តិព្រះពុទ្ធសាសនាផងនោះ មិនមែនឲ្យគិតត្រឹមហ្នឹងទេ ព្រោះការបានកើតមកជាមនុស្សនេះ ត្រូវមកបំពេញបុណ្យកុសល ឲ្យបានកើតជាមនុស្ស កើតជាទេវតា និងមកបំពេញបុណ្យកុសលដើម្បីឲ្យរួចចាកទុក្ខទាំងពួង មានការកើត ចាស់ ឈឺ ជួបព្រាត់ៗនេះឲ្យបានបន្តទៀត ។ កុំយកជីវិត មកប្ដូរជាមួយល្បែងស្នេហាឲ្យចប់ត្រឹមហ្នឹងឲ្យសោះ ព្រោះយើងត្រូវមានភារកិច្ចត្រូវធ្វើបន្តទៅទៀត បើទៅមិនរួចឲ្យសម្រាកសិន ពេលណាមានកម្លាំងឡើងវិញ សុំធ្វើដំណើរបន្តទៅទៀត ដូចពាក្យមួយថា បើអ្នកហោះហើរមិនរួច ឲ្យរត់ បើរត់មិនរួច ឲ្យដើរ បើដើរមិនរួច ឲ្យវារបន្ត ធ្វើយ៉ាងណាឲ្យតែមានចលនាទៅមុខទៀត ។

ការគិតបៀតបៀនខ្លួនឯង និងអ្នកដទៃគឺមានន័យថា ការបំផ្លាញប្រយោជន៍គ្រប់យ៉ាង ដូចជាជនពាល ដែលជាអ្នកកាត់បង់ប្រយោជន៍ខ្លួនឯងផង និងអ្នកដទៃផង កាត់ប្រយោជន៍លោកនេះផង និងប្រយោជន៍លោកខាងមុខផង ។ ជារឿយៗយើងឃើញមានវ័យជំទង់ច្រើនណាស់ ដែលសុខចិត្តបៀតបៀនខ្លួនឯង ដោយការប្រព្រឹត្តនូវអំពើមិនគប្បី ដូចជាការសម្លាប់ខ្លួន ដោយការចងក លេបថ្នាំពុល អារដៃ អារជើង និងធ្វើបាបខ្លួនមានប្រការផ្សេងៗទៀត។ល។ ដើម្បីបញ្ឈឺអ្នកដទៃ តើយើងធ្វើបែបហ្នឹងបានអ្វីមកដល់ខ្លួន បានអ្វីមកដល់គ្រួសារ ដល់សង្គមខ្លួនយើង សូមផ្ដាំដល់មនុស្សដែលមានគំនិតទុទិដ្ឋិនិយម គំនិតអវិជ្ជមានមួយចំនួន ដែលបានធ្វើ កំពុងធ្វើ និងបម្រុងនឹងធ្វើ ឲ្យលែងគិត បោះបង់ចោលគំនិតនេះចេញ ត្រូវគិតថា បើអត់ពីគេម្នាក់ហ្នឹង យើងមានមនុស្សច្រើនណាស់ ដែលកំពុងចាំមើលពីភាពរីកចម្រើន ការធំធាត់ ការអភិវឌ្ឍរបស់យើង ជាពិសេសឪពុកម្ដាយ រហូតដល់មានពាក្យពេចន៍ខ្លះថា ចូរកូនកុំគិតថា គ្មានអ្នកកំដរ គ្មានអ្នកស្រឡាញ់កូន បើអ្នកដទៃមិនកំដរ មិនស្រឡាញ់កូន ក៏មានម៉ែពុកនៅតែស្រឡាញ់កូនដែរ បើមានគេស្អប់ និងបោះបង់កូនម៉ែចោល ចូរកូនមករកម៉ែឪ ឪម៉ែមិនដែលមានថ្ងៃបោះបង់ចោលកូនម្ដងណាឡើយ ។ ជាការពិតណាស់ ឪពុកម្ដាយភាគច្រើន មិនមានថ្ងៃបោះបង់ចោលកូនឡើយ ទោះបីកូននោះ ធ្លាក់ខ្លួនពិការដៃពិការជើង ខ្វាក់ខ្វង់ គរថ្លង់ ឆ្កួតជា ឪពុកម្ដាយក៏នៅតែរក្សាការពារបីបាច់រហូត នេះជាទឹកចិត្តឪពុកម្ដាយ ចុះខ្លួនយើងស្អាតបាត សាច់ឈាមត្រលូកត្រលន់យ៉ាងនេះ មិនពិការ មិនខ្វាក់ខ្វង់ មិនគរថ្លង់ មិនឆ្កួតលីលា តើពួកគាត់ស្រឡាញ់យើងប៉ុណ្ណាទៅ បើយើងមិនគិតដល់ខ្លួនឯង ក៏គួរគិតដល់ទឹកចិត្ត យល់ចិត្តដល់ពួកគាត់ដែរ ។



គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៨)



យើងធ្វើគុណដល់អ្នកណាមួយឲ្យបំភ្លេច។  អ្នកណាធ្វើគុណដល់យើងវិញឲ្យចាំ មួយឃ្លានេះពិតជាឃើញមានមនុស្សតិចតួចណាស់ ដែលចង់បានទិដ្ឋភាពបែបនេះ ។ អ្នកខ្លះ ចង់ជួយយើង លុះត្រាតែគេឃើញផលប្រយោជន៍ពីយើង ទើបបានគេមកជួយយើង បើមិនដូច្នេះទេ គេមិនមកជួយយើងឡើយ ការដែលបានមកជួយនេះ មិនមែនជាការផុសចេញពីក្រអៅបេះដូងប្រកបដោយមេត្តាចិត្តអាណិតអាសូរនោះទេ ដូចពាក្យខ្មែរយើងតែងតែនិយាយតគ្នាថា ហុចរបស់ស្រណោះដៃ ។ មុននឹងគេឲ្យអ្វីមួយមកដល់យើង គេបានគិតថា ពិតជាបានអ្វីមួយពីយើងវិញមិនខាន បើមិនបានអ្វីផ្សេង ក៏បានត្រឹមការដឹងគុណបំណាច់របស់ខ្លួនដែលបានជួយដែរ ។ មនុស្សគិតបែបនេះ បើតាមទស្សនៈផ្ទាល់របស់អ្នកសរសេរគឺជាមនុស្សម្នាក់កំពុងតែបង្កើតនូវជំងឺផ្លូវចិត្តម្យ៉ាងរួចជាស្រេចឲ្យដល់ខ្លួនឯង ថ្ងៃណាមួយអំពើដែលខ្លួនបានសាបព្រោះនោះ មិនបានដូចចិត្តខ្លួនប៉ង ជំងឺផ្លូវចិត្តនេះក៏នឹងផ្ទុះឡើង ដែលអាចឈានទៅដល់ការចង់ពៀរគ្នា ដាក់ផ្ដាសាគ្នាទៀតផង ។ បើបានដូចចិត្តក៏គិតថា វាស្រួលចិត្ត សប្បាយចិត្តជាមួយអ្វីដែលខ្លួនបានសាបព្រោះនោះៗ ប៉ុន្តែកម្របានឃើញលទ្ធផលជាវិជ្ជមានណាស់ ហើយក៏មានតិចតួចណាស់ដែរ មានពេលខ្លះដល់ភ្លេចម្ដាយឪពុកខ្លួនទៅទៀតផងក៏សឹងមាន ព្រោះចិត្តមនុស្សមិនអាចប្រាកដបានឡើយ វាមានការឡើងចុះទៅតាមលោកធម៌ ប្រែប្រួលទៅគ្រប់ពេលវេលា ដូចពាក្យមួយលើកឡើងថា អ្វីដែលរំកិលទៅមុខគឺពេលវេលា អ្វីដែលផ្លាស់ប្ដូរគ្រប់ពេលវេលាគឺចិត្តមនុស្សនេះឯង

ដូច្នេះអ្នក ដែលបានបណ្ដុះចិត្តមេត្តាបុណ្យកុសល គួរណាស់តែតម្កល់ខ្លួនប្រកាន់យកពាក្យខាងលើ ពេលណាខ្លួនបានធ្វើល្អដល់អ្នកណាមួយ កុំគិតចង់បានអ្វីពីអ្នកនោះមកវិញ អ្វីខ្លួនដែលចង់បានមកវិញនោះគឺការជួយមនុស្សនោះឲ្យមានការរីកចម្រើន ឲ្យឱកាសគេបានអភិវឌ្ឍខ្លួនធ្វើអ្វីមួយតាមបំណងឆន្ទៈរបស់គេ ហើយអ្វីដែលយើងចង់បានមកវិញក្នុងពេលនោះ  គឺសេចក្ដីល្អលំអចិត្តរបស់យើងនោះឯង ដែលជាសេចក្ដីសុខរបស់អ្នកឲ្យ ព្រោះបំណងអ្នកជួយចង់ឲ្យគេបានសុខ បានចម្រើន មានការអភិវឌ្ឍផ្នែកគំនិតស្មារតី ឬជួយកិច្ចការណានីមួយ ដែលគេត្រូវការឲ្យជួយ ។

ម្យ៉ាងទៀត ពេលណាអ្នកបានថ្កុំថ្កើង មានបាន មានភាពសុខសាន្តក្នុងពេលនេះ ប្រាកដណាស់ថា មុខជាមានបុព្វកម្ម បុព្វហេតុណានីមួយជួយជំរុញខ្លួនឲ្យមកឈរលើចំណុចនេះ ឬភាពជោគជ័យត្រង់នេះហើយ នោះគឺមានបុព្វការីជន ដែលបានជួយយើង ញាតិមិត្ត បងប្អូនរបស់យើង ឬអ្នកណាក៏ដោយដែលមានគុណូបការដល់យើង សុទ្ធតែជាហេតុមួយឲ្យយើងចងចាំ រំលឹកដាស់តឿនចិត្តខ្លួន កុំឲ្យបំភ្លេចនូវគុណបំណាច់របស់ជនទាំងអស់នោះ  ទោះបីមិនបានជួយអ្វីដល់ពួកគេ ក៏យើងបានរំលឹកនូវគុណបំណាច់ទុកក្នុងចិត្តរបស់យើងរហូតដល់ថ្ងៃមរណាដែរ  ដូចពាក្យមួយលើកឡើងថា មនុស្សដែលដឹងគុណគេ មិនធ្លាក់ទៅក្នុងទីទាបឡើយ 


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៧)



អំពើអាក្រក់មិនដែលមានអ្នកណាមួយចង់ឲ្យគេធ្វើមកលើខ្លួន គ្រួសារ សមាជិករបស់ខ្លួន ហើយអ្វីដែលមិនចង់ឃើញទៅទៀត សូម្បីតែពាក្យរិះគន់ ស្ដីបន្ទោសដែលចេញពីមាត់របស់មនុស្សដទៃ ក៏មិនចង់ជួប មិនចង់ឮ មិនចង់ស្ដាប់ដែរ ប៉ុន្តែពេលខ្លះយើងក៏មិនចង់ឲ្យគេសាងរូបភាពអាក្រក់ៗទាំងនោះ ដោយកាយក្ដី ដោយវាចាក្ដី និងដោយចិត្តក្ដីមកលើខ្លួនយើង តែអ្វីដែលយើងបានធ្វើទៅលើគេវិញ យើងមិនសូវជាបានគិត យកចិត្តទុកដាក់ពិនិត្យឡើយ ជួនកាលដើម្បីសេចក្ដីសុខ ក៏ដូចជាសេចក្ដីសុខរបស់សមាជិកខ្លួនៗ សុខចិត្តទៅបំផ្លាញសេចក្ដីសុខ សុភមង្គលរបស់អ្នកដទៃ ដើម្បីតែភាពមានបានរបស់ខ្លួន សុខចិត្តខ្លួនគេងប្រវញ្ច ជិះជាន់ រឹបអួសយករបស់របរកម្មសិទ្ធិរបស់អ្នកដទៃ ទៅរំលោភបំពាន់ឈ្នានីស ព្យាបាទរករឿងរកទោសអួសដំណើរអ្នកដទៃគ្រប់រូបភាព ក៏ដើម្បីយកមកបំពេញសេចក្ដីសុខរបស់ខ្លួនឯង។

សួរថា តើដើម្បីអី? គឺដើម្បីសេចក្ដីសប្បាយ ដើម្បីតែសេចក្ដីសុខរបស់ខ្លួន និងមនុស្សបក្សពួករបស់ខ្លួនប៉ុណ្ណោះ ។ ការធ្វើបែបនេះ វាប៉ះពាល់ទៅដល់សតិអារម្មណ៍របស់អ្នកដទៃ ខ្លួនអត់ខ្វល់ សំខាន់ឲ្យតែខ្លួនបានស្រួល បានសុខ អាណាងាប់ អាណារស់ជារឿងរបស់គេ មិនមែនជារឿងរបស់ខ្លួន គំនិតបែបនេះ មិនខុសពីរឿងគោ និងមាន់ សត្វពស់រកឲ្យជួយ មិនគិតជួយគ្នាទេ ដោយមានគំនិតថា ហេតុភេទអាក្រក់ៗមិនកើតឡើងដល់ខ្លួនៗបានសុខរហូត តែទីបំផុតក៏ត្រូវរង់គ្រោះដោយគេអារក ចាក់កសម្លាប់ដូចៗគ្នា នៅពេលដែលប្រពន្ធម្ចាស់ផ្ទះឆ្លងទន្លេ គេក៏សម្លាប់មាន់និងគោនោះយកមកធ្វើម្ហូបទទួលលៀងភ្ញៀវដែលមកលេងអស់ទៅ ។

នេះថា អំពើណាធ្វើទៅហើយ មានភាពក្ដៅក្រហាយដល់អ្នកដទៃ មានសេចក្ដីសប្បាយដល់ខ្លួនឯង លោកថាកុំធ្វើ កុំប្រព្រឹត្ត, អំពើណាធ្វើទៅហើយ ខ្លួនក្ដៅក្រហាយ អ្នកដទៃសប្បាយ លោកថាក៏កុំធ្វើ កុំប្រព្រឹត្ត, អំពើណាធ្វើទៅហើយអ្នកដទៃក្ដៅក្រហាយ ខ្លួនក្ដៅក្រហាយ លោកថាកុំធ្វើ កុំប្រព្រឹត្ត ហើយអំពើណាដែលធ្វើទៅហើយ ខ្លួនបានសុខ អ្នកដទៃក៏បានសុខ លោកថា ចូរប្រញាប់ធ្វើចុះ 

Monday, June 11, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៦)



កុំបញ្ឈប់ខ្លួនឯងនៅត្រង់សេចក្ដីទុក្ខ អ្នកអាចមានសិទ្ធិក្នុងការមានសេចក្ដីសុខ មិនចាញ់ជាងអ្នកដទៃឡើយ។ អ្នកខ្លះ គ្រាន់តែជួបនូវបញ្ហាបន្តិចបន្តួចសុខចិត្តដេកត្រាំជាមួយសេចក្ដីទុក្ខ ជាមួយនឹងបញ្ហានោះ មិនអាចរើខ្លួនឲ្យរួចបាន សុខចិត្តបណ្ដែតណ្ដោយតាមអារម្មណ៍ទន់ជ្រាយរបស់ខ្លួន ដោយគ្មានគំនិត គ្មានគន្លឹះច្រក់ចេញរួចបាន ។ វាអាចកើតឡើងបានមិនដូចអ្វីៗដែលយើងគិតស្មានទុកនោះឡើយ ព្រោះព្រះលោកនាថ ទ្រង់សំដែងប្រាប់ថា អ្វីៗក្នុងលោកនេះ វាមិនទៀងទាត់ មានការប្រែប្រែទៅគ្រប់ពេលវេលា ម្សិលមិញមិនដូចថ្ងៃនេះ ថ្ងៃនេះ ក៏មិនដូចថ្ងៃស្អែកដែរ ។ បើម្សិលមិញយើងបានសប្បាយចិត្ត កំសាន្ដចិត្ត  បានជោគជ័យក្នុងភារៈកិច្ចមួយចំនួន តែថ្ងៃនេះអាចជួបផលលំបាកវិលមុខឈឺក្បាល គិតអ្វីមិនចេញ គិតអ្វីមិនលេច តែថ្ងៃស្អែកយើងស្រឡះមុខស្រឡះមាត់វិញក៏ថាបាន ។ សេចក្តីទុក្ខ ឬឧបសគ្គ មិនចេះតែមានរហូតរាល់ៗថ្ងៃនោះទេ ហើយសេចក្ដីសុខក៏មិនប្រាកដថា វាមិនកើតឡើងដល់យើងដែរ ។ ជីវិតរបស់យើងប្រៀបដូចជាបរិយាកាសអ៊ីចឹង ថ្ងៃនេះព្រះអាទិត្យរះស្រឡះល្អ ស្អែកអាចមានភ្លៀងផ្គររន្ទះ អួអព្ទជាក់ជាមិនខានឡើយ ប៉ុន្តែបន្ទាប់ពីថ្ងៃស្អែកទៅ គង់តែមេឃលែងអួអព្ទ មេឃស្រះដូចដើមវិញជាមិនខាន ។ ដូច្នេះកុំបញ្ឈប់ខ្លួន ឬបង្អាក់ដំណើរខ្លួនឯង គ្រាន់តែជួបនូវបញ្ហាប្រឈមមុខបន្តិចបន្តួចនោះអី ព្រោះជីវិតយើងក្នុងថ្ងៃអនាគតអាចមានសេចក្ដីសុខមិនចាញ់ជាងអ្នកដទៃនោះទេ អ្វីដែលយើងត្រូវធ្វើក្នុងពេលនេះ មិនក្រៅពីពាក្យថា ស៊ូ អំណត់ ព្យាយាមឡើយ ដើម្បីឈានទៅរកគោលដៅអភិវឌ្ឍខ្លួនយើងឲ្យប្រសើរជាងថ្ងៃនេះទៅទៀត ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៥)




ធម្មជាតិបានបង្កើតមនុស្សលោកឲ្យមានត្រចៀកពីរ ភ្នែកពីរ និងមាត់មួយ នេះសរបញ្ជាក់ឲ្យឃើញថា គឺឲ្យមនុស្សយើងមើលឲ្យបានច្រើន ស្ដាប់ឲ្យបានច្រើន តែនិយាយឲ្យបានតិច ។ កាលណាយើងនិយាយច្រើនពេក មិនប្រាកដថា ការនិយាយរបស់យើងអាចចូលចិត្តនៃពួកមហាជនទេ ។ ពួកមនុស្សខ្លះដែលស្ដាប់យើងនិយាយអាចទទួលបានពាក្យនោះ យកទៅអប់រំចិត្តគំនិត ឲ្យបានជាប្រយោជន៍ ហើយពួកមនុស្សខ្លះទៀត មិនត្រូវការស្ដាប់ច្រើន កាលណាយើងនិយាយច្រើនពេកទៅ អាចមានទុក្ខទោសដល់ខ្លួនយើង ធ្វើឲ្យយើងក្ដៅក្រហាយចិត្ត បង់ខាតទ្រព្យសម្បត្តិនានា មកពីការនិយាយរបស់យើង ។ អ្នកឆ្លាតវៃ ប៉ិនប្រសប់ក្នុងការនិយាយត្រូវកាល ត្រូវទី និងត្រូវមនុស្ស ទើបអាចបានប្រយោជន៍ពីការនិយាយរបស់យើង ។ បើមិនដូច្នេះទេ ពាក្យនិយាយទាំងអម្បាលម៉ាននោះ ទោះជាមានប្រយោជន៍យ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍អ្វីដែរ ។ ជាពិសេស វចីកម្ម៤ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទ្រង់ត្រាស់សំដែងទុកមកហើយ មិនគួរដល់ការលើកមកនិយាយឡើយ ព្រោះវាគ្មានប្រយោជន៍សម្រាប់ខ្លួន និងអ្នកដទៃនោះឯង។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៤)



ធម៌សម្រាប់ជនពាល មិនមានន័យអ្វីឡើយ ដូចជាចាក់ទឹកលើខ្នងឆ្កែ វារលាស់ចេញអស់ មិនមានសល់ ។ ជនពាល មិនចូលចិត្តធម៌ ស្ដាប់ធម៌អ្វីឡើយ គ្រាន់តែឮកើតនូវទិដ្ឋិមានះធ្វើឲ្យចិត្តស្អប់តែម្ដង ស្ដាប់មិនចូល ព្រោះធម៌មិនមែនជាវត្ថុអាក្រក់ អពមង្គល អសម្បត្តិអ្វីឡើយ ។ ព្រះធម៌នេះ គឺពោលនិយាយអំពីអ្វីដែលជាសច្ចភាពជីវិតរបស់យើងរាល់ៗគ្នា  មានលាភ ឥតលាភ មានយស ឥតយស មានសុខ មានទុក្ខ ឬម្យ៉ាងទៀត យើងកើតមកតែងតែមានសេចក្ដីស្លាប់កំពុងរង់ចាំយើងនៅខាងចុងបំផុត ។ កាលណា យើងជួបត្រូវមានសេចក្ដីព្រាត់វិនាសនៅខាងចុង ។ យើងមានសភាពចាស់ទៅរាល់ៗថ្ងៃ យើងមានរោគាបៀតបៀនញាំញីទន្ទ្រានលើរូបកាយនេះរាល់ថ្ងៃ សេចក្ដីស្លាប់នៃស្ដេចមច្ចុមានគ្រប់ដង្ហើមចេញចូលរបស់យើង ។ ហើយអ្វីៗក៏មានសភាពមិនទៀង មានសភាពអត់បានដោយលំបាក មិនស្ថិតនៅក្រោមអំណាចបញ្ជារបស់យើងឡើយ  អ្នកសាងសុខឲ្យគេ គេនឹងសាងសុខឲ្យយើង បង្កទុក្ខឲ្យគេ ដូចជាសាងភ្នំទុក្ខ ភ្នំភ្លើងឲ្យខ្លួនឯង ។ ដូច្នេះ រៀបរាប់មកខាងលើមកប៉ុណ្ណេះ មិនបានជ្រាបចូលដល់ខួរក្បាលដល់ត្រចៀកបុគ្គលពាលឡើយ ។ ជនពាលតែងតែឃើញអំពើបាបមិនទាន់ឲ្យផល គិតថាវាផ្អែមឆ្ងាញ់ គួរដល់ការអនុវត្តធ្វើណាស់ តែដល់អំពើបាបឲ្យផលទើបមានវិប្បដិសារីដល់ខ្លួន ។