Friday, January 25, 2019

បើស្រឡាញ់នាងគឺត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាង



ថ្ងៃមួយនិស្សិតអាហារូបករណ៍ស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា ខ្ញុំដឹងថាបើគ្មានការអប់រំទេ គឺខ្ញុំនឹងក្លាយជាទាសករនៃពិភពលោកនេះ។ ខ្ញុំនឹងត្រូវធ្វើការងារលំបាកធ្ងន់ៗ មិនចេះហត់នឿយដូចម្ដាយខ្ញុំ។ បើខ្ញុំគ្មានការអប់រំទេ គឺអនាគតកូនរបស់ខ្ញុំ នឹងអាចដើរផ្លូវខុស ក្លាយទៅជាមនុស្សខ្វះសីលធម៌ និងអាចក្លាយជាមនុស្សអាក្រក់ទៀតផង ដោយសារតែខ្ញុំបានក្លាយជាស្រ្តីដែលមិនអាចអប់រំកូនរបស់ខ្លួនបានល្អ

ក្នុងចក្រវាល ធាតុញីគឺជាធាតុបង្កើតលោក។ នេះបើយោងទៅតាមទ្រឹស្តី ឡៅ ជឺ។ ស្រ្តី គឺជាមាតានៃពិភពលោក ហើយអប់រំស្រ្តី គឺមានន័យអប់រំសហគមន៍ទាំងមូល។ មេដឹកនាំធំៗទាំងអស់សុទ្ធតែកើតចេញពីស្រ្តី។ បើស្រ្តីគ្មានចំណេះដឹងដើម្បីអប់រំកូនទេ គឺគ្មានឡើយមនុស្សល្អ និងគ្មានឡើយមនុស្សខ្លាំង (មនុស្សខ្លាំងទាំងអស់សុទ្ធតែចេញពីស្រ្តីរឹងមាំ ប្រកបទៅដោយការអត់ធ្មត់)។ ការគិតបានវែងឆ្ងាយ កើតចេញពីការចេះអត់ធ្មត់ ហើយសក់វែងរបស់ស្រ្តី គឺមានន័យដល់ការអត់ធ្មត់ដ៏ខ្ពស់បំផុតនិងការគិតវែង។ ទ្រឹស្តីមាតាធិតេយ្យនិយមឬស្រ្តីនិយម (Feminism) អះអាងថា គ្មានការអភិវឌ្ឍន៍ណា មិនត្រូវការស្រ្តីនោះទេ ពីព្រោះបុរសត្រូវការស្រ្តី គ្រួសារត្រូវការស្រ្តី សហគមន៍ត្រូវការស្រ្តី ហើយអប់រំស្រី្តគឺអប់រំសហគមន៍ទាំងមូល។ គ្មានកន្លែងណាដូចផ្ទះយើង ហើយផ្ទះយើងក៏មិនដូចជាផ្ទះយើង បើសិនជាមិនមានអ្នកម្តាយនិងស្រ្តី។

មនុស្សប្រុសគឺជាធាតុរឹង ហើយមនុស្សស្រីគឺជាធាតុទន់។ រឹង គឺតែងប្រើខួរក្បាល ហើយទន់គឺតែងប្រើបេះដូងនិងមនោសញ្ចេតនា។ នៅពេលដែលបេះដូងនិងខួរក្បាលបញ្ជូលគ្នាតែមួយ គឺនឹងបង្កើតបានទៅជាអំណាចធំបំផុត (បុគ្គលម្នាក់ដែលអាចប្រើបេះដូងនិងខួរក្បាលបានស្របគ្នា នឹងបង្កើតបានទៅជាគតិបណ្ឌិតពិតប្រាកដមួយ)។ ក្នុងលទ្ធិព្រាហ្មណ៍ គេប្រៀបធៀបយកកដៃ និងបាតដៃមកផ្គុំចូលគ្នា ហើយបង្កើតបានជាម្រាមដៃទាំងប្រាំ (ហៅថាចំណង ៥ប្រការ)។ ចុងក្រោយ បើយើងជាមនុស្ស ឬជាបុរសដែលស្រឡាញ់សង្គម យើងដាច់ខាតត្រូវតែគោរពស្រឡាញ់មនុស្សស្រី។ តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?

បើយើងជាយុវជន ការស្រឡាញ់ដ៏ត្រឹមត្រូវបំផុត គឺមានន័យថា បើស្រឡាញ់នាង ត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាងសិន ដោយទុកពេលវេលាឱ្យនាងខិតខំប្រឹងប្រែងរៀនសូត្រ ព្យាយាមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា (ប្រើអារម្មណ៍យល់ចិត្ត ឬពាល់អារម្មណ៍ តែពុំមែនប្រើហេតុផលជាមួយនាងទេ) បើជាឪពុក បើអ្នកស្រឡាញ់កូនប្រុសស្រីរបស់អ្នក គឺដំបូងអ្នកត្រូវស្រឡាញ់ម្តាយរបស់កូនសិន (ស្រឡាញ់ប្រពន្ធឱ្យច្រើន ឬខ្មែរយើងប្រើពាក្យថា ស្រឡាញ់មេ បំពេរកូន)។ បើអ្នកជាកូនដែលស្រឡាញ់ម្តាយ គឺសូមកុំធ្វើទង្វើណាដែលនាំឱ្យម្តាយពិបាកចិត្ត៕
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ

Thursday, January 24, 2019

ជីវិតត្រូវតែក្លាហាន



ទ្រឹស្តីអ្នកសង្រ្គាមតែងលើកឡើងថា គ្មានទេរង្វាន់សម្រាប់លើកទឹកចិត្តដល់ទាហានដែលរត់ចោលជួរ។ អ្នកប្រាជ្ញទស្សនវិជ្ជាសង្គ្រាមមនោសញ្ចេតនា (Stoicism), សេណេកា (Seneca) និយាយថា សេរីភាព កើតមានតែចំពោះបុគ្គលដែលមានសេចក្តីក្លាហានប៉ុណ្ណោះ។ តើអ្នកប្រាជ្ញអេស្បាញដែលធ្លាប់បានទៅសិក្សានៅទីក្រុងរ៉ូម ចង់សំដៅអត្ថន័យនេះថាយ៉ាងម៉េច?

សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ និងជាអំណាចបារមីម្យ៉ាង ដ្បិតបើអ្នកណាដែលមានសេចក្តីក្លាហាន គឺតែងតែទៅមុខជាប់ជានិច្ច។ មនុស្សមានចំណេះដឹងដូចគ្នា និងមានចំណេះដឹងប្រហាក់ប្រហែលគ្នា តែបើមាននរណាម្នាក់ខ្វះសេចក្តីក្លាហាន គឺចាញ់ដៃគូម្នាក់ទៀតដែលមានសេចក្តីក្លាហាន។ មនុស្សល្ងង់ ចេះតែក្លាហានគ្រប់ពេល តែមនុស្សឆ្លាតដឹងពេលធ្វើកំសាក និងដឹងពេលដែលត្រូវតែក្លាហាន បើទោះបីជាត្រូវស្លាប់ក៏ដោយ។

ទស្សនវិទូក្រិច ប្លាតុង និយាយថា ភាពក្លាហាន គឺជាការដឹងនូវអ្វីដែលយើងមិនគួរខ្លាច។ នេះមានន័យថាត្រូវក្លាហានដោយបញ្ញា និងក្លាហានស្របនឹងសច្ចភាព។ មនុស្សអវិជ្ជាក្លាហានក្នុងកាលៈទេសៈគ្រោះថ្នាក់ វាគឺជាភាពល្ងង់ខ្លៅ។ ប៉ុន្តែមនុស្សមានបញ្ញាក្លាហានសំដៅទៅរកគ្រោះថ្នាក់ វាគឺជាការលះបង់មួយ។ ចំណេះដឹងក្តី ភាពរឹងមាំក្នុងជីវិតក្តី ឬជោគជ័យក្តី គឺវាមិនអាចកើតឡើងដោយចៃដន្យបានឡើយ។ ខ្ញុំរស់នៅមិនបានច្រើនឆ្នាំដូចមនុស្សដែលចាស់ជាងខ្ញុំ តែខ្ញុំហ៊ានអះអាងថា ជីវិត គឺវាលំបាកខ្លាំងណាស់ តែវាមិនមែនលំបាករហូតដល់យើងមិនអាចដើរទៅមុខបាននោះឡើយ

មនុស្សដែលមានលក្ខណៈជាបុគ្គលចម្រើននិយម ពេលឈឺក៏ត្រូវតែទៅមុខ ពេលទុក្ខក៏ត្រូវតែទៅមុខ ពេលសុខក៏ត្រូវតែទៅមុខ ពេលសប្បាយក៏ត្រូវតែទៅមុខ។ ទុក្ខធំ សប្បាយខ្លាំង វាមិនសំខាន់ឡើយ តែអ្វីដែលសំខាន់ គឺទៅមុខជានិច្ច។ មនុស្សត្រូវចេះក្លាហានដើរទៅមុខ ក្លាហានប្រឹងប្រែង កុំត្អូញត្អែរបណ្តែតអារម្មណ៍លន្លង់លន្លោចជ្រុលពេក ដ្បិតវាបើមានលក្ខណៈបែបនេះ ជីវិតនឹងគ្មានលទ្ធផលឡើយ។ ដឹងរឿងត្រូវធ្វើមុន ដឹងរឿងត្រូវធ្វើតាមក្រោយ តែកុំបណ្តោយខ្លួនពេក។ ជីវិត គឺជាការលះបង់ជីវិត ដើម្បីឱ្យខ្លួនមានជីវិតបន្តទៀត។ នេះហៅថាស្លាប់ដើម្បីរស់, ប្រឹងដើម្បីល្អ, ក្រដើម្បីមាន, បំពាននឹងរឿងអាក្រក់ដើម្បីរឿងល្អ, ប្រឹងបន្តជាមួយនឹងសេចក្តីក្លាហាន។ គ្មាននរណាម្នាក់ស្លាប់ដោយសារតែការប្រឹងប្រែងឡើយ។ អ្នកខ្លាំងក្នុងលោកទាំងអស់ សុទ្ធតែយកជីវិតមកប្តូរ ទើបរស់នៅបាន មានឈ្មោះជាគំរូមនុស្សទូទៅបាន៕

He who is brave is free. Seneca

Cr. ប្រតិទិនទស្សន

Wednesday, January 23, 2019

ចរិតអ្នករៀន



 អ្នករៀន ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីរៀន តែអ្នកមិនរៀនវិញ ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីដើរលេង។ អ្នករៀន ត្រូវហ៊ានឈឺចាប់ ដ្បិតរសជាតិនៃការអប់រំ តែងល្វីងជូរចត់មែនទែន តែផ្លែផ្ការបស់វាមានរសជាតិផ្អែមណាស់។ អ្នកក្រដែលគ្មានលុយរៀន គ្មានឱកាសរៀនសាលាល្អៗ គ្មានអ្នកជួយជ្រោមជ្រែង បើបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺពុំបានឡើយ។

ពេលក្រ កុំអស់សង្ឃឹម ពេលមាន កុំភ្លើតភ្លើន តែយើងត្រូវទប់ខ្លួនឯងឱ្យជាប់ ឈរឱ្យនឹង ហើយកុំរំជើបរំជួល។ សេចក្តីលំបាកធ្វើឱ្យមនុស្សឈឺចាប់ តែការឈឺចាប់ វាបានធ្វើឱ្យមនុស្សរឹងមាំ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា យើងត្រូវរៀនទទួលយកព្យុះភ្លៀងក្នុងជីវិត ដ្បិតបើគ្មានទឹកភ្លៀងទេ ក៏គ្មានដើមរុក្ខជាតិណាអាចដុះលូតលាស់បានដែរ។ អ្នកដទៃមានលុយ តែយើងមានឆន្ទៈ។ អ្នកដទៃមានអ្នកជួយជ្រោមជ្រែង តែយើងមានការអត់ធ្មត់និងចិត្តអំណត់។ ឆន្ទៈនិងចិត្តអំណត់ គឺជាអំណាច

អ្វីដែលបានលើកឡើងខាងនេះ វាជាគោលការណ៍ដែលខ្ញុំប្រើអស់រយៈពេលជិត ១៥ឆ្នាំ។ ការកើតជាមនុស្ស គឺជាមង្គលដ៏ឧត្តមមង្គល គឺដោយសារយើងនៅមានឱកាសប្រឹង។ មង្គល គឺដោយសារយើងមានឱកាសប្រើរូបរាងកាយនេះ ដើម្បីដុសខាត់ព្រលឹងរបស់ខ្លួន។ មង្គល គឺដោយសារយើងមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្លួនបាន។ មនុស្សដែលបានកើតក្នុងផែនដីនេះ អត់អ្វីអត់ចុះ តែកុំឱ្យតែអត់ស្គាល់ខ្លួនឯង

Without rain nothing grows, learn to embrace the storms of your life. Buddh


Tuesday, January 22, 2019

ចេះអត់ទ្រាំខ្លះ !!



មានពេលខ្លះ! ស្នាមរបួសលើសាច់ ក៏មានគុណសម្បត្តិរបស់វាដែរ ព្រោះដោយសារមានវា ទើបយើងតែងតែរម្លឹកប្រាប់ខ្លួនឯងថា " ថ្ងៃក្រោយត្រូវចេះប្រយ័ត្ន " ។ ការមុតបន្លាធ្វើឲ្យយើងឈឺចាប់ ការព្យាបាលធ្វើឲ្យយើងជាសះស្បើយ ហើយស្នាមរបួសធ្វើឲ្យយើងចងចាំ ។ គ្មាននរណាចង់មុតបន្លាទេ ប៉ុន្ដែទោះចង់ឬមិនចង់ ក៏យើងនៅតែមានស្នាមរបួស ទោះមិនដោយសារបន្លា ក៏វាកើតឡើងដោយសារហេតុផលផ្សេងៗ ។ មិនថាហេតុផលបែបណាទេ គ្រប់របត់ជីវិត វាគឺជាមេរៀនដែលយើងនឹងរៀនរហូតពេញមួយជីវិត ។ គ្មាននរណាចង់ចួបភាពអួរអាប់នៃជីវិតទេ ប៉ុន្ដែទោះចង់ឬមិនចង់ របត់ជីវិតនៅតែរុញយើងទៅមុខ ទៅចួបរឿងដែលយើងមិនចង់ចួប ។ មានរឿងខ្លះ! យើងគ្មានសិទ្ធិហាមឃាត់វាមិនឲ្យកើតឡើងទេ ។ ប៉ុន្ដែយើងមានសិទ្ធិឆ្លងកាត់វាដើម្បីបង្កើតថាមពលជីវិត ។ ពុំមានអ្នកជំងឺណា ដែលជាសះស្បើយដោយមិនឆ្លងកាត់រសជាតិល្វីងនៃថ្នាំបានទេ ហើយក៏ពុំមានកូនរុក្ខជាតិណាដែលដែលដុះថ្ងៃនេះ អាចធំរឹងមាំនៅថ្ងៃស្អែកបានដែរជីវិតគឺជាមេរៀន ហើយការរៀនគឺជាការឆ្លងកាត់ ការឆ្លងកាត់គឺជាការដកពិសោធ ការដកពិសោធ គឺជាទទួលយកនូវអ្វីដែលយើងបានរៀន " សូមអនុញ្ញាតិឲ្យស្នាមញញឹមរបស់អ្នកផ្លាស់ប្ដូរពិភពលោក តែកុំអនុញ្ញាតិឲ្យពិភពលោកផ្លាស់ប្ដូរស្នាមញញឹមរបស់អ្នក " Willard Carroll Smith Jr.

Cr. Sun Veasna

Sunday, January 20, 2019

មាសក្លែងក្លាយ



មានសុភាសិតខ្មែរមួយឃ្លាបានបង្រៀនថា " មាសសុទ្ធមិនខ្លាចភ្លើង " ។ បើយើងពិតជាល្អមែន ហេតុអ្វីខ្លាចការពិត? បើការពិតយើងគឺជាមាសមែន ហេតុអ្វីខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ? បើខ្លាចគឺមានតែយើងគឺជាមាសក្លែងក្លាយ ព្រោះបើមាសសុទ្ធមែន វាមិនខ្លាចភ្លើងទេ ។

ព្រះពុទ្ធសម្ដែងថា " ក្នុងលោកនេះមានរបស់បីយ៉ាង ដែលមិនអាចលាក់បាំងបាន ១ ព្រះអាទិត្យ ២ ព្រះចន្ទ ៣ ការពិត " មានពេលខ្លះការសាងកំហុសឡើងមក វាអាចជារឿងអចេតនា ព្រោះគ្មាននរណាចង់ខុសទេ តែការទទួលស្គាល់ និងចេះសុំទោសគឺជាការរក្សាតម្លៃក្នុងភាពជាមនុស្ស ។ បើធ្វើខុស តែមិនព្រមខុស នោះគឺជាកំហុសធ្ងន់ធ្ងរបំផុត ។ ដ្បិតយើងអាចប្រកែកឈ្នះគេ តែយើងចាញ់ក្នុងភាពជាមនុស្ស ។ ដ្បិតយើងអាចប្រកែកយកឈ្នះ តែយើងមិនអាចបំពានការពិតបានទេ ។

កំហុសតែងធ្វើឲ្យមនុស្សរអៀសខ្លួន រអៀសខ្លួនទើបខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ ខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃទើបព្យាយាមគេចមុខ គេចមុខក៏ព្រោះតែខ្លួនមានកំហុស ។ គ្មាននរណាដែលមិនចេះខុសទេ សំខាន់ត្រូវចេះទទួលខុសត្រូវលើទង្វើខ្លួនឯង ។ ដ្បិតមានពេលខ្លះយើងអាចរត់គេច ។ ប៉ុន្ដែមិនថាយើងរត់គេចទៅដល់ទីណា ក៏យើងនៅតែស្ពាយឈ្មោះជាមនុស្សមានកំហុសជាប់ជានិច្ច ។ ជីវិត! គឺជាការរៀន ហើយការសាងកំហុស និងចេះសុំទោសក៏ជាមេរៀនជីវិតដែរ ព្រោះមនុស្សមិនអាចខ្វះគុណតម្លៃបានទេ ហើយដើម្បីរក្សាគុណតម្លៃបាន លុះត្រាតែយើងដុះខាត់ព្រលឹងខ្លួនឯង ឲ្យមានគុណធម៌ជាមុនសិន ។ ដ្បិតមនុស្សគ្មានគុណធម៌ គឺមានតែមនុស្សពាល គឺបុគ្គលដែលបានកាត់ប្រយោជន៍ខ្លួនឯងផង អ្នកដទៃផង ហើយកាត់ប្រយោជន៍លោកនេះផង និងលោកខាងមុខផង

Cr. Sun Veasna 
picture's google

Saturday, January 19, 2019

ចំណែកនៃដំណោះស្រាយ



បើយើងមិនអាចធ្វើជាចំណែកនៃដំណោះស្រាយរបស់នរណាម្នាក់ទេ យើងមិនគួរធ្វើជាមនុស្សដែលចាំស្ដីបន្ទោសគេទេ ។ បើមិនអាចជួយអ្នកដទៃ សូមកុំធ្វើជាមនុស្សដែលបំបាក់ទឹកចិត្តអ្នកដទៃ ។ គ្មាននរណាម្នាក់ចង់ឲ្យជីវិតមានបញ្ហាឡើយ ។ ប៉ុន្ដែមានរឿងខ្លះយើងគ្មានសិទ្ធិហាមវាមិនឲ្យកើតឡើងទេ ព្រោះមានរឿងខ្លះគឺយើងអាចនឹងមិននឹកស្មានថាវាកើតឡើង ។ នៅពេលដែលកំហុសមួយបានកើតឡើងរួចហើយ យើងពិតជាមិនចង់បានការស្ដីបន្ទោសទេ គឺយើងចង់បានដំណោះស្រាយច្រើនជាង ។ ប៉ុន្ដែបើគ្មានដំណោះស្រាយ ហើយមានតែការស្ដីបន្ទោស តើយើងនឹងមានអារម្មណ៍ឈឺចាប់យ៉ាងណាទៅ? បើយើងយកចិត្តគេមកដាក់ក្នុងចិត្តខ្លួនឯងបាន នោះគឺពិតជាប្រសើរណាស់ ព្រោះយើងនឹងបានដឹងថា គេក៏ដូចយើង យើងក៏ប្រហែលជាមិនខុសពីគេដែរ ប្រសិនបើគេគឺជាយើង ។

ធ្វើខុសមិនចេះកែ គឺជាកំហុសធ្ងន់ធ្ងរ ។ ធ្វើខុសចេះកែមានការភ្ញាក់រឭក គឺជាមនុស្សមានតម្លៃ ប៉ុន្ដែបើធ្វើខុសហើយមិនកែ គឺស្មើនឹងបង្កើតកំហុសថែមមួយទៀត ។ ជីវិត! គ្មាននរណាគេចផុតពីកំហុសទេ ហើយក៏មិនមានមនុស្សដែលធ្វើខុសណាដែលអាចគេចផុតពីទណ្ឌកម្មជីវិតបានដែរ ។ កំហុសតែងតែធ្វើឲ្យយើងមិនសប្បាយចិត្ត អ្នកដទៃមិនសប្បាយចិត្ត តែបើវាធ្វើឲ្យយើងសប្បាយចិត្ត ក៏មិនប្រាកដថាយើងអាចគេងលក់ស្រួលនៅពេលយប់ដែរ ។

សច្ចភាពនៃសុចរិតភាព គឺគុណធម៌ ។ មនុស្សមានគុណធម៌ គឺដឹងខុសដឹងត្រូវ ដឹងធ្ងន់ស្រាល ដឹងល្អដឹងអាក្រក់ តែមនុស្សដែលលើសពីល្អគឺ " មិនធ្វើទង្វើណាដែលគេមិនចង់ឲ្យនរណា ធ្វើដាក់ខ្លួន " ។ គ្មានរណាចង់ខុសទេ មានតែមនុស្សអាក្រក់ទើបចង់ខុស ។ ប៉ុន្ដែបើយើងជាមនុស្សល្អ តើមានរឿងអីដែលយើងចង់ខុស? បើយើងធ្វើខុស តើយើងចង់បានដំណោះស្រាយ ឬចង់បានការស្ដីបន្ទោស? បើយើងចេះយកចិត្តគេ មកប្រៀបនឹងចិត្តខ្លួនឯង នោះយើងនឹងដឹងថាយើងក៏មិនខុសពីគេដែរ ៕

Cr. ប្រាជ្ញាជីវិត

Friday, January 18, 2019

ចាញ់បោកខ្លួនឯង



អ្នកដទៃគ្រាន់តែនិយាយាឲ្យយើងជឿ ហើយយើងជឿឬមិនជឿគឺឋិតលើបញ្ញារបស់យើង ថាតើវាអន់ឬវាខ្លាំង? ។ អ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីល្បាញ ឆាវឆាវ បានរម្លឹកថា " មានពេលខ្លះ របស់ក្លែងក្លាយ វាមានប្រសិទ្ធភាពជាងរបស់ពិតទៅទៀត "

គ្មានមនុស្សណាដែលល្ងង់ជាងមនុស្សមិនព្រមគិតឲ្យស៊ីជម្រៅនោះទេ ហើយក៏គ្មានអ្នកបោកប្រាស់ណា ដែលអាចបោកមនុស្សមានគំនិតវែងឆ្ងាយបានដែរ។ មានពេលខ្លះសូម្បីតែភ្នែក និងត្រចៀករបស់យើង ក៏អាចបោកប្រាស់យើងបាន ហើយមានពេលខ្លះទៀតសូម្បីតែខួរក្បាល ក៏ចាញ់បោកគេម្ដងៗដែរ ។ ប៉ុន្ដែមានរបស់ម្យ៉ាងដែលអាចការពារយើងបាន នោះគឺ " បញ្ញា " កុំងាយជឿគេផ្ដេសផ្ដាស ព្រោះជំនឿគឺជាភាពល្ងង់ខ្លៅ

យោងតាមទ្រឹស្ដីពុទ្ធនិយម បង្រៀនថា " ជំនឿស្មើល្ងង់ " ព្រះពុទ្ធមិនដែលបង្រៀនឲ្យមនុស្សជឿព្រះអង្គទេ ព្រះអង្គគ្រាន់តែបង្រៀនឲ្យមនុស្សមាន " បញ្ញា " យល់ពីសច្ចភាពនៃចិត្តវិញ្ញាណរបស់មនុស្សសត្វក្នុងលោកប៉ុណ្ណោះ ។ បើនៅសុខៗគេមកប្រាប់រឿងអសកម្មណាមួយ ហើយយើងជឿដោយគ្មានមូលដ្ឋាន វាមិនខុសពីមនុស្សខ្វាក់ច្រឡំផ្លូវដើរនោះទេ ។ គ្មានមនុស្សណាល្ងង់ជាងមនុស្សពូកែជឿផ្ដេសផ្ដាសឡើយ ហើយក៏គ្មានអ្នកបោកប្រាស់ណា ដែលអាចបោកមនុស្សមានបញ្ញាបានដែរ

Cr. Sun Veasna

Thursday, January 17, 2019

ស្នេហានិងកាលៈទេសៈ



សុភាសិតជនជាតិជ្វីបមួយឃ្លា បានអប់រំថា " ប្រសិនបើអ្នកចង់ជួបជាមួយនឹងរាជបុត្រី អ្នកត្រូវធ្វើខ្លួនឯងឲ្យក្លាយជារាជបុត្រាជាមុនសិន" ។ ស្នេហាពិត គឺកើតពីក្ដីស្រឡាញ់ មិនទាក់ទងរឿងបុគ្គលទេ ។ មិនសំខាន់មានក្រ មិនសំខាន់អាក្រក់ល្អ តែសំខាន់លើចិត្តស្រឡាញ់ ឬមិនស្រឡាញ់ ។ ប៉ុន្ដែបើមើលលើសង្គមបច្ចុប្បន្ន ភាគច្រើនគេមិនប្រើនិយមន័យស្នេហ៍ពិតទេ គេច្រើនប្រើនិយមន័យយសនិយម ។ នេះជាមូលហេតុដែលធ្វើឲ្យក្ដីស្រឡាញ់ពិត ត្រូវស្រាលជាចំនួនទឹកលុយ ។

មនុស្សយើងបើក្រពះទទេ គឺធ្វើអីមិនកើតឡើយ ។ បើមានតែក្ដីស្រឡាញ់ តែគ្មានអ្វីសោះក៏គ្មានក្ដីសុខដែរ ។ ស្នេហាមិនមែនជាការយកលុយទៅឲ្យគេទេ តែវាត្រូវការកិត្តិយស វាត្រូវការភាពរឹងមាំ វាត្រូវការថាមពលជីវិត វាត្រូវការភាពសុខសាន្ដ និងតម្រូវការផ្សេងៗទៀតជាច្រើន ដែលយើងត្រូវប្រើលុយដើម្បីទិញពួកវា ។ ប៉ុន្ដែបើយើងគ្មានអ្វីសោះ តើយើងទៅយកមូលហេតុទាំងនោះមកពីណា ? បើយើងគ្មានអ្វីសោះ តើត្រូវធ្វើយ៉ាងណាទើបអាចឈរក្បែររាជបុត្រីបានទៅ?

ស្នេហាជាតម្រូវការបេះដូង តែចំណេះដឹងជាតម្រូវការខួរក្បាល និងក្រពះ ។ បើក្រហើយគ្មានចំណេះដឹង គឺជីវិតគ្មានន័យទេ ។ តែបើក្រហើយមានគំនិត គឺបានន័យថាមានកំណើត ។ មនុស្សមានកំណើត គេប្រាកដជាអាចឈរក្បែរមនុស្សដែលគេស្រឡាញ់ ។ គេប្រាកដជាអាចបង្កើតភាពសុខសាន្ដ បង្កើតកិត្តិយស បង្កើតថាមពលជីវិតរបស់គេបាន ។ យើងគួរតែផ្លាស់ប្ដូរភាពអវិជ្ជមានខ្លួនឯងឲ្យបាន មុននឹងចង់បានបេះដូងអ្នកដទៃ ព្រោះក្ដីស្រឡាញ់គឺស៊ីមិនកើតទេ

Cr. ប្រាជ្ញាជីវិត

Wednesday, January 16, 2019

កុំបង្អាប់ខ្លួនឯង



កុំអស់សង្ឃឹម បើយើងគ្រាន់តែបរាជ័យម្ដង ឬពីរដង ព្រោះទម្រាំកីឡាករឆ្នើមម្នាក់ឡើងដល់ចំណុចកំពូល ប្រហែលគេបរាជ័យច្រើនជាងយើងទៅទៀត ។ កុំតូចចិត្ត បើគ្រាន់តែថ្ងៃនេះយើងទន់ខ្សោយ ព្រោះទម្រាំមនុស្សខ្លាំងដណ្ដើមបានជោគជ័យ គេប្រហែលដួលច្រើនជាងយើងរាប់សិបដងទៅទៀត ។ កុំមើលងាយខ្លួនឯង បើគ្រាន់តែឃើញគេអស្ចារ្យជាងយើង ព្រោះបើយើងព្យាយាមអភិវឌ្ឍខ្លួន ថាមិនត្រូវយើងអាចឡើងខ្ពស់ជាងគេទៅទៀត ។ កុំបោះបង់ក្ដីស្រមៃខ្លួនឯងដោយសារសម្ដីអ្នកដទៃ ព្រោះអនាគតរបស់យើង គឺសម្រេចលើយើង មិនមែនស្រេចលើមាត់របស់គេនោះទេ ។ កុំគិតថាខ្លួនឯងធ្វើមិនកើត ព្រោះមនុស្សអស្ចារ្យ ក៏អាចកើតពីជនតូចតាចបានដែរ ៕

Cr. ប្រាជ្ញាជីវិត

Saturday, January 5, 2019

១០ហេតុផលដែលត្រូវ ឈប់ខ្វល់ពីសម្ដីមនុស្ស!



១. មនុស្សដែលនិយាយដើមយើងច្រើនបំផុត
គឺជាមនុស្សដែលស្គាល់យើងតិចបំផុត។

២. សច្ចធម៌នៃការរស់នៅក្នុងលោកមួយនេះ
គឺយើងរមែងត្រូវបានមនុស្សនិន្ទា។

៣. មនុស្សភាគច្រើនដែលរិះគន់យើង
គឺជាមនុស្សមិនធ្លាប់ឈប់តាមដានលទ្ធផលយើងឡើយ។

៤. មនុស្សដែលថាខ្លួនឯងចេះ គ្មានតម្លៃ និងមិនបានទទួលការយល់ព្រម
នឹងមើលឃើញពីប្រការខ្វះខាតរបស់គេទេ។

៥. មើលងាយអ្នកដទៃឲ្យតិច
ធ្វើឲ្យគេមានអារម្មណ៍ល្អប្រសើរឡើង ឬលើកសរសើរគេឲ្យបានច្រើនឡើង។

៦. រឿងខ្លះដែលអ្នកដទៃនិយាយ
ចង់ប្រាប់ពីរឿងខ្លួនគេ មិនមែនខ្លួនយើងឡើយ។

៧. យើងមិនមែនជាមនុស្សល្អឥតខ្ចោះក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាទេ
ហើយវាក៏មិនអាចទៅរួច ដែលឲ្យអ្នកដទៃមកចូលចិត្តយើងទាំងអស់ដែរ។

៨. ចង់បានភាពជោគជ័យ
ផ្ដោតលើមនុស្សដែលស្រឡាញ់យើង មិនមែនស្អប់យើងទេ។

៩. ចង់ប្រើជីវិតឲ្យមានក្ដីសុខ
ត្រូវឈប់ខ្វល់ពីសម្ដីអ្នកដទៃ។

១០. កុំផ្ដល់ភាពសំខាន់ក្នុងរឿងដែលឥតបានការ
តិចវាក៏កន្លងផុតទៅ៕

Cr. គោលគំនិតល្អដើម្បីជីវិត

Friday, January 4, 2019

អង្គុយគិតតែសង្ស័យ!!!



បើខ្ញុំបំពាក់គំនិតល្បិចកលក្នុងខួរក្បាលគ្រប់ពេល តើមួយថ្ងៃខ្ញុំត្រូវពាក់របាំងមុខប៉ុន្មាន? បើខ្ញុំអង្គុយតែសង្ស័យមនុស្សជុំវិញខ្លួនគ្រប់ពេល ខ្ញុំប្រហែលរកក្ដីសុខឲ្យខ្លួនឯងពុំឃើញឡើយ ថាមិនត្រូវអាចឡប់សតិទៀតផងក៏ថា ។ បើខ្ញុំអង្គុយតែរៀនពីល្បិចកលរបស់អ្នកដទៃ ក៏ប្រហែលជាអាចសុបិនអាក្រក់រាល់យប់ផងក៏មិនដឹង!! ។ បើខ្ញុំអង្គុយតែគិតថាក្នុងលោកនេះគ្មានមនុស្សល្អ តើពេលណាទើបខ្ញុំមានមិត្តល្អ អ្នកជិតខាងល្អ ឬញាតិសន្ដានល្អទៅ?  តើហត់ទេ ដែលត្រូវរស់នៅជាមួយគំនិតសង្ស័យគ្នា ប្រើល្បិចដាក់គ្នាមិនចេះចប់មិនចេះហើយបែបនេះ? បើអង្គុយតែសង្ស័យគ្នាអ៊ីចឹង តើពេលណា ខែណា ឆ្នាំណា ទើបយើងមានសន្ដិភាពជាមួយគ្នាទៅ?

ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់មនុស្ស ។ ភាពក្រឡេចក្រឡុច គឺជាសញ្ញាសម្គាល់របស់មនុស្សអាក្រក់ ។ គ្មាននរណាម្នាក់មិនចង់បានសន្ដិភាពជីវិតទេ ក៏គ្មានសន្ដិភាពឯណាបង្កើតឡើងដោយវប្បធម៌ល្បិចកល ក្រឡិចក្រឡុច សង្ស័យគ្នាមិនចេះចប់មិនចេះហើយនោះដែរ ។

យើងគួរស្វែងរកសន្ដិភាព ដ្បិតមនុស្សរស់នៅគឺត្រូវការសន្ដិភាព ។ មានសន្ដិភាពមានភាពសុខសាន្ដ គ្មានទីឋានណាដែលគេស្វាគមន៍មនុស្សអាក្រក់ទេ ជាពិសេសមនុស្សដែលមានល្បិចពេញពោះ ។ ឲ្យតែនឹកដល់ពាក្យថាសន្ដិភាព ខ្ញុំតែងរលឹកដល់ពាក្យទូន្មានរបស់អ្នកប្រាជ្ញ ខុងជឺ ដែលលោកបានប្រាប់ថា " កុំធ្វើទង្វើណា ដែលយើងមិនចង់ឲ្យគេធ្វើដាក់យើង " ។ ព្រះពុទ្ធ ក៏បានបង្រៀនដែរថា " គ្មានភ្លើងណាឆេះស្មើនឹងភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើនឹងការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើនឹងសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើនឹងភាពលោភលន់របស់មនុស្សឡើយ ។ សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ "គ្មានការឈឺចាប់ណា ស្មើភ្លើងកិលេស ។ គ្មានសត្រូវកាចសាហាវណា ស្មើនឹងចិត្តល្ងង់ខ្លៅ ។ គ្មានការវង្វែងណា ស្មើនឹងវង្វេងប្រយោជន៍ភ្លេចមិត្តភក្តិ ញាតិសណ្ដាននោះទេ

Cr. Sun Veasna

Thursday, January 3, 2019

អ្វីៗគ្រប់យ៉ាងសុទ្ធតែអាចប្រួលប្រែ



មនុស្សដែលអ្នកស្រលាញ់ថ្ងៃនេះ​ គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកក៏គាត់នៅតែស្រលាញ់អ្នក ថ្ងៃស្អែកជាថ្មីមួយទៀតក៏គាត់នៅតែស្រលាញ់ ហើយគាត់ក៏អាចចាកចេញទៅ ដោយបន្សល់ត្រឹមតែស្នាមអនុស្សាមួយដ៏ល្អតែ​ប៉ុណ្ណោះ​ ។

ទីកន្លែងមួយ ដែលអ្នកធ្លាប់មកជាមួយ​មនុស្សដែលអ្នកស្រលាញ់ ថ្ងៃណាមួយវាក៏អាចនឹងលែងមានវត្តមានរបស់មនុស្សម្នាក់​នោះក៏ថាបាន​ ។

ពេលវេលានិងស្នេហាដ៏ផ្អែមល្ហែមរបស់អ្នក អាចនិងបាត់បង់ទៅនៅថ្ងៃណាមួយមិនខាន​ ។

កែវភ្នែកដែលធ្លាប់តែស្រលះល្អរបស់អ្នក អាចនិងត្រូវស្រវាំងដោយដំណក់ទឹកភ្នែកនៅថ្ងៃណាមួយមិនខាន​ ។

ក្ដីសុខដែលធ្លាប់មាន អាចនិងបាត់បង់ទៅ ហើយជំនួសមកវិញដោយសេចក្ដីទុក្ខក៏ថាបាន​ ។

គ្រប់​យ៉ាង​សុទ្ធតែអាចប្រួលប្រែបានទាំងអស់ គ្មានអ្វីមានភាពឋិតថេរ​នោះ​ទេ ហើយយើងខ្លួនឯងផ្ទាល់ ត្រូវតែរៀនទទួលយករឿងទាំងអស់​នោះ​ផង​ណា៎​ ...​

រៀនធ្វើមនុស្សថ្មី!



ខុងជឺ ពោលថា " អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ ហើយអ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ " ។ មនុស្សអស្ចារ្យព្យាយាមស្វែងរកខ្លួនឯង ហើយរៀនស្គាល់ពីសក្ដានុពលខ្លួនឯង ។ ចំណែកមនុស្សធម្មតាស្វែងរកប្រយោជន៍ពីអ្នកដទៃ ឬស្វែងរកដង្ហើមពីអ្នកដទៃ (មិនស្គាល់ខ្លួនឯង ) ។ មនុស្សដែលអាចបង្កើតសមិទ្ធផលជីវិតដោយកម្លាំងខ្លួនឯង ខុងជឺ បានឲ្យឈ្មោះថា " បុគ្គលអស្ចារ្យ " ។ ចំណែកមនុស្សដែលស្វែងរកខ្លួនឯងពីក្នុងខ្លួនអ្នកដទៃ ខុងជឺ ឲ្យឈ្មោះថា "បុគ្គលធម្មតា "

មនុស្សយើងកើតមក តែងមានទេពកោសល្លខុសប្លែកគ្នា គ្រាន់តែអ្នកខ្លះអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនបាន ហើយអ្នកខ្លះមិនអាច ។ មនុស្សដែលអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនឯងបាន នោះក៏ព្រោះតែគេស្គាល់ខ្លួនឯងជានរណា ហើយមានសមត្ថភាពអ្វី? មានសក្តានុពលខ្លាំងប៉ុនណា? ។ ហើយនេះជាមូលហេតុដែលបិតាទស្សនវិទូ សូក្រាត តែងចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះការស្គាល់ខ្លួនឯងច្បាស់ ជាចំណុចចាប់ផ្តើមនៃការស្វែងរកធនធានជីវិត ។

មនុស្សជាច្រើនតែងជឿលើការបន់ស្រន់ ហើយមិនសូវជឿលើសមត្ថភាពខ្លួនឯង សូម្បីតែខ្ញុំ ។ ប៉ុន្ដែធាតុពិតទៅ ជំនឿគ្រាន់តែជារឿងគួបផ្សំប៉ុណ្ណោះ វាមិនអាចឲ្យយើងពឹងទាំងស្រុងបានទេ ។ បុរាណខ្មែរពោលថា "គំនិតមិនកើត កំណើតមិនមាន " មិនប្រឹងខ្លួនឯងឲ្យខ្លាំង តើទេវតាណាជួយយើងបានទៅ!! ។ ចង់ឲ្យទេវតាជួយ លុះត្រាតែយើងខ្លាំងដែរ ឬអាចនិយាយបានថា " ទេវតាជួយតែមនុស្សខ្លាំងប៉ុណ្ណោះ " ។

ដើម្បីទទួលបានផ្លែផ្កាជីវិតដោយងាយស្រួល យើងគួរពិសោធមើលថា " តើយើងជានរណា? តើយើងពូកែអ្វី? តើយើងមានសក្តានុពលខ្លាំងផ្នែកអ្វី? តើយើងគួរធ្វើអ្វីចំពោះសក្តានុពលខ្លួនឯង? ហើយសំណួរចុងក្រោយដែលយើងត្រូវឆ្លើយឲ្យខានតែបាននោះ គឺតើយើងនឹងចម្រាញ់ផ្លែផ្កាជីវិតពីសក្ដានុពលខ្លួនឯងបានដោយរបៀបណា? ចម្លើយនៃសំណួរទាំងនេះ គឺជាចម្លើយនៃការស្គាល់ខ្លួនឯង ៕

Cr. ប្រាជ្ញាជីវិត

Wednesday, January 2, 2019

ជីវិតមនុស្សខ្លីណាស់



ជីវិតមនុស្សខ្លីណាស់​ ខ្លីដូចគេព្រិចភ្នែក។
ជីវិតមនុស្សផុយណាស់​ ផុយដូចក្រដាសជូតមាត់។​
ហេតុនេះហើយ​ទើបពេលដែលយើងមានមនុស្សដែលយើងស្រឡាញ់នៅក្បែរ​ យើងត្រូវធ្វើល្អដាក់គេឲ្យបានច្រើន​ នោះពេលបាត់បង់គេជារៀងរហូតយើងនឹងមិនស្ដាយក្រោយ។​

កុំយំ​ បើមនុស្សដែលយើងស្រឡាញ់ស្លាប់​ តែត្រូវយំបើសិនយើងធ្លាប់ធ្វើឲ្យគេយំដោយសារយើង​ ធ្លាប់ធ្វើបាបគេ​ ធ្លាប់បោះបង់គេ​ ធ្លាប់មិនយកចិត្តទុកដាក់នឹងគេ​ ធ្លាប់មិនផ្ដល់ក្ដីស្រឡាញ់ឲ្យគេ។​ តែត្រូវចាំថា​ ការយំនោះនឹងមិនបានអ្វីមកវិញ​ ក្រៅពីតួកម្សត់ក្នុងរោងបុណ្យឡើយ

ត្រូវសប្បាយចិត្ត​ នៅពេលមនុស្សដែលយើងស្រឡាញ់ស្លាប់​ ព្រោះគេផុតទុក្ខហើយ​ ហើយយើងក៏បានធ្វើល្អនឹងគេអស់ពីចិត្ត​ ស្រឡាញ់គេអស់ពីចិត្ត​ គិតគេអស់ពីចិត្ត​ នៅក្បែរនិងមើលថែគេអស់ពីចិត្ត។

នៅពីក្រោយការយំពេលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់​ មិនមែនព្រោះស្ដាយអ្នកដែលស្លាប់ទៅនោះទេ​ តែស្ដាយដែលមិនបានធ្វើរឿងអ្វីមួយចំពោះគេ​ពេលដែលនៅក្បែរគ្នា។

ខ្ញុំយំ​ នៅពេលដឹងថាមិត្តរបស់ខ្ញុំស្លាប់​ ព្រោះកាលគេនៅរស់​ ខ្ញុំមិនដែលសូម្បីតែឆាតសួរគេ​ ថាគេសុខសប្បាយឬអត់។

ខ្ញុំមិនយំ​ នៅពេលដែលអ៊ុំប្រុសខ្ញុំស្លាប់ ព្រោះកាលគាត់នៅរស់​ ខ្ញុំបានស្រឡាញ់គាត់ហើយ។​ ខ្ញុំបានជួយអ្នកម្ដាយធ្វើម្ហូបដែលគាត់ចង់ពិសារួចហើយ​ ខ្ញុំលែងស្ដាយក្រោយហើយ។​

កុំឲ្យពាក្យស្ដាយក្រោយ​ កើតឡើងដដែលៗ​អី​។​ ស្រឡាញ់មនុស្សជាទីស្រឡាញ់ឲ្យអស់ពីចិត្ត​ មិនថាជាឪពុកម្ដាយ​ មិត្តភ័ក្ដិ​ បងប្អូន​ ឬអ្នកណាទេ​ នោះយើងនឹងមិន"ស្ដាយក្រោយ"​ទោះគេទៅមុនយើង​ ឬយើងទៅមុនគេក៏ដោយ។

Tuesday, January 1, 2019

ធ្វើជាមនុស្សស្រមោច



មនុស្សដែលសប្បាយដាច់បង្ហៀរ គឺប្រៀបដូចជាសត្វរ៉ៃ តែមនុស្សដែលមិនប្រហែសដៃ ប្រឹងប្រែងប្រើសន្តិភាពបង្កើនភាពជោគជ័យថែមទៀត គឺប្រៀបដូចជាសត្វស្រមោច

នៅក្នុងជីវិតមនុស្សភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់នូវភាពជោគជ័យ តែមានមនុស្សតិចតួចបំផុតដែលអាចរក្សាជ័យជម្នះឱ្យនៅខាងខ្លួនបានរហូត។ ជោគជ័យគ្មានអ្វីអស្ចារ្យ តែមនុស្សដែលអស្ចារ្យ គឺជាអ្នកដែលចេះថែរក្សាជោគជ័យឱ្យនៅខាងខ្លួនជានិច្ច។ បរាជ័យគ្មានអ្វីគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ ដោយមិនហ៊ានសាកល្បងប្រឹងបន្តម្តងទៀត។ ពេលឈ្នះមិនរំភើប ពេលចាញ់មិនញាប់ញ័រតក់ស្លុត។ ពេលយើងឈ្នះ យើងមិនអស្ចារ្យដូចអ្វីដែលអ្នកដទៃសរសើរ ហើយពេលយើងចាញ់ យើងក៏មិនអន់ខ្លាំង ដូចអ្វីដែលអ្នកដទៃគិតដែរ។ យកស្រួល តែពិបាករក្សា។ តើត្រូវរក្សាជោគជ័យយ៉ាងដូចម្តេច?

នៅក្នុងព្រេងនិទានខ្មែរ យើងមានរឿងសត្វរ៉ៃ និងស្រមោច ដែលបង្ហាញថា រ៉ៃតែងតែសប្បាយដាច់បង្ហៀរនឹងជោគជ័យ សប្បាយភ្លេចខ្លួន...។ ប៉ុន្តែស្រមោចវិញ ជាសត្វដែលចេះត្រៀមខ្លួន ចេះគិតពីអនាគត និងមានទស្សនវិស័យ ឬជាអ្នកការពារហានិភ័យ (risk management/risk prevention)។ ខ្ញុំនៅចាំសម្តីរបស់រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ មនុស្សធម្មតាដោះស្រាយបញ្ហា នៅពេលមានបញ្ហាកើតឡើង តែមនុស្សឆ្លាតការពារបញ្ហាមុនវាកើតឡើង។ សុភាសិតខ្មែរពោលថា ការពារទុក ស្រណុកជាងកែខៃ។ ការពារ វាប្រសើរជាងព្យាបាល។ តើយើងអាចរៀនមេរៀនអ្វីខ្លះពីសត្វស្រមោច? ទស្សនវិជ្ជារបស់សត្វស្រមោចដែលយើងអាចរៀនសូត្របាន និងអាចអនុវត្តបាន៖

ទី១. ស្រមោចជាសត្វដែលចេះប្រឹង មិនងាយបោះបង់ ទៅមុខជានិច្ច។ ពេលស្រមោចកំពុងតែវាលើដី ឬវាសំដៅទៅទិសដៅណាមួយ ចូរយើងសាកល្បងយកអ្វីមករារាំងវា។ ប្រតិកម្មរបស់ស្រមោច គឺទៅមុខជានិច្ច ឬស្វែងរផ្លូវចេញ។ មនុស្សយើង ចង់សម្រេចអ្វីមួយ បើខ្វះអ្វីអាចខ្វះបាន តែកុំខ្វះឆន្ទៈ ដ្បិតបើយើងមានឆន្ទៈចង់ធ្វើអ្វីមួយ គឺយើងនឹងប្រឹងប្រែងស្វែងរកវិធីធ្វើរឿងនោះឱ្យទាល់តែបាន។ ប្រៀបដូចជាស្រមោច ដែលរកវិធីទៅមុខជានិច្ច ដោយប្រើប្រាស់នូវផ្លូវផ្សេងៗ។

ទី២. ស្រមោចតែងតែគិតថា រដូវរងាជារដូវក្តៅ ហើយរដូវក្តៅជារដូវរងា។ ទស្សនៈបែបនេះ តែងរំឮកដល់សត្វស្រមោចថា រដូវណា ថ្ងៃណា ខែណា ក៏វាសុទ្ធតែជាពេលវេលានៃការប្រឹងប្រែងជានិច្ច ដោយពុំភ្លេចខ្លួនសោះឡើយ។ ខែរងារ ក៏ប្រឹងធ្វើការ ខែប្រាំងក៏នៅតែប្រឹងធ្វើការ គឺប្រឹងជាប់ជានិច្ច។ នេះជាយុទ្ធសាស្រ្តនៃការថែរក្សាស្បៀង យុទ្ធសាស្រ្តប្រមូលស្បៀង យុទ្ធសាស្រ្តរស់បានយូរអង្វែង។ ចំពោះមនុស្សវិញ ទស្សនៈនេះមានន័យថា បើចង់ខ្លាំង ត្រូវប្រឹងរហូត


Monday, December 24, 2018

ធ្វើរឿង៣នេះឲ្យគ្រប់ ជីវិតនឹងរីកចម្រើន



១) ព្យាយាមបំពេញតួនាទី៖ មានន័យថា មនុស្សយើងម្នាក់ៗ ត្រូវចេះទទួលខុសត្រូវលើតួនាទីរបស់ខ្លួនឯង ដោយអស់ពីកម្លាំងកាយចិត្តនិងអស់សមត្ថភាព លទ្ធភាពដែលខ្លួនមានទាំងផ្នែកការងារ គ្រួសារ សង្គម និងប្រទេសជាតិ គឺការធ្វើតួនាទីក្នុងពេលបច្ចុប្បន្ននេះឲ្យបានល្អបំផុត មិនចាំបាច់រង់ចាំព្រេងសំណាងនៃព្រហ្មលិខិតទេ គឺយើងលិខិតដោយខួរក្បាល ដៃជើងទាំងទ្វេរបស់យើងនេះឯង គឺយើងត្រូវបំពេញតួនាទីយ៉ាងហ្មត់ចត់ ដោយគ្មានលេសអាង បំពេញតួនាទីដោយមុតមាំជាប់មិនដាច់ រហូតដល់បានសម្រេចជាស្ថាពរ។

២) ព្យាយាមសិក្សារកចំណេះដឹង៖ មានន័យថា យើងម្នាក់ៗ ត្រូវធ្វើខ្លួនជាអ្នករៀនសូត្រជានិច្ច ចេះខ្វល់ខ្វាយស្វែងរកចំណេះវិជ្ជា បើកបង្ហាញបទពិសោធចំណេះដឹងរបស់ខ្លួនឲ្យធំទូលាយ ត្រូវចេះស្ដាប់ការផ្ដល់មតិយោបល់ពីជននានាដែលនៅជុំវិញ ធ្វើខ្លួនឲ្យដូចជាទឹកកន្លះកែវ ព្រមទទួលយកនូវចំណេះដឹងថ្មីៗបានគ្រប់ពេលទាំងអស់។

៣) ព្យាយាមដុតកិលេស៖ ក្នុងន័យនេះ មនុស្សម្នាក់ៗកើតមកក្នុងលោកនេះ ចេះបំពេញតួនាទីរបស់ខ្លួនឯងបានល្អ និងចេះស្វែងរកចំណេះវិជ្ជាឲ្យខ្លួនឯងបានហើយ ចុងក្រោយត្រូវចេះរៀនហ្វឹកហាត់ចិត្តខ្លួនឲ្យរួចផុតពីភាពចង់មាន ចង់បាន ដែលកើតពីសេចក្ដីលោភលន់ចង់មានចង់បាន ខឹងក្រោធប្រទូសរាយមនុស្ស សត្វ និងឈ្លក់វង្វេងស្រវឹងលើតួអត្ដានេះ ត្រូវចេះលះសេចក្ដីប្រកាន់មាំក្នុងវត្ថុ បុគ្គល តួនាទី បុណ្យស័ក្ដិ កេរ្តិ៍ឈ្មោះ កិត្តយស លាភ យស សរសើរ និន្ទា សុខ ទុក្ខ គិតសម្លឹងរំពៃទោសខ្លួនឯង សម្លឹងរំពៃមើលគុណសម្បត្តិរបស់អ្នកដទៃឲ្យបានច្រើន និងត្រូវចេះរៀនរស់នៅក្នុងលោកនេះប្រកបដោយសោមនស្សរីករាយ។

បុគ្គលណាក៏ដោយ បើធ្វើបានគ្រប់ទាំងបីប្រការដែលបានពោលមកខាងលើ បុគ្គលនោះតែងតែបានឈ្មោះថា ឥតជាភារៈរបស់លោក មិនជាភារៈរបស់ខ្លួនឯង គឺបុគ្គលនោះរស់នៅក្នុងភាពជាបុគ្គលប្រសើរ មិនមានថ្ងៃធ្លាក់ទាបទៅកាន់ផ្លូវវិនាសគ្រប់កាលៈទេសៈ៕ 


គោលគំនិតល្អដើម្បីជីវិត
រូបភាព FB



Sunday, December 16, 2018

តើមិត្តពិតរបស់យើងជានរណា?



បុរសម្នាក់ត្រូវគេសម្រេចចិត្តប្រហាជីវិត
មុននឹងខ្លួនស្លាប់ គាត់បានសុំអនុញាតអ្នកចាត់ការទៅលាមិត្តៗ
ហើយប្រញាប់ទៅរកមិត្តម្នាក់ដំបូងគេ
ដែលខ្លួនស្រឡាញ់ខ្លាំងបំផុត ទៅណាមកណាក៏ទៅជាមួយគ្នាជានិច្ច
ហើយនិយាយពីហេតុការណ៍ឲ្យមិត្តម្នាក់នោះស្ដាប់
ហើយសួរថា……
ប្រសិនបើគេត្រូវស្លាប់ តើមិត្តនឹងធ្វើយ៉ាងម៉េច?
គេទទួលបានពាក្យតបថា
ប្រសិនបើឯងស្លាប់ទៅ យើងក៏ចប់គ្នាត្រឹមហ្នឹងឯង

ពេលគេទៅរកមិត្តទីពីរ
ដែលមានភាពសំខាន់ចំពោះគេខ្លាំងណាស់
ព្រោះធ្លាប់ធ្វើអ្វីគ្រប់យ៉ាងក៏ដើម្បីបានមិត្តម្នាក់នេះមក
ប៉ុន្តែដល់ពេលនិយាយរឿងចប់ គេក៏បានពាក្យតបមកវិញគឺ
បើឯងស្លាប់ទៅ ខ្ញុំក៏នឹងមានមិត្តថ្មីទៀត

គេដើរឆ្ងក់ៗទៅរកមិត្តទីបី
ដែលធ្លាប់យកចិត្តទុកដាក់ចំពោះគ្នាពីមុនមក
គេនិយាយរឿងឲ្យស្ដាប់ រួចក៏សួរដូចមុន
គេបានចម្លើយតបថា
ប្រសិនបើឯងស្លាប់ទៅខ្ញុំនឹងជូនដំណើរឯងទៅ

ចុងក្រោយគេទៅរក មិត្តម្នាក់ទៀត
ដែលខ្លួនមិនសូវចាប់អារម្មណ៍អើពើទេ
តែដល់ពេលខ្លួននិយាយរឿងចប់ ត្រឡប់ជាទទួលបានពាក្យតបថា
ប្រសិនបើឯងស្លាប់ទៅ… ខ្ញុំនឹងតាមទៅជាមួយដែរ

គេដឹងខ្លួនខុស និងសោកស្ដាយយ៉ាងខ្លាំង
ព្រោះពេញមួយជីវិត គេមិនធ្លាប់មើលឃើញតម្លៃរបស់មិត្តម្នាក់នេះឡើយ។

ក្នុងរឿងខាងលើនេះលោកអ្នកប្រាជ្ញបានឧបមាដូច្នេះថា

 មិត្តដំបូងគេ លោកប្រៀបដូចជា រាងកាយរបស់យើង
ព្រោះពេលដែលខ្លួនមានជីវិតរស់ យើងខិតខំទំនុកបម្រុងវាគ្រប់យ៉ាង
ចង់បានអ្វី ត្រូវរកមកឲ្យ តែដល់ពេលខ្លួនស្លាប់ទៅ
យើង និងរាងកាយក៏ត្រូវចប់គ្នាដែរ ។

 មិត្តទីពីរ លោកប្រៀបប្រដូចជា ទ្រព្យសម្បត្តិ
ព្រោះពេញមួយជីវិត យើងបានធ្វើគ្រប់យ៉ាងដើម្បីបានវាមក
តែដល់ពេលខ្លួនស្លាប់ទៅ សម្បត្តិទាំងនោះ ត្រឡប់ជាទៅនៅជាមួយអ្នកដទៃវិញ។

មិត្តទីបី គឺញាតិមិត្តបងប្អូន
ព្រោះហេតុដែលធ្លាប់មានឧបការគុណមើលថែទាំគ្នាមក
ដល់ពេលខ្លួនស្លាប់ទៅ ពួកគេក៏មានតួនាទីចាត់ការសាកសពឲ្យសមរម្យតាមឋានៈ និងទ្រព្យ
ធ្វើបុណ្យដាក់ទានឧទ្ទិសផលបុណ្យទៅឲ្យ ដូចជាជូនដំណើរយើងទៅក្នុងពេលនោះអ៊ីចឹងដែរ។

ចំណែខាង មិត្តទីបួន នៅពេលខ្លួនមានជីវិតរស់
យើងមិនសូវផ្ដល់ភាពសំខាន់ឲ្យប៉ុន្មានទេ
តែដល់ពេលខ្លួនដាច់ខ្យល់ស្លាប់ទៅ ត្រឡប់ជាទៅជាប់តាមខ្លួនយើងរហូត
មិត្តម្នាក់នេះគឺ បុណ្យនិងបាប

មិនថា រាងកាយ ទ្រព្យសម្បត្តិ
ឬញាតិមិត្តបងប្អូន គ្រប់យ៉ាងសំខាន់ទាំងអស់ក៏ពិតមែន
តែកុំភ្លេចផ្ដល់ភាពសំខាន់ជាមួយរឿងបុណ្យ និងបាបផង។
ព្រោះវាជាមិត្តដែលត្រូវជាប់តាមខ្លួនយើងទៅគ្រប់ជាតិភព
និងគួរផ្ដល់ភាពសំខាន់ចាប់ពីពេលនេះ ឥឡូវនេះទៅ
ព្រោះប្រសិនបើដល់ថ្ងៃនោះ ទោះបីជាខ្លួននឹកឃើញក៏ដោយ
តែយើងក៏មិនអាចធ្វើអ្វីបានឡើយ ។

បើចង់លាងជម្រះ ក៏សូមឲ្យលាងជម្រះកិលេសតណ្ហា
ដែលមាននៅក្នុងចិត្តរបស់យើង
កុំទៅលាងជម្រះបាប! បាបនោះលាងជម្រះមិនបាន
ធ្លាប់ធ្វើបាបទុក បាបក៏នឹងជាប់យើងទៅ

ប្រសិនបើមិនចង់ឲ្យបាបជាប់តាមទៅ
មិនចង់ទទួលផលរបស់បាបទេ
ចូរកុំធ្វើវាឡើយ តាំងតែពីពេលនេះទៅ ៕

Cr. គោលគំនិតល្អដើម្បីជីវិត


សមរភូមិក្នុងខ្លួន



មូលហេតុដែលពិភពលោកខ្វះសាមគ្គីភាព [...] គឺដោយសារមកពីមនុស្សយើងបានបែកបាក់ជាមួយនឹងខ្លួនយើង

មូលហេតុដែលមនុស្សគ្មានសាមគ្គីភាពជាមួយអ្នកដទៃ គឺដោយសារតែមនុស្សយើងបែកបាក់ជាមួយនឹងខ្លួនឯង។ វាមានន័យថា មូលហេតុដែលសង្គមខ្វះសាមគ្គីភាពរវាងគ្នានិងគ្នា គឺដោយសារតែបុគ្គលម្នាក់ៗក្នុងសង្គមបានបែកបាក់ជាមួយនឹងខ្លួនឯង។ ក្នុងសង្គមដែលមនុស្សភាគច្រើនគ្មានភាពជា ឯកត្តបុគ្គល - Individuality តែងធ្វើឱ្យមនុស្សរស់នៅជាមួយនឹងអារម្មណ៍ច្រើនជាងគោលការណ៍។ អាម្មរណ៍តែងប្រែប្រួលមិនទៀង គ្រប់គ្រងមិនបាន រហូតបែកបាក់ជាមួយនឹងខ្លួនឯង។ តើអ្វីទៅដែលជាការបែកបាក់ខាងក្នុងរបស់មនុស្ស?

ពាក្យចាស់ខ្មែរលោកពោលថា ឈ្នះអ្នកក្រដោយការឱ្យទាន ឈ្នះអ្នកមានដោយការគោរព ឈ្នះសព្វគ្រប់ គឺឈ្នះខ្លួនឯង។ មនុស្សដែលឈ្នះខ្លួនឯង តែងប្រយុទ្ធនឹងសត្រូវក្នុងខ្លួនជាមុនសិន មុននឹងសម្រេចចិត្តតស៊ូជាមួយសត្រូវក្រៅខ្លួន។ មនុស្សយើង គួរតែប្រយុទ្ធតស៊ូជាមួយខ្លួនឯងឱ្យឈ្នះសិន មុននឹងយកឈ្នះលើអ្នកដទៃ។ មនុស្សដែលមានសន្តិភាព ពុំមានចិត្តចង់បំពាននរណាម្នាក់ឡើយ តែសុខចិត្តប្រឹងបំពានជាមួយនឹងភាពអវិជ្ជមាន និងបិសាចដែលស្ថិតនៅក្នុងខ្លួនឯងវិញ។ បរមគ្រូ ឡៅ ជឺ (Lao Tzu) និយាយថា អ្នកអាចស្គាល់អ្វីបានច្រើនដោយសារការដឹងរឿងរបស់អ្នកដទៃ តែមនុស្សឈ្លាសវៃ គឺជាអ្នកដែលស្គាល់ពីខ្លួនឯង។ អ្នកអាចមានអំណាចដោយការគ្រប់គ្រង់លើអ្នកដទៃ តែមនុស្សអស្ចារ្យ គឺអ្នកដែលចេះគ្រប់គ្រងខ្លួនឯង

យើងចាំបាច់ត្រូវឈ្នះបិសាចដែលស្ថិតនៅក្នុងខ្លួនយើងជាមុនសិន មុននឹងយើងយកឈ្នះភាពអាក្រក់ ទង្វើអយុត្តិធម៌ បញ្ហាសង្គម...។ល។ ដែលស្ថិតនៅខាងក្រៅខ្លួន។ បើយើងគ្រប់គ្រងខ្លួនឯងពុំបានផង ហេតុអ្វីមកចង់គ្រប់គ្រងអ្នកដទៃ ឬគ្រប់គ្រងស្ថានភាពខាងក្រៅ? ព្រះគម្ពីរចែងថា ចូរប្រុងប្រយ័ត្នគំនិតដែលអ្នកគិត ដ្បិតផលនៃជីវិតសុទ្ធតែកើតចេញពីគំនិតទាំងអស់។ ព្រះពុទ្ធសម្តែងថា អ្នកគិតបែបណា អ្នកនឹងក្លាយទៅជាបែបនោះ, អ្នកមានអារម្មណ៍បែបណា អ្នកនឹងស្រូបទាញរបស់បែបនោះ, អ្នកស្រម៉ៃបែបណា អ្នកនឹងបង្កើតរបស់បែបនោះ។ មនុស្សដែលមិនចុះសម្រុងនឹងខ្លួនឯង មិនត្រឹមតែប៉ះទង្គិចជាមួយខ្លួនឯងញយៗដងទេ តែថែមទាំងពុំអាចស្វែងរកសន្តិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ និងសេចក្តីសុខសម្រាប់ខ្លួនឯងបានទៀតផង។ តើហេតុអ្វីខ្ញុំលើកឡើងពីរឿងសមរភូមិក្នុងខ្លួនមនុស្ស?

បើយើងម្នាក់ៗឈ្នះលើខ្លួនឯង នឹងនាំឱ្យជាតិរុងរឿង តែបើមនុស្សម្នាក់ៗចាញ់សមរភូមិក្នុងខ្លួនឯង នឹងនាំឱ្យជាតិយំ។ ជ័យជម្នះមនុស្សម្នាក់ៗក្នុងសង្គម គឺជាជ័យជម្នះរបស់សង្គមផ្ទាល់តែម្តង។ មនុស្សម្នាក់អាចជួយខ្លួនឯងបាន ប្រៀបដូចនឹងជួយសង្គមបាន។ មនុស្សម្នាក់ៗគ្មានសមត្ថភាព មិនអាចជួយខ្លួនឯងបាន នឹងត្រូវក្លាយទៅជាបន្ទុកសង្គម។ ជួយខ្លួនឯងមុន, ជួយគ្រួសារបន្ទាប់, និងជួយសង្គមចុងក្រោយបំផុត។ បើយើងខ្លាំងនាំឱ្យគ្រួសារខ្លាំង។ គ្រួសារខ្លាំងធ្វើឱ្យសង្គមខ្លាំង។ ប៉ុន្តែ ក្នុងកាលៈទេសៈសំខាន់បំផុត មនុស្សស្លាប់អាចកើតទៀត តែបើអស់ជាតិ ឃ្លាតរហូតមនុស្សស្លាប់ដើម្បីកើត តែបើមនុស្សក្នុងសង្គមគ្មានកំណើត ជាតិនឹងរលាយលែងកើតទៀតហើយ (ជួយសង្គមមុន)។

សុភាសិតខ្មែរពោលថា ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល ចាញ់យោបល់អស់នគរ។ ចូរឈប់ចាញ់កិលេស សង្កត់តណ្ហាឱ្យជាប់ ច្បាំងឱ្យឈ្នះខ្លួនឯង។ ជីវិត វាជាសមរភូមសង្គ្រាមទាំងក្នុងខ្លួនផងនិងក្រៅខ្លួនផង។ យើងត្រូវតែជា អ្នកបដិវត្តន៍ផ្ទៃក្នុង (ខ្លួន) ហើយដក អញ - Ego ចេញឱ្យអស់ពីក្នុងខ្លួន បង្កើតសន្តិភាពក្នុងចិត្ត គិតរឿងសង្គម ដើរឱ្យផុតពីភាពជាបុគ្គលនិយម បណ្តុះសីលធម៌សង្គម ធ្វើតែសេចក្តីល្អ កុំលាបពណ៌នរណាម្នាក់ឱ្យសោះ។ បើចង់កែប្រែសង្គម យើងត្រូវកែប្រែចិត្តគំនិតខាងក្នុងរបស់ខ្លួនជាមុនសិន៕

The reason why the world lacks unity, and lies broken and in heaps, is, because man is disunited with himself. Ralph Waldo Emerson