Thursday, May 2, 2019

ចោទឆ្កែថាឆ្កួតដើម្បីសម្លាប់ឆ្កែ



អាប្រាហាម លីនខុល (Abraham Lincoln) និយាយថា បុគ្គលណាដែលតាំងចិត្តមាំស្វែងរកសេចក្តីអាក្រក់នៅក្នុងខ្លួនអ្នកដទៃ គង់នឹងអាចរកឃើញសេចក្តីអាក្រក់ពីជនដទៃបានដោយពិតប្រាកដ

សុភាសិតបារាំងពោលថា បើចង់សម្លាប់ឆ្កែ ជាដំបូងត្រូវចោទឆ្កែថាវាឆ្កួតជាមុនសិន។ ចង់ចាប់ចង់ចងបុគ្គលណាម្នាក់ មិនខ្វះទោសចោទ ឬមិនខ្វះហេតុផលចោទទេ។ អ្នកណាក៏អាចជាមនុសអាក្រក់បានដែរ សំខាន់ឱ្យតែយើងប្រឹងសម្លឹងរកចំណុចអាក្រក់របស់គេ។ អ្នកណាក៏អាចជាមនុស្សល្អបានដែរ សំខាន់ឱ្យតែយើងប្រឹងសម្លឹងរកចំណុចល្អរបស់គេ។

មែនទែនទៅ យើងគួរតែរៀនធ្វើជាមនុស្សល្អ មនុស្សសន្តិភាព និងមនុស្សដែលចេះអភ័យទោសដល់អ្នកដទៃ។ គ្រូឧបាសកបង្ហាត់វិបស្សនាកម្មដ្ឋាន ស.ន ហ្គោឥនកា បានបង្រៀនថា ហេតុអ្វីយើងត្រូវប្រកែកគ្នា? ចូរយើងទុកទស្សនៈផ្សេងៗគ្នាមួយអន្លើសិន។ ប៉ុន្តែចូរផ្តោតតែទៅលើអ្វីដែលយើងអាចយល់ស្របគ្នា

កាលបើមនុស្សមិនហ៊ានទទួលស្គាល់ថាខ្លួនឯងពិតជាសត្វមនុស្សទេ នោះគេនឹងនៅតែតាំងខ្លួនជាព្រះ ឬជាមនុស្សចិត្តព្រះ ឬជាមនុស្សបរិសុទ្ធ។ ក្នុងភាពល្អតែងមានអាក្រក់ខ្លះ ហើយក្នុងអាក្រក់ក៏តែងមានល្អខ្លះដែរ។ មនុស្សពេញលេញ មិនគិតថាខ្លួនឯងល្អឥតខ្ចោះទេ ហើយមនុស្សដែលតាំងខ្លួនឯងល្អឥតខ្ចោះ ឬត្រូវឥតខ្ចោះមិនដែលខុសសោះ គឺជាប្រភេទមនុស្សមិនពេញលេញឡើយ៕
_____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

ឈរខាងភាពត្រឹមត្រូវដើម្បីបង្រួម



ជាសច្ចភាព សាមគ្គីយូរពេក គង់នឹងបែកបាក់វិញ ហើយបើបែកបាក់យូរពេក គង់នឹងសាមគ្គីគ្នាវិញ។ នេះជាទ្រឹស្តីរបស់អ្នកនិពន្ធរឿងប្រវត្តិសាស្រ្តចិន នគរបី ឬសាមកុក ដ៏ល្បីល្បាញ។ ឫសគល់នៃការបែកបាក់មិនថាជាបែកបាក់គ្រួសារ បែកបាក់មិត្តភាព បែកបាក់ក្រុមហ៊ុន បែកបាក់សហគមន៍ ឬបែកបាក់សង្គមជាតិទេ គឺសុទ្ធតែកើតចេញពី ការខ្វះសច្ចភាព និងភាពមិនទៀងត្រង់នឹងគ្នា។ សច្ចធម៌ វាធ្វើឱ្យមនុស្សចេះទុកចិត្តគ្នា។ ទំនុកចិត្ត វាកើតចេញពីភាពស្មោះត្រង់។

ក្នុងសង្គមខ្មែរ មនុស្សខ្លះនិយាយតែពីរឿងបត់បែន និងការសម្របខ្លួនតាមកាលៈទេសៈ។ និយមន័យនៃពាក្យថាឆ្លាត គឺស្មើនឹងបត់បែន។ លើសពីនេះ ខ្ញុំឃើញអ្នកខ្លះបំភ្លៃទ្រឹស្តីរបស់អ្នកប្រាជ្ញបុរាណចិន ឡៅ ជឺ (Lao Tzu) ទៀតផង ដែលថា ឡៅ ជឺ បង្រៀនមនុស្សឱ្យចេះបត់បែន។ ខ្ញុំមិនដឹងថាមានបងប្អូនខ្មែរប៉ុន្មាននាក់ទេ ដែលបានអានសៀវភៅរបស់ឡៅ ជឺ យល់ដោយស៊ីជម្រៅច្បាស់។ គោលគំនិតរបស់ឡៅ ជឺ គឺបង្រៀនមនុស្សពីសិល្បៈនៃការរស់នៅសម្របខ្លួននឹងច្បាប់ធម្មជាតិ [ច្បាប់ធម្មជាតិ គឺសច្ចភាព តែមិនមែនសម្របខ្លួនទៅនឹងសភាវៈអាក្រក់ស្មោកគ្រោកនោះទេ]។ ក្រៅពីឡៅ ជឺ ដែលជាអ្នកប្រាជ្ញចិត្តវិញ្ញាណ (Spiritual Leader) គឺនៅមានបរមគ្រូខុង ជឺ (Confucius) និងម្នាក់ទៀតជាអ្នកប្រាជ្ញខាងយុទ្ធសាស្រ្ត ស៊ុន ជឺ (Sun Tzu)។ បុរាណខ្មែរពោលថា ចូលស្ទឹងតាមបទ [...] តែដល់ខ្មែរខ្លះយកអនុវត្ត គឺបត់ទៅរកផ្លូវខុសសច្ចៈ។ បុគ្គលត្រាស់ដឹងទាំងអស់ពុំដែលបង្រៀនមនុស្សឱ្យបត់បែនទៅរកផ្លូវទុច្ចរិតទេ

ត្រឡប់មកសិក្សាឈ្វេងយល់ពីអ្នកប្រាជ្ញនៅឥណ្ឌាវិញម្តង។ តើហេតុអ្វី មហាត្មៈ គន្ធី អាចគៀងគរមនុស្សម្នារ ជាពិសេសប្រជាជនឥណ្ឌាឱ្យប្រឹងតវ៉ាទាមទារសេរីភាពពីអង់គ្លេសបាន? មហាត្មៈគន្ធី ជាមនុស្សធម្មតា ដែលមិនមែនជាព្រះពុទ្ធ មិនមែនជាព្រះយេស៊ូ មិនមែនជាព្រះឡោះ មិនមែនជាព្រះវិស្ណុ តែហេតុអ្វីមានមនុស្សដើរតាមធ្វើតាមមហាត្មៈគន្ធីច្រើន រហូតដល់រំជើបរំជួលពិភពលោក? គ្រូរបស់មហាត្មៈ គន្ធី គឺ ឡេអុង តុលស្តុយ (Leon Tolstoy) រៀបរាប់ក្នុងសៀវភៅមួយថា សម្តីអាចបង្រួមមនុស្សបាន ឱ្យតែនិយាយតែពាក្យសច្ចៈពិត និងច្បាស់លាស់ ដ្បិតគ្មានអ្វីផ្សេងដែលអាចធ្វើឱ្យមនុស្សមានសាមគ្គីគ្នាបានក្រៅតែពីសច្ចធម៌ និងការនិយាយពាក្យពិតទេ។ ក្នុងពេលខ្លះ និយាការពិតធ្វើឱ្យមនុស្សម្នាក់យំ វាប្រសើរជាងនិយាយបោកប្រាស់ ធ្វើឱ្យមនុស្សម្នាក់ញញឹម

ក្នុងសង្គម ភាពរឹងមាំរុងរឿងដ៏យូរអង្វែង គឺវាកើតចេញពីសាមគ្គី។ សាមគ្គីកើតចេញពីទំនុកចិត្ត។ ទំនុកចិត្តកើតចេញពីសច្ចភាព។ មិនថាមានរឿងអ្វីកើតឡើងទេ មនុស្សម្នាក់ៗគួរតែឈរឱ្យនឹង (Stand STILL) នៅខាងសច្ចភាព ដ្បិតបើទោះបីជាត្រូវឈរម្នាក់ឯង ឬឈរហាលភ្លៀងហាលថ្ងៃក៏ដោយ។ អ្នកខ្លះ វង្វេងសច្ចភាព តែសច្ចភាពនៅតែជាសច្ចភាព បើទោះបីជាមនុស្សទទួលស្គាល់ ឬមិនទទួលស្គាល់ក៏ដោយ។ ទ្រឹស្តីពុទ្ធនិយមលើកឡើងជារឿយៗថា ព្រះអាទិត្យ ព្រះចន្ទ និងសច្ចភាព គឺមិនអាចលាក់បាំងបានជិតរហូតទេ។ វាមានអត្ថន័យស្រដៀងគ្នានឹងពាក្យខ្មែរថា ក្រដាសខ្ចប់ភ្លើងមិនជិតទេ ឬដំរីស្លាប់ មិនអាចយកចង្អេរបាំងជិតឡើយ។ វាជាច្បាប់ធម្មជាតិ។ ខ្ញុំនឹកឃើញសម្តីបុគ្គលវិញ្ញាណម្នាក់/អមនុស្សនិយាយមកកាន់ខ្ញុំថា បើទោះបីជាអ្នកដទៃគាំទ្រខ្ញុំក៏ដោយ តែសច្ចភាពមិនគាំទ្រខ្ញុំឡើយ ដ្បិតមុននិងក្រោយខ្ញុំនឹងត្រូវចាញ់ដោយអំណាចនៃសច្ចភាព ឱ្យតែខ្ញុំធ្វើខុស ធ្វើរឿងមិនត្រឹមត្រូវ ធ្វើរឿងក្បត់អ្នកដទៃ និងធ្វើរឿងក្បត់ឧត្តមគតិខ្លួនឯង។ ផ្ទុយទៅវិញ បើខ្ញុំច្បាស់ថាខ្លួនឯងត្រឹមត្រូវហើយ ទោះបីជាត្រូវប្រឆាំងជាមួយចក្រវាលទាំងមូល ក៏ខ្ញុំត្រូវតែតតាំងមិនញញើតឡើយ

Words can unite people. Therefore, try to speak very clearly, and tell only the truth, for nothing can unite people more than truth and simplicity. Leo Tolstoy


Wednesday, May 1, 2019

ដើម្បីថ្ងៃចាប់ផ្ដើមម្ដងទៀត!



រឿងមិនល្អ ពេលខ្លះវាប្រៀបដូចធូលីហុយចូលភ្នែក ផ្សាភ្នែកតែបន្ដិចវាក៏បាត់ទៅវិញ ។ ធូលីមិនមែនហុយចូលតែភ្នែកយើងតែម្នាក់ទេ អ្នកដទៃក៏ដូចគ្នាដែរ ។ សេចក្ដីទុក្ខ មិនមែនមានតែយើងទេ អ្នកដទៃក៏ដូចគ្នា គ្រាន់តែទម្ងន់ខុសគ្នា ទំហំខុសគ្នា ពេលខ្លះពួកគេអាចធ្ងន់ជាងយើងទៅទៀត តែគេនៅតែប្រឹងរស់ប្រឹងជម្នះ។ កើតទុក្ខក៏ត្រូវញាំឲ្យឆ្អែត ។ កើតទុក្ខក៏ត្រូវគេងឲ្យគ្រប់ ។ កើតទុក្ខ តែមិនអាចគ្មានកម្លាំងទេ ។ កើតទុក្ខតែមិនអាចមានជំងឺទេ ។ បាត់បង់អ្វីក៏បាត់ចុះ តែកុំបាត់ជំនឿចិត្តលើខ្លួនឯង ។ នាឡិកាតែងវិលចុះវិលឡើង ព្រះអាទិត្យតែងរះហើយលិច ពេលវេលាចាប់ផ្ដើមជាថ្មីក៏មានជានិច្ចដែរ ។ យើងអាចអាក្រក់ចំពោះអ្វីដែលយើងស្អប់ តែយើងត្រូវល្អនឹងខ្លួនឯង ។ សូមញាំឲ្យឆ្អែត ហើយគេងឲ្យស្កប់ ដើម្បីថ្ងៃចាប់ផ្ដើមដ៏ប្រសើរ

Cr. Sun Veasna

ទម្លាប់គឺជាអនាគត




ទម្លាប់ គឺជាកញ្ចក់ឆ្លុះមើលអនាគតរបស់មនុស្ស។ ទម្លាប់គឺជាការកំណត់គ្រប់យ៉ាងនៃអនាគតរបស់មនុស្សម្នាក់ៗ ។ ទស្សនវិទូ អារីស្តូត (Aristotle) គឺ ជាគ្រូនៃព្រះចៅអធិរាជ​ ​អាឡិចសង់ឡឺក្រង់ នៃនគរ​ម៉ាសេដ្វាន់​ បានណែនាំថា «អ្នកគឺជាអ្វីដែលអ្នកធ្វើជាប្រចាំថ្ងៃ។ ភាពល្អឥតខ្ចោះមិនមែនជាសកម្មភាពទេ តែវាជាទម្លាប់។» «Winston Churchill» អតីតនាយក​រដ្ឋមន្រ្តី​អង់គ្លេស ក្នុងសម័យសង្គ្រាមលោកលើកទី២ បានបន្ថែមថា "អត្តចរិត គឺជារឿងតូចតាច ប៉ុន្តែវាអាចបង្កើតឲ្យមានភាពខុសគ្នាយ៉ាងធំធេង" យើងជាអ្វីដែលយើងកំពុងធ្វើ ។ ប្រសិនបើយើងមានទម្លាប់ជាអ្នករៀនសូត្រ នោះយើងគឺជាមនុស្សដែលមានឧត្ដមភាពជីវិត ។ ប្រសិនបើយើងមានទម្លាប់ប្រមឹកអួទីនួ យើងនឹងក្លាយជាមនុស្សចោលម្សៀតម្នាក់ ។ យើងគឺជាអ្វីគ្រប់យ៉ាងនៃអ្វីដែលយើងតែងតែធ្វើ ។ ខុងជឺ បានបង្រៀនថា «ទឹក អាចផ្លាស់ប្តូររូបរាងរបស់វាទៅតាម ថូ កែវ ពាង ដែលគេដាក់វា ដូចនេះមនុស្សមានបញ្ញា ត្រូវចេះបត់បែនខ្លួនទៅតាមកាលៈទេសៈ»។ ចូរបត់បែនតាមក្ដីស្រមៃខ្លួនឯង ។ ចូរកែប្រែខ្លួនឯងឲ្យស្របទៅនឹងទិសដៅជីវិត ៕

Cr. ប្រាជ្ញាជីវិត

Tuesday, April 30, 2019

មនុស្សស្រីគួរតែអាន


ពាក្យ​មួយឃ្លា ​គេ​និយាយ​ថា «នៅ​លើ​លោក​នេះ​ គ្មាន​ទេ​ស្រី​អាក្រក់ មាន​តែ​ស្រី​ខ្ជិល​»។ យើង​ជា​ស្រ្តី ត្រូវ​មាន​របៀប​រៀប​រយ​ពេល​ចេញ​ទៅ​ខាង​ក្រៅ ទាំង​ការ​ស្លៀក​ពាក់​និង​កាយវិការ​ ការ​និយាយ​ស្តី​។​ យើង​ជា​ស្ត្រី ត្រូវ​មាន​ក្លិន​ក្រអូប មិន​មែន​ក្លិន​ម្ហូប​ឬ​ក្លិន​ទឹក​នោម​កូន​ ទោះ​បី​យើង​ជា​ស្ត្រី​មេផ្ទះ​ក៏​ដោយ​។​ យើង​ជា​ស្ត្រី ត្រូវ​ចេះ​រៀប​ចំ​ផ្ទះ​សម្បែង​ឱ្យ​បាន​ស្អាត​បាត និង​មាន​អនាម័យ​ក្នុង​ការ​រស់​នៅ​។​

យើង​ជា​ស្ត្រី ត្រូវ​ចេះ​ថែ​ស្បែក​ខ្លួន​ ស្បែក​មុខ សក់ ក្រចក​ដៃ​ជើង និង​ចេះ​តុប​តែង​ប្រេង​ម្សៅខ្លះ ដើម្បី​បន្ថែម​សម្រស់​និង​ចូលចុះ​ក្នុង​​សង្គម​។​ យើង​ជា​ស្រ្តី ​មិន​មែន​ចេះ​តែ​តែង​ខ្លួន​ ប៉ុន្តែ​ត្រូវ​ពូកែ​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​។​ យើង​ជា​ស្ត្រី ត្រូវចេះ​​បង្រៀន​កូន​ចៅ​និង​ចេះ​សន្សំ​សំចៃ​ក្នុងការ​ចាយ​វាយ​។​

យើង​ជា​ស្ត្រី ត្រូវ​រឹង​មាំ ក្រៅ​ពី​ចេះ​ធ្វើការ​រក​ប្រាក់​កំរៃក៏​ត្រូវ​ចេះ​ឈ្លាស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​។​ យើង​ជា​ស្ត្រី​... មិន​មែន​ជា​ស្ត្រី​ដែល​ត្រូវ​ការ​បុរស ប៉ុន្តែ​ជា​ស្ត្រី​ដែល​បុរស​ត្រូវ​ការ​។ ពួក​យើង​ជា​ស្ត្រី​ ត្រូវ​រៀន​បន្ថែម​ដើម្បី​ដើរ​ឱ្យ​ទាន់​សង្គម​ ជា​ពិសេសផ្នែក​​ចិត្ត​គំនិត​។​

ជូន​ពរ​ស្ត្រី​គ្រប់​រូប!!!

Cr. បងស្រី ចិន្ដា

ជម្រើសជីវិត



ជំងឺដែលសាហាវបំផុតក្នុងលោក គឺជំងឺងប់ងុល ។ មកពីងប់ងុលទើបបង្កើតបាននូវអាការៈកុហកខ្លួនឯង កុហកខ្លួនឯងយូរៗទៅចាប់ផ្ដើមអស់សង្ឃឹមក្នុងជីវិត ។ អស់សង្ឃឹមក្នុងជីវិត ព្រោះអ្វីដែលចង់បានវាមិនដូចចិត្ត ហើយអ្វីដែលធ្លាប់មានគ្រាន់តែជាការកុហកដែលខ្លួនឯងប្រតិដ្ឋឡើង ។ ឯណាការពិត? តាមពិតគ្មានទេ វាមានតែការសម្ដែងប៉ុណ្ណោះ ។

ដរាបណាចិត្តនៅតែងប់ងុល ដរាបនោះយើងនៅតែឈឺចាប់ ។ ឈឺប៉ុនណាទៅ ដែលត្រូវកុហកខ្លួនឯងរាល់ថ្ងៃបែបនេះ? ជីវិតគឺជាការជ្រើសរើស យើងមានរបៀបជាច្រើនដើម្បីរស់ ។ យើងគឺជាអ្នកជ្រើសរើស ហេតុអ្វីមិនរើសយកការពិត ហើយប្រឈមមុខនឹងវាទៅ? ភាពកំសាក វាមិនមែនដំណោះស្រាយទេ ។ យើងគួររៀនទទួលយកការពិត ព្រោះការកុហកខ្លួនឯងនឹងធ្វើឲ្យយើងឈឺចាប់បំផុត ។ គ្មាននរណាមកចែករំលែកវាជាមួយយើងឡើយ ។

សុខនិងទុក្ខ គឺឋិតលើជម្រើសរបស់យើង ។ គ្មាននរណាបំផ្លាញយើងទេ លុះត្រាតែយើងយល់ព្រមបំផ្លាញខ្លួនឯង ។ ជីវិតមានមេរៀនជាច្រើនដែលត្រូវរៀន ហើយវិញ្ញាសាខ្លះគ្មានពិន្ទុទេ ។ ជីវិតទោះខកបំណងខ្លះ ក៏មិនជាអ្វីដែរ ព្រោះបើមានផ្លូវដើរ គឺតែងតែមានជង្ហុក មានជីវិតក៏តែងតែឆ្លងកាត់រឿងលំបាកបែបនេះហើយ តែវាមិនអាក្រក់រហូតទេ។ ទម្រាំយើងធ្វើដំណើរមកដល់ទីនេះ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយរាល់ការឆ្លងកាត់វាតែងតែនាំយើងទៅមុខ ទៅផុតពីបញ្ហាដែលធ្លាប់កើតឡើង ។ ការលំបាកតែងតែកើតមាន តែបើយើងមិនប្រឈមនឹងការពិត មិនហ៊ានឆ្លងកាត់វា នោះអ្នកដែលអាក្រក់ជាគេបំផុតក្នុងជីវិតរបស់យើង គឺយើងខ្លួនឯង៕

Cr. Sun Veasna

Monday, April 29, 2019

ខ្ញុំគ្មានបក្ខពួកទេ!!



ខ្ញុំមិនរាប់អានអ្នកណាដោយសារតែគេជាគ្នាខ្ញុំទេ តែខ្ញុំរាប់អានគេដោយសារគុណតម្លៃ ។ កើតជាមនុស្សហេតុអ្វីត្រូវរើសអើងគ្នា? អ្នកខ្លះរាប់អានគេដោយសារគេល្បី ដោយសារគេជាមនុស្សខ្ពង់ខ្ពស់ ដោយសារតែគេជាអ្នកមាន ឬជាមនុស្សមានប្រយោជន៍ ។ ប៉ុន្ដែបើថ្ងៃណាមួយគេលែងល្បី លែងខ្ពង់ខ្ពស់ លែងមានបាន លែងមានប្រយោជន៍សម្រាប់យើង តើយើងនៅតែរាប់អានគេទេ? ទឹកចិត្តមនុស្សមើលមិនឃើញឡើយ ។ ជួនកាលមនុស្សដែលយើងរើសអើង គេអាចជាមនុស្សមានតម្លៃក៏ថាបាន ។ តម្លៃរបស់មនុស្ស មិនអាចវាស់ដោយចិត្តបានទេ គឺគេវាស់តាមរយៈដោយទង្វើ និងថ្លឹងថ្លែងដោយវិចារណញ្ញាណ។ ខ្ញុំមិនត្រូវការបក្ខពួក មិនត្រូវការធ្វើជាគ្នារបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់មានសន្ដិភាពជាមួយមនុស្សរាល់គ្នា ព្រោះថាបើយើងគ្មានសន្ដិភាពទេ ទោះមានបក្ខពួកច្រើនប៉ុនណា ឬមានគ្នាច្រើនប៉ុនណា ក៏មិនអាចធ្វើឲ្យជីវិតខ្លួនឯងមានតម្លៃពេញលេញដែរ ។ ដែលហៅថាជីវិតមិនពេញលេញ គឺជីវិតដែលតូចចង្អៀត ។ ដែលហៅថាជីវិតតូចចង្អៀត គឺជាការរស់នៅជាមួយចិត្តចង្អៀតចង្អល់ ។ មនុស្សបើចង្អៀតចង្អល់ រើសអើងគេហើយ ទោះផែនដីធំប៉ុនណា ឬមនុស្សរាប់សិបលានច្រើនប៉ុនណា ក៏ប្រហែលជាមិនអាចមានមិត្តល្អម្នាក់ដែរ ព្រោះមនុស្សល្អក្នុងលោក មិនអាចរកឃើញដោយសារគំនិតរើសអើងឡើយ

Cr. Sun Veasna

វិនិច្ឆ័យពុំប្រើបញ្ញា



នៅពេលដែលសកម្មភាពមួយកើតឡើង ការវិនិច្ឆ័យក៏បានប្រសូតចេញមកតាមក្រោយ ដោយបញ្ចប់ជាមួយនឹងពាក្យសរសើរ ឬការរិះគន់។ តែទោះជាបញ្ចប់ដោយពាក្យសរសើរ ឬរិះគន់ក្ដី គ្រប់យ៉ាងតែងស្ថិតក្រោមអំណាចនៃសេចក្ដីពិតជានិច្ច។ ចិត្តវិទូជនជាតិស្វីស ខាល់ ជុង (Carl Jung) បានលើកឡើងថា ការរិះគិតគឺលំបាក នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យ។ នៅក្នុងកាលៈទេសៈណាក៏ដោយឲ្យតែយើង ធ្វើការសន្និដ្ឋាន ដោយពុំបានឆ្លងកាត់នៅការត្រិះពិចារណាឲ្យបានជ្រៅ នោះការវិនិច្ឆ័យរបស់យើង ពុំអាចនាំយើងឲ្យទៅរកសេចក្ដីពិតឃើញឡើយ។ ស្វែងរកការការពិតត្រូវស្វែងរកប្រកបជាមួយបញ្ញា ពុំមែនស្វែងរកដោយការវិនិច្ឆ័យជាមួយគំនិតរវើរវាយនោះទេ។

ពេលខ្លះយើងបានធ្វើខ្លួនឲ្យឆ្ងាយពីសេចក្ដីពិត ដោយសារតែយើងខ្លួនឯងតែងប្រើអារម្មណ៍មកធ្វើការវិនិច្ឆ័យទៅលើសកម្មភាពអ្នកដទៃ ជំនួសឲ្យការគិតពិចារណា ដែលជាហេតុនាំឲ្យមានការវាយតម្លៃអ្នកដទៃខុស ព្រោះតែខ្លួនឯង។ ពេលខ្លះយើងប្រៀបបាននឹងមនុស្សស្រវឹង រកច្រកចេញពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងពុំឃើញអីចឹងដែរ។

លោក លីក្វាន់យូ(Lee Kuan Yew ) ធ្លាប់បានលើកឡើងដែរថា ខ្ញុំពុំបាននិយាយថាអ្វីៗទាំងអស់ដែលខ្ញុំធ្វើគឺត្រឹមត្រូវនោះទេ តែអ្វីៗដែលខ្ញុំបានធ្វើគឺ ធ្វើឡើងដើម្បីគោលបំណងដ៏ថ្លៃថ្នូរ។ តើមានមនុស្សប៉ុន្មានបានវិនិច្ឆ័យខុស នឹងយល់ច្រលំ ទៅលើមេដឹកនាំនៅអាស៊ីរូបនេះថាជាជនផ្ដាច់ការដើម្បីអំណាច នឹងប្រយោជន៍ផ្ទាល់ខ្លួន? តែលទ្ធផលចុងក្រោយបានបង្ហាញថាអ្វីដែលមេដឹកនាំរូបនេះបានធ្វើពុំដូចច្នោះឡើយ។ ការពិតនៅតែជាការពិត ពុំមាននរណាអាចកែប្រែ ដោយឡែកមនុស្សដែលឃ្លាតឆ្ងាយពីការពិត ប្រឆាំងការពិត គឺប្រៀបបាននឹងការបំផ្លាញខ្លួនឯង។

____________

Sunday, April 28, 2019

គិតម្តងទៀត!



បុគ្គលណាបោះបង់អ្វី ដែលធ្វើរួចហើយៗស្រវាចាប់អ្វី ដែលមិនគួរធ្វើនឹងទទួលមេរៀនខាងសម្រេចក្តីវិនាសដល់ខ្លួនឯង ។ នីក្កូឡូ ម៉ាកាវែល្លី (Niccolo Machiavelli) លើកឡើងខាងដើមនេះ ស្របគ្នាទៅនឹងភាសិតស្រីហិតោបទេសថា "ជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀងទាត់ក៏នឹងវិនាសសូន្យទៅ ឯរបស់មិនទៀងទាត់ក៏ហិនហោចបាត់ទៅថែមទៀតដែរ"

ក្នុងចក្រវាឡនេះ ព្រះកាលហាក់មានអំណាចខ្លាំងជាងគេ ពោលគឺសភាវៈគ្រប់យ៉ាងទោះជាត្រូវកកើត ឬ វិនាសទៅវិញសុទ្ធតែស្ថិតក្រោមអំណាចនេះទាំងអស់ ។ ក្នុងពេលយើងកំពុងដេកលក់ ឬ ភ្លេចខ្លួន កង់រមូរនៃព្រះកាលមិនបានឈប់សម្រាកតាមយើងទេ វាកំពុងតែធ្វើសកម្មភាពជាប់ជានិច្ច ហើយបានជញ្ជក់ស៊ីគ្រប់យ៉ាងឱ្យវិនាសទៅ ។

ភាពលំបាកនៅក្នុងជីវិតភាគច្រើនបំផុតពុំមែនមកពីកត្តាខាងក្រៅទេ គឺមកពីយើងខ្លួនឯងតែម្នាក់គត់ ។ ការលំបាករបស់យើង សេចក្តីល្ងង់របស់យើង គឺព្រោះតែយើងពុំបានប្រុងប្រយ័ត្ននៅពេលចាប់ផ្តើមដាំគ្រាប់ពូជ ។ វាជាច្បាប់កម្មផល ។ កម្មវាសនារបស់យើង មានប្រភពចេញពីចរិតលក្ខណៈរបស់យើង ។ ចរិតលក្ខណៈរបស់យើង មានប្រភពចេញពីទម្លាប់ជាប្រចាំរបស់យើង ។ ទម្លាប់ជាប្រចាំរបស់យើង មានប្រភពចេញមកពីទង្វើជាប្រចាំរបស់យើង ។ ទង្វើជាប្រចាំរបស់យើង មានប្រភពចេញពីគំនិតដែលយើងគិតជាប្រចាំ ។

មនុស្សភាគច្រើន ពុំបានស្លាប់ដោយសារអត់បាយ, ពុំបានស្លាប់ដោយសារការរៀនសូត្រ ឬ ស្លាប់ដោយសារតែប្រឹងធ្វើការងារទេ តែស្លាប់ព្រោះគំនិតអវិជ្ចមាន

យើងត្រូវដោះស្រាយបញ្ហានេះតាមពីររបៀប ដោយទី១ យើងត្រូវប្រុងប្រយ័ត្នតាំងពីដំបូងទី ព្រោះជីវិតពិត មិនខុសអ្វីនឹងការឡើងឆាកសម្តែង ដែលឥតព្រាងទុកឡើយ ។ ដូច្នេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង ធ្វើស្វ័យកំណែប្រែចំពោះខ្លួនឯងឱ្យបានច្រើន នោះទើបជីវិតស្លាប់ទៅពុំបាននាំរឿងខកបំណងទៅជាមួយ ។ ទី២ បើបានជាចួបទុក្ខវិបត្តិហើយ គួរធ្វើចិត្តឱ្យបាននឹងនទទួលយកការពិត ហើយដោះស្រាយ ។ បើដោះស្រាយហើយនៅតែមិនបានសម្រេចក៏មិនគួរយំស្រែកដែរ ព្រោះជីវិតនេះខ្លីណាស់ ខ្លីដល់ថ្នាក់មិនគួរយើងនៅត្រាំត្រែងជាមួយទុក្ខកង្វល់ឡើយ ។
____

សួនផ្កាលើផ្លូវជីវិត



យើងគ្មានសិទ្ធិកំណត់ការយល់ឃើញរបស់នរណាម្នាក់ ចំពោះយើងបានទេ ព្រោះចិត្តមនុស្សគឺប្រែប្រួលជានិច្ច ។ យើងគ្មានសិទ្ធិហាមរឿងមិនល្អមិនឲ្យកើតឡើងក្នុងជីវិតទេ ព្រោះជីវិតគឺជាការធ្វើដំណើរ គ្មានដំណើរណាដែលមិនមានឧបសគ្គទេ ជីវិតក៏ដូចគ្នាដែរ ។ ដំណើរនៃជីវិត ពិតជាមិនខុសពីវិថីដែលយើងធ្លាប់ដើរទេ ។ យើងមិនអាចទាមទារឲ្យផ្លូវដែលយើងដើរ ត្រូវតែត្រង់ភ្លឹងតាមចិត្តរបស់យើងបានឡើយ ហើយរឹតតែមិនអាចទាមទារឲ្យគ្រប់ផ្លូវត្រូវតែគ្មានជង្ហុក គ្មានបន្លា គ្មានឧបសគ្គបាននោះដែរ ។ ជីវិតមានរឿងតែមួយទេ ដែលយើងត្រូវដឹងនោះគឺដឹងថា " មានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ " ។ ផ្លូវដើរមានកន្លែងខ្លះមានទេសភាពស្អាតៗ ហើយកន្លែងខ្លះមានទិដ្ឋភាពមិនល្អ ប៉ុន្ដែបើយើងនៅតែដើរ នោះយើងនឹងទៅមុខជានិច្ច ។ ពេលខ្លះដោយសារតែយើងភ្លេចទេសភាពស្អាតៗដែលយើងធ្លាប់ចួប ទើបធ្វើឲ្យពេលដែលចួបទិដ្ឋភាពមិនស្អាត ប្រែក្លាយជាស្អប់ខ្ពើមជីវិតខ្លួនឯង ។ ផ្លូវជីវិត បើយើងនៅតែដើរ យើងនៅតែចួបបញ្ហាថ្មីៗជានិច្ច ហើយទន្ទឹមនឹងបញ្ហាថ្មីៗ យើងក៏នឹងអាចចួបរឿងល្អថ្មីៗទៀតផងដែរ គ្រាន់តែពេលខ្លះយើងទៅមិនទាន់ដល់ ។

ញញឹមដាក់ខ្លួនឯង បើគ្មាននរណាញញឹមដាក់យើង ។ លើកទឹកចិត្តខ្លួនឯង បើគ្មាននរណាគាំទ្រយើង ។ ជឿជាក់លើខ្លួនឯង ទោះបីគ្មាននរណាជឿលើសមត្ថភាពយើង ។ យើងអាចភ្លេចគ្រប់យ៉ាង មានតែរឿងមួយទេដែលយើងត្រូវចាំនោះគឺ " យើងគឺជាវិស្វករជីវិតខ្លួនឯង " ជីវិតយើងមានសោភ័ណភាពបែបណា គឺឋិតលើយើងខ្លួនឯង មិនមែនព្រហ្មលិខិត ក៏គ្មានទេវតាណាមកកំណត់ដែរ ។ ខំខ្លួនឯងឲ្យខ្លាំង បើចង់ឲ្យទេវតាជួយ ព្រោះទេវតាមិនជួយមនុស្សទន់ខ្សោយទេ ។ បង្កើតរឿងល្អឲ្យបានច្រើន នោះយើងនឹងរកឃើញសួនផ្កាដ៏ស្រស់ស្អាតលើវិថីជីវិតរបស់យើង ព្រោះរឿងល្អគឺជាការចងចាំដ៏ល្អ ការចងចាំល្អនឹងធ្វើឲ្យយើងញញឹម ស្នាមញញឹមនោះហើយ គឺជាសួនផ្កាជីវិត

Cr. ប្រាជ្ញាជីវិត

Tuesday, April 2, 2019

លះបង់សិនចាំទាមទារ!!



យើងតែងតែមើលឃើញកំហុសរបស់គេ ច្រើនជាងមើលឃើញកំហុសខ្លួនឯង ។ យើងតែងតែព្យាយាមចង់អប់រំអ្នកដទៃច្រើនជាងអប់រំខ្លួនឯង ។ ពេលខ្លះយើងតែងតែមិនពេញចិត្តគេ ទាំងដែលពេលខ្លះទៀត យើងក៏មិនគួរឲ្យចូលចិត្តសម្រាប់ខ្លួនឯង ។ ពេលខ្លះយើងតែងតែព្យាយាមចង់បាននេះ ចង់បាននោះពីអ្នកដទៃ ទាំងដែលពេលខ្លះយើងពុំដែលផ្ដល់អ្វីដល់ពួកគេ ។ ពេលខ្លះទៀតយើងតែងតែទាមទារឲ្យអ្នកផ្សេងយល់ពីយើង ទាំងដែលពេលខ្លះយើងក៏ពុំយល់ពីខ្លួនឯង ។ យើងតែងតែចង់ឲ្យគេផ្គាប់ចិត្តយើងគ្រប់រឿង ទាំងដែលពេលខ្លះទៀត យើងក៏ផ្គាប់ចិត្តខ្លួនឯងមិនត្រូវ ។ ជីវិតពិតជាមានរឿងដែលយើងចង់ច្រើនណាស់ ។ ប៉ុន្ដែទន្ទឹមនឹងការចង់បាននោះ យើងគួរតែសួរខ្លួនឯងថា តើយើងបានលះបង់ដើម្បីអ្វីដែលយើងចង់បានហើយឬនៅ? បើនៅទេ នោះយើងគ្មានសិទ្ធិទាមទារអ្វីឡើយ ៕

Cr. ប្រាជ្ញាជីវិត

Saturday, March 16, 2019

អប់រំចិត្តរៀនដាក់ចុះ



គោលគំនិតល្អដើម្បីជីវិតបានសម្រិតសម្រាំងពាក្យពេចន៍អប់រំល្អៗមកចុះផ្សាយជាធម្មទានមិនសូវមានដាច់ ។ ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត ក៏សូមលើកយកគោលការណ៍ ១០ ប្រការ ដែលនិយាយពីការដាក់ចុះ ក្នុងការអប់រំចិត្តមកចុះផ្សាយដូចខាងក្រោម៖

១) ពេលយើងធ្វើបុណ្យ តែមិនទាន់បានលះបង់បាប ប្រៀបដូចជាយើងយកចានដែកទៅផ្កាប់ទុកកណ្ដាលវាល ភ្លៀងបង្អុលចុះមកត្រូវតែគូថចានដែក  តែវាប៉ះត្រូវខាងក្រៅ មិនប៉ះត្រូវខាងក្នុង ទឹកភ្លៀងក៏គ្មានឱកាសពេញចានដែកដែលខ្លួនបានផ្កាប់ទុកនោះដែរ ។

២) អ្នកទាំងឡាយអើយ ឈើដែលខ្ញុំកំពុងកាន់នេះ វាវែង ឬខ្លី ។ អ្នកទាំងឡាយ ឈើនេះជាធម្មជាតិពិតរបស់វាមានប៉ុណ្ណេះ វាមិនវែង ហើយក៏មិនខ្លី ។ អ្នកត្រូវការឲ្យឈើនេះវាខ្លី ឬវែង ហ្នឹងឯងជា ទុក្ខ ។ អ្វីគ្រប់យ៉ាង បើយើងព្រមតាមធម្មជាតិដែលវាមានស្រាប់ នៅទីណា ទុក្ខក៏មិនកើតឡើងក្នុងទីនោះ ។

៣) សុខ និងទុក្ខនេះ លោកប្រៀបដូចពស់មួយក្បាល ខាងក្បាលវាជាទុក្ខ រីឯខាងកន្ទុយវាជាសុខ ព្រោះប្រសិនបើអង្អែលប៉ះខាងក្បាល វាមានពិស ចំណែកមាត់វា វាមានពិស ទៅជិតក្បាលវាៗក៏ចឹក ទៅចាប់កន្ទុយវា មើលទៅហាក់ដូចជាសុខ តែចាប់មិនលែង វាក៏ត្រឡប់ក្រោយមកចឹកបានដូចគ្នា ត្រង់ក្បាលពស់ និងកន្ទុយពស់ គឺវាមានក្នុងខ្លួនតែមួយដូចគ្នា គឺតណ្ហា អវិជ្ជានោះឯង ។

៤) នាទីរបស់យើងនោះធ្វើហេតុឲ្យបានល្អបំផុតប៉ុននោះ ចំណែកផលដែលត្រូវបានទទួល ជារឿងរបស់វា ប្រសិនបើយើងដំណើរជីវិតទៅ ដោយមានការដាក់ចុះដូច្នេះហើយ ទុក្ខក៏លែងគ្របសង្កត់យើងបាន ។

៥) ប្រសិនបើភ្លើងវាឆេះ កុំឲ្យមកឆេះក្បាលយើង ប្រសិនបើទឹកវាជន់ កុំឲ្យវាជន់លិចក្បាលយើង ឲ្យជន់លិចតែផ្ទះសម្បែង ឲ្យឆេះតែផ្ទះសម្បែង ដែលជារបស់របរនៅខាងក្រៅខ្លួនរបស់យើង រីឯចិត្តរបស់យើងវិញ ឲ្យវាដាក់ចុះទៅ!

៦) ក្នុងលោកនេះមានវត្ថុគ្រប់គ្រាន់ តែយើងមានសេចក្ដីលោភលន់ខ្លួនឯង មិនស្គាល់លោក មិនដឹងភាសាលោក មិនដឹងអត្ថរបស់លោកថា វាមានការប្រែប្រួលទៅតាមធម្មជាតិរបស់វាគ្រប់វិនាទី ថាកាលណាវាកើតហើយ វាក៏ចាស់ ចាស់ហើយវាក៏ឈឺ កាលណាវាឈឺហើយ វាក៏ស្លាប់ ។

៧) ប្រសិនបើយើងជាមនុស្សឆ្លាតហើយ ត្រូវដាក់ចុះឲ្យអស់ រឿងល្អក៏ដាក់ចុះ រឿងក៏ដាក់វាចុះ រឿងដែលខ្លួនចូលចិត្តក៏ដាក់ចុះ ប្រៀបដូចយើងលែងចោលសត្វអាសិរ្ពិសដែលមានពិសដ៏ពន្លឹកនោះ ឲ្យវារទៅតាមសភាពរបស់វា វាក៏វារទៅទាំងដែលមានពិសក្នុងខ្លួនរបស់វានោះឯង ។

៨) យើងប្រាថ្នាចង់បានកន្ថោរមួយនេះ យើងលើកឡើង មានអារម្មណ៍ថាវាធ្ងន់ឡើង វាមានហេតុ ទម្ងន់កើតមានព្រោះអ្វី ប្រសិនបើមិនព្រោះតែយើងទៅលើកវា ប្រសិនបើយើងមិនទៅលើកវាទេ វាក៏មិនមានអ្វី បើមិនទៅលើក វាក៏ស្រាល អ្វីជាហេតុផល មើលប៉ុណ្ណេះក៏ដឹងបាត់ទៅហើយ មិនចាំបាច់ទៅរៀនពីណា បើយើងមិនតោងប្រកាន់អ្វី ហ្នឹងហើយជាហេតុផលនាំឲ្យទុក្ខកើត ប្រសិនបើយើងដាក់ចុះបាន ទុក្ខក៏មិនកើតដែរ ។

៩) យើងឃើញហើយថា ពែងមួយនេះ ខ្លួនយកទៅទុកដាក់ទីណា ក៏វាត្រូវតែបែកដែរ ចានមួយនេះ ខ្លួនយកទៅទុកទីណា ក៏ត្រូវតែបែក ប៉ុន្តែយើងត្រូវបង្រៀនក្មេងៗថា  លាងឲ្យបានស្អាត យកទៅឲ្យបានស្រួល យើងក៏ត្រូវបង្រៀនក្មេងៗយ៉ាងនេះ តាមការសន្មតយ៉ាងនេះ ដើម្បីយើងបានប្រើប្រាស់របស់របរទាំងនេះបានយូរ យើងចេះព្រះធម៌ យកព្រះធម៌មកប្រតិបត្តិ។ ប្រសិនបើរកឃើញថា អាមួយនេះបែកហើយ យើងប្រាប់ អើ ស្រេចតែវាទៅកូន ស៊ីហើយមិនចាំបាច់លាងវាទេ វាធ្លាក់ក៏ស្រេចតែវាទៅចុះ មិនមែនរបស់យើងទេ ទុកចោលទីណាក៏បាន វានឹងបែកស្រាប់ហើយ យ៉ាងនេះក៏ជាមនុស្សល្ងង់ពេក ។

ប្រសិនបើយើងជាអ្នកចេះសន្មត អានេះកាលណាវាឈឺ ក៏ត្រូវរកថ្នាំដង្កូវឲ្យវាលេប ពេលវាក្ដៅ ក៏រកទឹកងូតឲ្យវា ពេលវាត្រជាក់ ឲ្យរកភាពកក់ក្ដៅឲ្យវា ពេលវាឃ្លាន ក៏រកបាយទឹកឲ្យវាស៊ី តែឲ្យយើងដឹងថា ឲ្យបាយទឹកវាស៊ីផឹក វាក៏ស្លាប់ទៅដដែល ណាស់ហើយពេលនេះ សេចក្ដីស្លាប់វាមិនទាន់ដល់ ដូចពែងមួយនេះ វាមិនទាន់បែក ក៏ត្រូវរក្សាពែងមួយនេះឲ្យមានប្រយោជន៍នេះទុកសិនចុះ ។

១០) សន្មតថា ថ្ងៃនេះ អ្នកទាំងអស់គ្នារកប្រាក់បាន ១០០០០ រៀល ធម្មជាតិរបស់វាត្រឹមតែ ១០០០០រៀល នឹងគិតឲ្យបានច្រើនជាងនេះក៏មិនបាន  នឹងគិតចង់ឲ្យតិចជាងនេះក៏មិនបាន គេរកបាន ៥០០០រៀល ធម្មជាតិរបស់គេមានប៉ុណ្ណឹង រកមិនបាន ធម្មជាតិរបស់វាស្មើនឹងរកមិនបានហ្នឹងឯង រមែងប្រព្រឹត្តទៅតាមធម្មជាតិដែលវាមានគ្រប់យ៉ាង គ្រប់ទីកន្លែង ទុក្ខក៏មិនកើតមាន ព្រះធម៌បែបនេះប្រព្រឹត្តបដិបត្តិនៅកន្លែងណាក៏បាន ពេលណាក៏បាន អ្នកណាៗក៏អាចប្រតិបត្តិបាន ។ បតិបត្តិពេលណា ទីណា ទុក្ខក៏មិនកើតមានពេលនោះ ទីនោះដែរ ៕

ស. គន្លឹះភាវនា និងតាមក្លំមើលចិត្ត
Cr. គោលគំនិតល្អដើម្បីជីវិត 
S. fungdham.com

សាមគ្គីភាព



កិច្ចការផ្ទាល់ខ្លួន យើងអាចសម្រេចវាម្នាក់ឯងបាន តែកិច្ចការសង្គមទាមទារការចូលរួមពីមនុស្សទាំងអស់ក្នុងសង្គម។ សុភាសិតអាហ្វ្រិកពោលថា «ចង់លឿនទៅម្នាក់ឯង ចង់ទៅឆ្ងាយទៅទាំងអស់គ្នា»

មនុស្សចៀសមិនផុតពីមានទំនាក់ទំនងគ្នាឡើយ ហើយកិច្ចការជាក្រុមរឹតតែពិបាកនឹងចៀសផុតណាស់។ អគារធំមួយពុំមែនសង់ដោយមនុស្សម្នាក់ គឺត្រូវមានមេជាងម្នាក់និងកូនជាងរាប់សិបនាក់ទៀត។ សម្បុកស្រមោចដ៏ធំមួយក៏ពុំមែនកើតបានដោយសារតែស្រមោចមួយក្បាលដែរ គឺមានការចូលរួមពីស្រមោចរាប់ម៉ឺនក្បាល។ តែសាមគ្គីភាពមិនអាចកើតមានបានទេ បើគ្មានគោលដៅរួមគ្នា គ្មានចិត្តគំនិតវេញធ្លុងចូលគ្នា គ្មានភាពស្មោះត្រង់នឹងគ្នា គ្មានការអធ្យាស្រ័យចំពោះគ្នា គ្មានការជួយជ្រោមជ្រែងគ្នា និងគ្មានយុត្តិធម៌ចំពោះគ្នា។

Cr. Yuong So Da

Wednesday, March 13, 2019

ឆន្ទៈក្នុងការងារ



ព្រះភិក្ខុបយុត្តោ ធ្លាប់មានថេរដីកាស្ដីពីរឿង ឆន្ទៈក្នុងការងារនេះទុកថា ឆន្ទៈ ក្នុងន័យងាយស្ដាប់គឺ ចូលចិត្ត ។ ក្នុងកិច្ចការនេះ មានលោកមួយអង្គសួរអ្នកដាក់ពាក្យធ្វើការថា តើអ្នកចូលចិត្តការងារនេះទេ? ពាក្យថា ចូលចិត្ត នេះមានន័យថា ចូលចិត្តត្រង់ប្រាក់ខែខ្ពស់ បានលុយច្រើន ធ្វើការងារសប្បាយមិនពិបាក មិនបាច់ហត់នឿយ ការងារងាយស្រួល និងមានពេលវេលាសម្រាកគ្រប់គ្រាន់ ចាត់ទុកថា ចូលចិត្តម្យ៉ាង។

មនុស្សម្នាក់ទៀតឆ្លើយថា ចូលចិត្ត តើចូលចិត្តយ៉ាងណា? ដែលចូលចិត្តការងារនេះ វាត្រូវជាមួយនឹងចំណេះជំនាញសមត្ថភាពរបស់ខ្លួន ធ្វើហើយវាមានប្រយោជន៍ដល់សង្គមប្រទេសជាតិបាន ជាការងារមួយល្អ មានប្រយោជន៍យ៉ាងនេះយ៉ាងនោះ ចូលចិត្តព្រោះហេតុយ៉ាងនេះ។ នេះឯងជាពាក្យថា ចូលចិត្ត ក្នុងទីនេះសំដៅលើតណ្ហា និងឆន្ទៈ ប្រសិនបើចង់បានច្បាស់ជាងនេះ ត្រូវព្យាយាមឈ្វេងយល់ឲ្យបានស៊ីជម្រៅទៅលើពាក្យថា ឆន្ទៈ ក្នុងបរិបទសង្គមខ្មែរ។
ប្រសិនបើសួរថា ចុះការងារនេះអ្នកមានឆន្ទៈដែរទេ? មានន័យថា វាត្រូវជាមួយចំណេះជំនាញខ្លួន តើយើងអាចមើលឃើញពីអត្ថប្រយោជន៍របស់វាទេ? ត្រូវមើលប្រកបដោយបញ្ញា មិនមែនគ្រាន់តែថា វាមានប្រាក់ខែខ្ពស់ ស្រួលសប្បាយ សម្រាកបានច្រើន យ៉ាងនេះវាគ្រាន់តែជាអារម្មណ៍អាត្មានិយម នេះគឺហៅថាតណ្ហា ។ 

ប្រសិនបើមានឆន្ទៈដូចអ្វីដែលបានពោល យើងធ្វើការងារពិត ស្រឡាញ់ការងារមែនៗ ស្រឡាញ់នោះព្រោះមើលឃើញពីអត្ថប្រយោជន៍ថា ការងារនេះជាការងារជួយដល់សង្គម ហើយជួយអភិវឌ្ឍប្រទេសជាតិថែមទៀត ។ ប្រសិនបើវាមិនជួយអ្វីដល់សង្គមទេ ត្រូវព្យាយាមបណ្ដុះឆន្ទៈក្នុងផ្លូវមួយដែលខ្លួនគិតថា មានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនយើង ។ ពេលដែលយើងចូលទៅធ្វើកិច្ចការអ្វីមួយក៏ដោយ អត្ថប្រយោជន៍ម្យ៉ាងពីការងារនោះ មិនថាការងារនោះជាការងារអ្វីទេ មិនចូលចិត្ត ឬមិនក៏ដោយ វានឹងជួយយើងបានអភិវឌ្ឍខ្លួនឯង ដូចជា ការងារពិបាក វាជួយយើងបានកាន់តែប្រសើរឡើង គឺវាបានជួយបង្វឹកខ្លួនយើង ឲ្យកើតមានសតិបញ្ញា និងមានសមត្ថភាពផ្សេងៗទៀតជាច្រើន ។

ដូច្នេះ ប្រសិនបើមនុស្សមានឆន្ទៈល្មមបណ្ដុះឆន្ទៈបានល្អហើយ មានបំណងអ្វី ឬសិក្សាពេលនេះនឹងមានអារម្មណ៍ឌូតឡើង សូម្បីតែកិច្ចការនោះពិបាកយ៉ាប់ក៏ដោយ ក៏ខ្លួនចូលចិត្តធ្វើវាដែរ នេះចូលក្នុងគតិថា រឹតតែពិបាក រឹតតែបានច្រើន ។ អ្នកជឿដែរទេថា កាន់តែពិបាកកាន់តែបានច្រើន គឺបានជួយអភិវឌ្ឍខ្លួនឯងច្រើនជាងការងារនោះនឹងសម្រេច ជាងនោះ នឹងដើរទៅបានស្រួល យើងបានអភិវឌ្ឍខ្លួនឯងបានច្រើនឡើង ។ ប្រសិនបើការងារដែលយើងកំពុងធ្វើនោះ យើងមិនអាចមើលឃើញពីអត្ថប្រយោជន៍ដល់សង្គម ដល់ប្រទេសជាតិ តែយើងត្រូវធ្វើការងារបណ្ដុះឆន្ទៈឡើងក្នុងជ្រុងមួយថា វានឹងជួយឲ្យយើងបានអភិវឌ្ឍជីវិតរបស់យើង ព្រោះថាការងារនោះមានន័យម្យ៉ាង គឺជាចំណុចអភិវឌ្ឍជីវិតរបស់យើង ។

ការងារនេះស៊ីពេលច្រើននៃជីវិតយើង ដូចជាមួយថ្ងៃ ៨ម៉ោង គឺមួយភាគបីនៃថ្ងៃ នៅសល់ ១៦ម៉ោងទៀត អង្គុយខ្លះ ដើរខ្លះ អស់ច្រើនទៀត ព្រោះដូច្នោះយើងនឹងយកអ្វី ក៏ត្រូវយកពេល ៨ ម៉ោងនេះ កុំឲ្យខាតទៅទទេៗ ប្រសិនបើយើងវីវក់កើតទុក្ខបង្ខំចិត្តជាមួយការងារនេះ យើងនឹងខាតមួយថ្ងៃ ៨ ម៉ោងទទេៗ ហើយជីវិតយើងពោរពេញដោយទុក្ខកង្វល់ជាប់មិនលែង ។

ដូចនេះ យើងត្រូវព្យាយាមប្រញាប់បណ្ដុះឆន្ទៈឡើងឲ្យឃើញពីអត្ថប្រយោជន៍ដែលស្រឡាញ់ការងារនោះឲ្យបាន ហើយយើងក៏ប្រាប់ខ្លួនឯងថា ការងារនេះយើងធ្វើចុះ យើងនឹងបានអភិវឌ្ឍខ្លួនឯង អភិវឌ្ឍទស្សនវិស័យ អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហា អភិវឌ្ឍបញ្ញា អភិវឌ្ឍចិត្តគំនិតឲ្យមានភាពអត់ធ្មត់ ឲ្យមានសេចក្ដីព្យាយាម ឲ្យចេះគ្រប់គ្រងខ្លួនឯង ឲ្យមានសតិ មានសមាធិជាដើម។ ការងារគ្រប់យ៉ាងយកមកប្រើអភិវឌ្ឍន៍ខ្លួនយើងបានទាំងអស់ យ៉ាងហោចទៅ ក៏វាបានជួយអភិវឌ្ឍខ្លួនឯងដែរ ។ ប្រសិនបើមានឆន្ទៈយ៉ាងនេះ ធ្វើការងារអ្វីក៏មានន័យ និងមានសេចក្ដីច្រើនឡើង ៕

Cr. គោលគំនិតល្អដើម្បីជីវិត

Sunday, March 3, 2019

ការពិចារណាវិថីចិត្ត



ការកែលំអរវិថីចិត្ត ចាំបាច់ណាស់ត្រូវការភាពរឹងមាំ ។ ការអង្គុយត្រួតពិនិត្យសង្កេតមើលចិត្តត្រូវត្រួតពិនិត្យសង្កេតឲ្យមែនទែន វិថីរបស់ចិត្តនឹងធ្វើដំណើរទៅគ្រប់វិថី មិនថាយប់ឬថ្ងៃ សូម្បីតែខ្លួនដេកលក់ក៏មានយល់សប្ដិដែរ។ ទាំងនេះសុទ្ធតែជាវិថីរបស់ចិត្តដែលត្រាច់រង្គាត់គ្រប់ពេលវេលាទាំងអស់។ ប្រសិនបើជាយោគីវចរអ្នកប្រតិបត្តិកំចាត់បង់គ្រឿងភ័យដល់ចិត្ត ព្រមទាំងជាអ្នកដឹងទាន់វិថីចិត្តរបស់ខ្លួនហើយ ត្រូវធ្វើជាអ្នកសង្កេតមើលចិត្តនេះ។

ដូច្នេះ ការចម្រើនភាវនា ទើបជាវិធីល្អបំផុត ដែលអាចនឹងទទួលដឹងរឿងវិថីចិត្តរបស់ខ្លួនថា វាត្រាច់ចរទៅផ្លូវខុសឬក៏ផ្លូវត្រូវ ដើរមួយជំហានត្រូវគិតមួយជំហាន គិតទៅរកផ្លូវធម៌ ឬគិតទៅរកផ្លូវលោក ដើម្បីជាការពូនសន្សំកិលេសមកឲ្យចិត្ត យើងត្រូវសង្កេតតាមរបៀបនេះឯង។

ប្រសិនបើជាអ្នកត្រូវការធម៌ជាគ្រឿងលាងជម្រះចិត្ត ត្រូវមើលវិថីដើររបស់ចិត្តប្រកបព្រមដោយសតិបញ្ញា និងដោយសេចក្ដីព្យាយាម។ រឿងនេះព្រះពុទ្ធជាម្ចាស់ទ្រង់យាងមកយ៉ាងនេះ សាវ័កទាំងឡាយក៏ធ្លាប់បាននិមន្តមកយ៉ាងនេះ គ្រូអាចារ្យដែលមានឈ្មោះល្បីល្បាញក៏ធ្លាប់បានអប់រំពួកយើងមកទល់ឥឡូវនេះ លោកក៏ប្រតិបត្តិឬសង្កេតពិនិត្យមើលវិថីផ្លូវដើររបស់លោកមកយ៉ាងនោះដូចគ្នា មិនដូច្នោះទេ ក៏មិនដឹងវិថីចិត្តដូចគ្នា។

បើដើរទាំងយប់ទាំងថ្ងៃ ក៏ត្រូវគិតទាំងយប់ទាំងថ្ងៃ នឹងគិតរឿងរាប់រយជំពូកក៏ដោយ យើងក៏អាចដឹងបានថា ជាផ្លូវល្អ ឬអាក្រក់ យើងគ្រាន់តែដឹងថា បណ្ដោយទៅតាមអំពើចិត្តដែលវាគិតទៅប៉ុននោះ នៅត្រង់នេះហើយ ផលប្រយោជន៍ដែលប្រាកដឡើងនោះ វាមិនមាន មានតែភាពក្ដៅក្រហាយ។

បើបានអង្គុយថ្ងៃនេះហើយ ថ្ងៃក្រោយក៏ហើយ ថ្ងៃនេះងងឹត ថ្ងៃក្រោយក៏ភ្លឺ ខ្លួនក៏រអ៊ូរជានិច្ចថា ចិត្តរបស់ខ្លួននេះទន់ជ្រាយ ចិត្តរបស់ខ្លួននេះគ្មានក្ដីសេចក្ដីសុខ គ្មានផាសុក ពីព្រោះការប្រតិបត្តិខ្លួនឯងមិនសមតុល្យនៃហេតុ ដែលគួរធ្វើចិត្តឲ្យមានសេចក្ដីចម្រុងចម្រើន ឬស្រួលសប្បាយក្នុងខ្លួនបាន ទើបរកភាពស្ងប់ត្រជាក់នេះមិនបាន នេះហើយជាប្រការនាំឲ្យយើងមកប្រតិបត្តិគិតពិចារណាវិថីចិត្តនោះ ។

Cr. គោលគំនិតល្អដើម្បីជីវិត 
រូបភាព ផេកវត្តបទុបវតី


តើខ្ញុំរស់នៅលើលោកដើម្បីអ្វី ?



ឃើញអ្នកសរសេរកាន់តែច្រើន ស្របពេលឃើញអ្នកនិយាយកាន់តែច្រើន ហើយក៏ស្របពេលដែលខ្ញុំកាន់តែដឹងថាខ្លួននៅល្ងង់ ល្ងង់ព្រោះសង្គមសំបូរមនុស្សបង្អួតចំណេះ ។ អ្នកខ្លះចេះត្រឹម ក តែនិយាយដល់ ខ ។ អ្នកខ្លះទៀតចេះត្រឹម ក តែអាចអប់រំមនុស្សដែលមិនចេះអ្វីសោះរហូតពួកគេអាចរកឃើញតម្លៃល្អជាងមនុស្សដែលមានចំណេះដឹងកម្រិត ខ ។

សូក្រាតបង្រៀនថា " ស្គាល់ខ្លួនឯង គឺជាមនុស្សឆ្លាតបំផុត " តែខ្ញុំស្គាល់មនុស្សកាន់តែច្រើន ខ្ញុំកាន់តែដឹងថាខ្លួនល្ងង់ ។ កាន់តែដឹថាខ្លួនល្ងង់ ខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ ។ ស្គាល់កាន់តែច្បាស់ ខ្ញុំកាន់តែដឹងថាមានរឿងជាច្រើន ដែលមនុស្សជាច្រើនមិនដែលដឹង ហើយមានចំណេះដឹងខ្លះ វាមិនបានឋិតក្នុងកម្រិតខួរក្បាលទេ តែត្រូវប្រើចិត្តទៅពាល់។ មានតែអ្នកពាល់ទេ ទើបយល់ពីជម្រៅនៃធម្មជាតិពិតប្រាកដ ។ យល់ច្បាស់ពីជ្រៅធម្មជាតិ យើងនឹងដឹងកាន់តែច្បាស់ថាអ្វីមានតម្លៃ អ្វីអត់តម្លៃ ហើយក៏កាន់តែដឹងថា អ្វីដែលយើងគួរលះបង់ដើម្បីវា និងអ្វីដែលមិនគួរឲ្យតម្លៃ ។ ស្គាល់ពីជម្រៅធម្មជាតិ យើងនឹងដឹងថាយើងមកពីណា ហើយរស់នៅទីនេះដើម្បីអ្វី ? មិនមែនដើម្បីទ្រព្យ មិនមែនដើម្បីភាពអស្ចារ្យ ប៉ុន្ដែគឺដើម្បីអ្វីដែលយើងយល់ថាមានតម្លៃ ហើយអ្វីៗទាំងនោះ គឺជាការកំណត់ពីធម្មជាតិ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹង ។

ក្នុងសម័យកាលនៃការប្រជែង មានតែមនុស្សដែលមិនប្រជែងទេ ទើបជាអ្នកឈ្នះ ពិតប្រាកដ ។ កំពូលមហាសេដ្ឋីអាមេរិក លោក ប៊ីលហ្គែត បានបង្ហើបថា " ចង់ជោគជ័យក្នុងជីវិត កុំធ្វើការយកបរិមាណ តែត្រូវធ្វើការយកគុណភាព " ព្រះពុទ្ធក៏ទ្រង់សម្ដែងថា " សត្រូវដ៏សាហាវ គឺចិត្តច្របូកច្របល់ " ។ ចង់ឈ្នះកុំប្រជែងឈ្នះ តែត្រូវប្រជែងយកគុណតម្លៃ ។ ចង់ក្លាយជាមនុស្សមានតម្លៃ ត្រូវហ៊ានលះបង់ដើម្បីបង្កើតតម្លៃ ។ មិនថាក្នុងបរិបទណាទេមនុស្សមានតម្លៃ គឺជាមនុស្សដែលមានគុណតម្លៃក្នុងចិត្តអ្នកដទៃ ហើយមនុស្សដែលលះបង់ដើម្បីគុណតម្លៃ គឺតែងតែមានជីវិតរស់នៅដ៏មានតម្លៃជានិច្ច

ខ្ញុំមិនប្រជែងធ្វើមនុស្សមានតម្លៃទេ តែខ្ញុំចង់ធ្វើជាមនុស្សដែលអាចដកដង្ហើមបានស្រួល និងអាចរស់នៅសុខសប្បាយដល់ចាស់ ព្រោះថាមនុស្សខ្លះ ប្រហែលគ្មានសំណាងនេះទេ ដោយសារមនុស្សជាច្រើនបានប្រើជីវិតរបស់គេបញ្ច្រាស់ធម្មជាតិ ។ មានតែមនុស្សដែលមានបញ្ញាប៉ុណ្ណោះ ទើបឈ្នះរនាំងជីវិត ។ គេអាចមិនមែនជាអ្នកសរសេរ អ្នកនិយាយ ឬមនុស្សមានតម្លៃ តែគេអាចជាមនុស្សស្ងប់ម្នាក់ ដែលរស់នៅដើម្បីអ្នកដទៃដ៏ស្ងៀមស្ងាត់ ។ ខ្ញុំប្រើពាក្យគេ និងខ្ញុំ តែគេមិនមែនខ្ញុំទេ ៕

Cr. Sun Veasna

លុបពាក្យថាមិនអាចចេញ



ពីកុមារធម្មតាម្នាក់ក្លាយទៅជាកំពូលមនុស្សក្នុងប្រវត្តិសាស្ត្រពិភពលោក ពុំមែនជារឿងងាយស្រួលទេ ប៉ុន្តែអធិរាជ ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte) អាចធ្វើទៅបានដោយគ្មាននរណាអាចបដិសេធបានចំពោះសមិទ្ធផលដ៏សម្បើមរបស់គាត់។ កិច្ចការដែលគាត់ធ្វើនីមួយៗសុទ្ធតែទទួលបានមកដោយការចំណាយយ៉ាងគួរឲ្យខ្លាច និងសឹងតែមិនអាចមានជីវិតមកវិញផងក៏មាន។

ការណ៍នេះ ក៏ព្រោះតែជំនឿចិត្តយ៉ាងរឹងមាំចម្លែករបស់គាត់តែម្ដង គឺថាគាត់មិនដែលនិយាយពាក្យថា «មិនអាច» (Can't) ឡើយ ដូចពាក្យសម្ដីមួយឃ្លាដែលគាត់បានពោលហើយក្លាយជាភាសិតដ៏ល្បីល្បាញក្នុងសម័យកាលក្រោយមកទៀតយ៉ាងដូច្នេះថា «មិនអាចទៅរួច គឺជាពាក្យដែលមានតែនៅក្នុងវចនានុក្រមរបស់មនុស្សល្ងង់តែប៉ុណ្ណោះ។» (Impossible is a word to be found only in the dictionary of fools.)

បើមនុស្សគ្រប់គ្នាប្រកាន់យកឃ្លាសម្ដីនេះមកប្រតិបត្តិ នោះលទ្ធផលនៃកិច្ចការដែលជាគោលដៅរបស់យើងច្បាស់ជាស្ថិតនៅក្នុងរង្វង់នៃជ័យជម្នះ។ ចុះឧបមាថាបើសិនជាប្រើឃ្លានេះរួច ត្រូវបរាជ័យវិញ? ហឹស! គ្មានអ្វីគួរឲ្យអាម៉ាស់សោះ ផ្ទុយទៅវិញ នោះគឺជាបរាជ័យយ៉ាងល្អមើលនិងគួរឲ្យកោតសរសើរបំផុត។ វាប្រសើរជាងមនុស្សដែលមិនដែលធ្លាប់ស្គាល់រសជាតិបរាជ័យទៀតផង។ គ្រាន់តែកុំច្រឡំថា ការប្ដេជ្ញាតស៊ូជម្នះក្នុងការប្រព្រឹត្តរឿងអាក្រក់ៗក្នុងសង្គម គឺជាការតាំងចិត្តដ៏ប្រពៃ ឬជាការឈ្លាសវៃក្នុងការលុបពាក្យថា «មិនអាច» ចេញឲ្យសោះ។

តើភ្នំ ឬសមុទ្រ ព្រះអាទិត្យឬផែនដី... ដែលធំជាងគេក្នុងលោកនោះ? ខ្ញុំថាមិនមែនដូច្នោះទេដឹង។ «ចិត្តមនុស្ស» ទៅវិញទេដែលធំលើសវត្ថុទាំងអស់នោះនាចក្រវាឡយើងនេះ។ រាងកាយមនុស្សមិនធំលើសដំរីទេ តែទំហំដួងចិត្តវិញធំហួសនឹងបរិយាយបាន។ រាល់ពេលនរណាជឿយ៉ាងមុតមាំថាដៃជើងរបស់គេអាចធ្វើទៅរួច គេកម្រអស់សង្ឃឹមដោយសារតែជំនឿនោះណាស់ សំខាន់ឲ្យតែជាជំនឿនៅក្នុងកិច្ចការដែលត្រឹមត្រូវ។ តែនរណាដែលចូលចិត្តពោលមកកាន់ខ្លួនឯងថា «ការងារនេះខ្ញុំមិនអាចធ្វើកើតទេ» អ្នកនោះនឹងទទួលបានបរាជ័យជារង្វាន់ ទាំងដែលមិនទាន់បានចាប់ផ្ដើមម្ល៉េះ ហើយវាក៏ជាភាពអាម៉ាសដែលសាកសមសម្រាប់ឋានៈដូចជារូបគេហើយ។

Cr. Yuong So Da

Saturday, March 2, 2019

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣៦)



“…មនុស្សមិនឆ្លាតរក្សាចិត្ត ទើបយោលយោកទៅតាមអារម្មណ៍
ឧបមាដូចទឹកភ្លៀង ជាទឹកស្អាត វាមានភាពថ្លាស្អាតជាប្រក្រតី
ប្រសិនបើយើងយកពណ៌ខៀវ ក្រហមដាក់ចូលទៅ
ទឹកក៏ប្រែពណ៌ទៅតាមការដាក់ពណ៌នោះៗ ។

ចិត្តរបស់យើងក៏ដូចគ្នា
ដូច្នោះហើយ ពេលណាវាត្រូវអារម្មណ៍ជានិដ្ឋារម្មណ៍មកប៉ះត្រូវ
ចិត្តក៏ត្រេកអរសប្បាយទៅ
ពេលណាវាត្រូវអារម្មណ៍ដែលជាអនិដ្ឋារម្មណ៍មកប៉ះត្រូវ
ចិត្តក៏ប្រែជាកើតទុក្ខទោមនស្សទៅ។

ប្រៀដូចជាស្លឹកឈើ ដែលត្រូវខ្យល់បក់
វាក៏យោលយោក ឲ្យនឹងថ្កល់មិនបាន ។
ផ្កា ផ្លែឈើទាំងឡាយ វាត្រូវខ្យល់ដូចគ្នា
ពេលណាត្រូវខ្យល់បោកបក់ វាក៏ត្រូវធ្លាក់ជ្រុះមកដី
មិនអាចនៅក្ដិបផ្លែទុំបាន។

ចិត្តរបស់មនុស្សយើងក៏ដូចគ្នា
ត្រូវអារម្មណ៍មកប៉ះផ្ទប់ ត្រូវអារម្មណ៍មកឆាបឆក មកទាញទៅ
ក៏ធ្លាក់ចុះ ដូចគ្នានឹងផ្លែផ្កាឈើនោះដែរ…”

Cr.គោលគំនិតល្អដើម្បីជីវិត


រឿងនិទានមិត្តល្អ



នៅវេលារសៀលមួយ មានពពែមួយក្បាលកំពុងរត់លេងលើជម្រាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងនឹងស៊ីពពែនោះ។

ពពែ ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឱ្យមិត្តភក្ដិមកជួយ។ គោ ក្រឡេកទៅឃើញចចកក៏រត់បាត់ទៅ...។ សេះ ឱនមើលឃើញចចកក៏ដាក់មេផាយបាត់ទៅ...។ សត្វលាបានឈប់បន្តិច ដឹងថាមានចចកក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ...។ ជ្រូក ដើរកាត់ គ្រាន់តែឃើញចចកបោលចុះពីភ្នំបាត់ទៅ...។ ទន្សាយ គ្រាន់តែស្តាប់ឮថាចចករត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ...។ ឆ្កែ នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់កចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។

ពពែ ត្រឡប់ដល់ផ្ទះវិញ មិត្តភក្ដិទាំងអស់បាននាំគ្នាមកសួរសុខទុក្ខ ។ គោ និយាយថា " ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឱ្យធ្លាយចេញពោះវៀនមកក្រៅបានណា៎! " ។ សេះថា "ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឱ្យធ្លាយខួរបានណា៎! "។ សត្វលាស្រែកឡើងថា "ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឱ្យវាភ័យបែកប្រមាត់បានណា៎! " ។ ជ្រូកថា " ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឱ្យរមៀលធ្លាក់ពីលើភ្នំបានណា៎! "។ ទន្សាយថា "ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឱ្យបងប្អូនយើងដឹងបានណា៎! " ។ ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែទេដែរនៅស្ងៀមមិននិយាយាអ្វី។

តម្លៃអប់រំ៖ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីអែបអបនោះទេ ។ ប៉ុន្តែនៅពេលដែលចាំបាច់គឺនឹងហុចដៃចាំជួយទាញយើង ។ ជួនកាលអ្នកដែលធ្វើឱ្យយើងសប្បាយចិត្តរាល់ថ្ងៃនេះ ខ្លះក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់យើងដែរ ។ មនុស្សខ្លះ បានតែសម្ដីគ្មានសាច់ការណ៍ទេ ហើយមនុស្សខ្លះទៀតបានតែអែបអបយើង ដល់យើងមានទុក្ខលំបាក ក៏បាត់សូន្យឈឹង ។ មិត្តភាពដែលបានពីការសម្ដែង វានឹងរលាយបាត់នៅពេលដែលយើងមានទុក្ខលំបាក ។ ប៉ុន្ដែមិត្តភាពដែលបានមកពីចិត្តបរិសុទ្ធ វានឹងធ្វើឲ្យយើងកក់ក្ដៅក្នុងជីវិត ៕


Cr. ប្រាជ្ញាជីវិត

Friday, March 1, 2019

ទស្សនវិស័យសម្តេចសង្ឃរាជជួនណាត



មនុស្សខ្លាំងពុំដែលមានចរិតផ្ញើវាសនាលើអ្នកដទៃទេ ហើយប្រទេសខ្លាំង គឺរឹងរឹតតែពុំអាចផ្ញើវាសនាលើប្រទេសដទៃបានដែរ

សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង។ មនុស្សខ្លាំង គឺជាមនុស្សដែលមានការអប់រំខ្ពស់។ ការអប់រំដែលត្រឹមត្រូវ គឺត្រូវបង្រៀនមិនត្រឹមតែចំណេះជំនាញប៉ុណ្ណោះទេ តែថែមទាំងត្រូវបង្វឹកបណ្តុះលើក្រមសីលធម៌ផងដែរ។ ទស្សនវិទូក្រិច ប្លាតុង (Plato) និយាយថា ចំណេះដឹងនឹងក្លាយជាឥតប្រយោជន៍ បើគោលបំណងនៃចំណេះដឹងខុសគោលការណ៍សីលធម៌។ ត្រឹមតែមានចំណេះ គឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវមានចំណេះដឹងខាងបង្រួបបង្រួមមនុស្ស ទើបហៅថាខ្លាំងពិតប្រាកដ និងខ្លាំងបានយូរអង្វែង។ តើយើងអាចរៀនអ្វីខ្លះពីបុព្វបុរសខ្មែរ ជាពិសេសអ្នកប្រាជ្ញខ្មែរនាស.វទី២០?

យុវជនខ្មែរទាំងអស់បានដឹងថាខ្មែរពីអតីតកាលជាពូជខ្លាំង ពូជអ្នកចម្បាំង តែមនុស្សទាំងអស់ពុំដឹងពីរបៀបខ្លាំងថាត្រូវធ្វើបែបណាឡើយ។ ក្នុងបទ ពង្សាវតារខ្មែរ បានឱ្យតម្លៃខ្លាំងទៅលើ ការស្គាល់ខ្លួនឯងរបស់ជាតិសាសន៍មួយ។ តើសាសន៍នេះជានរណា? មកពីណា? ធ្លាប់ជានរណា? រុងរឿងប៉ុនណា? ក្នុងទំនុកច្រៀងនេះ អ្នកប្រាជ្ញខ្មែរបានដាស់ព្រលឹងខ្មែរថា [] ខ្មែរអើយ ចូរស្តាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើង។ អារីស្តូតពោលថា ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើមឡើងនៃបញ្ញាញាណ។ តើត្រូវធ្វើបែបណាដើម្បីស្គាល់ខ្លួនឯង? សូក្រាតឆ្លើយថា ដើម្បីស្គាល់ពីខ្លួនឯង យើងត្រូវប្រើវេលាពិចារណាស្វែងរកខ្លួនឯង។ យុវជនខ្មែរត្រូវគិតឡើងវិញថា តើដើមកំណើតខ្មែរជានរណា? ខ្មែរខ្លាំងដោយសារអ្វី? ហើយបែកបាក់សាមគ្គីដោយសារអ្វី? ហើយក្នុងនាមជាយុវជនជំនាន់ថ្មី តើគួរត្រូវធ្វើអ្វីបន្តទៀត? ចុងបញ្ចប់នៃបទពង្សាវតារខ្មែរ បានបញ្ចប់ដោយឃ្លាថា តាំងចិត្តឱ្យមាំ ខិតខំប្រឹងវេញ សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង តម្លៃខ្មែរយើង []។ ដូច្នេះ តើយើងគួរឱ្យតម្លៃខ្មែរគ្នាឯង ឬឱ្យតម្លៃបរទេស? តើយើងត្រូវស្រឡាញ់បរទេស ឬស្រឡាញ់ខ្មែរ? ជាដំបូង តើយើងត្រូវសាមគ្គីជាមួយបរទេស ឬសាមគ្គីជាមួយខ្មែរគ្នាឯង? តើការស្រឡាញ់របស់យើង ត្រឹមតែពាក្យសម្តី ឬទង្វើធ្វើជាក់ស្តែង?

ចម្លើយ គឺយើងគួរតែស្រឡាញ់ខ្មែរជាងស្រឡាញ់បរទេស។ ជាធម្មជាតិរបស់មនុស្ស ដំបូងគឺខ្លួនឯងនិយម។ បន្ទាប់មក គឺជាតិនិយម។ ចុងក្រោយ គឺអន្តរជាតិនិយម។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា បើយើងពិតជាស្រឡាញ់ខ្លួនយើងមែន យើងនឹងពុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារយើងឡើយ។ នៅក្នុងទ្រឹស្តីព្រាហ្មណ៍ បើឱ្យជ្រើសរើសរវាងខ្លួនឯងនិងជាតិ គឺមនុស្សត្រូវសុខចិត្តលះបង់ខ្លួនឯងដើម្បីឱ្យជាតិរស់។ នៅជំនាន់អាឡិចសង់ដឺក្រេត (Alexander the great) ឈ្លានពានឥណ្ឌា មានអាចារ្យព្រាហ្មណ៍ម្នាក់និយាយថា លះបង់មនុស្សម្នាក់ ដើម្បីប្រយោជន៍គ្រួសារ។ លះបង់គ្រួសារ ដើម្បីប្រយោជន៍ភូមិស្រុក។ លះបង់ភូមិស្រុក ដើម្បីប្រយោជន៍សង្គមជាតិ។ មហាត្មៈ គន្ធី (Mahatma Gandhi) បាននិយាយឃ្លាស្រដៀងថា យើងត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យគ្រួសាររស់ ហើយគ្រួសារត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យជាតិរស់។ នេះជាតួនាទី និងកតព្វកិច្ចរបស់មនុស្សក្នុងសង្គមដែលត្រូវថែរក្សាជាតិឱ្យបានរុងរឿង។

មនុស្សម្នាក់កើតលើផែនដីនេះ ត្រូវដឹងគុណរឿងពីរយ៉ាង៖ ទីមួយគឺជាតិ ដែលជាម្តាយធំ និងទីពីរគឺម្តាយតូច ដែលជាម្តាយបង្កើត។ ក្នុងបទ ជនជាតិខ្មែរ ដែលជាព្រះរាជនិពន្ធដោយសម្តេចសង្ឃរាជជួន ណាត បានសរសេរថា ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឱ្យបានរុងរឿង។ ជាទូទៅ មុននឹងសត្រូវបំបែកសង្គម គឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឱ្យវិលវល់វក់វីស្អប់គ្នាសិន។ តើបំបែកយ៉ាងម៉េច? ទីមួយគឺ អ្នកចេះដឹងនិងមនុស្សទូទៅនឹងក្លាយទៅជាបុគ្គលអសីលធម៌ ដែលពេញពោរដោយសេចក្តីប្រមាថលើអ្នកដទៃ និងប្រើអារម្មណ៍និយមក្នុងការសម្រេចសេចក្តី។ ទីពីរគឺ អ្នកនយោបាយ នឹងក្លាយទៅជាបុគ្គលខ្វះគោលការណ៍គ្រប់គ្រាន់ក្នុងការធ្វើនយោបាយ (អំពើបាបក្នុងសង្គមដែលមហាត្មៈគន្ធីបានលើកឡើងគឺ នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle)។ អ្នកនយោបាយ បានក្លាយទៅជាមេដឹកនាំបញ្ឆេះកំហឹងហិង្សាដល់មហាជនតាមរយៈពាក្យសម្តីវាយប្រហារគ្នា និងជេរប្រមាថប្រទេចគ្នា។ ទីបីគឺ បរទេសនិយម ដែលសម្តេចសង្ឃរាជជួន ណាត ពោលថា កុំឱ្យបរទេស គេមកបង្វែរ ឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី។ ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៍ឈ្មោះខេមរា [...]

យុវជនខ្មែរគួរដឹងថា រឿងចាស់ ជារឿងចាស់ ពីព្រោះគ្មានបុគ្គលអស្ចារ្យណាម្នាក់អាចកែប្រែអតីតកាលបានឡើយ។ ប៉ុន្តែ យើងថ្មី របៀបថ្មី គឺត្រូវចាប់ផ្តើមពីថ្ងៃនេះ។ អ្នកដទៃមិនយល់ ជារឿងរបស់អ្នកដទៃ។ អ្នកនិពន្ធប្រលោមលោកម្នាក់បានពោលថា មនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អ គឺប្រៀបបាននឹងអាចគ្រប់គ្រងអនាគតកាលបាន។ មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបានល្អ គឺនឹងអាចបង្កើតអតីតកាលល្អ។ ម្សិលមិញ គឺជាអតីតកាលនៃថ្ងៃនេះ។ ថ្ងៃនេះ គឺជាអតីតកាលនៃថ្ងៃស្អែក ហើយថ្ងៃស្អែក គឺជាអនាគតកាលនៃថ្ងៃនេះ។ ម្សិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយថ្ងៃស្អែកគឺជាថ្ងៃនេះ ពីព្រោះឱ្យតែយើងគ្រប់គ្រងថ្ងៃនេះឱ្យបានល្អបំផុត នោះអតីតកាលនិងអនាគតកាល នឹងល្អជានិច្ចដូចគ្នា។ គ្រប់គ្រងថ្ងៃនេះឱ្យល្អ គឺមានន័យថាបានបង្កើតអតីតកាលល្អ ហើយក៏មានន័យថាកំពុងបានរៀបចំអនាគតកាលយ៉ាងល្អប្រសើរដែរ។ ប្រឹងរៀន មានសីលធម៌ សាមគ្គី៕
___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃ