Friday, May 31, 2019

សេចក្តីស្ងប់



សេចក្តីស្ងប់ពុំមែនជាការនៅធ្មឹងរឹងខ្លួន ដោយឥតសកម្មភាពនោះទេ តែគឺជាការមិនធ្វើប្រតិកម្មតបទៅនឹងអកុសលកម្មទាំងឡាយ ដែលកើតឡើងចំពោះយើងផង និង ចំពោះសង្គម ដែលយើងកំពុងរស់នៅផង ។ មានន័យថា សេចក្តីស្ងប់គឺជាការធ្វើការងារយ៉ាងសកម្មទៅលើទង្វើជាកុសល ដែលនឹងឆ្ពោះទៅរកសន្តិភាពផ្លូវចិត្តពិតប្រាកដ ។

តាមធម្មតាយើងចូលចិត្តរិះគន់សង្គមនៅពេលមានបញ្ហា ហើយតែងតែមើលរំលងប្រព្រឹត្តកម្មរបស់ខ្លួនឯងចំពោះសង្គម ។ គេនិយាយយ៉ាងសុះសាយទៅហើយថា "បើបុគ្គលពុំមានសន្តិភាព សង្គមក៏នឹងគ្មានសន្តិភាព" ។ សូម្បីគ្រប់និកាយសាសនាក៏មិនដែលរំលង ឬ ខាននិយាយរឿងនេះដែរ ។ ក៏ប៉ុន្តែ បើបុគ្គលជ្រើសរើសសន្តិភាព ដោយគេចវេះគ្រប់បញ្ហា នោះគឺជាការខុសឆ្គងធ្ងន់ធ្ងរណាស់ ។

បើគ្រាន់តែនៅធ្មឹង ដោយធ្វើមិនដឹងមិនឮគ្រប់បញ្ហា ដែលកើតឡើងក្នុងសង្គម ហើយអាចធ្វើឲ្យសង្គមមានសន្តិភាពបាន ប្រហែលជាព្រះពុទ្ធមិនត្រូវលំបាកត្រាច់ចរទេសនាគ្រប់ទីកន្លែង នៅក្រោយពេលព្រះអង្គបានត្រាស់ដឹងដល់ទៅជាង ៤០ឆ្នាំនោះទេ ។ សេចក្តីពិត សន្តិភាពអាចសម្រេចទៅបាន គឺដោយការប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត ។
____

ដើរបញ្ច្រាសសច្ចភាព



ខ្ញុំមិនស្មោះត្រង់ទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សស្មោះត្រង់ ។ ខ្ញុំមិនត្រឹមត្រូវទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ ខ្ញុំមិនគួរឲ្យចូលចិត្តទេ ព្រោះខ្ញុំមិនដែលរស់នៅផ្គាប់ចិត្តអ្នកដទៃ ។ ខ្ញុំមិនមានមុខមានមាត់ណាស់ណាទេ ព្រោះខ្ញុំមិនចេះអែបអប យកចិត្តយកថ្លើមអ្នកដទៃ ។ ខ្ញុំមិនរួសរាយទេ ព្រោះខ្ញុំមិនអាចញញឹមដាក់មនុស្សដែលមើលមិនឃើញតម្លៃរបស់ខ្ញុំ ។ ខ្ញុំមិនចូលចិត្តពឹងគេទេ ព្រោះខ្ញុំមិនចង់ជំពាក់គុណអ្នកណា ។ ខ្ញុំគ្មានបក្ខពួកទេ ព្រោះខ្ញុំមានសន្ដិភាពនៅក្នុងបេះដូងរបស់ខ្ញុំ ។ ខ្ញុំមិនលើកលែងឲ្យអ្នកដែលធ្វើខុសចំពោះខ្ញុំទេ ព្រោះខ្ញុំតែងសងសឹកគេតាមរយៈការអភិវឌ្ឍសមត្ថភាពខ្លួនឯង ។ ហើយខ្ញុំជឿថាមានមនុស្សជាច្រើន មានចរិតនិស្ស័យដូចខ្ញុំ ។

គ្រប់យ៉ាងដែលកើតឡើង វាតែងមានហេតុមានផល ពេលខ្លះដោយសារតែយើងមិនយល់ពីគេ ទើបយើងចេះតែវាយតម្លៃគេផ្ដេសផ្ដាស ។ វាមិនអាចទៅរួចឡើយ ដែលមនុស្សម្នាក់ ចង់ឲ្យដូចមនុស្សម្នាក់ផ្សេងទៀត ។ សុភាសិតចិនមួយឃ្លាបានប្រដៅថា " វាមិនអាចទៅរួចទេ ដែលផ្លែឈើពេញមួយដើម ត្រូវតែមានរសជាតិដូចគ្នា " មនុស្សម្នាក់ៗមានរបៀបរស់នៅផ្សេងគ្នា ។ រូបមន្ដជីវិតមិនមែនត្រូវតែ 4+4=8 នោះទេ ។ មានរឿងខ្លះយើងយល់មិនដល់ មានលំហាត់ខ្លះយើងធ្វើមិនត្រូវ ។

មានមនុស្សជាច្រើនបានព្យាយាមណែនាំអ្នកដទៃ ច្រើនជាងណែនាំខ្លួនឯង ។ មានអ្នកស្នេហាសង្គមជាច្រើនបានជេរប្រមាថអ្នកដទៃ ដើម្បីវឌ្ឍនភាពសង្គម ។ មានអ្នកបង្កអសន្ដិសុខសង្គមជាច្រើនបានព្យាយាមបង្កើតបក្ខពួករបស់ខ្លួន ។ មានអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិជាច្រើន បានប្រកាន់វប្បធម៌រើសអើង ។ មានមនុស្សជាច្រើនដើរបញ្ច្រាសសច្ចភាព ដើម្បីស្វែងរកសច្ចភាព ។ ហើយមានមនុស្សតែមួយប្រភេទគត់ដែលដើរលើមាគ៌ាត្រឹមត្រូវ នោះគឺបុគ្គលសន្ដិភាពដែលពេញដោយគុណធម៌ និងចំណេះដឹង ។ ខ្ញុំប្រើពាក្យជាច្រើន គឺមិនមែនទាំងអស់ទេ ៕

Cr. Sun Veasna

Thursday, May 30, 2019

សេចក្ដីសុខនៅឯណា?



ពុំមានក្ដីសុខ ឬសន្ដិភាពណាមួយត្រូវបានបង្កើតឡើងតាមរយៈការដណ្ដើម ឬឈ្នានីសអ្នកដទៃនោះទេ ។ យើងមិនអាចរស់នៅដោយមានសត្រូវគ្រប់ទិសឡើយ ព្រោះវាធ្វើឲ្យយើងគ្មានក្ដីសុខ ។ ដ្បិតជីវិតគឺត្រូវតែប្រជែងរស់ ប៉ុន្ដែបើដើម្បីប្រយោជន៍ ហើយបង្កើតសត្រូវ នោះយើងនឹងបាត់បងផ្នែកមួយនៃជីវិត នោះគឺសន្ដិភាពជាមួយអ្នកដទៃ ។ ដើម្បីបានសន្ដិភាព យើងគួរដើរតាមមាគ៌ាគុណធម៌ ដើម្បីស្គាល់គុណធម៌ យើងគួរដើរតាមមាគ៌ានៃសច្ចភាព ។ មនុស្សល្អ ពុំគ្រាន់តែត្រូវបានគេឲ្យតម្លៃទេ ថែមទាំងត្រូវបានគេចងចាំទៀតផង ។ មនុស្សអាក្រក់ពុំគ្រាន់តែត្រូវបានគេជេរឡើយ ថែមទាំងគ្មានក្ដីសុខក្នុងជីវិតទៀតផង ។ តាមពិតយើងរស់នៅលើផែនដីនេះ មិនមែនដើម្បីភាពលោភលន់ទេ ប៉ុន្ដែគឺដើម្បីសច្ចភាពនៃជីវិត ។ ជីវិតដែលមានតម្លៃ គឺការរស់នៅជាមួយសេចក្ដីល្អ លើមាគ៌ាគុណធម៌ ។ មិនបាច់ព្យាយាមស្វែងរកក្ដីសុខទេ យើងគ្រាន់តែរស់នៅជាមួយសុចរិតភាព នោះសេចក្ដីសុខនឹងរត់មករកយើងដោយឯងៗ ៕

​លោក​ស្រី​​​ ​​Oprah Winfrey ​គឺ​ជា​​ពិធីការនី​ទូរទស្សន៍​​ ​និង ​​ជា​អ្នក​ផលិត​កម្មវិធី​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​នៅ​សហរដ្ឋអាមេរិក​ បាននិយាយថា " ភាពសុចរិត​​ពិតប្រាកដ គឺជាការប្រព្រឹត្តនូវរឿងដែលត្រឹមត្រូវ ទោះជាដឹងថាគ្មាននរណាម្នាក់នឹងដឹងថាអ្នកបានធ្វើវាឬអត់ក៏ដោយ។ ការ​អត់អោន​ទោសឲ្យនរណាម្នាក់ពិតប្រាកដ គឺជាពេលដែលអ្នកនិយាយថា អរគុណអ្នកសម្រាប់បទពិសោធមួយនេះ

Cr. Sun Veasna

មនុស្សអាចកាឡៃការពិត



ទស្សវិទូអទេវនិយម ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) ពោលថា ក្នុងលោកយើងនេះមិនមានការពិតទេ ប៉ុន្តែមានត្រឹមតែការទាញន័យបកស្រាយពន្យល់ទៅតាមទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ

ចំពោះមនុស្សជាតិ កើតមកលើផែនដីនេះ ពោរពេញដោយសមត្ថភាព ហើយអាចកាឡៃប្រែភាពល្អឲ្យទៅជាអាក្រក់ និងអាក្រក់ឲ្យទៅជាល្អបាន។ មេធាវីអាចបំភ្លៃភាពល្អឲ្យទៅជាអាក្រក់ និងជាងគំនូរអាចធ្វើសឲ្យទៅជាខ្មៅ។ ប៉ុន្តែការពិតនៅតែជាការពិត។ ការយល់ឃើញ តែងស្ថិតនៅចន្លោះរវាងការពិតនិងក្លែងក្លាយ ពីព្រោះពេលដែលមនុស្សមិនដឹងថាពិតឬក្លែងក្លាយ នោះការយល់ឃើញនឹងលេចរូបរាងឡើង។

មនុស្សមានតម្លៃមិនស្ថិតលើការនិយាយតាមបែបឡូហ្សិក (Logic) នោះទេ តែស្ថិតនៅលើការនិយាយការពិតក្នុងកាលៈទេសៈដែលគួរនិយាយ។ សម្តីដែលអាចកំណត់បានថាត្រូវឬខុស វាមិនអាស្រ័យលើចំនួនមនុស្សច្រើនទេ តែវាអាស្រ័យលើចំណេះដឹងនិងការពិត។ ការពិតឬក្លែងក្លាយរបស់មនុស្ស ក៏មិនស្ថិតនៅជាអមតៈជារៀងរហូតដែរ តែវាស្ថិតនៅលើកាលៈទេសៈជាក់ស្តែងប៉ុណ្ណោះ។ ការពិត តែបើស្ថិតក្នុងកាលៈទេសៈមិនពិត គឺស្មើនឹងមិនពិត។ មិនពិត តែបើស្ថិតក្នុងកាលៈទេសៈពិត គឺស្មើនឹងពិត៕

Cr.ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ចាក់ឫសឲ្យជ្រៅ



គ្មានដើមរុក្ខជាតិណាដែលបែកមែកសាខានិងអាចចង្អុលវេហាបាន ដោយពុំបានចាក់ឫសជ្រៅជាប់នឹងដីនោះទេ។ បើសិនជាយើងយល់ថាកន្លែងដែលយើងបានឈរជើង វាជាកន្លែងត្រឹមត្រូវហើយ ចូរយើងឈរឲ្យជាប់ ទប់ខ្លួនឲ្យនឹង និងកុំរំជើបរំជួលព្រោះខ្យល់ខ្លាំងឲ្យសោះ។

បើយើងយល់ថាសេចក្តីល្អ វាជាច្បាប់អមតៈនៃជីវិតហើយ ចូរយើងឈរនៅខាងសេចក្តីពិតនិងភាពត្រឹមត្រូវជានិច្ចចុះ។ បើយើងយល់ថាការតស៊ូជាពន្លឺនៃជីវិតហើយ សូមយើងឈរនៅខាងការតស៊ូខិតខំប្រឹងប្រែងរហូតទៅ និងកុំដូរគំនិតឲ្យសោះ។ សូមឲ្យមនុស្សល្អទាំងអស់ អាចស៊ូទ្រាំនឹងភាពលំបាក ឬអាចឈ្នះលើឧបសគ្គជីវិតទាំងឡាយ។

សូមឲ្យមនុស្សល្អទាំងឡាយក្លាយជាមនុស្សខ្លាំង ទោះបីមេឃរលំភ្នំរលាយនៅចំពោះមុខក៏ដោយ។ សូមកុំបាក់ស្មារតីក្នុងការប្រយុទ្ធតស៊ូឲ្យសោះ។ មានជីវិត មានសង្ឃឹម។ មានសង្ឃឹម អាចឈ្នះ។ ជ័យជម្នះ គឺការមិនបោះបង់។ ការមិនបោះបង់នឹងឈ្នះដល់ទីបញ្ចប់។ បើមិនទាន់ឈ្នះ នោះមានន័យថាមិនទាន់ដល់ទីបញ្ចប់ទេ។ បើមិនទាន់ដល់ទីបញ្ចប់ គឺមិនត្រូវបោះបង់ មិនត្រូវឈប់ ហើយបើមិនទាន់ឈប់ មិនទាន់បោះបង់ យើងនឹងមិនចាញ់ឡើយ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, May 29, 2019

កុំល្អតែខាងក្រៅ



យើងតែងតែចង់ស្លៀកសម្លៀកបំពាក់ទាន់សម័យស្អាតៗ ដោយគ្រាន់តែបានឃើញម៉ូតស្អាតៗដែលគេតាំងបង្ហាញ ប៉ុន្ដែពេលខ្លះសម្លៀកបំពាក់នោះមិនសមនឹងរាងរៅរបស់យើងឡើយ ហើយបើយើងនៅតែបន្ដស្លៀក វានឹងធ្វើឲ្យយើងក្លាយជាអាក្រក់មើលលើសមុន ។ របស់ខ្លះដ្បិតវាស្អាត ដ្បិតវាមើលទៅគួរឲ្យចង់បាន ប៉ុន្ដែមិនប្រាកដថាវាសមនឹងយើងទេ ។ យើងចង់ស្លៀកឈុតស្អាត ទាំងដែលយើងមិនបានសម្រករាងឲ្យសមនឹងឈុត ។ យើងតែងតែចង់បានរបស់ល្អៗលម្អជីវិត ទាំងដែលពេលខ្លះយើងភ្លេចធ្វើខ្លួនឲ្យមានតម្លៃ ។ មានមនុស្សទាន់សម័យស្លៀកពាក់ស្អាតៗ ប្រើរបស់ប្រេនៗ ជិះឡានទំនើប ហ៊ឺហារ ប៉ុន្ដែពេលខ្លះពួកគេចោលសំរាមផ្ដេសផ្ដាស់ និយាយសម្ដីអសីលធម៌ ធ្វើរឿងស្មោគគ្រោក ជំពាក់លុយគេមិនសង ឬធ្វើជាមនុស្សពុំត្រឹមត្រូវ ពុំសមនឹងតម្លៃដែលគេបានសម្ញែងសោះឡើយ ។ ដ្បិតគ្មាននរណាល្អឥតខ្ចោះ តែយ៉ាងហោចណាស់យើងគួរតែល្អឲ្យបានលើសពី ៥០ ដែរ ។

យើងមិនអាចក្រោកឈរដោយគ្មានជើងជាន់ដីដ៏កខ្វក់បានទេ ដ្បិតជើងដ៏កខ្វក់ជាអ្នកទ្រខ្លួនប្រាណ ។ ងើយមើលទៅលើតែកុំភ្លេចមើលក្រោម គិតរឿងស៊ីវិល័យ ហ៊ឺហារ តែកុំភ្លេចអប់រំចរិតឲ្យថ្លៃថ្នូរផង ។ យើងមិនអាចមានតម្លៃដោយគ្រាន់តែមានរបស់ថ្លៃៗ ហើយប្រើជីវិតបែបថោកទាបបានទេ ។ មិនថាកាលៈទេសៈណាទេ ការរស់នៅដែលមានតម្លៃ ពុំគ្រាន់តែថ្លៃថ្នូរសម្បកក្រៅឡើយ សំខាន់ខាងក្នុងត្រូវតែស្អាតផងដែរ ។ ដ្បិតការរស់នៅត្រូវការសម្ញែងខ្លះ ប៉ុន្ដែបើមិនសមតម្លៃជាមនុស្សល្អទេ នោះការសម្ញែងនោះនឹងប្ដូរមកវិញនូវការសើចចំអកពីក្រោយខ្នងវិញជាមិនខាន ថាមិនត្រូវយើងអាចនឹងត្រូវគេលួចតិះដៀលទៀតផង ។ ធ្វើជាមនុស្សត្រូវមានតម្លៃ ហើយដើម្បីមានតម្លៃយើងគួរតែល្អទាំងក្នុងទាំងក្រៅ ហើយដើម្បីល្អទាំងក្នុងទាំងក្រៅបាន យើងគួររស់នៅប្រកបដោយគុណធម៌

Cr. Sun Veasna

មេដឹកនាំដែលស្តែងគុណធម៌



ខ្ញុំគោរពមនុស្សក្នុងនាមជាមនុស្សពិត ហើយខ្ញុំរឹតតែគោរពមនុស្សណាដែលអាចដឹកនាំមនុស្សដទៃឲ្យដើរតាមខ្លួនចេញពីចិត្តបាន ចេញពីការស្ម័គ្រចិត្ត និងដោយក្តីអំណររីករាយ។ ការដឹកនាំអ្នកដទៃដ៏ត្រឹមត្រូវ គឺត្រូវនាំមនុស្សដោយប្រើប្រាស់នូវកម្លាំងដែលខ្លួនបានកសាង ទៅធ្វើការងារក្នុងនាមប្រយោជន៍រួម។ មនុស្សណាដែលអាចដឹកនាំអ្នកដទៃបាន ឲ្យដើរតាមខ្លួនបាន ក៏ពុំមែនជាបុគ្គលធម្មតាប៉ុន្មានដែរ។ ក្នុងន័យ ពុំធម្មតា នេះ គឺខ្ញុំចង់សំដៅដល់ខ្លឹមសារពីរយ៉ាង៖ ទី១. មនុស្សពូកែបោក ក្លែងក្លាយ និងមនុស្សធ្វើការងារយកមុខមាត់, និងទី២. មនុស្សធ្វើការងារក្នុងន័យប្រយោជន៍រួមពិតប្រាកដ

មុននឹងយើងសម្រេចចិត្តថា ទៅទីណាជាមួយអ្នកណា គឺយើងត្រូវសួរបុគ្គលនោះថា តើអ្នកនាំខ្ញុំទៅណា? ធ្វើដើម្បីអ្នកណា? ដើម្បីប្រយោជន៍យើង ឬដើម្បីប្រយោជន៍អ្នក ឬដើម្បីប្រយោជន៍រួម? បើក្នុងលក្ខខណ្ឌប្រយោជន៍បុគ្គល, មួយបូកមួយ គឺត្រូវស្មើនឹងពីរ (ប្រយោជន៍ចែកដោយសមភាពគ្នា ដ្បិតបើអ្នកប្រឹងបានច្រើន ហើយអ្នកខ្ចិលបានតិច ដោយពុំអាចកេងប្រវ័ញ្ចគ្នាឡើយ)។ ប៉ុន្តែបើក្នុងលក្ខខណ្ឌប្រយោជន៍រួម គឺត្រូវមានចិត្តលះបង់ទាំងអស់គ្នា។ ក្នុងនាមជាមេដឹកនាំ គឺត្រូវយល់ពីលក្ខខណ្ឌទាំងអស់នេះឲ្យបានច្បាស់លាស់ ដ្បិតបើមិនដូច្នេះទេ យើងនឹងក្លាយទៅជាមេដឹកនាំដែលស្តើងគុណធម៌ និងលម្អៀង។

មិនថាមេដឹកនាំល្អ ឬមេដឹកនាំអាក្រក់ទេ គឺត្រូវតែមានគុណធម៌ជាប់ខ្លួនជានិច្ចដែរ។ មេដឹកនាំល្អមានគុណធម៌ជាមួយនឹងកូនចៅ ហើយមេដឹកនាំអាក្រក់ ក៏ត្រូវមានគុណធម៌ជាមួយនឹងកូនចៅដែរ ដ្បិតបើគ្មានគុណធម៌ទេ ឬគុណធម៌ស្តើងពេក គឺគ្មានអ្នកណាចង់នៅក្បែរឡើយ។ បើគ្មានកម្លាំង គឺគ្មានអំណាច ហើយការងារធំពុំអាចសម្រេចបានឡើយ។ មួយឆ្នាំកន្លះជាងមកហើយ ដែលខ្ញុំចេះតែសិក្សាពីផ្នត់គំនិតដឹកនាំរបស់មេដឹកនាំចិនសព្វថ្ងៃ គឺ ស៊ី ជីនពីង។ តើមេដឹកនាំចិន ស៊ី ជិនពីង មានផ្នត់គំនិតបែបណាទាក់ទងនឹងគុណធម៌នេះ? មុននឹងលើកឡើងពីទស្សនៈមេដឹកនាំចិន ស៊ី ជិនពីង, ខ្ញុំសូមរម្លឹកទៅដល់ ខុង ជឺ និងឡៅ ជឺ ដែលជាមនុស្សល្បីល្បាញក្នុងនាមជាអ្នកចេះដឹង និងជាអ្នកប្រាជ្ញចិននាសម័យបុរាណសិន។

ខុង ជឺ ពោលថា គុណធម៌ វាសំខាន់ជាងធម្មធាតុទឹកនិងធម្មធាតុភ្លើងដែលមនុស្សត្រូវការទៅទៀត។ ឡៅ ជឺ បង្រៀនសិស្សឲ្យខ្វល់ខ្វាយពីរឿងគុណធម៌ តែដល់ខ្មែរយើងខ្លះយល់ច្រឡំគំនិតរបស់ឡៅ ជឺ ថាឲ្យ ចេះបត់បែនក្រឡិចក្រឡុចដូចសភាពនៃទឹក។ ខ្ញុំមិនដឹងថាតើការបកស្រាយបែបនេះ មានមូលដ្ឋានឈរលើការសិក្សាស៊ីជម្រៅ ឬបែបណាទេ។ ប៉ុន្តែបើតាមគោលការណ៍ពិតប្រាកដរបស់ឡៅ ជឺ ពុំបានបង្រៀនបែបនេះទេ។ អ្នកដែលត្រូវការឯកសារ ខ្ញុំអាចចែករំលែកជូនគម្ពីរតៅ (Tao Te Ching) ជាភាសាបរទេសឲ្យអានបាន។

រឿងគុណធម៌នេះ ដោយមិនថាមេដឹកនាំល្អឬអាក្រក់ទេ គឺសុទ្ធតែត្រូវការប្រើគុណធម៌ ដ្បិតវាអាចជួយពង្រឹងស្មារតីក្រុម និងផ្តល់ទំនុកចិត្តដល់អ្នកដើរតាម។ មេដឹកនាំអាក្រក់យ៉ាងណាក៏ដោយ ក៏ត្រូវចេះសម្តែងធ្វើចិត្តល្អ ចេះប្រើគុណធម៌ល្អ ដាក់កូនចៅដែរ។ បើមិនចេះសម្តែងគុណធម៌ដាក់អ្នកក្រោមទេ តើអាចដឹកនាំម្តេចកើត។ ខ្ញុំប្រើពាក្យថា នៅជាមួយមិត្ត ឲ្យប្រើភាពស្មោះត្រង់ គុណធម៌ ធ្វើសេចក្តីល្អដាក់គ្នា

ផ្ទុយទៅវិញ បើនៅជាមួយមនុស្សដែលមិនមែនជាមិត្ត (សត្រូវ) គឺត្រូវប្រើយុទ្ធសាស្រ្ត។ នេះជាទ្រឹស្តី ឆ្មាសឆ្មាខ្មៅ សំខាន់ឲ្យតែចាប់កណ្តុរបាន របស់ តេង ស៊ីវពីង។ មិត្តឬសត្រូវ វាមិនសំខាន់ទេ តែសំខាន់ គឺប្រយោជន៍។ ស៊ី ជិនពីង ពោលថា យើងពុំគួរបារម្ភអំពីឋានៈរបស់ខ្លួនធំតូចពេកទេ តែត្រូវបារម្ភថាតើខ្លួនបានពង្រឹងគុណធម៌របស់ខ្លួនបានកម្រិតណា។ មានរឿងមួយទៀតដែលមេដឹកនាំគួរចាំ គឺ សច្ចភាពមិនអាចបាំងជិត ការពិតមិនអាចលាក់បានយូរ។ ភាពត្រឹមត្រូវ តែងឈ្នះទង្វើអាក្រក់។ ធ្វើជាមេដឹកនាំល្អ ប្រសើរជាងមេដឹកនាំខ្លាំងក្នុងផ្លូវខុស

We should not worry whether our status is high enough, but whether our moral cultivation needs to be improved. Xi Jinping

Thursday, May 23, 2019

ចិត្តអវិជ្ជា



ចំណេះដឹង វាអាចជាចំណងចងខ្លួនមនុស្ស ឬអាចប្រើសម្រាប់ស្រាយចំណងបាន។ នេះជាលក្ខណៈចំណេះដឹងមុខពីរ។ មនុស្សខ្លះមោហៈបាំងដោយសារតែជឿលើចំណេះដឹងជ្រុលពេក ឬលង់នឹងរឿងហេតុផលតក្កវិជ្ជាហួសប្រមាណ។ រីឯចំណែកមនុស្សខ្លះទៀតវង្វេងនឹងការពាល់តាមរយៈអារម្មណ៍ដែលជាអំណាចនៃចិត្ត រហូតបង្កើតភាពស្រមើស្រមៃផ្តេសផ្តាសខុសការពិតនិងកាលៈទេសៈ។ ការអប់រំដ៏ត្រឹមត្រូវសម្រាប់មនុស្ស គឺត្រូវអប់រំទាំងខួរក្បាល និងអប់រំចិត្ត ដែលភាសាមួយទៀតហៅថា Self knowledge Self education។ នេះជាការអប់រំថ្នាក់ពិសោធចិត្តនិងខួរក្បាល។

សុភមង្គលក្នុងជីវិត គឺជាតុល្យភាព/ថ្លឹងស្មើរគ្នារវាងចិត្ត (បេះដូង/អារម្មណ៍) និងគំនិត (ខួរក្បាល/ចំណេះដឹង)។ ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្ន គឺមិនទទួលបានការអប់រំសោះពីរឿងបេះដូង។ ដូច្នេះហើយទើបធ្វើឱ្យចិត្តចេះតែប្រែប្រួល រំជើបទប់ខ្លួនស្ទើរតែមិនជាប់។ ឧទាហរណ៍៖ បើជាអ្នកនយោបាយ គឺជាអ្នកនយោបាយជ្រុលខ្លួនតាមក្បួនយុទ្ធសាស្រ្តដែលសត្រូវរៀបចំទុកឱ្យដើរចូល។ បើជាយុវជនស្រឡាញ់សង្គម គឺនឹងក្លាយទៅជាយុវជនដែលទំនងជ្រុលនិយម អារម្មណ៍រំជើបរំជួលឆេះជួលក្តៅ។ បើជាអ្នកធ្វើការងារសង្គម គឺនឹងក្លាយទៅជាអ្នកដែលធ្វើដោយអំនួត មានចិត្តមើលបំណាំគ្នា និងគិតថាគ្មានអ្នកណាប្រឹងបម្រើការងារសង្គមដូចខ្លួនឡើយ។

បើជាមេដឹកនាំទៀតសោត ហើយបើវ័យនៅក្មេងទៀតសោត គឺងាយនឹងរងគ្រោះដោយសារសត្រូវ ដ្បិតព្រោះតែចិត្តជាចិត្តអវិជ្ជា (មានចំណេះដឹងពេញខួរក្បាល តែបេះដូងទទេ)។ នេះជាការទប់ខ្លួនមិនជាប់ឡើយ។ បើជាបព្វជិតក្នុងសាសនា គឺនឹងអាចពិបាកទប់ខ្លួនក្នុងកាមារម្មណ៍និងតណ្ហា (Karma) នៅពេលណាដែលមោហៈបាំងម្តងៗ។ ដូច្នេះហើយទើបបានជាសាសនាខ្លះពុំអនុញ្ញាតឱ្យមានអ្នកបួសជានារីភេទនៅក្បែរអ្នកបួសជាបុរស។ លក្ខណៈដែលរៀបរាប់ខ្លះខាងលើ វាសុទ្ធតែជាអ្វីដែលកើតចេញមកពីចិត្តដែលគ្មានការអប់រំ ឬហៅថា ចិត្តអវិជ្ជា។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាន។ ខួរក្បាលឆ្លាតក្នុងថ្នាក់បញ្ញាយ៉ាងណាក៏ដោយ ប៉ុន្តែពេលណាដែលចិត្តអវិជ្ជាហើយ គឺមោហៈនឹងបាំង លែងដឹងខុសត្រូវ វង្វេង។

ប៉ុន្មានអាទិត្យមុន ខ្ញុំបានអានកម្រងរឿងនិទានអប់រំ២០០ទំព័រជាង ដែលមានចំណងជើងថា រឿងនិទានមុនពេលចូលគេង នៃលទ្ធិស៊ិកនិយម (Sikhism)។ រឿងនេះនិយាយអំពីសិល្បៈការរស់នៅ និងវីធីសាស្រ្តរស់នៅប្រកបទៅដោយសេចក្តីសុខក្នុងជីវិត។ កាលបរមគ្រូ ណាណៈ (Guru Nanak) នៅវ័យ ៧ឆ្នាំ, គ្រូក្នុងថ្នាក់រៀនរបស់ណាណៈបានសួរថា តើហេតុអ្វីអ្នកមិនរៀននូវមេរៀនទាំងអស់នេះ? បរមគ្រូ ណាណៈ តបថា ជម្រាបប្រសាសន៍លោកគ្រូ! មេរៀនទាំងអស់នេះ វាពុំបានបង្រៀនពីវីធីរួចរំដោះចិត្តចេញពីចំណង់ តណ្ហា លោភៈ មោហៈទេ។ ការអប់រំពិតប្រាកដត្រូវតែជាចំណេះដឹងដែលដុតកម្ទេចភាពជាប់ជំពាក់ចេញពីចិត្តគំនិត និងអាចរួចរំដោះខ្លួនចេញពីភាពភ័យខ្លាចស្លាប់និងខ្លាចកើត

ជាចុងក្រោយ ក្នុងនាមជាអ្នកសិក្សាដូចគ្នា ធ្លាប់ឆ្លងកាត់វ័យឈាមរាវដូចគ្នា, ខ្ញុំសូមផ្តល់ជាគំនិតខ្លះថា យុវជនទាំងឡាយណាដែលចង់ដើរចេញឱ្យពីផុតពីលក្ខណៈជាយុវជនធម្មតា តម្រង់ទៅរកការគ្រប់គ្រងចិត្តខ្លួនឯងបាន និងមានភាពចាស់ទុំហួសប្រមាណ គឺសូមធ្វើជាអ្នកសិក្សាដែលផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការពិសោធផ្ទាល់។ តើពិសោធទ្រឹស្តីរបៀបយ៉ាងដូចម្តេច? សម្រាប់ខ្ញុំ ការពិសោធគឺត្រូវធ្វើតាមរបៀបពីរយ៉ាង៖ ១. ធ្វើដោយយកទ្រឹស្តីទៅអនុវត្តន៍, ២. អង្គុយសមាធិនៅស្ងៀមដោយយកទ្រឹស្តីមកពិចារណា ឬដាក់ទ្រឹស្តីឱ្យបេះដូងឆ្លើយ (លំហូរនៃចិត្ត)។ ក្នុងលក្ខខណ្ឌនេះ យើងនឹងក្លាយទៅជាអ្នកអានតិច រៀនតិច តែចេះដឹងច្រើន ចេះដឹងក្នុងថ្នាក់ស៊ីជម្រៅ មិនត្រឹមតែថ្នាក់បញ្ញាសើៗទេ ប៉ុន្តែជាកម្រិតជ្រាបដល់ថ្នាក់ចិត្តទៀតផង។ ខ្ញុំសង្កេតឃើញយុវជនជាច្រើន រំជើបខ្លាំងណាស់ នៅពេលណាដែលខ្លួនឡើងបានមួយកម្រិត និងពីការផ្លាស់ប្តូរមួយទៅការផ្លាស់ប្តូរមួយទៀត។ ដំណើរឡើងបែបនេះ វាងាយនឹងធ្លាក់មកវិញខ្លាំងណាស់។ គ្រោះថ្នាក់៕

Wednesday, May 22, 2019

ចិត្តសាស្ត្រវាយប្រហារស្មារតី​



យើង​ត្រូវ​រក​បុគ្គល​ល្អ​ម្នាក់​ ដើម្បី​លើកទឹកចិត្ត​ឱ្យ​យើង​ដើរទៅ​មុខ​ មើលទៅ​មុខ​ និង​ឈានទៅមុខ​ ប្រសើរ​ជាង​គិត​ថយក្រោយ​

ចិត្តសាស្ត្រ​វាយប្រហារ​ស្មារតី​ គឺជា​ការបំផ្លាញ​ភាពរឹងមាំ​និង​កម្ទេច​គំនិត​វិជ្ជមាន​របស់​មនុស្ស​ណា​ម្នាក់​។ យុទ្ធសាស្ត្រ​នេះ​ស្ថិត​ក្នុង​មនុស្ស​ពីរ​ប្រភេទ​៖ ១. មនុស្ស​ឆ្លាត​ខាង​កម្ទេច​គេឯង​ ដើម្បី​ប្រយោជន៍​ខ្លួនឯង​។ ២. មនុស្ស​ដែល​មើល​អ្វី​ៗ ត្រឹមតែ​ក្រសែភ្នែក​ខ្លួនឯង​។ មានន័យថា​គាត់​មានបំណង​ល្អ​ តែ​ខ្វះ​ព័ត៌មាន​អំពី​យើង​ឬមិន​ស្គាល់​យើង​ នោះ​ក៏​នឹង​បណ្តាល​ឱ្យ​មានការ​ទិតៀន​ខុស​បាន​ដែរ​។

ពេលខ្លះ​ យើង​មិនមែន​ទទួលរង​សេចក្តី​ឈឺចាប់​ដោយសារតែ​មនុស្ស​អាក្រក់​ទាំងស្រុង​ទេ​ តែ​មនុស្ស​ល្អ​ក៏អាច​បង្ក​ទុក្ខទោស​ដល់​យើង​បាន​ផង​ដែរ​។ ពេលខ្លះ​ មិត្ត​ល្អ​ខ្វះ​បញ្ញា ​ឬមានបំណង​ល្អ​ដោយ​ខ្វះ​បញ្ញា​ ក៏អាច​បំផ្លាញ​យើង​បាន​ដែរ​។ មនុស្ស​ដែល​ចូលចិត្ត​ទិតៀន​និង​រិះគន់​គេឯង​ តែង​ចំណាយពេល​កែប្រែ​គេ​ ប៉ុន្តែ​ខ្វះ​ពេលវេលា​ស្វែងរក​ចំណុច​អាក្រក់​របស់​ខ្លួនឯង​។

អ្នកខ្លះ​ ជាជាង​លើកទឹកចិត្ត​ បង្ហាញផ្លូវ​ត្រូវ​ដល់​គេឯង​ តែ​បែរជា​ជ្រើសរើស​យក​ការវាយប្រហារ​គេ​ទៅវិញ​។ ពេល​យើង​ធ្វើខុស​ គេ​ថា​យើង​ល្ងង់​។ ពេល​យើង​ចេះ​ គេ​ថា​យើង​បាន​តែ​ទ្រឹ​ស្តី​ ប៉ុន្តែ​ខ្វះ​ការអនុវត្ត​ន៍​។ ពេល​យើង​ធ្វើ​ច្រើន​ គេ​ថា​យើង​ចង់បាន​មុខមាត់​។ ពេល​យើង​ធ្វើ​តិច​ គេ​ថា​យើង​ជិះជាន់​កម្លាំង​គេ​ ហើយ​ពេល​យើង​មិន​ធ្វើ​ គេ​ថា​យើង​ខ្ជិល​។ តើ​យើង​ត្រូវ​ធ្វើបែប​ណា​ទើបបាន​ត្រូវចិត្ត​អ្នកដទៃ​?

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Friday, May 10, 2019

បើចង់ខ្លាំងត្រូវពឹងលើខ្លួនឯង​



អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ការ​ចេះ​យក​ភាព​រីករាយ​ជំនួស​ទៅលើ​សេចក្តី​ឈឺចាប់​ ហើយ​យក​ក្តី​ឈឺចាប់​មក​ធ្វើជា​សេចក្តី​សប្បាយ​។ បើ​អាច​ធ្វើ​បាន​ យើង​នឹង​ក្លាយទៅជា​ម្ចាស់​នៃ​ជីវិត​យើង​ តែបើ​ធ្វើ​មិនបានទេ​ ជីវិត​នឹងជា​ម្ចាស់​នៃ​យើង​វិញ​

មនុស្សយើង​ត្រូវ​ចេះ​សប្បាយ​ក្នុង​បរិយាកាស​ទុក្ខសោក​ ហើយ​ត្រូវ​ចេះ​គិត​វិជ្ជមាន​ក្នុង​ស្ថានភាព​អវិជ្ជមាន​។ សំខាន់​ គឺ​ការ​ប្រឹងប្រែង​។ ឈឺចាប់​យ៉ាងណា​ ក៏​នៅតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹមដែរ​ ហើយ​វេទនា​យ៉ាងណា​ ក៏​ត្រូវតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹម​ជានិច្ច​។ ចាប់ផ្តើម​ដោយ​ការ​ប្រឹងប្រែង​ ធ្វើដំណើរ​ជាមួយនឹង​ការ​ប្រឹងប្រែង​ ហើយ​បញ្ចប់​ទៅវិញ​ជាមួយនឹង​ការ​ប្រឹងប្រែង​។ បើ​ចង់​ខ្លាំង​ យើង​ត្រូវ​ប្រឹង​រហូត​ ប្រឹង​ជានិច្ច​ និង​ធ្វើជា​ម្ចាស់​នៃ​ជីវិត​ខ្លួនឯង​។

មិនថា​ជា​បញ្ហា​ជាតិ​ ឬបញ្ហា​បុគ្គល ​ម្នា​ក់ៗ​ក្នុង​សង្គម​ទេ​ គឺ​ត្រូវ​រស់​យ៉ាង​ម្ចាស់ការ​ឯករាជ្យ​ចំពោះខ្លួន​ឯង​។ ជាតិ​ខ្លាំង​ គឺ​ដាច់ខាត​ត្រូវ​ចេះ​រស់​ដោយខ្លួនឯង​ ដោយ​កុំ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​។ មនុស្ស​ខ្លាំង​ ត្រូវ​ពឹង​លើ​ខ្លួនឯង​ ដោយ​កុំ​រស់នៅ​ជ្រក​ក្រោម​ឆន្ទៈ​អ្នកដទៃ​ឱ្យ​សោះ​។ ផ្ទុយទៅវិញ​ បើជា​តិ​មួយ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​ គឺ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ខ្លួន​បាន​ផ្ញើ​ភាព​ស្លាប់រស់​នឹងជា​តិ​ដទៃ​ហើយ​។

តើ​យើង​ជា​ម្ចាស់​វាសនា​ខ្លួន​ដែរ​ឬទេ​? តើ​យុវជន​ខ្មែរ​ធ្លាប់ឮពាក្យ​ថា​ ច្របាច់ក​ចិន​ លៀន​អណ្តាត​ខ្មែរ​ ឬទេ​? បញ្ហា​ធំ​បំផុត​របស់​យុវជន​ គឺ​ស្នេហា​។ បញ្ហា​ធំ​របស់​ជាតិ​គឺ​បណ្ឌិត​ខ្លះ​មិន​ចេញមុខ​សហការ​គ្នា​ជា​ធ្លុងមួយ​ (បែកបាក់​) ហើយ​បញ្ហា​ធំ​របស់​រាស្ត្រ​ក្រ​គឺ​ភាព​ក្រីក្រ​។ ដើម្បី​ដោះស្រាយ​បញ្ហា​រាស្ត្រ​ក្រ​ គឺ​យុវជន​ត្រូវ​រឹងមាំ​កុំ​មាន​ជំងឺ​ ហើយ​ដើម្បី​ឱ្យ​អ្នកចេះដឹង​ចេះ​សាមគ្គី​គ្នា​ លុះត្រា​ណា​តែ​ចេះ​ឈឺ២យ៉ាងគឺ​៖ ទី១​. ឈឺចាប់​នឹង​បញ្ហា​ជាតិ​ និង​ទី២​. ឈឺឆ្អាល​ចំពោះ​ជាតិ​។ សុភាសិត​ខ្មែរមួយឃ្លាលើកឡើងថា​ បើ​រស់​ រស់​ឱ្យ​គាប់​ តែបើ​ងាប់​ ងាប់​ឱ្យ​គួរ​

Cr. ប្រតិទិន​ទស្សនៈ៣៦៥ថ្ងៃ

សូមរៀនគិតវិជ្ជមាន



បណ្ឌិត ចន ស៊ី ម៉ាក្សវែល (John C. Maxwell) ពោលថា ដើម្បីអភិវឌ្ឈគំនិតវិជ្ជមាន មនុស្សជោគជ័យតែងសម្លឹងរកមើលមាស ប៉ុន្តែមិនមែនសម្លឹងមើលដីទេ

មនុស្សឆ្លាតមើលឃើញឱកាសក្នុងបញ្ហា តែមនុស្សឆោតបែរជាមើលឃើញបញ្ហាក្នុងឱកាសទៅវិញ។ កម្មករជីកមាស តែងតែមើលឃើញមាសមួយចំនួនតូចក្នុងចំណោមដីជាច្រើន ពីព្រោះគេដឹងថាមាសមានចំនួនតិចជាងដី ហើយបើទោះបីជាដីច្រើនជាងមាសយ៉ាងណាក៏ដោយ ក៏គេនៅតែសម្លឹងរកមើលមាសដែរ។

ចំពោះជីវិតមនុស្សយើងក៏ដូចគ្នាដែរ គឺដូចគ្នាត្រង់ថាបើយើងសម្លឹងឃើញការប្រឹងប្រែងតែងនាំប្រយោជន៍ដល់ជីវិត នោះយើងនឹងនៅតែប្រឹងប្រែងរហូតដល់ស្លាប់។ នៅក្នុងទំនាក់ទំនងមិត្តភាពឬស្នេហាក៏ដូចគ្នាដែរ បើយើងពិតជាមានឆន្ទៈចង់សម្លឹងរកមើលសេចក្តីអាក្រក់ពីក្នុងខ្លួនបុគ្គលណាម្នាក់មែន ខ្ញុំជឿជាក់ថាយើងនឹងអាចរកឃើញដោយងាយស្រួលបំផុត។ សូមរៀនគិតវិជ្ជមាន ពីព្រោះគំនិតវិជ្ជមានភាគច្រើន នឹងបង្កើតទង្វើវិជ្ជមាន ហើយទង្វើវិជ្ជមានភាគច្រើន តែងនាំលទ្ធផលវិជ្ជមាន

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Thursday, May 9, 2019

ដុសក្អែលដំរី



កូហ្វី អាណាន់ (Kofi Annan) ពោលថា ចំណេះដឹង គឺជាអំណាច។ ព័ត៌មានក្នុងខួរក្បាលនឹងឲ្យយើងរំដោះចេញពីភាពល្ងង់ខ្លៅ ចំណែកការអប់រំ គឺជាទីកន្លែងដែលអាចឲ្យគ្រប់សង្គម ឬគ្រួសារមានវឌ្ឍនភាព

ក្នុងក្រសែភ្នែករបស់រាស្រ្តដែលមានចំណែកក្នុងសង្គម គឺជាការរួមចំណែក ប៉ុន្តែក្នុងក្រសែភ្នែករបស់មនុស្សដែលពុំយល់អំពីការចូលរួមដើម្បីសង្គមឲ្យពិតប្រាកដ វាគឺជាការទាមទារចំណែក។ ពុំថាតែក្នុងសង្គម ពុំថាតែពុំមែនជាសង្គម សេចក្ដីស្រឡាញ់ ការចូលរួមពុំអាចសាបសូន្យទេ។ តើមូលហេតុអ្វី? ព្រោះថា វាជាគឺជាកាតព្វកិច្ចរបស់មនុស្សក្នុងនាមជាបុគ្គលដែលមានសេចក្ដីថ្លៃថ្នូរ។ ហើយដើម្បីបង្ខំសង្គមឲ្យរីកចម្រើន ចាំបាច់បង្ខំមនុស្សក្នុងសង្គមឲ្យមានសមត្ថភាពដុះក្អែលខ្លួនឯងជ្រះសិន។

ចង់ចំណេញ តែបែរជាដាច់ចំណងទៅវិញ។ ចង់បម្រើប្រយោជន៍ជាតិ តែភ្លេចបម្រើរាស្រ្តខ្លួនឯងទៅវិញ។ វប្បធម៌បែបនេះហៅថា វប្បធម៌ភ្លេចដុសក្អែល។ វប្បធម៌ដុសក្អែលអ្នកដទៃ ពុំដុសក្អែលខ្លួនឯង នឹងបង្កើតបានជាវប្បធម៌ក្អែលចាប់។ ចាប់កំណើតក្នុងផែនដីនេះ ដ្បិតសង្គម គ្មានអ្វីដែលអាចតបស្នងយើងច្រើនក៏ពិតមែន ក៏ប៉ុន្តែយើងគួរតែប្រឹងដើម្បីសង្គម។ ដ្បិតសង្គម ត្រូវបានក្លាយជាទីផ្សារបុគ្គលអាក្រក់ច្រើនពិតមែន តែយើងក៏ត្រូវក្លាយជាមនុស្សល្អ។ ក្នុងទ្រឹស្ដីសង្គមវិជ្ជាគេថា មនុស្សល្អ ក្នុងចំណោមមនុស្សអាក្រក់ ប្រាកដជាមនុស្សល្អកា្លយជាមនុស្សអាក្រក់ហើយ តែមែនទែនទៅគ្មានអ្វីដែលខ្លាំងជាងអំពីល្អ សេចក្ដីស្រឡាញ់ ឬក៏ភាពឈឺឆ្អាលនោះទេ។

អ្នកប្រាជ្ញក្រិក អារីសទីព (ARISTIPE) ពោលថា គ្មានអ្វីយុត្តិធម៌ ឬក៏ជាអយុត្តិធម៌, ជាសេចក្តីសុចរិត ឬក៏ជាអំពើទុច្ចរិតនោះទេនៅលើលោកយើងនេះ រឿងទាំងអស់នេះ វាមានការទាក់ទងត្រឹមតែជាមួយច្បាប់ទម្លាប់នៃស្រុកទេសតែប៉ុណ្ណោះ។ ចង់បានន័យថា មនុស្សនៅក្នុងសង្គម ត្រូវកាត់កងសិទ្ធិរបស់ខ្លួនឯងទៅឲ្យសង្គមកាន់កាប់ ក្រោយមកសង្គមនឹងរៀបចំរឿងយុត្តិធម៌ និងអយុត្តិធម៌ដើម្បីស្រោបសិទ្ធិយើងជាពលរដ្ឋ

ស្រាបសិទ្ធិរាស្រ្ត ត្រូវដុសក្អែលមន្រ្តី បើដុះក្អែលមន្រ្តីត្រូវដុសក្អែលស្ដេចសិន។ មេដឹកនាំ គឺជាបុគ្គលដែលមានតួនាទីសំខាន់បំផុតក្នុងការងូតទឹកដុសក្អែលខ្លួនឯងជម្រះកាយខ្លួនឯងមុន។ កាលណាចេះដុសក្អែលខ្លួនឯងបានស្អាតបាត មន្រ្តីនឹងស្អាតបាត មុននឹងក្រោយរាស្រ្តនឹងស្អាតទៅតាមដែរ។ កាលណាមន្រ្តី ឬស្ដេចពុំចេះសម្អាតខ្លួនឯងឲ្យស្អាតបាតមុន ប្រៀបបានដូចជាយកដៃទៅដុសក្អែលដំរី និងបកស្បែក ផាត់ម្ស៉ៅឲ្យក្របី។ ការធ្វើឲ្យរាស្រ្តមានព័ត៌មានក្នុងខួរក្បាលក្នុងការរើសមេដឹកនាំល្អដើម្បីដុសក្អែលជាតិនេះ គឺជារឿងគួរឲ្យខ្លាចបំផុតរបស់មេដឹកនាំអន់៕

Knowledge is power. Information is liberating. Education is the premise of progress, in every society, in every family. Kofi Annan

google's picture

Wednesday, May 8, 2019

កុំតូចចិត្ត



អ្នកមានសំណាងណាស់ ដែលមានឳពុកម្ដាយរងចាំផ្ដល់អ្វីគ្រប់យ៉ាងឲ្យអ្នក ហើយទោះបីពេលខ្លះ ពួកគាត់ធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែយ៉ាងហោចណាស់ អ្នកនៅមានម៉ាក់ប៉ាហៅនឹងគេ ។ មនុស្សជាច្រើនមិនមែនសុទ្ធតែមានសំណាងដូចអ្នកទេ មានក្មេងៗកំព្រាជាច្រើនដែលបានត្រឹមសម្លឹងមើលអ្នក ហើយលួចអន់ចិត្ត ។ មានក្មេងៗជាច្រើនដែលត្រូវឳពុកម្ដាយបោះបង់ចោល រស់នៅលំបាកវេទនា ។ មានក្មេងៗកូនអ្នកក្រខ្លះ គ្មានស្បែកជើងស្អាត ខោអាវស្អាតៗ ដូចអ្នកទេ ។ មានក្មេងៗជាច្រើនដែលគ្មានឱកាសក្រេបជញ្ជក់ចំណេះដឹង ហើយត្រូវប្រើជីវិតដ៏ងងឹតរស់ទាំងវេទនា ។

បើប្រៀបធៀបទៅ អ្នកមានសំណាងណាស់ ទោះពេលខ្លះប៉ាម៉ាក់របស់អ្នក មិនអាចបំពេញបំណងអ្នកគ្រប់ពេល តែពួកគាត់បានផ្ដល់ឲ្យអ្នកច្រើនខ្លាំងណាស់ ។ ឳពុកម្ដាយស្ដីប្រដៅ ព្រោះគាត់ចង់ឲ្យអ្នកបានល្អ ។ នៅពីក្រោយការស្ដីបន្ទោស ប្រដៅណែនាំទាំងនោះ គឺបង្កប់ក្ដីស្រឡាញ់ដ៏ធំធែងបំផុត ។ អ្វីដែលឳពុកម្ដាយចង់បាន គឺឃើញអ្នករស់នៅយ៉ាងល្អប្រសើរក្នុងសង្គម ។ អ្នកជោគជ័យ អ្នករីករាយ ពួកគាត់ក៏រីករាយជាមួយអ្នក ។ អ្នកចួបទុក្ខលំបាក អ្នកសោកសៅ ពួកគាត់ក៏ចែករំលែកជាមួយអ្នក ។ មនុស្សគ្រប់គ្នាអាចបោះបង់អ្នក តែឳពុកម្ដាយនៅតែជាបង្អែកសម្រាប់អ្នកជានិច្ច ។ ពួកគាត់តែងឱបអ្នកដោយស្នាមញញឹម ។ កុំតូចចិត្តនឹងឳពុកម្ដាយ ព្រោះទម្រាំគាត់អាចកាន់ដៃយើងមកដល់ពេលនេះ គាត់លះបង់ច្រើនបំផុតហើយ ។ កុំតូចចិត្តដែលមានឳពុកម្ដាយជាអ្នកក្រ ព្រោះតម្លៃជីវិតរបស់អ្នក នឹងល្អប្រសើរនៅពេលដែលអ្នកចេះតស៊ូក្នុងជីវិត

Cr. Sun Veasna

ញញឹមដាក់ខ្លួនឯង



មិនមែនគ្រប់ផ្លូវសុទ្ធតែអាចធ្វើឲ្យម៉ូតូយើងបែកកង់ទេ ផ្លូវខ្លះមានជង្ហុក ផ្លូវខ្លះរាបស្មើ និងផ្លូវខ្លះទៀតមានបន្លា ។ យើងធំប៉ុននេះហើយ ខ្លាចអីទៀត? ទោះផ្លូវជង្ហុក ផ្លូវមានបន្លាក៏ដោយ ទោះមិនឆ្លងកាត់ថ្ងៃនេះក៏គង់ចួបថ្ងៃក្រោយដែរ ។ ឆាកជីវិតមានរឿងជាច្រើនដែលវាអាចកើតឡើងភ្លាមៗដោយមិនឲ្យយើងដឹងមុន ។ រឿងទាំងនោះប្រៀបដូចម៉ូតូបែកកង់ ដែលសុខៗក៏ចេញខ្យល់អស់មិនឲ្យយើងដឹងខ្លួន ។ ប៉ុន្ដែយើងនៅតែអាចឆ្លងកាត់រឿងទាំងនោះរួចមកហើយ ។ ជីវិតគឺជាការឆ្លងកាត់ ការឆ្លងកាត់ធ្វើឲ្យយើងដើរផុតបញ្ហា ។ បញ្ហាមិនចូលចិត្តមនុស្សមុខរឹងនឹងវាទេ តែវាចូលចិត្តធ្វើបាបមនុស្សទន់ខ្សោយ ។ ភាពរឹងមាំ និងក្លាហានមិនមែនជារបស់លក់តាមផ្លូវទេ តែវាជាកំណប់ដែលកប់ក្នុងខ្លួនយើង ។ ជីកកាយរកវាឲ្យឃើញ នោះយើងនឹងរកឃើញក្ដីសុខពិតប្រាកដ ។

" ខ្ញុំពេញចិត្តមនុស្សដែលអាចញញឹមក្នុងបញ្ហា អាចប្រមូលភាពខ្លាំងពីទុក្ខកង្វល់ និងមានភាពរឹងប៉ឹងក្លាហានដោយការឆ្លុះបញ្ចាំង" ។ លេអូណាដូ ដាវិនស៊ី (Leonardo da Vinci) អ្នកវិទ្យាសាស្ត្រជនជាតិអ៊ីតាលី ៕

Cr. ប្រាជ្ញាជីវិត

Tuesday, May 7, 2019

ទឹកភ្នែកនារី



គេថា ប្រលោមលោករបស់នារីតាំងពីទំព័រដំបូងរហូតដល់ទំព័រចុងក្រោយ គឺមានតែដំណក់ទឹកភ្នែក។ ទឹកភ្នែកនារីងាយស្រក់ណាស់។ នៅសុខៗក៏ហូរមកជោកផែនថ្ពាល់ទាំងគូដោយមិនដឹងខ្លួន។ តើបុរសណាខ្លះដែលយល់ពីមូលហេតុនៃទឹកភ្នែករបស់នាង? អ្នកអាចនឹងយល់ថានាងទន់ខ្សោយ ឬសម្ដែងបោកប្រាស់អ្នក។ មែន! ពេលខ្លះគឺវាបែបនោះមែន។ តែចុងក្រោយ អ្នកអាចនឹងលួចសម្ងំដេកឱបវិប្បដិសារីវិញមិនខាន ដោយសារតែទឹកភ្នែករបស់នាងរមៀលចុះមក ព្រោះតែស្រឡាញ់រូបអ្នកខ្លាំងស្មើជីវិត។

ជាធម្មជាតិ នារីមានចិត្តដូចចុងស្រល់ កាលបើនាងមិនទាន់ស្រឡាញ់នរណាពិតប្រាកដ។ នាងចូលចិត្តធ្វើឱ្យពួកបុរសៗឈ្លក់វង្វេងនឹងសម្រស់ រួមទាំងមាយាដ៏ប៉ិនប្រសប់របស់នាង។ ភស្តុតាងមានបញ្ជាក់យ៉ាងហូរហែក្នុងក្រាំងប្រវត្តិសាស្ត្រ និងអក្សរសិល្បិ៍នានា រហូតកើតមានសុភាសិតថា «អ្នកក្លាហានចៀសមិនផុតពីដំណាក់ស្រីស្អាត» ហើយក៏មានពំនោលដ៏ល្បីល្បាញមួយទៀតបានពោលថា «នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាគំនរឆ្អឹងបុរស»

ប៉ុន្តែគេសម្គាល់ឃើញថា កាលបើនារីប្រគល់បេះដូងឱ្យទៅបុរសណាម្នាក់ពិតប្រាកដហើយ នាងកម្រផ្លាស់ប្ដូរក្ដីស្រឡាញ់ ឬស្ពាយយកភាពផិតក្បត់ណាស់។ គេថែមទាំងនិយាយថា ស្នាមថើបដំបូងគឺបុរសលួចថើប តែស្នាមថើបចុងក្រោយគឺនារីតាមអង្វរបុរសវិញម្ដង។ ការអង្វរនេះគឺដោយសារតែបុរសមួយចំនួនលេបសម្ដីដែលធ្លាប់ខ្ជាក់ពាក្យថាស្មោះ ក្រោយពេលនាងកំពុងពេញអណ្ដាតភ្លើងនៃក្ដីស្រឡាញ់។

តាមពិតទៅ ភាពអំណត់របស់នារីរឹងមាំជាងភ្នំសិលាទៅទៀត។ ដូច្នេះ នារីមិនគួរសម្រក់ទឹកភ្នែកគ្រប់ពេលទេ គឺត្រូវតែរៀនញញឹម ឬសើចវិញ។ នារីដែលចេះញញឹមគឺស្អាតបំផុត។ នារីដែលខឹងហើយនៅតែសើចបានធម្មតា ជានារីដែលឆ្លាតបំផុត។ នារីដែលប្រឹងអត់ធ្មត់រៀនសូត្រហើយមានចរិតល្អ ជានារីដែលមានមន្តស្នេហ៍អាចទាក់ទាញនិងសណ្ដំបុរសល្អមិនឱ្យឃ្លាតទៅណាបាន។

Cr. យួង សូដា

Monday, May 6, 2019

ច្នៃជីវិត



ជីវិត​​មិន​មែន​​ដើម្បី​តែ​ស្វែងរក​ខ្លួន​ឯង​​នោះ​ទេ​ ប៉ុន្តែ​ជីវិត​ គឺ​ជា​​​​​ការ​ធ្វើ​​​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​នរណា​ម្នាក់​យ៉ាង​ពិត​ប្រាកដ​​ ។ ជីវិតមិនគ្រាន់តែត្រូវរឹងមាំទេ តែត្រូវចេះកែច្នៃខ្លួនឯង ។ ​ពេលខ្លះ វិញ្ញាសាជីវិត មិនបានធ្វើបាបយើងទេ តែវាចូលមកដើម្បីឲ្យយើងចេះកែច្នៃខ្លួនឯងឲ្យបានល្អប្រសើរជាងមុន ។ ឧបសគ្គជីវិតមិនអាក្រក់ពេកទេ ពេលខ្លះវាបានផ្ដល់យើងនូវចម្លើយវិជ្ជមានឲ្យយើង ដែលអាចឆ្លើយតបទៅនឹងនិយមន័យជីវិត ។ នៅ​ពេល​ដែល​ជួប​រឿង​លំបាក​​ក្នុង​ជីវិត​ ​វា​គឺ​ជា​ពេល​វេលា​​ដ៏​ល្អ​បំផុត​ ​ក្នុង​ការ​ច្នៃ​ខ្លួន​​ឯង​​​ឲ្យ​ក្លាយ​ជា​មនុស្ស​​រឹងមាំជាងមុន ។ ចូរដើរទៅមុនសន្សឹមៗតាមលទ្ធភាព ព្រោះថាបើរត់លឿនពេល យើងអាចនឹងភ្លាត់ស្នៀតជំពប់ជើងដួល ។ ចូរប្រើពេលវេលាដែលនៅសល់ ឲ្យមានតម្លៃតាមសមត្ថភាព ។ ចូរដើរទៅរកគោលដៅដែលបេះដូងយើងបានប្រាប់ នោះយើងនឹងរកឃើញក្ដីសុខពិតប្រាកដ ៕

ម្នាក់ឯងបន្ដទៀត



ភ្លេចៗខ្លួន មួយឆ្នាំទៀតហើយ ជីវិតពិតជាទៅមុខលឿនមែន ។ ភ្លេចៗខ្លួន មុខឡើងចាស់មើលមិនចង់យល់ ។ អាយុប៉ុននេះទៅហើយនៅមិនទាន់មានអ្នកបំពេញអត្ថន័យជីវិតនៅឡើយ ។ នេះអាយុក្បែរសែហើយ ច្រើនហើយនៅតែវក់វីនឹងសិក្សារៀនសូត្រមិនឈប់ឈរទៀត ។ មានមនុស្សជាច្រើនតែងសួរខ្ញុំថា " ពេលណារកការងារធ្វើ ហើយនឹងមានការងារមួយច្បាស់លាស់នឹងគេមួយ? ខ្ញុំបានឆ្លងកាត់សំណួរនេះរាប់ភ្លេច ហើយចម្លើយដដែលៗ ដែលខ្ញុំតែប្រើ " គឺមិនទាន់ចង់ " ។

សំណួរចាក់ដោតបែបចំអក លាយឡំនិងការលេងសើច បើគ្រាន់តែស្ដាប់ហើយបំភ្លេចចោល គឺគ្មានអ្វីប្លែកនោះទេ ។ ប៉ុន្ដែពេលខ្លះ ខ្ញុំតែងយកពាក្យទាំងនោះមកគិត ។ ហេតុអ្វីពួកគេមកខ្វល់ខ្វាយរឿងខ្ញុំម៉្លេះ ? តាមពិតពួកគេកំពុងចំអកលើជីវិតខ្ញុំមែនទេ? ពេលខ្លះដោយសារតែពួកគេមិនយល់ពីខ្ញុំ ទើបពួកគេតែងតែមានគំនិតវិនិច្ឆ័យផ្ដេសផ្ដាសបែបនេះ ។

អាយុប៉ុននេះទៅហើយ រឿងស្នេហាខ្ញុំក៏ឆ្លងកាត់ច្រើនមកហើយដែរ គ្រាន់តែអ្នកទាំងនោះប្រហែលជាមិនមែនជាគូរបស់ខ្ញុំ ទើបពួកគេមិនអាចកំដរខ្ញុំដើរលើវិថីជីវិតមួយនេះបាន ។ ណាមួយរឿងរៀបការក៏ជារឿងដ៏គួរឲ្យខ្លាចមួយសម្រាប់ខ្ញុំដែរ ព្រោះខ្ញុំមិនចង់ចួបមនុស្សមិនសមបំណង ឬឆ្លងកាត់ជីវិតលែងលះ ដោយសាររឿងមិនចុះសម្រុងគ្នានោះទេ ។ មានគូស្នេហ៍វ័យក្មេងច្រើនណាស់ ដែលបានលែងលះគ្នា ។ មានគូស្នេហ៍មិនចុះសម្រុងគ្នាជាច្រើនបានបែកបាក់ ។ មានគ្រួសារជាច្រើនរើសអើងសាច់ថ្លៃ កូនប្រសារ រហូតជីវិតគូពួកគេត្រូវបែកពីគ្នា ។ ស្នេហាគ្មានការធានាទេ ទោះរៀបការក៏ដោយ ។ ខ្ញុំមិនចង់ចួបរឿងទាំងនោះទេ រឹតតែខ្លាចស្នេហាមួយខែពីរខែរៀបការហើយទើបដឹងថាខុស ខុសហើយទើបដឹងថាខកចិត្តខ្មាសគេ ។ ទំព័រជីវិតមិនខុសពីក្រដាសសទេ បើវាមានសំណាងចួបអ្នករចនាគំនូរបានល្អ ក្រដាសនោះនឹងមានសំណាង ដែលត្រូវគេរក្សាទុកក្នុងស៊ុមដ៏មានតម្លៃ តែបើចួបអ្នកគូរដែលត្រឹមតែបំផ្លាញក្រដាស នោះគឺជាសំណាងអាក្រក់ហើយ ។

អាចថាមកពីខ្ញុំខ្លាចពេក តែខ្ញុំពិតជាខ្លាចមែន ព្រោះខ្ញុំមិនចង់ឲ្យទំព័រជីវិតដ៏ល្អមួយនេះ ត្រូវបំផ្លាញដោយសារតែមើលមនុស្សខុសនោះទេ រឹតតែមិនចង់ព្រោះតែមាត់អ្នកដទៃ ហើយប្រើជីវិតបញ្ច្រាស់បេះដូងខ្លួនឯងនោះដែរ ។ ជីវិតជារបស់ខ្ញុំ ខ្ញុំមានសិទ្ធិប្រើប្រាស់ជីវិតខ្លួនឯងតាមបេះដូងខ្លួនឯង ។ អាចថាមកពីខ្ញុំរើសពេក តែការពិតមនុស្សដែលឆ្លងកាត់ខ្សែជីវិតខ្ញុំកន្លងមក សុទ្ធតែជាមនុស្សដែលមិនអាចឋិតក្នុងជម្រើសរបស់ខ្ញុំ ហើយមនុស្សដែលសមនឹងជម្រើសខ្ញុំខ្លះ បែរជាមិនមែនគូខ្ញុំទៅវិញ តើនេះព្រោះតែអ្វី?

យ៉ាងណាខ្ញុំនៅតែយល់ថាស្នេហាកើតពីនិស្ស័យ ព្រោះនិស្ស័យទើបស្គាល់គ្នា តែបើរកនិស្ស័យស្នេហ៍ពិតមិនបានទេ នៅម្នាក់ឯងបន្ដទៀតក៏គ្មានអ្វីចម្លែកសម្រាប់ខ្ញុំដែរ ។ ស៊ូររៀបការយឿត ប្រសើរជាងរៀបការជាមួយមនុស្សខុស នាំមានវិប្បដិសារីក្នុងជីវិត ។ ស៊ូប្រើជីវិតឯករាជ្យ ប្រសើរជាងទទួលយកមនុស្សដែលខ្ញុំមិនពេញចិត្ត ហើយកំដរគេទាំងក្បត់អារម្មណ៍ខ្លួនឯង ។ សម័យនេះទៅហើយ រកលុយចាយខ្លួនឯងក៏ស្រួលម្យ៉ាងដែរ ។ ឯកាបន្ដិចមែន តែក៏មិនស្លាប់ ។ បើចួបមនុស្សមិនច្បាស់លាស់ ហើយធ្វើឲ្យខ្លួនឯងមានវាសនាមិនល្អ ស៊ូនៅម្នាក់ឯងវិញប្រសើរជាង ៕

Sunday, May 5, 2019

ស្រលាញ់ខ្លួនឯងសិន



នៅពេលយើងទៅស្គាល់នរណាក៏ដោយ ត្រូវយកបេះដូងរបស់យើងទៅស្គាល់គេ។ ប៉ុន្តែមិនមានន័យថា បណ្ដោយឲ្យបេះដូងខ្លួនឯងខ្ទេចខ្ទីអស់ក្រោយពេលឈប់ស្គាល់គេទេ។ ស្រលាញ់នរណាក៏ដោយ ត្រូវប្រាកដថា យើងបានស្រលាញ់ខ្លួនឯងច្រើនជាងឲ្យការស្រលាញ់ទៅគេ។ ស្មោះអ្នកណាក៏ដោយ ត្រូវប្រាកដថា យើងបានស្មោះចំពោះខ្លួនឯងមុនរួចហើយ។ ទុកចិត្តនរណាក៏ដោយ យើងត្រូវតែទុកចិត្តលើខ្លួនឯងជាមុនសិន។ ជឿជាក់នរណាក៏ដោយ យើងត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។ ជួយអ្នកណាក៏ដោយ យើងត្រូវជួយខ្លួនឯងជាមុនសិន។

មិនមែនអាត្មានិយមទេ ប៉ុន្តែបើគ្មានភាពច្បាស់លាស់ចេញពីខ្លួនឯងទេ តើយើងអាចច្បាស់លាស់ចំពោះអ្នកដទៃបានយ៉ាងណាទៅ? បើស្រលាញ់គេច្រើនជាងស្រលាញ់ខ្លួន បែបប្រហែលត្រូវសម្លាប់ខ្លួនដើម្បីឲ្យគេយល់ថាខ្លួនបានស្រលាញ់គេខ្លាំងណាស់។ បើស្មោះគេ ជាងស្មោះខ្លួនឯង យើងនឹងកុហកខ្លួនឯងដើម្បីឲ្យគេបានសុខ ប៉ុន្ដែនោះវាមិនឋិតថេរបានប៉ុនណាឡើយ។ អ្វីក៏ដោយផ្ដើមចេញពីខ្លួនឯងជានិច្ច...៕

Cr. កូនចាបមាស

សេចក្ដីស្រឡាញ់



មានពាក្យមួយម៉ាត់ដែលរំដោះយើងអោយរួចពីទម្ងន់ និងការឈឺចាប់ក្នុងជីវិត ពាក្យនោះគឺ«សេចក្ដីស្រឡាញ់» ដោយសារតែសេចក្ដីស្រឡាញ់ គេអាចរស់នៅបានជាមួយនឹងក្ដីលំបាក។

កាលនៅក្មេង យើងទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយ លុះធំដឹងក្ដី យើងទទួលបានក្ដីស្រឡាញ់ពីប្ដីប្រពន្ធ ចុងក្រោយ យើងទទួលបានក្ដីស្រឡាញ់ពីកូនចៅ។ សេចក្ដីស្រឡាញ់ ពុំមែនជាសេចក្ដីឈឺចាប់ទេ។ តែការមិនយល់ពីសេចក្ដីស្រឡាញ់ទើបបង្កើតជាសេចក្ដីឈឺចាប់

សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនសមគួរ មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ។

អំណាចនៃសេចក្ដីស្រឡាញ់ធំណាស់ រហូតអាចបង្ក្រាបការស្រឡាញ់អំណាចទៀតផង។ អំណាចនិយាយទៅកាន់ពិភពលោកថា «ឯងជាកម្មសិទ្ធិរបស់យើង!»...ឯក្ដីស្រឡាញ់និយាយទៅកាន់ពិភពលោកថា «ខ្ញុំជាកម្មសិទ្ធិរបស់អ្នក!» ។

មនុស្សគ្រប់រូបគួរចងចាំសុភាសិតហិណ្ឌូមួយថា «ជីវិតពុំមែនជារបស់ខ្លួនទៀតទេ កាលបើបេះដូងប្រគល់ទៅឲ្យគេហើយនោះ»។ (Life is no longer one's own when the heart is fixed on another.) បើនៅតែយល់ថាជីវិតជារបស់ខ្លួនទៀត មានន័យថាគេពុំទាន់បានឧទ្ទិសខ្លួនចំពោះសេចក្ដីស្រឡាញ់ពេញបរិបូរនៅឡើយទេ៕

Cr. Yuong Soda

Saturday, May 4, 2019

ធ្វើជាមិត្តនឹងខ្លួនឯង



ភាពលំបាកក្នុងជីវិត វាពុំបានចូលមកដើម្បីបំផ្លាញយើងទេ តែវាចូលមកដើម្បីបង្រៀនយើងឲ្យរឹងមាំ

កុំដេករង់ចាំសំណាង ព្រោះថាសំណាងមិនអាច
កើតឡើងដល់បុគ្គលអ្នកដេកចាំវានោះទេ តែវា
កើតឡើងចំពោះតែនរណាដែលបានសាងវា
ឡើងតែប៉ុណ្ណោះ

ធ្វើជាមិត្តនឹងខ្លួនឯង

ទោះរាត្រីងងឹតប៉ុនណា ក៏នៅមានហ្វូងផ្កាយនិងព្រះចន្ទ្រា ។ មានតែពេលរាត្រីប៉ុណ្ណោះ ទើបយើងអាចមើលឃើញពន្លឺផ្កាយ និងឌួងព្រះចន្ទ្រាបាន ។ ភាពងងឹតមិនបានចូលមកដើម្បីបំផ្លាញអ្វីមួយឡើយ គឺភាពងងឹតចូលមកដើម្បីឲ្យយើងមើលឃើញពន្លឺនៃផ្ទៃមេឃដ៏ស្រស់ស្អាតតែប៉ុណ្ណោះ ។ ពន្លឺផ្កាយ និងដួងព្រះចន្ទ្រានោះ ប្រៀបបានទៅនឹងពន្លឺនៃក្ដីសង្ឃឹមរបស់យើងអ៊ីចឹងដែរ ។ ភាពលំបាកក្នុងជីវិត ប្រៀបបានទៅនឹងភពងងឹតនៃរាត្រីកាលដូច្នោះដែរ ។ ពេលខ្លះ ភាពលំបាកបានធ្វើឲ្យយើងមើលឃើញទិដ្ឋភាពនៃសោភ័ណជីវិតកាន់តែច្បាស់ ។ ភាពលំបាកបានបង្រៀនឲ្យស្គាល់ការតស៊ូ ស្គាល់ការឈឺចាប់ ស្គាល់ការរើបម្រះ និងស្គាល់ពីរបៀបរស់នៅក្នុងភាពជាមនុស្សកាន់តែច្បាស់ ។ ភាពលំបាក វាមិនបានចូលមកដើម្បីបំផ្លាញយើងទេ តែវាចូលមកដើម្បីបង្រៀនយើងពីមេរៀនជីវិតតែប៉ុណ្ណោះ ។ កុំខ្លាចលំបាក ព្រោះការលំបាកគឺជាវិញ្ញាសាជីវិត ។ ឆ្លងកាត់ការលំបាកកាន់តែច្រើន យើងក៏រៀនមេរៀនពីជីវិតបានច្រើនដូចគ្នា ។ រៀនមេរៀនជីវិតបានច្រើន យើងនឹងកាន់តែរឹងមាំ ។ ហើយភាពរឹងមាំដែលទទួលបានពីរបត់ជីវិតទាំងនោះ វាជាអំណោយដ៏មានតម្លៃបំផុត ដែលជីវិតបានផ្តល់ឲ្យយើង ។ រៀនតស៊ូ រៀនប្រឈមមុខ រៀនដោះស្រាយ រៀនឆ្លងកាត់ រៀនដួលរៀនក្រោក រៀនញញឹមលើកទឹកចិត្តខ្លួនឯង រៀនស្រឡាញ់ខ្លួនឯង រៀនធ្វើជាមិត្តល្អម្នាក់សម្រាប់ខ្លួនឯង កំដរខ្លួនឯងឆ្លងកាត់របត់ជីវិតដ៏វែងឆ្ងាយបន្ដទៀត...ស៊ូៗៗ ៕

Cr. Sun Veasna

Friday, May 3, 2019

ខ្ញុំអាចជាមនុស្សម្នាក់...



ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេបោះបង់ចោល ប៉ុន្តែខ្ញុំមិនដែលបោះបង់ចោលខ្លួនឯងទេ។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលមិនសូវមានអ្នកណាចូលចិត្ត ប៉ុន្តែខ្ញុំមិនដែលស្អប់ខ្លួនឯងទេ។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលមិនសូវមានអ្នកណាទុកចិត្ត ប៉ុន្តែខ្ញុំមិនដែលអស់ជំនឿលើខ្លួនឯងទេ។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលត្រូវគេមើលងាយ ប៉ុន្តែពាក្យមើលងាយរបស់គេ តែងតែធ្វើឲ្យខ្ញុំរឹងមាំជាងមុនជានិច្ច។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលស្រលាញ់ស្មោះចំពោះគេតែម្នាក់ឯង ប៉ុន្តែខ្ញុំនៅតែមានជំនឿថា ថ្ងៃណាមួយ ក្ដីស្រលាញ់ដ៏ស្មោះ ដែលខ្ញុំបានផ្ដល់ទៅគេនឹងត្រូវផ្ដល់ឲ្យខ្ញុំវិញដោយនរណាម្នាក់ផ្សេងទៀត។

ខ្ញុំអាចជាមនុស្សម្នាក់ ដែលគេមិនចាប់អារម្មណ៍ទាល់តែសោះ ពេលខ្ញុំធ្វើដំណើរនៅលើដងផ្លូវ ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ចំពោះខ្លួនឯងគ្រប់ពេល។ ខ្ញុំតែងឈរសម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់យ៉ាងយូរ ដោយនិយាយថាខ្ញុំគឺមានតែមួយគត់ គ្មាននរណាម្នាក់ដែលមានរូបរាងបែបនេះដូចខ្ញុំទេ៕

___________________________________

យើងអាចទទួលបានគ្រប់យ៉ាង ដោយគ្រាន់តែធ្វើចំពោះខ្លួនឯង ឬផ្ដល់ឲ្យខ្លួនឯងនូវអ្វីដែលយើងចង់បាន

___________________________________

Cr. កូនចាបមាស

ការគោរពដែលមានតម្លៃពិតប្រាកដ



ការគោរពដ៏ត្រឹមត្រូវ គឺត្រូវគោរពរឿងដែលត្រឹមត្រូវ និងគោរពមនុស្សត្រឹមត្រូវ តែពុំមែនគោរពនរណាម្នាក់ដើម្បីលាភសក្ការៈណាមួយនោះឡើយ។
យើងពុំគួរគោរពអ្នកនយោបាយ ដោយសារតែគេជាអ្នកនយោបាយនោះទេ តែយើងត្រូវគោរពពលីកម្មរបស់គេចំពោះជាតិមាតុភូមិ។

យើងពុំគួរគោរពអ្នកមានទ្រព្យសម្បត្តិ ដោយសារតែគេមានទ្រព្យសម្បត្តិនោះទេ តែត្រូវគោរពទឹកចិត្តសប្បុរសរបស់គេ។ យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែគេមានប្រៀបលើយើងនោះទេ តែត្រូវគោរពគេក្នុងនាមជាមនុស្សដូចយើង។

យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែឋានៈបុណ្យសក្តិរបស់គេនោះទេ តែយើងត្រូវគោរពគេដោយសារសីលធម៌ និងគុណធម៌របស់គេ។ យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែការអប់រំខ្ពង់ខ្ពស់របស់គេនោះទេ ប៉ុន្តែយើងត្រូវគោរពគេ ដោយសារតែគេមានឧត្តមគតិគិតជាតិ។

ពន្លឺរបស់ព្រះចន្ទ មិនមែនជាពន្លឺដែលបង្កើតឡើងដោយខ្លួនឯងទេ តែជាពន្លឺដែលខ្ចីពីគេ ឬខ្ចីពីព្រះអាទិត្យប៉ុណ្ណោះ។ មនុស្សអាចបង្កើតរស្មីជីវិតបានដោយខ្លួនឯង ហើយយើងគួរតែរៀនបង្កើតតម្លៃជាមនុស្សឱ្យខ្លួនឯង។

មនុស្សដែលចង់បានប្រយោជន៍ តែងគោរពមនុស្សគ្រប់ប្រភេទដើម្បីទទួលបានប្រយោជន៍ (មិនថាជាមនុស្សអាក្រក់ ក៏នៅតែគោរពឱ្យតម្លៃ) តែមនុស្សដែលត្រឹមត្រូវ គឺគេគោរពតែមនុស្សត្រឹមត្រូវ គោរពមនុស្សដែលចេះលះបង់ដើម្បីអ្នកដទៃ គោរពមនុស្សដែលមានចិត្តមេត្តា មានសីលធម៌ មានគុណធម៌ និងមានឧត្តមគិតជាតិ

Cr. Lam Lim

យុទ្ធសាស្រ្តនយោបាយត្រីធំដេញត្រីតូច



មនុស្សពុំអាចខ្លាំងដោយសារតែចំណេះដឹងម្យ៉ាងគត់នោះទេ តែត្រូវមានយុទ្ធសាស្រ្តសិន។ មានយុទ្ធសាស្រ្តតែមួយមុខ ក៏នូវពុំទាន់គ្រប់នៅឡើយទេ ចាំបាច់ត្រូវចេះប្រើប្រាស់មនុស្សសិន។ យុទ្ធសាស្រ្ត គឺជាក្រឡា មនុស្សគឺជាអ្នករែក។ មេដឹកនាំគឺជាក្ដោង រាស្រ្តគឺជាទូក។

ក្នុងភាសាសង្គមវិជ្ជា មនុស្សម្នាក់ៗសុទ្ធតែមានភាពស្រេកឃ្លាន។ ចំណែកក្នុងសាសនាវិញ មនុស្សគ្រប់គ្នាតែងតែកាន់ស្បោង ស្ពាយអវិជ្ជាកាលណាក្រពះវារើ ធ្វើអ្វីក៏ពុំចេះគិតឲ្យល្អិតល្អន់ដែរ។ ក្នុងយុទ្ធសាស្រ្តនយោបាយមួយចំនួនពុំមែនបានន័យថា ខ្លួនតូច រង់ចាំតែចាញ់មាឌធំ មួយមុខគត់ទេ។ អ្នកដែលតូចទាបពិតប្រាកដ គឺជាបុគ្គលដែលពុំស្ពាយយុទ្ធសាស្រ្ត។ រឿងចាញ់ និងឈ្នះរបស់មនុស្សខ្លាំងគឺ អាស្រ័យលើសមត្ថភាពជាក់ស្ដែង ជាមួយនឹងការបត់បែនផ្អែកតាមកាលៈទេសៈតែប៉ុណ្ណោះ។ បើបត់ពុំត្រូវទេ ប្រៀបបានដូចជាទូកដែលគ្មានដ ឬទន្លេដែលគ្មានច្រាំង។

ជាតិដែលខ្ពស់ រលំមកវិញក៏ងាយ។ មនុស្សដែលឈរខ្ពស់ ដួលមកវិញក៏កាន់តែឈឺដូចគ្នាដែរ។ ដូច្នេះបានជាគេប្រយ័ត្នប្រយែងណាស់ នៅពេលឡើងកាន់តែខ្ពស់ ធ្លាក់មកវិញក៏រឹតតែឈឺ។ គេសុខចិត្តដើរតាមសម្រួល។ បើពុំព្រមតាមសម្រួលពុំខុសអ្វីពីត្រីស្លាប់ក្នុងទឹក មនុស្សស្លាប់លើគោកទេ (ត្រីខ្លះស្លាប់ក្នុងទឹកដោយសារហែលបុកច្រាំងមួយទំហឹង។ មនុស្សខ្លះស្លាប់ទាំងមានជីវិត ព្រោះតែអួតខ្លួនមួយទំហឹង)។

ប្រទេសតូចត្រូវខ្លាំងយុទ្ធសាស្រ្ត ប្រទេសធំត្រូវខ្លាំងការពារ។ ទីមួយ សង្ហបុរីជាប្រទេសតូចតែខ្លាំងយុទ្ធសាស្រ្ត (ត្រីតូច ប្រើត្រីធំ)។ ទីពីរ អាមេរិកប្រទេសធំ ត្រូវការប្រទេសតូចតាច។ ក្នុងយុទ្ធសាស្រ្ត គឺជាចំណេញទាំងសងខាង ពុំមែនសុជីវធម៌រវាងប្រទេសនឹងប្រទេសទេ។ សង្គមវិទូអ៊ីតាលី នីកូឡូ ម៉ាឆែវ៉ាលី (Niccolo Machiavelli) ថា នយោបាយ វាគ្មានជាប់ពាក់ព័ន្ធជាមួយសីលធម៌ទេ។ ន័យនយោបាយហាក់ដូចជាគ្មានសីលធម៌បន្តិចពិតមែន តែមនុស្សត្រូវតែមានសីលធម៌។ ដ្បិតតែន័យសីលធម៌ ពុំអាចឡូកឡំភាពក្រឡិចក្រឡុកដូចជានយោបាយក៏ពិតមែន តែអ្នកនយោបាយត្រូវតែស្ពាយភាពជាអ្នកដែលមានទំនួលខុសត្រូវចំពោះរាស្រ្តជាចាំបាច់។

រឿងគេជាត្រីធំ យើងជាត្រីតូចមានប្រាជ្ញា មានសង្ហបុរី (Singapore) ជាគំរូស្រាប់។ រឿងគេជាត្រីធំ ដេញត្រីតូច មានប្រទេសវេនេហ្ស៊ុយឡា (Venezuela) ជាភ្នែកមុខស្រាប់។ យុទ្ធសាស្រ្តនយោបាយ ខុសពីយុទ្ធសាស្រ្តប្រយោជន៍បុគ្គល ព្រោះនយោបាយ ត្រូវបម្រើជាតិ គិតប្រយោជន៍រួម។ គោលគំនិតខ្លីមួយរបស់មេដឹកនាំ ត្រូវចេះកសាងសម័្ពន្ធមិត្ត១ ចេះបំបែកសម្ព័ន្ធមិត្ត១ ចេះបង្វែរដានធ្វើសង្រ្គាម១ (ចិត្តសាស្រ្ត) ចងសន្តិភាព១ និងត្រូវចេះយល់អំពីស្ថានភាពនៃការបត់បែន១។ សិល្បៈនៃភាពជាអ្នកដឹកនាំនេះ ស្ថិតក្នុងគម្ពីរស្រីហិតោបទេស។

ងាកចូលកម្ពុជាដែលជាប្រទេសតូច ប្រវត្តិសាស្រ្តសឹងតែដាក់ចំនឹងភ្នែក តែពេលខ្លះយើងក៏បែរជាមើលពុំឃើញថា ពេលណាត្រូវគេចត្រីធំ និងពេលណាគួរក្បែរត្រីធំឲ្យចំណេញជាតិ។ សុខភាពជាតិ មេដឹកនាំគឺជាអ្នកមើលថែរ ហើយជំងឺជាតិដែលមានសភាពធ្ងន់ធ្ងរនៅថ្ងៃអនាគតគឺ ដោយសារយុវជនថ្ងៃនេះ។ ស៊ី ជីពីង (Xi Jing Ping) ធ្លាប់បាននិយាយក្នុងន័យមួយថា ការធ្វើឲ្យប្រទេសខ្លួនខ្លាំង ពុំមែនគ្រាន់តែដើរលេងក្នុងសួន ដើរវាយស្គរ ឬក៏ដើរវាយកូនយោលទេ

Politics have no relation to morals. Niccolo Machiavelli