កាលពីក្មេងយើងបានទុកគ្រួសារជាបង្អែក
។ រហូតដល់យើងធំពេញវ័យ រកឃើញគោលដៅជីវិត ទើបយើងអាចបែកចេញពីគ្រួសារដ៏កក់ក្ដៅ ។
ពេលយើងនៅផ្ទះយើងកក់ក្ដៅ ពេលយើងឆ្ងាយផ្ទះ យើងត្រូវស្វែងរកភាពកក់ក្ដៅដោយខ្លួនឯង ។
ពេលយើងនៅក្មេងយើងចេះតែចាយលុយស្រាប់ៗ រស់នៅស្រួលៗ តែពេលយើងចម្រើនវ័យឡើង
យើងចេះរកលុយដោយខ្លួនឯង ទើបយើងដឹងថា ការលំបាកវាមានលក្ខណៈបែបណា ។ ពេលយើងនៅក្មេង
ពេលយើងចង់បានអ្វី យើងតែងសុំពីឳពុកម្ដាយ ហើយអ្វីដែលយើងទទួលបានពីឳពុកម្ដាយ
គឺបានមកងាយៗស្រួលៗគ្មានបញ្ចេញកម្លាំងសោះ ។ ពេលយើងនៅក្មេងយើងមិនដែលដឹងទេ ថាបន្ទុករបស់ឳពុកម្ដាយចំពោះគ្រួសារវាធ្ងន់កម្រិតណា
រហូតដល់ពេលមួយ គឺពេលដែលយើងធំដឹងក្ដី ហើយចាកចេញពីផ្ទះ ដើម្បីស្វែងយល់ពីអត្ថន័យជីវិតដោយខ្លួនឯង
។
ឳពុកម្ដាយបានចិញ្ចឹមបីបាច់យើង
អប់រំយើងមកយ៉ាងល្អ ហើយនាទីរបស់ពួកគាត់នឹងបញ្ចប់ នៅពេលកូនៗធំដឹងក្ដី
មានគ្រួសារមួយជារបស់ខ្លួនឯង ។ អ្វីដែលពួកគាត់បានឱ្យយើង គឺស្លាបដ៏រឹងមាំមួយគូ ។
ភាពកក់ក្ដៅដែលយើងទទួលបានពីគ្រួសារ វាពុំឋិតថេរជានិរន្ដិ៍ឡើយ ប៉ុន្ដែស្លាបមួយគូដែលឳពុកម្ដាយបានបន្សល់ឱ្យយើង
វាជាភាពកក់ក្ដៅមួយដែលនឹងនៅជាមួយយើងរហូត ។ ហើរកាន់តែឆ្ងាយ យើងនឹងកាន់តែរឹងមាំ ។
ហើរកាន់តែឆ្ងាយ ជីវិតនឹងបង្រៀនយើងកាន់តែច្រើន ។ ចូរហើរទៅរកក្ដីស្រមៃខ្លួនឯងចុះ
ព្រោះគ្មាននរណាម្នាក់អាចធ្វើជាយើងជំនួសយើងបានទេ ។ ចូរហើរទៅរកអ្វីដែលយើងត្រូវការចុះ
ព្រោះគ្រប់យ៉ាងនៃជីវិត វាពុំរត់មករកយើងដោយឯងៗឡើយ ។ ធំហើយ ត្រូវចេះរឹងមាំដោយខ្លួនឯង
៕
Cr. ប្រាជ្ញាជីវិត