Saturday, December 15, 2018

ជាន់ឱ្យលិចលើកឱ្យខ្ពស់



បុគ្គលគួរប្រព្រឹត្តចំពោះជនណាម្នាក់ដោយសេចក្តីសង្គ្រោះ ឬកម្ទេចចោលកុំឱ្យមានគ្រោះនៅថ្ងៃក្រោយ។ អ្នកដែលរបួសស្រាលនឹងសងសឹកវិញ តែចំពោះអ្នកដែលរបួសធ្ងន់វិញ គឺលែងមានឱកាសសងសឹកទៀតហើយ

នយោបាយវិទូតោ (កម្លាំង) និងកញ្ជ្រោង (ល្បិចកល) នីកូឡូ ម៉ាឈីវ៉ាលី (Niccolo Machiavelli) គឺជាអ្នកនយោបាយប្រាកដនិយម ជាក់ស្តែងនិយម និងប្រយោជន៍រួមនិយម។ ប្រាកដនិយម គឺបើធ្វើគឺធ្វើ ហើយឥតនិយាយមាត់ទទេទេ។ ជាក់ស្តែងនិយម គឺបត់បែន មើលលើកាលៈទេសៈ និងស្ថានភាពសង្គមជាក់ស្តែង។ ប្រយោជន៍រួមនិយម គឺប្រើនយោបាយឥតគិតពីសីលធម៌ ឥតមានមនោសញ្ចេតនា ដាច់ខាតនិយម ផ្តាច់ការនិយម ក្នុងគោលបំណងតែមួយគត់ គឺដើម្បីយកអំណាចរក្សាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាទូទៅសម្រាប់ ម៉ាឈីវ៉ាលី ពាក្យថា នយោបាយ វាឥតជាប់ទាក់ទងនឹងសីលធម៌ទាល់តែសោះ។

សុភាសិតខ្មែរពោលថា ដុតឱ្យខ្លោច រោចឱ្យឆៅ ដែលមានន័យថាមេដឹកនាំត្រូវស្គាល់ពីកាលៈទេសៈដែលត្រូវចិត្តដាច់ ផ្តាច់ការ ប្រហារឥតប្រណី។ បើត្រូវជាន់ គឺដាច់ខាតត្រូវជាន់ឱ្យលិច កុំឱ្យងើបមុខរួច ឬបើត្រូវសម្លាប់ គឺត្រូវដកស្មៅទាំងឫស។ ប៉ុន្តែបើសណ្តោស គឺត្រូវលើកឱ្យខ្ពស់ ផ្តល់ឋានៈឱ្យហួស ឬមានន័យថាឱ្យឋានៈ ដកអំណាច, មានឋានៈជាសម្តេច តែគ្មានអំណាចជាសម្តេច។ ក្នុងប្រវត្តិសាស្រ្តប្រទេសខ្លះ មានមេដឹកនាំខ្លះក៏ត្រូវពួកក្រុមកុម្មុនីស្ត បានបន្តុបអំណាចរហូតដល់អស់អំណាចពីខ្លួនរលីង។ នេះមានន័យថា មានឋានៈខ្ពស់ផុតមេឃ តែអំណាចទាំងអស់ វាគ្រាន់តែជាអំណាចនិមិត្តរូបប៉ុណ្ណោះ (ដូចឆាវឆាវ គំរាមរាស្រ្ត សំឡុតស្តេច ប្តូរសម័យកាល)។

ចរិតតោនិងកញ្ជ្រោងនេះ ទំនងផ្តាច់ការរកលេខដាក់គ្មាន។ ទ្រឹស្តីភាពជាអ្នកដឹកនាំបានកំណត់មេដឹកនាំពីរប្រភេទ៖ ទី១. មេដឹកនាំល្អ (Good Leader) និង២. មេដឹកនាំដែលមានប្រសិទ្ធិភាព (Effective Leader)។ មេដឹកនាំអាចបង្កើតព្រឹត្តិការណ៍គ្រប់បែបយ៉ាងដើម្បីរក្សាអំណាចរបស់ខ្លួន។ បើប្រើរបៀបដឹកនាំតាមបែបចរិតសត្វកញ្ជ្រោង ម៉ាឈីវ៉ាលី អះអាងថា សម្តេច (មេដឹកនាំ) អាចក្បត់ពាក្យសម្តីរបស់ខ្លួនបាន ដោយយកយន្តការច្បាប់មកប្រើ។ នេះបង្ហាញថា មេដឹកនាំអាចនិយាយនូវសម្តីដែលមានគុណធម៌និងសីលធម៌ តែពុំចាំបាច់ធ្វើទង្វើដែលមានគុណធម៌និងសីលធម៌ទេ មេដឹកនាំល្អ ប្រហែលជាធ្វើមិនកើត អនុវត្តពុំស្រួលចិត្តទេ តែសម្រាប់មេដឹកនាំដែលមានប្រសិទ្ធិភាព គឺស្ថិតនៅលើឆន្ទៈធំ។ ឆន្ទៈធំ ក្តីកង្វល់តូច តែបើឆន្ទៈតូច នាំឱ្យពិបាកអនុវត្តទង្វើផ្តាច់ការ ធ្វើឱ្យក្តីកង្វល់ធំ។

អ្នកយុទ្ធសាស្រ្តពុំមែនជាអ្នកសីលធម៌និយម ហើយអ្នកដែលប្រកាន់ឥរិយាបថសីលធម៌និយម ក៏ពុំអាចធ្វើជាអ្នកយុទ្ធសាស្រ្តកំពូលបានដែរ។ កំពូលអ្នកយុទ្ធសាស្រ្ត ចេះសម្លាប់ ហើយចេះធ្វើឱ្យខ្មោចដែលខ្លួនបានសម្លាប់អរគុណដល់ខ្លួនទៀតផង។ សាហាវពេកហើយ! តើហេតុអ្វីខ្ញុំនិយាយពីរឿងយុទ្ធសាស្រ្តដែលទំនងវាមានលក្ខណៈគគ្រិចបន្តិច តែមានប្រយោជន៍។ សុភាសិតខ្មែរពោលថា ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន។ ខ្ញុំសូមបំប្លែងថា ធ្វើស្រែឱ្យមើលស្មៅ រើសមេដឹកនាំបម្រើកូនចៅឱ្យចេះប្រុងប្រយ័ត្ន។ ខ្ញុំអានសៀវភៅ សម្តេច - The Prince កាលពីបីឆ្នាំមុន របស់ម៉ាឈីវ៉ាលី, ខ្ញុំចាំតែឃ្លាមួយគត់ ការផ្លាស់ប្តូរមួយ វានឹងនាំឱ្យមានការផ្លាស់ប្តូរមួយទៀតបន្តគ្នា

ទ្វារមួយបិទ ទ្វារមួយទៀតនឹងចំហរឡើង។ បាត់បង់អ្វីមួយ យើងនឹងបានអ្វីមួយផ្សេងទៀតមកជំនួសនូវអ្វីដែលបានបាត់បង់។ បាត់បង់ថ្ងៃនេះ យើងនឹងទទួលបានថ្ងៃស្អែក។ បាត់បង់ពន្លឺព្រះសូរិយា យើងនឹងទទួលបានពន្លឺព្រះចន្ទ។ បាត់មេឃស្រលះ យើងនឹងទទួលបានភ្លៀង។ រាំងភ្លៀង យើងបានឃើញឥន្ទធនូ។ បាត់បង់ឱកាសរើសមេដឹកនាំល្អថ្ងៃនេះ យើងនៅមានឱកាសរើសមេដឹកនាំល្អនៅថ្ងៃក្រោយទៀត។ សំខាន់ តើយើងបានរៀននិងចេះពីរបៀបរើស ឬរបៀបមើលមេដឹកនាំល្អហើយ ឬនៅ? ស៊ុន ជឺ (Sun Tzu) និយាយថា ស្គាល់គេ ស្គាល់ឯង ច្បាំងមួយរយដង ឈ្នះមួយរយដង។ ស្គាល់តែគេ តែពុំស្គាល់ខ្លួនឯង, ឬស្គាល់តែខ្លួនឯង តែពុំស្គាល់គេឯង ច្បាំងអាចឈ្នះអាចចាញ់។ ខ្ញុំបន្ថែមថា ស្គាល់ចរិតមេដឹកនាំបច្ចុប្បន្នច្បាស់ ស្គាល់ខ្លួនឯងច្បាស់ (ចេះមើលចរិតមេដឹកនាំ) គង់នឹងរើសបានមេដឹកនាំល្អម្នាក់នៅថ្ងៃក្រោយ

Men should be either treated generously or destroyed, because they take revenge for slight injuries - for heavy ones they cannot. Niccolo Machiavelli

___
រូបភាព www.google.com

ចេះត្រឹមតែចាំនិងចេះគិតពិចារណា



គុណភាពនៃជីវិតរបស់យើង វាអាស្រ័យទៅអ្វីដែលយើងគិត តែវាពុំមែនស្ថិតនៅលើអ្វីដែលយើងចងចាំនោះទេ

ថ្វីដ្បិតតែការមានព័ត៌មានក្នុងខួរក្បាលច្រើន វាជាផ្នែកមួយដែលនាំឱ្យយើងអាចទាញយកមកធ្វើការវិភាគមែន តែការចេះគិតពិចារណានិងរបៀបនៃការគិតពិចារណា វាសំខាន់ជាងទិន្នន័យដែលយើងមានក្នុងខួរក្បាលទៅទៀត។ មានខួរក្បាលដែលចេះគិតពិចារណា វាប្រសើរជាងខួរក្បាលដែលមានត្រឹមតែចំណេះដឹងឬព័ត៌មាន។ អ្នកខ្លះ ចាំទិន្នន័យបានច្រើន ហើយក៏ចេះតែសូត្រតាម គឺសូត្ររហូតដល់បែកពពុះមាត់ក៏មាន។ (តើនរណាខ្លះធ្លាប់មើលរឿង 3 Idiots? តើចាំបានឈុតឆាកមួយ ដែលនិស្សិតម្នាក់ឡើងសូត្រចំណាប់អារម្មណ៍ ដែលនាំឱ្យសាកលវិទ្យាធិការខ្មាសទាំងរដ្ឋមន្រ្តី និងនិស្សិតចូលរួមដទៃទៀតទេ?)

យុគសម័យពីមុន មនុស្សជាតិប្រកួតប្រជែងលើព័ត៌មាន។ យុគសម័យបន្ទាប់ មនុស្សជាតិប្រកួតប្រជែងលើចំណេះដឹង។ យុគសម័យថ្មីនេះ មនុស្សជាតិប្រកួតប្រជែងលើការច្នៃប្រឌិដ្ឋ។ គំនិតដែលងាប់ក្រឡា គឺជាគំនិតហួសសម័យឥតបានការណ៍ទេ។ មនុស្សឆ្លាតពុំមែនជាបុគ្គលដែលមានខួរក្បាលពូកែចាំទិន្នន័យគ្រប់យ៉ាងទេ តែជាមនុស្សដែលដឹងថាតើត្រូវទៅរកទិន្នន័យទាំងអស់នោះនៅឯណា? អង្គចងចាំនៃប្រព័ន្ធបច្ចេកវិទ្យា (Memory) មានតួនាទីជាអ្នកផ្ទុកទិន្នន័យ ហើយខួរក្បាលមនុស្សមានតួនាទីជាអ្នកគិតរិះរកអ្វីដែលថ្មីៗ។ មនុស្សឆ្លាតពិតប្រាកដ គឺជាបុគ្គលដែលពូកែសួរ តែពុំមែនមនុស្សពូកែឆ្លើយទេ។ យុគសម័យនេះ គឺជាសម័យនៃការច្នៃប្រឌិដ្ឋថ្មី តែពុំមែនជាយុគសម័យដែលប្រកួតប្រជែងលើព័ត៌មាន ឬចំណេះដឹងទៀតឡើយ។

ការចេះគិតត្រិះរិះពិចារណា ធ្វើឱ្យយើងខុសពីសត្វ។ ការរស់នៅរបស់សត្វភាគច្រើន ប្រើតែសភាវគតិប៉ុណ្ណោះ។ បើទោះបីជាយើងរៀនជំនាញអ្វីក៏ដោយ ឱ្យតែពូកែគិត វានឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សឆ្នើម។ អ្នករៀនទស្សនវិជ្ជា នៅតែជាអ្នករៀនទស្សនវិជ្ជា បើយើងនៅតែមិនរៀនវែកញែកគំនិតរបស់ទស្សនវិទូ និងរៀនឆ្លុះបញ្ចាំងគំនិតទាំងនោះ ជាមួយនឹងស្ថានភាពសង្គមដែលខ្លួនរស់នៅទេ។ គំនិតចាស់ បូកគំនិតថ្មី ស្មើនឹងគំនិតច្នៃប្រឌិដ្ឋ។ គំនិតចាស់ថ្មីទាំងអស់ បូកនឹងកាលៈទេសៈសង្គមជាក់ស្តែង វានឹងបង្ហាញយើងថាតើយើងត្រូវអភិរក្សត្រង់ណា និងអភិវឌ្ឍត្រង់ណា?

បដិវត្តន៍ក្នុងពិភពលោកទាំងអស់ សុទ្ធតែកើតចេញពីក្រុមមេគំនិតធំៗ ឬយើងហៅថា ទស្សនវិទូ។ ទស្សនវិជ្ជា គឺជាហេតុធ្វើឱ្យសង្គមមានបដិវត្តន៍ ដ្បិតមនុស្សរស់ក្នុងសង្គមតែងចង់បានជីវិតដែលល្អប្រសើរជាងមុន។ ឧទាហរណ៍ជាក់ស្តែង. តើទស្សនវិទូរូបណាដែលធ្វើឱ្យមានបដិវត្តន៍របបរាជានិយម? តើទស្សនវិទូរូបណាដែលបង្កើតរបៀបដឹកនាំរដ្ឋ និងផ្លាស់របៀបចាស់? ដូច្នេះ កុំឆ្ងល់ថាហេតុអ្វីសង្គមខ្លះ មេដឹកនាំខ្លះ ហាមឃាត់មិនឱ្យមានការសិក្សាទស្សនវិជ្ជាស៊ីជម្រៅ ដល់ប្រជាជន ឬយុវជន? មនុស្សដែលមិនហ៊ានគិតនូវអ្វីដែលខ្លួនចង់គិត គឺជាទាសករ ឬជាមនុស្សកំសាក។ ក្នុងចំណោមទស្សនវិទូទាំងអស់ ខ្ញុំសរសើរសូក្រាត ដ្បិតលោកនិយាយថា ម្តាយខ្ញុំគឺជាឆ្មបបង្កើតកូន រីឯខ្ញុំជាឆ្មបបង្កើតគំនិត

Friday, December 7, 2018

រៀនធ្វើមនុស្សថ្មី!



ខុងជឺ ពោលថា " អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ ហើយអ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ "។ មនុស្សអស្ចារ្យព្យាយាមស្វែងរកខ្លួនឯង ហើយរៀនស្គាល់ពីសក្ដានុពលខ្លួនឯង ។ ចំណែកមនុស្សធម្មតាស្វែងរកប្រយោជន៍ពីអ្នកដទៃ ឬស្វែងរកដង្ហើមពីអ្នកដទៃ (មិនស្គាល់ខ្លួនឯង )។ មនុស្សដែលអាចបង្កើតសមិទ្ធផលជីវិតដោយកម្លាំងខ្លួនឯង ខុងជឺ បានឲ្យឈ្មោះថា " បុគ្គលអស្ចារ្យ "។ ចំណែកមនុស្សដែលស្វែងរកខ្លួនឯងពីក្នុងខ្លួនអ្នកដទៃ ខុងជឺ ឲ្យឈ្មោះថា "បុគ្គលធម្មតា "

មនុស្សយើងកើតមក តែងមានទេពកោសល្យខុសប្លែកគ្នា គ្រាន់តែអ្នកខ្លះអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្យខ្លួនបាន ហើយអ្នកខ្លះមិនអាច។ មនុស្សដែលអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្យខ្លួនឯងបាន នោះក៏ព្រោះតែគេស្គាល់ខ្លួនឯងជានរណា ហើយមានសមត្ថភាពអ្វី? មានសក្តានុពលខ្លាំងប៉ុនណា? ។ ហើយនេះជាមូលហេតុដែលបិតាទស្សនវិទូ សូក្រាត តែងចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះការស្គាល់ខ្លួនឯងច្បាស់ ជាចំណុចចាប់ផ្តើមនៃការស្វែងរកធនធានជីវិត ។

មនុស្សជាច្រើនតែងជឿលើការបន់ស្រន់ ហើយមិនសូវជឿលើសមត្ថភាពខ្លួនឯង សូម្បីតែខ្ញុំ។ ប៉ុន្ដែធាតុពិតទៅ ជំនឿគ្រាន់តែជារឿងគួបផ្សំប៉ុណ្ណោះ វាមិនអាចឲ្យយើងពឹងទាំងស្រុងបានទេ ។ បុរាណខ្មែរពោលថា "គំនិតមិនកើត កំណើតមិនមាន " មិនប្រឹងខ្លួនឯងឲ្យខ្លាំង តើទេវតាណាជួយយើងបានទៅ!!។ ចង់ឲ្យទេវតាជួយ លុះត្រាតែយើងខ្លាំងដែរ ឬអាចនិយាយបានថា " ទេវតាជួយតែមនុស្សខ្លាំងប៉ុណ្ណោះ "

ដើម្បីទទួលបានផ្លែផ្កាជីវិតដោយងាយស្រួល យើងគួរពិសោធន៍មើលថា " តើយើងជានរណា? តើយើងពូកែអ្វី? តើយើងមានសក្តានុពលខ្លាំងផ្នែកអ្វី? តើយើងគួរធ្វើអ្វីចំពោះសក្តានុពលខ្លួនឯង? ហើយសំណួរចុងក្រោយដែលយើងត្រូវឆ្លើយឲ្យខានតែបាននោះ គឺតើយើងនឹងចម្រាញ់ផ្លែផ្កាជីវិតពីសក្ដានុពលខ្លួនឯងបានដោយរបៀបណា? ចម្លើយនៃសំណួរទាំងនេះ គឺជាចម្លើយនៃការស្គាល់ខ្លួនឯង៕

Cr. Sun Veasna

ឥទ្ធិពលក្នុងភាពជាអ្នកដឹកនាំ



បណ្ឌិត ចន ស៊ី ម៉ាក្សវ៉ែល (John C. Maxwell) ពោលថា ភាពជាអ្នកដឹកនាំគឺជាឥទ្ធិពល ដ្បិតឋានៈតួនាទីពុំមានតម្លៃគ្រប់គ្រាន់ក្នុងការដឹកនាំមនុស្សឡើយ

ឥទ្ធិពលគឺជាធាតុសំខាន់មួយក្នុងភាពជាអ្នកដឹកនាំ។ មនុស្សដែលមានឥទ្ធិពល អាចដឹកនាំមនុស្សដទៃបានដោយពុំចាំបាច់មានឋានៈតួនាទីតាមបែបអាជ្ញាឡើយ។ ឥទ្ធិពលនេះ វាអាចកើតឡើងទៅបាន លុះត្រាណាតែមនុស្សចេះសន្សំអំណាចក្នុងខ្លួនជាមុនសិន។ តើមេដឹកនាំអាចកសាងអំណាចក្នុងខ្លួនបានដោយរបៀបណា?

មនុស្សដែលមានឥទ្ធិពលខ្លាំងបំផុត គឺជាបុគ្គលដែលពូកែបត់បែនតាមកាលៈទេសៈជាក់ស្តែងបំផុត។ ចេះបត់បែនកាន់តែខ្លាំង គឺមានន័យថាឥទ្ធិពលកាន់តែខ្លាំង ហើយឥទ្ធិពលកាន់តែខ្លាំង គឺមានន័យថាភាពជាអ្នកដឹកនាំកាន់តែខ្ពស់។ មនុស្សម្នាក់ៗ តែងមានចរិត ឥរិយាបថ ការយល់ឃើញ និងគំនិតខុសៗគ្នា។ ការបត់បែនក្នុងន័យនេះ គឺមានន័យថា ជួបមនុស្ស ១០នាក់ អាចសម្របខ្លួនបត់បែនបានជាមួយមនុស្សទាំង ១០នាក់។ ប៉ុន្តែចំពោះមនុស្សដែលខ្សោយលើវិជ្ជាបត់បែននេះ គឺមានន័យថា ទម្រើសក្នុងការទំនាក់ទំនងជាមួយមនុស្ស (រើសមនុស្សដែលមានលក្ខណៈសម្បត្តិស្រដៀង/ដូចខ្លួន)

ក្នុងបរិបទខ្មែរ អ្នកខ្លះបានឱ្យនិយមន័យនៃពាក្យ បត់បែន ថាជាភាពឆ្លាត។ អ្នកខ្លះទៀតបានឱ្យនិយមន័យ មនុស្សឆ្លាត ថាជាអ្នកពូកែក្រឡិចក្រឡុច ឬអ្នកខ្លះផ្សេងទៀតយល់ថា ឆ្លាត គឺមានន័យថាបត់បែនទាន់កាលៈទេសៈ ឬចេះក្រឡិចក្រឡុច ឬចេះបោកប្រាសក៏ថាបាន (តាមគំនិតមិនទាន់ ជាន់កែងមិនត្រូវ)។ ប៉ុន្តែមែនទែនទៅ ពាក្យថា បត់បែនក្នុងភាពជាអ្នកដឹកនាំ គឺសំដៅទៅលើការបត់បែនដែលត្រឹមត្រូវ មិនខុសច្បាប់ មិនក្បត់សីលធម៌ គិតប្រយោជន៍ធំជារួម និងឈរលើគោលការណ៍ឈ្នះ-ឈ្នះគ្រប់ភាគីជាចម្បង។ មេដឹកនាំអាក្រក់ ដឹងផលនៃទង្វើអាក្រក់ តែនៅតែជ្រើសរើសប្រព្រឹត្តអាក្រក់ តែមេដឹកនាំល្អ ចេះបត់បែនក្នុងផ្លូវត្រូវ។ អ្នកណាដែលចង់ក្លាយទៅជាមេដឹកនាំពិតប្រាកដ ត្រូវចេះសន្សំភាពត្រឹមត្រូវ សន្សំគុណធម៌ក្នុងខ្លួន និងសន្សំសមត្ថភាព ហើយមុននិងក្រោយ មនុស្សទាំងឡាយនឹងដើរតម្រង់មករក

Leadership is influence, titles don't have much value when it comes to leading. John C. Maxwell

___
Google picture



Thursday, December 6, 2018

ជម្រើសដែលយើងជ្រើស



អ្នកខ្លះចង់ក្លាយជាមិត្តរបស់យើងនៅលើបណ្ដាញសង្គម ប៉ុន្តែវាមិនមានន័យថាគេពិតជាចង់ក្លាយជាមិត្តពិតប្រាកដរបស់យើងនៅក្នុងជីវិតពិតឡើយ។ នៅលើបណ្ដាញសង្គមវាងាយស្រួលទេ ព្រោះគេបានបង្កើតជម្រើសច្រើនសម្រាប់យើង។ នៅពេលនរណាម្នាក់ស្នើសុំ ប្រសិនបើយើងមិនពេញចិត្តទេ​ យើងមិនទទួលក៏បាន ហើយបើទទួលហើយថ្ងៃក្រោយយើងក៏អាចលុបចោលវិញបាន។ ប៉ុន្តែក្នុងជីវិតពិតវាគ្មានជម្រើសងាយៗបែបនេះសម្រាប់ឲ្យយើងជ្រើសរើសទេ។

រាល់ពេលបើកហ្វេសប៊ុក ហើយអូសចុះឡើង តើភាគច្រើនយើងបានឃើញអ្វីនៅលើ New Feed របស់យើង? អ្វីដែលយើងបានឃើញវាជាអ្វីដែលយើងខ្លួនឯងជាអ្នកជ្រើសរើស។ បើភាគច្រើនយើងឃើញព័ត៌មានបំពុលសង្គម នោះមានន័យថាយើងខ្លួនឯងជាអ្នកចូលចិត្ត និងជ្រើសរើសតាំងពីដំបូង។ នៅក្នុងជីវិតពិតក៏មិនខុសពីគ្នានេះប៉ុន្មានដែរ។ តើភាគច្រើនស្ថានភាពជីវិតរបស់យើងវិជ្ជមាន ឬក៏អវិជ្ជមាន? ទាំងនេះវាក៏មកពីការជ្រើសរើសរបស់យើង។ មនុស្សដែលយើងរាប់អានសេពគប់ គំនិតដែលយើងគិត សកម្មភាពដែលយើងធ្វើ វាមានការទាក់ទងគ្នាជានិច្ច។ បើយើងជាមនុស្សដែលចូលចិត្តមានគំនិតអវិជ្ជមានច្រើន មនុស្សភាគច្រើននៅជុំវិញយើងគឺដូចគ្នា ប៉ុន្តែបើភាគច្រើនពួកគេផ្ទុយពីយើង (មានគំនិតវិជ្ជមាន) នោះមិនយូរឡើយគេក៏នឹងទាញយើងឲ្យទៅគិតនៅក្នុងផ្លូវវិជ្ជមានបានដូចគេ។

មនុស្សម្នាក់តែងមានឥទ្ធិពលទៅលើមនុស្សម្នាក់ផ្សេងទៀតបើមិនតិចក៏ច្រើន ហើយឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានវាក៏ឱ្យផលទៅតាមនោះដែរ។ បើយើងចូលចិត្តចែករំលែកចំណេះដឹងល្អៗ មនុស្សភាគច្រើនដែលនៅជុំវិញខ្លួនយើងគឺជាមនុស្សដែលចង់ចេះចង់ដឹង ចង់ទទួលយកចំណេះដឹង ហើយក៏ចង់ចែករំលែកដូចដែលយើងបានធ្វើ។ បើយើងចូលចិត្តរិះគន់ មនុស្សភាគច្រើននៅជុំវិញយើងចូលចិត្តរិះគន់។ ត្រឡប់មកវិញ នៅពេលមានអ្វីមួយខុសឆ្គងកើតឡើង អ្នកដែលយើងត្រូវងាកមកមើលមុនគេបង្អស់គឺយើងខ្លួនឯង។ សូមងាកមកពិនិត្យលើចិត្តរបស់យើង លើពាក្យសម្ដីរបស់យើង លើទង្វើរបស់យើង ហើយចុងក្រោយគឺលទ្ធផលវិជ្ជមាន ឬអវិជ្ជមានដែលមានចំណែករបស់យើងក្នុងនោះ៕

Cr. កូន ចាបមាស

ចរិតអ្នករៀន



អ្នករៀន ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីរៀន តែអ្នកមិនរៀនវិញ ប្រើពេលវេលានៃថ្ងៃសម្រាក ដើម្បីដើរលេង។ អ្នករៀន ត្រូវហ៊ានឈឺចាប់ ដ្បិតរសជាតិនៃការអប់រំ តែងល្វីងជូរចត់មែនទែន តែផ្លែផ្ការបស់វាមានរសជាតិផ្អែមណាស់។ អ្នកក្រដែលគ្មានលុយរៀន គ្មានឱកាសរៀនសាលាល្អៗ គ្មានអ្នកជួយជ្រោមជ្រែង បើបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺពុំបានឡើយ។

ពេលក្រ កុំអស់សង្ឃឹម ពេលមាន កុំភ្លើតភ្លើន តែយើងត្រូវទប់ខ្លួនឯងឱ្យជាប់ ឈរឱ្យនឹង ហើយកុំរំជើបរំជួល។ សេចក្តីលំបាកធ្វើឱ្យមនុស្សឈឺចាប់ តែការឈឺចាប់ វាបានធ្វើឱ្យមនុស្សរឹងមាំ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា យើងត្រូវរៀនទទួលយកព្យុះភ្លៀងក្នុងជីវិត ដ្បិតបើគ្មានទឹកភ្លៀងទេ ក៏គ្មានដើមរុក្ខជាតិណាអាចដុះលូតលាស់បានដែរ។ អ្នកដទៃមានលុយ តែយើងមានឆន្ទៈ។ អ្នកដទៃមានអ្នកជួយជ្រោមជ្រែង តែយើងមានការអត់ធ្មត់និងចិត្តអំណត់។ ឆន្ទៈនិងចិត្តអំណត់ គឺជាអំណាច

អ្វីដែលបានលើកឡើងខាងនេះ វាជាគោលការណ៍ដែលខ្ញុំប្រើអស់រយៈពេលជិត ១៥ឆ្នាំ។ ការកើតជាមនុស្ស គឺជាមង្គលដ៏ឧត្តមមង្គល គឺដោយសារយើងនៅមានឱកាសប្រឹង។ មង្គល គឺដោយសារយើងមានឱកាសប្រើរូបរាងកាយនេះ ដើម្បីដុសខាត់ព្រលឹងរបស់ខ្លួន។ មង្គល គឺដោយសារយើងមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្លួនបាន។ មនុស្សដែលបានកើតក្នុងផែនដីនេះ អត់អ្វីអត់ចុះ តែកុំឱ្យតែអត់ស្គាល់ខ្លួនឯង

Without rain nothing grows, learn to embrace the storms of your life. Buddha

Wednesday, December 5, 2018

កុំរំពឹងរឿងល្អពីគេច្រើនពេក



វាមិនមានហេតុផលណាផ្សេងដើម្បីស្វែងរកមនុស្សល្អក្រៅពីយើងខ្លួនឯង ជាមនុស្សល្អស្រាប់នោះទេ។ ព្រោះមនុស្សល្អជាច្រើនទៀត ដែលចូលមកក្នុងជីវិតយើងបានវាទាល់តែយើងខ្លួនឯងគឺជាមនុស្សល្អសិន។ យើងប្រៀបដូចជាមេដែកឆក់ដ៏ធំមួយ ហើយយើងនឹងស្រូបទាញមនុស្សប្រភេទដូចយើងឱ្យដើរចូលមកកាន់ជីវិតយើងដោយខ្លួនឯង។

បើយើងគឺជាមនុស្សដែលចូលចិត្តការអានសៀវភៅ នោះយើងនឹងស្គាល់មនុស្សភាគច្រើន ដែលមានចំណូលចិត្តជាមួយសៀវភៅដូចយើងដែរ។ បើយើងជាមនុស្សទន់ជ្រាយយើងនឹងជួបមនុស្សទន់ជ្រាយដូចគ្នា មិនខ្វល់ថាយើងចូលចិត្តមនុស្សនោះឬអត់នោះទេ ប៉ុន្តែឥទ្ធិពលរបស់យើងដែលមានចេញពីខាងក្នុងការគិតរបស់យើងវាគឺជាកត្តាកំណត់ដ៏សំខាន់សម្រាប់យើង។ មនុស្សដែលមិនស្ថិតនៅក្នុងប្រភេទមនុស្សដូចយើង បើទោះបីជាបានជួបគ្នាមួយរយៈក៏ដោយ ប៉ុន្តែគេមិនអាចជួបយើងបានយូរអង្វែងឡើយ។ ដូច្នេះហើយវាមិនចម្លែកទេ ដែលយើងខ្លួនឯងត្រូវក្លាយជាអ្វីដែលយើងប្រាថ្នាចង់បាន ចង់ជួបដោយខ្លួនឯងជាមុនសិន៕

******************
Cr. វិញ្ញាសាជីវិត

ទ្រព្យសម្បត្តិនិងគុណធម៌


ទស្សនវិទូក្រិច សូក្រាត ពោលថា ទ្រព្យសម្បត្តិ មិនអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ តែគុណធម៌នឹងធ្វើឱ្យមនុស្សមានទាំងទ្រព្យសម្បត្តិ [...]

នៅពេលដែលទ្រព្យសម្បត្តិរបស់មនុស្សបានក្លាយទៅជាឧបករណ៍ដែលធ្វើឱ្យមនុស្សមានអំណាច នោះនាំឱ្យគុណធម៌ជាមនុស្ស វានឹងធ្វើឱ្យមនុស្សថោកទាប។ មនុស្សធម្មតាយល់ច្រឡំថាទ្រព្យសម្បត្តិអាចធ្វើឱ្យខ្លួនក្លាយទៅជាមនុស្សមានគុណធម៌ តែការពុំប្រព្រឹត្តទង្វើមានគុណធម៌ ពុំអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ។ ទ្រព្យសម្បត្តិរបស់មនុស្សល្អ គឺភាពជាអ្នកមានគុណធម៌បំពាក់ជាប់នឹងខ្លួន។ មនុស្សមានគុណធម៌ បើទោះបីជាខ្លួនមានទ្រព្យសម្បត្តិ ឬគ្មានទ្រព្យសម្បត្តិក៏ដោយ តែគេនៅតែរក្សាតម្លៃជាមនុស្សមានគុណធម៌ជានិច្ច។

គុណធម៌របស់មនុស្សគ្រប់ៗរូប គឺជាសម្បត្តិរបស់ជាតិ។ មនុស្សដែលរស់នៅក្នុងសង្គម ត្រូវមានគុណធម៌ចំពោះជាតិមាតុភូមិ។ ពេលជាតិមានទុក្ខ គឺត្រូវមានមនុស្សលះបង់ដើម្បីជាតិ។ បើមានអំពើអាក្រក់ ត្រូវមានមនុស្សល្អបង្ក្រាប។ ធម្មជាតិបានបង្ហាញថា មនុស្សកាន់តែចាស់ គង់នឹងឈឺស្លាប់។ អ្នកណាធ្វើអាក្រក់ នឹងមិនសូវទទួលផលល្អឡើយ ហើយគ្រប់យ៉ាងដែលឡើងខ្ពស់ គង់តែនឹងធ្លាក់ចុះវិញ។ សូមកុំបោះបង់សេចក្តីល្អនិងកុំបោះបង់ចោលគុណធម៌ឱ្យសោះ បើទោះបីយើងត្រូវបានក្រុមភាគច្រើនថា យើងជាមនុស្សល្ងង់ក៏ដោយ តែភាពល្ងង់របស់យើងជាសេចក្ដីពិត

Virtue does not come from wealth, but. . . wealth, and every other good thing which men have...comes from virtue. Socrates

____
 Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Tuesday, December 4, 2018

បានរៀនសូត្រពីជីវិត


ជីវិតមិនមែនជាការអង្គុយរាប់ចំនួនឆ្នាំដែលខ្លួនអាចរស់នៅបាននោះទេ។ វាមិនមែនអាស្រ័យថាយើងអាចរស់នៅបានយូរ ឬឆាប់នោះទេ ប៉ុន្តែវាអាស្រ័យថាយើងបានរស់នៅដើម្បីធ្វើប្រយោជន៍ដល់អ្នកដទៃអ្វីខ្លះ...។ ចុងក្រោយយើងក៏ប្រហែលជាទទួលបានមេរៀនមួយ។ ការពិតបើយើងចេះរស់នៅដោយត្រឹមត្រូវ និងដោយល្អរឿងស្លាប់គ្មានអ្វីគួរឱ្យខ្លាចទេ។

មនុស្សដែលភ័យខ្លាចស្លាប់បំផុត ប្រហែលជាមិនទាន់ចេះរស់នៅឱ្យត្រឹមត្រូវនៅឡើយទេ។ ខ្ញុំមិនចង់ស្លាប់ទៅវិញទាំងមិនទាន់ចេះរស់នៅឱ្យបានត្រឹមត្រូវនោះទេ ដូច្នេះហើយខ្ញុំតែងតែមានបំណងចង់រៀនរស់នៅឱ្យល្អ។ ខ្ញុំចង់ឱ្យជីវិតនេះគឺមានភាពស្រស់ស្អាត ហើយភាពស្រស់ស្អាតទាំងនោះ ប្រាកដជាកើតចេញពីការរស់នៅដោយការសាងធ្វើនូវប្រយោជន៍ដល់អ្នកដទៃ ឱ្យបានច្រើនតាមដែលយើងអាចធ្វើទៅបាន។ ពេលដែលការចែករំលែករបស់យើងធ្វើឱ្យអ្នកដទៃមានអារម្មណ៍រំភើប យើងក៏ទទួលបានអារម្មណ៍រំភើបនោះត្រឡប់មកវិញ ហើយនៅពេលយើងធ្វើបែបនេះកាន់តែច្រើន យើងក៏ដឹងថាការពិតជីវិតនឹងទទួលបានកាន់តែច្រើននៅពេលដែលយើងត្រៀមខ្លួនធ្វើជាអ្នកផ្ដល់ឱ្យ។

នៅពេលយើងទទួលបានអ្វីដែលយើងចង់បានយើងនឹងរំភើបប៉ុន្តែប្រសិនបើយើងអាចផ្ដល់ឱ្យអ្នកដទៃនូវអ្វីដែលគេចង់បានវិញនោះយើងនឹងស្គាល់អារម្មណ៍រំភើបច្រើនជាងការគ្រាន់តែទទួលបានរាប់សិបដង។ តាមរបៀបដែលយើងបានលះបង់ចំពោះអ្នកដទៃរាល់ថ្ងៃ មិនថាវាជាចំណែកតូចដែលសឹងតែគ្មាននរណាចាប់អារម្មណ៍ ប៉ុន្តែវានឹងផ្ដល់មកវិញយ៉ាងច្រើនបំផុត ហើយនោះគឺសេចក្ដីសុខ និងភាពកក់ក្ដៅដែលពិបាកនិយាយប្រាប់ឱ្យអ្នកដទៃយល់បាន...៕

*******************************************

Cr. វិញ្ញាសាជីវិត

ចាញ់បោកជំនឿ!



ដរាបណាកែវភ្នែករបស់យើងនៅមើលឃើញ ត្រចៀកមិនទាន់ថ្លង់ ខួរក្បាលមិនទាន់ពិការ យើងមិនត្រូវជឿនរណាម្នាក់ងាយៗឡើយ។ ជំនឿ ស្មើល្ងង់។ ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់សម្ដែងថា "នៅពេលជំនឿទៅដល់ទីណា ការពិចារណាត្រូវតែទៅដល់ទីនោះដែរ។ យើងអាចជឿនរណាម្នាក់ ប៉ុន្ដែយើងមិនអាចជឿដោយមិនប្រើការពិចារណានោះទេ។ ការពិចារណាដើម្បីស្វែងរកសច្ចភាព គឺជាមូលដ្ឋានគ្រឹះនៃបញ្ញារបស់មនុស្ស។ យោងតាមសៀវភៅ​ហេប្រឺ ១១:១​បក​ប្រែ​ថា​៖ ជំនឿ​គឺជា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​បញ្ជាក់​ថា​អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម​។ ប៉ុន្ដែការពិត ជំនឿគឺគ្រាន់តែជាការសន្មត់ស្មានៗប៉ុណ្ណោះ។ មិនថាការជឿទុកចិត្តនរណាម្នាក់ ឬការជឿសាសនាណាមួយនោះទេ ប្រសិនបើជឿដោយមិនបានពិចារណា យើងនឹងបាត់បង់ភាពជាម្ចាស់ខ្លួនឯង ហើយពឹងផ្អែកទាំងស្រុងទៅលើជំនឿ។ នៅក្នុងសាសនាខ្លះ បង្រៀនមនុស្សឲ្យជឿទុកចិត្តលើព្រះជាម្ចាស់ បោះបង់ភាពជាម្ចាស់ខ្លួនឯង ហើយព្យាយាមធ្វើអ្វីៗដើម្បីព្រះ ដោយពុំសូវធ្វើអ្វីៗដើម្បីខ្លួនឯងទេ។ ព្រះពុទ្ធជាម្ចាស់ ទ្រង់ពុំបានបង្រៀនមនស្សឲ្យជឿលើព្រះអង្គទេ ព្រះពុទ្ធគ្រាន់តែបង្រៀនមនុស្សឲ្យចេះពិចារណាប៉ុណ្ណោះ។ ជំនឿ ធ្វើដំណើរទៅដល់ទីណា ការពិចារណាត្រូវតែទៅដល់ទីនោះដែរ។ ពេលខ្លះ សូម្បីតែភ្នែករបស់យើង ក៏អាចបោកប្រាស់យើងបានដែរ។ ប៉ុន្ដែ សម្រាប់ការពិចារណាស្វែងរកសច្ចភាព វាគឺជាជំនឿនៃគតិបណ្ឌិតពិតប្រាកដ

Cr. ប្រាជ្ញាជីវិត

Monday, December 3, 2018

ខឹងមួយពេលអាចខុសមួយជីវិត!



យើងមិនចូលចិត្តពាក្យសម្ដីមិនពីរោះទេ ប៉ុន្ដែយើងតែងប្រើពាក្យមិនពីរោះដាក់អ្នកដទៃនៅពេលដែលយើងខឹង។ យើងបានដឹងហើយថា ពាក្យមិនពីរោះគឺយើងមិនចូលចិត្តស្ដាប់ ម្លោះហើយអ្នកដទៃក៏ដូចគ្នាដែរ គ្រាន់តែពេលខឹង គឺកំហឹងធ្វើឲ្យយើងល្ងង់មួយពេល ស្រដីមិនបានគិត។ មិនបានគិតទើបបង្កើតកំហុស តែបើយើងបានគិតនោះគឺគ្មានកំហុសកើតឡើងឡើយ។ ទឹកមាត់របស់យើងវាមិនល្អសម្រាប់អ្នកដទៃស្រាប់ទៅហើយ បើយើងស្ដោះចោលលើដីវាអាចគ្មានបញ្ហា។ ប៉ុន្ដែបើយើងស្ដោះវាដាក់អ្នកដទៃ នោះនឹងក្លាយជារឿងអាក្រក់ខ្លាំងបំផុត។ កំហឹងគឺជាទឹកមាត់ ពេលខឹងគឺពិបាកទ្រាំ ប៉ុន្ដែការខ្ជាក់វាចេញមកលើនរណាម្នាក់ វាអាក្រក់ជាងការទ្រាំរាប់រយដង។ បើយើងគង់តែខ្ជាក់ ហេតុអ្វីមិនខ្ជាក់វាចោលលើដីទៅ ? បើខឹងគង់តែបាត់ ហេតុអ្វីមិនទៅជះកំហឹងខាងក្រៅទៅ ?

យើងតែងនិយាយពាក្យសុំទោស រាល់ពេលមានកំហុសកើតឡើង។ ប៉ុន្ដែតើមានមនុស្សប៉ុន្មាននាក់ចាំលើកលែងឲ្យយើងរហូតនោះ? មានរឿងខ្លះ សមនឹងទទួលពាក្យលើកលែង។ ពេលខ្លះទៀត ទោះអ្នកដទៃលើកលែងទោសឲ្យយើង ក៏មិនប្រាកថាសម្បជញ្ញៈរបស់យើងព្រមលើកលែងឲ្យខ្លួនឯងនោះដែរ។ ខុសគឺខុស ពាក្យសុំទោសមិនអាចជួសជុលអ្វីបានទេ ត្រូវចាំថាវាគ្រាន់ជាពាក្យគួរសមប៉ុណ្ណោះ។ ខុសលើកទីមួយគេអាចលើកលែង តែបើខុសដដែលៗ តើសមនឹងលើកលែងទេ? ពេលខ្លះ មានសំណួរខ្លះ យើងអាចសួរខ្លួនឯង ហើយក៏អាចឆ្លើយខ្លួនឯងបានដែរ។ ពេលខឹង អ្វីដែលយើងមិនគួរខ្ជាក់ចេញនោះ គឺសម្ដីដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ ពេលធ្វើខុស អ្វីដែលយើងមិនអាចជួសជុលបាន នោះគឺទំនុកចិត្ត និងមនោសញ្ចេតនា។ បាត់អ្វីបាត់ចុះ កុំឲ្យតែបាត់មិត្តភាព ទំនុកចិត្ត និងមនោសញ្ចេតនា ព្រោះទម្រាំបង្កើតវាបានមិនមែនជារឿងងាយស្រួលទេ បើខឹងមួយពេល ហើយធ្វើឲ្យវារលាយបាត់ គឺគ្មានថ្ងៃរកមកវិញបានឡើយ ទោះជាបានក៏មិនដូចដើមវិញដែរ ៕

Cr. ប្រាជ្ញាជីវិត

Sunday, December 2, 2018

ចិត្តមិនដាច់ធ្វើស្តេចមិនកើត



ការចេះផ្តល់តម្លៃដល់ខ្លួនឯង គឺមានន័យថាយើងកំពុងតែប្រយុទ្ធតស៊ូដើម្បីសុភមង្គលក្នុងជីវិតយើង

មនុស្សយើងគ្រប់ៗគ្នាសុទ្ធតែមានតម្លៃ តែអ្នកខ្លះបែរជាពុំស្គាល់តម្លៃរបស់ខ្លួនឯងទៅវិញ។ យើងអាចលះបង់ដើម្បីនរណាម្នាក់ តែមនុស្សដែលធ្វើខ្លួនមិនស័ក្តិសមនឹងតម្លៃនៃការលះបង់របស់យើង នោះយើងត្រូវដកគេចេញពីជីវិតយើង។ ពាក្យខ្មែរតែងនិយាយថា ទុកមិនចំណេញ ដកចេញក៏មិនខាតដែរ។ ពេលខ្លះ ការដកនរណាម្នាក់ចេញពីជីវិតយើង មិនមែនមានន័យថាយើងស្អប់គេនោះទេ តែគ្រាន់តែចង់បញ្ជាក់ថាយើងចេះស្រឡាញ់ខ្លួនឯងប៉ុណ្ណោះ។

រឿងជីវិតខ្លះ វាពុំមែនជារឿងមេឃរលំភ្នំរលាយអ្វីទេ ហើយក៏គ្មានអ្វីដែលមិនអាចដូរថ្មីបានដែរ។ ធ្វើចិត្តឱ្យដាច់ស្រេច កុំស្ទាក់ស្ទើរ បើស្ថិតក្នុងកាលៈទេសៈដែលត្រូវធ្វើបែបនោះ។ ខ្មែរយើងតែងនិយាយតគ្នាថា ចិត្តមិនដាច់ ធ្វើស្តេចមិនកើត។ នេះគឺជាយុទ្ធសាស្ត្រជីវិត។ នយោបាយវិទូ អ៊ីតាលី ពោលថា នៅតាមមាគ៌ាទៅរកភាពជោគជ័យរបស់យើងម្នាក់ៗ វាមិនប្រាកដថាគ្មានអ្នករងគ្រោះដោយសារតែយើងនោះទេ តែគ្រាន់តែមានតិច ឬមានច្រើនប៉ុណ្ណោះ

Learn to value yourself, which means: fight for your happiness. Ayn Rand

____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Thursday, November 22, 2018

បត់បែនឱ្យដូចជាទឹក



ឡៅ ជឺ (Lao Tzu) ពោលថា ខ្ញុំធ្វើល្អចំពោះមនុស្សល្អ ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អគឺជាគុណធម៌មួយ។ ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយ

បណ្ឌិតជនតែងតែមានគុណធម៌ក្នុងខ្លួន ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក។ មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា ឬមានឧបសគ្គជីវិតបែបណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។ ចរិតលក្ខណៈរបស់បរមគ្រូឡៅ ជឺ គឺជាបុគ្គលនឹងធឹង នឹងនរ ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់ និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញូជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ

ខ្ញុំធ្លាប់ឮបងប្អូនខ្លះនិយាយថា មនុស្សត្រូវចេះបត់បែនឱ្យដូចជាទឹក។ ទ្រឹស្តីនេះ គឺអ្នកប្រាជ្ញខាងយុទ្ធសាស្រ្តសង្គ្រាម ស៊ុន ជឺ (Sun Tzu) និងអ្នកប្រាជ្ញខាងធម្មជាតិនិយម ឡៅ ជឺ ជាអ្នកនិយាយ។ បើយើងបានសិក្សាពីប្រភពដើមនៃគំនិត បត់បែនឱ្យដូចជាទឹក នេះ យើងនឹងឃើញពីភាពខុសគ្នានៃកាលៈទេសៈ។ ទី១. អ្នកខ្លាំងខាងយុទ្ធសាស្រ្តសង្គ្រាម គឺពុំត្រូវឱ្យសៀវភៅយុទ្ធសាស្រ្តចងជើងបានឡើយ ក្នុងកាលៈទេសៈដែលកំពុងស្ថិតនៅសមរភូមិប្រយុទ្ធ (នេះជាការបកស្រាយរបស់ ស៊ុន ជឺ)។ ទី២. សិល្បៈនៃការរស់នៅក្នុងជីវិត មនុស្សត្រូវចេះរស់នៅស្របខ្លួននឹងធម្មជាតិ រស់នៅជាមួយធម្មជាតិ និងបត់បែនតាមធម្មជាតិឱ្យដូចជាលក្ខណៈរបស់ទឹក (នេះជាការបកស្រាយរបស់ ឡៅ ជឺ)។ ចំពោះឡៅ ជឺ មនុស្សត្រូវរស់នៅធ្វើខ្លួនជាបុគ្គលស្មោះត្រង់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតភាពស្មោះត្រង់ វាជាគុណធម៌ដ៏ធំធេងបំផុតរបស់មនុស្ស។

ភារកិច្ចរបស់មនុស្សដែលបានដំណើរជីវិតមកកាន់ផែនដីនេះ គួរតែរស់នៅក្នុងជីវិតដែលមានគុណធម៌នៃភាពស្មោះត្រង់ ធ្វើជាមនុស្សល្អ និងរស់នៅប្រកបទៅដោយកិត្តិយស។ យើងពុំគួរភ័យខ្លាចក្រ ខ្លាចដាច់ពោះស្លាប់ឡើយ ដ្បិតបើត្រឹមតែមួយរស់ គឺយើងអាចរស់នៅយ៉ាងត្រឹមត្រូវបាន ដោយមិនថាស្ថិតនៅក្នុងកាលៈទេសៈសង្គមបែបណាទេ។ ក្នុងអត្ថិភាពជាមនុស្ស មនុស្សខ្លះរស់នៅជឿលើសាសនាថា ពេលស្លាប់ទៅ យើងនឹងត្រូវកើតជានេះ ឬកើតជានោះ។ មែនទែនទៅ ការអះអាងរបស់សាសនាមិនថាក្នុងព្រះគម្ពីរ ឬព្រះត្រៃបិដក...។ល។ គឺពុំខុសឡើយ។ ប៉ុន្តែអ្វីដែលខុសគឺយើងជាមនុស្សជាតិត្រូវដឹងថា គ្មានសាសនាណាមួយក្តោបយកសេចក្តីពិតទាំងអស់តែម្នាក់ឯងបានឡើយ។ នេះមានន័យថាសេចក្តីពិតទាំងឡាយដែលមានក្នុងធម្មជាតិ បានត្រូវបែងចែកទៅតាមសាសនានីមួយៗ។ ការរស់នៅក្នុងជីវិតបណ្តោះអាសន្ននេះ យើងរស់នៅធ្វើអាក្រក់ ឬល្អបែបណា វាជាជម្រើសរបស់យើង តែទណ្ឌកម្ម ឬរង្វាន់ដែលយើងនឹងទទួលបានបន្ទាប់ពីស្លាប់ វាពុំមែនជាសាសនាណាជាអ្នកផ្តល់ឱ្យឡើយ តែជាច្បាប់ចក្រវាល ច្បាប់សកល និងច្បាប់ធម្មជាតិជាអ្នកកំណត់ទាំងអស់។ បើបុគ្គលណាម្នាក់ចង់រស់នៅក្បត់អ្នកដទៃ ក្បត់មិត្តភក្តិ ក្បត់ឧត្តមគតិខ្លួនឯង ឬគាបសង្កត់អ្នកដទៃ ព្រៃផ្សៃសាហាវយ៉ាងណាក៏តាមចិត្តចុះ តែកម្មពារពិតជាមានមែន៕

I am good to people who are good and I am also good to people who are not good because virtue is goodness. I have faith in people who are faithful and I also have faith in people who are not faithful because virtue is faithfulness. Lao Tzu

Wednesday, November 21, 2018

ប្រជាធិបតេយ្យឬសេដ្ឋកិច្ច?



លីក្វាន់ យូ (Lee Kuan Yew) លើកឡើងថា ប្រជាជនគ្រប់ប្រទេសទាំងអស់ត្រូវការរដ្ឋាភិបាលល្អមួយ។ ប្រទេសមួយត្រូវការការអភិវឌ្ឍសេដ្ឋកិច្ចជាមុន ហើយប្រជាធិបតេយ្យត្រូវវិវឌ្ឍតាមក្រោយ។ ក្នុងករណីខ្លះ ប្រជាធិបតេយ្យពុំបានធ្វើឱ្យប្រទេសក្រីក្ររីកចម្រើនឡើយ

របបប្រជាធិបតេយ្យ គឺត្រូវការការចូលរួមរបស់ប្រជាជន។ ការចូលរួមដ៏មានប្រសិទ្ធិភាពបំផុត គឺការចូលរួមប្រកបដោយចំណេះដឹង។ ការចូលរួមដែលមិនប្រកបទៅដោយចំណេះដឹង វានឹងក្លាយទៅជាអនាធិបតេយ្យ។ បើការចូលរួមដោយអនាធិបតេយ្យ គឺមានន័យថាបាត់បង់សន្តិសុខសង្គម គ្មានសណ្តាប់ធ្នប់សង្គម និងបង្កភាពវឹកវរ។ បើមានភាពវឹកវរ គឺប្រាកដជាត្រូវការកម្លាំងបង្ក្រាប។ បើប្រើកម្លាំងបង្ក្រាប វានឹងបង្ហាញរូបភាពជាការដឹកនាំតាមបែបផ្តាច់ការ។

តើនេះជាកំហុសអ្នកណា? ជាកំហុសរបស់មេដឹកនាំ ឬប្រជាជន? ការដឹកនាំដែលពុំបានគិតលើផលប្រយោជន៍ប្រជាជនជាធំ គឺនឹងធ្វើឱ្យការរស់នៅរបស់ប្រជាជនកើតក្តីក្តៅក្រហាយ។ ក្តីក្តៅក្រហាយនេះ វាពុំមែនកើតឡើងដោយឯកឯងឡើយ តែវាកើតឡើងដោយសារតែរឿង ៣យ៉ាងក្នុងសង្គម៖ ១. អំពើពុករលួយចាក់ស្រែះក្នុងប្រព័ន្នសង្គម (Corruption), ២. អំពើអយុត្តិធម៌សង្គមកើតឡើងគ្រប់ទីកន្លែង (Social Injustice), ៣. បក្សពួកនិយម គ្រួសារនិយម (Nepotism) កើតឡើងលើគ្រប់ស្ថាប័នដឹកនាំ។ ប្រជាជនដែលទើបរួចរស់ផុតពីសង្គ្រាម គឺសុំត្រឹមតែមួយរស់។ ពាក្យ សុំត្រឹមតែមួយរស់ គឺមានន័យថា សុខចិត្តយកសេរីភាពរបស់ខ្លួន ទៅដោះដូរនឹងសន្តិភាព

ពីព្រោះតែអំណាច មិនថាមេដឹកនាំប្រទេសណាទេ គឺប្រឹងប្រែងរក្សាអំណាចខ្លួនខ្លាំងណាស់។ មិនថាក្រុមរាជានិយម ឬក្រុមផ្តាច់ការ ឬក្រុមសង្គមនិយមទេ។ សម័យកាលនៃប្រទេសខ្លះ រាជានិយមប្រឹងកម្ទេចអ្នកប្រជាធិបតេយ្យចោលដើម្បីរក្សាអំណាចរាជានិយម។ របបប្រជាធិបតេយ្យ (អំណាចប្រជាជនជាធំ) គឺជាសត្រូវនៃរបបរាជាធិបតេយ្យ (អំណាចស្តេចជាធំ)។ របបកុម្មុយនិស្ត (អំណាចបក្សជាធំ) គឺជាសត្រូវនៃរបបប្រជាធិបតេយ្យ ហើយសង្គមនិយម (មូលធនជាកម្មសិទ្ធិរដ្ឋ) គឺជាសត្រូវរបស់មូលធននិយម (មូលធនជាកម្មសិទ្ធិឯកជន)។ ក្នុងសង្គមដែលមានប្រជាជនគ្មានការអប់រំ គឺត្រូវការមេដឹកនាំខ្លាំងនិងល្អម្នាក់៕

All peoples of all countries need good government. A country must first have economic development, then democracy may follow. With a few exceptions, democracy has not brought good government to new developing countries. Lee Kuan Yew

អានបត្ថបទ វិបត្តិមេដឹកនាំ បន្ថែម៖ https://m.facebook.com/story.php?story_fbid=1006912966180644&id=100005858502500

Tuesday, November 20, 2018

កុំតូចចិត្ដនឹងខ្លួនឯងអី!!



ខណៈពេលដែលខ្ញុំបានឃើញមិត្តភក្ដិរបស់ខ្ញុំ ពាក់ស្បែកជើងថ្មីហើយស្អាត ខ្ញុំហាក់មិនពេញចិត្តនឹងស្បែកជើងខ្លួនឯងសោះ។ ប៉ុន្ដែខណៈពេលដែលខ្ញុំមិនពេញចិត្តនឹងស្បែកជើងខ្លួនឯង ខ្ញុំតែងគិតដល់អ្នកដែលអត់មានស្បែកជើងពាក់ មិនដឹងថាពួកគេកម្សត់ប៉ុនណាទៅ? ខណៈពេលដែលខ្ញុំនិយាយថា វែនតាមិនល្អមើលមិនច្បាស់ ខ្ញុំតែងស្រមៃដល់អ្នកដែលគ្មានសំណាងសូម្បីតែពាក់វែនតា ហើយត្រូវរស់នៅជាមួយភាពពិការនោះ តើពួកគេកម្សត់ប៉ុនណាទៅ?  ខណៈពេលដែលខ្ញុំ ពាក់អាវចាស់ ខ្ញុំតែងគិតថាខ្លួនឯងកខ្វក់ណាស់ ប៉ុន្ដែខ្ញុំតែងតែនឹកដល់ជនអាណាថា គ្មានផ្ទះសម្បែង គ្មានសម្លៀកបំពាក់ស្អាត គ្មានអាហារគ្រប់គ្រាន់ តើពួកគេកម្សត់ប៉ុនណាទៅ?

ត្រឡប់មកគិតឡើងវិញខ្ញុំយល់ថាខ្លួនឯង មានសំណាងណាស់។ សំណាងដែលមានគ្រួសារដ៏កក់ក្ដៅ ខណៈពេលអ្នកខ្លះកំពុងរស់ក្នុងស្ថានភាពលំបាកលំបិន បែកបាក់ព្រាត់ប្រាស់។ សំណាងដែលខ្ញុំមានអាហារហូបចុកគ្រប់គ្រាន់ ខណៈពេលមនុស្សខ្លះកំពុងអត់ឃ្លាន។ សំណាងដែលមានសម្លៀកបំពាក់ស្អាតៗស្លៀកពាក់ ខណៈពេលមនុស្សខ្លះស្លៀកពាក់ខោអាវចាស់ៗរហែករហុយ ។ សំណាងដែលខ្ញុំបានរៀនបានសូត្រមានការយល់ដឹង ខណៈពេលដែលមនុស្សខ្លះមិនចេះអក្សរ ហើយត្រូវរស់នៅជាមួយភាពអវិជ្ជា។ សំណាងដែលមានបងប្អូនសាច់ញាតិជាច្រើន ផ្ដល់ក្ដីស្រឡាញ់ ខណៈពេលដែលមនុស្សខ្លះកំពុងរស់នៅជាមួយសេចក្ដីទុក្ខ។

តើហេតុអ្វីខ្ញុំត្រូវអន់ចិត្តនឹងខ្លួនឯង? បើគិតៗទៅខ្ញុំមានសំណាងយ៉ាងនេះ ។ ខ្ញុំមិនអាចព្រោះតែស្បែកជើងគេស្អាត ហើយមិនពេញចិត្តនឹងស្បែកជើងខ្លួនឯងនោះទេ ។ ខ្ញុំក៏មិនអាចព្រោះតែម៉ូតសក់គេស្អាត ហើយខ្ញុំបែរជាមិនពេញចិត្តនឹងក្បាលខ្លួនឯងនោះដែរ។ ខ្ញុំជាខ្ញុំ ខ្ញុំខុសពីគេគឺព្រោះគេមិនមែនខ្ញុំ បើខ្ញុំដូចគេ ខ្ញុំមិនមែនខ្ញុំទេ៕

Cr. ប្រាជ្ញាជីវិត

សន្ដិភាព!!



យើងមិនចូលចិត្តស្ដាប់ពាក្យស្រែកគំហកពីនរណាម្នាក់ឡើយ ។ ប៉ុន្ដែពេលខ្លះយើងតែងតែស្រែកគំហកដាក់អ្នកដទៃម្ដងម្កាល ។ យើងមិនចង់ស្ដាប់ពាក្យស្ដីបន្ទោសទេ រាល់ពេលដែលយើងធ្វើអ្វីខុស។ ប៉ុន្ដែយើងតែងស្ដីបន្ទោសអ្នកដទៃ នៅពេលដែលយើងឃើញគេធ្វើខុស។ យើងមិនចង់ឲ្យគេធ្វើដាក់យើងទេរាល់អ្វីដែលយើងមិនចូលចិត្ត។ ប៉ុន្ដែមានពេលខ្លះយើងក៏បានធ្វើរឿងដែលយើងមិនចូលចិត្ត ដាក់អ្នកដទៃ។ ធម្មតាទេ មនុស្សកើតមកគឺស្ពាយកំហុសមកជាមួយទៅហើយ គ្មាននរណាម្នាក់មិនចេះខុសនោះទេ។ 

ប៉ុន្ដែទាស់ត្រង់ថា តើយើងអាចមានភាសាសន្ដិភាពក្នុងបេះដូងដែរឬទេ ។ ដូចជាការណែនាំលើកទឹកចិត្ត ជាជាងការស្ដីបន្ទោស។ ការនិយាយគ្នាដោយសន្ដិភាព ដោយការគោរពឲ្យតម្លៃរវាងគ្នានឹងគ្នា ជាជាងការស្រែកគំហក។ ការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ជាជាងគំនិតអាត្មានិយម។ ចេះមានមេត្តាធម៌ចំពោះគ្នា ក្នុងភាពជាមនុស្សដូចគ្នា ជាជាងការច្រណែនឈ្នានីសគ្នា។ បើអាចធ្វើបាន នោះការរស់នៅប្រាកដជាល្អខ្លាំងណាស់។ ព្រោះការគោរពឲ្យតម្លៃដោយស្មើភាពគ្នា វាគឺជាវប្បធម៌នៃសន្ដិភាពជីវិត ហើយមានតែប្រកាន់យកវប្បធម៌សន្ដិភាពប៉ុណ្ណោះ ទើបការរស់នៅមានសេចក្ដីសុខ៕

Cr. ប្រាជ្ញាជីវិត

ធ្វើខ្លួនឱ្យធំជាងបញ្ហា


ក្នុងជីវិតរស់នៅ ១០០ភាគរយ តែងមាន១០ភាគរយ គឺជាបញ្ហាដែលកើតឡើងចំពោះយើង ហើយ ៩០ភាគរយទៀត គឺដំណោះស្រាយដែលយើងត្រូវតបតចំពោះបញ្ហាវិញ

ជាច្បាប់ធម្មជាតិ អ្នកខ្លាំងតែងឈ្នះអ្នកខ្សោយ, ខ្លាំងគឺរស់ តែខ្សោយគឺស្លាប់, ខ្លាំងគឺឈ្នះ តែខ្សោយគឺចាញ់, ខ្លាំងគឺស្តេច តែខ្សោយគឺចោរ។ ចូរធ្វើជាចំណែកនៃដំណោះស្រាយ តែកុំធ្វើជាចំណែកនៃបញ្ហា។ ចូរតែរៀនធ្វើជាអ្នកខ្លាំង តែកុំធ្វើជាអ្នកខ្សោយ។ ចូរធ្វើជាអ្នកសង្គ្រោះ តែកុំធ្វើជាជនរងគ្រោះ។

ដើម្បីឈ្នះ យើងត្រូវធ្វើខ្លួនឱ្យធំជាងបញ្ហាជានិច្ច។ បើបញ្ហាជាលេខ១០ យើងត្រូវតែជាលេខ២០។ បើបញ្ហាជាដុំដី យើងត្រូវតែជាដុំថ្ម។ បើបញ្ហាជាដែកគោល យើងត្រូវធ្វើជាញញួរ។ បើបញ្ហាជាស្តេច យើងត្រូវតែជាអាទិទេព។

ក្នុងជីវិត មិនសំខាន់ថាបញ្ហាកើតឡើងអាក្រក់បែបណានោះទេ តែសំខាន់ថាតើយើងមានចិត្តស្ងប់តបតចំពោះបញ្ហាបែបណា។ គ្រប់យ៉ាងនឹងមិនអីទេ។ គ្រប់យ៉ាងគឺធម្មតាជានិច្ច។ គ្រប់យ៉ាងល្អជានិច្ច៕

ភាពងាយស្រួលនៃជីវិតគឺសក្ដានុពល


មានគេសួរខ្ញុំថា " តើធ្វើការដើម្បីរស់ ឬរស់ដើម្បីធ្វើការ? " ខ្ញុំឆ្លើយថា: " បើខ្ញុំរស់ដើម្បីធ្វើការ ខ្ញុំនឹងធ្វើការដើម្បីរស់ តែបើខ្ញុំរស់ដើម្បីបុព្វហេតុជីវិត ខ្ញុំនឹងធ្វើការដើម្បីបុព្វហេតុជីវិត "។ ជីវិត បើគ្រាន់តែដើម្បីរស់ វាពិតជាមិនស្មុគស្មាញច្រើនទេ ប៉ុន្ដែបើចង់រក្សាជីវិតឲ្យបានល្អដើម្បីបុព្វហេតុ នោះទើបជាការពិបាក។ រស់ដើម្បីបុព្វហេតុ មិនពិបាកទេ តែបើរស់ដោយបញ្ញាទើបជារឿងពិបាក។ រស់ដោយបញ្ញាមិនពិបាកទេ តែការបើកបេះដូងឲ្យធំ ទទួលយកគ្រប់រសជាតិនៃរបត់ជីវិត ហើយធ្វើការកែប្រែជោគវាសនា នោះទើបជារឿងពិបាក ព្រោះជីវិតគឺត្រូវការការរៀនសូត្រ និងការឆ្លងកាត់ដែលជាមេរៀនពុំមានទីបញ្ចប់។

ប្រធានាធិបតីអាមេរិក john f. Kenndy បាននិយាយថា " ចូរយើងកុំបន់ស្រន់សុំជីវិតដែលងាយស្រួល យើងគួរតែបន់ស្រន់សុំឲ្យខ្លួនឯងក្លាយជាមនុស្សខ្លាំង "។ ជីវិតពុំមានរឿងងាយស្រួលច្រើនទេ ក៏ប៉ុន្ដែយើងតែងតែចង់បានភាពងាយស្រួលច្រើនជាងភាពលំបាក។ ប៉ុន្ដែការពិត ភាពខ្លាំងនៃសក្តានុពលខាងក្នុងទៅវិញទេ ដែលអាចធ្វើឲ្យយើងមានលទ្ធភាពគេចចេញពីភាពលំបាក ឬរបត់អួរអាប់នៃជីវិត។ អ្នកវេជ្ជាសាស្ត្រ អាលប៊ឺត អាញ់ស្តាញ់ ពោលថា " ចូរកុំធ្វើជាមនុស្សដែលត្រឹមតែជោគជ័យ ចូរព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ " ចូរកុំធ្វើជាមនុស្សធ្វើការដើម្បីរស់ ចូរធ្វើជាមនុស្សធ្វើការដើម្បីសាងតម្លៃជីវិត៕

Cr. Sun Veasna

Monday, November 19, 2018

អតីតកាល


ពុំមានការជួបជុំណា ដែលមិនបែកនោះទេ។ ទោះបីយើងជាគ្រួសារបងប្អូនដំបូលតែមួយ ចុងក្រោយយើងនៅតែបែកមានគ្រួសាររៀងខ្លួន។ ទោះបីយើងជាមិត្តភក្ដិជិតស្និទ្ធ រៀនជាមួយគ្នា ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ចុងក្រោយក៏នៅតែត្រូវព្រាត់បែក ស្វែងរកគោលដៅជីវិតរៀងៗខ្លួន។ ចុងបញ្ចប់នៃការជួបជុំ គឺសល់តែភាពអាលោះអាល័យ អារម្មណ៍នឹងរឭក ហើយពេលវេលាដ៏រីករាយកាលពីមុន ក៏ចាប់ផ្ដើមរសាត់ទៅកាន់តែឆ្ងាយទៅៗ ឆ្ងាយរហូតដល់ដោយគ្មានថ្ងៃវិលវិញ។

ដើមឈើដែលអាចជ្រកម្លប់បាននៅថ្ងៃនេះ គឺវាត្រូវបានដាំដោយមនុស្សជំនាន់មុន។ ពេលខ្លះយើងតែងតែមានអារម្មណ៍អរគុណដល់ពួកគេ ដែលបានដាំដើមឈើដ៏ធំ និងផ្ដល់ម្លប់ត្រជាក់បែបនេះ។ ដើមឈើនោះ គឺប្រៀបដូចជាការដូអនុស្សាវរីយ៍មួយដែលមនុស្សជំនាន់មុនបន្សល់ទុកឲ្យអ៊ីចឹង។ អនុស្សាវរីយ៍ល្អៗដែលអាចចងចាំមកដល់ថ្ងៃនេះ គឺវាត្រូវបានបង្កើតដោយដំណើរជីវិតរបស់យើងកាលពីមុន។ ពេលខ្លះ យើងតែងតែនិយាយក្នុងចិត្តថា អរគុណមនុស្សល្អៗកាលពីមុន ដែលធ្លាប់ចូលមកក្នុងជីវិតយើង បង្កើតអនុស្សាវរីយ៍ល្អៗឡើងមក។ ពេលខ្លះ ផ្ទៃមុខដ៏ក្រៀមក្រំរបស់យើង ក៏អាចញញឹមបានដោយមិនដឹងខ្លួន ឬស្រក់ទឹកភ្នែក ពេលនឹកឃើញរឿងល្អៗកាលពីមុន។

អតីតមិនវិលវិញ ប៉ុន្ដែពេលខ្លះអតីតកាលក៏ជាកម្លាំងចិត្តជំរុញយើងឲ្យទៅមុខទៀតដែរ។ ខួរក្បាលគ្មានប៊ូតុងលុបទេ មិនថាល្អអាក្រក់ វាជាការចងចាំ។ រឿងល្អៗដែលយើងឧស្សាហ៍រម្លឹក គឺប្រៀបដូចសួនផ្កាដែលយើងបានដាំក្នុងចិត្ត។ មិនថារឿងកន្លងទៅល្អឬអាក្រក់ប៉ុនណា ចុងក្រោយវានឹងកប់ទៅជាមួយយើងនៅថ្ងៃណាមួយ។ អតីតជារឿងកន្លងហួស រម្លឹកម្ដងៗបានហើយ ព្រោះយើងមិនអាចវិលទៅរស់នៅទីនោះម្ដងទៀតទេ។ ទុកកំហុសជាមេរៀន ទុករឿងល្អជាអនុស្សាវរីយ៍។ ម្សិលមិញជាថ្ងៃនេះ ស្អែកក៏ជាថ្ងៃនេះ ចំណែកថ្ងៃនេះគឺជាពេលនេះ ត្រូវរស់ថ្ងៃនេះឲ្យបានល្អ៕

Cr. Sun Veasna

Thursday, November 15, 2018

គ្មានសត្រូវគឺជាមាគ៌ានៃសេចក្ដីសុខ



ប្រធានាធិបតីអាមេរិក អាប្រាហាម លីន ខូន ពោលថា Destroy my enemies when I make them my friends អ្នក​ណា​ក៏​ដោយ​សុទ្ធ​តែ​ជា​មិត្ត​នឹង​យើង​ប្រ​សិន​បើ​យើង​រាប់​អាន​គេ​ជា​មិត្ត​ ហើយ​បញ្ចប់​ភាព​ជា​សត្រូវ​។​ ការ​មិន​ចង់គំនុំ​ ហើយ​យក​សត្រូវ​ជា​មិត្ត​នោះ​យើង​នឹង​យក​ឈ្នះ​ចិត្ត​គេ។​

ប្រធានាធិបតីទី០១ អាហ្វ្រិកខាងត្បូង លោក នេលសុន មេនដេឡា (Nelson Mandela) ក៏បានរំឮកផងដែរថា ប្រសិនបើអ្នកចង់សាងសន្តិភាព ជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ ព្រោះក្រោយមកទៀតសត្រូវទាំងនោះ នឹងក្លាយជាមិត្តរបស់អ្នកវិញ

ព្រះពុទ្ធត្រាស់សម្ដែងថា "សត្រូវដ៏សាហាវបំផុត គឺខ្លួនឯង ពុំមានការឈ្នះណាដែលប្រសើរជាងការឈ្នះខ្លួនឯងនោះទេ" យើងអាចឈ្នះអ្នកដទៃបានគ្រប់ពេល ប៉ុន្ដែការចាញ់ចិត្តខ្លួនឯងគឺជាគ្រោះថ្នាក់ធំបំផុត ។ ការឈ្នះលើខ្លួនឯង គឺសំដៅដល់ការអប់រំចិត្តឲ្យបានល្អ ការចាញ់ចិត្តខ្លួនឯង គឺសំដៅដល់ការបណ្ដោយចិត្តឲ្យដឹកនាំខ្លួនឯង ។ លះបង់ភាពស្អប់ខ្ពើម លះបង់គំនិតបៀតបៀនចងគំនុំ ធ្វើចិត្តឲ្យបរិសុទ្ធ ទើបជាសេចក្ដីស្ងប់ដ៏ប្រសើរ ហើយក៏ពុំមានសេចក្ដីសុខណា ស្មើនឹងសេចក្ដីស្ងប់ដែរ។

Monday, November 12, 2018

ប្រវត្តិនៃការប្រតិបត្តិវិបស្សនា



ការប្រតិបត្តិវិបស្សនានៅសម័យពុទ្ធកាល
ប្រវត្តិនៃការប្រតិបត្តិវិបស្សនានៅក្នុងព្រះពុទ្ធសាសនា នេះមានតាំងតែពីព្រះអង្គស្វែងរកនូវសច្ចធម៌ ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ គឺព្រះអង្គធ្វើសមាធិទូន្មានកាយ និងទូន្មានចិត្តដោយសេចក្តីព្យាយាមដ៏អស្ចារ្យ ព្រោះព្រះអង្គជាមនុស្សសុទ្ធសាធ ចាប់បដិសន្ធិក្នុងត្រកូលអភិជន។ ព្រះអង្គពុំមែនជាអាទិទេព ពុំមែនជាតួអង្គអវតា ពុំមែនជាព្រះព្រហ្ម ព្រះឥសូរ ព្រះវិស្ណុ ឬ ព្រះបរមទេព្តា មិនចេះស្លាប់នោះឡើយ។ ព្រះអង្គជាមនុស្សរស់នៅក្នុងសង្គមមនុស្ស ហើយបានប្រើវីរិយភាពយ៉ាងខ្លាំងក្លារហូតបានត្រាស់ដឹងសព្វនូវបញ្ហាមនុស្ស ហើយបានអប់រំណែនាំមនុស្សឲ្យស្គាល់ល្អអាក្រក់ សុខទុក្ខ បុណ្យបាប គ្រប់បែបយ៉ាង។ ព្រះពុទ្ធបរិនិព្វានមែនពិត ប៉ុន្តែទស្សនទ្រឹស្តី ឬធម៌របស់ព្រះអង្គនៅគង់វង្ស ស្ថិតស្ថេរ ហើយត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។ ហេតុនេះហើយបានជាមានក្នុងព្រះត្រៃបិដក ព្រះអង្គបានសំដែងរឿងរ៉ាវជាច្រើនទុកសម្រាប់បរិស័ទរបស់ព្រះអង្គ នាំគ្នាគោរពប្រតិបត្តិឲ្យបានសេចក្តីចម្រើន ផុតចាកអំពីសេចក្តីទុក្ខគ្រប់យ៉ាង។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងប្រាសាទរបស់ ឧបាសិកាវិសាខាមិគារមាតា ក្នុងបុព្វារាមជិតក្រុងសាវត្ថី ជាមួយនិងសាវកជាថេរៈ ដែលមានកេរ្តិឈ្មោះល្បីល្បាញគឺ៖ ព្រះសារីបុត្ត ព្រះមហាមោគ្គល្លាន ព្រះមហាកស្សប ព្រះមហាកច្ចាយនៈ ព្រះមហាកោដិ្ឋតៈ ព្រះមហាកប្បិន ព្រះមហាចុន្ទ ព្រះរេវតៈ និង ព្រះអានន្ទ ព្រមទាំងព្រះថេរៈឯទៀតជាច្រើន។ សម័យនោះឯង ព្រះថេរៈទាំងឡាយតែងតែទូន្មានប្រៀនប្រដៅភិក្ខុថ្មីៗ ១០រូបក៏មាន ២០រូបក៏មាន ៣០រូបក៏មាន ៤០រូបក៏មាន។ ភិក្ខុថ្មីអម្បាលនេាះក៏បានចេះដឹងធម៌វិសេសច្រើនឡើងជាងពីពេលមុន។

សម័យនោះឯង ព្រះមានព្រះភាគមានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាលស្រឡះនាថ្ងៃពេញបូណ៌មីរាត្រីព្រះចន្ទពេញវង់ ជាថ្ងៃបវារណា។ ព្រះមានព្រះភាគទ្រង់ត្រាស់ទៅកាន់ភិក្ខុសង្ឃដែលគង់ស្ងាត់ច្រៀបថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រារព្វចំពោះបដិបទានេះ តថាគតមានចិត្តត្រេកអរចំពោះបដិបទានេះ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធសេចក្តីព្យាយាមឲ្យលើសជាងប្រមាណចុះ ដើម្បីឲ្យដល់ធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីឲ្យសម្រេចធម៌ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ តថាគតនឹងរង់ចាំអ្នកទាំងឡាយក្នុងក្រុងសាវត្ថីនេះឯង រហូតដល់ ៤ខែ ជាការ រីកនៃផ្កា កុមុទ (គឺពេញបូណ៌មីខែកត្តិក)។

ភិក្ខុទាំងឡាយអ្នកនៅជនបទ កាលបានឮដំណឹងនោះហើយមកប្រជុំ គ្នាក្នុងក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ។ ព្រះថេរៈទាំងឡាយរមែងទូន្មានប្រៀនប្រដៅភិក្ខុថ្មីៗ ១០រូបក៏មាន ២០រូបក៏មាន ៣០រូបក៏មាន ៤០រូបក៏មាន។ ភិក្ខុថ្មីអម្បាលនោះ ក៏បានចេះដឹងធម៌វិសេសច្រើនឡើងជាងពីពេលមុន។

សម័យនោះឯង ព្រះមានព្រះភាគមានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងរាត្រីព្រះចន្ទពេញវង់ជាថ្ងៃគ្រប់ ៤ខែនៃរដូវភ្លៀង ជាទីកាលរីកនៃផ្កាកុមុទ ជាថ្ងៃឧបោសថទី ១៥ គឺពេញបូណ៌មីខែកត្តិក។ លំដាប់នោះព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅកាន់ភិក្ខុសង្ឃដែលគង់ស្ងាត់ច្រៀបថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះស្ងាត់ បរិស័ទនេះឋិតនៅក្នុងខ្លឹមសារដ៏ បរិសុទ្ធ។ ភិក្ខុសង្ឃបរិស័ទគួរដល់ការបូជា គួរដល់អាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អពា្ជលីកម្ម ជាបុញាក្ខេត្តដ៏ប្រសើររបស់សត្វលោកមានសភាពយ៉ាងណា ភិក្ខុសង្ឃបរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។ ទានតិចតួចដែលបុគ្គលឲ្យហើយ ទៅជាទានមានផលច្រើន ឬទានច្រើនដែលបុគ្គលឲ្យហើយក៏រឹងរឹតតែមានផលច្រើន ក្នុងបរិស័ទមានសភាពយ៉ាងណា ភិក្ខុសង្ឃបរិស័ទ នេះក៏មានសភាពយ៉ាងនោះដែរ។ ភិក្ខុសង្ឃបរិស័ទមានសភាពយ៉ាងណាដែលសត្វលោកបានឃើញដោយកម្រ ភិក្ខុសង្ឃបរិស័ទនេះក៏មានសភាពយ៉ាងនោះដែរ។ ភិក្ខុសង្ឃបរិស័ទមានសភាពយ៉ាងណាដែលបុគ្គលគួរស្ពាយស្បៀងដើរតាមរកមើល អស់ទីរាប់ដោយយោជន៍ ភិក្ខុសង្ឃបរិស័ទនេះក៏មានសភាពយ៉ាងនោះដែរ។

ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ តែងមានភិក្ខុជាព្រះអរហន្ត...តែងមានភិក្ខុអនាគាមី...តែងមានភិក្ខុជាសកទាគាមី... តែងមានភិក្ខុជាសោតាបន្ន...តែងមានភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាមចម្រើននូវ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះតែងមានភិក្ខុជាអ្នកប្រកបរឿយៗនូវសេចក្តីព្យាយាមចម្រើននូវ មេត្តា ករុណា មុទិតា ឧបេក្ខា ចម្រើននូវ អសុភ និងចម្រើននូវ អនិច្ច សញ្ញា។

ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាមចំរើននូវអានាបាស្សតិ...។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិដែលបុគ្គលបានចម្រើន បានធ្វើឲ្យចម្រើនរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញបូរិបូណ៌បាន។ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ៧ ឲ្យពេញបូរិបូណ៌បាន។ ពោជ្ឈង្គ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗ ហើយរមែងញ៉ាំវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌បាន។

សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន។ គ្រានោះឯងព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ចំណែកព្រះរាហុលក៏ប្រដាប់បាត្រចីវរ ដើរតាមក្រោយៗព្រះមានព្រះភាគ។ ព្រះមានព្រះភាគទ្រង់ឆ្មៀងព្រះភក្ត្រត្រាស់ទៅកាន់រាហុលថា ម្នាលរាហុល រូបឯណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ជាអតីត អនាគត បច្ចុប្បន្នក្តី រូបទាំងអស់នោះគ្រាន់តែជារូប អ្នកគប្បីឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតដូចនេះ នុះមិនមែនរបស់អញ អញមិនមែនជានុះ នុះមិនមែនជាខ្លួនរបស់អញ។ ព្រះរាហុល ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគ ចំពោះតែរូបមួយទេឬ? ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ទាំងរូប ទាំងវេទនា ទាំងសញា ទាំងសង្ខារ ទាំងវិញាណ ដូចគ្នា។

គ្រានោះឯង ព្រះរាហុលគិតថា ថ្ងៃនេះនរណាហ្ន៎ដែលព្រះមានព្រះភាគទ្រង់ប្រទានឱវាទផ្ទាល់ ហើយនឹងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ដូចនេះលោកក៏ត្រឡប់ថយក្រោយ ហើយចូលទៅគង់ពត់ភ្នែនតម្រង់កាយឲ្យត្រង់ តម្កល់ស្មារតីឆ្ពោះទៅរកកម្មដ្ឋានទៀបគល់ឈើមួយដើម។ គាប់ជួនព្រះសារីបុត្តបានឃើញព្រះរាហុលកំពុងអង្គុយពត់ភ្នែន ក៏ប្រាប់ឲ្យចម្រើនអានាបានស្សតិ ម្នាលរាហុលព្រោះថា អានាបានស្សតិដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនរឿយៗហើយ រមែងមានផលច្រើនមានអានិសង្សច្រើន។

អត្ថបទ ស្រង់ពីសៀវភៅ វិធីប្រតិបត្តិ វិបស្សនា នៅកម្ពុជា៖ រៀបរៀងដោយ
( ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ កម្ពុជា)

Sunday, November 4, 2018

មានជីវិតគឺមានតម្លៃ



ទោះបីជាផែនដីមានកន្លែងខ្លះកខ្វក់មែន ប៉ុន្ដែទោះបីកខ្វក់ប៉ុនណា ក៏ព្រះអាទិត្យនៅតែរះបំភ្លឺគ្រប់ទីកន្លែងដោយពុំរើសអើង ។ ព្រះអាទិត្យនៅតែជាព្រះអាទិត្យ ទោះបីជះពន្លឺទៅកន្លែងកខ្វក់ ក៏ព្រះអាទិត្យមិនប្រលាក់ដែរ ។ គ្រាប់ពេជ្រ ទោះបីបោះចូលភក់ជ្រាំ ក៏វានៅតែជាគ្រាប់ពេជ្រដដែល ។

យើងក៏មានតម្លៃមិនខុសពីពន្លឺព្រះអាទិត្យ និងដុំពេជ្រនោះដែរ ។ គ្រាន់តែពេលខ្លះ យើងភ្លេចឲ្យតម្លៃខ្លួនឯង ។ កាលៈទេសៈខ្លះ របត់ជីវិតខ្លះបានរុញច្រានយើងទៅកន្លែងដែលយើងមិនចង់ទៅ ។ បាននាំយើងទៅជួបរឿងដែលយើងមិនចង់ជួប ។ ប៉ុន្ដែទោះបីជីវិតយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ ប្រសិនបើយើងបោះបង់តម្លៃខ្លួនឯង នោះយើងនឹងក្លាយជាចំណែកនៃភក់ជ្រាំជីវិត ។ ប៉ុន្ដែបើយើងនៅតែឲ្យតម្លៃខ្លួនឯង នោះយើងនឹងក្លាយជាដុំពេជ្រដែលមានតម្លៃជារៀងរហូត ។

ជីវិតយើងគឺមានតម្លៃ ហើយតម្លៃរបស់យើងសម្រាប់យើងគឺត្រូវតែថ្លៃបំផុត ។ អ្នកដទៃអាចឲ្យពិន្ទុយើងតាមការយល់ឃើញ ប៉ុន្ដែយើងត្រូវឲ្យពិន្ទុខ្លួនឯងឲ្យបានខ្ពស់ជានិច្ច ។ ប៉ុន្តែបើយើងមើលស្រាលខ្លួនឯង អ្នកដទៃក៏គេមើលងាយទៅតាមហ្នឹងដែរ៕

Cr. Sun Veasna