Wednesday, October 9, 2019

នៅពេលដែលយើងឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ



អារីស្តូត (ទស្សនវិទូ និងអ្នកវិទ្យាសាស្រ្តជនជាតិក្រិច)ធ្លាប់អះអាងថា " មានវិធីតែម្យ៉ាងគត់ដើម្បីជៀសវាងពីការរិះគន់ គឺកុំធ្វើអ្វីទាំងអស់ កុំនិយាយអ្វីទាំងអស់ ហើយក៏កុំចាប់ផ្តើមធ្វើអ្វីទាំងអស់ " តើហេតុអ្វីបានជាគាត់និយាយបែបនេះ ? នោះក៏ព្រោះតែគាត់ដឹងថា ដរាបណាមនុស្សនៅតែមានសកម្មភាពលើអ្វីមួយដែលគេធ្វើ ការរិះគន់នឹងធ្វើដំណើរជាមួយសកម្មភាពនោះជានិច្ច ។ ពេលអ្នកចង់ធ្វើអ្វីដែលប្លែកពីអ្វីដែលមនុស្សជុំវិញខ្លួនអ្នកកំពុងយល់ឃើញ គេនឹងថាអ្នកជាមនុស្សស្រមើស្រមៃផ្ដេសផ្ដាស ។ ពេលការងារអ្នកមិនទាន់មានផ្លែផ្កា គេនឹងថាអ្នកជាមនុស្សឥតប្រយោជន៍ ។ ពេលការរងារអ្នកបរាជ័យ គេនឹងថាអ្នកជាមនុស្សឥតប្រយោជន៍ពិតមែន ។ ពេលដែលអ្នកជួបបញ្ហាម្ដងហើយម្ដងទៀត ហើយអ្នកនៅតែប្រឹងហើយប្រឹងទៀត គេនឹងថាអ្នកជាមនុស្សល្ងង់កែមិនឡើង ប៉ុន្ដែនៅថ្ងៃណាមួយដែលអ្នកដើរដល់គោលដៅ អ្នកជោគជ័យ គេនឹងទុកអ្នកជាវិរៈបុរស ហើយដណ្ដើមគ្នាឱបដៃឱបជើងរបស់អ្នក ។

កុំរវល់តែខ្វល់ពីអ្នកដទៃរហូតភ្លេចខ្វល់ពីខ្លួនឯងកុំរវល់តែខ្វល់ពីការគិតរបស់គេ រហូតបាត់បង់សេរីភាពនៃគំនិតខ្លួនឯង ។ កុំរវល់តែដើម្បីមាត់អ្នកដទៃ ហើយប្រើជីវិតបញ្ច្រាស់ចំណូលចិត្តខ្លួនឯង ។ យើងគឺជាគ្រប់យ៉ាងនៃខ្លួនឯង បើមិនស្រឡាញ់ខ្លួនឯង តើរស់នៅដើម្បីអ្វី? បើមិនអាចធ្វើអ្វីដើម្បីខ្លួនឯង តើជីវិតមានតម្លៃត្រង់ណា? ហេតុអ្វីត្រូវខ្វល់ពីការយល់ឃើញរបស់អ្នកដទៃច្រើនម៉្លេះ ?

យើងមិនបាច់អាត្មានិយមទេ យើងគ្រាន់តែស្វែងរកក្ដីសុខខ្លះសម្រាប់ខ្លួនឯង គឺគ្មានទោសឡើយ ។ យើងមិនចាំបាច់រឹងទទឹងទេ យើងគ្រាន់តែថ្លឹងការយល់ឃើញរបស់អ្នកដទៃមកលើយើង ជាមួយសច្ចភាព គឺគ្មានទោសទេ ។ ប៉ុន្ដែយើងនឹងក្លាយជាអ្នកទោសនៃជីវិតខ្លួនឯង នៅពេលដែលយើងដាក់ទោសខ្លួនឯងឲ្យធ្វើអ្វីតម្រូវមាត់អ្នកដទៃគ្រប់ពេល ។ សុភមង្គល និងសេចក្ដីសុខជាកម្មសិទ្ធិរបស់យើង ហើយវាតែងកើតឡើងនៅពេលដែលយើងចេះរក្សាភាពជាខ្លួនឯង រស់ជាយើងពិតប្រាកដ ។ ធ្វើអ្វីក៏ធ្វើចុះ ឲ្យតែចិត្តយល់ថារីករាយ ។ ធ្វើអ្វីក៏ធ្វើចុះឱ្យតែស្របនឹងគុណតម្លៃនៃភាពជាមនុស្ស ។ កុំឲ្យតែប៉ះពាល់គេ វាជាគុណសម្បត្តិដ៏ធំបំផុតហើយ ៕

Cr. ប្រាជ្ញាជីវិត

អង្គុយសួរ​



ពេល​អង្គុយ​មើល​ពពក​នៅ​លើកំពូល​ភ្នំ​ខ្ពស់​ គឺ​ចិត្ត​ខ្ញុំ​ចេះតែ​សួរ​ខ្លួនឯង​ថា​ អ្នក​ដែល​កំពុង​រងទុក្ខ​ ជា​ពិ​សេស​ទុក្ខ​ផ្លូវចិត្ត​ តើ​អាច​រស់​ផុត​ពី​រឿង​នេះ​បាន​ដែរ​ឬទេ​?” ខ្ញុំ​អង្គុយ​បណ្តើរ​ បណ្តែត​គំនិត​បណ្តើរ​ រហូតដល់​ចេញ​ជា​សំណួរ​បន្ត​ទៀត​ថា​ ទឹកដី​ព្រៃ​ព្រឹក្សា​ទាំងនេះ​ តើ​អ្នកណា​មាន​តួនាទី​ជា​អ្នកថែរក្សា​?” ទើប​ភ្ញាក់​ពី​ដំណេក​ក្បែរ​ព្រៃ​ ទាំង​ព្រឹក​ព្រហាម​ស្រាង​ៗ ពពក​ខាប់​ចុះអ័ព្ទ​មើល​អ្វី​មិនឃើញ​ តែ​ខួរក្បាល​ខ្ញុំ​នឹកឃើញ​រឿងរ៉ាវ​នា​ម៉ោង២យប់​កណ្តាល​អធ្រាត្រ​ទៅវិញ។

កណ្តាល​អធ្រាត្រ​ ខ្យល់​ត្រជាក់​បក់​មក​ល្វើយ​ៗ ស្លឹកឈើ​លាន់ឮ​សូរ​ដូ​ចម្រៀង​ ស្រប​ពេល​ដំណក់ទឹក​សន្សើម​ស្រដៀង​ភ្លៀង​ធ្លាក់​តក់ៗ​ពី​ខាងលើ​។ ខ្ញុំ​កំពុងតែ​លង់លក់​នឹង​ដំណេក​ដូច​មនុស្ស​ស្លាប់​ ក៏​ស្រាប់តែ​មាន​អ្វី​ម្យ៉ាង​សុំកន្លែង​ជ្រក​ បើកទ្វារ​ចូល​មក​កន្លែង​ដំណេក​ខ្ញុំ​ ដូច​លំនៅ​ខ្លួនឯង​ទាំង​អធ្រាត្រ​យប់​ស្ងាត់​។ ខ្ញុំ​ដេកមិន​ចង់លក់ នៅរហូត​ដល់ម៉ោង​ជិត៤ទាប​ភ្លឺ​។ ព្រៃភ្នំ​ព្រឹក្សា​មាន​អ្នក​ថែ​ តែ​ខ្លះ​បែរ​ជា​ពាល់​មិន​ត្រូវ​ ទោះ​ដើរតាម​ផ្លូវជួប​គ្នា​ មើល​មិនឃើញ​។ រី​ចំពោះ​សង្គម​ ក៏​មាន​អ្នកថែរក្សា​ដែរ​។ តើ​អ្នកណា​ជា​អ្នក​ថែ​សង្គម​?

ខ្ញុំ​ក៏​បន្ត​សួរ​ខ្លួនឯង​ថា​ តើ​ពេលណា​យុវជន​ដើរ​ផុត​ពី​រឿង​ទុក្ខសោក​ខ្លួនឯង​ ត្រឡប់​មក​គិត​ប្រឹងប្រែង​ថែរក្សា​សង្គម​វិញ​? តើ​ពេលណា​យើង​ស្គាល់​ខ្លួនឯង​ មិន​វង្វេង​ឱ្យ​គេ​ពង្វក់​? តើ​ពេលណា​ចិត្ត​លែង​ក្លាយទៅជា​មនុស្ស​រវល់​ចង​រវល់​ស្រាយ​? តើ​ពេលណា​យើង​ចេះ​ស្តាយ​នូវ​អ្វី​ៗដែល​ដូនតា​បាន​ប្រឹងប្រែង​បន្សល់ទុក​ឱ្យ​?” កូន​ដែល​កើត​ចេញពី​ផ្ទៃ​ម្តាយ​ តែ​មិនដឹង​គុណ​ម្តាយ​។ រស់នៅ​ក្បែរ​ម្តាយ​ តែរ​សាត់​ឆ្ងាយ​ពី​ភាព​កតញ្ញុតា​ ប្រៀប​ដូចជា​មនុស្ស​ដែល​កើត​ចេញពី​សង្គម​ តែ​មិនដឹង​ថា​សង្គម​មានគុណ​ចំពោះខ្លួន​។ ដល់ពេល​វេលា​លាគ្នា​ ខ្ញុំ​ដើរទៅ​ព្រៃ​ម្ខាង​ បិទ​ភ្នែក​ផ្ចង់​ចិត្ត​ ប្រាប់​ទៅ​មិត្ត​យប់មិញ​ថា​ លាហើយ​ ហើយ​ជួបគ្នា​ពេលក្រោយ​ទៀត​។ ថ្ងៃក្រោយ​ទៅ​ បើ​ខ្ញុំ​នៅតែ​ជា​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​ឱកាស​មក​ទីនេះ​ម្តង​ទៀត​ យើង​នឹងអាច​ជួបគ្នា​នា​រាត្រី​ស្ងាត់​ម្តង​ទៀត​។ ប៉ុន្តែ​ បើ​ខ្ញុំ​វង្វេង​ ឃ្លាត​សច្ចៈ​ មានចិត្ត​វក់វី​លែង​បរិសុទ្ធ​ គឺ​គ្មាន​ថ្ងៃ​ឡើយ​ដែល​យើង​ជួបគ្នា​ម្តង​ទៀត​

Cr. Lam Lim


មានបានតែកុំក្អេងក្អាង



ឃ្លាមួយនៅក្នុងសៀវភៅ ស្រីហិតោបទេស បានអប់រំថា " បុគ្គល​លើក​យកដុំថ្ម ឡើង​លើ​កំពូល​ភ្នំ​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​ធំ តែបើទម្លាក់​ចុះ​ពីលើ​កំពូល​ភ្នំ​វិញ​បាន​ដោយ​ងាយ ។ ខ្លួន​យើង​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់​ដោយ​គុណ គឺសេចក្ដី​ព្យាយាម​ដ៏​ធំ តែបើ​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ​ថោក​ទាប​វិញ​ក៏ធ្លាក់ដោយ​ទោស​ដ៏​ងាយៗ​ដូច​នោះ​ដែរ "

ទម្រាំកីឡាករឆ្នើមម្នាក់អាចឡើងដល់ចំណុចកំពូល គេបានលះបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ។ ទម្រាំមនុស្សម្នាក់យកដុំថ្មឡើងដល់កំពូលភ្នំបាន គេក៏បានលះបង់មិនចាញ់កីឡាករឆ្នើមនោះដែរ ។ ប៉ុន្ដែប្រសិនបើកីឡាករម្នាក់នោះ បន្ថយការខិតខំ គេនឹងចាញ់នៅពេលក្រោយ ។ បើអ្នកយកដុំថ្មដល់កំពូលភ្នំដោយមិនមើលមុខមើលក្រោយ ប្រុងប្រៀបមិនបានល្អទេ វាអាចនឹងរមៀលធ្លាក់មកវិញ ។

មានមហាសេដ្ឋីជាច្រើនបានធ្លាក់ខ្លួនក្រ ដោយសារសេចក្ដីប្រមាថ ។ មានមេដឹកនាំជាច្រើនបានធ្លាក់ពីដំណែង ហើយមានទោស ដោយសារសេចក្ដីប្រមាថ ។ មានមនុស្សបរាជ័យជាច្រើន ដែលចាញ់ដោយសារសេចក្ដីប្រមាថ ។ ប្រមាថនៅត្រង់នេះចង់សំដៅលើមនុស្សដែលប្រមាថលើភាពសុក្រឹតនៃបទវិន័យជីវិត ។ មហាសេដ្ឋី ប្រមាថភាពសុក្រឹតដោយសំអាងទឹកលុយ ។ មេដឹកនាំប្រមាថភាពសុក្រឹតដោយសំអាងអំណាច ។ មនុស្សបរាជ័យ ប្រមាថភាពសុក្រឹតដោយសំអាងលើពាក្យថា " វាមិនអីទេ វាជារឿងតូចតាច " ។ ការធ្លាក់ខ្លួនថោកទាបអាចជារឿងងាយ (ដោយសារតែសេចក្ដីប្រមាថដែរ ) តែការកសាងគុណតម្លៃឡើងវិញទើបជាងរឿងមិនងាយ ។ ព្រះចៅអធិរាជបារាំង ណាប៉ូលេអុង បានណែនាំថា " រយៈចម្ងាយពីភាពថ្លៃថ្នូរទៅកាន់សភាពថោកទាប គឺជិតបំផុត ប៉ុន្ដែរយៈចម្ងាយពីភាពថោកទាប ទៅសេចក្ដីថ្លៃថ្នូរវិញ គឺមានចំងាយឆ្ងាយជាទីបំផុត "

មានបានតែកុំក្អេងក្អាង ខ្ពង់ខ្ពស់តែកុំភ្លើតភ្លើន ស្តុកស្តម្ភតែកុំភ្លេចខ្លួន នោះទើបជីវិតមិនងាយធ្លាក់តម្លៃ ។ ដ្បិតតម្លៃនៃជីវិតគឺជាការ "មិនប្រមាថ " ព្រោះការមានសេចក្ដីប្រមាថ គឺជាប្រភពនៃទុក្ខទោស ។ ពាក្យខ្មែរតែងនិយមហៅថា " កុំចេះតែហ៊ាន "

Cr. ប្រាជ្ញាជីវិត

Sunday, October 6, 2019

មនុស្សដែលយើងគួរចងចាំ



វាមិនមែនជារឿងចាំបាច់ទេ ដែលយើងនឹងត្រូវគេសាទរពេលដែលយើងជោគជ័យ ។ រឿងដែលចាំបាច់បំផុនោះ គឺថាតើនរណាខ្លះ ជាអ្នករុញយើងពីក្រោយរហូតមក ? តើនរណាខ្លះ ដែលតែងហុចទឹកឱ្យយើងផឹក ពេលដែលយើងហេវហត់អស់កម្លាំង ? តើនរណាខ្លះ ដែលតែងតែហុចដៃឱ្យយើងតោងពេលដែលយើងដួលម្ដងៗ ? តើអ្នកណាខ្លះ ដែលតែងទុកយើងជាចំណែកសំខាន់នៃជីវិតរបស់គេ ហើយតែងតែសង្គ្រោះយើង ? ពួកគេជាមនុស្សមានតម្លៃបំផុត ហើយតម្លៃដែលពួកគេបានលះបង់ ពុំមែនជាអ្វីដែលយើងអាចទិញបានដូចរបស់ក្នុងផ្សារនោះទេ ។

អ្នកខ្លះជួយយើងក្នុងន័យសម្ដែង អ្នកខ្លះជួយយើងអស់ពីចិត្ត ប៉ុន្ដែសម្ដែងឬការពិត មានតែយើងទេដែលដឹងច្បាស់ ។ កុំស្អប់នរណាម្នាក់ដោយសារតែគេគ្មានចំណែកលើជីវិតយើង ចូរទុកទង្វើពួកគេជាបទពិសោធជីវិត ។ កុំស្អប់អ្នកដែលព្យាបាទយើង ចូរប្រឹងអភិវឌ្ឍខ្លួនឯងឱ្យខ្លាំង ។ កុំតបតនឹងអំពើអាក្រក់ ព្រោះថ្ងៃណាមួយទង្វើរបស់គេ គង់នឹងរត់ទៅរកគេវិញ ។ ចូរសន្សំសុចរិតជាមួយអ្នកដទៃ នោះជីវិតនឹងមានតម្លៃ

ចូរចាំថាស្លាបដ៏រឹងមាំមួយគូ ដែលបក្សីមួយក្បាលអាចហើរបានតាមចិត្ត គឺជាស្លាបដែលទទួលបានពីមេរបស់វា ។ ជីវិតជោគជ័យដែលយើងទទួលបាននៅថ្ងៃនេះ ឬថ្ងៃណាមួយ ទោះតិចឬច្រើន ចូរកុំភ្លេចស្នាមញញឹមរបស់មនុស្សដែលបានផ្ដល់អ្វីៗទាំងនោះឱ្យយើង ហើយតកស្នងពួកគេឱ្យបានល្អ ។ សុភាសិតខ្មែរតែងប្រដៅថា " ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ "

Cr. Sun Veasna

ស្តាប់យកចំណេះ



ការសិក្សារៀនសូត្រ គឺគ្មានដែនកំណត់ទេ ដ្បិតយើងត្រូវរៀនពេញមួយជីវិត។ ជីវិត គឺជាការសិក្សានូវរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយ។ ក្នុងលក្ខខណ្ឌខ្លះ បើត្រឹមតែមួយរស់ គឺរៀនត្រឹមល្មមៗបាន ដូចជាចេះជំនាញបច្ចេកទេស មានបំនិនជីវិត មានទំនាក់ទំនងសង្គមល្អ និងចេះពីសិល្បៈនៃការរស់នៅ។ ប៉ុន្តែបើចង់លើសពីរស់ ចង់សង្គ្រោះអ្នកទន់ខ្សោយ គឺរៀនតិចៗ រៀនសើរៗ រៀនល្មមៗ គឺពុំបានឡើយ។ បើទោះបីជាយើងរៀនក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ត្រូវឆ្លាតក្នុងការរៀនដែរ ហើយត្រូវប្រឹងរៀន ចេះស្រូបយកចំណេះដឹងគ្រប់ទិសទី និងរៀនគ្រប់មនុស្សទាំងអស់។

ទីណាក៏យើងអាចរៀនបានដែរ សំខាន់ឱ្យតែយើងតាំងចិត្តថាចង់ចេះ។ អ្នកណាក៏ជាគ្រូរបស់យើងដែរ សំខាន់ឱ្យតែយើងចង់រៀន។ អ្វីៗនៅជុំវិញសុទ្ធតែអាចរៀនសូត្របានទាំងអស់ សំខាន់ថាតើយើងចង់រៀនដែរឬទេ? មនុស្សដែលអាចរៀនសូត្របានលឿន និងឆាប់ចេះដឹងលឿនជាងមនុស្សធម្មតា គឺជាបុគ្គលដែលមានលក្ខណៈជាអ្នកតាំងចិត្តរៀន និយាយស្តីតិច ស្តាប់ច្រើន និងមិនចំណាយពេលតវ៉ាចំពោះបញ្ហាឥតប្រយោជន៍។ តើហេតុអ្វីខ្ញុំលើកឡើងយ៉ាងដូច្នេះ?

លក្ខណៈរបស់អ្នករៀន គឺគួរតែជាមនុស្សដែលពូកែប្រើត្រចៀក ពូកែប្រើភ្នែកសង្កេត និងចេះឆ្ងល់ច្រើន។ អ្នកដែលពូកែស្តាប់ គឺជាអ្នកដែលអាចស្រូបយកព័ត៌មានបានច្រើនជាងអ្នកដែលពូកែនិយាយ ដ្បិតការនិយាយវាគ្រាន់តែរបៀបនៃការរឭកនូវអ្វីដែលយើងធ្លាប់បានចេះប៉ុណ្ណោះ។ តាំងពីតូចមក ខ្ញុំចាត់ទុកខ្លួនឯងថាជាអ្នកដែលពូកែស្តាប់ម្នាក់ ដ្បិតខ្ញុំចេះត្រឹមតែញញឹម និងសម្លឹងមើលអ្នកដទៃជជែកគ្នា។ ការរស់នៅកន្លងមក ក្នុងនាមជាអ្នករៀន ខ្ញុំស្តាប់មនុស្សជាច្រើននិយាយគ្នា មិនថាអ្នកខិលខូច អ្នកផឹក អ្នកល្អ អ្នកចេះដឹង ឬបុគ្គលណាទេ។ តើហេតុអ្វីខ្ញុំត្រូវស្តាប់? មូលហេតុ គឺដោយសារតែខ្ញុំចង់ដឹងថា តើមនុស្សប្រភេទនេះមានចិត្តគំនិតបែបណា? តើមនុស្សបែបនេះចេះដឹងកម្រិតណា?

កាលនៅជាសិស្សបឋមសិក្សា ខ្ញុំដើរកាត់ដុបកាត់ព្រៃដោយជើងទៅសាលារៀនរយៈពេលជិត៣០នាទី, ដើរបណ្តើរ ខ្ញុំទន្ទេញមេរៀនសង្គមវិជ្ជារហូតដល់រៀនរត់មាត់។ ពេលរៀនដល់ថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្វើដំណើរផង និងទន្ទេញនូវពាក្យស្លោក ភាសិត សុភាសិត ពាក្យចាស់ៗរបស់ខ្មែរគ្រប់ពេល។ មានឃ្លាជាច្រើនដែលខ្ញុំចាំ ហើយពាក្យខ្មែរមួយដែលខ្ញុំយកមកពិចារណារហូតមកនោះគឺ ពាក្យសម្តី គឺជារូបភាពនៃចិត្តគំនិត។ រហូតដល់ពេលនេះ ខ្ញុំនៅតែចូលចិត្តស្តាប់។ អត្ថប្រយោជន៍នៃការស្តាប់ច្រើន គឺខ្ញុំចេះដឹង និងបានរៀនសូត្រច្រើនថែមទៀត។ បើនិយាយតាមត្រង់តាមបទពិសោធ សម្តីអ្នកខ្លះ និយាយមក១០០ម៉ាត់ គឺអាចយកជាការណ៍បានត្រឹមតែមួយម៉ាត់គត់។

បើទោះបីជាយ៉ាងណា ក៏ខ្ញុំនៅតែទទួលប្រយោជន៍ពីសម្តីមួយម៉ាត់នោះដែរ។ ក្នុងរឿងខ្លះទៀត ខ្ញុំអាចនិយាយបានល្អជាង តែខ្ញុំសុខចិត្តមិននិយាយ ដ្បិតទីមួយបើគ្មានប្រយោជន៍ចាំបាច់ណាមួយ ឬគ្មានកិច្ចការចំបាច់ណាមួយទេ គឺដាច់ខាតខ្ញុំមិននិយាយ។ ដល់ពេលឆ្លុះបញ្ចាំងមកយុវជនខ្លះ ពេលឃើញអ្នកចេះដឹង មិនសូវចូលចិត្តរៀនសូត្រពីគេទេ ហើយថែមទាំងដណ្តើមគេនិយាយផងក៏មាន។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនព្យាយាមឱ្យតម្លៃអ្នកចេះដឹង អ្នករៀនសូត្រ ចាស់ទុំ ព្រមទាំងចេះសួរយោបល់ស្វែងរកចំណេះដឹង។ បើទោះបីជាយើងចេះដល់ណា ក៏ត្រូវតែចេះឱនដែរ។ ខ្មែរយើងថា ងើយស្កក ឱនដាក់គ្រាប់។ នៅក្នុងគម្ពីរ តៅ តេ ជីងរបស់អ្នកប្រាជ្ញចិន ឡៅ ជឺ បានលើកឡើងពីរឿងមួយថា តើហេតុអ្វីទន្លេនិងសមុទ្រមានទឹកប្រមូលផ្តុំគ្នាច្រើន? នេះគឺដោយសារតែទន្លេនិងសមុទ្រចេះជាទីដែលទាប។ នៅវ័យរៀន គឺត្រូវប្រឹងស្រូបយកចំណេះឲ្យបានច្រើនតាមដែលខ្លួនឯងអាចធ្វើបាន៕



មុទិតាសង្គម



ក្រោយពីខ្ញុំបានសរសរអត្ថបទមួយដែលមានចំណងជើងថា ទិដ្ឋភាពខ្លះៗនៃការបែកបាក់សង្គមក៏មានអ្នកខ្លះបានសួរខ្ញុំថា តើហេតុអ្វីទើបបានជាមានការបែកបាក់?”

បញ្ហានៃសង្គ្រាមសង្គមជាច្រើនទស្សវត្សរ៍បានធ្វើឱ្យយើង ប្រែច្រើនណាស់ គឺប្រែរហូតដល់លែងស្គាល់ខ្លួនឯងថាខ្លួនជានរណា។ ខ្មែរនៅតែមានឈាមខ្មែរ និងព្រលឹងខ្មែរនៅជាមួយ តែបញ្ហានៅត្រង់ថាយើងមិនសាមគ្គីនៅក្បែរគ្នា និងមានចិត្តប្រែជាបែកបាក់គ្នា។ មានអ្នកខ្លាំង តែខ្លាំងដោយរស់នៅម្នាក់ឯង រស់នៅដោយដាច់សង្វែងពីអ្នកដទៃ។ ខ្លាំង តែខ្លាំងបានតែម្នាក់ឯង ដ្បិតយើងមិនចេះផ្គុំគ្នា។ កាន់តែខ្លាំង កាន់តែបែកគ្នា និងកាន់តែឆ្ងាយពីគ្នា ដ្បិតដោយសារតែមូលហេតុចិត្តមានអស្មិមានះ។ ការមិនចេះផ្គុំគ្នា គឺដោយសារតែយើងមិនទាន់ចេះឱ្យតម្លៃគ្នា មិនទាន់ចេះគោរពគ្នា មិនទាន់ទុកចិត្តគ្នា និងមានលក្ខណៈកើតចេញនូវចិត្តច្រណែនចំពោះគ្នា នៅពេលណាអ្នកដទៃល្អជាងខ្លួន។ អ្នកល្ងង់មិនសូវស៊ីសង្វាក់គ្នា និងមិនសូវត្រូវរ៉ូវគ្នា វាគឺជារឿងធម្មតាទេ តែបើបញ្ញាជនមិនសូវត្រូវគ្នា មិនចេះសាមគ្គីគ្នា គឺជារឿងដែលគួរឱ្យខ្មាសអៀនជាទីបំផុត ក្នុងនាមជាអ្នកចេះដឹង។ តើបញ្ហានៅត្រង់ណា?

អ្នកចេះដឹងពិត តែងធ្វើការងារពិត យកលទ្ធផលពិត គិតប្រយោជន៍រួមជាធំ។ ប៉ុន្តែអ្នកចេះដឹងខ្លះ បែរជាធ្វើការងារយកមុខ គិតមុខមាត់ តម្កល់កិត្តិយសបុគ្គលធំជាងប្រយោជន៍រួម។ នេះហៅថាខ្វះស្មារតីនៃការលះបង់ និងមិនចេះក្បួនសាមគ្គី។ អ្នកប្រឹងធ្វើការងារពិត មិនទទួលបានការលើកទឹកចិត្តឱ្យតម្លៃ តែបែរជាទទួលបានការវាយតម្លៃយ៉ាងអវិជ្ជមានទៅវិញ។ អ្នកដែលមានគុណធម៌ បែរជាមិនទទួលបានការគោរព ការឱ្យតម្លៃ និងការលើកទឹកចិត្ត។ មនុស្សមិនទាន់ចេះគោរពភាពជាមនុស្ស តែមនុស្សចេះច្បាស់នូវការគោរពទ្រព្យសម្បត្តិ គោរពឋានៈ គោរពតួនាទី...។ ផ្ទុយទៅវិញ អ្នកដែលមានសម្បកក្រៅ ជាអ្នកពាក់ស្រោមមុខ បែរជាទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ បើក្នុងចំណោមអ្នកចេះដឹងដូចគ្នា តើត្រូវឱ្យតម្លៃគ្នាត្រង់ចំណុចណា?

អ្នកចេះដឹងដូចគ្នា មានចំណេះដឹងស្មើគ្នា គឺការគោរពឱ្យតម្លៃ ត្រូវស្ថិតនៅលើគុណធម៌។ អ្នកណាដែលមានគុណធម៌ក្រាស់ជាង គឺត្រូវគោរពអ្នកនោះ។ អ្នកអវិជ្ជាត្រូវគោរពអ្នកចេះដឹង ហើយឱ្យតម្លៃអ្នកចេះដឹងពិតប្រាកដ ដ្បិតអ្នកចេះដឹងតែងមានសមត្ថភាពសាងប្រយោជន៍ដល់សង្គមបានច្រើនជាង។ មានរឿងមួយដែលត្រូវប្រុងប្រយ័ត្ន គឺប្រយ័ត្នអ្នកចេះដឹងដែលប្រឹងបង្កាច់បង្ខូចសច្ចភាព។ ពិតនិងក្លែងក្លាយ វាពិបាកវែកញែកណាស់ ប្រៀបដូចជាខ្សាច់និងស្ករ។ ការដឹងល្អ ដឹងអាក្រក់ ដឹងពិតដឹងក្លែងក្លាយ គឺត្រូវការចំណេះដឹងវិភាគវែកញែកច្រើនណាស់។ ពេលណាដែលយើងដឹងល្អ ដឹងអាក្រក់ ដឹងមនុស្សដែលមានត្រឹមតែសម្បក និងដឹងមនុស្សដែលគ្មានខ្លឹមក្នុង គឺយើងនឹងចេះឱ្យតម្លៃមនុស្សពិតប្រាកដ ដឹងថាបុគ្គលណាដែលគួរលើកតម្កើង និងបុគ្គលណាដែលមិនគួរ។

រឿងចុងក្រោយ គឺមនុស្សគ្រប់គ្នាគួរតែចេះពេញចិត្តនឹងសេចក្តីល្អ និងចេះសរសើរតម្កើងសេចក្តីសុចរិត ដ្បិតវាជាគុណធម៌មួយ ដែលអាចចងភ្ជាប់មនុស្សនឹងមនុស្សឱ្យស្អិតរមួតគ្នា និងចេះស្រឡាញ់គ្នា។ តើអ្វីទៅជាគុណធម៌នៃការចេះពេញចិត្ត។ បើបកស្រាយក្នុងទ្រឹស្តីពុទ្ធនិយម គឺហៅថា មុទិតាចិត្តEmpathetic Joy” ឬមានន័យថា ការមិនមានចិត្តច្រណែនឈ្នានីសអ្នកដទៃ និងចេះត្រេកអរជាមួយនឹងអ្វីដែលអ្នកដទៃមាន។ បើបកស្រាយនៅក្នុងខ្លឹមសារនៃភាពជាអ្នកដឹកនាំវិញ គឺយើងប្រើពាក្យថា ការចេះពេញចិត្ត Appreciation” ដែលសំដៅលើការជួយចូលរួមត្រេកអរនឹងជោគជ័យរបស់បុគ្គលណាម្នាក់ ដែលបានកសាងសេចក្តីល្អ និងប្រយោជន៍ចំពោះអ្នកដទៃក្តីឬខ្លួនឯងក្តី។ បើអ្នកធ្វើល្អ បែរជាបានផលអាក្រក់ តើសេចក្តីល្អនឹងកើតឡើងបានដោយរបៀបណាទៀត? អ្នកធ្វើល្អ បែរជាមិនមានមនុស្សល្អគាំទ្រ តើអ្នកដែលមិនគាំទ្រសេចក្តីល្អ គឺជាមនុស្សបែបណា?

បើការគាំទ្រឈរលើការគាំទ្របក្ស ឬគាំទ្រតែក្រុម តែមិនគាំទ្រមនុស្សល្អ, តើមនុស្សយើងត្រូវបង្កើតក្រុម ឬបង្កើតបក្ស ទុកចាំតទល់វាយតប់គ្នាមែនទេ? ឧទាហរណ៍ បងប្អូនស្មេរខ្លះហៅអ្នកអានរបស់ខ្លួនថាជា “Fan” តែបើនិយាយឱ្យមែនទែនទៅ ជាទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ គឺខ្ញុំទំនងរាងដូចជារង្កៀសចិត្តនឹងការប្រើពាក្យ “Fan” នេះបន្តិច។ ខ្ញុំយល់ថាស្មេរ គឺមិនមែនជាតារាចម្រៀង ឬបរវកញ្ញាដែលត្រូវប្រឹងសម្ញែងដងខ្លួន ឬសម្បកខាងក្រៅទេ តែគួរតែជាអ្នកកាន់ដងប៉ាកកាដុសខាត់អ្វីដែលនៅខាងក្នុងខ្លួនមនុស្ស ប្រៀបដូចជាបុព្វជិតក្នុងសាសនាមិនលង់វង្វេងនឹងរឿងលោកធម៌អ៊ីចឹងដែរ។

មានសុភាសិតចិនមួយឃ្លាលើកឡើងថា នារីស្អាត ពីព្រោះតែចិត្តខាងក្នុងស្អាត។ មានពាក្យដំណាលមួយ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ក្រក៏ក្រចុះ ឱ្យតែមាន។ នេះជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ តែបើខុសឆ្គង ក៏សុំអធ្យាស្រ័យផងចុះ។ ចំពោះខ្ញុំ ជាអ្នកអានម្នាក់ ខ្ញុំតាំងចិត្តថានឹងចាត់ទុកអ្នកចេះដឹង (មិនថាជាស្មេរ ឬបុគ្គលចេះដឹងណាទេ) ជាបុគ្គលគំរូម្នាក់ ហើយតាំងចិត្តជួយគាំទ្រដោយចេញពីទឹកចិត្ត តែមិនមែនគាំទ្រក្នុងលក្ខខណ្ឌឱ្យបង្កើតក្រុមបង្កើតបក្សវាយប្រហារគ្នាទេ ឬមិនមែនធ្វើជាទ័ពមុខ ទ័ពស្រួច ទ័ពប្រយុទ្ធទេ។ អ្នកចេះដឹង អ្នកធម៌អាថ៌ គឺមិនគួរជាបុគ្គលសម្បក ដែលកំណត់តម្លៃខ្លួនត្រឹមតែជាកម្រិតសញ្ញាបត្រ រូបរាងស្អាត ចិត្តមាយា (Maya or Illusion) តែគួរតែជាបុគ្គលដែលដើរផុតពីរឿងសម្បកក្រៅ។ ក្នុងលក្ខខណ្ឌធម្មជាតិ មនុស្សល្អតែងចូលចិត្ត និងគាំទ្រសេចក្តីល្អដែលកើតចេញពីចិត្តបរិសុទ្ធ។ ចុះបើមនុស្សល្អមិនគាំទ្រអ្នកធ្វើល្អ និងមិនគាំទ្រសេចក្តីល្អ តើយើងអាចចាត់ទុកខ្លួនឯងថាជាមនុស្សល្អបានដែរឬទេ?

អត្ថបទនេះ វាមានលក្ខណៈក្តៅបន្តិច តែបើត្រូវ ក៏សូមពិចារណាប្រើការណ៍ឱ្យកើតជាប្រយោជន៍នៃការយល់ត្រូវ និងបង្កើតសាមគ្គី។ ប៉ុន្តែបើវាខុសវិញ គឺសូមចាត់ទុកថាជាកំហុសរបស់ខ្ញុំជាស្មេរទៅចុះ។

___

Saturday, October 5, 2019

សុភមង្គលស្នេហា



សួនផ្កាក្នុងឧទ្យានទាំងមូល អាចរីកស្រស់ញញឹមបានក៏អាស្រ័យដោយទឹកសន្សើមនិងពន្លឺព្រះអាទិត្យ តែវានឹងស្វិតស្រពោនក្រៀមក្រំទៅវិញនៅពេលដែលគ្មានដំណក់ទឹកស្រោចស្រពនិងរស្មីនៃពន្លឺព្រះអាទិត្យរះបំភ្លឺ។ វាមិនខុសអ្វីពីសេចក្ដីស្នេហាដ៏បរិសុទ្ធមួយរបស់នារី ដែលអាចញញឹមបាន រីករាយបាន មានភាពកក់ក្ដៅបានព្រោះតែមានបុរសជាទីស្រលាញ់ជាមនុស្សស្មោះត្រង់នឹងស្នេហា។ តែនៅពេលដែលបុរសជាទីស្រលាញ់ចាប់ផ្ដើមប្រែប្រួលគ្រប់យ៉ាង នាងប្រៀបដូចជាបុប្ផាដែលកំពុងតែរុះរោយចាកចោលទងយ៉ាងដូច្នោះដែរ។

នាងមានក្ដីឈឺចាប់និងទំងន់ទុក្ខយ៉ាងខ្លាំងទៅលើមនុស្សដែលនាងបានជ្រើសរើស ទៅលើមនុស្សដែលនាងបានស្មោះត្រង់ទៅលើមនុស្សដែលជាទីស្រលាញ់របស់នាង។

ទោះជានាងព្យាយាមពន្យល់អ្នករហូតឡើងខ្សោះទឹកភ្នែកក៏ដោយ ក៏អ្នកមិនអាចដឹងពីទំហំនៃសេចក្ដីឈឺចាប់របស់នាងបាននោះដែរ! អ្នកដឹងទេ? ឮទេ ? យល់ឬទេ?

កុំលេងសើចនឹងមនោសញ្ចេតនារបស់នរណាម្នាក់ឱ្យសោះ ប្រសិនបើអ្នកមិនបានស្រលាញ់រូបគេឱ្យពិតប្រាកដនោះ កុំព្រោះតែស្នេហាអាត្មានិយមរបស់អ្នកធ្វើឱ្យមនុស្សម្នាក់ត្រូវឈឺចាប់ដោយសាររូបអ្នកនោះ។

Cr. ស្រមោល ដួងចន្រ្ទ

ស្រឡាញ់ជាតិត្រូវចេះស្រឡាញ់គ្នា



ទស្សនមនុស្សអាក្រក់តែងអះអាងថា " ពេលយើងចិត្តល្អដាក់គេ គេថាយើងល្ងង់ ពេលយើងអាត្មានិយម គេថាយើងចិត្តអាក្រក់ " ។ ចិត្តល្អ កើតពីសេចក្ដីអាណិត សេចក្ដីអាណិតកើតពីចិត្តមេត្ដា ចិត្តមេត្ដាកើតចេញពីបេះដូងនៃក្ដីស្រឡាញ់ ។ មនុស្សដែលលះបង់ខ្លួនដើម្បីប្រយោជន៍នរណាម្នាក់ គេគង់នឹងក្លាយជាការចងចាំដ៏ល្អរបស់អ្នកនោះ ។ មនុស្សដែលលះបង់ខ្លួនដើម្បីសង្គម គេគង់នឹងក្លាយជាវិរៈបុរសជាតិ ។ ប៉ុន្ដែមនុស្សដែលលះបង់ខ្លួនដើម្បីសច្ចភាពនៃស្មារតីជាតិនិយម គង់នឹងក្លាយជាគ្រាប់ពេជ្រដែលសង្គមត្រូវការ ។ ពិភពលោកគង់នឹងអាក្រក់ហើយខ្មៅងងឹត ទោះបរិយាកាសល្អប៉ុនណា ដរាបណាភាពអាត្មានិយមត្រូវសាបព្រោះលើវប្បធម៌នៃការរស់នៅ ។ អាន់ទ្រូ ជែកសុន ប្រធានាធិបតីទី៧ នៃសហរដ្ឋអាមេរិក បានពោលថា " អ្នកដឹកនាំក្លាហាន ទោះជាត្រូវគេកម្ទេចហើយក៏ដោយ ក៏តែងត្រូវបានមហាជនគោរព និងកោតសរសើរគ្រប់សម័យកាល "។ វិរៈភាព គង់នឹងក្លាយជាតម្លៃ ហើយតម្លៃដែលទទួលបានពីវិរៈភាពគង់នឹងនៅរស់រាប់រយឆ្នាំ ទោះរាងកាយត្រូវកម្ទេចចោលក៏ដោយ ។

ទស្សនមនុស្សល្អតែងរម្លឹកថា " ពេលយើងចិត្តល្អ គេថាយើងជាមនុស្សមានតម្លៃ ពេលយើងអាត្មានិយម គេថាយើងគ្មានមនុស្សធម៌ " ។ មែនទែនទៅ ការយល់ឃើញរបស់នរណាម្នាន់ចំពោះទង្វើមួយ វាគ្រាន់តែជាពិន្ទុដែលគេបានឱ្យប៉ុណ្ណោះ អាចតិចឬច្រើន អាស្រ័យលើយើងព្រមទទួលឬអត់ ។ ចិត្តអាក្រក់ កើតចេញពីភាពអាត្មានិយម ។ ភាពអាត្មានិយមកើតចេញពីសេចក្ដីលោភលន់ ។ សេចក្ដីលោភលន់ កើតចេញពីភាពល្ងង់ខ្លៅ ។ ល្ងង់ខ្លៅ កើតចេញពីភាពអវិជ្ជាផ្នែកផ្នត់គំនិត ។ ទស្សនៈសាមកុក ខុងមិញពោលថា " អ្នកពូកែ គង់នឹងសុខខ្លួន ជនសាមញ្ញមមាញឹកហត់ស្ទើរស្លាប់ " ឡៅជឺ បិតាលទ្ធិតៅ បង្រៀនថា " សុភមង្គលរបស់អ្នក គង់នឹងកើតឡើងពីការពេញចិត្ត លើផ្លែផ្កាបន្ដិចបន្ទួចដែលអ្នកមាន " ន័យត្រង់គឺចង់ទូន្មានថា " ចេះគ្រប់ ជីវិតនឹងសុខ ខ្វះនេះខ្វះនោះ គង់នឹងមមាញឹកហត់ស្ទើរស្លាប់ ។ ចិត្តលោភលន់របស់មនុស្សគ្មានដែនកំណត់ទេ ដរាបណាចិត្តរបស់គេពុំទទួលបានការអប់រំពីសច្ចភាពនៃជីវិត ។ មនុស្សលោភលន់ ទោះប្រគល់ផែនដីទាំងមូលឱ្យគេ ក៏គង់មិនគ្រប់ដែរ ។ បានផែនដី ចង់បានព្រះអាទិត្យ បានព្រះអាទិត្យចង់បានដួងចន្ទ្រ បានដួងចន្ទ្រ គង់នឹងចង់បានលំហមេឃ ។ មនុស្សអាត្មានិយម គង់នឹងត្រូវគេបំភ្លេចចោល ហើយមនុស្សមានស្នាដៃ គង់នឹងត្រូវគេចងចាំ ។ មនុស្សលោភលន់គង់នឹងត្រូវគេដាក់ទោស មនុស្សសុទិដ្ឋិនិយមគង់នឹងត្រូវគេចងចាំ ។

មែនទែនទៅការធ្វើទង្វើល្អ ដើម្បីនរណាម្នាក់ ឬដើម្បីសង្គមមួយ ឬដើម្បីប្រទេសជាតិមួយ វាគ្រាន់តែជារឿងគ្មានន័យមួយប៉ុណ្ណោះ ។ ព្រោះមនុស្សម្នាក់ដែលយើងបានសង្គ្រោះ សង្គមមួយដែលយើងបានលះបង់ ជាតិមួយដែលយើងបានពលី គឺជាកាតព្វកិច្ចក្នុងភាពជាធនធានមួយក្នុងប្រទេសមួយ ហើយវាពុំពាក់ព័ន្ធនឹងគុណសម្បត្តិនោះទេ ។ មនុស្សដែលអាចរស់នៅយ៉ាងល្អប្រសើរ គេគង់នឹងចងចាំវិរបុរសជាតិរបស់គេ ។ ប្រជាជនដែលទទួលបានការសង្គ្រោះ គង់នឹងដឹងគុណប្រទេសជាតិ ។ ប្រទេសជាតិដែលទទួលបានក្ដីស្រឡាញ់ពីពលរដ្ឋ គង់នឹងមានប្រជាជនដែលចេះប្រឹង ។ មេដឹកនាំដែលទទួលបានបេះដូងរាស្ត្រ គង់នឹងទទួលបានអំណាចជាតិ
____________________________________________

( អត្ថបទនេះខ្ញុំសរសេរមិនទាន់ចប់ទេ ដ្បិតកាន់តែសរសេរ កាន់តែវែង ដ្បិតកាន់តែវែង គង់នឹងមិនមានអ្នកអានច្រើន ពេលវេលាខ្លីពេក )
រូបភាព៖ ហ្គូហ្គល

Cr. Sun Veasna

ជីវិតរសាត់ដូចខ្យល់



ដើរតាមផ្លូវ ខ្លួនប៉ះត្រូវខ្យល់ ខ្យល់ខ្លះជាខ្យល់ត្រជាក់ ហើយខ្យល់ខ្លះទៀតជាខ្យល់ព្យុះ។ ដើរពេលព្រឹកព្រហាម ខ្លួនសើមជោកដោយទឹកសន្សើម តែដើរលើផ្លូវជីវិតពេលខ្លះ ទឹកជាទឹកជំនន់លាយព្យុះលាយភ្លៀង។ ជីវិតដែលធ្លាប់ឈឺចាប់ ពេលជួបការលំបាក ចិត្តក្លាយទៅជាស្ពឹក គ្មានអារម្មណ៍ឈឺ ចិត្តលែងទទឹកជោកដោយអំនួត។ ថ្ងៃក្រោយទៅ លាភគ្រោះស្លាប់រស់មើលមិនឃើញ។ កិត្តិយសនិងអ្វីដែលមានថ្ងៃនេះ គង់នឹងរសាត់ចាកឆ្ងាយចេញពីខ្លួនគ្រប់ពេល។ រស់នៅមានបុព្វហេតុ ធ្វើបាន ឬមិនបាន គឺត្រូវពឹងលើសមត្ថភាព ការប្រឹងប្រែង ចិត្តអត់ធ្មត់ ចេះលេបថ្មលេបក្រួសហ្នឹងហើយ។

ថ្ងៃនេះមានអ្នកសាទរ តែថ្ងៃក្រោយទៅនឹងមានអ្នកចំអក។ ល្អអាក្រក់សុទ្ធតែជាប់ប្រយោជន៍ ដ្បិតអ្នកដែលយើងឱ្យប្រយោជន៍លើកសរសើរថាយើងល្អ តែអ្នកដែលពុំបានប្រយោជន៍ ឬបាត់បង់ប្រយោជន៍ដោយសារយើង គឺនឹងថាយើងអាក្រក់។ ការរស់នៅជៀសមិនផុតពីការឈ្នានីសពីអ្នកដទៃ។ មនុស្សអាក្រក់ស្អប់យើងពេញតួ រីឯមនុស្សល្អខ្លះច្រឡំច្រណែននឹងយើងដែលជាបងប្អូនរួមសង្គម។ ល្អ តែបើខ្សោយ គឺនឹងត្រូវចប់ជីវិត។ ខ្លាំង តែបើគ្មានគុណធម៌ គឺនឹងធ្លាក់នរក។ អ៊ីចឹងទៅ ត្រូវធ្វើជាមនុស្សល្អហើយខ្លាំងថែមទៀត។ មួយជីវិត រកអ្នកយល់ចិត្តដោយលំបាក។ រស់នៅជាមួយខ្លួនឯង រក្សាគោលការណ៍ ស្តារតម្លៃ មិនបំភ្លៃការពិត ពុំគិតថាជីវិតនេះឥតន័យទេ

បាតដៃទាំងពីរមិនរលោងស្អាត ដ្បិតរវល់តែប្រឹងប្រើកម្លាំងកាន់ចបកាន់នង្គ័លធ្វើស្រែតាំងពីតូច។ ទោះបីខ្លួនស្រែ ឆ្លៀតពេលកាន់ប៊ិក មិនភ្លេចរៀន ប្រឹងអានសៀវភៅ ដុតកម្ទេចការឈឺចាប់ដែលកើតចេញពីអវិជ្ជានៃជីវិតកន្លងមក។ សក់ក្បាលទៅជាស្កូវ មុខកាន់តែចាស់ លាបថ្នាំផាត់ម្សៅបិទបាំង នៅតែឃើញខាងក្នុង ដ្បិតបើខាងក្នុងស្អាត គឺស្អាត។ អ្នកខ្លះមើលមនុស្សត្រឹមសម្បកក្រៅ តែខ្ញុំមើលខ្លឹមខាងក្នុង។ អ្នកដទៃឱ្យតម្លៃចំណេះ ទោះជាខ្វះគុណធម៌ តែខ្ញុំឱ្យតម្លៃទឹកចិត្ត និងសុចរិតភាព។

សុចរិតត្រឹមត្រូវ ល្អអាក្រក់ គ្មានអ្នកដឹង តែយ៉ាងហោចណាស់មេឃដីអាចធ្វើជាសាក្សីបាន។ បិទភ្នែកបើកភ្នែកពីរបីដង ក៏ដល់ថ្ងៃអវសាន្តនៃជីវិតទៅហើយ។ អ្នកខ្លះរស់នៅបម្រើតណ្ហា ហ៊ឹកហ៊ាក់ហ៊ឺហាទាំងវង្វេង។ ឃើញទុក្ខថាសុខ ឃើញល្អថាអាក្រក់ ឃើញសថាខ្មៅ ឃើញដុំថ្មថាជាដុំពេជ្រ។ ចុងក្រោយ បើដល់ពេលជីវិតត្រូវចប់ គឺចប់ហើយ តែបើមិនទាន់ដល់ពេលទេ គឺត្រូវបន្តដំណើរ។ បើដូច្នេះ គួរណាតែរស់នៅឱ្យស្រួលបួល ធ្វើអ្វីធ្វើទៅ តែកុំធ្វើមនុស្សអាក្រក់ទៅបានហើយ៕
__

Wednesday, October 2, 2019

បើថ្ងៃមួយគ្មានម៉ែ...✍️



កូនអើយ​! មនុស្សដែលយើង​ស្រឡាញ់​គេចាប់ផ្ដើម​ចាកចេញ​ចោលយើង​ម្តងម្នាក់ៗបណ្តើរៗហើយ​ អ្នកខ្លះទៅបានលា​ តែ​អ្នកខ្លះទៅ​មិន​បាន​លា​ សូម្បីតែ​មួយ​មាត់​ ចេញទៅ​ហើយ​ក៏​ស្ងាត់​បាត់​ដំណឹង​សូន្យ​ឈឹង​ មិន​ដឹងជា​ទៅ​ដល់​ទីណាឡើយ​ ទាំងអ្នក​ទៅ​មុន​ ទាំងអ្នក​ទៅ​ក្រោយ​ ហើយមិន​យូរ​មិន​ឆាប់​ ម៉ែ​ប្រាកដ​ជា​ចាកចេញ​ចោលកូនដូចគ្នា​ ព្រោះជីវិតយើងមិនអាចរស់នៅ​ជាមួយគ្នា​រហូត​បាន​ទេ​ គង់មាន​ថ្ងៃ​មួយដែលយើងចែក​ផ្លូវគ្នាដើររៀងៗខ្លួន។

ពេលអត់ពីម៉ែ​ទៅ​កូន​ត្រូវ​រៀន​រស់នៅ​ឲ្យបាន​ល្អ​ ធ្វើចិត្តឲ្យរឹង​មាំ​ម៉ឹងម៉ាត់​ ក្លាហាន​ ត្រូវកសាង​ខ្លួន​ឲ្យមាន​តម្លៃ​ដល់​សង្គមជាតិ​ រក្សា​មារយាទ​ឲ្យបាន​ប្រពៃថ្លៃថ្លា មាន​ស្មារតី​គ្រប់ពេលក្នុងការដើរ​នៅ​លើ​វិថី​ជីវិត​របស់កូន​ កូន​ត្រូវ​ចេះ​អត់​ធន់​កុំទន់​ជ្រាយ​ អ្នកដទៃ​គេ​អាចមើលងាយ​កូន​បាន​ តែ​ដាច់​ខាត​កូន​កុំ​មើលងាយ​ខ្លួន​ឯង​ឲ្យសោះ​ កូនត្រូវតែ​ជា​មនុស្ស​ល្អ​ ដែល​ស្មោះសរ​នឹងខ្លួន​ និង​អ្នកដទៃដែល​រស់នៅ​ជុំ​វិញ​ខ្លួន​កូន...។

បើថ្ងៃមួយ​គ្មាន​ម៉ែ​នៅ​ក្បែរ​ មើល​ថែ​កូន​ កូនត្រូវ​ចេះ​មើល​ថែ​ខ្លួន​ឯង​ ស្រឡាញ់​ខ្លួន​ឯង​ឲ្យច្រើន​ៗ​ កុំយក​ខ្លួនឯង​ទៅ​ប្រឡាក់ប្រឡូស​ជាមួយនឹង​គ្រឿងញៀន​ អាភៀន​យ៉ាម៉ា​ សុរា​មេរ័យ​ ដែល​ជា​គ្រឿង​ចង្រៃ​នៅ​ក្នុង​សង្គម​ កុំ​ខឹង​ឆេវ​ឆាវ​ ច្រឡោត​តោតតូង​ ត្រូវ​ចេះ​ទប់​ចិត្ត​ ទប់​អារម្មណ៍​ កុំយល់​តែ​ចិត្ត​ខ្លួន​ឯង​ ត្រូវ​យល់​ចិត្ត​អ្នកដទៃ​ផង​ ពេលម៉ែចាកចេញ​ទៅ​ កូន​ត្រូវ​ចេះ​ស្រឡាញ់​ប្អូន​ ស្រឡាញ់​បង​ កុំឈ្លោះទាស់គ្នា​ ត្រូវ​សាមគ្គី​គ្នា​ មាន​អ្វី​ត្រូវ​ចេះ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ អ្វី​ដែល​សំខាន់​គឺ​កូន​ត្រូវ​មាន​ទី​ពឹង​សម្រាប់​ខ្លួន​ ព្រោះ​កូន​មិន​អាច​ពឹង​ម៉ែ​បាន​រហូតឡើយ...។

ជា​ចុង​ក្រោយ​ ម៉ែ​ចង់ឲ្យកូន​ ជា​កូន​ល្អ​ ជា​បងប្អូនល្អ​ ជា​សិស្ស​ល្អ​ ជា​គ្រូ​ល្អ​ ជាអ្នក​ដឹកនាំ​ល្អ​ ជា​ប្រជាពលរដ្ឋ​ល្អ​ និយាយ​រួម​ម៉ែចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​គ្រប់រូបភាពទាំងអស់ណាកូន៕

Cr. ប៊ុនឆា​

ចិត្តស្រួច សម្រួចជាតិ !



សុភាសិតខ្មែរទូន្មានថា មាសសុទ្ធ ពុំខ្លាចភ្លើង។ អំណាចពិតប្រាកដរបស់មនុស្សក្នុងទឹកចុងក្រោយ គឺត្រូវរស់ដោយសេចក្ដីពិត។ តើសេចក្ដីពិតជាអ្វី? កាលពីខ្ញុំទើបចេះកាន់សៀវភៅអានដំបូង ខ្ញុំតែងតែប្រើពាក្យថា សច្ចភាព ជម្រៅនៃសច្ចៈ។ អ្នកខ្លះ យល់ថាខ្ញុំចេះ។ អ្នកខ្លះទៀតយល់ថាខ្ញុំមានចំណេះដឹងលើសលប់។ ប៉ុន្តែផ្ទុយស្រឡះ ខ្ញុំប្រើពាក្យនេះច្រឡំសោះ។ តើច្រំឡំយ៉ាងម៉េច? ក្នុងភាពជាមនុស្ស ពេលខ្លះគឺពុំងាយនឹងអាចយល់ថា សច្ចភាពនៅត្រឹមណាទេ? ខ្ញុំចាំបានថា សៀវភៅមួយក្បាលនិយាយអំពីអំណាចសកល ដែលក្ដោបន័យមួយថា អ្នកណាដែលយល់អំពីធម្មជាតិពិត អ្នកនោះនឹងអាចគេចផុតពីវិស័យជាមនុស្ស។ គេចចេញពីវិស័យមនុស្ស ចង់បានន័យថា លែងជាមនុស្សដែលមានអារម្មណ៍ មានមនោសញ្ចេតនា ឬលែងមានទុក្ខ។ ភាសាសាមញ្ញ ហៅថា ស្ងប់ ត្រាស់

ចិត្ត ប្រៀបបានដូចជារលក។ ហើយរលក គឺជាទឹក។ កាលណាមនុស្សជឿថា គ្រប់យ៉ាងអាចក្លាយជាអ្វី វិនាទីនោះនឹងមានសភាពប្រែប្រួលស្របតាមជំនឿ (ដូចជាទឹក)។ ភាសារបស់ អ្នកប្រាជ្ញចិន ឡៅ ជឺ (Lao Tzu) ទូន្មានថា មនុស្សត្រូវរៀនសូត្រ ពីសារធាតុរបស់ទឹក។ នេះអាចជាបុព្វហេតុ និងអាចជាចុងហេតុ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងវិស័យជាមនុស្សក្នុងផែនដីនេះ។ ពេលចិត្តចង់បានអ្វីមួយ នឹងមានអំណាចមួយបង្កើតវាឡើងមកភ្លាម។

ចិត្តជាអ្នកសង្គម តើត្រូវមានជំហរបែបណា? ជឿលើសច្ចភាព ឬជឿលើហេតុការណ៍ដែលត្រូវបត់បែន? ក្នុងស្ថានភាពសង្គម ចិត្តជាអ្នកសង្គម ត្រូវរស់ក្នុងស្ថានភាពមួយខុសពីមនុស្សធម្មតា។ ខុសពីមនុស្សសាមញ្ញយ៉ាងម៉េច? ត្រូវរស់ក្នុងសភាពជាខ្លួនឯងក៏បាន ឬត្រូវរស់ក្នុងសភាពជាទឹកក៏បាន ប៉ុន្តែត្រូវតែរក្សាភាពជាអ្នកជាឲ្យខ្ជាប់ខ្ជួនជានិច្ច។ និយាយក្នុងលក្ខណៈសាមញ្ញវិញ ជាយុវជន សម្ដីមួយម៉ាត់ សពីពូជ, ដើរមួយជំហាន សពីចរិត។ ខ្មែរយើងតែងថា សម្ដីសជាតិ មារយាទសពូជ។ បុគ្គលដែលអាចយល់ច្បាស់អំពីស្ថានភាពជាក់ស្ដែងនៃដំណើរជីវិត បុគ្គលនោះត្រូវបានក្លាយខ្លួនជាមនុស្សដែលយល់អំពីអនាគតកាលនៃជីវិតដូចគ្នា ដ្បិតពេលខ្លះការរៀបចំខ្លួនថ្មើរនេះ វាស្មើនឹងរៀបផ្លូវដើរ សម្រាប់ថ្ងៃស្អែក។ លក្ខខណ្ឌខ្លះសភាពជាយុវជន ត្រូវគេចឲ្យផុត ពីភាពជាយុវជន។

ងារជាយុវជន ដ្បិតតែជាពន្លកជាតិពិតមែន ប៉ុន្តែវាក៏អាចក្លាយជារបាំងជាតិ។ ពេលខ្លះត្រូវរៀនសម្អាតខ្លួនឯងឲ្យស្អាតសិន។ គួរចងចាំថា ខុសប្លែកពីចំណេះ គឺចរិតលក្ខណៈ។ ខុសប្លែកពីចរិតលក្ខណៈ គឺមនសិការ។ ខុសប្លែកពីមនសិការ គឺអ្វី? រម្លឹកអត្ថបទមួយដែលខ្ញុំបានអានក្នុងអត្ថបទទស្សនាវដ្ដី កម្ពុជាសូរិយា។ មួយឃ្លានោះសង្កត់ន័យថា សត្រូវដែលធំបំផុតរបស់មនសិការ គឺប្រាក់។ ប្រធានបទ ប្រាក់ត្រូវបានក្លាយជាប្រធានបទក្ដៅគគុក ដ្បិតសហគ្រិនខ្លះសម្រេចកើបប្រាក់មុនសិន សឹមស៊ីសងសង្គមជាក្រោយ។ ខ្មែរខ្លះនិយាយថា ប្រឹងរកលុយសឹមគិតជាតិ។ ឆន្ទៈនៃការជួយជាតិពិតប្រាកដ ពុំត្រូវបានវាស់ថាអ្នកនោះ មានលុយច្រើន ឬអ្នកនោះមានលុយតិចទេ (ឃ្លា០)។ ពេលខ្លះ លុយខុសពីមនសិការ, មនសិការពិតប្រាកដ ខុសពីមនសិការក្លែងក្លាយ។

ក្នុងការសាងសង់ជាតិ តើនរណាគឺជាទ័ពស្រួច? ខ្មែរមួយភាគធំប្រាកដជាស្គាល់ប្រទេសសិង្ហបុរី។ កាលណាស្គាល់ប្រទេសមួយនេះ នឹកដល់ លោក លី ក្វាន់យូ (Kuan Yew Lee)។ អត្ថន័យនៃការសាងសង់ជាតិរបស់ លី ក្វាន់យូរ ផ្ដោតលើគោលការណ៍ ទី១ ប្រទេសខ្លាំងពិតប្រាកដ មិនមែនជាប្រទេសធំទេ។ ទី២ ប្រជាជន ត្រូវមានឆន្ទជាតិ និងត្រូវរស់វិន័យ។ ទី៣ គុណភាពរបស់អ្នកដឹកនាំ។ កាលណាប្រទេសដែលមានជំហរបែបនេះ ប្រទេសមួយនឹងមានកន្លែងចារប្រវត្តិសាស្រ្តល្អ ក្នុងលក្ខខណ្ឌ ដើម្បីបាយមួយចាន រស់មួយក្រពះគឺងាយទេ។ បើមនុស្សគិតថា ត្រឹមតែហូបមួយចម្អែតក្រពះ ម្លោះហើយគេនឹងលែងប្រឹងដើម្បីអ្វីទាំងអស់ ជាពិសេសគឺដើម្បីថ្ងៃមុខ។ បីស្រួច ជាតិមាំ៕

“A nation is great not by its size alone. It is the will, the cohesion, the stamina, the discipline of its people and the quality of their leaders which ensure it an honourable place in history.”
Kuan Yew Lee, The Wit and Wisdom of Lee Kuan Yew

តើមានប្រពន្ធល្អបី និងមានប្ដីប្រាំ​យ៉ាងដូចម្ដេច?



មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អបី ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដីប្រាំដែរ។ កាលពីអត្ថបទមុន​ គេបានសរសេរលើកឡើងថា " មនុស្សប្រុស គួរមានប្រពន្ធបីទើបល្អ " ក្នុងអត្ថបទនោះផងដែរ ប្រពន្ធបីដែលអ្នកសរសេរផ្ដោតនោះគឺចង់សំដៅដល់ ប្រពន្ធទី១ ចំណេះដឹង ប្រពន្ធទី២ ការងារ ចំណែកប្រពន្ធទី៣គឺឧត្តមភរិយា ដែលបុរសគួរតែមាន បើមានទាំង៣នេះ មានន័យថាជីវិតអ្នកពិតជាមានន័យ និងមានសំណាងបំផុត។ ក្រឡេកមកមើលមនុស្សស្រីយើងវិញ ក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរ ក្នុងនាមជាកូនស្រី អ្នកគប្បីមានប្ដី៥ ទើបជីវិតអ្នកមិនមានអ្នកណាមកបំបរបំបាក់ ឬមាក់ងាយបានឡើយ។ ប្ដី៥ដែលយើងរៀបរៀងនេះ មិនមែនសំដៅដល់ប្ដីដែលជាភេទប្រុសនោះឡើយ តែប្ដី៥គឺមានដូចតទៅ ៖

ប្ដីទី១ ៖ កម្លាំងចិត្ត

គេថាកូនស្រី ជាភេទទន់ជ្រាយ តែវាមិនដូច្នោះទេ ទោះបីយើងជាស្រី​ យើងក៏គួរតែមានកម្លាំងចិត្តមាំមួន រឹងប៉ឹង មិនអាចទន់ជ្រាយ មិនអាចងាយចុះចាញ់បានទេ មិនដូច្នោះ អ្នកដទៃគេនឹងមើលងាយ ធ្វើបាបយើងជាក់ជាមិនខានឡើយ ហើយជួបរឿងតិចតួច យើងប្រាកដជាបាក់ស្បាត មិនមានជំហររឹងប៉ឹងឡើយ។

ប្ដីទី២ ៖ កម្លាំងកាយ

បើយើងមានកម្លាំងចិត្ត យើងក៏ត្រូវតែមានកម្លាំងកាយស្វាហាប់ នឹងធឹង នឹងន អាចបំពេញកិច្ចការបានគ្រប់យ៉ាង អាចក្រោកឈរបានគ្រប់ស្ថានការណ៍ មិនថាកាលៈទេសៈបែបណា ឬការងារធ្ងន់បែបណា​ក៏យើងអាចធ្វើបានដែរ មិនបាច់ចាំតែមនុស្សប្រុសនោះទេ។

ប្ដីទី៣ ៖ ចំណេះដឹង ភាពឆ្លាតវៃ

ជាមនុស្សស្រី ដ្បិតថាកម្លាំងយើងមិនអាចមានដូចមនុស្សប្រុសក៏ពិតមែន តែកម្លាំងបញ្ញាស្មារតីយើងខ្លាំងក្លា យើងច្បាស់ជាមិនអន់ឡើយ ឱ្យតែយើងឆ្លាត យើងពូកែ យើងឈ្លាសវៃ មិនថាការងារអ្វី បញ្ហាបែបណា ក៏យើងមុខតែអាចប្រឈមមុខដោះស្រាយបានជាក់ជាមិនខាន។ ជាមនុស្សស្រីត្រូវតែឆ្លាត ពូកែ ទើបអាចគេចផុតពីការប៉ុនប៉ង និងគំនិតមិនល្អរបស់មនុស្សសម័យនេះបាន ជាពិសេសគឺ ភាពពុតត្បុត ល្បិចបោកប្រាស់របស់មនុស្សប្រុស។

ប្ដីទី៤ ៖ ការងារល្អ មុខរបរច្បាស់លាស់

កុំស្ដាប់ កុំជឿ កុំធ្វើតាមពាក្យចាស់ៗកាលពីមុនដែលនិយាយថា " ខ្លួនជាស្រី ចាំបាច់អីធ្វើការ រកស៊ីស្អី ធ្វើតែការងារផ្ទះ ឱបតែចង្ក្រាន្តឱ្យជុំទៅបានហើយ " ពាក្យនេះ ស្ដាប់ហើយ បើធ្វើតាម នោះយើងនឹងគ្មានតម្លៃសូម្បីតែបន្តិច ត្រូវចាំថា សម័យនេះហើយ កុំរស់ពឹងប្ដី កុំចាំលាដៃសុំលុយគេចាយ មានដៃមានជើង មានគំនិត គួរតែចេះគិត ចេះរកលុយដោយខ្លួនឯង ចាយលុយខ្លួនឯង វាថ្លៃថ្នូរនឹងមានក្ដីសុខជាង ការដែលចាំតែសុំលុយប្ដី។ ទោះប្ដីខ្លះគេមិនថាអី តែយើងខ្លួនឯងគួរតែចេះគិត។ មួយទៀត មនុស្សស្រីមានមុខរបរ មានការងារច្បាស់លាស់ ទើបមានតម្លៃ ទើបគេឯងស្ញប់ស្ញែង។

ប្ដីទី៥ ៖ អត្តចរិតល្អ ការនិយាយស្ដី

អត្តចរិត ការនិយាយស្ដី ជាការប្រាស្រ័យទាក់ទងដ៏មានតម្លៃ ជាមួយមនុស្សជុំវិញខ្លួន ដូចពាក្យគេថា " រូបអាក្រក់ សំខាន់ឱ្យតែចរិតល្អ ទោះក្រយ៉ាងណា​ សំខាន់ឱ្យតែមារយាទបាន " កុំស្អាតតែមុខមាត់ កុំមានតែទ្រព្យធន តែចរិតអន់ មារយាទមិនកើត សន្ដានមិនថ្លៃ។ មនុស្សស្រីចាំបាច់បំផុតគឺចំណុចនេះហើយ។មនុស្សស្រី ឱ្យតែមានប្ដីទាំង៥នេះ ធានាថា គ្មានអ្នកណាហ៊ានមើលងាយ វាយធ្វើបាប បន្ទាបបន្ថោកអ្នកឡើយ។ ទោះអ្នកមិនមានប្ដីជាភេទប្រុសក៏ដោយ ក៏អ្នកនៅអាចមានមុខមាត់ មានទ្រព្យសម្បត្តិ អាចចិញ្ចឹមម្ដាយឪពុក ចិញ្ចឹមខ្លួនឯងបានដែរ។ មួយវិញទៀត ប្ដីដែលជាភេទប្រុស បើអ្នករើសត្រូវ ជីវិតអ្នករឹតតែមានន័យ មានក្ដីសុខ តែបើអ្នករើសខុស ដូចយកទុក្ខដាក់ខ្លួន នាំខ្លួនឱ្យវេទនា ជាពិសេស មិនស្រួល អ្វីដែលអ្នកមាន គេអាចនឹងបំផ្លាញគ្មានសល់ទៀតផង៕

Cr. ភី អេច (អត្ថបទអប់រំ) / រូបភាពតំណាង

Tuesday, October 1, 2019

យុវជននិងការអាន



ការអានសៀវភៅបានច្រើន គឺល្អបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។ ពាក់កណ្តាលទៀតនៃភាពល្អអំពីការអាន គឺត្រូវប្រើការគិតឱ្យបានច្រើន ។ លើសពីល្អ គឺត្រូវអានសៀវភៅល្អ ពីព្រោះមិនមែនឲ្យតែសៀវភៅ វាសុទ្ធតែល្អនោះទេ ។ សៀវភៅល្អព្យាបាលសង្គម តែសៀវភៅអាក្រក់គឺបំពុលសង្គម ។ នេះជាបញ្ហាកង្វល់ដែលអ្នកសរសេរ និងអ្នកនិពន្ធត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំណេររបស់ខ្លួន ។ អក្សរមួយឃ្លា និងសម្តីមួយម៉ាត់ គឺជាអ្នកឆ្លាក់ខួរក្បាលមនុស្ស

សង្គមដែលកំពុងមានជំងឺ មិនអាចយកយុវជនដែលឈឺមកព្យាបាលឱ្យជាសះស្បើយបានឡើយ។ ភាពរឹងមាំរបស់សង្គមកើតចេញពីភាពរឹងមាំរបស់យុវជន។ ទ្រព្យសម្បត្តិរបស់សង្គមជាតិ គឺជាភាពរឹងមាំរបស់យុវជន។

យុវជនដែលខ្លាំង គឺជាយុវជនដែលប្រឹង។ ការប្រឹងប្រែងរបស់យុវជន គឺត្រូវប្រឹងជួយអ្នកក្រ ប្រឹងរៀនឲ្យចេះ និងប្រឹងធ្វើជាមនុស្សដែលដើរទៅមុខជានិច្ច។ បើចង់ជួយអ្នកក្រ យើងត្រូវប្រឹងឲ្យមាន។ បើចង់ជួយអ្នកល្ងង់ យើងត្រូវប្រឹងរៀនឲ្យចេះ។

បើចង់ឲ្យសង្គមមានសីលធម៌ យើងកុំច្រឡើសបើស។ បើចង់ឲ្យសង្គមសកម្ម យើងកុំខ្ជិលច្រអូស។ បើចង់បានសង្គមអភិវឌ្ឍ យើងកុំនៅនឹងថ្កល់។ បើចង់បានសង្គមដែលមានមេដឹកនាំល្អ យើងត្រូវចូលរួមនិងតាមដានសកម្មភាពនយោបាយ។

គ្រប់ខណៈពេលនៃជីវិត គ្មាននរណាម្នាក់អាចញញឹមចេញពីចិត្តបានគ្រប់ពេលទេ ប៉ុន្តែបើយើងអាចរក្សាលំនឹង និងអាចញញឹមបានគ្រប់ពេល គឺជារឿងល្អមួយ ។ គ្រប់ជំហាននៃជីវិត មិនមែនឲ្យតែយើងហុចដៃស្នើសុំជំនួយអ្វីម្យ៉ាងពីនរណាម្នាក់ គឺយើងនឹងទទួលបានជំនួយទេ។ ប៉ុន្តែ បើយើងចេះផ្តល់ឲ្យខ្លួនឯងនូវអ្វីដែលខ្លួនឯងចង់បាន គឺជារឿងល្អជាង។ ក្នុងជីវិត ខ្ញុំធ្លាប់បានភ្លក្សរសជាតិនៃពាក្យថា ទេជាច្រើនរាប់មិនអស់។ មនុស្សម្នាក់ៗសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន ហើយភាពលំបាករបស់បុគ្គលម្នាក់ៗ វាគ្មានម៉ែត្រសម្រាប់វាស់ទេ

ការវាស់ពីភាពលំបាករបស់មនុស្ស ពុំមែនប្រើអារម្មណ៍ទេ តែត្រូវប្រើចំណេះដឹង។ តើវាស់ដោយប្រើចំណេះដឹងយ៉ាងដូចម្តេច?
កូនអ្នកមាន ខំប្រឹងរហូតបានលទ្ធផល១០។ កូនអ្នកក្រ ខំប្រឹងរហូតបានលទ្ធផល១០។ តើនរណាលំបាកជាង និងនរណាប្រឹងជាង? បទពិសោធការងាររបស់ខ្ញុំជាក់ស្តែង បានជួបនឹងទិដ្ឋភាពលំបាកៗស្រស់ៗ។ អ្នកខ្លះ ក្រយកតែមែនទែន លំបាករហូតដល់ងើបមុខមិនរួច។

ចរិតខ្មែរខ្លះ ឃើញអ្នកដទៃក្រហើយ បែរជាមិនចេះអាណិត តែសុខចិត្តស្អប់គ្នាទៅវិញ។ នេះមានន័យថាគេស្រឡាញ់តែអ្នកមានប៉ុណ្ណោះ។ មិនស្អប់ភាពក្រីក្រ តែបែរជាស្អប់អ្នកក្រ។ ចរិតអ្នកខ្លះទៀត ឃើញអ្នកដទៃល្ងង់ហើយ បែរជាមិនប្រឹងជួយ តែបែរជាប្រឹងបោកប្រាស់គ្នាទៅវិញ។ បោកបាន ចេះតែបោកទៅ សំខាន់ឲ្យតែបានប្រយោជន៍។ ល្ងង់ហើយ ត្រូវមនុស្សចេះដឹងទុច្ចរិតបោកប្រាស់ទៀត។ មនុស្សយើង ឲ្យតែគ្មានមនោសញ្ចេតនានៃក្តីស្រឡាញ់ទេ យើងគឺប្រៀបដូចជាឆ្កែចចកនឹងគ្នាអ៊ីចឹង។ នេះជាសង្គមដែលមនុស្សប្រឹងរស់រៀងៗខ្លួន តែមិនមែនរស់នៅជាមួយគ្នាទេ។

____________________________________

Cr. ឡាំ លីម

គ្រាន់តែស្អាតមិនទាន់គ្រប់ទេ



យើងតែងតែចង់ស្លៀកសម្លៀកបំពាក់ទាន់សម័យស្អាតៗ ដោយគ្រាន់តែបានឃើញម៉ូតស្អាតៗដែលគេតាំងបង្ហាញ ប៉ុន្ដែពេលខ្លះសម្លៀកបំពាក់នោះមិនសមនឹងរាងរៅរបស់យើងឡើយ ហើយបើយើងនៅតែបន្ដស្លៀក វានឹងធ្វើឱ្យយើងក្លាយជាអាក្រក់មើលលើសមុន ។ របស់ខ្លះដ្បិតវាស្អាត ដ្បិតវាមើលទៅគួរឱ្យចង់បាន ប៉ុន្ដែមិនប្រាកដថាវាសមនឹងយើងទេ ។ យើងចង់ស្លៀកឈុតស្អាត ទាំងដែលយើងមិនបានសម្រករាងឱ្យសមនឹងឈុត ។ យើងតែងតែចង់បានរបស់ល្អៗលម្អជីវិត ទាំងដែលពេលខ្លះយើងភ្លេចធ្វើខ្លួនឱ្យមានតម្លៃ ។ មានមនុស្សទាន់សម័យស្លៀកពាក់ស្អាតៗ ប្រើរបស់ប្រេនៗ ជិះឡានទំនើប ហ៊ឺហារ ប៉ុន្ដែពេលខ្លះពួកគេចោលសំរាមផ្ដេសផ្ដាស់ និយាយសម្ដីអសីលធម៌ ធ្វើរឿងស្មោគគ្រោក ជំពាក់លុយគេមិនសង ឬធ្វើជាមនុស្សពុំត្រឹមត្រូវ ពុំសមនឹងតម្លៃដែលគេបានសម្ញែងនោះទេ ។ ដ្បិតគ្មាននរណាល្អឥតខ្ចោះ តែយ៉ាងហោចណាស់យើងគួរតែល្អឱ្យបានលើសពី ៥០ ភាគរយឡើងទៅ ដែរ ។

យើងមិនអាចក្រោកឈរដោយគ្មានជើងជាន់ដីដ៏កខ្វក់បានទេ ដ្បិតជើងដ៏កខ្វក់ជាអ្នកទ្រខ្លួនប្រាណ ។ ងើយមើលទៅលើតែកុំភ្លេចមើលក្រោម គិតរឿងស៊ីវិល័យ ហ៊ឺហារ តែកុំភ្លេចអប់រំចរិតឱ្យថ្លៃថ្នូរផង ។ យើងមិនអាចមានតម្លៃដោយគ្រាន់តែមានរបស់ថ្លៃៗ ហើយប្រើជីវិតបែបថោកទាបបានទេ ។ មិនថាកាលៈទេសៈណាទេ ការរស់នៅដែលមានតម្លៃ ពុំគ្រាន់តែថ្លៃថ្នូរសម្បកក្រៅឡើយ សំខាន់ខាងក្នុងត្រូវតែស្អាតផងដែរ ។ ដ្បិតការរស់នៅត្រូវការសម្ញែងខ្លះ ប៉ុន្ដែបើមិនសមតម្លៃជាមនុស្សល្អទេ នោះការសម្ញែងនោះនឹងប្ដូរមកវិញនូវការសើចចំអកពីក្រោយខ្នងវិញជាមិនខាន ថាមិនត្រូវយើងអាចនឹងត្រូវគេលួចដៀលទៀតផង ។ ធ្វើមនុស្សត្រូវមានតម្លៃ ហើយដើម្បីមានតម្លៃយើងគួរតែល្អទាំងក្នុងទាំងក្រៅ ហើយដើម្បីល្អទាំងក្នុងទាំងក្រៅ យើងគួររស់នៅប្រកបដោយគុណធម៌

Cr. ប្រាជ្ញាជីវិត

សុភមង្គលផ្លូវចិត្ត


វាលវដ្តសង្សារនៃធម្មជាតិ វិលទៅវិលមក ។ ការរស់នៅមិនបៀតបៀនអ្នកដទៃ ជាសុភមង្គលរបស់ខ្ញុំ ។

សម្រស់ធម្មជាតិខៀវខ្ចី ខ្យល់បរិសុទ្ធសមុទ្ទខ្មែរ ជាបរិយាកាសមួយដែលខ្ញុំបំភ្លេចមិនបាន។ រាល់ពេលដែលខ្ញុំទំនេរពីការងារ ខ្ញុំតែងតែមកលេងទីនេះជាមួយគ្រួសារជាទីស្រលាញ់របស់ខ្ញុំ ដើម្បីបង្កើតនៅអនុស្សាវរីយ៍ល្អៗ ហើយក៏ជាការតបស្នងសងគុណទៅអ្នកមានគុណទាំងពីររបស់ខ្ញុំដែរ។

ខ្ញុំពិតជាសប្បាយចិត្តឥតមានពាក្យអ្វីនឹងយកមកបរិយាយថ្លាថ្លែងដែលចេញពីដួងចិត្តខ្ញុំបានទេ នៅពេលដែលបានឃើញពួកគាត់បញ្ចេញស្នាមញញឹមនៅលើផ្ទៃមុខពួកគាត់ទាំងទ្វេដោយបរិសុទ្ធចិត្ត ។

មនុស្សគ្រប់គ្នាអាចយល់ថាលុយសំខាន់ លុយពិបាករក តែស្រួលចាយ ។ Ok ខ្ញុំទទួលស្គាល់ថា លុយស្រួលចាយ លុយពិបាករក តែលុយមិនសំខាន់គ្រប់ពេលវេលានោះទេ ។ សម្រាប់ខ្ញុំសុខភាពល្អជាភាពជោគជ័យដ៏ធំក្នុងឆាកជីវិតរស់នៅ ហើយការបង្កើតក្តីសុខឱ្យខ្លួនឯង ជាសុភមង្គលផ្លូវអារម្មណ៍របស់មនុស្សម្នាក់ៗ ។

Cr . ឃុនឡេង

Monday, September 9, 2019

ក្រោកដើរដោយខ្លួនឯង



កាលពីក្មេងយើងបានទុកគ្រួសារជាបង្អែក ។ រហូតដល់យើងធំពេញវ័យ រកឃើញគោលដៅជីវិត ទើបយើងអាចបែកចេញពីគ្រួសារដ៏កក់ក្ដៅ ។ ពេលយើងនៅផ្ទះយើងកក់ក្ដៅ ពេលយើងឆ្ងាយផ្ទះ យើងត្រូវស្វែងរកភាពកក់ក្ដៅដោយខ្លួនឯង ។ ពេលយើងនៅក្មេងយើងចេះតែចាយលុយស្រាប់ៗ រស់នៅស្រួលៗ តែពេលយើងចម្រើនវ័យឡើង យើងចេះរកលុយដោយខ្លួនឯង ទើបយើងដឹងថា ការលំបាកវាមានលក្ខណៈបែបណា ។ ពេលយើងនៅក្មេង ពេលយើងចង់បានអ្វី យើងតែងសុំពីឳពុកម្ដាយ ហើយអ្វីដែលយើងទទួលបានពីឳពុកម្ដាយ គឺបានមកងាយៗស្រួលៗគ្មានបញ្ចេញកម្លាំងសោះ ។ ពេលយើងនៅក្មេងយើងមិនដែលដឹងទេ ថាបន្ទុករបស់ឳពុកម្ដាយចំពោះគ្រួសារវាធ្ងន់កម្រិតណា រហូតដល់ពេលមួយ គឺពេលដែលយើងធំដឹងក្ដី ហើយចាកចេញពីផ្ទះ ដើម្បីស្វែងយល់ពីអត្ថន័យជីវិតដោយខ្លួនឯង

ឳពុកម្ដាយបានចិញ្ចឹមបីបាច់យើង អប់រំយើងមកយ៉ាងល្អ ហើយនាទីរបស់ពួកគាត់នឹងបញ្ចប់ នៅពេលកូនៗធំដឹងក្ដី មានគ្រួសារមួយជារបស់ខ្លួនឯង ។ អ្វីដែលពួកគាត់បានឱ្យយើង គឺស្លាបដ៏រឹងមាំមួយគូ ។ ភាពកក់ក្ដៅដែលយើងទទួលបានពីគ្រួសារ វាពុំឋិតថេរជានិរន្ដិ៍ឡើយ ប៉ុន្ដែស្លាបមួយគូដែលឳពុកម្ដាយបានបន្សល់ឱ្យយើង វាជាភាពកក់ក្ដៅមួយដែលនឹងនៅជាមួយយើងរហូត ។ ហើរកាន់តែឆ្ងាយ យើងនឹងកាន់តែរឹងមាំ ។ ហើរកាន់តែឆ្ងាយ ជីវិតនឹងបង្រៀនយើងកាន់តែច្រើន ។ ចូរហើរទៅរកក្ដីស្រមៃខ្លួនឯងចុះ ព្រោះគ្មាននរណាម្នាក់អាចធ្វើជាយើងជំនួសយើងបានទេ ។ ចូរហើរទៅរកអ្វីដែលយើងត្រូវការចុះ ព្រោះគ្រប់យ៉ាងនៃជីវិត វាពុំរត់មករកយើងដោយឯងៗឡើយ ។ ធំហើយ ត្រូវចេះរឹងមាំដោយខ្លួនឯង

Cr. ប្រាជ្ញាជីវិត

កុំធ្វើជាចំណែកនៃបញ្ហា



ក្នុងជីវិតរស់នៅ ១០០ភាគរយ តែងមាន១០ភាគរយ គឺជាបញ្ហាដែលកើតឡើងចំពោះយើង ហើយ៩០ភាគរយទៀត គឺដំណោះស្រាយដែលយើងត្រូវឆ្លើយតបចំពោះបញ្ហាវិញ

ចូរយើងធ្វើជាចំណែកនៃដំណោះស្រាយ ប៉ុន្តែសូមកុំធ្វើជាចំណែកនៃបញ្ហា។ យើងគួរខំប្រឹងរៀនធ្វើជាអ្នកខ្លាំង តែកុំធ្វើជាអ្នកខ្សោយ។ ក្នុងច្បាប់ធម្មជាតិ អ្នកខ្លាំងតែងឈ្នះអ្នកខ្សោយ។ ខ្លាំងគឺរស់ ខ្សោយគឺស្លាប់។ ខ្លាំងគឺឈ្នះ ខ្សោយគឺចាញ់ ហើយខ្លាំងគឺស្តេច ខ្សោយគឺចោរ។

ចូរធ្វើជាអ្នកជួយសង្គ្រោះ តែកុំធ្វើជាជនរងគ្រោះ។ ដើម្បីឈ្នះយើងត្រូវធ្វើខ្លួនឱ្យធំជាងបញ្ហាជានិច្ច។ បើបញ្ហាជាលេខ១០ យើងត្រូវតែធ្វើជាលេខ២០។ បើបញ្ហាជាដុំដី យើងត្រូវតែជាដុំថ្ម។ បើបញ្ហាជាដែកគោល យើងត្រូវធ្វើជាញញួរ។ បើបញ្ហាជាស្តេច យើងត្រូវធ្វើជាអាទិទេព។

ក្នុងជីវិត មិនសំខាន់ថាបញ្ហាកើតឡើងអាក្រក់បែបណានោះទេ តែសំខាន់ថាតើយើងមានចិត្តស្ងប់ឆ្លើយតបចំពោះបញ្ហាបែបណា។ គ្រប់យ៉ាងវានឹងមិនអីនោះទេ។ គ្រប់យ៉ាង គឺធម្មតាជានិច្ច ហើយគ្រប់យ៉ាងគឺល្អជានិច្ច។ ផ្លាស់ជំនឿ ប្តូរការគិត ប្រព្រឹត្តទង្វើត្រឹមត្រូវ នោះលទ្ធផលនឹងល្អ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

បណ្ដុះស្មារតីអ្នកបដិបត្តិ



យើងអាចឈរលើគំនិតបែបទស្សននិយមបាន តែតថភាពទស្សននិយមខ្លះ ពុំដូចភាពជាក់ស្ដែងនិយមនោះទេ។ ប្រទេសខ្លាំងត្រូវការមនុស្សខ្លាំង ហើយចំណែកមនុស្សខ្លាំង លុះត្រាណាតែឈរលើភាពជាក់ស្ដែងនិយម ខ្លាំងជាងទស្សននិយមដែរ។ យោងតាមសៀវភៅ ភាពជាអ្នកដឹកនាំបែបបម្រើ ឬ ភាសាអង់គ្លេស “Servant – Leadership” លើកឡើងថា អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រយោជន៍រួម ប្រយោជន៍សមូហភាព ដែលពោរពេញទៅដោយការលះបង់ខ្ពស់បំផុត ដើម្បីឈានទៅរកភាពជោគជ័យសម្រាប់មនុស្សទូទៅ។ ភាពខ្លាំងរបស់យុវជន ពុំអាចកាត់សេចក្ដីតាមរបៀបនិយាយអួតអាងបន្តិចបន្តួចនោះទេ ប៉ុន្តែត្រូវកាត់សេចក្ដីតាមរបៀបធ្វើពិតប្រាកដវិញ។ សម្ដីយុវជនខ្លះ នឹងក្លាយជាទឹកស្លុយបង្ហូរតាមលូរក្បែរលាមក នៅពេលដែលយុវជននិយាយពីរោះជាងប្រតិបត្តិ

ក្នុងប្រទេសអភិវឌ្ឍន៍ គេត្រូវការគំនិតបែបជាក់ស្ដែងនិយម ពុំមែនបែបទស្សននិយម ឬក៏មនោគមន៍វិជ្ជានិយមជ្រុលនោះទេ។ មួយវិញទៀត កត្តាដែលអាចកំណត់ភាពខ្លាំង ឬខ្សោយបាន ក៏ពុំមែនអាស្រ័យលើទង្វើយុវជនទាំងស្រុងនោះដែរ ប៉ុន្តែត្រូវមានអ្នកជ្រោមជ្រែងពិតប្រាកដ។ ទស្សនពុទ្ធនិយមបង្ហាញថា មនុស្សគ្រប់រូបត្រូវស្វែងរកផ្លូវត្រូវ ឬជំហាននៃការយល់ត្រូវ គ្រប់សកម្មភាពទាំងអស់ត្រូវដើរតាមមាគ៌ាត្រឹមត្រូវ។ ប៉ុន្តែក្នុងស្ថានភាពជីវិតជាក់ស្ដែង លែងគិតខុស គិតត្រូវហើយ រឿងដែលគិតគឺធ្វើយ៉ាងណារស់បានប្រយោជន៍។ បើជាយុវជនគួរពុំគួរ ក៏ត្រូវចាំបាច់យកខួរក្បាលទៅគិត, យកចិត្តទៅរំលាយភាពអំនួតចោលឲ្យអស់ចៀសវាងក្មេងចិត្តក្មេងគំនិត គិតតិចប្រព្រឹត្តខុសច្រើន

បុព្វបុរស ឬក៏មនុស្សខ្លាំងកាលពីសម័យអតីតកាល ពុំមែនជាមនុស្សទស្សននិយមហួសហេតុ ប៉ុន្តែជាមនុស្សដែលមានគំនិតបែបជាក់ស្ដែងនិយមច្រើនជាង (ប្រាកដនិយម)។ ប្រសិនជាយើងជាអ្នកអានវិញ គ្មានសៀវភៅណាប្រគល់អំណាចដល់មនុស្សទេ ប៉ុន្តែអ្នកគិត អ្នកបន្សុទ្ធ បូកនិងបទពិសោធជាក់ស្ដែងទេ ទើបសៀវភៅនោះអាចប្រគល់អំណាចជូនយើងបានយ៉ាងពិតប្រាកដ។ បើយុវជនវិញទ្រឹស្ដីពេក ក៏មិនល្អដែរ។ ខ្ញុំនិយាយតាម អ្នកប្រាជ្ញ រូបវិទ្យា អាញស្ដាញទេ។ ចំពោះមេដឹកនាំ ត្រូវសាបព្រោះអ្នកបដិបត្តិពិត
__
*ដកស្រង់ពីសៀវភៅ តម្រាទស្សនយុវជន ភាពជាអ្នកដឹកនាំ
*រូបភាពអ្នកសរសេរមានបំណងនិយាយអំពីការបង្រៀន

Cr. Lam Lay

Sunday, September 8, 2019

កម្ទេច​សៀវភៅ​ គឺកម្ទេចជាតិ




បើចង់បំផ្លាញ់វប្បធម៌នៃសង្គមមួយ​ អ្នកពុំបាច់ដុតកម្ទេចសៀវភៅចោលឱ្យអស់នោះទេ​ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ឱ្យក្នុងសង្គមលែងចង់អានសៀវភៅ​ គឺវាគ្រប់គ្រាន់ដើម្បីបំផ្លាញ់ប្រទេសជាតិទៅហើយ

ការអាន​ មិនអាចធ្វើឱ្យយើងទាំងអស់គ្នាក្លាយទៅជាអ្នកដឹកនាំបាននោះទេ​ ប៉ុន្តែ​វាអាចប្រាប់យើងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ ការអាន​ គឺជាផ្នែកមួយនៃការអប់រំ​។ មនុស្ស​ដែលមានការអប់រំខ្ពស់​ ធ្វើ​ឲ្យ​សង្គម​រីកចម្រើន​។ គ្រប់​ប្រទេស​ដែលរីកចម្រើនខ្លាំងក្លានិងមានការ​អភិវឌ្ឍ​ខ្លាំងទាំងអស់​ គឺសុទ្ធតែដោយសារប្រជាជនក្នុងរបស់នោះ(នៃដើមក្នុងសៀវភៅ​ ប៉ុន្តែ​ខ្ញុំ​គិតថាប្រហែលជាចង់និយាយថា​ ក្នុងរបបនោះ)មានចំណេះដឹងខ្ពង់ខ្ពស់។

ប្រទេស​ក្រីក្រ​ គឺជា​ភស្តុតាង​បង្ហាញ​ពីកម្រិត​នៃការយល់ដឹងរបស់ប្រជាជនឬមនុស្សក្នុងសង្គម។ វាមានន័យថា​ ការយល់ដឹង​របស់ប្រជាជនកម្រិតត្រឹមណា​ នោះកម្រិតនៃការរីកចម្រើនសង្គមនិង​ការ​អភិវឌ្ឍសង្គម​ ក៏ស្ថិត​ក្នុង​រង្វង់​នោះដែរ។ ជាសច្ចភាព​ ទ្រឹស្ដី​សកល​និងអនុវត្តជាសកលនៅគ្រប់ប្រទេសទាំងអស់​ និងគ្រប់សង្គមទាំងអស់សុទ្ធតែប្រកាសឱ្យតម្លៃខ្លាំងលើការអប់រំ។
លីក្វាន់យូ​ លើកឡើង​ថា​ អភិវឌ្ឍខួរក្បាលរបស់ប្រជាជនសង្ហិបុរីមុន

មេដឹកនាំ​អាហ្រ្វិក​ខាង​ត្បូង​ នែលសិន​ មែនដេឡា​(Nelson Mandela)ថា​ ការអប់រំ​ គឺជាអាវុធដ៏មាន​អនុភាព​ខ្លាំង​ក្លា​បំផុត​ សម្រាប់​ឱ្យ​យើងប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោកទាំងមូល
អតីត​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ លើកឡើង​ថា​ បើមិនខិតខំប្រឹងប្រែងរៀនសូត្រទេ​ នោះមានន័យថាអ្នកបានបោះបង់ប្រទេសរបស់អ្នកចោលហើយ។ ចំពោះ​ជីវិត​មនុស្ស​វិញ​ តាមពិតមនុស្សរស់នៅបានសុខ​ គឺដោយសារតែការប្រឹងប្រែងសង្វាតសិក្សា​ និងការប្រឹងអានសៀវភៅ។ មនុស្ស​ខ្លះដែលពុំសូវបានអាន​ គឺពួកគេស្លាប់ស្ទើររៀងរាល់ថ្ងៃ​ ពីព្រោះ​គេជួបបញ្ហាជីវិតរាល់ថ្ងៃ​ ហើយគេ​ត្អូញត្អែរ​នឹងជីវិតរាល់ថ្ងៃ។ ចំណេះដឹង​ច្រើន​ នាំឱ្យ​មានបញ្ហានៃជីវិតកាន់តែតិច​ ហើយចំណេះដឹងតិចគឺនឹងធ្វើឱ្យបញ្ហានៃជីវិតនឹងកាន់តែច្រើនឡើង

Cr. ”ប្រតិទិន​ទស្សន៣៦៥ថ្ងៃ​

ក្ដីសុខគឺជាការលះបង់



[... ជីវិត! គឺជាជង្រុកនៃតម្រូវការ... ] យើងត្រូវការក្ដីស្រឡាញ់ យើងត្រូវការកម្លាំងចិត្ដ យើងត្រូវការក្ដីសុខ យើងត្រូវការមិត្រភាព យើងត្រូវការសន្ដិភាព យើងត្រូវការការរស់នៅល្អប្រសើរ ប៉ុន្ដែតម្រូវការទាំងនោះវាតែងតែទាមទារការលះបង់ពីយើង ហើយមានតែការលះបង់ទេទើបយើងអាចទទួលបាននូវអ្វីដែលយើងចង់បាន ។ ចក្រវាឡបានបង្រៀនយើងថា " អ្វីមួយដែលយើងបានផ្ដល់ចេញទៅ វានឹងត្រឡប់មករកយើងវិញនៅថ្ងៃណាមួយមិនខាន បើយើងលះបង់ក្ដីស្រឡាញ់ចេញទៅ ក្ដីស្រឡាញ់នឹងត្រឡប់មកវិញ បើយើងលះបង់ស្នាមញញឹមទៅលើនរណាម្នាក់ ស្នាមញញឹមនោះនឹងត្រឡប់មករកយើងវិញ បើយើងលះបង់ភាពក្ដៅក្រហាយចេញទៅ សភាវៈចិត្ដនោះនឹងត្រឡប់មករកយើងវិញដូចគ្នា ហើយអ្វីដែលយើងមិនបានលះបង់ចេញទៅ គឺជាអ្វីដែលយើងមិនអាចបានទទួល "

ដ្បិតការលះបង់ខ្លះធ្វើឱ្យយើងឈឺចាប់ ប៉ុន្ដែការលះបង់នៅតែមានតម្លៃ ។ យើងពុំគួរស្ដាយក្រោយនូវសេចក្ដីល្អដែលយើងបានសាងទេ ទោះពេលខ្លះធ្វើល្អលើមនុស្សខុសក៏ដោយ ។ មិនថាមនុស្សល្អឬមនុស្សអាក្រក់ទេ គ្រប់មនុស្សដែលដើរចូលក្នុងជីវិតយើង សុទ្ធតែជាចំណែកនៃមេរៀនជីវិតរបស់យើង ។ មនុស្សអាក្រក់ ផ្ដល់ឱ្យយើងនូវបទពិសោធ ។ មនុស្សល្អ ផ្ដល់ឱ្យយើងនូវទំនុកចិត្ត និងក្ដីស្រឡាញ់ ។ ដំណើរជីវិត ផ្ដល់ឱ្យយើងនូវមេរៀន និងការចងចាំ

មិនសំខាន់ថាយើងមានមិត្តច្រើនប៉ុនណាទេ សំខាន់តើមានមិត្តល្អប៉ុន្មាននាក់ ? មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តម្នាក់ដែលអាចប្រឹក្សា និងស្ដាប់ពាក្យក្នុងចិត្តគ្នាទៅវិញទៅមក ។ មិនសំខាន់មានមិត្តច្រើនទេ សំខាន់មានមិត្តភក្ដិដែលចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ។ ក៏មិនសំខាន់ដំណើរជីវិតជួបមនុស្សបែបណាខ្លះទេ សំខាន់តើមនុស្សដែលយើងស្គាល់បានបន្សល់អ្វីខ្លះសម្រាប់ថ្ងៃក្រោយ និងការចងចាំរបស់យើង ៕

Cr. ប្រាជ្ញាជីវិត