Wednesday, March 4, 2020

ត្រូវកែចរិត ?



លក្ខណៈរបស់មនុស្សស្រឡាញ់ផ្កា ភាគច្រើនចិត្តល្អ ។ លក្ខណៈរបស់មនុស្សស្រឡាញ់ធម្មជាតិ ភាគច្រើនមានមេត្តាធម៌ ។ លក្ខណៈរបស់មនុស្សស្រឡាញ់ការប្រឹងប្រែង ភាគច្រើនមានអនាគតល្អ ។ លក្ខណៈរបស់មនុស្សចូលចិត្តប្រជែង ភាគច្រើនគឺអាត្មានិយម ។ លក្ខណៈមនុស្សចូលចិត្តពាក្យសរសើរ ភាគច្រើនជាមនុស្សជោរ ។ លក្ខណៈរបស់មនុស្សចូលចិត្តហ៊ឺហារដាច់បង្ហៀរ ភាគច្រើនជាមនុស្សក្រីក្របំផុត ។ លក្ខណៈរបស់មនុស្សចិត្តល្អ ភាគច្រើនគឺទទួលបានការទុកចិត្ត និងក្ដីស្រឡាញ់ពីមជ្ឈដ្ឋានដែលគេកំពុងរស់នៅ ។

ចរិតយើងបែបណាលទ្ធផលជីវិតយើង គឺបែបហ្នឹង ពេលខ្លះចំណូលចិត្តបន្ដិចបន្តួចវាក៏អាចកំណត់ពីអនាគតយើងបានដែរ ។ បើយើងចូលចិត្តដើរជាមួយជនពាល មិនយូរមិនឆាប់យើងនឹងក្លាយជាជនពាល ។ បើយើងចូលចិត្តដើរជាមួយអ្នកសិក្សា មិនយូរមិនឆាប់យើងនឹងមានការយល់ដឹងពីហេតុផលមួយចំនួននៃលក្ខខណ្ឌជីវិត ។ បើយើងចូលចិត្តដើរជាមួយអ្នកប្រមឹកអួទីនួ មិនយូរមិនឆាប់យើងនឹងក្លាយជាជនប្រមឹកអួទីនួ បាត់បង់ទាំងសតិ បាត់ទាំងសុខភាព ។ បើយើងចូលចិត្តដើរជាមួយអ្នកងប់ងុលនឹងល្បែងស៊ីសង មិនយូរមិនឆាប់យើងនឹងរលាយទ្រព្យ បាត់ទាំងញាតិ អាស្រូវទាំងកេរ្តិ៍ ។

គប់ស្រា យើងនឹងក្លាយជាមិត្តរបស់អ្នកផឹកស្រា ។ គប់បណ្ឌិត យើងនឹងមានមិត្តជាវិញ្ញូជន ។ គប់ជនពាល យើងនឹងក្លាយជាសំរាមសង្គម ។ គប់សភាវៈបែបណា ជីវិតគឺបែបហ្នឹង ។
មនុស្សជាច្រើនបានបន្ទោសព្រហ្មលិខិត នៅពេលដែលពួកគេជួបវាសនាមិនល្អ ។ ប៉ុន្ដែមនុស្សឆ្លាត តែងឈ្វេងយល់ពីវាសនាមិនល្អ នៅពេលពួកគេចួបវាសនាមិនល្អ ។ មេទ័ពចាញ់សង្គ្រាម តែងប្រឹងប្រែងស្វែងយល់ពីសង្គ្រាម ដើម្បីប្រសិទ្ធភាពនៃការដឹកនាំទ័ពបន្ដទៀត ។ មនុស្សបរាជ័យតែងប្រឹងសឈ្វេងយល់ពីការបរាជ័យ ដើម្បីបន្ដដំណើរជីវិតទៅមុខទៀត ។ ជីវិតមានតែប៉ុណ្ណឹង!.. ហើយនេះក៏ជាហេតុផលដែលព្រះពុទ្ធបានផ្ដល់ឱវាទ ឱ្យយើងអប់រំខ្លួនជាមួយការមិនប្រហែសធ្វេស ។ មាគ៌ានៃការ មិនប្រហែសធ្វេស គឺការតាំងសតិរលឹកដឹងជានិច្ច ។ ការរលឹកដឹងជានិច្ចថា បើទង្វើនោះមិនត្រូវ គឺត្រូវតែឈប់ ។ ការរលឹកដឹងថាសភាវៈណាមិនត្រឹមត្រូវ គឺត្រូវជៀសឲ្យឆ្ងាយ ។ ការរលឹកដឹងថាឥរិយាបថបែបណាគួរប្រតិបត្តិ ដើម្បីឱ្យជីវិតបានប្រសើរ និងឥរិយាបថបែបណា គួរជៀសឲ្យឆ្ងាយ ។ បើចង់បានសួនផ្កាល្អលើផ្លូវជីវិត ជាដំបូងយើងត្រូវកែប្រែខ្លួនទៅតាមមាគ៌ានៃចរិយាធម៌ជាមុនសិន ៕

_____

Monday, March 2, 2020

បំភ្លេចអតីតកាល



យើងបានដើរមកដល់ទីនេះ គឺបានន័យថាយើងបានងើបចេញពីអតីតកាលហើយ ហើយយើងនៅពេលនេះ ក៏មិនមែនជាយើងកាលពីមុនទៀតដែរ ។ ពីមុនប្រហែលជាយើងបានសាងកំហុសមិនតិចទេ តែវាក៏បានបង្រៀនយើងពីហេតុផលជីវិតច្រើនហើយដែរ ។ ពេលវេលាចេះតែដើរទៅមុខ ទៅថ្ងៃក្រោយក៏មិនប្រាកដថាយើងនឹងសមបំណងរហូតទៀតដែរ គ្រាន់តែព្យាយាមរស់ថ្ងៃនេះឱ្យល្អតាមលទ្ធភាពទៅបានហើយ ។ រឿងអាក្រក់ៗដែលធ្លាប់កើតឡើង ពេលខ្លះយើងមិនចង់ចួបទេ ប៉ុន្ដែទោះចង់ឬមិនចង់ ជីវិតនៅតែរុញយើងទៅឆ្លងកាត់រឿងទាំងនោះ ។ រសជាតិខ្លះវាប្រៃខ្លាំង ហើយក៏ហឹរខ្លាំង តែទោះប្រៃប៉ុនណា ឬហឹរខ្លាំងប៉ុនណា ក៏បានកន្លងផុតទៅហើយដែរ ។ ឈប់សោកសៅហើយសម្លឹងទៅមុខ ព្រោះមានមនុស្សច្រើនណាស់ ដែលកំពុងចាំមើលលទ្ធផលជីវិតរបស់យើង ។

អតីតកាលអ្នកណាក៏មាន គ្រាន់តែវាល្អ និងមិនល្អ វាតិចឬច្រើនប៉ុណ្ណោះ !.. រឿងដែលសំខាន់គឺបច្ចុប្បន្ន និងអនាគត ព្រោះយើងពុំអាចវិលទៅអតីតកាលវិញបានទេ រឿងខ្លះគ្មានវិធីជួសជុលឡើយ ។ ការពិតនៅចំពោះមុខទើបជារឿងសំខាន់ ។ ខ្ញុំដឹងថាការយល់ព្រមដោះលែងខ្លួនឯងពីគុកអតីតកាល វាពិតជាលំបាក ប៉ុន្ដែការឈឺចាប់ដែលយើងកំពុងត្រាំត្រែង វាពុំប្រសើរឡើយ សម្រាប់របត់ថ្មីនៃផ្លូវជីវិត ។ កាលពីមុន ប្រហែលមកពីយើងពុំទាន់យល់ពីហេតុផលជីវិតច្បាស់លាស់ ទើបយើងសាងកំហុសឡើងមក ហើយក៏ប្រហែលមកពីយើងនៅខ្ចីគំនិត ទើបបង្កើតបានអតីតកាលមួយដ៏ជូរចត់ និងគួរឱ្យសោកស្ដាយ ។ ពពកខ្មៅកាលពីថ្ងៃមុនបានរសាត់ទៅបាត់ហើយ ហើយពន្លឺព្រះអាទិត្យដែលធ្លាប់តែរះ ក៏នៅដូចដើមដែរ ដង្ហើមយើងនៅតែមាន សំខាន់ត្រូវរស់ថ្ងៃនេះឱ្យបានល្អ ឈប់សោកសៅនឹងរឿងដែលកន្លងហួស ព្រោះយើងមិនបានរស់នៅទីនោះទៀតទេ ៕
______


ចក្រភពនៃច្បាប់ !



នៅពេលដែលយើងនិយាយពីភាពជាអ្នកដឹកនាំ យើងតែនឹកទៅដល់ភាពជាអ្នកត្រាយផ្លូវ ឬភាពជាអ្នកចង្អុលផ្លូវ ឬហៅថាស្នូលនៃក្ដីសង្ឃឹម ។ មិនថាត្រូវដឹកនាំអង្គភាពបែបណាទេ សំខាន់បំផុតគឺទឹកចិត្ត ។ ទោះច្បាប់វិន័យក្រឹត្យក្រមយ៉ាងណា តែបើមនុស្សគ្មានទឹកចិត្តទេ នោះអង្គភាពនឹងរង្គោះរង្គើ ។ ប្រទេស - ឈីង - ដ្បិតទន់ខ្សោយ តែកងទ័ពក្លាហាន ប្រជារាស្ត្រមានស្មារតីជាតិនិយម អត់ធ្មត់ និងពូកែតស៊ូ ។ ថ្វីដ្បិតតែសំបូរធនធាន តែមិ... មានត

គ្រួសារ !




មិនថាខាងក្រៅមេឃភ្លៀងខ្លាំងប៉ុនណា មិនថាខ្យល់ត្រជាក់យ៉ាងណា ទោះខាងក្រៅស្អាតប៉ុនណា ក៏ចុងក្រោយយើងនៅតែត្រូវវិលទៅរកផ្ទះយើងវិញដដែល ។ សម្រាប់អ្នកមានផ្ទះ នឹងអាចវិលទៅបានគ្រប់ពេល តែសម្រាប់អ្នកគ្មានផ្ទះវិញ គេនឹងទុកពិភពលោកជាផ្ទះខ្លួនឯង ហើយក៏អាចរីករាយនឹងក្ដីសុខបន្ដិចបន្តួច រួចក៏បន្ដដំណើរទៅមុខទៀតបានដែរ ។ តាមពិតយើងគ្រប់គ្នាសុទ្ធតែមានគ្រួសារ ហើយដោយសារភាពជាគ្រួសារ ទើបយើងចេះស្រឡាញ់ និងយកចិត្តទុកដាក់នឹងគ្នា ។ ... មានត

បើអាចលាក់បាំង



បើអាចលាក់បាំងបាន គួរតែលាក់រហូត ហើយលាក់ឱ្យជិត តែបើលាក់មិនជិត សូមត្រៀមចិត្តទទួលការឈឺចាប់ផងទៅចុះ!! ក្នុងលោកនេះរឿងរ៉ាវជីវិតមនុស្ស គ្មានអាថ៌កំបាំងទេ ប្រសិនបើមិនចង់ឱ្យគេដឹង លុះត្រាតែយើងកុំប្រព្រឹត្ត ។ បើយល់ថាការលាក់បាំងវាគឺជាការផ្ដល់នូវសេចក្ដីសុខ នោះយើងទទួលបានក្ដីសុខនៅក្នុងការលាក់បាំងដូចគ្នា! ។ ហ៊ានប្រឈមមុខនឹងការពិត វាជាភាពថ្លៃថ្នូរ និងជាកិត្តិយស ទោះកំហុសនោះវាធំប៉ុនណា ក៏គ្រប់គ្នាមើលឃើញរឿងមួយដែរ នោះគឺទំនួលខុសត្រូវរបស់យើង យើងចេះទទួលខុសត្រូវលើជីវិតខ្លួនឯង ។ ការរស់នៅជាមួយនឹងការកុហក វាគ្រាន់តែជាសេចក្ដីសុខក្លែងក្លាយមួយប៉ុណ្ណោះ !!!

_______

Sunday, March 1, 2020

ប្រឹងរស់



ទោះទ្រឹស្ដីហេតុផលពីរោះស្ដាប់យ៉ាងណា ក៏មិនអាចព្យាបាលដួងវិញ្ញាណដែលខ្ទេចខ្ទាំបានដែរ ។ របួសផ្លូវកាយអាចព្យាបាលដោយថ្នាំ តែរបួសផ្លូវចិត្តវិញ តើយកអ្វីមកព្យាបាល ? ប្រហែលច្រើនលើកហើយ ដែលយើងតែងតែលើកទឹកចិត្តខ្លួនឯងរាល់ពេលចួបបញ្ហាម្ដងៗ ប៉ុន្ដែគ្រប់យ៉ាងគ្រាន់តែជារឿងកុហកប៉ុណ្ណោះ! ពាក្យថាមិនអីទេ, ពាក្យថាស៊ូៗ ជាពាក្យច្រំដែលទៅហើយ ចុះតើពេលណាទើបអាចដើរចេញពីពាក្យទាំងនេះបាន ? ឬមួយជីវិតនេះត្រូវតែបែបនេះរហូតឬ ? .......

យើងក៏មានរបៀបគិតរបស់យើង



ញ៉ាំអាហារមួយតុគ្នាដប់នាក់ ម្នាក់ៗប្រាកដជាទទួលបានរស់ជាតិខុសៗគ្នា ។ អាហារដូចគ្នា តែអ្នកខ្លះឆ្ងាញ់ ឯអ្នកខ្លះទៀតមិនឆ្ងាញ់ អ្នកខ្លះប្រៃ អ្នកខ្លះសាប ម្លោះហើយជីវិតក៏មិនខុសគ្នាដែរ ។ គេមានរបៀបគិតរបស់គេ យើងមានរបៀបគិតរបស់យើង ។ វាគ្មានប្រយោជន៍អ្វីឡើយ នៅពេលដែលយើងតែងតែទុកការយល់ឃើញរបស់អ្នកដទៃជារឿងសំខាន់ ។ ដ្បិតអ្នកដទៃ! យ៉ាងណាក៏នៅតែជាអ្នកដទៃ ។ គេមិនមែនយើង គេគ្មានថ្ងៃយល់ពីយើងទេ ។ ... 

ដល់ពេលដែលគិតម្ដងទៀត



នៅពេលដែលការខិតខំប្រឹងប្រែងរបស់យើងវាគ្មានបានប្រយោជន៍អ្វី យើងនឹងអស់កម្លាំងចិត្ត ហើយឈឺចាប់! ។ នៅពេលដែលយើងបានដឹងថាការប្រឹងប្រែងរបស់យើង វាគ្មានន័យសម្រាប់គេ យើងនឹងដឹងថាវត្តមានរបស់យើង គឺជាការរំខានរបស់គេ ។

មនុស្សដែលមើលមកយើងក្នុងក្រសែភ្នែកល្អ គង់នឹងមើលឃើញភាពល្អរបស់យើង តែសម្រាប់មនុស្សដែលមិនពេញចិត្តយើងវិញ ទោះខំប្រឹងធ្វើល្អដល់ស្លាប់ខ្លួន ក៏គេមិនឱ្យតម្លៃយើងដែរ ។ ប៉ុន្ដែតើយើងនឹងចង់បានតម្លៃពីគេឬ?

ក្ដីសង្ឃឹម



មួយថ្ងៃ មួយខែ មួយឆ្នាំ វាបានកន្លងផុតហើយ អ្វីដែលត្រូវធ្វើបន្ដគឺមើលទៅមុខ ។ ការរៀបទស្សនៈវិស័យច្បាស់ នឹងនាំឱ្យយើងមិនវង្វេងផ្លូវ ។ លោកស្រី ម៉ាស៊ែល អូបាម៉ា (Michelle Obama) បាននិយាយថា " អ្នកត្រូវហ៊ានធ្វើអ្វីដែលថ្មី កុំខ្លាចក្នុងការដើរចេញពីភាពស្រណុកស្រួលរបស់អ្នក " ពាក្យថាតស៊ូ ឬខំប្រឹងប្រែង វាពុំដែលស្រួលឡើយ ប៉ុន្ដែផ្លែផ្ការបស់វា គឺតែងតែផ្ដល់ក្ដីសុខសម្រាប់យើងជានិច្ច ។ រស់នៅត្រូវមានគោលដៅ ញញឹម សង្ឃឹម ជឿជាក់ ផ្លាស់ប្ដូរ

_______


កែចរិតភ្លើតភ្លើន



ដឹងហើយថាលុយមិនអាចទិញពេលវេលា តែលុយជាអ្នកបង្កើតក្ដីសុខ ។ ដឹងហើយថាលុយមិនអាចទិញក្ដីស្រឡាញ់ពិតប្រាកដបាន តែបើគ្មានលុយ គ្មាននរណាគេចង់រាប់រកយើងទេ កុំថាឡើយដល់ថ្នាក់សាងសុភមង្កល ។ ដឹងហើយ ថាលុយមិនអាចទិញអ្វីៗគ្រប់យ៉ាងតាមចិត្តបាន តែបើយើងបាតដៃទទេ នោះអ្វីក៏អត់មានដែរ ។

សង្គមសព្វថ្ងៃគឺសង្គមចាយលុយ ដើម្បីដើរចូលក្នុងសង្គមចុះ លុះណាតែយើងឆើតឆាយដែរ ហើយដើម្បីឆើតឆាយ លុះត្រាតែយើងមានលុយទិញសម្ភារៈទាន់សម័យប្រើប្រាស់ ។ កាហ្វេមួយកែវយ៉ាងហោចណាស់ ក៏$1 ទៅ$2 ដែរ ។ គ្រាន់តែពាក់ស្បែកជើងមិនទាន់សម័យ ជិះម៉ូតូចាស់បន្ដិច សម្ភារៈប្រើប្រាស់មិនទំនើប ញ៉ាំអាហារតាមចិញ្ចើមផ្លូវ ក៏គេមើលលើមើលក្រោមដែរ កុំថាឡើយដល់ថ្នាក់ឱ្យគេរាប់អាននោះ ហើយបើជាមនុស្សប្រុសវិញ ច្បាស់ណាស់ គឺគ្មានស្រីណាយកភ្នែកមើលទេ ។

គិតៗទៅសង្គមកាន់តែជឿនលឿន មនុស្សកាន់តែប្រជែង កាន់តែប្រជែងមនុស្សកាន់តែឃ្លាតចាកពីសន្ដានចិត្តល្អដែលមានពីធម្មជាតិ ។ អ្នកខ្លះយល់ថារាប់អានអ្នកក្រ ធ្វើឱ្យខ្មាសគេ ក្រោយមកក៏បង្កើតបានជាចិត្តគំនិតមើលងាយគ្នា ។ អ្នកខ្លះក្រទេ តែគួរឱ្យចូលចិត្ត គួរឱ្យស្រឡាញ់រាប់អាន ។ តាមពិតយើងមានជីវិតដូចគ្នា ពេលវេលាមួយថ្ងៃដូចគ្នា ហើយអ្វីដែលយើងខុសគ្នា គឺចរិតលក្ខណៈ ។ អ្នកខ្លះមានទាំងលុយ មានទាំងតម្លៃ មានទាំងញាតិ មានទាំងកិត្តិយស ។ ឯអ្នកខ្លះទៀត មានតែលុយតែខ្វះតម្លៃ មានតែលុយតែខ្វះញាតិ មានតែលុយតែជីវិតហាក់ដូចជាឯកោ ។ អ្នកខ្លះគិតថាក្រគ្មានគេរាប់ តែអ្នកខ្លះទៀតមានហើយនៅតែគ្មានគេរាប់ ។ ទាំងនេះគឺជាចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ ហើយវាក៏ជាអ្នកកំណត់តម្លៃរបស់មនុស្សម្នាក់ៗដែរ ។

ដូចនេះ! បើយើងក្រ កុំចង់សប្បាយដូចអ្នកមាន ។ បើយើងកំពុងលំបាក កុំឆ្លៀតបំផ្លាញសមិទ្ធផលបន្តិចបន្តួចនៃជីវិត ។ ពេលក្រត្រូវចេះប្រឹង ពេលមានបានកុំភ្លើតភ្លើនតាមគេអី! ។ ការហក់លោតតាមជំនោរសង្គមដោយខ្វះការពិចារណា វានឹងធ្វើឱ្យយើងខាតបង់ ។ ខណៈពេលដែលយើងកំពុងវក់វីនឹងរឿងសប្បាយច្រើនលើសកម្រិត កុំភ្លេចថា ទុក្ខសោក និងក្ដីវេទនានៅថ្ងៃមុខកំពុងរង់ចាំយើង ។ បើយើងចេះតស៊ូ ចេះប្រឹង ចេះតម្រង់ចរិតលក្ខណៈ ចេះប្រើកាលៈទេសៈជីវិតខ្លួនឯងឱ្យបានត្រឹមត្រូវ ទោះតិចឬច្រើនក៏ដោយ យើងនឹងបានផ្លែផ្កានៅថ្ងៃអនាគត ។ " ប្រឹងរកលុយ ទាន់ខ្លួននៅក្មេង ប្រឹងរកលុយទាន់នៅមានកម្លាំង "
______

Wednesday, February 19, 2020

ប្រភពនៃការបំផ្លាញ



មានប្រភពចម្បងពីរយ៉ាង ត្រូវបានគេសន្មតថាអាចបំផ្លាញសង្គមជាតិមួយឱ្យវិនាសអន្តរាយ ហើយគេពុំអាចចាប់ថ្នាក់បានថាជាអំពើឧក្រិដ្ឋកម្មថែមទៀតផង ។ ប្រភពទីមួយ គឺច្បាប់អាក្រក់ ហើយប្រភពទីពីរ គឺមនុស្សអាក្រក់ ។ ភាពអាក្រក់ទាំងពីរយ៉ាងខាងលើនេះ បើបានចួបគ្នាពេលណា ការវិនាសនឹងកើតមានដោយពុំមាននរណាម្នាក់បានដឹងខ្លួនឡើយ ។ សាកនឹកស្រមៃទៅមើលថា នៅពេលមនុស្សអសីលធម៌ម្នាក់បានកាន់កាប់អំណាច ហើយអនុវត្តទៅតាមច្បាប់អាក្រក់ តើគេនឹងធ្វើអ្វីដើម្បីសង្គម? គឺបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គម និង បណ្ដោយឱ្យមានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធមែនទេ?

ប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញអំពីការពិតដ៏អមតៈមួយថា មនុស្សដែលកាត់បំពង់កជាតិសាសន៍របស់ខ្លួន នៅទីបញ្ចប់ពួកគេក៏បានដាច់បំពង់កខ្លួនឯងដែរ ។ ប៉ុន្តែ មុននឹងពួកគេត្រូវវិនាសដោយមកអំពីសកម្មភាពរបស់ខ្លួន មានមនុស្សច្រើនណាស់បានរងគ្រោះព្រោះតែសកម្មភាពនេះ ។ ហេតុដូច្នេះហើយ បានជាសង្គមត្រូវការច្បាប់មួយដែលល្អ កាលណាមានច្បាប់ល្អមនុស្សអាក្រក់ក៏មិនអាចធ្វើសកម្មភាពទៅតាមទំនើងចិត្តរបស់ខ្លួនបានឡើយ ។ ពិតមែនហើយថា យើងមិនអាចកម្ចាត់មនុស្សអាក្រក់បានទាំងស្រុងនោះទេ ពីព្រោះពួកគេក៏កំពុងតែរកវិធីដើម្បីបានគេចចេញពីសំណាញ់ច្បាប់ដែរ ។ ប៉ុន្តែ បើមនុស្សល្អមានសេចក្តីក្លាហានក្នុងការអនុវត្តច្បាប់ ហើយបន្តបង្កើនចំនួនឱ្យកាន់តែច្រើន នោះមនុស្សអាក្រក់នឹងមិនអាចធ្វើសកម្មភាពបានដោយស្រួលឡើយ ។

មនុស្សយើងម្នាក់ៗមានសតិសម្បញ្ញៈ ដែលជាអ្នកមានតួនាទីចាំឃ្លាំមើលរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង ។ មែនទែនទៅវាមិនត្រឹមតែចាំឃ្លាំមើលតែនៅលើការប្រព្រឹត្តមួយមុខនោះទេ សូម្បីតែការគិតក៏ឋិតនៅក្រោមការត្រួតពិនិត្យរបស់សន្តិសុខ ដែលអត់ទទួលយកប្រាក់ខែនេះដែរ ។ ប៉ុន្តែ មានមនុស្សច្រើនណាស់ បានក្បត់នឹងសតិសម្បញ្ញៈរបស់ខ្លួនទៅប្រព្រឹត្តទង្វើអសីលធម៌ និងដែលបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅកាន់សង្គម ។ ត្រូវចងចាំថា យើងគ្រប់គ្នាមានករណីយកិច្ចមួយយ៉ាងសំខាន់ គឺការទទួលខុសត្រូវនូវរាល់សកម្មភាពរបស់ខ្លួន ដែលស្តែងចេញតាមរយៈ កាយ វាចា និង ចិត្ត ។ មនុស្សដែលព្យាយាមបំពេញករណីយកិច្ចរបស់ខ្លួន មានន័យថា គេកំពុងតែដើរនៅលើមាគ៌ាមួយដ៏ឧត្តម ពោលគឺលាងជម្រះភាពអវិជ្ជាដែលមាននៅក្នុងសន្ដានចិត្ត និង គំនិតរបស់គេ ៕


មិនយល់ចរិតលក្ខណៈ



​មិន​យល់ចិត្ត​សាស្រ្ត​ ​អាន​សៀវភៅ​យុទ្ធ​សាស្រ្ត​យល់​យ៉ាង​លំបាក​។​ ​មិន​យល់​យុទ្ធ​សាស្រ្ត​ ​អាន​សៀវភៅ​នយោបាយ​យល់​យ៉ាង​លំបាក​។​ ​នយោបាយ​ ​គឺជា​សង្គ្រាម​ដែល​មនុស្ស​ម្នា​ក់ៗ​មានជីវិត​ច្រើន​ ​តែ​ក្នុង​សង្គ្រាម​ជាក់ស្តែង​វិញ​ ​មនុស្ស​ម្នា​ក់ៗ​មានជីវិត​តែមួយគត់​។​ ​សម័យ​សង្គ្រាម​ ​អ្នក​សក់ស​ដុត​សព​អ្នកសក់​ខ្មៅ​ ​តែ​សម័យ​សន្តិភាព​ ​អ្នក​សក់ខ្មៅ​ដុត​សព​អ្នក​សក់ស​។​ ​នេះ​មានន័យថា​ ​កិច្ចការ​សង្គ្រាម​និង​នយោបាយ​ ​គឺ​យក​លទ្ធផល​ ​(​ខ្លាំង​)​ ​និង​ជ័យជម្នះ​ជាធំ​។​ ​ចុះ​ចំណែក​ចិត្ត​សាស្រ្ត​វិញ​ ​ពាក់ព័ន្ធ​គ្នា​យ៉ាងណា​?​ ​ចេះ​ចិត្ត​សាស្រ្ត​ ​ងាយ​នឹង​ដឹងចិត្ត​សត្រូវ​។​ ​ដឹងចិត្ត​សត្រូវ​ ​ងាយ​នឹង​រៀប​យុទ្ធ​សាស្រ្ត​ត្រូវ​។​ អ៊ីចឹង​ហើយ​ក្នុង​យុទ្ធ​សាស្រ្ត​សង្គ្រាម​ ​បុគ្គល​ដែល​ជា​អ្នក​រៀបចំ​យុទ្ធ​សាស្រ្ត​ ​គឺ​កម្រ​នឹង​មាន​អ្នក​ស្គាល់​ខ្លាំង​ណាស់​។​ ​មធ្យោបាយ​នេះ​ ​មាន​មេដឹកនាំ​ខ្មែរ​ជំ​នាន់​ចាស់​ៗ​បាន​យក​មក​ប្រើជា​ច្រើន​ ​ដូចជា​អ្នកខ្លះ​មាន​ឈ្មោះច្រើន​ ​ហើយ​អ្នកខ្លះ​ ​អ្នក​ក្រោម​ឬ​សត្រូវ​មិនដឹង​សមាសភាព​ផង​។​ ​នេះ​ជា​យុទ្ធ​សាស្រ្ត​និង​ចិត្ត​សាស្រ្ត​។​ ​ចុះ​យុទ្ធ​សាស្រ្ត​និង​នយោបាយ​?​ ​

បើ​យើង​សិក្សា​ស៊ីជម្រៅ​ច្បាប់​ធម្មជាតិ​ ​យើង​នឹង​ឃើញថា​ ​“​ខ្មៅ​បង្កើត​ស​។​ ​ល្អ​បង្កើត​អាក្រក់​។​ ​ខ្ពស់​បង្កើត​ទាប​។​ ​វែង​បង្កើត​ខ្លី​។​ ​មនុស្ស​ល្អ​បង្កើត​មនុស្ស​អាក្រក់​។​ ​ខ្លាំង​បង្កើត​ខ្សោយ​។​ ​មាន​បង្កើត​អត់​ ​ហើយ​អត់​បង្កើត​មាន​”​​ ​នេះ​ជា​ទ្រឹ​ស្តី​អ្នកប្រាជ្ញ​ចិន​ ​ឡៅ​ ​ជឺ​ ​ហើយ​ព្រះពុទ្ធ​ ​ក៏បាន​សម្តែង​ស្រ​ដៀង​ៗ​ដែរ​ ​ដ្បិត​នេះ​ជា​ច្បាប់​ធម្មជាតិ​។​ ​សម្គាល់​មនុស្ស​ល្អ​ម្តេច​កើត​ ​បើ​គ្មាន​មនុស្ស​អាក្រក់​ប្រៀបធៀប​ផង​ហ្នឹង​។​ ​សម្គាល់​ស្រី​ស្អាត​យ៉ាងម៉េច​ ​បើ​យើង​មិនដែល​ធ្លាប់​ជួប​ ​ឬ​ឃើញ​ស្រី​អាក្រក់​ផង​ហ្នឹង​។​ ​ខ្ញុំ​បាន​អាន​សៀវភៅ​បរទេស​ជាច្រើន​ទាក់ទង​នឹង​ទ្រឹ​ស្តី​នយោបាយ​ ​មិនថា​ចិន​ ​ឬ​អ្នកប្រាជ្ញ​កល​យុគ​សង្គ្រាម​បស្ចិមប្រទេស​ ​និង​ជាពិសេស​ឥណ្ឌា​។​ ​អ្វី​ដែល​ខ្ញុំ​សម្គាល់​ឃើញ​ ​គឺ​នយោបាយ​ ​វា​ផ្តោត​សំខាន់​លើ​រឿង​ឈ្នះ​ ​លើ​រឿង​ខ្លាំង​ ​និង​កម្លាំង​ពិត​។​ ​អ្នក​ដែល​យល់ថា​សីលធម៌​ជាប់ពាក់ព័ន្ធ​នឹងន​យោ​បាយ​ ​គឺ​អ្នកនោះ​មិន​យល់​ពី​នយោបាយ​ទេ​។​ ​រី​ចំពោះ​ទស្សនវិទូ​ ​និង​អ្នកនយោបាយ​ ​គឺ​មាន​ចរិតលក្ខណៈ​ខុសគ្នា​។​ ​យើង​ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាង​ទស្សនវិទូ​ ​និង​អ្នកនយោបាយ​ ​ដ្បិត​កម្រមាន​ទស្សនវិទូ​ធ្វើនយោបាយ​ណាស់​។​ ​មូលហេតុ​អ្វី​?​

​ទស្សនវិទូ​ភាគច្រើន​ ​គឺជា​អ្នក​សរសេរ​ក្បួន​ ​ផ្តល់​គំនិត​ ​ឬ​អ្នកខ្លះ​សរសេរ​ដើម្បី​គាំទ្រ​បដិវត្តន៍​ ​(​ឱ្យ​មនុស្ស​ចូលរួម​បដិវត្តន៍​)​។​ ​ក្រោយមក​ ​អ្នកនយោបាយ​យក​ក្បួន​យក​ទៅ​ប្រតិបត្តិ​។​ ​យុវជន​យើង​គួរ​ត្រូវ​សង្វាត​ប្រឹង​ស្រាវជ្រាវ​ប្រភព​បរទេស​ ​ឱ្យ​ច្រើនជាង​ប្រភព​ខ្មែរ​ ​ដ្បិត​ចំណេះដឹង​ទស្សនវិជ្ជា​នយោបាយ​ ​ខ្មែរយើង​មិនទាន់​មានការ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ទេ​។ ចរិត​ខ្មែរ​ក្រោយ​សង្គ្រាម​ ​គឺ​ខ្លាច​នយោបាយ​សម្បើម​ណាស់​ ​ដ្បិត​នយោបាយ​ ​គឺ​ស្មើនឹង​សង្គ្រាម​។​ ​ជា​ប្រវត្តិ​សាស្រ្ត​ ​ឱ្យ​តែ​សង្គ្រាម​កើ​ត​ម្តង​ៗ​ ​ពិតជា​វេទ​នា​ណាស់​!​!​ ​អ្នកចេះដឹង​ខ្លះ​ ​ហ៊ាន​វិភាគ​ស្ថានភាព​នយោបាយ​ថៃ​ ​ដែល​ជា​ប្រទេស​ក្បែរ​ខាង​ខ្លួន​ ​តែ​ដល់ពេល​នយោបាយខ្មែរ​កើត​វិប​ត្តិ​ម្តង​ៗ​ ​គឺ​មាន​អ្នក​និយាយតិច​ ​ហើយ​កាន់តែ​តិច​ទៅទៀត​នោះ​ ​គឺ​អ្នក​និយាយ​ការពិត​ ​និយាយ​ឱ្យ​ត្រូវ​ ​និយាយ​ឱ្យ​ក្លាហាន​ ​ឬ​និយាយ​ដោយ​មិន​ជាប់​និន្នាការ​បក្ស​ ​(​មិន​មាន​ច្រើន​)​។​ ​ដោយសារតែ​បែបនេះ​ហើយ​ ​ទើប​យុវជន​ភាគច្រើន​ខ្សោយ​ការ​គិត​ផ្នែក​នយោបាយ​ ​ផ្នែក​ទស្សនៈ​ ​ផ្នែក​យុទ្ធ​សាស្រ្ត​ ​ផ្នែក​ចិត្ត​សាស្រ្ត​ ​ជាពិសេស​សង្គមវិជ្ជា​.​.​.​.​បែងចែក​គ្នា​មិន​ដាច់​ស្រឡះ​ ​កុំ​រស់នៅ​តែ​ក្នុង​ឧត្តមគតិ​និយម​ហួសហេតុ​ពេក​។​

​សំណេរ​នេះ​ ​ខ្ញុំ​ចែករំលែក​ឱ្យ​មនុស្ស​ចេះ​សម្គាល់​អ្នកនយោបាយ​ ​ជាពិសេស​ក្នុង​ស្ថានភាព​អ្នកនយោបាយអនុវត្ត​យុទ្ធ​សាស្រ្ត​ ​តែ​មិនមែន​ឱ្យធ្វើ​ចរិត​ស្មោកគ្រោក​ដូច​អ្នកនយោបាយ​ ​ស្រប​ពេល​ដែល​ខ្លួន​ជា​រាស្រ្ត​ រស់​សាមញ្ញ​ ​ធ្វើស្រែ​ចម្ការ​ ​ហក់លោត​យកគំនិត​សាម​កុក​មក​វាយប្រហារ​គ្នាឯង​ទេ​។​ ​បែងចែក​ឱ្យ​ដាច់​​រវាង​រាស្រ្ត​ ​និង​ចរិត​អ្នកធ្វើ​នយោបាយ​។​ ​មនុស្ស​មាន​ក្បាល​ ​មិន​ប្រាកដ​ថា​ចេះ​គិត​។​ ​មនុស្ស​ចេះ​គិត​ ​មិន​ប្រាកដ​ថា​គិត​ត្រូវ​។​ ​មនុស្ស​គិត​ត្រូវ​ ​មិន​ប្រាកដ​ថា​ធ្វើ​បាន​។​ ​មនុស្ស​ធ្វើ​បាន​ ​មិន​ប្រាកដ​ថា​ធ្វើ​បាន​លទ្ធផល​ល្អ​។​ ​ពេលណា​យើង​មិន​ស្រាវជ្រាវ​ពី​ពិភព​គំនិត​ឱ្យ​ច្រើន​ ​ឱ្យ​ស៊ីជម្រៅ​ ​គឺ​ស្មើនឹង​ហូប​អាហារ​ផ្អូម​។​ ​អ្នក​ដែល​ហូប​អាហារ​ផ្អូម​ ​ពេល​និយាយ​មក​ ​គឺ​ដឹង​តែ​មាន​ក្លិន​មាត់​ផ្អូម​ហើយ​!​!​ ​សំណេរ​នេះ​សម្រាប់​ពិចារណា​ប៉ុណ្ណោះ​៕

ដើរលើមាគ៌ាដ៏ត្រឹមត្រូវហើយកុំភ្លេចប្រឹងឱ្យខ្លាំងផង



ជីវិតមនុស្សយើងកើតចេញពីធាតុនៃធម្មជាតិ ដូច្នេះ មានតែធម្មជាតិប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិនៃសរីរៈរបស់យើង ។ ដោយឡែកខ្លួនយើងវិញ គ្រាន់តែមានសិទ្ធិបន្តិចបន្តួចសម្រាប់មើលថែប៉ុណ្ណោះ តែពុំអាចប្រមូលផលពីកិច្ចខិតខំប្រឹងប្រែងនោះបានឡើយ ។ វាហាក់ដូចជាទាសករម្នាក់ ដែលត្រូវបាននាយរបស់ខ្លួនប្រើឱ្យឃ្វាលចៀម គេអាចមើលថែចៀមនោះយ៉ាងល្អ តែពុំមានសិទ្ធិក្នុងការទទួលផលឡើយ ។

អ្វីដែលខ្ញុំបានលើកឡើងខាងលើហាក់បង្កប់ភាពស្រពេចស្រពិលបន្តិច ចំពោះបុព្វហេតុនៃជីវិត ។ មិនមែនខ្ញុំមានការចេះដឹង រហូតអាចបង្កើតបានជាប្រស្នាក្នុងលាក់បាំងអ្វីនោះទេ ។ ប៉ុន្តែ ប្រហែលជាការយល់ដឹងអំពីជីវិតរបស់ខ្ញុំវានៅមានកម្រិត ទើបខ្ញុំពុំមានលទ្ធភាពអាចលើកយកឧទាហរណ៍ ដែលងាយយល់សម្រាប់បង្ហាញក្នុងទីនេះ ។ ទោះជាយ៉ាងណា ចេតនារបស់ខ្ញុំ គ្រាន់តែចង់ឱ្យដឹងថា យើងជាចំណែកនៃធម្មជាតិ ពុំមែនធម្មជាតិជាចំណែកនៃកម្មសិទ្ធិរបស់យើងនោះទេ ។ សូម្បីសរីរៈរបស់យើងក៏កំពុងត្រូវបានធម្មជាតិទាមទារយកទៅវិញដែរ ។

ចំណុចចាប់ផ្តើមនៃជីវិត គឺជាចំណុចបញ្ចប់នៃការស្លាប់ ។ ក្នុងខណៈពេលដែលយើងកំពុងសោកសៅពីការបាត់បង់ គឺជាពេលដែលមនុស្សជាតិកំពុងកើតថ្មី ។ ការចួបជុំគ្នា គឺជាចំណុចចាប់ផ្តើមនៃសេចក្តីបញ្ចប់ ពោលគឺបញ្ចប់ ដោយការព្រាត់ប្រាសគ្នាវិញ ។ ក្នុងខណៈពេលនេះ គឺជាពេលដែលមនុស្សយើងគ្រប់គ្នាបានដើរតម្រង់ទៅរកសេចក្តីស្លាប់ ហើយដំណើរនេះមានតាំងពីពេលចាប់កំណើតក្នុងផ្ទៃនៅថ្ងៃដំបូងមកម្ល៉េះ!... ជីវិតដែលស្របតាមដំណើរធម្មជាតិ នឹងពេញប្រៀបដោយសុភមង្គល និង សន្តិភាព ។

ការលើកស្ទួយគុណភាពជីវិត ស្រេចលើទង្វើជាគុណប្រយោជន៍សម្រាប់មនុស្សជាតិដូចគ្នា ។ បើបានជាដឹងថា ផ្លូវដែលយើងកំពុងដើរគឺជាផ្លូវដ៏ត្រឹមត្រូវ មានតែបង្កើនការប្រឹងប្រែងឱ្យបានខ្លាំងក្លាបំផុត ។ ក្នុងធម្មជាតិនេះមានតែធាតុប្រឹងប៉ុណ្ណោះ ។ ធម្មជាតិខ្លួនឯងបានប្រឹង រហូតធ្វើឱ្យចក្រវាឡទាំងមូលមានលំនឹង និង អាចអនុញ្ញាតឱ្យយើងមានជីវិតរស់នៅបាន ។ ដូច្នេះ ខ្លួនយើងត្រូវប្រឹងរៀន ប្រឹងគិត និង ប្រឹងប្រព្រឹត្តល្អ ដើម្បីឱ្យស្របទៅតាមដំណើររបស់ធម្មជាតិដែរ ។
____

Cr. Ratha Mom

Tuesday, February 18, 2020

អ្នកខ្លាំងត្រូវធ្វើល្អឬធ្វើអាក្រក់?



​ចរិត​អ្នកប្រយុទ្ធ​ ​ចរិត​អ្នក​យុទ្ធ​សាស្រ្ត​ ​ចរិត​អ្នកនយោបាយ​ ​តែង​យល់ថា​ ​“​គ្មាន​ត្រូវ​គ្មាន​ខុស​ ​គ្មាន​ល្អ​គ្មាន​អាក្រក់​ ​គ្មាន​យុត្តិធម៌​គ្មាន​អយុត្តិធម៌​ ​គ្មាន​សីលធម៌​ឬ​អសីលធម៌​ ​តែ​សំខាន់​ ​គឺ​ឈ្នះ​និង​ខ្លាំង​”​។​ ​យក​ ​“​ល្អ​”​ ​ធ្វើអ្វី​ ​បើ​ត្រូវ​ចាញ់​ ​ហើយ​សត្រូវ​មើលងាយ​?​ ​យក​ ​“​ត្រូវ​”​ ​ធ្វើអ្វី​ ​បើ​ត្រូវ​ឈឺចាប់​ ហើយ​រងគ្រោះ​?​ ​យក​ ​“​សីលធម៌​”​ ​ធ្វើអ្វី​ ​បើ​ត្រូវ​អ្នកដទៃ​ប្រមាថ ហើយ​តិះដៀល​? ​ក្នុង​គម្ពីរ​ឥណ្ឌា​បុរាណ​ ​“​បញ្ច​ត​ន្រ្តៈ​”​ ​ក៏​បា​និយាយ​ពី​បញ្ហា​ ​“​ល្អ​”​ ​តែ​អន់​,​ ​“​ក្រ​មាន​មា​យាទ​”​ ​តែ​ត្រូវ​អ្នកដទៃ​មើលងាយមើលថោក​.​.​.​។​ ​
​ល្អ​បានការ​អ្វី​ ​សីលធម៌​បានការ​អ្វី​ ​ត្រូវ​បានការ​អ្វី​ ​បើ​ចុង​ក្រោយ​អ្វី​ៗ​ ​អ្នកឈ្នះ​ជា​អ្នក​សម្រេចវាសនា​អនាគត​។​ ​ប្រវត្តិ​សាស្រ្ត​ ​គឺ​ត្រូវ​បាន​អ្នក​ខ្លាំង​និង​អ្នកឈ្នះ​ ​ជា​អ្នក​សរសេរ​ទាំងអស់​។​ ​មានតែ​អ្នកដឹង​រឿង​ពិតប្រាកដ​ទេ​ ​ទើប​ឱ្យ​តម្លៃ​អ្នក​ត្រឹមត្រូវ​។​ ​ពេលនេះ​មាន​អ្នកដឹង​ ​តែ​ចុះបើ​ ​១០ឆ្នាំក្រោយ​ ​ឬ២០ឆ្នាំក្រោយ​ ​តើ​នៅ​មាន​អ្នកដឹង​សេចក្តីល្អ​និង​គុណធម៌​របស់​យើង​ទៀត​ទេ​?​ ​អ្នក​ដែល​មាន​ទឹកមាត់ប្រៃ​បំផុត​ ​គឺ​អ្នកឈ្នះ​ ​និង​អ្នក​ខ្លាំង​ ​(​ស្តេច​)​។​ ​អ៊ីចឹង​ ​មានតែ​ត្រូវ​គិត​រឿង​ ​“​ឈ្នះ​”​ ​ដោយ​ឥត​ខ្វល់​ពី​ភាព​ត្រឹមត្រូវ​ ​និង​គុណធម៌​?​
​រស់នៅ​ត្រឹមត្រូវ​ ​ស្រួល​ជាង​រស់នៅ​ធ្វើ​អាក្រក់​។​ ​រស់នៅ​ត្រឹមត្រូវ​ ​មិនសូវ​មាន​សត្រូវ​ចាំ​សងសឹក​។​ ​រស់នៅ​ត្រឹមត្រូវ​មិនសូវ​ហត់នឿយ​ច្រើន​។​ ​តើ​ហត់នឿយ​យ៉ាងម៉េច​?​ ​អ្នក​អាក្រក់​ ​ពេល​រស់នៅ​ ​គឺ​ត្រូវ​ទប់​នឹង​សេចក្តី​អាក្រក់​តបស្នង​ជានិច្ច​។​ ​ការរស់នៅ​ទប់ទល់​នឹង​ការ​វិលត្រឡប់​នៃ​កម្ម​អាក្រក់​គ្រប់ពេល ​បែបនេះ​គឺ​ហត់នឿយ​ខ្លាំង​ណាស់​។​ ​ថ្ងៃ​ខ្លាំង​ ​គេ​វាយ​មិន​ដួល​ ​តែ​ថ្ងៃ​ដែល​ខ្សោយ​ ​គឺ​នឹង​ត្រូវ​ទទួលទោស​សង​វិញ​។​ ​ពាក្យ​ខ្មែរ​លោក​ថា​ ​“​រាសីដាក់​ ​អារក្ស​ធ្វើ​”​។​ ​មនុស្ស​តែង​មាន​ថ្ងៃ​ខ្សោយ​ថាមពល​ជីវិត​។ ធ្វើ​អាក្រក់​កាន់តែ​ច្រើន​ ​ចក្រវាល​ស្រូប​ថាមពល​ចេញ​ ​នៅពេល​វេលា​ដែល​ចិត្តទន់​ជ្រាយ​ ​រហូត​មនុស្ស​អាក្រក់​ខ្លះ​ឆ្កួតវង្វេង​ក្នុង​ពេល​ខ្សោយ​ថាមពល​។​ ​

ការប្រព្រឹត្ត​ល្អជា​ប្រក្រតី​ ​គឺជា​វិធី​ស្រូប​ថាមពល​ចក្រវាល​ម្យ៉ាង​ ​ដែល​ទោះបី​រូបរាងកាយ​ជិត​បែកធ្លាយ​ហើយក៏​ដោយ​ ​(​ស្លាប់​)​ ​ក៏​ចិត្ត​មិន​អស់កម្លាំង​ដែរ​។​ ​មនុស្ស​ដែល​ឆាប់​ខ្សោះ​ថាមពល​ ​គឺ​មនុស្ស​លេងសើច​ច្រើន​ ​មនុស្ស​ទុក្ខសោក​ច្រើន​។​ ​ចិត្ត​មិន​ស្ងប់​ ​អារម្មណ៍​មិន​មុត​ ​ប្រាជ្ញ​មិន​ស្រួច​។​ ​សំណួរ​ចុងក្រោយ​ ​“​ចង់​រស់​ខ្លាំង​ក្នុងនាម​ជា​អ្នកធ្វើ​អាក្រក់​ ​ឬ​ចង់​រស់នៅ​ក្នុងនាម​ជា​អ្នកធ្វើ​ល្អ​ហើយ​ខ្លាំង​ថែមទៀត​?​”​ ពាក្យមួយម៉ាត់​ចុងក្រោយ​ ​ល្អ​ហើយ​ ​ត្រូវ​ខ្លាំង​ទៀត​ ​ដ្បិត​ជីវិត​បែបនេះ​មិន​ហត់នឿយ​ហើយ​ ​មិន​រងគ្រោះ​ទៀត​។ ល្អហើយ ខ្លាំងទៀត វាមានប្រយោជន៍ត្រង់ថា បើយើងល្អ គឺមិនហត់នឹងទប់ទល់ផលអាក្រក់តប ហើយបើយើងខ្លាំង ក៏មិនដួលដោយសារតែមនុស្សអាក្រក់វាយ ឬមនុស្សល្អច្រឡំវាយដែរ

មនុស្សតូចដូចដុំក្រួស?



​កិច្ចការ​ងារ​ខ្លះ​ ​វា​គ្រាន់តែ​ជា​ទង្វើ​តូចតាចបំផុត​ ​មិន​ស្មើនឹង​ទំហំ​នៃ​កូន​ដុំ​ថ្ម​មួយ​គ្រាប់​ផង​។​ ​ប៉ុន្តែ​ ​ទោះជា​តូច​ឬ​ធំ​ក៏ដោយ​ចុះ​ ​បើ​យើង​តាំងចិត្ត​ធ្វើ​វា​ប្រាកដជា​មាន​លទ្ធផល​តូច​ឬ​ធំ​ ​ស្រប​ទៅតាម​ហេតុ​នៃ​អំពើ​។​ ​ដុំ​ក្រួស​មួយដុំ​ ​វា​មានតម្លៃ​មិន​ស្មើនឹង​មាស​ទេ​ ​តែពេល​វេ​លា​យូរ​ៗ​ទៅ​ ​អាច​ធ្វើ​ឱ្យ​ដុំ​ថ្ម​ក្លាយទៅជា​មាស​ក្នុង​កាលៈទេសៈ​ណាមួយ​ជាមិនខាន​។​ ​ដុំ​ក្រួស​ដែល​យើង​យល់ថា​គ្មាន​តម្លៃ​ ​ដុំក្រួសដែល​យើង​យល់​ថា​មានទំហំតូច​ៗ​ទាំងអស់​ ​បើ​យើង​គប់​វា​ចូលក្នុង​ទឹក​ ​គឺ​វា​នឹង​បង្កើត​ជារ​លក​បោក​ច្រាំង​។​ ​នេះ​មានន័យថា​ ​“​ដុំ​ក្រួស​តូច​មួយ​ ​ក៏អាច​ធ្វើឱ្យទឹករលក​បាន​ដែរ​ ​សំខាន់​ឱ្យ​តែ​យើង​តាំងចិត្ត​គប់​វា​ចូលក្នុង​ទឹក​”​។​ ​ក្នុង​សង្គម​មួយ​ ​គឺ​ត្រូវការ​ធាតុផ្សំ​ ​និង​គ្រឿងផ្សំ​គ្រប់គ្រាន់​ដើម្បី​ឱ្យ​នៅនឹង​ថ្កាល់ ​ឬ​ថយក្រោយ​ ​ឬទៅ​មុខ​បាន​។​ ​

ការ​រីកចម្រើន​ទៅមុខ​កើតឡើង​ទៅ​បាន​ ​លុះត្រា​ណា​តែ​ផ្សំគ្រឿង​ឱ្យ​គ្រប់​សិន​ ​ប្រៀប​ដូចជា​សម្ល​រក​កូ​រអ៊ីចឹង​។​ ​ពេលណា​គ្រឿងផ្សំ​គ្រប់គ្រាន់​ហើយ​ ​ចង់​ឬមិន​ចង់​ ​គឺ​វា​នឹង​កើតជា​សម្ល​រក​កូ​រដែល​យើង​អាច​ញុំា​បាន​។​ ​ការ​កម្ទេច​សង្គម​មួយ​ក៏​អ៊ីចឹង​ដែរ​ ​ពេល​មិនទាន់​គ្រប់គ្រឿង​ផ្សំ​ដែល​ផ្តុំ​ឱ្យ​សង្គម​ខ្ទេច​ ​គឺ​មិន​អាច​ខ្ទេច​បាន​ឡើយ​។​ ​រងើកភ្លើង​ ​ទោះបី​សល់​ត្រឹមតែ​កម្ទេច​ក៏ដោយ​ ​តែបើ​យើង​តាំងចិត្ត​យកចិត្ត​ទុកដាក់​ផ្លុំ​បន្តិច​ម្តង​ៗ​ ​វា​អាច​ដុត​ព្រៃធំ​ទាំងមូល​បាន​។​ ​​ជីវិត​យើង​ម្នា​ក់ៗ​មិន​អាច​គេចខ្លួន​ផុត​ពី​នយោបាយ​ដាច់ខាត​។​ ​ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​ ​យើង​ភ្លេច​ខ្វល់​ពី​គ្រឹះ​កសាង​សង្គម​។​ ​ទ្រព្យសម្បត្តិ​ ​ជា​ចុង​ ​ហើយ​គុណធម៌​ជា​ឫស និង​ដើម​។​ ​នយោបាយ​ជា​ចុង​ ​(​លទ្ធផល​)​ ​ហើយ​មូលធន​មនុស្ស​ ​(​គ្រឹះ​ចំណេះដឹង​)​ ​គឺជា​ឫស និង​ដើម​។​ ​

គ្រឹះ​មនុស្ស​អាត្មានិយម​ ​គ្រឹះ​មនុស្ស​អវិជ្ជា​ ​ធ្វើ​ឱ្យ​សង្គម​វឹកវរ​។​ ​មនុស្ស​ស្មោកគ្រោក​ធ្វើនយោបាយ​ ​នាំ​ឱ្យ​អន្តរាយ​ដល់​ស្រុកទេស​។​ ​ប្រទេស​មាន​សង្គ្រាម​ ​គេ​និយាយ​ពី​អ្នក​ខ្លាំង​ ​តែ​ក្នុង​សង្គម​គ្មាន​សង្គ្រាម​ ​គេ​និយាយ​ពី​អ្នកចេះ​។​ ​កសាង​សង្គម​ ​ត្រូវ​គិត​ពី​ការ​កសាង​គ្រួសារ​។​ ​កសាងជាតិ​ ​គឺ​ត្រូវ​គិត​ពី​ការ​កសាង​គ្រឹះ​មនុស្ស​។​ ​នេះ​ជា​ទ្រឹ​ស្តី​ទស្សនវិទូ​ចិន​ ​ខុង​ ​ជឺ​ ​និង​ ​ឡៅ​ ​ជឺ​ ​ដែល​ខ្ញុំ​យក​មក​បកស្រាយ​ក្នុង​បរិបទ​សង្គមវិជ្ជា​ខ្មែរ​។ ​ម៉ែឪ​ឈ្លោះ​គ្នា​ ​កូន​មិន​មា​នឱកាស​បាន​រៀនសូត្រ​។​ ​កូន​មានឱកាស​បាន​ទៅ​សាលា​ដែរ​ ​តែ​រៀន​មិន​ចូល​ ​ដ្បិត​រវល់​ឈឺចាប់​។​ ​តើ​អ្វី​ជា​ជំហរ​កសាង​មូលធនមនុស្សក្នុងសង្គម ​ជាពិសេស​ការ​បណ្តុះ​យុវជន​?​ ​ក្នុងនាម​ជា​យុវជន​ម្នាក់​ ​មិនថា​យុវជន​រូប​ណា​ ​ក្នុង​មូលដ្ឋាន​កម្រិត​ចំណេះដឹង​ណា​ទេ​,​ ​អ្នកដទៃ​អាច​ដក​ ឬ​ដាំ​អ្នក​បាន​គ្រប់ពេល​ ​តែ​អ្នក​ខ្លួនឯង​ត្រូវ​ប្រកាន់​ជំហរ​ពង្រឹង​ខ្លួន​ ​ពង្រីកសមត្ថភាព ដាំ​ខ្លួនឯង​ឱ្យ​រឹងមាំ​ ​រៀន​សមាធិ​ដកដង្ហើម​ក្នុង​ស្ថានភាព​ខ្វះ​ខ្យល់​។

ពេល​ខ្លះ​ទៀត ឱន​ខ្លះ​ងើយ​ខ្លះ​ ឱន​មើល​កាលៈទេសៈ​ ​ធ្វើជា​ឱន​មើល​ដី​ ​តែ​ចិត្ត​រំពៃ​សម្លឹង​មេឃ។​ ​ដឹង​ពេល​ធ្វើ​អ្នកដើរតាម​ ​ដឹង​ពេលវេលា​ធ្វើមេ​ដឹកនាំ​។ ដឹង​ពេល​ស្រប​ ​ដឹង​ពេល​ប្រឆាំង​។​ ​ដឹង​ពេល​គ្រប់គ្រង​ ​ដឹង​ពេល​ដឹកនាំ​​។ ក្នុង​សៀវភៅ​ ​“​ប្រតិទិន​ទស្សនៈ​ ​(​៣៦៥ថ្ងៃ​ ​&​ ​២២២ថ្ងៃ​”​ ​ទាំងពីរ​ក្បាល​ ​ខ្ញុំ​បាន​រំលេច​នូវ​ខ្លឹមសារ​ទស្សនៈ​មួយ​ថា​ ​“​បើ​ស្រឡាញ់​សង្គម​ ​គឺ​ត្រូវ​ស្រឡាញ់​ការអប់រំ​។​ ​យុវជន​ដែល​ស្រឡាញ់​សង្គម​ពិតប្រាកដ​ ​គឺ​ត្រូវ​ប្រឹងរៀន​ ​ប្រឹង​អាន​”​។​ ​ក្នុងនាម​ជា​យុវជន​ស្ថិត​ក្នុង​វ័យក្មេង​ខ្ចី​ ​មិនថា​ក្មេងខ្ចី​ក្នុង​ការងារ​ ​ឬមិន​ថា​ក្មេងខ្ចី​ក្នុង​បទ​ពិសោធ​ជីវិត​ទេ​ ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ​គឺ​រៀន​ ​គឺ​ប្រឹង​អាន​។​ ​នេះ​ជា​ការងារ​ចម្បង​បំផុត​។​ ​ពេលណា​អ្នក​ស្រឡាញ់​សង្គម​កាន់តែ​ខ្លាំង​ ​គឺ​សកម្មភាព​រៀន​របស់​អ្នក​នឹង​កាន់តែ​សកម្ម​ ​មិនថា​សកម្ម​លើ​អំណាន​ ​ឬ​សកម្ម​លើ​កិច្ចការ​ងារ​ស្រាវជ្រាវ​ឡើយ​។​ ​មាន​បទ​ពិសោធ​ជាក់ស្តែង​របស់​ស្តេច​ ​អ៊ី​ង​ ​ឈី​លៀង​ ​ដែល​ជា​តួអង្គ​មេដឹកនាំ​សំខាន់​ក្នុង​ភាពយន្ត​ចិន​ ​“​ចក្រ​ភព​ឈីង​”​។​ ​ស្តេច​ ​អ៊ី​ង​ ​ឈី​លៀង​ ​ទទួលរង​សម្ពាធ២ធំៗ​៖​ ​“​ទី១​ ​ឈឺចាប់​ ​និង​ទី២​ ​ត្រូវ​ប្រឹង​អាន​សៀវភៅ​ ​ប្រឹង​ស្វែងរក​វិជ្ជា​ ​និង​ធ្វើការ​ងា​រប្រ​កូ​កប្រកាស​ស្វែង​អ្នកមាន​សមត្ថភាព​ ​រហូតដល់​ជួប​ ​វៃ​ ​យ៉ាង​”​។​

​ជា​ទស្សនៈ​សង្គម​របស់ខ្ញុំ​,​ ​ខ្ញុំ​ជឿជាក់​ថា​ ​“​ឱ្យ​តែ​យុវជន​បាន​កាន់​សៀវភៅ​ ​អាន​សៀវភៅ​ដែល​គួរ​អាន​ ​និង​ជ្រើសរើស​សៀវភៅអាន​ត្រឹមត្រូវ​ ​គឺ​សៀវភៅ​នឹង​បង្ហាញផ្លូវ​យើង​ថា​ ​តើ​យើង​គួរ​ធ្វើអ្វី​ ​រៀបចំ​អ្វី​ ​ទ្រាំ​នឹង​រឿង​អ្វី​ ​ហើយ​កសាង​សមត្ថភាព​ដោយ​របៀបណា​ ​ដោយ​វិធី​ណា ​ទើប​អាច​មាន​កម្លាំង​ពិត​ ​ប្រណាំង​យកឈ្នះ​ចរន្ត​មិនល្អ​​ដែល​បាន​ពង្វក់​សង្គម​។​ ​សៀវភៅ​នឹង​ប្រាប់​អ្នក​ពី​វិធី​សាស្រ្ត​ ​យុទ្ធ​សាស្រ្ត​ ​ល្បិចកល​ ​ដើម្បី​ថែរក្សា​អ្វី​ដែល​យើង​នៅសល់​”​។​ ​ជាក់ស្តែង​ ​យើង​គ្មាន​អំណាច​ ​គ្មាន​សមត្ថភាព​ ​គ្មាន​លទ្ធភាព​ឯណា​ទៅ​យក​អ្វី​ដែល​បាត់បង់​មកវិញ​ទេ​ ​តែ​យើង​មានអំណាច​អាច​ធ្វើ​បាន ដោយ​ការ​ប្រឹងប្រែង​ ​គឺរក្សា​អ្វី​ដែល​យើង​កំពុងតែ​មាន​ ​កុំឱ្យ​បាត់បង់​ដោយ​អយុត្តិធម៌​ទៀត​។​ ​ចេះ​ឈឺចាប់​ ​តែ​ហេតុអ្វី​មិន​ចេះប្រឹង​។​ ​ការឈឺចាប់​ដ៏​ត្រឹមត្រូវ​ ​គឺ​ត្រូវ​ប្រឹងប្រែង​ ​តែបើ​បើរវល់​តែ​ដេក​ទ្រាំ​គ្រាំចិត្ត​ ​គឺ​យើង​នឹង​គ្រាំចិត្ត​រហូតដល់​ស្លាប់​។​ ​កុំ​សុខចិត្ត​ដេក​ស្លាប់​ ​តែ​ត្រូវ​ស្លាប់​ឈរ​ ​(​ប្រឹង​ធ្វើ​)​។​ កុំ​សុខចិត្ត​ស្លាប់​ដោយ​មិនព្រម​ធ្វើអ្វី​សោះ​ ​តែ​ត្រូវ​ស្លាប់​ដោយ​បន្សល់​អ្វី​ខ្លះៗ​ដល់​អ្ន​ក​ក្រោយ​ៗ​។​ ​សុខចិត្ត​ហែលទឹក​ ​បើ​គ្មាន​ទូក​ឆ្លង​។​ ​សុខចិត្ត​ញញឹម​ ​បើ​បាន​ជា​ឈឺចាប់​ទៅ​ហើយ​។​ ​សុខចិត្ត​ប្រឹង​ ​បើ​បាន​ជា​លំបាកទៅ​ហើយ​។​ ​សុខចិត្ត​ប្រយុទ្ធ​សិន​ ​បើ​ដឹង​ថាត្រូវ​ស្លាប់​ដដែល​។​ ​មាន​អ្ន​ក​ពញ្ញាក់​ ​តែ​អ្នកខ្លះមិនព្រម​ភ្ញាក់​៕

Cr. Lam Lim

ខ្លាំងដល់ឡើងអំនួត



ខ្ញុំនិយាយពីរឿងខ្លួនឯង, ខ្ញុំនិយាយពីសមត្ថភាពនិងសក្ដានុពលមនុស្សម្នាក់ៗ, ខ្ញុំប្រាប់ពីសៀវភៅដែលមនុស្សម្នាក់ៗគួរអាន, ខ្ញុំនិយាយពីរបៀបទៅមុខដោយប្រើគោលការណ៍ប្រឹង, ខ្ញុំប្រាប់ពីគន្លឹះដែលយើងអាចរស់នៅបានរឹងមាំ ប្រៀបដូចជាដើមឈើដែលមានឫសចាក់ជ្រៅទៅក្នុងដី។ល។ ហើយខ្ញុំសង្កេតឃើញមានលទ្ធផលនៃមនុស្សដែលមានអាយុក្មេងៗខ្លះ កើតចិត្តអំនួត និងមិនចេះដាក់ខ្លួនគោរពបុគ្គលដែលមានគុណធម៌ជាងខ្លួន

ពេលណាយើងយកចំណេះដឹងមកធ្វើជាគោលការណ៍ខ្លាំង គឺវានឹងធ្វើឱ្យយើងមានអំនួតមើលងាយអ្នកដទៃថាអន់ជាងខ្លួន តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃ ចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញ និងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា។ ពីមុនយើងរាប់អានគ្នា តែដល់ពេលណាដែលយើងស្គាល់ខ្លួនឯង ចិត្តអំនួតក៏ធ្វើឱ្យយើងវាយស្មើនឹងបុគ្គលដែលមានគុណធម៌ខ្ពស់ជាងខ្លួន។

នេះហើយដែលហៅថា កាន់តែខ្លាំងរៀងខ្លួន គឺយើងកាន់តែបែកគ្នា នៅឆ្ងាយពីគ្នា និងមិនចេះសាមគ្គីគ្នា។ កាលក្រលំបាក កាលមិនស្គាល់ខ្លួនឯង កាលនៅល្ងង់ យើងចេះគោរពឱ្យតម្លៃគ្នា តែដល់ពេលចេះដឹងពេកទៅ ក៏ទៅជាឃ្លាតគ្នាដោយសារតែចិត្តមានះយល់ថាខ្លួនឯងខ្លាំងដែរ។ មនុស្សគ្មានគុណធម៌ យកចំណេះជាឈ្នាន់បម្រើតណ្ហានៃភាពអាត្មានិយមរបស់ខ្លួនឯង។ ប៉ុន្តែមនុស្សមានគុណធម៌ គឺប្រឹងរៀន ប្រឹងកសាងខ្លួន និងយកចំណេះដឹងបម្រើអ្នកដទៃ ឬដឹកនាំមនុស្សឱ្យរីកចម្រើន។ យើងត្រូវចេះរៀនចាប់ដៃគ្នា៕


Monday, February 17, 2020

តើខ្ញុំកាច?



ខ្មែរយើងខ្លះបានបោះបង់ចោលនូវពាក្យ ប្រឹងប្រែង, តស៊ូ, អត់ធ្មត់, ហ្មត់ចត់, ម៉ឺងម៉ាត់...។ ពាក្យទាំងនេះត្រូវបានអ្នកខ្លះឱ្យនិយមន័យថា កាច, គ្មានមនោសញ្ចេតនា, គ្មានបេះដូង, ផ្តាច់ការ, ចិត្តអាក្រក់...។ ចរិតអ្នកខ្លះទៀត បើណាត់គ្នាម៉ោង៧ព្រឹក តែពេលទៅដល់ទីតាំងណាត់ជួបគឺម៉ោង ៧កន្លះ។ ជាទូទៅ បើមកមុន១០នាទី គឺស្មើនឹងមកជួបទៀងពេល តែមកដល់ទៀងពេល គឺស្មើនឹងមកយឺត។ ទាំងយុវជនខ្លះ ទាំងមនុស្សខ្លះ ចាត់ទុកមនុស្សហ្មត់ចត់ថា តឹងតែង ផ្តាច់ការ ឬត្រឹមត្រូវពេក។ បើឃើញនរណាម្នាក់មានវិន័យត្រឹមត្រូវប្រាកដប្រជាពេក គឺគេហៅថា ផ្តាច់ការ។ វប្បធម៌នេះកើតមកពីថ្នាក់លើមកមុន។ នេះជាច្បាប់ធម្មជាតិដែលមិនអាចដោះសារបានឡើយ។

មនុស្សយើងខ្លះនិយាយថាស្រឡាញ់ខ្លួនឯង មានចិត្តស្រឡាញ់ខ្លួនឯង តែស្រឡាញ់ត្រឹមតែមាត់ ស្រឡាញ់ត្រឹមតែចិត្ត។ សេចក្តីស្រឡាញ់ដែលគ្មានទង្វើ គឺជាសេចក្តីស្រឡាញ់ដ៏ជូរចត់បំផុត។ យើងថាស្រឡាញ់ខ្លួនឯង តែយើងមិនប្រឹង។ យើងមានអារម្មណ៍ខ្លោចផ្សា ពេលខ្លួនឯងរងទុក្ខ តែយើងរវល់តែលន្លង់លន្លោច ដោយមិនប្រឹងធ្វើ។ ស្រឡាញ់នឹងដៃ (ប្រឹងធ្វើ) វាខុសពីស្រឡាញ់នឹងមាត់ (បានតែនិយាយថាស្រឡាញ់)។ ពាក្យស្រឡាញ់ដែលឥតមានសកម្មភាព គឺជាសេចក្តីស្រឡាញ់ដែលនាំមកនូវអន្តរាយកាយ។ មនុស្សឈឺចាប់ចិត្តដោយសារតែស្រឡាញ់ ហើយរឹតតែឈឺចាប់ថែមទៀត នៅពេលណាដែលមិនប្រឹងធ្វើអ្វីសោះដើម្បីសេចក្តីស្រឡាញ់។ ចេះឈឺ តែមិនចេះប្រឹង។ ចេះខឹង តែមិនចេះអត់ធ្មត់។ ការស្រឡាញ់ខ្លួនឯងបែបនេះ វាមិនខុសពីបរិស័ទក្នុងសាសនាហាមាត់បួងសួងសុំសុខ តែដៃមិនព្រមប្រឹងធ្វើអ្វីសោះ

សេចក្តីស្រឡាញ់ដែលមិនពាល់ គឺជាចិត្តអាត្មានិយមបំផុត។ ស្រឡាញ់ដោយចង់បាន តែដល់ពេលមិនបាន ក៏ខូចចិត្តឈឺចាប់។ នៅពេលណាដែលយើងពាល់ត្រូវសេចក្តីស្រឡាញ់ដ៏ត្រឹមត្រូវ គឺយើងនឹងដឹងថាតើតម្លៃនៃសេចក្តីស្រឡាញ់ វានៅត្រង់ណាពិតប្រាកដ។ ស្រឡាញ់មនុស្សម្នាក់ គឺត្រូវប្រឹងលះបង់គ្រប់យ៉ាង ធ្វើគ្រប់យ៉ាង ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់បានសុខ។ ស្រឡាញ់ខ្លួនឯង គឺត្រូវយកកាយមកប្រឹង យកកាយមកលះបង់ ដើម្បីរកសេចក្តីសុខឱ្យខ្លួនឯង។ មិនយល់ពីសេចក្តីស្រឡាញ់នាំឈឺចាប់។ មួយជីវិតខ្ញុំនេះ ខ្ញុំប្រឹងណាស់ គឺប្រឹងពីទទេ មកទទេដដែល។ ប្រឹងពីអ្នកស្រែ ក៏នៅតែមិនចោលស្រែ។ ប្រឹងពីមនុស្សសាមញ្ញ ក៏នៅតែមិនបោះបង់ធម្មជាតិជាមនុស្សសាមញ្ញ។ តើសាមញ្ញយ៉ាងណា? បើអាច ទៅស្រែជាមួយខ្ញុំ, បើអាច ប្រឹងប្រែងអានសៀវភៅដូចខ្ញុំ, បើអាច រស់នៅសាមញ្ញដូចខ្ញុំ គឺចាត់ទុកថាខ្លាំងទៅហើយ។ អ្នករៀនសូត្រពិតប្រាកដមានលក្ខណៈខ្សោយមួយ គឺកំសាក។

អ្នកទីក្រុង គឺមានលក្ខណៈខ្សោយម្យ៉ាង គឺមិនអាចធ្វើស្រែដែលជាការងារលំបាក។ អ្នកកាន់ប៊ិក អន់ម្យ៉ាង គឺមិនចេះកាន់ចបធ្វើស្រែ។ អ្នកផឹកកាហ្វេ គឺខ្សោយម្យ៉ាង គឺមិនអាចផឹកតែ។ អ្នកមានឋានៈ ខ្សោយម្យ៉ាង គឺមិនអាចរស់នៅដោយគ្មានការគោរពពីអ្នកដទៃ។ អ្នកសាសនាខ្សោយម្យ៉ាង គឺមិនអាចឃ្លាតពីចិត្តមេត្តា។ បើជីវិតយើងអាចដើរចេញផុតពីរឿងដែលផ្ទុយពីខ្លួនឯង គឺមានន័យថាក្រោមមេឃលើដី ទីណាក៏ជាផ្ទះរបស់យើងដែរ។ មួយរយៈចុងក្រោយនេះ មានរឿងជាច្រើនដែលប្រាប់ខ្ញុំថា អ្នកដទៃអាចយល់ពីខ្ញុំ តែសុទ្ធតែយល់បណ្តោះអាសន្ន។ អ្នកដទៃសុទ្ធតែប្រឹង តែពេលដួល គឺបាក់ស្បាត ចិត្តអស់សង្ឃឹម...។ អ្នកដែលស្រឡាញ់ខ្លួនឯង តែមិនប្រឹង គឺសមនឹងឈឺចាប់។ អ្នកដែលស្រឡាញ់សង្គម តែមិនប្រឹង គឺសមនឹងអ្នកនយោបាយបោក។ អ្នកខ្សោយ តែមិនប្រឹង គឺសមនឹងធ្វើជាជនរងគ្រោះ។ អ្នកប្រឹងខ្លាចហត់ គឺសមនឹងដួល។ នេះជារណ្តៅជីវិតដ៏ជូរចត់។ ដៃទាំងពីរទុកឱ្យទំនេរធ្វើអ្វី? ជើងទាំងពីរ ទុកឱ្យអង្គុយធ្វើអ្វី? យក្សក្នុងខ្លួន ទុកឱ្យដេកឥតប្រយោជន៍ធ្វើអ្វី? ខ្ញុំប្រើពាក្យ ខ្ញុំតែគ្រាន់ជាតំណាងប៉ុណ្ណោះ៕


ខ្ចិលអាន?



ពេលយើងឈឺ ការលេបថ្នាំ គឺវាអាចធ្វើឱ្យយើងឆាប់ជាសះស្បើយបាន។ ពេលខ្លះទៀត ជំងឺខ្លះមិនអាចលេបថ្នាំជាសះស្បើយទេ តែទាល់តែចាក់ថ្នាំ។ អ្នកខ្លះមិនចូលចិត្តការលេបថ្នាំ រីឯអ្នកខ្លះជាមនុស្សខ្លាចម្ជុល ជាងខ្លាចសេចក្តីស្លាប់ទៅទៀត។ យើងយល់ស្របថា ការអាន វាអាចជួយឱ្យជីវិតយើងល្អប្រសើរ តែពេលខ្លះយើងមិនព្រមអានទេ ដោយយកលេសថាងងុយគេង យកលេសថាសៀវភៅអានពិបាកយល់ ដោយយកលេសថាខ្វះលុយទិញសៀវភៅអាន យកលេសថារវល់ច្រើនគ្មានពេលអាន និងរកលេសដោះសារមួយរយជំពូក

ការអាន គឺមិនខុសគ្នាពីការព្យាបាលជំងឺទេ បើយើងមិនសុខចិត្តលេបថ្នាំ (ទោះចូលចិត្តឬមិនចូលចិត្តក៏ដោយ) ឬបើយើងមិនព្រមឈឺសាច់ខ្លះៗ ដោយសារតែម្ជុលចាក់ថ្នាំទេ គឺយើងនឹងមិនអាចសះស្បើយពីជំងឺជីវិតឡើយ។ បើយើងល្ងង់ហើយ មិនរៀនមិនសូត្រ មិនប្រឹងអានថែមទៀត តើអាចរស់នៅមានវិជ្ជាម្តេចកើត? បើយើងក្រហើយ ខ្ជិលទៀត តើអាចរស់នៅមានសេចក្តីសុខបានម្តេចនឹងកើត? បើយើងមានតែលេសដោះសាររហូតអ៊ីចឹង តើយើងនឹងរំពឹងលទ្ធផលម្តេចកើត? បើមិនធ្វើអ្វីសោះ តើយើងនៅមានចិត្តតវ៉ាចង់បានអ្វីល្អប្រសើរដូចអ្នកប្រឹងធ្វើសកម្មភាពម្តេចកើត?

មើលសៀវភៅដែលមនុស្សម្នាក់កាន់អាន បើចង់ដឹងថាហេតុអ្វីមនុស្សនេះខ្លាំង ឬខ្សោយ។ មើលសកម្មភាពនៃទង្វើថ្ងៃនេះ បើសិនជាចង់ដឹងថាតើអនាគតគាត់នឹងក្លាយទៅជាអ្វី។ មើលមនុស្សដែលគាត់រាប់អាន បើចង់ដឹងថាគាត់ជាមនុស្សបែបណា និងមានចរិតបែបណា។ មើលចរិតតស៊ូឬអត់ មើលចរិតអត់ធ្មត់ឬអត់ និងមើលចរិតខាំមិនលែងឬអត់ បើចង់ដឹងថាតើគាត់នឹងខ្លាំងក្នុងកម្រិតណា បើធៀបនឹងមនុស្សម្នាផ្សេងៗទៀត។ បើចង់ដឹងថាហេតុអ្វីខ្ញុំមានថ្ងៃនេះ ចូរមើលអតីតកាលរបស់ខ្ញុំ។ បើចង់ដឹងពីថាពីមុនខ្ញុំមានចរិតបែបណា សូមទៅមើលសកម្មភាពអតីតកាលរបស់ខ្ញុំ។

បើចង់ដឹងថាអនាគតខ្ញុំជានរណា ចូរមើលសកម្មភាពថ្ងៃនេះរបស់ខ្ញុំ។ ចង់ដឹងថាតើខ្ញុំចេះអ្វី យល់បែបណា ចូរស៊ើបឱ្យដឹងថាសៀវភៅអ្វីដែលខ្ញុំចូលចិត្តអានបំផុត។ ត្រូវដឹងថាគំនិតដែលយើងប្រកាន់ថ្ងៃនេះ វានឹងកំណត់សម្មភាពរបស់យើង។ យើងធ្វើអ្វី គឺនឹងបានផលហ្នឹង។ ផលបែបណា វានឹងកំណត់ថាយើងខ្លាំងប៉ុនណាឬខ្សោយប៉ុនណា។ អធ្យាស្រ័យផង សុំនិយាយដោយត្រង់ មនុស្សណាដែលអានសៀវភៅពីរបីទំព័រ ហើយកើតចិត្តខ្ជិលនេះ១, មនុស្សណាដែលអានអត្ថបទពីរបីនាទី ហើយកើតចិត្តរអ៊ូថាវែងណាស់នេះ១, មនុស្សដែលធ្វើអ្វីក៏ដោយ ឱ្យតែគ្មានការតាំងចិត្ត មានផ្នត់គំនិតរកតែស្រួលស្រាប់ នេះ១ គឺពិបាករស់នៅក្លាយទៅជាមនុស្សមានកំណើតខ្លាំងណាស់។ លើសពីនេះ ការរស់នៅបែបនេះ គឺរស់នៅក្នុងនាមជាអ្នកចាញ់ខ្លួនឯង ព្រមទាំងបម្រើតែតណ្ហាខ្លួនឯងប៉ុណ្ណោះ
___

ស្វែងរកស្នាមញញឹម ?



ម្សិលមិញបានកន្លងផុតទៅ ស្អែកក៏មិនទាន់មកដល់ ដូច្នេះជីវិតមានតែថ្ងៃនេះប៉ុណ្ណោះ ។ ធ្វើពេលនេះឱ្យបានល្អតាមលទ្ធភាព ប្រសិនបើយើងចង់បានអតីតកាលល្អដែរ ។ ការប្រឹងប្រែងទៅមុខ ពិតជានឿយខ្លាំង វាតឹងខ្លាំង តែបើយើងបន្ថយការប្រឹងប្រែងក្នុងថ្ងៃនេះ យើងនឹងដួលនៅថ្ងៃក្រោយ ។ ជីវិតពេលខ្លះស្នាមញញឹមដែលទទួលបាននៅថ្ងៃនេះ គឺប្ដូរជាមួយស្នាមរបួសកាលពីម្សិលមិញ ។ នៅពេលយើងដេញចាប់ស្នាមញញឹមដោយមិនប្រឹងប្រែងតស៊ូក្នុងជីវិត យើងនឹងគ្មានពេលញញឹម ។ ត្បិតស្នាមញញឹមរបស់តស៊ូ ត្រូវបានលាក់ទុកក្នុងប្រអប់ប្រឹងប្រែង ដែលពេញដោយបន្លា ។ អ្វីដែលយើងធ្វើក្នុងថ្ងៃនេះ ជាសមិទ្ធិផលថ្ងៃស្អែក ៕

____

Cr. Sun Veasna

Saturday, February 1, 2020

មនុស្សបែបថ្មរមៀល




​ដើមឈើ​មួយ​ដើម​ ​ពេល​កំពុង​លូតលាស់​ ​គ្មាន​សំឡេង​ទេ​ ​តែ​វា​មាន​សំឡេង​ពេល​ស្លឹក​ជ្រុះ​មក​ដី​ ​ឬ​ពេល​ដើម​រលំ​ដួល​។​ ​ការ​រីកចម្រើន​ ​គឺ​ត្រូវ​ប្រឹងប្រែង​ ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​អត់ធ្មត់​ដោយ​មិន​ស្រែក​ត្អូញត្អែរ​ឡើយ​។​ ​មនុស្ស​ដែល​ស្ងប់ស្ងាត់​ ​មិនសូវ​និយាយ​ស្តី​ច្រើន​ទេ​ ​ហើយ​ភាគច្រើន​ជា​មនុស្ស​ដែល​រីក​លូតលាស់​​ផ្នែកខាងក្នុង​មុន​។​ ​លុះដល់​មានឱកាស​ ​ក៏​នឹង​បង្ហាញ​សមត្ថភាព​ចេញ​មក​ខាងក្រៅ​ ប្រៀប​ដូចជា​ដែកគោល​ក្នុង​ថង់​ ​ដែល​នឹង​ចាក់​ថង់​ឱ្យ​ធ្លាយ​។​ ​នេះ​ជា​អំណាច​នៃ​ភាព​ស្ងប់ស្ងាត់​។​
​អ្នកខ្លះ​និយាយ​ច្រើន​ ​តែ​គិត​តិច​ ​រី​ឯ​អ្នកខ្លះ​គិត​តិច​ ​តែ​និយាយ​ពាក្យ​ដែល​មិន​គិត​មក​យ៉ាងច្រើន​។​ ​នេះ​ជា​ចំណុច​នៃ​ការ​ប្រមូល​ផ្តុំ​គំនិត​ខាងក្នុង​មុន​។​ ​ជីវិត​ ​ពេលខ្លះ​ឈឺចាប់​យ៉ាង​ស្ងប់ស្ងាត់​ ​តែ​រីករាយ​យ៉ាង​អឺងកង​។​ ​មនុស្ស​ភាគច្រើន​មិនដឹង​ថា​នៅ​ពីក្រោយ​សមិទ្ធផល​នី​មួយ​ៗ​ ​គឺ​មានការ​ឈឺចាប់​រាប់មិនអស់​ ​ឬ​ពេលខ្លះ​ដង្ហើម​ដក​មិនទាន់​គ្នា​ផង​ក៏​មាន​។​ ​ជោគជ័យ​ថ្ងៃនេះ​ ​វា​កើត​ចេញពី​ការឈឺចាប់​ដ៏​ជូរចត់​កាលពី​ថ្ងៃម្សិលមិញ​។​ ​តើ​អ្នកណា​ទៅ​ដឹង​ថា​ ​“​មនុស្ស​ម្នា​ក់ៗ​ឈឺចាប់​ប៉ុនណា​ ​ទម្រាំ​មាន​ថ្ងៃ​រីករាយ​មួយថ្ងៃ​ ​ឬ​បើ​និយាយ​ពី​ជោគជ័យ​វិញ​ ​ពេលខ្លះ​ឈ្នះ​មួយថ្ងៃ​ ​រី​ដល់​ស្អែក​ក៏​ត្រូវ​គេ​វាយ​ដួល​វិញ​ក៏​ថា​បាន​ដែរ​”​។​
​នេះ​ហើយ​ ​ទើបបាន​ជា​ខ្ញុំ​រក្សាខ្លួន​ជា​ ​“​មនុស្ស​បែប​ដំ​ថ្ម​រមៀល​”​ ​ដ្បិត​ថ្ម​រមៀល​ស្លែ​មិន​កាន់​ឡើយ​ ​ប្រៀប​ដូចជា​មនុស្ស​ដែល​រក្សា​ការ​ប្រឹងប្រែង​ជានិច្ច​ ​មិន​ភ្លេចខ្លួន​សប្បាយ​ដាច់​បង្ហៀរ​ ​គឺ​នឹង​រក្សា​ជ័យជម្នះ​បាន​យូរអង្វែង​។​ ​ជីវិត​ ​វា​មាន​ឡើង​មាន​ចុះ​ ​តែបើ​ភ្លេចខ្លួន​មួយ​ភ្លេត​ ​ឬ​គិតខុស​តែ​បន្តិច​ ​វា​នឹង​ចុះ​ហើយ​ចុះ​ទៀត​ ​គឺ​ចុះ​រហូតដល់​បាត​តែម្តង​។​ ​ការ​រក្សា​ជ័យជម្នះ​ ​គឺ​អាច​ប្រព្រឹត្តទៅ​បាន​ក្នុង​ខណៈ​ដែល​យើង​រឹងមាំ​ប៉ុណ្ណោះ​ ​តែបើ​ថ្ងៃណាមួយ​យើង​ខ្សោយ​ ​មិនថា​ខ្សោយ​ការ​ប្រឹងប្រែង​ ​ឬ​ខ្សោយ​ការ​អត់ធ្មត់​ទេ​ ​គឺ​យើង​ងាយ​នឹង​ត្រូវា​យ​ដួល​ដោយសារ​បញ្ហា​ជីវិត​ណាស់​។​ ​ចូរ​រស់នៅ​ស្ងប់ស្ងាត់​ ​ប្រឹង​ឱ្យ​ខ្លាំង​ ​កុំ​តក់ស្លុត​ ​ហើយ​បន្តដំណើរ​ជាមួយនឹង​គោលការណ៍​ប្រឹងប្រែង​ជានិច្ច​។​ ​ទឹកដែល​ហូរ​ ​វា​មិន​ងាយ​ល្អក់​ទេ​ ​រី​ឯ​ជីវិត​ដែល​ប្រឹង​ជានិច្ច​ ​ក៏​មិន​ងាយ​នឹង​បរាជ័យ​ដែរ​។​ ​យើង​ត្រូវ​រស់នៅ​ប្រឹងប្រែង​ឱ្យ​ដូច​ថ្ម​រមៀល​ ​និង​ប្រឹងប្រែង​ទៅមុខ​ឱ្យ​ដូច​ទឹកហូរ​៕

ស្រីល្អគន់និងសៀវភៅអានមិនយល់



សៀវភៅ​ខ្លះ​អាន​ងាយ​នឹង​យល់​ ​តែ​សៀវភៅ​ខ្លះទៀត​អាន​ហើយ​នាំ​ឱ្យ​ឈឺក្បាល​ ​ប្រៀប​ដូច​នារី​ខ្លះ​ល្អគន់​ ​ដែល​បុរស​ណា​សម្លឹង​មើល​មួយ​ភ្លេត​មិនដឹង​ថា​ស្អាត​ទេ​ ​ទាល់តែ​មើល​ឱ្យ​យូរ​ ​មើល​ច្រើនដង​ ​ទើប​ដឹង​ថា​ស្អាត​មែន។​ សមាជិក​អំណាន​ម្នាក់​ប្រាប់​ខ្ញុំ​ថា​ ​“​សៀវភៅ​បង​ ​អាន​ពិបាក​យល់​បែបនេះ​ ​ចុះ​ទម្រាំ​ម្ចាស់​សៀវភៅ​ ​តើ​មិនដឹង​ពិបាក​នឹង​យល់​ប៉ុនណា​ទេ​”​។​ ​ខ្ញុំ​តប​ថា​ ​“​បើ​ចង់​យល់​ពី​ខ្ញុំ​ ​ប្រឹង​អាន​សៀវភៅ​ខ្ញុំ​ឱ្យ​យល់ទៅ​ ​ឬ​មាន​វិធី​មួយទៀត គឺ​​នៅ​ក្បែរ​ខ្ញុំ​ ​គឺ​នឹង​យល់​ពី​ខ្ញុំ​ដោយ​ពុំ​ចាំបាច់​ទិញ​សៀវភៅ​ខ្ញុំ​អាន​ហើយ​”​។​

ក្រោយមក​មាន​សមាជិក​អំណាន​ម្នាក់​នៅ​ក្បែរ​បាន​សើច​ ​រួចហើយ​តប​ថា​ ​“​ខ្ញុំ​សុខចិត្ត​ទិញ​សៀវភៅអាន​វិញ​ប្រសើរ​ជាង​ ​ពីព្រោះ​មនុស្ស​ពិបាក​យល់​ហើយ​ ​ថែមទាំង​មិន​សង្ហា​ទៀត​។​ ​បើ​សង្ហា​តែ​បន្តិច​ ​ចេះតែ​ទ្រាំ​នៅ​ក្បែរ​ខ្លះ​!​!​ ​បើជា​សៀវភៅ​ ​ខ្ញុំ​មិនសូវ​ផ្តោត​លើ​ក្រប​ខាងក្រៅ​ទេ​ ​តែ​ដល់​មនុស្ស​វិញ​ ​ខ្ញុំ​សុំ​មើលរូប​រាង​ខាងក្រៅ​សិន​ហើយ​”​។​ ខ្ញុំ​ញញឹម​បន្តិច​ ​រួច​តប​វិញ​ថា​ ​“​បទ​ពិសោធ​អំណាន​ខ្ញុំ​ច្រើន​ ​ហើយ​សៀវភៅ​ខ្លះ​ ​សាំញ៉ាំ​ដូច​មនុស្ស​ស្រី​អ៊ីចឹង​ ​តែ​ពេលខ្លះ​ក៏​គួរ​ឱ្យ​ស្រឡាញ់​ដែរ​”​។​ ​

ក្រោយមក​ ​នាងស​ម្លឹង​មើល​មក​ខ្ញុំ​ ​រួច​និយាយ​ថា​ ​“​និយាយ​ជាមួយ​អ្នក​ពូកែ​អាន​ ​អាន​សៀវភៅ​បាន​ច្រើន​ ​គឺ​និយាយ​មិន​ឈ្នះ​មែន​។​ ​ខ្លួនឯង​មិន​សង្ហា​ហើយ​ ​នៅ​រកហេតុផល​តទល់​​នឹង​ខ្ញុំ​បាន​ទៀត​!​!​ ​ចាប់ពី​ពេលនេះ​ទៅ​ ​ខ្ញុំ​នឹង​ប្រឹង​អាន​ ​រក​ទ្រឹ​ស្តី​ល្អ​ៗ ​វិភាគ​គំ​និ​ត​ជ្រៅ​ៗ​ ​ហើយ​សង្ឃឹមថានឹង​បាន​ជជែក​ដេញដោល​នឹង​បង​ទៀត​”​។ ចុងក្រោយ​ ​ខ្ញុំ​លួច​ញញឹម​ ​រួច​គិត​ក្នុងចិត្ត​ថា​ ​“អូហ៍!​ ​តែ​ប៉ុន​ណេះ​ ​ដឹង​តែ​ចាញ់ល្បិច​ខ្ញុំ​ហើយ​។​ ​ប្រហែលជា​មិនដឹង​ថា​ខ្ញុំ​លលេង​ឱ្យ​ឈឺចិត្ត​ទេ​ ​ពេល​ឈឺចិត្ត​ ​គឺ​នឹង​ប្រឹង​អាន​សៀវភៅឱ្យ​ពូកែ​ជាង​ខ្ញុំ​!​!​”​

Cr. Lam Lim


នេះក៏នឹងប្រែប្រួល



ក្នុងដំណើរហូរទៅនៃជីវិតឥតមាននរណាម្នាក់អាចរក្សាវត្ថុអ្វីមួយឱ្យស្ថិតនៅជាប់នឹងខ្លួនជាអចិន្ត្រៃយ៍បានឡើយ ។ អ្វីៗគ្រប់យ៉ាងគឺជាអង្គនៃការប្រែប្រួល ដោយយល់អំពីសេចក្តីពិតនៃធម្មជាតិបែបនេះ បុគ្គលដែលអាចសម្របខ្លួនទៅនឹងដំណើរឥតទៀងទាត់របស់ធម្មជាតិនឹងរស់នៅជាសុខ ហើយអាចចៀសផុតអំពីភាពអន្ទះអន្ទែងខាងផ្លូវចិត្ត ។ ការសម្របខ្លួនក្នុងទីនេះ គឺជាការព្រលែងចោលគ្រឿងសៅហ្មងមួយចំនួន ដែលវាហួសឆ្ងាយពីវិស័យអាចកែប្រែបានចំពោះអ្វីដែលយើងអាចដោះស្រាយបាន គឺត្រូវតែប្រឹងប្រែងធ្វើ និងដោះស្រាយឱ្យដូចជាយើងនេះអាចរស់នៅជាអមតៈ

ផ្លូវនៃជីវិតមនុស្សយើងប្រៀបដូចជាបន្ទាត់មួយ ដែលស្ថិតនៅក្នុងចន្លោះការខឹងស្អប់ និង ការជាប់ជំពាក់ ។ ប្រសិនបើយើងភ្លាត់ស្នៀតទៅឆ្វេង ឬទៅស្តាំតែបន្តិច គ្រឿងសៅហ្មងទាំងពីរយ៉ាងដូចបានរៀបរាប់ពីខាងដើមនឹងតោងជាប់ចិត្តរបស់យើងមួយរំពេច ។ ការជាប់ផុងក្នុងការខឹងស្អប់ និង មិនយល់ដល់សភាពប្រែប្រួលរបស់ធម្មជាតិ គឺជាការរងទុក្ខមួយយ៉ាងធំក្នុងជីវិត ។ សភាពប្រការបែបនេះនឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សម្នាក់ ដែលរវល់ចងរវល់ស្រាយតែលើបញ្ហាដដែលៗរាប់មិនអស់ ។

អ្វីៗគ្រប់យ៉ាងដែលមកភពប្រសព្វនឹងជីវិតរបស់យើង សុទ្ធតែជាមេរៀន សុទ្ធតែជាអនុស្សាវរីយ៍ ដែលយើងមិនត្រូវមើលរំលង ហើយត្រូវរក្សា និងសន្សំវាទុកនៅក្នុងពែងនៃជីវិត ។ ការក្រេបទឹកពីពែងនៃជីវិត ដែលពោរពេញទៅដោយក្តីជូរចត់អស់សង្ឃឹម ភ័យខ្លាច និង ធុញទ្រាន់ គឺជាផ្នែកមួយជួយបណ្តុះគ្រាប់ពូជគុណធម៌ឱ្យកើតមាននៅក្នុងចិត្ត ។ បទពិសោធទាំងប៉ុន្មាន ដែលយើងបានឆ្លងកាត់សុទ្ធតែធ្លាក់ចូលទៅក្នុងពែងតែមួយ ហើយវានឹងក្លាយជាទឹកដមផ្កាដ៏បរិសុទ្ធលាយនឹងជ័យជម្នះ ដែលកើតចេញពីគោលដៅដ៏ច្បាស់លាស់របស់យើង ។

មនុស្សដែលរៀនសូត្រពិតប្រាកដនឹងមិនខូចអារម្មណ៍ ដោយសារតែចួបនឹងបញ្ហាដដែលនោះទេ ។ ជីវិតដែលនៅសល់ក្នុងពេលបច្ចុប្បន្ននេះ គឺជាឱកាសសម្រាប់យើងក្នុងការលាងសម្អាតកម្មអកុសលពីអតីតកាលផង និង បណ្តុះគ្រាប់ពូជថ្មីសម្រាប់ពេលអនាគតផង ។ ពិតមែនហើយ ការធ្វើខ្លួនឱ្យទៅជាមនុស្សដែលឥតមានការខឹងស្អប់ និង មិនជាប់ជំពាក់ គឺជារឿងលំបាកណាស់ តែការមិនព្រមធ្វើអ្វីសោះនឹងកាន់តែលំបាកថែមលើសមុនទៅទៀត ។ ជីវិតនេះខ្លីណាស់ ដូច្នេះគួរប្រើពេលបច្ចុប្បន្ននេះឱ្យមានប្រសិទ្ធភាព និង មិនត្រូវនៅត្រាំត្រែងជាមួយបញ្ហាដដែលៗយូរពេកទេ គឺត្រូវតែប្រើពេលនេះ ឥឡូវនេះក្នុងការលាងសម្អាត ដើម្បីចេញផុតពីបញ្ហាឆ្ពោះទៅរកសុភមង្គល ។
____

Cr. Ratha Mom

Friday, January 17, 2020

អំណាននិងអំនួត ​



​គ្មានអ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់​ជ្រោះ​ ​ក្រៅតែ​ពី​ការ​ឡើង​ខ្ពស់​ពេក​នោះ​ទេ​។​ ​នេះ​មានន័យថា​ ​“​បើកាលណា​កំពុង​ ​គឺ​ដឹង​តែ​កំពប់​”​។​ ​គ្មានអ្វី​ដែល​ធ្វើ​ឱ្យ​យើង​បរាជ័យ​ជាង​ភាព​ជោគជ័យ​នោះ​ទេ​។​ ​តើ​អ្វី​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​ ​“​កំពុង​ក្លាយទៅជា​កំពប់​ ​ឬ​ជោគជ័យ​ទៅជា​បរាជ័យ​?​”​ ​មូលហេតុ​ដ៏​ធំ​បំផុត​ ​គឺ​ចិត្ត​អំនួត​ ​ដ្បិត​ចិត្ត​អំនួត​ ​គឺ​តែង​សម្លាប់​មនុស្ស​សាហាវ​ជាង​បរាជ័យ​ទៅទៀត​។​ ​អំនួត​ ​វា​តែង​ធ្វើ​ឱ្យ​មនុស្ស​វង្វេងស្មារតី​ ​កើត​ចិត្ត​ប្រមាថ​លើ​អ្នកដទៃ​ ​មើលឃើញ​ខ្លួនឯង​ធំ​ហួស​ ​មើលឃើញ​អ្នកដទៃ​តូចបំផុត​។​ ​មនុស្ស​ដែល​គ្មាន​គ្រឹះ​ ​គឺ​ត្រូវ​រៀន​រស់​ក្នុង​ភាព​លំបាក​ជាមុន​សិន​។​ ​មនុស្ស​ដែល​ចង់​ជោគជ័យ​យូរអង្វែង​ ​គឺ​ត្រូវ​ឆ្លងកាត់​បរាជ័យ​ជា​គ្រឹះ​សិន​។​ ​អ្វីក៏ដោយ​ ​ឱ្យ​តែ​មាន​គ្រឹះ​ល្អ​ហើយ​ ​ទោះបីជា​លូត​ខ្ពស់​យ៉ាងណា​ ​ក៏​ទប់ខ្លួន​ជាប់​ដែរ​។​ ​តើ​អ្វីទៅ​ជា​អំណាន​ដែល​នាំ​ឱ្យ​មនុស្ស​អំនួត​?​
​ភ្នំ​ខ្ពស់​ ​ជ្រោះ​ជ្រៅ​ ​ធ្វើ​ស្តេច​ ​ធ្វើ​មន្រ្តី​ ​ធ្វើមេ​ដឹកនាំ​ ​តែង​ហត់នឿយ​ច្រើន​ ​ដ្បិត​ត្រូវ​មានការ​ងារ​ធ្វើ​ច្រើន​ ​ឧបសគ្គ​មាន​ច្រើន​ ​គ្មាន​ពេលវេលា​សម្រាប់​រឿង​ផ្ទាល់ខ្លួន​ឡើយ​។​ ​ជា​ធម្មតា​ ​អ្នកធ្វើការ​បាន​ច្រើន​ ​មោទកភាព​ក៏​ខ្ពស់​ដែរ​ ​ប្រៀប​ដូចជា​អ្នកអាន​សៀវភៅ​បាន​ច្រើន​ ​គង់តែ​មាន​អំនួត​ដោយសារតែ​ចំណេះ​ដែល​ខ្លួន​ទទួល​បាន​ពី​អំណាន​ដែរ​។​ ​អំនួត​ ​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​សីលធម៌​ក្នុងនាម​ជា​អ្នករៀន​សូត្រ​បាន​ច្រើន​។​ ​មាន​អ្នក​សួរ​សំណួរ​ទៅ​ ​អ្នកប្រាជ្ញ​គណិតវិទ្យា​ ​នៃ​សាសន៍​អ៊ី​ស្លាម​ ​អល់​ ​ក្ហារិ​ស្មិ​ ​(​Al​-​Khwārizmī​)​ ​ថា​ ​“​តើ​អ្វីទៅ​ជា​មនុស្ស​?​”​ ​ក្លា​រិ​ស្មិ​ ​ឆ្លើយ​ដោយ​លើក​នូវ​វិទ្យា​គណិត​សាស្រ្ត​មក​ជា​ទឡ្ហីករណ៍​ថា​ ​“​ប្រសិនជា​មនុស្សម្នាក់​មានចិត្ត​ខន្តី​អត​ធ្មត់​ ​និង​មាន​សីលធម៌​ល្អ​ ​គឺ​ស្មើនឹង​តួលេខ​ ​១​។​ ​បើសិនជា​មនុស្សម្នាក់​មាន​មន្ត​ស្នេហ៍​ ​គឺ​ត្រូវ​បន្ថែម​តួលេខ០​ ​ពីក្រោយ​លេខ១​ ​ដែល​ស្មើនឹង​ ​១០​។​.​.​.​ ​
.​.​.​បើ​មនុស្សម្នាក់​មានទ្រព្យ​សម្បត្តិ​ច្រើន​ ​គឺ​ត្រូវ​ថែម​លេខ០​ ​មួយទៀត​ ​ពីក្រោយ​លេខ១០​ ​ដែល​ស្មើនឹង​ ​១០០​។​ ​បើសិនជា​មនុស្សម្នាក់​ថ្លៃថ្នូរ​ ​គឺ​ត្រូវ​ថែម​លេខ០​ ​មួយទៀត​ ​នៅ​ពីក្រោយ​លេខ​ ​១០០​ ​ដែល​ស្មើនឹង​ ​១០០០​។​ ​ប៉ុន្តែ​បើសិនជា​បាត់​លេខ១​ ​ដែល​នៅ​ពីមុខ​តែមួយ​តែមួយ​លេខ​ ​គឺ​ស្មើនឹង​បាត់បង់​ភាពជា​មនុស្ស​។​ ​ដូ​ច្នេះ​អ្វី​ៗ​នឹង​គ្មាន​តម្លៃ​ ​ឬ​មានតម្លៃ​ត្រឹមតែ​ស្មើ​ ​០​”​។​ ​ទស្សនៈ​មួយទៀត​ ​តើ​ដូចម្តេច​ដែល​ហៅថា​មនុស្ស​?​ ​ដែល​អាច​ហៅថា​មនុស្ស​ទៅ​បាន​ ​លុះត្រា​ណា​តែ​យើង​ស្គាល់​តម្លៃ​របស់​មនុស្សដទៃ​ដែរ​។​ ​នៅពេល​ណា​ដែ​យើង​ចេះ​ឱ្យ​តម្លៃ​មនុស្ស​ដែល​មានតម្លៃ​ ​ឱ្យ​តម្លៃ​មនុស្ស​ដែល​មានគុណ​ធម៌​ខ្ពស់​ជាង​យើង​ ​ឱ្យ​តម្លៃ​មនុស្ស​ដែល​ល្អ​ ​គឺ​វា​នឹង​ធ្វើ​ឱ្យ​ចិត្ត​អំនួត​ថយ​ចុះ​ ​ឬ​គ្មានចិត្ត​អំនួត​សោះ​។​ ​ចំពោះ​ការ​អាន​ ​ពេលណា​យើង​អាន​បាន​ច្រើន​ ​មាន​ប្រភព​ព័ត៌មាន​ច្រើន​ ​មានចំណេះ​ដឹង​ច្រើន​ ​គឺ​ប្រាកដ​ណាស់​ថា​នឹង​មានចិត្ត​រំជើបរំជួល​ផុស​ចេញ​។​ ​ការរំជើបរំជួល​នេះ​ ​វា​ទាក់ទង​នឹង​កម្រិត​ចិត្ត​ដែល​ខ្វះ​ការ​ហ្វឹកហាត់​លត់ដំ​ផ្នែក​ខាងក្នុង​។​ ​មានតែ​ចិត្ត​ដែល​ឆ្លងកាត់​នូវ​ការ​សមាធិ​ប៉ុណ្ណោះ​ ​ដែល​ជា​ចិត្ត​ដែល​នឹងន​ជាង​ចិត្ត​អ្នក​គ្មាន​សមាធិ​។​
​ក្នុង​កាលៈទេសៈ​ខ្លះទៀត​ ​ពេលណា​យើង​មានចំណេះ​ដឹង​ច្រើន​ ​ឬ​មា​នព៌​ត៌​មាន​ ​គឺ​វា​ធ្វើ​ឱ្យ​យើង​ពិបាក​គ្រប់គ្រង​ខ្លួនឯង​ ​ពីព្រោះ​អ្វី​ដែល​យើង​បាន​យល់​ ​អាច​ហួសពី​ការយល់​ដឹង​របស់​មនុស្ស​ដែល​មិនបាន​រៀន​ ​ឬក៏​មិនបាន​អាន​។​ ​បើ​និយាយ​ក្នុង​ទស្សនវិជ្ជា​ចិត្ត​វិញ្ញាណ​ ​(​Spirituality​)​ លុយ​នេះ១​ ​ចំណេះដឹង​នេះ២​ ​បើ​វា​បាន​ក្លាយទៅជា​ចៅហ្វាយនាយ​របស់​យើង​ហើយ​ ​គឺ​យើង​នឹង​ស្តាប់​តាម​បញ្ជា​របស់​វា​ ​ធ្វើ​ផ្តេសផ្តាស​ ​អំនួត​អូ​ទីនួ​ ​លែង​ខ្វល់​នឹង​អ្នកដទៃ​ទាំងអស់​ ​ដ្បិត​សំខាន់​យើង​យល់ថា​ ​“​ខ្ញុំ​មាន​លុយ​ ​ឬ​ខ្ញុំ​ចេះ​ជាង​”​។​ ​នេះ​មិន​ខុសពី​ទស្សនៈ​ដែល​ថា​ ​“​ចំណេះ​ជា​អំណាច​ ​[​មុខ​ពីរ​]​”​។​ ​ពិភពលោក​នៃ​គំនិត​ ​គឺ​ធំធេង​ខ្លាំង​ណាស់​ ​រី​ឯ​ពិភព​នៃ​ចិត្ត​ក៏​រឹតតែ​ធំជាង​គំនិត​ទៅទៀត​។​ ​នៅ​ស្រុកខ្មែរ​យើង​ ​មាន​អ្នកខ្លះ​ ​ឬ​យុវជន​ខ្លះ​ងប់ងុល​នឹង​ទស្សនវិជ្ជា​ ​មនុស្ស​មិន​តិច​ទេ​ដែល​ទំនង​ធ្លាប់​មាន​ចរិត​បែ​កៗ​ ​ឬ​ពេលខ្លះ​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ផង​។​ ​ប្រវត្តិ​សាស្រ្ត​ក៏​មាន​ផង​ដែរ​ ​ទស្សនវិទូ​ខ្លះ​ ​ប្រឹងប្រែង​រៀនសូត្រ​រហូតដល់​បាន​បង្កើត​អ្វីមួយ​ថ្មី​ ​ឬ​ចេះដឹង​អ្វីមួយ​ថ្មី​ ​រហូតដល់​រំជើបរំជួល​ចិត្ត​ ​រត់​សប្បាយចិត្ត​ទាំង​អាក្រាត​ខ្លួន​ផង​ក៏​មាន​ ​(​អត់​ស្លៀកខោ​អាវ​)​។​ ​ការ​អាន​សៀវភៅ​បាន​ច្រើន​ ​ជួប​ទស្សនៈ​ល្អ​ៗ​ ​ពាល់​គំ​និ​ត​អស្ចារ្យ​ៗ​ ​ក៏​វា​អាច​ធ្វើ​ឱ្យ​យើង​ហោះហើរ​បាន​ដែរ​។​ ​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ ​ទើប​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​?​
​តាមរយៈ​បទ​ពិសោធ​ខ្ញុំ​ ​ចិត្ត​ខ្ញុំ​សម្រេច​ទៅ​ដោយ​វិជ្ជា​មនោយិទ្ធិ​ ​(​អំណាចចិត្ត​ ​ឬ​ ​Willpower​)​ ​ក្នុង​កម្រិត​ដែល​អាច​ឈ្នះ​ខ្លួនឯង​បាន​។​ ​ក្រៅពី​នេះ​ ​ចំណេះដឹង​ផ្នែក​សមាធិ​ ​ការ​បដិបត្តិ​ចិត្ត​សមាធិ​ ​និង​ការយល់​ដឹងពី​រឿង​សាសនា​ ​ក៏​វា​ជួយ​ខ្ញុំ​បាន​ច្រើន​បំផុត​ក្នុង​ការគ្រប់គ្រង​ចិត្ត​នេះ​ដែរ​។​ ​ដូច​បាន​លើកឡើង​ខាងលើ​អ៊ីចឹង​ ​ចំណេះដឹង​ ​វា​គ្មានអ្វី​អស្ចារ្យ​ទេ​ ​បើ​យើង​មិន​ប្រើ​វា​ឱ្យ​ត្រូវ​ផ្លូវ​ ​មិន​បម្រើ​សេចក្តីល្អ​ ​ឬ​បើ​ថា​រៀន​យក​ចេះ​ឱ្យ​គេ​កោត​ ​ក៏ដូចជា​គ្មាន​អស្ចារ្យ​អ្វី​នឹង​ត្រូវ​បាន​គេ​កោតសរសើរ​ផង​។​ ​អ្វី​ដែល​អស្ចារ្យ​ ​គឺ​ចេះ​ប្រើ​ឱ្យ​ត្រូវ​ផ្លូវ​ដើម្បី​រក​សេចក្តី​សុខ​ឱ្យ​ខ្លួនឯង​ផង​ ​និង​អ្នកដទៃ​ជុំវិញ​ខ្លួន​ផង​។​ ​សរុប​ចុងក្រោយ​ ​ពេល​អាន​បាន​ចេះ​ច្រើន​ ​កុំ​អំនួត​,​ ​ពេល​អាន​បាន​ចេះ​ច្រើន​ ​ត្រូវ​ចេះ​ប្រ​លះ​ចែក​គ្នា​,​ ​ពេល​អាន​បាន​ចេះ​ច្រើន​ ​កុំ​ភ្លេច​រៀន​ធ្វើស​មា​ធិ​ផង​,​ ​ពេល​អាន​បាន​ចេះ​ច្រើន​ ​កុំ​យកចំណេះ​ដឹង​ទៅ​បង្អួត​គេឯង​ ​(​បើ​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​ចាំបាច់​ទេ​)​។​ ​ចំណេះដឹង​មាន​ច្រើន​រាប់មិនអស់​ ​បើ​ត្រឹមតែ​មួយ​រស់​ខ្លួន​សុទ្ធសាធ​ ​រៀន​តិច​ៗ​ ​អាន​តិច​ៗ​បាន​ ​តែបើ​ចង់​ជួយ​អ្នកដទៃ​ ​ឬ​ចង់​ជួយ​សង្គម​ ​កុំ​រៀន​លេង​ៗ​ ​កុំ​រស់​នៅ​លេង​ៗ​ ​ត្រូវ​ប្រឹង​ឱ្យ​មែនទែន​។​ ​ដើម្បី​អាច​ទៅ​ធ្វើ​សេចក្តី​មេត្តា​ចំពោះ​អ្នក​ទន់ខ្សោយ​បាន​ ​លុះត្រា​ណា​តែ​យើង​តាំងចិត្ត​មាំ​ដាក់​វិន័យ​តឹងតែង​ចំពោះខ្លួន​ឯង​ ​ឃោរ​ឃៅ​បន្តិច​ចំពោះខ្លួន​ឯង​។​ ​មានតែ​យើង​ខ្លាំង​ទេ​ ​ទើប​អាច​ជួយ​អ្នក​ខ្សោយ​បាន​។​ ​មានតែ​យើង​ប្រឹង​ទេ​ ​ទើប​អាច​ខ្លាំង​បាន​។​ ​ការ​ប្រឹងប្រែង​ត្រូវ​មាន​វិន័យ​ ​ប្រៀប​ដូច​ជា​ទ្រឹ​ស្តី​ពុទ្ធនិយម​ដែល​ថា​“​ព្រះ​វិន័យ​ ​ឈ្មោះថា​ជា​អាយុកាល​របស់​ព្រះពុទ្ធ​សាសនា​”​។​ ​សាសនា​នឹង​បាត់បង់​ ​បើ​សង្ឃ​បាត់​វិន័យ​។​ ​មនុស្ស​នឹង​ខ្សោយ​ ​បើ​មនុស្ស​រស់នៅ​ដោយ​គ្មាន​វិន័យ​៕

Cr. Lam Lim

ចេះត្រឹមតែចាំនិងចេះគិតពិចារណា



គុណភាពនៃជីវិតរបស់យើង វាអាស្រ័យទៅអ្វីដែលយើងគិត តែវាពុំមែនស្ថិតនៅលើអ្វីដែលយើងចងចាំនោះទេ។ ថ្វីដ្បិតតែការមានព័ត៌មានក្នុងខួរក្បាលច្រើន វាជាផ្នែកមួយដែលនាំឱ្យយើងអាចទាញយកមកធ្វើការវិភាគមែន តែការចេះគិតពិចារណានិងរបៀបនៃការគិតពិចារណា វាសំខាន់ជាងទិន្នន័យដែលយើងមានក្នុងខួរក្បាលទៅទៀត។ មានខួរក្បាលដែលចេះគិតពិចារណា វាប្រសើរជាងខួរក្បាលដែលមានត្រឹមតែចំណេះដឹងឬព័ត៌មាន។ អ្នកខ្លះ ចាំទិន្នន័យបានច្រើន ហើយក៏ចេះតែសូត្រតាម គឺសូត្ររហូតដល់បែកពពុះមាត់ក៏មាន។ (តើនរណាខ្លះធ្លាប់មើលរឿង “3 Idiots”? តើចាំបានឈុតឆាកមួយ ដែលនិស្សិតម្នាក់ឡើងសូត្រចំណាប់អារម្មណ៍ ដែលនាំឱ្យសាកលវិទ្យាធិការខ្មាសទាំងរដ្ឋមន្រ្តី និងនិស្សិតចូលរួមដទៃទៀតទេ?)

យុគសម័យពីមុន មនុស្សជាតិប្រកួតប្រជែងលើព័ត៌មាន។ យុគសម័យបន្ទាប់ មនុស្សជាតិប្រកួតប្រជែងលើចំណេះដឹង។ យុគសម័យថ្មីនេះ មនុស្សជាតិប្រកួតប្រជែងលើការច្នៃប្រតិដ្ឋ។ គំនិតដែលងាប់ក្រឡា គឺជាគំនិតហួសសម័យឥតបានការណ៍។ មនុស្សឆ្លាតពុំមែនជាបុគ្គលដែលមានខួរក្បាលពូកែចាំទិន្នន័យគ្រប់យ៉ាងទេ តែជាមនុស្សដែលដឹងថាតើត្រូវទៅរកទិន្នន័យទាំងអស់នោះនៅឯណា? អង្គចងចាំនៃប្រព័ន្ធបច្ចេកវិទ្យា (Memory) មានតួនាទីជាអ្នកផ្ទុកទិន្នន័យ ហើយខួរក្បាលមនុស្សមានតួនាទីជាអ្នកគិតរិះរកអ្វីដែលថ្មីៗ។ មនុស្សឆ្លាតពិតប្រាកដ គឺជាបុគ្គលដែលពូកែសួរ តែពុំមែនមនុស្សពូកែឆ្លើយទេ។

យុគសម័យនេះ គឺជាសម័យនៃការច្នៃប្រតិដ្ឋថ្មី តែពុំមែនជាយុគសម័យដែលប្រកួតប្រជែងលើព័ត៌មាន ឬចំណេះដឹងទៀតឡើយ។ ការចេះគិតត្រិះរិះពិចារណា ធ្វើឱ្យយើងខុសពីសត្វ។ ការរស់នៅរបស់សត្វភាគច្រើន ប្រើតែសភាវគតិប៉ុណ្ណោះ។ បើទោះបីជាយើងរៀនជំនាញអ្វីក៏ដោយ ឱ្យតែពូកែគិត វានឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សឆ្នើម។ អ្នករៀនទស្សនវិជ្ជា នៅតែជាអ្នករៀនទស្សនវិជ្ជា បើយើងនៅតែមិនរៀនវែកញែកគំនិតរបស់ទស្សនវិទូ និងរៀនឆ្លុះបញ្ចាំងគំនិតទាំងនោះ ជាមួយនឹងស្ថានភាពសង្គមដែលខ្លួនរស់នៅទេ។ គំនិតចាស់ បូកគំនិតថ្មី ស្មើនឹងគំនិតច្នៃប្រតិដ្ឋ។ គំនិតចាស់ថ្មីទាំងអស់ បូកនឹងកាលៈទេសៈសង្គមជាក់ស្តែង វានឹងបង្ហាញយើងថាតើយើងត្រូវអភិរក្សត្រង់ណា និងអភិវឌ្ឍត្រង់ណា?

បដិវត្តន៍ក្នុងពិភពលោកទាំងអស់ សុទ្ធតែកើតចេញពីក្រុមមេគំនិតធំៗ ឬយើងហៅថា ទស្សនវិទូ។ ទស្សនវិជ្ជា គឺជាហេតុធ្វើឱ្យសង្គមមានបដិវត្តន៍ ដ្បិតមនុស្សរស់ក្នុងសង្គមតែងនៅចង់បានជីវិតដែលល្អប្រសើរជាងមុន។ ឧទាហរណ៍ជាក់ស្តែង. តើទស្សនវិទូរូបណាដែលធ្វើឱ្យមានបដិវត្តន៍របបរាជានិយម? តើទស្សនវិទូរូបណាដែលបង្កើតរបៀបដឹកនាំរដ្ឋ និងផ្លាស់របៀបដឹកនាំចាស់? ដូច្នេះ កុំឆ្ងល់ថាហេតុអ្វីសង្គមខ្លះ មេដឹកនាំខ្លះ ហាមឃាត់មិនឱ្យមានការសិក្សាទស្សនវិជ្ជាឱ្យស៊ីជម្រៅ ដល់ប្រជាជន ឬយុវជន? មនុស្សដែលមិនហ៊ានគិតនូវអ្វីដែលខ្លួនចង់គិត គឺជាទាសករ ឬជាមនុស្សកំសាក។ ក្នុងចំណោមទស្សនវិទូទាំងអស់ ខ្ញុំសរសើរសូក្រាត ដ្បិតលោកនិយាយថា ម្តាយខ្ញុំគឺជាឆ្មបបង្កើតកូន រីឯខ្ញុំជាឆ្មបបង្កើតគំនិត

_____

ត្រូវយល់អ្វីខ្លះមុនអានសៀវភៅសាសនា?



សាសនា គឺជាអាហារផ្លូវចិត្តរបស់មនុស្ស ប្រៀបដូចជានយោបាយ គឺជាអាហារផ្លូវកាយរបស់ប្រជាជនក្នុងសង្គម។ មនុស្សខ្លះនិយាយថាខ្លួនគ្មានសាសនាទេ។ អ្នកខ្លះទៀតមានជំនឿលើសាសនានេះ ឬសាសនានោះ។ នៅលើលោកនេះ គ្មាននរណាម្នាក់ដែលអាចរស់នៅបានដោយឥតសាសនាទេ ដ្បិតសាសនាមានន័យថា សេចក្តីល្អក្នុងចិត្ត។ អ្នកដែលគ្មានសេចក្តីល្អនៅក្នុងចិត្ត បើទោះបីជាមានសាសនា ក៏ហៅថាគ្មានដែរ។ ឱ្យតែមនុស្សបាត់បង់មនោសញ្ចេតនានៃសេចក្តីល្អហើយ គឺមនុស្សយើងនឹងក្លាយទៅជាឆ្កែចចកចំពោះមនុស្សដូចគ្នាភ្លាម។ ក្នុងពិភពលោក ខ្ញុំអាចនិយាយបានថា ចំនួនមនុស្សមានច្រើនប៉ុនណា មានចំនួននិកាយសាសនា ក៏មានចំនួនច្រើនយ៉ាងនោះដែរ។ ហេតុអ្វីក្នុងនាមជាយើងជាអ្នកអានត្រូវយល់ដឹងពីរឿងសាសនា?

នៅក្នុងគម្ពីរបុរាណ វេទាន្ត - Vedanta” របស់ឥណ្ឌាដែលគម្ពីរនេះជាស្នូលនៃសាសនា បានលើកឡើងពីទំនាស់សាសនាក្នុងនាមជាសាសនិក (អ្នកកាន់សាសនា) ថា បើព្រះពុទ្ធ ព្រះវិស្ណុ ព្រះអាឡោះ ព្រះយេស៊ូ និងព្រះធំៗដែលបានបង្កើតសាសនា អង្គុយជជែកគ្នាក្នុងបន្ទប់មួយអំពីបញ្ហាសន្តិភាព គឺយើងនឹងមិនឃើញទំនាស់ទាស់ទែងគ្នាឡើយប៉ុន្តែបើឱ្យមេសាសនាធំៗ ឬមេនិកាយសាសនាធំៗដែលជាមនុស្ស មកអង្គុយជជែកគ្នាពីគោលជំនឿសាសនា គឺបុគ្គលជាមេសាសនានឹងអាចឈ្លោះទាស់ទែងគ្នា ប្រកាន់បក្សពួកចំពោះគ្នា និងបែកបាក់សាមគ្គីជាមិនខាន នេះជាឥរិយបថរបស់មនុស្សជាតិ។ ដូច្នេះហើយ ទើបបានជាស្ទើរតែគ្រប់សាសនា មានការបែកបាក់និកាយ មិនថាជាសាសនាព្រះពុទ្ធ ក៏មានការបែកបាក់ទាស់ទែងគ្នាដែរ (ហីនយាន និងមហាយាន)។ ការបែកបាក់និកាយ គឺស្មើនឹងបំបែកអំណាចដែលគ្មានការអនុញ្ញាតិពីព្រះក្នុងសាសនាធំៗឡើយ។ ចិត្តមនុស្សខុសពីចិត្តព្រះ

នេះជាមូលហេតុដែលយើងជាអ្នកអានសៀវភៅសាសនាត្រូវតែយល់ និងជាពិសេសអំណានសៀវភៅសាសនាក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ចង់យល់ដឹងពីទស្សនៈ ឬគោលជំនឿដែលសាសនានីមួយៗប្រតិបត្តិ។ ជាទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា គ្រប់សាសនាទាំងអស់សុទ្ធតែមានលក្ខណៈគោលជំនឿពិសេសៗដោយឡែកពីគ្នា។ ចំពោះអ្នកខ្លះយល់ថា សាសនានេះល្អជាងសាសនានោះ ឬសាសនានោះល្អជាងសាសនានេះ។ ការយល់បែបនេះមិនខុស ក៏មិនត្រឹមត្រូវដែរ។ គ្មានសាសនាណាដែលក្តោបយកសច្ចភាពតែម្នាក់ឯងបានទេ។ តួយ៉ាងដូចជាព្រះពុទ្ធសាសនារកឃើញច្បាប់កម្មផល ច្បាប់ហេតុផល....។ រីចំពោះសាសនាគ្រិស្ទរកឃើញច្បាប់នៃសេចក្តីស្រឡាញ់។ មានសាសនាជាច្រើនផ្សេងៗទៀតបានរកឃើញច្បាប់សច្ចភាពផ្សេងៗដែលមាននៅក្នុងធម្មជាតិដោយឡែកពីគ្នា។ ច្បាប់ទាំងនេះ គឺជាសុទ្ធតែជាសច្ចភាពដែលមានក្នុងធម្មជាតិ។ តើសច្ចភាពក្នុងន័យនេះ ខ្ញុំចង់សំដៅទៅលើអ្វី?

មានព្រះពុទ្ធក្តី ឬគ្មានព្រះពុទ្ធក្តី ច្បាប់កម្មផល ឬច្បាប់ហេតុផល គឺនៅតែមាននៅក្នុងធម្មជាតិ។ មានព្រះយេស៊ូក្តី ឬគ្មានព្រះយេស៊ូក្តី ក៏ច្បាប់នៃសេចក្តីស្រឡាញ់នៅតែមាននៅក្នុងធម្មជាតិ និងដំណើរការក្នុងធម្មជាតិជាប្រក្រតី។ លើសពីនេះមាន មានកាលីឡេ (Galileo Galilei) ក្តី ឬគ្មានកាលីឡេក្តី ក៏ព្រះផែនដីនៅតែវិលជុំវិញព្រះអាទិត្យ។ មានអៃសាក់ ញូវតុន (Isaac Newton) ក្តី ឬគ្មានអៃសាក់ ញូវតុនក្តី ក៏ច្បាប់ទំនាញផែនដីនៅតែមាន។ មានសាសនា និងអ្នកប្រាជ្ញវិទ្យាសាស្រ្តជាច្រើនទៀតដែលបានរកឃើញ (មិនមែនបង្កើត) ច្បាប់ធម្មជាតិ ដែលហៅថា សច្ចភាពដែលគ្មានបុគ្គលណាម្នាក់អាចឱបក្រសោបយកម្នាក់ឯងបានឡើយ។ បើយើងមានជំនឿលើសាសនាណាមួយ គឺសូមធ្វើជាមនុស្សដែលជីកអណ្តូងសាសនារបស់ខ្លួនឱ្យបានជ្រៅនិងចេញទឹកអាចបរិភោគបាន (ប្រតិបត្តិ)។ នេះមានន័យថា អ្នកខ្លះរៀនទ្រឹស្តីសាសនាខ្លះបានតិចតួច ក៏កើតចិត្តប្រមាថលើសាសនាដទៃ។ នេះមានន័យថាយើងរៀនបានតិច តែចូលចិត្តប្រមាថ។ អ្នកដែលសិក្សាបានច្រើន តែងមិនប្រមាថទេ រីឯអ្នកដែលប្រមាថ គឺច្រើនតែបុគ្គលអវិជ្ជាក្នុងរឿងណាមួយ (ទោះបីជាទស្សនវិទូក៏ដោយ)។ តើទស្សនវិទូណាដែលប្រមាថថាគ្មានអត្ថិភាពរបស់ព្រះ?

ទស្សនវិទូអាល្លឺម៉ង់ ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) បានសួរទៅសម្តេចប៉ាបក្នុងវិហារថា បើសិនជាមានព្រះជាម្ចាស់ពិតមែន សូមឱ្យព្រះរបស់អ្នកធ្វើអភិនិហារឱ្យនាឡិកានៅលើជញ្ជាំងនេះឈប់ដើរ នេះជាការប្រមាថរបស់និហ្សឺទៅលើអត្ថិភាពរបស់ព្រះក្នុងសាសនាគ្រិស្ទ។ នេះជាពិភពទស្សវិជ្ជាដែលទស្សនវិទូខ្លះជាបុគ្គលស្ថិតក្នុងពិភពគំនិត ដែលពាល់មិនដល់ពិភពចិត្ត ពិភពព្រលឹងក្នុងកាយ និងពិភពអរូបិយ។ ខ្ញុំប្រើពាក្យអរូបិយ គឺចង់មានន័យថា អ្វីៗដែលមិនអាចមើលឃើញដោយភ្នែក។ អ្វីដែលភ្នែកមើលមិនឃើញ គឺជាពិភពព្រលឹង ឬពិភពចិត្ត។ ទ្រឹស្តីពុទ្ធនិយមបកស្រាយបានល្អបំផុតស្តីពីធាតុនាម (វិញ្ញាណ) និងរូប (កាយ)។ ពិភពវិញ្ញាណគ្មានសាសនាណាជាអ្នកបង្កើតទេ តែវាសច្ចភាពដែលមានក្នុងធម្មជាតិ។ ខ្ញុំចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ដែលរស់នៅជាមួយនិងពិភពគំនិតនេះច្រើន តែខ្ញុំក៏បានដើរហួសផុតពិភពគំនិតនេះ រហូតដល់ពិភពអរូបិយដែរ។ ចំណេះដឹងទាំងនេះ ទោះបីមានអ្នកខ្លះរៀនបានខ្ពស់ សញ្ញាបត្រច្រើន ក៏មិនប្រាកដថានឹងបានជួបដោយផ្ទាល់ដែរ។ អ្នកខ្លះវិញ លុះដល់ស្លាប់ទៅវិញ ក៏គ្មានសូម្បីតែឱកាសបានពាល់សច្ចភាពដែលភ្នែកមើលមិនឃើញនេះដែរ។

នេះជាទស្សនៈស្នូលជាមូលដ្ឋានក្នុងជម្រៅសាសនាដ៏ច្រើន ដែលយើងគួរមានគ្រឹះ មុននឹងអានសៀវភៅសាសនា។ សាសនាខ្លះ ប្រៀបដូចជាមនោគមវិជ្ជាពង្វក់មនុស្សឱ្យស្ថិតក្នុងជំនឿងងឹតងងុល និងប្រើប្រាស់តឹកតាងហេតុផលតក្កវិជ្ជានាំបញ្ញាមនុស្សស្លាប់ផងក៏មាន។ ជំនឿសម្លាប់បញ្ញា។ កាលណាគេនិយាយពីពាក្យថា ជំនឿគឺមានន័យថាការជឿក្នុងថ្នាក់ប្រាជ្ញាឈ្លាសវៃខួរក្បាល ឬជាភាសាអង់គ្លេសថា “Believe”។ ពាក្យថា “Believe” នេះ គឺជាជំនឿដែលសំដៅទៅលើការជឿអ្វីមួយដោយយោងទៅតាមថ្នាក់ហេតុផល។ Believe វាខុសពី “Touch” ហើយពាក្យនេះប្រែថា ពាល់ក្នុងថ្នាក់អារម្មណ៍ ឬចិត្តដែលនិយាយអំពីការពាល់ក្នុងកម្រិតចិត្ត។ សូមពិចារណាសម្ព័ន្ធនេះ “Head -> Believe -> Logic (ខួរក្បាលតែងរស់នៅក្នុងពិភពហេតុផល ឬតក្កវិជ្ជា)និង “Heart -> Touch -> Trust (បេះដូងតែងរស់នៅក្នុងពិភពនៃថ្នាក់ពាល់ចិត្ត ឬមិនស្ថិតក្នុងថ្នាក់ហេតុផលទេ)។ រឿងខ្លះ វាត្រូវ តែគ្មានហេតុផលទេ ឬរឿងខ្លះ វាពិត តែគ្មានហេតុបញ្ចាក់ថាពិតទេ។ ចំណែករឿងខ្លះវិញ វាពិតក្នុងថ្នាក់ហេតុផល តែបេះដូងមិនពាល់ ឬបេះដូងមិនយល់ទេ។ ឧទាហរណ៍ សេចក្តីស្រឡាញ់គ្មានហេតុទេ។ អ្នកខ្លះសួរទៅមិត្តខ្លួនថា ហេតុអ្វីស្រឡាញ់បុរសម្នាក់នេះ ដ្បិតបុរសនេះក្រ ល្ងង់ ហើយមិនឆ្លាត មិនស្អាតផង!បើបេះដូងស្រឡាញ់ហើយ ត្រូវឆ្លើយយ៉ាងណា?

នេះជាភាពខុសគ្នារវាងខួរក្បាល និងបេះដូង។ បើយើងអាចយល់ពីអ្វីដែលខ្ញុំលើកឡើងខាងលើ គឺស្មើនឹងយល់ពីចិត្តនិងកាយ។ ប្រទេសមួយយកសាសនាណាមួយជាគោលការណ៍ ឬជាសាសនារបស់រដ្ឋ គឺដោយសារជាប់ទាក់ទងនឹងស្ថានភាពភូមិ ប្រជាសាស្រ្ត នយោបាយ ប្រពៃណី ចរិតលក្ខណៈនៃប្រជាជន និងផ្នត់គំនិតសង្គម។ គ្រប់សាសនាទាំងអស់ គឺមានលក្ខណៈល្អពិសេសដោយឡែកៗពីគ្នា។ អំណានសៀវភៅសាសនា ត្រូវអានដោយប្រុងប្រយ័ត្នបំផុត! សូមសន្តិភាពផ្លូវចិត្ត ដោយជៀសឱ្យផុតពីគំនិតស្អប់ស្រឡាញ់។ ស្ងប់ល្អជាងសុខ។ សុខល្អជាងទុក្ខ។ ទុក្ខផងសុខផង គឺជាជីវិតមនុស្សដែលមានធាតុព្រះក្នុងខ្លួនតិច (God-man)។ ចិត្តរបស់ព្រះ គ្មានសេចក្តីសុខឯណា ស្មើនឹងសេចក្តីស្ងប់ទេ
____