Monday, June 18, 2018
Sunday, June 17, 2018
Saturday, June 16, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣២)
“ជីវិតនេះមានប្រមាណតិចណាស់ តែក៏សំខាន់ណាស់ដែរ
ចូរពិនិត្យមើលនូវផ្លូវបែកជាពីរ នឹងទៅកាន់ទីទាប ឬទីខ្ពស់ ទៅល្អឬអាក្រក់
យើងអាចជ្រើសរើសបានក្នុងជីវិតនេះតែប៉ុណ្ណោះ គប្បីចងចាំឃ្លានេះឲ្យច្បាស់
ហើយជ្រើសរើសសម្រេចចិត្តយកមួយណាដោយខ្លួនឯង”។
មនុស្សក្នុងត្រៃលោកនេះ អ្នកណាៗក៏ចង់មានអាយុវែងនេះណាស់
ហើយក៏គ្មានណាម្នាក់ចង់មានអាយុខ្លីដែរ ពួកគេខិតខំប្រឹងប្រែងថែទាំបំប៉ន
ប៉ូវសរីរាង្គនេះឲ្យតាំងនៅបានយូរ ប្រឹងប្រែស្វះស្វែងរកនូវគ្រឿងប្រើប្រាស់
គ្រឿងហូបចុក ប្រយោជន៍ដើម្បីតាំងនូវអាយុនេះឲ្យបានយូរអង្វែង ប៉ុន្តែតាមការជាក់ស្ដែងមិនជាដូច្នេះឡើយ
កើតមកបន្តគ្នារាល់ថ្ងៃ ហើយស្លាប់ទៅវិញក៏មានជាហូរហែមិនដែលដាច់ ព្រោះអី? ព្រោះថា មនុស្សលោកដែលស្ថិតនៅក្នុងត្រៃភពនេះ
គ្មានមនុស្សណាអាចមានជីវិតអមតៈឡើយ ទោះបីក្នុងសម័យសព្វថ្ងៃនេះ មានវេជ្ជសាស្ត្រទំនើបៗ
មានឱសថល្អៗមកព្យាបាលរោគក៏ដោយ គ្រាន់តែបានបណ្ដោះអាសន្នប៉ុណ្ណោះ
នៅទីបំផុតក៏ត្រូវស្លាប់ទាំងអស់គ្នា ។
ពេលខ្លះ យើងដឹង
យើងឮពាក្យអាយុមនុស្សមានប្រមាណតិច កុំមានក្ដីប្រមាទឲ្យសោះនេះ រាល់ៗថ្ងៃ
ប៉ុន្តែមនុស្សមួយចំនួនមិនគិត មិនយកចិត្តទុកដាក់ឡើយ ពួកគេគិតថា
សព្វថ្ងៃនេះពួកគេមិនទាន់ចូលដល់ដំណាក់កាលត្រូវស្លាប់ឡើយ
ពួកគេកំពុងសប្បាយសោយសុខជាមួយនឹងសម្ភារៈទាំងឡាយដ៏សម្បូរបែប មិនគិត
មិននឹកដល់សេចក្ដីស្លាប់ថា មានគ្រប់ដង្ហើមចេញចូលរបស់ខ្លួនឡើយ ។ ពួកគេតែងតែគិតថាមនុស្សស្លាប់
មានតែលើចាស់ៗ ក្មេងៗដូចជាពួកគេមិនស្លាប់ឡើយ ។ ពួកគេស្ថិតនៅក្នុងវ័យលូតលាស់
ដូចជាដើមឈើ មិនងាយស្លាប់ងាយៗទេ ម្លោះហើយពួកគេមិនខ្វល់នឹងរឿងសេចក្ដីស្លាប់
មិនគិតរឿងសាងអំពើល្អ សាងបុណ្យកុសលទុកសម្រាប់ខ្លួននៅពេលដែលខ្លួនចាកចេញពីលោកនេះទៅឡើយ
ព្រោះពួកគេកំពុងមានផាសុកជាមួយទ្រព្យសម្បត្តិកេរអាកររបស់ឪពុកម្ដាយគេ ដោយមិនគិតថា ខ្លួនមកកាន់ទីនេះ
ដោយអំណាចបុណ្យកុសលរបស់ខ្លួនឡើយ ។
លោកថាមនុស្សមានអាយុប្រមាណតិចនេះ
បើយើងប្រៀបធៀបជាមួយអាយុរបស់ទេវតា និងពួកអមនុស្សផ្សេងៗគឺ មនុស្សនេះមានអាយុតិចជាងគេ
។ ជាក់ស្ដែង សេចក្ដីស្លាប់នេះ មិនមែនមានតែលើមនុស្សចាស់ មនុស្សធំ កម្លោះក្រមុំ
កូនក្មេងក៏ស្លាប់ទៅរាល់ថ្ងៃដែរ ។ សេចក្ដីស្លាប់នេះ មិនរើសបុគ្គល មិនរើសពេលវេលា
និងមិនរើសទីកន្លែងឡើយ ។ បុគ្គលក្មេង កម្លោះក្រមុំ ចាស់ ពាល បណ្ឌិត អ្នកក្រ អ្នកមាន
ក៏ស្លាប់ទៅទាំងអស់ ស្លាប់ទៅរាល់ថ្ងៃ នៅសព្វទីកន្លែងមិនថាស្រុកខ្មែរ ស្រុកបារាំង
ស្រុកអាមេរិកកាំងទេ គឺសុទ្ធតែមានមនុស្សស្លាប់ទាំងអស់ លើភពផែនដីនេះ មិនមែនកន្លែងណាមួយថា
មិនមានមនុស្សស្លាប់នោះដែរ ។
ដូចនេះ មុននឹងខ្លួនចាកចេញពីលោកនេះទៅ
ឬនៅក្នុងជីវិតនេះ យើងអាចមានជម្រើសពីរ ដែលខ្លួនយើងម្នាក់ៗអាចមានសិទ្ធិជ្រើសរើសយក។
ជម្រើសទី១ គឺផ្លូវឆ្វេង ឬផ្លូវអាក្រក់ ផ្លូវបាបលាមក ឬអាចថា ផ្លូវនៃសេចក្ដីវិនាស ។
ជម្រើសទី២ គឺផ្លូវស្ដាំ ផ្លូវល្អ ផ្លូវបុណ្យកុសល
ដែលជាផ្លូវនាំមកនូវសេចក្ដីសុខសេចក្ដីចម្រើនដល់ខ្លួននិងអ្នកដទៃ ។
ប្រសិនបើយើងម្នាក់ៗចង់បានសេចក្ដីទុក្ខ
សេចក្ដីក្ដៅក្រហាយកាយ មិនសប្បាយចិត្ត ដល់ជីវិតអាចយកជម្រើសទីមួយ
ប្រសិនបើយើងចង់បានសេចក្ដីសុខ សេចក្ដីចម្រើន
សុខកាយសប្បាយចិត្តក្នុងជីវិតដល់ខ្លួននិងអ្នកដទៃ អាចមានសិទ្ធិរើសចំណុចទីពីរ ។
យ៉ាងណា ជម្រើសទាំងពីរនេះ ជាជម្រើសរបស់យើងម្នាក់ៗក្នុងការសម្រេចចិត្តដោយខ្លួនឯងណ៎ា
ព្រោះសុខទុក្ខខ្លួនយើងជាអ្នកសម្រេច ខ្លួនយើងជាអ្នកទទួលដោយខ្លួនឯង គ្មានបុគ្គលណាមួយមកទទួលជំនួសខ្លួនយើងឡើយ
។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣២)
យើងទៅក្ដៅក្រហាយអ្វីនឹងអ្នកនិន្ទារិះគន់
នរណានិន្ទារិះគន់យើងកុំយកត្រចៀកស្ដាប់
កុំធ្វើទុកក្នុងចិត្តក៏ស្រេច
ចិត្តយើងក៏សប្បាយ ចិត្តក៏ស្រួល
ចិត្តក៏ត្រជាក់
អ្នកនិន្ទារិះគន់គឺជាថ្នាំប៉ូវកម្លាំងដែលជួយដាស់តឿនកើនរំលឹកដល់ខ្លួនយើង
មានអ្នកនិន្ទារិះគន់យើងល្អជាងមានអ្នកមកសរសើរយើង
ប្រសិនបើយើងមានសភាពលក្ខណៈបែបនោះមែន
យើងនឹងបានកែលំអ យើងទៅខឹងគេធ្វើអ្វី
បើយើងខឹងគេ មានន័យថាយើងកំពុងចាញ់ខ្លួនឯង។
Friday, June 15, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣១)
ធម្មតាចិត្តមនុស្ស
រមែងអន្ទះអន្ទែងស្ទុះស្ទាទៅកាន់អារម្មណ៍ផ្សេងៗ ដែលចូលមកប្រលោមឲ្យស្រឡាញ់ខ្លះ
មកញុះញង់ឲ្យស្អប់ខ្ពើមខ្លះ មកលលួងឲ្យភ្លាំងភ្លាត់ញាប់ញ័រខ្លះ មិនឲ្យនឹងនួនបាន បើគ្មានបង្គោលឲ្យចិត្តប្រកាន់យកជាបង្អែក
ចិត្តរមែងមិននឹងធឹងនៅបានទេ តែងតែអណ្ដែតអណ្ដូងទៅរកសេចក្ដីក្ដៅក្រហាយ
ដូចស្វាដែលចូលចិត្តលោតចុះលោតឡើង បើមិនចងទុកនឹងបង្គោលបណ្ដោយឲ្យទៅតាមទំនើង
អាចនឹងធ្វើឲ្យវិនាសច្រើនស្ថាន ។
ចិត្តរបស់មនុស្ស
រមែងត្រូវវិបត្តិដោយអំណាចសេចក្ដីលោភ ក្រោធ វង្វេង ឥច្ឆា ឫស្យា
ព្រមទាំងឲ្យទោសគឺសេចក្ដីវិនាស អាក្រក់ខ្លាំងជាងសេះដែលខូច ឬជាងដំរីចុះប្រេងទៅទៀត ។
ដោយហេតុនេះ មនុស្សយើងគួរមានគោលគឺ
ពុទ្ធសាសនាជាបង្អែកជាគ្រឿងអប់រំចិត្ត ដើម្បីឲ្យប្រណីតបញ្ចងលះបង់សេចក្ដីវិបត្តិអាក្រក់នោះចោលចេញ
។ មនុស្សដែលមានពុទ្ធសាសនា ជាគោលហ្វឹកហាត់ចិត្ត រមែងគ្មានសេចក្ដីវិបត្តិ
មានតែសេចក្ដីត្រជាក់ចិត្ត ឥតមានកិលេសដុតរោល ឲ្យធ្វើសេចក្ដីអាក្រក់
ដែលជាហេតុឲ្យក្ដៅក្រហាយ ឲ្យវិនាសដល់ខ្លួន និងអ្នកដទៃទេ ។
Wednesday, June 13, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣០)
“បើសិនមនុស្សមិនល្អ ទោះបីមានរបស់ល្អក៏គ្រប់គ្រងមិនបាន របស់ល្អៗស្ថិតនៅលើមនុស្សល្អ” ។ មានរឿងរ៉ាវ
ជាច្រើនដែលយើងទាំងអស់គ្នាស្មានមិនត្រូវ នឹកស្មានមិនដល់ ពេលខ្លះឱកាសនៅចំពោះមុខយើង
បែរជាយើងគ្មានឱកាសដើម្បីបានវាមកកាន់កាប់ ឬមកគ្រប់គ្រងបាន ហើយពេលខ្លះទៀត
របស់ល្អៗនៅចំពោះមុខយើងយ៉ាងពាសពេញហូរហៀរ បែរជាយើងបរិភោគមិនកើតទៅវិញ
ខ្លះទៀតខំធ្វើផ្ទះធំទ្រនំខ្ពស់ ដើម្បីឲ្យខ្លួននៅជ្រកកោនសប្បាយចិត្តនឹងគេធ្វើហើយស្លាប់
ទាំងខ្លួនមិនទាន់បានឡើងទៅនៅផ្ទះនោះផង ។ មានរឿងខ្លះទៀត ពុកម៉ែខំសន្សំលុយកាក់ទិញម៉ូតូថ្មីឲ្យខ្លួនជិះៗបានតែម្ដង
ក៏ត្រូវគេបុកដួលស្លាប់បាត់ទៅក៏មាន ហើយអ្នកខ្លះទៀត មានលុយរាប់លានដុល្លារ តែមិនអាចទទួលទានរបស់ឆ្ងាញ់ៗ
របស់ល្អៗបាន ខ្លួនទទួលទានបានត្រឹមតែទឹកជ្រក់ជាមួយបាយកញ្ចុងអង្ករទៅវិញ
មានរឿងរ៉ាវជាច្រើនទៀត ដែលមានហេតុភេទកើតឡើងមិនស័ក្ដិសម មិនសមតម្លៃនឹងខ្លួនមានបាន
មិនសមនឹងខ្លួនបាន ។
អ្វីដែលលើកពោលមកខាងលើ បើយើងនិយាយឲ្យខ្លីមក
ថាមនុស្សខ្វះបុណ្យនោះឯង ព្រោះអ្វីៗវាមានហេតុផលរបស់វា របស់ល្អនៅជាមួយនឹងជនពាល
ជនកំហូចមិនបានយូរឡើយ វាចេះតែក្ដៅក្រហាយ មានជំងឺឈឺស្កាត់
មានរឿងវិវាទទាស់ទែងខ្វែងគំនិត ឲ្យបែកបាក់ប្ដីប្រពន្ធ បងប្អូនមើលមុខគ្នាមិនចំ
មើលមុខគ្នាមិនត្រូវ ព្រោះតែទ្រព្យនោះនាំមកនូវអពមង្គលដល់ខ្លួនដល់គ្រួសារ ។
និយាយឲ្យមែនទែនរបស់របរគ្រប់យ៉ាងក្នុងលោកនេះ គ្មានចង្រៃអ្វីទេ
ចង្រៃមកតែពីខ្លួនយើងម្នាក់ៗហ្នឹងឯង ។
ដូច្នេះ របស់ល្អ វាមានតែមនុស្សល្អទេ
ទើបអាចគ្រប់គ្រងថែរក្សា ប្រើប្រាស់របស់នោះបាន និយាយឲ្យខ្លីទៅ
ថាទាល់តែមនុស្សនោះមានបុណ្យគ្រប់គ្រាន់ ទើបសមគួរនឹងបានរបស់ល្អមកគ្រប់គ្រងបាន ។
ដូចនេះ ដើម្បីបានរបស់ល្អមកគ្រប់គ្រងបាន លុះត្រាតែពួកយើងម្នាក់ៗ
ខិតខំបំពេញសេចក្ដីល្អឲ្យបានច្រើន ចេះឲ្យ ចេះប្រើសម្ដីពីរោះ ចេះបំពេញប្រយោជន៍
ធ្វើខ្លួនឲ្យស្មើតាមកម្លាំងទានសីល និងភាវនា ឬកុំធ្វើអាក្រក់គ្រប់យ៉ាង
ធ្វើតែសេចក្ដីល្អៗ និងកាត់បន្ថយសេចក្ដីលោភ ខឹង ក្រោធតាមដែលខ្លួនអាចធ្វើទៅបាន
ទើបឈ្មោះថា របស់ល្អៗនៅតែជាមួយមនុស្សល្អៗ របស់អាក្រក់ៗ ច្រើនតែនៅជាមួយមនុស្សអាក្រក់ៗហ្នឹងឯង
។
Tuesday, June 12, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៩)
“មោះមុតក្លៀវក្លា និងដាច់ខាតក្នុងការធ្វើត្រង់ការបៀតបៀនខ្លួនឯង
និងអ្នកដទៃ” តើគួរនឹងប្រសើរត្រង់ណាទៅអេះ?
ចំណុចនេះ គឺយើងមានឃើញយុវវ័យមួយចំនួន ដែលចូលដល់វ័យស្នេហាកើតឡើង
បេះដូងពួកគេបានផ្ទុកនូវអំរែកមួយគឺ ការគិតរែកនូវអំរែកស្នេហា នៅពេលស្នេហាផ្អែមល្ហែមល្អូកល្អើននៅឡើយ
អ្វីៗក៏នៅស្រស់បំព្រង អ្វីៗក៏នៅមានន័យ មានតម្លៃទាំងអស់ ពិភពលោកបិទលាបទៅដោយពណ៌បៃតង
ព្រះអាទិត្យនៅតែបញ្ចេញកម្មរស្មីមិនមានពេលអព្ទអួ ព្រះចន្ទ នៅតែរះឡើងត្រចះត្រចង់ គ្មានពពកមកបាំងបិទអ្វីឡើយ
ខ្យល់ជំនោនៅតែមានចលនាបក់បោកមកត្រសៀកៗត្រជាក់កាយត្រជាក់ចិត្តទាំងទ្វេ
គ្មានអ្វីមោះម័យទាស់ចិត្តឡើយ បាយប្រហុកអំបិលក៏ឆ្ងាញ់ ដេកនៅក្នុងខ្ទមរនាបឫស្សីក៏មានផាសុកដែរ
។
តែដល់ស្នេហាត្រូវបរាជ័យវិញ
អ្វីៗក៏អស់ន័យ អស់តម្លៃ រស់នៅក្នុងលោកនេះក៏លែងបាន បរិយាកាសជុំវិញលែងមានសម្រស់
ព្រះអាទិត្យ ព្រះចន្ទ ខ្យល់ជំនោហាក់ដូចជាឈប់គាំងស្ងៀមទ្រឹង បាយប្រហុក
ក៏លែងមានរសជាតិ នៅក្នុងខ្ទមរនាបឫស្សីក៏លែងមានផាសុក បរិយាកាស
ត្រូវបានគេលាបពណ៌ខ្មៅទាំងអស់ មើលអ្វីលែងយល់ មើលអ្វីលែងឃើញ ស្ដាប់អ្វីលែងឮអស់ហើយ
គិតតែម្យ៉ាងគឺរស់នៅគ្មានគេលែងបាន សួរថា ចុះកាលមិនទាន់មានគេ ក៏រស់បាន
ចុះបើរស់ក្នុងសភាពដើមវិញ វាទៅមិនរួចទេឬ?
មុននឹងសម្រេចចិត្តគិតធ្វើរឿងមិនគប្បី
ក៏សូមឲ្យលកលៃគិតដល់អ្នកដែលបង្កើតយើងមក ពួកគាត់ប្រឹងប្រែងដុតដៃដុតជើង ធ្វើយ៉ាងណា
រកគ្រប់វិធីដើម្បីចិញ្ចឹមយើងឲ្យរស់នៅឲ្យបានសុខ តាមលទ្ធភាពរបស់ខ្លួន
បើនិយាយពីការចំណាយកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិ និងពេលវេលា ខិតខំថែរក្សាការពារយើងមកធំដល់ប៉ុណ្ណេះ
មិនមែនជាការលែងសើចឡើយ ហេតុអ្វីយើងត្រូវមកខូចចិត្ត បាក់ចិត្ត
ទ័លគំនិតនៅត្រង់រឿងស្នេហានេះ ។ យើងមិនសក្ដិសមតម្លៃខ្លួនទៅប្ដូរយករឿងប៉ុណ្ណឹង អស់ផ្លូវ
គិតខ្លីប៉ុណ្ណឹងទេ ព្រោះលោកថា ការបានកើតមកជាមនុស្សនេះ មិនមែនមានបុណ្យតិចទេ
រស់ធំមកប៉ុណ្ណឹង ឪពុកម្ដាយចំណាយមកច្រើនណាស់ រហូតលែងរាប់ថាមានប៉ុណ្ណេះប៉ុណ្ណោះបាន
ជាពិសេសយើងជាអ្នកផ្សារសាច់ឈាមអ្នកប្រតិបត្តិព្រះពុទ្ធសាសនាផងនោះ មិនមែនឲ្យគិតត្រឹមហ្នឹងទេ
ព្រោះការបានកើតមកជាមនុស្សនេះ ត្រូវមកបំពេញបុណ្យកុសល ឲ្យបានកើតជាមនុស្ស កើតជាទេវតា
និងមកបំពេញបុណ្យកុសលដើម្បីឲ្យរួចចាកទុក្ខទាំងពួង មានការកើត ចាស់ ឈឺ ជួបព្រាត់ៗនេះឲ្យបានបន្តទៀត
។ កុំយកជីវិត មកប្ដូរជាមួយល្បែងស្នេហាឲ្យចប់ត្រឹមហ្នឹងឲ្យសោះ ព្រោះយើងត្រូវមានភារកិច្ចត្រូវធ្វើបន្តទៅទៀត
បើទៅមិនរួចឲ្យសម្រាកសិន ពេលណាមានកម្លាំងឡើងវិញ សុំធ្វើដំណើរបន្តទៅទៀត ដូចពាក្យមួយថា
បើអ្នកហោះហើរមិនរួច ឲ្យរត់ បើរត់មិនរួច ឲ្យដើរ បើដើរមិនរួច ឲ្យវារបន្ត ធ្វើយ៉ាងណាឲ្យតែមានចលនាទៅមុខទៀត ។
ការគិតបៀតបៀនខ្លួនឯង និងអ្នកដទៃគឺមានន័យថា
ការបំផ្លាញប្រយោជន៍គ្រប់យ៉ាង ដូចជាជនពាល ដែលជាអ្នកកាត់បង់ប្រយោជន៍ខ្លួនឯងផង
និងអ្នកដទៃផង កាត់ប្រយោជន៍លោកនេះផង និងប្រយោជន៍លោកខាងមុខផង ។ ជារឿយៗយើងឃើញមានវ័យជំទង់ច្រើនណាស់
ដែលសុខចិត្តបៀតបៀនខ្លួនឯង ដោយការប្រព្រឹត្តនូវអំពើមិនគប្បី ដូចជាការសម្លាប់ខ្លួន
ដោយការចងក លេបថ្នាំពុល អារដៃ អារជើង និងធ្វើបាបខ្លួនមានប្រការផ្សេងៗទៀត។ល។ ដើម្បីបញ្ឈឺអ្នកដទៃ
តើយើងធ្វើបែបហ្នឹងបានអ្វីមកដល់ខ្លួន បានអ្វីមកដល់គ្រួសារ ដល់សង្គមខ្លួនយើង
សូមផ្ដាំដល់មនុស្សដែលមានគំនិតទុទិដ្ឋិនិយម គំនិតអវិជ្ជមានមួយចំនួន ដែលបានធ្វើ
កំពុងធ្វើ និងបម្រុងនឹងធ្វើ ឲ្យលែងគិត បោះបង់ចោលគំនិតនេះចេញ ត្រូវគិតថា បើអត់ពីគេម្នាក់ហ្នឹង
យើងមានមនុស្សច្រើនណាស់ ដែលកំពុងចាំមើលពីភាពរីកចម្រើន ការធំធាត់ ការអភិវឌ្ឍរបស់យើង
ជាពិសេសឪពុកម្ដាយ រហូតដល់មានពាក្យពេចន៍ខ្លះថា ចូរកូនកុំគិតថា គ្មានអ្នកកំដរ
គ្មានអ្នកស្រឡាញ់កូន បើអ្នកដទៃមិនកំដរ មិនស្រឡាញ់កូន ក៏មានម៉ែពុកនៅតែស្រឡាញ់កូនដែរ
បើមានគេស្អប់ និងបោះបង់កូនម៉ែចោល ចូរកូនមករកម៉ែឪ ឪម៉ែមិនដែលមានថ្ងៃបោះបង់ចោលកូនម្ដងណាឡើយ
។ ជាការពិតណាស់ ឪពុកម្ដាយភាគច្រើន មិនមានថ្ងៃបោះបង់ចោលកូនឡើយ ទោះបីកូននោះ
ធ្លាក់ខ្លួនពិការដៃពិការជើង ខ្វាក់ខ្វង់ គរថ្លង់ ឆ្កួតជា ឪពុកម្ដាយក៏នៅតែរក្សាការពារបីបាច់រហូត
នេះជាទឹកចិត្តឪពុកម្ដាយ ចុះខ្លួនយើងស្អាតបាត សាច់ឈាមត្រលូកត្រលន់យ៉ាងនេះ មិនពិការ មិនខ្វាក់ខ្វង់
មិនគរថ្លង់ មិនឆ្កួតលីលា តើពួកគាត់ស្រឡាញ់យើងប៉ុណ្ណាទៅ បើយើងមិនគិតដល់ខ្លួនឯង
ក៏គួរគិតដល់ទឹកចិត្ត យល់ចិត្តដល់ពួកគាត់ដែរ ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៨)
“យើងធ្វើគុណដល់អ្នកណាមួយ…ឲ្យបំភ្លេច។ អ្នកណាធ្វើគុណដល់យើងវិញ…ឲ្យចាំ” មួយឃ្លានេះពិតជាឃើញមានមនុស្សតិចតួចណាស់
ដែលចង់បានទិដ្ឋភាពបែបនេះ ។ អ្នកខ្លះ ចង់ជួយយើង លុះត្រាតែគេឃើញផលប្រយោជន៍ពីយើង
ទើបបានគេមកជួយយើង បើមិនដូច្នេះទេ គេមិនមកជួយយើងឡើយ ការដែលបានមកជួយនេះ
មិនមែនជាការផុសចេញពីក្រអៅបេះដូងប្រកបដោយមេត្តាចិត្តអាណិតអាសូរនោះទេ
ដូចពាក្យខ្មែរយើងតែងតែនិយាយតគ្នាថា ហុចរបស់ស្រណោះដៃ ។ មុននឹងគេឲ្យអ្វីមួយមកដល់យើង
គេបានគិតថា ពិតជាបានអ្វីមួយពីយើងវិញមិនខាន បើមិនបានអ្វីផ្សេង ក៏បានត្រឹមការដឹងគុណបំណាច់របស់ខ្លួនដែលបានជួយដែរ
។ មនុស្សគិតបែបនេះ បើតាមទស្សនៈផ្ទាល់របស់អ្នកសរសេរគឺជាមនុស្សម្នាក់កំពុងតែបង្កើតនូវជំងឺផ្លូវចិត្តម្យ៉ាងរួចជាស្រេចឲ្យដល់ខ្លួនឯង
ថ្ងៃណាមួយអំពើដែលខ្លួនបានសាបព្រោះនោះ មិនបានដូចចិត្តខ្លួនប៉ង ជំងឺផ្លូវចិត្តនេះក៏នឹងផ្ទុះឡើង
ដែលអាចឈានទៅដល់ការចង់ពៀរគ្នា ដាក់ផ្ដាសាគ្នាទៀតផង ។ បើបានដូចចិត្តក៏គិតថា
វាស្រួលចិត្ត សប្បាយចិត្តជាមួយអ្វីដែលខ្លួនបានសាបព្រោះនោះៗ
ប៉ុន្តែកម្របានឃើញលទ្ធផលជាវិជ្ជមានណាស់ ហើយក៏មានតិចតួចណាស់ដែរ មានពេលខ្លះដល់ភ្លេចម្ដាយឪពុកខ្លួនទៅទៀតផងក៏សឹងមាន
ព្រោះចិត្តមនុស្សមិនអាចប្រាកដបានឡើយ វាមានការឡើងចុះទៅតាមលោកធម៌
ប្រែប្រួលទៅគ្រប់ពេលវេលា ដូចពាក្យមួយលើកឡើងថា អ្វីដែលរំកិលទៅមុខគឺពេលវេលា
អ្វីដែលផ្លាស់ប្ដូរគ្រប់ពេលវេលាគឺចិត្តមនុស្សនេះឯង។
ដូច្នេះអ្នក
ដែលបានបណ្ដុះចិត្តមេត្តាបុណ្យកុសល គួរណាស់តែតម្កល់ខ្លួនប្រកាន់យកពាក្យខាងលើ
ពេលណាខ្លួនបានធ្វើល្អដល់អ្នកណាមួយ កុំគិតចង់បានអ្វីពីអ្នកនោះមកវិញ
អ្វីខ្លួនដែលចង់បានមកវិញនោះគឺការជួយមនុស្សនោះឲ្យមានការរីកចម្រើន ឲ្យឱកាសគេបានអភិវឌ្ឍខ្លួនធ្វើអ្វីមួយតាមបំណងឆន្ទៈរបស់គេ
ហើយអ្វីដែលយើងចង់បានមកវិញក្នុងពេលនោះ គឺសេចក្ដីល្អលំអចិត្តរបស់យើងនោះឯង
ដែលជាសេចក្ដីសុខរបស់អ្នកឲ្យ ព្រោះបំណងអ្នកជួយចង់ឲ្យគេបានសុខ បានចម្រើន
មានការអភិវឌ្ឍផ្នែកគំនិតស្មារតី ឬជួយកិច្ចការណានីមួយ ដែលគេត្រូវការឲ្យជួយ ។
ម្យ៉ាងទៀត ពេលណាអ្នកបានថ្កុំថ្កើង
មានបាន មានភាពសុខសាន្តក្នុងពេលនេះ ប្រាកដណាស់ថា មុខជាមានបុព្វកម្ម បុព្វហេតុណានីមួយជួយជំរុញខ្លួនឲ្យមកឈរលើចំណុចនេះ
ឬភាពជោគជ័យត្រង់នេះហើយ នោះគឺមានបុព្វការីជន ដែលបានជួយយើង ញាតិមិត្ត បងប្អូនរបស់យើង
ឬអ្នកណាក៏ដោយដែលមានគុណូបការដល់យើង សុទ្ធតែជាហេតុមួយឲ្យយើងចងចាំ រំលឹកដាស់តឿនចិត្តខ្លួន
កុំឲ្យបំភ្លេចនូវគុណបំណាច់របស់ជនទាំងអស់នោះ
ទោះបីមិនបានជួយអ្វីដល់ពួកគេ ក៏យើងបានរំលឹកនូវគុណបំណាច់ទុកក្នុងចិត្តរបស់យើងរហូតដល់ថ្ងៃមរណាដែរ
ដូចពាក្យមួយលើកឡើងថា “មនុស្សដែលដឹងគុណគេ មិនធ្លាក់ទៅក្នុងទីទាបឡើយ” ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៧)
អំពើអាក្រក់មិនដែលមានអ្នកណាមួយចង់ឲ្យគេធ្វើមកលើខ្លួន
គ្រួសារ សមាជិករបស់ខ្លួន ហើយអ្វីដែលមិនចង់ឃើញទៅទៀត សូម្បីតែពាក្យរិះគន់
ស្ដីបន្ទោសដែលចេញពីមាត់របស់មនុស្សដទៃ ក៏មិនចង់ជួប មិនចង់ឮ មិនចង់ស្ដាប់ដែរ ប៉ុន្តែពេលខ្លះយើងក៏មិនចង់ឲ្យគេសាងរូបភាពអាក្រក់ៗទាំងនោះ
ដោយកាយក្ដី ដោយវាចាក្ដី និងដោយចិត្តក្ដីមកលើខ្លួនយើង តែអ្វីដែលយើងបានធ្វើទៅលើគេវិញ
យើងមិនសូវជាបានគិត យកចិត្តទុកដាក់ពិនិត្យឡើយ ជួនកាលដើម្បីសេចក្ដីសុខ
ក៏ដូចជាសេចក្ដីសុខរបស់សមាជិកខ្លួនៗ សុខចិត្តទៅបំផ្លាញសេចក្ដីសុខ សុភមង្គលរបស់អ្នកដទៃ
ដើម្បីតែភាពមានបានរបស់ខ្លួន សុខចិត្តខ្លួនគេងប្រវញ្ច ជិះជាន់ រឹបអួសយករបស់របរកម្មសិទ្ធិរបស់អ្នកដទៃ
ទៅរំលោភបំពាន់ឈ្នានីស ព្យាបាទរករឿងរកទោសអួសដំណើរអ្នកដទៃគ្រប់រូបភាព ក៏ដើម្បីយកមកបំពេញសេចក្ដីសុខរបស់ខ្លួនឯង។
សួរថា តើដើម្បីអី?
គឺដើម្បីសេចក្ដីសប្បាយ ដើម្បីតែសេចក្ដីសុខរបស់ខ្លួន
និងមនុស្សបក្សពួករបស់ខ្លួនប៉ុណ្ណោះ ។ ការធ្វើបែបនេះ វាប៉ះពាល់ទៅដល់សតិអារម្មណ៍របស់អ្នកដទៃ
ខ្លួនអត់ខ្វល់ សំខាន់ឲ្យតែខ្លួនបានស្រួល បានសុខ អាណាងាប់ អាណារស់ជារឿងរបស់គេ
មិនមែនជារឿងរបស់ខ្លួន គំនិតបែបនេះ មិនខុសពីរឿងគោ និងមាន់ សត្វពស់រកឲ្យជួយ
មិនគិតជួយគ្នាទេ ដោយមានគំនិតថា ហេតុភេទអាក្រក់ៗមិនកើតឡើងដល់ខ្លួនៗបានសុខរហូត តែទីបំផុតក៏ត្រូវរង់គ្រោះដោយគេអារក
ចាក់កសម្លាប់ដូចៗគ្នា នៅពេលដែលប្រពន្ធម្ចាស់ផ្ទះឆ្លងទន្លេ គេក៏សម្លាប់មាន់និងគោនោះយកមកធ្វើម្ហូបទទួលលៀងភ្ញៀវដែលមកលេងអស់ទៅ
។
នេះថា អំពើណាធ្វើទៅហើយ
មានភាពក្ដៅក្រហាយដល់អ្នកដទៃ មានសេចក្ដីសប្បាយដល់ខ្លួនឯង លោកថាកុំធ្វើ កុំប្រព្រឹត្ត,
អំពើណាធ្វើទៅហើយ ខ្លួនក្ដៅក្រហាយ អ្នកដទៃសប្បាយ លោកថាក៏កុំធ្វើ កុំប្រព្រឹត្ត,
អំពើណាធ្វើទៅហើយអ្នកដទៃក្ដៅក្រហាយ ខ្លួនក្ដៅក្រហាយ លោកថាកុំធ្វើ កុំប្រព្រឹត្ត
ហើយអំពើណាដែលធ្វើទៅហើយ ខ្លួនបានសុខ អ្នកដទៃក៏បានសុខ លោកថា ចូរប្រញាប់ធ្វើចុះ ។
Monday, June 11, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៦)
“កុំបញ្ឈប់ខ្លួនឯងនៅត្រង់សេចក្ដីទុក្ខ
អ្នកអាចមានសិទ្ធិក្នុងការមានសេចក្ដីសុខ មិនចាញ់ជាងអ្នកដទៃឡើយ”។
អ្នកខ្លះ គ្រាន់តែជួបនូវបញ្ហាបន្តិចបន្តួចសុខចិត្តដេកត្រាំជាមួយសេចក្ដីទុក្ខ
ជាមួយនឹងបញ្ហានោះ មិនអាចរើខ្លួនឲ្យរួចបាន
សុខចិត្តបណ្ដែតណ្ដោយតាមអារម្មណ៍ទន់ជ្រាយរបស់ខ្លួន ដោយគ្មានគំនិត
គ្មានគន្លឹះច្រក់ចេញរួចបាន ។ វាអាចកើតឡើងបានមិនដូចអ្វីៗដែលយើងគិតស្មានទុកនោះឡើយ
ព្រោះព្រះលោកនាថ ទ្រង់សំដែងប្រាប់ថា អ្វីៗក្នុងលោកនេះ វាមិនទៀងទាត់
មានការប្រែប្រែទៅគ្រប់ពេលវេលា ម្សិលមិញមិនដូចថ្ងៃនេះ ថ្ងៃនេះ ក៏មិនដូចថ្ងៃស្អែកដែរ
។ បើម្សិលមិញយើងបានសប្បាយចិត្ត កំសាន្ដចិត្ត បានជោគជ័យក្នុងភារៈកិច្ចមួយចំនួន
តែថ្ងៃនេះអាចជួបផលលំបាកវិលមុខឈឺក្បាល គិតអ្វីមិនចេញ គិតអ្វីមិនលេច
តែថ្ងៃស្អែកយើងស្រឡះមុខស្រឡះមាត់វិញក៏ថាបាន ។ សេចក្តីទុក្ខ ឬឧបសគ្គ
មិនចេះតែមានរហូតរាល់ៗថ្ងៃនោះទេ ហើយសេចក្ដីសុខក៏មិនប្រាកដថា វាមិនកើតឡើងដល់យើងដែរ ។
ជីវិតរបស់យើងប្រៀបដូចជាបរិយាកាសអ៊ីចឹង ថ្ងៃនេះព្រះអាទិត្យរះស្រឡះល្អ
ស្អែកអាចមានភ្លៀងផ្គររន្ទះ អួអព្ទជាក់ជាមិនខានឡើយ ប៉ុន្តែបន្ទាប់ពីថ្ងៃស្អែកទៅ
គង់តែមេឃលែងអួអព្ទ មេឃស្រះដូចដើមវិញជាមិនខាន ។ ដូច្នេះកុំបញ្ឈប់ខ្លួន
ឬបង្អាក់ដំណើរខ្លួនឯង គ្រាន់តែជួបនូវបញ្ហាប្រឈមមុខបន្តិចបន្តួចនោះអី ព្រោះជីវិតយើងក្នុងថ្ងៃអនាគតអាចមានសេចក្ដីសុខមិនចាញ់ជាងអ្នកដទៃនោះទេ
អ្វីដែលយើងត្រូវធ្វើក្នុងពេលនេះ មិនក្រៅពីពាក្យថា ស៊ូ អំណត់ ព្យាយាមឡើយ ដើម្បីឈានទៅរកគោលដៅអភិវឌ្ឍខ្លួនយើងឲ្យប្រសើរជាងថ្ងៃនេះទៅទៀត ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៥)
ធម្មជាតិបានបង្កើតមនុស្សលោកឲ្យមានត្រចៀកពីរ
ភ្នែកពីរ និងមាត់មួយ នេះសរបញ្ជាក់ឲ្យឃើញថា គឺឲ្យមនុស្សយើងមើលឲ្យបានច្រើន
ស្ដាប់ឲ្យបានច្រើន តែនិយាយឲ្យបានតិច ។ កាលណាយើងនិយាយច្រើនពេក មិនប្រាកដថា
ការនិយាយរបស់យើងអាចចូលចិត្តនៃពួកមហាជនទេ ។ ពួកមនុស្សខ្លះដែលស្ដាប់យើងនិយាយអាចទទួលបានពាក្យនោះ
យកទៅអប់រំចិត្តគំនិត ឲ្យបានជាប្រយោជន៍ ហើយពួកមនុស្សខ្លះទៀត មិនត្រូវការស្ដាប់ច្រើន
កាលណាយើងនិយាយច្រើនពេកទៅ អាចមានទុក្ខទោសដល់ខ្លួនយើង ធ្វើឲ្យយើងក្ដៅក្រហាយចិត្ត
បង់ខាតទ្រព្យសម្បត្តិនានា មកពីការនិយាយរបស់យើង ។ អ្នកឆ្លាតវៃ
ប៉ិនប្រសប់ក្នុងការនិយាយត្រូវកាល ត្រូវទី និងត្រូវមនុស្ស ទើបអាចបានប្រយោជន៍ពីការនិយាយរបស់យើង
។ បើមិនដូច្នេះទេ ពាក្យនិយាយទាំងអម្បាលម៉ាននោះ ទោះជាមានប្រយោជន៍យ៉ាងណាក៏ដោយ
ក៏គ្មានប្រយោជន៍អ្វីដែរ ។ ជាពិសេស វចីកម្ម៤
ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទ្រង់ត្រាស់សំដែងទុកមកហើយ
មិនគួរដល់ការលើកមកនិយាយឡើយ ព្រោះវាគ្មានប្រយោជន៍សម្រាប់ខ្លួន និងអ្នកដទៃនោះឯង។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៤)
ធម៌សម្រាប់ជនពាល មិនមានន័យអ្វីឡើយ
ដូចជាចាក់ទឹកលើខ្នងឆ្កែ វារលាស់ចេញអស់ មិនមានសល់ ។ ជនពាល មិនចូលចិត្តធម៌ ស្ដាប់ធម៌អ្វីឡើយ
គ្រាន់តែឮកើតនូវទិដ្ឋិមានះធ្វើឲ្យចិត្តស្អប់តែម្ដង ស្ដាប់មិនចូល ព្រោះធម៌មិនមែនជាវត្ថុអាក្រក់
អពមង្គល អសម្បត្តិអ្វីឡើយ ។ ព្រះធម៌នេះ
គឺពោលនិយាយអំពីអ្វីដែលជាសច្ចភាពជីវិតរបស់យើងរាល់ៗគ្នា មានលាភ ឥតលាភ មានយស ឥតយស មានសុខ មានទុក្ខ
ឬម្យ៉ាងទៀត យើងកើតមកតែងតែមានសេចក្ដីស្លាប់កំពុងរង់ចាំយើងនៅខាងចុងបំផុត ។ កាលណា
យើងជួបត្រូវមានសេចក្ដីព្រាត់វិនាសនៅខាងចុង ។ យើងមានសភាពចាស់ទៅរាល់ៗថ្ងៃ
យើងមានរោគាបៀតបៀនញាំញីទន្ទ្រានលើរូបកាយនេះរាល់ថ្ងៃ
សេចក្ដីស្លាប់នៃស្ដេចមច្ចុមានគ្រប់ដង្ហើមចេញចូលរបស់យើង ។ ហើយអ្វីៗក៏មានសភាពមិនទៀង
មានសភាពអត់បានដោយលំបាក មិនស្ថិតនៅក្រោមអំណាចបញ្ជារបស់យើងឡើយ អ្នកសាងសុខឲ្យគេ គេនឹងសាងសុខឲ្យយើង
បង្កទុក្ខឲ្យគេ ដូចជាសាងភ្នំទុក្ខ ភ្នំភ្លើងឲ្យខ្លួនឯង ។ ដូច្នេះ
រៀបរាប់មកខាងលើមកប៉ុណ្ណេះ មិនបានជ្រាបចូលដល់ខួរក្បាលដល់ត្រចៀកបុគ្គលពាលឡើយ ។
ជនពាលតែងតែឃើញអំពើបាបមិនទាន់ឲ្យផល គិតថាវាផ្អែមឆ្ងាញ់ គួរដល់ការអនុវត្តធ្វើណាស់
តែដល់អំពើបាបឲ្យផលទើបមានវិប្បដិសារីដល់ខ្លួន ។
Saturday, May 19, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៣)
“...សូមកុំយកសេចក្ដីទុក្ខរបស់ខ្លួន
មកប្រៀបធៀបនឹងសេចក្ដីសុខរបស់អ្នកដទៃ ដែលមើលឃើញតែរូបភាពខាងក្រៅ ហើយតូចចិត្តរួចគិតថា
គេពិតជាសុខដូចអ្វីដែលអ្នកបានមើលឃើញនោះ វាមិនខុសអីពីទសន្សៈមួយលើកឡើងថា ចង្កៀងផ្ទះអ្នកណា
ភ្លឺផ្ទះអ្នកនោះ ។ ពេលខ្លះគេអាចជួបបញ្ហាធំជាងយើង ១០ដង ២០ដងក៏ថាបាន
តែយើងមិនអាចដឹងបានទេ ព្រោះគេមិននិយាយចេញជាសាធារណៈ ហើយរូបភាពខាងក្រៅគេនៅញញឹម
ទុក្ខគេប៉ុនភ្នំ ធំជ្រៅជាងមហាសមុទ្រ គេធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង ព្រោះគេយល់ដូចពាក្យខ្ញុំធ្លាប់ប្រាប់ថា
ប្រសិនបើមានសមាជិក១០នាក់ក្នុងគ្រួសារ បើមានសមាជិកណាម្នាក់កើតទុក្ខ វាច្បាស់ណាស់ថា
មនុស្ស៩នាក់ទៀតនៃគ្រួសារនោះ ក៏នៅមិនសុខ មិនសប្បាយចិត្តដូចគ្នាដែរ ។ ដូច្នេះ
សូមកុំឲ្យទុក្ខកើតតែលើខ្លួនអ្នកមួយ បែរនាំទុក្ខព្រួយពេញអស់ទាំងគ្រួសារ…”៕
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២២)
“…ទុក្ខកើតក្នុងលំដាប់នៃសុខ”
ទុក្ខនិងសុខជាគូនឹងគ្នា រមែងផ្លាស់ប្តូរគ្នាឲ្យផលម្ដងម្នាក់, ជួនកាលក៏ទុក្ខ
ជួនកាលក៏សុខ ទុក្ខនិងសុខជាធម្មជាតិមានប្រចាំគតិធម្មតា,
បុគ្គលនឹងប្រាថ្នាយកតែសុខដោយចំណែកមួយពុំបានឡើយ ព្រោះខុសនឹងគតិធម្មតា ។
ព្រោះហេតុនោះ
ក្នុងខណៈណាដែលបុគ្គលបានសោយសុខ ជាផលហើយ បន្ទាប់អំពីនោះគង់នឹងបានសោយទុក្ខពុំខាន,
ដូច្នេះវេលាដែលជួបប្រទះសុខនិងទុក្ខ បុគ្គលមិនគួរប្រើសោមនស្ស ឬទោមនស្សហួសប្រមាណឡើយ
។ សេចក្ដីនេះសមដូច ព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់ប្រដៅភិក្ខុទាំងឡាយក្នុងសាសនាមណ្ឌល ឲ្យមានសតិពិចារណាក្នុងលោកធម្មសូត្រថា “សុខនេះកើតឡើងដល់អាត្មាអញហើយហ្ន៎
!” “តែសុខនោះមិនទៀងទាត់
នឹងក្លាយជាទុក្ខវិញ មានសេចក្ដីប្រែប្រួលជាធម្មតា” ។
សុមេធជន
កាលបើបានជ្រាបលក្ខណសុខទុក្ខយ៉ាងនេះហើយ សុខទុក្ខក៏មិនអាចគ្របសង្កត់ចិត្តបាន
បើទុកជាគ្របសង្កត់បានខ្លះ ក៏មិនហួសប្រមាណដូចទុម្មេធជនដែរ
កាលបើសុមេធជនខំប្រព្រឹត្តទាល់តែបន្ទោបង់សោមនស្ស និងទោមនស្សបានហើយ ព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ប្រកាសសំដែងថា
“តថគត ពោលថា បុគ្គលនោះ
រមែងរួចស្រឡះចាកទុក្ខបាន....”
៕
Cr. ផោក យិប
ក.សូ.
ភ.១ គ.ស.១៩៥៤ ទំ.៤០៤
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២១)
“...រូប ១ ខ្លួន
១ ជីវិត ១ តែបញ្ហានិងសេចក្ដីទុក្ខព្រួយ មិនមែនមានតែមួយដូចជាជីវិតនេះទេ
យ៉ាងណាដំណោះស្រាយក៏មានច្រើនដូចគ្នា ។ ម្យ៉ាទៀត
ដំណោះស្រាយមិនមែនមានតែខ្លួនអ្នកមួយទេ ដែលអាចដោះស្រាយបាន តែក៏មិនប្រាកដថា
អ្នកដទៃអាចដោះស្រាយបានគ្រប់រឿង ដែលកើតឡើងបានដែរ ។ សំខាន់បំផុតចិត្តអ្នក
ខ្លួនអ្នកព្រមទទួលស្គាល់ថា នេះជាជីវិត
ដោយគ្មានបុគ្គលណាម្នាក់ជៀសផុតរត់រួចបានឡើយ
ដូចអ្វីដែលខ្ញុំលើកឡើងថា មានជីវិតមានបញ្ហា មានរូបមានទុក្ខ មានកាយមានរោគ ។
តថភាពជីវិតមានកើតមានស្លាប់ មានជួបមានព្រាត់ មានស្រឡាញ់ មានស្អប់ មានសុខមានទុក្ខ ហើយក៏មិនមែនមានតែយើងម្នាក់ទេ ដែលជួបនូវសភាពបែបនេះ
គឺគ្រប់មនុស្សទាំងអស់នៅលើភពផែនដីមួយនេះ គ្រាន់តែមានតិចនិងច្រើនប៉ុណ្ណោះ…”។
Cr.គ.ដ.វ
Friday, May 18, 2018
រឿងនាងកេសាគោតមីយំសោកស្ដាយកូន
កាលពីសម័យពុទ្ធកាល
មានស្រ្តីមេម៉ាយទុគ៌តម្នាក់ គ្មានសាច់ញាតិសន្តាន
រស់នៅជាមួយកូនប្រុសតែម្នាក់ជាទីស្រឡាញ់
ដោយនាងខិតខំថែរក្សាការពារទំនុកបម្រុងកូនប្រុសនោះ
តាំងពីកើតមកថ្នាក់ថ្នមស្រឡាញ់ស្មើនឹងជីវិតរបស់នាង ព្រោះខ្លួនគិតថាអស់ពីប្ដី គ្មានសាច់ញាតិបងប្អូន
ជាទីពឹងពំនាក់អាស្រ័យ គឺមានតែកូនប្រុសនេះហើយ ជាទីពឹងនៅពេលដែលនាងចាស់ជរាទៅ
នាងបានខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីចិញ្ចឹមជីវិតដោយរីករាយ
ព្រោះមានកូនប្រុសជាកម្លាំងចិត្ត ។
រឿងអង្គុលិមាល
សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់
ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននិងការសម្លាប់
ឥតមានក្ដីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះតែងធ្វើស្រុកនិគមជនបទឲ្យទៅជាមិនមែនស្រុកនិគមជនបទ
តែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ
ព្រះមានព្រះភាគស្ដេចចូលទៅ ទ្រង់បិណ្ឌបាតក្នុងក្រុងសាវត្ថីក្នុងវេលាព្រឹក
លុះថ្ងៃរសៀល ព្រះអង្គស្ដេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ
(តែមួយព្រះអង្គឯង) ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់
និងអ្នកដើរផ្លូវ បានឃើញព្រះមានព្រះភាគកំពុងស្ដេចទៅកាន់ផ្លូវឆ្ងាយ
សំដៅទៅត្រង់ទីដែលអង្គុលិមាលចោរនៅ ក៏ក្រាបទូលថា
បពិត្រព្រះសមណៈ សូមព្រះអង្គកុំនិមន្តទៅតាមផ្លូវនោះឡើយ
ដ្បិតផ្លូវនុ៎ះមានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច តែងសម្លាប់ពួកមនុស្ស
ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ កាលបើពួកមនុស្សក្រាបទូលយ៉ាងនេះពីរបីដង
ព្រះដ៏មានបុណ្យទ្រង់ស្ងៀម ទ្រង់ចេះតែស្ដេចយាងទៅ ។
Thursday, May 17, 2018
រឿងនិទានអប់រំចិត្តៈ អ្នកភិតភ័យដោយគំនិតស្មានខុស
មានអ្នកដំណើរពីរនាក់
ជាជាតិអ្វី នៅស្រុកទេសណា ក៏មិនដឹងប្រាកដ បានធ្វើដំណើរទៅប្រទេសដទៃ លុះដើរដល់ភូមិមួយ
ក៏ចូលទៅសូមផ្ទះបុរសប្ដីប្រពន្ធដេក ១ យប់ ទម្រាំតែភ្លឺនឹងចេញដំណើរទៅមុខទៀត ។
អ្នកម្ចាស់ផ្ទះក៏ទទួលដោយរាក់ទាក់ហៅអ្នកដំណើរទាំងពីរនាក់នោះ
ឲ្យចូលទៅក្នុងផ្ទះឲ្យអង្គុយនៅក្នុងបន្ទប់មួយ ។ អ្នកដំណើរបានគយគន់មើលឃើញមានកាំបិត,
ប៉ូវថៅ, ដាវ, ធ្នូ, ស្នា
និងកាំភ្លើងវែងខ្លីដែលគេព្យួរដំរៀបគ្នានៅជញ្ជាំងក្នុងបន្ទប់នោះ ។
អ្នកដំណើរទាំងពីរនាក់នឹកព្រួយបារម្ភថា ផ្ទះនេះប្រហែលជាកន្លែងស្លាប់របស់យើងទេដឹង?
គិតព្រួយចិត្តភិតភ័យណាស់ ទាល់តែសាបមាត់បរិភោគបាយមិនឆ្ងាញ់ ។ លុះរួចបាយហើយ
ម្ចាស់ផ្ទះសួរអ្នកដំណើរថា “ពេលព្រឹកស្អែកនេះ អ្នកនឹងអញ្ជើញទៅស្រុកណាទៀត?”
អ្នកដំណើរតបថា “ខ្ញុំនឹងទៅភូមិគេខាងមុខឯណោះ” ។
Wednesday, May 16, 2018
រឿងនិទានអប់រំចិត្តៈ អ្នកសុខចិត្តលះបង់ប្រយោជន៍តិចដូរយកប្រយោជន៍ច្រើន
មានស្ត្រីជាតិជប៉ុនម្នាក់
ជាអ្នកមានធនធានស្ដុកស្ដម្ភ ។ នាងនេះមានចានយ៉ាងល្អ ១២ ជាទីស្រឡាញ់បំផុត ។
ថ្ងៃមួយមានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ ។ នាងជាម្ចាស់ចានខឹងណាស់
អត់មិនបានក៏យកកាំភ្លើងបាញ់ខ្ញុំស្រីនោះស្លាប់ភ្លាមទៅ ។ ពេលនោះ
ទាហានម្នាក់បានដឹងរឿងនេះ ក៏ស៊ូប្រថុយកាត់ចិត្តចូលទៅនិយាយនឹងស្រ្តីម្ចាស់ចាននោះថា “សូមជំរាបអ្នកស្រី
! ខ្ញុំចេះផ្សាចានដែលបែកនោះឲ្យជាប់គ្នាស្និទ្ធដូចដើមវិញបាន
ប៉ុន្តែឲ្យខ្ញុំសុំមើលចានដែលនៅសល់ទាំង ១១ នោះសិន
ដើម្បីនឹងផ្សាចានបែកនោះឲ្យត្រូវធុនគ្នា កុំឲ្យខុសពីគ្នា” ។ ស្រ្តីម្ចាស់ចានឮដូច្នោះត្រេកអរណាស់
ចូលទៅលើកយកចានទាំង ១១ មកហុចឲ្យទាហានៗ ទទួលយកមកហើយក៏លើកចានទាំង ១១
នោះបោកចោលទៅលើក្ដារនៅចំពោះនាងនោះ ។ ឯចានក៏បែកខ្ទេចទាំងអស់ឥតសល់មួយឡើយ
បោករួចប្រាប់ថា “សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំឥឡូវនេះចុះ
ព្រោះតម្លៃចានមួយនេះអ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ដែរ ឥឡូវនៅសល់ចាន ១១ ទៀតនេះ
មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់ ១១ អ្នកទៀត
ដោយហេតុនេះបានជាខ្ញុំដាច់ចិត្តយកជីវិតខ្លួនខ្ញុំមួយមកប្ដូរ
ស្លាប់ជំនួសជីវិតមនុស្សទាំង ១១ នាក់ ។
ស្ត្រីម្ចាស់ចានឃើញចានបែកខ្ទេចទាំងអស់
ហើយឮសម្ដីទាហាននិយាយប្រាប់ដូច្នោះ ក៏ភ្ញាក់ខ្លួនព្រើត
ព្រឺព្រួចស្លុតចិត្តយ៉ាងខ្លាំងទាល់តែដួលសន្លប់នៅកន្លែងនោះ
លុះនាងមានស្មារតីឡើងវិញហើយ ក៏គ្មានចិត្តខឹងនឹងទាហាននោះសោះ
លែងនឹកស្ដាយចាននឹងរបស់ទ្រព្យទាំងពួងខុសទំនងដូចមុនទៀត មិនចាប់ទោសទាហាននោះឡើយ ។
រឿងនេះ
បានគតិថា អ្នកមានគំនិតប្រាជ្ញាបានពិចារណាឃើញប្រយោជន៍យ៉ាងធំទូលាយទៅខាងមុខហើយ
សុខចិត្តលះបង់ប្រយោជន៍តិចផ្ទាល់ខ្លួនចេញ សូម្បីជីវិតខ្លួនស្លាប់ក៏មិនស្ដាយ
គិតតែខំធ្វើឲ្យបានកើតផលប្រយោជន៍យ៉ាងធំទូលាយជាសាធារណៈដល់មនុស្សទូទៅ ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨៣
Tuesday, May 15, 2018
រឿងនិទានអប់រំចិត្ត “អ្នកជួយសង្គ្រោះគេ”
មានតាចាស់ម្នាក់ជាជាតិជប៉ុន
សង់ផ្ទះនៅក្បែរមាត់សមុទ្រ គាត់ជាអ្នកដឹងពេលទឹកសមុទ្រជោរ ។
ថ្ងៃមួយជិតនឹងដល់ពេលទឹកសមុទ្រជោរ
មានមនុស្សជាច្រើនរយនាក់នាំគ្នាចុះទៅចាប់ក្ដាមនៅមាត់សមុទ្រ
បានទៅជួបនឹងតាចាស់នោះ!ៗឃាត់ថា “អ្នករាល់គ្នាកុំចុះទៅ ដ្បិតទឹកសមុទ្រជិតជោរជន់ហើយ
បើចេះតែចចេសទៅ មុខជាលង់ទឹកស្លាប់ទាំងអស់គ្នាមិនខាន” ។
អ្នកចាប់ក្ដាមទាំងនោះមិនព្រមស្ដាប់ ចេះតែនាំគ្នាចុះទៅចាប់ក្ដាម ។
ពេលនោះតាចាស់យកភ្លើងដុតផ្ទះរបស់ខ្លួនឲ្យឆេះហុយផ្សែងទ្រលោម
ហើយស្រែកហៅឲ្យគេជួយលត់ភ្លើង ។ អ្នកចាប់ក្ដាមទាំងអស់បានឮដូច្នោះ ក៏ក្រឡេកមើលមកក្រោយ
ឃើញភ្លើងឆេះផ្ទះតាចាស់ ក៏នាំគ្នារត់មកជួយលត់ភ្លើង ។
ក្នុងវេលាដែលពួកគេកំពុងតែរត់មកនោះ ស្រាប់តែទឹកសមុទ្រជោរមកដល់ប្រផុតៗ អ្នកទាំងនោះៗស្ទើរតែរត់មិនទាន់
។ អ្នកចាប់ក្ដាមកាលជួយលត់ភ្លើងរលត់ហើយ ក៏សួរតាចាស់ថា “នែ៎តា!
ហេតុអ្វីបានជាភ្លើងឆេះផ្ទះតា?” តាចាស់ប្រាប់ថា “ឥតហេតុអ្វីទេ ខ្ញុំដុតផ្ទះរបស់ខ្ញុំដើម្បីឲ្យពួកអ្នករត់ត្រឡប់មកវិញ
កុំឲ្យលង់ទឹកជំនន់ស្លាប់” ។ អ្នកចាប់ក្ដាមទាំងអស់បានដឹងថាខ្លួនរួចរស់ជីវិត
ដោយសារតាចាស់ក៏ត្រេកអរណាស់ នឹករលឹកគុណតាចាស់មិនភ្លេច ដោយឃើញថា
តានេះជាមនុស្សមានចិត្តសប្បុរសល្អ ព្រោះតែគាត់ចង់ជួយសង្រ្គោះពួកយើង
ទើបសុខចិត្តដុតផ្ទះរបស់ខ្លួនចោលមិនស្ដាយ ។
រឿងនេះ
បានគតិថា អ្នកដែលជួយសង្គ្រោះដោះទុក្ខធុរៈគេ ត្រូវតែជាអ្នករិះគិតយ៉ាងល្អិតល្អន់ជ្រាលជ្រៅ
ហើយប៉ិនប្រសប់ខាងជួយគេឲ្យបានរួចពីទុក្ខភ័យ កុំឲ្យខ្លួនមានទុក្ខទោសផង ។
Cr. ប៊ូ ប៉ូ
ក.ស
ភ.១ គ.ស. ១៩៥៤ ទំ.១៨២
Sunday, April 22, 2018
កម្រងគំនិតចំណីផ្លូវចិត្ត (ត)
ទង្វើរបស់ខ្លួនឯង
ក៏មិនមែនសុទ្ធតែត្រូវចិត្តខ្លួនឯងទាំងអស់ដែរ
មិនចាំទៅគិតនិយាយអ្វីពីទង្វើរបស់អ្នកដទៃនុ៎ះទេ
។
មនុស្សយើងចំឡែកណាស់
មានគំនិតចង់ឲ្យអ្នកដទៃដែលនៅជុំវិញខ្លួន ធ្វើអ្វីៗឲ្យត្រូវចិត្តខ្លួនជានិច្ច
ទាស់ខុសចិត្តខ្លួនមិនបានទេ
ប៉ុន្តែគ្មានអ្នកណាមួយផ្គាប់ផ្គុនចិត្តមួយនេះបានត្រូវឡើយ សូម្បីតែខ្លួនឯងផ្ទាល់
ជួនកាលក៏មិនបានធ្វើអ្វីឲ្យសមដូចចិត្តគិត ខ្លួននិយាយបានដែរ ដូចចាស់លោកថា គិត
និយាយបានមួយរយភាគរយ តែការធ្វើបានហាសិបភាគរយចាត់ទុកថា គ្រាន់បើ ការគិត
ការនិយាយពីភាពជោគជ័យស្រួលដូចបកចេក តែធ្វើឲ្យសម្រេចវិញពិបាកដូចរមៀលថ្មឡើងភ្នំ ។
ដូចនេះ
ក្នុងលោកនេះ គ្មានអ្នកណាមួយអាចបំពេញចិត្តយើងឲ្យបានត្រូវមួយរយភាគរយណាស់
បើបានពាក់កណ្ដាលឡើងទៅ ក៏រៀនទទួលយកទៅ ព្រោះខ្លួនយើងក៏មិនអាចបំពេញចំណង់ចំណូលចិត្តខ្លួនឲ្យត្រូវដែរ ។ ពេលខ្លះខ្លួនឯងអាចក្បត់ ភូតភខ្លួនឯងទៅទៀត ជឿថា ក្នុងមួយជីវិតរបស់ខ្លួន
អ្វីដែលមិនបានមិនដឹងជាប៉ុន្មានដងទេ ប៉ុន្តែបែរជាចង់ឲ្យគេផ្គាប់ចិត្តខ្លួនឲ្យត្រូវនោះ
ប្រហែលជាធ្វើមិនបានឡើយ ។
សរុបរួមមកវិញ
មានតែការរៀនទទួលស្គាល់ពីខ្លួនឯង ជារឿងសំខាន់ណាស់ ព្រោះខ្លួននេះឯង
ជាមេរៀនគំរូសម្រាប់វាស់ស្ទង់កម្រិតនៃការធ្វើការគ្រប់យ៉ាង យកខ្លួនឯងជាឧបមា
យកខ្លួនឯងធ្វើជាតួអង្គសិក្សាសម្រាប់វាយតម្លៃទង្វើរបស់អ្នកដទៃ កុំបានតែថា
កុំបានតែស្រែក កុំបានតែទាស់ចិត្តទង្វើរបស់គេ
ត្រូវបែរមកសិក្សាទង្វើខ្លួនឲ្យបានសុក្រិតជាមុនសិន
តើថាខ្លួនអាចធ្វើអ្វីៗបានគាប់ចិត្តខ្លួនឯងបានទាំងអស់ហើយឬនៅ? ពេលខ្លួនបានសិក្សារកឃើញពីទង្វើ
ផលសម្រេចដូចគំនិតគិតនិយាយមិនទាន់បានទេ សូមកុំចង់ឲ្យអ្នកដទៃធ្វើអ្វីៗឲ្យគាប់ចិត្ត ត្រូវចិត្តយើងទាំងអស់អី ៕
កម្រងគំនិតចំណីផ្លូវចិត្ត
ព្រះពុទ្ធសាសនាបានរស់រានមានជីវិតជាមួយសង្គមខ្មែរយើង
អស់រយៈកាលរាប់រយឆ្នាំមកហើយ រហូតដល់ខ្លួនទទួលយកព្រះពុទ្ធសាសនាទុកថា
ជាសាសនារបស់ជាតិខ្លួនទៅហើយ ព្រោះព្រះពុទ្ធសាសនានេះបានរលាយចូលក្នុងវប្បធម៌ប្រពៃណីជាតិអស់
ដូច្នេះ ប្រជាជនដែលមានឈាមជ័រជាជាតិខ្មែរ ក៏បានប្រកាន់យកល័ខគោលរបស់ព្រះពុទ្ធសាសនាឲ្យដឹកនាំខ្សែជីវិត
ប្រកបដោយផាសុក ព្រមទាំងនាំយកឱវាទរបស់ព្រះពុទ្ធជាអម្ចាស់ ទុកជាទស្សនវិស័យ
និងចក្ខុវិស័យក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន
និងខិតខំបណ្ដុះបណ្ដាលពុទ្ធិក្នុងពុទ្ធចក្រនេះឲ្យបានជ្រួតជ្រាបទៅដល់បច្ឆាជន
ដែលជាទំពាំងស្នងឫស្សី ទុកជាមត៌កសម្រាប់ជាតិត្រកូលរបស់ខ្លួន ។
សម័យសព្វថ្ងៃនេះ
ក៏ដូចជាសម័យមុនៗដែរ អ្នកប្រាជ្ញ បណ្ឌិត កវី របស់ព្រះពុទ្ធសាសនា
ខិតខំរកវិធីសាស្ត្រណា ដែលអាចជួយយកទ្រឹស្ដីព្រះពុទ្ធសាសនា ដែលក្រុមខ្លួនគិតថា
ជាទ្រឹស្ដីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន បញ្ជ្រាបចូលទៅដល់ចិត្តគំនិតមហាជន ពួកបញ្ញវន
ពួកឈ្មួញទាំងឡាយឲ្យបានយល់ដឹងអំពីបរិបទព្រះពុទ្ធសាសនានេះ ឲ្យបានទូលំទូលាយ ។ ដូចនេះ
ពួកគេបានខិតខំស្រាវជ្រាវប្រែតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន
ដែលអាចជួយពន្យល់បកស្រាយសម្រាយសេចក្ដីឲ្យមកជាខេមរយាន
ដើម្បីជាការងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់បច្ឆាជន ។
ក្នុងនោះ
ផេកគោលគំនិតល្អដើម្បីជីវិត ក៏បានស្រាវជ្រាវរកអត្ថបទ និងពាក្យពេចន៍ល្អៗរបស់អ្នកប្រាជ្ញរបស់ព្រះពុទ្ធសាសនិកជាច្រើនទាំងក្នុងនិងក្រៅ
ដើម្បីយកមកប្រែចុះផ្សាយបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ
ដែលមានសុឆន្ទៈក្នុងការសិក្សាឈ្វេងយល់អំពីទ្រឹស្ដីសាសនាមួយនេះ ។ ដូចនេះ
ខ្លួនក៏បានលើកយកទ្រឹស្ដីអ្នកប្រាជ្ញមួយចំនួនមកចុះផ្សាយដូចខាងក្រោម
ក៏ដើម្បីបានជាប្រយោជន៍ក្នុងការដាស់តឿនចិត្តរបស់ខ្លួនឲ្យត្រង់ ទៅតាមអ្វីដែលព្រះពុទ្ធជាម្ចាស់បានចង្អុលប្រាប់តាំងពី
២៥៦១ ឆ្នាំមុនមកម្លេ៉ះ
បើឈឺក្បាលទៅទទេៗ
តើទោសាធ្វើអ្វី?
បើខាតពេលវេលាទៅទទេៗ
តើទាស់គ្នាធ្វើអ្វី?
ពេលណាដែលយើងខឹងក្រោធ
អ្វីដែលខ្លួនបានមកវិញ គឺការដុតកំឡោចចិត្ត និងបង្ករឲ្យខួរក្បាលមានបញ្ហា ដូចនេះ
បើយើងខឹងអ្នកណាមួយដែលមានឥរិយាបថមិនសមរម្យមកលើយើង យើងត្រូវដឹងភ្លាមថា
ការខឹងរបស់យើងគឺជាខ្មោចព្រាយបីសាចអារ័ក្សសាតាំង វាកំពុងចូលសណ្ឋិតមកក្នុងខ្លួនរបស់យើងហើយ
។ ម្យ៉ាងទៀត មនុស្សម្នាដែលគ្មានចំណេះដឹងជ្រៅជ្រះច្រើនតែប្រើអារម្មណ៍មកអារកាត់រឿងរ៉ាវរបស់ខ្លួន
ដែលអាចជាការបណ្ដាឲ្យកើតជារឿងរ៉ាវផ្សេងៗក្នុងគ្រួសារ ប្ដីប្រពន្ធ កូនចៅ
និងជាមួយញាតិមិត្តជិតខាង ព្រោះតែការបាត់បង់ផលប្រយោជន៍បន្តិចបន្តួច ឬការទាស់ចិត្តទៅនឹងទង្វើរបស់អ្នកដទៃ
ដែលបានធ្វើមកលើខ្លួន ដែលជាហេតុនាំឲ្យកើតបានជាជំលោះទាស់ពាក្យសម្ដីគ្នា ដោយការប្រកាន់យកត្រូវរៀងខ្លួនៗ
។ ពេលណាមួយ បើមានអ្នកណាម្នាក់ ទាក់ពាក្យសម្ដីដែលអាចឈានទៅរកជម្លោះ យើងត្រូវដឹងថា
ជម្លោះដែលកើតឡើងមិនមានផលចំណេញដល់ខ្លួនយើងទាល់តែសោះ មានតែការបង់ខាត់ ជាពិសេសពេលវេលាសម្រាក ពេលវេលាសិក្សា និងពេលវេលារកស៊ីតែប៉ុណ្ណោះ ៕
Saturday, April 21, 2018
គោលដៅជីវិតរបស់អ្នក
តើគោលដៅក្នុងជីវិតរបស់អ្នកគឺជាអ្វី? តើនឹងធ្វើយ៉ាងណាឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ
មានសេចក្ដីចំរុងចំរើនរុងរឿង និងមានព្រមគ្រប់យ៉ាង មានមាសមានប្រាក់លុយកាក់
មានមុខងារតួនាទីការងារល្អ មានក្រុមគ្រួសារកក់ក្ដៅ ?ទាំងអស់នេះគឺចាប់ផ្ដើមដោយហត្ថាទាំងទ្វេរបស់អ្នកផ្ទាល់តែម្ដង
ប្រាកដថា គោលដៅក្នុងជីវិតគឺចាប់ផ្ដើមពីការតាំងចិត្តជានិច្ច តើនឹងធ្វើយ៉ាងណាទៅ?
គឺអ្នកគួរកំណត់ពីគោលដៅក្នុងជីវិត កុំតូចចិត្តតូចថ្លើមលើបុណ្យវាស្នាដែលពឹងផ្អែកតែមរតកពីឪពុកម្ដាយរបស់អ្នកឡើយ
។
គោលគំនិតល្អដើម្បីជីវិត
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២០)
“…ពេលដឹងថា មិនល្អ
ក៏តាំងចិត្តវៀវចាក
ពេលដឹងថាល្អ
ក៏តាំងចិត្តធ្វើ
ដូចនេះគេហៅថា
គោរពក្នុងធម៌ដែលបានដឹងដោយប្រពៃ
ហើយធ្វើមនុស្សនេះឲ្យជាមនុស្ស
ពោលគឺជាមនុស្សប្រកបដោយធម៌
…”។
អប់រំដោយ
តេ.ញាណសំវរ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៩)
“…ស្តាប់ព្រះធម៌
រៀនសិក្សាព្រះធម៌ ក្នុងគម្ពីរ
ហើយមិនបាននាំយកមក
“ប្រតិបត្តិ”
ប្រៀបដូចជាកាន់ផ្លែឈើទុកក្នុងដៃខ្លួនប៉ុណ្ណោះ
នៅមិនទាន់បានបរិភោគ
នៅមិនទាន់បានភ្លក់រសជាតិរបស់វា
វាក៏មិនទាន់កើតបានជាប្រយោជន៍អ្វី
ដល់ខ្លួនយើងអ្នកកាន់ដែរ…”
។
អប់រំដោយ
លោកឪ
សុភទ្ទោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៨)
មនុស្សយើងម្នាក់ៗ
សុទ្ធតែចង់បានបុណ្យទាំងអស់
មនុស្សទាំងនោះលោកឧបមាដូចជា
ក្រណាត់សំពត់
ដែលកខ្វក់នៅឡើយ
ដែលមិនទាន់បានបោកគក់សំអាត
ប៉ុន្តែចង់ជ្រលក់ពណ៌ឲ្យវា
លោកចង់ឲ្យយើងសាកយកក្រណាត់ជូតជើង
ដែលមិនទាន់បានលាងជំរះ
ទៅជ្រលក់សាកលោមើល
តើវាមានពណ៌ស្អាតដែរទេ?
ការមិនធ្វើបាប
វាប្រសើរបំផុត
មនុស្សខ្លះ
ពេលមានសារធាតុជាចោរ វាអាចឲ្យបាន ក៏អាចចែកបាន
ប៉ុន្តែថានឹងព្យាយាមអប់រំឲ្យពួកគេឈប់ធ្វើចោរនោះ
វាជារឿងគួរឲ្យលំបាក
ការព្រមលះបង់អំពើបាប
មិនធ្វើអាក្រក់ វាក៏ជារឿងគួរឲ្យលំបាក
ការបំពេញបុណ្យ
ចោរវាក៏ធ្វើបាន វាក៏ធ្វើកើត…ជា ”ចុងហេតុ”
“ការមិនធ្វើបាប” ទាំងឡាយទាំងពួងនោះជា… “ដើមហេតុ”
បញ្ឈប់អំពើអាក្រក់បាន
វាជារឿងល្អ ។
អប់រំដោយ
លោកឪ
សុភទ្ទោ
Thursday, April 19, 2018
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៧)
“…មនុស្សកើតមកចម្រើននៅត្រង់ប្រយោជន៍
ដើមឈើដុះមកហើយ
នៅតូចខ្ចី រួចទៅធំ ងាប់ ប៉ុន្តែមានខ្លឹមបានជាប្រយោជន៍ផ្សេងៗ ចំណែកយើងវិញ កើត ចាស់
ឈឺ ស្លាប់ ដូចតែដើមឈើដែរ ប៉ុន្តែក្រោយអំពីស្លាប់ តើមានអ្វីដែរ
ដែលជាខ្លឹមឲ្យឋិតនៅក្នុងការចងចាំរបស់អ្នកដទៃ ឧទាហរណ៍ ព្រះត្រៃបិដក
ជាមរតករបស់ព្រះពុទ្ធសាសនា ដូច្នេះជាដើម…” ។
អប់រំដោយ
អ.ប៊ុត
សាវង្ស
ស្រ.សិក្សាព្រះសូត្រ
ភាគ១៤ ទំ.៦៩
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១៦)
“…ទស្សនាគតិ
និងការដាក់កាយចិត្តឲ្យបានត្រឹមត្រូវ ក៏ជារឿងមួយសំខាន់ដូចគ្នា ។ ការចេះដាក់ចុះ ការព្រមទទួលក្នុងសច្ចភាពរបស់ជីវិត
មិនព្រមឲ្យចិត្តធ្លាក់ចុះលិចលង់ទៅជាមួយការបែកបាក់ព្រាត់ប្រាសចាកនិរាស សាបសូន្យទៅ ក៏ជាគន្លឹះដ៏សំខាន់ដែលអាចជួយធ្វើចិត្តឲ្យផូរផង់
ស្ងប់ត្រជាក់ ស្រាលសប្បាយ ពេលណាចិត្តមានសុខភាពល្អហើយ
សុខភាពផ្លូវកាយក៏ល្អឡើងបានដូចគ្នាដែរ…”។
Subscribe to:
Posts (Atom)





























