Friday, July 26, 2019

ហ៊ានប្រឈមមុខ



យើងមិនចូលចិត្ដលេបថ្នាំទេ ប៉ុន្ដែពេលយើងឈឺយើងត្រូវតែលេប ។ យើងមិនចូលចិត្ដម្ជុលទេ ប៉ុន្ដែពេលយើងឈឺ យើងត្រូវតែទទួលការចាក់ថ្នាំ ។ យើងមិនចូលចិត្ដការឈឺចាប់ទេ ប៉ុន្ដែបើយើងមិនព្រមលេបវា យើងនឹងឈឺលើសដើម។ របួសមិនអាចជាបានទេ ប្រសិនបើយើងមិនព្រមទទួលការព្យាបាល ។ រឿងគ្រប់យ៉ាងនៅក្នុងជីវិត វាមិនអាចកន្លងផុតបានឡើយ ប្រសិនបើយើងមិនបានឆ្លងកាត់ មិនព្រមទទួលស្គាល់។ ជីវិតតែងមានរឿងមិនសមបំណងខ្លះហើយ សំខាន់ត្រូវក្លាហានហ៊ានប្រឈមមុខ ហ៊ានទទួលខុសត្រូវលើជីវិតខ្លួនឯង ។

ពេលយើងឈឺ ទោះយើងមិនចូលចិត្ដថ្នាំពេទ្យ ក៏យើងត្រូវតែលេប ។ ពេលយើងចួបរឿងលំបាកក្នុងជីវិត ទោះយើងមិនចូលចិត្ដក៏ត្រូវតែទទួល ។ ពេលយើងព្យាយាមហាមឃាត់ព្រះអាទិត្យមិនឲ្យរះ ក៏ព្រះអាទិត្យនៅតែរះ ទោះយើងយំដល់ស្លាប់ ក៏គ្រប់យ៉ាងនៅតែដំណើរការធម្មតា ប៉ុន្ដែប្រសិនបើយើងយល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងត្រូវតែបែបនេះ នោះយើងនឹងលែងឆ្ងល់ថា ហេតុអ្វីបានជាជីវិតយើងទៅជាបែបនេះឬបែបនោះទៀតហើយ ។

បញ្ហាជីវិតប្រៀបដូចស្រមោល ទោះបីយើងរត់គេចទៅដល់ជើងមេឃណា ក៏បញ្ហានៅតែកើតមានដដែល មានតែការមិនរត់គេចប៉ុណ្ណោះ ទើបយើងរកឃើញភាពខ្លាំងពិតប្រាកដនៃជីវិត ។ ផ្អែមខ្លះ ល្វីងខ្លះ ជារឿងធម្មតាទេ ។ រឿងលំបាកៗ តែងតែមកដល់មុនរឿងសមបំណងទាំងឡាយជានិច្ច ។ នឿយមុនស្រណុកក្រោយ ។ ឆ្លងកាត់រសជាតិល្វីងនៃថ្នាំពេទ្យ ទើបយើងអាចជាសះស្បើយពីជំងឺ ។ ឆ្លងកាត់ភាពល្វីងជូរចត់នៃភាពតស៊ូ ទើបយើងអាចទទួលបានផ្លែផ្កាជីវិត ។ រឿងគ្រប់យ៉ាងដែលបានកើតឡើង គឺសុទ្ធតែជាអ្វីដែលយើងត្រូវឆ្លងកាត់ ហើយមានតែការឆ្លងកាត់ទេ ទើបយើងអាចទៅដល់គោលដៅដែលយើងចង់ទៅ ។ រៀនឆ្លងកាត់ រៀនប្រឈមមុខ រៀនដោះស្រាយ ៕

Cr. ប្រាជ្ញាជីវិត

ការបង្កាច់បង្ខូចអ្នកដទៃ



មនុស្សដែលនិយាយមិនឈ្នះអ្នកដទៃ នឹងយកការនិយាយបង្កាច់បង្ខូចវាយប្រហារអ្នកដទៃពីក្រោយខ្នង មកធ្វើជាឧបករណ៍យកឈ្នះអ្នកដទៃ

ក្នុងទ្រឹស្តីល្បែងខ្មែរពោលថា ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា។ មានន័យថាបើឈ្នះ គឺមានទឹកមុខស្រស់ថ្លា តែបើចាញ់វិញមុខគួរឱ្យខ្លាចដូចសត្វខ្លា។ មនុស្សល្អត្រឹមត្រូវ សុខចិត្តចាញ់អ្នកដទៃដោយកិត្តិយស ទទួលស្គាល់ការពិត និងសិក្សាពីប្រវត្តិបរាជ័យរបស់ខ្លួន ហើយពុំដោះសាយករួចខ្លួនឡើយ។ ប៉ុន្តែមនុស្សថោកទាបដែលគ្មានការទទួលខុសត្រូវខ្ពស់វិញ បើចាញ់គឺចូលចិត្តនិយាយបង្កាច់បង្ខូចអ្នកដទៃជានិច្ច។

អ្នកចាញ់នឹងរកហេតុផលដោះសាការពារខ្លួន ហើយមនុស្សដែលចូលចិត្តដោះសាការពារខ្លួន នឹងមិនអាចទទួលជ័យជម្នះទេ។ ពេលខ្លះ ការដោះសាជារឿងខាតពេលវេលា បើទោះជាហេតុផលនោះត្រឹមត្រូវតាមកាលៈទេសៈក៏ដោយ ពីព្រោះមនុស្សដែលយល់ពីសច្ចៈ គេនឹងប្រើពេលវេលាធ្វើសកម្មភាពកែតម្រូវខ្លួន ប្រសើរជាងបង្ខាតពេលនិយាយពីហេតុផលការពារឱ្យខ្លួនត្រូវ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, July 24, 2019

នៅពេលដែលយើងចេះស្រឡាញ់គេ



នៅពេលដែលយើងចេះស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ យើងប្រាកដជានឹកគេស្ទើរគ្រប់ដង្ហើមចេញចូល បារម្ភពីគេ ចង់ដឹងពីគេ ចង់មើលមុខគេ ចង់ឮសំឡេងគេស្ទើរគ្រប់ពេល ។ នៅពេលដែលវត្ដមានមនុស្សដែលយើងស្រឡាញ់បង្ហាញខ្លួនលើខ្សែជីវិត នោះយើងនឹងយល់រសជាតិនៃក្ដីមេត្ដាករុណា ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ការមើលថែនោះថាផ្អែមប៉ុនណា។ យើងបានឱ្យតម្លៃលើមនុស្សដែលយើងស្រឡាញ់ខ្លាំងណាស់ ពេលខ្លះយើងក៏បានក្លាយជាមនុស្សថ្មី គឺមនុស្សដែលចេះរៀបឬកដើម្បីគេ ធ្វើរឿងដែលមិនធ្លាប់ធ្វើពីមុន ទទួលយកទម្លាប់ដែលមិនធ្លាប់មានពីមុន ។ ដើម្បីភាពចុះសម្រុង យើងបានព្យាយាមដើម្បីគេ ស្ទើរតែគ្មានចំណែកដើម្បីខ្លួនឯង ។ ប៉ុន្ដែតើការលះបង់នេះមានតម្លៃទេ ? សម្រាប់មនុស្សដែលព្រមលះបង់ គេគង់នឹងមិនស្ដាយក្រោយឡើយ ព្រោះអ្វីដែលគេចង់បាន គឺស្នាមញញឹមនៃមនុស្សដែលគេស្រឡាញ់ ហើយអ្វីដែលបានត្រឡប់មកវិញគឺអារម្មណ៍រំភើប ដែលគ្រប់គ្នាតែងហៅថាស្នេហា ។ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ គេប្រាកដជាមិនខ្វល់ថាយើងជានរណា ឬមកពីណាទេ អ្វីដែលគេដឹងគឺវត្ដមានរបស់យើងក្នុងដំណើរជីវិតរបស់គេ ។ តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៅ ប្រហែលជាច្រើនណាស់ គ្រាន់តែពេលខ្លះយើងមើលរំលងគេ ឬគ្មានសំណាងចួបគេប៉ុណ្ណោះ ៕

Cr. ប្រាជ្ញាជីវិត

អ្នកដំណើរ



យើងមិនអាចជ្រើសរើសការចាប់ផ្តើម ហើយយើងក៏មិនអាចជ្រើសរើសការបញ្ចប់ដូចគ្នាដែរ។ ប៉ុន្តែក្នុងចន្លោះពេលនៃការចាប់ផ្តើមនិងការបញ្ចប់ យើងអាចជ្រើសរើសយកថាយើងជានរណា

ជីវិតគឺជាដំណើរ។ សម្រាប់មាតុភូមិកម្ពុជារបស់យើង យើងគឺជាខ្មែរតែមួយ តែបើសម្រាប់ផែនដីនិងចក្រវាលដ៏ធំនេះ យើងគ្រាន់តែជាជនបរទេសប៉ុណ្ណោះ។ យើងជាជនបរទេស គឺពីព្រោះថាយើងគ្រប់ៗគ្នានឹងត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញ។ ស្រុកកំណើតរបស់យើង គឺជាសេចក្តីមរណៈ។ ដូច្នេះហើយ ទើបបានជាខ្ញុំនិយាយថា ជីវិតគឺជាដំណើរ។ ដើរដល់គោលដៅ គឺមានន័យថាដើរដល់សេចក្តីស្លាប់។ យើងត្រូវសួរខ្លួនឯងថា តើយើងចង់បន្សល់ស្នាដៃ និងសមិទ្ធផលអ្វីខ្លះដល់សង្គមដែលយើងរស់នៅ? តើយើងចង់ធ្វើរឿងអ្វីខ្លះទុកសម្រាប់អ្នកជំនាន់ក្រោយ?

យើងមិនអាចធ្វើរឿងគ្រប់យ៉ាង សម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែងបានទេ។ ប៉ុន្តែយើងអាចជ្រើសរើសធ្វើរឿងមួយចំនួន សម្រាប់មនុស្សមួយចំនួន នៅកន្លែងមួយចំនួនបាន។ យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូលបាន យើងមិនអាចផ្លាស់ប្តូរអតីតកាលបាន យើងមិនអាចទាយដឹងពីអនាគតបានទេ។ ប៉ុន្តែយើងអាចជ្រើសរើសផ្លាស់ប្តូរខ្លួនយើងបាន និងយើងក៏អាចព្យាករណ៍ថាយើងនឹងក្លាយទៅជានរណាពេលអនាគតបានដែរ។ មានឆន្ទៈបង្កើតក្តីសុបិន គង់នឹងមានក្តីសុបិន។ ការមានក្តីសុបិន គឺជាជំហានដំបូងនៃការសម្រេចជោគជ័យ។ ក្តីសុបិនដែលអាចសម្រេចទៅបាន លុះត្រាណាតែយើងរក្សាក្តីសុបិនដោយភាពស្មោះត្រង់ តាំងចិត្ត អត់ធ្មត់ និងតស៊ូ

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, July 3, 2019

មិនបាច់ល្អគ្រប់រឿងទេ !!



រឿងចម្លែកៗក្នុងលោកមានច្រើន គ្រាន់តែយើងពុំទាន់ជួប ។ ជីវិតរុញយើងទៅមុខរហូត មានរឿងរ៉ាវជាច្រើនបានប្រែប្រួល ។ មនុស្សនៅក្បែរគ្នា និយាយជាមួយគ្នារាល់ថ្ងៃសុខៗក៏ចាកចេញគ្មានថ្ងៃត្រឡប់ ។ មិត្តភក្ដិជិតស្និទ្ធិសុខៗ ក៏ឈ្លោះគ្នាលែងមើលមុខគ្នា ។ អ្នកខ្លះមានលុយចាយមិនអស់ រស់នៅស្រណុកសុខស្រួល សុខៗក៏ទៅចោលទ្រព្យសម្បត្តិ ។ ការងារកំពុងដំណើរការសុខៗក៏រអាក់រអួល ។ រកស៊ីកំពុងកាកកប ស្រាប់តែដួលរលំ ។ មានរឿងជាច្រើនទៀតដែលយើងជួបទៅថ្ងៃមុខ ។ សួរថា តើគេចបានទេ ? ចម្លើយគឺមិនបានទេ ព្រោះសូម្បីតែស្អែកមានអ្វីខ្លះកើតឡើង ក៏យើងមិនបានដឹងផង ។ យើងគ្រាន់តែរស់តាមដំណើរធម្មជាតិទៅបានហើយ មានឱកាសធ្វើល្អក៏ធ្វើទៅ ។ បើមានក្ដីស្រឡាញ់ក៏ព្យាយាមថែរក្សាទៅ បើមានមនុស្សល្អចូលមកក្នុងជីវិតត្រូវចេះតបស្នងគេឱ្យបានល្អ ។ យើងគ្រាន់តែរក្សាអ្វីដែលយើងមាននៅចំពោះមុខតាមលទ្ធភាពទៅបានហើយ ។ ការរស់នៅមិនគួរឱ្យមានវិប្បដិសារីច្រើនពេកទេ ក៏មិនបាច់រំពឹងលើអ្វីមួយខ្លាំងពេកដែរ ព្រោះការពិតរបស់យើងគឺបច្ចុប្បន្ន ។ មានជីវិតត្រូវប្រឹងរស់ មិនថាជួបរឿងខកចិត្តច្រើនប៉ុនណាទេ សំខាន់ដួលហើយចេះក្រោក ជីវិតពិតជាមានល្វីងមានផ្អែមខ្លះហើយ យ៉ាងណាយើងក៏បានខំប្រឹងហើយ យើងបានព្យាយាមហើយដែរ ប៉ុន្ដែជីវិតវាបានតែប៉ុណ្ណឹង រំពឹងខ្លាំងខកចិត្តក៏ខ្លាំងដែរ ៕

Cr. ប្រាជ្ញាជីវិត

Tuesday, July 2, 2019

តើអ្នកណាដែលឈឺចាប់ក្នុងរឿងស្នេហា?



រឿងមនោសញ្ចេតនា វាគឺជារឿងដែលពិបាកនឹងយល់ ឬមិនអាចនឹងពាល់បានផងក៏មាន។ អ្នកខ្លះអះអាងថាយល់ពីសេក្តីស្រឡាញ់ តែបែរជាពាល់តិចតួចបំផុតអំពីរឿងនៃសេចក្តីស្រឡាញ់។ ទ្រឹស្តីខ្លះនិយាយថា ស្រឡាញ់តិច ឈឺចាប់ក៏មានតិច តែបើស្រឡាញ់ច្រើន ឈឺចាប់ក៏មានច្រើនដែរ។ ពេលខ្លះសូម្បីតែខ្ញុំខ្លួនឯងដែលកាលពីប៉ុន្មានឆ្នាំមុន ក៏យល់ស្រដៀងនឹងការលើកឡើងបែបនេះដែរ។ ខ្ញុំពិតជាយល់ខុសមែនហើយ។

សេចក្តីស្រឡាញ់ខ្លះ គឺពោរពេញទៅដោយការជាប់ជំពាក់។ នេះបើនិយាយនៅក្នុងសេចក្តីស្រឡាញ់បែបលោកិយ ឬលោកសម្ភារ ឬ Material World។ មនុស្សជាច្រើន យុវវ័យ និងយុវជនខ្លះដែលពុំយល់ពីតម្លៃនៃសេចក្តីស្រឡាញ់ បានផ្តល់ភាពសំខាន់ខ្លាំងទៅលើសម្បកកាយដែលកើតរលត់ៗ វង្វេងនឹងសម្រស់ខាងក្រៅ ឈ្លក់នឹងរូបខ្លួនឯង កើតចិត្តជាប់ជំពាក់គួរឱ្យសង្វេគ។ នេះបើនិយាយក្នុងផ្លូវចិត្តវិញ្ញាណ ឬ Spiritual World។ តើអ្នកណាដែលឈឺចាប់ក្នុងរឿងស្នេហា?

ខ្ញុំធ្លាប់អានទស្សនៈមួយពីអ្នកប្រាជ្ញម្នាក់ដែលលោកនិយាយថា ភ្លើងនៃវិជ្ជាដុតកម្ទេចចិត្តជំពាក់ខាងលោកសម្ភារ។ រីចំណែកឯភ្លើងនៃសេចក្តីស្រឡាញ់ពិតវិញ វាដុតកម្ទេចជំងឺព្រលឹង។ ជីវិត គឺមានកើត និងមានស្លាប់ វិលជុំជារង្វង់ ប្រៀបដូចជាកាក់តែមួយដែលមានពីរខាង។ វាពិតជាសច្ចភាពដែលបដិសេធមិនបាន ពីព្រោះឱ្យតែមានស្លាប់ គឺត្រូវមានរស់ ហើយឱ្យតែមានរស់ គឺត្រូវមានស្លាប់។ ជីវិតមនុស្សតែងមានជំងឺពីរសំខាន់ៗ៖ ជំងឺទី១. គឺជាជំងឺផ្លូវកាយ ឬជំងឺផ្លូវក្រៅ, ជំងឺទី២. គឺជំងឺព្រលឹង ឬជំងឺផ្លូវក្នុង។ សេចក្តីស្រឡាញ់ វាអាចព្យាបាលជំងឺផ្លូវក្នុងបាន។ នេះបានហៅថា សេះដាច់យកសេះតាម ហើយរនាបបាក់ ត្រូវយករនាបជួស

ចុងក្រោយយើងអាចកំណត់ត្រឹមតែម្យ៉ាងថា ស្រឡាញ់តិច ឈឺចាប់ច្រើន ហើយស្រឡាញ់ច្រើន ឈឺចាប់តិច ឬស្រឡាញ់ពិត ឥតឈឺចាប់អ្វីទាំងអស់។ ជោគជ័យក្នុងរឿងស្នេហា គឺបើយើងស្រឡាញ់គេ ហើយគេព្រមតបសេចក្តីស្រឡាញ់របស់យើងវិញ នោះចាត់ទុកជារឿងល្អ។ ប៉ុន្តែបើខាងណាម្នាក់ស្រឡាញ់គេតែម្ខាងទេ គឺចាត់ទុកថាជារឿងឈឺចាប់។ បើត្រូវឈឺចាប់ដោយសារតែសេចក្តីស្រឡាញ់ ចូរយើងស្រឡាញ់ឱ្យខ្លាំងជាងមុន។ បើស្រឡាញ់ខ្លាំងហើយ នៅតែឈឺចាប់ទៀត ចូរស្រឡាញ់ឱ្យខ្លាំងលើសដើម...ស្រឡាញ់រហូតដល់ពាល់ និងរហូតដល់ចិត្តលែងឈឺចាប់។ ចូរសាកល្បងនៃក្បួនជីវិតបែបនេះ ហើយរស់នៅឱ្យស្រួល។ សូមឱ្យចិត្តបានរួចរំដោះ៕
កំណត់ចំណាំ
តើប្រិយមិត្តអ្នកអានយល់ពីគោលគំនិតថា ស្រឡាញ់តិច ឈឺចាប់ច្រើន ហើយស្រឡាញ់ច្រើន ឈឺចាប់តិច ឬស្រឡាញ់ពិត ឥតឈឺចាប់អ្វីទាំងអស់ នេះយ៉ាងម៉េចដែរ?

Cr. Lam Lim

Monday, July 1, 2019

សាងកម្លាំងចិត្តឱ្យខ្លួនឯង



ខ្ញុំមិនអីទេ ខ្ញុំនៅតែអាចញញឹមបានសម្រាប់ជីវិតមួយនេះ!

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង ដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ ។

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែចង់សង្ងំយំឱ្យអស់ ហើយបំភ្លេចនូវរឿងគ្រប់យ៉ាងដែលជាគ្រឿងសៅហ្មងនៃចិត្ត ។

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែដួលនៅលើវិថីជីវិតមួយនេះតែប៉ុណ្ណោះ តែបន្តិចទៀតខ្ញុំងើបបន្តដំណើរទៅមុខទៀតហើយៗជំហានជីវិតថ្មីរបស់ខ្ញុំនឹងដើរដោយភាពក្លាហានបំផុត។

ខ្ញុំមិនអីទេ គ្រប់យ៉ាងនឹងល្អប្រសើរឡើង៕

Cr. ស្រមោលដួងចន្រ្ទ

Saturday, June 29, 2019

រៀនដោយគ្មានការគិតនិងគិតដោយគ្មានការរៀន



ខុង ជឺ (Confucius) ពោលថា បើបណ្តោយឱ្យជនណាម្នាក់រៀនដោយគ្មានការគិត គឺជាការខាតពេលវេលា តែបើឱ្យជននោះគិតដោយគ្មានការរៀន គឺជាការខាតបង់ធនធានមនុស្ស។ ចំណេះវិជ្ជាងាយស្រួលរកនិងងាយស្រួលផ្តល់ឱ្យ តែបើសាបព្រោះចំណេះដឹងខុស សាបព្រោះលើមនុស្សខុស គឺជាការខាតបង់ទាំងពេលវេលា ព្រមទាំងបំផ្លាញឬបានសាបព្រោះគ្រោះកាចដល់សង្គមទៀតផង។

គំនិតល្អនាំឱ្យមានអារម្មរណ៍ល្អ។ អារម្មណ៍ល្អនាំឱ្យធ្វើសកម្មភាពល្អ។ បើធ្វើសកម្មភាពល្អនាំឱ្យទទួលផលល្អទាំងយើងទាំងគេឬក៏ថាឈ្នះ-ឈ្នះ។ មានគំនិតអស្ចារ្យនឹងបង្កើតភាពអស្ចារ្យ រីឯគំនិតអស្ចារ្យកើតចេញពីប្រឹងប្រែងរៀនសន្សំយ៉ាងអស្ចារ្យ។ បើគ្មានការសិក្សាទ្រឹស្តី និងការពិសោធទេ គឺមនុស្សខ្វះព័ត៌មាន។

បើកាលណាខ្វះព័ត៌មាន គឺស្មើនឹងគ្មានចំណេះដឹងការចងចាំបូកនឹងយល់ គឺស្មើនឹងចេះ។ ប៉ុន្តែបើយល់ហើយមិនចងចាំ ស្មើនឹងមិនចេះ ឬបើចងចាំ តែមិនយល់ ក៏ស្មើនឹងមិនចេះដូចគ្នាដែរ។ អ្នកប្រាជ្ញម្នាក់និយាយថា ការអប់រំមិនអាចឱ្យយើងគ្រប់គ្នាក្លាយជាអ្នកដឹកនាំបានមែនពិត តែវាពិតជាអាចប្រាប់យើងឱ្យដឹងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ បើយើងយល់ថាភាពល្ងង់ខ្លៅ ឬអវិជ្ជាគ្មានតម្លៃ នោះចូរយើងប្រឹងប្រែងសំដៅទៅរកវិជ្ជាដែលមានតម្លៃកាត់ថ្លៃពុំបាននោះចុះ
__
 Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Thursday, June 27, 2019

អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជា



បើនិយាយពីជីវិត គឺគ្មានអ្វីទៀងទាត់ទាល់តែសោះ ដ្បិតសូម្បីតែសម្បកកាយកាលពីដប់ឆ្នាំមុន ក៏វាបានប្រែក្លាយផ្លាស់ប្តូរកាយថ្មីនៅថ្ងៃនេះដែរ។ នៅក្នុងរាងកាយមនុស្សយើងគ្រប់ៗគ្នា គឺគ្មានធម្មធាតុណាមួយដែលនៅនឹងថ្កល់នោះទេ (ច្បាប់រំញ័រ - The Law of Vibration)។ លើសពីនេះ ជីវិតយើងក៏ពុំអាចរស់នៅដដែលៗ គ្មានការផ្លាស់ប្តូរថ្មីដែរ។ រីឯចំពោះខ្ញុំវិញ ពីមុនខ្ញុំជាអ្នកស្រែ ហើយខ្ញុំបន្តដំណើរជីវិតជាអ្នកស្រែផង ព្រមទាំងធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលផង និងរហូតដល់ពេលនេះ អ្នកខ្លះចាត់ទុកខ្ញុំជាស្មេរ។ មួយជីវិតនេះ ខ្ញុំធុញទ្រាន់នឹងភាពដដែលៗ រហូតកំណត់ជីវិតនេះថាគួរតែប្រែប្រួលខ្លះៗ ដោយកុំដដែលៗ។ នេះជាច្បាប់សកលនៃជីវិត

នៅលើលោកយើងនេះ គ្មានអ្វីដែលមិនប្រែប្រួលទេ តែមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រួលប្រួលទៅណាសោះ។ ការផ្លាស់ប្តូរដ៏តូចមួយ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ។ នៅក្នុងអង្គភាពមួយ បើមិនចេះច្នៃ មិនចេះបត់ខ្លួនផ្លាស់ប្តូរឱ្យទាន់កាលៈទេសៈនិងរបត់ទេ គឺនឹងបរាជ័យ។ ការបរាជ័យក្នុងការប្រថុយប្រថានដើម្បីការផ្លាស់ប្តូរអ្វីមួយឱ្យល្អប្រសើរជាងមុន គឺវាប្រសើរជាងបរាជ័យដោយពុំបានធ្វើអ្វីសោះ។ សុភាសិតខ្មែរពោលថា កំហុស រមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើ បានអ្វីនឹងខុស។ ក្នុងបរិបទសង្គមដែលរីកចម្រើន គេបានឱ្យនិយមន័យ កំហុស ស្មើនឹង មេរៀន តែក្នុងបរិបទខ្មែរយើងវិញ បើខុស គឺខុសហើយ។ ទស្សនវិទូក្រិកបុរាណ សូក្រាត បានឱ្យកំណត់តម្លៃជីវិតដែលមានន័យថាជា ការពិសោធ។ នេះមានន័យថាមនុស្សរស់នៅត្រូវក្លាហានហ៊ានពិសោធលើជីវិតខ្លួនឯង កុំខ្លាច កុំកំសាក កុំចាំតែថាដោយមិនព្រមធ្វើ កុំចាំតែបន្ទោសអ្វីៗនៅខាងក្រៅខ្លួន ដោយមិនព្រមប្រឹងខ្លួនឯង។

យើងត្រូវប្រើជីវិតជាមួយនឹងសេចក្តីក្លាហានដ៏ត្រឹមត្រូវ ត្រូវកាលៈទេសៈ និងដឹងពេលវេលាត្រូវក្លាហាន។ បើកាលៈទេសៈមិនអំណោយផលសម្រាប់សេចក្តីក្លាហានរបស់យើងទេ គឺយើងត្រូវចេះលះបង់។ ការលះបង់ត្រូវឈរលើប្រយោជន៍រួម។ ត្រង់ចំណុចនេះ ខ្ញុំចង់ឆ្លុះបញ្ចាំងបន្តិចពីរឿងសង្គម។ សង្គមយើងសម្បូរអ្នកចេះដឹងណាស់ តែអ្នកខ្លះមិនសូវចេញមុខទេ។ អ្នកខ្លះទៀត បែរជាហ៊ាននិយាយពីបញ្ហាសង្គមរបស់ប្រទេសជិតខាង ប៉ុន្តែបែរជាខ្លាចរអារលាតត្រដាងនិយាយពាក្យពិតពីបញ្ហាសង្គមដែលខ្លួនកំពុងរស់នៅទៅវិញ ហើយមិនព្រមបើកវាំងននបង្ហាញការពិតឱ្យយុវជនរៀនគិតពីចំណុចខ្លាំងចំណុចខ្សោយរបស់សង្គមទេ។ អ្នកខ្លះទៀត គឺជាអ្នកបង្កាច់បង្ខូចសច្ចភាពសង្គមតែម្តង ដ្បិតនិយាយបាតដៃជាខ្នងដៃ និងខ្នងដៃជាបាតដៃ។ នេះជាវិបត្តិសង្គមបច្ចុប្បន្នមួយ ដែលក្នុងនាមជាយុវជនត្រូវដឹង ត្រូវឈ្វេងយល់ដោយខ្លួនឯង និងត្រូវរៀនធ្វើមនុស្សដែលចេះមើលឃើញចំណុចខ្មៅរបស់សង្គម ចំណុចភ្លឺរបស់សង្គម និងដំណោះស្រាយសម្រាប់សង្គមរីកចម្រើន។ល។ តើមួយណាល្អជាង រវាងភាពខ្លាចនិងភាពក្លាហាន?

អ្នកស្នេហាសច្ចភាព និងការពិត (សច្ចវិញ្ញូ) - Love of Truth គួរត្រូវចេះលះបង់ ប្រៀបដូចជាសូក្រាតលះបង់ខ្លួន សុខចិត្តស្លាប់ដើម្បីពង្រឹងច្បាប់ប្រទេសក្រិកអ៊ីចឹង។ ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា សូមកុំកំសាករហូតដល់រត់គេចពីគ្រប់គ្រោះថ្នាក់ តែក៏សូមកុំក្លាហានរហូតដល់ធ្វើឱ្យយើងជួបគ្រោះថ្នាក់ដែរ។ ភាពក្លាហានដោយស្គាល់កាលៈទេសៈ គឺជាភាពឆ្លាតវៃមួយ។ ប៉ុន្តែបើរង់ចាំកាលៈទេសៈស័ក្ដិសម រង់ចាំហើយរង់ចាំទៀត នៅតែមិនទាន់ដល់កាលៈទេសៈស័ក្ដិសមទេ ហើយស្ថិតក្នុងសភាពចាំបាច់បំផុតនោះ គឺត្រូវការសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ សង្គ្រោះប្រយោជន៍រួមមួយ។ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប។ លើសពីនេះ ទ្រឹស្តីពុទ្ធនិយមក៏បានលើកឡើងដែរថា ភាពភ័យខ្លាចនឹងមិនមានដល់បុគ្គលដែលមានចិត្តមិនទទឹកជោគសើមដោយរាគៈឬទោសៈប្រទូសសារ៉ាយ ហើយក៏មិនមានដល់បុគ្គលដែលមានសតិដឹងនូវបុណ្យបាបនោះឡើយ ខ្ញុំសូមបកស្រាយនូវទ្រឹស្តីពុទ្ធនិយមដោយសង្កត់ធ្ងន់ទៅលើពាក្យ បុណ្យ និងពាក្យ បាប។ ត្រង់ចំណុចនេះ គឺចង់បង្ហាញពី ប្រយោជន៍ដែលត្រូវធ្វើ ហៅថាបុណ្យ ហើយការនៅស្ងៀមរង់ចាំស្លាប់ដោយមិនធ្វើអ្វីសោះ គឺហៅថា បាប។ នេះជាគុណធម៌បណ្ឌិតជន និងអ្នកចេះដឹង។

តាមទស្សនៈខ្ញុំ សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ ហើយសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ គឺជាឥរិយាបថវីរបុរស។ ខ្ញុំបានប្រឆាំងទស្សនៈរបស់ទស្សនវិទូបារាំង វ៉ុលទ័រ (Voltaire) ដែលលោកលើកឡើងថា សេចក្តីក្លាហាន គឺពុំមែនជាគុណធម៌ទេ។ នៅក្នុងកូនសៀវភៅតូចមួយដែលនិយាយអំពី មហាគុណធម៌ និងការប្រើប្រាស់ទស្សនវិជ្ជាសម្រាប់ជីវិតប្រចាំថ្ងៃ បានលើកឡើងថា ជនកំសាកមាននៅគ្រប់ទីកន្លែង ហើយអ្នកសម្តែងសេចក្តីក្លាហាន ក៏មាននៅគ្រប់ទីកន្លែងដូចគ្នាដែរ។ សង្គមនីយមួយៗតែងមានអ្នកខ្លាចនិងអ្នកហ៊ាន។ ភាពខុសគ្នារវាងអ្នកខ្លាចនិងអ្នកហ៊ាន គឺត្រង់ថាអ្នកហ៊ានចេះលាក់សេចក្តីភ័យខ្លាចទុកក្នុងខ្លួន (មិនបង្អើលអ្នកដទៃឱ្យខ្លាច)។ គំនិតនេះ វាក៏មិនខុសពីការយល់ឃើញរបស់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលថា នរណាដែលថាមិនចេះខ្លាចនោះ តែយើងត្រូវមានរបៀបគ្រប់គ្រងភាពភ័យខ្លាច និងត្រូវចេះលាក់ភាពភ័យខ្លាចទុក។ ពេលនិយាយពីរឿងបែបនេះ វាធ្វើឱ្យខ្ញុំនឹកឃើញនូវការសន្ទនាមួយរវាងខ្ញុំ និងអ៊ំប្រុសម្នាក់ដែលខ្ញុំគោរពបំផុត។

ថ្ងៃមួយខ្ញុំបានជូនសៀវភៅដែលជាស្នាដៃរបស់ខ្ញុំទៅគាត់ ហើយគាត់មានប្រសាសន៍ថា ក្មួយពូកែទាំងនៅវ័យក្មេង ហើយអ៊ំមិនចេះអ្វីទេ ព្រមទាំងគ្មានសមត្ថភាពអាចធ្វើបានដូចក្មួយឡើយ។ ពាក្យសម្តីនេះធ្ងន់ណាស់សម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំអាក់អន់ចិត្តបន្តិច។ ខ្ញុំបណ្តោយឱ្យគាត់មានប្រសាសន៍រហូតដល់ចប់។ ក្រោយមក ខ្ញុំបានតបថា ជម្រាបប្រសាសន៍លោកអ៊ំ! ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំគោរពឱ្យតម្លៃមនុស្សចេះដឹងពីរប្រភេទ៖ មនុស្សចេះដឹងប្រភេទទី១. ចំណេះដឹងដែលបំពាក់នូវសីលធម៌និងគុណធម៌, និងទី២. ការយកចំណេះដឹងទៅសាបព្រោះឱ្យកើតជាផ្លែផ្កាសម្រាប់សង្គម (យកចំណេះដឹងទៅប្រើ)។ ខ្ញុំមិនមែនជាអ្នកចេះដឹងទេ តែខ្ញុំគ្រាន់តែជាអ្នកចែករំលែកប៉ុណ្ណោះ

[...] លោកអ៊ំជាអ្នកសិក្សាស៊ីជម្រៅម្នាក់ ហើយអ៊ំប្រហែលជាស្គាល់ទស្សនវិទូអន្យតិរ្ថិយនិយម - Nihilism [អានថា អន់-ដេរ-ថី], ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) ដែលជាបុគ្គលម្នាក់ពុំហ៊ានបោះពុម្ពសៀវភៅដែលខ្លួនបាននិពន្ធក្នុងពេលខ្លួនមានជីវិតរស់នៅ សុខចិត្តរក្សាសៀវភៅទុកនៅក្បាលដំណេក រហូតដល់ខ្លួនស្លាប់បាត់បង់ជីវិត ទើបមានប្អូនរបស់ខ្លួនសម្រេចបោះពុម្ពផ្សាយ។ ខ្ញុំយល់ច្បាស់ពីគំនិតនិងចេតនារបស់ទស្សនវិទូ នីហ្សឺ។ នីហ្សឺ គឺជាទស្សនវិទូម្នាក់ដែលមានគំនិតប្រឆាំងព្រះ និងមិនជឿថាមានអត្ថិភាពរបស់ព្រះ (Existence of God)។ ថ្វីត្បិតែនិហ្សឺ មិនមែនជាមនុស្សក្លាហាន តែនិហ្សឺមិនអាក្រក់ទេ។ អ្នកដែលគ្រោះថ្នាក់ជាងគេ គឺជាអ្នកដែលនិយាយពីរឿងសាសនានិងនយោបាយ។ អ្នកឆ្លាតដើរជាមួយនឹងទឹកសន្សើម តែអ្នកខ្លះត្រូវបង្ខំដើរជាមួយនឹងទឹកជំនន់ ដែលអាចនឹងជន់លិចខ្លួនគ្រប់ពេល។ ខ្ញុំសុំបញ្ចប់រឿងនេះត្រឹមតែប៉ុននេះ។ សូមពិចារណាតាមការគួរផងចុះ៕ 

រូបភាព៖ FBP

Wednesday, June 26, 2019

បើហ៊ានឆ្ងល់ ហ៊ានសួរ ជាប្រភពថាមពលជីវិតនៃមនុស្សឆ្លាត



លោក រ៉ូបឺត គីយូសាគី បាននិយាយថា " «មនុស្សដែលជោគជ័យបំផុតគឺមនុស្សដែលពូកែឆ្ងល់ ។ ពួកគេទាំងនោះតែងតែរៀនសូត្រ តែងតែរីកចម្រើន និងតែងតែខ្លាំងក្លាទៅមុខ » ជានិច្ច ។ សុភាសិតមួយទៀតបានអះអាងថា " អ្នកហ៊ានសួរ គេនឹងលែងល្ងង់ អ្នកមិនហ៊ានសួរ គេនឹងល្ងង់រហូត " ។ ត្រង់ន័យនេះគឺបង្ហាញថា ការដោះស្រាយចម្ងល់ គឺជាការបង្កើតថាមពលបញ្ញាញាណ ។ រៀនពីជីវិតឲ្យបានច្រើន នោះយើងនឹងខ្លាំង ។ បិតាទស្សនវិទូ សូក្រាត បានអះអាងថា " ចម្ងល់ គឺជាប្រភពនៃការបង្កើតបញ្ញាញាណ " ។ ហ៊ានឆ្ងល់ ហ៊ានសួរ គឺជាប្រភពថាមពលជីវិតរបស់មនុស្សឆ្លាត ៕

Tuesday, June 25, 2019

និយាយបង្ខូចគេ



ព្រោះតែយើងច្រណែនគេ ទើបយើងព្យាយាមនិយាយបង្កាច់បង្ខូចគេពីក្រោយខ្នង ។ ព្រោះតែយើងមិនត្រូវជាមួយគេ ទើបយើងព្យាយាមសម្ដែងធ្វើជាមនុស្សល្អតាមរយៈការនិយាយដើមគេ ។ ដោយសារតែយើងស្អប់គេ យើងក៏ព្យាយាមដឹកនាំអ្នកដទៃឱ្យស្អប់គេជាមួយយើងដែរ ។ ធម្មតាទេមនុស្សជាសត្វដែលផ្គាប់ចិត្ដមិនត្រូវស្រាប់ទៅហើយ ហើយសូម្បីតែខ្លូនឯង ពេលខ្លះក៏ផ្គាប់ខ្លួនឯងមិនត្រូវដូចគ្នាដែរ ចុះទម្រាំអ្នកដទៃលែងអីនឹងខុស ?

យើងតែងនិយាយក្រោយខ្នងគេ ថាគេជាមនុស្សអាក្រក់ មនុស្សពុំត្រឹមត្រូវ ឬមនុស្សបែបណាក៏បាន ស្រេចតែយើងថា ប៉ុន្ដែតើយើងធ្លាប់គិតទេ ខណៈពេលដែលយើងកំពុងនិយាយបង្កាច់បង្ខូចគេហ្នឹង តើយើងពិតជាបានធ្វើជាមនុស្សល្អលើសគេហើយមែនទេ បើនៅទេ សូមឈប់ទៅ វាគ្មានប្រយោជន៍ទេ ។ យើងគ្មានភារកិច្ចអ្វីទៅចាត់ចែងជីវិតគេឡើយ គេធ្វើអី ល្អឬអាក្រក់ជាសិទ្ធិគេ ជាជីវិតគេ បើយើងមិនពេញចិត្ដយើងគ្រាន់តែដើរចេញទៅបានហើយ ។

នៅលើលោកនេះ គ្មានមនុស្សល្អឯណាគេដើរនិយាយដើមអ្នកដទៃទេ ហើយក៏គ្មានមនុស្សច្រណែនអ្នកដទៃឯណារស់នៅបានសុខដែរ គឺមានតែមនុស្សចរិតចឹកគេពីក្រោយខ្នងប៉ុណ្ណោះ ដែលចូលចិត្ដធ្វើរឿងពុំត្រឹមត្រូវ ហើយតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ រស់នៅកុំសាងសត្រូវអី ព្រោះវាធ្វើឱ្យយើងគ្មានក្ដីសុខជីវិតប្រៀបដូចជាការឆ្លុះកញ្ចក់ដូច្នេះដែរ បើយើងញញឹមដាក់កញ្ចក់ កញ្ចក់ក៏ញញឹមដាក់យើងវិញ ។ បើយើងឱ្យអ្វីទៅគេ គេក៏ឱ្យនោះមកវិញ ។ យើងឱ្យស្នាមញញឹម និងសន្ដិភាពទៅអ្នកដទៃ ជីវិតក៏បានសុខ ។ យើងឱ្យភាពក្ដៅក្រហាយទៅអ្នកដទៃ អ្នកដទៃក៏ឱ្យរឿងឈឺក្បាលត្រឡប់មកវិញដែរ ។ យើងពុំគួរសួរថាហេតុអ្វីបានជាជីវិតខ្លួនឯងចួបតែទុក្ខកង្វល់ ហើយគេចេះតែបានសុខឡើយ យើងគួរសួរខ្លួនឯងថា តើបានសាងរឿងអាក្រក់ធ្វើអ្វីខ្លះហើយ នាពេលកន្លងមក ?

Cr. Sun Veasna

Monday, June 24, 2019

ជីវិតស្នេហា



ពេលខ្លះដោយសារតែយើងឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង ទើបយើងយល់ថាខ្លួនឯងស្អាតសង្ហាលើសគេ ។ ដោយសារតែយើងយល់ថាខ្លួនលើសគេ ទើបយើងមើលមិនឃើញភាពល្អរបស់អ្នកដទៃ ។ ជីវិតស្នេហាខ្លះគឺបែបនេះ ពេលខ្លះដោយសារតែចរិតតួឯកនេះហើយ ទើបធ្វើឲ្យមនុស្សល្អៗដែលព្យាយាមចូលមកក្នុងជីវិតយើងត្រូវរសាត់ទៅបាត់ម្ដងមួយៗ ។ តាមពិតយើងបានស្គាល់មនុស្សស្អាតៗសង្ហាៗច្រើនណាស់ តែអ្វីដែលយើងមិនដែលចួបនោះ គឺមនុស្សពិតប្រាកដ ។ ពេលខ្លះដោយសារតែយល់ច្រឡំថាខ្លួនឯងលើសគេ ទើបមើលរំលងមនុស្សជាច្រើន រហូតបាត់បង់មនុស្សពិតប្រាកដមួយចំនួនដែលព្យាយាមតាមស្រឡាញ់យើង ។ មនុស្សដែលល្អដូចក្នុងសុបិន គឺមានតែម្នាក់ប៉ុណ្ណោះ ម្នាក់នោះគឺនៅក្នុងសុបិនគ្មានការពិតរបស់យើង ។ ហើយបើយើងមិនព្រមដើរចេញពីសុបិននេះទេ នោះយើងនឹងស្ដាយក្រោយចំពោះពេលវេលាជាច្រើនដែលយើងបានបាត់បង់ទៅ ។

ក្នុងលោកនេះគ្មានមនុស្សល្អឥតខ្ចោះទេ សូម្បីតែយើងខ្លួនឯង ។ ចុះហេតុអ្វីបានជាយើងរើសច្រើនម៉្លេះ ?  អ្នកខ្លះ រើសពេករហូតមុខចាស់ អាយុច្រើនទៅហើយ ។ បើអង្គុយតែខ្លាចមុខខ្លាចក្រោយ តើពេលណាទើបយើងដើរទៅមុខ ? បើអង្គុយតែចង់បានមនុស្សក្នុងសុបិន តើពេលណាបានសាងគ្រួសារនឹងគេ ? បើរវល់តែឈ្លក់នឹងសម្រស់ខ្លួនឯង តើពេលណាយើងអាចរកឃើញមនុស្សល្អពិតប្រាកដទៅ ? បើបេះដូងរបស់យើងនៅតែចង្អៀតចង្អល់ តើពេលណាយើងទៅដល់ត្រើយជីវិតគូ ? គ្មាននរណាម្នាក់ល្អបំផុតទេ សំខាន់រស់នៅជាមួយគ្នាត្រូវចេះអប់រំគ្នា មើលថែគ្នាទៅវិញទៅមកប៉ុណ្ណឹងគឺបានហើយ 

រឿងមាសប្រាក់ទ្រព្យសម្បត្តិជារឿងក្រោយទេ កុំសម្លឹងឃើញតែលុយពេក ដ្បិតមានមាសប្រាក់ច្រើន ក៏មិនប្រាកដថាមានក្ដីសុខ ដ្បិតមានក្ដីសុខក៏ដោយសារតែការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នាជីវិតគូ មិនស្រួលដូចការគិតឡើយ បើខ្វះភក្ដីភាព ទោះមានទ្រព្យច្រើន តើមានន័យអ្វីទៅ ? ជីវិតប្ដីប្រពន្ធ ពុំគ្រាន់តែស្មោះនឹងគ្នាទេ សំខាន់គឺសាងសុភមង្គលរួមគ្នា កាន់ដៃគ្នាឆ្លងកាត់វាលជីវិតដ៏ល្វឹងល្វើយ ឆ្លងកាត់សំណើចសំណោកជាមួយគ្នា ។ បើស្រឡាញ់គ្នា ត្រូវចេះអធ្យាស្រ័យគ្នា ហើយអ្វីៗទាំងនេះវាបានកើតឡើងលើជីវិតគូច្រើនរាប់មិនអស់ទៅហើយ ។ ដ្បិតការរៀបការមិនអាចធានាថាត្រូវតែនៅជាមួយគ្នាមួយជីវិត តែក្ដីស្រឡាញ់ដែលពេញដោយភក្ដីភាព អាចធ្វើឲ្យមនុស្សរស់នៅជាមួយគ្នាបានយូរ ។ កុំរើសច្រើនពេក ព្រោះបើរើសពេក យើងអាចនឹងបាត់បង់ជម្រើសល្អៗបាន ៕

Cr. ប្រាជ្ញាជីវិត

Friday, June 14, 2019

ខណៈពេលដែលយើងឯកា



សម្រស់ជីវិត គឺផ្សំឡើងពីភាពស្មោះត្រង់ មានភាពស្មោះត្រង់ ទើបបង្កើតបានមិត្តភាព មានមិត្ដភាព ទើបបង្កើតបានទំនុកចិត្ត មានទំនុកចិត្តទើបបង្កើតបានភាពកក់ក្ដៅ មានភាពកក់ក្ដៅទើបបង្កើតបាននូវក្ដីស្រឡាញ់ ក្ដីស្រឡាញ់នោះហើយ គឺជាសម្រស់ជីវិត ។ ការរស់នៅមិនអាចខ្វះក្ដីស្រឡាញ់បានទេ ដ្បិតជីវិតដែលមានតម្លៃ គឺផ្សាភ្ជាប់ជាមួយភាពកក់ក្ដៅ ។

ស្រឡាញ់មាតាបិតា ស្រឡាញ់លោកគ្រូអ្នកគ្រូ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភក្ដិ ស្រឡាញ់មនុស្សជុំវិញខ្លួន ។ យើងអាចដឹងរសជាតិនៃក្ដីស្រឡាញ់ តាមរយៈទង្វើរបស់មនុស្សដែលស្រឡាញ់យើង ។ ខណៈពេលដែលយើងមានអារម្មណ៍ឯកា ឬពេលដែលយើងមានសេចក្ដីទុក្ខ គ្មាននរណាម្នាក់មកឱបយើងក្រៅពីមនុស្សដែលស្រឡាញ់យើងទេ ។ គ្មាននរណាម្នាក់នៅក្បែរយើងគ្រប់ពេល ក្រៅពីមនុស្សដែលស្រឡាញ់យើងឡើយ ហើយក៏គ្មាននរណាម្នាក់ដែលអាចផ្ដល់ភាពកក់ក្ដៅឲ្យយើង ក្រៅពីមនុស្សដែលស្រឡាញ់យើងនោះដែរ ។ គ្រប់យ៉ាងដែលគេអាចលះបង់ដើម្បីយើង វាមិនមែនជារបស់ដែលយើងអាចទិញនៅតាមផ្សារ ឬជួលនរណាមកសម្ដែងបានឡើយ គ្រប់យ៉ាងទាំងនោះ គឺកើតចេញពីទឹកចិត្ត ហើយវាមានតម្លៃលើសពីលុយទៅទៀត ។ មនុស្សទាំងនោះ អាចជាគ្រួសារ ឬមិត្តភក្ដិរបស់យើងជាដើម ។

សូមឲ្យស្នាមញញឹម និងភាពកក់ក្ដៅទៅពួកគេ ប្រសិនបើយើងគ្មានអ្វីឲ្យគេ ។ សូមឲ្យទំនុកចិត្ត និងក្ដីស្រឡាញ់ទៅពួកគេ ទាន់ពេលដែលនៅមានពួកគេ ។ ពេលវេលាដើរទៅមុខលឿនណាស់ គ្រប់យ៉ាងអាចនឹងប្រែប្រួលដោយមិនឲ្យយើងដឹងមុន ម្លោះហើយការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ វាគួរតែល្អប្រសើរតាមដែលអាចធ្វើបាន ៕

Cr. Sun Veasna

Thursday, June 13, 2019

ធ្វើជាប្រធានលើខ្លួនឯង



ទស្សនវិទូអាល្លឺម៉ង់ ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) និយាយថា ធ្វើជាមនុស្ស កុំចេះតែដើរតាម ស្តាប់តាម ឬធ្វើតាមខ្ញុំ តែត្រូវចេះយកខ្លួនឯងជាប្រធាន

និហ្សឺ ជាទស្សនវិទូដែលមិនជឿថាមានព្រះ (អទេវនិយម)។ ប៉ុន្តែនិហ្សឺបានលើកទឹកចិត្តឲ្យមនុស្សជឿលើខ្លួនឯងច្រើនជាង។ មនុស្សគ្រប់ៗរូបកើតមកលើផែនដីនេះសុទ្ធតែមានភាពស្មើគ្នា តែការអប់រំបានធ្វើឲ្យមនុស្សមានភាពខុសគ្នា។ ក្នុងជីវិតរស់នៅ យើងម្នាក់ៗត្រូវមានម្ចាស់ការឯករាជ្យលើខ្លួនឯង កុំរស់នៅក្រោមឆន្ទៈអ្នកដទៃ កុំផ្ញើវាសនាខ្លួនឯងនឹងអ្នកដទៃ កុំចេះតែដើរតាមអ្នកដទៃទាំងងងឹតងងុល ហើយដាច់ខាតត្រូវមានគោលការណ៍និងជំហរខ្លួនឯងឲ្យច្បាស់

ព្រះពុទ្ធសម្តែងថា ធម្មទានឈ្នះអស់ទានទាំងពួង។ ក្នុងនាមយើងជាអ្នកចេះដឹង បើបានស្គាល់មនុស្សដែលគ្មានម្ចាស់ការឯករាជ្យលើខ្លួនឯង យើងត្រូវចេះជួយជ្រោមជ្រែងបុគ្គលនោះតាមដែលអាចធ្វើទៅបាន។ តើត្រូវជ្រោមជ្រែងយ៉ាងដូចម្តេចបានត្រឹមត្រូវ? កុំឲ្យត្រី តែត្រូវបង្រៀនឲ្យចេះស្ទូចត្រី។ ទីណាងងឹត មាននរណាម្នាក់រកផ្លូវចេញមិនឃើញទេ យើងមិនត្រូវធ្វើជាអ្នកភ្លឺ រួចហើយដឹកដៃអ្នកនោះចេញពីទីងងឹតទេ។ ប៉ុន្តែយើងត្រូវផ្តល់បញ្ញាឲ្យដល់មនុស្សនោះភ្លឺ ហើយឲ្យគេដើរចេញដោយខ្លួនឯង។ របៀបនេះហៅថា បង្រៀនមនុស្សឲ្យធ្វើជាប្រធានលើខ្លួនឯង ដូចព្រះពុទ្ធដីកាមួយឃ្លាបានបង្រៀនតាំងពី២៥៦២ ឆ្នាំមុនថា ខ្លួនជាទីពឹងរបស់ខ្លួន

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, June 12, 2019

តូចតឿ ខាងសាមគ្គី



នៅពេលដែលយុវជនមានបំណងចង់ជំរុញជាតិឲ្យខ្លាំង យុវជនខ្លួនឯងត្រូវជំរុញការអប់រំរបស់ខ្លួនឯងជាមុនសិន។ តើអ្វីទៅជាការការអប់រំខ្លួនឯង? អ្នកខ្លះប្រឹងរៀនជំនាញបង្កើតលុយ ដើម្បីកុំឲ្យក្រ។ អ្នកខ្លះប្រឹងអានសៀវភៅ ដើម្បីកុំឲ្យអវិជ្ជា។ អ្នកខ្លះពុំប្រឹងប្រែងធ្វើអ្វីសោះ ប៉ុន្តែពឹងលើវាសនា។ វាសនាជាតិ និងវាសនាពីបុព្វេ។ លើសពីនេះទៅទៀត អ្នកខ្លះក៏រង់ចាំការដឹកនាំពីក្បាលជាតិ (មេដឹកនាំ)។ ប៉ុន្តែពេលខ្លះបែរជាចន្លោះគំនិតមួយ គឺជាគំនិតនៃភាពសាមគ្គី ឬគំនិតចាប់ដៃគ្នាធ្វើការ។ មែនទែនទៅអ្នកខ្លះនិយាយចំថា ចរិតខ្មែរអ៊ីចេះ ចរិតខ្មែរអ៊ីចុះ អន់នេះ អន់នោះ ទាំងដែលបរទេសខ្លះកំពុងតែរៀនសូត្រពីខ្មែរ។ ប្រវត្តិសាស្រ្តមានស្រាប់ ប៉ុន្តែបែរជាពេលខ្លះយើងពុំចាប់ភ្លឹក យើងចេះតែរឿងដែលបែកខ្នែង។

នៅពេលដែលទាប ពេលខ្លះគេអាចជាន់ពន្លិចថែម។ នៅពេលយើងខ្លាំងពិតប្រាកដ គេអាចរត់មកដើម្បីសុំជំនួយពីយើង។ ប៉ុន្តែនិយាយបែបម្យ៉ាងក្នុងលក្ខខណ្ឌយុទ្ធសាស្រ្តវិញ ពុំសំដៅថាអ្នកណា ធំជាងអ្នកណានោះទេ សំខាន់ឲ្យតែមានខួរក្បាលយុទ្ធសាស្រ្ត អ្នកនោះគឺមានប្រៀបជាង។ បានន័យថា ត្រូវពឹងលើយុទ្ធសាស្រ្ត ឬបែបយុទ្ធសាស្រ្តការទូត។ ការរៀបចំជាតិ អ្នកណាក៏មានតួនាទី សំខាន់ត្រង់ថាអ្នកណាចេញមុខមុន និងអ្នកណាចេញក្រោយតែប៉ុណ្ណោះ។ ប្រសិនជាជាតិមួយ ពុំត្រូវបានអ្នកណាឈ្លាន បងប្អូនខ្លះចង់ដេកបណ្ដែតបណ្ដាយក៏វាគ្មានរឿងអ្វីកើតឡើងឡើយ ក៏ប៉ុន្តែបើដកស្របពេលគេជាន់ យើងប្រាកដជាស្លាប់។ តាំងពីណា ពីណីមក ការដឹកនាំតែងតែមានចន្លោះប្រហោង ដ្បិតអ្វីអ្នកណាក៏ពុំអាចគេចរវៀសផុត ប៉ុន្តែអ្នកដឹកនាំគេចៀសណាស់ គឺចៀសឲ្យមានកំហុសតិចតួចបំផុត។ បើចំពោះមេដឹកនាំវិញ កំហុសដ៏ធំបំផុត គឺពុំអាចមានលទ្ធភាពបង្រៀនឲ្យមនុស្សចេះស្រឡាញ់គ្នា ពុំបង្រៀនឲ្យមនុស្សចេះសាមគ្គីគ្នា។ ឬក៏សាមគ្គីដែរ ប៉ុន្តែគ្នាឯង ទៅបំផ្លាញគ្នាគេ ដែលជាសាសន៍ខ្លួនឯង។

រឿងហេតុខ្លះ ពុំអាចចោទតែម្ខាងៗទេ តើត្រូវចោទនរណា? ក្នុងសង្គមតែងមានក្ដៅ និងមានត្រជាក់។ ឬក៏តែងមានភ្លើង និងមានទឹក។ រឿងដែលសំខាន់ គឺត្រូវប្រើទឹកនៅពេលណា និងត្រូវប្រើភ្លើងនៅពេលណា? ភ្លើងប្រើសម្រាប់ពន្លត់អវិជ្ជាសង្គម ពន្លត់សេចក្ដីភ័យខ្លាច ដើម្បីប្រយុទ្ធ។ ចំណែកទឹក ប្រើដើម្បីប្រមូលអ្នកដែលមានសមត្ថភាព។ ទាំងទឹក ទាំងភ្លើង គឺជាចរន្តនៃការចងសង្គមមកវិញ។ លក្ខខណ្ឌតែមួយ គឺតើមេដឹកនាំរូបនោះ ចេះប្រើឬមួយក៏អត់?

ប្រទេសខ្លាំងនៅអាស៊ីខ្លះ គេតូចតឿផ្នែកកិច្ចការនយោបាយការបទេសពិតមែន ប៉ុន្តែបងប្អូនគេខ្លាំងណាស់។ តើខ្លាំងអ្វី? ក្នុងប្រទេសជប៉ុនគេជឿថា បើសិនជាគេមានមាឌតូច ទឹកដីតូច ចិត្តគំនិត គេត្រូវតែធំជាងមនុស្សធម្មតា។ ក្នុងបរិបទអឺរ៉ុបខ្ញុំសន្មតដោយខ្លួនឯងថា មាឌគេក៏ធំ គំនិតគេក៏ត្រូវធំ។ គំនិតធំ ត្រូវដុះពន្លកចេញពីការសាមគ្គីផ្ទៃក្នុង គ្មានទំនាស់ពូជសាសន៍ឯង។ នេះគឺជាភាពខ្លាំង ដែលមនុស្សទូទៅ ប្រទេសទូទៅពុំងាយមាន។ ពឹងលើយុទ្ធសាស្រ្តមួយចំហៀង ពឹងលើការពួតដៃថែមមួយចំហៀងទៀត ដូច្នេះបានមួយតួ។

អ្នកនិពន្ធជនជាតិ បារាំង លោក អង់ឌ្រេ ហ្គាយ (André Paul Guillaume Gide) និយាយមួយឃ្លាក្នុងន័យថា សង្គមដែលអាចស្គាល់ភាពថ្កុំថ្កើងបាន គឺត្រូវដឹងអំពីការសម្លាប់មនុស្ស និងដឹងអំពីវិធីសាស្រ្តដ៏ឆ្លាតវៃជាជាងការស្លាប់។ បានន័យថា ក្នុងសង្គមដែលខ្លាំងពិតប្រាកដគេដឹងអំពីផ្លូវដើរដើម្បីភាពរីកចម្រើន ដ្បិតគ្រប់យ៉ាងយើងគឺជាអ្នកបង្កើតផ្លូវសម្រាប់ខ្លួនឯងទាំងអស់។ ក្នុងបរិបទសង្គមបច្ចុប្បន្ន រឿងដែលត្រូវយល់ដឹងបំផុតក្នុងស្ថានភាពនេះ គឺត្រូវចេះពន្លូតសាមគ្គី។ ពុំទាន់ចាំបាច់រកផ្លូវឈ្នះបរទេសសិនក៏បាន យកឈ្នះលើខ្លួនឯង ដើម្បីភាពសាមគ្គីសិន៕

Society knows perfectly well how to kill a man and has methods more subtle than death.- André Paul Guillaume Gide

«មានគំនិត ទើបមានកំណើត» «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»



ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗត្រូវខិតខំខ្លាំងណាស់ ដើម្បីចង់មានចង់បានរស់នៅដូចគេដូចឯង។ ជាទូទៅកម្រឃើញនរណាម្នាក់ដែលមិនខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យណាស់។ មនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមអ្វីមួយពីការមានគំនិតជាមុនសិន។

ដូចពាក្យចាស់ពោលថា៖ «មានគំនិត ទើបមានកំណើត»។ ប៉ុន្តែមានតែគំនិតក៏គ្មានប្រយោជន៍ដែរ ប្រសិនបើមិនយកគំនិតនោះទៅអនុវត្ត។ មានមនុស្សជាច្រើនមានគំនិតល្អៗ ចង់ធ្វើហើយ តែពួកគេចូលចិត្តកុហក់ខ្លួនឯង ចូលចិត្តពន្យាពេល មិនព្រមចាប់ផ្ដើម។ ការកុហក់ខ្លួនឯង ឬពន្យាពេលរារាំងអ្នកមិនឲ្យជោគជ័យ ឬធ្វើឲ្យអ្នកដើរយឺតជាងមនុស្សដែលមានសកម្មភាពធ្វើ។ ជួនកាលការពន្យាពេលរបស់អ្នកអាចធ្វើឲ្យខូចការធំក៏ថាបាន។ ដូចពាក្យមួយឃ្លារបស់ ឡៅ ជឺ ទស្សនវិទូចិន ដែលលោកបានពោលថា៖ «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»

ពាក្យមួយឃ្លានេះ សបញ្ជាក់យ៉ាងច្បាស់ថា ទោះបីអ្នកមានគំនិតមកពីទេវតា ព្រះឥន្ទ​ ព្រះព្រហ្មក៏ដោយ បើមិនព្រមយកគំនិតនោះទៅធ្វើទេ កុំស្រមៃថានឹងជោគជ័យ ឬសូម្បីតែបរាជ័យក៏មិនដឹងផង។ ដូចនេះ បើអ្នកមានគំនិតធ្វើអ្វីមួយហើយ ហើយអ្នកគិតថាគំនិតនោះល្អ អ្នកត្រូវហ៊ានឈានជើងជំហានទី១ របស់អ្នកសាកល្បងធ្វើវា​ ហើយបន្តរហូតដល់អ្នកដើរដល់គោលដៅនោះ។

កុំចាំទាល់តែគំនិតនោះល្អឥតខ្ចោះ ទាល់តែអ្នកមានសមត្ថភាពពេញលេញ ទាល់តែមានលុយគ្រប់ ទាល់តែអ៊ីចេះទាល់តែអ៊ីចុះ ទើបធ្វើវា។ ការគិតបែបនេះគឺជាលេសដែលទាក់ជើងទាញដៃអ្នកមិនឲ្យធ្វើហ៊ាន ជាមនុស្សកំសាកប៉ុណ្ណោះ។ បើអ្នកនៅតែគិតបែបនេះ អ្នកនឹងគ្មានថ្ងៃរកឃើញគំនិតឥតខ្ចោះ ឬមានអ្វីគ្រប់យ៉ាងនោះទេ។ លើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើឈានជើងដើរសិន បន្ទាប់មកចាំស្វែងរកវិធីសាស្ត្រតាមក្រោយទៀត។ ធ្វើវាសិនចាំរៀនសូត្រតាមក្រោយ ខ្វះអ្វីចាំរកតាមក្រោយ។ មិនថាការសិក្សារៀនសូត្រ ការធ្វើកិច្ចការងារ ការបើកអាជីវកម្ម ឬធ្វើអ្វីក៏ដោយ ប្រសិនបើមិនព្រមធ្វើនោះទេ អ្នកនៅតែប៉ុណ្ណឹង។

អ្នកត្រូវចាំថា ប្រសិនបើចង់ធ្វើអ្វីមួយដោយភាពប្រាកដប្រជាហើយ ចាប់ផ្ដើមធ្វើវា កុំរង់ចាំពេលដែលល្អឥតខ្ចោះ ពីព្រោះគ្មានទេរបស់ល្អឥតខ្ចោះលើលោកនេះ មានតែការសាកល្បង ការធ្វើតែប៉ុណ្ណោះដែលអាចកំណត់បាន។ ពាក្យស្លោកខ្មែរ៖ «ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត»


Cr. លង់ វណ្ណៈ 

Tuesday, June 11, 2019

ចេះឲ្យតម្លៃ...!



នៅពេលដែលយើងបាំងឆត្រដើរកាត់ភ្លៀង ពេលខ្លះយើងស្រមៃចង់បានអាវភ្លៀង ហើយពេលខ្លះទៀតបានពាក់អាវភ្លៀងហើយ ក៏ស្រមៃថាបើជិះឡានគឺល្អជាង ប៉ុន្ដែយើងភ្លេចខ្លួនថា ខណៈពេលដែលយើងកំពុងតែស្រមៃ យើងបានទទួលជ្រកភ្លៀងពីឆត្រ ។ ដោយសារតែចិត្ដចង់បានអាវភ្លៀងនិងចង់ជិះឡានទៅវិញទេ ដែលវាធ្វើឲ្យយើងមិនសប្បាយចិត្ដចំពោះឆត្រដែលនៅនឹងដៃ ប៉ុន្ដែរបស់ដែលយើងស្រមៃចង់បានទាំងនោះ វាមិនបានមកបាំងភ្លៀងឲ្យយើងទេ គឺឆត្រដែលនៅនឹងដៃយើងនេះហើយ ដែលកំពុកបាំងភ្លៀងឲ្យយើង ។

មនុស្សយើង ពេលខ្លះដោយសារតែចង់បានរបស់ដែលនៅក្នុងក្ដីស្រមៃខ្លាំងពេក ក៏ធ្វើឲ្យរបស់ដែលនៅចំពោះមុខបាត់តម្លៃ ។ តាមពិតរបស់ដែលយើងមាន វាជាអ្នកបំពេញតម្រូវការឲ្យយើង ហើយរបស់ដែលយើងមិនមានទៅវិញទេ ដែលមិនបានជួយអ្វីសោះដល់យើង ម្លោះហើយយើងគួរតែចេះពេញចិត្តចំពោះអ្វីៗដែលយើងមាន ប្រសើរជាងកើតទុក្ខចំពោះរបស់ដែលនៅឆ្ងាយពីដៃ ។ លើលោកនេះមានរបស់ខ្លះបើបាត់ទៅហើយ មិនប្រាកដថារកឃើញវិញទេ ទោះទិញថ្មីក៏មិនប្រាកដថាដូចដើមវិញដែរ ក្ដីស្រឡាញ់គឺបែបនេះ រឿងរ៉ាវជីវិតក៏ដូចគ្នា....៕

Cr. ប្រាជ្ញាជីវិត

តើអ្នកណា គឺជាអ្នកលះបង់?



បុព្វហេតុក្នុងជីវិតខ្លះ គឺគ្មានលក្ខខណ្ឌនោះទេ។ នៅពេលដែលគេនិយាយអំពីការប្រឹងប្រែងក្នុងជីវិត អ្នកខ្លះឈឺចាប់សម្រក់ទឹកភ្នែក ចង់ឲ្យគេអាណិត។ ប៉ុន្តែនៅពេលដែលយើងប្រឹងដើម្បីបុព្វហេតុមួយពិតប្រាកដ យើងពុំត្រូវការនរណាមកអាណិតយើងនោះទេ ដ្បិតអី អ្វីដែលយើងកំពុងតែប្រឹងនេះ ក៏ព្រោះតែភាពអាណិតដែលយើងមានចំពោះអ្នកដទៃដែរ។ បើទំនួលខុសត្រូវ ក្នុងនាមជាម្ដាយ គឺមានតែប្រឹងហើយនិងអត់ធ្មត់។ បើទំនួលខុសត្រូវក្នុងនាមជាឪពុកវិញ ក៏គ្មានអ្វីក្រៅពីអត់ធ្មត់ ហើយនិងអត់ធ្មត់ដែរ។ នេះហើយ គឺជាជីវិត។

ថ្ងៃនេះ ខ្ញុំចេញដំណើរពីក្រុងបាត់ដំបង ឆ្ពោះមកទីក្រុងសៀមរាបវិញ។ ខ្ញុំបានស្ដាប់សម្ដីពីមនុស្សដែលមានការទទួលខុសត្រូវក្នុងនាមជាឪពុកគេម្នាក់ថា ក្ដៅខ្លាំងណាស់ក្មួយ ប៉ុន្តពូមិនហត់ទេ! ព្រោះពូត្រូវការប្រាក់ដើម្បីកូនស្រីពូរៀន។ ក្មួយអើយ! នេះហើយ គឺជាជីវិត។ ខ្ញុំស្រមៃក្នុងចិត្តថា តើមាននរណាខ្លះ ដែលប្រឹងដោយគ្មានសញ្ញាខណ្ឌបែបនេះបន្តទៀត? អតីតកាលដែលជូរជត់បំផុត វាពុំងាយនឹងអាចបំភ្លេចបាន ព្រោះថាវាល្វីង ហើយជូរចត់ខ្លាំងណាស់។ ខ្ញុំយល់ថា ខ្ញុំបានរៀនសូត្រពេលនេះ ពុំដឹងថាមាននរណាខ្លះ ធ្លាប់ប្រើពាក្យដែលពូម្នាក់នោះ និយាយខាងលើនោះឡើយព្រោះកាលពីខ្ញុំនៅជាកុមារភាពនៅឡើយ ខ្ញុំក៏ធ្លាប់ទទួលការលះបង់ដែលគ្មានសញ្ញាខណ្ឌមួយនេះដែរ។

ជួនកាលជីវិតយើងមានសារខ្លីមួយដដែលៗ។ តើដដែលយ៉ាងម៉េច? គឺត្រូវប្រឹងដដែល ឈឺចាប់ដដែល និងដើម្បីបុព្វហេតុមួយពិតប្រាកដដដែល។ ចំណែកអ្នកដែលមានការលះបង់ចំពោះយើង ក៏នូវតែមានស្នាមញញឹមដដែល។ ក្នុងឆាកជីវិតជាយុវជន ពាក្យថាទទួលយកក្ដីស្រឡាញ់ យើងសុទ្ធតែចង់បាន ប៉ុន្តែការទទួលយកក្ដីស្រឡាញ់ឲ្យស្របតាមកាលៈទេសៈវិញ គឺវាពិតជាពិបាកធ្វើខ្លាំងណាស់ (ទទួលហើយប្រឹង)។

ម្ចាស់ក្សត្រី លក្មីមីប៉ៃ Die or alive, My Country prevails រស់ ឬក៏ស្លាប់ ជាតិខ្ញុំត្រូវតែថ្កើង។ សម្ដីមួយឃ្លានេះ ក៏គ្មានសញ្ញាខណ្ឌ ឬប្រសិនបើមាន ក៏មានក្នុងន័យរីកចម្រើនដែរ។ ក្នុងស្មារតីជាតិ ត្រូវការយុវជនដែលមានស្មារតីយល់អំពីការលះបង់មួយពិតប្រាកដ ហើយក្នុងនាមជាយុវជនក៏ត្រូវហ៊ានលះបង់នៅថ្ងៃខាងមុខដូចគ្នាដែរ។ ជួនកាលក្នុងឆាកជីវិតខ្លីមួយនេះ យើងក៏ពុំត្រូវសម្លឹងរូបភាពសង្គម ក្នុងក្រសែភ្នែកអាក្រក់ទាំងស្រុងដែរ។ ការយល់ពីអ្នកលះបង់ពិតប្រាកដ គឺជាអ្វីដែលយុវជនរៀនសម្លឹង រៀនយល់ក្នុងគ្រានេះ ព្រោះមែនទែនទៅ ការឈឺចាប់ដែលតែងមានដដែលនិងដដែល បណ្ដាលមកពីយើងទាំងអស់គ្នា ពុំយល់ពីអ្នកដែលលះបង់ពិតប្រាកដ។ តើនរណាដែលលះបង់ដើម្បីយើងខ្លះ ក្នុងពេលនេះ?

Sunday, June 9, 2019

យុវជនឈឺ



ជំងឺជាច្រើន ត្រូវបានកើតឡើងជាបន្តបន្ទាប់គ្នា អស់ពីជំងឺមួយ ចូលដល់ជំងឺមួយទៀតបន្តបន្ទាប់គ្នាដោយឥតស្រាក់ស្រាន្តត្រាណឡើយ។ ដោយឡែកសម្រាប់យុវជនវិញ ជាមនុស្សដែលសម្បូរជំងឺប្រឈមជាងគេ ខ្លាំងក្លាជាងគេ ធ្ងន់ធ្ងរជាងគេ ព្រួយបារម្មណ៍ជាងគេ។

ឃ្លាមួយនៅក្នុងសៀវភៅប្រតិទិនទស្សនៈ៣៦៥ថ្ងៃ បានលើកឡើងថា «ស្រ្តីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើត និងចិញ្ចឹមកូនប្រុសអស់រយៈពេលរាប់ឆ្នាំ ប៉ុន្តែមាននារីវ័យក្មេងម្នាក់ចំណាយពេលត្រឹមតែ២០នាទី ក៏អាចធ្វើឲ្យកូនប្រុសគាត់វក់ឆ្កួតដោយសារតែស្នេហា» បានដែរ។ មែនទែនទៅ មនុស្សប្រុសខ្លះគឺដូច្នោះមែនពិត ម្ដាយខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បីកូនប្រុស តែកូនប្រុសធ្វើសព្វបែបយ៉ាងដើម្បីស្រី ម្ដាយព្យាយាមគ្រប់យ៉ាងដើម្បីកូន តែកូនព្យាយាមគ្រប់យ៉ាងដើម្បីស្រី ម្ដាយនឹករលឹកកូនស្ទើរគ្រប់ពេល តែកូនវិញបែរជានឹកស្រីគ្រប់ពេលទៅវិញ។

ទឹកល្អក់ត្រូវការពេលវេលាសម្រាប់ឲ្យថ្លា យ៉ាងណាមិញ យុវជនដែលកំពុងតែមានជំងឺ ក៏ត្រូវការពេលវេលា និងឱសថ សម្រាប់ព្យាបាលជំងឺផងដែរ។ ក្នុងនាមជាយុវជនសម្រាប់ជាតិ យើងគួរកុំធ្វើជាមនុស្សរវល់ចង និងរវល់ស្រាយ។ បើយើងជាយុវជនរវល់តែចង និងរវល់ស្រាយ តើយើងមានពេលវេលាឯណា សម្រាប់ពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីស្នងជាតិ?

មួយឃ្លានៅក្នុងសៀវភៅ ប្រតិទិនទស្សនៈ២២២ថ្ងៃលើកឡើងថា «សង្គមដែលកំពុងតែមានជំងឺ មិនអាចយកយុវជនដែលឈឺ មកព្យាបាលឲ្យជាសះស្បើយបានឡើយ»។ តើយុវជនឈឺដោយសារតែជំងឺអ្វីខ្លះ?

Saturday, June 8, 2019

មានគ្រោះព្រោះមនុស្សល្អ



ការធ្វើខ្លួនជាមនុស្សល្អពេញលេញ វាមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ

មិត្តខ្លះបានសួរខ្ញុំថា តើខ្ញុំបានរៀនចប់ដល់ថ្នាក់ណា? ខ្ញុំតបវិញថា សូមកុំសួរខ្ញុំថាខ្ញុំរៀនដល់ណា ពីព្រោះបើទោះបីជាខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រ ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់អនុបណ្ឌិត ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ក៏ខ្ញុំនៅតែពុំចេះអ្វីទាំងអស់ដែរជីវិតមនុស្សយើង សំខាន់ឲ្យតែចេះធ្វើខ្លួនជាមនុស្សល្អហើយ និងចេះចិញ្ចឹមជីវិតដោយសុចរិតហើយ នោះយើងត្រូវបានចាត់ទុកជាមនុស្សល្អរួចហើយ

មនុស្សសម័យទំនើបក្នុងសង្គមខ្លះ មុននឹងគេគោរពឲ្យតម្លៃនរណាម្នាក់ គឺជាដំបូងត្រូវដឹងថាតើបុគ្គលនោះមានកម្រិតសញ្ញាបត្រប៉ុនណា មានទ្រព្យសម្បត្តិប៉ុនណា ហើយមានអំណាចកិត្តិយសក្នុងសង្គមប៉ុនណា។ ការធ្វើខ្លួនជាមនុស្សល្អពេញលេញ គឺមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ។ ដូច្នេះ បើអ្នកដទៃមានហេតុផលបន្ថោកតម្លៃរបស់យើង គឺយើងក៏ត្រូវមានហេតុផលស្តារតម្លៃរបស់ខ្លួនឯងឡើងវិញដែរបើអ្នកដទៃមានហេតុផលស្តីបន្ទោសយើង គឺយើងក៏ត្រូវមានហេតុផលលើកទឹកចិត្តខ្លួនឯងឡើងវិញដែរ

ចូរយើងធ្វើជាដើមឈើមួយដើម ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងដី ហើយបើទោះបីជាបែកមែកសាខាផុតវេហា ក៏គង់មិនរង្គោះរង្គើរ ឬរលំដោយសារតែព្យុះដែរ។ បើចង់ធ្វើជាមនុស្សដែលខ្លាំងគឺកុំខ្លាចអ្វីទាំងអស់ សូម្បីតែសេចក្តីស្លាប់ ហើយត្រូវលះបង់ចំណង់អវិជ្ជមានឲ្យអស់។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចសេចក្តីពិត។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចប្រឡូកប្រឡាក់ភាពស្មោកគ្រោករបស់មនុស្សអាក្រក់ ហើយបើមិនខ្លាចស្លាប់គឺដាច់ខាតត្រូវស្វែងរកភាពត្រឹមត្រូវពិតប្រាកដឲ្យបាន។ នេះហើយដែលទ្រឹស្តីចិត្តវិញ្ញាណហៅថា ឈរឲ្យនឹងថ្កល់ បើទោះទៅដល់ទីណាក៏ដោយ ក៏ត្រូវតែស្ថិតនៅទីនេះជានិច្ច គឺស្ថិតនៅខាងភាពល្អត្រឹមត្រូវ ឬហៅថា Stand STILL។ ខ្ញុំប្រើពាក្យខ្ញុំ តែមិនមែនខ្ញុំទេ៕

Cr. ប្រតិទិនទស្សនៈ៣៦ថ្ងៃ

ខ្លាចគេនិយាយដើម



មានរឿងខ្លះខ្ញុំដឹង តែខ្ញុំក្លែងធ្វើមិនដឹង ។ មានពាក្យពេចន៍ខ្លះយើងមានសិទ្ធិដឹង តែគ្មានសិទ្ធិនិយាយានោះទេ ដ្បិតវាមិនធ្វើឲ្យប្រសើរសម្រាប់យើងឡើយ ។ ពាក្យពេចន៍ខ្លះ និយាយចេញហើយវាធ្វើឲ្យយើងអស់តម្លៃ ឬអាចធ្វើឲ្យគេមិនសប្បាយចិត្ត ។ តើសមតម្លៃទេ ដែលត្រូវនិយាយមិនល្អពីអ្នកដទៃក្រោយខ្នង ? តើប្រាកដចិត្តទេ ថាយើងជាមនុស្សដែលល្អលើសគេ ? តើយើងប្រាកដចិត្តទេ ថារឿងអាក្រក់ដែលចេញពីមាត់យើង វានឹងមិនអាចឮដល់ម្ចាស់គេ ? តើយើងនឹងខឹងគេទេ បើគេនិយាយមិនល្អពីយើងក្រោយខ្នងដែរនោះ ? តើងយើងនឹងខ្មាសគេទេ ប្រសិនបើនិយាយដើមគេ ហើយត្រូវគេស្អប់ គេលែងមើលមុខ ? យើងតែងតែខ្លាចគេធ្វើទង្វើមិនត្រឹមត្រូវលើយើង ទាំងដែលពេលខ្លះយើងតែងធ្វើទង្វើមិនល្អលើអ្នកដទៃ ។ ការលួចនិយាយដើមអ្នកដទៃ បញ្ចេញបញ្ចូលរឿងគេ វាពុំមែនជាការងារមានប្រយោជន៍ឡើយ ផ្ទុយទៅវិញវាធ្វើឲ្យតម្លៃរបស់យើងធ្លាក់ចុះ ។ មានពេលខ្លះ យើងបានសាងកំហុសដោយមិនដឹងខ្លួន ហើយមានពេលខ្លះទៀតអ្នកដទៃក៏បានធ្វើដូចយើងដែរ ប៉ុន្ដែយើងបែរជានិយាយមិនល្អតែពីអ្នកដទៃ ភ្លេចទង្វើខ្លួនឯង ។ រឿងតែមួយគត់ដែលយើងគួរទទួលស្គាល់នឹងចងចាំនោះ " គឺគ្មាននរណាម្នាក់ល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង "

បិតាទស្សនវិទូ សូក្រាត បានពោលថា " មនុស្សអស្ចារ្យ ជជែកពីគំនិត មនុស្សធម្មតាជជែកពីព្រិត្តិការណ៍ មនុស្សឥតបានការ ជជែករឿងអ្នកដទៃនិយាយដើមគ្នា " ។ តើអ្នកជាមនុស្សប្រភេទណា ?

Cr. Sun Veasna

Thursday, June 6, 2019

មាគ៌ាសន្តិភាពផ្លូវចិត្ត



នៅពេលដែលខ្ញុំបិទភ្នែកដើម្បីពិនិត្យតាមដង្ហើមធម្មជាតិ ទើបខ្ញុំដឹងថា ចិត្តខ្ញុំសែនរញ៉េរញ៉ៃហួសពីការពណ៌នា។ អតីតកាលទាំងឡាយក៏ត្រូវបានចាប់ផ្ដើមគាស់កកាយឡើង។ ហើយមានអតីតកាលខ្លះជាសុខ អតីតកាលខ្លះជាទុក្ខ ឯអតីតកាលខ្លះទៀត វាជារឿងគួរឲ្យអស់សំណើចមែនទែន។ មានពេលខ្លះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំទៅធ្វើរឿងបែបនេះ ឬបែបនោះ?

ពេលខ្លះ យើងគិតថា ការកសាងកំហុសគឺជាបទពិសោធជីវិត ដើម្បីកែប្រែជីវិតយើងឲ្យកាន់តែប្រសើរឡើង ប៉ុន្តែមានរឿងខ្លះទៀតដែលយើងបានសាងដោយខ្វះការពិចារណា វានឹងក្លាយទៅជាវិប្បដិសារីអស់មួយជីវិត។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា វិធីល្អដែលអាចជួយឲ្យយើងកាត់បន្ថយនូវកំហុសយើងនោះគឺ ជាការសង្កេតមើលរចនាសម្ព័ន្ធកាយ និង ចិត្តជាប្រចាំ។ បើយើងចេះតែបន្តទម្លាប់របៀបនេះតទៅទៀត សន្តិភាពនឹងចាប់ផ្ដើមកើតមានឡើង។ ទន្ទឹមនឹងនេះ បើសិនជាយើងចាប់ផ្ដើមដុះពន្លកនៃសន្តិភាពហើយ សូមថែរក្សាវាឲ្យបានល្អ រហូតដល់វាបានចាក់ឫសយ៉ាងមាំ ដើម្បីជាប្រយោជន៍ដល់អ្នកទាំងឡាយ។

ជាចុងក្រោយ សូមឲ្យការខិតខំប្រឹងប្រែងទាំងឡាយស្ថិតនៅក្នុងចិត្តយុវជន និងមនុស្សគ្រប់រូប ហើយសូមឲ្យពួកគេរស់នៅជាមួយនឹងសីល សមាធិ និង បញ្ញា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្រលាញ់ដ៏បរិសុទ្ធគឺជាការលះបង់ដ៏ស្ងៀមស្ងាត់បំផុត ដោយគ្មានការរំពឹងអ្វីទាំងអស់