Thursday, December 5, 2019

ការគោរពខ្លួនឯង



មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិន​ថា​តម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ រហូតដល់មាន​ចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់​ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?

មនុស្សដែលចេះគោរពខ្លួនឯង ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។ មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។

នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា អស្មិមានះ។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។ អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។ ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២. ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់ ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខ​​ទៀត។

មនុស្សដែលចេះគោរពខ្លួនឯង គឺមិនគិតអ៊ីចឹង​ឡើយ តែយើងត្រូវគិតថា ការប្រឹងប្រែងតក់ៗ មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់ បុរាណខ្មែរលោកតែងពោលថា តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល។ យើងត្រូវរស់នៅក្នុងជីវិតដែល​ចេះ​ប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់ តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា បុគ្គលដែលគោរពខ្លួនឯង គឺមិនត្រូវធូរ​រលុង​ចំពោះ​ខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ។ ការស្គាល់តម្លៃខ្លួនឯង គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួន​ឯង គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិត​នេះ ឬបើយល់ថាជីវិតយើងនេះមានតម្លៃ គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង គឺស្មើនឹងមើលងាយខ្លួនឯង។ យើង​អាច​ដឹង​ថា​មនុស្សម្នាក់​ឱ្យ​តម្លៃ​ខ្លួនឯង​តិច​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រឹង​​ប្រែង​នេះឯង​៕


រៀនពេញមួយជីវិត



សូក្រាត (Socrates) និយាយថា ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងទាំងអស់ តែខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំមិនចេះអ្វីទាំងអស់

មនុស្សប្រសើរគឺជាបុគ្គលដែលចេះ តែមិនចេះអួតអាងខ្លួន។ ចំណែកបុគ្គលកម្សោយវិញ គឺមិនចេះទេ ប៉ុន្តែពូកែខាងអួតបំប៉ោងខ្លួន។ អ្នកចេះគ្មានទេភាពខ្សោយ ព្រោះគិតថាខ្លួនឯងខ្សោយ។ ការគិតថាខ្លួនឯងខ្សោយ ទើបជាការមិនខ្សោយ។ ការយល់ថាខ្លួនឯងខ្សោយនិងភាពស្ងប់ស្ងៀម គឺជាប្រភពនៃភាពរីកចម្រើន។

បិតារូបវិទ្យាស.វទី២០ អាល់ប៊ឺត អាញស្តាញ ពោលថា មូលដ្ឋានគ្រឹះនៃក្តីរីកចម្រើនគឺជាការមានជីវិតរស់នៅយ៉ាងស្ងប់ស្ងៀម។ ស្ងប់ស្ងៀមក្នុងន័យនេះ គឺចង់សំដៅឱ្យយើងមានសន្តិភាពចំពោះខ្លួនឯង ហើយប្រើសន្តិភាពប្រឹងប្រែងរៀនសូត្រ គិតត្រិះរិះពិចារណា និងត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច។ ចូរប្រើសន្តិភាពឱ្យមានប្រសិទ្ធិភាព៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ឆ្កួតជើងក្រាន



មនុស្សណាក៏ដោយ ឱ្យតែមានចរិតជាអ្នកល្បែង តែងតែចាញ់។ ពាក្យចាស់បុរាណលោកប្រដៅថា “[...] ឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែង សម្រាប់យុវវ័យ ឆ្កួតនឹងប្រុស អស់ព្រហ្មចារីយ៍, ឆ្កួតនឹងស្រី ខ្លីវិជ្ជា, ឆ្កួតនឹងល្បែង តែងវិនាស។ អំពើពាលាទាំងនេះ ចាស់លោកថា ឆ្កួតជើងក្រាន

មនុស្សធម្មតា បើឆ្កួតវង្វេងនឹងរឿងទាំងអស់នេះ បើស្លាប់ ស្លាប់តែម្នាក់ឯងទេ។ ប៉ុន្តែចំពោះមេដឹកនាំវិញ បើឆ្កួតជើងក្រាននេះហើយ គឺតែងនាំទុក្ខវេទនាដល់ប្រជារាស្រ្តមួយនគរ។ មេដឹកនាំ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតាពុំបានឡើយ ដ្បិតវាសនាសង្គមទាំងមូលស្ថិតនៅក្នុងដៃខ្លួន។

តាមប្រវត្តិសាស្រ្ត មានមេដឹកនាំខ្លះឆ្កួតយសពេក រហូតដល់ភ្លេចគិតប្រយោជន៍រួម, មានមេដឹកនាំខ្លះ ឆ្កួតស្រី រហូតដល់វង្វេងស្មារតី លែងគិតប្រយោជន៍រាស្រ្ត, មានមេដឹកនាំខ្លះ ឆ្កួតនឹងល្បែង រហូតដល់ជិតអស់សង្គម, មានមេដឹកនាំខ្លះទៀត ឆ្កួតនឹងអំណាច រហូតដល់លែងគិតប្រយោជន៍រាស្រ្ត។ល។ ទ្រឹស្តីយុទ្ធសាស្រ្តលើកឡើងថា កុំដើរចូលក្នុងសមរភូមិដែលសត្រូវបានរៀបចំទុក។ នៅក្នុងទេវកថារឿង មហាភារតៈយើងបានឃើញបញ្ហានៃការបាត់បង់នគរ (ភ្នាល់ដាក់នគរ និងភ្នាល់ដាក់ស្រី) ដោយសារទី១ គឺស្រី និងទី២ គឺល្បែង...។ មេដឹកនាំពិតប្រាកដ កុំថាឡើយដល់លេងល្បែង ឬសូម្បីតែរបាំរាំរែក ក៏ពុំអាចយកភ្នែកមើលបានឡើយ៕

___
Cr. ប្រតិទិនទស្សនៈ ២២២ថ្ងៃត្រង់ជំពូក៣, ទំព័រទី២៨៥ - ២៨៦
រូបភាព៖ www.google.com

Wednesday, December 4, 2019

អានចំណេញឬអានខាត?



អ្នកចំណាយលុយលើសៀវភៅដែលចំណេញ គឺទិញមកហើយ ត្រូវតែអាន។ អ្នកដែលចំណេញពេលវេលាលើការអានសៀវភៅ គឺអានហើយ ត្រូវតែចេះ។ អ្នកដែលចំណេញលើចំណេះពីសៀវភៅ គឺចេះហើយ ត្រូវតែយកមកអនុវត្តជាក់ស្តែង។ អ្នកដែលចំណេញលើការអនុវត្តជាក់ស្តែង គឺអនុវត្តហើយ ត្រូវតែទទួលបានលទ្ធផលល្អ។ អ្នកដែលល្អពិតប្រាកដ គឺទទួលជោគជ័យ តែគ្មានចិត្តអំនួត។ ចុះខាងអ្នកណាដែលជាអ្នកខាតលើការអានសៀវភៅ?

អ្នកទិញសៀវភៅ ហើយមិនអាន គឺជាការខាតបង់លើការវិនិយោគលុយ។ អ្នកអានហើយមិនយល់ គឺជាការខាតបង់ពេលវេលា។ អ្នកយល់ហើយ តែមិនព្រមធ្វើតាមអ្វីដែលត្រូវធ្វើ គឺជាការខាតបង់គំនិតល្អ។ អ្នកដែលធ្វើហើយ តែមិនបានផលល្អ គឺជាការខាតបង់សកម្មភាព។ អ្នកធ្វើបានល្អហើយ តែមានចិត្តអំនួត គឺជាការខាតបង់ចរិតលក្ខណៈល្អ។ បើបាត់បង់ចរិតលក្ខណៈល្អហើយ គឺស្មើនឹងការខាតបង់អ្វីៗស្ទើរតែទាំងអស់នៃជីវិត។

កូនអ្នកមានខ្លះ អានសៀវភៅតាមតែចិត្តចង់ និងតាមតែការចូលចិត្ត។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះចាស់ហើយ តែនៅតែក្មេងខ្ចី។ កូនអ្នកមានខ្លះ អានសៀវភៅរកតែសប្បាយៗ មិនខ្វល់ខ្វាយអ្វីៗទាំងអស់។ អ៊ីចឹងហើយ ទើបបានជាកូនអ្នកមានខ្លះ ខ្វះរសជាតិជីវិត ស្គាល់ត្រឹមតែសុខៗរហូត។ ការរស់នៅក្នុងជីវិតជាមនុស្សនេះ ការបានភ្លក្សគ្រប់រសជាតិនៃជីវិត គឺជារឿងដ៏សំខាន់មានន័យបំផុត។ កូនអ្នកក្រ គឺត្រូវបែងចែកឱ្យដាច់រវាងសៀវភៅដែលខ្លួនចូលចិត្ត និងសៀវភៅដែលខ្លួនត្រូវតែអាន។ តើយើងមានលុយប៉ុន្មានដើម្បីទិញសៀវភៅដែលខ្លួនចូលចិត្ត? លុយតិច ចំណាយឱ្យត្រូវ គឺនឹងទទួលផលច្រើន ប្រៀបដូចជាអ្នករៀនតិច តែចេះច្រើន។

ខ្ញុំលើកឡើងបែបនេះ គឺសម្រាប់តែស្ថានភាពកូន​អ្នក​ស្រែ​កសិករប៉ុណ្ណោះ។ សម្រាប់អ្នកមានលុយច្រើន ជីវភាព​ខ្ពស់ បើ​ចង់រស់នៅបែបណាក៏បានដែរ។ ប៉ុន្តែសម្រាប់កូនអ្នកស្រែ បើបណ្តែតបណ្តោយខ្លួនឱ្យដូចកូនអ្នកមាន គឺប្រាកដជាធ្លាក់ជ្រោះហើយ។ ពាក្យខ្មែរពោលប្រដៅទុកថា ឃើញដំរីជុះ កុំជុះតាមដំរី។ កុំ​អាន​សៀវភៅ​តាមតែ​ចិត្ត​ចង់​ ​តាមតែ​តណ្ហា​ ​តែ​ត្រូវ​អាន​សៀវភៅ​ណា​​ដែល​ត្រូវ​អាន​ ​មានប្រយោជន៍​ត្រូវ​អាន​ ​ដ្បិត​លុយ១ម៉ឺន​​រៀល​ ​ឬ២ម៉ឺន​រៀល​ ​ឬ៤ម៉ឺន​​រៀល ​គឺ​មិនមែន​តិច​ទេ​ ​ហើយក៏​មិន​ច្រើន​ប៉ុន្មាន​ដែរ​ ​តែ​សំខាន់​មើល​មក​ស្ថានភាព​ជីវភាព​គ្រួសារ​ខ្លួនឯង​ឱ្យ​បាន​ច្បាស់​ថា ​តើ​គ្រួសារ​ខ្ញុំ​ឬ​ខ្ញុំ​ ​គឺជា​អ្នកមាន​ ​ឬ​អ្នកក្រ​៕

អ្នកចេះបាតសង្គម


មានអ្នកខ្លះចេះដឹងបន្ដិច ក៏មានចរិតតួឯក ។ មានអ្នកខ្លះទៀត ចេះភាសាបរទេសបន្ដិច លែងខ្វល់ភាសាជាតិ ។ មានអ្នកខ្លះ ខ្ពស់មុខខ្ពស់មាត់បន្ដិច ក៏មើលលែងឃើញតម្លៃអ្នកដទៃ ។ ហើយមានមនុស្សច្រើនទៀត គ្រាន់តែបានល្បីបន្ដិច ក៏តែងតាំងខ្លួនឯងជាមនុស្សអស្ចារ្យ ។ មានបញ្ញវន្ដជាច្រើនបានដុះរាលដាលក្នុងសង្គម ហើយបញ្ញវន្ដមួយចំនួនតែងនិយាយមិនដាច់ពីមាត់ថា " ខំដើម្បីសង្គម " តែជាក់ស្ដែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានអ្នកស្នេហាជាតិជាច្រើន ដែលប្រាប់ថាស្រឡាញ់មាតុភូមិ តែជាក់ស្ដែងធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មានមនុស្សពូកែទ្រឹស្ដីជាច្រើន បញ្ចេញមតិពីវិបត្តិសង្គម តែជាក់ស្ដែងគ្មានការអនុវត្ត ។ ហើយរឿងមួយដែលរឹតតែគួរឲ្យស្អប់ទៀតនោះ គឺអ្នករៀនសូត្រដែលតាំងខ្លួនឯងជាមនុស្សមានឧត្តមគតិខ្ពង់ខ្ពស់ តែគ្មានស្មារតីរួបរួមពិតប្រាកដ ។ ព្រោះតែជនទាំងនោះ ជាអ្នកស្នេហាសង្គមក្លែងក្លាយ ។

ខ្ញុំធ្លាប់ដាក់ខ្លួនទាប ដើម្បីស្គាល់មនុស្សក្នុងសង្គម តែមនុស្សវិជ្ជមានមួយចំនួនដែលខ្ញុំបានស្គាល់ យូរៗក៏ក្លាយជាមនុស្សប្រយោជន៍និយម ឬមនុស្សមុខមាត់និយមទៅវិញ ។ ប្រហែលជាមកពីខ្ញុំបន្ទាបខ្លួនពេក ទើបខ្ញុំក្លាយជាមនុស្សគ្មានតម្លៃ ។ ហើយក៏ប្រហែលជាគេវាយឫកពេក ទើបតម្លៃរបស់គេត្រូវធ្លាក់ចុះ ក្នុងក្រសែភ្នែកខ្ញុំ ។ អាចមកពីខ្ញុំឲ្យតម្លៃគេពេក ទើបគេហ៊ានតម្កើងឫក ។ អាចមកពីគេមានចរិតតួឯកខ្លាំងពេក ទើបធ្វើឲ្យសម្បជញ្ញៈរបស់គេមើលមិនឃើញតម្លៃអ្នកដទៃ ។ អាចមកពីគេគិតថាខ្ញុំជាមនុស្សងាយស្រួល ទើបគេមិនយល់ពីតម្លៃរបស់ខ្ញុំ ។ អាចមកពីខ្ញុំមិនមែនបក្ខពួកគេ ទើបគេចាត់ទុកខ្ញុំជាមនុស្សល្ងើ កខ្វក់មិនគួរឲ្យចាប់អារម្មណ៍ ឬមានមោទកភាពលើខ្លួនឯងជ្រុលពេក ទើបខួរក្បលរបស់គេ ត្រូវបំពាក់មកុដតួឯក ។ គិតៗទៅ មនុស្សយើងស្រឡាញ់ពាក្យលើកតម្កើងជាងឧត្ដមគិត ។ គិតៗទៅមនុស្សមានគំនិតអាត្មានិយមជាងប្រយោជន៍រួម ។ គិតៗទៅមនុស្សស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួន ជាងស្មារតីសាមគ្គី ។

ចរិតអញនិយម វាជ្រាបចូលសម្បជញ្ញៈមនុស្សខួរស្រាលមួយចំនូន ។ ហើយវាក៏បានក្លាយជាវប្បធម៌អញនិយម ។ អ្នកខ្លះឲ្យតែអញល្បី ឲ្យតែអញបានប្រយោជន៍ ឲ្យតែអញខ្ពង់ខ្ពស់ ឲ្យតែអញបានសុខ ឬឲ្យតែអញលើសគេ អញមិនខ្វល់អ្នកណាទាំងអស់ ។ ប្រសិនបើលុបបំបាត់ជំងឺអញមិនបានទេ នោះជាតិនិងសង្គម គ្មានថ្ងៃស្គាល់ភាពរួបរួមពិតប្រាកដឡើយ ៕

____________________________

ខ្ញុំប្រើពាក្យ "មួយចំនួន" ពុំសំដៅលើមនុស្សគ្រប់គ្នានោះទេ ។
Cr. Sun Veasna

ឯកោ?



 មនុស្សយើងកើតមកលើផែនដីបីដូចជាអ្នកទេសចរណ៍ម្នាក់ ដែលនឹងត្រូវត្រឡប់ទៅវិញ នៅពេលអស់ជីវិត ។ ដំណើរឆ្លងកាត់ដ៏ខ្លីនេះ វាមិនបានអនុញ្ញាតឱ្យយើងដើរដោយស្រួលទេ ពោលគឺត្រូវស្ពាយសម្ពាយទំនួលខុសត្រូវដ៏ច្រើនបំផុត ។

ក្នុងឋានៈជាសត្វសង្គម មនុស្សយើងត្រូវបានបំពៀចដោយបរិយាកាសជុំវិញខ្លួន តាមរយៈវប្បធម៌ ទំនៀមទម្លាប់ និង ការនិយមចូលចិត្តផ្សេងៗគ្នាទៅតាមសម័យកាលនីមួយៗ ។ អ្នកដែលមិនព្រមរស់នៅឱ្យដូចគេឯង តែងក្លាយទៅជាមនុស្សឯកោនៅក្នុងសង្គម ។

អាល់បឺត អាញស្តាញ ធ្លាប់ត្អូញត្អែរថា "មនុស្សម្នាមិនសូវយល់ពីខ្ញុំ តែបែរជាចូលចិត្តខ្ញុំ ។ អ្វីដែលប្លែកបំផុតនោះគឺ មានគេស្គាល់ខ្ញុំយ៉ាងច្រើន តែខ្ញុំបែរជាឯកោ" ។ នេះគឺមកពីលោកមិនព្រមរស់នៅឱ្យដូចគេឯង ។ សង្គមមើលមក ថាលោកជាមនុស្សឆ្កួត ទីបំផុតពួកគេនៅតែត្រូវការមនុស្សឆ្កួតនេះ ដោយខានមិនបាន ។

សង្គមមនុស្ស គឺជាសង្គមដោះដូរសេចក្តីត្រូវការឱ្យគ្នាទៅវិញទៅមក ។ ត្បិតការរស់នៅឱ្យត្រឹមត្រូវ បានធ្វើឱ្យយើងឯកោបន្តិចមែន ក៏ពុំមែនមានន័យថា យើងអាចគេចផុតពីទំនួលខុសត្រូវឡើយ ។ ការចេះជួយគ្នាទៅវិញទៅមក គឺដើម្បីពង្រឹងគុណភាពជីវិតរួមគ្នា ។

ក្នុងលោកសន្និវាសនេះ ព្រះអាទិត្យជាអ្នកឯកោជាងគេ តែក៏ជាអ្នកសាងប្រយោជន៍ច្រើនជាងគេដែរ ។ យើងកើតមក គ្មានជម្រើសណាផ្សេងក្រៅពីធ្វើអំពើល្អនោះទេ ។ បើយើងធ្វើអ្វីផ្សេងពីនេះ យើងក៏នឹងបាត់បង់តម្លៃក្នុងភាពជាមនុស្សដូចគ្នា ។ ដូច្នេះ ត្រូវតែបន្តទៅមុខទៀត!...
____

Tuesday, December 3, 2019

មេដឹកនាំខ្លាំង



អង្គភាពមួយខ្លាំងបាន មិនមែនពឹងទៅលើអ្នកដើរតាមទេ គឺពឹងលើសិល្បៈនៃភាពជាអ្នកដឹកនាំ ។ សិល្បៈនៃភាពជាអ្នកដឹកនាំ គឺសំដៅលើចិត្តសាស្ត្រ និងចំណេះដឹង ។ មេដឹកនាំអន់ខ្សោយ គឺមកពីមិនយល់ពីរបៀបប្រើចិត្តសាស្ត្រ ។ មេដឹកនាំទន់ខ្សោយតែងពឹងលើរចនាសម្ព័ន្ធការងារ ជាជាងសកម្មភាពផ្ទាល់ ។ ពោលគឺមេដឹកនាំខ្លាំងត្រូវនៅឱ្យជិតនឹងសង្គ្រាមដែលកូនចៅកំពុងប្រយុទ្ធ ចាំជួយរកដំណោះស្រាយរាល់ពេលអសកម្មម្ដងៗ ជិះទូកតែមួយជាមួយកូនចៅជានិច្ច ពុំមែនអង្គុយមួយកន្លែងចាំតែទទួលរបាយការណ៍ និងគ្មានចេះអ្វីក្រៅតែពីស្ដីបន្ទោសនោះទេ ។

មេដឹកនាំខ្លាំង គឺមេដឹកនាំដែលចេះពីរបៀបប្រើមនុស្ស ។ មេដឹកនាំខ្លាំង គឺចេះពីរបៀបមើលមនុស្ស ប្រើឱ្យចំចរិត ប្រើឱ្យចំគោលដៅ ។ ការចេះសម្លឹងមើលពីក្រោយបុគ្គលិកខ្លាំងថាមានអ្វីខ្លះ គឺជាចំណុចសំខាន់ដែលវាអាចនាំគំនិតទៅបង្កើតអ្នកដឹកនាំក្នុងជួរអ្នកដើរតាម ប្រកបដោយប្រសិទ្ធិភាព ។

ប្រសិនបើចង់បានប្រសិទ្ធិភាពការងារ ប្រសិនបើអាចត្រូវនៅឱ្យជិតនឹងអ្នកដើរតាម ។ បើចង់បានអង្គភាពខ្លាំងត្រូវមានទស្សនៈវិស័យត្រឹមត្រូវ និងមើលមនុស្សត្រូវ ប្រើត្រូវ ពោលគឺពុំអាចព្រលែងចោល ហើយអង្គុយមួយកន្លែងរង់ចាំរបាយការណ៍នោះទេ ។ ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង បូណាផាត លើកឡើងថា" ប្រសិនបើអ្នកចង់ឱ្យការងាររបស់អ្នកដំណើរការល្អ អ្នកត្រូវធ្វើវាដោយខ្លួនឯង "

______________

Cr. Sun Veasna

រឿងល្អដែលយើងបានសាង



វាពុំចាំបាច់អ្វី ដែលផ្កាម្លិះត្រូវដើរប្រាប់មនុស្សគ្រប់គ្នាថាខ្លួនជាផ្កាម្លិះនោះទេ ក៏ពុំចាំបាច់អ្វីដែលការសាងអំពើល្អរបស់យើងត្រូវសុំការមើលឃើញពីអ្នកដទៃនោះដែរ ។ ផ្កាម្លិះក្រអូបព្រោះសារជាតិរបស់វាជាផ្កាក្រអូប មនុស្សគ្រប់គ្នាស្គាល់ផ្កាម្លិះ ក៏ព្រោះតែក្លិនរបស់វា ។ ជាក់ស្ដែងមនុស្សស្គាល់លាមកព្រោះតែវាជាលាមក ទោះបាញ់ទឹកអប់ដាក់លាមក ក៏លាមកនៅតែជាលាមក ។ យ៉ាងណា មនុស្សអាក្រក់ក៏ដូច្នោះដែរ ទោះប្រឹងសម្ដែង ឬសម្អិតសម្អាងខ្លួនយ៉ាងណា ក៏គង់មិនអាចលាក់ចរិតបានដូចគ្នា ។ ដរាបណាមនុស្សអាក្រក់មិនព្រមកែខ្លួន គេក៏មិនខុសពីលាមកដែរ កែយ៉ាងណាក៏កែមិនឡើង ឬមនុស្សខ្លះគ្មានបំណងកែទាល់តែសោះ ។

សង្គមបានសម្គាល់មនុស្សល្អតាមរយៈទង្វើ ហើយសង្គមក៏មិនខ្វល់ថាវាជាការសម្ដែងឬមិនសម្ដែងនោះដែរ ព្រោះអ្វីដែលសង្គមត្រូវការ " គឺការសង្គ្រោះ " ទោះវាឋិតក្នុងលក្ខខណ្ឌបែបណា ក៏ប្រសើរជាងបុគ្គលដែលពុំមានពលីកម្មសោះនោះដែរ ឬទោះបីវាជាការសម្ដែងក៏ដោយ ឱ្យតែពលីនោះក្នុងន័យជួយសង្គម ជួយអ្នកដទៃ ឬជួយជាតិមាតុភូមិ យើងគួរតែមានការលើកទឹកចិត្តបន្ដ ។ ប៉ុន្ដែបើពុំដូច្នោះទេ សង្គមយើងនឹងពិបាកក្នុងការសាបព្រោះសេចក្ដីល្អ ដ្បិតលែងហ៊ានសាងអំពើល្អ ដោយសារខ្លាចគេថាសម្ដែង ។ សម្ដេចសង្ឃ ដាឡៃឡាម៉ា( Dalai Lama ) បានលើកឡើងថា " បច្ចុប្បន្ន ពិភពលោកលែងត្រូវការបុគ្គលជោគជ័យទៀតហើយ ប៉ុន្ដែពិភពលោកត្រូវការអ្នកសង្គ្រោះ "

បើឃើញគេសាងអំពើល្អ ប្រសិនបើអាចយើងគួរជួយលើកទឹកចិត្ត ។ បើឃើញគេធ្វើរឿងត្រឹមត្រូវ ប្រសិនបើអាចយើងគួរតែចូលរួម ។ សង្គមស្អាត គឺត្រូវការពពួកមនុស្សល្អចាប់ដៃគ្នាទៅពិនិត្យព្យាបាល ពុំមែនរួមដៃគ្នា ចោទប្រកាន់គ្នានោះទេ ។ អំពើដែលបុគ្គលម្នាក់បានសាងក្នុងសង្គម តែងចង់បន្សល់ស្នាដៃ ហើយគតិនៃការចង់បន្សល់ស្នាដៃ ឬគតិនៃការចង់ឱ្យអ្នកដទៃដឹងថាខ្លួនបានសាងល្អ វាក៏ពុំខុសដែរ ហើយក៏ពុំអាចចោទថាជាការសម្ដែងបានទេ ដ្បិតសេចក្ដីល្អមិនត្រូវការ ការតបស្នង ប៉ុន្ដែត្រឹមការបន្សល់ឈ្មោះ វាមិនធ្ងន់ធ្ងរទេ ។ ចូររួមបណ្ដុះគ្រាប់ពូជនៃអំពើល្អ ប្រសិនបើយើងចង់បានប្រជាពលរដ្ឋដែលចេះស្រឡាញ់គ្នា ។ ចូររួមបង្ហាញនូវសេចក្ដីជាគំរូភាព ប្រសើរជាងការរិះគន់គ្នា ក្នុងអត្ថន័យមិនត្រឹមត្រូវ ។ ប្រសិនបើយើងគឺជាផ្កាម្លិះមែន យើងក៏គ្មានហេតុផលអ្វីដែលត្រូវខ្លាចអ្នកដទៃច្រឡំថាយើងជាលាមកនោះដែរ ៕

____________________

Cr. Sun Veasna

សម្តែង



បើគ្រាន់តែសម្តែង យើងពុំចាំបាច់ទាមទារគុណសម្បត្តិច្រើនពេកទេ ពីព្រោះនៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ វាសម្បូរមនុស្សសម្តែងច្រើនណាស់ទៅហើយ ។ នៅពេលយើងប្រព្រឹត្តអំពើល្អ ដោយគ្រាន់តែដើម្បីរំពឹងផលតបស្នង នោះក៏ប្រហែលជាយើងកំពុងតែសម្តែងដូចគ្នា ។

អធម្មកម្មក្នុងសង្គមកើតឡើងដោយសារ តែការសម្តែងនេះឯង ពោលគឺមកពីមនុស្សយើងមិនព្រមរស់នៅជាមួយនឹងសភាពពិតជាក់ស្តែង ។ ពេលខ្លះ មនុស្សត្រូវសម្តែងថាខ្លួនឯងស្មោះត្រង់ ទាំងកំពុងរស់នៅកុហកខ្លួនឯងស្ទើរតែរាល់ថ្ងៃ ។ ភាពស្រពេចស្រពិលទាំងនេះ នាំឱ្យមានការសង្ស័យ ហើយការសង្ស័យនេះឯង ដែលនឹងធ្វើឱ្យមនុស្សរស់នៅមិនទុកចិត្តគ្នាជារៀងរហូត ។

ប្រសិនបើបុគ្គលស្គាល់ពីករណីយកិច្ចរបស់ខ្លួនឯង នោះគេនឹងលែងសម្តែងទៀតហើយ ពោលគឺ ចិត្តគិត វាចា និង ការប្រព្រឹត្តរបស់គេនឹងក្លាយជារបស់តែមួយ ។ មនុស្សស្គាល់ករណីយកិច្ច មិនត្រឹមតែខ្មាសអៀនមិនហ៊ានប្រព្រឹត្តអំពើអាក្រក់មួយមុខទេ តែគេនឹងបន្តផ្តល់នូវគំរូភាព ដែលល្អដល់សង្គមថែមទៀតផង ។
____

Cr. Ratha Mom

Monday, December 2, 2019

ការគោរពខ្លួនឯង



មនុស្សយើងសុទ្ធតែមានតម្លៃដូចៗគ្នា មិន​ថា​តម្លៃនៃការរស់នៅ តម្លៃនៃសមត្ថភាព តម្លៃនៃការប្រឹងប្រែង និងតម្លៃពិសេសផ្សេងៗទៀត។ ប៉ុន្តែមានអ្នកខ្លះ ជាពិសេសមនុស្សដែលវង្វេងមិនស្គាល់ខ្លួនឯង គឺតែងយល់ថាខ្លួនគ្មានតម្លៃ និងជាមនុស្សឥតបានការណ៍។ ពេលខ្លួនឯងធ្វើខុសបន្តិច ក៏យល់ថាខ្លួនឯងអន់ទៅហើយ ឬពេលណាខ្លួនឯងធ្វើរឿងអស្ចារ្យបន្តិច ក៏យល់ថាខ្លួនឯងពូកែលើសអ្នកដទៃ រហូតដល់មាន​ចិត្តអំនួត។ ជីវិតដែលស្គាល់ខ្លួនឯងច្បាស់​ ត្រូវរស់នៅដោយភាពនឹងន ឧបេក្ខា ខន្តី កណ្តាលនិយម។ តើហេតុអ្វីត្រូវរស់នៅក្នុងជីវិតបែបនេះ?

មនុស្សដែលចេះគោរពខ្លួនឯង ភាគច្រើនគឺអ្នកដែលស្គាល់តម្លៃនៃខ្លួនឯង មិនរស់នៅក្រោមឥទ្ធិពលអ្នកដទៃ មិនរស់នៅប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ និងមិនធូររលុងចំពោះខ្លួនឯង។ មនុស្សគ្រប់គ្នាមានតម្លៃដូចៗគ្នា តែខុសត្រង់ថាយើងមិនទាន់ចេះឱ្យតម្លៃខ្លួនឯងប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលល្អជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងអន់ប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃដែលអន់ជាងខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងមានអំនួតប៉ុណ្ណោះ។ អ្នកខ្លះយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលប្រហាក់ប្រហែលខ្លួន។ ការប្រៀបធៀបបែបនេះ គ្មានបានប្រយោជន៍អ្វី ក្រៅតែពីធ្វើឱ្យខ្លួនឯងលែងប្រឹងប្រែងប៉ុណ្ណោះ។

នេះជាការប្រកាន់ខ្លួនមួយដែលយើងតែងតែហៅថា អស្មិមានះ។ អស្មិមានះជាឫសគល់នៃសេចក្តីវិនាសអន្តរាយ។ អស្មិមានះមាន ៣យ៉ាងដោយសង្ខេប៖ ១. ប្រកាន់ថាអញខ្លាំងជាងគេ គ្មានអ្នកណាដល់អញទេ រហូតធ្វើឱ្យខ្លួនឯងស្ថិតក្នុងសភាពនៃចិត្តអំនួត។ ចិត្តអំនួតធ្វើឱ្យមនុស្សមានមោទកភាពជ្រុលដាច់បង្ហៀរ រហូតដល់លែងប្រឹងប្រែង។ ២. ប្រកាន់ថាអញនិងគេ ដូចតែគ្នា រហូតធ្វើឱ្យខ្លួនឯងលែងប្រឹង។ បើលែងប្រឹង គឺពុំអាចធ្វើឱ្យយើងរីកចម្រើនបានទេ។ ៣. ប្រកាន់ថាខ្លួនអញថយថោក អាប់អន់ ទន់ខ្សោយជាងគេ មិនដល់នឹងគេ រហូតធ្វើឱ្យខ្លួនឯងអស់សង្ឃឹម លែងមានកម្លាំងចិត្តប្រឹងប្រែងទៅមុខ​​ទៀត។

មនុស្សដែលចេះគោរពខ្លួនឯង គឺមិនគិតអ៊ីចឹង​ឡើយ តែយើងត្រូវគិតថា ការប្រឹងប្រែងតក់ៗ មួយតំណក់ៗ វានឹងធ្វើឱ្យយើងរីកចម្រើនជាលំដាប់។ បុរាណខ្មែរលោកតែងពោលថា តក់ៗពេញបំពង់ សន្សឹមៗកុំបំបោល។ យើងត្រូវរស់នៅក្នុងជីវិតដែល​ចេះ​ប្រឹងប្រែង ចេះគោរពខ្លួនឯង អត់ធ្មត់ តក់ៗតែកុំតក់ក្រហល់ពេក។ បរមគ្រូខុង ជឺ ពោលថា បុគ្គលដែលគោរពខ្លួនឯង គឺមិនត្រូវធូរ​រលុង​ចំពោះ​ខ្លួនឯងពេកទេ តែត្រូវមានចិត្តទូលាយ និងស្រឡាញ់ខ្លួនឯងឱ្យត្រូវផ្លូវ។ ការស្គាល់តម្លៃខ្លួនឯង គឺនឹងធ្វើឱ្យយើងចេះឱ្យតម្លៃខ្លួនឯង។ ការឱ្យតម្លៃខ្លួន​ឯង គឺនឹងធ្វើឱ្យយើងចេះរកវិធីមិនធ្វើឱ្យជីវិតខ្លួនឯងថោកទាប។ ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ហើយបើស្រឡាញ់ជីវិត​នេះ ឬបើយល់ថាជីវិតយើងតម្លៃ គឺត្រូវចេះប្រឹងកសាងខ្លួនឱ្យរីកចម្រើន។ អ្នកខ្ចិល អ្នកដែលមិនប្រឹង គឺស្មើនឹងមើលងាយខ្លួនឯង។ យើង​អាច​ដឹង​ថា​មនុស្សម្នាក់​ឱ្យ​តម្លៃ​ខ្លួនឯង​តិច​ឬ​ច្រើន​ ​គឺ​អាស្រ័យ​ទៅលើ​ការ​ប្រឹង​​ប្រែង​នេះឯង​៕

តម្លៃសីលធម៌សង្គម



យើងមិនពិបាកទេ បើសិនជាចង់ដឹងអំពីបញ្ហានៃការធ្លាក់ចុះផ្នែកតម្លៃសីលធម៌ក្នុងសង្គម ។ ក្នុងចំណោមអ្នករត់ម៉ូតូឌុប នៅតាមតូបកាហ្វេឆុងក្នុងស្រោមជើង ឬ នៅក្នុងផ្សារលក់ត្រី ក៏មានអ្នកនិយាយអំពីរឿងនេះដែរ ។ ប្រសិនបើយើងចង់ដឹង គេនឹងនិយាយប្រាប់យើងតាំងពីផ្នែកទទួលខុសត្រូវខ្ពស់បំផុត រហូតដល់អ្នកតូចតាចនៅក្នុងសង្គម ដោយគេនឹងបង្ហាញអំពីបញ្ហានានា ដែលទទួលរងឥទ្ធិពលពីការធ្លាក់ចុះនេះ ។

តើយើងអាចដឹងពីការធ្លាក់ចុះនៃតម្លៃសីលធម៌ដោយវិធីណា បើអ្នកវិទ្យាសាស្ត្រមិនទាន់មានសមត្ថភាពបង្កើតឧបករណ៍សម្រាប់វាស់វែងវាផង? បើតាមលោក ស៊ីវ ខេរ៉ា (Shiv Khera) នៅពេលដែលខ្នាតគំរូនៃសីលធម៌ពុំមានដូច្នេះ មានជម្រើសពីរសម្រាប់យើងដើម្បីធ្វើការជ្រើសរើស ។ ទី១ គឺយើងត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីចួបនូវកម្រិតខ្នាតគំរូថ្នាក់ខ្ពស់នៃសីលធម៌ ។ ទី២ យើងទម្លាក់ ឬ បន្ទាបនូវតម្លៃសីលធម៌របស់ខ្លួនចុះ ។ ជ្រើសរើសបែបណា គឺយើងជាអ្នកសម្រេចចិត្តដោយខ្លួនឯង ។

ជាធម្មតាយើងច្រើនតែចួបជុំគ្នា គ្រាន់តែដើម្បីនិយាយអំពីបញ្ហានានានៅក្នុងសង្គម ដែលលទ្ធផលរបស់វាបានត្រឹមតែធ្វើឱ្យឆន្ទៈរបស់យើងចុះស្គមប៉ុណ្ណោះ ។ ដើម្បីដឹងពីបញ្ហានៅក្នុងសង្គមមិនជាលំបាកទេ តែការស្វែងរកដំណោះស្រាយ ទើបជារឿងលំបាកពិតប្រាកដ ។ បើចង់ឱ្យសង្គមមួយមានបញ្ហា គឺជាការងាយណាស់ តែបើចង់ឱ្យសង្គមមានសណ្តាប់ធ្នាប់ ទាមទារឱ្យមានការគិតគូរថ្នាក់ខ្ពស់បំផុត ។

ជំងឺពេលដែលនៅតូច យើងពិបាកសម្គាល់ថាជាជំងឺអ្វី តែនៅពេលវាធំ យើងនឹងដឹងបានដោយងាយ ។ នៅក្នុងសង្គម ប្រសិនបើនរណាក៏អាចមើលឃើញពីបញ្ហា វាមិនខុសពីមនុស្សម្នាក់ដែលឈឺធ្ងន់ និង ដែលនរណាក៏អាចដឹងថាវាជាជំងឺអ្វី ។ ដូច្នេះ ឥរិយាបថដែលយើងគួរផ្លាស់ប្តូរ គឺប្តូរពីការនិយាយតែបញ្ហា មកជាការពិភាក្សាស្វែងរកដំណោះស្រាយ និង រៀនធ្វើការងាររួមគ្នា ។ ឥរិយាបថខ្លះ មិនត្រឹមតែពុំបានដោះស្រាយបញ្ហានៅក្នុងសង្គមទេ វាមានតែភាពធ្ងន់ធ្ងរជាងមុនទៅទៀត ។

ជាយុវជនម្នាក់ យើងគួរតែសួរខ្លួនឯងថា តើខ្ញុំកំពុងតែនៅក្នុងផ្នែកនៃដំណោះស្រាយ ឬ ផ្នែកនៃបញ្ហាក្នុងសង្គម? បើជាផ្នែកនៃបញ្ហា គឺត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ខ្លួនឯងជាប្រញាប់ ។ បើចង់ជួយសង្គម ក៏ត្រូវចេះជួយខ្លួនឯងដែរ ។ បើតម្លៃសីលធម៌នៅក្នុងសង្គមធ្លាក់ចុះ យើងត្រូវធ្វើខ្លួនឯងឱ្យក្លាយជាមនុស្សមានសីលធម៌ ។ បើសង្គមខ្វះធនធានមនុស្ស ត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ។ សង្គមអាចលូតលាស់ទៅបាន អាស្រ័យដោយយុវជនជាសសរទ្រូងនេះឯង ។
____

ស្ត្រីឆ្លាតជ្រើសសៀវភៅស្ត្រីខ្លៅជ្រើសផ្កាកុលាប



ជាតិខ្លាំងព្រោះមានស្ត្រីខ្លាំង។ ត្បិតស្ត្រីខ្លាំងជាកោសិកាមួយផ្នែកដែលអាចឱ្យចរន្តសង្គមមានការរីកធំធាត់។ កាលណាមានស្ត្រីខ្លាំងក្នុងផ្ទះ គេតែងឃើញមានក្មេងខ្លាំង បរិស្ថានស្អាត មានសណ្តាប់ធ្នាប់ មនុស្សមានសុខភាពល្អៗ។

ងាកមកមើលពីបច្ចុប្បន្នភាពនៃមូលដ្ឋានមួយចំនួន ក្មេងប្រើពាក្យអសុរស ច្រឡើសបើស កោងកាច (ជេរហ៊ុយ) សោធឯបរិស្ថានស្មោគគ្រោក សណ្ដាប់ធ្នាប់រញេរញៃ សុខភាពមនុស្សទ្រុឌទ្រោមគួរឱ្យសង្វេគ។ មិនត្រឹមប៉ុណ្ណោះ ពាក្យស្ត្រីដែលមានន័យថា សិរីសួស្តី ត្រូវបាត់បង់ ។ ស្ត្រីមួយចំនួនចាប់កាន់បៀរលេងល្បែង ភ្លេចបាយភ្លេចទឹក។ល។និង។ល។

សង្គមត្រូវការនារីដែលបដិសេធផ្កាកុលាប ហើយទទួលសៀវភៅជាថ្នូរនៃកាដូរបញ្ជាក់ពីការស្រឡាញ់ច្រើនជាង។ យើងសង្កេតជាទូទៅឃើញថា នារីដែលចូលចិត្តអានភាគច្រើន ចូលចិត្តដើរតែឯងឯកោ ព្រោះនាងមិនសូវមានមិត្តដែលមានចំណូលចិត្តងានដូចគ្នា ។ ប៉ុនែនាងតែងជានារីដែលមានឥទ្ធិពលក្នុងក្រសែភ្នែកនៃបុរសល្អៗ ហើយនាងតែងជានារីរឹងមាំភាគច្រើន។ នាងមានតម្លៃជាងពាក្យថា ស្ត្រីល្អឬមនុស្សល្អ។ នាងមានដួងព្រលឹងដ៏ស្រស់ស្អាត ដែលតែងស្តុកទុកពន្លឺ ស្នាមញញឹម និងក្តីស្រឡាញ់ដែលឆ្លាក់ជាប់ក្នុងឆ្អឹងរបស់នាង។

ស្ត្រីគួរផ្លាស់ប្តូរទម្លាប់ខ្ជិលអាន បើមិនចង់មានទុក្ខច្រើន។
ស្ត្រីគួរចាប់កាន់សៀវភៅឱ្យបានច្រើន បើចង់បានបុរសល្អ។
ស្ត្រីគួរតែជាអ្នកវក់នឹងសៀវភៅ បើចង់កែប្រែខ្លួន គ្រួសារនិងសង្គម ។


Cr. បន្សុទ្ធចំណេះដឹងទូទៅ


Sunday, December 1, 2019

ជ្រុងមួយនៃទស្សនវិជ្ជាជីវិត



នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។

ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។

កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។

ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង ហើយរឹតតែសំខាន់គឺហាមប្រមាថជីវិត។

Friday, November 8, 2019

មេរៀនអប់រំ ពីមីឆាពងមាន់ចៀនរបស់ឪពុកលោកប្រធានាធិបតីស៊ីជីនពីង



លោកប្រធានាធិបតីស៊ីជីនពីងធ្លាប់បាននិយាយថា៖
កាលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ ហើយខ្ញុំតែងតែទាមទារអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ នៅទីបំផុតមនុស្សនៅជុំវិញខ្លួនខ្ញុំបានចាកចេញពីខ្ញុំម្តងមួយៗ សូម្បីតែមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំមិនដែលបន្ទោសថាមកពីខ្លួនឯងទេ ហើយតែងតែទម្លាក់កំហុសទៅអ្នកដទៃ ហើយថែមទាំងរិះគន់ទៅលើពួកគេទៀត។
ប៉ុន្តែឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគោលការណ៍មួយដែលខ្ញុំចងចាំជានិច្ច។
ថ្ងៃមួយគាត់បានធ្វើមី ២ចានហើយដាក់វានៅលើតុ។ ចានមួយមានពងមាន់១គ្រាប់នៅពីលើហើយចានមួយទៀតមិនមានពងមាន់នោះទេ។ បន្ទាប់មកគាត់បានឱ្យខ្ញុំរើសយកចានមួយ។ នៅគ្រានោះពងមាន់គឺជារបស់មិនងាយបានញ៉ាំនៅក្នុងគ្រួសារខ្ញុំទេ! ទាល់តែមានបុណ្យទានឬចូលឆ្នាំថ្មី ទើបយើងបានញ៉ាំវា។ ខ្ញុំក៏បានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ! នៅពេលដែលយើងចាប់ផ្តើមញ៉ាំ ខ្ញុំគិតក្នុងចិត្តថាខ្លួនឯងឆ្លាតណាស់ និងមានមោទកភាពជាខ្លាំងចំពោះជម្រើសនិងការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ខ្ញុំ ហើយថែមទាំងញ៉ាំពងមាន់យ៉ាងសប្បាយទៀតផង។ តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុកខ្ញុំមានពងមាន់ដល់ទៅ២គ្រាប់ នៅពីក្រោមមីរបស់គាត់! ខ្ញុំសោកស្តាយខ្លាំងណាស់! ហើយខ្ញុំបានស្តីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តខុសរបស់ខ្ញុំ។ ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថាកូនសំលាញ់! កូនត្រូវតែចងចាំថា អ្វីដែលភ្នែកយើងអាចមើលឃើញ មិនប្រាកដថាវាជាការពិតនោះទេ។ ប្រសិនបើកូនចង់កេងយកប្រយោជន៍ពីមនុស្សដទៃ នោះកូននឹងចាញ់!

នៅថ្ងៃបន្ទាប់ឪពុកខ្ញុំបានធ្វើមីចំនួន ២ចានទៀត គឺមួយចានដាក់ពងមាន់មួយគ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងមាន់នៅពីលើដដែល។ ជាថ្មីម្តងទៀតគាត់បានដាក់ចានទាំងពីរនៅលើតុហើយនិយាយមកខ្ញុំថាកូនពុក! កូនរើសទៅ! តើកូនចង់បានចានមួយណា?” ពេលនេះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន។ ខ្ញុំបានរើសយកចានដែលគ្មានពងនៅពីលើ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំញែកមីរបស់ខ្ញុំទៅ មិនមានសូម្បីតែពងមួយគ្រាប់នៅបាតចាននោះទេ! ឪពុកខ្ញុំញញឹមហើយនិយាយមកខ្ញុំថាកូនអើយ! កូនមិនអាចពឹងផ្អែកទៅលើបទពិសោធដែលកូនធ្លាប់មានជារៀងរហូតនោះទេ ព្រោះពេលខ្លះជីវិតអាចបោកប្រាស់ឬលេងសើចជាមួយយើងបាន។ ប៉ុន្តែកូនក៏មិនត្រូវខូចចិត្តពេកនោះដែរ។ កូនគួរចាត់ទុកវាថាគ្រាន់តែជាមេរៀនដែលបានរៀនទៅចុះ។ វាជាអ្វីដែលកូនមិនអាចរៀនវាពីសៀវភៅមេរៀននោះបាន។

ថ្ងៃទី៣ ឪពុកខ្ញុំបានធ្វើមីចំនួន ២ចានម្តងទៀតដូចលើកមុនដែរ ដោយមួយចានដាក់ពងមាន់១គ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងនៅពីលើដដែល។ គាត់បានដាក់ចានទាំង២ នៅលើតុហើយនិយាយមកខ្ញុំម្ដងទៀតថាកូនអើយ! កូន ជ្រើសរើសចុះ។ តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថាពុកគួរតែជាអ្នកត្រូវជ្រើសរើសមុនគេ។ ពុកគឺជាមេគ្រួសារហើយពុកបានលះបង់ច្រើនណាស់ដល់គ្រួសារមួយនេះ។ ឪពុកខ្ញុំមិនបានបដិសេធទេ ហើយក៏បានជ្រើសរើសយកចានមួយដែលមានពងមាន់ដាក់នៅពីលើ។ នៅពេលខ្ញុំញ៉ាំមីរបស់ខ្ញុំ ខ្ញុំប្រាកដក្នុងចិត្តណាស់ថាចានរបស់ខ្ញុំគ្មានពងមាន់នៅខាងក្នុងចាននោះទេ។ តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញពងមាន់ដល់ទៅ២គ្រាប់នៅបាតចាន!

ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រឡាញ់នៅក្នុងក្រសែភ្នែករបស់គាត់ ហើយនិយាយថាកូនអើយ!កូនត្រូវតែចងចាំណា! នៅពេលដែលកូនគិតពីប្រយោជន៍អ្នកដទៃមុន នោះរឿងល្អនឹងកើតឡើងចំពោះកូនជានិច្ច!

ចាប់ពីពេលនោះមក ខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្ញុំដោយឈរលើគោលការណ៍ទាំង៣នេះ។ ទោះខ្ញុំធ្វើអ្វីក៏ដោយ ទោះបីវាជាបញ្ហាផ្ទាល់ខ្លួនឬបញ្ហាអាជីវកម្ម ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ត្រូវគិតដល់អ្នកដទៃមុនជានិច្ច៕

Cr.​ ឃឹម​ ហ្វីណង់

សុចរិតភាព



សេចក្តីសុចរិតរបស់បុគ្គលម្នាក់ៗ មើលដោយភ្នែកពុំឃើញនោះទេ តែអាចយល់បានដោយអរូបីយ ប្រៀបដូចជាក្លិនផ្កាម្លិះ បើទោះបីជានៅក្នុងទឹក ក៏នៅតែជះក្លិនពិដោក្រអូបឆ្ងុយឈ្ងប់ចេញពីពែងដែរ។ បុគ្គលជាអ្នកសាងនូវកម្មអ្វី មិនថាជាសាងល្អ ឬសាងអាក្រក់ទេ គឺតែងមានខ្លួនឯងជាអ្នកដឹងច្បាស់។ រីចំណែកឯសុចរិតភាពដែលមានក្នុងចិត្តបុគ្គលម្នាក់ៗ វាក៏អ៊ីចឹងដែរ។ ល្អឬអាក្រក់ គឺខ្លួនឯងដឹងជាងនរណាៗទាំងអស់។

ក្នុងទ្រឹស្តីពុទ្ធនិយមបានឱ្យនិយមន័យសេចក្តីសុចរិតនេះថាជា ការប្រព្រឹត្តល្អ និងសេចក្តីប្រព្រឹត្តដែលជាហេតុនាំឱ្យបុគ្គលទៅជាមនុស្សល្អដោយកាយ (កាយសុចរិត) ដោយវាចា (វចីសុចរិត) និងដោយចិត្ត (មនោសុចរិត)។ ការបកស្រាយនេះ គឺស្ថិតក្នុងខ្លឹមសារសាសនា ដែលមានលក្ខណៈខុសគ្នាបន្តិចពីខ្លឹមសារខាងអាណាចក្រ។ ក្នុងរឿងសាសនា ដែលជាន័យអរូបីយ ឱ្យតែមនុស្សមានមនោមិនល្អ ឬមានចិត្តមិនល្អ ឬមានចិត្តគិតអាក្រក់ គឺចាត់ទុកថាមានទោសចិត្តសាស្រ្តរួចទៅហើយ បើទោះបីជាទង្វើតាមរយៈសម្តីក្តី ឬទង្វើមតាមរយៈកាយក្តី មិនទាន់បានប្រាកដឡើងក៏ដោយ។

ផ្ទុយទៅវិញ ក្នុងន័យសង្គម ក្នុងន័យរូបីយ ជាពិសេសក្នុងខ្លឹមសារនីតិសាស្រ្ត ឬច្បាប់សង្គមបានកំណត់ថា ចិត្តដែលត្រឹមតែគិតអាក្រក់ តែកាយមិនទាន់បានប្រព្រឹត្តនៅឡើយ គឺចាត់ទុកថាគ្មានទោសពៃទេ។ និយាយដោយងាយយល់គឺ គ្មានទោសទេ បើគ្មានបទល្មើសទេ។ បើទោះបីជាយ៉ាងណាក៏ដោយ សុចរិតភាពដែលមានក្នុងខ្លួនបុគ្គលម្នាក់ៗ វានៅតែសំខាន់ជាងទង្វើខាងក្រៅ។ មនុស្សគិតអាក្រក់ មានមនោមិនល្អ បើទោះបីជាមិនបានប្រព្រឹត្ត ក៏ចាត់ទុកថាអាក្រក់រួចទៅហើយ។ មនុស្សគិតល្អ ធ្វើល្អ គឺចាត់ទុកថាសុចរិតពិតប្រាកដ។ ម្យ៉ាងមនោដែលអាក្រក់ កាលបើវាមានច្រើនឡើងៗ ផ្តុំគ្នាបានច្រើន មុននិងក្រោយនាថ្ងៃណាមួយ គង់នឹងស្តែងចេញតាមរយៈសកម្មភាពប្រព្រឹត្តចេញក្រៅជាមិនខាន។ ហេតុអ្វីខ្ញុំនិយាយអំពីសុចរិតភាព?

ខ្ញុំបែងចែកសុចរិតជា ២ប្រភេទធំៗ ដោយមួយជាសុចរិតភាពបុគ្គល និងមួយទៀតជាសុចរិតភាពអង្គភាព ឬសុចរិតភាពសង្គម ឬសុចរិតភាពក្រុមនិងបក្ស។ ក្នុងស្ថានភាពសង្គមបែកបាក់ មនុស្សមើលគ្នាមិនស្គាល់ ដោយយល់ថា ឱ្យតែអ្នកឈរនៅក្បែរបុគ្គលមិនល្អ ឬបក្សមិនល្អ គឺសុទ្ធតែអាក្រក់។ បុគ្គលដែលឈរនៅក្បែរក្រុមល្អ ឬមនុស្សល្អ គឺសុទ្ធតែហៅថាល្អ។ ការយល់បែបនេះ វាមិនត្រឹមត្រូវឡើយ ពីព្រោះដោយហេតុបច្ច័យថាយើងមិនទាន់ចេះបែងចែកបុគ្គលដែលមានសុចរិតភាពក្នុងខ្លួន និងបុគ្គលដែលគ្មានសុចរិតភាពក្នុងខ្លួន។ ក្នុងល្អមានអាក្រក់ ក្នុងអាក្រក់មានល្អ។ ចូរកុំវាយតម្លៃមនុស្សដោយប្រើទ្រឹស្តី ត្រីមួយត្រក បើស្អុយ គឺត្រូវតែស្អុយទាំងអស់។ ទឹកមួយទន្លេ ទឹកពីរទន្លេ គឺពុំអាចធ្វើឱ្យសមុទ្រសាបបានឡើយ ប្រៀបដូចជាមនុស្សអាក្រក់ក្នុងក្រុមទាំងមូល ពុំអាចធ្វើឱ្យអ្នកល្អខ្លះក្លាយទៅជាងអាក្រក់ទាំងអស់ឡើយ។ ហេតុអ្វីខ្ញុំនិយាយអំពីសុចរិតភាព?

មូលហេតុដែលខ្ញុំយាយអំពីរឿងនេះ គឺដោយសារតែមានមនុស្សជាច្រើនបានវាយតម្លៃអ្នកដទៃខុស ជាពិសេសកិច្ចការងារធ្វើឱ្យសង្គមសាមគ្គី។ ក្នុងក្រុមស្របមានមនុស្សល្អត្រឹមត្រូវពិតប្រាកដច្រើន ហើយក្នុងក្រុមជំទាស់ក៏មានមនុស្សមិនល្អត្រឹមត្រូវមិនតិចដែរ។ ខ្ញុំសង្កេតឃើញអ្នកខ្លះ ស្អប់មិនរើសមុខឬមានន័យថាឱ្យតែបុគ្គលណាដែលរាប់អានខាងក្រុមមិនល្អ គឺត្រូវចាត់ទុកថាអាក្រក់ ឬជាសត្រូវ។ ចូរកុំធ្វើជាមនុស្សដែលមិនស្គាល់មុខមិត្ត និងមិនស្គាល់មុខសត្រូវ។ មិត្តល្អខ្លះអាចនៅក្រុមមួយផ្សេងពីយើង រីឯមិត្តខ្លះអាចនៅជាមួយយើង ឬពេលខ្លះសត្រូវក៏នៅជាមួយយើងក៏មាន។ បើយើងចេះយល់បែបនេះ យើងនឹងចេះមើលឃើញសេចក្តីល្អដែលនៅខាងក្នុងរបស់មនុស្ស ជាជាងវាយតម្លៃសម្បកខាងក្រៅតាមរយៈហ្វូង ឬក្រុម ឬបក្ស។ មនុស្សខ្លះនៅក្នុងក្រុមពុករលួយ គឺមិនប្រាកដថាបុគ្គលនោះជាមនុស្សពុករលួយតាមក្រុមទេ។ មនុស្សខ្លះនៅក្រុមល្អ តែមិនប្រាកដថាបុគ្គលនោះល្អតាមក្រុមនោះដែរ។ ចូរយើងរៀនសង្កេតមើលមនុស្សពីខាងក្នុងវិញ។ សង្គមខ្លះវាយតម្លៃមើលមនុស្សតាមរយៈទ្រឹស្តី ត្រីមួយត្រកស្អុយទាំងអស់។ យុវជនត្រូវតែជាមនុស្សដែលចេះមើល ចេះសម្គាល់មិត្តនិងសម្គាល់សត្រូវ​ឱ្យ​ច្បាស់៕



ស្អាតហើយឆ្លាត



គ្មានបុគ្គលតាំងចិត្តព្យាយាមអានសៀវភៅឯណាដែលថានឹងមិនក្លាយទៅជាអ្នកឆ្លាតទេ ដ្បិតការបង្កើតកម្មនៃសេចក្តីព្យាយាមសង្វាតអាននេះ វានឹងធ្វើឱ្យបុគ្គលនោះទទួលបាននូវផលនៃចំណេះដឹងនាពេល​ខាងមុខ។ គ្មានមនុស្សមានវិជ្ជាឯណាដែលមិនគួរឱ្យស្រឡាញ់ទេ ដ្បិតចំណេះដឹងនេះ វាប្រៀបដូចជាម្សៅក្រែមលាបមុខ ផាត់ចិត្តខាងក្នុង ដុសខាត់ព្រលឹងបុគ្គលនោះឱ្យកាន់តែស្រស់សោភារកអ្វីប្រៀបផ្ទឹមពុំបាន។

ក្នុងជីវិតរស់នៅជាក់ស្តែង មិនថាស្ថិតក្នុងកាលៈទេសៈបែប​ណាទេ ខ្ញុំតែងតែពាល់ត្រូវនៃអារម្មណ៍រីករាយចេញពីការប្រឹងប្រែង។ ខ្ញុំមិនតូចចិត្តទេ បើទោះបីជា​បានផលតិចក្តី ឬបានផលច្រើនក្តី សំខាន់ បានប្រឹងដោយខ្លួនឯង។ មិនថាការប្រឹងប្រែងសាងសេចក្តីល្អ ប្រឹងប្រែងទប់ខ្លួនពីអំនួត ប្រឹងប្រែងទប់ទល់នឹងអ្នកដទៃវាយប្រហារ ប្រឹងប្រែងសិក្សារៀនសូត្រ ប្រឹងប្រែងដុសខាត់ខ្លួនឯង ឃាត់​ចិត្ត​មិន​ឱ្យ​ខ្លួន​លង់​វង្វេងនឹងសេចក្តីអាក្រក់ ជឿជាក់លើកម្មល្អនឹងបានផលល្អ ព្រមទាំងចេះអត់ធ្មត់រង់ចាំទទួលផលនៃសេចក្តីល្អដែលពុំទាន់ប្រមូលផលនៅឡើយ។

ក្នុងការរស់នៅប្រចាំថ្ងៃ ខ្ញុំតែងតែខិតខំរៀនសូត្រដោយតាំងចិត្តមាំថា អាត្មាអញពិតជាមានចិត្តចង់ក្លាយទៅជាបុគ្គលល្អ រស់នៅត្រឹមត្រូវ រក្សាចិត្តជាបុគ្គលបរិសុទ្ធដោយមានអង្គបរិសុទ្ធ ដោយកាយបរិសុទ្ធ ដោយវាចាបរិសុទ្ធ ដោយចិត្តបរិសុទ្ធ និងដោយទង្វើបរិសុទ្ធ។ ខ្ញុំមិនដឹងទេថា តើមានបុគ្គលណាខ្លះដែលបានរស់នៅពាល់ត្រូវសេចក្តីបរិសុទ្ធដែលចេញពីការសម្អាតចិត្ត មានសុចរិតភាពដ៏ថ្លាក្នុងចិត្ត និងឃើញសេចក្តីស្អាតបរិសុទ្ធនៃខ្លឹមខាងក្នុង ស្រស់ស្អាតជាងសម្បកកាយខាងក្រៅដ៏គួរឱ្យខ្ពើមរអើមនេះ។ ក្នុងកម្រិតចិត្តនេះ ខ្ញុំចេះតែមានអារម្មណ៍ខ្ពើមនូវសម្បកកាយដែលស្អាតតែខាងក្រៅ តែខាងក្នុងវិញស្មោគក្រោក រកកន្លែងដែលប្រើចក្ខុមើលឃើញថាស្អាតពុំមានសោះ។

ជីវិត​មនុស្សរស់នៅចាញ់បោកការបោកប្រាស់ និងចាញ់ភាពមាយានៃជីវិត គិតបានត្រូវខ្លះ តែពាល់មិនត្រូវកម្រិតចិត្តហួសពីថ្នាក់ប្រាជ្ញាឈ្លាវៃ។ ចុងក្រោយ គ្មានបុគ្គលណាដែលស្រស់ស្អាតជាងអ្នករៀនសូត្រចេះដឹង ដែលមានវិជ្ជាជាអាវុធកម្ទេចយកឈ្នះភាពមាយានៃជីវិតទេ។ គ្មានបុគ្គលណាដែលមានសម្រស់ស្រស់ស្អាត ជាងមនុស្សដែលបានបោសសម្អាតចិត្តរហូតដល់រួចផុតចិត្តដោយវិជ្ជានេះឡើយ។ អ្នកខ្លាំង តែងរស់នៅផ្អោបខ្លួននឹងការប្រឹងប្រែងត្រូវ។ វិញ្ញុជនតែងរស់នៅផ្អោបខ្លួននឹងគុណធម៌។ រីឯបុគ្គលអ្នកពាល់សច្ចៈក្នុងបច្ចុន្នជាតិនេះ គឺរស់នៅផ្អោបខ្លួននឹងការពិតនៃជីវិត ដោយព្រមទទួលយកការពិតដោយឥតលក្ខខណ្ឌ ដុសខាត់ព្រលឹងរហូតដល់ចិត្តភ្លឺប្រៀបដូចព្រះច័ន្ទដែលដុំពពកខ្មៅបាំងមិនជិត។ ខ្ញុំប្រើពាក្យថា ខ្ញុំក្នុងន័យពន្យល់ប៉ុណ្ណោះ៕


មិត្តល្អជាមិត្តបែបណា ?



សុភាសិតអងគ្លេសមួយឃ្លាបានពោលថា " មានតែមិត្តពិតប្រាកដប៉ុណ្ណោះ ដែលប្រាប់យើងត្រង់ៗថា មុខរបស់យើងប្រលាក់ត្រង់ណា " ។ មនុស្សដែលយើងស្គាល់មានច្រើន មិត្តភក្ដិក៏មានច្រើន តែមនុស្សដែលប្រាប់ពីស្នាមប្រលាក់ដែលយើងមើលមិនឃើញ ទើបជាមិត្តពិតប្រាកដ ។ ដ្បិតមនុស្សដែលមានទឹកចិត្តស្អាតបរិសុទ្ធ តែងចង់ឃើញអ្នកដទៃស្អាតទាំងអស់គ្នា ។ នេះអាចជាសញ្ញាតែមួយគត់ ដែលអាចកំណត់សំគាល់ធាតុល្អរបស់មនុស្សម្នាក់ៗ ។ ស្នាមប្រលាក់នៅទីនេះ គឺចង់សំដៅលើភាពអវិជ្ជមាននៃជីវិតរបស់យើង ឬផ្នែកណាមួយដែលយើងកំពុងតែខ្វះខាត ហើយមនុស្សដែលប្រាប់យើងត្រង់ៗអំពីចំណុចទាំងនោះ ឬជួយស្វែងរកដំណោះស្រាយណាមួយឱ្យយើង គេគឺជាមនុស្សល្អពិតប្រាកដម្នាក់ ។ ចូរថែរក្សាគេឲ្យបានល្អ ៕
______

Saturday, October 26, 2019

គ្រាមួយដែលយើងនឹកស្ដាយក្រោយ



អតីតកាលមានច្រើនរសជាតិណាស់ ។ រសជាតិខ្លះអាចធ្វើឱ្យយើងញញឹម ហើយរសជាតិខ្លះទៀត ធ្វើឱ្យយើងរលីងរលោងទឹកភ្នែក ។ ដ្បិតគ្មានការជួបជុំណាដែលមិនបែកនោះទេ តែពេលខ្លះមនុស្សខ្លះបានបែកចេញពីយើងព្រោះតែកំហុសរបស់យើង។ ពេលខ្លះក៏នឹកស្ដាយក្រោយ ហើយចង់ត្រឡប់ពេលវេលាថយក្រោយ ត្រឡប់ទៅរកពេលវេលាល្អកាលពីមុនម្ដងទៀត តែការពិតគឺមិនអាចទេ ឆាកជីវិតមានរឿងខ្លះគឺគ្មានឱកាសជួសជុលឡើងវិញទេ ។

មានពេលខ្លះ ដោយសាររឿងបន្ដិចបន្តួច យើងក៏​បង្កើតបញ្ហាឡើងមក ។ ពេលខ្លះដោយសាររឿងតូចតាចដែលយើងធ្លាប់ធ្វើចំពោះគ្នាទៅវិញទៅមកជាប្រចាំ វាក៏បង្កើតបានសម្ពន្ធ​ភាពដ៏ល្អមួយឡើងមក ។ ហើយពេលខ្លះទៀត ដោយសាររឿងបន្ដិចបន្តួច យើងក៏ទៅវាយបំបែកមិត្តភាពនោះទាំងពុំបានពិចារណាត្រឹមត្រូវ ។ ដោយសារចិត្ដចង់ឈ្នះលើរឿងតូចតាច​មួយពេល យើងក៏បង្កើតបាន​វិប្បដិសារី​មួយដែលមិនអាចជួសជុលបាន ។ ក្នុងលោកនេះ​មនុស្សល្អមានមិនច្រើន​ទេ ហើយមនុស្សល្អដែលចូលមកក្នុងជីវិតយើង ក៏មិនច្រើនដែរ ប៉ុន្ដែមនុស្សដែលសម្លឹងប្រយោជន៍ពីយើង ប្រហែលមានមិនតិចទេ ។

ទម្រាំតែមិត្តភាពល្អមួយអាចបង្កើតឡើងបាន យើងបានចំណាយពេលជាមួយគ្នាយូរណាស់ យើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា ហើយដោយសារយើងយល់ចិត្តថ្លើមគ្នា យើងក៏បានទុកគ្នាជាបងប្អូន ប៉ុន្ដែរឿងរ៉ាវជីវិតវាតែងតែប្រែប្រួល ហើយរឿងខ្លះគឺវាពុំបានប្រាប់យើងមុនទេ ។ ពេលវេលារុញយើងមកចួបមិត្តល្អ ទង្វើយើងរុញយើងឆ្ងាយពីគេ អនុស្សាវរីយទាំងប៉ុន្មានក៏កប់ទុកចោលក្នុងជម្រៅអតីតកាល យូរៗក៏រសាត់ទៅកាន់តែឆ្ងាយ ។ ឆ្ងាយទាំងមិត្តភាព ឆ្ងាយទាំងក្ដីស្រឡាញ់រាប់អានដែលធ្លាប់មាន ។ អនុស្សាវរីយខំសាងយ៉ាងលំបាក ក៏ត្រូវបំផ្លាញអស់ ។ ពេលខ្លះយើងបានមើលស្រាលចំពោះរឿងតូចតាច ដោយសារតែយើងយល់ថាវាតូចតាច ។ យើងភ្លេចឱ្យតម្លៃមិត្តភក្ដិដោយសារតែ ចង់ឈ្នះលើរឿងបន្ដិចបន្ទួច ។ ចុងក្រោយយើងក៏បាត់បង់ពួកគេ ដោយបន្សល់នូវការចងចាំដ៏ឈឺចាប់មួយ ។

រឿងរ៉ាវជីវិតប្រែប្រួលមិនទៀងទាត់ រឿងខ្លះយើងមិនចង់ចួបទេ តែពេលខ្លះវាក៏បានកើតឡើងដោយមិនបានព្រាងទុក ។ ឆាកជីវិតមានរឿងដែលយើងស្ដាយក្រោយច្រើនណាស់ ដ្បិតវាជាអតីតទៅហើយ ទោះគាស់មកវិញក៏បានត្រឹមតែឈឺចាប់ ។ យើងគ្រាន់តែទុកវាជាមេរៀនទៅបានហើយ ។ ឱកាសមានមិនអស់ទេ យើងក៏នឹងអាចសាងមិត្តភាពថ្មីៗជាមួយមនុស្សថ្មីទៀតបានដែរ ។ គ្រាន់តែធ្វើបែបណាទើបមិនជាន់ដានចាស់នោះ គឺឋិតលើទង្វើរបស់យើងទាំងស្រុងហើយ ។ រឿស្ដាយក្រោយវាពិតជាពិបាកបំភ្លេចណាស់ ម្លោះហើយឆាកជីវិតដ៏ស្រស់ស្អាតនៅថ្ងៃក្រោយ គួរតែព្យាយាមកាត់បន្ថយកំហុសតាមដែលអាចធ្វើបាន ព្រោះថាបើយើងសាងកំហុសច្រើនពេក ជីវិតយើងនឹងលែងស្អាតទៀតហើយ ៕

_______________________

Cr. Sun Veasna

Thursday, October 24, 2019

ចង់បានអ្វី?



អ្វីៗដែលយើងចង់បាន គឺសុទ្ធតែអាចទៅរួច តែសំខាន់តើយើងស្គាល់ខ្លួនឯងច្បាស់ដល់កម្រិតណា។ បើយើងមានចិត្តចង់បានអ្វីម្យ៉ាង គឺជោគជ័យវានឹងកើតឡើង ៥០% មុនពេលធ្វើសកម្មភាព ដ្បិតសំខាន់ឱ្យតែយើងស្គាល់ខ្លួនឯងច្បាស់ដល់ថ្នាក់ស៊ីជម្រៅ។ រីចំណែកឯ ៥០%ទៀត គឺត្រូវបន្តសកម្មភាពប្រឹងប្រែងឱ្យត្រឹមត្រូវ ឱ្យត្រូវពេល និងឥតដាច់សង្វាក់ដូចទឹកហូរ។ ដំណើរមួយរយជំហាន វាតែងតែចាប់ផ្តើមពីមួយជំហានដំបូង។ ការស្គាល់ខ្លួនឯង គឺជាចំណាប់ផ្តើមនៃការបាននូវអ្វីដែលខ្លួនចង់បាន។ តើយើងចង់បានអ្វីក្នុងជីវិត? មនុស្សធម្មតាស្គាល់ខ្លួនឯងត្រឹមតែថ្នាក់បញ្ញាឈ្លាសវៃ ដូចជាមានខួរក្បាលឆ្លាត មានរូបរាងកាយមាំមួន និងមានអ្វីៗលើសពីអ្នកដទៃ ឬខ្សោយជាងអ្នកដទៃ។ ការស្គាល់ខ្លួនឯងត្រឹមតែថ្នាក់បញ្ញាឈ្លាសវៃនេះ គឺមិនចាត់ទុកថាជាការស្គាល់ខ្លួនឯងច្បាស់ទេ។ លក្ខណៈនៃបុគ្គលដែលស្គាល់ខ្លួនឯងច្បាស់ក្នុងថ្នាក់ស៊ីជម្រៅ គឺពុំជាប់ពាក់ព័ន្ធនឹងការស្គាល់ខ្លួនឯងត្រឹមសម្បកកាយខាងក្រៅ ដែលមានធម្មធាតុទឹកដីភ្លើងខ្យល់ឡើយ។ តើការស្គាល់ខ្លួនឯងនៅក្នុងលក្ខណៈជ្រៅបែបណាវិញ?

ខ្ញុំនិយាយរឿងអរូបីយមួយ ដែលហួសពីចំណេះដឹងថ្នាក់ខួរក្បាលឈ្លាសវៃអាចវិភាគវែកញែកបាន។ ចំពោះរឿងនៃការពិសោធផ្ទាល់នេះ និងការជួបប្រទះផ្ទាល់នេះ ខ្ញុំសូមជូននូវឃ្លាមួយថា អំបិលដែលនៅក្នុងមាត់របស់ខ្ញុំ វាពុំអាចធ្វើឱ្យអណ្តាតរបស់អ្នកដទៃប៉ះរសជាតិប្រៃបានឡើយ។ ចិត្តថ្លាប៉ុនណា ចិត្តស្អាតស្អំប៉ុនណា គឺនឹងជួបរឿងដែលបញ្ញាថ្នាក់ខួរក្បាលឈ្លាសវៃ ពុំអាចយល់បានប៉ុនណោះ។ រឿងនេះ វាគឺជារឿងសាកល ដែលមិនជាប់ពាក់ព័ន្ធនឹងរឿងសាសនាណាមួយឡើយ។ រីឯខ្ញុំក៏​ពុំមែនជាបុគ្គលងុបងុលនឹងរឿងបែបនេះដែរ តែអ្វីដែលខ្ញុំនឹងជូនជាគំនិត គឺសម្រាប់គ្រាន់តែពិចារណាដឹង​ដោយ​ការពិតប៉ុណ្ណោះ។ អ្នកបារមីម្នាក់មានជំងឺពេញរាងកាយ ដែលរាងកាយនេះ វាតែងតែឈឺចុកចាប់ទៅតាមលក្ខណៈនៃច្បាប់ធម្មជាតិ។ ប៉ុន្តែនាថ្ងៃមួយ វិញ្ញាណ/អមនុស្សខ្លាំងបានចូលសណ្ឋិតក្នុងខ្លួនបុគ្គលនោះ។ បន្តិចក្រោយមក រូបរាងកាយដែលមានជំងឺនោះក៏មានកម្លាំងខ្លាំងជាងធម្មតា ដោយនឹកស្មានមិនដល់។ តើកម្លាំងទាំងនេះមកពីទីណា? លុះតដល់អមនុស្សចេញពីតួសម្បកកាយ អ្នកបារមីក៏ឈឺចាប់ចុកចាប់រាងកាយដូចមនុស្សធម្មតាវិញ។ កម្លាំងនៃចិត្តខាងក្នុងខ្លាំងនេះ វាអាចព្យាបាលជំងឺរាងកាយខាងក្រៅបាន។ ចិត្តខ្លាំង គឺជាឱសថព្យាបាលកាយខាងក្រៅ។ តើរឿងនេះមានលក្ខណៈពិសេសត្រង់ណា?

រូបរាងកាយដែលជាសម្បកអាចឈឺបាន តែបើព្រលឹងខាងក្នុងមិនឈឺទេ គឺស្មើនឹងគ្មានជំងឺ។ ផ្ទុយទៅវិញ បើព្រលឹងមានជំងឺ តែរូបរាងកាយគ្មានជំងឺទេ គឺស្មើនឹងមានជំងឺ។ នេះហើយដែលខ្ញុំតែងតែហៅថា មនុស្សមានជំងឺព្រលឹង។ ជំងឺព្រលឹងនេះ វាកើតមានចំពោះបុគ្គលណាដែលមិនស្គាល់ខ្លួនច្បាស់ និងជាពិសេសអ្នកដែលវង្វេងខ្លួនឯងតែម្តង។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺមិនដែលខ្សោយ តែមនុស្សណាដែលខ្សោយ គឺដោយសារតែមិនស្គាល់ខ្លួនឯង​ច្បាស់​នេះហើយ។ មនុស្សទាបមនុស្សខ្ពស់ មនុស្សសមនុស្សខ្មៅ មនុស្សខ្លាំងមនុស្សខ្សោយ ឬអ្វីៗដែលជាសម្បកកាយមិនសំខាន់ទេ តែអ្វីដែលសំខាន់បំផុតឥតប្រែ គឺលក្ខណៈខាងក្នុង ខ្លឹមខាងក្នុង ដួងព្រលឹងខាងក្នុង អំណាចខាងក្នុង និងសភាពខ្លាំងខាងក្នុងចិត្ត។ តើយើងកំណត់លក្ខណៈមនុស្សខ្លាំងត្រង់កន្លែងណា?

មនុស្សខ្លាំង គឺជាបុគ្គលដែលទៅមុខជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈស្រួលលំបាកយ៉ាងណាទេ។ មនុស្សដែលអាចទៅមុខជានិច្ចបាន គឺដោយសារតែស្គាល់ខ្លួនឯងច្បាស់។ មនុស្សខ្លាំង ពេលណាដើរកាត់ភ្លៀងមិនផ្តាសាយ ឬបើផ្តាសាយក៏នៅតែបន្តដើរទៅមុខ។ មនុស្សខ្លាំង បើទោះបីជាត្រូវអ្នកដទៃចាក់ពីរបីកាំបិត ក៏មិនមានចិត្តឈឺចាប់។ បើទោះបីជាឈាមហូរសស្រាក់ ឬបើឈឺចាប់ ក៏នៅតែបន្តដំណើរដើរទៅមុខជានិច្ចដែរ។ មនុស្សខ្លាំង បើទោះបីជាអ្នកដទៃមើលងាយ មើលថោក វាយបំបាក់ស្មារតី បំភ័យឱ្យតក់ស្លុត សម្លុតឱ្យភ័យខ្លាច ក៏មនុស្សខ្លាំងនេះ នៅតែបន្តដើរទៅមុខឥតឈប់ដែរ។ មនុស្សខ្លាំង បើទោះបីជាមេឃរលំភ្នំរលាយនៅចំពោះមុខ ក៏មិនតក់ស្លុត មិនព្រឺព្រួច មិនលួចមានចិត្តបោះបង់ តែនៅតែបន្តដំណើរទៅមុខជានិច្ច។ ទៅមុខជានិច្ច គង់នឹងដល់គោលដៅ។ រីចំពោះមនុស្សខ្សោយវិញ ពេលដួលបន្លំដេក ធ្វើការតិចតួចស្រែកថាហត់។ មនុស្សខ្សោយ គឺជាមនុស្សដែលវង្វេង មិនស្គាល់ខ្លួនឯង និងមិនដឹងថាខ្លួនឯង​ខ្លាំង។ តើយើងចង់បានអ្វី? អ្វីដែលយើងគួរចង់បាន​មុន​គេ​ គឺគួរហ្វឹកហាត់ឱ្យខ្លួនឯងខ្លាំង រៀនតស៊ូលត់ដំខ្លួន ចេះអត់ធ្មត់នឹងការលំបាក មិនកំសាកនឹងរឿងគ្រោះថ្នាក់។ល។ បើយើងមានលក្ខណៈបែបនេះហើយ សួរថា តើអ្វីខ្លះដែលយើងមិនអាចយកបាន?” តើចង់បានអ្វី?

អ្នកខ្លះសួរខ្ញុំថា ហេតុអ្វីខ្ញុំមានតែប៉ុណ្ណឹង? ចុះហេតុអ្វីមិនយកឱ្យលើសពីនេះ?” ខ្ញុំតបថា ខ្ញុំជាអ្នករៀនសូត្រខាងទស្សនវិជ្ជាសាសនា។ ខ្ញុំយល់ដឹងពីរឿងសាសនានេះមុន ខ្ញុំពិសោធបានមុន ចិត្តខ្ញុំរួចរដោះបានមុន ពាល់ពីរឿងជីវិតនេះបានមុន។ ដូច្នេះ ខ្ញុំស្គាល់ខ្លួនឯងបានមុនមនុស្សធម្មតា។ អ្វីដែលខ្ញុំមានថ្ងៃនេះ គឺដោយសារតែ ចិត្តចង់របស់ខ្ញុំកាលពី ១០ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៥ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៣ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ១ឆ្នាំមុន, ‘ចិត្តចង់របស់ខ្ញុំកាលពី ៣ខែមុន....។ ចុះអ្វីដែលខ្ញុំមិនមានក្នុងថ្ងៃនេះ វាកើតចេញពីណា? “[...] អ្វីដែលខ្ញុំមិនមានក្នុងថ្ងៃនេះ ឬមិនមានក្នុងថ្ងៃអនាគត វាកើតចេញពី ចិត្តដែលមិនចង់ដ្បិតខ្ញុំជឿថាអ្វីក៏ដោយ ឱ្យតែខ្ញុំចង់ គឺខ្ញុំនឹងប្រឹងយក ប្រឹងដើរទៅយក និងរកវិធីយកឱ្យទាល់តែបាន។ អ្នកខ្លះរវល់តែគិតចង់បាន តែមិនប្រឹងធ្វើសកម្មភាពយកឱ្យបាន​ទេ។ ដល់អ្នកខ្លះទៀត ចង់បានខ្លាំង លុះតែ​មិនបាន ក៏ខូចចិត្ត ឈឺចាប់ បាក់ស្មារតីខ្លាំង រហូតដល់អារម្មណ៍ច្របូកច្របល់ វង្វេងលែងដឹងសតិ។ លក្ខណៈមនុស្សស្គាល់ខ្លួនឯង បើចង់បាន គឺត្រូវប្រឹង តែបើប្រឹងហើយមិនបានទេ ក៏គ្មានចិត្តតក់ស្លុត ឈឺចាប់ វង្វេងវង្វាន់ ខូចចិត្តច្របល់គំនិតដែរ។ នេះហើយដែលហៅថា ចង់បាន តែមិនលោភលន់

អ្នកនយោបាយណាដែលចង់បានអំណាច ក៏ប្រឹងទៅ។ អ្នកសាសនាណាដែលចង់បានចិត្តស្ងប់ ក៏ប្រឹងពិសោធទៅ។ អ្នករកស៊ីណាដែលចង់បានលុយ ក៏ប្រឹងរកទៅ។ អ្នកសិក្សាណាដែលចង់ចេះចង់ដឹង ក៏ប្រឹងរៀនទៅ។ ចុងក្រោយ អ្វីក៏អាចទៅរួចដែរ តែសំខាន់យើងស្គាល់ខ្លួនឯងច្បាស់ហើយ ឬនៅ? ចេះប្រឹងហើយ ឬនៅ? ចេះទៅមុខជានិច្ចហើយ ឬនៅ? ក្លាយខ្លួនទៅជាមនុស្សខ្លាំងខាងក្នុងហើយ ឬនៅ? វិបត្តិនៃអ្នកមិនស្គាល់ខ្លួនឯងគឺ៖ អ្នករកស៊ីដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់បានលុយច្រើន គង់អាចនឹងឆ្កួតវង្វេងដោយសារតែលុយ។ អ្នកនយោបាយដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់មានអំណាចពេញដៃហើយ គង់នឹងអាចក្លាយទៅជាអាក្រក់ឃោរឃៅ។ អ្នកសិក្សាដែលមិនស្គាល់ខ្លួនឯង ពេលប្រឹងរហូតដល់មានចំណេះដឹងខ្ពស់ហើយ គង់នឹងអាចមានអំនួត។ អ្នកសាសនាដែលមិនស្គាល់ខ្លួនឯង គង់អាចនឹងវង្វេងបែកកម្មដ្ឋាន។ នេះជាអ្វីដែលយើងត្រូវប្រុងប្រយ័ត្ន ដោយកុំយកនូវអ្វីដែលខ្លួនគ្មានសមត្ថភាពគ្រប់គ្រងចាត់ចែង។ ត្រង់ចំណុចរឿងអរូបីយអ្នកបារមី គឺអ្នកចេះដឹងកម្រិតបញ្ញាឈ្លាសវៃ និងអ្នកសាសនាខ្លះ ឬអ្នកដែលមិនធ្លាប់ពិសោធ ទទួលយកពុំបានទេ តែខ្ញុំសុំត្រឹមឱ្យពិចារណាប៉ុណ្ណោះ។ គោលគំនិតនៃអត្ថបទនេះគឺ មនុស្សយើងសុទ្ធតែខ្លាំងដូចគ្នា តែអ្នកដែលវង្វេងខ្លួនឯង គឺជាមនុស្សខ្សោយ និងត្រូវអ្នកដទៃបោកប្រាស់ រហូតក្លាយទៅជាទាសករ

លុយចំណេះគតិបណ្ឌិតឧត្តគតិ



លុយនិងចំណេះដឹង បើវាបានក្លាយទៅជាចៅហ្វាយនាយរបស់មនុស្សហើយ គឺមនុស្សនឹងលែងស្គាល់តម្លៃពិតរបស់មនុស្ស។ លុយគឺជាអំណាច។ លុយអាចទិញខួរក្បាលមនុស្សដែលមានគតិបណ្ឌិតបាន តែលុយមិនអាចទិញឧត្តមគតិមនុស្សបានទេ។

គតិបណ្ឌិតអាចលក់ដូរបាន នៅពេលមនុស្សខ្វះគោលការណ៍ត្រឹមត្រូវ តែឧត្តមគតិទិញលក់ពុំបានទេ។ ដូច្នេះមិនមែនខួរក្បាលដែលមានគតិបណ្ឌិតទេដែលមានតម្លៃ តែឧត្តមគតិទៅវិញទេដែលកាត់ថ្លៃពុំបាន។ ចំណេះដឹងគឺជាអំណាចក្លែងក្លាយ។ អំណាចពិតប្រាកដនៃចំណេះដឹង គឺការយកចំណេះដឹងទៅអនុវត្តជាក់ស្តែងប្រកបដោយភាពជោគជ័យ។ ការចេះគឺជាព័ត៌មាន តែ ការដឹងគឺបានមកពីការពិសោធ។

លុយគឺជាអ្នកបែងចែកឱ្យមានអ្នកមាននិងអ្នកក្រ ហើយចំណេះដឹងបានបែងចែកឱ្យមានអ្នកល្ងង់និងអ្នកចេះ។ ពេលខ្លះ ខ្ញុំមានការអាណិតអាសូរចំពោះអ្នកមានលុយខ្លះដែលមើលងាយអ្នកក្រ។ ពេលខ្លះទៀត ខ្ញុំអាណិតអាសូរចំពោះអ្នកចេះខ្លះដែលមើលងាយអ្នកល្ងង់។ មនុស្សពីរប្រភេទនេះ មិនទាន់ដឹងខ្លួននៅឡើយទេថា ខ្លួនគឺជាខ្ញុំកញ្ជះឬជាខ្ញុំបម្រើដាច់ថ្លៃរបស់លុយនិងចំណេះដឹងតម្លៃរបស់មនុស្សស្ថិតនៅលើសេចក្តីល្អ ហើយមនុស្សល្អពិតប្រាកដ គឺជាបុគ្គលដែលទទួលស្គាល់ថាអ្នកដទៃក៏មានតម្លៃដូចខ្លួនដែរ

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

គ្មានឆន្ទៈរៀន



ការដឹងខ្លួនឯងល្ងង់ពុំមែនជារឿងគួរឱ្យខ្មាសអៀនទេ តែការគ្មានឆន្ទៈរៀនទៅវិញទេ ទើបជារឿងដែលអាម៉ាស់បំផុត

សុភាសិតខ្មែរពោលថា មនុស្សទាបរែងធ្វើខ្ពស់ ក្រទុរយសរែងអួតធន ខ្លាចរែងធ្វើហ៊ាន គ្មានប្រាជ្ញារែងអួតចេះ។ ការដឹងខ្លួនឯងមិនឆ្លាតជារឿងប្រសើរ តែបើច្រឡំថាខ្លួនឯងចេះជារឿងល្ងង់ខ្លៅ។ ការដឹងថាខ្លួនល្ងង់គឺរឿងល្អ តែបើមិនប្រឹងរៀនឱ្យចេះ នោះគឺជាភាពខ្ជិលច្រអូស។ ភាពពូកែ ឬជោគជ័យ បានមកពីភាពឆ្លាតមួយភាគរយ (១%) តែបានមកពីការខិតខំតស៊ូប្រឹងប្រែងកៅសិបប្រាំបួនភាគរយ (៩៩%)។

ចំណេះដឹងសុទ្ធតែអាចរៀនបាន និងសិក្សាឱ្យចេះបានដូចៗគ្នា តែបញ្ហាត្រង់ថាអ្នកខ្លះពុំមានឱកាសទទួលបានការអប់រំដូចគ្នាប៉ុណ្ណោះ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវចេះព្យាយាមស្វ័យសិក្សាដោយខ្លួនឯង ពីព្រោះនេះជាភាពជូរចត់នៃការអប់រំ។ និយាយដដែល និយាយម្តងទៀត អ្នករៀន ត្រូវតែហ៊ានឈឺចាប់។ សុខចិត្តឈឺចាប់ក្នុងរយៈពេលខ្លី ប្រសើរជាងឈឺចាប់ក្នុងរយៈពេលវែង៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Monday, October 21, 2019

មនុស្សប្រុសឆ្លាតរើសប្រពន្ធល្អ



មនុស្សប្រុសដែលស្រឡាញ់ស្រីរកតែស្អាត ភាគច្រើនគឺជាព្រាននារី ។ មនុស្សប្រុសដែលចង់បានប្រពន្ធស្អាត ដើម្បីឱ្យញាតិសរសើរ ភាគច្រើនជាមនុស្សខ្សោយប្រាជ្ញា ។ មនុស្សប្រុសដែលស្រឡាញ់ស្រីរកអ្នកមាន ភាគច្រើនជាមនុស្សប្រុសទន់ជ្រាយ ។ មនុស្សប្រុសដែលស្រឡាញ់រកនារីល្អ ទើបជាមនុស្សប្រុសពេញលក្ខណៈ ។

ដ្បិតក្ដីស្រឡាញ់គឺមិនអាចកំណត់ថាស្រឡាញ់អ្នកណាក៏បាន ប៉ុន្ដែក្ដីស្រឡាញ់ដែលពុំបំពាក់នូវការពិចារណា គឺជាក្ដីស្រឡាញ់ដ៏ល្ងិតល្ងង់។ មិនថាខ្ញុំ មិនថាគេ សម្រាប់ភាពជាមនុស្សប្រុស គឺសុទ្ធតែចង់បានប្រពន្ធស្អាត ។ ប៉ុន្ដែប្រសិនបើគ្រាន់ចង់បានស្រីស្អាតមកធ្វើជាប្រពន្ធនោះ វាពុំមែនជារឿងពិបាកទេ អ្វីដែលពិបាកនោះគឺរកប្រពន្ធល្អម្នាក់ ដែលព្រមហែលឆ្លងព្យុះភ្លៀងជីវិត ឆ្លងកាត់លំបាកស្រណុកជាមួយគ្នា កម្សត់កម្រជាមួយគ្នា ទើបពិបាករក ។ ដ្បិតស្រីស្អាតមានច្រើន ហើយមនុស្សស្រីខ្លះយើងមិនអាចវាយតម្លៃត្រឹមសម្បកក្រៅបាន ។

ប្រពន្ធស្អាតគ្រាន់តែល្អមើល ប្រពន្ធល្អទើបអាចជួយដល់ប្ដីបាន ។ គេតែងតែនិយាយថា " នៅពីក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺមិនអាចខ្វះមនុស្សស្រីល្អម្នាក់បានទេ " ។ មនុស្សប្រុសមានសំណាង មិនមែនបានប្រពន្ធស្អាត ឬបានប្រពន្ធជាអ្នកមាននោះទេ តែគឺមនុស្សប្រុសដែលមានក្រសែភ្នែកសំណាង សម្លឹងចំនារីល្អ ។ នារីល្អ គង់នឹងក្លាយជាទីប្រឹក្សាផង ជាម្ដាយដ៏ល្អផង ជាអ្នកកិត្តិយសគ្រួសារផង ជាអត្ថន័យជីវិតរបស់ស្វាមីផង ។

អតីតប្រធានាធិបតីអាមេរិក " អាប្រាហាម លីន ខូន " ពោលថា " ជីវិតប្ដីប្រពន្ធ គឺប្រៀបដូចគោរពីរក្បាល អូសរទេះតែមួយ " ។ ប្ដីប្រពន្ធ បើមួយខ្សោយ មួយទៀតត្រូវចេះយោង ។ មួយអន់ មួយភ្លឺ ។ គឺមានន័យថា គោរពីក្បាលដែលអូសរទេសជាមួយគ្នា ត្រូវតែសាមគ្គីគ្នា ។ វាពុំមានរឿងចាញ់ឈ្នះឡើយ សម្រាប់គោរពីរក្បាលដែលកំពុងអូសរទេះតែមួយ ព្រោះបើបែកបាក់សាមគ្គី នឹងធ្វើឲ្យរទេះគ្រួសារមិនអាចធ្វើដំណើរទៅមុខប្រកបដោយសេចក្ដីសុខបានឡើយ ។ មនុស្សស្រី គឺជាចំណុចសំខាន់នៃការផ្លាស់ប្ដូររបស់មនុស្សប្រុស ។ ប៉ុន្ដែក៏មានកាលៈទេសៈខ្លះ មនុស្សប្រុសត្រូវចេះយោងភរិយាខ្លួនដែរ ។

ពាក្យបុរាណខ្មែរតែងប្រដៅថា " ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅ ឱ្យមើលផៅសន្ដាន " ។ ន័យនេះចង់បង្ហាញថា ត្រូវប្រើក្រសែភ្នែកឱ្យបានត្រឹមត្រូវ សម្លឹងឱ្យចំមនុស្សល្អ ។ ប្ដីល្អខំប្រឹងធ្វើការ ឯភរិយាល្អត្រូវចេះទុកដាក់ ។ មានប្រពន្ធពូកែទុកដាក់ទោះបីជាក្រ ក៏គ្មានអ្វីត្រូវព្រួយ អាចមានសំណាងទទួលបានមនុស្សស្រីល្អម្នាក់ ទោះបីជាក្រក៏គង់តែចេះប្រឹង ។ ប៉ុន្ដែបើបានប្រពន្ធ កញ្ជើធ្លុះ នោះទើបជារឿងឈឺចាប់ខ្លោចផ្សាមួយរបស់មនុស្សប្រុស ។

សុភាសិតចិន មួយឃ្លាបានបង្រៀនថា " របស់ទិព្វក្នុងលោក វាមិនឋិតលើសំបកទេ " មនុស្សស្រីល្អ អាចមិនមែនជាស្រីស្អាត ប៉ុន្ដែបើនាងស្អាតចរិយា នាងនឹងស្អាតពេញមួយជីវិតរបស់នាង ។ បានប្រពន្ធស្អាត ញាតិសរសើរតែមួយពេល តែបើបានប្រពន្ធល្អ អ្នកនឹងមានសំណាងមួយជីវិត ។ ប្រពន្ធស្អាតគ្រាន់តែល្អមើល ប្រពន្ធល្អទើបជាកំណប់ទ្រព្យដ៏មានតម្លៃ

Cr. Sun Veasna