ក្នុងវេលាដែលខ្ញុំស្មឹងស្មាធិ៍សមាធិមើលសុរិយារៀបអស្តង្គតម្នាក់ឯង
ខ្ញុំចេះតែនឹកឃើញនូវរឿងជីវិតជាច្រើនដែលខ្ញុំពីមុន
និងមនុស្សដែលខ្ញុំស្គាល់បានយល់ខុសជាបន្តបន្ទាប់។ ការយល់ខុស
វាគឺជាបុព្វហេតុដែលធ្វើឱ្យជីវិតយើងរាល់គ្នាក្លាយទៅជាកើតទុក្ខ។
អ្នកខ្លះយល់សើរៗថា “ជីវិត គឺជាទុក្ខ” តែបើពិចារណាឱ្យស៊ីជម្រៅមែនទែនទៅ
“ជីវិត វាគឺជាទុក្ខ” តែក្នុងលក្ខខណ្ឌដែលមនុស្សរស់នៅអវិជ្ជាប៉ុណ្ណោះ”។
អវិជ្ជា
វាធ្វើឱ្យគ្រប់យ៉ាងងងឹតសូន្យឈឹង។ ជីវិតនឹងក្លាយទៅជាលែងមានទុក្ខទៀតហើយ
បើយើងម្នាក់ៗមានវិជ្ជា
មានបញ្ញាចាក់ធ្លុះយល់ដឹងច្បាស់ពីធម្មជាតិនៃជីវិត។
ជីវិតតែងមានលំហូររបស់ជីវិត។ តើវិជ្ជាធ្វើឱ្យជីវិតលែងទុក្ខទៀតហើយ
មែនទេ?
វិជ្ជា វាគ្រាន់តែជាទូកចម្លងមនុស្សឱ្យបានដល់ចិត្តរួចរំដោះផុតស្រលះចាកសេចក្តីសៅហ្មង
(វិមុត្តចិត្ត) ប៉ុណ្ណោះ។ យើងមិនអាចកើតចិត្តជាប់ជំពាក់នឹងទូក
ដោយមិនព្រមដើរឱ្យដល់ត្រើយទេ។ យើងនឹងនៅជាមួយទូករហូត
ដោយពុំបានដើរឡើងត្រើយ។ យើងមិនអាចឱបក្រសោបចំណេះដឹង ដោយមិនដើរឱ្យផុតដល់ចិត្តរួចរំដោះនោះទេ។
ផ្ទុយទៅវិញ បើបុគ្គលនៅជាប់ជំពាក់នឹងវិជ្ជានេះ
គឺនឹងត្រូវជាប់ជំពាក់ចិត្តដោយសារតែវិជ្ជានេះទៀត។
ការដើរឱ្យផុតចេញដល់ជីវិតដែលរួចរំដោះ
ឬក្លាយទៅជាបុគ្គលមានធាតុព្រះក្នុងខ្លួន (God-man) គឺមិនត្រូវជាប់ជំពាក់នឹងចំណេះដឹងថ្នាក់ខួរក្បាល ឬបញ្ញា
ឬវិជ្ជានេះទេ។
ដោយអំណាចនៃវិជ្ជា
វាបានធ្វើឱ្យមនុស្សមានអំនួត
យល់ថាគ្រប់យ៉ាងសុទ្ធតែស្ថិតក្នុងអំណាចនៃការគ្រប់គ្រងរបស់ខ្លួនទាំងអស់។
អំណាចនៃវិជ្ជា វាពិតជាអស្ចារ្យខ្លាំងមែន
តែមិនហួសរឿងច្បាប់ធម្មជាតិទេ ដ្បិតបើទោះបីជាយើងខ្លាំងយ៉ាងណា
ក៏ពុំអាចប្រឆាំងនឹងច្បាប់ធម្មជាតិបានឡើយ។ ពាក្យខ្មែរលោកថា “កុំយកពងមាន់ទៅជល់នឹងថ្ម”។
នៅពេលណាដែលយើងយល់ច្បាស់ពីក្រឹត្យក្រមរបស់ធម្មជាតិ យើងនឹងដឹងថា “មនុស្សអាចប្រឆាំងឈ្នះធម្មជាតិក្នុងរឿងខ្លះ” រីឯរឿងខ្លះទៀត “មនុស្សមិនអាចប្រឆាំងឈ្នះធម្មជាតិបានឡើយ”។ ច្បាប់ធម្មជាតិ គឺជាច្បាប់សុក្រឹត្យបំផុត
ហើយវាមិនលើកលែងដល់បុគ្គលណាទាំងអស់។ ឧទាហរណ៍ ច្បាប់ទំនាញផែនដី (The
Law of Gravity) ដែលរកឃើញដោយ អ៊ៃសាក់ ញូវតុន (Isaac
Newton), អ្នកណាដែលដើរផុតស្ពាន
គឺត្រូវតែធ្លាក់ចុះក្រោម ដ្បិតមិនថាស្តេច ឬរាស្រ្ត ឬសត្វនោះទេ។
ត្រឡប់មកវេលានៃការស្មឹងស្មាធិ៍របស់ខ្ញុំជាមួយព្រះសុរិយារៀបអស្តង្គតវិញ។
ខ្ញុំចេះតែស្រមៃថាបើពេលនេះមានមនុស្សណាម្នាក់ដែលខ្ញុំស្រឡាញ់បានមកអង្គុយមើលសុរិយារៀបអស្តង្គតជាមួយខ្ញុំ
មិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំស្រមៃបន្តទៀតថា “ចុះបើពេលនេះ មនុស្សដែលខ្ញុំស្រឡាញ់កំពុងតែធ្វើដំណើរមកអង្គុយមើលសុរិយារៀបអស្តង្គតជាមួយខ្ញុំ
តើខ្ញុំអាចសុំ/ហាមឃាត់/រារាំងមិនឱ្យសុរិយាបន្តដំណើររៀបអស្តង្គតបានទេ
ហើយចាំមនុស្សដែលខ្ញុំស្រឡាញ់មកដល់សិន ចាំទៅលិចមុខទៀត?” ការស្រមៃចេះតែបន្តដោយពិនិត្យចិត្តខ្លួនឯងរហូត “ខ្ញុំហាក់បីដូចជាមានអារម្មណ៍ឈឺចាប់
ដ្បិតសុរិយានឹងអស្តង្គតបាត់ហើយ ហើយមនុស្សដែលខ្ញុំស្រឡាញ់
ប្រាកដជាមកដល់ពុំទាន់ទេ”។ ដំណាក់កាលនេះ
ការឈឺចាប់ និងទុក្ខសោក វានឹងកើតឡើង ដ្បិតសុរិយាមិនយោគយល់ដល់ខ្ញុំ
ហើយសុរិយាមិនធ្វើតាមចិត្តដែលខ្ញុំចង់បានទេ។ ការឈឺចាប់
ការសោកសង្រែង និងទុក្ខចេះតែកកើនថាមពលកើតក្នុងចិត្តខ្ញុំ
រហូតដល់ពូនគ្នាធំវាយប្រហារអារម្មណ៍ខ្ញុំ។
សុភាសិតខ្មែរពោលថា “បង់បោយ មិនមើលប្រាណ ដាំជើងក្រាន មិនប្រមាណឆ្នាំង”។
មនុស្សដែលមានវិជ្ជា ស្គាល់ច្បាប់ធម្មជាតិ
បេះដូងលត់ដុំបានត្រឹមត្រូវ គឺដឹងថារឿងខ្លះអាចឈ្នះធម្មជាតិបាន
តែរឿងខ្លះមិនអាចយកឈ្នះធម្មជាតិបានទេ។ នៅក្នុងគម្ពីរ “ភគវទ្គីតា - The Bhagavad Gita” របស់ហិណ្ឌូសាសនា
បានសរសេរដាក់ចំណងជើងថា “The Bhagavad Gita” ហើយបន្ថែមពាក្យ
“As It Is” ដែលមានន័យថា “មើលអ្វីៗក្នុងសភាពធម្មជាតិរបស់វា” តែមិនមែនមើលអ្វីតាមចិត្តដែលយើងជាមនុស្សចង់បានដោយអវិជ្ជានោះទេ។
ធម្មជាតិរបស់ទឹក វាមានលក្ខណៈត្រជាក់ត្រជុំ
តែចិត្តអ្នកខ្លះចង់ឱ្យទឹកក្តៅ។ ធម្មជាតិរបស់ភ្លើង វាក្តៅ
តែអ្នកខ្លះចង់ឱ្យវាត្រជាក់។ ធម្មជាតិរបស់ពស់ខ្លះ វាមានពិស
តែយើងចេះតែខឹងនឹងវាដែលមកចឹកយើង។ នេះជាច្បាប់ធម្មជាតិសុទ្ធសាធ។
បើសិក្សាក្នុងគម្ពីរ “តៅ តេ ជីញ - Tao Te Ching” របស់អ្នកប្រាជ្ញចិនឡៅ
ជឺ ដែលជាបុគ្គលយល់ដឹងពីដំណើរធម្មជាតិច្បាស់ បានអះអាងថា “គ្រប់យ៉ាងសុទ្ធតែជាគូ និងមានលក្ខណៈផ្ទុយគ្នា ដូចជាមានសត្រូវមានខ្មៅ,
មានល្អត្រូវមានអាក្រក់, មានវែងត្រូវមានខ្លី,
ឬនិយាយដោយខ្លី អ្វីៗត្រូវតែមានលក្ខណៈផ្ទុយ
ឬនិយាយដោយខ្លីក្នុងន័យខ្មែរយើងគឺលក្ខណៈ “សម្លកកូរ”។ តើយើងជាមនុស្សនៅចង់ប្រឆាំងនឹងរឿងដែលមិនអាចប្រឆាំងឈ្នះដល់ពេលណាទៀត?
បើឆ្លុះបញ្ចាំងមកជីវិតមនុស្សយើងម្នាក់ៗ ខ្ញុំមើលឃើញថា “អ្នកខ្លះប្រឹងធ្វើរឿងខ្លះដែលមិនអាចទៅរួចទាល់តែសោះ”។ នេះហៅថា “ខ្លួនទាបប្រឹងតោង
ដៃខ្លីប្រឹងឈោងប្រវាអោបភ្នំ”។
ចំពោះខ្ញុំផ្ទាល់ ខ្ញុំជឿជាក់ថាមនុស្សមានអំណាចខ្លាំងអស្ចារ្យ
អាចកែប្រែវាសនាខ្លួនឯងបាន, អាចឈ្នះការលិខិតរបស់ព្រះព្រហ្ម,
អាចបង្កើតកម្មលិខិតប្រឆាំងទ្រឹស្តីព្រះពុទ្ធ
និងអាចធ្វើអ្វីៗបានដោយអំណាចនៃកំណើតជាមនុស្សនេះ។
ប៉ុន្តែត្រូវចាំថា “មានភ្លើង
ទើបមានផ្សែង”។ ឬក្នុងន័យម៉្យាងទៀតថា “ចេះបង្កើតហេតុខាងដើម ដើម្បីប្រមូលផលខាងចុង (ប្រើច្បាប់កម្មផល និងច្បាប់ហេតុផល)”។
យើងត្រូវដឹងពីរបៀបផ្តាច់កម្មអាក្រក់, ចេះពីរបៀបគេចពីកម្មដែលចងពៀរ, ហើយនិងយល់ដឹងច្បាប់ធម្មជាតិឱ្យច្បាស់លាស់។
បើចង់បានអ្វី ចូរប្រឹងប្រែងធ្វើឱ្យអស់ពីលទ្ធភាពទៅ
តែបើធ្វើមិនបានដូចចិត្តប្រាថ្នាទេ ក៏កុំកើតទុក្ខមិនសុខចិត្តនោះឡើយ
ដ្បិតយើងត្រូវចេះព្រលែងបណ្តោយរឿងដែលមិនអាចទៅរួចចោលខ្លះ ដោយកុំមានចិត្តប្រកាន់ខ្ជាប់ហួសហេតុពេក
(Let it go)។ រឿងក្នុងជីវិតខ្លះ
ពេលខ្លះត្រូវបរាជ័យរហូតដល់ ១០០ដង ទើបអាចសម្រេចជោគជ័យបានម្តង។
បើមិនបានព្យាយាមទេ បើមិនបានប្រឹងទេ
បើមិនធ្លាប់បរាជ័យលើរឿងដដែលៗ១០០ដង ចូរកុំខកចិត្ត អាក់អន់ស្រពន់ចិត្ត
ដោយសារតែវាមិនបានដូចចិត្តឱ្យសោះ។ យើងត្រូវប្រឹង មិនថារឿងជីវិត
ការងារ ការសិក្សា និងជាពិសេសស្នេហា។ រស់នៅឱ្យស្រួលបួល
ធ្វើជាមនុស្សល្អ មានសីល មានធម៌ក្នុងខ្លួន ដ្បិតបើក្រ
ក៏នៅតែមានដែរ (Inner Rich) ហើយបើឃ្លាន
ក៏គង់តែឆ្អែតដែរ គឺឆ្អែតដោយអំណាចនៃសេចក្តីល្អ សុចរិតភាព
មិនបន្តលោភលន់ហួស ចេះដើរ ចេះថយ ចេះឈប់ ចេះប្រឹង ចេះព្រលែងចោល៕