Wednesday, June 12, 2019

តូចតឿ ខាងសាមគ្គី



នៅពេលដែលយុវជនមានបំណងចង់ជំរុញជាតិឲ្យខ្លាំង យុវជនខ្លួនឯងត្រូវជំរុញការអប់រំរបស់ខ្លួនឯងជាមុនសិន។ តើអ្វីទៅជាការការអប់រំខ្លួនឯង? អ្នកខ្លះប្រឹងរៀនជំនាញបង្កើតលុយ ដើម្បីកុំឲ្យក្រ។ អ្នកខ្លះប្រឹងអានសៀវភៅ ដើម្បីកុំឲ្យអវិជ្ជា។ អ្នកខ្លះពុំប្រឹងប្រែងធ្វើអ្វីសោះ ប៉ុន្តែពឹងលើវាសនា។ វាសនាជាតិ និងវាសនាពីបុព្វេ។ លើសពីនេះទៅទៀត អ្នកខ្លះក៏រង់ចាំការដឹកនាំពីក្បាលជាតិ (មេដឹកនាំ)។ ប៉ុន្តែពេលខ្លះបែរជាចន្លោះគំនិតមួយ គឺជាគំនិតនៃភាពសាមគ្គី ឬគំនិតចាប់ដៃគ្នាធ្វើការ។ មែនទែនទៅអ្នកខ្លះនិយាយចំថា ចរិតខ្មែរអ៊ីចេះ ចរិតខ្មែរអ៊ីចុះ អន់នេះ អន់នោះ ទាំងដែលបរទេសខ្លះកំពុងតែរៀនសូត្រពីខ្មែរ។ ប្រវត្តិសាស្រ្តមានស្រាប់ ប៉ុន្តែបែរជាពេលខ្លះយើងពុំចាប់ភ្លឹក យើងចេះតែរឿងដែលបែកខ្នែង។

នៅពេលដែលទាប ពេលខ្លះគេអាចជាន់ពន្លិចថែម។ នៅពេលយើងខ្លាំងពិតប្រាកដ គេអាចរត់មកដើម្បីសុំជំនួយពីយើង។ ប៉ុន្តែនិយាយបែបម្យ៉ាងក្នុងលក្ខខណ្ឌយុទ្ធសាស្រ្តវិញ ពុំសំដៅថាអ្នកណា ធំជាងអ្នកណានោះទេ សំខាន់ឲ្យតែមានខួរក្បាលយុទ្ធសាស្រ្ត អ្នកនោះគឺមានប្រៀបជាង។ បានន័យថា ត្រូវពឹងលើយុទ្ធសាស្រ្ត ឬបែបយុទ្ធសាស្រ្តការទូត។ ការរៀបចំជាតិ អ្នកណាក៏មានតួនាទី សំខាន់ត្រង់ថាអ្នកណាចេញមុខមុន និងអ្នកណាចេញក្រោយតែប៉ុណ្ណោះ។ ប្រសិនជាជាតិមួយ ពុំត្រូវបានអ្នកណាឈ្លាន បងប្អូនខ្លះចង់ដេកបណ្ដែតបណ្ដាយក៏វាគ្មានរឿងអ្វីកើតឡើងឡើយ ក៏ប៉ុន្តែបើដកស្របពេលគេជាន់ យើងប្រាកដជាស្លាប់។ តាំងពីណា ពីណីមក ការដឹកនាំតែងតែមានចន្លោះប្រហោង ដ្បិតអ្វីអ្នកណាក៏ពុំអាចគេចរវៀសផុត ប៉ុន្តែអ្នកដឹកនាំគេចៀសណាស់ គឺចៀសឲ្យមានកំហុសតិចតួចបំផុត។ បើចំពោះមេដឹកនាំវិញ កំហុសដ៏ធំបំផុត គឺពុំអាចមានលទ្ធភាពបង្រៀនឲ្យមនុស្សចេះស្រឡាញ់គ្នា ពុំបង្រៀនឲ្យមនុស្សចេះសាមគ្គីគ្នា។ ឬក៏សាមគ្គីដែរ ប៉ុន្តែគ្នាឯង ទៅបំផ្លាញគ្នាគេ ដែលជាសាសន៍ខ្លួនឯង។

រឿងហេតុខ្លះ ពុំអាចចោទតែម្ខាងៗទេ តើត្រូវចោទនរណា? ក្នុងសង្គមតែងមានក្ដៅ និងមានត្រជាក់។ ឬក៏តែងមានភ្លើង និងមានទឹក។ រឿងដែលសំខាន់ គឺត្រូវប្រើទឹកនៅពេលណា និងត្រូវប្រើភ្លើងនៅពេលណា? ភ្លើងប្រើសម្រាប់ពន្លត់អវិជ្ជាសង្គម ពន្លត់សេចក្ដីភ័យខ្លាច ដើម្បីប្រយុទ្ធ។ ចំណែកទឹក ប្រើដើម្បីប្រមូលអ្នកដែលមានសមត្ថភាព។ ទាំងទឹក ទាំងភ្លើង គឺជាចរន្តនៃការចងសង្គមមកវិញ។ លក្ខខណ្ឌតែមួយ គឺតើមេដឹកនាំរូបនោះ ចេះប្រើឬមួយក៏អត់?

ប្រទេសខ្លាំងនៅអាស៊ីខ្លះ គេតូចតឿផ្នែកកិច្ចការនយោបាយការបទេសពិតមែន ប៉ុន្តែបងប្អូនគេខ្លាំងណាស់។ តើខ្លាំងអ្វី? ក្នុងប្រទេសជប៉ុនគេជឿថា បើសិនជាគេមានមាឌតូច ទឹកដីតូច ចិត្តគំនិត គេត្រូវតែធំជាងមនុស្សធម្មតា។ ក្នុងបរិបទអឺរ៉ុបខ្ញុំសន្មតដោយខ្លួនឯងថា មាឌគេក៏ធំ គំនិតគេក៏ត្រូវធំ។ គំនិតធំ ត្រូវដុះពន្លកចេញពីការសាមគ្គីផ្ទៃក្នុង គ្មានទំនាស់ពូជសាសន៍ឯង។ នេះគឺជាភាពខ្លាំង ដែលមនុស្សទូទៅ ប្រទេសទូទៅពុំងាយមាន។ ពឹងលើយុទ្ធសាស្រ្តមួយចំហៀង ពឹងលើការពួតដៃថែមមួយចំហៀងទៀត ដូច្នេះបានមួយតួ។

អ្នកនិពន្ធជនជាតិ បារាំង លោក អង់ឌ្រេ ហ្គាយ (André Paul Guillaume Gide) និយាយមួយឃ្លាក្នុងន័យថា សង្គមដែលអាចស្គាល់ភាពថ្កុំថ្កើងបាន គឺត្រូវដឹងអំពីការសម្លាប់មនុស្ស និងដឹងអំពីវិធីសាស្រ្តដ៏ឆ្លាតវៃជាជាងការស្លាប់។ បានន័យថា ក្នុងសង្គមដែលខ្លាំងពិតប្រាកដគេដឹងអំពីផ្លូវដើរដើម្បីភាពរីកចម្រើន ដ្បិតគ្រប់យ៉ាងយើងគឺជាអ្នកបង្កើតផ្លូវសម្រាប់ខ្លួនឯងទាំងអស់។ ក្នុងបរិបទសង្គមបច្ចុប្បន្ន រឿងដែលត្រូវយល់ដឹងបំផុតក្នុងស្ថានភាពនេះ គឺត្រូវចេះពន្លូតសាមគ្គី។ ពុំទាន់ចាំបាច់រកផ្លូវឈ្នះបរទេសសិនក៏បាន យកឈ្នះលើខ្លួនឯង ដើម្បីភាពសាមគ្គីសិន៕

Society knows perfectly well how to kill a man and has methods more subtle than death.- André Paul Guillaume Gide

«មានគំនិត ទើបមានកំណើត» «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»



ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗត្រូវខិតខំខ្លាំងណាស់ ដើម្បីចង់មានចង់បានរស់នៅដូចគេដូចឯង។ ជាទូទៅកម្រឃើញនរណាម្នាក់ដែលមិនខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យណាស់។ មនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមអ្វីមួយពីការមានគំនិតជាមុនសិន។

ដូចពាក្យចាស់ពោលថា៖ «មានគំនិត ទើបមានកំណើត»។ ប៉ុន្តែមានតែគំនិតក៏គ្មានប្រយោជន៍ដែរ ប្រសិនបើមិនយកគំនិតនោះទៅអនុវត្ត។ មានមនុស្សជាច្រើនមានគំនិតល្អៗ ចង់ធ្វើហើយ តែពួកគេចូលចិត្តកុហក់ខ្លួនឯង ចូលចិត្តពន្យាពេល មិនព្រមចាប់ផ្ដើម។ ការកុហក់ខ្លួនឯង ឬពន្យាពេលរារាំងអ្នកមិនឲ្យជោគជ័យ ឬធ្វើឲ្យអ្នកដើរយឺតជាងមនុស្សដែលមានសកម្មភាពធ្វើ។ ជួនកាលការពន្យាពេលរបស់អ្នកអាចធ្វើឲ្យខូចការធំក៏ថាបាន។ ដូចពាក្យមួយឃ្លារបស់ ឡៅ ជឺ ទស្សនវិទូចិន ដែលលោកបានពោលថា៖ «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»

ពាក្យមួយឃ្លានេះ សបញ្ជាក់យ៉ាងច្បាស់ថា ទោះបីអ្នកមានគំនិតមកពីទេវតា ព្រះឥន្ទ​ ព្រះព្រហ្មក៏ដោយ បើមិនព្រមយកគំនិតនោះទៅធ្វើទេ កុំស្រមៃថានឹងជោគជ័យ ឬសូម្បីតែបរាជ័យក៏មិនដឹងផង។ ដូចនេះ បើអ្នកមានគំនិតធ្វើអ្វីមួយហើយ ហើយអ្នកគិតថាគំនិតនោះល្អ អ្នកត្រូវហ៊ានឈានជើងជំហានទី១ របស់អ្នកសាកល្បងធ្វើវា​ ហើយបន្តរហូតដល់អ្នកដើរដល់គោលដៅនោះ។

កុំចាំទាល់តែគំនិតនោះល្អឥតខ្ចោះ ទាល់តែអ្នកមានសមត្ថភាពពេញលេញ ទាល់តែមានលុយគ្រប់ ទាល់តែអ៊ីចេះទាល់តែអ៊ីចុះ ទើបធ្វើវា។ ការគិតបែបនេះគឺជាលេសដែលទាក់ជើងទាញដៃអ្នកមិនឲ្យធ្វើហ៊ាន ជាមនុស្សកំសាកប៉ុណ្ណោះ។ បើអ្នកនៅតែគិតបែបនេះ អ្នកនឹងគ្មានថ្ងៃរកឃើញគំនិតឥតខ្ចោះ ឬមានអ្វីគ្រប់យ៉ាងនោះទេ។ លើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើឈានជើងដើរសិន បន្ទាប់មកចាំស្វែងរកវិធីសាស្ត្រតាមក្រោយទៀត។ ធ្វើវាសិនចាំរៀនសូត្រតាមក្រោយ ខ្វះអ្វីចាំរកតាមក្រោយ។ មិនថាការសិក្សារៀនសូត្រ ការធ្វើកិច្ចការងារ ការបើកអាជីវកម្ម ឬធ្វើអ្វីក៏ដោយ ប្រសិនបើមិនព្រមធ្វើនោះទេ អ្នកនៅតែប៉ុណ្ណឹង។

អ្នកត្រូវចាំថា ប្រសិនបើចង់ធ្វើអ្វីមួយដោយភាពប្រាកដប្រជាហើយ ចាប់ផ្ដើមធ្វើវា កុំរង់ចាំពេលដែលល្អឥតខ្ចោះ ពីព្រោះគ្មានទេរបស់ល្អឥតខ្ចោះលើលោកនេះ មានតែការសាកល្បង ការធ្វើតែប៉ុណ្ណោះដែលអាចកំណត់បាន។ ពាក្យស្លោកខ្មែរ៖ «ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត»


Cr. លង់ វណ្ណៈ 

Tuesday, June 11, 2019

ចេះឲ្យតម្លៃ...!



នៅពេលដែលយើងបាំងឆត្រដើរកាត់ភ្លៀង ពេលខ្លះយើងស្រមៃចង់បានអាវភ្លៀង ហើយពេលខ្លះទៀតបានពាក់អាវភ្លៀងហើយ ក៏ស្រមៃថាបើជិះឡានគឺល្អជាង ប៉ុន្ដែយើងភ្លេចខ្លួនថា ខណៈពេលដែលយើងកំពុងតែស្រមៃ យើងបានទទួលជ្រកភ្លៀងពីឆត្រ ។ ដោយសារតែចិត្ដចង់បានអាវភ្លៀងនិងចង់ជិះឡានទៅវិញទេ ដែលវាធ្វើឲ្យយើងមិនសប្បាយចិត្ដចំពោះឆត្រដែលនៅនឹងដៃ ប៉ុន្ដែរបស់ដែលយើងស្រមៃចង់បានទាំងនោះ វាមិនបានមកបាំងភ្លៀងឲ្យយើងទេ គឺឆត្រដែលនៅនឹងដៃយើងនេះហើយ ដែលកំពុកបាំងភ្លៀងឲ្យយើង ។

មនុស្សយើង ពេលខ្លះដោយសារតែចង់បានរបស់ដែលនៅក្នុងក្ដីស្រមៃខ្លាំងពេក ក៏ធ្វើឲ្យរបស់ដែលនៅចំពោះមុខបាត់តម្លៃ ។ តាមពិតរបស់ដែលយើងមាន វាជាអ្នកបំពេញតម្រូវការឲ្យយើង ហើយរបស់ដែលយើងមិនមានទៅវិញទេ ដែលមិនបានជួយអ្វីសោះដល់យើង ម្លោះហើយយើងគួរតែចេះពេញចិត្តចំពោះអ្វីៗដែលយើងមាន ប្រសើរជាងកើតទុក្ខចំពោះរបស់ដែលនៅឆ្ងាយពីដៃ ។ លើលោកនេះមានរបស់ខ្លះបើបាត់ទៅហើយ មិនប្រាកដថារកឃើញវិញទេ ទោះទិញថ្មីក៏មិនប្រាកដថាដូចដើមវិញដែរ ក្ដីស្រឡាញ់គឺបែបនេះ រឿងរ៉ាវជីវិតក៏ដូចគ្នា....៕

Cr. ប្រាជ្ញាជីវិត

តើអ្នកណា គឺជាអ្នកលះបង់?



បុព្វហេតុក្នុងជីវិតខ្លះ គឺគ្មានលក្ខខណ្ឌនោះទេ។ នៅពេលដែលគេនិយាយអំពីការប្រឹងប្រែងក្នុងជីវិត អ្នកខ្លះឈឺចាប់សម្រក់ទឹកភ្នែក ចង់ឲ្យគេអាណិត។ ប៉ុន្តែនៅពេលដែលយើងប្រឹងដើម្បីបុព្វហេតុមួយពិតប្រាកដ យើងពុំត្រូវការនរណាមកអាណិតយើងនោះទេ ដ្បិតអី អ្វីដែលយើងកំពុងតែប្រឹងនេះ ក៏ព្រោះតែភាពអាណិតដែលយើងមានចំពោះអ្នកដទៃដែរ។ បើទំនួលខុសត្រូវ ក្នុងនាមជាម្ដាយ គឺមានតែប្រឹងហើយនិងអត់ធ្មត់។ បើទំនួលខុសត្រូវក្នុងនាមជាឪពុកវិញ ក៏គ្មានអ្វីក្រៅពីអត់ធ្មត់ ហើយនិងអត់ធ្មត់ដែរ។ នេះហើយ គឺជាជីវិត។

ថ្ងៃនេះ ខ្ញុំចេញដំណើរពីក្រុងបាត់ដំបង ឆ្ពោះមកទីក្រុងសៀមរាបវិញ។ ខ្ញុំបានស្ដាប់សម្ដីពីមនុស្សដែលមានការទទួលខុសត្រូវក្នុងនាមជាឪពុកគេម្នាក់ថា ក្ដៅខ្លាំងណាស់ក្មួយ ប៉ុន្តពូមិនហត់ទេ! ព្រោះពូត្រូវការប្រាក់ដើម្បីកូនស្រីពូរៀន។ ក្មួយអើយ! នេះហើយ គឺជាជីវិត។ ខ្ញុំស្រមៃក្នុងចិត្តថា តើមាននរណាខ្លះ ដែលប្រឹងដោយគ្មានសញ្ញាខណ្ឌបែបនេះបន្តទៀត? អតីតកាលដែលជូរជត់បំផុត វាពុំងាយនឹងអាចបំភ្លេចបាន ព្រោះថាវាល្វីង ហើយជូរចត់ខ្លាំងណាស់។ ខ្ញុំយល់ថា ខ្ញុំបានរៀនសូត្រពេលនេះ ពុំដឹងថាមាននរណាខ្លះ ធ្លាប់ប្រើពាក្យដែលពូម្នាក់នោះ និយាយខាងលើនោះឡើយព្រោះកាលពីខ្ញុំនៅជាកុមារភាពនៅឡើយ ខ្ញុំក៏ធ្លាប់ទទួលការលះបង់ដែលគ្មានសញ្ញាខណ្ឌមួយនេះដែរ។

ជួនកាលជីវិតយើងមានសារខ្លីមួយដដែលៗ។ តើដដែលយ៉ាងម៉េច? គឺត្រូវប្រឹងដដែល ឈឺចាប់ដដែល និងដើម្បីបុព្វហេតុមួយពិតប្រាកដដដែល។ ចំណែកអ្នកដែលមានការលះបង់ចំពោះយើង ក៏នូវតែមានស្នាមញញឹមដដែល។ ក្នុងឆាកជីវិតជាយុវជន ពាក្យថាទទួលយកក្ដីស្រឡាញ់ យើងសុទ្ធតែចង់បាន ប៉ុន្តែការទទួលយកក្ដីស្រឡាញ់ឲ្យស្របតាមកាលៈទេសៈវិញ គឺវាពិតជាពិបាកធ្វើខ្លាំងណាស់ (ទទួលហើយប្រឹង)។

ម្ចាស់ក្សត្រី លក្មីមីប៉ៃ Die or alive, My Country prevails រស់ ឬក៏ស្លាប់ ជាតិខ្ញុំត្រូវតែថ្កើង។ សម្ដីមួយឃ្លានេះ ក៏គ្មានសញ្ញាខណ្ឌ ឬប្រសិនបើមាន ក៏មានក្នុងន័យរីកចម្រើនដែរ។ ក្នុងស្មារតីជាតិ ត្រូវការយុវជនដែលមានស្មារតីយល់អំពីការលះបង់មួយពិតប្រាកដ ហើយក្នុងនាមជាយុវជនក៏ត្រូវហ៊ានលះបង់នៅថ្ងៃខាងមុខដូចគ្នាដែរ។ ជួនកាលក្នុងឆាកជីវិតខ្លីមួយនេះ យើងក៏ពុំត្រូវសម្លឹងរូបភាពសង្គម ក្នុងក្រសែភ្នែកអាក្រក់ទាំងស្រុងដែរ។ ការយល់ពីអ្នកលះបង់ពិតប្រាកដ គឺជាអ្វីដែលយុវជនរៀនសម្លឹង រៀនយល់ក្នុងគ្រានេះ ព្រោះមែនទែនទៅ ការឈឺចាប់ដែលតែងមានដដែលនិងដដែល បណ្ដាលមកពីយើងទាំងអស់គ្នា ពុំយល់ពីអ្នកដែលលះបង់ពិតប្រាកដ។ តើនរណាដែលលះបង់ដើម្បីយើងខ្លះ ក្នុងពេលនេះ?

Sunday, June 9, 2019

យុវជនឈឺ



ជំងឺជាច្រើន ត្រូវបានកើតឡើងជាបន្តបន្ទាប់គ្នា អស់ពីជំងឺមួយ ចូលដល់ជំងឺមួយទៀតបន្តបន្ទាប់គ្នាដោយឥតស្រាក់ស្រាន្តត្រាណឡើយ។ ដោយឡែកសម្រាប់យុវជនវិញ ជាមនុស្សដែលសម្បូរជំងឺប្រឈមជាងគេ ខ្លាំងក្លាជាងគេ ធ្ងន់ធ្ងរជាងគេ ព្រួយបារម្មណ៍ជាងគេ។

ឃ្លាមួយនៅក្នុងសៀវភៅប្រតិទិនទស្សនៈ៣៦៥ថ្ងៃ បានលើកឡើងថា «ស្រ្តីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើត និងចិញ្ចឹមកូនប្រុសអស់រយៈពេលរាប់ឆ្នាំ ប៉ុន្តែមាននារីវ័យក្មេងម្នាក់ចំណាយពេលត្រឹមតែ២០នាទី ក៏អាចធ្វើឲ្យកូនប្រុសគាត់វក់ឆ្កួតដោយសារតែស្នេហា» បានដែរ។ មែនទែនទៅ មនុស្សប្រុសខ្លះគឺដូច្នោះមែនពិត ម្ដាយខំប្រឹងប្រែងសព្វបែបយ៉ាងដើម្បីកូនប្រុស តែកូនប្រុសធ្វើសព្វបែបយ៉ាងដើម្បីស្រី ម្ដាយព្យាយាមគ្រប់យ៉ាងដើម្បីកូន តែកូនព្យាយាមគ្រប់យ៉ាងដើម្បីស្រី ម្ដាយនឹករលឹកកូនស្ទើរគ្រប់ពេល តែកូនវិញបែរជានឹកស្រីគ្រប់ពេលទៅវិញ។

ទឹកល្អក់ត្រូវការពេលវេលាសម្រាប់ឲ្យថ្លា យ៉ាងណាមិញ យុវជនដែលកំពុងតែមានជំងឺ ក៏ត្រូវការពេលវេលា និងឱសថ សម្រាប់ព្យាបាលជំងឺផងដែរ។ ក្នុងនាមជាយុវជនសម្រាប់ជាតិ យើងគួរកុំធ្វើជាមនុស្សរវល់ចង និងរវល់ស្រាយ។ បើយើងជាយុវជនរវល់តែចង និងរវល់ស្រាយ តើយើងមានពេលវេលាឯណា សម្រាប់ពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីស្នងជាតិ?

មួយឃ្លានៅក្នុងសៀវភៅ ប្រតិទិនទស្សនៈ២២២ថ្ងៃលើកឡើងថា «សង្គមដែលកំពុងតែមានជំងឺ មិនអាចយកយុវជនដែលឈឺ មកព្យាបាលឲ្យជាសះស្បើយបានឡើយ»។ តើយុវជនឈឺដោយសារតែជំងឺអ្វីខ្លះ?

Saturday, June 8, 2019

មានគ្រោះព្រោះមនុស្សល្អ



ការធ្វើខ្លួនជាមនុស្សល្អពេញលេញ វាមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ

មិត្តខ្លះបានសួរខ្ញុំថា តើខ្ញុំបានរៀនចប់ដល់ថ្នាក់ណា? ខ្ញុំតបវិញថា សូមកុំសួរខ្ញុំថាខ្ញុំរៀនដល់ណា ពីព្រោះបើទោះបីជាខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រ ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់អនុបណ្ឌិត ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ក៏ខ្ញុំនៅតែពុំចេះអ្វីទាំងអស់ដែរជីវិតមនុស្សយើង សំខាន់ឲ្យតែចេះធ្វើខ្លួនជាមនុស្សល្អហើយ និងចេះចិញ្ចឹមជីវិតដោយសុចរិតហើយ នោះយើងត្រូវបានចាត់ទុកជាមនុស្សល្អរួចហើយ

មនុស្សសម័យទំនើបក្នុងសង្គមខ្លះ មុននឹងគេគោរពឲ្យតម្លៃនរណាម្នាក់ គឺជាដំបូងត្រូវដឹងថាតើបុគ្គលនោះមានកម្រិតសញ្ញាបត្រប៉ុនណា មានទ្រព្យសម្បត្តិប៉ុនណា ហើយមានអំណាចកិត្តិយសក្នុងសង្គមប៉ុនណា។ ការធ្វើខ្លួនជាមនុស្សល្អពេញលេញ គឺមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ។ ដូច្នេះ បើអ្នកដទៃមានហេតុផលបន្ថោកតម្លៃរបស់យើង គឺយើងក៏ត្រូវមានហេតុផលស្តារតម្លៃរបស់ខ្លួនឯងឡើងវិញដែរបើអ្នកដទៃមានហេតុផលស្តីបន្ទោសយើង គឺយើងក៏ត្រូវមានហេតុផលលើកទឹកចិត្តខ្លួនឯងឡើងវិញដែរ

ចូរយើងធ្វើជាដើមឈើមួយដើម ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងដី ហើយបើទោះបីជាបែកមែកសាខាផុតវេហា ក៏គង់មិនរង្គោះរង្គើរ ឬរលំដោយសារតែព្យុះដែរ។ បើចង់ធ្វើជាមនុស្សដែលខ្លាំងគឺកុំខ្លាចអ្វីទាំងអស់ សូម្បីតែសេចក្តីស្លាប់ ហើយត្រូវលះបង់ចំណង់អវិជ្ជមានឲ្យអស់។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចសេចក្តីពិត។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចប្រឡូកប្រឡាក់ភាពស្មោកគ្រោករបស់មនុស្សអាក្រក់ ហើយបើមិនខ្លាចស្លាប់គឺដាច់ខាតត្រូវស្វែងរកភាពត្រឹមត្រូវពិតប្រាកដឲ្យបាន។ នេះហើយដែលទ្រឹស្តីចិត្តវិញ្ញាណហៅថា ឈរឲ្យនឹងថ្កល់ បើទោះទៅដល់ទីណាក៏ដោយ ក៏ត្រូវតែស្ថិតនៅទីនេះជានិច្ច គឺស្ថិតនៅខាងភាពល្អត្រឹមត្រូវ ឬហៅថា Stand STILL។ ខ្ញុំប្រើពាក្យខ្ញុំ តែមិនមែនខ្ញុំទេ៕

Cr. ប្រតិទិនទស្សនៈ៣៦ថ្ងៃ

ខ្លាចគេនិយាយដើម



មានរឿងខ្លះខ្ញុំដឹង តែខ្ញុំក្លែងធ្វើមិនដឹង ។ មានពាក្យពេចន៍ខ្លះយើងមានសិទ្ធិដឹង តែគ្មានសិទ្ធិនិយាយានោះទេ ដ្បិតវាមិនធ្វើឲ្យប្រសើរសម្រាប់យើងឡើយ ។ ពាក្យពេចន៍ខ្លះ និយាយចេញហើយវាធ្វើឲ្យយើងអស់តម្លៃ ឬអាចធ្វើឲ្យគេមិនសប្បាយចិត្ត ។ តើសមតម្លៃទេ ដែលត្រូវនិយាយមិនល្អពីអ្នកដទៃក្រោយខ្នង ? តើប្រាកដចិត្តទេ ថាយើងជាមនុស្សដែលល្អលើសគេ ? តើយើងប្រាកដចិត្តទេ ថារឿងអាក្រក់ដែលចេញពីមាត់យើង វានឹងមិនអាចឮដល់ម្ចាស់គេ ? តើយើងនឹងខឹងគេទេ បើគេនិយាយមិនល្អពីយើងក្រោយខ្នងដែរនោះ ? តើងយើងនឹងខ្មាសគេទេ ប្រសិនបើនិយាយដើមគេ ហើយត្រូវគេស្អប់ គេលែងមើលមុខ ? យើងតែងតែខ្លាចគេធ្វើទង្វើមិនត្រឹមត្រូវលើយើង ទាំងដែលពេលខ្លះយើងតែងធ្វើទង្វើមិនល្អលើអ្នកដទៃ ។ ការលួចនិយាយដើមអ្នកដទៃ បញ្ចេញបញ្ចូលរឿងគេ វាពុំមែនជាការងារមានប្រយោជន៍ឡើយ ផ្ទុយទៅវិញវាធ្វើឲ្យតម្លៃរបស់យើងធ្លាក់ចុះ ។ មានពេលខ្លះ យើងបានសាងកំហុសដោយមិនដឹងខ្លួន ហើយមានពេលខ្លះទៀតអ្នកដទៃក៏បានធ្វើដូចយើងដែរ ប៉ុន្ដែយើងបែរជានិយាយមិនល្អតែពីអ្នកដទៃ ភ្លេចទង្វើខ្លួនឯង ។ រឿងតែមួយគត់ដែលយើងគួរទទួលស្គាល់នឹងចងចាំនោះ " គឺគ្មាននរណាម្នាក់ល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង "

បិតាទស្សនវិទូ សូក្រាត បានពោលថា " មនុស្សអស្ចារ្យ ជជែកពីគំនិត មនុស្សធម្មតាជជែកពីព្រិត្តិការណ៍ មនុស្សឥតបានការ ជជែករឿងអ្នកដទៃនិយាយដើមគ្នា " ។ តើអ្នកជាមនុស្សប្រភេទណា ?

Cr. Sun Veasna

Thursday, June 6, 2019

មាគ៌ាសន្តិភាពផ្លូវចិត្ត



នៅពេលដែលខ្ញុំបិទភ្នែកដើម្បីពិនិត្យតាមដង្ហើមធម្មជាតិ ទើបខ្ញុំដឹងថា ចិត្តខ្ញុំសែនរញ៉េរញ៉ៃហួសពីការពណ៌នា។ អតីតកាលទាំងឡាយក៏ត្រូវបានចាប់ផ្ដើមគាស់កកាយឡើង។ ហើយមានអតីតកាលខ្លះជាសុខ អតីតកាលខ្លះជាទុក្ខ ឯអតីតកាលខ្លះទៀត វាជារឿងគួរឲ្យអស់សំណើចមែនទែន។ មានពេលខ្លះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំទៅធ្វើរឿងបែបនេះ ឬបែបនោះ?

ពេលខ្លះ យើងគិតថា ការកសាងកំហុសគឺជាបទពិសោធជីវិត ដើម្បីកែប្រែជីវិតយើងឲ្យកាន់តែប្រសើរឡើង ប៉ុន្តែមានរឿងខ្លះទៀតដែលយើងបានសាងដោយខ្វះការពិចារណា វានឹងក្លាយទៅជាវិប្បដិសារីអស់មួយជីវិត។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា វិធីល្អដែលអាចជួយឲ្យយើងកាត់បន្ថយនូវកំហុសយើងនោះគឺ ជាការសង្កេតមើលរចនាសម្ព័ន្ធកាយ និង ចិត្តជាប្រចាំ។ បើយើងចេះតែបន្តទម្លាប់របៀបនេះតទៅទៀត សន្តិភាពនឹងចាប់ផ្ដើមកើតមានឡើង។ ទន្ទឹមនឹងនេះ បើសិនជាយើងចាប់ផ្ដើមដុះពន្លកនៃសន្តិភាពហើយ សូមថែរក្សាវាឲ្យបានល្អ រហូតដល់វាបានចាក់ឫសយ៉ាងមាំ ដើម្បីជាប្រយោជន៍ដល់អ្នកទាំងឡាយ។

ជាចុងក្រោយ សូមឲ្យការខិតខំប្រឹងប្រែងទាំងឡាយស្ថិតនៅក្នុងចិត្តយុវជន និងមនុស្សគ្រប់រូប ហើយសូមឲ្យពួកគេរស់នៅជាមួយនឹងសីល សមាធិ និង បញ្ញា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្រលាញ់ដ៏បរិសុទ្ធគឺជាការលះបង់ដ៏ស្ងៀមស្ងាត់បំផុត ដោយគ្មានការរំពឹងអ្វីទាំងអស់

ជោគជ័យសង្គមកើតចេញពីទាំងអស់គ្នា



មនុស្ស​ខុសគ្នា​ ​តែង​ខិតខំ​ស្វែងរក​សុភមង្គល​ ​ដោយ​ប្រើ​វិធីសាស្ត្រ​ខុសគ្នា​ ​ទៅលើ​និយមន័យ​នៃ​សុភមង្គល​ខុសគ្នា​។​
​​សុភមង្គល​របស់​យើង​ពុំ​ជាប់​ទាក់ទង​នឹង​ការ​គិត​របស់​អ្នកដទៃ​ឡើយ​ ​ពីព្រោះ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បានឲ្យ​និយមន័យ​នៃ​សុភ​មង្គល​ខុស​ៗ​គ្នា​។​ ​នៅ​លើ​លោក​នេះ​ ​ពុំ​មាន​នរណា​ម្នាក់​ដែល​ល្អឥតខ្ចោះ​ទេ​ ​តែ​យើង​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែ​ក​ខុស​ៗ​ពីគ្នា​ ​(​Unique​)​ ​ឬ​អាច​និយាយ​បាន​ថា​ ម្យ៉ាង​ម្នាក់​។​ ​
​និយមន័យ​នៃ​សុភមង្គល​ ​ក៏​វា​មិន​ចេញពី​វចនានុក្រម​ដូចគ្នា​ដែរ​ ​ពីព្រោះ​គោលបំណង​ជីវិត​និង​បុព្វហេតុ​នៃ​មនុស្សយើង​មិន​ដូចគ្នា​ឡើយ​។​ ​សុភមង្គល​ ​(​ជោគជ័យ​)​ ​នៃ​ពាណិជ្ជករ​ ​គឺ​ចំណូល​។​ ​សុភមង្គល​ ​(​ជោគជ័យ​)​ ​នៃ​សាសនិក​ ​គឺ​សេចក្តី​សុខ​ផ្លូវចិត្ត​។​ ​សុភមង្គល​ ​(​ជោគជ័យ​)​ ​នៃ​អ្នកនយោបាយ​ ​គឺ​បាន​អំណាច​ដើម្បី​បម្រើ​សង្គម​។​ ​
​ដូច្នេះ​ ​តើ​អ្វីទៅ​ជា​និយមន័យ​នៃ​សុភមង្គល​?​ ​កុំ​ភ្លេច​ថា​យើង​ជា​មនុស្ស​ឆ្លាត​ ​តែបើ​យើង​ប្រឹង​ប្រមូលផ្ដុំ​ផ្គុំគ្នា​គឺ​ឆ្លាត​ជាង​។​ ​យើង​ជោគជ័យ​តាម​ផ្នែក​របស់​យើង​ ​តែបើ​យើង​ប្រមូល​ផ្តុំ​ជោគជ័យ​របស់​យើង​បញ្ចូល​គ្នា​ ​នោះ​គឺ​នឹង​បង្កើត​សាមគ្គី​និង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំ​។​ ​ជោគជ័យ​របស់​យើង​ ​គឺ​យើង​ជា​អ្នកបង្កើត​ ​តែ​ជោគជ័យ​របស់​សង្គម​គឺ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​សាមគ្គី​ផ្តុំគ្នា​បង្កើត​ឡើង​៕​
​Different​ ​men​ ​seek​ ​.​.​.​ ​happiness​ ​in​ ​different​ ​ways​ ​and​ ​by​ ​different​ ​means​.​​ ​​ ​Aristotle​
Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, June 5, 2019

រឿងពិត និងចំណុចពិសេសរបស់ព្រះពុទ្ធសាសនាខុសប្លែកពីសាសនាផ្សេង ១៩ ប្រការ



ជនបរទេសមួយរូបបានសរសេររឿងពិត និងចំណុចពិសេសរបស់ព្រះពុទ្ធសាសនា ១៩ ចំណុចដែលមានចំណុចផ្សេងពីសាសនាដទៃដែលគួរឲ្យចាប់អារម្មណ៍។

១- ព្រះពុទ្ធសាសនា ជាសាសនាមួយបដិសេធថា មិនមានអ្នកបង្កើតលោកទេ ដោយប្រកាន់ថា ជំនឿនេះគ្មានសារៈ ហើយលោកនេះកកើតឡើងពីធាតុទាំង៤ គឺធាតុដី ទឹក ភ្លើង និងខ្យល់តែប៉ុណ្ណោះ ។

២- ព្រះពុទ្ធសាសនា មិនមែនជាប្រព័ន្ធជំនឿដែលប្រើពាក្យថា Religion ទេ ព្រោះពាក្យនេះ មានន័យថា ត្រូវមានជំនឿលើព្រះជាម្ចាស់អ្នកបង្កើតលោក ។

៣- គោលដៅចុងក្រោយរបស់ព្រះពុទ្ធសាសនា គឺលះកិលេសឲ្យអស់ ឲ្យរួចផុតពីការវិលកើតវិលស្លាប់ ឬវដ្ដសង្សារ មិនមែនត្រឹមតែទៅកើតលើឋានសួគ៌ប៉ុណ្ណោះទេ ។

៤- ព្រះពុទ្ធជាម្ចាស់ មិនមែនជាបុគ្គលអ្នកស្រោចស្រង់រំដោះសត្វលោកទេ សត្វលោកត្រូវជួយខ្លួនឯង ដើម្បីឲ្យខ្លួនឯងរួចផុតពីកិលេសនិងវដ្ដសង្សារមួយនេះ។

៥- សម្ព័ន្ធភាពរវាងព្រះពុទ្ធ និងសាវក គឺគ្រូ និងសិស្ស មិនមែនអ្នកតំណាងព្រះជាម្ចាស់ និងអ្នកបម្រើទេ។

៦- ព្រះពុទ្ធជាម្ចាស់ មិនធ្លាប់ឲ្យសាវកប្រើជំនឿ ដោយប្រាសចាកបញ្ញាមកកាន់សាសនានេះទេ ព្រះអង្គទ្រង់បង្រៀនឲ្យប្រើបញ្ញា ពិចារណាពាក្យបង្រៀនរបស់ព្រះអង្គមុននឹងជឿ ឲ្យឃើញសច្ចភាពដោយខ្លួនឯង បុគ្គលដែលជាសាវកត្រូវនាំយកពាក្យបង្រៀនទាំងនេះទៅប្រព្រឹត្តប្រតិបត្តិដើម្បីឲ្យរួចផុតទុក្ខដោយខ្លួនឯង ហើយក៏មិនមានអ្នកណាមួយជួយខ្លួនឲ្យរួចផុតបានក្រៅពីខ្លួនឯងឡើយ ព្រោះព្រះអង្គគ្រាន់តែជាអ្នកណែនាំចង្អុលផ្លូវដ៏ត្រឹមត្រូវឲ្យខ្លួនដើរទៅតែប៉ុណ្ណោះ ។

៧- ពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ជាសច្ចភាពប្រចាំលោក ដែលកើតមានរួចស្រេចមកហើយ ព្រះពុទ្ធជាម្ចាស់គ្រាន់តែជាអ្នកស្រាវជ្រាវរកឃើញ ឬពិសោធឃើញតែប៉ុណ្ណោះ ព្រះអង្គគ្រាន់តែជាអ្នកបង្កើតទ្រឹស្ដីបង្រៀនបង្ហាញឡើង។

៨- នរកក្នុងព្រះពុទ្ធសាសនា មិនមែនជាទីកន្លែងដែលឃុំឃាំងសត្វជានិរន្តរ៍ទេ បុគ្គលធ្វើបាបហើយ ស្លាប់ទៅកើតក្នុងនរក ពេលណារួចបាបកម្មរបស់ខ្លួនហើយ ក៏អាចត្រឡប់ទៅកើតក្នុងភពល្អប្រសើរជាងនេះបាន។ សត្វដែលស្លាប់ទៅកើតក្នុងភពនានា មានភពទេវតា មនុស្ស ប្រេត តិរច្ឆានក៏អាចត្រឡប់ទៅកើតក្នុងនរកវិញទៀតបានដូចគ្នា ។

៩- ព្រះពុទ្ធសាសនា មិនបានបង្រៀនទ្រឹស្ដីរឿងបាបជាប់ខ្លួនបុគ្គល ដូចដែលសាសនាទេវនិយមបង្រៀនទេ តែបង្រៀនរឿងច្បាប់នៃកម្ម ដែលមានទាំងកម្មល្អ កម្មអាក្រក់ និងកម្មអព្យាកត ។

១០- ព្រះពុទ្ធសាសនាបង្រៀនថា មនុស្ស និងទេវតាទាំងឡាយ មានសមត្ថភាពនឹងអាចសម្រេចធម៌បាន ប្រការសំខាន់គឺត្រូវប្រើសេចក្ដីព្យាយាមក្នុងការប្រតិប័តន៍ ដើម្បីជម្រះកិលេសឲ្យផុតពីចិត្តខ្លួនបាន ព្រះពុទ្ធជាម្ចាស់ក៏ជាមនុស្សសាមញ្ញធម្មតាដែលអាចរួចផុតទុក្ខបាន ព្រោះការប្រព្រឹត្តសន្សំបារមីអស់ច្រើនជាតិជាអនេក។

១១- ច្បាប់នៃកម្មរាល់រូបធាតុទាំងឡាយ ជាអ្នកបកស្រាយថា ហេតុអ្វីមនុស្សកើតមកផ្សេងៗគ្នា។ ច្បាប់កម្មជាអ្នកបកស្រាយអំពីភពភូមិដែលពពួកសត្វនាំគ្នាទៅកើត ។

១២- ព្រះពុទ្ធសាសនា ឲ្យផ្សាយក្ដីមេត្តាករុណាទៅដល់សព្វសត្វ គ្រប់ភូមិភព ព្រះអង្គទ្រង់បង្រៀនឲ្យលះបង់អំពើបាបទាំងឡាយទាំងពួង គឺអកុសលកម្មបថ ១០ និងឲ្យប្រព្រឹត្តតែកុសលកម្មបថ ១០ជំនួសវិញ ។

១៣- ព្រះធម៌របស់ព្រះពុទ្ធ ទុកដូចជាក្បូន ក្រោយពីការបំពេញសេចក្ដីព្យាយាមរហូតដល់បានរំលត់ទុក្ខហើយ អាស្រ័យនៅលើបុណ្យ និងបាប  ព្រះធម៌ទាំងឡាយទាំងពួងមិនត្រូវប្រកាន់មាំឡើយ ។

១៤- មិនមានសង្រ្គាមស័ក្ដិសិទ្ធិ៍ក្នុងទស្សនព្រះពុទ្ធសាសនាទេ ការសម្លាប់សត្វផ្ដាច់បង់អាយុជីវិត ការបៀតបៀនអ្នកដទៃដោយចេតនា។ បុគ្គលអ្នកធ្វើត្រូវមកទទួលផលកម្មនោះដោយខ្លួនឯង ទាល់តែរួចផុតពីវដ្ដសង្សារនេះ។ ការកាប់សម្លាប់ក្នុងនាមសាសនា រឹតតែធ្វើមិនបានឡើយក្នុងព្រះពុទ្ធសាសនា ។

១៥- ព្រះពុទ្ធជាម្ចាស់ទ្រង់បង្រៀនថា កំណើតសង្សារវដ្ដនេះ មិនមានខាងដើម ហើយក៏មិនមានខាងចុងដែរ ប្រសិនបើសត្វនៅដំណើរការជីវិតទៅតាមអំណាចកិលេស ដែលមានអវិជ្ជាជាគ្រឿងឃាំង មានតណ្ហាជាគ្រឿងចង រមែងត្រូវវិលកើតវិលស្លាប់បន្តរហូត ។

១៦- ព្រះពុទ្ធជាម្ចាស់ ទ្រង់ជាព្រះសព្វញ្ញូ (បុគ្គលដឹងសព្វដែលទ្រង់ចង់ដឹង)  ព្រះពុទ្ធជាម្ចាស់មិនមែនព្រះអទិទេពអ្នកមានអំណាចទល់មេឃផុតដីបង្កើតធម្មជាតិផ្សេងៗឲ្យកើតឡើងទេ។

១៧- ការអប់រំធ្វើសមាធិសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា សូម្បីសាសនាដទៃក៏មានបង្រៀនឲ្យមនុស្សមានសមាធិដែរ ក៏ប៉ុន្តែមានតែព្រះពុទ្ធសាសនាប៉ុណ្ណោះដែលបង្រៀនពីរបៀបធ្វើវិបស្សនា ដែលជាបច្ច័យដ៏សំខាន់ឲ្យដឹងច្បាស់ថា រាល់រូបធាតុទាំងឡាយមានការកើត និងមានការរលត់ ។

១៨- លក្ខណ៍គោលបង្រៀនរឿង សុញ្ញតា ឬនិព្វានជាលក្ខណៈពិសេសមួយក្នុងព្រះពុទ្ធសាសនា ចាត់ទុកថា ជាពាក្យបង្រៀនមានកម្រិតខ្ពស់របស់ព្រះពុទ្ធសាសនាផង ព្រោះថារាល់រូបធាតុទាំងឡាយក្នុងលោកទាំងមូលនេះ គ្មានរូបធាតុណាមួយទៀងទាត់ឋិតថេរជានិរន្តរ៍ទេ មានតែបច្ច័យគឺដី ទឹក ភ្លើង ខ្យល់ ប្រកបផ្សំគ្នាឡើងមក។ រូបធាតុទាំងឡាយក្នុងលោកនេះ ទើបធ្លាក់ចុះក្នុងសភាពអនិច្ចំ ទុក្ខំ និងអនត្តាដូចៗគ្នាទាំងអស់។ ព្រះពុទ្ធសាសនាទើបមិនទោទន់ទៅតាមទស្សនសាសនាទេវនិយម ឬតាមទស្សនរូបធាតុនិយម ដែលមានអវិជ្ជាជាគ្រឿងឃាំង មានតណ្ហាជាគ្រឿងចង ត្រូវវិលកើតវិលស្លាប់ទេ តែសាវកត្រូវបដិបត្តិហ្វឹកហាត់អប់រំចិត្តខ្លួនតាមសមាធិ និងវិបស្សនា រហូតដល់បានសម្រេចមគ្គផលជាន់ខ្ពស់ រំលត់ទុក្ខស្ងប់ត្រជាក់ចូលកាន់ព្រះនិព្វាន ។

១៩- វដ្ដចក្រ ឬសង្សារវដ្ដ ជាពាក្យបង្រៀនរបស់ព្រះពុទ្ធសាសនាដរាបណាដែលសព្វសត្វមិនទាន់បានរួចផុតពីកិលេសនឹងវិលកើតស្លាប់ពីភពមួយទៅភពមួយទៀត ទៅតាមកម្លាំងបង្វិលរបស់កម្ម រកទីបំផុតគ្មាន រហូតដល់បានសម្រេចធម៌ ដូច្នោះ ទើបសព្វសត្វត្រូវជួយខ្លួនឯង ដើម្បីអប់រំក្នុងត្រៃសិក្ខា ឲ្យរួចផុតពីលោភៈ ទោសៈ និងមោហៈ ឬអវិជ្ជា ដើម្បីឲ្យខ្លួនរួចផុតពីវដ្ដសង្សារមួយនេះបាន ៕

តែក៏គួរឲ្យសោកស្ដាយផងដែរ ដែលមិនបានស្គាល់ឈ្មោះជនជាតិបរទេសអ្នកសរសេរចំណុចទាំង ១៩ នេះ តែស្ដែងឲ្យដឹងថា ជាអ្នកឈ្វេងយល់បានច្រើនជាងអ្នកកាន់ព្រះពុទ្ធសាសនាដែលអះអាងខ្លួនថាជាអ្នករាប់អានគោរពព្រះពុទ្ធសាសនាទៀតផង ។ សូមផ្ដល់ការគោរពរាប់អាន និងលើកសរសើរជាពន់ពេកស្មោះអស់ពីចិត្តពីអ្នកបកប្រែ ។

គោលគំនិតល្អដើម្បីជីវិត

Monday, June 3, 2019

គ្មានរឿងត្រូវចិត្តគ្រប់ពេលទេ


ដោយសារតែខ្ញុំស្អប់ភាពរអ៊ូរទាំ ទើបខ្ញុំមិនដែលរអ៊ូរទាំ ។ បើទើសភ្នែក ខ្ញុំសុខចិត្តធ្វើម្នាក់ឯងដោយស្ងៀមស្ងាត់ ។ ខ្ញុំមិនយល់ពីមនុស្សដែលចូលចិត្តរអ៊ូរទាំទេ ម៉េចបានជាពួកគេចូលចិត្ត ហើយពេលខ្លះពួកគេនិយាយដដែលៗទៀតផង ។ រឿងខ្លះមិនគួររអ៊ូរទាំសោះ តែបែរជាធ្វើឲ្យកើតរឿង ។ តើរអ៊ូដើម្បីអ្វី ? តើដើម្បីបញ្ចេញកំហឹង ឬដើម្បីធ្វើឲ្យមានរឿងមិនសប្បាយចិត្តកើតឡើង ? ខ្ញុំតែងឃើញអ្នករអ៊ូ មិនដែលខ្វះរឿងរអ៊ូសោះ ដោយសារតែការរអ៊ូរទាំគឺមិនបានផល ទើបពួកគេរអ៊ូស្ទើររាល់ថ្ងៃ ។

ជីវិតរស់នៅជាមួយគ្នា វាមិនខុសពីអណ្ដាត និងធ្មេញឡើយ ក៏មិនខុសពីចានក្នុងរាវដែរ ។ ការរស់នៅជាមួយគ្នា មិនថាគ្រួសារ ឬមិត្តភក្ដិទេ បញ្ហាធំៗដែលបានកើតឡើង ភាគច្រើនគឺបណ្ដាលមកពីរឿងតូចតាច ខ្វះការយោគយល់គ្នា ។ លើលោកនេះពុំមាននរណាម្នាក់ចង់ស្ដាប់ពាក្យមិនពីរោះរបស់យើងទេ សូម្បីតែយើងខ្លួនឯង ។ រស់នៅជាមួយគ្នា ត្រូវចេះអធ្យាស្រ័យគ្នា បើឃើញទើសភ្នែកយើងគ្រាន់តែណែនាំគ្នាធម្មតាៗទៅបានហើយ ការយកកំហឹងមកដាក់មុខ វាមិនដែលហុចផលល្អមកឲ្យយើងទេ

បើយើងនិយាយគ្នាដោយស្រួល គេក៏ស្រួលស្តាប់ ការរស់នៅក៏ល្អប្រសើរទៅតាមហ្នឹងដែរ តែបើយើងហារមាត់ឡើងរអ៊ូ តើមានមនុស្សប៉ុន្មាននាក់ចង់ស្ដាប់ទៅ ? សូម្បីតែយើងខ្លួនឯង ពេលខ្លះធ្វើតម្រូវចិត្តខ្លួនឯងមិនត្រូវផង ចុះទម្រាំអ្នកដទៃលែងអីនឹងខុស ? ។ ភាសារអ៊ូមិនពីរោះស្ដាប់ទេ ការនិយាយគ្នាតាមសម្រួលទើបជាភាសាពីរោះពិតប្រាកដ ។

Cr. Sun Veasna

Friday, May 31, 2019

សេចក្តីស្ងប់



សេចក្តីស្ងប់ពុំមែនជាការនៅធ្មឹងរឹងខ្លួន ដោយឥតសកម្មភាពនោះទេ តែគឺជាការមិនធ្វើប្រតិកម្មតបទៅនឹងអកុសលកម្មទាំងឡាយ ដែលកើតឡើងចំពោះយើងផង និង ចំពោះសង្គម ដែលយើងកំពុងរស់នៅផង ។ មានន័យថា សេចក្តីស្ងប់គឺជាការធ្វើការងារយ៉ាងសកម្មទៅលើទង្វើជាកុសល ដែលនឹងឆ្ពោះទៅរកសន្តិភាពផ្លូវចិត្តពិតប្រាកដ ។

តាមធម្មតាយើងចូលចិត្តរិះគន់សង្គមនៅពេលមានបញ្ហា ហើយតែងតែមើលរំលងប្រព្រឹត្តកម្មរបស់ខ្លួនឯងចំពោះសង្គម ។ គេនិយាយយ៉ាងសុះសាយទៅហើយថា "បើបុគ្គលពុំមានសន្តិភាព សង្គមក៏នឹងគ្មានសន្តិភាព" ។ សូម្បីគ្រប់និកាយសាសនាក៏មិនដែលរំលង ឬ ខាននិយាយរឿងនេះដែរ ។ ក៏ប៉ុន្តែ បើបុគ្គលជ្រើសរើសសន្តិភាព ដោយគេចវេះគ្រប់បញ្ហា នោះគឺជាការខុសឆ្គងធ្ងន់ធ្ងរណាស់ ។

បើគ្រាន់តែនៅធ្មឹង ដោយធ្វើមិនដឹងមិនឮគ្រប់បញ្ហា ដែលកើតឡើងក្នុងសង្គម ហើយអាចធ្វើឲ្យសង្គមមានសន្តិភាពបាន ប្រហែលជាព្រះពុទ្ធមិនត្រូវលំបាកត្រាច់ចរទេសនាគ្រប់ទីកន្លែង នៅក្រោយពេលព្រះអង្គបានត្រាស់ដឹងដល់ទៅជាង ៤០ឆ្នាំនោះទេ ។ សេចក្តីពិត សន្តិភាពអាចសម្រេចទៅបាន គឺដោយការប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត ។
____

ដើរបញ្ច្រាសសច្ចភាព



ខ្ញុំមិនស្មោះត្រង់ទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សស្មោះត្រង់ ។ ខ្ញុំមិនត្រឹមត្រូវទេ ព្រោះខ្ញុំមិនដែលតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ ខ្ញុំមិនគួរឲ្យចូលចិត្តទេ ព្រោះខ្ញុំមិនដែលរស់នៅផ្គាប់ចិត្តអ្នកដទៃ ។ ខ្ញុំមិនមានមុខមានមាត់ណាស់ណាទេ ព្រោះខ្ញុំមិនចេះអែបអប យកចិត្តយកថ្លើមអ្នកដទៃ ។ ខ្ញុំមិនរួសរាយទេ ព្រោះខ្ញុំមិនអាចញញឹមដាក់មនុស្សដែលមើលមិនឃើញតម្លៃរបស់ខ្ញុំ ។ ខ្ញុំមិនចូលចិត្តពឹងគេទេ ព្រោះខ្ញុំមិនចង់ជំពាក់គុណអ្នកណា ។ ខ្ញុំគ្មានបក្ខពួកទេ ព្រោះខ្ញុំមានសន្ដិភាពនៅក្នុងបេះដូងរបស់ខ្ញុំ ។ ខ្ញុំមិនលើកលែងឲ្យអ្នកដែលធ្វើខុសចំពោះខ្ញុំទេ ព្រោះខ្ញុំតែងសងសឹកគេតាមរយៈការអភិវឌ្ឍសមត្ថភាពខ្លួនឯង ។ ហើយខ្ញុំជឿថាមានមនុស្សជាច្រើន មានចរិតនិស្ស័យដូចខ្ញុំ ។

គ្រប់យ៉ាងដែលកើតឡើង វាតែងមានហេតុមានផល ពេលខ្លះដោយសារតែយើងមិនយល់ពីគេ ទើបយើងចេះតែវាយតម្លៃគេផ្ដេសផ្ដាស ។ វាមិនអាចទៅរួចឡើយ ដែលមនុស្សម្នាក់ ចង់ឲ្យដូចមនុស្សម្នាក់ផ្សេងទៀត ។ សុភាសិតចិនមួយឃ្លាបានប្រដៅថា " វាមិនអាចទៅរួចទេ ដែលផ្លែឈើពេញមួយដើម ត្រូវតែមានរសជាតិដូចគ្នា " មនុស្សម្នាក់ៗមានរបៀបរស់នៅផ្សេងគ្នា ។ រូបមន្ដជីវិតមិនមែនត្រូវតែ 4+4=8 នោះទេ ។ មានរឿងខ្លះយើងយល់មិនដល់ មានលំហាត់ខ្លះយើងធ្វើមិនត្រូវ ។

មានមនុស្សជាច្រើនបានព្យាយាមណែនាំអ្នកដទៃ ច្រើនជាងណែនាំខ្លួនឯង ។ មានអ្នកស្នេហាសង្គមជាច្រើនបានជេរប្រមាថអ្នកដទៃ ដើម្បីវឌ្ឍនភាពសង្គម ។ មានអ្នកបង្កអសន្ដិសុខសង្គមជាច្រើនបានព្យាយាមបង្កើតបក្ខពួករបស់ខ្លួន ។ មានអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិជាច្រើន បានប្រកាន់វប្បធម៌រើសអើង ។ មានមនុស្សជាច្រើនដើរបញ្ច្រាសសច្ចភាព ដើម្បីស្វែងរកសច្ចភាព ។ ហើយមានមនុស្សតែមួយប្រភេទគត់ដែលដើរលើមាគ៌ាត្រឹមត្រូវ នោះគឺបុគ្គលសន្ដិភាពដែលពេញដោយគុណធម៌ និងចំណេះដឹង ។ ខ្ញុំប្រើពាក្យជាច្រើន គឺមិនមែនទាំងអស់ទេ ៕

Cr. Sun Veasna

Thursday, May 30, 2019

សេចក្ដីសុខនៅឯណា?



ពុំមានក្ដីសុខ ឬសន្ដិភាពណាមួយត្រូវបានបង្កើតឡើងតាមរយៈការដណ្ដើម ឬឈ្នានីសអ្នកដទៃនោះទេ ។ យើងមិនអាចរស់នៅដោយមានសត្រូវគ្រប់ទិសឡើយ ព្រោះវាធ្វើឲ្យយើងគ្មានក្ដីសុខ ។ ដ្បិតជីវិតគឺត្រូវតែប្រជែងរស់ ប៉ុន្ដែបើដើម្បីប្រយោជន៍ ហើយបង្កើតសត្រូវ នោះយើងនឹងបាត់បងផ្នែកមួយនៃជីវិត នោះគឺសន្ដិភាពជាមួយអ្នកដទៃ ។ ដើម្បីបានសន្ដិភាព យើងគួរដើរតាមមាគ៌ាគុណធម៌ ដើម្បីស្គាល់គុណធម៌ យើងគួរដើរតាមមាគ៌ានៃសច្ចភាព ។ មនុស្សល្អ ពុំគ្រាន់តែត្រូវបានគេឲ្យតម្លៃទេ ថែមទាំងត្រូវបានគេចងចាំទៀតផង ។ មនុស្សអាក្រក់ពុំគ្រាន់តែត្រូវបានគេជេរឡើយ ថែមទាំងគ្មានក្ដីសុខក្នុងជីវិតទៀតផង ។ តាមពិតយើងរស់នៅលើផែនដីនេះ មិនមែនដើម្បីភាពលោភលន់ទេ ប៉ុន្ដែគឺដើម្បីសច្ចភាពនៃជីវិត ។ ជីវិតដែលមានតម្លៃ គឺការរស់នៅជាមួយសេចក្ដីល្អ លើមាគ៌ាគុណធម៌ ។ មិនបាច់ព្យាយាមស្វែងរកក្ដីសុខទេ យើងគ្រាន់តែរស់នៅជាមួយសុចរិតភាព នោះសេចក្ដីសុខនឹងរត់មករកយើងដោយឯងៗ ៕

​លោក​ស្រី​​​ ​​Oprah Winfrey ​គឺ​ជា​​ពិធីការនី​ទូរទស្សន៍​​ ​និង ​​ជា​អ្នក​ផលិត​កម្មវិធី​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​នៅ​សហរដ្ឋអាមេរិក​ បាននិយាយថា " ភាពសុចរិត​​ពិតប្រាកដ គឺជាការប្រព្រឹត្តនូវរឿងដែលត្រឹមត្រូវ ទោះជាដឹងថាគ្មាននរណាម្នាក់នឹងដឹងថាអ្នកបានធ្វើវាឬអត់ក៏ដោយ។ ការ​អត់អោន​ទោសឲ្យនរណាម្នាក់ពិតប្រាកដ គឺជាពេលដែលអ្នកនិយាយថា អរគុណអ្នកសម្រាប់បទពិសោធមួយនេះ

Cr. Sun Veasna

មនុស្សអាចកាឡៃការពិត



ទស្សវិទូអទេវនិយម ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) ពោលថា ក្នុងលោកយើងនេះមិនមានការពិតទេ ប៉ុន្តែមានត្រឹមតែការទាញន័យបកស្រាយពន្យល់ទៅតាមទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ

ចំពោះមនុស្សជាតិ កើតមកលើផែនដីនេះ ពោរពេញដោយសមត្ថភាព ហើយអាចកាឡៃប្រែភាពល្អឲ្យទៅជាអាក្រក់ និងអាក្រក់ឲ្យទៅជាល្អបាន។ មេធាវីអាចបំភ្លៃភាពល្អឲ្យទៅជាអាក្រក់ និងជាងគំនូរអាចធ្វើសឲ្យទៅជាខ្មៅ។ ប៉ុន្តែការពិតនៅតែជាការពិត។ ការយល់ឃើញ តែងស្ថិតនៅចន្លោះរវាងការពិតនិងក្លែងក្លាយ ពីព្រោះពេលដែលមនុស្សមិនដឹងថាពិតឬក្លែងក្លាយ នោះការយល់ឃើញនឹងលេចរូបរាងឡើង។

មនុស្សមានតម្លៃមិនស្ថិតលើការនិយាយតាមបែបឡូហ្សិក (Logic) នោះទេ តែស្ថិតនៅលើការនិយាយការពិតក្នុងកាលៈទេសៈដែលគួរនិយាយ។ សម្តីដែលអាចកំណត់បានថាត្រូវឬខុស វាមិនអាស្រ័យលើចំនួនមនុស្សច្រើនទេ តែវាអាស្រ័យលើចំណេះដឹងនិងការពិត។ ការពិតឬក្លែងក្លាយរបស់មនុស្ស ក៏មិនស្ថិតនៅជាអមតៈជារៀងរហូតដែរ តែវាស្ថិតនៅលើកាលៈទេសៈជាក់ស្តែងប៉ុណ្ណោះ។ ការពិត តែបើស្ថិតក្នុងកាលៈទេសៈមិនពិត គឺស្មើនឹងមិនពិត។ មិនពិត តែបើស្ថិតក្នុងកាលៈទេសៈពិត គឺស្មើនឹងពិត៕

Cr.ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ចាក់ឫសឲ្យជ្រៅ



គ្មានដើមរុក្ខជាតិណាដែលបែកមែកសាខានិងអាចចង្អុលវេហាបាន ដោយពុំបានចាក់ឫសជ្រៅជាប់នឹងដីនោះទេ។ បើសិនជាយើងយល់ថាកន្លែងដែលយើងបានឈរជើង វាជាកន្លែងត្រឹមត្រូវហើយ ចូរយើងឈរឲ្យជាប់ ទប់ខ្លួនឲ្យនឹង និងកុំរំជើបរំជួលព្រោះខ្យល់ខ្លាំងឲ្យសោះ។

បើយើងយល់ថាសេចក្តីល្អ វាជាច្បាប់អមតៈនៃជីវិតហើយ ចូរយើងឈរនៅខាងសេចក្តីពិតនិងភាពត្រឹមត្រូវជានិច្ចចុះ។ បើយើងយល់ថាការតស៊ូជាពន្លឺនៃជីវិតហើយ សូមយើងឈរនៅខាងការតស៊ូខិតខំប្រឹងប្រែងរហូតទៅ និងកុំដូរគំនិតឲ្យសោះ។ សូមឲ្យមនុស្សល្អទាំងអស់ អាចស៊ូទ្រាំនឹងភាពលំបាក ឬអាចឈ្នះលើឧបសគ្គជីវិតទាំងឡាយ។

សូមឲ្យមនុស្សល្អទាំងឡាយក្លាយជាមនុស្សខ្លាំង ទោះបីមេឃរលំភ្នំរលាយនៅចំពោះមុខក៏ដោយ។ សូមកុំបាក់ស្មារតីក្នុងការប្រយុទ្ធតស៊ូឲ្យសោះ។ មានជីវិត មានសង្ឃឹម។ មានសង្ឃឹម អាចឈ្នះ។ ជ័យជម្នះ គឺការមិនបោះបង់។ ការមិនបោះបង់នឹងឈ្នះដល់ទីបញ្ចប់។ បើមិនទាន់ឈ្នះ នោះមានន័យថាមិនទាន់ដល់ទីបញ្ចប់ទេ។ បើមិនទាន់ដល់ទីបញ្ចប់ គឺមិនត្រូវបោះបង់ មិនត្រូវឈប់ ហើយបើមិនទាន់ឈប់ មិនទាន់បោះបង់ យើងនឹងមិនចាញ់ឡើយ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, May 29, 2019

កុំល្អតែខាងក្រៅ



យើងតែងតែចង់ស្លៀកសម្លៀកបំពាក់ទាន់សម័យស្អាតៗ ដោយគ្រាន់តែបានឃើញម៉ូតស្អាតៗដែលគេតាំងបង្ហាញ ប៉ុន្ដែពេលខ្លះសម្លៀកបំពាក់នោះមិនសមនឹងរាងរៅរបស់យើងឡើយ ហើយបើយើងនៅតែបន្ដស្លៀក វានឹងធ្វើឲ្យយើងក្លាយជាអាក្រក់មើលលើសមុន ។ របស់ខ្លះដ្បិតវាស្អាត ដ្បិតវាមើលទៅគួរឲ្យចង់បាន ប៉ុន្ដែមិនប្រាកដថាវាសមនឹងយើងទេ ។ យើងចង់ស្លៀកឈុតស្អាត ទាំងដែលយើងមិនបានសម្រករាងឲ្យសមនឹងឈុត ។ យើងតែងតែចង់បានរបស់ល្អៗលម្អជីវិត ទាំងដែលពេលខ្លះយើងភ្លេចធ្វើខ្លួនឲ្យមានតម្លៃ ។ មានមនុស្សទាន់សម័យស្លៀកពាក់ស្អាតៗ ប្រើរបស់ប្រេនៗ ជិះឡានទំនើប ហ៊ឺហារ ប៉ុន្ដែពេលខ្លះពួកគេចោលសំរាមផ្ដេសផ្ដាស់ និយាយសម្ដីអសីលធម៌ ធ្វើរឿងស្មោគគ្រោក ជំពាក់លុយគេមិនសង ឬធ្វើជាមនុស្សពុំត្រឹមត្រូវ ពុំសមនឹងតម្លៃដែលគេបានសម្ញែងសោះឡើយ ។ ដ្បិតគ្មាននរណាល្អឥតខ្ចោះ តែយ៉ាងហោចណាស់យើងគួរតែល្អឲ្យបានលើសពី ៥០ ដែរ ។

យើងមិនអាចក្រោកឈរដោយគ្មានជើងជាន់ដីដ៏កខ្វក់បានទេ ដ្បិតជើងដ៏កខ្វក់ជាអ្នកទ្រខ្លួនប្រាណ ។ ងើយមើលទៅលើតែកុំភ្លេចមើលក្រោម គិតរឿងស៊ីវិល័យ ហ៊ឺហារ តែកុំភ្លេចអប់រំចរិតឲ្យថ្លៃថ្នូរផង ។ យើងមិនអាចមានតម្លៃដោយគ្រាន់តែមានរបស់ថ្លៃៗ ហើយប្រើជីវិតបែបថោកទាបបានទេ ។ មិនថាកាលៈទេសៈណាទេ ការរស់នៅដែលមានតម្លៃ ពុំគ្រាន់តែថ្លៃថ្នូរសម្បកក្រៅឡើយ សំខាន់ខាងក្នុងត្រូវតែស្អាតផងដែរ ។ ដ្បិតការរស់នៅត្រូវការសម្ញែងខ្លះ ប៉ុន្ដែបើមិនសមតម្លៃជាមនុស្សល្អទេ នោះការសម្ញែងនោះនឹងប្ដូរមកវិញនូវការសើចចំអកពីក្រោយខ្នងវិញជាមិនខាន ថាមិនត្រូវយើងអាចនឹងត្រូវគេលួចតិះដៀលទៀតផង ។ ធ្វើជាមនុស្សត្រូវមានតម្លៃ ហើយដើម្បីមានតម្លៃយើងគួរតែល្អទាំងក្នុងទាំងក្រៅ ហើយដើម្បីល្អទាំងក្នុងទាំងក្រៅបាន យើងគួររស់នៅប្រកបដោយគុណធម៌

Cr. Sun Veasna

មេដឹកនាំដែលស្តែងគុណធម៌



ខ្ញុំគោរពមនុស្សក្នុងនាមជាមនុស្សពិត ហើយខ្ញុំរឹតតែគោរពមនុស្សណាដែលអាចដឹកនាំមនុស្សដទៃឲ្យដើរតាមខ្លួនចេញពីចិត្តបាន ចេញពីការស្ម័គ្រចិត្ត និងដោយក្តីអំណររីករាយ។ ការដឹកនាំអ្នកដទៃដ៏ត្រឹមត្រូវ គឺត្រូវនាំមនុស្សដោយប្រើប្រាស់នូវកម្លាំងដែលខ្លួនបានកសាង ទៅធ្វើការងារក្នុងនាមប្រយោជន៍រួម។ មនុស្សណាដែលអាចដឹកនាំអ្នកដទៃបាន ឲ្យដើរតាមខ្លួនបាន ក៏ពុំមែនជាបុគ្គលធម្មតាប៉ុន្មានដែរ។ ក្នុងន័យ ពុំធម្មតា នេះ គឺខ្ញុំចង់សំដៅដល់ខ្លឹមសារពីរយ៉ាង៖ ទី១. មនុស្សពូកែបោក ក្លែងក្លាយ និងមនុស្សធ្វើការងារយកមុខមាត់, និងទី២. មនុស្សធ្វើការងារក្នុងន័យប្រយោជន៍រួមពិតប្រាកដ

មុននឹងយើងសម្រេចចិត្តថា ទៅទីណាជាមួយអ្នកណា គឺយើងត្រូវសួរបុគ្គលនោះថា តើអ្នកនាំខ្ញុំទៅណា? ធ្វើដើម្បីអ្នកណា? ដើម្បីប្រយោជន៍យើង ឬដើម្បីប្រយោជន៍អ្នក ឬដើម្បីប្រយោជន៍រួម? បើក្នុងលក្ខខណ្ឌប្រយោជន៍បុគ្គល, មួយបូកមួយ គឺត្រូវស្មើនឹងពីរ (ប្រយោជន៍ចែកដោយសមភាពគ្នា ដ្បិតបើអ្នកប្រឹងបានច្រើន ហើយអ្នកខ្ចិលបានតិច ដោយពុំអាចកេងប្រវ័ញ្ចគ្នាឡើយ)។ ប៉ុន្តែបើក្នុងលក្ខខណ្ឌប្រយោជន៍រួម គឺត្រូវមានចិត្តលះបង់ទាំងអស់គ្នា។ ក្នុងនាមជាមេដឹកនាំ គឺត្រូវយល់ពីលក្ខខណ្ឌទាំងអស់នេះឲ្យបានច្បាស់លាស់ ដ្បិតបើមិនដូច្នេះទេ យើងនឹងក្លាយទៅជាមេដឹកនាំដែលស្តើងគុណធម៌ និងលម្អៀង។

មិនថាមេដឹកនាំល្អ ឬមេដឹកនាំអាក្រក់ទេ គឺត្រូវតែមានគុណធម៌ជាប់ខ្លួនជានិច្ចដែរ។ មេដឹកនាំល្អមានគុណធម៌ជាមួយនឹងកូនចៅ ហើយមេដឹកនាំអាក្រក់ ក៏ត្រូវមានគុណធម៌ជាមួយនឹងកូនចៅដែរ ដ្បិតបើគ្មានគុណធម៌ទេ ឬគុណធម៌ស្តើងពេក គឺគ្មានអ្នកណាចង់នៅក្បែរឡើយ។ បើគ្មានកម្លាំង គឺគ្មានអំណាច ហើយការងារធំពុំអាចសម្រេចបានឡើយ។ មួយឆ្នាំកន្លះជាងមកហើយ ដែលខ្ញុំចេះតែសិក្សាពីផ្នត់គំនិតដឹកនាំរបស់មេដឹកនាំចិនសព្វថ្ងៃ គឺ ស៊ី ជីនពីង។ តើមេដឹកនាំចិន ស៊ី ជិនពីង មានផ្នត់គំនិតបែបណាទាក់ទងនឹងគុណធម៌នេះ? មុននឹងលើកឡើងពីទស្សនៈមេដឹកនាំចិន ស៊ី ជិនពីង, ខ្ញុំសូមរម្លឹកទៅដល់ ខុង ជឺ និងឡៅ ជឺ ដែលជាមនុស្សល្បីល្បាញក្នុងនាមជាអ្នកចេះដឹង និងជាអ្នកប្រាជ្ញចិននាសម័យបុរាណសិន។

ខុង ជឺ ពោលថា គុណធម៌ វាសំខាន់ជាងធម្មធាតុទឹកនិងធម្មធាតុភ្លើងដែលមនុស្សត្រូវការទៅទៀត។ ឡៅ ជឺ បង្រៀនសិស្សឲ្យខ្វល់ខ្វាយពីរឿងគុណធម៌ តែដល់ខ្មែរយើងខ្លះយល់ច្រឡំគំនិតរបស់ឡៅ ជឺ ថាឲ្យ ចេះបត់បែនក្រឡិចក្រឡុចដូចសភាពនៃទឹក។ ខ្ញុំមិនដឹងថាតើការបកស្រាយបែបនេះ មានមូលដ្ឋានឈរលើការសិក្សាស៊ីជម្រៅ ឬបែបណាទេ។ ប៉ុន្តែបើតាមគោលការណ៍ពិតប្រាកដរបស់ឡៅ ជឺ ពុំបានបង្រៀនបែបនេះទេ។ អ្នកដែលត្រូវការឯកសារ ខ្ញុំអាចចែករំលែកជូនគម្ពីរតៅ (Tao Te Ching) ជាភាសាបរទេសឲ្យអានបាន។

រឿងគុណធម៌នេះ ដោយមិនថាមេដឹកនាំល្អឬអាក្រក់ទេ គឺសុទ្ធតែត្រូវការប្រើគុណធម៌ ដ្បិតវាអាចជួយពង្រឹងស្មារតីក្រុម និងផ្តល់ទំនុកចិត្តដល់អ្នកដើរតាម។ មេដឹកនាំអាក្រក់យ៉ាងណាក៏ដោយ ក៏ត្រូវចេះសម្តែងធ្វើចិត្តល្អ ចេះប្រើគុណធម៌ល្អ ដាក់កូនចៅដែរ។ បើមិនចេះសម្តែងគុណធម៌ដាក់អ្នកក្រោមទេ តើអាចដឹកនាំម្តេចកើត។ ខ្ញុំប្រើពាក្យថា នៅជាមួយមិត្ត ឲ្យប្រើភាពស្មោះត្រង់ គុណធម៌ ធ្វើសេចក្តីល្អដាក់គ្នា

ផ្ទុយទៅវិញ បើនៅជាមួយមនុស្សដែលមិនមែនជាមិត្ត (សត្រូវ) គឺត្រូវប្រើយុទ្ធសាស្រ្ត។ នេះជាទ្រឹស្តី ឆ្មាសឆ្មាខ្មៅ សំខាន់ឲ្យតែចាប់កណ្តុរបាន របស់ តេង ស៊ីវពីង។ មិត្តឬសត្រូវ វាមិនសំខាន់ទេ តែសំខាន់ គឺប្រយោជន៍។ ស៊ី ជិនពីង ពោលថា យើងពុំគួរបារម្ភអំពីឋានៈរបស់ខ្លួនធំតូចពេកទេ តែត្រូវបារម្ភថាតើខ្លួនបានពង្រឹងគុណធម៌របស់ខ្លួនបានកម្រិតណា។ មានរឿងមួយទៀតដែលមេដឹកនាំគួរចាំ គឺ សច្ចភាពមិនអាចបាំងជិត ការពិតមិនអាចលាក់បានយូរ។ ភាពត្រឹមត្រូវ តែងឈ្នះទង្វើអាក្រក់។ ធ្វើជាមេដឹកនាំល្អ ប្រសើរជាងមេដឹកនាំខ្លាំងក្នុងផ្លូវខុស

We should not worry whether our status is high enough, but whether our moral cultivation needs to be improved. Xi Jinping

Thursday, May 23, 2019

ចិត្តអវិជ្ជា



ចំណេះដឹង វាអាចជាចំណងចងខ្លួនមនុស្ស ឬអាចប្រើសម្រាប់ស្រាយចំណងបាន។ នេះជាលក្ខណៈចំណេះដឹងមុខពីរ។ មនុស្សខ្លះមោហៈបាំងដោយសារតែជឿលើចំណេះដឹងជ្រុលពេក ឬលង់នឹងរឿងហេតុផលតក្កវិជ្ជាហួសប្រមាណ។ រីឯចំណែកមនុស្សខ្លះទៀតវង្វេងនឹងការពាល់តាមរយៈអារម្មណ៍ដែលជាអំណាចនៃចិត្ត រហូតបង្កើតភាពស្រមើស្រមៃផ្តេសផ្តាសខុសការពិតនិងកាលៈទេសៈ។ ការអប់រំដ៏ត្រឹមត្រូវសម្រាប់មនុស្ស គឺត្រូវអប់រំទាំងខួរក្បាល និងអប់រំចិត្ត ដែលភាសាមួយទៀតហៅថា Self knowledge Self education។ នេះជាការអប់រំថ្នាក់ពិសោធចិត្តនិងខួរក្បាល។

សុភមង្គលក្នុងជីវិត គឺជាតុល្យភាព/ថ្លឹងស្មើរគ្នារវាងចិត្ត (បេះដូង/អារម្មណ៍) និងគំនិត (ខួរក្បាល/ចំណេះដឹង)។ ប៉ុន្តែសង្គមមនុស្សបច្ចុប្បន្ន គឺមិនទទួលបានការអប់រំសោះពីរឿងបេះដូង។ ដូច្នេះហើយទើបធ្វើឱ្យចិត្តចេះតែប្រែប្រួល រំជើបទប់ខ្លួនស្ទើរតែមិនជាប់។ ឧទាហរណ៍៖ បើជាអ្នកនយោបាយ គឺជាអ្នកនយោបាយជ្រុលខ្លួនតាមក្បួនយុទ្ធសាស្រ្តដែលសត្រូវរៀបចំទុកឱ្យដើរចូល។ បើជាយុវជនស្រឡាញ់សង្គម គឺនឹងក្លាយទៅជាយុវជនដែលទំនងជ្រុលនិយម អារម្មណ៍រំជើបរំជួលឆេះជួលក្តៅ។ បើជាអ្នកធ្វើការងារសង្គម គឺនឹងក្លាយទៅជាអ្នកដែលធ្វើដោយអំនួត មានចិត្តមើលបំណាំគ្នា និងគិតថាគ្មានអ្នកណាប្រឹងបម្រើការងារសង្គមដូចខ្លួនឡើយ។

បើជាមេដឹកនាំទៀតសោត ហើយបើវ័យនៅក្មេងទៀតសោត គឺងាយនឹងរងគ្រោះដោយសារសត្រូវ ដ្បិតព្រោះតែចិត្តជាចិត្តអវិជ្ជា (មានចំណេះដឹងពេញខួរក្បាល តែបេះដូងទទេ)។ នេះជាការទប់ខ្លួនមិនជាប់ឡើយ។ បើជាបព្វជិតក្នុងសាសនា គឺនឹងអាចពិបាកទប់ខ្លួនក្នុងកាមារម្មណ៍និងតណ្ហា (Karma) នៅពេលណាដែលមោហៈបាំងម្តងៗ។ ដូច្នេះហើយទើបបានជាសាសនាខ្លះពុំអនុញ្ញាតឱ្យមានអ្នកបួសជានារីភេទនៅក្បែរអ្នកបួសជាបុរស។ លក្ខណៈដែលរៀបរាប់ខ្លះខាងលើ វាសុទ្ធតែជាអ្វីដែលកើតចេញមកពីចិត្តដែលគ្មានការអប់រំ ឬហៅថា ចិត្តអវិជ្ជា។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាន។ ខួរក្បាលឆ្លាតក្នុងថ្នាក់បញ្ញាយ៉ាងណាក៏ដោយ ប៉ុន្តែពេលណាដែលចិត្តអវិជ្ជាហើយ គឺមោហៈនឹងបាំង លែងដឹងខុសត្រូវ វង្វេង។

ប៉ុន្មានអាទិត្យមុន ខ្ញុំបានអានកម្រងរឿងនិទានអប់រំ២០០ទំព័រជាង ដែលមានចំណងជើងថា រឿងនិទានមុនពេលចូលគេង នៃលទ្ធិស៊ិកនិយម (Sikhism)។ រឿងនេះនិយាយអំពីសិល្បៈការរស់នៅ និងវីធីសាស្រ្តរស់នៅប្រកបទៅដោយសេចក្តីសុខក្នុងជីវិត។ កាលបរមគ្រូ ណាណៈ (Guru Nanak) នៅវ័យ ៧ឆ្នាំ, គ្រូក្នុងថ្នាក់រៀនរបស់ណាណៈបានសួរថា តើហេតុអ្វីអ្នកមិនរៀននូវមេរៀនទាំងអស់នេះ? បរមគ្រូ ណាណៈ តបថា ជម្រាបប្រសាសន៍លោកគ្រូ! មេរៀនទាំងអស់នេះ វាពុំបានបង្រៀនពីវីធីរួចរំដោះចិត្តចេញពីចំណង់ តណ្ហា លោភៈ មោហៈទេ។ ការអប់រំពិតប្រាកដត្រូវតែជាចំណេះដឹងដែលដុតកម្ទេចភាពជាប់ជំពាក់ចេញពីចិត្តគំនិត និងអាចរួចរំដោះខ្លួនចេញពីភាពភ័យខ្លាចស្លាប់និងខ្លាចកើត

ជាចុងក្រោយ ក្នុងនាមជាអ្នកសិក្សាដូចគ្នា ធ្លាប់ឆ្លងកាត់វ័យឈាមរាវដូចគ្នា, ខ្ញុំសូមផ្តល់ជាគំនិតខ្លះថា យុវជនទាំងឡាយណាដែលចង់ដើរចេញឱ្យពីផុតពីលក្ខណៈជាយុវជនធម្មតា តម្រង់ទៅរកការគ្រប់គ្រងចិត្តខ្លួនឯងបាន និងមានភាពចាស់ទុំហួសប្រមាណ គឺសូមធ្វើជាអ្នកសិក្សាដែលផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការពិសោធផ្ទាល់។ តើពិសោធទ្រឹស្តីរបៀបយ៉ាងដូចម្តេច? សម្រាប់ខ្ញុំ ការពិសោធគឺត្រូវធ្វើតាមរបៀបពីរយ៉ាង៖ ១. ធ្វើដោយយកទ្រឹស្តីទៅអនុវត្តន៍, ២. អង្គុយសមាធិនៅស្ងៀមដោយយកទ្រឹស្តីមកពិចារណា ឬដាក់ទ្រឹស្តីឱ្យបេះដូងឆ្លើយ (លំហូរនៃចិត្ត)។ ក្នុងលក្ខខណ្ឌនេះ យើងនឹងក្លាយទៅជាអ្នកអានតិច រៀនតិច តែចេះដឹងច្រើន ចេះដឹងក្នុងថ្នាក់ស៊ីជម្រៅ មិនត្រឹមតែថ្នាក់បញ្ញាសើៗទេ ប៉ុន្តែជាកម្រិតជ្រាបដល់ថ្នាក់ចិត្តទៀតផង។ ខ្ញុំសង្កេតឃើញយុវជនជាច្រើន រំជើបខ្លាំងណាស់ នៅពេលណាដែលខ្លួនឡើងបានមួយកម្រិត និងពីការផ្លាស់ប្តូរមួយទៅការផ្លាស់ប្តូរមួយទៀត។ ដំណើរឡើងបែបនេះ វាងាយនឹងធ្លាក់មកវិញខ្លាំងណាស់។ គ្រោះថ្នាក់៕

Wednesday, May 22, 2019

ចិត្តសាស្ត្រវាយប្រហារស្មារតី​



យើង​ត្រូវ​រក​បុគ្គល​ល្អ​ម្នាក់​ ដើម្បី​លើកទឹកចិត្ត​ឱ្យ​យើង​ដើរទៅ​មុខ​ មើលទៅ​មុខ​ និង​ឈានទៅមុខ​ ប្រសើរ​ជាង​គិត​ថយក្រោយ​

ចិត្តសាស្ត្រ​វាយប្រហារ​ស្មារតី​ គឺជា​ការបំផ្លាញ​ភាពរឹងមាំ​និង​កម្ទេច​គំនិត​វិជ្ជមាន​របស់​មនុស្ស​ណា​ម្នាក់​។ យុទ្ធសាស្ត្រ​នេះ​ស្ថិត​ក្នុង​មនុស្ស​ពីរ​ប្រភេទ​៖ ១. មនុស្ស​ឆ្លាត​ខាង​កម្ទេច​គេឯង​ ដើម្បី​ប្រយោជន៍​ខ្លួនឯង​។ ២. មនុស្ស​ដែល​មើល​អ្វី​ៗ ត្រឹមតែ​ក្រសែភ្នែក​ខ្លួនឯង​។ មានន័យថា​គាត់​មានបំណង​ល្អ​ តែ​ខ្វះ​ព័ត៌មាន​អំពី​យើង​ឬមិន​ស្គាល់​យើង​ នោះ​ក៏​នឹង​បណ្តាល​ឱ្យ​មានការ​ទិតៀន​ខុស​បាន​ដែរ​។

ពេលខ្លះ​ យើង​មិនមែន​ទទួលរង​សេចក្តី​ឈឺចាប់​ដោយសារតែ​មនុស្ស​អាក្រក់​ទាំងស្រុង​ទេ​ តែ​មនុស្ស​ល្អ​ក៏អាច​បង្ក​ទុក្ខទោស​ដល់​យើង​បាន​ផង​ដែរ​។ ពេលខ្លះ​ មិត្ត​ល្អ​ខ្វះ​បញ្ញា ​ឬមានបំណង​ល្អ​ដោយ​ខ្វះ​បញ្ញា​ ក៏អាច​បំផ្លាញ​យើង​បាន​ដែរ​។ មនុស្ស​ដែល​ចូលចិត្ត​ទិតៀន​និង​រិះគន់​គេឯង​ តែង​ចំណាយពេល​កែប្រែ​គេ​ ប៉ុន្តែ​ខ្វះ​ពេលវេលា​ស្វែងរក​ចំណុច​អាក្រក់​របស់​ខ្លួនឯង​។

អ្នកខ្លះ​ ជាជាង​លើកទឹកចិត្ត​ បង្ហាញផ្លូវ​ត្រូវ​ដល់​គេឯង​ តែ​បែរជា​ជ្រើសរើស​យក​ការវាយប្រហារ​គេ​ទៅវិញ​។ ពេល​យើង​ធ្វើខុស​ គេ​ថា​យើង​ល្ងង់​។ ពេល​យើង​ចេះ​ គេ​ថា​យើង​បាន​តែ​ទ្រឹ​ស្តី​ ប៉ុន្តែ​ខ្វះ​ការអនុវត្ត​ន៍​។ ពេល​យើង​ធ្វើ​ច្រើន​ គេ​ថា​យើង​ចង់បាន​មុខមាត់​។ ពេល​យើង​ធ្វើ​តិច​ គេ​ថា​យើង​ជិះជាន់​កម្លាំង​គេ​ ហើយ​ពេល​យើង​មិន​ធ្វើ​ គេ​ថា​យើង​ខ្ជិល​។ តើ​យើង​ត្រូវ​ធ្វើបែប​ណា​ទើបបាន​ត្រូវចិត្ត​អ្នកដទៃ​?

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Friday, May 10, 2019

បើចង់ខ្លាំងត្រូវពឹងលើខ្លួនឯង​



អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ការ​ចេះ​យក​ភាព​រីករាយ​ជំនួស​ទៅលើ​សេចក្តី​ឈឺចាប់​ ហើយ​យក​ក្តី​ឈឺចាប់​មក​ធ្វើជា​សេចក្តី​សប្បាយ​។ បើ​អាច​ធ្វើ​បាន​ យើង​នឹង​ក្លាយទៅជា​ម្ចាស់​នៃ​ជីវិត​យើង​ តែបើ​ធ្វើ​មិនបានទេ​ ជីវិត​នឹងជា​ម្ចាស់​នៃ​យើង​វិញ​

មនុស្សយើង​ត្រូវ​ចេះ​សប្បាយ​ក្នុង​បរិយាកាស​ទុក្ខសោក​ ហើយ​ត្រូវ​ចេះ​គិត​វិជ្ជមាន​ក្នុង​ស្ថានភាព​អវិជ្ជមាន​។ សំខាន់​ គឺ​ការ​ប្រឹងប្រែង​។ ឈឺចាប់​យ៉ាងណា​ ក៏​នៅតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹមដែរ​ ហើយ​វេទនា​យ៉ាងណា​ ក៏​ត្រូវតែ​ប្រឹង​ដោយ​ក្តី​សង្ឃឹម​ជានិច្ច​។ ចាប់ផ្តើម​ដោយ​ការ​ប្រឹងប្រែង​ ធ្វើដំណើរ​ជាមួយនឹង​ការ​ប្រឹងប្រែង​ ហើយ​បញ្ចប់​ទៅវិញ​ជាមួយនឹង​ការ​ប្រឹងប្រែង​។ បើ​ចង់​ខ្លាំង​ យើង​ត្រូវ​ប្រឹង​រហូត​ ប្រឹង​ជានិច្ច​ និង​ធ្វើជា​ម្ចាស់​នៃ​ជីវិត​ខ្លួនឯង​។

មិនថា​ជា​បញ្ហា​ជាតិ​ ឬបញ្ហា​បុគ្គល ​ម្នា​ក់ៗ​ក្នុង​សង្គម​ទេ​ គឺ​ត្រូវ​រស់​យ៉ាង​ម្ចាស់ការ​ឯករាជ្យ​ចំពោះខ្លួន​ឯង​។ ជាតិ​ខ្លាំង​ គឺ​ដាច់ខាត​ត្រូវ​ចេះ​រស់​ដោយខ្លួនឯង​ ដោយ​កុំ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​។ មនុស្ស​ខ្លាំង​ ត្រូវ​ពឹង​លើ​ខ្លួនឯង​ ដោយ​កុំ​រស់នៅ​ជ្រក​ក្រោម​ឆន្ទៈ​អ្នកដទៃ​ឱ្យ​សោះ​។ ផ្ទុយទៅវិញ​ បើជា​តិ​មួយ​ខ្ចី​ដង្ហើម​ជាតិ​ដទៃ​ដក​ញឹកញាប់​ពេក​ គឺ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ខ្លួន​បាន​ផ្ញើ​ភាព​ស្លាប់រស់​នឹងជា​តិ​ដទៃ​ហើយ​។

តើ​យើង​ជា​ម្ចាស់​វាសនា​ខ្លួន​ដែរ​ឬទេ​? តើ​យុវជន​ខ្មែរ​ធ្លាប់ឮពាក្យ​ថា​ ច្របាច់ក​ចិន​ លៀន​អណ្តាត​ខ្មែរ​ ឬទេ​? បញ្ហា​ធំ​បំផុត​របស់​យុវជន​ គឺ​ស្នេហា​។ បញ្ហា​ធំ​របស់​ជាតិ​គឺ​បណ្ឌិត​ខ្លះ​មិន​ចេញមុខ​សហការ​គ្នា​ជា​ធ្លុងមួយ​ (បែកបាក់​) ហើយ​បញ្ហា​ធំ​របស់​រាស្ត្រ​ក្រ​គឺ​ភាព​ក្រីក្រ​។ ដើម្បី​ដោះស្រាយ​បញ្ហា​រាស្ត្រ​ក្រ​ គឺ​យុវជន​ត្រូវ​រឹងមាំ​កុំ​មាន​ជំងឺ​ ហើយ​ដើម្បី​ឱ្យ​អ្នកចេះដឹង​ចេះ​សាមគ្គី​គ្នា​ លុះត្រា​ណា​តែ​ចេះ​ឈឺ២យ៉ាងគឺ​៖ ទី១​. ឈឺចាប់​នឹង​បញ្ហា​ជាតិ​ និង​ទី២​. ឈឺឆ្អាល​ចំពោះ​ជាតិ​។ សុភាសិត​ខ្មែរមួយឃ្លាលើកឡើងថា​ បើ​រស់​ រស់​ឱ្យ​គាប់​ តែបើ​ងាប់​ ងាប់​ឱ្យ​គួរ​

Cr. ប្រតិទិន​ទស្សនៈ៣៦៥ថ្ងៃ